Tuesday, September 4, 2018

ព្រះរាជា​ដែល​គេ​មិន​បាន​ស្គាល់​ព្រះ​នាម (១២៥០?​-​១៣០០?)

១៨. ព្រះរាជា​ដែល​គេ​មិន​បាន​ស្គាល់​ព្រះ​នាម (១២៥០?​-​១៣០០?)
នៅ ​ក្រោម​រជ្ជកាល​របស់​ព្រះរាជា​មួយ​អង្គ​ដែល​យើង​មិន​ស្គាល់​ព្រះ​នាម អាច​នឹង​និយាយ​ថា នៅ​ក្រោម​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​បរមេស្វរៈ ជា​ព្រះរាជា​ដែល​គេ​ស្គាល់​ក្រោយ​គេ​បង្អស់​តាម​សិលាចារឹក ឬ​ក៏​ថា នៅ​ក្រោម​រាជ្យ​របស់​ស្ដេច​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ មាន​រាជទូត​ចិន​មួយ​រូប​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ​១២៩៦ ។ ចិន​ម្នាក់​ដែល​បាន​មក​ជាមួយ​ដែរ ប៉ុន្ដែ​មិនមែន​ជា​សមាជិក​របស់​គណៈ​ប្រតិភូ ឈ្មោះ ជីវ​តាក្វាន់ បាន​សរសេរ​កំណត់ត្រា​ដ៏​ចម្លែក​មួយ​អំពី​កម្ពុជា​ដែល​គេ​បាន​បកប្រែ​ពីរ​លើក​ជា​ភាសា​បារាំង (19) ។ ជីវ តាក្វាន់ ​ហៅ​ស្រុក​ខ្មែរ​ថា ឆា​ឡា ឬ​ឆេនឡា តែ​បាន​និយាយ​ថា​ គេ​ក៏​ហៅ​ថា កានពូឆេ ផង​ដែរ ជា​ឈ្មោះ​ដែល​ត្រូវ​នឹង​ពាក្យ​សំស្ក្រឹត កម្ពុជៈ សព្វថ្ងៃ​អាន​ថា កម្ពុជា ។

អ្នកនិពន្ធ ​បាន​ធ្វើការ​រៀបរាប់​ត្រួសៗ​អំពី​រាជធានី​អង្គរធំ​ និង​ថា​រាជវាំង​មាន​ប្រាសាទ​មាស​មួយ​មាន​កំពូល​សម្រាប់​ព្រះរាជា​ ផ្ទំ ។ ប្រជារាស្ដ្រ​ទាំងប្រុស​ទាំងស្រី​បួងសក់ ស្លៀក​សំពត់ ព្រះរាជា​ពាក់​មកុដ​ដាំ​ពេជ្រ និង​មាន​ព្រះ​ហស្ដ និង​ព្រះបាទ​លាប​ពណ៌​ក្រហម ហើយ​កាន់​ព្រះ​ខ័ន​មាស​ពេល​ចេញពី​ព្រះ​បល្ល័ង្ក ។

