Sunday, July 30, 2017

ចៅពញានូ ១៦៣៥-១៦៣៩

ព្រះបាទអង្គទងរាជា ចៅពញានូ (១៦៣៥ - ១៦៣៩)

បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀត ព្រះនាមចៅពញានូ (នាមសម្រាប់រាជ្យ ព្រះបាទសម្ដេច ព្រះអង្គទង រាជាធិរាជរាមាធិបតី) បានឡើងសោយរាជ្យនៅឆ្នាំ ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបានធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា (ឬ ព្រះអង្គនន់) ដោយសារមានការជ្រែករាជ្យ (១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋា មានព្រះទ័យក្រេវក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ (១៦៤១ - ១៦៥៩)។ នៅឆ្នាំ ១៦៤៤ ព្រះពញាចន្ទបានចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែក ស្ថិតនៅលើត្រើយខាងលិចទន្លេសាប ចម្ងាយ ១០ គីឡូម៉ែត ខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថាព្រះរាមចូលសាសន៍ (ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពីពញាចន្ទមក អ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុងរាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រខ្មែរ ហើយប្រការនេះធ្វើឲ្យបុត្រព្រះឧទ័យពីរអង្គ គឺ អង្គសូរ និងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួក និងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយ ទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទងក្នុងឆ្នាំ ១៦៥៣។ តែទ័ពអង្គសូរ និងអង្គតន់ត្រូវទទួលបរាជ័យ។

No comments:

Post a Comment