Tuesday, September 4, 2018

ព្រះ​ស្រីសុរិយោពណ៌​-​ព្រះ​ឧទ័យ (១៧៥៨-១៧៧៥)

៣៥. ព្រះ​ស្រីសុរិយោពណ៌​-​ព្រះ​ឧទ័យ (១៧៥៨-១៧៧៥)
ក្រោយ​ពី​ទ្រង់​បាន​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ​ដូច​ដែល​បាន​ រៀបរាប់​ខាងលើ​រួច​ហើយ អ្នក​អង្គ​តន់ ហៅ​ថា ព្រះ​ឧទ័យ​ជា​បុត្រា​របស់​ព្រះ​ឧបរាជ​ព្រះ​ឧទ័យ​ដែល​សុគត​ទៅ​នៅ​អង្គរវត្ដ​ កាលពី​ឆ្នាំ​១៧៥៣​ និង​ត្រូវជា​ព្រះ​នត្ដា​របស់​ព្រះរាជា​អង្គ​ទង​ និង​ជា​កូនចិញ្ចឹម​របស់​ម៉ាក់​តុង​ បាន​ឡើង​សោយរាជ្យ​នៅ​ក្នុង​ព្រះ​ជន្ម​២០​ព្រះ​វស្សា​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​នរាយណ៍​រាជា​ធិរាជ​រាមាធិបតី​ ព្រះ​ស្រីសុរិយោពណ៌​បរម​សុរេន្ទ» ។

ព្រះ​ចៅ​អាណ្ណាម​បាន​ប្រកាស​ទទួល​ស្គាល់​ស្ដេច​កម្ពុជា​នេះ​ភ្លាម ។ ស្ដេច​នេះ​មិន​គ្រាន់តែ​ជា​ជនឧក្រិដ្ឋ​ចំពោះ​រាជវង្សានុវង្ស​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្ដែ​បាន​ក្បត់​ប្រទេសជាតិ​ថែម​ទៀត ។ ទ្រង់​បាន​ប្រគល់​ទឹកដី​ខែត្រ​ពីរ​ដែល​គេ​ហៅ​សព្វថ្ងៃ​ថា​ សុកត្រាំង​ និង​ត្រាវិញ​ទៅ​ឱ្យ​ពួក​អាណ្ណាម ។​ គឺ​ដោយ​បែប​នេះ​ហើយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉េ​បាន​ឆ្លៀត​យក​ឱកាស​ដែល​ប្រទេស ​កម្ពុជា​ជួប​ប្រទះ​នឹង​ការ​លំបាក ដណ្ដើម​យក​ទឹកដី​កូសាំងស៊ីន​ដាក់​បញ្ចូល​មក​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន ​បន្ដិច​ម្ដងៗ ។ ហើយ​ពួក​អាណ្ណាម​នេះ​លោភលន់​មិន​ចេះ​ស្កប់ស្កល់​ទេ ។ រៀបចំ​ខែត្រ​ទាំង​២​មិន​ទាន់​ទាំង​បាន​ស្រួល​បួល​ផង ពួក​នេះ​ក៏​ចាប់​តាំង​កសាង​បន្ទាយ​នៅ​សាដែក (ផ្សារដែក) នៅ​គូឡាវយាង (កោះ​តេង) និង​នៅ​ចូវដុក (មាត់ជ្រូក) ថែម​ទៀត ។
ប៉ុន្ដែ​រាជពង្សាវតារ​ខ្មែរ​បាន​លើក​ឡើង​ថា ព្រះរាជា​ឧទ័យ​ជា​ស្ដេច​ល្អ មាន​ព្រះ​ទ័យ​ទូលាយ ហើយ​ចូល​ចិត្ដ​ដាក់​ទាន ។ ទ្រង់​បាន​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ជា​ច្រើន​ដាក់​ទាន​ដល់​ស្មូម​យាចក និង​បូជា​ថ្វាយ​ព្រះពុទ្ធ និង​ពុទ្ធសាសនិក ដើម្បី​សន្សំ​បុណ្យ​ជៀស​វាង​អកុសលកម្ម​ទាំង​៥​យ៉ាង និង​បាបកម្ម​ទាំង​១៤​បែប ។ មាន​ទុគ៌ត​ជន​ជា​ច្រើន​កាត់​ពី​ទី​ឆ្ងាយៗ មក​ទទួលទាន​ពី​ព្រះ​អង្គ ។ នេះ​គឺជា​ការ​វិនិច្ឆ័យ​អំពី​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​គេ​អាច​ឆ្លៀត​ទាញ​យក​ បាន​ពី​ព្រះ​អង្គ ។

