កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration
- សម័យកាល មុន នគរភ្នំ 👉 👉 👉
- សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
- សម័យកាល ចេនឡា 👉 👉 👉
- សម័យកាល មហាអង្គរ 👉 👉 👉
- សម័យកាល ចតុមុខ 👉 👉 👉
- សម័យកាល លង្វែក 👉 👉 👉
- សម័យកាល ឧត្តុង 👉 👉 👉
- សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉
សម័យកាលចតុមុខ ១៤៣១- ១៥២៥
ជាសង្ខេបតាមផែនទី សម័យកាល ចតុមុខ ១៤៣១- ១៥២៥ មានចែកជា អាណាចក្រ ៤ រួមមាន
ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ១) - វគ្គ៣ Posted: Oct-10-2016
ឯកសារពាក់ព័ន្ធនានានៃ សម័យចតុមុខ រួមមាន៖
សម័យចតុមុខ (១៤៣១ ១៥២៥ គស) រយៈពេល ៩៤ ឆ្នាំ ដែល ១៣ ឆ្នាំ/ អង្គ សោយរាជ្យ
1. បរមរាជាទី២ ( ពញាយ៉ាត)
2. នារាយណ៍រាជា ១៤៦៣-១៤៦៨
3. ស្រីរាជា(១៤៦៩-១៤៧៥)
4. ស្រីសុរិយាទ័យ(១៤៧៥-១៤៨៥)
5. ធម្មោរាជាទី១(១៤៨៥-១៥០៤)
6. ស្រីសុគន្ធបទ(១៥០៤-១៥១២)
7. ស្រីជ័យជេដ្ឋាធិរាជ្យ(១៥១២-១៥២៥) ស្តេចកាន់ កាន់សាសនា ឥស្លាម វាំង្គតាំងនៅ ក្រុងកំពង់ចាម
1. បរមរាជាទី២ ( ពញាយ៉ាត)
2. នារាយណ៍រាជា ១៤៦៣-១៤៦៨
3. ស្រីរាជា(១៤៦៩-១៤៧៥)
4. ស្រីសុរិយាទ័យ(១៤៧៥-១៤៨៥)
5. ធម្មោរាជាទី១(១៤៨៥-១៥០៤)
6. ស្រីសុគន្ធបទ(១៥០៤-១៥១២)
7. ស្រីជ័យជេដ្ឋាធិរាជ្យ(១៥១២-១៥២៥) ស្តេចកាន់ កាន់សាសនា ឥស្លាម វាំង្គតាំងនៅ ក្រុងកំពង់ចាម
ផែ័នទី រដ្ឋបាល សម័យចតុមុខ
ផែនទី ចតុមុខ ឬ រាជវាំង្គ នៃ ចតុអាណាចក្រ
ផែនទី ចតុមុខ ឬ រាជវាំង្គ នៃ ចតុអាណាចក្រ
ផែ័នទី រដ្ឋបាល សម័យចតុមុខ
ផែ័នទី រដ្ឋបាល សម័យចតុមុខ ស្ថានភាព នៅ រដ្ឋអាយុធ្យា (សៀម) និង រដ្ឋ ពិស្ណូលោក (ថៃ)
ផែ័នទី រដ្ឋបាល សម័យចតុមុខ ជាមួយ រដ្ឋ លាវ ( លានសាង ឬ ស្រែ ១ លាន )
ផែ័នទី រដ្ឋបាល សម័យចតុមុខ ជាមួយ ចម្ប៉ា និង វៀតណាម
ផែ័នទី រដ្ឋបាល សម័យចតុមុខ
ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៤៣២
ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៥២៦
ផែ័នទី រដ្ឋបាល សម័យចតុមុខ
ផែ័នទី រដ្ឋបាល សម័យចតុមុខ
ផែ័នទី រដ្ឋបាល សម័យចតុមុខ
ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៤៥០
ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៤៣០
ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៥២៥
ផែ័នទី រដ្ឋបាល សម័យចតុមុខ ធៀប ផែនទី បច្ចុប្បន្ន
ផែ័នទី រដ្ឋបាល សម័យចតុមុខធៀប ផែនទី បច្ចុប្បន្ន
ផែ័នទី រដ្ឋបាល សម័យចតុមុខធៀប ផែនទី បច្ចុប្បន្ន
ផែ័នទី រដ្ឋបាល សម័យចតុមុខធៀប ផែនទី បច្ចុប្បន្ន
ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ១) - វគ្គ៣ Posted: Oct-10-2016
១៣. ព្រះនរាយណ៍រាមាធិបតី (១៤៣១-១៤៣៦)
ព្រះរាជាអង្គនេះមានព្រះអភិសេកនាមថា «ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះនរាយណ៍រាជាធិរាជរាមាធិបតី» ។ គេមិនបានដឹងថា តើព្រះរាជាមុនមានព្រះជន្មរស់នៅបានប៉ុន្មានព្រះវស្សា នៅក្នុងរជ្ជកាលព្រះរាជបុត្រដែលសោយរាជ្យបន្ដពីព្រះអង្គទេ គេគ្រាន់តែដឹងថាគេបានបញ្ចុះព្រះអដ្ឋិធាតុរបស់ព្រះអង្គក្នុង ចេតិយមួយនៅលើភ្នំចតុម្មុខ ត្រង់ជ្រុងខាងពាយ័ព្យ ។ តាម មើលទៅ ព្រះអង្គប្រហែលជាមានព្រះជន្មបាន ១០ឆ្នាំទៀត ហើយបានគ្រប់គ្រងព្រះរាជាណាចក្រ រហូតដល់ពេលទ្រង់សុគតនៅក្នុងឆ្នាំ១៤៣១ ពីព្រោះវាហាក់ដូចជាមានចន្លោះចាប់ពីត្រឹមពេលដែលព្រះអង្គដាក់ រាជសម្បត្ដិ មកដល់ពេលដែលព្រះនរាយណ៍រាមាធិបតីទទួលការអភិសេក ។ គេ និយាយថា ព្រះនរាយណ៍រាមា បាន កសាងពីរ៉ាមីដ ៥ មួយៗមានកម្ពស់ ១២០ ម៉ែត្រ ក្នុងពេលតែ៥ខែប៉ុណ្ណោះ ក៏ប៉ុន្ដែខ្ញុំមិនដឹងថាតើពីរ៉ាមីដទាំងនោះនៅឯណាទេ មិនមានសំណែសសេសសល់អ្វីបន្ដិចឡើយ ។ ព្រះ នរាយណ៍សោយរាជ្យបាន៥ឆ្នាំ ក៏សុគតទៅនៅក្នុងឆ្នាំ១៤៣៦ ។ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថា ព្រះស្រីសុរិយោទ័យ ។
១៤. ព្រះរាមាធិបតី (១៤៣៦-១៤៦៨)
ព្រះអនុជរបស់ព្រះនរាយណ៍រាមា ព្រះនាមស្រីរាជាបានឡើងសោយរាជ្យបន្ដពីព្រះរៀមក្នុងព្រះជន្ម១៩ព្រះវស្សា ក្រោមព្រះឋានៈថា «សម្ដេចព្រះស្រីរាជាធិរាជរាមាធិបតី» ។ គ្រាន់តែឡើងគ្រង រាជបល្ល័ង្កភ្លាម ព្រះរាជាអង្គនេះត្រូវប្រយុទ្ធ ទប់ទល់ ជាមួយ ព្រះភាគិនេយ្យស្រីសុរិយោទ័យ ជាព្រះរាជបុត្ររបស់ព្រះរៀមដែលបានកេណ្ឌទ័ពប្រឆាំង ដើម្បីទម្លាក់ព្រះអង្គចេញពីរាជសម្បត្ដិផង ហើយត្រូវធ្វើចម្បាំងជាមួយពួកសៀម ដែលចូលមកដណ្ដើមយកខែត្រនគររាជ អង្គរ និងចន្ទតាប៊ុន ផង ។
ព្រះរាជាបានចាត់ឱ្យព្រះអនុជចៅពញាធម្មោរាជា (39) ចេញទៅរៀបចំកម្លាំងទប់ទល់ជាមួយទ័ពស្រួចរបស់សៀមនៅអង្គរធំ រួចហើយបន្ទាប់ពីព្រះអនុជត្រលប់មកចតុម្មុខវិញ ឱ្យយាងទៅកាន់បណ្ដាខែត្រខាងត្បូង កេណ្ឌទ័ពឱ្យបាន ១២ ម៉ឺននាក់ ។ ពេលចៅពញាធម្មោរាជាយាងទៅដល់ បាភ្នំ ទ្រង់បានទទួលដំណឹងថា ទ័ពសៀមបានឆ្លងកាត់ព្រំដែនវាយចូលមកហើយ ហើយព្រះរាជាជាព្រះរៀមបានចេញទ័ពទៅទប់ទល់ប្រយុទ្ធជាមួយសៀម នៅត្រឹម ខែត្របាត់ដំបង ។ ពេលនោះព្រះស្រីសុរិយោទ័យក៏ឆ្លៀតឱកាសដណ្ដើមយក ចតុម្មុខ បាន ហើយបានចូលកាន់កាប់ ខែត្រស្ទឹងត្រង់ បារាយណ៍ និងជើងព្រៃ ផងដែរ (40) ។ ក្រោយពីមានការប្រយុទ្ធជាច្រើនលើកច្រើនសា ស្ដេចសៀមក៏ចាប់បានព្រះរាជានឹងព្រះអង្គម្ចាស់ដែលបះបោរយកទៅ ស្រុកសៀមទៅ ។
ចៅពញាធម្មោរាជា បានប្រមែប្រមូលទ័ពប្រញិបប្រញាប់មកជួយចតុម្មុខ តែត្រូវធ្វើយុទ្ធនាការអស់ពេលមិនតិចជាង៣ឆ្នាំទេ ។ ទីបញ្ចប់ទ័ពសៀមដែលត្រូវទ័ពខ្មែរលបវាយជាញឹកញយ អស់កម្លាំង និងបាត់បង់ទាហានអស់ជាច្រើន ក៏សម្រេចដកថយឆ្លងដែនទៅស្រុកវិញ ។
ព្រះ ពញាធម្មោរាជា ដែលពេលនោះកាន់តំណែងជារាជានុសិទ្ធិព្រះរាជាណាចក្រ បានរៀបចំចាត់តាំងស្នងការរាជការភ្លាម រួចចាត់អ្នកទាំងនោះឱ្យចុះទៅដឹកនាំបណ្ដាខែត្រទាំងឡាយ ចាប់ពីខែត្រសំរោងទង នៅ ខាងលិចភ្នំពេញ ពីខាងក្រោយ ពញាឮ រហូតទៅដល់ ទឹកខ្មៅ នៅតាមមាត់សមុទ្រខាងទក្សិណ និងពី កោះស្លាកែត នៅក្នុង ខែត្រល្វាឯម រហូតដល់ ពាម មេសរ ព្រៃនគរ (41) និង ពាមកញ្ជើ (ដីសណ្ដទន្លេមេគង្គ) ដើម្បីជំនួសចៅហ្វាយខែត្រដែលដឹកនាំទ័ពហែហមទៅតាមព្រះរាជា ។ បន្ទាប់មក ទ្រង់បានចាត់មន្ដ្រីឱ្យទៅទូលព្រះរាជាអំពីអ្វីដែលព្រះអង្គបាន ធ្វើ និងការដែលបានរួចខ្លួនមកវិញ ហើយកំពុងតែគង់នៅឯ បស្ចិមបុរី ។
ទទួល បានដំណឹងនេះ ព្រះរាជាបានយាងត្រលប់ចូលមកក្នុងព្រះនគរវិញជាមួយនឹងកងទ័ព និងពួកសៀម ដែលទ្រង់បានចាប់យកមកជាឈ្លើយ ។ ពេលយាងមកដល់ខែត្ របាត់ដំបង ទ្រង់បានបញ្ជាឱ្យចៅហ្វាយខែត្រនាំកម្លាំង៥ពាន់នាក់ទៅកាន់ ឆាងហុង (42) ដើម្បីត្រៀមទប់ទល់ទ័ពសៀមដែលប្រុងតែនឹងចូលមកម្ដងទៀត ចំណែកខ្លួនព្រះអង្គបានបន្ដយាងមកគង់នៅក្នុង ខែត្រពោធិ៍សាត់ ។ មកដល់ពោធិ៍សាត់ ទ្រង់បានទទួលអ្នកនាំសាររបស់ព្រះធម្មោរាជាដែលនាំលិខិតមួយច្បាប់ មកថ្វាយព្រះអង្គដោយថ្វាយយោបល់ថាសូមឱ្យស្ដេចយាងឡើងទៅខាងជើង ដើម្បីកៀងអ្នកអង្គម្ចាស់ស្រីសុរិយោទ័យដែលគង់នៅទីនោះ ឱ្យយាងចុះមកខាងត្បូងវិញ នឹងអាលធ្វើការប្រយុទ្ធ ។
អនុវត្ដ តាមយោបល់ព្រះធម្មោរាជា ព្រះរាជាបានយាងទៅកាន់ ខែត្រជើងព្រៃ និងបានជួបប្រយុទ្ធជាច្រើនលើកជាមួយ ព្រះស្រីសុរិយោទ័យ មេក្បត់ ដែលមានកម្លាំងតិចជាង ហើយចេះតែវាយដោះដៃចេញរួច គេចមកគង់នៅក្នុង ខែត្រស្រីសន្ធរ បោះបង់បណ្ដាខែត្រដែលកាន់កាប់បានទាំងប៉ុន្មានឱ្យព្រះរាជា វិញ ។
នៅពេលដែលទ័ពរបស់ ព្រះរាជាឆ្លងទន្លេ រួចមកបោះជំរំនៅត្រង់ ខ្ញូងមហាសៀក ស្រាប់តែទ័ពព្រះស្រីសុរិយោទ័យ មកដល់ទាំងតាមជើងទឹក ទាំងតាមជើងគោក វាយសង្គ្រុបទៅលើទ័ពហ្លួងនៅត្រើយខាងលិច មិនឱ្យដឹងជាមុន ធ្វើឱ្យទ័ពនោះបរាជ័យទៅ ។ ជ័យជម្នះរបស់ពួកបះបោរនេះ បាននាំមកនូវជ័យជម្នះជាបន្ដបន្ទាប់ទៀត ហើយពួកទាហានហ្លួងដែលកេណ្ឌមកពីខែត្រក៏ចាប់ផ្ដើមលួចរត់គេចទៅ ស្រុកវិញជាហូរហែដែរ ដោយខ្លាច ព្រះស្រីសុរិយោទ័យ ធ្វើបាបគ្រួសារ ។ ការរត់ចោលជួរដ៏សន្ធឹកសន្ធាប់យ៉ាងនេះ រួមផ្សំជាមួយការមកដល់នៃរដូវភ្លៀងផងធ្វើឱ្យព្រះរាជាត្រូវបង្ខំ ព្រះទ័យបោះទ័ពនៅក្នុងខែត្រកំពង់សៀម និង ស្ទឹងត្រង់ សិន តែខ្លួនព្រះអង្គចង់យាងត្រលប់មក ចតុម្មុខ វិញដើម្បីកេណ្ឌទ័ពជា ថ្មីច្បាំងជាមួយព្រះភាគិនេយ្យ ។
