Showing posts with label ១៥០០-១៦០០. Show all posts
Showing posts with label ១៥០០-១៦០០. Show all posts

Thursday, July 20, 2017

សម័យក្រោយលង្វែក ១៦៣០ ដល់ ១៦៧៤

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ២
Posted: Oct-12-2016

៩. ព្រះ​អង្គទង​រាមាធិបតី​-ចៅពញា​នូ (១៦៣០-១៦៤០)
ព្រះរាជា​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​សូរ គឺ​ចៅពញា​នូ ដែល​ទទួល​ការ​អភិសេក​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះ​អង្គ​ទង​រាជាធិរាជ​រាមាធិបតី​ បរមបពិត្រ» នៅ​ក្នុង​ព្រះ​ជន្មាយុ​២៣​ព្រះ​វស្សា ។ រាជពង្សាវតារ​និយាយ​ថា​ទ្រង់​សោយរាជ្យ​បាន​៥​ឆ្នាំ​ ក៏​ប៉ុន្ដែ​ការ​គណនា​បង្ហាញ​ថា​ទ្រង់​សោយរាជ្យ​បាន​៩​ឆ្នាំ​យ៉ាង​តិច ។ ទ្រង់​បាន​បង្ក្រាប​ការ​បះបោរ​មួយ​របស់​អ្នកស្រុក​រលាំងទ្រុល ដឹកនាំ​ដោយ​ជន​ហិណ្ឌូ​ម្នាក់ ដែល​ត្រូវ​ចាប់ខ្លួន​បាន រួច​ហើយ​ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​កាត់​ក្បាល​សម្លាប់​ចោល ។

ព្រះ​រាមាធិបតី​ទ្រង់​បាន​ផ្លាស់​ប្ដូរ​រូបមន្ដ​ពិធីការ​ដែល​កំណត់​ឡើង​ ដោយ​ព្រះ​ធម្មោរាជា ដោយ​ទ្រង់​ឱ្យ​អ្នក​ផង​ហៅ​ព្រះ​អង្គ​ថា ព្រះករុណា​ពិសេស​ព្រះ​អង្គ​រាជ ។ ទ្រង់​សោយរាជ្យ​សម្បត្ដិ​នៅ​រាជធានី​ឧត្ដុង្គ ។ ព្រះ​រាមាធិបតី​បាន​ចូល​ទិវង្គត នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៦៤០ (25) ។

១០. ព្រះ​បទុមរាជា​ទី​១​-ព្រះ​អង្គ​នន់ (១៦៤១)
តាម​ការ​បង្ហាញ​ពី​ព្រះ​ឧភយោរាជ​ព្រះឧទ័យ អតីត​ព្រះ​យោមរាជ​ធំ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​លើក​ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះ​អង្គ ដែល​មាន​ព្រះ​ជន្មាយុ​២៤​ព្រះ​វស្សា​ហើយ ឱ្យ​ឡើង​សោយរាជ្យ​បន្ដ ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​បទុមរាជា​ធិរាជ​រាមាធិបតី» ។ បើ​តាម​សម្ដី​របស់​លោក ហ្សេរ៉ាវ៉ាន់​វូសូវ ព្រះរាជា​អង្គ​នេះ​ត្រឹមត្រូវ ស្លូត ហើយ​មាន​ព្រះរាជ​អាកប្បកិរិយា​ល្អ ។ តាម​មើល​ទៅ គឺ​ប្រហែល​ដោយ​ទ្រង់​បាន​ការពារ​ពួក​ហូឡង់ ដែល​បាន​កសាង​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ខាងក្រោម​ពញាឮ​បន្ដិច (26) ។

ក្រោយ​ពេល​ទ្រង់​ឡើង​សោយរាជ្យ​បាន​បន្ដិច​ មាន​កើត​ជំងឺ​មួយ​ធំ​នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​១៦៤០​ ធ្វើ​ឱ្យ​ស្លាប់​ប្រជាជន​កម្ពុជា​អស់​ជា​ច្រើន ។ ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​មេ​អគារ​ពាណិជ្ជកម្ម​ហូឡង់​នៅ​កម្ពុជា​ឈ្មោះ វ៉ាន់ឌែរ​ហាហ្គិន ស្លាប់​ក្នុង​ពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ ។

ព្រះ​បទុមរាជា​សោយរាជ្យ​សម្បត្ដិ​នៅ​ឧត្ដុង្គ​បាន​ប្រហែល​១​ឆ្នាំ ស្រាប់​តែ​ចៅពញាចន្ទ ជា​ព្រះរាជ​បុត្រា​ទី​៣​របស់​ព្រះ​ជ័យជេដ្ឋា​ជាមួយ​ម៉ម​លាវ​ឈ្មោះ​ថា នាង​អ្នក​បុស្សា ហើយ​ត្រូវជា​ព្រះ​អនុជ​របស់​ព្រះ​អង្គ​ទង​ចៅពញា​នូ មិន​សប្បាយ​ព្រះ​ទ័យ​នឹង​ព្រះ​ឧភយោរាជ​ព្រះ​ឧទ័យ ដែល​ដក​ហូត​រាជបល្ល័ង្ក​ពី​ព្រះ​អង្គ​យក​ទៅ​ឱ្យ​ព្រះអង្គ​នន់​វិញ ក៏​បាន​លើក​ផែនការ​ក្បត់ ហើយ​បាន​លួច​ធ្វើឃាត​ព្រះ​ឧទ័យ​ព្រមទាំង រាជវង្សានុវង្ស​ជា​ច្រើន​អង្គ​ទៀត នៅ​ក្នុង​ពិធី​កំសាន្ដ​មួយ នៅ​ក្នុង​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៦៤២ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​ពួក​ម៉ាឡេ និង​ចាម ដែល​ទ្រង់​បាន​សន្យា​ថា នឹង​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ជា​ក្រោយ (27) ។

រួច​ចៅពញាចន្ទ បាន​បញ្ជូន​ទ័ព​៥​កង ឱ្យ​ចេញ​ទៅ​ជួប​ជាមួយ​ព្រះរាជា​អង្គ​នន់ ដែល​កំពុង​តែ​ប្រពាត​ការ​បរបាញ់​សត្វ​នៅ​ចម្ងាយ​ប្រហែល​៦០​លីយឺ​ពី​រាជធានី​ នៅ​ក្នុង​ខែត្រ​មួយ​នៅ​មាត់សមុទ្រ​ ហើយ​ដែល​មាន​មហាតលិក​ការពារ​តែ​៦០​នាក់​ប៉ុណ្ណោះ ។ ព្រះ​អង្គ​ត្រូវ​ទ័ព​ទាំង​៥​កង​ព័ទ្ធ​វាយ​ប្រហារ រួច​ចាប់​នាំ​ខ្លួន​មក​កាន់​រាជធានី​ឧត្ដុង្គ ។

បន្ទាប់​ពី​ឃាតកម្ម​មក​លើ​ព្រះ​ឧទ័យ មាន​រាជកុមារ​៣​អង្គ​បាន​ភៀសខ្លួន​រួច​ពី​ការ​កាប់​សម្លាប់​រង្គាល ។ គឺ​រាជបុត្រ​របស់​ព្រះរាជា និង​ត្រូវជា​ព្រះរាជ​នត្ដា​របស់​ព្រះ​ឧទ័យ ។ រាជកុមារ​ទាំង​៣​អង្គ​បាន​គេច​ចូល​ទៅ​ជ្រកកោន​នៅ​ក្នុង​វត្ដ​មួយ ម្ល៉ោះហើយ​ក៏​ទទួល​បាន​នូវ​សិទ្ធិ​ជ្រកកោន ដែល​នៅ​សម័យ​នោះ គ្មាន​នរណា​រំលោភ​បាន​ទេ​នៅ​ក្នុង​ឥណ្ឌូចិន​ទាំងមូល ។ ចៅពញាចន្ទ​ធ្វើ​ហាក់​ដូចជា​បាន​បំភ្លេច​កុមារ​ទាំងនោះ​ហើយ ប៉ុន្ដែ​បាន​តាមដាន​រហូត ។ រហូត​ដល់​ពេល​ដែល​មាន​ប្រជាជន​១​ម៉ឺន​២​ពាន់​នាក់​ខឹងសម្បា​ ហើយ​កាន់​អាវុធ​ឡើង​ធ្វើ​ឱ្យ​កុមារ​ទាំង​៣​រត់​ចេញពី​វត្ដ​រួច​ចាប់​កុមារ​ បង​ទាំង​២​មក​ប្រគល់​ឱ្យ​ពញាចន្ទ ។​ រាជកុមារ​ពៅ​បាន​ត្រូវ​ព្រះ​វររាជ​មាតា​ជួយ​សង្គ្រោះ​យក​ទៅ​ចិញ្ចឹម​បីបាច់​ ថែរក្សា មិន​ព្រម​ប្រគល់​ឱ្យ​ពញាចន្ទ​ទេ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះរាជា​បាន​លើក​ព្រះរាជ​កុមារ​នេះ ឱ្យ​ឡើង​ធ្វើ​ជា​មហាឧបរាជ ។