ជីវ តាក្វាន់​បាន​រៀបរាប់​លម្អិត​ផង​ដែរ​អំពី​ទំនៀម​ទម្លាប់​របស់​អ្នកស្រុក​ អំពី​ការ​ប្រសូត​កូន ពិធី​រៀប​អាពាហ៍​ពិពាហ៍​ និង​ពិធី​ផ្សេងៗ​មុន​រៀប​អាពាហ៍​ពិពាហ៍ ។​ គាត់​បាន​និយាយ​ពី​ពួក​ឈួង​ដែល​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ខ្ញុំបម្រើ ​ប្រាកដ​ណាស់​ថា​នោះ​គឺ​ពួក​ជង​ដែល​រស់នៅ​ខែត្រ​កំពង់សោម ​ចន្ទតាប៊ុន រយ៉ង​ និង​ស្រុក​ដែល​ស្ថិត​នៅ​ពី​ខាងកើត និង​ខាងត្បូង​ខែត្រ​ទាំង​អស់នោះ ។ គាត់​បាន​ប្រាប់​អំពី​តម្លៃ​ដែល​គេ​លក់​ពួក​នោះ និង​និយាយ​ថា ពួក​នោះ​ត្រូវ​គេ​មើល​ងាយ​មើល​ថោក​ខ្លាំង​ណាស់​បើ​ឡើងផ្ទះ​ត្រូវ​លូន​នឹង​ ជង្គង់​ ហើយ​ដាក់​ដៃ​សំពះ​លើ​ថ្ងាស ។​ជន​ណា​ស្រលាញ់​ស្រី​ជង នឹង​ត្រូវ​គេ​មើល​ងាយ​មើល​ថោក​ដូច​ពួក​នោះ​ដែរ ។
បន្ទាប់ ​មក ជីវ តាក្វាន់ និយាយ​អំពី​ច្បាប់ ជំងឺឃ្លង់ ដែល​កើត​មាន​ច្រើន​ដោយសារ​អ្នកស្រុក​មាន​ទម្លាប់​ងូតទឹក​ក្រោយ​ពី​បាន​រួម​ សង្វាស​នឹង​គ្នា​រួច ។ មនុស្ស​ស្លាប់​គេ​យក​ទៅ​ចោល​ក្នុង​ព្រៃ​ ឬ​ដុត បើជា​ស្ដេច​វិញ គេ​យក​សព​ ឬ​អដ្ឋិធាតុ​ដាក់​ក្នុង​ចេតិយ ។​ ជីវ តាក្វាន់​ក៏​បាន​ពិពណ៌នា​អំពី​កសិកម្ម​ និង​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម​និង ផល​ព្រៃឈើ​ផង​ដែរ ។
គាត់​បាន​ និយាយ​ថា កម្ពុជា​ពេល​នោះ មាន​ក្សត្រ​ប្រទេស​ចំណុះ​ច្រើន​ជាង​កៅសិប ភូមិ​នីមួយៗ​មាន​វត្ដ​មួយ ហើយ​គេ​គោរព​មេ​ម្នាក់​ដែល​គាត់​ហៅ​ថា​ ម៉ៃស៊ី ។ តាម​មើលទៅ​ពាក្យ​នេះ ប្រហែល​ជា​ការ​ហៅ​មិន​ត្រូវ​នូវ​ពាក្យ​មេ ។
បន្ទាប់ ​មក គាត់​និយាយ​អំពី​ទ័ពថ្មើរជើង​ដែល​មាន​ខ្លួន​ទទេ កាន់​លំពែង និង​ខែល ប៉ុន្ដែ​គ្មាន​ធ្នូ​ព្រួញ ហើយ​គ្មាន​អាវ​ក្រោះ​ ឬ​មួក​ក្រាស់​ពាក់​ទេ ។ ត្រង់នេះ​ហាក់​ដូចជា​មិន​ត្រូវ ព្រោះ​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​ហើយ​ថា ធ្នូ​ព្រួញ​បាន​ត្រូវ​គេ​ប្រើ​នៅ​ក្នុង​ការ​ប្រយុទ្ធ ហើយ​ចម្លាក់​រាក់​នៅ​ប្រាសាទ​អង្គរវត្ដ បាន​បង្ហាញ​រូប​អ្នក​ប្រយុទ្ធ​ខ្លះ​មាន​ពាក់អាវ​ក្រោះ ហើយ​ដៃ​ឆ្វេង​មាន​កាន់​ខែល​ដែរ ។
ជីវ តាក្វាន់​​បាន​បញ្ចប់​កំណត់​ត្រា​របស់​គាត់​ដោយ​និយាយ​ថា ព្រះរាជា​កម្រ​នឹង​យាង​ចេញពី​រាជវាំង​ណាស់ ខ្លួន​គាត់​បាន​ឃើញ​ព្រះរាជា​តែ​បួន​ប្រាំ​ដង​ប៉ុណ្ណោះ ហើយ​វា​ហាក់​ដូចជា​ព្រះ​អង្គ​ខ្លាច​គេ​ធ្វើឃាត ។ ព្រះ​កាយ​របស់​ព្រះរាជា​មាន​ពាស​ក្រោះ​ដែក ។ ពេល​យាង​ទៅ​ណា​មក​ណា ទ្រង់​គង់​លើ​គ្រែស្នែង​ដែល​សែង​ដោយ​នារី​បួន​នាក់ ហើយ​ជន​ទាំងអស់​ដែល​ស្ថិត​លើ​ផ្លូវ​ត្រូវ​ក្រាប​ថ្ងាស​ដល់​ដី ។ ត្រង់នេះ ជីវ តាក្វាន់ ​ហៅ​ថា សានពាស គឺ​សំពះ ។