ព្រះ​អង្គ​សព្វព្រះទ័យ​នឹង​ផ្ដល់​ដំបូន្មាន យោបល់​ល្អៗ​ដល់​នាម៉ឺន​មន្ដ្រី និង​ជំរុញ​ឱ្យ​ពួក​នោះ​ធ្វើ​ទាន ជៀស​វាង​បាបកម្ម ។ ទ្រង់​ឈ្វេង​យល់​ថា​ព្រះ​អង្គ​គឺជា​ពោធិសត្វ​មួយ​អង្គ​ដែល​ត្រូវ​ចុះ​មក​ជួយ ​សង្គ្រោះ​សត្វលោក ថ្ងៃ​ណា​មួយ ព្រះ​អង្គ​នឹង​នាំ​អ្នក​ទាំង​អស់នោះ​ជា​ច្រើន​រយ​ពាន់​ឡើង​ជិះ​លើ​សំពៅ​មាស​ មួយ​ឆ្លង​កាត់​មហា​សមុទ្រ បើ​ទោះជា​មាន​ព្យុះ​បក់​បោក​យ៉ាង​ណា​ក្ដី ។ នៅ​ឆ្នាំ​១៧៦៣ ពេល​ដែល​សភាពការណ៍​ក្នុង​ប្រទេស​ស្ងប់ស្ងាត់​ល្អ​ហើយ ព្រះ​ឧទ័យ​បាន​ប្រគល់​ការ​ដឹកនាំ​ប្រទេស​ឱ្យ​មន្ដ្រី​ធំៗ​ទទួល រួច​ហើយ​ទ្រង់​យាង​គ្រង​ស្បង់​ពណ៌​លឿង សាង​ព្រះ​ផ្នួស​៣​ខែ ទើប​លាចាក​សិក្ខាបទ មក​គង់​លើ​រាជបល្ល័ង្ក​វិញ ។ នៅ​ក្នុង​ឆ្នាំ​១៧៦៥ ព្រះរាជា​បាន​លើក​ព្រះ​មហេសី​អ្នក​ម្នាង​មាលិន្ទ​បុប្ផាវតី ឱ្យ​ឡើង​ជា​សម្ដេច​ព្រះ​ភគវតី រួច​ហើយ​បាន​កែសម្រួល​ពិធីការ​ដោយ​ឱ្យ​មន្ដ្រី​ទាំងឡាយ​ឆ្លើយ​នឹង​ព្រះ​ មហាក្សត្រី​ថា ព្រះករុណា​ពិសេស ចំណែក​ឯ​ភរិយា​មន្ដ្រី​ទាំងនោះ​វិញ ទ្រង់​ឱ្យ​ហៅ​ព្រះ​មហាក្សត្រី​ថា ព្រះ​ម៉ែ ។ ២​ឆ្នាំ​ក្រោយ​មក ស្ដេច​ភូមា (50) ដែល​ធ្វើសង្គ្រាម​ជាមួយ​ស្ដេច​សៀម​តាំងពី​ខែមករា​ ឆ្នាំ​១៧៦៥​ ក្រោយ​ពី​បាន​ដណ្ដើម​យក​តាវ៉យ មែរគុយ ហើយ​និង​តេណាស់សេរីម​រួច​មក បាន​ដណ្ដើម​យក​អយុធ្យា​ទៀត ក្រោយ​ពី​ហ៊ុម​ព័ទ្ធ​ជាប់​អស់​រយៈពេល​២​ខែ រួច​ដុត​កម្ទេច​ខ្ទេចខ្ទី (ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​១៧៦៧) ។ ពេល​នោះ​មាន​អ្នក​អង្គម្ចាស់​សៀម​មួយ​អង្គ ដែល​រាជពង្សាវតារ​ខ្មែរ​ហៅ​ថា ​ព្រះចៅ​ឡេសាង បាន​រត់គេច​ទៅ​ឡើង​គោក​នៅ​ហាទៀង ដោយ​ទទួល​ការ​ថែទាំ​ពី​ព្រះសង្ឃ​កាតូលិក​ឈ្មោះ ពីញ៉ូ រួច​ហើយ​បាន​មក​ស្នើ​សុំ​ជ្រកកោន​នៅ​រាជវាំង​ឧត្ដុង្គ (51) ។