ឯកសារ​របស់​ពួក​ហូឡង់​បាន​រៀបរាប់​ថា រាជកុមារ​ទាំង​២​បាន​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​អាក្រក់​ខ្លាំង​ណាស់ មុន​នឹង​ត្រូវ​គេ​សម្លាប់ ។​ គេ​យក​ព្រះ​អង្គ​ទៅ​ដាក់​គុក​ ហើយ​ឱ្យ​សោយ​តែ​សាច់​ដែល​គេ​កាត់​ចេញ​ពី​ខ្លួន​ព្រះ​អង្គ ។​ តែ​រាជកុមារ​ទាំង​២​មាន​សេចក្ដី​ក្លាហាន ខុស​ប្លែក​ពី​កុមារ​ទាំងឡាយ ។ នៅ​ពេល​ដែល​ទ្រង់​ត្រូវ​គេ​សម្លាប់​ដោយ​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ចេក ទ្រង់​បាន​សំណូមពរ​ហើយ​ពិនិត្យ​បញ្ជាក់​ថា គេ​បាន​សំលៀង​កាំបិត​ដែល​ត្រូវ​យក​មក​កាប់​ខ្លួន​ព្រះ​អង្គ​ជា​២​កំណាត់​នោះ ​មុត​ល្អ​ហើយ ។ ការ​ធ្វើឃាត​រាជកុមារ​ទាំង​២​បាន​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​មាន​ការ​ភិតភ័យ​ជា​ ខ្លាំង ហើយ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​ជួយ​ឡើយ ។

តាម​ពិត​ទៅ អ្នក​អង្គ​ម្ចាស់​ចន្ទ ទ្រង់​ដឹកនាំ​ប្រទេស​ក្នុង​ព្រះ​នាម​ព្រះ​រៀម​របស់​ព្រះ​អង្គ ហើយ​អ្វីៗ​សុទ្ធតែ​ធ្វើ​ទៅ​តាម​បញ្ជា​របស់​ព្រះ​រៀម​ទាំងអស់ ។ ប៉ុន្ដែ​ដោយ​ប្រជារាស្ដ្រ​ស្អប់​ព្រះ​អង្គ តែ​ស្រលាញ់​ព្រះ​រៀម​ម្ល៉ោះ​ហើយ​ទ្រង់​ក៏​សម្រេច​ចិត្ដ​កម្ចាត់​ព្រះ​រៀម​ ចេញ ។ ពួក​ហូឡង់​និយាយ​ថា ទ្រង់​បាន​រៀបចំ​ធ្វើ​ឱ្យ​ព្រះ​អនុជ​ថ្លៃ​របស់​ព្រះរាជា​ចោទ​ប្រកាន់​ ព្រះរាជា​ថា​ បាន​ចែចង់​ព្រះ​ជាយា​របស់​ព្រះ​អង្គ រួច​ហើយ​ទ្រង់​បាន​ចេញ​បញ្ជា​ឱ្យ​គេ​កាត់​ក​ព្រះរាជា​ទៅ ។ បន្ទាប់​មក អ្នក​អង្គ​ម្ចាស់​ចន្ទ​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​ព្រះ​អនុជ​ថ្លៃ​នោះ​ចោល​ ទៀត ដោយ​ចោទ​ថា បាន​ធ្វើការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​ទៅ​លើ​ព្រះរាជា ។ រឿង​កំប្លែង​ទាំង​អស់​នោះ មាន​គោល​បំណង​ជា​ពិសេស គឺ​ដើម្បី​រក្សា​រាជសម្បត្ដិ​ទុក​ខ្លួនឯង ។

១១. ព្រះ​បទុមរាជា​ទី​២ ពញាចន្ទ​-ស្ដេច​ចូល​សាសនា​ជ្វា (១៦៤២-១៦៥៩)
ក្រោយ​ពី​បាន​អនុវត្ដ​អំពើ​ឧក្រិដ្ឋ​ខាងលើ​រួច​ហើយ អ្នក​អង្គ​ម្ចាស់​ចន្ទ ដែល​មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា បាន​ឱ្យ​គេ​រៀបចំ​ពិធី​អភិសេក​ព្រះ​អង្គ​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេចព្រះ​បទុមរាជា​ធិរាជ​រាមាធិបតី» ។ អ្នក​អង្គ​ម្ចាស់​ឯម រាជបុត្រា​របស់​ព្រះ​ឧទ័យ ដែល​ព្រះ​វររាជ​មាតា​បាន​ជួយ​សង្គ្រោះ ត្រូវ​បាន​លើក​ឱ្យ​ឡើង​ឋានៈ ជា​ព្រះកែវហ្វ៊ា ។ ពួក​ហូឡង់​និយាយ​ថា​ ចៅពញាចន្ទ​នេះ មាន​កិត្ដិនាម​ល្បី​ខាង​មាន​ចិត្ដ​អាក្រក់ និង​កាច​សាហាវ ហើយ​ព្រះរាជា​ទាំងអស់ រួម​ទាំង​ព្រះរាជា​មុនៗ​ផង ខ្លាច​រអា​គ្រប់​គ្នា នៅ​ពេល​ទត​ឃើញ​នូវ​អត្ដចរិត​ឃោរឃៅ​របស់​ព្រះអង្គ​នា​ថ្ងៃ​មួយ (28) ។

ចាប់​តាំង​តែ​ពី​ពេល​ដែល​បាន​ឡើង​គ្រង​រាជបល្ល័ង្ក ទ្រង់​បាន​ចេញ​ព្រះរាជ​បញ្ជា​មួយ​បញ្ជាក់​អំពី​ព្រះ​ឋានៈ​របស់​ព្រះរាជ​ វង្សានុវង្ស​ទាំងអស់​ជា​ភាសា​បាលី ហើយ​ទ្រង់​បាន​សម្រេច​ឱ្យ​ឆ្លើយ​នឹង​ព្រះរាជា​ថា ព្រះករុណា​ពិសេស ហើយ​ឆ្លើយ​នឹង​សមាជិក​ព្រះរាជ​វង្ស​ថា​ ព្រះបាទម្ចាស់ ។

នៅ​សម័យ​នោះ ពួក​ហូឡង់​បាន​បើក​អគារ​ពាណិជ្ជកម្ម​របស់​គេ​នៅ​កម្ពុជា​បាន​២​-​៣​ឆ្នាំ​ ហើយ។ ពួក​នោះ បាន​ជួប​ជាមួយ​ពួក​ព័រទុយហ្គាល់​ដែល​មាន​វត្ដមាន​តាំង​តែ​ពី​ឆ្នាំ​១៥៥៣​មក​ ម្ល៉េះ ហើយ​ថែម​ទាំង​បាន​បំពេញ​ភារកិច្ច​ធំៗ​ថ្វាយ​ដល់​រាជវង្ស​ថែម​ទៀត​ផង​ ដូច​ដែល​យើង​បាន​ឃើញ​រួច​មក​ហើយ​នៅ​ចុង​សតវត្សរ៍​មុន ។​ ពួក​ព័រទុយហ្គាល់​មាន​អគារ​ពាណិជ្ជកម្ម​នៅ​កំពង់ហ្លួង ឯ​ពួក​ហូឡង់​មាន​អគារ​នៅ​ពញាឮ ។ ពួក​ជាតិ​សាសន៍​នេះ​ទាំង​២​មាន​ការ​ប្រកួត​ប្រជែង​ខាង​ពាណិជ្ជកម្ម​ស្រួច​ ស្រាល់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​ការ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ខ្លាំង​ណាស់​ដែរ ។ គេ​បាន​ចាប់ផ្ដើម​ដណ្ដើម​ទីតាំង​គ្នា​ទៅ​វិញ​ទៅ​មក​រួច​មក​ហើយ​នៅ​ក្នុង​ចុង ​បូព៌ា​ទាំងមូល ហើយ​គេ​ក៏​តាំង​ចាប់​ផ្ដើម​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក ដណ្ដើម​គាប់គួរ​ជាមួយ​ព្រះរាជា​កម្ពុជា សំដៅ​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។

