Tuesday, September 4, 2018

ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ (១១៦២​-​១២០១)

១៤. ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ (១១៦២​-​១២០១)
ព្រះបាទ​ជ័យវរ្ម័ន បាន​ឡើង​សោយរាជ​សម្បត្ដិ​បន្ដ​ពី​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន ជា​ព្រះ​បិតា នៅ​ឆ្នាំ​១១៦២ ។
សិលាចារឹក ​មួយ​នៅ​ប្រាសាទ​អង្គរវត្ដ បាន​រៀបរាប់​ថា ព្រះ​អង្គ​បាន​ជ្រើសរើស​យក​ព្រាហ្មណ៍ វិធ្យេសវិធៈ ជាហោរា ហើយ​បាន​អភិសេកព្រះ​អនុជ​ជា​ព្រះ​យុវរាជ ដើម្បី​ឱ្យ​គេ​ជ្រើសរើស​ព្រះ​អនុជ​នោះ សោយរាជ​សម្បត្ដិ​បន្ដ​ពី​ព្រះ​អង្គ ។
នៅ ​ក្រោម​រជ្ជកាល​ស្ដេច​អង្គ​នេះ សង្គ្រាម​ជាមួយ​នគរ​ចាម្ប៉ា បាន​ឆាបឆេះ​ឡើង​វិញ ដោយ​កំហុស​របស់​ស្ដេច​ចាម ព្រះបាទ​ស្រីហរិវរ្ម័ន​ទី​១ ដែល​បាន​ធ្វើការ​ឈ្លាន​ពាន​បណ្ដា​ខែត្រ​ខាងត្បូង​របស់​តុងកឹង​ នគរ​វិជ័យ ប៊ិញឌិញ​១៤ ដែល​ជាទី​តាំង​រាជធានី​នគរ​ផានរ៉ាង ដែល​មាន​ស្ដេច​ចាម​ជ្រែករាជ្យ​មួយ​អង្គ ឬ​ក៏​ស្ដេច​ស្នង​បន្ដ​មួយ​អង្គ​សោយរាជ្យ និង​វាយ​កម្ពុជា​ផង​ដែរ ដោយ​ចូល​រហូត​មក​ដល់​ជិត​រាជធានី​ឥន្ទបត្ដ ។ ក្រោយ​ពី​បាន​ដុត​បំផ្លាញ​រួច​ហើយ ពួក​ចាម​មិន​បាន​បន្ដ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ព្រំប្រទល់​ដែន​របស់​ខ្លួន​ទេ តែ​បាន​ត្រលប់​ទៅ​ស្រុក​វិញ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ជ័យភណ្ឌ​ជា​ច្រើន ។

លោក ហ្គោ​ប៊ីល នៅ​ក្នុង​សៀវភៅ​របស់​គាត់​ឈ្មោះ​ថា កំណត់​សម្គាល់​ស្ដី​អំពី​កូសាំងស៊ីន បាន​និយាយ​ថា ស្ដេច​ខ្មែរ​ពេល​នោះ​សម្ងំ​ធ្វើ​មិន​ដឹង​មិន​ឮ​យូរណាស់ រហូត​ទាល់តែ​ដល់​១៨​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១១៩៧ ទើប ព្រះ​អង្គ​លើកទ័ព​មក​វាយ​កម្ទេច​កូសាំងស៊ីន (គឺ​នគរ​ចាម្ប៉ា) ចាប់​ស្ដេច​ចាម​ជា​ឈ្លើយ បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី រួច​លើក​ឧកញ៉ា​ខ្មែរ​ម្នាក់​ឱ្យ​សោយរាជ្យ​មុន​នឹង​ដកទ័ព​ថយ​មក​វិញ ។​ សិលាចារឹក​តា​ព្រហ្ម​បានឱ្យ​ដឹង​ថា​ ព្រះ​អង្គ​ក៏​បាន​ដោះ​លែង​ស្ដេច​ចាម​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះរាជា​ទាំងឡាយ ទៅ​ជា​វង្វេង​លែង​យល់ «នៅ​ពេល​ដែល​ឃើញ​អំពី​វិសេសភាព​នៃ​ព្រះរាជ​អាកប្បកិរិយា​នេះ» ។