ក្រោយ​ពី​រាជធានី​សៀម​ធ្លាក់​ចូល​ក្នុង​ដៃ​សត្រូវ​រួច​មក មាន​កើត​ជំងឺ​ប៉េស្ដ និង​អាសន្នរោគ ព្រមទាំង​មាន​ចោរលួច​ចោរប្លន់​ពាសពេញ​ប្រទេស ។​ ពេល​នោះ​មាន​កូន​កាត់​ចិន​ក្នុង​សហគមន៍​ហៃហុង​ម្នាក់​ឈ្មោះ​ថា​ ភ្យា​តាក​ ឬ ចៅពញា​តាក ជា​ចៅហ្វាយ​ខែត្រ​មួយ​នៅ​ទិស​ខាងជើង ដែល​មាន​ទ័ព​១​ពាន់​នាក់ បាន​វាយ​ពួក​ភូមា​ឱ្យ​បរាជ័យ​ជាច្រើន​លើក​ច្រើន​សា ។ ដោយ​រាជធានី​អយុធ្យា​បាន​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​អស់ ហើយ​ព្រះរាជា​ក៏​ត្រូវ​បាន​គេ​ធ្វើ​គុត​ទៀត​ធ្វើ​ឱ្យ​រាជបល្ល័ង្ក​នៅ​ទំនេរ ភ្យា​តាក​ក៏​ប្រកាស​ខ្លួន​ឡើង​ជា​ព្រះរាជា​សៀម នៅ​ឯ​បាងផ្លាសយ ។ ភ្យា​តាក ដែល​ធ្វើ​ដំណើរ​មក​ដល់​រយ៉ង​បាន​ត្រូវ​ប្រជាជន​អបអរ​ទទួល​ចាត់​ទុក​ថា​ជា​ អ្នក​រំដោះ​ ហើយ​នាំ​គ្នា​ចូល​បម្រើ​កងទ័ព​ធ្វើ​ឱ្យ​ចំនួន​កើន​ឡើង​ដល់​២​ពាន់​នាក់ ។ ពេល​នោះ​ចៅហ្វាយ​ខែត្រ​ចន្ទតាប៊ុន​មិន​ព្រម​ចំណុះ ទទួល​ស្គាល់​អំណាច​របស់​ភ្យា​តាក​ទេ​ ភ្យា​តាក​ក៏​វាយ​លុក​ដណ្ដើម​យក​ខែត្រ​ចន្ទតាប៊ុន រួច​ហើយ​ក៏​ដឹកនាំ​ទ័ព​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ទៅ​វាយ​ពួក​ភូមា​ ទៀត ។ ភ្យា​តាក​វាយ​ឈ្នះ​ពួក​ភូមា​នៅ​សមរភូមិ​ជា​ច្រើន ហើយ​បាន​រុញច្រាន​ពួក​នេះ​ឱ្យ​ដក​ថយ​ចេញ​ពី​ព្រះរាជា​ណាចក្រ​ទៅ ។ ជ័យជម្នះ​ទាំង​អស់នេះ បាន​ធ្វើ​ឱ្យ​ភ្យា​តាក​ក្លាយ​ទៅ​ជា​មនុស្ស​អស្ចារ្យ​ជាង​គេ​នៅ​ក្នុងស្រុក​ សៀម ប្រជារាស្ដ្រ​ទាំងអស់​ទទួល​ស្គាល់​ក្នុង​ឋានៈ​ជា​មេដឹកនាំ ។ ភ្យា​តាក​បាន​មក​តាំង​រាជវាំង​នៅ​បាងកក ប្ដូរ​ឈ្មោះ​ដាក់​ថា ចាណា​បុរី វិញ ត្រង់​កន្លែង​ដែល​ព្រះ​នរាយណ៍​បាន​ធ្វើ​សម្បទាន​ប្រគល់​ឱ្យ​ប្រទេស​បារាំង​ ពី​មុន ដែល​នៅ​ជា​កម្មសិទ្ធិ​របស់​ពួក​បារាំង​នៅ​ឡើយ ថ្វីបើ​បារាំង​មិន​បាន​មក​តាំងទី​នៅ​ក៏​ដោយ ។