នៅ​ក្នុង​ឆ្នាំ​១៦៣៦ ពួក​អ្នកស្រុក​បាន​ចូល​យក​ទំនិញ​របស់​កប៉ាល់​ឈ្មោះ ន័រវីក ដែល​លិច​នៅ​ក្បែរ​មាត់​សមុទ្រ​កម្ពុជា ពួក​ហូឡង់​ក៏​ប្ដឹង​រក​យុត្ដិធម៌ (29) ។ ពេល​នោះ​ព្រះរាជា​ដែល​ពិភាល់​ថា​ពួក​នេះ​ជា​ចារកម្ម​របស់​ពួក​សៀម​បាន​ឆ្លើយ ​តប​ទៅ​វិញ​ថា​ ព្រះ​អង្គ​មាន​សិទ្ធិ​ និង​ទទួល​យក​រាល់​របស់របរ​ផ្សេងៗ​ដែល​បាន​មក​ពី​ការ​លិច​លង់​របស់​កប៉ាល់​ បរទេស ។ ពួក​ហូឡង់​ឆ្លើយ​ថា​ពួក​គេ​មិន​មែន​ជា​ជនបរទេស​ទៀត​ទេ ព្រោះ​គេ​បាន​មក​តាំង​ទីលំនៅ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​រួច​ទៅ​ ហើយ ។ ទឡ្ហីករណ៍​នេះ​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​ថា នៅ​ឯ​អឺរ៉ុប គេ​សន្មត់​ថា រាល់​កប៉ាល់​របស់​ប្រទេស​មួយ​ដែល​លិច​នៅ​លើ​ឆ្នេរសមុទ្រ​របស់​ប្រទេស​មួយ​ ទៀត គេ​តែង​តែ​ចាត់​ទុក​ជា​កប៉ាល់​បរទេស​ហើយ ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​១៦៣៨ លោក​ឧត្ដមសេនីយ៍ វ៉ាន់ឌី​យ៉ឺម៉ិន ដែល​ឈរ​ជើង​នៅ​ឯ បាតាវីយ៉ា បាន​បញ្ជូន​ឈ្មោះ ប៉ូល​គ្រុក ឱ្យ​ធ្វើ​ដំណើរ​មក​កាន់​រាជវាំង​ឧត្ដុង្គ ដើម្បី​ធ្វើការ​ដោះស្រាយ ។ ពេល​នោះ ពួក​ព័រទុយហ្គាល់ ដែល​បាន​សម្លាប់​ពួក​ហូឡង់​អស់​២​នាក់​កាលពី​មួយ​ឆ្នាំ​មុន បាន​សម្រេច​ចិត្ដ​ថា នឹង​ធ្វើ​ឱ្យ​បេសកកម្ម​នេះ​បរាជ័យ ។ រឿងរ៉ាវ​នេះ​បាន​អូស​បន្លាយ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដោយ​លោក​ឧត្ដមសេនីយ៍​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ហូឡង់​នឹក​គិត​ស្មាន​ថា ខ្លួន​នេះ​បាន​ត្រូវ​ព្រះរាជា និង​ព្រះ​មហាឧបរាជ​ចាត់​ទុក​ដូចជា​បងប្អូន​រួច​ទៅ​ហើយ តែ​ស្ដេច​ទាំង​២​អង្គ​នេះ បាន​ប្រកែក​មិន​យល់​ព្រម​ទទួល​លិខិត​របស់​គាត់​ទេ ហើយ​ទទួល​មាន​ព្រឹត្ដិការណ៍​ចៅពញាចន្ទ និង​ពួក​អ៊ិស្លាម​ធ្វើឃាត​ព្រះរាជា ព្រះ​ឧភយោរាជ​ជាមួយ​នឹង​មន្ដ្រី​អ្នកមុខ​អ្នកការ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​១៦៤២ ពួក​ហូឡង់​ក៏​ចាប់​ផ្ដើម​គិត​រក​ដំណោះស្រាយ​សា​ជា​ថ្មី ។

ព្រះរាជា​ថ្មី​បាន​ផ្ញើ​ព្រះរាជ​សារលិខិត​មួយ​ច្បាប់​ទៅ​ឱ្យ​ឧត្ដមសេនីយ៍ (30) ក្រុមហ៊ុន​ហូឡង់​ដែល​ឈរជើង​នៅ​ឯ​កោះ​ជ្វា បញ្ជាក់​ថា​ព្រះ​អង្គ​មាន​បំណង​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា ។ លោក​ឧត្ដមសេនីយ៍​នៅ​ពេល​បាន​ដឹង​ថា បេសកជន​របស់​គាត់​មិន​ទាន់​បាន​ចូល​គាល់​ព្រះរាជា​នៅ​ឡើយ​ទេ ផ្ទុយ​ពី​ពួក​អេស្ប៉ាញ និង​ព័រទុយហ្គាល់ បែរ​ជា​ទទួល​បាន​នូវ​ការ​ប្រោសប្រណី​ជា​ច្រើន មិន​តែ​ប៉ុណ្ណោះ​ព្រះរាជា​បាន​ទាំង​បញ្ជូន​ដំរី​២​ក្បាល​ទៅ​ជូន​លោក​អភិបាល​ ក្រុង​ម៉ានីល​ថែម​ទៀត​ផង​នោះ ក៏​ចាត់​តាំង​ឱ្យ​លោក គ័រណី​ក្លែក ជា​មេ​ខាង​ផ្នែក​ពាណិជ្ជកម្ម ធ្វើ​ដំណើរ​តាម​កប៉ាល់​២​គ្រឿង​មក​កម្ពុជា​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៦៤២ ។ លោក គ័រណី​ក្លែក មាន​ភារកិច្ច​មក​ទូល​សរសើរ​ព្រះរាជា​ដែល​ទទួល​បាន​ជ័យជម្នះ​លើ​ពួក​ខ្មាំង​ សត្រូវ ដែល​កន្លង​មក​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​បាត់បង់​អស់​នូវ​សិទ្ធិ​ស្រប​ច្បាប់​ ទាំង​ឡាយ ហើយ​ទ្រង់​បាន​កម្ទេច​ចោល​ពួក​ស្ដេច​ជ្រែករាជ្យ​ទាំងអស់ ។ គាត់​ក៏​មាន​ភារកិច្ច​ត្រូវ​រាយការណ៍​ថ្វាយ​ព្រះរាជា សូម​ឱ្យ​ព្រះ​អង្គ​ប្រុង​ប្រយ័ត្ន​នឹង​ល្បិច​កល​របស់​ពួក​ព័រទុយហ្គាល់ ដែល​កន្លង​មក​បាន​លួច​បំពុល​ព្រះរាជា ប៊័រណេអូ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​មួយ​ចំនួន និង​សូម​ឱ្យ​ព្រះ​អង្គ​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ពួក​ហូឡង់ ដែល​ជា​និច្ច​ជា​កាល​ជា​មិត្ដ​ដ៏​ល្អ​សម្រាប់​ព្រះរាជា​ដែល​ទទួល​រាក់ទាក់​ ពួក​គេ ។

នៅ​ពេល​ដែល​ការ​ចរចា​ខាងលើ​កំពុង​តែ​ប្រព្រឹត្ដ​ទៅ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ព្រះរាជា​ដែល​បាន​ទទួល​យក​នារី​ម៉ាឡេ​ម្នាក់​ជា​ព្រះ​ជាយា ។​ ប្រហែលជា​ដើម្បី​បំពេញ​ព្រះ​ទ័យ​ព្រះ​ជាយា​នេះ​ផង​ ហើយ​ក៏​ប្រហែល​ដើម្បី​លើក​ទឹកចិត្ដ​ពួក​ម៉ាឡេ និង​ចាម​ដែល​បាន​ជួយ​ឱ្យ​ព្រះ​អង្គ​ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ​បាន​ផង ទ្រង់​បាន​ប្ដូរ​ចូល​សាសនា​មហាម៉ាត់​វិញ​ដោយ​ឱ្យ​គេ​កាត់​ស្បែក​ ហើយ​ទ្រង់​ប្រកាស​ប្ដូរ​ព្រះ​នាម​ថា​ អ៊ីប្រាហ៊ីម ​វិញ ។​ លោក​ហ្សេរ៉ាវ៉ាន់​វូសូហ្វ បាន​និយាយ​ថា ព្រះរាជា​ទ្រង់​បាន​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​ពួក​ម៉ាឡេ និង​ចាម ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឱ្យ​ប្រជាជន​មិន​សប្បាយចិត្ដ​ទេ គេ​បាន​ហៅ​ព្រះរាជា​ថា​ជា​ស្ដេច​ចេញ​សាសនា និង​ជា​ស្ដេច​ចូល​សាសនា​ជ្វា ។

