Wednesday, September 12, 2018

ព្រះស្រីសុរិយោពណ៌ ឆ្នាំ ១៦០៥

ព្រះរាជសាររបស់ព្រះរាជាខ្មែរ ព្រះស្រីសុរិយោពណ៌ ផ្ញើជូនព្រះចៅអធិរាជជប៉ុន ឆ្នាំ ១៦០៥
=======================

ស្រដៀងសិលាចារឹកដែរ ដែលសំ​ណេរលើក្រដាសខាងក្រោមនេះជារូបភាពស្កេន Scan ព្រះរាជសារ(ចម្លងជាថ្មីដោយជនជាតិជប៉ុន) របស់ព្រះរាជាខ្មែរ គឺព្រះបាទ ព្រះស្រីសូរ្យពណ៌ (សម័យក្រោយបែកបន្ទាយលង្វែក)ផ្ញើជូនព្រះចៅអធិរាជជប៉ុន(ញិប៉ុន)។ បើតាមអត្ថបទនៃសំបុត្រនេះដែលត្រូវបានបកប្រែជាភាសាចិន វាមានកាលបរិច្ឆេទរវាងខែឧសភា និងមិថុនា (ខែពិសាខ) នៃឆ្នាំ ១៦០៥ នៃគ.ស. ។

គេមានអត្ថបទមួយបានសិក្សាល្អិតល្អន់ពីរឿងនេះ ដោយមានទាំងការសរសេរចម្លងឡើងវិញជាសំណេរសូរវិទ្យា(បែបចាស់), ការបកប្រែជាភាសាបារាំង និងមានរូបភាពអមមកជាមួយផងដែរ។ អត្ថបទនេះមានចុះផ្សាយក្នុង ទស្សនាវដ្ដីសាលាបារាំងចុងបូព៌ា លេខ ២៣ ឆ្នាំ ១៩២៣ ទំព័រ ១២៨ – ១៣០ ។

ព្រះរាជសារនេះ មានអត្ថន័យ ថ្លៃងអំណរគុណចំពោះព្រះចៅអធិរាជជប៉ុនដែលបានបញ្ចូនអំណោយជាដាវធំវែង (តំណាងមិត្តភាព) និយាយពីរឿងចៅសំពៅជនជាតិជប៉ុនមួយ ដែលព្រះរាជាលោកសុំយកមកប្រើជាខ្ញុំ ក៏ដូចជាសំណូមពរឲ្យតែងតាំងនាយសំពៅជប៉ុនចូលមកជួញនៅស្រុកខ្មែរឲ្យមានកាន់ត្រាត្រឹមត្រូវតាមច្បាប់។ ព្រោះកាលពីមុនមានសំពៅចូលមកច្រើន គ្មានច្បាប់ទម្លាប់ នាវិកអស់នោះ ឆ្លៀតឱកាសធ្វើជាចោរកំហែងរាស្ត្រខ្មែរ។

ខ្ញុំបានព្យាយាមសាកល្បងសរសេរជាអក្សរខ្មែរវិញដោយយោងតាមឯកសារខាងលើទាំងស្រុង ដូចខាងក្រោម៖