សិលាចារឹក ​ចាម​នៅ​មីសឺន​និយាយ​ថា​ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​មហាសករាជ​១១១២​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១១៩០ គឺ​មុន​ឯកសារ​ខ្មែរ​៧​ឆ្នាំ ។ ខាងក្រោម​នេះ គឺជា​សេចក្ដី​សង្ខេប​របស់​អត្ថបទ​សិលាចារឹក​ដែល​លោក ហ៊្វីណូ ក៏​បាន​បកប្រែ ៖
ស្ដេច​ចាម​ព្រះ​ នាម​ជ័យឥន្ទ្រវរ្ម័ន​អុងវ៉ាទូ (15) ជា​អ្នក​បង្ក​សង្គ្រាម ។​ពេល​នោះ​មេទ័ព​កម្ពុជា​គឺ​ជា​ជនជាតិ​ចាម​មួយ​ រូប​ដែល​ស្ដេច​ខ្មែរ​បាន​យក​មក​ចិញ្ចឹម និង​តែងតាំង​ជា​ព្រះ​យុវរាជ (សម្រាប់​នគរ​ចាម្ប៉ា) មាន​ឈ្មោះ​ថា ស្រីវិធ្យនន្ដៈ មាន​កំណើត​ដើម​ចេញ​មក​ពី​ទុំប្រូក​-​វិជ័យ ។ ស្ដេច​ចាម​នាំ​ទ័ព​ចេញ​មក​ជួបនឹង​ទ័ព​ខ្មែរ​នៅ​ក្នុង​វាល​ចាក្លាង ហើយ​ត្រូវ​បរាជ័យ ។ ខ្មែរ​ដណ្ដើម​យក​រាជធានី​វិជ័យ (គឺ​ប៊ិញឌិញ) បាន រីឯ​ស្ដេច​ចាម​ត្រូវ​ចាប់​បាន​ជា​ឈ្លើយ​បញ្ជូន​មក​កម្ពុជា ។

នៅ ​ពេល​នោះ ឧត្ដមសេនីយ៍​ខ្មែរ គឺ​ព្រះ​យុវរាជ ក៏​បាន​លើក​ព្រះ​អង្គ​ម្ចាស់ អ៊ិន ដែល​ត្រូវជា​ព្រះ​អនុជ​ថ្លៃ​របស់​ព្រះរាជា​កម្ពុជា ឱ្យ​ឡើង​សោយរាជ្យ​ក្រោម​ព្រះ​នាម​ថា សុរិយជ័យវរ្ម័ន រួច​ហើយ​ខ្លួនឯង​សោយរាជ្យ​នៅ​ឯ​រាជបុរៈ​(ផានរ៉ាង) មាន​ព្រះ​នាម​ថា សុរិយាវរ្ម័ន (16) ។
ស្ដេច​នៅ​ វិជ័យ (ប៊ិញឌិញ) ពោល​គឺ ព្រះ​អនុជ​ថ្លៃ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ មិន​ទាន់​សោយសុខ​នឹង​រាជសម្បត្ដិ​យូរ​ប៉ុន្មាន​ផង ក៏​ត្រូវ​រាជវង្ស​ចាម​មួយ​អង្គ​ឈ្មោះ រាសូបតិ ដេញ​កម្ចាត់​ចេញពី​រាជធានី ហើយ​ឡើង​សោយរាជ្យ​ខ្លួនឯង​ក្រោម​ឈ្មោះ​ថា ជ័យឥន្ទ្រវរ្ម័ន ។
បន្ទាប់ ​ពី​មាន​ព្រឹត្តិការណ៍​នេះ កងទ័ព​ខ្មែរ​ត្រូវ​បង្ខំចិត្ដ​ចាក​ចេញពី​នគរ​ចាម្ប៉ា ប៉ុន្ដែ​ទ័ព​មួយ​កង​ដែល​នៅ​ឯ​រាជបុរី (ផានរ៉ាង) ជាមួយនឹង​ស្ដេច​សុរិយាវរ្ម័ន​-​វិធ្យនន្ដ ប្រហែលជា​មិន​បាន​ត្រលប់​មក​កម្ពុជា​វិញ​ទេ ។ កងទ័ព​ទាំង​អស់​នោះ បាន​វិល​ត្រលប់​ទៅ​ចាម្ប៉ា​វិញ​នៅ​ពេល​ក្រោយមក​តែ​ម្ដងនេះ ដឹកនាំ​ដោយ​ស្ដេច​ចាម ដែល​សោយរាជ្យ​នៅ​វិជ័យ​ពី​មុន គឺ​ព្រះបាទ​ឥន្ទ្រវរ្ម័នវ៉ាទូ ដែល​ត្រូវ​នាំ​យក​មក​កម្ពុជា​ជា​ឈ្លើយ ប៉ុន្ដែ​ត្រូវ​បាន​ព្រះរាជា​កម្ពុជា​ទុក​ព្រះ​ទ័យ ហើយ​ចាត់​ឱ្យ​ត្រលប់​ទៅ​រំដោះ​នគរ​ចាម្ប៉ា​វិញ ។ ពេល​មក​ដល់​នគរ​ចាម្ប៉ា ឥន្ទ្រវរ្ម័នវ៉ាទូ បាន​អំពាវនាវ​សុំ​ជំនួយ​ពី​ស្ដេច​រាជបុរី ។ ស្ដេច​រាជបុរី​សុរិយាវរ្ម័ន​បាន​លើកទ័ព​វាយលុក​ដណ្ដើម​យក​វិជ័យ​បាន​មុន ចាប់​ស្ដេច​ជ័យឥន្ទ្រវរ្ម័ន​រាសូបតិ​ធ្វើឃាត​រួច​ហើយ​ប្រកាស​ខ្លួនឯង​ជា​ ព្រះរាជា ។

