Sunday, July 30, 2017

ព្រះជ័យជេដ្ឋាទី៣ ១៦៨៨ - ១៦៩៥

រជ្ជកាលព្រះជ័យជេដ្ឋាទី៣ រជ្ជកាលទី២ : ១៦៨៨ - ១៦៩៥

នៅគ.ស. ១៦៨៩ នាម៉ឺន​ឈ្មោះ​ចៅ​ពញា​នូរ និង​ចិន​ឈ្មោះ​តាន់​ចុង​អៀ ដោយ​តូច​ចិត្ដ​មិន​បាន​បុណ្យ​សក្ដិ ក៏​រត់​ទៅ​ចូល​ខាង​អង្គ​នន់ ព្រះ​អង្គ​អោយ​លើក​ទ័ព​មក​ច្បាំង តាំង​បន្ទាយ​នៅ​ជ្រោយ​ចង្វារ​។ ប៉ុន្ដែ​មន្រ្ដី​ទាំង​ពីរ​ត្រូវ​ចាប់​បាន​ហើយ​យក​ទៅ​ប្រហារ​ជីវិត​បង់​។

នៅ​ឆ្នាំ​ដដែល ព្រះ​ជ័យ​ជេដ្ឋា​ដែល​បាន​គ្រង​រាជ​អស់​រយៈ​ពេល ១៣​ឆ្នាំ​មក​ហើយ ក៏​ទ្រង់​ធ្វើ​រាជ​ពិធី​ប្រាប្ដា​ភិសេក ដោយ​យក​នាម​សំរាប់​រាជ​ថា សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​បរម​សុរិន្ទ​រាជា​ធិ​រាជ​រាមា​អិសូរ លើក​អង្គ​លី (អង្គ​អី​?) ជា​អគ្គ​មហេសី ហៅ​ថា​សម្ដេច​ព្រះ​ភគ​វតី​សិរី​ចក្រ​ពត្ដិ​មហា​ក្សត្រី​។ ពេល​នោះ​ព្រះ​អង្គ​នន់ បាន​ភៀស​ទៅ​សុំ​ជំនួយ​ទ័ព​យួន​មក​ច្បាំង​នឹង​ព្រះ​អង្គ​ទៀត​។ ទ័ព​យួន​ពីរ​ម៉ឺន​នាក់​បាន​លើក​មក​ដល់​ក្រុង​ភ្នំ​ពេញ តែ​ត្រូវ​បរា​ជ័យ​ថយ​ទៅ​ស្រុក​វិញ​អស់​។ ចំណែក​អង្គនន់ ទ្រង់​រត់​ចូល​បន្ទាយ​ស្រី​សន្ធរ​ការ​ពារ​ខ្លួន​។ ក្រោយ​មក​ដោយ​ឈឺ​ព្រះ​ទ័យ​ព្រោះ​បរាជ័យ​ច្រើ​ន​ដង​ពេក​ក៏​សុគត​ទៅ​ក្នុង​ព្រះ​ជន្មាយុ ៣៧​វស្សា​។

