Tuesday, September 4, 2018

ព្រះបាទ​ស្រីន្ទ្រវរ្ម័ន ព្រះបាទ​ជ័យវរមៈទិបរមេស្វរៈ ១២៥០

១៦. ព្រះបាទ​ស្រីន្ទ្រវរ្ម័ន
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​២​គឺ​ព្រះបាទ​ ស្រីន្ទ្រវរ្ម័ន ដែល​ប្រហែលជា​ព្រះ​អង្គ​គង់​នៅ​យសោធបុរៈ ដដែល ក៏​ប៉ុន្ដែ​គេ​មិនដឹង​ថា តើ​ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​ណា និង​សុគត​នៅ​ឆ្នាំ​ណា​ទេ ។

១៧. ព្រះបាទ​ជ័យវរមៈទិបរមេស្វរៈ
ព្រះបាទ ​ជ័យវរមៈទិ​បរមេស្វរៈ ដែល​សិលាចារឹក​ខ្លះ​ហៅ​ថា ជ័យវរមៈ​បរមេស្វរៈ បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីន្ទ្រវរ្ម័ន​ ប៉ុន្ដែ​គេ​មិន​បានដឹង​ពី​កាល​វេលា​ទេ ។​ព្រះ​អង្គ​បាន​បង្ក្រាប​ពួក​ បះបោរ​រួច​បាន​ធ្វើសង្គ្រាម​ជាមួយ​មហាអំណាច​សត្រូវ​មួយ «ដែល​ទ្រង់​បាន​ដណ្ដើម​យក​រាជធានី​យ៉ាង​ស្រួល​ដូច​ជា​គេ​ដកស្មៅ» ហើយ «ធ្វើ​ឱ្យ​ជ័យជម្នះ​ព្រះ​អង្គ​មាន​រស្មី​បីដូច​ជា​បុស្បុក​មួយ​ដែល​គេ​លើក​ ឡើង​នៅ​ចន្លោះ​សត្វ​សិង្ហ​ពីរ​ក្បាល» ។

គឺជា​ស្ដេច​មួយ​អង្គ​ដែល​មាន​កុសល​ល្អ​ «ប្រសើរ ​ជាង​ទាំង​ព្រះឥន្ទ្រ​ទៅ​ទៀត ដោយសារ​ទ្រង់​បាន​ប្រោះព្រំ​ពិភពលោក​ឥត​ឈប់​ឈរ​ដោយ​ទឹកភ្លៀង​នៃ​ទេព​កោសល្យ​ របស់​ព្រះ​អង្គ ហើយ​ទ្រង់​សន្ដោស​ប្រណី​តែ​ទៅ​តាម​ក្រម​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ ​សាស្ដ្រា និង​ក្រោយ​ពី​បាន​ពិនិត្យ​ហ្មត់ចត់» ប៉ុណ្ណោះ ។ ព្រះ​អង្គ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ព្រះរាជា​មួយ​អង្គ​ដែល​ប្រកប​ទៅ​ដោយ​កិត្ដិគុណ ដោយ​និយាយ​ថា «ព្រះ​អង្គ​ឈរ​នៅ​ពីលើ​សិរសា​នៃ​ព្រះរាជា​ទាំងឡាយ» ហើយ​អំណាច​របស់​ព្រះ​អង្គ​វាត​រហូត​ទៅ​ដល់​មាត់​សមុទ្រ ។
នេះ ​គឺជា​ស្ដេច​ចុង​ក្រោយ​ដែល​គេ​ស្គាល់​តាម​សិលាចារឹក​ ហើយ​ច្បាស់​ណាស់​ថា​ ទ្រង់​ជា​ព្រះរាជា​នៃ​សម័យ​កាល​អាប់ឱន ជា​ព្រះរាជា​នា​ចុងបញ្ចប់​នៃ​មហា​អាណាចក្រ​កម្ពុជា​ព្រហ្មញ្ញ​និយម ។ ក៏​ប៉ុន្ដែ នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ រាជាណាចក្រ​ខ្មែរ​នៅ​មាន​វិសាលភាព​ធំធេង​នៅឡើយ គឺ​លាតសន្ធឹង​ពី អាតូពឺ នៃ​នគរ​ចម្ប៉ា​ពី​ខាងកើត ទៅ​ដល់​ឈូង​សមុទ្រ​សៀម និង​ទៅ​ដល់​ភ្នំ​ភួងលួង នៅ​ឯនាយ​ទន្លេ​សាលូអង់ ពី​ខាងលិច ទៅ​ដល់​ព្រំប្រទល់​ស្រុក​ចិន ឆ្ងាយ​ហួស​ហ្លួងប្រាបាង ហើយ​នៅ​ខាងជើង​រហូត​ដល់​សមុទ្រ​ចិន និង​ចំណុច​កាម៉ង់​នៅ​ខាងត្បូង ។ ទឹកដី​អាណាចក្រ​កម្ពុជា​ពេល​នោះ​ធំ​ណាស់ គឺ​មាន​ប្រហែល​ជាមួយ​លាន​គីឡូម៉ែត្រ​ក្រឡា ដែល​បែងចែក​ចេញ​ជា​ក្សត្រ​ប្រទេស​ស្វយ័ត​ប្រមាណ​ជា​ម្ភៃ​ក្សត្រ​ប្រទេស​ ទាំងនោះ ចំណុះ ឬ​ក៏​គ្រាន់តែ​ទទួល​ស្គាល់​អនុត្ដរភាព​របស់​ព្រះរាជា​កម្ពុជា ប៉ុណ្ណោះ​ប៉ុន្ដែ​រំជើបរំជួល​ខ្លាំង​ណាស់​ ហើយ​ត្រៀមខ្លួន​ជា​ស្រេច​នឹង​ចាប់​កាន់​អាវុធ​តស៊ូ​ដែល​ធ្វើ​ឱ្យ​ព្រះរាជា​ កម្ពុជា ត្រូវ​វាយ​បង្ក្រាប​ជា​រឿយៗ ដើម្បី​ឃុំគ្រង​ទុក​នៅ​ក្នុង​អំណាច ។ នៅ​សម័យ​ដែល​យើង​បាន​ឈាន​មក​ដល់​នោះ វា​ហាក់ដូចជា​ថា ពួក​ក្សត្រ​ប្រទេស​ទាំង​អស់នោះ​រង់​ចាំតែ​ពេល​អាណាចក្រ​កម្ពុជា​មាន​ការ​ បាក់បែក​គ្នា នឹង​អាល​ងើប​ក្រោក​រក​សេរីភាព និង​ឯករាជ្យ​ប៉ុណ្ណោះ ជា​ពិសេស គឺ​ពួក​សៀម ឬ​ថៃ តែ​ម្ដង ដែល​កម្រើក​មុនគេ ។

No comments:

Post a Comment