ឥន្ទ្រវរ្ម័នវ៉ាទូ​ខូច​ ចិត្ដជា​ខ្លាំង​នឹង​ការ​ប្រព្រឹត្ដ​របស់​សុរិយាវរ្ម័ន ហើយ​ប្រហែលជា​ត្រូវ​កងទ័ព​ខ្មែរ​បោះបង់​ចោល​ផង ក៏​គេច​ខ្លួន​ទៅ​នៅ​ឯ​អមរាវតី គឺ​ក្វាងណាម​សព្វថ្ងៃ បង្កទ័ព រួច​វិល​មក​វាយ​វិជ័យ​ដែល​ស្ដេច​ផានរ៉ាង​គង់​នៅ ។​ វ៉ាទូ​ត្រូវ​សុរិយាវរ្ម័ន​ធ្វើឃាត​បាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​នៅ​ពេល​ ក្រោយមក ។​ ពេល​នោះ​ព្រះរាជា​កម្ពុជា​បាន​ឈ្វេង​យល់​អំពី​អំពើ​ក្បត់​របស់​អតីត​យុវរាជ ក៏​បញ្ជូន​ទ័ព​ទៅ​បង្ក្រាប តែ​ត្រូវ​បរាជ័យ ។ ទោះជា​យ៉ាងណា​ក្ដី ស្ដេច​សុរិយាវរ្ម័ន​បាន​បោះបង់​រាជធានី​វិជ័យ​ចោល ត្រលប់​ទៅ​សោយរាជ្យ​នៅ​ឯ​ផានរ៉ាង​វិញ ដោយ​ទុក​រជ្ជទាយាទ​បួន​អង្គ​នៅ​សោយរាជ្យ​បន្ដបន្ទាប់​គ្នា​នៅ​លើ​ រាជបល្ល័ង្ក​វិជ័យ ។

