ស្ដេចនេះជារាជបុត្ររបស់ព្រះអង្គនន់ និងត្រូវជាព្រះរាជនត្ដារបស់ព្រះឧភយោរាជឧទ័យ ដែលបានត្រូវគេធ្វើឃាតនៅឧត្ដុង្គកាលពីឆ្នាំ១៦៤២ ។ ព្រះអង្គទើបតែបានឃុបឃិតធ្វើឃាតព្រះរាជាមុនរួចដែរ រួចហើយបានចាប់កាន់អំណាចភ្លាម និងបានឱ្យគេរៀបចំអភិសេកព្រះអង្គក្រោមព្រះនាមថា «ព្រះធម្មោសុរិយោវង្សរាជាធិរាជបរមបពិត្រ» ។ ពេលនោះព្រះអង្គមានព្រះជន្មាយុ៣៣ព្រះវស្សាហើយ ។ ព្រះអង្គបានចាប់បង្ខំព្រះអគ្គមហេសីរបស់ព្រះរាជាដែលទ្រង់បានធ្វើឃាត គឺសម្ដេចព្រះភគវតីព្រះចមក្សត្រីយ៍ឱ្យទទួលធ្វើជាព្រះអគ្គមហេសីរបស់ព្រះអង្គដែរ ប៉ុន្ដែព្រះចមក្សត្រីយ៍បានធ្វើការសងសឹកនឹងព្រះអង្គវិញ ដោយ នាំពួកម៉ាឡេជាកូនចៅដែលធ្លាប់គាំទ្រព្រះរាជាអ៊ីប្រាហ៊ីម ឱ្យមកធ្វើឃាតព្រះរាជា៥ខែក្រោយពីអភិសេករួច ។ តែឃាតកម្មនេះមិនបានប្រគល់រាជសម្បត្ដិទៅឱ្យព្រះរាជវង្សរបស់ព្រះរាជាចោលសាសនាវិញទេ ។
ព្រះបាទជ័យជេដ្ឋាទី៣-ធម្មោសុរិយោវង្ស (១៦៧២-១៦៧៣)
ព្រះបាទស្រីសុរិយោពណ៌
រជ្ជកាល ១៦០៣-១៦១៨
រាជ្យមុន សម្តេចព្រះកែវហ្វ៊ា ឬចៅពញាញោម
រាជ្យបន្ត ព្រះបាទជ័យជេដ្ឋាទី២
ព្រះនាមពេញ ព្រះបាទស្រីសុរិយោពណ៌
សាសនា ព្រះពុទ្ធសាសនា និងរាជធានីកោះស្លាកែត
ការបង្ក្រាប ព្រះរាមត្បូងឃ្មុំ និងព្រះរាមបាភ្នំ
ចំណែកខាង ព្រះរាមត្បូងឃ្មុំ និងព្រះរាមបាភ្នំ កាលបានដឹងថា ព្រះបរមបពិត្រ ទ្រង់ពុំគង់នៅព្រះនគរទេ គឺថា ព្រះអង្គយាង្គចេញទៅធ្វើសង្គ្រាមនឹង ព្រះរាមបាទី និងព្រះរាមទ្រាំង ដូច្នោះហើយ ក៏មានសេចក្ដីត្រេកអរណាស់ ទើបគិតព្រមគ្នាថា៖ ម្ដងនេះ យើងនឹងបានសំរេចការផែនដីហើយ។ កាលបើបានសំរេចការផែនដីកាលណា យើងនឹងបែងផែនដីចែកគ្នាសោយរាជ្យ។ ដូច្នេះយើងត្រូវលើកទ័ពទៅវាយ បន្ទាយកោះស្លាកែត ជាប្រញាប់។ លុះគិតស្រុះស្រួលព្រមគ្នាហើយ ព្រះរាមទាំងពីរក៏បង្គាប់ចៅមឿង និងចៅបាន គ្រប់ស្រុកឱ្យកេណ្ឌរេហ៍ពលបាន ២០០០០នាក់ ហើយចាត់ ព្រះរាមត្បូងឃ្មុំ ឱ្យធ្វើជាមេទ័ពមុខ ចាត់ចៅហ្វាយស្រុកកោះប្រាសាទ ជាមេទ័ពប៉ែកខាងស្ដាំ ចាត់ចៅហ្វាយស្រុកព្រៃវែង ជាមេទ័ពខាងឆ្វេង ចាត់ចៅមឿងរំដួល និងចៅមឿងស្វាយទាប ជាមេទ័ពកងក្រវែល។ លុះដល់ថ្ងៃ១២កើត ខែកត្តិក ដែលជាថ្ងៃខ្មោចស៊ីមនុស្ស តែដោយហេតុតែអកុសលបណ្ដាលឱ្យហោរាទស្សន៍ទាយភាន់ច្រឡំថា ថ្ងៃ១២កើត ខែកត្តិកនេះ ជាថ្ងៃមានជោគជ័យសេរីមង្គលទៅវិញ ហើយហោរាក៏គោះគងទូងស្គរ អ្នកកាន់ទង់ជ័យ ក៏បោកទ័ពជ័យ ជាសញ្ញា ឱ្យលើកទ័ពចេញទៅ។ លុះលើកទ័ពមកដល់ មាត់ក្រសះ មេទ័ពខាងមុខ បានបញ្ជាឱ្យកងទ័ពឈប់ហើយចំលងរេហ៍ពល ទៅ ស្រុកកោះស្លាកែត។ ខណៈនោះ ព្រះបរមបពិត្រជាអម្ចាស់ សម្ដេចព្រះរាជបុត្រទាំងពីរព្រះអង្គ និងចៅពញាតេជោមាស ព្រមទាំងអស់ចៅហ្វាយស្រុក ក៏លើកទ័ពត្រឡប់មកដល់ ព្រះរាជវាំងកោះស្លាកែត នោះដែរ។ លុះទ្រង់ជ្រាបអំពីទ័ព ព្រះរាមត្បូងឃ្មុំ និងព្រះរាមបាភ្នំ ដែលបានលើកទ័ពមកដោយសព្វគ្រប់ប្រការហើយ ទើបទ្រង់ចាត់ឱ្យ សម្ដេចព្រះឧទ័យ ជាព្រះរាជបុត្រពៅ ឱ្យលើកកងទ័ពទៅបោះនៅជ្រោយតាព្រហ្ម ឱ្យសម្ដេចព្រះជ័យជេដ្ឋា ជាព្រះរាជបុត្រច្បង លើកកងទ័ពឡើងជាបន្ទាន់ ស្រូតរូតឱ្យដល់កំពង់ចាម រួចឱ្យឆ្លងសំដៅទៅ មាត់ឃ្មង់ ដោយវាយ ព្រះរាមត្បូងឃ្មុំ ឱ្យបាន។ ទ្រង់ចាត់ឱ្យ ចៅពញាតេជោមាស លើកទ័ពទូកចេញទៅទន្លេខាងលិច ហើយឱ្យចូលទៅតាមព្រែកដាច់ កាត់ទៅពាំម ដើម្បីទៅវាយ ព្រះរាមបាភ្នំ ដែលតាំងបន្ទាយនៅកំពង់ខ្សាច់ស នោះឱ្យបាន។ សម្ដេចព្រះរាជបុត្រាទាំងពីរព្រះអង្គ និងចៅពញាតេជោមាស ក៏ថ្វាយបង្គំលាព្រះបរមបពិត្រចេញមកចាត់ នាយកង នាយទ័ព ឃុំពល ជាទ័ពមុខក្រោយ ឆ្វេងស្ដាំ រួចលើកកងទ័ពចេញទៅ។ សម្ដេចព្រះឧទ័យ ព្រះរាជបុត្រពៅ លុះលើកកងទ័ពទៅដល់ជ្រោយតាព្រហ្មហើយ ទ្រង់ឱ្យតាំងបន្ទាយជា ៥កង ឱ្យឧកញ៉ាស្រែន្យសេនា ចៅហ្វាយស្រុកខេត្តលង្វែកមួយ ចៅហ្វាយស្រុកភ្នំពេញមួយ ឱ្យតាំងបន្ទាយពីរ នៅខាងស្ដាំ ចៅហ្វាយស្រុកព្រៃកប្បាសមួយ ចៅហ្វាយស្រុករលាប្អៀរមួយ ឱ្យតាំងបន្ទាយពីរ នៅខាងឆ្វេង។ ឯព្រះអង្គ និងចៅហ្វាយស្រុកបាទី ចៅហ្វាយស្រុកខេត្តក្រគរ តាំងបន្ទាយមួយ ជាកណ្ដាល។ ទ្រង់កំណត់ថា បើព្រះរាមទាំងពីរ ចូលលុកវាយបន្ទាយកណ្ដាល ឱ្យចៅហ្វាយស្រុកដែលតាំងនៅក្នុងបន្ទាយទាំង ៤ ជាឆ្វេងស្ដាំ ឱ្យលើកកងទ័ពវាយផ្ទប់ចូលមក។ ថាបើព្រះរាមទាំងពីរ ចូលវាយបន្ទាយខាងស្ដាំ ឱ្យចៅហ្វាយស្រុកដែលតាំងបន្ទាយខាងឆ្វេង និងបន្ទាយកណ្ដាល លើកកងទ័ពវាយផ្ទប់ជាឆ្វេងស្ដាំចូលមក ទំរាំកងទ័ពរបស់សម្ដេចព្រះរាម (ព្រះជ័យជេដ្ឋា) និងកងចៅពញាតេជោមាស ចូលដល់បន្ទាយត្បូងឃ្មុំ និងបន្ទាយបាភ្នំ។
សម្ដេចព្រះជ័យជេដ្ឋា និងចៅពញាតេជោមាស លើកកងទ័ពទៅដល់បន្ទាយព្រះរាមទាំងពីរខេត្តនោះហើយ លុះដល់វេលាយប់ ក៏លើកទ័ពចេញទៅព័ទ្ធបន្ទាយ ហើយឱ្យពលក្លែងស្រែកប្រាប់ទាហានក្នុងបន្ទាយថា៖ លោកអម្ចាស់យើងលើកទ័ពចេញទៅមានជ័យជំនះ វាយយកបាន បន្ទាយកោះស្លាកែតហើយ ឱ្យអស់ទាហានក្នុងបន្ទាយបើកទទួលផង។ ខណៈនោះនាយកងទ័ពក្នុងបន្ទាយស្រុក ហេតុតែវេលាយប់មើលមិនច្បាស់ នឹកស្មានថា ចៅហ្វាយរបស់ខ្លួនចេញទៅប្រតិបត្តិការសឹកបានជ័យជំនះពិតមែន ក៏បើកទ្វារឱ្យ។ ពួកទ័ពសម្ដេចព្រះជ័យជេដ្ឋា និងពួកទ័ពចៅពញាតេជោមាស កាលបើសត្រូវចាញ់កលហើយក៏លើកទ័ពចូលលុកក្នុងបន្ទាយ ហើយវាយចាក់កាប់សំលាប់ទាហានសត្រូវក្នុងបន្ទាយស្លាប់អស់ជាច្រើន។ ពេលនោះទាហាននៅក្នុងបន្ទាយទ្រាំតស៊ូមិនបាន ក៏រត់បែកខ្ញែកខ្ចាត់ខ្ចាយគ្នាអស់ទៅ។ សម្ដេចព្រះជ័យជេដ្ឋា ព្រះអង្គក៏ចូលទៅប្រថាប់ក្នុងបន្ទាយត្បូងឃ្មុំបានហើយ ស្ដេចឱ្យតាំងបន្ទាយមួយទៀតនៅខាងក្រោយបន្ទាយស្រុក រួចស្ដេចចូលទៅប្រថាប់ខាងក្រៅនៃបន្ទាយនោះវិញ។ ឯចៅពញាតេជោមាស ក៏ចូលទៅក្នុងបន្ទាយបាភ្នំបានដែរ ហើយចាត់ឱ្យចាប់បុត្រ ភរិយា ញាតិសន្តានរបស់ ព្រះរាមបាភ្នំ ដាក់ក្នុងគុក ហើយឱ្យប្រុងប្រយ័ត្នក្រែងសេនាទាហានរបស់ ព្រះរាមបាភ្នំនេះ បានដឹងការណ៍នេះ នឹងចូលមកវាយដណ្ដើមយកបុត្រភរិយាវិញ។ ព្រះជ័យជេដ្ឋា ទ្រង់ព្រះអាយ័តថា បើឃើញព្រះរាមត្បូងឃ្មុំ លើកទ័ពត្រឡប់មកវិញហើយ ឱ្យបង្កប់ទ័ពចំនួន ១០០នាក់ នៅក្នុងបន្ទាយ ឱ្យទាហានខ្លះ នាំរេហ៍ពលធ្វើជារត់ចេញពីបន្ទាយ។ ចំណែក ព្រះរាមត្បូងឃ្មុំ និងព្រះរាមបាភ្នំ ខំប្រឹងច្បាំងនឹង ព្រះឧទ័យ ដោយពុំបានដឹងថាទ័ពហ្លួងចូលទៅលុក វាយយកបន្ទាយខ្លួនទាំងពីរនាក់នោះបាននៅឡើយ។ លុះកងទ័ពរៀបចំខ្លួនប្រាណរួចស្រេចសព្វគ្រប់ហើយ ថ្ងៃមួយព្រះរាមទាំងពីរ ក៏លើកទ័ពចូលវាយបន្ទាយសម្ដេចព្រះឧទ័យ ដែលតាំងជាកណ្ដាលនោះ។ ខណៈនោះ ចៅហ្វាយស្រុកទាំង ៤ខេត្ត ដែលនៅក្នុងបន្ទាយឆ្វេងស្ដាំ លើកទ័ពចេញមកវាយផ្ទប់ពីខាងក្រៅ ពីឆ្វេង ពីស្ដាំ។ ព្រះរាមទាំងពីរ វាយបន្ទាយនោះមិនបែកក៏សារទ័ព ត្រឡប់ទៅតាំងបន្ទាយនៅកៀនស្វាយវិញ។ លុះដល់ថ្ងៃជាគំរប់ ៧ថ្ងៃ ព្រះរាមទាំងពីរ ចូលវាយបន្ទាយខាងស្ដាំម្ដងវិញ។ កងទ័ពព្រះឧទ័យ ដែលនៅបន្ទាយកណ្ដាល និងកងទ័ពចៅហ្វាយស្រុក ដែលនៅបន្ទាយខាងឆ្វេង លើកគ្នាទៅវាយផ្ទប់កងទ័ពព្រះរាមទាំងពីរទៀត។ កងទ័ពព្រះរាមទាំងពីរ ក៏នៅតែវាយបន្ទាយទាំងពីរនោះមិនបែកដ៏ដែល ទើបថយកងទ័ពទៅនៅក្នុងបន្ទាយដ៏ដែលវិញ។
លុះកន្លង ៣ថ្ងៃក្រោយមក ព្រះរាមទាំងពីរ ក៏ចូលទៅវាយបន្ទាយខាងឆ្វេងទៀត។ ខណៈនោះចៅហ្វាយស្រុក ដែលនៅបន្ទាយខាងស្ដាំ និងបន្ទាយរបស់សម្ដេចព្រះឧទ័យ ក៏ចេញទៅវាយផ្ទប់កងទ័ពព្រះរាមទាំងពីរទៀត។ កងទ័ពព្រះរាមទាំងពីរនាក់ ក៏នៅតែវាយបន្ទាយនោះមិនបែកទៀត ហើយក៏ថយទ័ពទៅនៅក្នុងបន្ទាយដ៏ដែលវិញ។ លុះបានវាយបន្ទាយ ព្រះឧទ័យ នោះជាគំរប់៣លើកហើយ តែវាយមិនបែកដូច្នេះ ទើបព្រះរាមទាំងពីរនាក់គិតគ្នាថា៖ យើងបានវាយបន្ទាយនេះ ៣លើកមកហើយ តែវាយមិនបែកសោះ ព្រោះថាបើយើងវាយបន្ទាយខាងនេះ នោះបន្ទាយទាំង ៤ ដែលនៅខាងក្រោយលើកមកជួយគ្នា ដូច្នេះយើងគួរបែងចែកកងទ័ពជា ៥កង ហើយចូលទៅវាយបន្ទាយទាំង ៥នោះតែម្ដងទើបបាន។ លុះដល់វារៈជាគំរប់លើកទី ៤ ព្រះរាមទាំងពីរ ក៏បែងទ័ពជា ៥ផ្នែកមែន ចាត់ឱ្យពញាមន្ត្រីអរជូន ឃុំពល ១០០០នាក់ ចូលចោមវាយបន្ទាយចៅហ្វាយស្រុកខេត្តលង្វែក ឱ្យពញាពិភ័ក្ដិអរជូន ឃុំពល ១០០០នាក់ វាយបន្ទាយចៅហ្វាយស្រុកខេត្តរលាប្អៀរ ឱ្យពញាពិភ័ក្ដិតេជោបាឡាត់ខេត្តបាភ្នំ ចូលវាយបន្ទាយចៅហ្វាយស្រុកខេត្តក្រគរ ឱ្យពញាស្នេហាតេជោ ចូលវាយបន្ទាយចៅហ្វាយស្រុកភ្នំពេញ រីឯខ្លួនព្រះរាមទាំងពីរនាក់ ចូលចោមវាយបន្ទាយ សម្ដេចព្រះឧទ័យ។ លុះព្រះរាមទាំងពីរ បែងចែកកងទ័ពរបស់ខ្លួនជា ៥ផ្នែកដូច្នេះរួចហើយ ក៏ចូលចោមបន្ទាយទាំង ៥នោះ តែវាយពុំបែកសោះ វាយអស់រយៈពេល ៣យប់ ៣ថ្ងៃ បូករួមត្រូវជា ៧ថ្ងៃ។ នៅពេលដែលកំពុងតែវាយប្រហារគ្នានោះ មានអ្នកបំរើក្លែងពីមេទ័ពហ្លួងក្នុងខេត្តបាភ្នំ និងខេត្តត្បូងឃ្មុំ មកប្រាប់ឱ្យដឹងថា មានកងទ័ពហ្លួងចូលទៅវាយបន្ទាយខេត្តទាំងពីរនោះបែកហើយ ហើយថាមេទ័ពហ្លួងទាំងពីរ ចាត់ឱ្យចាប់ បុត្រ ភរិយា ប្របាទម្ចាស់ និងបុត្រ ភរិយា របស់ក្រមការសេនាទាហាន យកទៅធ្វើទោសស្រែកយំរងំពេញតែក្នុងបន្ទាយ ថាខ្លះទៀតរត់ចេញបានពីបន្ទាយ តែត្រូវពួកទាហានហ្លួងដេញចាប់យកមកចងដៃឱ្យរត់តាមសេះ ត្រឡប់ទៅបន្ទាយវិញអស់។ លោកស្រីប្របាទម្ចាស់ ប្រើខ្ញុំប្របាទម្ចាស់ឱ្យមកអញ្ជើញប្របាទម្ចាស់វិលត្រឡប់មកវិញ។ ឯលោកស្រីប្របាទម្ចាស់ បានគិតនឹងភ្នាក់ងារ និងក្រមការដែលនៅឯនោះ ឱ្យក្លែងធ្វើជាចុះចូលនឹងមេទ័ពហ្លួងជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំតែប្របាទម្ចាស់លើកទ័ពត្រឡប់ទៅវិញកាលណា នឹងទទួលជាកន្សៃសឹក វាយកំចាត់កងទ័ពហ្លួងឱ្យចេញពីក្នុងបន្ទាយមកវិញឱ្យខាងតែបាន។ ព្រះរាមទាំងពីរ និងក្រមការ សេនា ទាហាន រេហ៍ពល បានឮពាក្យក្លែងនេះហើយ ក៏នឹងអាណិត បុត្រ ភរិយា ពន់ប្រមាណណាស់ ទន់អស់សរសៃដៃជើងពុំអាចនឹងតស៊ូចូលវាយបន្ទាយខាងទ័ពហ្លួងទាំង ៥នោះបានឡើយ។ ក្នុងពេលមួយរំពេចនោះព្រះរាមទាំងពីរ និងរេហ៍ពល ចំលងកងទ័ពលើកត្រឡប់ថយទៅស្រុកវិញ ដើម្បីឱ្យពលចូលចោមវាយបន្ទាយរបស់ខ្លួននោះ ប្រាថ្នានឹងដណ្ដើមយក បុត្រ ភរិយា របស់ខ្លួនវិញ។
