Sunday, February 18, 2024

ព្រះកែវហ្វ៊ា​អង្គ​ឯម​-​រជ្ជកាល​ទី​២ (១៧១០-១៧២២)

ព្រះកែវហ្វ៊ា​អង្គ​ឯម បាន​សោយរាជ្យ​ម្ដង​នៅ​ក្នុង​ឆ្នាំ​១៧០០ ។ ក្រោយ​ពី​បាន​បណ្ដេញ​ព្រះរាជា​ស្នង​ឱ្យ​រត់​គេច​ព្រះ​អង្គ​ទៅ​ស្រុក​សៀម​រួច​មក ទ្រង់​ក៏​ចាប់​កាន់​កិច្ចការ​ព្រះរាជា​ណាចក្រ ប៉ុន្ដែ​មិន​ទាន់​ហ៊ាន​ឱ្យ​គេ​អភិសេក​ព្រះ​អង្គជា​ស្ដេច​នៅ​ឡើយ​ទេ ។ ព្រះ​អង្គ​រង់ចាំ​អស់​ពេល​៤​ឆ្នាំ គឺ​រហូត​ដល់​មក​ឆ្នាំ​១៧០៤ ទើប​ត្រូវ​បាន​អភិសេក​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះកែវហ្វ៊ា​បរមបពិត្រ» ដែល​ទ្រង់​ធ្លាប់​បាន​ទទួល​រួច​មក ហើយ​នៅ​ក្នុង​ឆ្នាំ​១៧០០​-​១៧០១ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៣៤​ព្រះ​វស្សា​ហើយ ។

នៅ​ឆ្នាំ​បន្ទាប់​មក​ ស្ដេច​ស្រុក​សៀម​បាន​បញ្ជូន​ទ័ព​១​ម៉ឺន​៥​ពាន់​នាក់​ជាមួយ​នឹង​រាជទូត​ផង​មក​កាន់​ស្រុក​ខ្មែរ ដើម្បី​សុំ​ឱ្យ​ព្រះកែវហ្វ៊ា​ជ្រែករាជ្យ​លះបង់​រាជបល្ល័ង្ក​ថ្វាយ​ទៅ​ព្រះ​ស្រី​ធម្មោរាជា​វិញ ។ អតីត​ព្រះរាជា​នេះ បាន​ឈប់​សំចត​នៅ​ក្នុង​ខែត្រ​បាត់ដំបង ជាមួយ​នឹង​ព្រះ​អនុជ​អង្គ​ទង និង​ព្រះ​បុត្រា​អង្គ​ឯម ជាមួយ​នឹង​កងទ័ព ដែល​បញ្ជា​ដោយ​ចៅពញា​ពលទេព និង​ចៅពញា​រាជា​សោភាវតី ។ ព្រះរាជា​ថ្មី​កែវហ្វ៊ា​អង្គ​ឯម​បដិសេធ​មិន យល់ព្រម​ទទួល​យក​សំណើ​ខុស​ពី​ធម្មតា​នេះ​ទេ ហើយ​ក៏​មិន​ព្រម​អនុញ្ញាត​ឱ្យ​ក្សត្រា​ទាំង​៣​អង្គ​ស្នាក់​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​ដែរ ព្រោះ​វត្ដមាន​របស់​ក្សត្រ​ទាំង​៣​អង្គ​អាច​នាំ​ឱ្យ​មាន​ភាព​ល្អក់​កករ​បាន ។

នៅ​ក្នុង​ឆ្នាំ​១៧១៥ នៅ​ពេល​ដែល​ព្រះ​ជ័យជេដ្ឋា​ឧភយោរាជ​យាង​សាង​ព្រះ​ផ្នួស​ជា​លើក​ទី​៥ ចំនួន​មួយ​សបា្ដហ៍ ព្រះកែវហ្វ៊ា​អង្គ​ឯម​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អគ្គមហេសី ជា​បុត្រី​ដែល​ព្រះ​ជ័យជេដ្ឋា​បាន​លើក​ថ្វាយ ព្រះ​អង្គ​កាលពី​ពេល​ដែល​ទ្រង់​យាង​ត្រលប់​ពី​អាណ្ណាម​មក​វិញ ក្រោម​ព្រះ​នាម​ថា ព្រះ​មហាក្សត្រី រួច​ទ្រង់​ក៏​យាង​ចូល​សាង​ព្រះ​ផ្នួស ។ សាង​ផ្នួស​បាន​៣​ថ្ងៃ ព្រះកែវហ្វ៊ា​អង្គ​ឯម​ក៏​លាចាក​សិក្ខាបទ រួច​ចាប់​កាន់​អំណាច​ឡើង​វិញ ។

