១២. ព្រះបាទសុរិយាវរ្ម័នទី២ (១១១២-១១៦២)
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទធរណិន្ទ្រវរ្ម័នទី១ គឺព្រះបាទស្រីសុរិយាវរ្ម័ន ដែលត្រូវជាព្រះនត្ដារបស់ព្រះអង្គ ហើយក៏ប្រហែលត្រូវជាចៅរបស់ព្រះបាទជ័យវរ្ម័នទី៧ផងដែរ ពីព្រោះថា ព្រះបាទធរណិន្ទ្រវរ្ម័ន បានយកក្មួយស្រីខ្លួនឯង ជាបុត្រីរបស់ព្រះរៀមព្រះអង្គធ្វើជាព្រះជាយា ។
នៅ ពេលដែលឡើងគ្រងរាជសម្បត្ដិ ព្រះបាទសុរិយាវរ្ម័ន មិនទាន់ពេញវ័យ ហើយមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេ ។ សិលាចារឹកបានលើកពីព្រះអង្គថា «ជាវីរបុរសដែលប្រៀបបានទៅនឹងព្រះអាទិទេពនៃសង្គ្រាម ដែលជាបដិបក្ខដ៏គួរឱ្យភ័យខ្លាចរបស់ព្រះរាជាក្នុងពីររជ្ជកាលមុន» ។ តើព្រះអង្គទទួលរាជ្យសម្បត្ដិ ក្រោយពីព្រះបាទធរណិន្ទ្រវរ្ម័នសុគតទៅ ឬមួយក៏ដោយការប្រយុទ្ធ ? តាមមើលទៅ ព្រះអង្គប្រហែលជាមិនប្រកួតប្រជែងជាមួយព្រះរាជាដែលកំពុងសោយរាជ្យ ទេ តែត្រូវប្រកួតប្រជែងជាមួយរជ្ជទាយាទមួយអង្គណាផ្សេង ដែលមានសិទ្ធិទទួលរាជសម្បត្ដិច្រើនជាងព្រះអង្គ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបាននិយាយថា ចាប់ពីឆ្នាំ១១២៨នៃគ្រិស្ដសករាជរហូតមក ចិនមានដាក់តំណាងម្នាក់នៅនឹងរាជវាំងព្រះរាជាកម្ពុជានៅឯឥន្ទបត្ដ គឺនគរធំ ។ តាមពិតតំណាងនោះ គឺជារាជទូតចិន ដែលដាក់នៅកម្ពុជាសម្រាប់មួយរយៈកាលតែប៉ុណ្ណោះ មិនមែនជាអ្នកត្រួតពិនិត្យ ជាអធិការ ឬក៏ជាទីប្រឹក្សា ហើយក៏មិនមែនជាអ្នកការពារអ្វីដែរ ។ ឯកសារចិនក៏បានរៀបរាប់ផងដែរថា កម្ពុជានាពេលនោះបានបាត់បង់ភាពថ្កុំថ្កើងពីអតីតកាលអស់ហើយ ក៏ប៉ុន្ដែខ្ញុំគិតថា ដូចជាមិនត្រូវ ព្រោះថា គឺសង្គ្រាមនៅពេលម្ភៃឆ្នាំក្រោយ នាដើមសតវត្សរ៍ទី១១ទេ ដែលធ្វើឱ្យប្រទេសមានឱនភាព ។
តែ ទោះជាយ៉ាងណាក៏ដោយ ព្រះបាទសុរិយាវរ្ម័ន ត្រូវប្រឈមមុខនឹងការបះបោរនៅក្នុងប្រទេស ហើយនិងសង្គ្រាមជាមួយនគរចាមទៀត ។ ឯកសារចិនបាននិយាយថា នៅឆ្នាំ១១៥៤នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ១០៧៦ ព្រះរាជាកម្ពុជាបានបង្រួបបង្រួមប្រទេសទាំងពីរ គឺកម្ពុជា និងចាម្ប៉ា មកតែមួយដូចកាលពីក្នុងរជ្ជកាលរបស់ព្រះបាទឦសានវរ្ម័ន នាចុងសតវត្សរ៍ទី៩ដែរ ។
សិលាចារឹក ពោធិនគររបស់ចាមបានឱ្យដឹងថា នៅក្នុងរជ្ជកាលរបស់ព្រះបាទស្រីជ័យហរិវរ្ម័ន ដែលឡើងសោយរាជសម្បត្ដិនៅឆ្នាំ១១៤៥ រហូតដល់ឆ្នាំ១១៧០ ឬក៏ក្រោយនោះផង «នគរចាម្ប៉ាត្រូវរងការវាយប្រហារពីទ័ពកម្ពុជា និងទ័ពវិជ័យ (គឺប៊ិញឌិញ) យ៉ាងខ្លាំង» ។ ទ័ពចាមចាញ់ដៃនៅក្នុងវាលសាក្លាង ហើយទ័ពខ្មែរដណ្ដើមបានរាជធានីវិជ័យ ។ ក្រោយពីបានលើកព្រះអនុជថ្លៃព្រះនាមហរិទេវៈ ឱ្យសោយរាជ្យនៅចាម្ប៉ាក្នុងនាមជាព្រះយុវរាជ ឬឧបរាជ រួចមក ព្រះបាទសុរិយាវរ្ម័ន បានយាងត្រលប់មកកម្ពុជាវិញនៅឆ្នាំ១១៤៥ ។