ព្រះរាជា ​បើក​សវនាការ​មួយ​ថ្ងៃ​ពីរ​ដង ដើម្បី​ដោះស្រាយ​កិច្ចការ​ប្រទេស ។ នាម៉ឺន និង​ប្រជារាស្ដ្រ ដែល​ចូល​មក​គាល់​ស្ដេច​អង្គុយ​ផ្ទាល់​ដី ។ នៅ​ខាងក្រៅ​ឯណោះ សំឡេង​ភ្លេង​ចាប់​បន្លឺ​ឡើង គេ​ផ្លុំស័ង្ខ រួច​ភីលៀង​ចាប់​បើក​វាំងនន ។ ព្រះរាជា​លេច​ព្រះ​ភ័ក្ដ្រ​នៅ​មាត់​បង្អួច ព្រះ​ហស្ដ​កាន់​ព្រះ​ខ័ន​មាស ។ ពួក​អាមាត្យ​លើក​ហត្ថ​ប្រណម ហើយ​ឱន​ក្បាល​ដល់​ដី​រហូត​ទាល់តែ​សំឡេង​ស័ង្ខ​ចប់ ។ ពេល​ចប់​សវនាការ ព្រះរាជា​យាង​ត្រលប់​ចូល​ប្រាសាទ​វិញ ភីលៀង​ទាំង​ពីរ​ទម្លាក់​វាំងនន រួច​ចាកចេញ​ទៅ ។
តទៅ​នេះ​គឺជា​ការ​ ពិពណ៌នា​អំពី​ក្បួន​ព្យុហយាត្រា នៅ​ពេល​ដែល​ព្រះរាជា​យាង​ចេញ​ដោយ​ដំរី ។ គេ​សង្កេត​ឃើញ​ថា ការ​ពិពណ៌នា​នេះ ប្រហាក់​ប្រហែល​នឹង​ក្បួន​ព្យុហយាត្រា ដែល​គេ​ប្រទះ​ឃើញ​សព្វថ្ងៃ​នៅ​ភ្នំពេញ ឬ​នៅ​ប្រទេស​សៀម ពេល​មាន​បុណ្យ​ទាន​ម្ដងៗ​ដែរ ។ ជា​ពិសេស គឺ​សវនាការ​នៅ​ពេល​ដែល​ព្រះរាជា​ទទួល​អង្គទូត ដូច​ដែល​លោក ឡាលូប៊ែរ​ បព្វជិត​ ឈូស៊ី​ ដឺសូម៉ុង និង​ ដឺហ្វ័របាំង បាន​រៀបរាប់​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។

«ពេល ​ព្រះរាជា​យាង​ចេញពី​ព្រះរាជវាំង ក្បួន​ដង្ហែ​ចាប់​ផ្ដើម​ដោយ​កងទ័ព​សេះ​ជាដំបូង ។ បន្ទាប់​មក គឺ​ក្រុម​កាន់​ទង់ និង​ក្រុម​ភ្លេង ។ ពួក​ស្រី​ភីលៀង​មាន​ពី​បី​រយ​ទៅ​ប្រាំ​រយ​នាក់ ស្លៀក​ស្បៃ​ភ្ញីផ្កា សៀតផ្កា​ក្នុង​សក់ កាន់​ទៀន​ធំៗ​ក្នុង​ដៃ​ ទៀន​ទាំងនោះ​ដុត​ជាប់​ជា​និច្ច​ទោះបីជា​ពេល​ថ្ងៃ​ក៏​ដោយ ។​ បន្ទាប់​មក​គឺ​ក្រុម​ភីលៀង​កាន់​ឧបភោគ ភណ្ឌ​ធ្វើ​អំពី​មាស និង​ប្រាក់ និង​គ្រឿង​លម្អ​ផ្សេងៗ​គ្រប់​បែប​គ្រប់​ម៉ូត មិនដឹង​ថា​សម្រាប់​ធ្វើ​អ្វីខ្លះ​ទេ ។ បន្ទាប់​មក​ទៀត គឺ​ក្រុម​នារី​កាន់​លំពែង និង​ខែល ដែល​ជា​កងរក្សា​ព្រះអង្គ​ជា​ពិសេស ។ បន្ដ​ពី​នោះ គឺ​ក្រុម​រទេះ​ចៀម រទេះ​សេះ តែង​លម្អ​ដោយ​មាស ។ រដ្ឋមន្ដ្រី អ្នក​អង្គ​ម្ចាស់ សុទ្ធតែ​ជិះ​ដំរី ចេញ​ដំណើរ​មុន​មើល​ផ្លូវ បាំង​ក្លស់​ពណ៌​ក្រហម ។ បន្ទាប់មក​ទៀត គឺ​ក្រុម​ស្រីស្នំ​របស់​ព្រះរាជា អង្គុយ​លើ​គ្រែស្នែង ឬ​ជិះរទេះ ឬ​ដំរី ។»
មាន​ក្លស់​ជាង​ មួយ​រយ​ដែល​តុបតែង​ដោយ​មាស ។ ក្រោយ​ក្លស់​ទាំងនោះ គឺ​ព្រះរាជា​គង់​ឈរ​លើ​ដំរី ព្រះ​ហស្ដ​កាន់​ព្រះ​ខ័ន​មាស ។ សូម្បី​តែ​ភ្លុក​ដំរី​ក៏​សុទ្ធតែ​លម្អ​ទៅ​ដោយ​មាស​ដែរ ។ មាន​ក្លស់​ស​ប្រហែលជា​ម្ភៃ ដែល​តែង​លម្អ​ទៅ​ដោយ​មាស និង​មាន​ដង​ធ្វើ​អំពី​មាស ។ ទ័ព​ដំរី​មាន​ដំរី​ជា​ច្រើន​នៅ​ព័ទ្ធ​ជុំវិញ​ព្រះរាជា ។