ចពោះ​ប្រតិ​បត្ដិ​ការ​ណ៍​សឹក​របស់​យួន​លើក​នោះ អែក​សារ​យួន​បាន​ផ្ដល់​ពត៌​មាន​ថា ដោយ​យួន​វាយ​សន្ធាប់​ខ្លាំង​ពេក ព្រះ​អង្គ​ស៊ូ​ទ្រង់​បាន​ថយ​ចូល​​​ការ​ពារ​ក្នុងប​ន្ទាយ ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​អោយ​នាសា Nac Sa(?) នាំ​គ្រឿង​បណ្ណា​ការ​ទៅ​ជួន​មេ​ទ័ព​យួន​ឈ្មោះ ម៉ាយ​វ៉ាន​-ឡុង (Mai Van Long) តែ​រាជ​ទូត​នោះ​ត្រូវ​ចាប់​ឃុំ​ជា​ឈ្លើយ​។ ដោយ​ហេតុ​នោះ​ព្រះ​អង្គ​បាន​បញ្ជា​ស្រ្ដី​រូប​ឆោម​ម្នាក់​ឈ្មោះ ជាម​ដៅ​លូអាត Chiêm Dao Luât(?) ជា​អ្នក​មាន​វោ​ហារ​ថ្វី​មាត់​អោយ​យក​វត្ថុ​មាន​តំលៃ​ដូច​មាស​ប្រាក់​ជា​ដើម​ ទៅ​ជូន​មេ​ទ័ព​យួន​ទៀត​។ មេទ័ព​នោះ​នៅ​តែ​តឿន​អោយ​ព្រះ​អង្គ​លើក​សួយ​សារ​អាករ​ទៅ​ថ្វាយ​។​ ព្រះ​អង្គ​បាន​បញ្ជា​ស្រ្ដី​ដដែល​នោះ អោយ​យក​មាស​ប្រាក់​ទៅ​សូក​ប៉ាន់​ថែម​ទៀត និង​សុំ​អោយ​រង់ចាំ​។ មេ​ទ័ព​ Van Long ជឿ​ពាក្យ​សន្យា មិន​ព្រម​លើក​ទ័ព​ចូល​វាយ​សោះ​។ មេ​ទ័ព​ម្នាក់​ទៀត​ឈ្មោះ​ង្វៀង ថាំង​សឺន (Nguyên Thang Son) ថ្វាយ​ដំណឹង​ទៅ​ស្ដេច​យួន​។ ព្រះ​អង្គ​ទ្រង់​ខ្ញាល់​ខ្លាំង ចាត់​អោយ​មេ​ទ័ព​ង្វៀង​ហ៊ីវ ហាវ (Nguyên Huu Hao) ទៅ​ជំនួស​។ មេ​ទ័ព​នោះ​បាន​លើក​ទ័ព​ទៅ​ បោះ​ជំរំ​នៅ Bich-Dôi(?) នៅ​គ.ស ១៦៩០។ ពេល​នោះ​ស្ដេច​យួន​បញ្ជូន​ទូត​អោយ​មក​ប្រាប់​ថា : «ប្រសិន​បើ​អង្គ​ស៊ូ ចង់​រួច​ទោស​ត្រូវ​លើក​សួយ​សា​មាន​ដំរី​ឈ្មោល ៥០ មាស ៥០០​តំលឹង ប្រាក់ ២០០០​តំលឹង កុយ​រមាស​៥០ ថ្វាយ​យ៉ាង​ប្រញាប់ បើ​ពុំ​នោះ​ទេ​ត្រូវ​លើក​ទ័ព​ចូល​វាយ​លុក​ភ្លាម»​។ ព្រះ​អង្គ​ស៊ូ​ទ្រង់​បាន​បញ្ជា​អោយ​យក​ដំរី​តូច​២០ ក្បាល មាស ១០០​តំលឹង ប្រាក់​៥០០​តំលឹង ទៅ​ជូន​ង្វៀង ហ៊ីវ​ហាវ​។ មេ​ទ័ព​យួន​ភាក​ច្រើន​យល់​ថា ព្រះ​អង្គ​ស៊ូ មិន​ស្មោះ​ត្រង់​សុំ​ចូល​វាយ​លុក តែ​ព្រះ​អង្គ​បាន​បញ្ជា​អោយ​នាង​ ដៅ​លូ​អាន(?) ទៅ​អង្វ​រ​ករ​សុំ​អោយ​ពន្យារ​ពេល​ទៀត​។ មេ​ទ័ព​ង្វៀង​ហ៊ីវ​ហាវ យល់​ថា​យួន​មិន​បាច់​ច្បាំង​ក៏ស្ដេច​ខ្មែរ​ព្រម​ចំនុះ​ទៅ​ហើយ ដូច្នេះ​មិន​បាច់​វាយ​លុក​ធ្វើ​អ្វី​។ ចាប់​ពី​ពេល​នោះ​មក​ពួក​មេ​ទ័ព​យួន​បែក​បាក់​គ្នា​។ ព្រះ​អង្គ​ស៊ូ ទ្រង់​បញ្ជា​អោយ​នាង​ដៅ​លូអាន យក​ដង្វាយ​មាន​ដំរី​តូច ១០​ក្បាល កុយ​រមាស​៦ មាស​៥០​តំលឹង ប្រាក់ ១០០​តំលឹង​ទៅ​ជូន​បន្ថែម​ទៀត​។ ដោយ​ហេតុ​នោះ ទោះ​បី​ពួក​សេនា​សុំ​វាយ​លុក​យ៉ាង​ណា​ក៏​ដោយ​ក៏ ង្វៀង ហ៊ីវ​ហាវ ដ​កទ័​ពថយ​ទៅ​នៅ​ត្រង់​បារា​។ ស្ដេច​យួន​ខ្ញាល់​ខ្លាំង ទ្រង់​ដក​ហូត​បុណ្យ​សក្ដិ​ពី​មន្រ្ដី​រូប​នោះ​។