ដប់ បីឆ្នាំក្រោយមក នៅឆ្នាំ១១៥៨ ពួកចាមតាមខែត្របានបះបោរឡើងក្រោមការដឹកនាំរបស់មេគេ ហើយលើកគ្នាមកឡោមព័ទ្ធវាយព្រះយុវរាជ ដែលត្រូវបង្ខាំងឱ្យនៅតែក្នុងរាជធានី ការពារដោយទ័ពខ្មែរ និងចាមមួយចំនួនតូច ។ ពេលទទួលបានដំណឹងនេះ ព្រះបាទសុរិយាវរ្ម័ន បានដឹកនាំទ័ពធ្វើដំណើរកាត់ព្រំដែនទៅជួយព្រះយុវរាជភ្លាម ។ ទ័ពទាំងពីរព្រួតគ្នាវាយទៅលើពួកបះបោរ ធ្វើឱ្យពួកនេះបរាជ័យនៅនឹងវាលវីរបុរៈ ។
នៅ ឆ្នាំបន្ទាប់មកទៀត ស្ដេចចាមព្រះបាទស្រីជ័យហរិវរ្ម័ន ដែលត្រូវបណ្ដេញចេញពីរាជសម្បត្ដិកាលពីឆ្នាំ១១៤៥ បានលើកទ័ពមកវាយម្ដងទៀត ហើយចាប់ព្រះយុវរាជបានជាឈ្លើយនៅលើវាលមហិ ។ ពេលនេះ ទ័ពខ្មែរ និងវិជ័យ ត្រូវបង្ខំឱ្យដកថយមកកម្ពុជាវិញ ហើយព្រះបាទស្រីជ័យហរិវរ្ម័ន ក៏ឡើងសោយរាជ្យសម្បត្ដិនៅចាម្ប៉ាជាថ្មី នៅឆ្នាំ១១៥៩ ។
ព្រះបាទសុរិយាវរ្ម័ន បានលើកទ័ពទៅដល់ «កោះដំរី និងស្ពាន់» ផងដែរ ។ លោកវេជ្ជបណ្ឌិត គែន បានផ្គូ «កោះដំរី និងស្ពាន់» នេះទៅនឹងកោះស្រីលង្កា ក៏ប៉ុន្ដែ តាមមើលទៅប្រហែលជាមិនមែនទេ (13) ។
ព្រះបាទ សុរិយាវរ្ម័ន មិនគ្រាន់តែជាស្ដេចពូកែខាងចម្បាំងមួយមុខប៉ុណ្ណោះទេ ទ្រង់ក៏ប្រហែលជាអ្នកគ្រប់គ្រងរដ្ឋបាលដ៏ប៉ិនប្រសប់ និងជាអ្នកច្បាប់ម្នាក់ដែរ ហើយទ្រង់គោរពព្រះសិវៈផង ព្រះវិស្ណុផង និងជាពុទ្ធសាសនិកជនថែមទៀត ពោលគឺទ្រង់ប្រកបទៅដោយលក្ខណសម្បត្ដិច្រើនយ៉ាង ។ តាមមើលទៅ ប្រហែលជាព្រះអង្គចេះធ្វើការជ្រើសរើសទៅតាមដំណើរបត់បែនរបស់សភាព ការនយោបាយហើយទើបបានជាព្រះអង្គខិតខំដូចជា ព្រះរាជាមុនៗដែរ ដើម្បីធ្វើឱ្យសាសនាទាំងបីរលាយចូលគ្នាតែមួយ ក្នុងស្មារតីឱ្យចេះអត់ឱនយោគយល់គ្នា ធ្វើ យ៉ាងណាជៀសវាងកុំឱ្យមានល្អក់កករខាងជំនឿសាសនា និងកុំឱ្យគេចោទព្រះអង្គថា មានលម្អៀងម្ខាងៗ ។
គេ បានចាត់ទុកថា ព្រះបាទសុរិយាវរ្ម័នជាអ្នកកសាងប្រាសាទដែលយើងហៅសព្វថ្ងៃថា អង្គរវត្ដ ឬបើហោចណាស់ក៏ថា ទ្រង់ជាអ្នកបានបញ្ជាឱ្យគេចាប់សាងសង់ប្រាសាទនេះដែរ ។ យើងនឹងបានឃើញនៅពេលបន្ដិចទៀតថា គ្មានឯកសារណាដែលបញ្ជាក់ថាគំនិតនេះត្រឹមត្រូវនោះទេ ហើយនឹងឃើញថាមិនមែនដោយសារគេប្រទះឃើញរូបចម្លាក់របស់ព្រះអង្គ និងព្រះមរណនាមរបស់ព្រះអង្គ (បរមវិស្ណុលោក) នៅលើចម្លាក់រាក់មួយ ទើបគេអាចចាត់ទុកថាដូច្នេះបាននោះទេ ។ គេត្រូវការឱ្យមានភស្ដុតាងផ្សេងក្រៅពីនេះ ដើម្បីបញ្ជាក់ថា ការចាត់ទុកដូច្នេះត្រឹមត្រូវ ។
ការគ្រងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី២
ព្រះមហាក្សត្រខ្មែរមួយអង្គដែលជាអ្នកផ្ដួចផ្ដើមសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញ និងជានិមិត្តរូបនៃប្រទេសកម្ពុជា គឺព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គឡើងគ្រងរាជ្យនៅដើមសតវត្សទី១២ បន្ទាប់ពីបានធ្វើគត់ព្រះរាជាពីរអង្គ ដែលសោយរាជ្យមុនព្រះអង្គ។
ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់ការរៀបរាប់របស់ លោក ជុន ច័ន្ទបុត្រ អំពីប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២៖
No comments:
Post a Comment