ពួក​ម៉ាឡេ​ និង​ចាម ​ដែល​កាន់​សាសនា​មហាម៉ាត់​ទាំង​អស់នេះ​ច្រើន​តែ​ជា​ពាណិជ្ជករ​ ម្ល៉ោះ​ហើយ​គឺជា​សត្រូវ​នឹង ​ពួក​អឺរ៉ុប ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង ។ ដល់​ពេល​បាន​ក្លាយជា​អ្នក​ជិត​ស្និទ្ធ​នឹង​ព្រះរាជា ពួក​នេះ​ក៏​ប្រែក្លាយ​ទៅ​ជា​កាច​សាហាវ ។ ដោយ​ខ្លាច​រអា​ការ​វាយ​ប្រហារ​របស់​ពួក​នេះ និង​ដោយ​ពួក​ព័រទុយហ្គាល់​ ចេះ​តែ​ផ្សព្វ​ផ្សាយ​ពាក្យ​មិន​ល្អ​ពី​ខ្លួន​ផង​ ពួក​ហូឡង់​ ក៏​សម្រេច​ចិត្ដ​ដក​ថយ​ចេញ​ពី​កម្ពុជា​ដែល​មិន​មែន​ជាទី​សុខសាន្ដ ​សម្រាប់​ខ្លួន​ទេ ។​ បេសកជន​របស់​ឧត្ដមសេនីយ៍​បាតាវីយ៉ា​ បាន​ចាក​ចេញពី​កម្ពុជា ហើយ​នាយ​អគារ​ពាណិជ្ជកម្ម​ហូឡង់​នៅ​កម្ពុជា ក៏​ត្រូវ​គេ​បញ្ជា​ឱ្យ​ដក​ចេញ​ទៅ​វិញ​ដែរ ដរាប​ណា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​សេចក្ដី​ត្រូវការ​របស់​ខ្លួន​ នោះ ។

តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ពួក​ហូឡង់​ចាក​ចេញ​ផុត​ទៅ ? យើង​បាន​ដឹង​អំពី​អ្វីៗ​ដែល​កើត​មាន​ជា​បន្ដ​មក​ទៀត​តែ​ដោយ​សារ​ឯកសារ​ពួក​ ហូឡង់​ប៉ុណ្ណោះ ។ ពួក​ហូឡង់​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពិត​ប្រាកដ​ថា​តើ​អ្នក​ណា​ដែល​ជា​មេភ្លើង ​ទេ ក៏​ប៉ុន្ដែ​ពួក​គេ​បាន​សរសេរ​ថា ក្រោម​ការ​ញុះញង់​របស់​ពួក​ព័រទុយហ្គាល់ និង​ពួក​ម៉ាឡេ និង​ដោយ​មាន​ការ​ថ្វាយ​យោបល់​ពី​ឧកញ៉ា​ពីរេស្នេដុល​ (?) ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​កាប់​សម្លាប់​ ពួក​ហូឡង់​វាយ​កម្ទេច​អគារ និង​ដណ្ដើម​យក​កប៉ាល់​ហូឡង់​ឈ្មោះ​ន័រវីក​ និង​សំពៅ​ឈ្មោះ​ រីវីក ​ផង ។​ ព្រះរាជ​បញ្ជា​នេះ​ត្រូវ​បាន​គេ​អនុវត្ដ​តាម​នៅ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​១៦៤៤​ លើក​លែង​តែ​កប៉ាល់​ន័រស្វ៊ីក​មួយ​ចេញ​ដែល​គេ​មិន​អាច​ចាប់​បាន ។​ ក៏​ប៉ុន្ដែ​ចៃដន្យ​អាក្រក់​នេះ បាន​ធ្លាក់​ទៅ​លើ​កប៉ាល់​ឈ្មោះ អូរ៉ង់ហ្សេ ដែល​ទើបតែ​មក​ដល់​ពី​ កោះ​ហ្វៃយ៉ូវ៉ាន់ (តៃវ៉ាន់) (31) ទៅ​វិញ ដោយ​គ្មាន​បាន​ដឹង​រឿងរ៉ាវ​ដែល​កើត​មាន​នៅ​កំពង់ហ្លួង​ទេ ។ អ្នក​ដើរ​កប៉ាល់​នេះ បាន​ត្រូវ​ពួក​ជប៉ុន ដែល​មាន​គ្នា​ប្រហែល​ជា​១០​នាក់ បង្ខំ​ឱ្យ​ចុះ​មក​ដី​ហើយ​សម្លាប់​អស់​មួយ​ចំនួន មួយ​ចំនួន​ទៀត​ត្រូវ​ចាប់​ជា​ឈ្លើយ ។

ពេល​ទទួល​បាន​នូវ​ដំណឹង​នេះ ពួក​ហូឡង់​នៅ​បាតាវីយ៉ា​បាន​សម្រេច​ចិត្ដ​ធ្វើការ​សងសឹក​វិញ ដោយ​បញ្ជូន​កប៉ាល់​៥​គ្រឿង​មក​កម្ពុជា និង​ទូក​សំប៉ាន​ជា​ច្រើន ដឹកនាំ​ទាហាន ​១៦០​នាក់ និង​នាវិក​២៤០​នាក់ ។ គេ​នឹង​ធ្វើការ​សងសឹក​ដោយ​ការ​បង្ហូរឈាម​ប្រសិនបើ ​ព្រះរាជា​អ៊ីប្រាហ៊ីម មិន​ព្រម​ប្រគល់​ចំណាប់ខ្មាំង​មក​ឱ្យ​វិញ ហើយ​មិន​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ដូច​កាល​ពីមុន​ឆ្នាំ​១៦៤០​ទេ ។ ក្រុមហ៊ុន​ពាណិជ្ជកម្ម​ហូឡង់​ទើប​តែ​បាន​ផ្ញើ​ការ​សរសើរ​មក​ថ្វាយ​ព្រះរាជា​ ស្រាប់តែ​ត្រូវ​ធ្វើ​សង្គ្រាម​មួយ​ទៅ​វិញ​ ក៏​ប៉ុន្ដែ​ពួក​គេ​ចង់​បាន​សន្ដិភាព ។​ កប៉ាល់​ទាំងអស់​បាន​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​១៦៤៤ ឡើង​មក​តាម​ ទន្លេបាសាក់ ហើយ​បាន​មក​បោះ​យុថ្កា​នៅ​នឹង ​ពាម​ទន្លេសាប ពី​ខាងលើ​ភ្នំពេញ​-​ចតុម្មុខ​ បន្ដិច គឺ​ប្រហែល​ជា​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​អគារ​ពាណិជ្ជកម្ម​ហូឡង់ ។

នៅ​ពេល​ដែល​កិច្ច​ចរចា​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ពួក​មន្ដ្រី​ខាង​កម្ពុជា​បាន​សំណូមពរ​ឱ្យ​ពន្យារ​ពេល​៧​ថ្ងៃ ដោយ​ហេតុ​ថា​ព្រះ​មាតា​របស់​ព្រះរាជា​ទើប​នឹង​សុគត ។ ដោយ​ពិនិត្យ​ឃើញ​ថា​គ្មាន​អ្វី​ប្លែក គួរ​ឱ្យ​សង្ស័យ​នៅ​តាម​មាត់ទន្លេ មេបញ្ជាការ​ហូឡង់​ក៏​យល់ព្រម​តាម​សំណើ ហើយ​ថែម​ទាំង​បាន​សម្ដែង​ការ​ចូលរួម​មរណទុក្ខ ដោយ​ការ​បាញ់​កាំភ្លើង​ធំ​គោរព​ទៀត​ផង ។