(1) សំតេចព្រះរាជឱង្ការ របរមបពិត្រ ក្រុងកំម្វុជ្ជាធិបតី ស្រីយសោធរ ព្រះមហានគរ ឥន្ទប្រស្ឋ
(2) រដ្ឋរាជធានី មេត្រីស្រលេញមកដល់ ញិប៉ុន [កកចូ] ថា ញិប៉ុន [កកចូ] ឲយចៅសំពៅ [កាន្នងោ]
(3) ចៅសំពៅ [មិងហុង] នាំមព្រះរាជសារ នុដាវធំវែង២០ ជាបនាការទៅថ្វាយ សំតេចព្រះរាជឱង្ការ
(4) បរមបពិត្រ នោះ ក៏មានព្រះហ្ឬទៃត្រេកអរពេក្យ យល ញិប៉ុន [កកចូ] ស្រលេញព្រះអង្គ សំតេច
(5) ព្រះរាជឱង្ការ បរមបពិត្រ ស្រលេញផ្ទៃករោម កំម្វុជ្ជាធិបតី ឯងជាមេត្រី ទៅមោកព្យិត
(6) ហោង [មុយ្និ] ថា កាល ញិប៉ុន [កកចូ] ឲយចៅសំពៅ [កាន្នងោ] នុចៅសំពៅ [មិងហុង] នាំបនាការ
(7) ទៅថ្វាយ សំតេចព្រះរាជឱង្ការ បរមបពិត្រ តែងសំបុតសារឲយមោកមានជ្មោះ
(8) ចៅសំពៅ [កាន្នងោ] ហេយឲយ ចៅសំពៅ [យាយិយាមង] នាំមសារមេត្រីមោកផោងតល ញិ
(9) ប៉ុន [កកចូ] ឲយត្យិងកុំលុងសារនោះជាស្រេចហេយ ចៅសំពៅ [ហៃគួន] ថ្វេជាសំបុតចិន
(10) ព្វុំឲយសសេរជ្មោះ ចៅសំពៅ [យាយិយាមង] នៅកុំលុងសារនោះលេយ លុះ ចៅសំពៅ [យាយិយាមង]
(11) ទៅតលបានទូល ព្រះករុណា ថា កុំលុង … (អានមិនដាច់) សារនោះព្វុំចិញជ្មោះ ចៅសំពៅ [យាយិយាមង]
(12) ផោង ទេបព្រះបន្ទូលត្រាសឲយថ្វេសារឲយ ចៅសំពៅ [យាយិយាមង] នាំមមោកតល
(13) ញិប៉ុន្ន [កកចូ] ឲយត្យិងហេយ ឲយបង្គបតាមក្រិតស្រុក ញិប៉ុន [កកចូ] ឯងហោង ទាំងនេះ
(14) ព្វុំឲយ ញិប៉ុន [កកចូ] គិតឯងលេយ ទោះ ញិប៉ុន [កកចូ] ស្រលេញផ្ទៃករោម កុំម្វុជ្ជា ចង
(15) ជាមេត្រីទៅមោកពិត្យ កុំម្បីឲយមានសំពៅ ញិប៉ុន ទៅជួញច្រេនតលផ្ទៃករោម
(16) កុំម្វុជា លេយតបត ញិប៉ុន ទៅជួញនោះស្យិងថ្វេទុក្ខគេ បៀទរាស្ត្រ បួនយោកទ្រព្យ
(17) គេ ថ្វេទុក្ខច្រេន ឲយមានតែសំពៅកាន្នព្រះរាជសារពី ញិប៉ុន [កកចូ] ឲយទៅតែសំ
(18) ពៅមួយ សំពៅពី្យរក្ដី ឲយចៅសំពៅជាធំ ឃ្នោះ ញិប៉ុន ទាំងនោះ ទៅឲយមានត្រាពី
(19) ញិប៉ុន [កកចូ] ឲ្យទៅទេប ចៅញិប៉ុន [កកចូ] ស្រលេញ កំម្វុជ្ជ ចងជាមេត្រីទៅមោក
(20) ព្យិតហោង ។ [មុយ្និ] ថា ចៅសំពៅ [យាយិយាមង] មកតល ញិប៉ុន [កកចូ] ហេយ ឲយ ញិ
(21) ប៉ុន [កកចូ] ឲយតំនេរ ចៅសំពៅ [យាយិយាមង] វិញទៅ តបត ចៅសំពៅ [យាយិយាមង] នេះ
(22) ជាខ្ញុំអាសា ព្រះបាទសំតេចព្រះរាជឱង្ការ បរមបពិត្រ ក្រុងកំម្វុជ្ជាធិបតី ហេយ ៕
---------------------------------------
ប្រភព៖ SPKV LIV
អត្ថបទ៖ Sopheaktra Ta Mab Suon

No comments:

Post a Comment