ក៏ ប៉ុន្ដែព្រះធម្មោរាជាដែលយល់ថាសង្គ្រាមនេះនឹងលំបាកហើយអូសបន្លាយ ពេលវែង ហើយខ្លួនព្រះអង្គអាចឆ្លៀតឱកាសឡើងគង់លើបល្ល័ង្ករាជបាន ទ្រង់បានចាប់ផ្ដើមកេណ្ឌទ័ពក្នុងបណ្ដា ខែត្រខាងត្បូង និង ខាងលិច ហើយបានផ្ញើសារមួយទៅថ្វាយព្រះរាជាបញ្ចុះបញ្ចូលសុំកុំឱ្យព្រះ អង្គលះបង់បណ្ដា ខែត្រខាងជើង ឱ្យសោះព្រោះព្រះស្រីសុរិយោទ័យអាចនឹង យាងចូលមកកាន់កាប់ភ្លាមនៅពេលល្ងាច បើព្រះរាជាយាងចេញពីព្រឹក ។ តាមពិត គឺព្រះធម្មោរាជាមានបំណងធ្វើយ៉ាងណាឱ្យព្រះរាជារាមាធិបតីឃ្លាត កាន់តែឆ្ងាយពីរាជធានី ។ ប៉ុន្ដែព្រះរាជាមិនបានដឹងអំពីបំណងអាក្រក់នេះទេ ទ្រង់ក៏ធ្វើដំណើរយាងត្រលប់ទៅ ខែត្រពោធិ៍សាត់ វិញតាមមតិព្រះអនុជ ទៅ ។ ពេលនោះព្រះធម្មោរាជាបានបែងចែកទ័ពជាច្រើនកង មួយកងទ្រង់ឱ្យមកឈរជើងនៅ ឧដុង្គ មួយកងទៀតទៅឈរនៅត្រង់ ពាមស្ទឹងក្រាំងពន្លៃ កងទី ៣ ទៅឈរនៅ ខ្សាច់កណ្ដាល និងកងទី៤នៅ ល្វាឯម ចំពីមុខចតុម្មុខ ។ រួចហើយទ្រង់បានចាត់ឱ្យមានការយាមកាមម៉ឺងម៉ាត់តាមច្រករបៀងផ្សេងៗ ទាំងតាមជើងគោក និងជើងទឹក ជាពិសេសច្រកចេញចូលពីខាងជើង និងខាងកើត ។ ធ្វើយ៉ាងនេះ ទើបទ្រង់អាចការពារខ្លួនព្រះអង្គពីព្រះរាជាជាព្រះរៀមផង និងព្រះស្រីសុរិយោទ័យជាព្រះភាគិនេយ្យផង ។
ទ័ព របស់ព្រះធម្មោរាជាមានការហ្វឹកហាត់ជារៀងរាល់ថ្ងៃនៅ ចតុម្មុខ ហើយក៏មានអាវុធយុទ្ធភណ្ឌសម្បូរបែបទៀតផង ។ រាជធានីមានកំពែងការពាររឹងមាំ មានស្បៀងគ្រប់គ្រាន់ ។ រួចហើយព្រះអង្គបានចាត់បញ្ជូនព្រះជាយាទាំងអស់របស់ព្រះរាជាដែល គង់នៅភ្នំពេញ ហើយដែលបែកពីព្រះរាជាយូរណាស់មកហើយឱ្យទៅជួបជុំនឹងព្រះរាជាវិញ ។ ធ្វើដូច្នេះមានន័យថា ទ្រង់បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយព្រះរាជាជាស្រេច ហើយក៏ជាសញ្ញាទូលព្រះរាជាថា សូមកុំឱ្យព្រះអង្គមានព្រះទ័យចង់ត្រលប់មកកាន់ចតុម្មុខវិញធ្វើ អ្វី ។
ចំណែកឯព្រះខ័នរាជ្យ កេតនភណ្ឌសម្គាល់រាជានិយម ទ្រង់មិនបានផ្ញើថ្វាយព្រះរាជាទេ គឺទ្រង់រក្សាទុកខ្លួនព្រះអង្គឯង ដែលជាហេតុធ្វើឱ្យឃើញយ៉ាងច្បាស់អំពីផែនការក្បត់របស់ព្រះអង្គ ដែលបានរៀបចំឡើងយ៉ាងល្អតាំងពីយូរយារណាស់មកហើយ រហូតមកដល់ពេលនេះ ។ ព្រះរាជាក៏ ចាប់មិនពេញព្រះទ័យនឹងសារលិខិត និងទូតរបស់ ព្រះធម្មោរាជា ហើយទ្រង់មានព្រះបន្ទូលថា ទ្រង់នឹងកេណ្ឌទ័ពដើម្បីវាយចូល ចតុម្មុខ បណ្ដេញព្រះអនុជចេញ រួចយាងទៅ ស្រីសន្ធរ ធ្វើសង្គ្រាមជាមួយព្រះភាគិនេយ្យជាបន្ដ ទៀត ។ ក៏ប៉ុន្ដែនាម៉ឺនសព្វមុខមន្ដ្រីបានថ្វាយយោបល់ថា សូមឱ្យព្រះអង្គគង់នៅស្ងៀមហាក់ដូចជាមិនដឹងអ្វីសិន ដើម្បីកុំឱ្យពួកក្បត់ទាំង២ចងសម្ព័ន្ធមេត្រីជាមួយគ្នាប្រឆាំងនឹង ព្រះអង្គ ។
ព្រះរាជាបានយាងមកបោះជំរំនៅ បរិបូណ៌ ដែលកាលណោះមានឈ្មោះថា «អម្រឹតបូរ» (43) ដើម្បីឱ្យព្រះអង្គងាយស្រួលក្នុងការត្រួតពិនិត្យបណ្ដាខែត្រខាងលិច រួមមាន រលាប្អៀរ ពោធិ៍សាត់ បាត់ដំបង និងនាងរង ដែលនៅជាប់នឹងព្រំដែនសៀម បណ្ដា ខែត្រខាងជើង ចាប់ពីកំពង់សៀម ជើងព្រៃ គោកសេះ (បារាយណ៍) ស្ទឹងត្រង់ កំពង់ស្វាយ រហូតទៅដល់គោកខាន់ ដែលនៅខាងត្បូងភ្នំដងរែក និងសុរិនអង្គាក ដែលនៅភាគខាងជើងភ្នំផងដែរ ។
នៅពេលនោះ ព្រះស្រីសុរិយោទ័យ ក៏ចាត់ឱ្យរៀបចំអភិសេកខ្លួនព្រះអង្គក្រោមព្រះឋានៈជា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការ ព្រះស្រីសុរិយោទ័យរាជាធិរាជ ព្រះរាជានៃក្រុងស្រីសន្ធរបុរាបុរី» ។ ព្រះរាជាណាចក្រស្រីសន្ធរនេះរួមមានបណ្ដាខែត្រដែលស្ដេចបះបោរនេះដណ្ដើមបានគឺចាប់ពី ត្បូងឃ្មុំ ស្រីសន្ធរ បាភ្នំ រហូតទៅដល់ បារាជ ដុងណាយ ដែលនៅជាប់នឹង រាជាណាចក្រចាម្ប៉ា ពោលគឺទឹកដីទាំងអស់នៅចន្លោះជួរភ្នំអាណ្ណាម និងទន្លេមេគង្គចាប់ពីសម្បូរចុះមករហូតទៅដល់មាត់សមុទ្រលើកលែងតែ ល្វាឯម និងព្រៃនគរ( សាយហ្គន) ចេញ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់ ព្រះធម្មោរាជា គឺប្រហាក់ប្រហែលជាទឹកដីកម្ពុជាដែនគោកពីមុន ។
ក្នុង ពេលជាមួយគ្នានោះ នៅចតុម្មុខឯណេះវិញ នាម៉ឺនសព្វមុខមន្ដ្រីក៏បានសំណូមពរឱ្យព្រះធម្មោរាជា ឡើងសោយរាជ្យជំនួសព្រះរៀមជាព្រះរាជាផងដែរ តែព្រះធម្មោរាជាធ្វើជាប្រកែកហើយមានព្រះបន្ទូលថាទ្រង់ចង់ដឹកនាំ បណ្ដាខែត្រដែលទទួលស្គាល់អំណាចរបស់ព្រះអង្គ ដើម្បីឱ្យប្រជានុរាស្ដ្របានសម្បូរសប្បាយជាងមុន ដូច្នេះព្រះអង្គមិនចាំបាច់ធ្វើជាព្រះរាជាទេ ។
បណ្ដាខែត្រដែលព្រះធម្មោរាជាគ្រប់គ្រងនាពេលនោះមាននៅខាងលិចចាប់ពី សំរោងទង រហូតដល់កំពង់សោម នៅលើមាត់សមុទ្រ នៅខាងកើត និងខាងត្បូង ចាប់ពី កោះស្លាកែត នៅចន្លោះដៃទន្លេមេគង្គទាំង២ ល្វាឯម ព្រៃនគរ (សាយហ្គន) នៅលើមាត់ទន្លេធំ រហូតដល់ពាមកញ្ជើ (ដីសណ្ដទន្លេមេគង្គ) ។
ដូច្នេះព្រះរាជាណាចក្រកម្ពុជាពេលនោះចែកចេញជា ៣ ក្រោមការត្រួតត្រារបស់ ស្ដេច ៣អង្គ គឺ (១) ព្រះរាជាពេញសិទ្ធិស្រីរាមាធិបតីសោយរាជ្យនៅខាងជើងបរិបូណ៌ (២) ស្ដេចបះបោរស្រីសុរិយោទ័យជាព្រះភាគិនេយ្យរបស់ព្រះរាជា សោយរាជ្យនៅខាងកើត និង (៣) ស្ដេចបះបោរមួយអង្គទៀតគឺព្រះធម្មោរាជាត្រូវជាព្រះអនុជរបស់ព្រះរាជាសោយរាជ្យនៅខាងត្បូង ។
ក្នុង ពេលដំណាលគ្នានោះ នគរចាម្ប៉ា និងអាណ្ណាម កំពុងតែជាប់ធ្វើសង្គ្រាមនឹងគ្នាបន្ដមកជាយូរឆ្នាំ ហើយ ។ ពួកចាមចាញ់ដៃពួកអាណ្ណាមបានលើកព្រះអង្គម្ចាស់មហាគ្វីឡៃ ដែលត្រូវជាព្រះភាគិនេយ្យរបស់ស្ដេចមុនហើយមានដើមកំណើតចេញពី ចាម្ប៉ា ដែលអាណ្ណាមធ្លាប់ដណ្ដើមយកបានរួចមកហើយ ឱ្យឡើងសោយរាជ្យ ។ ព្រះអង្គម្ចាស់ចាមមួយអង្គទៀតដែលមិនព្រមចុះចូលជាមួយអាណ្ណាមមាន ព្រះនាមថា ពោធិរុង្គក្លាត្រាគ្រុត ឬពោធិភីនួស អាណ្ណាមហៅថា គ្វីដូ បាន កេណ្ឌទ័ពជាច្រើនវាយលុកលុយអាណ្ណាម ។ ស្ដេចនេះដណ្ដើមបានខែត្រ ២ ប៉ុន្ដែត្រូវដកថយវិញនៅក្នុងឆ្នាំ១៤៤៥ ក្រោមការវាយប្រហារពីស្ដេចអាណ្ណាមឡេញ៉ាញ់តុង (44) ដែលដឹកនាំទ័ពជា ៣កង វាយដណ្ដើមយកទឹកដីមកវិញ និងតាមវាយរហូតដល់មកក្នុងព្រះរាជាណាចក្រថែមទៀត ។ ពេលនោះស្ដេចចាមបានបញ្ជូនសារមកសុំជំនួយពីព្រះស្រីសុរិយោទ័យ តាមរយៈចៅហ្វាយ ខែត្របារាជដុងណាយ ។ ព្រះស្រីសុរិយោទ័យមិនបានបញ្ជូនទ័ពទៅជួយចាមទេ ព្រះអង្គមានព្រះបន្ទូលថា ព្រះរាជាណាចក្រកំពុងតែមានសង្គ្រាមដែរ ។ គ្មានជំនួយពីខ្មែរ ស្ដេចចាមក៏ត្រូវបរាជ័យ អាណ្ណាមចាប់បានជាឈ្លើយ ហើយស្រុកចាមក៏ត្រូវបែងចែកជា «រាជាណាចក្រតូចធំ» ស្ថិតនៅក្រោមអំណាចស្ដេចចាម ផ្សេងៗដែលស្ថិតក្រោមការត្រួតត្រារបស់រ៉េស៊ីដង់អាណ្ណាមម្នាក់ ។
មាន ពួកចាមជាច្រើននាក់ជាពិសេសគឺពួកដែលបានតស៊ូប្រយុទ្ធរហូតដល់ ដំណាក់កាលចុងក្រោយ រួមមានពួកមន្ដ្រី និងសេនាហែហមផង មិនព្រមទទួលយកអាណានិគមរបស់អាណ្ណាមទេ ម្ល៉ោះហើយក៏នាំគ្នារត់មកជ្រកកោននៅកម្ពុជា ។ ខ្លះទៀតគេចខ្លួនទៅរស់នៅជាមួយពួក ព្នង មោង រដែ ចារ៉ាយ និងម៉យ ។
នៅ ក្នុងឆ្នាំនោះព្រះរាជាទិសខាងជើងព្រះរាមាធិបតីដែលគង់នៅឯ អម្រឹតបូរ (បរិបូណ៌) ចន្លោះកំពង់ឆ្នាំង និង ពោធិ៍សាត់ បានសរសេរលិខិតមួយផ្ញើថ្វាយព្រះអនុជជារាជានុសិទ្ធិនៅទិសខាង ត្បូង សូមឱ្យផ្ញើព្រះខ័នរាជ្យ អាវក្រោះសម្រាប់ទាហាន សេះ និងដំរី ដែលព្រះអង្គបានប្រមែប្រមូលនៅចតុម្មុខពីមុនមកថ្វាយព្រះ អង្គ ។ ព្រះធម្មោរាជាបានប្រកែកមិនព្រមប្រគល់មកឱ្យទេ ដោយទ្រង់មានព្រះបន្ទូលថាកេតនភណ្ឌទាំងអស់ជារបស់សម្រាប់រាជធានី ប៉ុន្ដែទ្រង់យល់ព្រមផ្ញើអាវក្រោះ២០សម្រាប់ៗ ពលរទេះ ឬខ្ញុំបររទេះ ។ ព្រះរាជាខ្ញាល់ជាខ្លាំងនឹងចម្លើយរបស់ព្រះអនុជ ហើយក៏ប្រាប់អ្នកនាំសារថាព្រះអនុជបានផ្ញើអាវក្រោះពីសម័យមុន ដែលគេលែងប្រើទៅហើយ ទ្រង់មិនចង់បានទេ ។ រួចហើយក៏បានឱ្យអ្នកនាំសារនោះទៅសុំយកកេតនភណ្ឌសាជាថ្មីឡើងវិញ និងបានចាត់មនុស្សដទៃឱ្យទៅចតុម្មុខជួយសុំជាច្រើនដងផងដែរ តែឥតប្រយោជន៍ ។ ព្រះធម្មោរាជាបដិសេធមិនព្រមប្រគល់ព្រះខ័នរាជ្យ អាវក្រោះ សេះ និងដំរី មកថ្វាយព្រះរៀមទេ ។