កប៉ាល់​ហូឡង់​នៅ​ក្នុង​ទឹក​រហូត​ដល់​៦​ខែ តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​អ្វី​បន្ដិច​សោះ ។ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​១៦៤៥ មេបញ្ជាការ​ហូឡង់​ក៏​សម្រេច​ចិត្ដ​នាំ​គ្នា​ចេញ​កប៉ាល់​ធ្វើ​ដំណើរ​បន្ដ​ទៅ​ កាន់​លង្វែក ។ ទៅ​ជិត​ដល់​កំពង់ហ្លួង​ទៅ​ហើយ ស្រាប់តែ​មាន​លេចឮ​ដំណឹង​ថា​ គេ​កំពុង​ប្រមូល​ឫស្សី​មក​គរ​នៅ​ភ្នំពេញ ជាមួយនឹង​អាវុធ​យុទ្ធភណ្ឌ​ផ្សេងៗ​ទៀត ។ មេបញ្ជាការ​ក៏​បញ្ជា​ឱ្យ​ធ្វើ​ដំណើរ​ចុះ​មក​វិញ តែ​ត្រូវ​ទូក​តូចៗ​ជា​ច្រើន​ស្កាត់​វាយ​នៅ​ពាក់​កណ្ដាល​ផ្លូវ ។ កប៉ាល់​ហូឡង់​បាន​វាយ​រុញច្រាន​ទូក​ទាំង​អស់​នោះ​ចេញ​បាន តែ​ត្រូវ​រង​ការ​បាញ់​ឥត​ដាច់​ពីលើ​គោក​ថែម​ទៀត ។ យប់​មក​ដល់ កប៉ាល់​បាន​បោះ​យុថ្កា​សម្រាក​សិន ។ ដល់​ពេល​ព្រឹកស្អែក​ឡើង គេ​ពិនិត្យ​ឃើញ​មាន​ស្ពាន​មួយ​ប្រវែង ​១២០​ម៉ែត្រ ទទឹង ​៦​ម៉ែត្រ​ នៅ​កាត់​ទទឹង​ទន្លេ និង​មាន​កាំភ្លើង​ធំ​ ៨​ដើម ​រៀប​តម្រៀប​គ្នា​នៅ​លើ​ច្រាំង​ទន្លេ​ខាងលិច ឯ​ខាង​កើត​ទន្លេ​វិញ​មាន​ប៉ម​មួយ​កំពុង​សង់​ឡើង​មិន​ទាន់​រួច ។ មេបញ្ជាការ​ហូឡង់​បាន​សម្រេច​ថា ត្រូវ​តែ​វាយ​បើក​ផ្លូវ​ចេញ ហើយ​ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម​ឡើង ។ មេបញ្ជាការ​នោះ​បាន​ត្រូវ​គ្រាប់​ដាច់​ក្បាល​បាត់ តាំង​តែ​ពី​ចាប់ផ្ដើម​ប្រយុទ្ធ​ភ្លាម​ម្ល៉េះ ហើយ​ខាង​ហូឡង់​បាន​បាត់បង់​កម្លាំង​អស់ ​១២០​នាក់ ក៏​ប៉ុន្ដែ​កប៉ាល់​បាន​ឆ្លង​ផុត​ចូល​ទៅ​ក្នុង​ទន្លេធំ​ខាងក្រោម​ភ្នំពេញ នៅ​វេលា​ម៉ោង​៤​រសៀល ហើយ​បោះ​យុថ្កា​សម្រាក​នៅ​ទីនោះ​ទៅ ។ ឯកសារ​ហូឡង់​និយាយ​ថា នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ ខាង​ខ្មែរ​បាន​ខូចខាត​កម្លាំង​រហូត​ដល់​ទៅ​ ១​ពាន់​នាក់

ដោយ​មិន​អាច​ទប់ទល់​នឹង​ការ​វាយប្រហារ​តទៅ​ទៀត កប៉ាល់​ហូឡង់ ក៏​ធ្វើ​ដំណើរ​ចុះ​តាម​ទន្លេ​បន្ដ​ទៅ​ទៀត ហើយ​ទៅ​ដល់​ ផានរ៉ាង ​នៅ​ថ្ងៃ​ទី​១២​ខែកក្កដា ។​ ស្ដេច​នគរ​ចាម្ប៉ា​ដែល​សេស​សល់​ពី​ការ​វាតទី​របស់​ពួក​អាណ្ណាម​នៅ​ពេល​នោះ បាន​ទទួល​ស្វាគមន៍​ពួក​ហូឡង់ ហើយ​អនុញ្ញាត​ឱ្យ​ពួក​នេះ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​កំពង់​ផែ​របស់​គេ ក៏​ប៉ុន្ដែ បាន​ហាម​ប្រាម​មិន​ឱ្យ​វាយ​ពួក​ព័រទុយហ្គាល់​នៅ​ក្នុង​ទឹកដី​គេ​ទេ ។​ ស្ដេច​នគរ​ចាម្ប៉ា​នោះ​បាន​ប្រកាស​ថា​ អាកប្បកិរិយា​របស់ ​ស្ដេច​ចន្ទ​អ៊ីប្រាហ៊ីម​ គឺជា​អំពើ​ក្បត់ តែ​ព្រះ​អង្គ​បាន​ផ្ដាច់​ចំណង​ទាក់ទង​ជាមួយ​តាំង​តែ​ពី​ពេល​ដែល​ពញាចន្ទ​បាន ​ធ្វើឃាត​ព្រះ​ឧភយោរាជ​ឧទ័យ និង​ព្រះ​អង្គ​នន់ ដែល​ជា​មិត្ដភក្ដិ​មក​ម្ល៉េះ ។ ក្នុង​ពេល​នោះ​មាន​នាវា​ហូឡង់​មួយ​គ្រឿង​ទៀត​ឈ្មោះ​ អេទ័ល​ប៉ូលែរ​ ចេញ​មិន​ទាន់​ផុត​ពី​ទន្លេបាសាក់​នៅឡើយ​ ហើយ​កំពុង​តែ​រង​ការ​វាយ​ប្រហារ​ពី​ទ័ពជើងទឹក​កម្ពុជា ដែល​ដឹកនាំ​ដោយ​ព្រះរាជា​ផ្ទាល់​ព្រះ​អង្គ និង​ពួក ​ព័រទុយហ្គាល់ ម៉ាឡេ និង​ជប៉ុន ជា​អ្នកបញ្ជា​ផង ។ នាវា​នោះ​អាច​ទ្រាំទ្រ​ការ​វាយ​ប្រហារ​នោះ​បាន​យ៉ាង​ល្អ​ ហើយ​ចុះ​ផុត​ចូល​ទៅ​ក្នុង​លំហ​សមុទ្រ​ ឯ​នាវា​កម្ពុជា​ក៏​លែង​ហ៊ាន​ដេញ​តាម​ទៀត​ដែរ ។

បាតាវីយ៉ា​បាន​ស្នើ​សុំ​ជំនួយ​អន្ដរាគមន៍​ពី​ស្ដេច​សៀមៗ​បាន​បញ្ជូន​នាវា ​១០​គ្រឿង​មក ក៏​ប៉ុន្ដែ​នៅ​ពេល​មក​ដល់​មាត់ពាម​ទន្លេមេគង្គ​ មិន​ឃើញ​កង​នាវា​ហូឡង់ នាវា​សៀម​ទាំង​អស់​នោះ​ក៏​ត្រលប់​ទៅ​វិញ​អស់​ទៅ នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៦៤៥ ។ ប៉ុន្មាន​ខែ​ក្រោយ​មក ព្រះរាជា​កម្ពុជា​បាន​យល់​ព្រម​ប្រទាន​សន្ដិភាព ដោយ​ទ្រង់​បាន​បញ្ជូន​រាជទូត​ទៅ​កាន់ ​បាតាវីយ៉ា នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៦៤៦ ។ មក​ខែ​មេសា ឆ្នាំ​១៦៤៧ ទ្រង់​បាន​ដោះ​លែង​ពួក​ឈ្លើយសឹក​ដែល​ទ្រង់​បាន​ចាប់​ពី​កប៉ាល់​អូរ៉ង់ហ្សេ ក៏​ប៉ុន្ដែ​បញ្ហា​លំបាក​នៅ​តែ​មាន​បន្ដ​តទៅ​ទៀត រហូត​ដល់​ខែ​កក្កដា ឆ្នាំ​១៦៥២ នៅ​ពេល​ដែល​ពួក​ហូឡង់​បាន​សំណូមពរ​ឱ្យ​ព្រះរាជា​បញ្ជូន​រាជទូត​ទៅ​ចរចា​ សម្រេច​ជា​លើក​ចុង​ក្រោយ ។

