Thursday, July 20, 2017

១២.ក្សត្រពីឆ្នាំ ១៤៩៨ ដល់ ១៥៧៥

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ១) - វគ្គ៤
Posted: Oct-10-2016

១៧. ស្ដេច​កន ស្ដេច​ជ្រែករាជ្យ (១៤៩៨​-​១៥០៥)
ក្រោយ ​ពី​វាយ​បំបែក​ទ័ព​ទាំង​២​កង​របស់​ព្រះរាជា​រួច​ហើយ ហើយ​ចៅពញា​យស​រាជា​គេច​ខ្លួន​បាត់​ទៅ ស្ដេច​កន​គិត​ថា មាន​តែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​ជា​ម្ចាស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ត្រលប់​មក​នៅ​ឯ​ស្រីសន្ធរ​វិញ ។ ស្ដេច​កន​បាន​ចាត់​ឱ្យ​ចៅហ្វ៊ា​កែវ ជា​ឪពុកមា ចេញ​បង្ក្រាប​អាណា​ខែត្រ​ដែល​មិន​ទាល់​ទទួល​ស្គាល់​អំណាច​របស់​ខ្លួន ថ្វីបើ​មាន​ខ្លះ​មិន​ប្រឆាំង​នឹង​ខ្លួន​ក៏​ដោយ ។ មិន​យូរ​ប៉ុន្មាន​បណ្ដា​អាណា​ខែត្រ​ទាំងអស់​ទូ​ទាំង​ប្រទេស​មាន​ចៅហ្វាយ និង​នាម៉ឺន​ត្រួតត្រា​ដែល​តែង​តាំង​ដោយ​ស្ដេច​កន ។ ប៉ុន្ដែ​ស្ដេច​កន​គ្មាន​ព្រះខ័នរាជ្យ​ដែល​ជា​និមិត្ដសញ្ញា​រាជា​និយម​ទេ ក៏​បាន​ផ្សព្វផ្សាយ​ថា​នឹង​ឱ្យ​រង្វាន់​ជា​មាស​៥០០​តម្លឹង (ប្រហែល​១៨​គីឡូ​ក្រាម) ដល់​ជន​ណា​ដែល​រក​ព្រះខ័នរាជ្យ​ឃើញ​យក​មក​ប្រគល់​ឱ្យ​ខ្លួន ។ ស្ដេច​កន​ក៏​បាន​ឱ្យ​គេ​ធ្វើ​ព្រះខ័នរាជ្យ​មួយ​ទៀត​ដែល​ខ្លួន​កាន់​នៅ​ពេល​ បង្ហាញ​ខ្លួន​នៅ​មុខ​សាធារណជន ។

ដោយ ​ប្រើប្រាស់​ព្រះខ័នរាជ្យ​ក្លែងក្លាយ​នេះ ស្ដេច​កន​បាន​ចាត់​ឱ្យ​គេ​រៀបចំ​អភិសេក​ខ្លួន​ជា​ព្រះរាជា​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ព្រះ​នាម​ថា​ «សម្ដេចព្រះ​ស្រីជេដ្ឋា​ធិរាជ​រាមាធិបតី» ជា​ព្រះរាជា​សោយរាជ្យ​សម្បត្ដិ​នៅ​ក្រុង​ស្រីសន្ធរ​បវរ​បាសាន ។
ស្ដេច​កន​បាន​លើក​ឪពុកមា​ឈ្មោះ កែវ ជា ​ប្អូន​របស់​ម្ដាយ ឱ្យ​ឡើង​ជាទី​ចៅហ្វ៊ា គឺ​រដ្ឋមន្ដ្រី​ទី​១ ត្រួតត្រា​លើ​សមាជិក​រាជវង្ស​ និង​ពល​ព្រះស្រី​រតនត្រៃ​ទាំងអស់ ។​ អនុលោម​ទៅ​តាម​ទម្លាប់​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​ ស្ដេច​កន​បាន​លើក​លែង​ឱ្យ​ប្រជានុរាស្ដ្រ​ទាំងអស់​រួច​ពន្ធ​ចំនួន​១​ឆ្នាំ​ នៅ​ក្នុង​ឱកាស​អភិសេក​ខ្លួន​នេះ ហើយ​រាជពង្សាវតារ​និយាយ​ថា​ប្រជារាស្ដ្រ​ពេល​នោះ​បាន​សុខ​សប្បាយ​ខ្លាំង​ ណាស់ ។
បន្ទាប់​មក ស្ដេច​កន​បាន​សម្រេច​ចិត្ដ​ផ្លាស់​រាជធានី​ឱ្យ​រាជាណាចក្រ​ដែល​ខ្លួន​ដណ្ដើម ​បាន​ដោយ​ជ្រើស​រើស​កន្លែង​មួយ​ស្ថិត​នៅ​លើ​ព្រំប្រទល់​ខែត្រ​ត្បូងឃ្មុំ​ និង​បាភ្នំ​ ត្រង់​កន្លែង​មួយ​មាន​ឈ្មោះ​ថា «ស្រឡប់» ​ហើយ​មក​គង់នៅ​ចាប់ពី​ឆ្នាំ​១៥១៤​រហូត​មក ។ គេ​ត្រូវ​ប្រើ​ពេល​អស់​២​ឆ្នាំ​ដើម្បី​សាងសង់​រាជវាំង កំផែង​រាជធានី ប៉ម​សម្រាប់​ការពារ​ដំណាក់​រាជមន្ទីរ​ និង​ត្រឡែងកែង​រោង​របាំ​សួនច្បារ ។​ ហើយ​ដោយ​រាជធានី​ខ្វះខាត​ទឹក​ ស្ដេច​កន​បាន​ចាត់​ឧកញ៉ា​ វៀង​ វាំង​ លំពាង​ និង​ស្នល់​ ឱ្យ​ជីក​ស្រះ​ទឹក​ធំ​មួយ​រាង​ការ៉េ​ហើយ​ជ្រុង​មួយៗ​មាន​ឈ្មោះ​តាម​អ្នក​ទាំង ​បួន ។ ស្រះ​ទឹក​នេះ​នៅ​មាន​រហូត​ដល់​សព្វថ្ងៃ ។

និយាយ​អំពី​រាជធានី​ថ្មី គេ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «ក្រុង​ស្រឡប់​ព្រៃនគរ​បុរៈ​រាជធានី» (62) ។ បី​ឆ្នាំ​ក្រោយ​មក រាជធានី​នេះ​មាន​មនុស្ស​រស់នៅ​ច្រើន​រាជធានី​មុន​២​ដង ហើយ​មាន​ជនបរទេស​ចេញ​ចូល​ជា​ច្រើន ។ ព្រះរាជា​ណាចក្រ​មាន​សុខ​សន្ដិភាព​ដូច​ពី​មុន​ឡើង​វិញ ហើយ​ប្រជានុរាស្ដ្រ​បាន​សុខ​សម្បូរ​សប្បាយ​ក្រោម​រាជ្យ​ស្ដេច​កន​នេះ​ជាង​ ស្ដេច​មុនៗ​ទាំងអស់ ។
ស្ដេច ​កន ជា​ព្រះរាជា​កម្ពុជា​មុន​គេ​ដែល​បាន​ចាត់​ឱ្យ​បោះពុម្ព​ប្រាក់​សម្រាប់​ចាយ​ វាយ ជា​ប្រាក់​ស្លឹង​ធ្វើ​ពី​មាស​មាន​រូប​នាគ​ម្ខាង ។
ពេល​នោះ​នៅ​អយុធ្យា​ឯណោះ​វិញ​ ព្រះ​អង្គ​ម្ចាស់​ចន្ទ​ និង​ព្រះ​អង្គ​ម្ចាស់​យស​ មាន​ការ​ធុញ​ថប់​ជា​ខ្លាំង​បាន​ស្នើ​សុំ​ស្ដេច​សៀម​ត្រលប់​មក​កម្ពុជា​វិញ​ តែ​មិន​បាន ។​ ស្ដេច​សៀម​ខ្ញាល់​រហូត​ដល់​ថា​ឈប់​លែង​ឱ្យ​អ្នក​ទាំង​២​ចូល​គាល់ ។ ព្រះ​អង្គ​ម្ចាស់​ចន្ទ ដែល​មក​រស់នៅ​អយុធ្យា​នេះ​ចំនួន​៨​ឆ្នាំ ពេល​នោះ​មាន​ព្រះ​ជន្ម​៣០​ព្រះ​វស្សា​ហើយ ទ្រង់​ព្រះ​តម្រិះ​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ដេច​សៀម​សព្វព្រះទ័យ​ឡើង​ វិញ ។ ទ្រង់​បាន​ចេញ​ទៅ​ទាក់​បាន​ដំរី​ស​មួយ​យក​មក​ថ្វាយ​ស្ដេច​សៀម ស្ដេច​សៀម​ក៏​ចាប់​រាក់ទាក់​ទទួល​អ្នក​ទាំង​២​ឡើង​វិញ ។ ដំរី​ស​នោះ គេ​ដាក់​ឈ្មោះ​ឱ្យ​ថា «ព្រះ​គជេន្ទ្រ​ណារឿន​ឧត្ដម» មាន​ន័យ​ថា «ដំរី​ល្អ» ។

ថ្ងៃមួយ ព្រះ​អង្គ​ម្ចាស់​ចន្ទ​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ស្ដេច​សៀម​វិល​ត្រលប់​ ចូល​មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​កម្ចាត់​ស្ដេច​កន ។ ស្ដេច​សៀម​ឆ្លើយ​ថា សូម​ឱ្យ​រង់ចាំ​បន្ដិច ពេល​ណា​ឱកាស​ល្អ​មក​ដល់ ទ្រង់​នឹង​ចាត់​ឱ្យ​គេ​ហែហម​ព្រះ​អង្គ​ទៅ​កាន់​ស្រុក​ខ្មែរ ។
ព្រះ ​អង្គ​ម្ចាស់​ចន្ទ​មិន​សប្បាយ​ចិត្ដ​នឹង​ចម្លើយ​នេះ​ទេ ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ថា ត្រូវ​តែ​ត្រលប់​មក​កម្ពុជា​វិញ​ភ្លាម ដោយ​មិន​បាច់​រង់ចាំ​ការ​អនុញ្ញាត​ពី​ស្ដេច​សៀម​ទៀត​ឡើយ ។ ទ្រង់​បាន​ចាត់​ខ្ញុំបម្រើ​របស់​ព្រះ​អង្គ​ឱ្យ​ចេញ​ទៅ​បំផុស​បំផុល​បក្សពួក​ ដែល​ព្រះ​អង្គ​មាន​នៅ​ក្នុង​ខែត្រ​នាងរង នាងពាក ចុងកាល់ ទំនប់ទង្កែ ទឹកជួស មង្គលបុរី នគររាជ និង​បាត់ដំបង ឱ្យ​អ្នក​ទាំង​អស់​នោះ​ដើរ​និយាយ​ប្រាប់​គេ​ឯង​ថា ពួក​គេ​រៀបចំ​នាំ​គ្នា​ចេញ​ទៅ​ទាក់​ដំរី​មួយ​មាន​សម្បុរ​ស​ដូច​សំឡី ។ អ្នក​បម្រើ​ព្រះ​អង្គ​ម្ចាស់​ចន្ទ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ដំរី​ស​នេះ​បាន​ យ៉ាង​លឿន រហូត​ទាល់​តែ​ពួក​ចៅ​មឿង ចៅបាន ចៅហ្វាយ​ស្រុក និង​មេ​ភូមិ​ទាំងឡាយ​ជឿ ហើយ​នាំ​គ្នា​រាយការណ៍​ថ្វាយ​ព្រះរាជា​អំពី​រឿង​ដំរី​ស​ខុស​ធម្មតា​ នេះ ។ ស្ដេច​សៀម​មាន​បំណង​ចង់​បាន​ដំរី​ស​នោះ​ខ្លាំង​ណាស់ ដល់​ពេល​បើក​អង្គ​ប្រជុំ ទ្រង់​ក៏​សាក​សួរ​ថា តើ​មាន​នរណា​ស្ម័គ្រ​ចិត្ដ​ចេញ​ទៅ​ទាក់​ដំរី​នោះ​យក​មក​ថ្វាយ​ព្រះ​អង្គ​ដែរ ​ឬទេ ? ចៅពញា​ចន្ទ​រាជ ដែល​បាន​ចូលរួម​ប្រជុំ​នឹង​គេ​ដែរ ហើយ​ដែល​ធ្លាប់​ទាក់​បាន​ព្រះ​គជេន្ទ្រ​ណារឿន​ឧត្ដម ថ្វាយ​ម្ដង​រួច​មក​ហើយ បាន​សុំ​ខ្លួន​ចេញ​ទៅ​ទាក់​យក​មក​ថ្វាយ​ម្ដង​ទៀត ក៏​ប៉ុន្ដែ​បាន​ស្នើ​សុំ​ទាហាន​៥០០​នាក់ ដំរី​៥០ ព្រម​ទាំង​អាវុធ​យុទ្ធភណ្ឌ​ចាំបាច់​ផ្សេងៗ​សម្រាប់​ការ​ទាក់ដំរី​នេះ និង​ព្រះរាជ​បញ្ជា​ពិសេស​ឱ្យ​ពល​សេនា​ទាំងអស់​ស្ដាប់​បង្គាប់​ព្រះ​អង្គ​មិន ​អាច​ប្រកែក​បាន ។ ស្ដេច​សៀម​យល់​ព្រម​តាម​គ្រប់​ល័ក្ខខ័ណ្ឌ​នៃ​សំណើ​នេះ រួច​ថ្វាយ​ដាវ​រាជ​បញ្ជា​មួយ​ឱ្យ​ផង (ឆ្នាំ​១៥១៥) ។

ចៅពញា​ចន្ទរាជា​ ក៏​ធ្វើ​ដំណើរ​ចេញ​មក​កម្ពុជា​ជាមួយ​ព្រះ​ភាគិនេយ្យ​ពញាយស​រាជា ខ្ញុំបម្រើ​ទាំងអស់ និង​ពល​ទាហាន​៥០០​នាក់​ដែល​ស្ដេច​សៀម​ថ្វាយ​ឱ្យ​មក​តាម ។ ធ្វើ​ដំណើរ​៧​ថ្ងៃ មក​ដល់​ព្រំប្រទល់​ដែន ទ្រង់​ឆ្លង​ចូល​មក​ក្នុង​កម្ពុជា​ឱ្យ​ពល​ទាហាន​បោះជំរំ​សម្រាក រួច​ទ្រង់​សរសេរ​លិខិត​មួយ​ទៅ​ថ្វាយ​ដំណឹង​ដល់​ស្ដេច​សៀម​ថា ព្រះ​អង្គ​បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រំប្រទល់​ដែន​ហើយ ហើយ​ព្រះ​អង្គ​នឹង​បន្ដ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រះរាជា​ណាចក្រ​តទៅ​ទៀត ។ ពេល​ទទួល​សារលិខិត​នេះ អ្នក​អង្គ​ម្ចាស់​ពញាអុង​រាជា ជា​រាជបុត្រ​របស់​ព្រះស្រី​រាមាធិបតី ដែល​ស្ដេច​សៀម​បាន​សុំ​ទុកជា​កូន​ហើយ​លើក​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​សុវណ្ណលោក (63) ក៏​នៅ​ក្នុង​សវនាការ​នោះ​ដែរ ។ ពញាអុង​នេះ​បាន​ប្រកែក​មិន​ព្រម​ត្រលប់​មក​កម្ពុជា​វិញ​តាម​ការ​បបួល​ពី​ពញា ​ចន្ទរាជា​ជា​បងប្អូន​ជីដូនមួយ​ទេ ព្រោះ​បាន​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​សុវណ្ណលោក​នោះ​វា​សុខ​ស្រួល​ទៅ​ហើយ ។ ពេល​ស្ដេច​សៀម​សួរ​អំពី​ខ្លឹមសារ​សារលិខិត ទ្រង់​ក៏​ទូល​តប​ទៅ​វិញ​ថា​អ្នក​អង្គ​ម្ចាស់​ចន្ទ​ជា​មនុស្ស​មាន​មោទនភាព ឆ្លាត​វៃ សកម្ម មិន​ចង់​បាត់បង់​នូវ​សិទ្ធិ​អំណាច​របស់​ខ្លួន​ទេ តាម​មើល​ទៅ​ព្រះ​អង្គ​យាង​ទៅ​ដល់​ព្រំប្រទល់​ដែន​ដើម្បី​ដណ្ដើម​យក​ព្រះរាជា ​ណាចក្រ​កម្ពុជា​ពី​ស្ដេច​កន​ដែល​ជ្រែករាជ្យ​មក​វិញ ។

ពេល ​នោះ​ស្ដេច​សៀម​បាន​ចាត់​ពល​ទាហាន​សេះ​៣០​ឱ្យ​ចេញ​ទៅ​តាម​ពញាចន្ទ ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​លះបង់​គំនិត​នេះ​ ហើយ​ត្រលប់​មក​អយុធ្យា​វិញ ឬ​បើ​ពុំនោះ​ទេ​ក៏​ត្រូវ​បញ្ជូន​ទាហាន​៥០០​នាក់​ដែល​ព្រះអង្គ​ប្រគល់​ឱ្យ​ ដើម្បី​តាម​ទាក់​ដំរី​ស​ទៅ​វិញ​ដែរ ។
ពេល ​នោះ​ចៅពញាចន្ទ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន ហើយ​បាន​អូស​ទាញ​អ្នក​ស្ម័គ្រ​ចិត្ដ​តាម​ហែហម​ព្រះ​អង្គ​បាន​៨០០​នាក់ ចំណែកឯ​ខ្ញុំបម្រើ​របស់​ព្រះ​អង្គ​បាន​កេណ្ឌ​គ្នា​បាន​២​ពាន់​នាក់​ថែម​ ទៀត ។ ជាមួយ​នឹង​គ្នា​ចំនួន​៣​ពាន់​នាក់​នេះ ហើយ​និង​ទ័ព​សៀម​៥០០​នាក់​ផង ទ្រង់​បាន​ធ្វើ​ដំណើរ​យាង​មក​ដល់​ខែត្រ​នគរ​សៀមរាប (អង្គរធំ) (64) ហើយ​ដណ្ដើម​យក​ទីក្រុង​នេះ​បាន ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​អ្នក​នាំសារ​របស់​ស្ដេច​សៀម​បាន​តាម​មក​ទាន់ ហើយ​ដោយ​យល់​ថា​មិន​អាច​យាង​ព្រះ​អង្គ​ត្រលប់​ទៅ​ស្រុក​សៀម​វិញ​បាន ក៏​សាកល្បង​បញ្ចុះ​បញ្ចូល​ទ័ព​សៀម​ទាំង​៥០០​នាក់​ឱ្យ​ត្រលប់​ទៅ​វិញ ។​ ពេល​នោះ​អ្នក​អង្គ​ម្ចាស់​ចន្ទ​ក៏​ដក​យក​ព្រះ​សែង​ (ដាវ) អាជ្ញាសឹក​ចេញ​មក​គ្រវី​នៅ​ពីមុខ​ពួក​សៀម​ហើយ​មាន​បន្ទូល​ថា​ «នេះ ​ជា​សញ្ញា​នៃ​អំណាច​របស់​យើង​ដែល​ស្ដេច​របស់​ពួក​ឯង​ទ្រង់​បាន​ប្រទាន​ ឱ្យ ។​ បើ​ពួក​ឯង​មិន​គោរព​តាម​យើង​ទេ​យើង​នឹង​កម្ទេច​ពួក​ឯង​ទាំងអស់​នៅ​ទី​នេះ» ។ ទ័ព​សៀម​ខ្លាច​ទ័ព​ទើប​រើស​ថ្មី​៣​ពាន់​នាក់ ដែល​នៅ​ឈរ​ព័ទ្ធ​ជុំវិញ​ជុំ​ជិត ក៏​លុត​ជង្គង់​ចុះ​សុំ​ការ​ប្រោស​ប្រណី ។
អ្នក​អង្គ​ម្ចាស់​ចន្ទ​ទ្រង់​អាណិត​ដល់​ទ័ព​សៀម​ទាំងនោះ ក៏​មាន​បន្ទូល​ទៅ​កាន់​ថា «អ្នកឯង ​វិល​ត្រលប់​ទៅ​ស្រុក​សៀម​វិញ​ចុះ ហើយ​សូម​ទូល​ថ្វាយ​ព្រះរាជា​ផង​ថា យើង​សូម​ថ្លែង​អំណរគុណ​ព្រះ​អង្គ​ដែល​បាន​ចិញ្ចឹម​បីបាច់ ថែរក្សា​យើង​អស់​កាល​៩​ឆ្នាំ​ រួច​ទ្រង់​បាន​ឱ្យ​ទ័ព​៥០០​នាក់​ជូន​យើង​រហូត​មក​ដល់​ទី​នេះ ។​ យើង​មិន​អាច​ថ្លែង​អំណរគុណ​ដល់​ព្រះ​អង្គ​នៅ​ពេល​នេះ​បាន ពីព្រោះ​យើង​នៅ​ក្រ យើង​គ្មាន​អ្វី​នឹង​ថ្វាយ​ដល់​ព្រះ​អង្គ​ជា​ការ​តបស្នង​សង​គុណ​ទេ ។ តែ​សូម​ព្រះរាជា​កុំបី​ខ្ញាល់​នឹង​យើង​ធ្វើ​អ្វី សូម​ព្រះ​អង្គ​ទ្រង់​មេត្ដា​ត្រា​ប្រណី​លើក​លែង​ទោស​ឱ្យ​យើង​ផង កាលណា​យើង​ទទួល​បាន​ជ័យជម្នះ ហើយ​បាន​ឡើង​សោយរាជ្យ យើង​នឹង​ចាត់​បញ្ជូន​សួយសារ​អាករ​ទៅ​ថ្វាយ ដើម្បី​ជា​ការ​តប​ស្នង​សង​គុណ​នឹង​គុណូបការៈ​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង​ ក្នុង​ពេល​ដែល​យើង​រស់នៅ​ក្នុង​រាជធានី​របស់​ព្រះ​អង្គ» ។
ពួក ​សៀម​ត្រលប់​ចូល​ទៅ​ស្រុក​សៀម​វិញ​ទៅ ឯ​ពញាចន្ទ​ក៏​បន្ដ​ព្រះរាជ​ដំណើរ​ចូល​មក​ក្នុង​កម្ពុជា​ជា​បន្ដ​ទៀត ។ មក​ដល់​ខែត្រ​បាត់ដំបង ពញា​មនោ​មេត្រី ជា​ចៅហ្វាយ​ខែត្រ​នេះ បាន​មក​ទទួល​ព្រះ​អង្គ​ជាមួយ​នឹង​ទ័ព​១​ម៉ឺន​នាក់ ដែល​ខ្លួន​ប្រគល់​ថ្វាយ​ព្រះ​អង្គ ។
ចៅពញា​សួគ៌ា​លោក​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ដែល​មិន​អបអរ​នឹង​ការ​យាង​មក​ដល់​របស់​ពញាចន្ទ​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ ប្រាប់​ដំណឹង​ដល់​ស្ដេច​កន ហើយ​បាន​កេណ្ឌ​ទ័ព​៤​ម៉ឺន​នាក់​ដើម្បី​ទប់ទល់ ព្រមទាំង​បាន​រៀបចំ​កំផែង​ការពារ​ខែត្រ​ទៀត​ផង ។ ទ័ព​អ្នក​អង្គ​ម្ចាស់​ចន្ទ​បាន​ពើប​ប្រយុទ្ធ​នឹង​ទ័ព​ចៅហ្វាយ​ខែត្រ​នេះ​ ម្ដង ក៏​ប៉ុន្ដែ​ពេល​នោះ​មាន​ជន​ប្រឆាំង​ម្នាក់​ឈ្មោះ​ «តា​មឿង» ​ដែល​ប្រមូល​ក្រុម​គ្រួសារ​ និង​មិត្ដភក្ដិ​បាន​១៥០​នាក់​ទាំងអស់​គ្នា​សុទ្ធតែ​បម្រើ​នៅ​ក្នុង​ជួរ​ទ័ព​ ខែត្រ បាន​ឆ្លៀត​ឱកាស​ដែល​ចៅហ្វាយ​ខែត្រ​នៅ​តែឯង ក៏​នាំ​គ្នា​វាយ​ប្រហារ ហើយ​សម្លាប់​ចៅហ្វាយ​ខែត្រ​នោះ​ទៅ ។ ចប់​ឃាតកម្ម​នេះ តា​មឿង​បាន​និយាយ​បញ្ចុះ​បញ្ចូល​ប្រជាជន​ក្នុង​ខែត្រ​ឱ្យ​ចុះ​ចូល រួបរួម​គ្នា​តាម​ដង្ហែ​អ្នក​អង្គ​ម្ចាស់​ចន្ទ​ដែល​ជាប់​ពូជ​ជាមួយ​រាជវង្ស​ ស្ដេច​កម្ពុជា​ពី​មុន ដែល​ស្ដេច​កន​មាន​កំណើត​ដើម​ជា​ទាសករ បាន​ទម្លាក់​ចេញពី​អំណាច ។ ពេល​នោះ​ប្រជាជន​ទាំងអស់​ក៏​នាំ​គ្នា​បើកទ្វារ​ទីក្រុង ហើយ​ទះដៃ​អបអរ​សាទរ​អ្នក​អង្គ​ម្ចាស់​ចន្ទ ដែល​យាង​ចូល​មក​ក្នុង​ទីក្រុង​ជាមួយ​នឹង​កងទ័ព​ទាំងអស់ ។ អ្នក​អង្គ​ម្ចាស់​ក៏​តែង​តាំង តា​មឿង ឱ្យ ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ហើយ​ទ្រព្យសម្បត្ដិ​ទាំងអស់​របស់​ចៅហ្វាយ​ខែត្រ​មុន ក៏​ត្រូវ​បាន​គេ​យក​មក​ចែក​រំលែក​ឱ្យ​កងទ័ព ។ កូនប្រុស​តា​មឿង​ទាំង​៤​នាក់​បាន​ត្រូវ​តែង​តាំង​ឱ្យ​ដឹកនាំ​ទ័ព​ជួរ​មុខ​ មាន​គ្នា ៨​ពាន់​នាក់ ហើយ​ទទួល​ភារកិច្ច​ទៅ​វាយ​ដណ្ដើម​យក​ខែត្រ​ក្រគរ ខ្លុង និង​ក្រាំង ។