នៅ គ្រិស្ដសករាជ ១៤៦៨ ត្រូវនឹងមហាសករាជ ១៣៩០ និងចុល្លសករាជ៨៣០ ព្រះធម្មោរាជាដែលកាលពីប៉ុន្មានឆ្នាំមុនប្រកែកមិនព្រមឡើង សោយរាជ្យ បានឱ្យគេអភិសេកព្រះអង្គក្រោមព្រះនាមថា «សម្ដេចស្ដេចព្រះរាជឱង្ការ ព្រះធម្មោរាជាធិរាជរាមាធិរាជាធិបតី ព្រះរាជានៃកម្ពុជា» ។ ពេលនោះទ្រង់មានព្រះជន្ម២២ព្រះវស្សា ។ ព្រះមហេសីទី១របស់ព្រះអង្គដែលជាប់សាច់សារលោហិតរាជវង្ស បានត្រូវគេដំឡើងជាព្រះអគ្គមហេសី មានព្រះឋានៈជា «សម្ដេចព្រះភគវតីទេពធីតារាជទេវី» ។ បន្ទាប់មកព្រះរាជាបានកំណត់ឋានៈ និងសញ្ញាសម្គាល់បណ្ដាមន្ដ្រីព្រះរាជវាំង សមាជិកព្រះរាជវង្សានុវង្ស ហើយបានលើកបណ្ដាអ្នកដែលតាមដង្ហែព្រះអង្គ ជាមន្ដ្រីទាំងអស់ (45) ។
ដំណឹងអំពីការលើកព្រះ ធម្មោរាជា ឱ្យឡើងសោយរាជ្យដូច្នេះ បានធ្វើឱ្យព្រះរាជាស្រីរាមាធិបតី រឹតតែខ្ញាល់ខ្លាំងឡើង ។ ព្រះអង្គហៀបតែនឹងរៀបចំទ័ពធ្វើដំណើរមកវាយដណ្ដើមយកចតុម្មុខ បណ្ដេញស្ដេចជ្រែករាជ្យចេញទៅហើយ ស្រាប់តែស្ដេចបះបោរមួយអង្គទៀតគឺ ព្រះស្រីសុរិយោទ័យ ដែលគង់នៅឯ ស្រីសន្ធរ បានវាយដណ្ដើមយក ស្ទឹងត្រង់ បាននៅដើមរដូវវស្សា ។ ទ័ពដែលកេណ្ឌបម្រុងយកមកវាយស្ដេចនៅចតុម្មុខក៏ត្រូវបំបែរឱ្យទៅ វាយស្ដេចនៅស្រីសន្ធរវិញ ។ មានការជួបប្រយុទ្ធជាច្រើនលើកច្រើនសានៅក្នុងខែត្រស្ទឹងត្រង់ ក៏ប៉ុន្ដែគ្មានឈ្នះគ្មានចាញ់ ។ ពេលរដូវសាបព្រោះមកដល់ ទ័ពទាំង២ខាងក៏រំសាយចេញដើម្បីឱ្យពលទាហានទៅធ្វើស្រែចម្ការសិន (១៤៦៩) ។
ព្រះរាជាណាចក្រ មានស្ដេច៣ព្រះអង្គប្រឆាំងគ្នានៅសោយរាជ្យ ៣កន្លែង ប៉ុន្ដែមិនច្បាំងគ្នាទេ ហាក់បីដូចជាបានទទួលស្គាល់ការបែងចែកទឹកដីរវាងគ្នានឹងគ្នាមាន សន្ដិភាពបណ្ដោះអាសន្នចាប់តាំងពីឆ្នាំ១៤៦៧ រហូតដល់ឆ្នាំ ១៤៧៣ ទើបចាប់មានការប្រយុទ្ធគ្នាឡើងវិញ ។
នៅ ឆ្នាំ១៤៧៤ ព្រះរាជាទិសខាងជើង ក្រោយពីរៀបចំកសាងទូកសំពៅបានមួយចំនួន និងប្រមែប្រមូលស្បៀងគ្រប់គ្រាន់ ក៏ចាប់ផ្ដើមបើកការវាយប្រហារទៅលើព្រះភាគិនេយ្យជាស្ដេចនៅ ស្រីសន្ធរ ។ ព្រះរាជាស្រីសន្ធរ បានបញ្ចេញកម្លាំងទ័ពសន្ធឹកសន្ធាប់ទប់ទល់តវិញ ទាំងខាងជើងទឹកទាំងខាងជើងគោកធ្វើឱ្ យព្រះរាជាទិសខាងជើង មិនអាច ធ្វើអ្វីបាន ។ ពេលនោះ ព្រះរាជានៅឯ ចតុម្មុខ ក៏បានរៀបចំកម្លាំងទ័ពផងដែរ ត្រៀមខ្លាចក្រែងការប្រយុទ្ធហៀរមកដល់នឹងអាលច្រានចេញ ទោះជាមកពីខាងជើង ឬពីខាងកើតក្ដី ។
អាស្រ័យ ដោយព្រះរាជាទាំង ៣ ព្រះអង្គ និងពលរេហ៍ទាំងអស់ត្រូវកាន់អាវុធត្រៀមជាប់ជានិច្ច និងដោយសង្គ្រាមផ្ទៃក្នុងអូសបន្លាយផងនោះ បណ្ដាលឱ្យប្រទេសមានអនាធិបតេយ្យជាខ្លាំង ។ នៅតាមស្រុកស្រែចម្ការមានកើតចោរ ខ្មួញ អំពើលួចឆក់កើនឡើង ធ្វើឱ្យប្រជានុរាស្ដ្រដែលត្រូវរងការឆក់ប្លន់ជាប់ជានិច្ច រងទុក្ខវេទនាជាខ្លាំង ។ ម្យ៉ាងទៀត រាជាណាចក្រត្រូវរងការគំរាមពីពួកសៀមថែមទៀត ដែលលូកដៃចូលមកផ្ទៃក្នុង ដោយមានសំណូមពរអន្ដរាគមន៍ពីព្រះធម្មោរាជាដែលបានផ្ញើសារលិខិតមួយ ច្បាប់ទៅស្ដេចសៀម ។
សៀមចូល លុកលុយកម្ពុជានៅដំណាច់រដូវវស្សា ក្នុងខែអស្សុជ ប្រើទ័ព ៣ ម៉ឺន នាក់ដឹកនាំដោយចៅពញាម្នាក់ ព្រះស្រីជាតិកម្នាក់ និងដោយព្រះតេជោដែលជារាជទូតរបស់ព្រះធម្មោរាជាមកចុះកប៉ាល់នៅ ខែត្រកំពត និងពាម (សព្វថ្ងៃគឺហាទៀង) រួចដើរតាមផ្លូវ បន្ទាយមាស សំដៅមករក ចតុម្មុខ ។ ចំណែកឯស្ដេចសៀមវិញដែលគ្រងសម្លៀកបំពាក់ចម្បាំង បានយាងលើខ្នងដំរីចេញដំណើរមក បាត់ដំបង ។ ស្ដេចសៀមមានទ័ពស្រួចមួយកងស្ថិតនៅក្រោមបញ្ជាការរបស់ឧកញ៉ា ក្រឡាហោម មេទ័ពខាងជើងទឹក ទ័ពស្លាបឆ្វេងមួយកង បញ្ជាដោយឧកញ៉ាចក្រី មេទ័ពដំរី ឬរដ្ឋមន្ដ្រីខាងសង្គ្រាម ហើយនិងទ័ពស្លាបស្ដាំមួយកងទៀតស្ថិតនៅក្រោមបញ្ជាការរបស់ពញាព្រះ ឃ្លាំង រដ្ឋមន្ដ្រីខាងសេដ្ឋកិច្ច ។
ពេល នោះព្រះធម្មោរាជាបានដឹកនាំទ័ពចេញពីចតុម្មុខ ធ្វើដំណើរឆ្ពោះទៅទិសខាងជើង ។ ទ្រង់បានយាងមកបោះជំរំនៅអម្រឹតរណបុរៈ សង់រាជពន្លាមួយរង់ចាំទទួលស្ដេចសៀម ដែលយាងកាត់តាម បាត់ដំបង ពោធិ៍សាត់ និង ក្រាំង ។
ស្ដេចសៀម និងព្រះធម្មោរាជាជួបគ្នានៅបរិបូណ៌នោះហើយដោយស្ដេចសៀមមានព្រះជន្មតិចជាងទ្រង់ហៅព្រះធម្មោរាជាថា ព្រះរៀម ឯព្រះធម្មោរាជាហៅស្ដេចសៀមថា ព្រះអនុជ ។ ស្ដេចទាំង២អង្គពិភាក្សាគ្នាអំពីផែនការប្រយុទ្ធដែលត្រូវអនុវត្ដ រួចបានដឹកនាំទ័ពសំដៅទៅឡោមព័ទ្ធវាយ ខែត្រកំពង់សៀម ដែលជា រាជធានីរបស់ព្រះរាជាទិសខាងជើង ។
ព្រះរាជា ទិសខាងជើងស្រីរាមាធិបតី ក៏ប្រជុំនាម៉ឺនសព្វមុខមន្ដ្រីសាកសួរយោបល់ មន្ដ្រីមួយចំនួនថ្វាយព្រះយោបល់ថា ដោយព្រះអង្គមានទ័ពតិចជាងទ័ពសត្រូវ ណាមួយស្បៀងក៏ខ្វះខាតផង ព្រះអង្គមិនគួរប្រយុទ្ធតបតទេ គួរសាកល្បងសុំចងសម្ព័ន្ធមេត្រីជាមួយព្រះរាជា ចតុម្មុខវិញ ។ ក៏ប៉ុន្ដែពួកមេទ័ពប្រកែកមិនព្រមឯកភាពជាមួយមតិក្បត់បែបនេះទេ គេប្រកាសថាត្រូវតែធ្វើសង្គ្រាមរហូតអវសានជីវិតដើម្បីការពារ ព្រះរាជាណាចក្រប្រឆាំងនឹង ពួកសៀម និងពួកខ្មែរក្រុមស្ដេចធម្មោរាជា ។ ព្រះស្រីរាមាធិបតីបានយល់ស្របតាមមតិពួកមន្ដ្រីដែលមិនចង់ធ្វើ សង្គ្រាម ហើយបានសម្រេចថានឹងសុំចុះចាញ់ព្រះអនុជជាព្រះរាជាជ្រែករាជ្យនៅ ចតុម្មុខ ។ ទ្រង់បានចាត់ឧកញ៉ាយោមរាជ រដ្ឋមន្ដ្រីយុត្ដិធម៌ និងឧកញ៉ាវាំង ជារដ្ឋមន្ដ្រីទទួលកិច្ចការព្រះរាជវាំង ឱ្យទៅចរចាពីការសុំចុះចូលរបស់ព្រះអង្គនេះ ។
គេ បានឯកភាពគ្នាថានឹងរៀបចំឱ្យមានការជួបគ្នារវាងស្ដេចទាំង ៣អង្គ នៅក្នុង ខែត្រសំរោងទងក្នុងជំរំមួយដែលគេសង់ព្រះពន្លាជាបន្ទាន់ សម្រាប់ព្រះរាជា និងមន្ដ្រីរបស់ព្រះអង្គដែលយាងមកដោយមិនមានអាវុធជាប់មកជាមួយផង ទេ ។ ស្ដេចសៀមបានប្រកាសថា ព្រះអង្គដែលយាងមកកម្ពុជាពេលនេះ គឺដើម្បីជួយរៀបចំសន្ដិភាព និងបញ្ចប់សង្គ្រាមរវាងព្រះបិតុលា និងព្រះភាគិនេយ្យដែលមានរយៈពេលជាយូរយារណាស់មកហើយ ហើយមិនមានឈ្នះមានចាញ់ ។ រួចទ្រង់មានបន្ទូលទៅកាន់ព្រះរាជាកម្ពុជាថា «ដើម្បី ផលប្រយោជន៍ព្រះពុទ្ធសាសនា និងដើម្បីរៀបចំប្រទេសទាំងមូលឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ សូមស្ដេចយាងចេញពីព្រះនគរទៅគង់នៅឯប្រទេសសៀម ហើយសូមប្រគល់ព្រះរាជបុត្ររបស់ព្រះអង្គ ពញាអុង ឱ្យទូលព្រះបង្គំធ្វើជាបុត្រចិញ្ចឹម ថែរក្សាតទៅ ។ មន្ដ្រីទាំងអស់អាចនឹងតាមព្រះអង្គទៅស្រុកសៀម ឬមិនទៅតាមចិត្ដចង់» ។
មាន ព្រះបន្ទូលចប់ ស្ដេចសៀមដាក់បញ្ជាឱ្យពលសេនាតាមពិនិត្យសកម្មភាពរបស់ព្រះរាជា កម្ពុជាឱ្យជាប់ រួចយាងចូលក្នុងព្រះពន្លាបាត់ទៅ រួចហើយបានចាត់មន្ដ្រីម្នាក់ឱ្យទៅយាង ព្រះស្រីសុរិយោទ័យ មកជួប ព្រះអង្គ ។ ស្ដេចដណ្ដើមរាជ្យទិសខាងកើតនេះរីករាយខ្លាំងណាស់នឹងឃើញព្រះបិតុលា ស្រីរាមាធិបតីជាប់ជាចំណាប់ខ្មាំងរបស់ស្ដេចសៀម ។ ទ្រង់មានព្រះតម្រិះថាព្រះរាជាណាចក្រនឹងត្រូវបែងចែកតែ ២ចំណែក រវាងខ្លួនព្រះអង្គ និងព្រះបិតុលាធម្មោរាជាដែលមានព្រះជន្មតិចជាងព្រះអង្គផងនោះ ទ្រង់ក៏យាងមកជួបស្ដេចសៀម ។
ពេល មកដល់ ព្រះស្រីសុរិយោទ័យឃើញព្រះធម្មោរាជាគង់នៅចាំជាមួយស្ដេចសៀមនៅក្នុង ព្រះពន្លាជាស្រេច ។ ស្ដេចសៀមទទួលស្វាគមន៍ព្រះអង្គពីលើព្រះពន្លាមក ដោយមានព្រះបន្ទូលថា ព្រះអង្គបានធ្វើសង្គ្រាមជាមួយព្រះបិតុលាយូរហើយមិនចាញ់មិនឈ្នះ ឥឡូវនេះ ព្រះបិតុលាបានសម្រេចយាងចេញពីព្រះនគរទៅគង់នៅឯស្រុកសៀមហើយ ដូច្នេះវាមិនយុត្ដិធម៌ទេបើសិនជាព្រះអង្គនៅគង់ក្នុងប្រទេស ។ បន្ទាប់មក ស្ដេចសៀមបានយាងព្រះសុរិយោទ័យចូលក្នុងបន្ទាយ រង់ចាំពេលចេញដំណើរទៅកាន់ស្រុកសៀម ។ ព្រះ ស្រីសុរិយោទ័យហៀបតែនឹងធ្វើតាមបញ្ជាស្ដេចសៀមទៅហើយ ស្រាប់តែទាហានរបស់ព្រះអង្គដែលពិនិត្យឃើញថាព្រះអង្គក្លាយជា ចំណាប់ខ្មាំងរបស់ស្ដេចសៀម បាននាំគ្នាសម្រុកចូលមកក្នុងបន្ទាយតាមព្រះអង្គ ក៏កើតជាជម្លោះឡើងជាមួយទ័ពសៀមដែលរារាំងផ្លូវ ប៉ុន្ដែត្រូវដេញវាយបែកខ្ញែកគ្នាទៅស្រុកវិញអស់ ។
១៥. ព្រះធម្មោរាជា (១៤៦៨-១៥០៤)