(1) តាម​លោក​អៃម៉ូនីញេ​ គគ៌្យារ ជា​ឈ្មោះ​ដើម​គគីរ ដែល​ក្លាយ​មក​ជា​កោះកេរ្ដិ៍ ។
(2) ក្រុម ​ប្រាសាទ​កោះកេរ្ដិ៍ មាន​សារសំខាន់​ណាស់​ដែរ​គឺ​មាន​ប្រាសាទ​ចំនួន​ប្រហែល ១៥ កប់​បាត់​ក្នុង​ព្រៃ ។ លោក​អៃម៉ូនីញេ​ បាន​រក​ឃើញ​សិលាចារឹក​ជាង​៤០ មាន ១៥០០​បន្ទាត់ មាន​រៀបរាប់​ឈ្មោះ​អ្នកបម្រើ​ជាង​៤០០០​នាក់ ដោយ​មិន​ទាន់​គិត​ពី​ខ្ញុំ​ផង ។ សូម​អាន​សៀវភៅ​របស់​លោក អៃម៉ូនីញេ​ កម្ពុជា ក្បាល​ទី​១​ ទំព័រ​៣៩៧​-​៤១១ និង​ក្បាល​ទី​២ ទំព័រ​៣៦៨ ។
(3) សិលាចារឹក​ប្រាសាទ​គុក សូម​អាន​សៀវភៅ​របស់​លោក​អៃម៉ូនីញេ ឈ្មោះ​កម្ពុជា ក្បាល​ទី​២ ទំព័រ​៤១៩ ។
(4) ក្បាល​ទី​១ ទំព័រ​៩០ ។
(5) សិលាចារឹក​បាទជុំ
(6) ព្រះ​បដិមា​នេះ បាន​ត្រូវ​ពួក​ចាម​សាងសង់​ឡើង​វិញ ប្រាំ​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ​៩៦៥ ដោយ​ព្រះរាជា​ចាម​ព្រះ​នាម​ថា ជ័យឥន្ទ្រវរ្ម័ន ។​
(7) លោក អៃម៉ូនីញេ បាន​ស្នើ​ថា ព្រះ​រាជេន្ទ្រវរ្ម័ន នេះ​គឺជា​តួអង្គ​ព្រះ​បក្សីចាំក្រុង​ក្នុង​រឿងនិទាន ។ ការ​សន្មតិ​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​រឹតតែ​មិន​ត្រឹមត្រូវ​ណាស់​ទៅ​ទៀត ព្រោះថា​រឿង​នេះ​ក៏​មាន​ដែរ​នៅ​ឯ​ស្រុក​សៀម គ្រាន់តែ​មាន​ឈ្មោះ​ផ្សេង និង​នៅ​ទីកន្លែង​ផ្សេង​ប៉ុណ្ណោះ ។
(8) សិលាចារឹក​លពបុរី ។
(9) សព្វថ្ងៃ​គឺ​លវោ ពី​មុន​គឺ​ លូវ៉ូ​ លោវែក លពបុរី លវបុរី​ នវបុរី ។
(10) សិលាចារឹក​ព្រះងោក សៀវភៅ​កម្រង ទំព័រ​១៦១ ។
(11) សៀវភៅ​របស់​លោក អៃម៉ូនីញេ មាន​ឈ្មោះ​ថា កម្ពុជា ក្បាល​ទី​២​ ទំព័រ​១៦៧​-​១៦៨ តាម​ការ​បកប្រែ​របស់​វេជ្ជបណ្ឌិត គែន ។
(12) សៀវភៅ ​របស់​លោក​អៃម៉ូនីញេ​មាន​ឈ្មោះ​ថា​ កម្ពុជា​ ក្បាល​ទី​២​ ត្រង់​សិលាចារឹក​ព្រះគោ​ ទំព័រ​១៦៨ តាម​ការ​បកប្រែ​របស់​វេជ្ជបណ្ឌិត គែន ។