នៅ​ចុង​ឆ្នាំ​១៧១៦ ព្រះ​អង្គ​ទង ជា​ព្រះ​អនុជ​របស់​ព្រះរាជា​ស្រី​ធម្មោរាជា​ដែល​ធ្លាក់​ពី​រាជសម្បត្ដិ បាន​ចេញ​មុខ​ដឹកនាំ​អ្នកស្រុក​ពោធិ៍សាត់​ដែល​បះបោរ​ឡើង​ប្រឆាំង​នឹង​ព្រះរាជា​ព្រះកែវហ្វ៊ា ។ ព្រះកែវហ្វ៊ា ពេល​នោះ​គ្មាន​កងទ័ព​ទេ ណា​មួយ​ប្រជានុរាស្ដ្រ​ក៏​មិន​ពេញចិត្ដ​នឹង​ព្រះ​អង្គ​ផង​ដែរ ព្រោះ​ទ្រង់​ចូល​ចិត្ដ​តែ​ការ​សប្បាយ ។ បើ​ទោះជា​ថា​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​មិន​ទាន់​ធ្លាក់​ចុះ​ឱន​ខ្សោយ​ដូច​សព្វថ្ងៃ​ក៏​ដោយ ក៏​ប៉ុន្ដែ​គេ​មិន​អាច​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​ដើរ​តាម​ទាំង​មិន​សប្បាយ​ចិត្ដ​បាន​ដែរ ។​ ម្ល៉ោះ​ហើយ ដោយ​ដឹង​ច្បាស់​ថា ប្រជារាស្ដ្រ​មិន​គាំទ្រ​ព្រះ​អង្គ ព្រះកែវហ្វ៊ា មិន​បាន​រៀបចំ​កេណ្ឌ​ទ័ព​ក្នុង​ចំណោម​ប្រជារាស្ដ្រ​ខ្មែរ​ទេ ទ្រង់​បែរ​ទៅ​រក​ពួក​អាណ្ណាម ដែល​ជា​ឈ្លើយ​សឹក​នៅ​ក្នុង​កម្ពុជា​វិញ ។​ ទ័ព​អាណ្ណាម​នេះ​ក្រោយ​ពី​បាន​ទទួល​ការ​រៀបចំ​រួច​ហើយ​ក៏​ចេញ​ទៅ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះ​អង្គ​ទង ធ្វើ​ឱ្យ​ព្រះ​អង្គ​រង​របួស​នៅ​ក្នុង​សមរភូមិ​ដំបូង ហើយ​បង្ខំ​ឱ្យ​ព្រះ​អង្គ​វាយ​ដកថយ​ទៅ​ក្រោយ​វិញ ។ ពួក​អ្នកស្រុក​ពោធិ៍សាត់​ដែល​អស់​សង្ឃឹម​ក៏​បំបែក​គ្នា វិល​ត្រលប់​ទៅ​ស្រុក​ភូមិ​វិញ​អស់​ដែរ ។

ព្រះ​អង្គ​ទង ថ្វីបើ​ត្រូវ​រង​របួស ប៉ុន្ដែ​ព្រះ​អង្គ​មិន​អស់សង្ឃឹម​ទេ ។ ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ឯ​ឫស្សីសាញ់ ដើម្បី​ព្យាបាល​របួស ។ ដល់​មក​ឆ្នាំ​១៧២២ ស្ដេច​សៀម​បាន​ឱ្យ​ទ័ព​១​ម៉ឺន​នាក់​ជូន​ដំណើរ​ព្រះ​ស្រីធម្មោរាជា យាង​ឆ្លងកាត់​ព្រំដែន​ចូល​មក​កម្ពុជា​តាម​ជើង​គោក​ជាមួយ​នឹង​ព្រះ​បុត្រា​អង្គ​ឯម និង​ទ័ព​៥​ពាន់​នាក់​ទៀត ឡើង​សំពៅ​តាម​ជើង​ទឹក​មក​ចុះ​នៅ​ពាម (ហាទៀង) ។ ព្រះ​អង្គ​ទង​បាន​យាង​កាត់​ទៅ​រក​ទ័ព​ជើងគោក​របស់​ព្រះ​រៀម​នៅ​ទីនោះ ។