ព្រះ ធម្មោរាជា និងព្រះរាជាសៀមបានធ្វើដំណើរជាមួយកងទ័ពមកកាន់ លង្វែក ដោយនាំយកព្រះរាជាចំណាប់ខ្មាំងទាំង ២អង្គ ដែលត្រូវយកទៅកាន់ អយុធ្យាមកជាមួយផង ។ មកដល់រាជធានីរបស់កម្ពុជាខាងជើងនេះ ស្ដេចទាំង២បានថ្វាយវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក រួចហើយស្ដេចសៀមក៏បន្ដដំណើរទៅ ពោធិ៍សាត់ បាត់ដំបង មង្គលបុរី ស្រីឫស្សីសាញ់ បាទង និង ទងកែ សំដៅទៅរកព្រះរាជធានីព្រះអង្គទៅ (46) ។ បណ្ដាគ្រួសារសៀមដែលស្ដេចខ្មែរបានកេណ្ឌមកជាមួយពីមុន ក៏នាំគ្នាធ្វើដំណើរតាមទ័ពសៀមត្រលប់ទៅស្រុកវិញដែរ ។ នៅ ពេលនោះ ព្រះធម្មោរាជាបានយាងត្រលប់មកកាន់ចតុម្មុខវិញ រួចហើយទ្រង់បានចេញបញ្ជាឱ្យទ័ពសៀមដែលធ្វើដំណើរមកតាមសមុទ្រ ប្រញិបប្រញាប់ចុះទូកចេញតាមស្ទឹងបន្ទាយមាស និង ពាម ត្រលប់ទៅវិញដែរ ។
និយាយ ពីស្ដេចសៀមវិញ ក្រោយពីឆ្លងផុតព្រំប្រទល់ដែនហើយ បានបញ្ជាឱ្យទ័ពបោះជំរំសម្រាក៣ថ្ងៃ ។ នៅពេលនោះ ព្រះរាមាធិបតី ដែលប្រកែកពុំព្រមសោយអាហារ និងមិនព្រមស្រង់ទឹកចាប់តាំងពីពេលចេញដំណើរពីលង្វែកមក ក៏ធ្លាក់ខ្លួនប្រឈួនរួចសុគតទៅដោយទុក្ខសោកសង្រេង និងអត់អាហារ ។ ស្ដេចសៀមបានរៀបចំសពព្រះរាជាដាក់ក្នុងមឈូសប្រគល់ឱ្យពញាអុង ជារាជបុត្ររបស់ព្រះអង្គ ។ ព្រះពញាអុងនេះ ស្ដេចសៀមបានសុំធ្វើជាបុត្រចិញ្ចឹម រួចថ្វាយព្រះឋានៈជា «ព្រះសុផានរាជា» គឺជាឋានៈរបស់ព្រះរាជបុត្រច្បងរបស់ស្ដេចនៅស្រុកសៀម ។ ក្រោយមក ស្ដេចសៀម បានលើកឱ្យធ្វើជាចៅហ្វាយខែត្រសុវណ្ណលោក និងរៀបអភិសេក បុត្រីរបស់ព្រះអង្គឱ្យជាព្រះជាយា ។
ចំណែក ព្រះសុរិយោទ័យវិញ បានសុគតបាត់ទៅ ក្រោយពីយាងទៅដល់អយុធ្យាបាន ១៥ថ្ងៃ ។ អស់ អ្វីនឹងគួរឱ្យបារម្ភទៀត ព្រះធម្មោរាជា បានដឹកនាំកម្ពុជាប្រកបដោយយុត្ដិធម៌ ។ ទ្រង់បានដំឡើងឋានៈសេនាដែលស្មោះត្រង់នឹងព្រះអង្គឱ្យកាន់មុខងារ សំខាន់ៗក្នុងព្រះរាជាណាចក្រ រួចបានចាត់ឱ្យកសាងសាលាឆទានដើម្បីទ្រង់យាងមកចែកអំណោយឱ្យ ប្រជារាស្ដ្រក្រីក្រ ។ នៅឆ្នាំ១៤៩៥ នៃគ្រិស្ដសករាជ ទ្រង់បានលើកលែងមិនឱ្យយកពន្ធងារពីប្រជារាស្ដ្រចំនួន៣ឆ្នាំ។
រាជពង្សាវតារ បានលើកអំពីព្រះរាជាអង្គនេះថាជាក្សត្រឧស្សាហ៍ព្យាយាម ចូលចិត្ដការសិក្សា ហើយទ្រង់ចេះចាំរត់មាត់គម្ពីរព្រះត្រៃបិដកចាប់ពីដើមរហូតដល់ ចប់ ។ ព្រះអង្គបានបរិច្ចាគរាជទ្រព្យជាច្រើនដាក់ទានឱ្យប្រជារាស្ដ្រ ហើយបានសុំខមាទោសអំពីសំណាក់សាសនិកជន ។ គេនិយាយថាព្រះអង្គថែមទាំងបានអធិប្បាយអំពីព្រះធម្មចក្រកប្បវត្ដន សូត្រចែកជូនមន្ដ្រីសេនាបតីរបស់ព្រះអង្គជាទីសណ្ដាប់ទៀតផង ហើយទ្រង់ឈ្វេងយល់ថា ព្រះអង្គគឺជាព្រះពោធិសត្វមួយអង្គ ។
គេ និយាយថា ក្រោយពីទ្រង់យល់សុបិនមួយរួចមក ព្រះអង្គបានចាត់ឱ្យកសាងវិហារ និងចេតិយនៅ ភ្នំសន្ទុក និងបានចាត់ឱ្យឆ្លាក់ចម្លាក់រាក់រៀបរាប់អំពីព្រះពុទ្ធអង្គគង់ឈរ និងផ្ទុំ រូបគ្រុឌ រូបព្រហ្ម និងរូបសិង្ហ នៅលើភ្នំនេះផងដែរ ។ ពីរឆ្នាំ ក្រោយមក គេបាននាំយកព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ដែលគេនិយាយថា ព្រះថោង បានទទួលមុនពេលព្រះអង្គយាងចេញពីឥណ្ឌាមកកាន់កម្ពុជា យកមកបញ្ចុះនៅក្នុងព្រះចេតិយនេះ ។ គេបានរៀបចំធ្វើពិធីសម្ពោធព្រះចេតិយនេះចំនួន ១៥ថ្ងៃក្នុងដើមខែ កត្ដិក ឆ្នាំ១៤៨៧ (47) ។ ក្នុងពិធីនោះព្រះរាជាបានសាងព្រះផ្នួស មានព្រះនាមថា «ព្រះមល្លិវ័នបុគ្គលោស្វាមិ» ។ នៅពេលលាចាកសិក្ខាបទមកវិញទ្រង់បានធ្វើអំណោយដល់វត្ដថ្មីនេះនូវ ភូមិចំនួន២១ ស្រែចំនួន២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១គ្រឿង រទេះក្របី២១គ្រឿង សេះ២១ក្បាល ដំរី២១ក្បាល (48) ឧបករណ៍តន្ដ្រីមួយសម្រាប់ ព្រមទាំងពលជាខ្ញុំប្រុសស្រីសម្រាប់ថែទាំព្រះវិហារ ព្រះចេតិយ និងចង្កៀងសម្រាប់ដុតបំភ្លឺទៀតផង ។
គេបានរកឃើញ អក្សរចារឹកនៅលើសិលាមួយដុំដែលកប់ក្នុងដី មានសេចក្ដីថា «ទូលបង្គំជាខ្ញុំ សូមប្រកូកប្រកាសដល់អស់បណ្ដាទេវតាទាំងឡាយនៅលើមេឃ ដែលប្រកបទៅដោយកម្លាំងអភិនីហារ សូមអស់លោកធ្វើជាសាក្សីចំពោះការបរិច្ចាគទាំងអស់ដែលទូលបង្គំ ជាខ្ញុំបានធ្វើចំពោះព្រះសារីរិកធាតុរបស់ព្រះពុទ្ធអង្គនេះ និងសូមឱ្យកុសលផលបុណ្យបានមកពីទាននេះ ស្ថិតស្ថេរអស់កាល ៥ពាន់ឆ្នាំទៅហោង» (49) ។ ព្រះរាជា អង្គនេះបានធ្លាក់ខ្លួនប្រឈួននៅក្នុងឆ្នាំ ១៥០៤ រួចសុគតទៅក្នុងព្រះជន្មាយុ៥៧ ព្រះវស្សា ក្រោយពីសោយរាជ្យសម្បត្ដិបាន ៣៧ឆ្នាំ គ្រប់គ្រងនៅលើព្រះរាជាណាចក្រកម្ពុជាទាំងមូល ។ គេនិយាយថា គេបានយកព្រះអដ្ឋិធាតុរបស់ព្រះអង្គទៅបញ្ចុះនៅក្នុងព្រះចេតិយ ភ្នំសន្ទុក ក្បែរព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ។
១៦. ព្រះស្រីសុគន្ធបទ (១៥០៤-១៥១២)
ព្រះរាជបុត្រច្បងរបស់ ព្រះធម្មោរាជា ព្រះនាមថា ដង្ខត្ដិយរាជា ដែលមានព្រះជន្ម៣២ព្រះវស្សាបានឡើងសោយរាជ្យបន្ដពីព្រះបិតា ដោយមានព្រះអភិសេកនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះស្រីសុគន្ធបទ ព្រហ្មព្រឹទ្ធរាជាធិរាជរាមាធិបតី ព្រះចៅមហានគរកម្ពុជាធិបតី» ។ ការលើកព្រះសុគន្ធបទឱ្យឡើងសោយរាជ្យនេះបានធ្វើឱ្យព្រះអនុជរបស់ព្រះអង្គព្រះនាម ព្រះចន្ទរាជា មិនសប្បាយព្រះទ័យ ក៏យាងមកគង់នៅឯ ចតុម្មុខ កេណ្ឌទ័ពបះបោរប្រឆាំងឡើង (50) ។ ព្រះចន្ទរាជា នេះ ទ្រង់ប្រសូតនៅពេលដែលមានចន្ទ្រគ្រាស ដោយហេតុនេះហើយទើបបានជាគេថ្វាយព្រះនាមដូច្នេះ ។
ក្រោយ អភិសេកបានបន្ដិច ស្ដេចសុគន្ធបទ បានយាងចាកចោល រាជធានីលង្វែក មកគង់នៅ ទួលបាសាន ក្នុង ខែត្រស្រីសន្ធរ វិញ ជាទីកន្លែងដែលព្រះអយ្យកោរបស់ព្រះអង្គ ចៅពញាយ៉ាត បានជ្រើសរើសជារាជធានីមុន នឹងយាងទៅគង់នៅឯចតុម្មុខ ឬភ្នំពេញ ។ រាជពង្សាវតារនិយាយថាព្រះអង្គសព្វព្រះទ័យនឹងទីតាំងនេះដែលងាយស្រួល ក្នុងការការពារ ពីព្រោះស្ថិតនៅចន្លោះ បឹងធំមួយនៅខាងកើត និងទន្លេមេគង្គនៅខាងអាគ្នេយ៍ និងព្រៃ ។
នៅពេលនោះ (51) មានបុរសម្នាក់ឈ្មោះថា ពិជ័យនាគ និងប្រពន្ធឈ្មោះថា ម៉ែបាន មានដើមកំណើតជាពលព្រះ (52) បានយកបុត្រីរបស់ខ្លួនដែលមានរូបរាងស្អាតប្រិមប្រី មកថ្វាយព្រះរាជា (53) ។ ព្រះរាជាបានតែងតាំងនាងជាស្នំឯក ពោលគឺជាស្នំឆ្នើមជាងគេបន្ទាប់ពីព្រះមហេសី រួចលើកពិជ័យនាគជាមន្ដ្រី ឯម៉ែបាន ត្រូវតែងតាំងជា នាគម៉ែបាន និងតែងតាំងប្អូនប្រុសស្នំឯក ឈ្មោះ នាយកន ជាមហាតលិក ។ ក្រោយមក ពលព្រះនេះបានទទួលឋានៈជា «ឧកញ៉ាម៉ឺនស្នេហាចមចិត្ដ» ។
គ្រួសារ នេះដល់ពេលមានទ្រព្យធនបានក្លាយជាទៅជាគ្រួសារមួយមានឥទ្ធិពលនៅ ក្នុងប្រទេសហើយមានមនុស្សជាច្រើនចូលមករកសុំជ្រកកោន (54) ។ គឺនៅពេលនោះហើយដែលព្រះរាជាសម្រេចព្រះទ័យចង់លស់លាស្នំឯក និងប្អូនប្រុស ឱ្យរួចចាកពី ឋានៈជាពលព្រះ ពីព្រោះថាតាមធម្មតាអ្នកណាកើតមកជាពលព្រះ នៅតែជាពលព្រះរហូត បើទោះបីជាមានការលើកតម្កើងដូចម្ដេចក្ដី ។ ទ្រង់បានសាកសួរយោបល់សេនាមន្ដ្រីៗទូលតបទៅវិញថា គ្រួសារពលព្រះមិនអាចនឹងរួចចាកពីឋានៈនេះបានទេ ពីព្រោះថានៅពេលដែលគេប្រគល់គ្រួសារណាមួយឱ្យទៅជាពលព្រះ គឺគេប្រគល់សម្រាប់រយៈពេល ៥ពាន់ឆ្នាំ ទោះជាព្រះរាជាក៏មិនអាចអនុវត្ដរំលងច្បាប់នេះ ចំពោះមនុស្សដែលមិនគោរពសាសនាព្រះពុទ្ធ និងរំលងភ្នែកប្រជាជនបានដែរ ។
មួយ ខែក្រោយមក នៅពេលដែលព្រះរាជាហាក់ដូចជាភ្លេចបំណងចង់លស់លានោះទៅហើយ ស្រាប់តែស្នំឯកធ្លាក់ខ្លួនឈឺ ។ ដោយព្រះរាជាសព្វព្រះទ័យនឹងនាងខ្លាំងពេក ទ្រង់បានបន់ស្រន់ថាសូមឱ្យនាងជាសះស្បើយវិញចុះព្រះអង្គនឹងរក្សា ឋានៈជាពលព្រះរបស់នាងដោយសង់វត្ដមួយសម្រាប់ឱ្យនាងមកបំពេញ កាតព្វកិច្ចចំពោះព្រះពុទ្ធជាប្រចាំ ។ ស្នំឯកបានជាពីជំងឺដូចព្រះទ័យមែន ព្រះរាជាទ្រង់បញ្ជាឱ្យសាងសង់វត្ដមួយតាមការបន់ស្រន់ ដោយបោះសីមានៅគ្រប់ជ្រុងដី ។ រួចហើយទ្រង់ឱ្យបាំងក្រណាត់អមផ្លូវដើរចេញពីព្រះរាជវាំងទៅកាន់ វត្ដនោះ ដើម្បីកុំឱ្យគេមើលឃើញស្នំឯកធ្វើដំណើរទៅកាន់វត្ដរាល់ថ្ងៃសីល បោចស្មៅជុំវិញព្រះវិហារដូចដែលពួកពលព្រះតែងតែធ្វើ ។ ក្រោយមកទៀតទ្រង់បានឱ្យផ្លាស់ក្រណាត់ ដោយដាំឈើជារបងខ្ពស់ៗវិញ ហើយវត្ដនោះ ក៏ត្រូវគេហៅថាជា វត្ដព្រៃបាំង រហូតមក ។ ព្រះរាជាមានរាជបុត្រជាមួយស្នំឯកនេះមួយអង្គព្រះនាមថា ពញាយស ។