នា​ពេល​នោះ ស្ដេច​កន ក្រោយ​ពី​ងូតទឹក​ពេល​ថ្ងៃត្រង់​រួច បាន​ចេញ​ដើរ​ប្រពាត​សួនច្បារ​ជាមួយ​មេនំ​មេ​នាង​រួច​បាន​នាំ​នាង​ម្នាក់​មក​ ក្នុង​ព្រះរាជ​ដំណាក់​ផ្ទំ​ក្រសាល​ជាមួយ​ស្ដាប់​ភ្លេង​ និង​ចម្រៀង ។​ ពេល​ផ្ទំ​លង់លក់​ទៅ ទ្រង់​សុបិន​ឃើញ​ថា​ព្រះរាជវាំង​ត្រូវ​ភ្លើង​ឆេះ​ទោះ​ជា​ព្រះ​អង្គ​ខំ​ រត់គេច​យ៉ាង​ណា​ក៏​មិន​ផុត​ ហើយ​ព្រះ​អង្គ​ត្រូវ​ភ្លើង​ឆេះ​សុស​ខ្លួន ។ ភ្ញាក់​ពី​ដំណេក​ឡើង ស្ដេច​កន​បាន​ហៅ​ហោរា​មក​ទស្សន៍​ទាយ ហើយ​បាន​សម្លាប់​ហោរា​ម្នាក់​ដោយ​កំហឹង ព្រោះ​ទស្សន៍​ទាយ​ឱ្យ​មិន​ល្អ រួច​ក៏​យាង​ចេញពី​ព្រះរាជ​ដំណាក់​ទៅ ។ ពេល​នោះ​ឧកញ៉ា​លំពាង នាយ​ច្បារ​ដំណាំ បាន​ទូល​ដំណឹង​អំពី​ការ​មក​ដល់​នៃ​អ្នក​នាំ​សំបុត្រ​របស់​ចៅហ្វាយ​ខែត្រ​ ពោធិ៍សាត់ ។ ស្ដេច​កន​ភ្ញាក់ខ្លួន​ព្រើត តែ​មិន​ឱ្យ​ខាត​ពេល​យូរ បាន​ចេញ​បញ្ជា​ឱ្យ​ឧកញ៉ា​ចក្រី​ចេញ​កេណ្ឌ​ទ័ព​ភ្លាម​ដើម្បី​ទៅ​ទប់ទល់​នឹង​ អ្នក​អង្គ​ម្ចាស់​ចន្ទ ។

ឧកញ៉ា​ចក្រី​ បាន​ទូល​ស្ដេច​កន​ថា សូម​ទ្រង់​កុំ​បារម្ភ​ថ្វី ព្រោះ​ថា​បើ​ទូលព្រះបង្គំ​មិន​អាច​ឃាត់​ខ្លា​បាន ហោច​ណាស់​ក៏​ទូលព្រះបង្គំ​នឹង​ធ្វើ​ឱ្យ​វា​របួស​ជា​ទម្ងន់​ដែរ ។ ស្ដេច​កន​ពេញ​ចិត្ដ​នឹង​សម្ដី​នេះ​ណាស់ ទ្រង់​គិត​ថា នេះ​ជា​ប្រផ្នូល​ល្អ ទើប​ទ្រង់​ប្រទាន​កូន​លំពែង​មាន​ចង្កំ​មាស​មួយ​ឱ្យ ។
ឧកញ៉ា ​ចក្រី​ចេញ​ដំណើរ​ទៅ​កាន់​លង្វែក​ភ្លាម​ជ្រើស​រើស​ទាហាន​មួយ​កង រីឯ​ចៅហ្វ៊ា​កៅ ត្រូវ​ជា​មា​ស្ដេច​កន​ និង​ជា​មេបញ្ជាការ​ធំ​ក៏​ចេញ​ទៅ​កំពង់សៀម​ដែរ​កេណ្ឌ​ទ័ព​មួយ​កង​ទៀត​ដើម្បី​ ធ្វើ​សកម្មភាព​រួម​គ្នា ។​ ស្ដេច​កន​បាន​ប្រទាន​ព្រះ​សែង​អាជ្ញាសឹក​ឱ្យ ព្រមទាំង​ថ្វាយ​មាស​មួយ​ថាស សញ្ញា​សម្គាល់​ឋានៈ និង​ស្គរជ័យ​៤ ។ ពេល​ប្រមូល​ទ័ព​បាន​ចៅហ្វ៊ា​កៅ​បាន​ប្រគល់​ទ័ព​មួយ​ចំនួន​ឱ្យ​ទៅ​ឧកញ៉ា​តេជោ ​ដឹកនាំ​ទៅ​ប្រឈម​មុខជា​មួយ​ទ័ព​អ្នក​អង្គ​ម្ចាស់​ចន្ទ​ដែល​កំពុង​តែ​ធ្វើ​ ដំណើរ​មក ។

នៅ​ពេល​នោះ ពញា​ចក្រី​ប្រមូល​ទ័ព​បាន​៤​ម៉ឺន​នាក់​នៅ​ក្នុង​ខែត្រ​លង្វែក និង​ខែត្រ​ជិតខាង ហើយ​បាន​ចេញ​បញ្ជា​ឱ្យ​ចៅពញា​ឧទ័យធិរាជ​ចៅហ្វាយ​ខែត្រ​សំរោងទង និង​ឧកញ៉ា​រាជា​មេត្រី​ចៅហ្វាយ​ខែត្រ​ចតុម្មុខ រួម​គ្នា​បង្កើត​ជា​កងទ័ព​ខាងឆ្វេង ឱ្យ​ពញា​វង្សា​មេត្រី​រៀបចំ​កងទ័ព​ខាងស្ដាំ​ជាមួយ​ទាហាន​រើស​បាន​មក​ពី​ ខែត្រ​បាទី និង​ឱ្យ​ពញា​វរានុកូល កាន់​ទ័ព​ខាងក្រោយ ទាំងអស់​គ្នា​ដឹកនាំ​ទ័ព​ទៅ​កាន់​ខែត្រ​ក្រាំង​ជាទី​កន្លែង​ដែល​អ្នក​អង្គ​ ម្ចាស់​ចន្ទ​គង់​នៅ ។

ការ​ប្រយុទ្ធ ​កើត​មាន​ឡើង​ដំបូង​រវាង​ទ័ព​តា​មឿង​ជាមួយ​ទ័ព​លោក​ចក្រី​របស់​ស្ដេច​ កន ។​ ថ្វីបើ​ទ័ព​របស់​គាត់​មាន​កម្លាំង​តិច​ជាង​ទ័ព​របស់​សត្រូវ​ក៏​ដោយ​តែ​តា​ មឿង​មាន​ទំនុក​ចិត្ដ​មុតមាំ​ទៅ​លើ​ទាហាន​របស់​គាត់​ដែល​សុទ្ធតែ​ជា​អ្នក​ ស្ម័គ្រចិត្ដ ក៏​សម្រេច​ចិត្ដ​ប្រយុទ្ធ ។ ការ​ប្រយុទ្ធ​ចាប់​ផ្ដើម​ជា​ដំបូង​រវាង​ទ័ព​២​ពាន់​នាក់​របស់​កូនច្បង​របស់​ តា​មឿង ជាមួយ​នឹង​ទ័ព​ចៅហ្វាយ​ខែត្រ​សំរោងទង ដែល​ត្រូវ​សម្លាប់​បាន​ភ្លាម ប៉ុន្ដែ​ទ័ព​របស់​កូន​តា​មឿង​ត្រូវ​វាយ​ដកថយ​ទៅ​រកទ័ព​របស់​ឪពុក​វិញ​ ដែរ ។ ដោយ​យល់​ឃើញ​ថា​នេះ​ជា​ជ័យជម្នះ​មួយ ព្រោះ​ថា​ចៅហ្វាយ​ខែត្រ​សំរោងទង​បាន​ស្លាប់​ទៅ​ហើយ ក៏​នាំ​ទ័ព​ចូល​ទៅ​ក្នុង​ខែត្រ​ពោធិ៍សាត់​វិញ ។ ទ័ព​របស់​ចៅហ្វាយ​ខែត្រ​សំរោងទង​រត់​ត្រលប់​ទៅ​ក្រោយ​វិញ​ជួប​ជាមួយ​ទ័ព​ របស់​ពញា​ចក្រី​ក៏​នៅ​ជាមួយ​គ្នា​នោះ​ទៅ ។​ ពញា​ចក្រី​ហៀប​តែ​នឹង​បញ្ជា​ឱ្យ​ទ័ព​ទាំងអស់​ចេញ​ដំណើរ​ដេញ​តាម​ទ័ព​សត្រូវ​ ដែល​ខ្លួន​គិត​ថា​កំពុង​តែ​រត់គេច​ទៅ​ហើយ​នោះ ទទួល​មាន​គេ​ប្រាប់​ដំណឹង​ថា ទ័ព​៥​ម៉ឺន​នាក់​របស់​ស្ដេច​កន​បាន​ធ្វើ​ដំណើរ​មក​ជិត​ដល់​ជំរំ​ខ្លួន​ហើយ ក៏​ឈប់​រង់ចាំ​សិន ។
មក​ដល់​ភ្លាម ស្ដាប់​របាយការណ៍​រួច ស្ដេច​កន​ក៏​បែងចែក​ទ័ព​ចេញ​ជា​ច្រើន​កង​តូចៗ រួច​បញ្ជា​ឱ្យ​ចេញ​ដំណើរ​ដេញ​តាម​ទ័ព​អ្នក​អង្គ​ម្ចាស់​ចន្ទ​ភ្លាម​ និង​ថា​ឱ្យ​ឡោម​ព័ទ្ធ​ក្រុង​ពោធិ៍សាត់​ឱ្យ​ជាប់​បើ​សត្រូវ​មិន​ព្រម​ចុះ​ចូល ​ទេ ។ ទ័ព​ស្ដេច​កន​ឡោម​ព័ទ្ធ​ពោធិ៍សាត់​ចាប់ពី​ថ្ងៃ​ខានស្អែក​ឡើង ហើយ​ទាហាន​របស់​ស្ដេច​កន​ចូល​រហូត​មក​ដល់​ជើង​កំផែង​ទីក្រុង ស្រែក​ជេរ​ដៀលត្មះ​អ្នកស្រុក ។ ការ​ប្រយុទ្ធ​ជា​ទូទៅ​ក៏​ចាប់​ផ្ដើម​ឡើង ក៏​ប៉ុន្ដែ​អ្នកស្រុក​មោះមុត​ការពារ​ទីក្រុង​បាន​យ៉ាង​ល្អ ក្រោម​បញ្ជា​របស់​អ្នក​អង្គ​ម្ចាស់​ចន្ទ ធ្វើ​ឱ្យ​ពួក​ទាហាន​ស្ដេច​កន​ត្រូវ​ដក​ថយ​ចេញ​ឆ្ងាយ​ពី​កំផែង​បន្ដិច ដើម្បី​កុំឱ្យ​រង​របួស​ដោយ​សារ​ផ្លែ​ព្រួញ និង​ដុំ​ថ្ម​ដែល​គប់​មក​ពីលើ​កំពូល​កំផែង ។

ស្ដេច ​កន​មាន​ទ័ព​ពេល​នោះ​សរុប​ទាំង​អស់​១០​ម៉ឺន​នាក់ ឯ​អ្នក​អង្គ​ម្ចាស់​ចន្ទ​មាន​តែ​២​ម៉ឺន​នាក់​ប៉ុណ្ណោះ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​មិន​រួញរា​ឡើយ ។ ទ្រង់​បាន​បែងចែក​ទ័ព​ជា​២​កង កង​ទី​១​មាន​៥​ពាន់​នាក់​ប្រគល់​ឱ្យ​ពញា​សួគ៌ា​លោក​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ​កាន់​ ចំណែក​ព្រះ​អង្គ​កាន់​ទ័ព​១​ម៉ឺន​នាក់​ ពញា​មហា​សេនា​ចៅហ្វាយ​ខែត្រ​បរិបូណ៌​កាន់​ទ័ព​២​ពាន់​នាក់​ដឹកនាំ​មុខ​ជា​ ទ័ព​ស្រួច ឯ​អ្នក​អង្គ​ម្ចាស់​យស​រាជា និង​ឧកញ៉ា​វាំង​ជា​ភីលៀង​កាន់​ទ័ព​៣​ពាន់​នាក់​នៅ​ការពារ​ទីក្រុង ។ បែងចែក​រួច ទ័ពស្រួច​ចេញ​ដំណើរ​នៅ​ពេល​យប់​មក​ដល់ បន្ទាប់​មក​កង​ទី​១​របស់​ពញា​សួគ៌ាលោក ចេញ​វាយ​ទៅ​លើ​កងទ័ព​របស់​ពញា​ចក្រី រួច​កងទ័ព​របស់​អ្នក​អង្គ​ម្ចាស់​ចន្ទ​ចេញ​វាយ​ទៅ​លើ​កងទ័ព​ស្ដេច​កន ។ មាន​រឿង​និទាន​ដែល​និយាយ​អំពី​មូលហេតុ​ធ្វើ​ឱ្យ​ទ័ព​ស្ដេច​កន​បាក់​ចាញ់ គឺ​មាន​ពួក​ខ្មោច​ដែល​ងើប​ចេញពី​ផ្នូរ មក​ស្រែក​ហ៊ោ​បន្លាច ។ តែ​អ្វី​ដែល​ប្រាកដ គឺ​ទ័ព​អ្នក​អង្គ​ម្ចាស់​ចន្ទ​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​ពួក​ក្បត់ ដោយ​មិន​បាន​ឱ្យ​ដឹង​មុន ធ្វើ​ឱ្យ​ពួក​នេះ​បាត់​ម្ចាស់​ការ រត់​បែកខ្ញែក​គ្នា​មិន​ដឹង​ទិស​តំបន់ ។ ពញា​ចក្រី​ត្រូវ​គេ​សម្លាប់​បាន ហើយ​កាត់​ក្បាល​យក​ទៅ​ថ្វាយ​អ្នក​អង្គ​ម្ចាស់​ចន្ទ អង្គ​ម្ចាស់​ចន្ទ​បាន​បញ្ជា​ឱ្យ​យក​ទៅ​ដោត​នឹង​បង្គោល​របង ។ ទ័ព​ឈ្នះ​ប្រមូល​បាន​ជ័យ​ភណ្ឌ​ជា​ច្រើន ។

អ្នក​អង្គ​ម្ចាស់​ចន្ទ បាន​ដឹកនាំ​ទ័ព​បន្ដ​ដំណើរ​ទៅ​ដល់​ក្រគរ ហើយ​បាន​បញ្ជា​ឱ្យ​សង់​បន្ទាយ រើស​ទ័ព​បន្ថែម និង​ប្រមូល​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ទ័ព ។ រួច​ហើយ​ទ្រង់​យាង​បន្ដ​ទៅ​ក្រាំង រហូត​ដល់​ខ្លុង ប៉ុន្ដែ​មិន​បាន​ជួប​នឹង​ពួក​ខ្មាំង​ទេ ។​ ព្រះ​អង្គ​បញ្ជា​ឱ្យ​សង់​បន្ទាយ​រើស​ទ័ព​បន្ថែម​ និង​ប្រមូល​ស្បៀង​ដូច​នៅ​ក្រគរ​ទៀត​ រួច​ហើយ​ទ្រង់​បន្ដ​ដំណើរ​ទៅ​កាន់​ខែត្រ​អម្រិតបុរៈ នៅ​ពេល​ដែល​ចៅហ្វាយ​ខែត្រ​នេះ​ជា​បក្សពួក​ស្ដេច​កន​មិន​អាច​កេណ្ឌ​ទ័ព​ ទប់ទល់​នឹង​អ្នក​អង្គ​ម្ចាស់​ចន្ទ​បាន ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។ អ្នកស្រុក​បាន​នាំ​គ្នា​មក​អបអរ​សាទរ​រាក់ទាក់​ទទួល​អ្នក​អង្គ​ម្ចាស់​ចន្ទ ដោយ​នាំ​យក​តង្វាយ​ជា​ច្រើន​មក​ថ្វាយ​ផង រួច​នាំ​គ្នា​កសាង​បន្ទាយ​រឹង​មាំ​មួយ​ថ្វាយ ដោយ​ប្រគល់​ឱ្យ​ចៅហ្វាយ​ខែត្រ​ម្នាក់​ដែល​ទ្រង់​ទើប​ចាត់​តាំង​ថ្មី​នៅ​ រក្សា​ការពារ ។

មក​ដល់​វាល​ស្រាប​ អង្កាម អ្នក​អង្គ​ម្ចាស់​ចន្ទ បាន​ជួប​ជាមួយ​ទ័ព​របស់​ចៅហ៊្វាទឡ្ហៈ ដែល​បាក់​ចាញ់​ដៃ​រត់​ពី​ពោធិ៍សាត់​មក​កំពុង​ប្រមែ​ប្រមូល​គ្នា ។​ ទ្រង់​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ធ្វើ​ឱ្យ​ពួក​នេះ​បាក់​បែក​រត់​ខ្ចាត់​ ខ្ចាយ​ម្ដង​ទៀត ហើយ​ព្រះ​អង្គ​ដេញ​តាម​សម្លាប់​បាន​ចៅហ៊្វាទឡ្ហៈ​ដោយ​ផ្ទាល់​ដៃ​ព្រះ​ អង្គ ។ បន្ទាប់​ពី​ជ័យជម្នះ​ថ្មី​នេះ កងទ័ព​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត​ ហើយ​បាន​មក​បោះជំរំ​សម្រាក​នៅ​ខាង​កើត​រលាប្អៀរ ។​ ពេល​នោះ​ចៅហ្វាយ​ខែត្រ​ដែល​ស្ដេច​កន​តែង​តាំង​គេច​រត់​បាត់​ទៅ ទ្រង់​ក៏​ជ្រើស​រើស​មេទ័ព​ម្នាក់​ឱ្យ​ឡើង​ជំនួស​វិញ ។
ពេល ​នោះ ជ័យជម្នះ​បាន​លេច​ចេញ​ជា​រូបរាង​បន្ដិច​ហើយ​ចំពោះ​អ្នក​អង្គ​ម្ចាស់​ចន្ទ ធ្វើ​ឱ្យ​អ្នកស្រុក​ប្រែ​មាន​ទំនុក​ចិត្ដ​មក​លើ​ព្រះ​អង្គ​វិញ ក៏​នាំ​គ្នា​មក​ស្វាគមន៍​ព្រះ​អង្គ​ច្រើន​កុះករ ។ អ្នកស្រុក​លង្វែក​មក​មុន​គេ បន្ទាប់​មក​គឺ​អ្នកស្រុក​ជិតខាង នាំ​យក​តង្វាយ​ផ្សេងៗ​មក​ជាមួយ ឯ​ពួក​ប្រុសៗ​ស្ម័គ្រ​ចូល​ទ័ព​បម្រើ​ព្រះ​អង្គ ។

និយាយ​ពី​ស្ដេច​កន​ វិញ​ ទ្រង់​បាន​ចាត់​បញ្ជូន​ភ្នាក់ងារ​ឱ្យ​ចុះ​តាម​ខែត្រ​នានា​ជំរុញ​ឱ្យ​ចៅហ្វាយ ​ខែត្រ​នីមួយៗ​ខិតខំ​ប្រឹងប្រែង​ឡើង​ក្នុង​ការ​ជ្រើស​រើស​ទ័ព ។ ការងារ​នេះ​បាន​នាំ​មក​នូវ​កងទ័ព​ថ្មី​សម្រាប់​ស្ដេច​កន​ចំនួន​១៧​ម៉ឺន​នាក់ ដែល​ទ្រង់​បែងចែក​ចេញ​ជា​២​កង ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​ព្រះ​អង្គ​ផ្ទាល់ ។ ទ្រង់​ប្រគល់​រាជធានី​ស្រីសន្ធរ ឱ្យ​បុត្រា​ព្រះ​អង្គ និង​ចៅហ្វ៊ា​វាំង​ការពារ រួច​ក៏​ចេញ​ដំណើរ​មក​កាន់​ចតុម្មុខ មក​បោះជំរំ​នៅ​ក្រាំងពន្លៃ (65) ។