ពាម ឬ​ហាទៀង ដែល​ជាទី​ប្រជុំជន​របស់​ខែត្រ​ខម ឬ​មឿង​ខម ពេល​នោះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​រួច​មក​ហើយ​ដោយ​មេចោរ​សមុទ្រ​ជាតិ​ចិន​ម្នាក់ ដែល​ជា​អតីត​បក្សពួក​របស់​សន្ដតិវង្ស​មិញ ។ ចិន​នោះ​មាន​ឈ្មោះ​ថា​ ម៉ាក់​គូ (44) កាល​នៅ​ឯ​ភ្នំពេញ​ធ្វើ​ជា​មេបន​ល្បែង​ស៊ីសង ។ នៅ​ពេល​ក្លាយជា​អ្នកមាន​ ចិន​នេះ​កើត​គំនិត​ចង់​ធ្វើ​ឱ្យ​ជីវិត​ខ្លួន​កាន់តែ​ប្រសើរ និង​ថ្កុំថ្កើង​ឡើង ក៏​ទៅ​តាំងទី​លំនៅ​ឯ​ពាម ប្រមែ​ប្រមូល​ពួក​ចោរ​សមុទ្រ ចិន និង​អាណ្ណាម​ជា​ច្រើន​នាក់ ព្រមទាំង​ពួក​អាវាសែ​ផ្សេងៗ​ដែល​រង់​ចាំតែ​ពេល​បម្រើ​ចៅហ្វាយ​ខ្លាំង​ពូកែ​ម្នាក់ ឱ្យ​មក​រស់នៅ​ជាមួយ​ខ្លួន ។ ម៉ាក់​គូ​បាន​ដណ្ដើម​យក​ទីប្រជុំជន​ធំៗ​ចំនួន​៧​ដាក់​មក​ក្នុង​អំណាច​របស់​ខ្លួន ៖ ទី​១​គឺ ពាម (45) ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា ហាទៀង​ កោះ​ភូកុក​ ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​ ស្រែលួងកៃ​ ដែល​ខ្មែរ​ហៅ​ថា ស្រែអំបិល នៅ​ក្នុង​ខែត្រ​កំពង់សោម​ វឿងធំ (កំពង់សោម) ក្រមួនស​ កានវត (កំពត) និង​កាម៉ៅ នៅ​ភាគ​ខាងត្បូង ដែល​កាល​ពីមុន​មាន​មាន​ឈ្មោះ​ថា ទឹកខ្មៅ ។

ការ​ប្រមូល​បាន​ទីប្រជុំជន​ទាំង​៧​ដាក់​មក​ក្នុង​អំណាច​របស់​ខ្លួន មាន​ន័យ​ថា​អតីត​មេចោរ​សមុទ្រ​នេះ​បាន​បង្កើត​បាន​ក្សត្រ​ប្រទេស​មួយ​នៅ​លើ​ទឹកដី​កម្ពុជា ។ ដើម្បី​ធានា​អនាគត​របស់​ខ្លួន ម៉ាក់​គូ​បាន​បញ្ជូន​ទូត​ទៅ​ចូល​គាល់​ស្ដេច​អាណ្ណាម ទូល​ថា​ទឹកដី​អាណា​ខែត្រ​ភាគ​អាគ្នេយ៍​នេះ​ខ្លួន​សូម​លើក​ថ្វាយ​ស្ដេច​អាណ្ណាម ហើយ​សុំ​ការ​អនុញ្ញាត​គ្រប់គ្រង​ជំនួស ។ ស្ដេច​អាណ្ណាម​បាន​ចាត់​តាំង​លើក​ម៉ាក់​គូ​ជា​អភិបាល ហើយ​ជា​ឧត្ដមសេនីយ៍​លើ​ទឹកដី​មាត់​ឈូង​សមុទ្រ​សៀម​ទាំងមូល (១៧១៥) បើ​ទោះបី​ថា​ម៉ាក់​គូ​នេះ​គ្មាន​សិទ្ធិ​អ្វី​បន្ដិច​បន្ដួច​លើ​ទឹកដី​ទាំង​អស់​នោះ​ក៏​ដោយ ព្រោះថា ទ័ព​របស់​គេ​មិន​ដែល​វាយ​ដណ្ដើម​បាន​ម្ដង​ណា​ទេ ហើយ​ក៏​គ្មាន​ការ​ធ្វើ​សម្បទាន​ឱ្យ ឬ​ក៏​មាន​ការ​ប្រទូសរ៉ាយ​អ្វី​ដែរ ។

គឺ​ដោយ​បែប​នេះ​ហើយ​ដែល​ម៉ាក់​គូ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​មន្ដ្រី​ដ៏​មហិមា​ម្នាក់ តែ​ក៏​ជា​មេចោរ​សមុទ្រ​ដ៏​សាហាវ​ម្នាក់​សម្រាប់​រាជវាំង​អាណ្ណាម​ក៏​ដូច​ជា​រាជវាំង​កម្ពុជា​ផង​ដែរ ។