នៅ​ខែកក្កដា ឆ្នាំ​១៦៥៣ ឧត្ដមសេនីយ៍​បាតាវីយ៉ា​បាន​ជូន​ដំណឹង​ទៅ​ព្រះរាជា​កម្ពុជា​វិញ​ថា​ ពួក​ហូឡង់​មិន​អាច​មក​បោះ​ទីតាំង​នៅ​លើ​ទឹកដី​កម្ពុជា​ជាមួយ​នឹង​សត្រូវ​ របស់​ខ្លួន​បាន​ទេ លើក​លែងតែ​ព្រះ​អង្គ​បណ្ដេញ​ពួក​នោះ​ចេញ​សិន ។ តាម​ពិត​ពួក​ហូឡង់​ពេល​នោះ​កំពុង​តែ​មាន​សង្គ្រាម​ជាមួយ​ពួក ​អង់គ្លេស ដែល​ទើបតែ​បាន​ធ្វើឃាត​ស្ដេច​របស់​គេ ។​ ព្រះរាជា​បាន​ច្រាន​សំណើ​នោះ​ ហើយ​ការ​ចរចា​បាន​បន្ដ​រហូត​ដល់​ខែកក្កដា​ ឆ្នាំ​១៦៥៦​ទើប​មាន​ចុះ​សន្ធិសញ្ញា​មួយ​ដែល​មិន​មាន​ចោទ​ប្រកាន់​ទោស​កំហុស​ អ្វី​ដល់​ព្រះរាជា​អ៊ីប្រាហ៊ីម​ឡើយ ឯ​ពួក​ហូឡង់​ក៏​មិន​បាន​ទទួល​នូវ​ការ​សងសឹក​អ្វី​ដែរ តែ​បាន​ទទួល​ផល​ប្រយោជន៍​ខាង​ពាណិជ្ជកម្ម​ខ្លះ ដែល​ពួក​គេ​មិន​អាច​ថែរក្សា​ការពារ​បាន (32) ។

មក​ដល់​ពេល​នេះ គឺ​ក្នុង​ឆ្នាំ​១៦៥៨ ព្រះរាជា​អ៊ីប្រាហ៊ីម​សោយរាជ្យ​បាន​១៨​ឆ្នាំ​ហើយ ។ ពេល​នោះ​មាន​បុត្រា​២​អង្គ​របស់​អតីត​ព្រះ​ឧភយោរាជ​ព្រះ​ឧទ័យ​ដែល​ពញាចន្ទ​ -ព្រះ​អ៊ីប្រាហ៊ីម​បាន​ធ្វើឃាត គឺ​ពញា​សូរ (ពញា​សូរ​នេះ​ក្រោយ​មក​បាន​ឡើង​សោយរាជ្យ​មាន​ព្រះ​នាម​ថា​ ព្រះ​បទុមរាជា) មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា​ និង​ព្រះ​អង្គ​តន់​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​បាន​ចាប់​កាន់​អាវុធ​បះបោរ​ ប្រឆាំង​នឹង​ព្រះរាជា​ឡើង ។​ ពេល​នោះ​ព្រះ​រៀម​របស់​ក្សត្រា​ទាំង​២ គឺ​ព្រះ​អង្គ​ឯម ដែល​បាន​រួច​រស់រាន​មាន​ជីវិត ដោយ​ត្រូវ​ព្រះ​វររាជ​មាតាយក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ហើយ​មាន​ឋានៈ​ជា​ព្រះកែវហ្វ៊ា​មិន​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​ទេ​ តែ​បែរជា​កាន់​ជើង​ខាង​ព្រះរាជា​ទៅ​វិញ ។

ពញា​សូរ​ និង​ព្រះ​អង្គ​តន់​បាន​ត្រូវ​ទ័ព​ព្រះរាជា​វាយ​ឱ្យ​បរាជ័យ​ ក៏​រត់​ទៅ​ជ្រកកោន​នឹង​ព្រះ​មហេសី​មេម៉ាយ​មាន​សញ្ជាតិ​អាណ្ណាម​របស់​ព្រះ​ ជ័យជេដ្ឋា ដែល​ណែនាំ​ឱ្យ​ក្សត្រ​ទាំង​២​រត់​ទៅ​សុំ​ជំនួយ​ពី​ស្ដេច​អាណ្ណាម ។ ពេល​នោះ​មាន​ប្រជាជន​អាណ្ណាម​ជា​ច្រើន​ដែល​ជា​ជនអនាថា​ ជន​រត់​ចោល​ជួរ​ ជន​មាន​ទោស​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្រុក និង​ជន​ផ្សេងៗ​ទៀត​ចូល​មក​រស់​នៅ​លាយឡំ​ជាមួយ​អ្នកស្រុក​ដើម​នៅ​ក្នុង​ខែត្រ ​បារាជ និង​ដុងណាយ ។ ពេល​ឃើញ​ក្សត្រ​ខ្មែរ​ទាំង​២​អង្គ​រត់​មក​រក​ជំនួយ​ដូច្នេះ ស្ដេច​អាណ្ណាម​គិត​ថា​ឱកាស​ល្អ​មក​ដល់​ហើយ​ក្នុង​ការ​ដណ្ដើម​យក​ប្រទេស​ នេះ ។ អ្នក​ប្រវត្ដិវិទូ​អាណ្ណាម​ឈ្មោះ ទ្រឿង វិញ ​គឺ​បាន​សរសេរ​ថា ប្រទេស​កម្ពុជា​មាន​ទន្លេ​ធំៗ មាន​ដៃ​ច្រើន ដីស្រែ​ក៏​មាន​ជីជាតិ​ល្អ គួរ​ឱ្យ​ចង់​បាន​ណាស់ ។ ព្រះរាជា​អាណ្ណាម​ក៏​យល់​ព្រម​ផ្ដល់​ជំនួយ​ដល់​ក្សត្រ​ទាំង​២ (33) ហើយ​បាន​បញ្ជូន​ទ័ព​២​ពាន់​នាក់​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ ជាង​ធូ​ ឱ្យ​មក​ជួយ ។​ សង្គ្រាម​ក៏​ចាប់​ផ្ដើម​ឡើង ហើយ​ព្រះ​អង្គ​ឯម បុត្រា​ទី​៣​របស់​ព្រះ​ឧភយោរាជ ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​នឹង​ឃាតក​សម្លាប់​ព្រះបិតា ក៏​ត្រូវ​សុគត​ទៅ​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​តាម​ជើង​ទឹក​នៅ​ឋ​បារាជ ។ រីឯ​ព្រះរាជា​វិញ ត្រូវ​ពួក​អាណ្ណាម​ចាប់​បាន​ជាមួយនឹង​សេនា​អាមាត្យ​ ហើយ​ដាក់​ក្នុង​ទ្រុង​ដែក​នាំ​យក​ទៅ​កាន់​ខែត្រ​ក្វាងប៊ិញ​នៅ​ជាប់​នឹង​ ព្រំដែន​ តុងកឹង ។ ទ្រង់​បាន​សុគត​នៅ​ទីនោះ​នៅ​ក្នុង​ឆ្នាំ​១៦៥៩ ក្នុង​ព្រះ​ជន្មាយុ​៤០​ព្រះវស្សា ។ បើ​គិត​ទៅ ព្រះ​អង្គ​សោយរាជ្យ​បាន​ប្រហែល​ជា​១៨​ឆ្នាំ ។

ពួក​អាណ្ណាម​បាន​អះអាង​ថា អ្នកទោស​ដែល​គេ​ចាប់​បាន​ក្នុង​សង្គ្រាម​នោះ​បាន​ត្រូវ​គេ​ដោះ​លែង​មក​ កម្ពុជា​វិញ​ តែ​នៅ​ក្រោយ​ពេល​ដែល​គេ​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព​មួយ ដែល​បញ្ជាក់​ច្បាស់​ថា​ប្រទេស​កម្ពុជា​នឹង​នាំ​យក​សួយសារ​អាករ​ទៅ​ថ្វាយ​ ស្ដេច​អាណ្ណាម​ជា​ទៀត​ទាត់ ហើយ​ពួក​ប្រជាជន​អាណ្ណាម​ដែល​ចូល​មក​រស់នៅ​លើ​ទឹកដី​ព្រះរាជា​ណាចក្រ​ កម្ពុជា នឹង​ទទួល​បាន​នូវ​សិទ្ធិ​កម្មសិទ្ធិ​លើ​ដី​ដែល​ខ្លួន​កាន់​កាប់ ហើយ​នឹង​ត្រូវ​ចាត់​ទុក​ដូចជា​អ្នក​រដ្ឋវាសី​ប៉ុណ្ណោះ ។