នៅ ​ក្រាំងពន្លៃ​នោះ​ស្ដេច​កន​បាន​បញ្ជា​ឱ្យ​លោក​យមរាជ​ដឹកនាំ​ទ័ព​២​ម៉ឺន​៥​ ពាន់​នាក់​មក​វាយ​ដណ្ដើម​យក​លង្វែក​វិញ ។ ទទួល​បាន​ដំណឹង​នេះ អ្នក​អង្គ​ម្ចាស់​ចន្ទ​បាន​ដឹកនាំ​ទ័ព​៤​ម៉ឺន​នាក់​មក​ជួយ ។ ទ្រង់​បញ្ជា​ឱ្យ​ទ័ព​លង្វែក​ចេញ​វាយ​មុន ហើយ​ឱ្យ​ធ្វើ​ជា​ចាញ់​ដៃ​រត់​គេច​ដើម្បី​ឱ្យ​សត្រូវ​ដេញ​តាម​រហូត​មក​ដល់​ កន្លែង​មួយ​ដែល​ព្រះ​អង្គ​នៅ​ត្រៀម​រង់ចាំ សឹម​បែរ​វាយ​បក​សង្គ្រុប​ទាំងអស់​គ្នា​វិញ ។ ប្រតិបត្ដិការ​នេះ​ធ្វើ​ឱ្យ​ទ័ព​សត្រូវ​ខាតបង់​មេទ័ព​អស់​១១​នាក់ និង​ទាហាន​ប្រហែល​ជា​៥​ពាន់​នាក់ ហើយ​អ្នក​នៅ​សល់​ធ្លាក់​ខ្លួន​ជា​ចំណាប់​ខ្មាំង​របស់​ទ័ព​អ្នក​អង្គ​ម្ចាស់​ ចន្ទ ។ គេ​កាត់​ក្បាល​មេទ័ព​ទាំង​១១​នាក់ រួច​ចាត់​ឱ្យ​មេទ័ព​នៅ​រស់​៥​នាក់​ទៀត​ដែល​គេ​កាត់​ស្លឹកត្រចៀក​នាំ​យក​ ក្បាល​ទាំងនោះ​ទៅ​ថ្វាយ​ស្ដេច​កន ជាមួយ​នឹង​ពាក្យ​ផ្ដាំផ្ញើ​ថា «បើ ​ទ្រង់​មាន​ទាហាន​ច្រើន​ហើយ​ចង់​បន្ដ​ការ​ប្រយុទ្ធ សូម​ឱ្យ​ឆាប់​ចូល​មក ។ ក៏​ប៉ុន្ដែ​បើសិនជា​ចង់​ផ្អាក​សង្គ្រាម ព្រោះថា​ជិត​ដល់​រដូវ​វស្សា​ហើយ ណាមួយ​ជិត​ចូល​ឆ្នាំ​ផង ទុក​ពេល​ឱ្យ​អ្នកស្រុក​ត្រៀម​រៀបចំ​ធ្វើស្រែ​ចម្ការ ត្រូវ​លើក​ឡើង​តាម​តែ​ចិត្ដ​ចង់​ទៅ​ចុះ» ។
មេទ័ព ​ស្ដេច​កន​ទាំង​៥​នាក់​ចេញ​ដំណើរ​ផុត អ្នក​អង្គ​ម្ចាស់​ចន្ទ ក៏​នាំ​ទ័ព​ត្រលប់​មក​រលាប្អៀរ​វិញ តែ​ទ្រង់​បាន​ចាត់​សេនា​ឆ្លាត​វៃ​ម្នាក់​ឱ្យ​តាម​ពិនិត្យ​មើល​សភាព​ទ័ព​ សត្រូវ​បន្ដ​ទៀត ។

ស្ដេច​កន​ទទួល​ យល់​ព្រម​តាម​សំណើ​របស់​អ្នក​អង្គ​ម្ចាស់​ចន្ទ ហើយ​បាន​សរសេរ​សារលិខិត​មួយ​ឆ្លើយ​តប​មក​វិញ ដោយ​មាន​បោះត្រា​ផង រួច​ចាត់​មន្ដ្រី​៣​នាក់​ឱ្យ​នាំ​យក​សារលិខិត​នោះ​ទៅ​ឱ្យ​គូ​សត្រូវ​ជាមួយ​ នឹង​សំពត់ សូត្រ ចាក់​ជរ​ផ្កា​មាស​២០​ដុំ សំពត់​សូត្រ​រំលេច​ពណ៌​ផ្សេងៗ​២០​ដុំ និង​កម្រាលព្រំ​២​ផង ។

លិខិត​នោះ​មាន​ខ្លឹមសារ​ដូច​តទៅ ៖ «យើង ​សម្ដេច​ព្រះ​ស្រីជេដ្ឋា​ធិរាជ​រាមាធិបតី​បរមបពិត្រ ស្ដេច​ក្រុង​កម្ពុជា​ធិបតី​សិរី​សោធន​បវរ​ឥន្ទបត្ដ យើង​ដែល​ប្រជានុរាស្ដ្រ និង​រាជវង្សានុវង្ស​បាន​ស្នើ​សុំ​ឱ្យ​ឡើង​សោយរាជ្យ​លើ​រាជបល្ល័ង្ក​ក្រុង​ ស្រឡប់​ពិជ័យ​នគរ​ខាងកើត សូម​ទូល​ថ្វាយ​ព្រះ​អនុជាធិរាជ​ចៅពញា​ចន្ទរាជា​ទ្រង់​ជ្រាប​ថា យើង​រីករាយ​ណាស់​នឹង​ឃើញ​អ្នកដឹកនាំ​ទ័ព​មក​ប្រយុទ្ធ​ជាមួយ​នឹង​យើង ប៉ុន្ដែ​ដោយ​រដូវ​វស្សា​ជិត​ចូល​មក​ដល់ ហើយ​យើង​ត្រូវ​ទុក​ពេល​ឱ្យ​អ្នកស្រុក​បង្កបង្កើន​ផល​សិន​ ដូច្នេះ​សូម​ផ្អាក​កិច្ច​ប្រតិបត្ដិការ​សង្គ្រាម​មួយ​អន្លើ​ក្នុង​រដូវ​ នេះ ។ យើង​យល់​ព្រម​តាម​សំណើ​របស់​អ្នក តែ​មាន​លក្ខខណ្ឌ​ថា​យើង​ទាំង​សងខាង​មិន​ត្រូវ​ឆ្លៀត​ឱកាស​នេះ​ដើម្បី​លួច​ ដណ្ដើម​យក​អាណា​ខែត្រ​របស់​ម្ខាង​ទៀត បីដូច​ជា​ចោរ​ខ្មួញ​នោះ​ទេ ។ ការ​ប្រយុទ្ធ​នឹង​ចាប់ផ្ដើម​ឡើង​វិញ តែ​ពេល​ណា​មាន​ការ​ប្រកាស​សង្គ្រាម​ពិត​ប្រាកដ ។ ធ្វើ​យ៉ាងនេះ​ទើប​ត្រឹមត្រូ​សម​ជា​ស្ដេច​ផែនដី» ។

អ្នក ​អង្គ​ម្ចាស់​ចន្ទ​ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់​នឹង​ស្ដេច​កន ជា​អតីត​ខ្ញុំ​ម្នាក់ ដែល​ហៅ​ព្រះ​អង្គ​ថា​អនុជ​ដូច្នេះ ។ ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​នាំសារ​របស់​ស្ដេច​កន​ថា ៖ «យើង ​ទទួល​យល់ព្រម​តាម​លក្ខខណ្ឌ​របស់​នាយ​កន ប៉ុន្ដែ​អ្នក​ត្រូវ​ប្រាប់​ទៅ​គេ​វិញ​ថា យើង​មិន​ពេញ​ចិត្ដ​នឹង​ឱ្យ​មនុស្ស​ដែល​មាន​ដើម​កំណើត​ឆ្ងាយ​ដាច់​ស្រឡះ​ពី​ យើង មក​ចាត់​ទុក​យើង​ជា​អនុជ​នោះ​ទេ» រួច​ហើយ​ទ្រង់​ចែក​រង្វាន់​ជា​មាស និង​ប្រាក់​ខ្លះ​ដែល​ព្រះ​អង្គ​បាន​យក​ពី​ស្រុក​សៀម​មក​ឱ្យ​អ្នក​ទាំងនោះ រួច​ក៏​ដេញ​ឱ្យ​ត្រលប់​ទៅ​វិញ ។

ពេល​នោះ កងទ័ព​របស់​អ្នក​អង្គ​ម្ចាស់​ចន្ទ​មិន​ពេញចិត្ដ​នឹង​ការ​ផ្អាក​ការ​ប្រយុទ្ធ​ទេ ។ ពួក​មេទ័ព​នាំ​គ្នា​និយាយ​ថា «តើ ​ធ្វើ​សង្គ្រាម​ដូច​ម្ដេច ពេល​ដែល​យើង​កំពុង​តែ​មាន​ជោគ​ជ័យ​ព្រះ​អង្គ​បែរ​ទៅ​ជា​ផ្អាក​ប្រតិបត្ដិការ ​ទុក​ឱ្យ​សត្រូវ​នៅ​រក្សា​កាន់កាប់​អាណា​ខែត្រ​មួយ​ចំនួន​ដែល​យើង​អាច​នឹង​ ដណ្ដើម​យក​បាន​ទៅ​វិញ» ។ ពួក​គេ​នាំ​គ្នា​ចូល​គាល់​អ្នក​អង្គ​ម្ចាស់​ចន្ទ ហើយ​ទូល​ព្រះ​អង្គ​ថា «នាយ ​កន​មាន​ខែត្រ​ច្រើន​ជាង​យើង​១០​ដង បើ​ចាប់​រើស​ទ័ព​នៅ​ក្នុង​បណ្ដា​ខែត្រ​ចំណុះ​ទាំង​អស់​នោះ ចាប់ពី​មាត់​សមុទ្រ​នៅ​ខាងត្បូង ទៅ​ដល់​ស្រុក​លាវ​នៅ​ខាងជើង រហូត​ទៅ​ដល់​ព្រំប្រទល់​ជាមួយ​នគរ​ចាម្ប៉ា នឹង​បាន​ទាហាន​ដល់​ទៅ​រាប់​រយ​ពាន់​នាក់ ។ ចំណែក​ខាងយើង​វិញ យើង​មាន​ខែត្រ​តែ​៦​-​៧​ប៉ុណ្ណោះ ។ ព្រះ​អង្គ​ជ្រាប​ស្រាប់​ហើយ​ថា​យើង​បាន​ជ្រើសរើស​ទ័ព​ច្រើន​ណាស់​ពី​ក្នុង​ ខែត្រ​ទាំង​៦​-​៧​នេះ ដែល​ធ្លាប់​រង​គ្រោះ​ជា​ដំណំ​ដោយសារ​សង្គ្រាម ហើយ​ខែត្រ​បាត់ដំបង​បាន​ខាតបង់​ប្រជាជន​ជា​ច្រើន​ដោយ​សារ​សៀម​កៀរ​យក​ទៅ» ។ អ្នក​អង្គ​ម្ចាស់​ចន្ទ​មាន​ព្រះ​បន្ទូល​តប​ទៅ​វិញ​ថា កងទ័ព​របស់​យើង​នឿយ​ហត់​ខ្លាំង​ណាស់​ទៅ​ហើយ​មិន​អាច​បន្ដ​ការ​ប្រយុទ្ធ​តទៅ​ ទៀត​ក្នុង​ពេល​នេះ​បាន​ទេ ព្រះ​អង្គ​ចង់​រើស​ទ័ព​បន្ថែម​ទៀត​សិន ។​ព្រះ​អង្គ​ចរចា​ជាមួយ​ស្ដេច​ កន​ដូច្នេះ ពីព្រោះ​ព្រះ​អង្គ​មិន​ចង់​ប្រយុទ្ធ​ជាមួយ​ទ័ព​មក​ពី​ខែត្រ​កំពង់ស្វាយ ដែល​មាន​ពាក់​សុទ្ធតែ​អាវ​ក្រោះ​ដែក​ដែល​ទ័ព​យើង​គ្មាន ណា​មួយ​ទ័ព​សត្រូវ​មាន​ការ​ចាត់​តាំង​ច្បាស់​លាស់​ជា​ទ័ព​ព្រះរាជា មាន​ក្លស់ ទង់ជ័យ និង​ភ្លេងភ្លាត់​ល្អ​ជាង​ទ័ព​យើង ។​ ព្រះ​អង្គ​ជា​រាជវង្ស​បាន​ជា​និយាយ​រួច​ទៅ​ហើយ​មិន​អាច​លេប​សម្ដី​វិញ​បាន​ ទេ ។

មាន​ព្រះ​បន្ទូល​រួច អ្នក​អង្គ​ម្ចាស់​ចន្ទ​ធ្វើការ​ណែនាំ​ដល់​ចៅហ្វាយ​ខែត្រ​ទាំងអស់​ដែល​ប្រមូល ​បាន​មក​វិញ រួច​ទ្រង់​ដឹកនាំ​ទ័ព​ចូល​ទៅ​ក្រុង​បរិបូណ៌​ទៅ ។ ចំណែក​ឯ​ស្ដេច​កន​វិញ ទ្រង់​ក៏​បាន​វិល​ត្រលប់​ទៅ​កាន់​ស្រីសន្ធរ ជា​រាជធានី​រាជាណាចក្រ​ខាងកើត ហើយ​គង់​នៅ​ស្ងប់​សៀម​ដែរ ។
មុន ​នឹង​មាន​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នេះ ពេល​ទទួល​ដំណឹង​ថា​ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​រៀបចំ​ចេញ​ដំណើរ​មក​វាយ​យក​ ក្រគរ ទ្រង់​បាន​ដឹកនាំ​ទ័ព​ចេញ​វាយ​ប្រហារ​មុន សម្លាប់​ចៅហ្វាយ​ខែត្រ​នោះ​បាន ព្រមទាំង​ដណ្ដើម​យក​បាន​ខែត្រ​សន្ទុក ស្ទឹងត្រង់ កំពង់សៀម បារាយណ៍ ជើងព្រៃ (66) និង​ខែត្រ​មួយ​ចំនួន​ទៀត រួច​បាន​ប្រគល់​ឱ្យ​នាយ​ទាហាន​របស់​ព្រះ​អង្គ​គ្រប់គ្រង​កាន់កាប់ ។ ប្រតិបត្ដិការ​នេះ​កើត​មាន​ឡើង​ក្នុង​ពេល​កំពុង​ចរចា​គ្នា ម្ល៉ោះ​ហើយ​ស្ដេច​កន​បាន​ចោទ​ប្រកាន់​ថា​គឺជា​ការ​បំពាន​លើ​ កិច្ចសន្យា ។​ ប៉ុន្ដែ​អ្នក​អង្គ​ម្ចាស់​ចន្ទ​អះអាង​ថា​រឿង​វា​កើត​មាន​ក្នុង​អំឡុងពេល​ កំពុង​ចរចា មុន​មាន​កិច្ចព្រមព្រៀង ដូច្នេះ​មិន​ខុស​ទេ ។

១៨. ព្រះ​ចន្ទរាជា (១៥១៦​-​១៥៥៥)
នៅ ​ក្នុង​ពេល​ដែល​មាន​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នោះ នាយទាហាន​ទាំងឡាយ​រួម​ជាមួយ​ព្រះរាជ​វង្សានុវង្ស​ផង បាន​ឯកភាព​គ្នា​ស្នើ​សុំ​ឱ្យ​អ្នក​អង្គ​ម្ចាស់​ចន្ទ​ឡើង​សោយរាជ្យ​ជា​ ព្រះរាជា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ព្រះ​អង្គ​បាន​យល់ព្រម​ទទួល​តាម ក៏​ប៉ុន្ដែ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ថា​ទ្រង់​នឹង​ទទួល​យក​ការ​អភិសេក​ លុះណាតែ​ទ្រង់​ដណ្ដើម​បាន​ជ័យជម្នះ​លើ​នាយ​កន​ក្បត់​រួច​សិន ។ គេ​បាន​រៀបចំ​សង់​ព្រះ​ពន្លា​ផ្សេងៗ​សម្រាប់​ធ្វើការ​ប្រកាស​តែងតាំង​ ព្រះរាជា​នេះ រួម​មាន​ព្រះរាជ​បល្ល័ង្ក​បាំង​ទៅ​ដោយ​ក្លស់​រួត​៥​ជាន់ ព្រះ​អង្គ​បាន​ឱ្យ​សង់​៥​ជាន់​សិន (មិន​ទាន់​ទទួល​យក​ក្លស់​៩​ជាន់​ភ្លាម​ទេ) គ្រឿង​ប្រដាប់​បំពាក់​ឱ្យ​សេះ​ដែល​អូស​ព្រះ​រាជរថ​ គ្រឿង​ប្រដាប់​បំពាក់​ឱ្យ​ដំរី​ពេល​យាង​ចេញ​ធ្វើ​សង្គ្រាម​គ្រឿង​ប្រដាប់​ បំពាក់​ឱ្យ​សេះ​ចម្បាំង​ និង​គ្រឿង​ប្រដាប់​លម្អ​ព្រះរាជ​ទីនាំង​នាវា ។

អ្នក ​អង្គ​ម្ចាស់​ចន្ទ​បាន​ឡើង​គង់​លើ​រាជបល្ល័ង្ក​បាំង​ដោយ​ក្លស់​នៅ​ក្នុង​ គ្រិស្ដ​សករាជ​១៥១៦ ត្រូវ​នឹង​មហាសករាជ​១៤៣៨​ ចុល្លសករាជ​៨៧៨ គឺ​ថ្ងៃ​ចន្ទ ១៥​រោច ខែ​ផល្គុន ឆ្នាំជូត អដ្ឋស័ក ដោយ​ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​ព្រះរាជា​មិន​ទាន់​អភិសេក​ថា​ «សម្ដេច​ព្រះ​បរមនាថ​ចន្ទរាជា​ធិរាជ ស្រី​ជ័យ​ចេស្ដា មហាក្រសត្រ អង្គ​ម្ចាស់​ក្រុង​កម្ពុជា» ។ នៅ​ក្នុង​ពេល​ប្រកាស​នោះ ពួក​ព្រាហ្មណ៍​បុរោហិត​បាន​ផ្លុំ​ស័ង្ខ និង​មាន​ការ​ប្រគំ​ភ្លេង​កងរំពង ហើយ​មាន​ប្រជារាស្ដ្រ​ធ្វើ​ដំណើរ​ពី​គ្រប់​ខែត្រ​ខណ្ឌ​មូល​មីរ មក​សម្ដែង​ការ​អបអរ​សាទរ ។
ព្រះរាជា ​បាន​តែងតាំង​រដ្ឋមន្ដ្រី​ សេនាបតី​ ព្រះសង្ឃ​រាជ​នៃ​ព្រះ​វិហារ​ពុទ្ធសាសនា​ទាំង​៧​ នាយក្រុម​ព្រះរាជ​វង្សានុវង្ស​២​អង្គ ព្រះ​ឥសី​ផាត ជា​មេក្រុម​បារគូ​ទទួល​បន្ទុក​ថែរក្សា​អាវុធ​ស័ក្ដិសិទ្ធិ និង​រៀបចំ​ពិធី​តាម​ព្រហ្មញ្ញ​សាសនា​ផ្សេងៗ នាម៉ឺន​តូច​ធំ អាស្រ័យ​ទៅ​តាម​គុណូបការៈ​ដែល​ពួក​គេ​បាន​បំពេញ​កន្លង​មក ។ គេ​បាន​និយាយ​ថា ព្រះរាជា​ក៏​បាន​ចាត់​ឱ្យ​គេ​សាងសង់​វត្ដ​មួយ​នៅ​នឹង​កន្លែង​ដែល​គេ​លើក​ឱ្យ ​ព្រះ​អង្គ​សោយរាជ្យ​នោះ ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ទី​រួម​ខែត្រ​អម្រិតបុរៈ​បាន​ដូរ​ឈ្មោះ​មក​ជា​ បរិបូណ៌​វិញ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ (67) ។
ក្នុង ​អំឡុងពេល​នោះ ស្ដេច​កន​បាន​រៀបចំ​ជ្រើសរើស​កងទ័ព​នៅ​តាម​បណ្ដា​ខែត្រ​ដែល​ស្ថិត​នៅ​ក្រោម​ អំណាច​របស់​ព្រះ​អង្គ ហើយ​បាន​ប្រមូល​យក​មក​ដាក់​នៅ​ស្រីសន្ធរ​នៅ​ចុង​ឆ្នាំ​១៥១៦ ។
ភាព ​ប្រទូសរ៉ាយ​រវាង​គ្នា​នឹង​គ្នា​ចាប់​កើត​មាន​ឡើង​វិញ​ជាដំបូង​ដោយ​សារ​ទ័ព​ ពួក​បះបោរ​នៅ​សំរោងទង បាន​ចេញ​មក​កេណ្ឌ​ប្រជាជន​ប្រមាណ​ជា​១០០​គ្រួសារ​នៅ​ក្នុង​ខែត្រ​ លង្វែក ។ ពេល​ទទួល​បាន​ដំណឹង​នេះ ព្រះ​ពញា​ចន្ទរាជា​បាន​បញ្ជា​ឱ្យ​ឧកញ៉ា​ចក្រី​ដឹកនាំ​ទ័ព​១​ម៉ឺន​នាក់​ទៅ​ ប្រដៅ​ពួក​នោះ ។ ឧកញ៉ា​ចក្រី​បាន​វាយ​ពួក​នេះ​ឱ្យ​បរាជ័យ​រួច​ដេញ​តាម​វាយ​រហូត​ទៅ​ខាងត្បូង​ ដណ្ដើម​បាន​ខែត្រ​បាទី​ ព្រៃកប្បាស​ ទ្រាំង ​រួច​ទើប​វិល​ត្រលប់​មក​ចតុម្មុខ​វិញ ។