ព្រះរាមបាភ្នំ កាលឆ្លងទៅដល់ខេត្តបាភ្នំវិញហើយក៏នាំ នាយកង នាយទ័ព និងរេហ៍ពល ចូលទៅដល់ស្រុករបស់ខ្លួន។ ខណៈនោះ ចៅពញាតេជោមាស បានចាប់ បុត្រ ភរិយា របស់ ព្រះរាមបាភ្នំ និងបុត្រ ភរិយា របស់ ក្រមការ សេនា ទាហាន របស់ព្រះរាមបាភ្នំ ទាំងនោះចងឆ្កាងនៅលើក្បាលបន្ទាយ ហើយបង្គាប់ឱ្យសេនាទាហានស្រែកប្រាប់ទៅ សេនា ទាហាន ព្រះរាមបាភ្នំថា៖ ម្ចាស់ឯងរាល់គ្នានេះគិតក្បត់នឹងម្ចាស់ផែនដី។ ឥឡូវនេះអស់អម្ចាស់ផែនដី បញ្ជាឱ្យចៅហ្វាយរបស់យើង មកចាប់ឱ្យពួកឯង ព្រមទាំង បុត្រ ភរិយា និងញាតិសន្តានទាំង ៧ជួរគោត្រ យកទៅសំរេចតាមទោសានុទោស។ ដូច្នេះបើឈ្មោះណាចង់ឱ្យ បុត្រ ភរិយា និងញាតិសន្តានរបស់ខ្លួនរួចទោសនោះ ត្រូវព្រួតគ្នាចាប់ ព្រះរាមបាភ្នំ តែម្នាក់នោះមកជូនចៅហ្វាយម្ចាស់យើងចុះ នោះលោកចៅហ្វាយម្ចាស់យើង នឹងឱ្យឈ្មោះនោះរួចទោសទាំង បុត្រ ភរិយា ព្រមទាំងញាតិសន្តាន ហើយលែងឱ្យចេញត្រឡប់ទៅទីលំនៅរបស់ខ្លួន ដើម្បីនឹងប្រកបមុខរបរតាមធម្មតារៀងរាល់ខ្លួនវិញ។ បុត្រ ភរិយា និងញាតិសន្តាន នៃក្រុមសេនាទាហានដែលត្រូវបានគេចងឆ្កាងនៅលើក្បាលបន្ទាយនោះ កាលសេនាទាហានខាង ព្រះរាមបាភ្នំ មកដល់ហើយ ទាហានខាង ចៅពញាតេជោមាស វាយឱ្យស្រែកយំរក ស្វាមី និងបិតា តែរៀងខ្លួន។ សូរស័ព្ទសំរែកស្រែកយំថ្ងូរនៃ បុត្រ ភរិយា និងញាតិសន្តានរបស់ក្រមការសេនាទាហាន ខាងព្រះរាមបាភ្នំទាំងនោះ លាន់ឮឡើងហាក់បីដូចជា ផ្គរ រន្ទះ ភ្លៀងខែដើមឆ្នាំ ឥតបីនឹងស្រាកស្រាន្តឡើយ។ សេនាទាហានខាង ព្រះរាមបាភ្នំ កាលឮសូរសំឡេងទាហានពញាតេជោមាស ស្រែកប្រាប់ពីក្នុងបន្ទាយមក ព្រមទាំងឮសំរែក បុត្រ ភរិយា របស់ខ្លួនស្រែកទ្រហ៊ោយំ ទ្រហឹងអឺងកងបន្ថែមមកទៀត ក៏ទោរទន់សរសៃជើង អាណិតអាសូរស្រណោះដល់ បុត្រ ភរិយា និងញាតិសន្តានទាំងនោះហើយទើបនាំគ្នាព្រួតចាប់ព្រះរាមបាភ្នំមែន ព្រះរាមបាភ្នំ ឃើញសេនាទាហានរបស់ខ្លួន ប្រែចិត្តដូច្នោះហើយ ក៏កាន់អាវុធនាំសេនាទាហានប្រមាណ ៥០ផ្សេងទៀត ដែលស្ម័គ្រចិត្តទទួលចូលកាប់ចាក់នឹងពលរបស់ខ្លួនដែលបែកចិត្តទាំងប៉ុន្មាន។ សូរសន្ធឹកដំបង ដាវដែលកាប់ចាក់គ្នានោះ លេចឮប្រាកដឡើងហាក់បីដូចជាលាជផ្ទុះ បណ្ដាលឱ្យស្លាប់អស់បណ្ដារាស្ត្រ និងរេហ៍ពលអស់ជាច្រើន។ កាលនោះចៅពញាតេជោមាស ដែលឈរនៅលើក្បាលបន្ទាយឃើញហើយ ខ្លាចក្រែងបណ្ដារាស្ត្រ និងសេនាទាហានដែលប្រែចិត្តទាំងនោះ ទ្រាំតស៊ូនឹងព្រះរាមបាភ្នំពុំបាន ក៏នាំសេនាទាហានចេញពីបន្ទាយទៅជួយច្បាំងសេនាទាហានស្រុកនោះទៀត។ ពេលនោះសេនាទាហានរបស់ ព្រះរាមបាភ្នំ ស្លាប់អស់ ២១នាក់ ចាប់បានឈ្លើយ ២៥នាក់ រួមទាំងខ្លួនព្រះរាមបាភ្នំផង។ សេនាទាហានរបស់ព្រះចៅពញាតេជោមាស លុះចាប់បានសេនាទាហានរបស់ព្រះរាមបាភ្នំ និងខ្លួនព្រះរាមបាភ្នំហើយ ក៏នាំចូលបន្ទាយ ទើបស្រាយចំណង បុត្រ ភរិយា និងញាតិសន្តានទាំងនោះហើយលែងទៅ។ ឈ្មោះណាដែលមានចិត្តស្មោះត្រង់ល្អ ក៏ឱ្យត្រឡប់ទៅលំនៅស្ថានរបស់ខ្លួនវិញរៀងរាល់គ្នា។