ការ​ជ្រៀតជ្រែក​របស់​ពួក​អាណ្ណាម​ចូល​មក​ក្នុង​រឿងរ៉ាវ​របស់​កម្ពុជា​តាម ​រយៈ​មហាក្សត្រី​មាន​ដើម​កំណើត​ជា​អាណ្ណាម​នេះ គឺ​ជា​សេចក្ដី​ផ្ដើម​នៃ​ការ​ខុស​ឆ្គង​ដ៏​វែង​អន្លាយ ដែល​នឹង​នាំ​មក​នូវ​ការ​បាត់បង់​ទឹកដី​បន្ដិច​ម្ដងៗ មិន​ខុស​ពី​ការ​លុកលុយ​រាតត្បាត​ពី​សំណាក់​ពួក​សៀម​ប៉ុន្មាន​ទេ ។ ហេតុការណ៍​នេះ​បាន​បញ្ចេញ​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​អាច​នឹង​កើត​មាន​ភ្លាមៗ​តែ​ ម្ដង ៖ ក្រោយ​ពី​ទទួល​ជ័យជម្នះ​ ហើយ​ម្ចាស់ការ​លើ​សភាពការណ៍​បាន​ហើយ ឧត្ដមសេនីយ៍​អាណ្ណាម​ក៏​ចាប់​សាកល្បង​កម្ទេច​ក្សត្រា​ខ្មែរ​ទាំង​២​អង្គ​ជា​ បក្សពួក​ភ្លាម​ដែរ ។ ក៏​ប៉ុន្ដែ ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​នៅ​ចំពោះ​មុខ​ប្រទេស​ទាំងមូល ណា​មួយ​ត្រូវ​បរាជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទ័ព​របស់​ព្រះ​អង្គ​ខ្លះ​ ផង ឧត្ដមសេនីយ៍​អាណ្ណាម​នោះ​ត្រូវ​បង្ខំចិត្ដ​វាយ​ដកថយ រត់​ចេញពី​កម្ពុជា​ទៅ​វិញ នៅ​ក្នុង​ឆ្នាំ​១៦៥៩ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ជ័យ​ភណ្ឌ​ជា​ច្រើន​ទៅ​ផង ។
នៅ​ក្នុង​ឆ្នាំ​បន្ទាប់​មក ពួក​សៀម​ដែល​តែងតែ​គិត​ថា​កម្ពុជា​ជា​ចំណី​ដ៏​ឆ្ងាញ់​ពិសា​របស់​ខ្លួន​ទៅ​ អនាគត បាន​បញ្ជូន​រាជទូត​មួយ​ទៅ​កាន់​រាជវាំង​កែចូ​នៅ​ហាណូយ សុំ​ចង​សម្ព័ន្ធ​មេត្រីភាព​ប្រឆាំង​នឹង​ពួក​ង្វៀង​នៅ​ខាងត្បូង (ក្រុង​វ៉េ) ដែល​ទីប​តែ​រើបម្រះ​រួច​ពី​នឹម​ត្រួតត្រា​របស់​ពួក​អាណ្ណាម​ខាងជើង ហើយ​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​អន្ដរាគមន៍​លើក​ទី​១​ខាងលើ​ថា ចង់​ងាក​មក​រក​ដណ្ដើម​យក​កម្ពុជា​ដែរ ។

១២. ព្រះ​បរមរាជា​ទី​៣​-​ពញា​សូរ (១៦៥៩-១៦៧២)
ព្រះ​បទុមរាជ​ពញា​សូរ ជា​រាជបុត្រា​ច្បង​របស់​ព្រះ​ឧភយោរាជ ដែល​ស្ដេច​ចូល​សាសនា​ជ្វា​បាន​ធ្វើឃាត ។ ទ្រង់​បាន​សុំ​ជំនួយ​ពី​អាណ្ណាម តែ​ត្រូវ​ពួក​នេះ​ប្រុង​នឹង​កម្ទេច​ចោល​ទៅ​វិញ ។ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​លើក​ព្រះ​អង្គ​ឱ្យ​ទទួល​ការងារ​ដឹកនាំ​ព្រះ​ នគរ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​២៨​ព្រះ​វស្សា​ហើយ (34) ។
នៅ​ពេល​នោះ​ពួក​ចាម និង​ម៉ាឡេ នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ ដែល​ធ្លាប់​បាន​បះបោរ​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​១៥៩៩ មិន​សប្បាយ​ចិត្ដ​នឹង​ភាព​ក្រឡាប់​ចាក់​ក្រោយ​ពី​ព្រះរាជា​អ៊ីប្រាហ៊ីម​បាន​ ត្រូវ​ធ្វើឃាត​ដែល​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ខ្លួន​អស់ ក៏​បះបោរ​ឡើង​ម្ដង​ទៀត​ក្នុង​រវាង​ឆ្នាំ​១៦៦០ ។ ព្រះរាជា​បាន​ដឹកនាំ​ទ័ព​ផ្ទាល់​ព្រះ​អង្គ ចេញ​ទៅ​បង្ក្រាប​ពួក​នេះ​ឱ្យ​បរាជ័យ រត់​គេច​កាត់​ខែត្រ​កំពង់ស្វាយ​រហូត​ទៅ​ដល់​ខែត្រ​អង្គរ តែ​ត្រូវ​ទ័ព​ព្រះរាជា​តាម​ដេញ​វាយ​ប្រហារ​រហូត ហើយ​តម្រូវ​ចុះ​អនុសញ្ញា​មួយ​បង្ខំ​ឱ្យ​ពួក​មេៗ​របស់​ពួក​នោះ​ភៀស​ខ្លួន​ទៅ​ រស់នៅ​ឯ​ស្រុក​សៀម​ទៅ ។

រាជបុត្រា​ទាំងអស់​របស់​ព្រះរាជា​ចោល​សាសនា គឺ​ព្រះ​អង្គ​នី ព្រះ​អង្គ​ឧទ័យ និង​ព្រះ​អង្គ​អំ ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ឯ​ស្រុក​សៀម​ដែរ ជាមួយ​នឹង​ស្រីស្នំ​ក្រមការ​ទាំងអស់​របស់​រាជវាំង​មុន មាន​ទាំង​ព្រះសង្ឃ​ផង សរុប​ទាំងអស់ ២.២២៤​នាក់ ។ ដោយ​ត្រូវ​ធ្វើ​ឱ្យ​ធូរស្រាល​ពី​សត្រូវ​ មាន​ពួក​ចាម​ម៉ាឡេ​ និង​រាជបុត្រ​របស់​អតីត​ព្រះមហាក្សត្រ​ និង​បក្សពួក ព្រះ​បទុមរាជា​ពញា​សូរ​ក៏​ចាប់​កាន់​ព្រះខ័នរាជ្យ​ឡើង​គង់​លើ​បល្ល័ង្ក​រាជ ទទួល​ព្រះ​រាជា​ភិសេក​នៅ​ក្នុង​ឆ្នាំ​១៦៦២ ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​បរមរាជា​ធិរាជ​រាមាធិបតី​ បរមបពិត្រ» ។

នៅ​ក្នុង​ឆ្នាំ​១៦៦១ ទ្រង់​បាន​លើក​ព្រះ​អនុជ គឺ​ព្រះ​អង្គ​តន់ ឱ្យ​ឡើង​ជាទី​ឧភយោរាជ ប្រហែល​ដើម្បី​បំបែក​ព្រះ​អនុជ​ចេញ​ឱ្យ​ឆ្ងាយ​ពី​រាជបល្ល័ង្ក​ឱ្យ​ហើយ ហើយ​ទ្រង់​បាន​ទទួល​ព្រះ​នាង​អង្គ​ឡី ជា​បងប្អូន​ជីដូនមួយ ធ្វើ​ជា​ព្រះ​អគ្គមហេសី មាន​ព្រះ​នាម​ថា «សម្ដេចព្រះ​ភគវតី​ព្រះចម​ក្សត្រីយ៍» ។
នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៦៦១​នោះ មាន​ជន​បារាំង​ម្នាក់​ឈ្មោះ ល្វី​សឺវ្រឺយ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​សៀម​មក​តាំងទី​នៅ​ត្រង់​បាសាក់ ក្បែរ​ស្វាយរៀង ក្នុង​នាម​ជា​សាសនទូត​របស់​ក្រុម​និកាយ​ផ្សព្វផ្សាយ​ជំនឿ ហើយ​បាន​បង្កើត​និគម​កាតូលិក​អាណ្ណាម​មួយ​នៅ​ទីនោះ​បាន​មួយ​រយៈ ។ បី​ឆ្នាំ​ក្រោយ​មក ល្វី​សឺវ្រឺយ បាន​ត្អូញត្អែរ​នៅ​ក្នុង​សារលិខិត​មួយ​ផ្ញើ​ទៅ​ស្រុក​បារាំង​ថា​គាត់​មិន​ អាច​បញ្ចុះ​បញ្ចូល​ឱ្យ​អ្នកស្រុក​អាយ​ណា​ម្នាក់​ប្ដូរ​មក​កាន់​សាសនា​ កាតូលិក​បាន​ទេ ។ នៅ​ពេល​ដែល​គាត់​មក​ពញាឮ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គាត់​បាន​ឃើញ​ថា នៅ​ទី​នេះ​មាន​អ្នក​កាន់សាសនា​កាតូលិក​ប្រហែល​៤០០​នាក់ ក្នុង​នោះ​មាន​ចម្រុះ​ពួក​ចិន ព័រទុយហ្គាល់ និង​អាណ្ណាម ដែល​គាត់​ហៅ​ថា ជា​ពួក​កូសាំងស៊ីន ។