ចូល ​មក​ក្នុង​ឆ្នាំ​១៥១៧ មាន​ការ​ប្រយុទ្ធ​ជា​ច្រើន ក៏​ប៉ុន្ដែ​ការ​ប្រយុទ្ធ​ទាំង​អស់​នោះ​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ អ្វី​ដល់​ស្ថានភាព​របស់​គូប្រឆាំង​ទាំង​២​ប៉ុន្មាន​ទេ ។ ការ​ប្រយុទ្ធ​បាន​ត្រូវ​បញ្ឈប់​ទាំងស្រុង​នៅ​ដើម​ឆ្នាំ​ថ្មី រួច​បាន​ចាប់​ផ្ដើម​វិញ​យ៉ាង​ខ្លាំងក្លា​នៅ​ពេល​ចប់​រដូវ​វស្សា ។ ទ័ព​ព្រះរាជា​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​លើ​ទ័ព​ស្ដេច​កន​នៅ​ក្នុង​ខែមាឃ​ធំ ជា​ខែ​ទី​៣​នៃ​ឆ្នាំ ហើយ​មិន​គ្រាន់​តែ​ដណ្ដើម​យក​បាន​ខែត្រ​ទ្រាំង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដណ្ដើម​យក​បាន​ខែត្រ​កំពត និង​កំពង់សោម​ទៀត​ផង ។ ប៉ុន្ដែ​ការ​ដណ្ដើម​យក​ខែត្រ​បាសាក់ និង​ព្រះត្រពាំង ត្រូវ​បរាជ័យ ។
គឺ ​នៅ​ពេល​នោះ​ឯង​ដែល​ស្ដេច​កន​លើក​គម្រោងការ​លួច​ធ្វើឃាត​ព្រះ​ចន្ទរាជា​ដូច​ ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ចំពោះ​ព្រះរាជា​មុន​រួច​មក​ហើយ ។ ស្ដេច​កន​បាន​ជ្រើសរើស​ទាហាន​ស្ម័គ្រចិត្ដ​១០០​នាក់​ដោយ​ទ្រង់​បាន​សន្យា​ថា ​នឹង​លើក​ពួក​គេ​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​លើ​ខែត្រ​ណា​ដែល​ដណ្ដើម​យក​បាន​ ពី​ព្រះរាជា​នៅ​ពេល​ណា​ដែល​ពួក​គេ​សម្លាប់​ព្រះ​អង្គ​បាន ។ ពួក​ទាហាន​ទាំងនោះ​បាន​ធ្វើ​ជា​នាំ​គ្នា​រត់​មក​សុំ​ជ្រកកោន​ជាមួយ​កងទ័ព​ ព្រះរាជា ហាក់​បីដូច​ជា​គេ​ក្បត់​នឹង​មេ​គេ​មុន​អ៊ីចឹង ។ ព្រះ​ចន្ទរាជា​ទទួល​យក​ពួក​នោះ​ដោយ​បីតិ​សោមនស្ស និង​មាន​ការ​ទុក​ចិត្ដជា​ខ្លាំង ហើយ​បាន​ឱ្យ​ដាក់​បញ្ចូល​ពួក​នោះ​ទៅ​ក្នុង​កងរក្សា​ព្រះអង្គ ។ ថ្ងៃមួយ​ព្រះរាជា​បាន​ចុះ​ស្រង់ទឹក​ក្នុង​ស្ទឹង​បរិបូណ៌ ដោយ​បាន​ហៅ​ឱ្យ​ទាហាន​ទាំងអស់​ចុះ​ងូតទឹក​ជាមួយ​ព្រះ​អង្គ​ដែរ ។ ពល​ទាហាន​ទាំងអស់​បាន​អនុវត្ដ​តាម​ព្រះរាជ​បញ្ជា​លើក​លែងតែ​ពួក​ចុះចូល​ថ្មី ​១០០​នាក់​មិន​បាន​ចុះ​ងូត​នឹង​គេ​ទេ ព្រោះ​មាន​កាំបិត​ស្នៀត​លាក់​ទុក​នៅ​នឹង​ភ្លៅ ក៏​មាន​ការ​រំជើបរំជួល​ក្នុង​ចិត្ដ​ជា​ខ្លាំង ។​ ព្រះរាជា​ដែល​ពិនិត្យ​មើល​ឃើញ​ហេតុការណ៍​នេះ​ក៏​បញ្ជា​ឱ្យ​ពួក​នោះ​ស្រាត​ សម្លៀក​បំពាក់​ចេញ ។ ពួក​នោះ​គិត​ថា​ផែនការ​របស់​ពួក​គេ​នឹង​ត្រូវ​បរាជ័យ បើសិន​ណា​ជា​គេ​មិន​ចាប់​អនុវត្ដ​ភ្លាម​ទេ ក៏​នាំ​គ្នា​ខិត​មក​ជិត​ព្រះរាជា​គិត​ថា​នឹង​ចាប់​ធ្វើការ​វាយ​ប្រហារ​មក​លើ ​ព្រះ​អង្គ​ភ្លាម​តែ​ម្ដង ។ ព្រះរាជា​ក៏​ចាប់ផ្ដើម​លែង​ទុកចិត្ដ​លើ​ពួក​នោះ បាន​រៀបចំ​ប្រុង​ប្រៀប​ការពារ​ខ្លួន​ព្រះ​អង្គ ដោយ​ស្រែក​ហៅ​កងការពារ​ឱ្យ​ចូល​មក​ជួយ​រួច​ទ្រង់​រត់​ទៅ​យក​ដាវ​ដែល​ព្រះ​ អង្គ​ព្យួរ​នៅ​នឹង​ដើមឈើ​មួយ ។​ ទ្រង់​បាន​លើក​អាវុធ​ត្រៀម​ការពារ​ខ្លួន​ព្រះ​អង្គ រួច​កាប់​ទាំង​ដាវ​ជាប់​នៅ​ក្នុង​ស្រោម​ទៅ​លើ​ជន​ក្បត់​ម្នាក់​ដែល​ចូល​មក​ ជិត​ព្រះ​អង្គ​ជាង​គេ ។ ព្រះរាជ​កាយវិការ​នេះ បាន​ធ្វើ​ឱ្យ​វា​អាក់​សកម្មភាព​បន្ដិច​ដែរ ព្រម​ជាមួយ​ពេល​ដែល​ស្រោមដាវ​ត្រូវ​របូត​ចេញ​ទៅ ។ អា​ក្បត់​នោះ ពេល​ពិនិត្យ​ឃើញ​ថា​មាន​តែ​ខ្លួន​ម្នាក់ឯង​នៅ​ចំពោះ​មុខ​ព្រះរាជា មិន​បាន​ចាប់​អារម្មណ៍​ថា ពួក​ខ្លួន​ឯទៀត​កំពុង​តែ​ជាប់ដៃ​ជាមួយ​កងរក្សា​ព្រះអង្គ​ទេ ក៏​កើត​មាន​ការ​តក់ស្លុត​ជា​ខ្លាំង ហើយ​បើក​មាត់​ស្រែក​ហៅ​គ្នា​ឱ្យ​ចូល​មក​ជួយ​រួច​ក៏​ត្រូវ​ព្រះរាជា​ចាក់​មួយ ​ដាវ​ចូល​ក្នុង​មាត់​ស្លាប់​ទៅ ។​ ក្នុង​ពួក​ក្បត់​១០០​នាក់​នោះ​មាន​១០​នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​នឹង ​កន្លែង ៨​នាក់​ត្រូវ​ចាប់​បាន​ទាំង​រស់ សេស​សល់​ប៉ុន្មាន​បាន​គេច​រត់​រួច​ទៅ​រកទ័ព​ស្ដេច​កន​វិញ ។ ចំណែក​ខាង​ទ័ព​ព្រះរាជា មាន​ទាហាន​១៥​នាក់​រង​របួស និង​ស្លាប់​ម្នាក់ ។ ខ្មាំង​ដែល​ចាប់​រស់​ទាំង​៨​នាក់​បាន​ត្រូវ​គេ​សម្លាប់​ដោយ​កាត់​ក្បាល។
នៅ ​ចុងឆ្នាំ​នោះ ព្រះរាជា​បាន​លើក​ស្នំ​ឯក​ជា​ព្រះ​ជាយា ហើយ​ក៏​បាន​ប្រគល់​ឋានៈ​ផ្សេងៗ​ទៅ​ឱ្យ​ពួក​មេនំ​មេ​នាង ទៅ​តាម​ឋានៈ​របស់​គេ​ផង​ដែរ ។
នៅ​ ខែ​មិគសិរ​ ឆ្នាំ​១៥១៩ ស្ដេច​កន​ដែល​អ្នក​ប្រវត្ដិវិទូ​ខ្មែរ​ហៅ​ថា​ជា​ព្រះរាជា​នៃ​ព្រះរាជាណាចក្រ ​ទិស​ខាង​កើត បាន​មក​បង្ហាញ​ខ្លួន​ព្រះ​អង្គ​នៅ​ក្នុង​ខែត្រ​កំពង់សៀម ជាមួយ​កងទ័ព​៨​ម៉ឺន​នាក់​ដែល​មក​ទាំង​តាម​ផ្លូវគោក​ផង និង​ផ្លូវទឹក​ផង ។ ព្រះ​ចន្ទរាជា​បាន​បញ្ជូន​ព្រះរាជ​បរិពារ​ទាំងអស់​ឱ្យទៅ​នៅ​ឯ​រាជវាំង​ខែត្រ ​ពោធិ៍សាត់ រួច​ព្រះ​អង្គ​ដឹកនាំ​ទ័ព​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​ឆ្លង​ទន្លេ​ចេញ​ទៅ ​ធ្វើ​សង្គ្រាម​នៅ​ភូមិភាគ​បូព៌ា​តែ​ម្ដង ។ ដោយ​មាន​ការ​យឺត​យ៉ាវ​បន្ដិច​ក្នុង​ការ​ឆ្លង​ទន្លេ ខែត្រ​កំពង់សៀម​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​ស្ដេច​កន​មួយ​ថ្ងៃមុន​ព្រះ ​អង្គ​យាង​ទៅ​ដល់ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​មិន​មាន​ញញើត​ទេ ទ្រង់​បាន​បន្ដ​ដំណើរ​ចូល​ទៅ​បើក​ការ​វាយ​ប្រហារ​លើ​ទ័ព​ស្ដេច​កន ធ្វើ​ឱ្យ​ពួក​នេះ​បរាជ័យ​ទាំង​ស្រុង រកតែ​រត់​ចុះ​ទូក​ទៅ​វិញ​ក៏​មិន​ទាន់​ផង ។ ព្រះ​អង្គ​ចាប់​បាន​ទាហាន​ខ្មាំង​ជា​ច្រើន​នាក់​ជា​ឈ្លើយ ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក ស្ដេច​កន​បាន​បញ្ជូន​ទ័ព​មួយ​កង​ទៀត ឱ្យ​មក​វាយ​ដណ្ដើម​យក​កំពង់សៀម​វិញ ក៏​ត្រូវ​បរាជ័យ​ទៀត ប៉ុន្ដែ​នៅ​អាច​រក្សា​ទីតាំង​បាន​នៅ​ឡើយ ។

ក្រោយ ​ពី​បរាជ័យ​ផ្ទួនៗ​នេះ​មក ស្ដេច​កន​បាន​សម្រេច​ចិត្ដ​ថា​ត្រូវ​ធ្វើការ​ចរចា​ជាមួយ​ចៅពញា​ចន្ទរាជា​វិញ ​ទើប​ទ្រង់​សរសេរ​រាជសារ​មួយ​ឱ្យ​នាម៉ឺន​ម្នាក់​នាំ​យក​មក​ថ្វាយ​ព្រះ​ ចន្ទរាជា ។ នាម៉ឺន​នោះ​បាន​មក​ចុះទូក​នៅ​ត្រង់​ខាងក្រោម​កំពង់សៀម​បន្ដិច ជួប​នឹង​ពួក​ទាហាន​កំពុង​ដើរ​យាម​ល្បាត ក៏​ត្រូវ​ពួក​នោះ​ចាប់​យក​មក​ថ្វាយ​ព្រះរាជា ។ ព្រះ​អង្គ​ខ្ញាល់​នឹង​ទាហាន​របស់​ព្រះ​អង្គ​ណាស់​ដែល​អនុវត្ដ​ផ្ទុយ​នឹង​ ច្បាប់​សង្គ្រាម ធ្វើ​ទុក្ខ​ធ្វើ​ទោស​ទូត​របស់​សត្រូវ បណ្ដាល​ឱ្យ​ធ្លាក់​សារ​នោះ​ជាមួយ​នឹង​ក្លង​មាស​ទៅ​ក្នុង​ទឹក​ស្ទឹង​ បាត់ ។ ទ្រង់​បាន​ឱ្យ​គេ​ធ្វើ​ទារុណកម្ម​នាយ​ទាហាន​ដែល​ប្រព្រឹត្ដ​ខុស​ដោយ​វាយ​២៥​ រំពាត់​ផ្ដៅ រួច​ដាក់​ឃ្នាង​ក ។ បន្ទាប់​មក ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​អ្នក​នាំសារ​របស់​ស្ដេច​កន សូត្រ​សេចក្ដី​សំបុត្រ​ដែល​ខ្លួន​បាន​ទន្ទេញ​ចាំ​រត់មាត់​ថ្វាយ​ព្រះ​អង្គ​ សណ្ដាប់ ។

ក្នុង​សេចក្ដី​នៃ​ សារលិខិត​នោះ​ស្ដេច​កន​ប្រកាស​ស្នើ​សុំ​សន្ដិភាព​ជាមួយ​ព្រះ​អង្គ​ចន្ទរាជា​ ដោយ​បែងចែក​ទឹក​ដី​គ្នា​ដែល​ម្នាក់ៗ​មាន​ធំ​សមគួរ​ណាស់​ទៅ​ហើយ ។​ ព្រះរាជា​បាន​ឆ្លើយ​តប​ទៅ​អ្នក​នាំសារ​វិញ​ថា​ព្រះរាជាណាចក្រ​ទាំងមូល​ជា​ កេរ្ដិ៍​ដំណែល​ដែល​បុព្វបុរស​ព្រះ​អង្គ​បាន​បន្សល់​ទុក​មក​ឱ្យ​ព្រះ​អង្គ ដែល​ជា​បច្ឆាញាតិ​របស់​ព្រះរាជា​ពី​បុរាណ​តរៀង​មក ហើយ​ខ្លួន​ព្រះ​អង្គ​នេះ​ទៀត​សោត​ក៏​ជា​ម្ចាស់​របស់​ស្ដេច​កន​ជា​ចោរ​ក្បត់ ហើយ​បែរជា​ចង់​មក​សុំ​ចែក​ទឹកដី​ជាមួយ​ព្រះ​អង្គ​ទៅ​វិញ ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​បន្ថែម​ប្រាប់​ទៅ​អ្នក​នាំសារ​នោះ​ថា «បើសិនជា​ចៅហ្វាយ​របស់​អ្នកឯង​ចង់​បញ្ឈប់​សង្គ្រាម ត្រូវ​ឱ្យ​គេ​ដកថយ​ចេញ​ទៅ នោះ​យើង​ក៏​នឹង​ដកថយ​ចេញ​ដែរ» ។

ស្ដេច ​កន នៅ​ពេល​ទទួល​ចម្លើយ​នេះ ទ្រង់មាន​ព្រះ​បន្ទូល​ថា កាលពី​ចរចា​គ្នា​លើក​មុន ចៅពញា​ចន្ទរាជា​បាន​ប្រព្រឹត្ដ​បំពាន​ដណ្ដើម​យក​អាណា​ខែត្រ​ខាងលិច​អស់​មួយ​ ចំនួន​ ដូច្នេះ​មិន​អាច​ទុកចិត្ដ​បាន​ទេ ។ ទ្រង់​បាន​រៀបចំ​ដាក់​ពង្រាយ​កងទ័ព​តាម​ព្រំប្រទល់​ខែត្រ​ដែល​ទ្រង់​ចង់​ រក្សា​ទុក រួច​ហើយ​ក៏​យាង​ត្រលប់​ចូល​ទៅ​ក្នុង​រាជវាំង​នៅ​ឯ​ក្រុង​ស្រឡប់​ព្រៃនគរ​វិញ ​ទៅ ។ ចំណែក​ព្រះ​ចន្ទរាជា​វិញ បាន​យាង​ត្រលប់​មក​បរិបូណ៌ រួច​យាង​បង្ហួស​ទៅ​ពោធិ៍សាត់ ជាទី​កន្លែង​ដែល​ព្រះរាជ​បរិពារ​ទាំងអស់​ស្ថិត​នៅ​ក្នុង​អំឡុងពេល​នៃ​ការ​ ប្រយុទ្ធ ។ ទ្រង់​បាន​ចាត់​ឱ្យ​គេ​សាងសង់​ដំណាក់​មួយ​ប្រក់​ស្បូវ មាន​សាល​សវនាការ​នៅ​ខាងក្នុង​ផង និង​នៅ​ខាងក្រៅ​ផង ។

ពេល ​នោះ​ជា​ពេល​ចូល​ឆ្នាំ​ថ្មី រាជវាំង​ទាំង​២ គឺ​ខាងលិច និង​ខាងកើត បាន​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ដូច​គ្នា ។ ពេល​នោះ​ឧកញ៉ា​ចក្រី​ខាង​ព្រះ​ចន្ទរាជា​មាន​គំនិត​ចង់​លួច​ធ្វើឃាត​ស្ដេច​កន ក៏​ជ្រើសរើស​បាន​ទាហាន​៤​នាក់​ស្ម័គ្រ​ចិត្ដ​ចូល​ទៅ​ក្រុង​ស្រឡប់​ព្រៃនគរ ដើម្បី​លួច​ធ្វើឃាត​ស្ដេច​កន ។ ប្រតិបត្ដិការ​នេះ​បរាជ័យ ទាហាន​២​នាក់​ត្រូវ​គេ​ចាប់​សម្លាប់​ចោល ។ រឿង​នេះ​ដឹង​ដល់​ព្រះរាជា ទ្រង់​ខ្ញាល់​ជា​ខ្លាំង ។ ព្រះ​អង្គ​បាន​ព្រមាន​ឧកញ៉ា​ចក្រី​ដែល​ប្រព្រឹត្ដ​ថោកទាប​ដូច្នេះ ហើយ​បាន​ចាត់​ទុក​ឧកញ៉ា​នោះ​ថា​ជា «ចោរ​សង្គ្រាម» ។
ចាប់ពី ​ពេល​នោះ​មក ទ័ព​ព្រះរាជា​កើន​ចំនួន​រាល់​ខែ ។ ពេល​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ គេ​ឃើញ​ទ័ព​ព្រះ​អង្គ​មាន​នាយ​ទាហាន​ថ្មីៗ​រហូត ។ ចំនួន​ដំរី​ក៏​កើន​ឡើង​ដែរ ព្រោះ​ពេល​ចេញ​ទាក់​ម្ដងៗ ដែល​ជួនកាល​ព្រះរាជា​យាង​ចូល​រួម​ដោយ​ផ្ទាល់​ព្រះ​អង្គ គេ​ទាក់​បាន​ដំរី​ពី​២០​ទៅ​៣០​ក្បាល​យក​មក​ផ្សាំង​បង្រៀន​សម្រាប់​ចេញ​ធ្វើ​ សង្គ្រាម ។ ទ្រង់​បាន​តែងតាំង​អ្នក​ណា​ដែល​ធ្លាប់​បាន​បួស​រៀន​នៅ​ក្នុង​វត្ដ​អារាម​ហើយ ​បាន​ប្រលង​ជាប់​ឱ្យ​ធ្វើ​ជា​ក្រម​ស្រុក​ ជា​ក្រមការ​ស្រុក និង​ជា​សុភា (ចៅក្រម) ។

នៅ​ក្នុង​ឆ្នាំ​១៥២២ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​ពួក​សង្គ្រាយ គឺ​ពួក​អ្នក​ថែរក្សា​ទំនៀម​ទម្លាប់ ប្រមូល​ពួក​អ្នក​ធ្លាប់​បាន​បួស​រៀន​ទាំងអស់​ដែល​ត្រូវ​ចូល​បម្រើ​ក្នុង​ កិច្ចការ​រាជការ ឱ្យ​មក​ជួបជុំ​គ្នា​នៅ​បរិបូណ៌ ធ្វើការ​ប្រលង​ប្រជែង​អំពី​ចំណេះ​ភាសា​បាលី និង​ការ​បកប្រែ ។ អ្នក​ណា​ដែល​បាន​ប្រលង​ជាប់​នៅ​ពេល​នោះ​ត្រូវ​បាន​ព្រះ​អង្គ​ចាត់​តាំង​ឱ្យ​ ទទួល​ធ្វើ​ការងារ​សាធារណៈ​ភ្លាម សម​ស្រប​ទៅ​តាម​សមត្ថភាព​របស់​គេ​ម្នាក់ៗ ។ មាន​បង្កើត​ក្រុម​ល្ខោន មាន​តួ​ស្រី​ប្រុស​ពូកែ​ល្បី​ខាង​ច្រៀង​រាំ ដើម្បី​ធ្វើ​ឱ្យ​រាជវាំង​មាន​ពន្លឺ​រស្មី​ដូច​កាលពី​អតីតកាល ។
និយាយ ​អំពី​ស្ដេច​កន​វិញ កាន់តែ​ងប់ងុល​នឹង​ការ​សប្បាយ ភ្លេច​អស់​ផលប្រយោជន៍​ប្រទេស​ដែល​ព្រះ​អង្គ​ដឹកនាំ ព្រមទាំង​កិច្ចការ​យុត្ដិធម៌​ផង ។ ព្រះ​អាកប្បកិរិយា​នេះ​បាន​ធ្វើ​ឱ្យ​មន្ដ្រី​ជា​ច្រើន​ដែល​ធ្លាប់​តែ​ដើរ​ តាម​ព្រះ​អង្គ មាន​ការ​ខកចិត្ដ​ជា​ខ្លាំង ម្យ៉ាងទៀត​ក្រមព្រហ្មទណ្ឌ​ថ្មី​ដែល​ទ្រង់​បាន​ឱ្យ​កែប្រែ​ដើម្បី​ទាក់​ទាញ​ ចិត្ដ​ប្រជារាស្ដ្រ​ក៏​មាន​ការ​ប៉ះពាល់​ដល់​ពួក​មន្ដ្រី និង​អ្នក​ស្មោះត្រង់​ល្អ​ដែរ ។ ចៅក្រម​កាត់​សេចក្ដី​បាន​តែត្រឹម​ឱ្យ​បង់​ពិន័យ ហើយ​សំណង​នៃ​ការ​ខូចខាត​បាន​ត្រឹមតែ​១​ភាគ​៣​នៃ​ច្បាប់​ពី​មុន​ប៉ុណ្ណោះ។

ព្រះ​ចន្ទរាជា​បាន​ប្រមាថ​ស្ដេច​កន​ដោយ​មាន​ព្រះ​បន្ទូល​ថា «នាយ​កន​ជា​មនុស្ស​ឧក្រិដ្ឋ ម្ល៉ោះ​ហើយ តែង​អនុគ្រោះ​ឱ្យ​ជនឧក្រិដ្ឋ​ដូច​គ្នា» ។ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ឡើង​វិញ និង​ដាក់ទោស​ដល់​ពួក​ចោរ​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​ក្នុង​ពេល​ស្រុក​ កំពុង​វឹកវរ ទ្រង់​បាន​សម្រេច​ឱ្យ​គេ​បង្កើន​ពន្ធដារ​មួយ​ភាគ​បី​ឡើង​វិញ ។