ភ្យា​តាក​ចង់​ឱ្យ​ព្រះរាជា​ខ្មែរ​ទទួលស្គាល់​អធិរាជ​ភាព​របស់​សៀម ហើយ​ចាត់​ទុក​កម្ពុជា​ជា​នគរ​សាមន្ដរាជ​មួយ ដូច​ដែល​ស្ដេច​សៀម​មុនៗ​តែងតែ​គិត​អីចឹង​ដែរ ក៏​ចាត់​បញ្ជូន​រាជទូត​ឱ្យ​នាំសារ​មក​ថ្វាយ មាន​អត្ថន័យ​ថា «សូម​ឱ្យ​ព្រះរាជា​កម្ពុជា​រក្សា​ទុក​នូវ​ប្រពៃណី​ដែល​ធ្លាប់​មាន​តាំង​តែ​ ពី​មុន កុំបី​គិត​ដល់​ការ​ផ្លាស់​ប្ដូរ​ដែល​កើត​មាន​ឡើង​អាស្រ័យ​ដោយ​ព្រឹត្ដិការណ៍ ​ធំៗ​ប៉ះ​ពាល់​ដល់​ព្រះរាជា​ណាចក្រ​សៀម​នោះ» ហើយ​ថា​ព្រះរាជា​កម្ពុជា​ត្រូវ​លើក​សួយសារ​អាករ​ទៅ​ថ្វាយ ដូច​ដែល​ព្រះរាជា​មុនៗ​ធ្លាប់​បាន​អនុវត្ដ​កន្លង​មក ។ រាជពង្សាវតារ​ក៏​មាន​និយាយ ផង​ដែរ​ថា ព្រះ​អង្គ​បាន​ទាមទារ​ឱ្យ​ខ្មែរ​បញ្ជូន​អ្នក​អង្គ​ម្ចាស់​សៀម​មួយ​អង្គ ដែល​រត់​មក​ជ្រកកោន​នៅ​ក្នុង​រាជវាំង ឧត្ដុង្គ​ទៅ​វិញទៀត​ផង ។
ពេល​នោះ​ព្រះរាជា​កម្ពុជា​ព្រះ​ឧទ័យ​សុរិយោពណ៌​ដែល​ធ្លាប់តែ​ជា​ស្ដេច​ បះបោរ​មួយ​អង្គ​ ហើយ​ដែល​បាន​ឡើង​សោយរាជ្យ​ដោយសារ​តែ​ការ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​អាណ្ណាម រួច​បាន​ប្រគល់​ខែត្រ​២​ឱ្យ និង​ធ្លាប់​បាន​ធ្វើ​ឃាត​រាជវង្ស​ជា​ច្រើន​អង្គ​ដើម្បី​កុំ​ឱ្យ​មក​រារាំង​ ការ​ឡើង​គ្រង​រាជបល្ល័ង្ក​របស់​ព្រះ​អង្គ គឺជា​សត្រូវ​នឹង​អតីត​ព្រះរាជា​ណាចក្រ​សៀម​ដែល​តែងតែ​ទំនុក​បម្រុង ជំរុញ​ឱ្យ​មាន​ស្ដេច​ប្រឆាំង​នឹង​ស្រុក​ខ្មែរ​ឥត​ដាច់ ទ្រង់​មិន​ទទួល​ស្គាល់​ថា រាស្ដ្រ​សាមញ្ញ​ម្នាក់​អាច​ឡើង​សោយរាជ្យ​លើ​រាជបល្ល័ង្ក​សៀម​បាន​ទេ ទោះបី​ថា​ជន​នោះ​បាន​ជួយ​សង្គ្រោះ​រំដោះ​ប្រទេស​ពី​ការ​ត្រួតត្រា​របស់​ សត្រូវ​ក៏​ដោយ ។ ទ្រង់​បាន​ចាត់​ទុក​ភ្យា​តាក​ថា​មិន​មាន​ឋានៈ​ស្មើ​នឹង​ព្រះ​អង្គ​ទេ ។ ព្រះអង្គ​បាន​តប​ព្រះរាជសារ​ទៅ​វិញ​ថា​ «ទ្រង់​មិន​អាច​ចរចា​ស្មើភាព​គ្នា​ជាមួយ​មនុស្ស​ម្នាក់​ដែល​កើត​ចេញ​ពី​ ពាណិជ្ជករ​ចិន​ម្នាក់​ជាមួយ​នឹង​ស្រី​សៀម​សាមញ្ញ​ម្នាក់​បាន​ទេ​បើ​ទោះ​ជា​ ថា​ជន​នោះ​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ដូច​ម្ដេចក្ដី» ។