ចំណែកឯ ព្រះរាមត្បូងឃ្មុំ កាលនាំ សេនា ទាហាន ទៅដល់ទីកន្លែងខ្លួនហើយក៏ឱ្យទ័ពខ្លួនចោមវាយជា ៣ផ្លូវ ហើយឱ្យទាហានស្រែកប្រាប់ថា៖ បើបើកលែង បុត្រ ភរិយា យើងទាំងអស់មក ទើបយើងឱ្យរួចខ្លួនទាំងអស់គ្នា។ ទាហាន សម្ដេចព្រះជ័យជេដ្ឋា កាលបើឃើញទាហាន ព្រះរាមត្បូងឃ្មុំ ទៅដល់ហើយ ក៏ធ្វើជាភិតភ័យដុតផ្ទះក្នុងបន្ទាយ ហើយរត់ចោលបន្ទាយនោះចូលទៅក្នុងព្រៃគ្រប់គ្នានៅសល់តែទាហាន ១៥០នាក់ ដែលបង្កប់ខ្លួនឱ្យនៅក្នុងបន្ទាយនោះ ព្រះរាមត្បូងឃ្មុំ ឃើញទាហាន ព្រះជ័យជេដ្ឋា រត់ចេញទៅដូច្នោះ ក៏ភ័យខ្លាចក្រែងស្លាប់ បុត្រ ភរិយា ទើបបរពលចូលទៅក្នុងបន្ទាយនោះដោយម្នីម្នា។ ខណៈនោះ ទាហានហ្លួង ដែលរត់ចូលទៅក្នុងព្រៃនោះ ក៏ចេញពីព្រៃមកផ្ទប់ទាហាន ព្រះរាមត្បូងឃ្មុំ ពីក្រៅ ទាហានហ្លួងក្នុងបន្ទាយក៏ចេញមកកាប់ចាក់ទាហាន ព្រះរាមត្បូងឃ្មុំ យ៉ាងសន្ធឹកគឹកកង។ ទាហាន ព្រះរាមត្បូងឃ្មុំ ទ្រាំមិនបានក៏បែកទ័ពរត់ចេញមកក្រៅ ខ្លះក៏រត់រួច ខ្លះក៏ស្លាប់ តែរស់តិចណាស់ ឯស្លាប់ទើបច្រើន។ ឯព្រះរាមត្បូងឃ្មុំ មិនបានដឹងថា មានបន្ទាយនៅខាងក្រោយ ក៏រត់ទៅពានលើបន្ទាយនោះ។ សម្ដេចព្រះជ័យជេដ្ឋា ដែលប្រថាប់ក្នុងបន្ទាយក្រៅឃើញហើយ ក៏ដេញសេនាទាហានឱ្យចូលកាប់ ហើយចាប់បាន ព្រះរាមត្បូងឃ្មុំ និងសេនាទាហាន ២៤នាក់។ ទ្រង់ត្រាស់បង្គាប់ឱ្យប្រហារជីវិតទាំង ២៤នាក់ ទាំង ព្រះរាមត្បូងឃ្មុំ ព្រមទាំង បុត្រ និងភរិយា។ ស្រេចហើយ ព្រះអង្គ យាង្គបញ្ចុះបញ្ចូលបណ្ដារាស្ត្រតាំងពីខេត្តត្បូងឃ្មុំ រហូតដល់ខេត្តសំបុកសម្បូរ។ លុះបានរាបទាបហើយ ទើបព្រះអង្គចូលមកក្រាបថ្វាយបង្គំគាល់សម្ដេចព្រះវររាជបិតា ហើយក្រាបបង្គំទូលអំពីកិច្ចរាជការគ្រប់ជំពូក។
ឯចៅពញាតេជោមាស កាលបានសំរេចការសង្គ្រាមក្នុងខេត្តបាភ្នំ ព្រៃវែង រំដួល ស្វាយទាប ស្រេចហើយក៏លើកកងទ័ពទៅប្រាប់ប្រាមដល់ទៅស្រុក រោងដំរី និងព្រៃនគរ។ កាលបើបានរាបទាបល្អហើយ ទើបចៅពញាតេជោមាស ចូលមកក្រាបបង្គំគាល់ព្រះបរមបពិត្រ ក្រាបបង្គំទូលតាមកិច្ចរាជការគ្រប់ប្រការ។ ព្រះបរមបពិត្រ ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានរង្វាន់ដល់ សេនា ទាហាន តាមសមគួរ។ ទ្រង់ព្រះរាជទានងារសក្ដិដល់ចៅពញាតេជោមាស ជាឧកញ៉ាតេជោបុរារាជខ្នងពោះក្រៅ "គឺស្ដេចត្រាញ់ដែលមានបណ្ដាសក្ដិ ១០ហ៊ូពាន់" ទាំងក្រមការដែលជាសេនាទាហាន ក៏ទ្រង់ប្រោសឱ្យឡើងជាទី ឧកញ៉ា ទាំងអស់គ្នា។ ហេតុនេះហើយ បានជាសម័យនោះចៅហ្វាយស្រុក និងក្រមការខេត្តសំរោងទង សុទ្ធតែមានងារជា ឧកញ៉ា ទាំងអស់។ ចៅហ្វាយស្រុក និងក្រមការទាំងនេះ ក៏ថ្វាយបង្គំលាទៅរក្សាស្រុកខេត្តទីទៃៗ។
សម្ដេចព្រះបាទស្រីសុរិយោពណ៌ ព្រះបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់ប្រឹក្សានឹង សម្ដេចព្រះសុគន្ធាមហាសង្ឃរាជ រាជាគណៈព្រះរាជវង្សានុវង្ស និងអង្គអគ្គមហាសេនា សេនាបតី មន្ត្រីធំតូច ខ្ញុំព្រះរាជការទាំងពួងថា៖ យើងបានមកតាំងចតនៅទីនេះជាងមួយឆ្នាំប្លាយហើយ យើងបានប្រាប់ប្រាមសឹកសត្រូវ "គឺបង្ក្រាបសឹកសត្រូវ" ថ្លើងនោះ "អ្នកដែលឡើងចាង អ្នកដែលព្រហើនមហាត ពួកបះបោរ" ក៏រាបទាបអស់ហើយ តែយើងនឹងតាំងបន្ទាយព្រះនគរនៅទីនេះតទៅទៀតពុំបានទេ ពីព្រោះទីនេះមានទឹកលិចជ្រៅ ហើយមិនមែនជាទីជ័យភូមិផង។ យើងយល់ឃើញថា