នៅ​សម័យ​នោះ​នៅ​ខែត្រ​ស្រីសន្ធរ​មាន​មន្ដ្រី​ថ្នាក់​ទាប​ម្នាក់​ឈ្មោះ​ ចៅ​ហ្លួង​ឥន្ទ​កុមារ​ បាន ​យក​ក្មួយ​ស្រី​ម្នាក់​មក​ចិញ្ចឹម​ទុក​ដូចជា​កូនបង្កើត ។ ពេល​ក្មួយ​ស្រី​នោះ​ធំ​ចម្រើន​ពេញវ័យ​ហើយ គាត់​ក៏​រៀបចំ​ទុក​ដាក់​នាង​ធ្វើ​ជា​ភរិយា​បុរស​ម្នាក់​ឈ្មោះ កំពេជ្រ សម​ស្រម​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រះរាជា​ណាចក្រ ។ ការ​បាន​១​ឆ្នាំ នាយ​កំពេជ្រ​នេះ​ច្រឡំ​ប្រពន្ធ​ខ្លួន​ជាមួយ​នឹង​ខ្ញុំស្រី​អ្នកបម្រើ​របស់​ ប្រពន្ធ​ខ្លួន​ម្នាក់ រួច​ក៏​នាំ​ខ្ញុំស្រី​នោះ​រត់ទៅ ។ ចៅ​ហ្លួង​ឥន្ទ​កុមារ ជា​ឪពុកក្មេក​បាន​ដេញ​តាម​ចាប់​នាយ​កំពេជ្រ រហូត​មក​ដល់​កំពង់​លង្វែក ប៉ុន្ដែ​មិន​បាន​នាំ​យក​ទៅ​ព្រះរាជា​ណាចក្រ​ខាងកើត​វិញ​ដើម្បី​ធ្វើការ​ ជំនុំជម្រះ​ទេ បែរជា​នាំ​ចូល​មក​ជួប​ចៅហ្វាយ​ខែត្រ​រលាប្អៀរ ដាក់​បណ្ដឹង​ឱ្យ​រក​យុត្ដិធម៌​ឱ្យ​វិញ ។ ពេល​សវនាការ នាយ​កំពេជ្រ​ឆ្លើយ​ថា ឪពុកមា​ក្មេក​នេះ​តាម​មក​ចាប់ខ្លួន​មិន​មែន​ដើម្បី​នាំ​ឱ្យ​ទៅ​ជួបជុំ​ជាមួយ ​ភរិយា​វិញ​ទេ ប៉ុន្ដែ​ដើម្បី​ឃាត់ឃាំង​មិន​ឱ្យ​ខ្លួន​ដែល​មក​ដល់​ព្រះរាជាណាចក្រ​ខាង​លិច​ ទៅ​ហើយ​បាន​ចូល​បម្រើ​ព្រះ​ចន្ទរាជា ។ ក្រោយ​ពី​បាន​ស្ដាប់​ចម្លើយ​នេះ​ហើយ ចៅក្រម​ក៏​ជឿ ហើយ​កាត់​សេចក្ដី​ឱ្យ​ចៅ​ហ្លួង​ឥន្ទ​កុមារ​ចាញ់ក្ដី​ទៅ ។ ចៅ​ហ្លួង​មិន​សុខ​ចិត្ដ​ក៏​ប្ដឹង​ឡើង​ឧទ្ធរណ៍ ចៅក្រម​បាន​បញ្ជូន​សំណុំរឿង​ទាំងអស់​ទៅ​សាលា​ឧទ្ធរណ៍​ទៀត ។ ក្រោយ​ពី​បាន​ពិនិត្យ​សំណុំរឿង​ចប់​សព្វគ្រប់ ចៅក្រម​សាលា​ឧទ្ធរណ៍​មិន​ដឹង​ជា​កាត់​សេចក្ដី​យ៉ាងណា ក៏​យក​សំណុំរឿង​នេះ​ទៅ​ទូល​ព្រះរាជា ។ ព្រះរាជា​ពិនិត្យ​មើល​សំណុំរឿង​យ៉ាង​ល្អិតល្អន់ រួច​មាន​ព្រះ​បន្ទូល​ថា នាយ​កំពេជ្រ​មិន​គ្រាន់តែ​មាន​កំហុស​បោះបង់​ចោល​ភរិយា​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​កំហុស​ដោយ​បាន​លួច​យក​ខ្ញុំបម្រើ​របស់​ភរិយា​ខ្លួន​ថែម​ទៀត ដូច្នេះ​ត្រូវ​ទទួល​ទោស​តាម​កំហុស​ក្រោយ​នេះ ។ ពេល​នោះ ពួក​ចៅក្រម​បាន​ប្រកែក​មិន​ព្រម​ប្រកាស​សាលក្រម​តាម​យោបល់​ព្រះរាជា​ទេ ព្រោះថា​ខ្ញុំ​នោះ​ជា​ខ្ញុំ​របស់​ប្រពន្ធ ហើយ​តាំងពី​បុរាណកាល​មក គេ​មិន​ដែល​ទទួល​ស្គាល់​ថា​ប្ដី​លួច​ទ្រព្យ​ប្រពន្ធ ឬ​ប្រពន្ធ​លួច​ទ្រព្យ​របស់​ប្ដី​នោះ​ទេ ។ ព្រះរាជា​មាន​ព្រះ​បន្ទូល​តប​ទៅ​វិញ​ថា «ពី​មុន​មក​វា​អ៊ីចឹង​មែន តែ​ឥឡូវនេះ វា​មិន​អ៊ីចឹង​តទៅ​ទៀត​ទេ» រួច​ព្រះ​អង្គ​ក៏​សម្រេច​សេចក្ដី​ថា «នាយ​កំពេជ្រ​នេះ​មិន​គ្រាន់តែ​មិន​ស្មោះត្រង់​នឹង​ភរិយា បាន​បោះបង់​នាង​ចោល​ធ្វើ​ឱ្យ​នាង​ធ្លាក់​ក្នុង​ភាព​អាម៉ាស់​ជា​ស្រី​មេម៉ាយ​ ប៉ុណ្ណោះ​ទេ ថែម​ទាំង​លួច​យក​ខ្ញុំបម្រើ​របស់​ភរិយា​ម្នាក់​ធ្វើ​ឱ្យ​នាង​បាត់​បង់​ខាត​ ទ្រព្យ​អស់​ថែម​ទៀត ដូច្នេះ​នាយ​កំពេជ្រ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដែល​មាន​ឈ្មោះ​ថា ទោសានុទោស» ។ ទណ្ឌកម្ម​នេះ តម្រូវ​ឱ្យ​គេ​បណ្ដើរ​នាយ​កំពេជ្រ​តាម​ផ្លូវ​ក្នុង​រាជធានី​ចំនួន​៣​ថ្ងៃ​លើ ​ក្បាល​មាន​ទូល​កញ្ជើ​ភ្នែក​ខ្មោច​រួច​ហើយ​ត្រូវ​វាយ​១០០​រំពាត់​ ខ្សែតី ។ បន្ទាប់​មក ទ្រង់​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ប្រគល់​ខ្ញុំស្រី​នោះ​ទៅ​ឱ្យ​នាង​ជា​ភរិយា ​វិញ រួច​ឱ្យ​ប្រកាស​ផ្ដាច់​សង្វាស​ពី​គ្នា​តទៅ ។ ការ​សម្រេច​ក្ដី​នោះ ក៏​ត្រូវ​គេ​យក​មក​អនុវត្ដ​តាម​រហូត​មក​ចំពោះ​រឿង​ក្ដី​ប្រហាក់​ប្រហែល​ គ្នា ។
ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ពាណិជ្ជករ​ទាំងឡាយ​ប្រើប្រាស់​សម្រាប់​ ការ​ទិញ​ដូរ​របស់​ផ្សេងៗ​តែ​ជាមួយ​ប្រាក់​កាក់​ដែល​ព្រះ​អង្គ​ឱ្យ​បោះពុម្ព មាន​ឈ្មោះ​ថា ហាល​បី​វា​ប៉ុណ្ណោះ ដើម្បី​ទុកជា​អនុស្សាវរីយ៍​រំលឹក​ដល់​មេដោះ​ដែល​បាន​បីបាច់​ថែ​រក្សា​ ព្រះអង្គ ។
នៅ​សម័យ​ពេល​នោះ​អ្នកស្រុក​ហៅ​ព្រះ​ចន្ទរាជា​ថា​ព្រះរាជា​ទិស​ខាងលិច​ ហើយ​ហៅ​ស្ដេច​កន​ថា​ព្រះរាជា​ទិស​ខាងកើត​ តែ​ដូច្នេះ​រត់មាត់​ទៅ​ហើយ ប៉ុន្ដែ​ព្រះ​ចន្ទរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​មួយ​ហាម​មិន​ឱ្យ​ហៅ​ស្ដេច​កន​ ដូច្នេះ​ទេ បើ​ពុំនោះ​ទេ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «បើសិនជា ​យើង​ច្បាំង​ចាញ់ ហើយ​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ ពេល​នោះ​ទើប​ប្រជានុរាស្ដ្រ​អាច​ហៅ​វា​ថា​ជា​ព្រះរាជា​ជា​អង្គ​ម្ចាស់​ជីវិត ​តម្កល់​លើ​ត្បូង​បាន ប៉ុន្ដែ​ចំពោះ​មុខ​នេះ​ត្រូវ​ហៅ​វា​តាម​ឋានៈ​ដែល​ព្រះបាទ​ស្រីសុគន្ធបទ​បាន​ ដាក់​ឱ្យ​មុន​ពេល​មាន​ការ​បះបោរ គឺ​ឃុនហ្លួង​ព្រះស្ដេច​កន ។ តែ​បើ​សិនជា​វា​ច្បាំង​ចាញ់​ត្រូវ​សម្លាប់​បាន​ទៅ​វិញ​នោះ ឋានៈ​តែ​មួយ​ដែល​សម​ស្រប​ចំពោះ​វា​គឺ​ពាក្យ​ថា អា​ក្បត់» ។
នៅ ​ក្នុង​ឆ្នាំ​នោះ​ដែរ ព្រះរាជា​ទ្រង់​បាន​ឱ្យ​ដឹកនាំ​ទំនិញ​ជា​ច្រើន​សំពៅ​ទៅ​កាន់​នគរ​ជ្វា​ ម៉ាឡាយូ ដើម្បី​លក់ រួច​ហើយ​ទិញ​កាំភ្លើង​ធំ​១​រយ​ដើម និង​កាំភ្លើង​ដៃ (កាំភ្លើង​វែង) ១​ពាន់​ដើម​យក​មក​វិញ ។ ស្ដេច​កន​ក៏​បាន​បញ្ជូន​សំពៅ​២​គ្រឿង​យក​ទំនិញ​ទៅ​លក់​ដែរ ហើយ​នាំ​យក​មក​វិញ​នូវ​កាំភ្លើង​ធំ​១៥០​ដើម និង​កាំភ្លើង​ដៃ​៣​ពាន់​ដើម ក៏​ប៉ុន្ដែ​សំពៅ​ទាំង​២​នោះ​បាន​ជួប​ព្យុះ ក៏​លើក​កាំភ្លើង​ទាំង​អស់នោះ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ទៅ សំពៅ​ទី​១ បោះ​កាំភ្លើង​ចោល​នៅ​ពាម​កញ្ជរ​ សំពៅ​ទី​២​ដែល​តូច​ជាង​បោះ​ចោល​នៅ​ពាម ។​ សំពៅ​តូច​ក្រោយ​នេះ​បាន​ត្រូវ​ទាហាន​រក្សា​មូលដ្ឋាន​ចាប់​បាន ឯ​កាំភ្លើង​ធំ​៥០​ដើម និង​កាំភ្លើង​ដៃ​១​ពាន់​ដើម​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​បរិបូណ៌ ។ សំពៅ​របស់​ព្រះ​ចន្ទរាជា​វិល​ត្រលប់​មក​កាន់​កម្ពុជា​វិញ​មាន​ផ្ទុក​ កាំភ្លើង​ពេញ មិន​មាន​ខូ​ត​ខាត​បាត់បង់​អ្វី​ទេ ។

ទទួល ​បាន​កាំភ្លើង​ធំ​១៥០​ដើម​ និង​កាំភ្លើង​ដៃ​២​ពាន់​ដើម​បន្ថែម​ដូច្នេះ​ព្រះ​ចន្ទរាជា​បាន​ជ្រើសរើស​ ទាហាន​បន្ថែម​ចំនួន​២០​ម៉ឺន​នាក់​ទៀត ។ ទ្រង់​ចាត់​តាំង​ឧកញ៉ា​មនោ​មេត្រី និង​ឧកញ៉ា​រាជា​មេត្រី​ឱ្យ​ធ្វើ​ជា​មេបញ្ជាការ​ទ័ព​ឆ្វេង​ស្ដាំ រួច​បាន​លើក​ព្រះ​ភាគិនេយ្យ​ពញាយស​រាជា​ឱ្យ​ធ្វើ​ជា​អគ្គ​សេនាប្រមុខ​លើ​ កងទ័ព​ទាំងមូល​កាន់​ទ័ព​៥​ម៉ឺន​នាក់ ដើម្បី​ចេញ​ទៅ​ធ្វើសង្គ្រាម​នៅ​ព្រៃវែង ។
ទ័ព ​៥​ម៉ឺន​នាក់​ទៀត​ទ្រង់​ដាក់​ក្រោម​បញ្ជា​ឧកញ៉ា​សួគ៌ា​លោក ជា​បុត្រា​របស់​តា​មឿង ។ ឧកញ៉ា​ឧទ័យធិរាជ កាន់​ទ័ពស្រួច​ឧកញ៉ា​ពេជ្រ​តេជោ​ និង​សហការី​កាន់​ទ័ព​ឆ្វេង​ស្ដាំ ។​ ទ័ព​នេះ​ត្រូវ​ធ្វើ​ដំណើរ​កាត់​ខែត្រ​កំពង់សៀម​ទៅ​បោះ​ទីតាំង​នៅ​ខាង​មុខ​ រាជធានី​សំរោង​ព្រៃនគរ​ដើម្បី​រារាំង​កុំ​ឱ្យ​ទ័ព​ចៅហ្វ៊ា​កៅ​ឆ្លង​មក​ជួយ​ ស្ដេច​កន​ជា​ក្មួយ​បាន ។
ព្រះរាជា​ កាន់​ទ័ព​ធំ​មាន​គ្នា​១០​ម៉ឺន​នាក់ ។ ទ័ពស្រួច​មាន​ទាហាន​២​ម៉ឺន​នាក់ ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​ឧកញ៉ា​ចក្រី​បុត្រ​ច្បង​របស់​តា​មឿង​ចេញ​ ដំណើរ​មុន ។​ ឧកញ៉ា​យោមរាជ​បញ្ជា​ទ័ព​ស្លាប​ឆ្វេង​ ឧកញ៉ា​ក្រឡាហោម​បញ្ជា​ទ័ព​ស្លាប​ខាងស្ដាំ ម្នាក់ៗ​ចំនួន​១​ម៉ឺន​នាក់ ហើយ​សម្ដេចចៅពញា​បញ្ជា​ទ័ព​ខាង​ក្រោយ​ចំនួន​១​ម៉ឺន​នាក់​ដែរ។ ចំណែកឯ​សម្ដេច​ចៅហ្វ៊ា ត្រូវ​ព្រះ​អង្គ​ចាត់​ឱ្យ​កាន់​ទ័ព​នៅ​ក្នុង​រាជធានី នៅ​ការពារ​ព្រះរាជវាំង ។

ធ្វើ​ដំណើរ​មក​ដល់​ឧត្ដុង្គ ទ័ព​ព្រះរាជា​ឈប់​សម្រាក​ជា​លើក​ដំបូង ហើយ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ បន់ស្រន់​អស់​បណ្ដា​ទេវតា​ដែល​ថែរក្សា​ព្រះរាជាណាចក្រ សូម​ឱ្យ​លោក​ជួយ​ព្រះ​អង្គ​ទទួល​នូវ​ជ័យជម្នះ រួច​ទ្រង់​យាង​តាម​ទូក​សារាយ​អណ្ដែត​ដែល​ព្រះ​សង្ឃរាជ​ថ្វាយ​ទៅ​ ពោធិ៍សាត់ ។​នៅ​ពេល​ត្រលប់​មក​ពី​ពោធិ៍សាត់​វិញ ទ្រង់​បាន​បញ្ជា​ឱ្យ​ទ័ព​ទាំង​៤​កង​ចេញ​ដំណើរ​ទៅ​កាន់​រាជវាំង​ស្ដេច​ កន ។
និយាយ​ពី​ស្ដេច​កន​ វិញ ដែល​មាន​ជំនឿ​ជឿជាក់​ក្នុង​ខ្លួន​ថា ព្រះ​ចន្ទរាជា​មិន​ហ៊ាន​លើកទ័ព​មក​វាយ​ព្រះ​អង្គ ក៏​គិតតែ​ពី​សប្បាយ ដោយ​គិត​ថា​មាន​សុវត្ថិភាព​ហើយ ។ ដល់​ទទួល​របាយការណ៍​ថា ទ័ព​ព្រះរាជា​ចូល​មក​ជិត​ដល់​ហើយ ក៏​ភ្ញាក់ខ្លួន​ព្រើត ភិតភ័យ​ខ្លាំង​ណាស់ ចេញ​បញ្ជា​មិន​ដឹង​ខុស​មិន​ដឹង​ត្រូវ ប្រមូល​ទ័ព​បាន​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ទ្រង់​ក៏​សម្រេច​រត់​ចោល​រាជធានី​បាសាន ដោយ​ចាប់​បង្ខំ​ឱ្យ​ប្រជារាស្ដ្រ​ទៅ​តាម​ព្រះ​អង្គ​ផង ។ ពេល​រត់​នោះ​ក៏​មក​ជួប​ជាមួយ​ទ័ព​របស់​ឧកញ៉ា​សួគ៌ា​លោក​ប្រយុទ្ធ​គ្នា​ពេញ​១ ​ថ្ងៃ​រក​តែ​ដក​ដៃ​គេច​ក៏​មិន​រួច ។​ នៅ​ពេល​នោះ ទ័ព​របស់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​តេជោ ដែល​ខិតខំ​ធ្វើ​ដំណើរ​ឥត​ឈប់​ឈរ​ព្រោះ​ចង់​វាយ​ស្ដេច​កន បាន​មក​ដល់​ល្មម​ព័ទ្ធ​ទ័ព​ស្ដេច​កន​ជាប់​ពី​ខាងក្រោយ​ និង​ពី​ខាង​ចំហៀង​ ទ័ព​ឧកញ៉ា​សួគ៌ា​លោក​នៅ​ពី​ខាង​មុខ​ក៏​ព្រួត​គ្នា​វាយ​យ៉ាង​ពេញ​ ទំហឹង ។ ចៅហ្វ៊ា​កៅ​ជា​ឪពុកមា​ស្ដេច​កន ពេល​បាន​ទទួល​ដំណឹង​អំពី​ការ​មក​ដល់​សំរោង​ព្រៃនគរ​របស់​កងទ័ព​ព្រះរាជា​ផង និង​ដំណឹង​អំពី​គ្រោះថ្នាក់​ដែល​ស្ដេច​កន​កំពុង​ជួប​ប្រទះ​ផង ក៏​នាំ​ទ័ព​៥​ម៉ឺន​នាក់​ឡើង​ទៅ​ទិស​ខាងជើង​ដែល​គ្មាន​ទ័ព​ព្រះរាជា ដើម្បី​ទៅ​ផ្សារ​ភ្ជាប់​ជាមួយ​ទ័ព​ស្ដេច​កន​ដែល​កំពុង​តែ​ទប់ទល់​ស្វិតស្វាញ ​នៅឡើយ នៅ​កណ្ដាល​កងទ័ព​របស់​ព្រះរាជា​ ប៉ុន្ដែ​បាន​ត្រូវ​ទ័ព​របស់​ឧកញ៉ា​តេជោ​ដែល​ដឹង​អំពី​ល្បិច​នេះ​ជា​មុន​តាម​ វាយ​បំបែក​ពីក្រោយ​ជាប់ ។
ស្ដេច​កន​ មិន​បាន​ដឹង​ថា​ឪពុកមា​មក​ជួយ​ទេ ប៉ុន្ដែ​ដល់​ឃើញ​ទ័ព​ឧកញ៉ា​តេជោ​ធ្វើ​ចលនា ក៏​កាត់​យល់​ថា ទ័ព​នេះ​មាន​គេ​វាយ​មក​លើ​ហើយ ក៏​បែរ​កម្លាំង​វាយ​ទៅ​ខាង​នោះ ហើយ​បើក​ផ្លូវ​ចេញ​រួច តែ​ត្រូវ​មក​ជួប​ជាមួយ​ទ័ព​របស់​សម្ដេចចៅពញា និង​ទ័ព​របស់​ឧកញ៉ា​មហាមន្ដ្រី ដែល​កំពុង​តែ​លាក់ខ្លួន​រង់ចាំ​នៅ​ក្នុង​ព្រៃ​លំបង់ ក្នុង​នោះ​មាន​ទាហាន​២៥០​នាក់​ក្រោម​បញ្ជាការ​របស់​ព្រះ​សូឡាត់​មាន​ កាំភ្លើង​កាន់​នៅ​ដៃ ។ មាន​ទ័ព​៥​ពាន់​នាក់​ទៀត​នៅ​ក្រោម​បញ្ជាការ​របស់​ឧកញ៉ា​មហាទេព ឈរ​ជើង​នៅ​លើ​ភ្នំ​ពាមជាំង មាន​កាន់​កាំភ្លើង ធ្នូ និង​ស្នា ។ ពេល​នោះ ទ័ព​ពួក​បះបោរ​ទាំង​១​ម៉ឺន​នាក់​បាន​ត្រូវ​សម្លាប់ រង​របួស ឬ​ក៏​ត្រូវ​ចាប់​ខ្លួន​បាន បើ​ពុំនោះ​ទេ ត្រូវ​រត់​ខ្ចាត់ខ្ចាយ អ្នក​នៅ​សល់​ខ្លះ​ហែល​ឆ្លង​ទន្លេ​តូច រត់​ទៅ​តាម​ផ្លូវ​សរព្រះចន្ទ​សំដៅ​ទៅ​រកទ័ព​នៅ​សំរោង​ព្រៃនគរ ។ ព្រះ​ចន្ទរាជា​ទ្រង់​រង់ចាំ​ពួក​បាក់​ទ័ព​នេះ​នៅ​ក្នុង​វាល​សរព្រះចន្ទ​នោះ​ ឯង ។ ពេល​នោះ​ទ័ពស្រួច​របស់​ព្រះ​អង្គ ប៉ះ​ជាមួយ​សត្រូវ​មុន​គេ ហើយ​មេទ័ព​ស្រួច​សម្ដេចចៅពញា​បាន​ត្រូវ​ឪពុកមា​របស់​ស្ដេច​កន​បបួល​ឱ្យ​ចូល​ មក​ប្រយុទ្ធ​គ្នា​ហើយ​សម្លាប់​បាន​ប៉ុន្ដែ​ទ័ព​ចៅហ្វ៊ា​កៅ​បាន​ត្រូវ​ទ័ព​ ព្រះរាជា​៣​កង​ទៀត​ដេញ​តាម​ប្រកិត​ក៏​វាយ​ដកខ្លួន​ថយ​រហូត​បាន​ទៅ​ជួប​ ជាមួយនឹង​ទ័ព​ស្ដេច​កន ។
បាន​ ជួបជុំ​គ្នា​មា និង​ក្មួយ ស្ដេច​កន និង​ចៅហ្វ៊ា​កៅ​គិត​ថា​ពួក​គេ​មាន​កម្លាំង​ខ្លាំង​ល្មម​ហើយ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ព្រៃ​លំបង់ ។ ទៅ​ដល់ទី​នោះ​ក៏​ជួប​ជាមួយ​ទ័ព​ឧកញ៉ា​មហាមន្ដ្រី​១​ម៉ឺន​នាក់ ដែល​ដាច់​ខាត​រារាំង​ផ្លូវ​ពួក​គេ មិន​ឱ្យទៅ​មុខ ធ្វើ​ឱ្យ​ស្ដេច​កន​ដែល​ត្រូវ​វាយ​ប្រហារ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ធ្លាក់​ខ្លួន​អស់​សង្ឃឹម ហើយ​ស្រែកយំ ។ ចៅហ្វ៊ា​កៅ​ជា​មា​ឃើញ​ដូច្នេះ​ក៏​និយាយ​លួង​លោម រួច​ចាប់​ក្មួយ​ដាក់​លើ​ខ្នង​សេះ​ពី​ខាងក្រោយ បម្រុង​នាំ​គេច​ចេញពី​សមរភូមិ​ទៅ​ដោយ​និយាយ​ថា «គ្មាន​អ្វី​ខាតបង់​ទេ​កាលណា​យើង​នៅ​រស់» ។ ពេល​នោះ ពួកទាហាន​របស់​ព្រះ​សូឡាត់​២៥០​នាក់​ក៏​ចាប់​បាញ់​កាំភ្លើង​សំដៅ​មក​លើ ធ្វើ​ឱ្យ​ទាហាន​ពួក​ក្បត់​ស្លាប់​អស់​ជា​ច្រើន ។ ក៏​ប៉ុន្ដែ​ចៅហ្វ៊ា​កៅ​នៅ​តែ​ស្រែក​កម្លា​ទាហាន​ឱ្យ​បន្ដ​ការ​ប្រយុទ្ធ​ទាំង ​ស្ដេច​កន​ក៏​មាន​ទឹកចិត្ដ​ឡើង​វិញ​ដែរ ។​ ពួក​គេ​នៅ​សល់​ទាហាន​ប្រហែល​តែ​៥​ពាន់​នាក់​ប៉ុណ្ណោះ ក៏​ប៉ុន្ដែ​ជាមួយ​ទាហាន​ប៉ុន​នេះ គេ​អាច​ទប់ទល់ ហើយ​គេច​ខ្លួន​រួច​ពី​ការ​វាយ​សង្គ្រុប​ឥត​បង្អង់​ដៃ​ពី​គ្រប់​ទិស​ទី​របស់​ ទ័ព​ឧកញ៉ា​មហាមន្ដ្រី​១​ម៉ឺន​នាក់។ ពួក​គេ​គេច​ខ្លួន​ទៅ​ដល់​ច្រក​នៅ​ចន្លោះ​ភ្នំ​ពាមជាំង និង​ភ្នំ​ពានជញ្ជាំង ដោយ​អស់​កម្លាំង​នឿយ​ហត់​ខ្លាំង​ពេក មិន​អាច​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត​បាន ក៏​នាំ​គ្នា​ឈប់​សម្រាក​ដាំបាយ​ហូប​សិន ។ ប៉ុន្ដែ​ឧកញ៉ា​មហាទេព​ដែល​បោះទ័ព​នៅ​លើ​កំពូលភ្នំ​មិន​បាន​ទុក​ពេល​ឱ្យ​ទេ ក៏​ចាប់​ប្រមៀល​ដុំ​ថ្ម​ទម្លាក់​មក​លើ​ ហើយ​បាញ់​កាំភ្លើង ព្រួញ​ធ្នូ​ស្នា​មក​លើ​ថែម​ទៀត ។ នៅ​ពេល​ស្ងប់​ទៅ​ស្ដេច​កន និង​ឪពុកមា​មាន​នៅ​សល់​ទាហាន​មិន​ដល់​៥​រយ​នាក់​ផង អ្នក​ឯទៀត​ស្លាប់ ឬ​ក៏​រត់​បែកខ្ញែក​អស់​ទៅ ។ ប៉ុន្ដែ ពួក​គេ​នៅ​តែ​អាច​រត់​គេច​ខ្លួន​រួច​យ៉ាង​លឿន រហូត​ទាល់តែ​ទ័ព​ព្រះរាជា​មើល​មិន​ទាន់ មិន​ហ៊ាន​ដេញ​តាម ។
ពេល​នោះ​ព្រះ​ចន្ទរាជា​បាន​ចេញ​បញ្ជា​ឱ្យ​ឧកញ៉ា​យមរាជ​ ឧកញ៉ា​វាំង​ ឧកញ៉ា​ក្រឡាហោម​ និង​ឧកញ៉ា​ចក្រី នាំ ​ទាហាន​ទៅ​បោះទ័ព​នៅ​ពីមុខ​រាជធានី​សំរោង​ព្រៃនគរ ជា​កន្លែង​ដែល​នាយ​កន និង​ឪពុកមា​រត់​ទៅ​ពួន​លាក់​ខ្លួន​សម្ងំ​នៅ​ ទ័ព​ទាំងអស់​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​សម្ដេច​ចៅពញា​យស​រាជា​ជា​ព្រះ​ អគ្គមេបញ្ជាការ ។​ ទ័ព​ព្រះរាជា​ឡោម​ព័ទ្ធ​រាជធានី​នេះ​ជាប់​៣​ខែ ប៉ុន្ដែ​មិន​អាច​ដណ្ដើម​យក​បន្ទាយ​រឹង​មាំ​ដែល​នៅ​លើ​កំពូលភ្នំ​បាន​ ទេ ។ ពេល​នោះ ឧកញ៉ា​ចក្រី​ខាង​ទ័ព​ព្រះរាជា ក៏​មាន​គំនិត​ចាប់​សង់​កំពែង​ឱ្យ​បាន​ខ្ពស់​ស្មើនឹង​កំពែង​រាជធានី រួច​ដាក់​ទ័ព​កាំភ្លើង​បាញ់​ចូល​ទៅ​ក្នុង​អស់​ពេល​៥​ថ្ងៃ នៅ​តែ​មិន​បាន​ផល ។ ប៉ុន្ដែ ព្រះរាជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា ព្រះ​អង្គ​នឹង​មិន​ឱ្យ​ដក​ថយ​ការ​ហ៊ុម​ព័ទ្ធ​នេះ​ទេ ឱ្យ​បន្ដ​រហូត​ទាល់តែ​ទទួល​បាន​ជ័យជម្នះ ហើយ​នៅ​ពេល​នោះ មនុស្ស​ទាំងអស់​ដែល​ព្រះ​អង្គ​ឃើញ​នៅ​ក្នុង​រាជធានី​នឹង​ត្រូវ​ដាក់​ឱ្យ​ទៅ​ ជា​ខ្ញុំ​ទាំងអស់ ។ ឮ​ដូច្នេះ ពួក​ទាហាន​នៅ​ក្នុង​កងទ័ព​ព្រះរាជា​ដែល​មាន​បង​ប្អូន​រស់នៅ​ក្នុង​រាជធានី​ នោះ ក៏​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​បន្ដៗ​គ្នា ហើយ​បាន​និយាយ​បន្ថែម​ថា ស្ដេច​សៀម​នឹង​បញ្ជូន​ទ័ព​មក​ជួយ​ព្រះ​ចន្ទរាជា ជា​ហេតុ​ធ្វើ​ឱ្យ​រឹតតែ​ជ្រួល​ច្របល់​ខ្លាំង​ឡើង​ថែម​ទៀត ។
យប់ ​មួយ​ព្រះរាជា​បាន​បញ្ជា​ឱ្យ​គេ​ដុត​ស្មៅ​ដែល​នៅ​ជាប់​នឹង​អាចម៍​បំណះ ភ្លឺ​ព្រោងព្រាត​ជុំវិញ​រាជធានី ធ្វើ​ឱ្យ​អ្នក​ដែល​រស់នៅ​ខាងក្នុង​ជឿ​ថា​ទ័ព​សៀម​បាន​មក​ដល់​ហើយ ភ្លើង​ទាំង​អស់នោះ​ជា​ភ្លើង​ដែល​ពួក​គេ​ដុត​បំភ្លឺ ។ ពេល​នោះ​ប្រជាជន​ចាប់​ភិតភ័យ​ជា​ខ្លាំង ក៏​នាំ​គ្នា​បើកទ្វារ​រាជធានី​រត់​ចេញ​មក​ក្រៅ ដើម្បី​គេច​ឱ្យ​ផុត​ពី​ការ​កាប់​សម្លាប់ និង​ការ​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​ប្រសិនបើ​ត្រូវ​គេ​ចាប់​បាន ។ ទាហាន​ស្ដេច​កន​ក៏​រត់​ចេញ​មក​ដែរ​ទាំង​រញីរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់ នាំ​គ្នា​សម្រុក​ចេញ​ទៅ​ក្រៅ​ខ្សែ​ឡោម​ព័ទ្ធ តែ​ត្រូវ​ទ័ព​ព្រះរាជា​ដែល​នៅ​ត្រៀមចាំ​កាប់​សម្លាប់​អស់​ជាច្រើន ។ ដល់​ឃើញ​ដូច្នេះ ពួក​អ្នកស្រុក​ក៏​ចូល​ដៃ​ចូល​ជើង​ជាមួយ​ទ័ព​ព្រះរាជា ជួយ​កាប់​សម្លាប់​ពល​ទាហាន និង​ឧត្ដមសេនីយ៍​ក្បត់​ដែល​រត់​មិន​រួច ស្លាប់​អស់​គ្មាន​សល់ ។ ចៅហ្វ៊ា​កៅ ឪពុកមា​របស់​ស្ដេច​កន បាន​ត្រូវ​ឧកញ៉ា​ចក្រី​កាប់​នឹង​ដាវ​ស្លាប់​នៅ​មាត់ទ្វារ​រាជធានី ។ ចំណែក​ស្ដេច​កន​វិញ ត្រូវ​ឧកញ៉ា​វាំង​រក​ឃើញ​កំពុង​អង្គុយ​កណ្ដាល​ចំណោម​ស្រីៗ​នៅ​ក្នុង​ដំណាក់ ក៏​ចោល​លំពែង​ធ្វើ​ឱ្យ​របួស រួច​ចាប់​ចង​ដាក់​ឱ្យ​គេ​យាមកាម​យ៉ាង​ហ្មត់ចត់ ។ ស្អែក​ឡើង​ព្រះ​ចន្ទរាជា​ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​សម្លាប់​ស្ដេច​កន​ចោល និង​ឱ្យ​ដាក់​បក្សពួក​ទាំងអស់​ជា​ខ្ញុំ​របស់​ព្រះរាជា​ណាចក្រ ។
ប៉ុន្មាន​ថ្ងៃ​ក្រោយមក ព្រះរាជា​បាន​ចាត់​តាំង​ឱ្យ​ព្រះ​សូឡាត់​ ត្រួតត្រា​លើ​ខែត្រ​ត្បូងឃ្មុំ និង​មើល​ខុស​ត្រូវ​បន្ទាយ ចំណែក​ព្រះ​អង្គ​ក៏​ឡើង​គង់​លើ​ទូក​សារាយ​អណ្ដែត យាង​ទៅ​កាន់​រាជធានី​បរិបូណ៌​វិញ ។ យោល​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ព្រះ​សង្ឃរាជ​ដែល​បាន​ថ្វាយ​ទូក​នេះ​ដល់​ព្រះ ​អង្គ ព្រះ​អង្គ​ទ្រង់​បាន​ចាត់​ឱ្យ​កសាង​វត្ដ​មួយ​នៅ​ក្នុង​ព្រៃ​ងងុយដេក​រួច​ហើយ ​ឱ្យ​យក​ទូក​នោះ​ទៅ​ឆ្លាក់​ជា​ព្រះ​ពុទ្ធរូប​មួយ​អង្គ​ធំ​ និង​ព្រះពុទ្ធ​រូប​តូចៗ​ជា​ច្រើន​ទៀត​តាម​ដែល​អាច​ធ្វើ​បាន ។ មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ក្នុង​ឆ្នាំ​១៥០៦ វត្ដ​នោះ​មាន​ឈ្មោះ​ថា ព្រះពុទ្ធ​លាយល័ក្ខ (68) ឯ​ព្រះ​ចៅអធិការ​បាន​ទទួល​ឋានៈ​ជា​ព្រះ​ឥន្ទទេព​ចក្រ ។