ទទួល​បាន​រាជ​សារ​នេះ ភ្យា​តាក​ច្រឡោត​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​ប្ដេជ្ញា​ថា​នឹង​ទម្លាក់​ព្រះរាជា​កម្ពុជា​នេះ​ចេញ​ពី​រាជបល្ល័ង្ក​ ឱ្យ​បាន ។ ដើម្បី​សម្រេច​បំណង​នេះ ទ្រង់​បាន​ចាប់​ផ្ដើម​បំផុស​បំផុល​រក​ស្ដេច​ប្រឆាំង​មួយ​អង្គ ហើយ​បាន​ជ្រើស​រើស​យក​អ្នក​អង្គ​ម្ចាស់​អង្គ​នន់​រាមា ដែល​បាន​រត់​ភៀស​ព្រះ​កាយ​មក​គង់​នៅ​ស្រុក​សៀម ជាមួយ​មន្ដ្រី​ម្នាក់​ដែល​ធ្លាប់​កាប់​បំបាក់​ទ្រុង​រំដោះ​ព្រះ​អង្គ​មក ។ ភ្យា​តាក​បាន​ឱ្យ​ទ័ព​សៀម​មួយ​កង​ជូន​ព្រះ​អង្គ​នន់​រាមា​ធ្វើ​ដំណើរ​មក​ កាន់​ឧត្ដុង្គ​កាត់​តាម​ផ្លូវ​នគរវត្ដ ដើម្បី​ស្នើ​ប្រគល់​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ដែល​មិន​សូវ​ជា​ពេញចិត្ដ​នឹង​ព្រះ​ឧទ័យ​ស្រីសុរិយោពណ៌​ប៉ុន្មាន​នោះ​ សម្រេច ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​អង្គរវត្ដ កងទ័ព​នេះ​បោះ​ជំរំ​សម្រាក​រង់ចាំ​ការ​ប្រយុទ្ធ ។ ព្រះរាជា​កម្ពុជា​ពេល​នោះ បាន​ចាត់​ឱ្យ​កេណ្ឌ​ទ័ព​មួយ​កង ដាក់​នៅ​ក្រោម​បញ្ជាការ​របស់​លោក​ក្រឡាហោម​ប៉ាង ។ ក្រឡាហោម​ប៉ាង​បាន​ត្រូវ​គេ​ប្រហារ​បាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដំបូង ក៏​ប៉ុន្ដែ​កងទ័ព​ខ្មែរ​ដែល​មិន​មាន​ការ​តក់ស្លុត​ព្រោះ​បាត់បង់​មេកោយ​នោះ បាន​បន្ដ​ការ​ប្រយុទ្ធ​រហូត​ទាល់​តែ​ទទួល​បាន​ជ័យជម្នះ​លើ​ទ័ព​សៀម ធ្វើ​ឱ្យ​ពួក​នេះ​បែក​បាក់​រត់​ខ្ចាត់​ខ្ចាយ​ទៅ​ស្រុក​វិញ​អស់​នៅ​ក្នុង​ ឆ្នាំ​១៧៦៩ (52) ។

នៅ​ពេល​នោះ ម៉ាក់​តុង​ដែល​ខ្មែរ​យើង​ហៅ​ថា ព្រះ​សុទត្ដ ចៅហ្វាយ​ខែត្រ​ហាទៀង ដែល​ទទួល​ដំណឹង​ពី​ការ​វាយប្រហារ​នេះ​ពី​ស្ដេច​អាណ្ណាម បាន​សម្រេច​ចិត្ដ​ធ្វើ​អន្ដរាគមន៍​ជួយ​ព្រះរាជា​កម្ពុជា ។ គាត់​បាន​កេណ្ឌ​ទ័ព​ខ្មែរ​មួយ​កង​ចេញ​ពី​ខែត្រ​ទ្រាំង​ និង​បន្ទាយមាស​រួច​បាន​ដឹកនាំ​ទាំង​តាម​ជើង​គោក​ និង​តាម​ជើង​ទឹក​ទៅ​វាយលុក​អាណា​ខែត្រ​មាត់សមុទ្រ​របស់​សៀម ។ នៅ​ពេល​មក​ដល់​ចន្ទតាប៊ុន ទ័ព​ម៉ាក់​តុង​បាន​ជួប​ប្រយុទ្ធ​ជាមួយ​ទ័ព​សៀម​មួយ​កង​ដែល​កំពុង​នៅ​រង់ចាំ ទ័ព​សៀម​នោះ​បាន​វាយ​ឱ្យ​ម៉ាក់​តុង​បរាជ័យ រត់​ចោល​ទូក​ក្ដារ និង​សម្ភារ​មួយ​ចំនួន ចូល​ទៅ​ហាទៀង​វិញ ។