នៅត្រើយអរិយក្សត្រនោះ មានទីទួលសមគួរ។ បើសៀមលើកទ័ពជើងគោកទៅប៉ះពារបន្ទាយយើង ក៏វាពិបាកដែរ។ យើងយល់ថា គួរយើងទៅ សាងព្រះរាជវាំងតាំងបន្ទាយនៅទីនោះវិញ តើសម្ដេចព្រះសុគន្ធាធិបតី និងអស់សេនាបតី មន្ត្រីទាំងពួង អ្នកណាយល់ដូចម្ដេចខ្លះ? សម្ដេចព្រះសុគន្ធាមហាសង្ឃរាជ រាជាគណៈ បរមវង្សានុវង្ស អគ្គមហាសេនា សេនាបតី មន្ត្រីទាំងពួង ក្រាបបង្គំទូលថា៖ ទីនោះឃើញថាប្រសើរជាងទីលង្វែកមែន បើសៀមនឹងមកប្រមាថព្រះនគរពីខាងមុខយើង មានទន្លេខ័ណ្ឌទាំងសងខាង បើមកពីខាងក្រោយយើង ក៏មានបឹង មានព្រៃ ខ័ណ្ឌដែរ។ បើសៀមលើកមក យើងតែងឧបាយកលជាច្រើន សង្គ្រាមក៏នឹងមានទីខាបខែប (ទីដែលល្មមអែបអាង ជារបាំងរាំងទ័ពសត្រូវ) នឹងបង្កប់ទ័ពបានច្រើនអន្លើ អាត្មាភាពទូលព្រះបង្គំយល់ថា គួរណាស់ហើយ។ លុះព្រះអង្គប្រជុំយល់ព្រមហើយ ទើបសម្ដេចព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ចៅហ្វាយកំណាន់ខេត្ត ឱ្យកេណ្ឌរាស្ត្រទៅលើកផ្លូវ ត្រាស់បង្គាប់ក្រុមក្រសួងសុរិយោដី ឱ្យកេណ្ឌរាស្ត្រមកកាប់ឈើ ទ្រង់ត្រាស់បង្គាប់ឱ្យក្រុមមេការជាងឈើ ឱ្យទៅធ្វើ ដំណាក់ ប្រាសាទ ព្រះរាជរោង ក្រៅក្នុង បំរុងសំរាប់ព្រះអង្គទ្រង់រាជ្យ។ ឱ្យសាង ដំណាក់ កំពែង សំរាប់សម្ដេចព្រះអយ្យកាមហាទេវីក្សត្រី និងដំណាក់សម្ដេចព្រះជ័យជេដ្ឋា ព្រះរាជបុត្រច្បង និងកំពែងវាំងដំណាក់សម្ដេចព្រះឧទ័យ ព្រះរាជបុត្រពៅ។ ទ្រង់ឱ្យសង់ថែវ រោងក្រៅក្នុង និងព្រះពន្លាសំរាប់ព្រះបរមបពិត្រទ្រង់រាជ្យ សុទ្ធសឹងតែរូបចំលាក់ លាបម្រ័ក្សណ៍ជាតិហិង្គុល ទឹកមានឱភាសសោភា។ លុះសម្រេចហើយ ទើបមន្ត្រីទាំងនោះនាំសេចក្ដីទៅរាយការណ៍ ក្រាបបង្គំទូលគ្រប់ប្រការ។
ព្រះបរមបពិត្រ ព្រះអង្គនាំអស់ ព្រះបរមរាជវង្សា រាជសេវកា សេនាបតី មន្ត្រី គ្រប់ក្រុមចុះព្រះទីនាំងនាវា ព្រមដោយនូវបុស្សបុក និងបាំងសែត បាំងសែង ព្រះសុរិយាតូរ្យតន្ត្រី។ ទាហានពាក់អាវក្រហម ចែវទូកសំបកបង្កង យោងមុខព្រះទីនាំង ៣០គូ។ លុះដល់បានឫក្សពារពេលាជាន់ឆាយាល្អហើយ ព្រះរាជហោរាគោះគងរគាំង ទូងភេរី ព្រមទាំងបុរោហិតផ្លុំត្រែស័ង្ខ ព្រះសុរិយាតូរ្យតន្ត្រី ក៏លេងប្រគំរងំខ្ទរខ្ទារជលធា។ ក្រុមសេនា ទាហាន ក៏ស្រែកហ៊ោគឹកកងរំពងទាំងព្រឹក្សព្រៃលើកពលសេនាចេញទៅ។ លុះដល់មុខបន្ទាយហើយ ព្រះបរមបពិត្រ ក៏ទ្រង់ប្រថាប់ព្រះទីនាំងនៅព្រះដំណាក់ផែ។ ពួករេហ៍ពល ដែលដង្ហែរទាំងប៉ុន្មានក៏ចតទូករាយរៀងគ្នាតាមលំដាប់។ ក្នុងខណៈដែលនឹងរៀបឡើងព្រះដំណាក់នោះ សម្ដេចព្រះសុគន្ធាធិបតីមហាសង្ឃរាជ រាជាគណៈ និងព្រះរាជគ្រូបុរោហិត ព្រមទាំង ព្រះបរមវង្សា អគ្គមហាសេនា សេនាបតី មន្ត្រីធំតូចជំនុំព្រមក្រាបបង្គំសូមអញ្ជើញ ស្ដេចប្រាប្ដាភិសេក (អភិសេកស្ដេច ដែលបានឈ្នះអស់សឹកសត្រូវ ព្រះអង្គក៏ព្រមព្រះរាជហឫទ័យ)។ ខណៈនោះ សម្ដេចចៅហ្វាទឡ្ហៈសមុហនាយក និងសេនាបតី មន្ត្រីកំណាន់ខេត្ត មានរាជប្រកាសប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខេត្តឱ្យរៀបបណ្ដាការចូលមក ឱ្យប្រាប់មន្ត្រីគ្រប់ក្រសួង ត្បូងងារ (គឺនាយក្រសួង ដែលជាមេធំជាងគេ ក្នុងក្រសួង) ឱ្យធ្វើរោងរាជពិធី ៣៧ខ្នង មានរាជវ័តី ឆ័ត្ររួត ទន់គ្រប់ទិសទី ឱ្យធ្វើរោងពិធី ៣៧ខ្នងទៀត មានទងឆ័ត្រ រាជវ័តី និងរោងមហោស្រពនានាជាច្រើន។ ឯរាជហោរា លុះគន់គូរហើយបានថ្វាយឫក្សថា ថ្ងៃនេះជាថ្ងៃមហាសិទ្ធិជោគល្អហើយ បុណ្យក៏ចាប់ចូលក្នុងពិធី ព្រះរាជគ្រូស្រោចទឹកយោងព្រះកេសថ្វាយ ទ្រង់ព្រះខ័នព្រះនរាយណ៍។ ហោរាក៏រៀបព្រះរាជ ប្រាប្ដាភិសេក នោះដូចមានតទៅនេះ៖
