Monday, September 10, 2018

ចម្បាំងខ្មែរ-លាវ ឆ្នាំ១៥៦៦-៧៦

ចម្បាំងខ្មែរ-លាវ  ឆ្នាំ១៥៦៦-៧៦ ចម្បាំងខ្មែរ-លាវ កើតពីការភ្នាល់ប្រជល់ដំរីដាក់នគរក្នុងរាជព្រះបាទបរមិន្ទ្ររាជា ឆ្នាំ១៥៦៦-៧៦

នាពាក់កណ្តាលសម័យលង្វែក គឺក្រោយពីព្រះអង្គច័ន្ទរាជា សោយទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គដែលជាមហាឧបរាជ បានឡើងសោយរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមិន្ទ្ររាជាធិរាជ។ ព្រះបរមិន្ទ្ររាជាធិរាជ មិនខុសពីព្រះបិតាព្រះអង្គ គឺព្រះច័ន្ទរាជា ឡើយ ទ្រង់ជាក្សត្រសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គទ្រង់បានបន្តស្នាព្រះហស្តពីព្រះបិតាព្រះអង្គ ដោយបានវាយទាមទារយកមកវិញនូវខេត្តខ្មែរមួយចំនួនភាគខាងលិច ដែលសៀម បានឆក់ប្លន់យកទៅកាលពីជាង ៨០ឆ្នាំកន្លងទៅនោះជាច្រើនលើក។ គឺម្តងនៅឆ្នាំ១៥៦៨ ខ្មែរលើកទ័ពប្រមាណពីរម៉ឺននាក់ ទៅវាយក្រុងស្រីអយុធ្យា តែវាយមិនបាន។ មួយលើកនៅឆ្នាំ១៥៧០ គឺឆ្លៀតពេលដែលស្ដេចភូមា បានលើកទ័ពមកលុកលុយប្រទេសសៀម ដាក់ជាចំណុះភូមា ទ័ពខ្មែរក៏ចូលវាយ ហើយយកបានខេត្តនគររាជសីមា មកវិញ ហើយដាក់មន្ត្រីខ្មែរអោយកាន់កាប់នៅទីនោះបានជាង ២០ឆ្នាំ រហូតដល់បែកក្រុងលង្វែក។ មួយលើកទៀតនៅឆ្នាំ១៥៧៤ ឆ្លៀតពេលដែលសៀមស្ថិតជាចំណុះភូមា ហើយសៀមលើកទ័ពទៅជួយភូមា “ដោយបង្ខំ” ដើម្បីវាយយកប្រទេសលាវ ទ័ពខ្មែរក៏បានចូលវាយក្រុងអយុធ្យា ប្រទេសសៀម ម្តងទៀត។ ពេលនោះ ខ្មែរវាយរំដោះយកបានខេត្តភាគខាងលិចរបស់ខ្លួនមកវិញមួយចំនួន។
ចាប់ពីពេលនោះមក ដោយមានការគាបសង្កត់ពីប្រទេសភូមា ផង និងពីប្រទេសខ្មែរយ៉ាងខ្លាំងក្លាពេកផង ព្រះមហាធម្មរាជាស្ដេចសៀម ត្រូវបង្ខំចិត្ត ទទួលធ្វើសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរនៅក្នុងឆ្នាំ១៥៧៤ នោះ ដោយព្រមប្រគល់ថ្វាយព្រះមហាក្សត្រខ្មែរនូវខេត្តនគររាជសីមា បស្ចឹមបុរី ច័ន្ទបុរី ហើយធ្វើព្រះរាជពិធីសត្យសញ្ញាព្រះរាជមេត្រី និងបោះគោលសីមាត្រង់តំបន់រអាងសិលា “ខេត្តស្រះកែវ” ជាព្រំប្រទល់ប្រទេសទាំងពីរផង។ គឺដោយហេតុ​នេះហើយ បានជាវិសាលភាពនៃប្រទេសកម្ពុជា ក្នុងសតវត្សទី១៦ នោះ មានភាពធំទូលាយបង្គួរ គឺខាងត្បូងទល់សមុទ្រ ខាងកើតទល់នឹងប្រទេសចំប៉ា ឯខាងលិចខេត្តនគររាជសីមា សង្គាស គោកខ័ណ្ឌ ស៊ីសាកេត បស្ចឹមបុរី ច័ន្ទបុរី ត្រាត រយ៉ង ។ល។ នៅជារបស់ខ្មែរទាំងអស់។