ស្ដេច​សៀម​បាន​យាង​ត្រលប់​មក​បាងកក​វិញ​ហើយ​បាន​រៀបចំ​នាវា​មួយ​កង​រួច​ នាំ​ទ័ព​ឡើង​ជិះ​សំពៅ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​អង្គ​នន់​រាមា ចេញដំណើរ​សំដៅ​មក​ហាទៀង វាយ​ដណ្ដើម​យក​ខែត្រ​នេះ​បាន និង​ចាប់​ក្រុម​គ្រួសារ​ម៉ាក់​តុង​មួយ​ចំនួន​ជា​ចំណាប់​ខ្មាំង ឯ​ម៉ាក់​តុង​បាន​រត់គេច​ខ្លួន​បាត់​ទៅ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ កងទ័ព​ជើងគោក​សៀម​មួយ​កង ដែល​នៅ​ក្រោម​បញ្ជាការ​របស់​យមរាជ​សៀម​ម្នាក់ បាន​ឆ្លងកាត់​ព្រំដែន​ខ្មែរ​ភាគ​ខាងជើង​ធ្វើ ដំណើរ​កាត់​នគរវត្ដ​ បាត់ដំបង និង​ពោធិ៍សាត់​សំដៅ​មក​រក​រាជធានី​ឧត្ដុង្គ ។ ភ្យា​តាក និង​អ្នក​អង្គ​នន់​រាមា ក៏​បាន​មក​ដល់​ភ្នំពេញ​ដែរ ដោយ​ធ្វើ​ដំណើរ​ពី​ហាទៀង​មក​មិន​ដល់​៦​ថ្ងៃ​ផង ព្រោះ​គ្មាន​ជួប​ទ័ព​ទប់ទល់​បន្ដិច​ណា​សោះ ។
ដោយ​ខ្លាច​សៀម​ចាប់​បាន ព្រះរាជា​កម្ពុជា​បាន​នាំ​ព្រះរាជ​វង្សានុវង្ស និង​បរិពារ​គេច​ចេញ​ពី​ឧត្ដុង្គ​មក​ចុះ​នាវា​នៅ​កំពង់ហ្លួង ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ត្រឡុង​ខ្លុះ​បាក់​អញ្ចៀន ឱ្យ​លោក​យមរាជ​ដឹកនាំ​ទ័ព​នាំមុខ ប្រយុទ្ធ​យ៉ាង​អង់អាច​ជាមួយ​ទ័ព​សៀម ។ ពួក​អ្នកស្រុក​ដែល​ខ្លាច​សៀម​ក៏​រត់​តាម​ព្រះរាជា​ទៅ​ដែរ អ្នក​ខ្លះ​ទៅ​ដល់​មាត់​ក្រសះ និង​អន្លង់ឫស្សី ខ្លះ​ទៀត​ទៅ​ដល់​ត្រឡុង​ខ្លុះ​បាក់​អញ្ចៀន​ដែរ ។
នៅ​ពេល​ដែល​ព្រះរាជា​កំពុង​តែ​រត់គេច​ទៅ​នោះ ទ័ព​ភ្យា​តាក និង​អ្នក​អង្គ​នន់​រាមា​បាន​ធ្វើ​ដំណើរ​តាម​មាត់​ទន្លេ​ច្រាបឈាម ចាប់​ស្រីៗ និង​យក​របស់​របរ​អ្នកស្រុក​ដែល​រត់​ទៅ​មាត់​ក្រសះ​អស់​ទៅ ។

នៅ​ពេល​នោះ​ហើយ​ដែល​ពួក​អាណ្ណាម​ចាប់ផ្ដើម​ធ្វើ​អន្ដរាគមន៍ (53) ដោយ​កេណ្ឌ​ទ័ព​មួយ​កង​មក​ជួប​គ្នា​ជាមួយ​នឹង​ទ័ព​លោក​យមរាជ​នៅ​ពាម​ បញ្ចូសពាស ។​ ទ័ព​អាណ្ណាម​ និង​ខ្មែរ​បាន​ទទួល​ជ័យជម្នះ​លើ​ទ័ព​សៀម​រួច​បាន​មក​ដេញ​ភ្យា​តាក និង​អ្នក​អង្គ​នន់ ចេញពី​ភ្នំពេញ ឱ្យ​ធ្វើ​ដំណើរ​ទៅ​ហាទៀង​វិញ រួច​ទ័ព​សៀម និង​ភ្យា​តាក ក៏​ចុះទូក​ទៅ​ស្រុក​សៀម​វិញ​អស់​ទៅ ។ ឯ​អ្នក​អង្គ​នន់ ទ្រង់​គង់នៅ​នឹង​ហាទៀង​នេះ​ជាមួយ​ទ័ព​សៀម​៥​រយ​នាក់ ប៉ុន្ដែ​បន្ទាប់​មក បាន​ទៅ​គង់នៅ​ឯ​កំពត​វិញ ដោយ​មិន​អាច​ការពារ​ហាទៀង​ទប់ទល់​នឹង​ម៉ាក់​តុង​បាន ។ ទៅ​ដល់​កំពត ទ្រង់​បាន​បន្ដ​ជ្រើស​រើស​ទ័ព​បន្ថែម​ទៀត​ពី​ខែត្រ​ជិតខាង ។