ទីក្រុង​ពោធិ៍សាត់​បាន​ដូរ​ឈ្មោះ​ទៅ​ជា បន្ទាយមានជ័យ ហើយ​បាន​ក្លាយជា​រាជធានី​របស់​ព្រះរាជាណាចក្រ​អស់​មួយ​រយៈ ។
មួយ​ឆ្នាំ​មក​ទៀត ចៅពញា​យស​រាជា ជា​បុត្រ​របស់​ស្នំ​ឯក និង​ត្រូវជា​ក្មួយ​ស្ដេច​កន បាន​សុគត​ទៅ​ក្នុង​ព្រះ​ជន្មាយុ​១៨​ព្រះវស្សា។ សព​របស់​ព្រះ​អង្គ​បាន​ត្រូវ​គេ​ធ្វើ​ពិធី​បូជា​ជាមួយ​សព​ព្រះ​បិតា ព្រះ​សុគន្ធបទ​ដែរ ។
ក្នុង ​មួយ​រយៈពេល​មាន​សង្គ្រាម​នេះ​រហូត​ដល់​ឆ្នាំ​១៥២៥ ស្ដេច​សៀម​ហាក់​ដូចជា​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ព្រឹត្ដិការណ៍​ ទាំងឡាយ​ដែល​កើត​មាន​នៅ​កម្ពុជា​ទេ ប៉ុន្ដែ​គេ​បាន​ចាត់​ទុក​ព្រះរាជា​ណាចក្រ​កម្ពុជា​ថា នៅ​ចំណុះ​អធិរាជ​ភាព​របស់​គេ​ហើយ​យោល​ទៅ​តាម​ទម្លាប់​បុរាណ​ដែល​មាន​រវាង​ នគរ​អធិរាជ​ និង​នគរ​សាមន្ដរាជ ស្ដេច​សៀម​បាន​ស្នើ​ឱ្យ​ព្រះ​ចន្ទរាជា​យក​ដំរី​ស​ដ៏​ល្អ​មួយ​ដែល​ព្រះ​អង្គ​ មាន​នៅ​ក្នុង​ក្រោល​ទៅ​ថ្វាយ ។ ព្រះ​ចន្ទរាជា​មិន​យល់ព្រម​បង្ហាញ​ឱ្យ​ឃើញ​ថា​ព្រះ​អង្គ​ចំណុះ​ស្ដេច​សៀម​ទេ ហើយ​មិន​បាន​ផ្ញើ​ដំរី​ស​តាម​សំណើ​ឡើយ ។ ស្ដេច​សៀម​បាន​ចាត់​ទុក​ការ​ប្រកែក​មិន​ព្រម​ថ្វាយ​ដំរី​ស​ឱ្យ​នេះ​ថា​ជា​ ការ​មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ភាព​ជា​នគរ​ចំណុះ ហើយ​ដោយ​ទ្រង់​គិត​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​ធ្លាក់​ចុះ​ដុនដាប​ដោយ​សង្គ្រាម​រវាង​គ្នា​ឯង​ និង​គ្នា​ឯង​ខ្លាំង​ណាស់​ទៅ​ហើយ ទ្រង់​ក៏​ដឹកនាំ​ទ័ព​ឆ្លងកាត់​ព្រំប្រទល់​ដែន​ចូល​មក​ឈ្លានពាន​ខែត្រ​ អង្គរ ។ ព្រះរាជា​ចាត់​ឱ្យ​កេណ្ឌ​ទ័ព​ជា​ប្រញាប់ ទ័ព​នោះ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ក្លាហាន រួច​ទ្រង់​បាន​ដឹកនាំ​ផ្ទាល់​ព្រះ​អង្គ​ចេញ​ទៅ​វាយ​ទ័ព​ស្ដេច​សៀម​ឱ្យ​ បរាជ័យ ចាប់​បាន​ឈ្លើយ​១​ម៉ឺន​នាក់​នាំ​យក​មក​ពោធិ៍សាត់ (69) ។

នៅ ​ឆ្នាំ​១៥២៨​ប្រហែលជា​៤​ឆ្នាំ​ក្រោយ​ពី​បរាជ័យ​របស់​ទ័ព​សៀម​រួច​មក ​ព្រះ​ចន្ទរាជា​មាន​ព្រះ​តម្រិះ​ថា រាជធានី​ពោធិ៍សាត់​នេះ​ស្ថិត​នៅ​ជិត​ព្រំប្រទល់​ដែន​ខ្លាំង​ណាស់ ទ័ព​សត្រូវ​ងាយ​នឹង​បើក​ការ​វាយ​ប្រហារ​មក​លើ បាន​យ៉ាង​ស្រួល បើសិនជា​គេ​ដើរ​ស្រូត​តែ​បន្ដិច ទ្រង់​ក៏​សម្រេច​ផ្ទេរ​រាជធានី​មក​តាំងនៅ​ខាងត្បូង​បន្ដិច​ត្រង់ លង្វែក ។ គឺ​នៅ​លង្វែក​នេះឯង ដែល​ព្រះ​អង្គ​ទទួល​ព្រះ​ពិធី​រាជាភិសេក​ឡើង​សោយរាជ្យ​នៅ​ក្នុង​ឆ្នាំ​១៥២៩ នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​៥៣​ព្រះវស្សា។

ថ្ងៃមួយ ពេល​យាង​ប្រពាត​ព្រៃ ព្រះរាជា​បាន​ប្រទះ​ឃើញ​ដុំ​ថ្ម​មួយ​ដុំ​ដែល​ត្រូវ​មែក​គគីរ​មួយ​ដើម​ដុះ​ ព័ទ្ធ​ស្ទើរ​ជុំ​ជិត ទ្រង់​ក៏​បញ្ជា​ឱ្យ​គេ​កាប់​យក​មែក​គគីរ​នោះ​ទៅ​ឆ្លាក់​ជា​ព្រះ​ពុទ្ធរូប​៤​ ព្រះ​អង្គ​ទល់​ខ្នង​គ្នា បែរ​ព្រះ​ភ័ក្ត្រ​ទៅ​រក​ទិស​ទាំង​៤ ឯ​ដុំ​ថ្ម​ទ្រង់​ឱ្យ​ឆ្លាក់​ធ្វើ​ជា​ទម្រ ។ រួច​ទ្រង់​បាន​បញ្ជា​ឱ្យ​សង់​វត្ដ​មួយ​នៅ​លង្វែក ដាក់​ព្រះ​ពុទ្ធរូប​នេះ​នៅ​ក្នុង​ព្រះ​វិហារ​មណ្ឌប (70) សម្រាប់​ឱ្យ​ពុទ្ធសាសនិក​គោរព​បូជា​នៅ​ក្នុង​ឆ្នាំ​១៥៣០​នៃ​គ្រិស្ដ​សករាជ​ ត្រូវ​នឹង​មហាសករាជ ១៤៥២ ចុល្លសករាជ​៨៩២ ។

គេ ​និយាយ​ថា ព្រះ​ចន្ទរាជា​បាន​កសាង​វត្ដ​មួយ​នៅ​ឧត្ដុង្គ​ដែល​មាន​ព្រះ​ពុទ្ធរូប​ធំ​មួយ ​អង្គ និង​កសាង​វិហារ​តូច​ជាង​គេ​នៅ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ដែល​មាន​ព្រះ​ ពុទ្ធរូប​និព្វាន​មួយ​អង្គ ព្រមទាំង​ឱ្យ​ជីក​ស្រះ​ទឹក​៣​ផង គឺ​ស្រះ​ធម្មកេរ្ដិ៍ នៅ​ខាងជើង​ភ្នំ ស្រះ​ដើម​ពោធិ​នៅ​ខាងលិច និង​ត្រពាំង​សំរឹទ្ធ​នៅ​ខាងជើង​ដែរ ។ ទ្រង់​ក៏​បាន​បញ្ជា​ឱ្យ​គេ​បោះ​ចម្រូង​យ៉ាង​មាំ រួច​ចាក់​ដី​ជា​ច្រើន​បិទ​កន្លែង​មួយ​ដែល​ទឹក​ហូរ​ចេញ​ពី​ក្នុង​ដី​មក​ បង្កើត​បាន​ជា​ត្រពាំង​មួយ​ហៅ​ថា ត្រពាំង​ផ្សារ​ដែក (71) ។ រួច​ទ្រង់​បាន​ឱ្យ​គេ​ត្រួស​រាន​ព្រៃ​នៅ​ជុំវិញ​ភ្នំ​យក​ដី​ធ្វើស្រែ​ប្រមូល ​ផល​ផ្គត់ផ្គង់​ជីវភាព​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ដ​ ព្រោះថា​វត្ដ​នោះ​នៅ​ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក​ និង​បាន​ប្រគល់​ពលព្រះ​ជា​ច្រើន​ដាក់​នៅ​ក្រោម​បញ្ជាការ​មេ​ម្នាក់ ដើម្បី​ឱ្យ​ធ្វើ​ស្រែ​ទាំង​អស់​នោះ ។ ព្រះ​សង្ឃរាជ​វត្ដ​នោះ មាន​ព្រះ​ឋានៈ​ជា ព្រះ​មហា​ធាតុ​ថេរ ។

ពេល ​នោះ សង្គ្រាមស៊ីវិល​បាន​ផ្ទុះ​ឡើង​នៅ​ឯ​ស្រុក​សៀម​ក្នុង​ឆ្នាំ​១៥២៩ ។ ទទួល​បាន​ដំណឹង​នេះ ព្រះ​ចន្ទរាជា​បាន​កោះ​ប្រជុំ​រាជវង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ «ពួក​សៀម​បាន ​ ចូល​មក​លុកលុយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​២​ដង​រួច​មក ហើយ​ហើយ​រាល់ពេល​ដែល​ចេញ​ទៅ​វិញ គេ​បាន​កៀរ​យក​អ្នកស្រុក​របស់​យើង​ទៅ​ជាមួយ​ផង ។ ដោយ​សារ​ហេតុនេះ​ហើយ បាន​ជា​ព្រះ​បិតា​របស់​យើង​ត្រូវ​បង្ខំចិត្ដ​បោះបង់​ចោល​ឥន្ទបត្ដ​បុរី ដកថយ​មក​គង់​នៅ​ចតុម្មុខ​វិញ ។ ឥឡូវ​ស្រុក​សៀម​មាន​វិបល្លាស ដោយ​ឃុន​វរវង្សា​ធិរាជ​បាន​ធ្វើឃាត​ព្រះរាជា​ដណ្ដើម​រាជសម្បត្ដិ យើង​ត្រូវ​តែ​ឆ្លៀត​យក​ឱកាស» ។ មាន​ព្រះ​បន្ទូល​រួច ព្រះរាជា​បាន​បញ្ជា​ឱ្យ​ព្រះ​អនុជ​របស់​ព្រះ​អង្គ​យាង​ទៅ​ខែត្រ​បាភ្នំ កេណ្ឌ​ទ័ព​ឱ្យ​បាន​១២​ម៉ឺន​នាក់​ហើយ​ឱ្យ​កេណ្ឌ​សេះ​ដំរី​ និង​រទេះ​សាលី​ផង​ដែល​ចាំបាច់​សម្រាប់​ត្រៀម​ធ្វើ​សង្គ្រាម ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក ទ្រង់​បាន​ចាត់​លោក​ចៅហ៊្វាទឡ្ហៈ​គឺ​នាយក​រដ្ឋមន្ដ្រី​ឱ្យ​កាន់​ទ័ពស្រួច ឯ​ព្រះ​អង្គ​កាន់​ទ័ព​មួយ​កង​ទៀត យាង​ទៅ​ជាមួយ​ដែរ តាម​ផ្លូវ​ពី​ចតុម្មុខ​ទៅ​ពោធិ៍សាត់ និង​បាត់ដំបង ។

ទ័ពស្រួច ​របស់​ចៅហ៊្វាទឡ្ហៈ​ទទួល​បាន​ជ័យជម្នះ​រហូត​លើ​ទ័ព​អាជ្ញាធរ​ខែត្រ​របស់​សៀម ​តាំងពី​ដំបូង រហូត​ដល់​ព្រំប្រទល់​ខែត្រ​បស្ចិម ធ្វើ​ឱ្យ​ពួក​មន្ដ្រី​សៀម​រត់គេច​ខ្លួន​បាត់​អស់ ហើយ​ខ្មែរ​យើង​ចាប់​បាន​សៀម​៤​ពាន់​នាក់​ជា​ឈ្លើយ ។
មក ​ដល់​បស្ចិមបុរី ពល​ទាហាន​អស់កម្លាំង​ខ្លាំង​ណាស់​ទៅ​ហើយ ក៏​សម្រាក​រង់ចាំ​ទ័ព​ព្រះរាជា​ស្រី​រាមាធិបតី​យាង​មក​ដល់ ។ ពេល​ទ័ព​ព្រះរាជា​មក​ដល់ លោក ចៅហ៊្វាទឡ្ហៈ​ក៏​នាំ​ចៅហ្វាយ​ខែត្រ និង​មន្ដ្រី​សៀម​ដែល​ចាប់​បាន​យក​មក​ថ្វាយ​ព្រះរាជា​ភ្លាម ។ ពួក​នោះ​បាន​ទូល​ព្រះរាជា​ថា គេ​បាន​រៀបចំ​សណ្ដាប់​ធ្នាប់​នៅ​អយុធ្យា​ឡើង​វិញ​ហើយ ដោយ​ជន​ក្បត់​ដណ្ដើម​រាជបល្ល័ង្ក​ និង​ប្រពន្ធ​ឈ្មោះ សោមា​ស៊ីសូដាចន្ទ​បាន​ត្រូវ​ ឃុន​គួន​ទេព និង​មន្ដ្រី​ជា​ច្រើន​នាក់​ទៀត​ចាប់​បាន​ហើយ​សម្លាប់​ចោល ។ ឥឡូវនេះ គេ​បាន​លើក​ព្រះ​រាន​រាជា ត្រូវជា​ព្រះ​បិតុលា​ព្រះរាជា​ដែល​សោយ​ទិវង្គត​ទៅ​ឱ្យ​ឡើង​សោយរាជ្យ ទ្រង់​ព្រះ​នាម​ថា​ ព្រះ​ចៅ​មហា​ចក្រពត្រា​រាជា​ធិរាជ​ព្រះរាជា​នៃ​ប្រទេស​សៀម ។ ព្រះ​ចន្ទរាជា ខ្លាច​ក្រែង​ពួក​មន្ដ្រី​ទាំង​អស់នោះ​និយាយ​កុហក ទ្រង់​ក៏​បញ្ជា​ឱ្យ​ទ័ព​សេះ​របស់​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​អយុធ្យា​មុន ដើម្បី​ស៊ើបសួរ​ព័ត៌មាន ។ ចំណែកឯ​កងទ័ព​ព្រះរាជា នៅ​តែ​បន្ដ​ដំណើរ​ទៅ​មុខ ដោយ​ច្បាំង​វាយ​យក​ទឹកដី​សៀម​ជា​បន្ដបន្ទាប់ និង​ចាប់​បាន​ឈ្លើយ​សឹក​ជា​ច្រើន​យក​មក​ថ្វាយ​ព្រះរាជា ។
នៅ ​ពេល​ដែល​កងទ័ព​បោះជំរំ​រង់ចាំ​ដំណឹង​ពី​រាជធានី​សៀម​ និង​ពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ស្ដេច​នគរ​ប៉េហ្កាន​នៅ​ពេល​ដែល​បាន​ ទទួល​ដំណឹង​អំពី​បដិវត្ដន៍​នៅ​អយុធ្យា​ក៏​បាន​កេណ្ឌ​ទ័ព​៣​ម៉ឺន​នាក់​រួច​ ធ្វើ​ដំណើរ​មក​ប្រុង​វាយ​យក​រាជធានី​សៀម​នេះ ដូច​ជា​ព្រះរាជា​កម្ពុជា​ដែរ ។ តែ​ដល់​ទ្រង់​ជ្រាប​ថា​ទ័ព​ខ្មែរ​បាន​មក​បោះជំរំ​នៅ​ពី​ខាង​ត្បូង​អយុធ្យា​ ជិត​បង្កើយ ហើយ​មាន​ទាហាន​ដល់​ទៅ​១២​ម៉ឺន​នាក់ ច្រើន​លើស​លុប​ទ័ព​ប៉េហ្កាន ព្រះ​អង្គ​មិន​អាច​ដណ្ដើម​យកជ័យ​ជម្នះ​បាន ទ្រង់​ក៏​បញ្ជា​ទ័ព​ឱ្យ​ដកថយ​ទៅ​ក្រោយ​វិញ ។