ព្រះរាជា ក៏ចង់ដំឡើងឋានៈឱ្យប្អូនប្រុសរបស់ស្នំឯកឡើងជាមន្ដ្រីដែរ តែព្រះអង្គខ្លាចមានពាក្យនិន្ទាពីនាម៉ឺន សព្វមុខមន្ដ្រី ដែលចងចាំមិនភ្លេចនូវឋានៈជាពលព្រះរបស់គេ ម្ល៉ោះហើយបានត្រឹមតែដំឡើងឱ្យទៅជា «ឃុនហ្លួងព្រះស្ដេចសមហសេនាធិបតី» ដែលមានមន្ដ្រី៤រូបនៅក្រោមបញ្ជាត្រួតត្រាលើពលព្រះទាំងអស់ និងជាអ្នកត្រួតពិនិត្យទំនៀមទម្លាប់ប៉ុណ្ណោះ (៥៥) ។ ទ្រង់ក៏ឱ្យទទួលបន្ទុកផងដែរក្នុងការដាក់ទោសពិន័យចំពោះអំពើ ឆ្គាំឆ្គងទាំងឡាយ មានការមិនគោរពអាចារ្យ អ្នកប្រាជ្ញ និងចាស់ព្រឹទ្ធាចារ្យ ជាដើម ។
បាន ឡើងជាមន្ដ្រីធំម្នាក់ហើយត្រូវជាប្អូនថ្លៃរបស់ព្រះរាជា និងជាឪពុកមារបស់ព្រះរាជបុត្រផងនាយកនភ្លេចកំណើតដើមរបស់ខ្លួនជា ពលព្រះ ហើយចាប់តាំងមាក់ងាយមន្ដ្រីឯទៀតៗ ធ្វើឱ្យមន្ដ្រីទាំងនោះនាំគ្នាស្អប់គុំជាខ្លាំង ចង់តែរាយការណ៍ថ្វាយព្រះរាជា ។
ថ្ងៃមួយ ក្នុងខែចេត្រ ឆ្នាំ១៥០៨ នៅពេលរាត្រីបន្ទាប់ពីថ្ងៃចូលឆ្នាំទី១ ព្រះរាជាបានយល់សុបិនឃើញថា ព្រះនគរមានកោលាហល ព្រះអង្គ និងពលសេនាទាំងឡាយត្រូវ សត្វនាគ ធំមួយដេញព្រួសពិស និងភ្លើងដាក់ធ្វើឱ្យឆេះឆាបរាជធានី រួចនាគនោះបានមកឆក់យកស្វេតច្ឆត្រពាំរត់ទៅទិសខាងកើតបាត់ ទៅ ។ ព្រះរាជាភិតភ័យតក្កមានឹងសុបិននេះ ទ្រង់ក៏យាងទៅកាន់រោងជំនុំដែលមានរាជវង្សានុវង្ស និងមន្ដ្រីអ្នកមុខអ្នកការចាំគាល់នៅទីនោះ ។ គេនាំគ្នាថ្វាយព្រះគង្គា ថ្វាយទៀន និងមាលាដល់ព្រះអង្គ ព្រះអង្គក៏ថ្វាយព្រះពរដល់អ្នកទាំងអស់គ្នាឱ្យបានសេចក្ដីសុខ សប្បាយ ស្រាប់តែទ្រង់បែរព្រះភ័ក្ដ្រមើលចំឃុនហ្លួងកនឃើញមាននាគ២ញី ឈ្មោលនៅពីលើក្បាល ។ ឆ្ងល់ណាស់ ទ្រង់ក៏សួរទៅអ្នកដែលនៅជិតព្រះអង្គ តើមានមើលឃើញនាគទាំង២ដូចព្រះអង្គដែរទេ គេឆ្លើយថា មិនឃើញទេ ជាហេតុធ្វើឱ្យព្រះអង្គរឹតតែព្រួយបារម្ភខ្លាំងឡើងៗ ។ នៅ ពេលនោះចៅហ្វាយ ខែត្របាត់ដំបង បានទូលព្រះរាជាថា ទឹកជ្រោះភ្នំបាណន់ ដែលគេតែងតែត្រងយកមកថ្វាយព្រះរាជាស្រង់នោះ ស្រាប់តែឥឡូវនេះប្រែជាមាន ពណ៌ក្រហមដូចល័ក្ដ ។ ព្រះរាជាទ្រង់វិតក្កខ្លាំងណាស់ពេលយាងចូលក្រឡាបន្ទំ ទ្រង់បានឱ្យគេហៅ ព្រះឥសីផាតមហារាជគ្រូ ជាមេក្រុមបារគូ និងព្រះហោរាធិបតីចូលគាល់រួចទ្រង់អធិប្បាយអំពីសុបិនរបស់ព្រះ អង្គ និងនាគដែលព្រះអង្គទតឃើញក្នុងសាលប្រជុំ ។ មេក្រុមបារគូទូលព្រះរាជាថា កាលពីព្រឹកនោះ លោកបានពិនិត្យឃើញថា ព្រះខ័នរាជ្យមានច្រែះទាំងនៅក្នុងស្រោម ដែលជាប្រផ្នូលមិនល្អទេចំពោះព្រះរាជាណាចក្រ ។ ចំណែកហោរាវិញបានទូលព្រះអង្គថាបើតាមក្បួនលេខអត្ដៈសុបិនរបស់ ព្រះរាជា និងការទតឃើញនាគរបស់ព្រះអង្គជាសញ្ញាបញ្ជាក់ថា នឹងមាន មនុស្សកើតឆ្នាំរោង មកដណ្ដើមរាជបល្ល័ង្កពីព្រះអង្គ ហើយទៅសោយរាជ្យនៅទិសខាងកើត ។
ព្រះរាជា ភិតភ័យខ្លាំងណាស់ ព្រោះឃុនហ្លួងកនកើតឆ្នាំរោង ហើយ ការឆ្មើងកន្ទ្រើង របស់ឃុនហ្លួងកន កន្លងមក ដែលធ្វើឱ្យនាម៉ឺនសព្វមុខមន្ដ្រីខឹងសម្បាស្អប់គ្រប់គ្នា ក៏ជាសញ្ញាមួយបញ្ជាក់ថា អាចនឹងបង្កគ្រោះដល់ព្រះអង្គបានមែន ។ ម្ល៉ោះហើយទ្រង់ក៏សម្រេចព្រះទ័យត្រូវតែ កម្ចាត់ឃុនហ្លួងកន នេះចេញ គឺសម្លាប់នៅថ្ងៃស្អែក ពេលទ្រង់ចេញបង់សំណាញ់ ។
ស្នំ ឯកជាបងនាយកនដែលពួននៅពីខាងក្រោយទ្វារ បានស្ដាប់ឮព្រះឱង្ការរបស់ព្រះរាជាមិនសូវច្បាស់ទេ ហើយក៏មិនយល់ទាំងអស់ដែរ តែកាត់យល់ថា ព្រះរាជាច្បាស់ជារៀបផែនការអ្វីមួយប្រឆាំងនឹងប្អូនហើយ ។ ដល់ស្អែកឡើង នាងបានទៅចូលរួមក្នុងពិធីនេសាទត្រីកំសាន្ដរបស់ព្រះរាជាជាមួយនឹង ស្រីស្នំឯទៀត និងជំទាវ ឃុនណាង ជាភរិយាមន្ដ្រីទាំងឡាយដែរ ដោយនាងគិតបារម្ភពីប្អូនខ្លាំងណាស់ក៏សរសេរសំបុត្រមួយដាក់បង្កប់ នៅក្នុងបាយពំនូតឱ្យភីលៀងអុំទូកយកទៅប្រគល់ឱ្យប្អូនប្រុស ។ ឃុនហ្លួងភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញ បងស្រីផ្ញើបាយមួយពំនូត មក ឱ្យ ក៏កាត់យល់ថាប្រាកដជាមានអ្វីសំខាន់ហើយ ទើបគេចខ្លួនទៅកំបាំងនឹងគុម្ពោតព្រៃ បើកបាយពំនូតមើលឃើញលិខិតមួយដែលមានខ្លឹមសារថា «ប្អូន ត្រូវប្រយ័ត្នខ្លួន គេចង់សម្លាប់ប្អូនហើយ ។ បើសិនជា ព្រះរាជាបញ្ជាឱ្យប្អូនលោតចូលទៅក្នុងទឹក ប្អូនមិនត្រូវប្រកែកទេ ត្រូវលោតចូលតាមព្រះរាជបញ្ជា ប៉ុន្ដែត្រូវហែលគេចខ្លួនចេញឱ្យឆ្ងាយភ្លាមពីកន្លែងនោះ ហើយកុំវិលត្រលប់មកវិញឱ្យសោះ» ។
អាន សារលិខិតចប់ ឃុនហ្លួងភាន់ភាំងស្រឡាំងកាំង និងភ័យញ័រខ្លួនចំប្រប់ ក៏លើកលិខិតដាក់លើក្បាល សំពះឡើង ហើយនិយាយទៅកាន់ទេវតាថា «ខ្ញុំម្ចាស់ ជាភីលៀងដែលស្មោះត្រង់ និងភក្ដីចំពោះព្រះរាជាខ្លាំងណាស់ ខ្ញុំមិនបានដឹងអ្វីទេ សូមទេវតាទាំងឡាយលោកជួយការពារខ្លួនខ្ញុំផង ខ្ញុំគ្មានអ្នកណាទៀតជួយការពារក្រៅពីព្រះអង្គឡើយ» ។ បន់ស្រន់រួច ឃុនហ្លួង ក៏ត្រលប់មកជួបជុំជាមួយពួកមន្ដ្រីវិញ ។
ពិធី នេសាទត្រីកម្សាន្ដក៏បានចាប់ផ្ដើម ព្រះរាជាចាប់បង់សំណាញ់ទៅរកកន្លែងដែលគេចង្អុលបង្ហាញថា មានត្រីច្រើនដែលតាមពិតមានសុទ្ធតែឫសឈើ ធ្វើយ៉ាងណាដើម្បីឱ្យសំណាញ់ជាប់ ។ បន្ទាប់មក អ្វីដែលគេបានគ្រោងទុកក៏បានកើតមានឡើង គឺព្រះរាជាបានបញ្ជាឱ្យឃុនហ្លួងកន ដែលពូកែហែលទឹក លោតចុះទៅដោះសំណាញ់ ។ កនលោត ចូលទៅក្នុងទឹកតាមព្រះរាជបញ្ជា ហើយភ្លាមនោះពួកនាម៉ឺនសព្វមុខមន្ដ្រីក៏ចាប់បង់សំណាញ់ទៅលើព្រមៗ គ្នា ដើម្បីឱ្យថប់ស្លាប់ក្នុងទឹកតែម្ដង ។ ប៉ុន្ដែអតីតពលព្រះ ជាមនុស្សឆ្លាត លោតទឹកភ្លាម ក៏មុជទៅជ្រៅ គេចផុតពីសំណាញ់ទាំងឡាយ រួចហើយបានហែលចេញទៅឆ្ងាយពីទីកន្លែងដែលមានអ្នកចង់សម្លាប់ ខ្លួន ។ ហែលឆ្ងាយបន្ដិចក៏ទៅដល់កន្លែងរាក់ អាចដើរបានក៏បន្លឹមតែក្បាលដើម្បីដកដង្ហើម ។ ទីកន្លែងដែលហែលទៅដល់នោះគឺ បឹងទទា នាយកន ក៏ពួនសម្ងំលាក់ខ្លួននៅទីនោះទៅ ។
នៅ ពេលនោះនៅឯកន្លែងបង់សំណាញ់ឯណោះវិញ គេបានសង្កេតឃើញថាគ្មានសំណាញ់ណាមួយដែលលើកមកជាប់ខ្មោចនាយកន ឡើយ ។ ព្រះរាជាបានឱ្យគេមុជទឹករាវរក ក៏មិនឃើញខ្មោច ទ្រង់ក៏ព្រះតម្រិះថា «ខ្លារួចចេញពីទ្រុងហើយ ថ្ងៃណាមួយវានឹងវិលត្រលប់មកសងគុណយើងវិញជាមិនខាន» ។ ទ្រង់បានចាត់ឱ្យសេនាទាហានតាមរកថែមទៀតតែរកមិនឃើញ ។ នាយកនបានគេចទៅដល់ទីវត្ដអារាមមួយដែលខ្លួនធ្លាប់បាននៅរៀនសូត្រ ហើយព្រះសង្ឃដែលធ្លាប់ចិញ្ចឹមបីបាច់ និងបង្ហាត់បង្រៀន បានប្រដៅថាឱ្យគេចខ្លួនទៅទិសខាងកើត ទៅរង់ចាំទទួលវាសនារបស់ខ្លួន ។
នាយ កនក៏ធ្វើតាមបណ្ដាំគ្រូ គេចលាក់ខ្លួនអស់ពេលជាយូរ រហូតដល់ថ្ងៃមួយក៏បានផ្ដែផ្ដាំឱ្យអ្នកបម្រើយកអាវុធមកឱ្យនៅក្នុង ព្រៃដារ ដែលខ្លួនកំពុងពួន រួចក៏ចេញដំណើរទៅកាន់ ខែត្របាភ្នំ ។ នាយកនបានសម្លាប់ ចៅហ្វាយខែត្របាភ្នំ នៅចំពោះមុខពួកក្រមការ ដោយលើកហេតុផលថាចៅហ្វាយខែត្របាភ្នំនេះក្បត់ ចូលដៃជាមួយ ព្រះចន្ទរាជា ដែលព្រះរាជាបានចាត់តាំងឱ្យធ្វើជាឧបរាជសោយរាជ្យនៅចតុម្មុខ តែបានត្រួតត្រាបណ្ដាអាណាខែត្រភាគខាងលិច ដើម្បីតែផលប្រយោជន៍ ផ្ទាល់របស់ខ្លួនព្រះអង្គ ។ បន្ទាប់មក ក៏និយាយទៅកាន់ពួកមន្ដ្រីដែលកំពុងតែភិតភ័យថា ខ្លួនមកនេះដើម្បីអនុវត្ដបញ្ជារបស់ព្រះរាជា ឱ្យធ្វើឃាតចៅហ្វាយខែត្រ រួចហើយកេណ្ឌទ័ពមួយកងនៅក្នុងខែត្របាភ្នំនេះ ។ ២-៣ថ្ងៃក្រោយមក នាយកនក៏ប្រកាសដំណឹងថា ទ័ពដែលខ្លួនកេណ្ឌនេះមិនមែនកេណ្ឌថ្វាយព្រះរាជាទេ គឺកេណ្ឌផ្ទាល់ខ្លួន ដើម្បីវាយដណ្ដើមយក រាជធានីបាសាន ហើយលើកក្មួយរបស់ខ្លួន ចៅពញាយស ឱ្យឡើងគ្រងរាជបល្ល័ង្ក ។ គេបាននិយាយថា «អ្នកណាដែលគ្មានបញ្ហា អ្វី ជាមួយព្រះរាជា មិនបាច់ចូលមកឡូកឡំទេ អាចធ្វើអ្វីបានតាមតែខ្លួនចង់បម្រើព្រះរាជា ។ ប៉ុន្ដែត្រូវដឹងថា នៅពេលដែលខ្ញុំដណ្ដើមបានអំណាច ពលព្រះទាំងអស់នឹងទទួលបាននូវសេរីភាពជាអ្នកជា ពួកអ្នកជាណាដែលបានបម្រើខ្ញុំនឹងក្លាយទៅជាមន្ដ្រី ហើយមន្ដ្រីណាដែលបានបម្រើខ្ញុំនឹងឡើងកាន់តែធំទៀត ទៅតាមការងារដែលគេបានធ្វើ» ។
សុន្ទរកថា នេះ បានទាក់ទាញមន្ដ្រី និងអ្នកស្រុកឱ្យមកចុះចូលជាច្រើន ហើយមិនយូរប៉ុន្មាននាយកនក៏មានកងទ័ពដ៏រឹងមាំមួយនៅក្នុង ដៃ ។ នាយកនបានចែកពលទាហានចេញជាច្រើនកង ហើយបញ្ជាឱ្យចេញវាយដណ្ដើមយកបណ្ដាខែត្រជិតខាង ។