- ១. ក្នុងថ្ងៃទី ១ នៃថ្ងៃចូលកាន់ពិធីបុណ្យនោះ ភ្នាក់ងារក្រុមព្រះរាជក្រិត្យ សង្ឃការី និមន្តព្រះសង្ឃថ្វាយ ទឹកមន្ត។ ព្រះករុណាស្ដេចចេញនមស្ការ ព្រះរតនត្រ័យ ក្រុមព្រះរាជបណ្ឌិត ព័ទ្ធសីមាព្រះរាជរោង ក្រុមទាហានកាំភ្លើង ធំ តូច ចាំយាមទ្វារទាំង ៨ទិស ក្រុមល្បែងមហោស្រព សុរិយាតូរ្យតន្ត្រី ក៏តាំងរៀបរណ្ដាប់ព្រះពិស្ណុការលេងខោល លេងងីវ (របាំចិន) លេងហាតបាយ យោលទោង សួរព្រ័ត្រ ចូលកង់ដាំដូង រត់ម៉ៃលុយកងភើង លេងភ្លេងតូរ្យតន្ត្រីប្រគំទាំង ៨ទិស។
- ២. លុះព្រឹកឡើង ជាថ្ងៃគំរប់ ២ សម្ដេចព្រះរាជគ្រូ បុរោហិត អញ្ជើញ ស្ដេចគង់ព្រះទីនាំងគជេន្ទ្រ ដ៏បវរ ទ្រង់គ្រឿងបរប្រទក្សិណព្រះនគរ អគ្គមហាសេនាបតី ពាក់អាវសាក្លាត ស្លៀកសាក្លាត ពាក់អាវផាយស ពាក់មួយសុងប្រពាត (សព្វថ្ងៃគេទំលាប់ហៅតាមសំនៀងសៀមថា មួកសុងប្រផាត) ជិះដំរីហែជាគូឃៀង។ មន្ត្រីក្រុងព្រះទីនាំងគជេន្ទ្រ ជិះដំរីហែយោងមុខឆ្វេងស្ដាំ។ មន្ត្រីក្រុងព្រះទីនាំងអស្សតរតែងខ្លួនជិះរទេះហែ។ ក្រុងព្រះទីនាំងអស្សតរមន្ត្រី ក្រុងទាហានថ្មើរជើង និងទាហានកាំភ្លើងធំតូច តែងខ្លួនអូសកាំភ្លើងធំ លីកាំភ្លើងតូច។ បន្ទាប់ពីក្រុមកាំភ្លើងធំមក មន្ត្រីក្រុងព្រះរាជយាន តែងខ្លួនកាន់នូវបាំងសែត បាំងព្រះទិនករជាមរ បាយមន អភិរម្យ សែនត្វាន់។ មន្ត្រីក្រុងមហីសា តែងខ្លួនជិះក្របីចងគ្រឿង។ ចៅហ្វាយស្រុកខេត្តក្រៅពាក់អាវផាយ ពាក់លំគកកាន់ផ្កាឈូក ហែប្រទក្សិណព្រះនគរ។ លុះដល់វេលាល្ងាច របៀបព្រះរាជពិធីដូចថ្ងៃទី១។
- ៣.លុះព្រឹកឡើងក្នុងថ្ងៃជាគំរប់ ៣ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ និងសម្ដេចព្រះរាជគ្រូ អញ្ជើញស្ដេចគង់ព្រះទីនាំងកញ្ចោងជ័យ ចេញប្រទក្សិណព្រះនគរ។ របៀបហែដូចថ្ងៃទី២។ នៅវេលាល្ងាចដូចថ្ងៃទី១។
- ៤. លុះព្រឹកឡើងក្នុងថ្ងៃគំរប់ ៤ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ និងសម្ដេចព្រះរាជគ្រូបុរោហិត អញ្ជើញស្ដេចគង់ព្រះទីនាំងរាជរថ ចេញប្រទក្សិណព្រះនគរ។ របៀបហែដូចថ្ងៃទីពីរ។ វេលាល្ងាចដូចថ្ងៃទី១។
- ៥. លុះព្រឹកឡើងដល់ថ្ងៃទី ៥ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ និងសម្ដេចព្រះរាជគ្រូបុរោហិត អញ្ជើញស្ដេចគង់លើព្រះទីនាំងអស្សតរ ចងគ្រៀងហែប្រទក្សិណព្រះនគរ។ របៀបហែដូចថ្ងៃទី២។ ពេលល្ងាចដូចថ្ងៃទី១។
- ៦. ដល់ថ្ងៃជាគំរប់ ៦ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ និងសម្ដេចព្រះរាជគ្រូបុរោហិត អញ្ជើញស្ដេចគង់លើព្រះទីនាំងនាវា យាង្គចេញប្រទក្សិណព្រះនគរ។ របៀបហែ និងប្រដាប់ប្រដា ដូចថ្ងៃជាគំរប់ ២។ ប្លែកតែពេលនោះនាម៉ឺនមន្ត្រី ទាំងអស់ ត្រូវជិះទូកចែវ។ ក្នុងល្ងាចមានកម្មវិធីដូចថ្ងៃទី១។