នៅ​ឆ្នាំ​១៦៧១ ព្រះ​ស្រី​ជ័យជេដ្ឋា ជា​រាជបុត្រា​របស់​ព្រះ​បទុម​វង្សារាជា​ដែល​ត្រូវ​ព្រះរាជា​ចោល​សាសនា​ ធ្វើឃាត ហើយ​ក៏​ត្រូវ​ជា​ព្រះ​ភាគិនេយ្យ​របស់​ព្រះរាជា និង​ជា​ព្រះរាជ​បុត្រា​ថ្លៃ​របស់​ព្រះរាជា​ផង​ដែរ បាន​ក្បត់​នឹង​ព្រះរាជា ហើយ​នាំ​ឱ្យ​ពួក​បេសកជន​ធ្វើឃាត​ព្រះរាជា​ចោល​ទៅ ។

ព្រះ​ឧភយោរាជ​តន់ និង​ព្រះ​អង្គ​នូ​ក៏​រត់គេច​ខ្លួន​ទៅ​កូសាំងស៊ីន សុំ​ជំនួយ​ពី​ពួក​អាណ្ណាម ដូច​ដែល​ព្រះ​ឧភយោរាជ និង​ព្រះរាជា​ទើប​សុគត​ធ្លាប់​បាន​ធ្វើ​រួច​ម្ដង​មក​ហើយ​ក្នុង​ឆ្នាំ​១៦៥៨ ។

១៣. ព្រះបាទ​ជ័យជេដ្ឋា​ទី​៣​-​ធម្មោ​សុរិយោវង្ស (១៦៧២-១៦៧៣)
ស្ដេច​នេះ​ជា​រាជបុត្រ​របស់​ព្រះ​អង្គ​នន់ និង​ត្រូវជា​ព្រះរាជ​នត្ដា​របស់​ព្រះ​ឧភយោរាជ​ឧទ័យ ដែល​បាន​ត្រូវ​គេ​ធ្វើឃាត​នៅ​ឧត្ដុង្គ​កាលពី​ឆ្នាំ​១៦៤២ ។ ព្រះ​អង្គ​ទើប​តែ​បាន​ឃុបឃិត​ធ្វើឃាត​ព្រះរាជា​មុន​រួច​ដែរ រួច​ហើយ​បាន​ចាប់​កាន់​អំណាច​ភ្លាម និង​បាន​ឱ្យ​គេ​រៀបចំ​អភិសេក​ព្រះអង្គ​ក្រោម​ព្រះ​នាម​ថា «ព្រះ​ធម្មោ​សុរិយោវង្ស​រាជាធិរាជ​បរមបពិត្រ» ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​៣៣​ព្រះ​វស្សា​ហើយ ។ ព្រះ​អង្គ​បាន​ចាប់​បង្ខំ​ព្រះ​អគ្គមហេសី​របស់​ព្រះរាជា​ដែល​ទ្រង់​បាន​ ធ្វើឃាត គឺ​សម្ដេចព្រះ​ភគវតី​ព្រះចម​ក្សត្រីយ៍​ឱ្យ​ទទួល​ធ្វើ​ជា​ព្រះ​អគ្គមហេសី​ របស់​ព្រះ​អង្គ​ដែរ ប៉ុន្ដែ​ព្រះចម​ក្សត្រីយ៍​បាន​ធ្វើការ​សងសឹក​នឹង​ព្រះ​អង្គ​វិញ ដោយ​នាំ​ពួក​ម៉ាឡេ​ជា​កូនចៅ​ដែល​ធ្លាប់​គាំទ្រ​ព្រះរាជា​អ៊ីប្រាហ៊ីម ឱ្យ​មក​ធ្វើឃាត​ព្រះរាជា​៥​ខែ​ក្រោយ​ពី​អភិសេក​រួច ។ តែ​ឃាតកម្ម​នេះ​មិន​បាន​ប្រគល់​រាជសម្បត្ដិ​ទៅ​ឱ្យ​ព្រះរាជ​វង្ស​របស់​ ព្រះរាជា​ចោល​សាសនា​វិញ​ទេ ។

១៤. អ្នក​អង្គជ័យ (១៦៧៣-១៦៧៤)
ព្រះកែវហ្វ៊ា​អ្នក​អង្គជ័យ ជា​រាជនត្ដា​របស់​ព្រះ​ឧទ័យ​យោមរាជ​ធំ និង​ជា​រាជបុត្រា​របស់​ព្រះរាជា​បទុមរាជា​អង្គ​សូរ (35) ដែល​មាន​ព្រះ​ជន្មាយុ​២១​ព្រះ​វស្សា​ហើយ បាន​ត្រូវ​នាម៉ឺន​សព្វ​មុខមន្ដ្រី​លើក​ឱ្យ​ឡើង​កាន់​អំណាច ក្រោម​ព្រះ​នាម​ថា «សម្ដេច​ព្រះកែវហ្វ៊ា» គឺថា​ជា​ព្រះរាជា​ដែល​មិន​បាន​ទទួល​ការ​អភិសេក ។ នៅ​ឆ្នាំ​បន្ទាប់​មក​ ព្រះ​ឧភយោរាជ​អង្គ​តន់​ និង​ព្រះ​អង្គ​នន់​ ដែល​បាន​រត់​ភៀស​ព្រះ​កាយ​ទៅ​ជ្រកកោន​នឹង​ពួក​អាណ្ណាម​ក្រោយ​ព្រឹត្ដិការណ៍​ មាន​ឃាតកម្ម​ទៅ​លើ​ព្រះរាជា​បទុមរាជា បាន​ចូល​លុក​លុយ​ប្រទេស​ពី​ខាងត្បូង​មក និយាយ​ថា​មិន​មែន​មក​ដណ្ដើម​អំណាច​អ្វី​ទេ គ្រាន់​តែ​ចង់​សងសឹក​នឹង​ព្រះរាជា​ ដែល​បើ​តាម​ពិត​ទៅ​គ្មាន​មូលហេតុ​អ្វី​នឹង​មក​សងសឹក​សោះ ពីព្រោះ​ថា​អ្នក​អង្គ​ជ័យ​នេះ​មិន​មែន​ជា​រាជវង្ស​ខាង​ព្រះរាជា​អ៊ីប្រាហ៊ីម ​ឯណា ។ ព្រះ​ឧភយោរាជ​បាន​នាំ​ទ័ព​អាណ្ណាម​យ៉ាង​ធំ​មក​ជាមួយ​ ហើយ​ធ្វើ​សង្គ្រាម​ពេញ​១​ឆ្នាំ ។​ ព្រះរាជា​បាន​ដឹកនាំ​ទ័ព​ចេញ​ប្រយុទ្ធ​នឹង​ទ័ព​ព្រះ​ឧភយោរាជ ហើយ​ត្រូវ​សុគត​នៅ​មុខ​កងទ័ព​នោះ​ទៅ (36) ។ ទ្រង់​បាន​សោយរាជ្យ​មិន​បាន​៣​ឆ្នាំ​ផង​ទេ ។

ពេល​នោះ ព្រះ​ឧភយោរាជ​អង្គ​តន់ ដែល​មាន​ព្រះ​ជន្ម​៥១​ព្រះ​វស្សា​ហើយ បាន​អាពាធ​ហើយ​សុគត​ទៅ​ដែរ ។ ដូច្នេះ​នៅ​សល់​តែ​ព្រះ​អង្គ​នន់​មួយ​អង្គ​ឯង​ប៉ុណ្ណោះ ។