ក្រុម បះបោរទទួលជ័យជម្នះយ៉ាងលឿន រហូតទាល់តែព្រះរាជាភ័យបារម្ភជាខ្លាំង ហើយដោយមានការថ្វាយយោបល់ពីលោកយមរាជរដ្ឋមន្ដ្រីខាងយុត្ដិធម៌ផង ទ្រង់បានចាត់ឱ្យអញ្ជើញព្រះពិជ័យនាគជាឪពុកនាយកនមកសរសេរអក្ខរា មួយច្បាប់ផ្ញើទៅអញ្ជើញកូនឱ្យឆាប់ចុះចូលមកវិញ ។ នាងស្នំឯកក៏បានសរសេរសំបុត្រមួយច្បាប់ទៅដែរ ហើយបានទាំងសន្យាថា ព្រះរាជាយល់ព្រមនឹងលើកនាយកនឱ្យឡើងជាមន្ដ្រីជាន់ខ្ពស់ម្នាក់ទៀត ផង ។ អានអក្ខរារបស់ឪពុក និងបងស្រីរួចនាយកននិយាយប្រាប់អ្នកនាំសាររបស់ព្រះរាជាថា ខ្លួននឹងត្រលប់ចូលទៅក្នុងរាជធានីវិញ ប៉ុន្ដែសូមរង់ចាំរំសាយកងទ័ព និងបញ្ជូនពួកមេៗឱ្យទៅផ្ទះអស់សិន ។ ពេលពួកអ្នកនាំសារចេញទៅផុតនាយកនបានប្រកាសប្រាប់ប្រជាជនថា ព្រះរាជាបានតែងតាំងខ្លួនឱ្យឡើងជា មេទ័ពដើម្បីវាយកម្ចាត់ចៅពញា ចន្ទរាជា ដែលទើបតែចាប់កាន់អាវុធប្រឆាំងនឹងខ្លួន និងថាបើអ្នកណាសម្លាប់ ស្ដេចក្បត់ នេះបាន ខ្លួននឹងឱ្យមាស១០០តម្លឹង ព្រមទាំងលើកឱ្យធ្វើជាមន្ដ្រីធំទៀតផង ។ មានមនុស្សជាច្រើនចង់ធ្វើការងារនេះ ហើយក្នុងរយៈពេលមួយដ៏ខ្លី នាយកនមានកម្លាំងដ៏ច្រើននៅជុំវិញខ្លួន ។
ដឹង ដំណឹងនេះ ស្នំឯកបានបញ្ជូនភីលៀងម្នាក់មកអង្វរនាយកនឱ្យបោះបង់គំនិតនេះចោល ហើយ ត្រលប់ចូលមកក្នុង រាជធានីលង្វែក ដែលព្រះរាជាទើបតែយាងមកគង់នៅវិញជាបន្ទាន់ ស្នំឯកធានាថានឹងសុំឱ្យព្រះរាជាលស់លា ត្រាប្រណីទោសឱ្យ បើពុំនោះទេព្រះរាជានឹងដឹកនាំទ័ពមកចាប់ផ្ទាល់ព្រះអង្គតែម្ដង ពេលនោះបងស្រីមិនអាចជួយបានទេ ។
នាយ កនឆ្លើយតបមកវិញថានឹងត្រលប់ចូលមកក្នុងរាជធានីលង្វែកវិញភ្លាម នៅពេលណាដែលទ័ពរំសាយទៅស្រុកភូមិវិញអស់ ខ្លួនអាចនឹងមកចូលគាល់ព្រះរាជានៅខែក្រោយ បងស្រីមិនបាច់ព្រួយបារម្ភទេ ពីព្រោះខ្លួនគ្មានបំណងបះបោរប្រឆាំងនឹងព្រះរាជាឡើយ ។ ព្រះរាជាជឿ ទ្រង់ក៏ឱ្យរង់ចាំរហូតដល់ផុតកំណត់ មិនមានធ្វើអ្វីទាំងអស់ ។ ឆ្លៀតឱកាសនោះនាយកនបានខិតខំពង្រីកកម្លាំងទ័ពរបស់ខ្លួន ហ្វឹកហាត់ទាហានឱ្យបំបះបំបោរខែត្រផ្សេងៗទៀត បញ្ចុះបញ្ចូលប្រជាជនថាកេណ្ឌទ័ពនេះគឺដើម្បីទប់ទល់នឹងស្ដេចក្បត់ ដែលដណ្ដើមបែងចែកទឹកដីជារាជាណាចក្រមួយទៀត មានរាជធានីនៅ ចតុម្មុខ ។ ពាក្យនេះអ្នកស្រុកខ្សឹបខ្សៀវតៗគ្នាពីមាត់មួយទៅមាត់មួយពាសពេញ ព្រះនគរហើយមិនមានធ្វើឱ្យអ្នកណាម្នាក់ពិភាល់ឡើយ ។ ស្ដេច ពញាចន្ទ ខ្លួនព្រះអង្គ ក៏ជឿថា ព្រះរាជា និង នាយកនឃុបឃិតគ្នាប្រឆាំងនឹងខ្លួនព្រះអង្គដែរ ទំនាក់ទំនងដែលប្រព្រឹត្ដទៅតាមរយៈស្នំឯក ខ្លួនព្រះអង្គគឺជាកម្មវត្ថុនៃការឃុបឃិតនេះ ។ ព្រះអង្គមានការភិតភ័យណាស់ក៏លួចគេចចេញពីចតុម្មុខធ្វើដំណើរកាត់ ខែត្រពោធិ៍សាត់ យាងទៅសុំជ្រកកោនជាមួយ ស្ដេចសៀម ទៅ នៅក្នុងឆ្នាំ១៥០៨ ដែលកាលនោះ ព្រះអង្គមានព្រះជន្ម២៣ព្រះវស្សា ។
នៅ ពេលដែល ពញាចន្ទរាជា គេចព្រះកាយទៅគង់នៅឯស្រុកសៀមហើយព្រះរាជា កំពុងតែរង់ចាំការចុះចូលរបស់ នាយកននៅ ឯ លង្វែក នាយកនក៏ប្រជុំទីប្រឹក្សារបស់ខ្លួនដោយនិយាយថា «ពី មុន ខ្ញុំខ្លាចតែមនុស្សម្នាក់ប៉ុណ្ណោះ គឺចៅពញាចន្ទរាជានេះឯង ។ ឥឡូវព្រះអង្គរត់ទៅនៅស្រុកសៀមហើយ ខ្ញុំគ្មានអ្វីនឹងភ័យបារម្ភទៀតទេ ដូច្នេះបើសិនជាយើងចង់ យើងអាចដណ្ដើមយកព្រះរាជាណាចក្របាន» ។ ពួកនាម៉ឺនសព្វមុខមន្ដ្រីទះដៃអបអរនឹងសម្ដីនេះ នាយកនក៏កោះប្រមូលកងទ័ព ហើយបែងចែកចេញជា ៤កង ៖ កងទ័ពស្រួច កងស្លាបខាងស្ដាំ កងស្លាបខាងឆ្វេង និងកងទ័ពក្រោយ រួចហើយកាន់ទ័ព១ម៉ឺននាក់ផ្សេងទៀតចេញទៅបោះជំរំនៅក្បែរខែត្រ ស្រីសន្ធរ ។
គឺរហូតទាល់តែដល់ពេលនោះ ទើបព្រះរាជាប្រគល់ទ័ព ៣ពាន់នាក់ ឱ្យចៅពញាយោធាសង្គ្រាមជាមេទ័ពស្រួច និងឧកញ៉ាចក្រី ជា រដ្ឋមន្ដ្រីខាងសង្គ្រាម និងជាមេអគ្គបញ្ជាការ ចេញទៅពិនិត្យមើល និងទប់ទល់ទ័ពនាយកនសិន រង់ចាំទ័ពដែលកេណ្ឌថ្មីបាន និងដាក់ក្រោមបញ្ជាការរបស់ចៅពញាចន្ទរាជាមកដល់ ។ ពេលនោះ មន្ដ្រីម្នាក់ទូលព្រះអង្គថា ពញាចន្ទរាជា បានបាត់ខ្លួនពី ចតុម្មុខ២ថ្ងៃហើយ ហើយកំពុងតែធ្វើដំណើរទៅស្រុកសៀមជាមួយមនុស្ស៥នាក់ទៀត ។ ព្រះរាជាព្រួយព្រះទ័យណាស់នឹងដំណឹងនេះ និងមានព្រះបន្ទូលតែមួយអង្គឯងថា «ឱព្រះអនុជអើយ ព្រះអង្គមិនគួរបោះបង់ចោលព្រះរៀមនៅក្នុងកាលៈទេសៈបែបនេះសោះ» ។ បន្ទាប់មក ទ្រង់ក៏យាងចូលក្រឡាព្រះបន្ទំទាំងអស់សង្ឃឹម ។
ពេល នោះ ទ័ពព្រះរាជាក៏ចេញដំណើរទៅ ព្រឹកមួយទ័ពស្រួចបានមកជួបជាមួយទ័ពដែលនាយកនដឹកនាំ ។ នាយកនជិះដំរីដ៏ល្អមួយ បាំងក្លស់នៅកណ្ដាលចំណោមកងទ័ព ។ ចៅពញាយោធាសង្គ្រាមឃើញដូច្នោះ ក៏ចូលទៅជិត ហើយនិយាយថា «ឯង មិនគួរធ្វើបែបនេះតបទៅនឹងការសន្ដោសប្រណីដែលព្រះរាជាមានចំពោះ ឯងនៅឯព្រះបរមរាជវាំងទេ ព្រះអង្គសព្វព្រះទ័យនឹងឯងខ្លាំងណាស់» ។ ឮសម្ដីនេះ នាយកនបរដំរីមកមុខកងទ័ពស្រែកសួរថា តើព្រះរាជាចាត់ពញាសង្គ្រាមមកដើម្បីដោះស្រាយរឿងរ៉ាវជាមួយខ្លួនឬ អ្វី រួចហើយក៏យឹតធ្នូបាញ់ចំបំពង់កពញាសង្គ្រាមដួលស្លាប់នឹងជើងដំរី ទៅ ដោយមិនរង់ចាំចម្លើយអ្វីឡើយ ។ ឃើញដូច្នេះ ពលទាហានរបស់ព្រះរាជាក៏វាយដកថយ រត់មកជួបជាមួយកងទ័ពដែលដឹកនាំដោយឧកញ៉ាចក្រី ធ្វើឱ្យពួកនេះបាក់រត់តាមដែររហូតទាល់តែដល់ គោកខាន់ ទើបរៀបចំសណ្ដាប់ធ្នាប់បានវិញ សម្រាកបោះជំរំរួចហើយត្រៀមបិទផ្លូវមិនឱ្យទ័ពបះបោរដែលដេញតាមមក ធ្វើដំណើរបន្ដទៅមុខ ។
ឧកញ៉ា ចក្រី បានសរសេរសារលិខិតរាយការណ៍អំពីបរាជ័យនេះថ្វាយព្រះរាជា ហើយស្នើសុំទ័ពជំនួយ ។ ទទួលដំណឹងនេះព្រះរាជាក៏កោះប្រជុំសេនាបតីភ្លាម ។ លោកយមរាជរាយការណ៍ថាឥឡូវនេះនាយកនកំពុងតែដឹកនាំទ័ពអបរាជ័យធ្វើ ដំណើរជិតមកហើយ កំណែនទាហាននៅតាមបណ្ដាខែត្រភាគខាងជើង មិនទាន់បាននៅឡើយទេ ហើយនៅសល់ទ័ពតែ១ម៉ឺននាក់ប៉ុណ្ណោះនៅក្នុងរាជធានី ទ័ពទាំងនោះជាប់រវល់ក្នុងការយាមកាម ត្រួតពិនិត្យចរាចរ និងយាមទ្វារកំផែង ។ លោកយមរាជក៏ថ្វាយយោបល់សូមឱ្យព្រះរាជាដកថយជាមួយរាជបរិពារទៅគង់នៅ ឯ ចតុម្មុខ ដើម្បីងាយស្រួលក្នុងការកេណ្ឌទ័ពតាមបណ្ដាខែត្រខាងត្បូង កាលណាបានច្រើនហើយសឹមត្រលប់មកទប់ទល់នឹងសត្រូវវិញ ។ រួចលោកនិយាយបន្ដថាៈ «ក្នុងរយៈពេលនោះ ខ្លួន ទូលព្រះបង្គំ និងលោកចក្រីនឹងស្ថិតនៅពីខាងក្រោយ វាយទប់កុំឱ្យនាយកនចាប់ព្រះអង្គ និងរាជបរិពារបាន» ។
លោក ពិជ័យនាគជាឪពុកនាយកនខឹងនឹងកូនខ្លាំងណាស់បានស្នើសុំទ័ព ព្រះរាជា១ពាន់នាក់ដើម្បីចេញទៅច្បាំងជាមួយកូន ហើយបានទូលព្រះរាជាថានឹងថ្វាយខ្លួន ក្រុមគ្រួសារ និងញាតិកាទាំងអស់ចំពោះព្រះរាជា និងតាមបម្រើព្រះអង្គគ្រប់ទិសទី ។ «បើសិន ទូលព្រះបង្គំជាខ្ញុំបែរជាក្បត់ទៅនៅជាមួយកូនវិញ សូមឱ្យទូលព្រះបង្គំស្លាប់នឹងមុខអាវុធយ៉ាងវេទនាខ្លោចផ្សា ហើយសូមព្រះអង្គចាត់ឱ្យគេកាប់សម្លាប់គ្រួសារ និងញាតិកាទាំងអស់ចោលចុះ» ។ ព្រះរាជាជឿសម្ដីពិជ័យនាគ ក៏ប្រទានទ័ព១ពាន់នាក់ឱ្យ រួចចេញរាជបញ្ជាឱ្យបណ្ដាប្រជានុរាស្ដ្រទាំងអស់ចូលមកនៅក្នុង រាជធានីលង្វែកដែលមានទាហានការពារ ២ម៉ឺន៥ពាន់នាក់ ចំណែកព្រះអង្គ និងបរិពារក៏ចុះទូកមកកាន់ចតុម្មុខមុន ។
ឧកញ៉ា យមរាជ និងឧកញ៉ាចក្រីរង់ចាំទ័ពកំណែនថ្មីមកជួយមិនចេះឃើញមកសោះ ណាមួយនាយកននាំទ័ព ៥ម៉ឺន នាក់មកដល់ហើយ ក៏វាយដកថយសំដៅទៅកាន់ចតុម្មុខដែរ ។ នាយកនតាមវាយប្រកិតៗ សម្លាប់ឧកញ៉ាចក្រីបាន ធ្វើឱ្យកងទ័ពបាក់បែករត់ខ្ចាត់ខ្ចាយ រួចដេញតាមវាយរហូតទៅដល់ទ្វាររាជធានី ។ មកដល់ត្រង់នេះ ទ័ពនាយកនជួប ប្រទះទ័ព១ពាន់នាក់របស់ឪពុកខ្លួន នាយកនក៏បញ្ជាថា «ចូរដេញតាមហើយកាប់សម្លាប់ឱ្យអស់ទុកតែឪពុករបស់យើងបានហើយ» ។ ពិជ័យនាគបានតស៊ូប្រយុទ្ធយ៉ាងខ្លាំងក្លា ប៉ុន្ដែមានគ្នាតិចពេកមិនអាចទប់ទល់នឹងទ័ពមួយកងធំបាន ក៏បញ្ជាឱ្យវាយដកថយគេចចេញតាមផ្លូវធំសំដៅទៅកាន់ចតុម្មុខ ដោយនៅសល់ទ័ពតែ៥រយនាក់ប៉ុណ្ណោះ ។ រត់មកដល់វត្ដ ព្រះសុគន្ធបទ ជួបសម្ដេចសង្ឃ ក៏នាំគ្នាចូលទៅតាំងទីនៅកន្លែងនោះ ប្ដេជ្ញាថានឹងតស៊ូប្រយុទ្ធរហូតដល់អវសានជីវិត ។