នៅ​ភាគ​ខាងជើង​ ទ័ព​សៀម​ច្បាំង​ចេះ​តែ​ចាញ់​ជា​ញឹកញយ ។ ដល់​ទទួល​ដំណឹង​ថា ភ្យា​តាក​ចុះ​ទូក​ជាមួយ​កងទ័ព​ចេញពី​ហាទៀង​ទៅ​វិញ ក៏​យល់​ថា​ខ្លួន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​គ្រោះ​មហន្ដរាយ​ហើយ បាន​បោះបង់​ការ​ប្រយុទ្ធ វិល​ត្រលប់​ទៅ​ស្រុក​វិញ​ដែរ​ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ឈ្លើយ​សឹក​១​ម៉ឺន​ នាក់​ដែល​គេ​បាន​ប្រមូលផ្ដុំ​នៅ​ពោធិ៍សាត់ ។ គេ​និយាយ​ថា មាន​អ្នកស្រុក​ជា​ច្រើន​ត្រូវ​ស្លាប់​ដោយ​អត់​អាហារ​តាម​ផ្លូវ ។
នៅ​ពេល​អស់​ទ័ព​សៀម​ហើយ ទ័ព​លោក​យមរាជ​ក៏​បែក​ចេញ​ពី​ទ័ព​អាណ្ណាម ហើយ​ធ្វើ​ដំណើរ​ទៅ​រក​ទ័ព​អ្នក​អង្គ​នន់​រាមា ជួប​គ្នា​នៅ​នឹង​ពាមរកា ក៏​វាយ​ឱ្យ​បរាជ័យ​ទៅ (១៧៧១) ។

នៅ​ចុងឆ្នាំ​១៧៧១ ព្រះរាជា​បាន​យាង​មក​គង់​ជា​បណ្ដោះ​អាសន្ន​នៅ​មាត់​កណ្ដុរ ស្ថិត​នៅ​លើ​ទន្លេសាប ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ភ្នំពេញ ។​ ទ្រង់​បាន​ទទួល​យក​រ៉េស៊ីដង់​អាណ្ណាម​ម្នាក់​ហៅ​ បាវ​ហូ​ មក​នៅ​នឹង​ព្រះរាជវាំង ។ ធ្វើ​យ៉ាង​នេះ មាន​ន័យ​ថា ព្រះ​អង្គ​បាន​ដាក់​ព្រះរាជា​ណាចក្រ​នៅ​ក្រោម​អាណាព្យាបាល​របស់​អាណ្ណាម​ ហើយ ។ បន្ទាប់​មក​ព្រះរាជា​បាន​យាង​មក​គង់នៅ​នឹង​ពាក់ព្រ័ត (54) រួច​បាន​ចាត់​រាជទូត​ទៅ​បាងកក ចរចា​សន្ដិភាព​ជាមួយ​ភ្យា​តាក ដោយ​លែង​ចាត់​ស្ដេច​សៀម​ថ្មី​នេះ​ថា​រាស្ដ្រ​សាមញ្ញ​មក​ជ្រែក​រាជសម្បត្ដិ​ ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ហើយ ។ ភ្យា​តាក​មិន​ព្រម​ទទួល​រាជទូត​ទាំង​អស់​នោះ​ទេ ក៏​បាន​ឱ្យ​គេ​ចាប់​ឃុំ​ទុក រួច​ផ្ញើ​រាជសារ​មួយ​មក​ថ្វាយ​ព្រះរាជា​កម្ពុជា និយាយ​ថា​ការ​ចរចា​អាច​នឹង​មាន​ទៅ​បាន​លុះណា​តែ​ទ្រង់​បញ្ជូន​ព្រះ​មាតា និង​រាជវង្សានុវង្ស​ទាំង​អស់​ឱ្យ​ទៅ​គង់នៅ​ឯ​ស្រុក​សៀម​សិន ។​ ចំណែក​ឯ​ម៉ាក់​តុង​វិញ​ គេ​ក៏​ចាប់​ចរចា​ជាមួយ​ស្ដេច​សៀម​ ហើយ​ហាក់​ដូចជា​បាន​បោះបង់​ការ​គាំទ្រ​ស្ដេច​ខ្មែរ​ដែរ ហើយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ភ្យា​តាក​ឱ្យ​ក្រុម​គ្រួសារ​ដែល​ស្ដេច​សៀម​ ចាប់​ទុកជា​ចំណាប់ខ្មាំ​ង​នៅ​ឯ​បាងកក​នោះ​វិល​ត្រលប់​ទៅ​ហាទៀង​វិញ ។​ ដើម្បី​ជា​ថ្នូរ​ ម៉ាក់​តុង​បាន​យល់ព្រម​ប្រគល់​អ្នក​អង្គ​ម្ចាស់​សៀម​មួយ​អង្គ​ដែល​ភៀស​ខ្លួន ​មក​គង់​នៅ​រាជវាំង​កម្ពុជា ហើយ​ដែល​ព្រះរាជា​កម្ពុជា​ប្រកែក​មិន​ព្រម​ប្រគល់​ឱ្យ​ទៅ​ភ្យា​តាក ។ ភ្យា​តាក​ក៏​នាំ​យក​អ្នក​អង្គ​ម្ចាស់​សៀម​នោះ​ទៅ​បាងកក​វិញ​រួច​ធ្វើឃាត​ចោល ​ទៅ ។ នៅ​ក្នុង​ឆ្នាំ​១៧៧៤ ព្រះរាជា​កម្ពុជា​បាន​យាង​ចេញពី​រាជដំណាក់​ពាក់ព្រ័ត មក​គង់នៅ​ឯ​កោះ​ចិន ជា​កោះ​មួយ​នៅ​ក្នុង​ទន្លេសាប ស្ថិត​នៅ​ចំ​ពីមុខ​កំពង់ហ្លួង មិន​ទាន់​ហ៊ាន​យាង​ត្រលប់​ចូល​រាជធានី​វិញ​ទេ ដោយ​ខ្លាច​ព្រះអង្គ​ម្ចាស់​អង្គ​នន់​រាមា ដែល​កំពុង​តែ​ឃោសនា​រើស​ទ័ព​នៅ​ក្នុង​អាណា​ខែត្រ​ខាងលិច ចាប់​ព្រះ​អង្គ​បាន ។

អនាធិបតេយ្យ​មាន​គ្រប់​ទីកន្លែង នគរ​ទាំងមូល​វិល​ត្រលប់​មក​រក​ភាព​ព្រៃផ្សៃ​ឡើង​វិញ ។ មាន​ខែត្រ​ជា​ច្រើន​ដែល​មិន​គោរព​ព្រះរាជា តែ​ក៏​មិន​ស្ដាប់​បញ្ជា​របស់​ស្ដេច​បះបោរ​ដែរ ។ ចៅហ្វាយ​ខែត្រ​ប្រមូល​ពន្ធ​បាន តែ​មិន​បាន​យក​មក​បង់​ជូន​រាជការ​ទេ ឯ​អ្នក​ប្រមូល​ពន្ធ​ត្រូវ​ប្រជារាស្ដ្រ​ដេញ​មិន​ឱ្យ​ចូល​ក្នុង​ភូមិ ។ នៅ​កន្លែង​ខ្លះ ប្រជាជន​ត្រូវ​គេ​បង្ខំ​ឱ្យ​បង់ពន្ធ​ឱ្យ​ភាគី​ទាំង​២ ។ រាស្ដ្រ​រង​ទុក្ខ​វេទនា ជំងឺ​អាសន្នរោគ​រាតត្បាត ហើយ​ជំងឺ​អុត​បាន​ធ្វើ​ឱ្យ​អ្នកស្រុក​ស្លាប់​អស់​ជា​ច្រើន ។ រាជពង្សាវតារ​បាន​និយាយ​ថា នៅ​ទី​បញ្ចប់ ដោយ​ទ្រង់​មាន​មេត្ដាករុណា​ដល់​ប្រជានុរាស្ដ្រ​ខ្លាំង​ពេក ព្រះរាជា​ក៏​សុខ​ព្រះ​ទ័យ​លះបង់​រាជសម្បត្ដិ​ថ្វាយ​ដល់​ព្រះ​អង្គ​នន់​រាមា ជា​គូប្រណាំង​ប្រជែង និង​ជា​សត្រូវ​ផង នៅ​ក្នុង​ឆ្នាំ​១៧៧៥ ។ ទ្រង់​សោយរាជ្យ​បាន​១៧​ឆ្នាំ ហើយ​រជ្ជកាល​របស់​ព្រះ​អង្គ​មាន​តែ​ទុក្ខ​វេទនា ។

No comments:

Post a Comment