ឯកសារ​ ពង្សាវតារ​អាណ្ណាម​បាន​និយាយ​ថា ស្ដេច​នេះ​បាន​បញ្ជូន​រាជទូត​ទៅ​គាល់​ស្ដេច​អាណ្ណាម លីអាញ់តុង ​នៅ​ឆ្នាំ​១១៩០​ដែល​បាន​ច្បាំង​មាន​ជ័យជម្នះ​លើ​ជន​ក្បត់​ម្នាក់​ដែល​ចង់​ ធ្វើខ្លួន​ថា​ជា​រាជបុត្រ​ស្ដេច​ ហើយ​និង​ឧត្ដមសេនីយ៍​ក្បត់​ម្នាក់ ។
ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន បាន​លើក​អំពី​រាជទូត​កម្ពុជា​ម្នាក់ ដែល​នាំ​សួយសារ​អាករ​ទៅ​ថ្វាយ​ស្ដេច​ចិន​នៅ​ឆ្នាំ​១២០០ ។
ឆ្លៀតឱកាស ​ដែល​ចាម​ឈ្លានពាន​កម្ពុជា និង​ការ​ធ្វើសង្គ្រាម​អូស​បន្លាយ​មិន​ចេះ​ចប់ ក្សត្រ​ប្រទេស​ចំណុះ​ទាំងឡាយ​នៅ​ខាងជើង​ស្រុក​ខ្មែរ​បាន​ក្រោក​ទាមទារ​ ឯករាជ្យ ផ្ដាច់​ចំណង​ទាក់ទង​ជាមួយ​មហានគរ ។ ប៉ុន្ដែ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨​បាន​លើកទ័ព​បង្ក្រាប​រហូត​ទៅ​ដល់​ចន្ទនបុរៈ ​ (វៀងច័ន្ទ) ស្រី​ធម្មគិរី​ (ហ្លួងប្រាបាង) ហើយ​ចាប់​ស្ដេច​នគរ​ទាំង​ពីរ​ឱ្យ​លើក​សួយសារ​អាករ​មក​ថ្វាយ ។ ក្នុង​ពេល​ដែល​ព្រះរាជា​កម្ពុជា​ស្ថិត​នៅ​ឆ្ងាយ​ប្រមាណ​ជា​៩០០​គីឡូម៉ែត្រ​ ពី​រាជធានី​ ដូច្នេះ​មាន​ទ័ព​មជ្ឈិម​មួយ​កង​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ព្រះ​កម្រតេង ​ជា​អភិបាល​នគរ​រាជសីមា​ (កូ​រ៉ាត់) ឈ្មោះ​ថា ​អញ​រាជេន្ទ្រវរ្ម័ន​ បាន​ចាប់​វាត​អំណាច​ត្រួតត្រា​លើ​រាល់​អាណា​ខែត្រ​ខាងលិច​គឺ​ត្រូវ​នឹង​ ស្រុក​សៀម (17) សព្វថ្ងៃ ។
តាម​ មើលទៅ​អាណាចក្រ​ខ្មែរ​ពេល​នោះ​លាតសន្ធឹង​ហួស​ទឹកដី​សុខោទ័យ​ទៅ​ទៀត ហើយ​ក្សត្រ​ប្រទេស​ដ៏​ខ្លាំង​ពូកែ​មួយ​នេះ​ក៏​នៅ​ចំណុះ​ស្ដេច​ខ្មែរ​ផង​ដែរ បើ​ហោច​ណាស់​ក៏​តាម​ផ្លូវការ​ដែរ ទោះបី​ថា​មាន​ស្ដេច​ថៃ​សោយរាជ្យ​ក៏​ដោយ ។ គឺ​នៅ​សុខោទ័យ​នេះ​ឯង​ដែល​គេ​រក​ឃើញ​សិលាចារឹក​ខ្មែរ​មួយ​ចំនួន ហើយ​និង​ឯកសារ​មាន​ឈ្មោះ​ថា ត្រៃភូមិ ដែល​ប្រហែលជា​គេ​សរសេរ​នៅ​ពាក់កណ្ដាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១៣ ត្រូវ​នឹង​សតវត្សរ៍​ទី​១២​នៃ​មហា​សករាជ ។ ស្ដេច​អញ​រាជេន្ទ្រវរ្ម័ន ក៏​ប្រហែលជា​បាន​ដឹកនាំ​ទ័ព​រហូត​ដល់​ប្រទេស​ភូមា​ទៀត​ផង ។
ដូច ​ជា​ព្រះរាជា​មុនៗ​ដែរ ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ មិន​គ្រាន់តែ​ជា​ស្ដេច​ដែល​ពូកែ​ខាង​ចម្បាំង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ពូកែ​ខាង​ការ​គ្រប់គ្រង​ប្រទេស និង​ជា​អ្នក​ច្បាប់​ម្នាក់​ផង​ដែរ ។ សិលាចារឹក​បាន​លើក​ឡើង​ថា «ព្រះ​អង្គ​បាន​ប្រគល់​អវយវៈ​ទាំងអស់​របស់​ព្រះ​អង្គ​ឱ្យ​គោព្រៃ» មាន​ន័យ​ថា ព្រះ​អង្គ​អនុវត្ដ​នូវ​យុត្ដិធម៌ ។ ទ្រង់​យល់​ដឹង និង​រំលែក​ទុក្ខ​លំបាក​របស់​ប្រជារាស្ដ្រ ហើយ​បាន​ចាត់​ឱ្យ​កសាង​មន្ទីរពេទ្យ​ជា​ច្រើន​នៅ​តាម​ទីក្រុង និង​វត្ដ​អារាម ដែល​មាន​គ្រូពេទ្យ​ពីរ​រូប​នៅ​ចាំ​ព្យាបាល​ជំងឺ​វណ្ណៈ​ទាំង​បួន ជាមួយនឹង​គិលានុបដ្ឋាក​ម្នាក់ គិលានុបដ្ឋាយិកា​ពីរ​នាក់ អ្នក​កាន់​ឃ្លាំង​ពីរ​នាក់ អ្នក​ដាំ​ស្ល​ពីរ​នាក់ ។​ល ។

No comments:

Post a Comment