នៅ​ឆ្នាំ​១៥៣១ ចៅពញាអុង ជា ​បុត្រ​របស់​ព្រះ​ស្រីរាជា​ដែល​សុគត​ទៅ​ដោយ​ត្រូវ​ធ្លាក់​ខ្លួន​ជា​ចំណាប់​ ខ្មាំង​របស់​សៀម ហើយ​ដែល​ស្ដេច​សៀម​បាន​សុំ​យក​មក​ធ្វើ​ជា​កូនចិញ្ចឹម និង​លើក​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​សុវណ្ណលោក ទ្រង់​មាន​ព្រះ​ជន្ម​៥៤​ព្រះ​វស្សា​ហើយ ។ ដោយ​ចង់​ឱ្យ​ស្ដេច​ខ្មែរ​លើក​សួយសារ​អាករ​ទៅ​ថ្វាយ​ ស្ដេច​សៀម​បាន​ប្រគល់​ទ័ព​៩​ម៉ឺន​នាក់​ឱ្យ​ចៅពញាអុង ចូល​មក​លុក​លុយ​រាតត្បាត​កម្ពុជា​ពី​ខាងជើង ហើយ​ឱ្យ​ទ័ព​ជើងទឹក​៥​ម៉ឺន​នាក់ទៀត ចូល​មក​តាម​មាត់​សមុទ្រ ។

ព្រះ ​ចន្ទរាជា​បាន​ចាត់​ឱ្យ​លោក​ក្រឡាហោម រដ្ឋមន្ដ្រី​ខាង​ទ័ពជើងទឹក ចេញ​មក​ប្រយុទ្ធ​ជាមួយ​ទ័ព​ជើងទឹក​សៀម​ ឯ​ព្រះ​អង្គ​ដឹកនាំ​ទ័ព​ជើងគោក​ទៅ​ជួប​ជាមួយ​ទ័ព​ពញាអុង ។​ ការ​ប្រយុទ្ធ​ផ្ដើម​ឡើង​នៅ​ជិត​ពោធិ៍សាត់​ហើយ​ចៅពញាអុង​បាន​ត្រូវ​ព្រួញ​ ស្លាប់​នៅ​លើ​ក្បាល​ដំរី មេទ័ព​សៀម​ជា​ច្រើន​ត្រូវ​ប្រហារ ធ្វើ​ឱ្យ​ទ័ព​សៀម​បាក់​បែក​ខ្ចាត់​ខ្ចាយ​អស់​ទៅ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ទ័ព​ជើងទឹក​សៀម​ដែល​ដឹកនាំ​ដោយ​ភ្យា​តេជវង្សា​ក៏​ បាន​ត្រូវ​វាយ​ឱ្យ​បរាជ័យ រួច​ឡើង​ទូក​ចេញ​ទៅ​វិញ​អស់​ដែរ ។ រាជ​ពង្សាវតារ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​សៀម​ចុះ​ទូក​នៅ​ឯណា​ទេ ក៏​ប៉ុន្ដែ​គេ​អាច​ស្មាន​បាន​ថា នៅ​ក្នុង​ខែត្រ​ពាម គឺ​ហាទៀង​សព្វថ្ងៃ ។

ព្រះ​ចន្ទរាជា ​បាន​ចាត់​ឱ្យ​គេ​សង់​វត្ដ​មួយ​ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​របស់​ព្រះ​អង្គ​ នេះ ហើយ​ឱ្យ​យក​មាស​ប្រាក់​ដែល​ប្រមូល​បាន​ពី​សត្រូវ​ទៅ​រំលាយ​ធ្វើ​ជា​ព្រះ​ ពុទ្ធរូប​ជា​ច្រើន​អង្គ​ដាក់​នៅ​ក្នុង​វត្ដ​នេះ ។ ព្រះ​អដ្ឋិធាតុ​របស់​ចៅពញាអុង ទ្រង់​ឱ្យ​ដាក់​នៅ​ក្នុង​ចេតិយ​មួយ​ដែល​សង់​នៅ​ក្នុង​បរិវេណ​វត្ដ​ នេះ ។ វត្ដ​នេះ​មាន​ឈ្មោះ​ថា វត្ដ​ពោធិ​មាន​បុណ្យ ដោយ​មក​ពី​មាន​ដើម​ពោធិ​១​ដើម​ដែល​មាន​ស្លឹក​ខ្ចី​ល្វក់ នៅ​ពេល​ដែល​ព្រះរាជា​យាង​កាត់​ទៅ​ធ្វើ​សង្គ្រាម ។ ព្រះ​គ្រូ​ចៅអធិការ​វត្ដ​នេះ​មាន​ព្រះ​ឋានៈ​ជា​ព្រះ​ពោធិវង្ស ។

នៅ​ក្នុង​ឆ្នាំ​១៥៣៩ ជន​ម្នាក់​ឈ្មោះ​ថា ក្រឡាពាស​សួស (72) បាន​រក​ឃើញ​ព្រះខ័នរាជ្យ​របស់​អតីត​មហាក្សត្រ​វរ្ម័ន ដែល​ព្រាហ្មណ៍​ព្រះ​ឥសី​ផាត​ បាន​យក​ទៅ​លាក់​នៅ​ខែត្រ​បាទី​ក្នុង​រជ្ជកាល​ព្រះ​សុគន្ធបទ ជាមួយ​នឹង​លំពែង​របស់​តា​ចាយ ហើយ​និង​កេតនភណ្ឌ​ផ្សេងៗ​ទៀត​នៅ​ក្នុង​រន្ធ​ដើម​ចំបក់​មួយ​ដើម ។ គេ​បាន​នាំ​យក​វត្ថុ​ទាំង​អស់​នោះ​មក​រាជធានី​លង្វែក​វិញ ។
ព្រះ​មហា​រាជា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នេះ ទទួល​បាន​ជ័យជម្នះ​ជា​និច្ច ក្លាហាន​ហើយ​ឈ្លាសវៃ ទ្រង់​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៥៥៥​នៃ​គ្រិស្ដ​សករាជ ត្រូវ​នឹង​មហាសករាជ​១៤៧៧ ចុល្លសករាជ​៩១៧ ។ ពេល​នោះ ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​៧៩​ព្រះ​វស្សា ហើយ​សោយរាជ្យ​ក្នុង​រយៈពេល​លើស​ពី​៥៥​ឆ្នាំ (73) ។

គឺ ​ដោយ​បែប​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គេ​ភ្លេច​អស់​រឿង​រ៉ាវ​ស្ដេច​កន ដែល​បាន​សោយរាជ្យ​អស់​១៦​-​១៧​ឆ្នាំ​ដែរ ។ រាជពង្សាវតារ​ខ្មែរ ក្រោយ​ពី​លើក​សរសើរ​ខ្លះ​ដល់​ជន​ក្បត់​នេះ ក៏​បែរ​មក​លើក​សរសើរ​ព្រះរាជា​ដែល​ទទួល​បាន​ជ័យជម្នះ​ម្ដង ។ ក៏​ប៉ុន្ដែ​វា​ហាក់​ដូចជា​ថា​ព្រះ​ចន្ទរាជា​នេះ​ជា​ស្ដេច​ត្រឹមត្រូវ​ហើយ​ ល្អ​មែន ។ ទ្រង់​មាន​ជំនឿ​ខ្លាំង​លើ​ព្រះពុទ្ធ​សាសនា ហើយ​សព្វ​ព្រះទ័យ​ក្នុង​ការ​ធ្វើ​ទាន កសាង​វត្ដ និង​ព្រះ​ពុទ្ធរូប​ជា​ច្រើន ។ ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ​អង្គ​ត្រូវ​ប្រជារាស្ដ្រ​ពេល​នោះ​ស្រឡាញ់​ ខ្លាំង​ណាស់ រហូត​ដល់​ភ្លេច​អស់​សម័យ​សុខ​សប្បាយ​ក្រោម​រាជ្យ​ស្ដេច​កន ។
គេ ​បាន​នាំ​យក​ព្រះខ័នរាជ្យ និង​កេតនភណ្ឌ​សម្គាល់​រាជា​និយម​ផ្សេងៗ​ទៀត​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​រន្ធ​ ដើម​ចំបក់​នៅ​ក្នុង​ខែត្រ​បាទី ដែល​ព្រះ​ឥសី​ផាត​យក​ទៅ​លាក់​ទុក​មក​ថ្វាយ​ព្រះ​អង្គ​វិញ ។ វត្ថុ​ទាំង​អស់​នេះ​គេ​អាច​មើល​ឃើញ​នៅ​ក្នុង​ហោព្រះ​នៃ​ព្រះរាជវាំង​ស្ដេច​ ស៊ីសុវត្ថិ​នៅ​ភ្នំពេញ​សព្វថ្ងៃ ។

១៩. ព្រះ​បរម​ឥន្ទរាជា​ទី​១ (១៥៥៦-១៥៦៧)
ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​ចន្ទរាជា គឺ​រាជបុត្រ​របស់​ព្រះ​អង្គ​ព្រះ​នាម​ថា «ព្រះ​បរមរាជា» មាន​ព្រះ​ជន្មាយុ​៤៦​ព្រះ​វស្សា ដែល​ព្រះ​អង្គ​បាន​លើក​ជា​អ្នក​ស្នងរាជ្យ​តាំង​តែ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ម្ល៉េះ ។ ព្រះរាជា​អង្គ​នេះ​បាន​ត្រូវ​អភិសេក​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះ​បរម​ឥន្ទរាជា​ធិរាជ​រាមា​ធិបតី​បរម​បពិត្រ» ។ ព្រះមហេសី​ទី​១ ព្រះ​នាម​អ្នក​ម្នាង មាលី បាន​ត្រូវ​លើក​ជា​ព្រះ​អគ្គមហេសី ក្រោម​ឋានន្ដរៈ​ជា «សម្ដេច​ព្រះ​ភគវតី​ស្រី​រតន៍» នៅ​ក្នុង​ឆ្នាំ​១៥៥៦ ។
មួយ ​ឆ្នាំ​ក្រោយ​ព្រះរាជ​ពិធី​អភិសេក​រួច​មក​ព្រះរាជា​បាន​សម្រេច​ព្រះ​ទ័យ​ ឆ្លៀត​យក​ឱកាស​សៀម​ចាញ់​ដៃ​ពួក​ប៉េហ្កាន ដែល​វាយ​យក​រាជធានី​បាន​ ដើម្បី​ដណ្ដើម​យក​បណ្ដា​អាណា​ខែត្រ​ខ្មែរ​ដែល​សៀម​យក​ទៅ​មក​វិញ ។ ទ្រង់​បាន​ឱ្យ​កេណ្ឌ​ទ័ព​២​ម៉ឺន​នាក់ បែងចែក​ជា​២​កង ដាក់​ក្រោម​បញ្ជា​ឧត្ដម​សេនីយ៍​២​នាក់ គឺ​ឧកញ៉ា​មហា​សេនា និង​ឧកញ៉ា​យោធា​សង្គ្រាម ហើយ​បញ្ជា​ឱ្យ​ទៅ​ដណ្ដើម​យក​ខែត្រ​ចកជើងសៅ (សាសួងសៅ​-​សព្វថ្ងៃ​គឺ ប៉េទ្រីយូ) និង​ខែត្រ​នាងរង ដែល​នៅ​ជិត​គ្នា​នោះ​មក​វិញ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ទ័ព​ជើងទឹក​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ខែត្រ​ពាម (ហាទៀង) បាន​ចុះ​ទូក​ទៅ​កាន់​មាត់​សមុទ្រ​ខែត្រ​ចន្ទតាប៊ុន និង​រយ៉ង ស្ថិត​នៅ​ខាងត្បូង​ខែត្រ​ទាំង​២​ខាងលើ ។ ខែត្រ​ទាំង​៤​នេះ បាន​ត្រូវ​ដណ្ដើម​យក​មក​វិញ ដោយ​ដុត​បំផ្លាញ​ខ្ទេចខ្ទី ហើយ​ដាក់​ឱ្យ​ទ័ព​ខ្មែរ​មួយ​ចំណែក​នៅ​កាន់​កាប់​ថែរក្សា ។ ទ័ព​ខ្មែរ​បាន​នាំ​ឈ្លើយ​សឹក​ចំនួន​៧​ម៉ឺន​នាក់ មាន​ប្រុស​ស្រី និង​កុមារ​ផង យក​មក​បំពេញ​អាណា​ខែត្រ​ភាគ​កណ្ដាល ដែល​សៀម​បាន​កៀរ​ប្រជាជន​យក​ទៅ​អស់​ពី​មុន ។ តាម​ការ​និយាយ​តៗ​គ្នា​មក​ថា សង្គ្រាម​ពេល​នោះ​សាហាវ​ណាស់​ចៅហ្វាយ​ខែត្រ​សៀម​ទាំង​៤​នាក់​ច្បាំង​ការពារ​ រហូត​ដល់​ស្លាប់​ខ្លួន​ក្នុង​សមរភូមិ ហើយ​ខ្មែរ​យើង​ក៏​មាន​ខាតបង់​មេទ័ព​មិន​តិច​ដែរ​ទេ ។

នៅ ​ក្នុង​ឆ្នាំ​១៥៦០ ព្រះរាជា​កម្ពុជា​បាន​យាង​មក​គង់​នៅ​ក្នុង​ខែត្រ​អង្គរ (សៀមរាប) ក្រោយ​ពី​ទ្រង់​បាន​រៀបចំ​កងទ័ព​សា​ជា​ថ្មី​រួច​មក ដើម្បី​បន្ដ​ការ​ប្រយុទ្ធ​ដណ្ដើម​យក​ទឹកដី​តទៅ​ទៀត ។ ព្រះ​អង្គ​យាង​មក​គង់​នៅ​ត្រង់​ភូមិ​កំពង់​ក្រសាំង ដើម្បី​ឱ្យ​បាន​ជិត​បន្ដិច ងាយស្រួល​នឹង​ធ្វើ​ប្រតិបត្ដិការ រួច​ទ្រង់​នាំ​ទ័ព​២​ម៉ឺន​នាក់ ចូល​ទៅ​លុកលុយ​ខែត្រ​នគររាជ (កូរ៉ាត) ដែល​សៀម​បាន​ផ្ដាច់​ចេញពី​ព្រះរាជា​ណាចក្រ ដណ្ដើម​យក​មក​វិញ ។
រាជពង្សាវតារ​បាន​និយាយ​ថា នៅ​ក្នុង​ឆ្នាំ​១៥៦០​ដដែល​នោះ ស្ដេច​នគរ​លាវ​ព្រះ​ចៅ​ក្រុង​ស៊ីសត្ដនា​កនៈហ៊ុត ដែល​សោយរាជ្យ​នៅ​វៀងចន្ទ បាន​បញ្ជូន​ដំរី​ចម្បាំង​ធំ​មួយ​កម្ពស់​៨​ហត្ថ​មក​ឱ្យ​ព្រះ​ចៅ​ក្រុង​ កម្ពុជា​ដែល​កំពុង​គង់​នៅ​បាសាន ជាទី​ប្រជុំជន​ដ៏​ធំ​មួយ ដើម្បី​ឱ្យ​ទ្រង់​ជ្រើស​រើស​រក​ដំរី​យក​មក​ជល់​គ្នា​តាម​តែ​ព្រះ​ទ័យ ដោយ​ភ្នាល់​ដាក់​ព្រះរាជា​ណាចក្រ​ទាំង​២ ។ ការ​ភ្នាល់​គ្នា​របៀប​នេះ កើត​មាន​ញឹក​ញយ​ណាស់​នៅ​សម័យ​នោះ ហើយ​គឺជា​ទម្លាប់​មួយ​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​ចុង​បូព៌ា ក៏​ប៉ុន្ដែ​ការ​ភ្នាល់​គ្នា​ដាក់​ប្រទេស​ដោយ​ជល់​សត្វ​បែប​នេះ ជា​បញ្ហា​មួយ​គួរ​ឱ្យ​បារម្ភ ។ ទោះជា​យ៉ាងណា​ក៏​ដោយ រាជ​ពង្សាវតារ​បាន​និយាយ​ថា​ព្រះរាជា​កម្ពុជា​បាន​យល់​ព្រម​តាម​សំណើ​របស់​ ព្រះរាជា​លាវ ហើយ​បាន​ឱ្យ​យក​ដំរី​មួយ​ក្បាល​កម្ពស់​៧​ហត្ថ​ពី​លង្វែក​មក​ជល់​ជាមួយ​ដំរី​ លាវ ។​ ដំរី​លាវ​ជល់​ចាញ់​ព្រះរាជា​ចាប់​ដំរី​នោះ​ និង​មនុស្ស​១​ពាន់​នាក់​ដែល​ហែហម​មក​ទុក​ឱ្យ​តែ​មន្ដ្រី​លាវ​២​នាក់ និង​មនុស្ស​១០​នាក់​ត្រលប់​ទៅ​ស្រុក​វិញ​ប៉ុណ្ណោះ ។​ មាន​ឯកសារ​មួយ​នោះ​និយាយ​ថា​ព្រះរាជា​ទ្រង់​ចាប់​ទុក​តែ​ដំរី​ទេ ឯ​មន្ដ្រី និង​មនុស្ស​១​ពាន់​នាក់ ព្រមទាំង​ទ្រមាក់​ផង ទ្រង់​ឱ្យ​ត្រលប់​ទៅ​វិញ ។

ដោយ​ ទ្រង់​ខ្ញាល់​នឹង​បរាជ័យ​ក្នុង​ការ​ជល់​ដំរី ហើយ​ប្រហែល​ដោយ​ព្រះរាជា​កម្ពុជា​ចាប់​យក​ដំរី​ផង -នេះ​ជា​ការ​បញ្ជាក់​ថា កម្មវត្ថុ​នៃ​ការ​ភ្នាល់​ពេល​នោះ​មិន​មែន​ទឹកដី​ព្រះ​នគរ​ទេ -ដល់​ដើម​ឆ្នាំ​ក្រោយ​មក ព្រះរាជា​ក្រុង​ស៊ីសត្ដនា​កនៈហ៊ុត​ (វៀងចន្ទ) បាន​ចាត់​ឱ្យ​មហា​ឧបរាជ​នាំ​ទ័ព​៥​ម៉ឺន​នាក់​ចុះ​ទូក​តាម​ទន្លេ​មក​វាយ​ កម្ពុជា​ឯ​ព្រះរាជា​បាន​យាង​មក​តាម​ផ្លូវគោក​ជាមួយ​ទ័ព​៧​ម៉ឺន​នាក់ ។
ទ័ព ​មហាឧបរាជ​បាន​មក​ជួប​ប្រយុទ្ធ​ជាមួយ​ទ័ព​ព្រះ​សត្ថា​រាជបុត្រ​របស់​ ព្រះរាជា​កម្ពុជា​ហើយ​ត្រូវ​វាយ​ឱ្យ​បរាជ័យ​នៅ​ព្រែក​ប្រសព្វ ក្នុង​ខែត្រ​ស្រីសន្ធរ ថ្វីបើ​ព្រះ​សត្ថា​មាន​ទ័ព​តែ​២​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្ដី ។ ចំណែក​ឯ​ទ័ព​របស់​ព្រះរាជា​លាវ ដែល​ចុះ​មក​រហូត​ដល់​ភ្នំ​សន្ទុក​ក្នុង​ដី​កំពង់ស្វាយ ក៏​ត្រូវ​ទ័ព​ខ្មែរ​២​កង​វាយ​ឱ្យ​បរាជ័យ​ដែរ គឺ​ទ័ព​មួយ​កង​ជា​ទ័ព​របស់​អ្នក​អង្គ​ម្ចាស់​ស្រីសុរិយោពណ៌ ដែល​ទ្រង់​កេណ្ឌ​នៅ​ក្នុង​ខែត្រ​នគរវត្ដ និង​កំពង់ស្វាយ​ និង​ទ័ព​មួយ​កង​ទៀត​ជា​ទ័ព​របស់​ព្រះរាជា​ដែល​កេណ្ឌ​មក​ពី​ខែត្រ​សំរោងទង រលាប្អៀរ និង​ពោធិ៍សាត់ ។ ទ័ព​ខ្មែរ​ប្រមូល​បាន​ជ័យ​ភណ្ឌ និង​ចាប់​ឈ្លើយ​បាន​ជា​ច្រើន ។ ឈ្លើយ​ទាំង​អស់​នោះ​បាន​ត្រូវ​នាំ​យក​មក​ដាក់​នៅ​ខែត្រ​បារាយណ៍ និង​ជើងព្រៃ ក្រោម​ការ​ត្រួតត្រា​របស់​មន្ដ្រី​លាវ​ម្នាក់​ឈ្មោះ​ថា សែន​ខាង​ហ្វ៊ា​ភាសា (សៀម​ថា ខាង​ឃួរ) ។ ក្នុង​សង្គ្រាម​នោះ មាន​ពួក​លាវ​ជា​ច្រើន​ដែល​រត់​ចោល​ជួរ បាន​ត្រូវ​អ្នកស្រុក​សម្លាប់ ។ ព្រះរាជា និង​មហា​ឧបរាជ​លាវ ក៏​វិល​ត្រលប់​ទៅ​នគរ​វិញ​ទៅ ។

សង្គ្រាម ​ជាមួយ​លាវ​មិន​ទាន់​ចប់​សព្វគ្រប់​ផង ពួក​សៀម​ក៏​តាំង​ចាប់​ផ្ដើម​ចូលលុក​លុយ​ខែត្រ​៤ ដែល​ព្រះរាជា​កម្ពុជា​ដណ្ដើម​យក​ក្នុង​ចន្លោះ​ឆ្នាំ​១៥៥៧​ដល់​១៥៦០ ដោយ​បណ្ដេញ​ចៅហ្វាយ​ខែត្រ និង​ទ័ព​ខ្មែរ​ចេញ​អស់ ។ ព្រះរាជា​ខ្មែរ​បាន​នាំ​ទ័ព​៧​ម៉ឺន​នាក់​យាង​ទៅ​ដណ្ដើម​យក​ខែត្រ​ចន្ទតាប៊ុន ​មក​វិញ រួច​បន្ដ​ទៅ​ដណ្ដើម​យក​ខែត្រ​សុធនរាជ​ ពេជ្របុរី​ ចន្ទបុរី​ និង​សុខនរាជធានី (៧៤) ថែម​ទៀត ។ ​ចៅហ្វាយ​ខែត្រ​សៀម​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ពេល​ប្រយុទ្ធ ។ ក៏​ប៉ុន្ដែ​ដល់​មក​ឆ្នាំ​ក្រោយ ទ័ព​ដែល​នៅ​ការពារ​ខែត្រ​ទាំង​អស់​នោះ បាន​ត្រូវ​ទ័ព​សៀម​ដេញ​ឱ្យ​រត់​ខ្ចាត់​ខ្ចាយ​អស់ ។
សង្គ្រាម ​នៅ​បន្ដ​មក​ជា​ច្រើន​ឆ្នាំ​ទៀត រហូត​ដល់​ស្ដេច​សៀម​ស្នើ​សុំ​ឱ្យ​មាន​សន្ដិភាព ដែល​ព្រះរាជា​ខ្មែរ​បាន​យល់​ព្រម​នៅ​ក្នុង​ឆ្នាំ​១៥៦៤ ។
នៅ ​ឆ្នាំ​១៥៦៦ ស្ដេច​លាវ​បាន​កេណ្ឌ​ទ័ព​២​ម៉ឺន​នាក់​ឱ្យ​មហាឧបរាជ​នាំ​ចុះទូក​ប្រណាំង​មក​ វាយ​កម្ពុជា​ម្ដង​ទៀត ។ ព្រះរាជា​កម្ពុជា​បាន​នាំ​ទ័ព​៥​ម៉ឺន​នាក់​ទៅ​កាត់​ទ័ព​លាវ ជួប​គ្នា​នៅ​លើ​កោះ​ចៅរាម​ទល់​មុខ​នឹង​រកាកោង ចម្ងាយ​៣៤​គម​ពី​ខាងជើង​ភ្នំពេញ ហើយ​វាយ​ពួក​នោះ​ឱ្យ​បរាជ័យ​នៅ​ត្រង់​នោះ ។ ទូក​ពួក​លាវ​បាន​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី ពួក​លាវ​ណា​ដែល​គេច​ខ្លួន​រួច​ពី​ការ​កាប់​សម្លាប់​រង្គាល ត្រូវ​ដើរ​ជា​ក្រុម​តូចៗ​ត្រលប់​ទៅ​វិញ តែ​ត្រូវ​អ្នក​ស្រុក​តាម​ដេញ​វាយ​តទៅ​ទៀត ។