ការចាប់អារម្មណ៍មួយ ដែលយើងធ្លាប់តែឮនៅក្នុងរឿងព្រេងបុរាណ ថាមានការភ្នាល់ដាក់នគរដែលមានកន្លងមក ស្រាប់តែនៅក្នុងរាជ្យរបស់ព្រះបាទបរមមិន្ទ្ររាជា នេះ ប្រទេសខ្មែរក៏បានធ្វើសង្គ្រាមជាមួយនឹងប្រទេសលាវ ផងដែរ។ នៅឆ្នាំ១៥៧២ ស្ដេចលាវ បើតាមឯកសារខ្មែរថា ព្រះនាមព្រះចៅស៊ីសត្តនាគណៈហុក បានបបួលស្ដេចខ្មែរភ្នាល់ប្រជល់ដំរី ដោយដាក់នគរជា “ក្រយ៉ាតំណាង”។ គឺបើដំរីនគរណាចាញ់ នគរនោះនឹងក្លាយជាចំណុះ។

ក្នុងការភ្នាល់ប្រជល់ដំរីនេះ ថ្វីត្បិតតែដំរីរបស់ប្រទេសលាវ“ឡានឆាង” ធំជាងដំរីខ្មែរ តែទីបំផុត ដំរីខ្មែរទទួលបានជោគជ័យលើដំរីលាវ។ ព្រះចៅស៊ីសត្តនាគណៈហុក ស្ដេចនៃនគរលាវ ជ្រាបដូច្នោះ ទ្រង់ខ្ញាល់ជាខ្លាំង ហើយក៏លើកទ័ពយ៉ាងធំតាមផ្លូវគោកផង តាមផ្លូវទឹកផង ចុះមកវាយនគរកម្ពុជា។ ទ័ពជើងគោក ដែលជាទ័ពដ៏ធំរបស់លាវ មកជួបប្រយុទ្ធជាមួយទ័ពខ្មែរនៅខេត្តអាសន្ទុក។ ឯទ័ពជើងទឹកច្បាំងគ្នានៅចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីខាងជើងភ្នំពេញនោះ ត្រូវទទួលបរាជ័យ បែកទ័ពរត់ខ្ចាត់ខ្ចាយ ដកថយទៅវិញអស់។

ក្នុងសង្គ្រាមនេះ ខ្មែរចាប់បានលាវ យកធ្វើជាឈ្លើយជាច្រើន ហើយចាត់អោយទៅនៅខេត្តខាងត្បូងខ្លះ ខេត្តខាងលិចខ្លះ ហើយខ្លះទៀតនៅខេត្តគោកសេះ ត្រង់តំបន់ដែលព្រះបរមិន្ធរបរមរាជា ទ្រង់ប្រទានឈ្មោះថា “បានឡាវឆៀងរ៉ាយ” ប្រែថា “ស្រុកលាវឆៀងរ៉ាយ” ដែលបានក្លាយមកជាស្រុកបារាយណ៍ សព្វថ្ងៃនេះ។ ខ្លះទៀតអោយទៅនៅបាភ្នំ និងមួយចំនួនសម្រាប់អោយថែរក្សាវត្តភ្នំដូនពេញ ដែលខ្មែរនិយមហៅថា ពួកលាវ បាក់ទូកជារៀងរហូតមក។

នៅឆ្នាំ១៥៧៤ ក្នុងបំណងសងសឹក លាវ បានលើកទ័ពចូលមកកម្ពុជា ម្តងទៀត តែដោយពេលនោះមានភ្លៀងធ្លាក់ខ្លាំងផង ហើយពួកភូមា បាននាំទ័ពសៀម ចូលមកវាយប្រទេសលាវ ផង កងទ័ពលាវ ក៏ដកថយពីកម្ពុជា ទៅវិញអស់ទៅ។

សូមបញ្ជាក់ផងដែរថា ក្រោយពីទ័ពលាវទាំង​នេះ ដកទៅនគរវិញ គាប់ជួនជាមួយនឹង ភូមាបង្កើនការវាយប្រហារទៅលើលាវបន្តទៀត គឺនៅឆ្នាំ ១៥៧៥ ក្រោមការដឹកនាំរបស់មហា​ក្សត្រ បាយិនណោងរបស់ភូមា បានវាយដំណ្តើមយកនគរលាវទាំងមូល បន្ថែមពីលើ នគរសៀម ហើយប្រកាសខ្លួនឯងថាជា អធិរាជាណាចក្រតង់អ៊ូ ដែលមានអាយុកាលប្រមាណជា ២០ឆ្នាំផងដែរ ដូចមានផែនទីភ្ជាប់នៅខាងក្រោម៕

---------------------------------
ដោយ៖ Ny Watthanak
សម្រង់ចាក៖ RFA

No comments:

Post a Comment