(13) អ្នកខ្លះ ​យល់​ថា​ ពាក្យ​ថា​កោះ​នេះ មើល​ទៅ​ប្រហែលជា​សំដៅ​យក​បន្ទាយ​ដែល​មាន​កំពែង​រឹង​មាំ​ទេ ។ ខ្ញុំ​គិត​ថា នោះ​គួរតែ​ជា​កោះ​នៅ​កណ្ដាល​សមុទ្រ មិនមែន​ជា​កំពូលភ្នំ​ណា​មួយ​នៅ​លើ​ខ្ពង់រាប​ឥណ្ឌូចិន​នោះ​ទេ ។
(14) ខ្ញុំ​ចាត់​ទុក ផានរ៉ាង ថា​ជា​រដ្ឋ​សម្ព័ន្ធមេត្រី ជា​ជាង​ខែត្រ​មួយ​ចំណុះ​ឱ្យ​ចាម្ប៉ា ។
(15) លោក ហ្វ៊ីណូត៍ និយាយ​ថា​ស្ដេច​នោះ «ជា​ស្ដេច​ជ្រែករាជ្យ» ក៏​ប៉ុន្ដែ​គ្មាន​ហេតុការណ៍​ណា​បញ្ជាក់​ទេ ហើយ​អត្ថបទ​របស់​គាត់ ធ្វើ​ឱ្យ​គេ​ធ្វើ​ការ​សន្និដ្ឋាន​បាន​ច្រើន​យ៉ាង ។ ឈ្មោះ អុងវ៉ាទូ ប្រហែលជា​ឈ្មោះ​សាមញ្ញ រីឯ​ជ័យឥន្ទ្រ​ជា​ឈ្មោះ​ពេល​អភិសេក ។
(16) ហេតុការណ៍​នេះ​បញ្ជាក់​អ្វី​ដែល​បាន​អះអាង​ខាងលើ ៖ ព្រះ​យុវរាជ​មិន​បាន​បង្កើត​រដ្ឋ​មួយ​ថ្មី​ទេ គឺ​សោយរាជ្យ​នៅ​រាជបុរី​មួយ​ដែល​មាន​រួច​មក​ហើយ ។
(17) តាម​មើល​ទៅ​ទំនាប​អាង​ទន្លេ​មេណាម​ខាងក្រោម​បាន​ត្រូវ​ចិន​ហៅ​ថា ឡូហូ ហើយ​អាង​ទន្លេ​មេណាម​ខាងលើ​ដែល​មាន​ពួក​សៀម ឬ​ថៃ កាន់កាប់​រួច​ទៅ​ហើយ ចិន​ហៅ​ថា សៀន ។
(18) គេ​ប្រហែលជា​ត្រូវ​និយាយ​ឱ្យ​ស្រួល​ស្ដាប់​ជាង​នេះ​វិញ​ថា គឺ​នៅ​សម័យ​នោះ​ហើយ​ដែល​ពួក​ថៃ​បាន​មក​រស់​នៅ​ពាស​ពេញ​ទឹកដី​សៀម​សព្វថ្ងៃ ដែល​ពី​មុន​ជា​ទឹកដី​របស់​ពួក​មន​ខ្មែរ បាន​ចាប់ផ្ដើម​បះបោរ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ស្ដេច សុខោទ័យ និង​ក្សត្រ​ប្រទេស​ក្បែរ​ខាង​មួយ​ចំនួន ។ បើ​ដូច្នោះ​មែន ទឹកដី​ទាំង​អស់នោះ​ត្រូវ​បាត់បង់​ផុត​ពី​ដៃ​ខ្មែរ​ទៅ ដែល​គេ​ចាប់ផ្ដើម​ចាត់​ទុក​ថា​ជា​សត្រូវ​វិញ ហើយ​ប្រជារាស្ដ្រ​ត្រូវ​ធ្លាក់​ក្នុង​អំណាច​ពួក​ថៃ​វិញ​ម្ដង ។
(19) នេះ​ជា​រឿង​មួយ​គួរ​ឱ្យ​សង្ស័យ​ណាស់ ពីព្រោះ​គេ​ត្រូវ​ទទួល​ស្គាល់​ថា មាន​ស្ដេច​បី​ព្រះ​អង្គ​សោយរាជ្យ​នៅ​ក្នុង​សតវត្សរ៍​ទី​១៣ ដោយ​មួយ​អង្គៗ​សោយរាជ្យ​ជា​មធ្យម​ចំនួន​៣១​ឆ្នាំ ។

No comments:

Post a Comment