Tuesday, September 4, 2018

ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​២ (១២០១)

១៥. ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​២ (១២០១)
ព្រះបាទ ​ឥន្ទ្រវរ្ម័ន​ទី​២ ដែល​ត្រូវ​បាន​អភិសេក​ជា​ព្រះ​យុវរាជ​តាំង​តែ​ពី​ក្នុង​រជ្ជកាល​មុន បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨​នៅ​ឆ្នាំ​១២០១​ ក្រោយ​ពេល​ដែល​កម្ពុជា​បាន​បញ្ជូន​រាជទូត​ទៅ​ស្រុក​ចិន​បន្ដិច ។
ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​រៀបរាប់​ថា ស្ដេច​អង្គ​នេះ​បាន​វាយលុក​រាតត្បាត​ទឹកដី​ជា​ច្រើន ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ចិន ជា​អាទិ​គឺ​ទឹកដី​ដែល​ស្ថិត​នៅ​ពី​ខាងជើង​ហ្លួងប្រាបាង ហើយ​ស្ដេច​ចិន​បាន​បញ្ជូន​ទូត​មក​កម្ពុជា​នៅ​ឆ្នាំ​១២០៦​ ដើម្បី​សាកសួរ​មូលហេតុ​ ហើយ​ស្ដេច​ខ្មែរ​ក៏​យល់ព្រម​បញ្ឈប់​ការ​វាយប្រហារ​នោះ ។
ប្រមាណ ​ជា​១២​ឆ្នាំ​ក្រោយមក ព្រះ​យុវរាជ​ដែល​ដឹកនាំ​នគរ​ចាម្ប៉ា ជំនួស​ព្រះរាជា​កម្ពុជា បាន​ឆ្លៀត​ឱកាស​ដែល​មាន​សង្គ្រាម​ផ្ទៃក្នុង​ធ្វើ​ឱ្យ​អាណ្ណាម​ចុះ​ខ្សោយ ក៏​រៀបចំ​ទ័ព​មួយ​កង​មាន​ចម្រុះ​ខ្មែរ​ចាម ហើយ​ធ្វើការ​លុកលុយ​ខែត្រ​ង៉េអាន​ និង​វាយ​ទៅ​លើ​ទ័ព​អាណ្ណាម​ដែល​ចេញ​មក​ទប់ទល់ ។​ ប៉ុន្ដែ​ពីរ​ឆ្នាំ​ក្រោយ​ពី​ជោគជ័យ​នេះ​គឺ នៅ​ឆ្នាំ​១២២០ មិនដឹង​ជា​ដោយ​មូលហេតុ​អ្វី ស្រាប់តែ​ព្រះ​យុវរាជ​បោះបង់​នគរ​ចាម្ប៉ា​ចោល ហើយ​ដឹកនាំ​ទ័ព​ត្រលប់​ចូល​មក​កម្ពុជា​វិញ ។​ មក​ទល់​នឹង​ពេល​នោះ​ នគរ​ចាម្ប៉ា​បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​កម្ពុជា​ ហើយ​មាន​រាជវង្ស​ខ្មែរ​សោយរាជ្យ​អស់​ពេល​៣២​ឆ្នាំ​គត់។ តាម ​មើលទៅ ប្រហែលជា​នៅ​ដើម​សតវត្សរ៍​ទី​១៣​នោះ មាន​កើតការ​បះបោរ​របស់​ពួក​អ្នកស្រុក​សៀម ហើយ​ជា​ពេល​ដែល​ស្ដេច​ថៃ​ចាប់ផ្ដើម​បះបោរ​ទាមទារ​ឯករាជ្យ​ដែរ (18) ។
បើ ​ទោះជា​យ៉ាងណា​ក្ដី នៅ​ចុង​សតវត្សរ៍​ទី​១៣ រាជទូត​ចិន​បាន​រៀបរាប់​ថា​ ស្រុក​ខ្មែរ​ពេល​នោះ​ខ្សត់​ប្រជាជន​អាស្រ័យ​ដោយ​មាន​សង្គ្រាម​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​ជាមួយ​ពួក​សៀម ។​ បើសិនជា​រឿងហេតុ​បាន​កើត​មាន​ដូច្នោះ​មែន នោះ​ហើយ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​បោះបង់​នគរ​ចាម្ប៉ា​ចោល ព្រោះ​ខ្មែរ​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​ទប់ទល់​នឹង​ពួក​សៀម​វិញ ។

No comments:

Post a Comment