- ៧. លុះដល់ថ្ងៃជាគំរប់ ៧ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ និងសម្ដេចព្រះរាជគ្រូបុរោហិត អញ្ជើញស្ដេចគង់ព្រះទីនាំងយានុមាត្យ យាង្គចេញប្រទក្សិណព្រះនគរទៀត។ របៀបរៀបក្បួនហែដូចថ្ងៃជាគំរប់ ២។ លុះយាង្គដល់ទ្វារព្រះបរមរាជវាំងហើយ ក្រុមព្រះរាជវង្សានុវង្ស ស្ដេចយាង្គមកអញ្ជើញ ស្ដេចយាង្គចូលក្នុងព្រះនគរវិញ។ លុះដល់ទីភ្នំ កៃលាស (ឈ្មោះ ភ្នំ ជាពិសេសមួយក្នុងពួកភ្នំហិមាល័យ។ ក្នុងទីនេះ ភ្នំកៃលាស គឺជា ភ្នំ ដោយបន្ទះឫស្សី ពាសក្រដាសមានទំនងជាភ្នំ) បុស្សបុកមណ្ឌប សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ និងស្ដេចព្រះរាជគ្រូបុរោហិត អញ្ជើញស្ដេចឡើងលើភ្នំកៃលាស ប្រថាប់នៅក្រោមមណ្ឌល ហើយសម្ដេចទាំងពីរព្រះអង្គ ស្រោចទឹកយោងព្រះកេស។ ព្រះបរមនាថ ទ្រង់ព្រះខ័ន នៅព្រះឥសូរ ព្រះនរាយណ៍។ ព្រះបុរោហិត ថ្វាយទឹកមុទ្ធាភិសេក ស្លៀកស្លឹកព្នៅ តាមដោយនូវបុរាណរាជបវេណីហើយ ក្រុមព្រះបុរោហិត ក៏តាំងផ្លុំត្រៃស័ង្ខប្រគំតូរ្យតន្ត្រី វាយនូវរគាំង គងរំពកក្រៃ។ ផ្នែកក្រុមកាំភ្លើងធំ ក៏បាញ់សាឡទ ២០កាំភ្លើង ហើយសម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ និងសម្ដេចព្រះមហាឥសីភ័ទ្ទ ក៏ស្ដេចនិមន្តចុះចាកមណ្ឌល ត្រឡប់ចូលមកក្នុងព្រះបរមរាជវាំងវិញ។ ក្រុមព្រះភូសា មាលា អញ្ជើញគ្រឿងកកុធភណ្ឌ ថ្វាយគ្រឿងនូវព្រះខ័តរតន៍មង្គល យាង្គចេញគង់ចុងព្រះរាជរោងរម្យ ទើបសម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ ថានានុក្រម និងព្រះបរមរាជវង្សានុវង្ស អគ្គមហាសេនា សេនាបតី ក្រាបបង្គំថ្វាយរាជសម្បត្តិ និងចំរើនព្រះពរ ថ្វាយព្រះបរមពិត្រ។ ព្រះបរមពិត្រទ្រង់ ក៏ព្រះរាជទានព្រះពរតបវិញ ហើយក្រុមព្រះរាជគ្រូបុរោហិត ថ្វាយ ស្លុតី។ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ ថានានុក្រម ក៏សូត្រព្រះពុទ្ធមន្ត ចំរើនព្រះជន្មថ្វាយជាសូរេចហើយ ទើបស្ដេចទ្រង់យាង ឡើងចូលក្នុងព្រះរាជមន្ទីរធំ តូរ្យតន្ត្រី ក៏ចាប់ផ្ដើមប្រគំរងំ ខ្ទរខ្ទារ ក្នុងព្រះរាជពិធីបុណ្យប្រាប្ដាភិសេកដ៏រុងរឿងត្រកាលនេះ។
ព្រះបាទស្រីសុរិយោពណ៌ ឡើងសោយរាជ្យប្រាប្ដាភិសេក ទ្រង់ព្រះនាមជា ព្រះបាទសម្ដេចរាជឱង្ការ ព្រះស្រីសុរិយោពណ៌បរមរាជា រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិករាជាធិរាជ បរមចក្រពត្រា មហាធិបតិន្ទនរិន្ទរតនាកាស ឱកាសជាតិមហិស្សរ វរអគ្គមហាបុរសរដ្ឋ វិវឌ្ឍនាតិរេក ឯករាជជាមហាមេចង្កូល កំពូលក្រុងកម្ពុជាធិបតី មហាបុរីរដ្ឋ សណ្ឋិតជាមកុដភូមិន្ទឥន្ទបត្តកុរុរដ្ឋ រាជមន្ទីរសិលាមហាស្ថានបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ទ្រង់អភិសេកសម្ដេចព្រះក្សត្រីជា សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ។ ព្រះអង្គទ្រង់មានព្រះរាជបញ្ជាឱ្យដោះលែងមនុស្សដែលមានទោស ទ្រង់ត្រាស់បង្គាប់ឱ្យលែងសត្វ និងឱ្យរួចពន្ធព្រះរាជបវេណតាមព្រះរាជប្រពៃណី។ តាំងតែពីថ្ងៃនោះរៀងរាបមក ភ្លៀងក៏បង្អុរចុះរះរាយខុសរដូវ បណ្ដារាស្ត្រជនទាំងពួងប្រកបមុខរបរធ្វើស្រែចំការច្បារដំណាំគ្រប់ប្រភេទ បានសម្បូណ៌ហូរហៀរ ពោរពាសចំរើនផលទ្វេឡើងមួយជាពីរ មួយជាបួន។ អ្នកប្រទេសបានថ្វាយគ្រឿងបណ្ណាការពឹងបុណ្យព្រះបារមីជាច្រើន។
No comments:
Post a Comment