នៅ​ពេល​ដែល​ពួក​សៀម​ចង់​ដឹកនាំ​ទ័ព​មក​ចុះ​នៅ​ហាទៀង ដើម្បី​បន្ដ​ដំណើរ​ឡើង​ទៅ​វាយ​អ្នក​អង្គ​ឯម ពួក​នេះ​បាន​មក​ជួប​ឧបសគ្គ​មួយ​គឺ​ម៉ាក់​គូ​នេះ​ឯង ដែល​គាំទ្រ​ស្ដេច​កំពុង​សោយរាជ្យ ហើយ​បាន​កេណ្ឌ​ទ័ព​ចេញពី​ពួក​មនុស្ស​យង់ឃ្នង​ចម្រុះ​ជាតិ​សាសន៍ ត្រៀម​ប្រយុទ្ធ​រួច​ជា​ស្រេច ។ ម៉ាក់​គូ​បាន​វាយ​ទ័ព​ជើងទឹក​សៀម ដែល​ដឹកនាំ​ដោយ​ពញា​កាសា​ និង​តេជោ​ឱ្យ​បរាជ័យ​ស្ទើរតែ​ទាំងស្រុង ។​ តែ​ទ័ព​សៀម​ខាង​ជើងគោក​ទទួល​បាន​លទ្ធផល​ល្អ អាច​រុញច្រាន​ទ័ព​អាណ្ណាម​របស់​ព្រះកែវហ្វ៊ា​អង្គ​ឯម​ឱ្យ​ដក​ថយ​មក​ត្រឹម​ពោធិ៍សាត់ និង​មក​ដល់​ឧត្ដុង្គ ក្រោយ​ពី​ច្បាំង​គ្នា​អស់​ពេល​១​ឆ្នាំ ។

ដោយ​ពិនិត្យ​ឃើញ​ថា​មិន​អាច​បន្ដ​ទ្រាំទ្រ​បាន​ទេ ព្រះកែវហ្វ៊ា​អង្គ​ឯម​បាន​សាកសួរ​យោបល់​សេនា​មន្ដ្រី​ដែល​តាម​ហែហម រួច​ក៏​ចាត់​បញ្ជូន​រាជទូត​ឱ្យ​ទៅ​ចរចា​ជាមួយ​ឧត្ដមសេនីយ៍​សៀម ពញា​ចក្រី ថា​ព្រះ​អង្គ​យល់​ព្រម​ដាក់​កម្ពុជា​ជា​ចំណុះ​សៀម ហើយ​នឹង​លើក​សួយសារ​អាករ​ជា​ផ្កា​មាស​ផ្កា​ប្រាក់​ទៅ​ថ្វាយ​រៀង​រាល់​ឆ្នាំ​ប្រសិន​ណា​បើ​សៀម​ទុក​ឱ្យ​ព្រះ​អង្គ​កាន់​អំណាច​ដដែល ហើយ​នាំ​យក​អ្នក​អង្គ​ម្ចាស់​ខ្មែរ​ដែល​នៅ​ជា​មួយ​​ទ័ព​សៀម​ទៅ​អយុធ្យា​វិញ ជា​ពិសេស គឺ​អតីត​ព្រះរាជា​ខ្មែរ​ដែល​ទ័ព​សៀម​ចង់​យក​មក​ឱ្យ​សោយរាជ្យ​នៅ​កម្ពុជា​វិញ ។

មេទ័ព​សៀម​បាន​យល់​ព្រម​តាម​បណ្ដា​ល័ក្ខខ័ណ្ឌ​ទាំង​អស់នេះ ហើយ​ក៏​នាំ​ទ័ព​ត្រលប់​ទៅ​អយុធ្យា​វិញ ដោយ​​នាំ​យក​អ្នក​អង្គ​ម្ចាស់ និង​អតីត​ស្ដេច​ខ្មែរ​ទៅ​ផង ។

ប្រជារាស្ដ្រ និង​នាម៉ឺន​មួយ​ចំនួន​ដែល​មិន​គាំទ្រ​ព្រះកែវហ្វា​មាន​ការ​ខឹងសម្បា​ជា​ខ្លាំង ហើយ​តាម​ការ​ដំណាល​តៗ​គ្នា​មក​បាន​និយាយ​ថា គេ​នាំ​គ្នា​ហៅ​ព្រះកែវហ្វ៊ា​អង្គ​ឯម​ថា​ជា​ស្ដេច​សៀម ។ ដោយ​ទ្រាំ​នឹង​ពាក្យ​រអារអូម​នេះ​មិន​បាន ព្រះកែវហ្វ៊ា​ក៏​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​គឺ​ អ្នក​អង្គ​ជ័យ ។ នៅ​ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤២​ព្រះ​វស្សា​ហើយ ហើយ​ទ្រង់​សោយរាជ្យ​សម្បត្ដិ​បាន​៦​ឆ្នាំ ។

No comments:

Post a Comment