ទ័ព ពួកក្បត់ឡោមព័ទ្ធវត្ដដែលបានក្លាយទៅជាបន្ទាយមួយជុំជិតទាំងអស់ រួចហើយក៏ចាប់ធ្វើការវាយប្រហារ ។ ការប្រយុទ្ធសាហាវណាស់ ធ្វើឱ្យស្លាប់មនុស្សទាំងសងខាង តែមិនមានអ្នកណាឈ្នះអ្នកណាចាញ់ទេ ។ ដោយមើលឃើញភាពគួរឱ្យអាណោចអាធ័មរបស់ទ័ពទាំង២កងដែលកាប់សម្លាប់ គ្នាដូច្នេះ ព្រះសុគន្ធបទ លោកក៏និមន្ដមកនៅកណ្ដាល ហើយមានពុទ្ធដីកាអង្វរសូមឱ្យទាំងសងខាងដាក់អាវុធចុះ ។ ព្រះអង្គ បានហៅនាយកនឱ្យមកសុំទោសឪពុក រួចមានពុទ្ធដីកាទៅកាន់ពិជ័យនាគថា កូនរបស់លោកបានត្រូវវាសនាកំណត់ឱ្យមកសោយរាជ្យនៅកម្ពុជាមិនអាច ប្រឆាំងបានទេ ត្រូវតែទទួលតាមយ៉ាងនេះ ។ ពិជ័យនាគឆ្លើយទៅវិញថា បើធ្វើយ៉ាងនេះប្រៀបបាននឹងធ្វើឱ្យគេកាប់សម្លាប់ក្រុមគ្រួសារ ញាតិការបស់ទូលព្រះបង្គំហើយ រួចហើយក៏ដកដាវប្រុងចង់កាប់សម្លាប់កូន ប៉ុន្ដែបានត្រូវកងការពារចាប់ជាប់ ហើយយកទៅឃុំទុកនៅក្នុងវត្ដនោះទៅ ។
នៅក្នុងទីឃុំឃាំង ព្រះសុគន្ធបទ បាននិយាយពន្យល់ជាច្រើន រហូតទល់តែពិជ័យនាគយល់ព្រមស្ដាប់តាម ទើបលោកហៅឪពុក និងកូនឱ្យឡើងលើគំនរអាវុធមួយកម្ពស់មួយជំហរមនុស្ស ស្បថស្បែនៅចំពោះមុខមហាជនថានឹងស្រុះស្រួលជានានឹងគ្នាវិញ ។ ពេលនោះ ព្រះសុគន្ធបទក៏ចាក់ទឹកមន្ដស្រោចស្រពឱ្យអ្នកទាំង២ ។
ចប់ ពិធីស្បថស្បែ នាយកនបញ្ជាឱ្យយកអាវុធចេញពីគំនរទៅកសាងផ្លូវចូលវត្ដ ។ គឺដោយហេតុនោះហើយទើបបានជាវត្ដនោះបានត្រូវគេហៅថា វត្ដព្រះថ្នល់ៗរហូតមក (56) ។ ស្ដេច កនពេលនោះ បានបន្ដជ្រើសរើសកងទ័ពនៅក្នុងខែត្រខាងកើតដែលចុះចូលនឹង ខ្លួន ។ រើសបានហើយចែកកម្លាំងជាពីរ រួចក៏ដឹកនាំមួយក្រុមមកតាំងនៅចំពីមុខចតុម្មុខ ។ ដឹង ដំណឹងនេះ ព្រះរាជាបានបញ្ជាឱ្យចេញទ័ពមកទប់ទល់ ប្រយុទ្ធគ្នា៣យប់៣ថ្ងៃមិនឈ្នះមិនចាញ់ ។ ដល់យប់ថ្ងៃទី៣ នាយកនបានចាត់ឱ្យទាហានមួយក្រុមធ្វើដំណើរវាងពីខាងលិច ចូលមកនៅពីខាងត្បូងទ័ពព្រះរាជា ។ ដល់ស្អែកឡើង ទ័ពនាយកនចាប់វាយទ័ពព្រះរាជាពីខាងមុខផង និងពីខាងក្រោយផង ធ្វើឱ្យទ័ពនោះថយដៃ វាយដកថយតាមផ្លូវទៅទិសខាងជើង រត់គេចរហូតទៅដល់លង្វែក ។ ពេល នោះព្រះរាជាបាននាំរាជបរិពារគេចព្រះអង្គទៅគង់នៅឯខែត្រសន្ទុក លើមាត់ស្ទឹងសែនត្រង់កន្លែងមួយជិតកំពង់ធំសព្វថ្ងៃ ។ ព្រះអង្គបានចេញបញ្ជាពីទីនោះឱ្យនាម៉ឺនសព្វមុខមន្ដ្រីចេញកេណ្ឌ ប្រមូលទ័ព ។
ទទួលបានជ័យជម្នះ លើកងទ័ពព្រះរាជាដែលខ្លួនបានវាយបំបាក់ឱ្យរត់ដកថយទៅទិសខាងជើង អស់ហើយ នាយកនបានចូលគ្រប់គ្រងរាជធានីចតុម្មុខ រួចក៏ចាប់ចាត់តាំងចៅហ្វាយខែត្រ នាម៉ឺនតូចធំ ហើយបញ្ជូនអ្នកដែលស្មោះត្រង់ឱ្យទៅបញ្ចុះបញ្ចូលបណ្ដាអាណាខែត្រ ខាងលិច និងខាងត្បូង ឱ្យចុះចូលនឹងខ្លួន ។ បណ្ដាខែត្រទាំងនោះមាន ចតុម្មុខ សំរោងទង បាទី ទ្រាំង បន្ទាយមាស ពាម កំពត កំពង់សោម បាសាក់ (ត្រាវិញ) ព្រះត្រពាំង ក្រមួនស អូម៉ាល់ ទឹកខ្មៅ ពាមមេសរ ព្រៃនគរ (សាយហ្គន) និងបារាជដុងណាយ គឺភាគខាងត្បូងកម្ពុជាទាំងអស់ចាប់តាំងពីភ្នំពេញរហូតដល់មាត់ សមុទ្រសៀម និងទៅដល់ព្រំប្រទល់នគរចាម្ប៉ា ។ អ្នកស្រុកទទួលអបអររាក់ទាក់ទទួលនាយកនជាស្ដេច ព្រោះជាអ្នកមានបុណ្យ មានឫទ្ធិចេស្ដាបារមី ។ គេចាប់និយាយរឿងរ៉ាវផ្សេងៗពីនាយកន ដូចជាថានាយកនកើតចេញពីផ្ទៃម្ដាយមកធ្លាក់ទៅក្នុងទឹកទាំងនៅ ក្នុងសុក ក៏ត្រូវត្រីពោលេប ហើយបានត្រូវព្រះសង្ឃមួយអង្គស្រង់យកទៅចិញ្ចឹមបីបាច់ថែរក្សាក្រោយ ពីវះយកចេញពីពោះត្រីមក ។ នៅពេលដែលស្ដេចបង់សំណាញ់ពីលើ មាននាគមកជួយនាំហែលទឹកគេចខ្លួន រួចហើយសត្វព្រាបទំពីលើក្បាលហាក់បីដូចជាទំលើមែកឈើ ជួយលាក់កុំឱ្យទាហានស្ដេចឃើញ ហើយជ័យជម្នះទាំងអស់ដែលនាយកនបានទទួលនេះ គឺអាស្រ័យដោយកុសលដែលបានសាងពីជាតិមុន (57) ។
នៅ ក្នុងខែមិគសិរ ឆ្នាំ១៥១០ នាយកនបានបញ្ជូនកងទ័ព៥ម៉ឺននាក់ទៅហ៊ុំព័ទ្ធលង្វែកដែលបានក្លាយជា រាជធានីឡើងវិញ ឯខ្លួនឯងបានត្រលប់ទៅរាជវាំងនៅទួលបាសានក្នុងខែត្រ ស្រីសន្ធរ ។ ប៉ុន្មានថ្ងៃក្រោយមក មេទ័ពខាងទន្លេក្នុង (ទន្លេសាប) បានពើបប្រយុទ្ធជាមួយទ័ពព្រះរាជាពេញមួយថ្ងៃគ្មានឈ្នះគ្មានចាញ់ ទ័ពព្រះរាជាក៏មិនដកថយទៅណាដែរ ។
មេទ័ព ម្នាក់ទៀតដែលបញ្ជាកងទ័ពខាងទន្លេធំ បានរៀបចំលើកប៉មការពារ រង់ចាំទ័ពដែលជ្រើសរើសថ្មីបញ្ជូនមកដល់ បើពុំនោះគឺបញ្ជាមិនឱ្យចេញដំណើរទេ ។ ពេលនោះចៅហ្វាយខែត្ រកំពង់សៀម និងស្ទឹងត្រង់ មិនព្រមទទួលស្គាល់អំណាចនាយកនទេ តែដល់មើលឃើញថា ទ័ពនាយកនរាតត្បាតពេញនគរ ធ្វើឱ្យអ្នកស្រុកមានការខ្វល់ខ្វាយជាខ្លាំង ក៏បានផ្ញើសារទៅសុំជំនួយពីព្រះរាជា ។ ព្រះរាជាក៏បញ្ជូនទ័ពមកឱ្យចំនួន៨ពាន់នាក់ បញ្ជាដោយចៅពញាយសរាជាជាព្រះរាជបុត្រ ជាហេតុធ្វើឱ្យកងរក្សាព្រះអង្គកាន់តែចុះខ្សោយថែមទៀត ក្នុងការប្រយុទ្ធតទល់ជាមួយ ទ័ពទន្លេក្នុង ។
ឆ្លៀតឱកាស ទ័ពព្រះរាជាថយកម្លាំងនេះ មេទ័ពក្រុមបះបោរក៏ចាប់បើកការវាយប្រហារមកលើទ័ពព្រះរាជា ដោយប្រយុទ្ធពេញ៤យប់៤ថ្ងៃ ហើយបង្ខំឱ្យទ័ពព្រះរាជាដកថយរហូតទៅដល់អម្រឹតបុរៈ គឺបរិបូណ៌ ។ ដំណឹងនេះ លេចឮទៅដល់ ចៅពញាយសរាជា ដែលកំពុងតែដឹកនាំទ័ពទៅកាន់ខែត្រកំពង់សៀម ចៅពញាយសរាជាក៏នាំទ័ពវិលត្រលប់មកក្រោយវិញដើម្បីជួយព្រះ បិតា ។ ដឹងថាចៅពញាយសរាជាត្រលប់មកវិញ ព្រះរាជាបានប្រកាសប្រាប់កងពលឱ្យដឹង រួចទ្រង់បញ្ជាឱ្យវាយបកមកលើទ័ពពួកក្បត់វិញ ស្របពេលដែលទ័ពរាជបុត្រមកដល់ដែរ ។ ទ័ពព្រះរាជាទាំង២កងរួមកម្លាំងវាយព្រមៗគ្នាទៅលើពួកក្បត់ សម្លាប់ពួកនេះអស់១ពាន់នាក់ភ្លាមៗ ។ មេទ័ពសត្រូវអស់សង្ឃឹម ក៏នាំទ័ពសេសសល់រត់គេចមកភ្នំពេញវិញ ។
រហូត ដល់ពេលនោះ វាហាក់ដូចជាអ្វីៗត្រូវកាត់ផ្ដាច់ នាយកន ដូចជាអស់បុណ្យហើយ ព្រោះទាហាន និងអ្នកគាំទ្រ ក៏ចាប់នឿយណាយអស់សង្ឃឹម ។ ព្រះរាជា បានប្រគល់ឱ្យចៅហ្វាយខែត្រពោធិ៍សាត់ទៅបោះទ័ពនៅក្នុងខែត្រ រលាប្អៀរ នៅពីខាងជើងលង្វែក ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យព្រះនគរ រួចឱ្យចៅពញាយសរាជាដឹកនាំទ័ព៥ពាន់នាក់ទៅគ្រប់គ្រងបណ្ដាខែត្រ ខាងជើងដែលចុះចូលជាមួយនាយកនពីមុនមក ចំណែកព្រះអង្គយាងទៅគង់នៅឯខែត្រសន្ទុកវិញ ។
ចៅពញាយសរាជាបានដណ្ដើមយកខែត្រខាងជើងមកវិញ រួមទាំងកំពង់សៀម ស្ទឹងត្រង់ គោកសេះ និង ជើងព្រៃផង (58) ដោយរៀបចំចាត់តាំងចៅហ្វាយខែត្រដែលស្មោះត្រង់ដឹកនាំរួចហើយ ទ្រង់ក៏យាងទៅតាមព្រះបិតានៅឯសន្ទុក ។ នៅ ពេលនោះ នាយកនមានទ័ពសរុបប្រមាណ ១០ម៉ឺន នាក់នៅបាសាន រង់ចាំតែបញ្ជានឹងអាលចេញដំណើរ ក៏ប៉ុន្ដែនាយកននៅស្ទាក់ស្ទើរ មិនទាន់ហ៊ានសម្រេចយ៉ាងណានៅឡើយ ។ នាយកនបានចាត់ឱ្យគេរៀបចំធ្វើពិធីប្រក់ព្រំពល រួចហើយបានប្រកាន់យកឋានៈជាមហាឧបរាជមានឈ្មោះថា «ព្រះស្រីជេដ្ឋាធិរាជ» ជាឋានៈសម្រាប់អ្នកចាត់ចែងកិច្ចការសង្គ្រាមហើយមិនហ៊ានទទួលយកឋានៈ ជាស្ដេចដូចដែលគេហៅជាទូទៅរួចមកហើយនោះទេ ។ កនបានឱ្យគេធ្វើទង់ពណ៌ក្រហមមានជរជាយ និង រូបនាគក្បាល ៧នៅកណ្ដាលចែកឱ្យកងទ័ព និងឱ្យគេធ្វើស្វេតច្ឆត្រមួយសម្រាប់ខ្លួនឯង ។ នាយកនបានឱ្យពិជ័យនាគជាឪពុកធ្វើជាមេបញ្ជាការលើកងទ័ពការពារ បន្ទាយបាសាន រួចក៏ដឹកនាំទ័ពធ្វើដំណើរចេញទៅកាន់ខែត្រកំពង់សៀម ។ ឮដំណឹងនេះ ពួកមន្ដ្រីៗក៏រត់គេចទៅជ្រកកោនជាមួយព្រះរាជា ។
ស្ដេច កនក៏សរសេរលិខិតមួយច្បាប់ចាត់ឱ្យមន្ដ្រីរបស់ខ្លួនជាច្រើនរូប នាំយកទៅថ្វាយព្រះរាជាដែរ ។ មុននឹងទទួលអ្នកនាំសារទាំងអស់នោះ ព្រះរាជាបានឱ្យគេនាំយកក្រុមគ្រួសារពិជ័យនាគទាំងអស់មកទុកមួយ កន្លែង ហាក់បីដូចជាទ្រង់ប្រុងតែនឹងឱ្យគេធ្វើទណ្ឌកម្មអ៊ីចឹង ។ សារលិខិតមានខ្លឹមសារដូចតទៅ ៖ «ទូលព្រះបង្គំ ឃុនហ្លួងព្រះស្ដេចធិបតី សូមទូលថ្វាយព្រះរាជាទ្រង់ព្រះសណ្ដាប់ថា រហូតមកដល់ពេលនេះទូលព្រះបង្គំគ្មានបំណងអ្វីក្រៅតែអំពីការពារ ជីវិតទូលព្រះបង្គំដែលត្រូវរងការគំរាមកំហែងនោះទេ ហើយមិនដែលមានគំនិតចង់ដណ្ដើមយកព្រះរាជាណាចក្រពីព្រះអង្គម្ដងណា ឡើយ ។ ទូលព្រះបង្គំមានបំណងតែមួយគត់គឺតាមបម្រើព្រះអង្គដូចពីមុន ប៉ុន្ដែទូលព្រះបង្គំខ្លាចតែព្រះអង្គមិនព្រមលើកទោសត្រា ប្រណី ។ អាស្រ័យហេតុនេះ ទូលព្រះបង្គំសំណូមពរសូមឱ្យព្រះអង្គព្រះមេត្ដាដោះលែងម្ដាយ និងសាច់សារលោហិតទូលព្រះបង្គំទាំងអស់ដើម្បីឱ្យទូលព្រះបង្គំបានឃើញ មុខឡើងវិញ និងដើម្បីជាការបញ្ជាក់ផងដែរថាព្រះអង្គទ្រង់យល់ព្រមលើកលែងទោស ហើយអាចឱ្យទូលព្រះបង្គំជឿទុកចិត្ដបាន ។ កាលណាក្រុមគ្រួសារទូលព្រះបង្គំបានត្រលប់មករស់នៅជិតទូលព្រះបង្គំ វិញ ហើយទូលព្រះបង្គំនឹងរំសាយកងទ័ពឱ្យពួកគេវិលត្រលប់ទៅស្រុកវិញ» ។