អែក​សារ​យួន​បាន​បញ្ជាក់​ទៀត​ថា ប្រតិ​បត្ដិ​ការណ៍​សឹក​នោះ​ឃើញ​ថា​បាន​ទទួល​ផល​ល្អ ដោយ​ព្រះ​អង្គ​ស៊ូ​ព្រម​ចំនុះ និង​ព្រម​លើក​សួយ​សារ​អាករ​ថ្វាយ​។ ជន​ជាតិ​យួន​ចូល​ទៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​។ ទ័ព​យួន​យក​ដី​នោះ (បៀង​វ៉ា យ៉ា​ឌិញ) ចែក​ជា​តំបន់ ហើយ​ចាត់​មន្រ្ដី​អោយ​ឈរ​ត្រួត​ត្រា ​តែ​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ (៣៧)​។ នៅគ.ស ១៦៩០ ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​មាន​បុត្រ​ជា​មួយ​អង្គលី (អង្គ​អី) នាម​ធម្ម​រាជា លើក​អង្គ​យ៉ង បុត្រ​ព្រះ​អង្គ​ជី​អោយ​នាម​ថា ឧទ័យ​រាជា ហើយ​ផ្សំ​​ផ្គំ និង​ព្រះ​សុជាតិ​ក្សត្រី (បុត្រី​អង្គ​នន់) ជា​ជាយា​។ ព្រះ​ឧទ័យ​រាជា​មាន​បុត្រ​នាម​អង្គ​តន់ ដែល​ត​មក​ទៀត​មាន​នាម​ថាអង្គ​ទង​។

លុះ​ស្រុក​បាន​សន្ដិ​ភាព​ឡើង​វិញ​ហើយ ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​បញ្ជា​អោយ​សើ​រើ​ច្បាប់​សំរាប់​រដ្ឋ ហើយ​រៀប​ចំឡើង​វិញ ដោយ​មាន​ការ​បន្ធូ​បន្ថយ​ទណ្ឌ​កម្ម​ដែល​លក្ខណ​ធ្ងន់​ហួស​ប្រមាណ និង​ការ​បំបាត់​ចោល​នូវ​ទោស​ប្រហារ​ជីវិត​បង់​ផង​។ ម្យ៉ាង​ទៀត​ព្រះ​អង្គ​ក៏​ទ្រង់​បាន​រៀប​ចំអោយ​មាន​រូប​មន្ដ​សំរាប់​ធ្វើ​សច្ចា​ប្រណិ​ធាន​ខាង​នយោបាយ និង​ខាង​តុលាការ​។

នៅ​គ.ស. ១៦៩២ ស្ដេច​ចាម​នាម បា​ត្រាញ់ មិន​ព្រម​លើក​សួយ​សារ​អាករ​ថ្វាយ​ស្ដេច​យួន​។ ស្ដេច​ង្វៀង តុក​ជូ បញ្ជា​អោយ​មេទ័ព​ង្វៀង ហ៊ីវ​គិញ លើក​ទ័ព​ទៅ​វាយ​ហើយ​ចាប់​បាន​។ រាជ​វង្សា​នុវង្ស​ចាម​នៅ​បឹង​វិច បឹង​រាំង​ដោយ​មាន​បរិវារ ៥០០០​នាក់ បាន​ភៀស​ចូល​សុំ​ជ្រក​កោន​នឹង​ព្រះ​ជ័យ​ជេ​ដ្ឋា​។ ព្រះ​អង្គ​ក៏​ទ្រង់​សន្ដោស​អោយ​ទៅ​នៅ​ត្បូង​ឃ្មុំ​ខ្លះ ស្ទឹង​ត្រង់​ខ្លះ ជ្រោយ​ចង្វា​ខ្លះ ព្រែក​ប្រា​ខ្លះ​។ នៅ​គ.ស ១៦៩៥ ព្រះ​អង្គ​ទ្រង់​បង្វែរ​រាជ​សម្បត្ដិ អោយ​ទៅ​ព្រះ​ភាគិនេយ្យ (ក្មួយ) ព្រះ​ឧទ័យ​រាជា (បុត្រ​អង្គជី)​។

No comments:

Post a Comment