ព្រះរាជា បានសរសេរព្រះសារលិខិតមួយឆ្លើយតបទៅវិញថា បើសិនជានាយកននៅស្មោះត្រង់មែន នាយកនត្រូវតែចូលខ្លួនមកថ្វាយបង្គំគាល់ព្រះរាជា មិនចាំបាច់សុំឱ្យប្រគល់ចំណាប់ខ្មាំងទៅឱ្យនោះឡើយ ព្រោះនេះមិនមែនជាទម្លាប់ធ្វើដូច្នេះទេ ។ បើសិនជានាយកនសារភាពចុះចូលនោះនឹងទទួលបាននូវការលស់លាត្រាប្រណី ប៉ុន្ដែបើសិនជាមិនព្រមចូលខ្លួនមកទេ ម្ដាយ ក្រុមគ្រួសារ និងញាតិកាទាំងអស់នឹងត្រូវទទួលទារុណកម្មមិនខាន ។
ស្ដេច កនបានបញ្ជូនសំបុត្រនេះទៅឱ្យឪពុកមើល ធ្វើឱ្យពិជ័យនាគមានការព្រួយបារម្ភយ៉ាងខ្លាំង ក៏សម្រេចចិត្ដថាត្រូវតែរារាំងនាយកនកុំឱ្យបន្ដសង្គ្រាម ហើយត្រូវតែចូលសារភាព ។ គាត់រត់ទៅកាន់ពន្លាវិញយ៉ាងលឿន ហើយនៅពេលដែលឆ្លងផុតមាត់ទ្វារ គាត់ក៏រអិលជើងដួលជង់នឹងដាវមួយដែលដាក់គងលើទម្រមួយបណ្ដាលឱ្យ របួសជាខ្លាំង រហូតដល់ដួលលើដី សន្លប់បាត់បង់ស្មារតី ។ ពួកពលសេនាបាននាំគ្នាលើកគាត់ឡើង ហើយរាយការណ៍ជូននាយកន នាយកនក៏ប្រញាប់ប្រញាល់រត់មក តែឪពុកបានស្លាប់បាត់ទៅហើយនៅពេលមកដល់ ។
ពេលនោះ ក៏មានលេចឮពាក្យចចាមអារ៉ាមថា នាយកនបានអារកសម្លាប់ឪពុកនៅពេលឈ្លោះជជែកគ្នា ។ ដើម្បី ទុកពេលធ្វើបុណ្យឱ្យឪពុក នាយកនបានបញ្ជាឱ្យដកទ័ពចេញទៅវិញ ។ ព្រះរាជាក៏ចាត់ឱ្យឧកញ៉ាតេជោចូលមកកាន់កាប់ខែត្រកំពង់សៀមវិញ រួចហើយឱ្យឆ្លងទន្លេទៅកាន់កាប់ខែត្រត្បូងឃ្មុំថែមទៀត ។ ទ្រង់បានចាត់ឱ្យឧកញ៉ាក្រឡាហោម រដ្ឋមន្ដ្រីខាងជើងទឹក ចេញទៅវាយដណ្ដើមយកលង្វែក និងចតុម្មុខមកវិញផងដែរ ។ ប៉ុន្មានថ្ងៃក្រោយមក ចៅពញាសួគ៌ាលោក (59) ចៅហ្វាយខែត្រពោធិ៍សាត់បាននាំទ័ពមួយចំនួនមកជួយក្រឡាហោមវាយយកចតុម្មុខ (ភ្នំពេញ) បាន ។
ទទួល បានដំណឹងថាភ្នំពេញត្រូវរងការគំរាម នាយកនដែលពេលនោះមានទ័ព១២ម៉ឺននាក់ក្នុងដៃ បានប្រគល់ទ័ព១ម៉ឺននាក់ឱ្យឪពុកមាឈ្មោះ កៅ ដែលត្រូវជាប្អូនប្រុសរបស់ម៉ែបាន និងមានងារជា ចៅពញាទឡ្ហៈ ឱ្យចេញទៅរង់ចាំទប់ទ័ពព្រះរាជាដែលដឹកនាំដោយចៅពញាសួគ៌ាលោកនៅនឹង ទន្លេក្នុង (គឺទន្លេសាប) ។ រួចបានចាត់ឱ្យមន្ដ្រីម្នាក់ដែលខ្លួនបានដំឡើងឱ្យទៅជាឧកញ៉ា ក្រឡាហោមដឹកនាំទ័ព១ម៉ឺននាក់ទៀតចេញទៅស្កាត់ផ្លូវចៅពញា តេជោ ។ ចំណែកខ្លួនឯង នៅសល់ទ័ព១០ម៉ឺននាក់ ចេញទៅតតាំងជាមួយទ័ពដែលដឹកនាំដោយឧកញ៉ាក្រឡាហោមរបស់ ព្រះរាជា ។ ទ័ពរបស់ព្រះរាជាទទួល បរាជ័យនៅក្នុងសមរភូមិជាច្រើន រួចហើយក៏នាំគ្នារត់គេចមកសន្ទុក ជាកន្លែងដែលព្រះរាជាគង់នៅដោយយកលេសថាមកសុំជំនួយបន្ថែម ។
មានការចេញកេណ្ឌទ័ពជាថ្មីទៀតនៅក្នុង ខែត្រស្ទឹងត្រង់ គោកខាន់ សុរិនដង្គា (60) រំដួលស្នំ ខាចចុងកាល់ បាត្រាង ដង្កែ ទំនប់ មង្គលបុរី ឫស្សីសាញ ទឹកឈូ បាត់ដំបង ពោធិ៍សាត់ ក្រគរ ខ្លោញក្រាំង និងបរិបូណ៌ (61) ក៏ប៉ុន្ដែ ទាំង១៦ខែត្រនេះ បានត្រឹមតែ៥ម៉ឺននាក់ប៉ុណ្ណោះ ព្រោះប្រជារាស្ដ្រមិនចង់ធ្វើសង្គ្រាម ក៏នាំគ្នារត់គេចចូលព្រៃអស់ ។ ពេលនោះទ័ពស្ដេចកនបានមកដល់លើមាត់ស្ទឹងសែននៅសល់តែប៉ុន្មាន គីឡូម៉ែត្រប៉ុណ្ណោះពីសន្ទុក ។ ស្ដេចកនអាចនឹងចាប់ធ្វើការប្រយុទ្ធទៅលើកងទ័ពរបស់ព្រះរាជា ហើយទទួលជោគជ័យបាន ប៉ុន្ដែគេចង់លួចធ្វើគុតព្រះរាជាជាងក៏ចាត់ឱ្យនាគម៉ឺនសូរេន ចូលគាល់ព្រះរាជារួចធ្វើគុតព្រះអង្គទៅស្ដេចកនសន្យាថានឹងលើក ឱ្យធ្វើជាឧកញ៉ាយោមរាជ ។ នាគម៉ឺនសូរេននេះត្រូវជាកូនចៅពញាយោធាសង្គ្រាម ដែលស្ដេចកនបានបាញ់ព្រួញសម្លាប់នៅនឹងជើងដំរី ។ មានគេនិយាយប្រាប់ថាព្រះរាជាបានប្រើឪពុកខ្លួនឱ្យទៅតទល់ជាមួយ នឹងស្ដេចកន ដោយប្រគល់ទ័ពឱ្យតែមួយចំនួនតូចប៉ុណ្ណោះ ពីព្រោះព្រះរាជាចង់ឱ្យគាត់ស្លាប់ដូច្នេះ ម្ល៉ោះហើយខ្លួនមានចិត្ដស្អប់ព្រះរាជា ក៏ចុះចូលជាមួយពួកបះបោរទៅ ។ ស្ដេចកនពូកែរើសមនុស្សណាស់ពីព្រោះថា នាគម៉ឺនសូរេននេះ ជាមនុស្សឆ្លាតវៃ រហ័សរហួន មានសមត្ថភាពធ្វើអ្វីៗបានសម្រេចគ្រប់យ៉ាង ។
ដល់ ស្អែកឡើង ស្ដេចកនធ្វើជាខឹង បានចេញបញ្ជាឱ្យចាប់នាគម៉ឺនសូរេនមកវាយ៣០រំពាត់ ។ គេនាំអ្នកទោសយកមកដាក់នៅចន្លោះកងទ័ពទាំង២ហៀបតែនឹងធ្វើ ទារុណកម្មទៅហើយស្រាប់តែសេនារបស់នាគម៉ឺនប្រមាណជា២០០នាក់ស្ទុះ ចូលមកដណ្ដើមយកពីដៃទាហាន រួចនាំយកមកចុះចូលជាមួយទ័ពខាងព្រះរាជាវិញ ។ ចៅពញាតេជោជាអ្នកទទួលពួកនេះ ហើយក្រោយពីបានសាកសួរព័ត៌មានរួចហើយ ក៏នាំនាគម៉ឺនសូរេនចូលគាល់ព្រះរាជាដែលគង់នៅឯវាំងស្ទឹងសែន លើស្ទឹងកំពង់ធំ ។ នាគម៉ឺនសូរេនទូលព្រះរាជាថា ខ្លួនបានរៀបចំផែនការក្បត់ប្រឆាំងនឹងស្ដេចកន តែត្រូវស្ដេចកនដឹង ក៏ដាក់ទោសឱ្យគេវាយខ្លួននឹងរំពាត់ផ្ដៅឱ្យស្លាប់ តែបានពលទាហានរបស់ខ្លួន ២០០នាក់ជួយទាន់ ។ បន្ទាប់មកនាគម៉ឺននេះក៏ធ្វើជាយំយែករំអួយថា មិនដឹងជាក្រុមគ្រួសាររបស់ខ្លួនដែលកំពុងតែរស់នៅក្នុងបន្ទាយ ស្ដេចកន ត្រូវគេវាយធ្វើបាបយ៉ាងណាទេ ។ ព្រះរាជាដែលជឿសម្ដីទាំងអស់របស់នាគម៉ឺនសូរេន បានលើកលែងទោសចំពោះការដែលនាគម៉ឺននេះក្បត់ព្រះអង្គទៅបម្រើ ស្ដេចកន រួចក៏តែងតាំងឱ្យទទួលឋានៈដូចដែលព្រះអង្គបានប្រគល់ពីមុន ។
នៅ ពេលនោះ ស្ដេចកនក៏ចាប់បើកការវាយប្រហារមកលើទ័ពរបស់តេជោ ។ ប្រយុទ្ធគ្នាពេញមួយថ្ងៃមិនឈ្នះមិនចាញ់ តែទាហានស្លាប់ទាំងសងខាងពាសពេញដី ហើយទ័ពព្រះរាជាហាក់ដូចជាចង់ឈប់ប្រយុទ្ធតទៅទៀត ។ ឧកញ៉ាតេជោភ័យបារម្ភចំពោះសុវត្ថិភាពរបស់ព្រះរាជា ក៏ចេញបញ្ជាឱ្យរៀបចំព្រះទីនាំងនាវានាំព្រះរាជាយកមកគង់នៅឯខែត្រ ពោធិ៍សាត់វិញ ដែលនៅទីនោះគេអាចរើសទ័ពបានជាថ្មី ។ ម្ល៉ោះហើយក៏វាយដកថយចេញ លះបង់ទឹកដីដ៏ធំឱ្យខ្មាំងសត្រូវ ប៉ុន្ដែដើម្បីសង្គ្រោះព្រះរាជាដែលជាមូលហេតុតែមួយគត់ក្នុងការ ប្រឆាំងនឹងជនក្បត់ ។
ប៉ុន្ដែតើជួយព្រះរាជាដូចម្ដេចបានទៅបើឥឡូវមាននាគម៉ឺនសូរេនដែល បន្លំខ្លួនចូលមកដើម្បីលួចធ្វើគុតព្រះអង្គទៅហើយ ។ ព្រឹកឡើង នៅពេលដែលព្រះរាជាតើនពីក្រឡាបន្ទំ ហើយកំពុងហៅហោរាឱ្យមកទស្សន៍ទាយអំពីព្រះសុបិនពីយប់កន្លងទៅ នាគម៉ឺនសូរេន និង ពលទាំង២០០នាក់បានសម្រុកចូលទៅក្នុងដំណាក់ព្រះអង្គដោយស្រែកថា ខ្លួនមានកិច្ចការសំខាន់ដើម្បីទូលថ្វាយព្រះរាជា ហើយសម្លាប់ហោរាដែលចង់ឃាត់ដំណើររបស់ខ្លួន រួចហើយធ្វើគុតព្រះរាជាសុគតទៅ ។ ឧក្រិដ្ឋកម្មនេះកើតឡើងនៅថ្ងៃ១៥កើត ខែជេស្ឋ ឆ្នាំវក គ្រិស្ដសករាជ ១៥១២ ត្រូវនឹងមហាសករាជ១៤៣៤ ចុល្លសករាជ៨៧៤ ។ រហូតដល់ពេលនោះព្រះបាទស្រីសុគន្ធបទ សោយរាជ្យសម្បត្ដិបាន៨ឆ្នាំ គិតទាំងរយៈកាល៣ឆ្នាំនៃសង្គ្រាមស៊ីវិលផង ។ ព្រះអង្គឡើងសោយរាជ្យក្នុងព្រះជន្ម៣២ព្រះវស្សា ហើយត្រូវគេធ្វើឃាតក្នុងព្រះជន្ម៤០ព្រះវស្សា ។ មាន ការប្រយុទ្ធកើតឡើងបន្ទាប់ពីព្រះរាជាត្រូវគេធ្វើឃាតនេះ រវាងទាហានទាំង២០០នាក់របស់នាគម៉ឺនសូរេន និងកងរក្សាព្រះអង្គ ។ ចៅពញាយស រាជបុត្ររបស់ព្រះរាជា និងត្រូវជាក្មួយរបស់ស្ដេចកន បាននាំទាហានមួយក្រុមតូចរត់មកដល់ក្រោយពីបានឮសំឡេងប្រយុទ្ធ កាប់សម្លាប់ពួកក្បត់២០នាក់ ហើយចាប់នាគម៉ឺនសូរេនបាន ។ ទ្រង់បានបញ្ជាឱ្យនាំនាគម៉ឺនសូរេននេះយកទៅកាត់ក្បាលនៅពីមុខ ព្រះរាជវាំង ។ ក្នុងពេលនោះដែរ ការប្រយុទ្ធរវាងទ័ពស្ដេចកនដែលលួចឈ្លបចូលទៅមុខក្នុងពេលយប់ ជាមួយនឹងទ័ពព្រះរាជាដែលចាប់វាយដកថយទៅដែរ ។ ចៅពញាយសរាជា ដោយពិនិត្យឃើញថាទ័ពបះបោរមានចំនួនច្រើនលើសលុបលើទ័ពរបស់ឧកញ៉ា តេជោរួមជាមួយទ័ពព្រះអង្គ ហើយគិតថាមិនអាចតតាំងបាន ក៏ឡើងទូកចុះតាម ស្ទឹងសែនដើម្បីគេចព្រះអង្គទៅ ស្រុកសៀម ។
ពួក បារគូក៏គេចខ្លួនដែរ ដោយនាំយកទៅផងនូវព្រះខ័នរាជ្យ ព្រះអាទិទេពទាំង៥ ព្រះអង្គដែលជាតំណាងសុភមង្គលព្រះរាជាណាចក្រ ធ្នូ ព្រួញ និង លំពែងរាជ្យ ។ ធ្វើដំណើរបានពាក់កណ្ដាលផ្លូវបារគូជាមេព្រាហ្មណ៍បុរោហិតគិតឃើញ ថា នគរសៀមជាសត្រូវរបស់ព្រះរាជាណាចក្រកម្ពុជា បើសិនជាយកកេតនភណ្ឌទាំងអស់នេះទៅ មុខជាសៀមមិនឱ្យយកត្រលប់មកវិញទេ ។ បារគូ និងអ្នកបម្រើក៏នាំគ្នាឡើងគោកលើច្រាំងស្ទឹងខាងឆ្វេងវិញ រួចធ្វើដំណើរកាត់ព្រះរាជាណាចក្រមកដល់ ខែត្របាទី ទើបយកកេតនភណ្ឌទាំងអស់ដាក់លាក់ទុកក្នុងរូងដើមចំបក់មួយដើម ។ ទៅដល់ស្រុកសៀម ចៅពញាយសរាជាបានចូលទៅរស់នៅជាមួយព្រះពញាចន្ទរាជាជាព្រះបិតុលា ដែលបានគេចព្រះអង្គពីចតុម្មុខមកកាលពីជាង២ឆ្នាំមុន ។
No comments:
Post a Comment