ព្រះ​បរម​ឥន្ទរាជា បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​បន្ទាប់ គឺ​ឆ្នាំ​១៥៦៧ ក្នុង​ព្រះ​ជន្មាយុ​៥៦​ព្រះវស្សា ក្រោយ​ពី​ទ្រង់​សោយរាជ្យ​សម្បត្ដិ​បាន​២​ឆ្នាំ ។ ព្រះរាជ​បុត្រា​របស់​ព្រះ​អង្គ ព្រះ​ជ័យ​ចេស្ដា ទើប​នឹង​ចុះ​សន្ធិសញ្ញា​ជាមួយ​សៀម ដែល​កំណត់​ព្រំប្រទល់​ទឹកដី​ព្រះរាជា​ណាចក្រ​ទាំង​២​ដោយ​បោះ​បង្គោល​ចំណាំ បង្គោល​មួយ​បោះ​នៅ​ត្រង់​វត្ដ​ស្រះកេត ។

២០. ព្រះ​បរម​ឥន្ទរាជា​ទី​២ (១៥៦៧-១៥៧៥)
ព្រះ​សត្ថា ជា​រាជបុត្រា​របស់​ព្រះ​បរម​ឥន្ទរាជា​បាន​ត្រូវ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ និង​ព្រះរាជ​វង្សានុវង្ស​ជ្រើស​រើស​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្ដិ​បន្ដ​ពី​ ព្រះរាជ​វរបិតា ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះ​បរម​ឥន្ទរាជា​ធិរាជ រាមាធិបតី​បរមបពិត្រ ព្រះរាជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» ក្នុង​ព្រះ​ជន្មាយុ​២៥​ព្រះ​វស្សា (75) ។ ព្រះ​មហេសី​ទី​១​របស់​ព្រះ​អង្គ អ្នក​ម្នាង​ពៅ បាន​ត្រូវ​អភិសេក​ឱ្យ​ឡើង​ជា​ព្រះ​មហាក្សត្រី មាន​ព្រះ​នាម​ថា «សម្ដេច​ព្រះ​ភគវតី​ស្រី​ចក្រ​ពោធិរាជ» ។ ព្រះ​អនុជ​របស់​ព្រះ​អង្គ ព្រះ​ស្រីសុពណ៌ ព្រះ​ជន្មាយុ​១៩​ព្រះ​វស្សា បាន​ត្រូវ​តែងតាំង​ឱ្យធ្វើ​ជា​ព្រះ​ឧបរាជ ។

ក្រោយ​ពិធី​រាជាភិសេក​ព្រះរាជា​កម្ពុជា​បាន​ប៉ុន្មាន​ខែ មាន​ដំណឹង​លេច​ឮ​ឡើង​ថា ស្ដេច​នគរ​ហង្សាវតី ឬ​ប៉េហ្កាន​ប៉ាគូ​ (បារគូ) បាន​ចូល​លុក​លុយ​ព្រះរាជា​ណាចក្រ​សៀម​មក​ដល់​រាជធានី​អយុធ្យា​ជាមួយ​ទ័ព​មួយ ​កង​ធំ ។​ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​កាលពី​ឆ្នាំ​ កន្លង​ទៅ​ជាមួយ​ព្រះរាជា​ខ្មែរ​ដែល​ទើប​នឹង​សុគត​ទៅ ស្ដេច​សៀម​បាន​ផ្ញើ​រាជទូត​មក​សុំ​ជំនួយ​ពី​ព្រះរាជា​ក្មេង​ដែល​ទើប​តែ​ឡើង​ សោយរាជ្យ ។ ព្រះរាជា​អាច​នឹង​មិន​គោរព​សន្ធិ​សញ្ញា​​ដែល​ព្រះ​បិតា​បាន​ចុះ​ហត្ថលេខា ក៏​ប៉ុន្ដែ ព្រះ​អង្គ​បាន​សម្រេច​បញ្ជូន​ទ័ព​២​ម៉ឺន​នាក់​ទៅ​ជួយ​ក្រុង​អយុធ្យា ។ ទ័ព​ប៉េហ្កាន​ក៏​ចាញ់ ហើយ​ត្រូវ​វិល​ត្រលប់​ទៅ​នគរ​វិញ ។

នៅ ​ពេល​ដែល​ទ័ព​សៀម និង​ទ័ព​ខ្មែរ​វិល​ត្រលប់​មក​ពី​សង្គ្រាម​វិញ​ប្រកប​ដោយ​ជោគជ័យ ហើយ​បោះ​ជំរំ​សម្រាក​នៅ​ជិត​គ្នា​ត្រង់​ដើម​ពោធិ​ជើង​បី ស្ដេច​សៀម​ព្រះ​នរេនសូរ (ព្រះ​ណារេត) បាន​សង្កេត​ឃើញ​ថា មហា​ឧបរាជ​ខ្មែរ​ដែល​អង្គុយ​នៅ​មុខ​ព្រះ​អង្គ មិន​បាន​ក្រាប​បង្គំ​ដូច​ជានា​ម៉ឺន​សព្វ​មុខមន្ដ្រី​ឯ​ទៀត​ទេ ។ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ធ្វើការ​កត់​សម្គាល់​លើ​បញ្ហា​នេះ​ជា​សាធារណៈ​នៅ ​ចំពោះ​សេនាបតី​ទាំងឡាយ ។ ពេល​នោះ ព្រះ​មហា​ឧបរាជ​មាន​បន្ទូល​តប​ទៅ​វិញ​ថា «ទូល​បង្គំ​ មក​នេះ​ក្នុង​នាម​ព្រះរាជា​កម្ពុជា ហើយ​ក៏​ជា​អគ្គ​មេបញ្ជាការ​លើ​កងទ័ព​ខ្មែរ​ទាំងមូល ដែល​ព្រះរាជា​បាន​ប្រគល់​ឱ្យ​នាំ​មក​ផង​ដែរ ។ ម្យ៉ាង​ទៀត ទូល​ព្រះបង្គំ​ជា​រាជវង្ស ហើយ​ជា​មហា​ឧបរាជ​ទៀត​ផង ទូល​ព្រះបង្គំ​គួរ​តែ​ត្រូវ​បាន​ព្រះរាជា​សៀម​ឱ្យ​តម្លៃ ហើយ​ទទួល​ស្គាល់ ចាត់​ទុក​ក្នុង​ឋានៈ​ជា​មេ​បញ្ជាការ​កងទ័ព ដូច​ជា​ព្រះ​អង្គ​ដែរ» ។ ស្ដេច​សៀម​នៅ​ស្ងៀម​មិន​តបត​អ្វី​ទេ ក៏​ប៉ុន្ដែ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រះ​អង្គ​ជា​មេ​តែ​ម្នាក់​គត់​នៅ​ទី​នេះ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​នាំ​យក​ឈ្លើយ​សឹក​ម្នាក់​ដែល​ព្រះ​មហា​ឧបរាជ​ខ្មែរ​ ចាប់​បាន​យក​មក​កាត់​ក្បាល រួច​ឱ្យ​យក​ទៅ​ដោត​លើ​ចុង​ឫស្សី​នៅ​នឹង​មុខ​សំពៅ​ព្រះ​មហា​ឧបរាជ ។ ព្រះ​មហា​ឧបរាជ​ខ្ញាល់​ខ្លាំង​ណាស់ ក៏​ចេញ​សំពៅ​ត្រលប់​មក​កម្ពុជា​វិញ​ភ្លាម ។ ពេល​យាង​មក​ដល់​លង្វែក​វិញ ព្រះ​អង្គ​បាន​រាយការណ៍​អំពី​ការ​ប្រមាថ​របស់​ស្ដេច​សៀម​ថ្វាយ​ព្រះរាជា ព្រមទាំង​បាន​សំណូមពរ​ឱ្យ​លុប​សន្ធិសញ្ញា​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​អយុធ្យា​ ចោល នៅ​ពេល​ចប់​រដូវវស្សា​ខាង​មុខ ។
ដល់​ពេល​ពួក​ប៉េហ្កាន​ ចូល​មក​លុកលុយ​ស្រុក​សៀម​ម្ដង​ទៀត ពួក​មេទ័ព​ខ្មែរ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ព្រះរាជា​ឱ្យ​ចេញ​ទៅ​ធ្វើ​ សង្គ្រាម​ជាមួយ​សៀម​ជួយ​ស្ដេច​នគរ​ហង្សាវតី​ដណ្ដើម​យក​ស្រុក​សៀម ។​ ពល​ទាហាន​១​ម៉ឺន​នាក់ ដែល​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​លោក​ចៅហ៊្វាទឡ្ហៈ បាន​ចេញ​ដំណើរ​ទៅ​តាម​ផ្លូវ​លំពែង​ហ្វាយ ទៅ​វាយ​ដណ្ដើម​យក​ខែត្រ​បស្ចិមបុរី​ និង​នគរ​នាយក​ ប៉ុន្ដែ​ទ័ព​នេះ​ធ្វើ​ដំណើរ​ទៅ​មុខ​លឿន​ពេក​ក៏​ដាច់​នៅ​តែ​ឯង ។​ ពេល​បាន​ជួប​ជាមួយ​ទ័ព​សៀម​២​កង ដឹកនាំ​ដោយ​ពញា​ស៊ីសាយ​ណារ៉ុង និង​ពញា​ស៊ីរាជ​តេជោ ទ័ព​នីមួយៗ​មាន​គ្នា​១​ម៉ឺន​នាក់ ចៅហ៊្វាទឡ្ហៈ​ត្រូវ​វាយ​ឱ្យ​ដក​ថយ​ចូល​មក​ក្នុង​កម្ពុជា​វិញ ។

នៅ ​ឆ្នាំ​១៥៧៥ (76) ដើម្បី​ធានា​ថា​រាជសម្បត្ដិ​ស្ថិត​នៅ​ក្នុង​ដៃ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ​ព្រះរាជា​បាន​លើក​ព្រះ​អនុជ​ឧបរាជ​ឱ្យ​ឡើង​ទៅ​ជាទី​ឧភយោរាជ ដើម្បី​ឱ្យ​ទ្រង់​បាត់បង់​សិទ្ធិ​ជា​អ្នក​ស្នងរាជ្យ ពីព្រោះ​ថា​តាម​ធម្មតា ព្រះ​អនុជ​ដែល​ជា​ឧបរាជ​តែងតែ​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​រៀម​ជានិច្ច ​រួច​ហើយ​ព្រះ​អង្គ​បាន​លើក​ព្រះរាជបុត្រ​ប្អូន​ព្រះ​នាម​ចៅពញា​តន់​ ដែល​ទើបតែ​មាន​ព្រះ​ជន្ម​៦​ព្រះ​វស្សា​ប៉ុណ្ណោះ​ឱ្យ​ធ្វើ​ជា​ឧបរាជ​ វិញ ។​ បន្ទាប់​មក​ព្រះ​អង្គ ក៏​ដាក់​រាជសម្បត្ដិ​ឱ្យ​ព្រះរាជបុត្រ​ច្បង​ព្រះ​នាម​ថា ព្រះ​ជ័យជេដ្ឋា ដែល​ទើបតែ​មាន​ព្រះ​ជន្ម​១០​ព្រះវស្សា​ប៉ុណ្ណោះ ។

២១. ព្រះ​ជ័យជេដ្ឋា​ទី​១ (១៥៧៦-១៥៨៧)
ព្រះ​ជ័យជេដ្ឋា បាន​ទទួល​ព្រះរាជ​ពិធី​រាជាភិសេក​នៅ​ក្នុង​ឆ្នាំ​១៥៧០ ក្រោម​ព្រះ​នាម​ថា «ព្រះ​ជ័យជេដ្ឋា​ធិរាជ បរមបពិត្រ» ប៉ុន្ដែ​កិច្ចការ​គ្រប់គ្រង​ព្រះ​នគរ​ស្ថិត​នៅ​លើ​ព្រះ​បិតា​នៅ​ឡើយ ។
ការ ​ដែល​ព្រះរាជា​ដាក់​រាជសម្បត្ដិ ហើយ​លើក​ព្រះរាជបុត្រ​ជ័យជេដ្ឋា​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្ដិ​យ៉ាង​នេះ​ បាន​ធ្វើ​ឱ្យ​ព្រះ​ឧភយោរាជ និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ជា​ច្រើន​មាន​ការ​អាក់អន់​ស្រពន់ចិត្ដ​ជា​ ខ្លាំង ពីព្រោះ​បើ​តាម​ទំនៀម​ពី​បុរាណ គឺ​ពួក​គេ​នេះ​ឯង​ដែល​ជា​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​តាំង​ ព្រះរាជា ។ ពួក​គេ​មិន​ហ៊ាន​ប្រឆាំង​តវ៉ា​ដោយ​ចំហ​ទេ​ ក៏​ប៉ុន្ដែ​បាន​ចាប់​ព្រងើយ​កន្ដើយ​មិន​យក​ចិត្ដ​ទុក​ដាក់​ដល់​កិច្ចការ​ រាជការ​ចាប់​តាំង​តែ​ពី​ពេល​នោះ​មក ជា​ហេតុ​ធ្វើ​ឱ្យ​កើត​មាន​អនាធិបតេយ្យ​ទូ​ទាំង​ប្រទេស ហើយ​ព្រះរាជា​ដាក់​រាជ្យ​ត្រូវ​បង្ខំ​ព្រះ​ទ័យ​លះបង់​ខែត្រ​ចន្ទបុរី និង​នគររាជសីមា ដែល​ទើប​តែ​ដណ្ដើម​បាន​ឱ្យ​ទៅ​សៀម​វិញ ។

ព្រះរាជា ​ក្រុង​អយុធ្យា នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​កើត​មាន​ការ​ច្របូក​ច្របល់ ហើយ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​មិន​សូវ​ស្ដាប់​បញ្ជា​របស់​ព្រះរាជា រដ្ឋមន្ដ្រី​ទាំងឡាយ​ក៏​ក្លាយ​ទៅជា​អសកម្ម ក៏​ចាត់​ឱ្យ​កេណ្ឌ​ទ័ព​១០​ម៉ឺន​នាក់ សេះ​១៨៥០​ក្បាល ដំរី​៨០០​ក្បាល នាំ​មក​វាយ​កម្ពុជា ។ ទ័ព​ស្រួច​មាន​ពល​៥​ពាន់​នាក់ បញ្ជា​ដោយ​ឧត្ដមសេនីយ៍​ខ្លាំង​ពូកែ​ម្នាក់​ឈ្មោះ​ថា ព្រះរាជា​នូ ។
តប ​ត​ទៅ​នឹង​ទ័ព​សៀម​នេះ ព្រះរាជានុសិទ្ធិ​បាន​រៀបចំ​ទ័ព​៣​ម៉ឺន​៥​ពាន់​នាក់ នៅ​ក្នុង​ខែត្រ​បាត់ដំបង ក្នុង​នោះ​មាន​ទ័ព​១​ម៉ឺន​នាក់​កេណ្ឌ​មក​ពី​ខែត្រ​បារាយណ៍ និង​ជើងព្រៃ និង​១​ម៉ឺន​នាក់​ទៀត​ជា​ទ័ព​ដែល​ចៅហ្វាយ​ខែត្រ​ពញា​សួគ៌ា​លោក​ជ្រើស​រើស​បាន ​ក្នុង​ខែត្រ​ពោធិ៍សាត់ ។ ពញា​តេជោ ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ មាន​ទ័ព​៣​ម៉ឺន​នាក់​នៅ​នឹង​អតីត​រាជធានី​ ទ័ព​២​ម៉ឺន​នាក់​ជ្រើសរើស​នៅ​ក្នុង​ខែត្រ​កំពង់ស្វាយ និង​ទ័ព​១​ម៉ឺន​នាក់​ទៀត​ជ្រើស​រើស​នៅ​នឹង​អង្គរវត្ដ (77) ។ ឯ​ព្រះ​ឧភយោរាជ កាន់​ទ័ព​ដែល​ជ្រើស​រើស​មក​ពី​រលាប្អៀរ ២​ម៉ឺន​នាក់ និង​មក​ពី​បរិបូណ៌ ១​ម៉ឺន​នាក់ ។
ព្រះរាជា​ជ័យជេដ្ឋា បាន​យាង​ទៅ​កាន់​ខែត្រ​សំរោងទង បាទី និង​ខែត្រ​នៅ​ខាងត្បូង​ភ្នំពេញ ដើម្បី​ជ្រើស​រើស​ទ័ព​ដែរ ។
នៅ ​ពេល​ដែល​ខ្មែរ​កំពុង​តែ​ជ្រើស​រើស និង​រៀបចំ​ទ័ព​ដូច្នេះ ស្ដេច​សៀម​បាន​ចូល​មក​ដណ្ដើម​យក​ខែត្រ​ពោធិ៍សាត់​បាន រួច​ហួស​មក​បោះ​ជំរំ​នៅ​ពីមុខ​បរិបូណ៌ ឡោម​ព័ទ្ធ​ទ័ព​ព្រះ​ឧភយោរាជ​ជាប់ ហើយ​បន្ដ​មក​វាយ​យក​លង្វែក​ទៀត ។​សៀម​ព័ទ្ធ​ទីក្រុង​លង្វែក​នេះ​៣​ខែ​ ទើប​ព្រះរាជា​ជ័យជេដ្ឋា​ ពញា​អន​ ហើយ​និង​មន្ដ្រី​១០​នាក់​ទៀត​ដែល​ចេញ​ទៅ​ជ្រើស​រើស​ទ័ព​នៅ​ក្នុង​បណ្ដា​ ខែត្រ​ខាងត្បូង ខាងកើត និង​ខាងជើង នាំ​ទ័ព​មក​ដល់ ក៏​វាយ​សង្គ្រុប​ទៅ​លើ​ទ័ព​សៀម​ឱ្យ​បរាជ័យ ដកថយ​ទៅ​ស្រុក​វិញ​ទៅ ។ សង្គ្រាម​នេះ​បាន​កេណ្ឌ​មនុស្ស​ដែល​មាន​កាយ​សម្បទា​ល្អ​ស្ទើរ​តែ​អស់​រលីង​ ពី​ក្នុង​ព្រះរាជា​ណាចក្រ ខ្លះ​ឱ្យ​ចូល​ធ្វើ​ទាហាន ខ្លះ​ទៀត​ឱ្យ​បរ​រទេះ​ដឹក​ស្បៀង មាន​តែ​តិច​តួច​ប៉ុណ្ណោះ​ដែល​គេច​រត់​ចូល​ពួន​ក្នុង​ព្រៃ ។ ចប់​សង្គ្រាម ប្រទេស​ជួប​ប្រទះ​នឹង​គ្រោះ​ទុរ្ភិក្ស​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​មាន​កើត​ជំងឺ​អាសន្នរោគ​ទៀត​ផង ។
ប្រទេស ​ពេល​នោះ​ជួប​គ្រោះ​ចង្រៃ​កាន់តែ​ខ្លាំង​ថែម​ទៀត ដោយ​ព្រះរាជា​ដាក់​រាជ្យ​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​ឆ្កួត ហើយ​រក​រឿង​តែ​ជាមួយ​ព្រះ​ពុទ្ធរូប ។ នៅ​លង្វែក ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​គេ​យក​ព្រះ​ពុទ្ធរូប​ជា​ច្រើន​ព្រះ​អង្គ​បោះ​ចូល​ ទៅ​ក្នុង​ទឹក ។ មាន​ព្រះសង្ឃ​សៀម​២​អង្គ ព្រះ​នាម​ទិក្ខណៈ​បញ្ញោ និង​សុរៈបញ្ញោ បាន​មើល​ជំងឺ​ព្រះរាជា​ឱ្យ​សះជា​មក​វិញ ក៏​ប៉ុន្ដែ​ប្រជានុរាស្ដ្រ​បាន​ចោទ​ព្រះសង្ឃ​ទាំង​២​អង្គ​នោះ​ថា​ជា​អ្នក​ ធ្វើ​អំពើ​ឱ្យ​ព្រះរាជា​ឆ្កួត និង​ធ្វើ​ឱ្យ​ព្រះ​នគរ​កើត​វិបល្លាស ក៏​នាំ​គ្នា​បណ្ដេញ​ព្រះសង្ឃ​ទាំង​២​អង្គ​នោះ​ទៅ​វិញ ។
ប្រជារាស្ដ្រ ​កើត​មាន​ការ​ព្រួយបារម្ភ​ច្របូក​ច្របល់​ជា​ខ្លាំង ហើយ​វិបត្តិ​ផ្លូវ​ស្មារតី​ធ្វើ​ឱ្យ​គេ​គិត​ថា​នឹង​កើត​មាន​ភយន្ដរាយ​ជា​មិន ​ខាន ។​ យ៉ាង​ណា​មិញ​គេ​និយាយ​ថា​ទឹក​ជ្រោះ​ស័ក្ដិសិទ្ធិ​នៅ​ភ្នំ​បាណន់​ក្នុង​ខែត្រ ​បាត់ដំបង រីង​ខះ​លែង​ហូរ អាង​ដែល​ធ្លាប់​តែ​ទទួល​ទឹកជ្រោះ​នោះ​ពេញៗ​ស្រាប់​តែ​បែរ​ជា​រីង​ស្ងួត​ អស់ ។ ព្រះខ័នរាជ្យ​របស់​អតីត​ក្សត្រ​វង្ស​វរ្ម័ន​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ រន្ធ​ដើម​ចំបក់ នៅ​ក្នុង​ខែត្រ​បាទី​ហើយ​នាំ​យក​មក​លង្វែក​វិញ ចេញ​ច្រែះ ពួក​បារគូ​ដែល​ថែរក្សា​ដុសខាត់​យ៉ាងណា​ក៏​មិន​ជ្រះ ហើយ​មាន​ឈាម​ហូរ​ចេញពី​ដើម​ទ្រូង​ប្រេះស្រាំ​របស់​ព្រះ​ពុទ្ធរូប​មួយ​អង្គ​ នៅ​វិហារសួគ៌ ។ និមិត្ដ​សញ្ញា​ទាំង​អស់​នេះ​បញ្ជាក់​ថា​ស្រុក​កើត​ទុរ្ភិក្ស មាន​ជំងឺ​អាសន្នរោគ ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​អស់​ស្ងាត់​ស្រុក​ ហើយ​ប្រជារាស្ដ្រ​កើត​មាន​កំហឹង​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ​ធ្វើ​ឱ្យ​បាក់ ​ទឹក​ចិត្ដ និង​ស្មារតី​អស់​រលីង ។
នៅ​ពេល​នោះ នៅ​ក្នុង​រាជធានី​មាន​ពួក​អេស្ប៉ាញ និង​ព័រទុយហ្គាល់ (78) ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​សត្ថា ។ ព្រះរាជា​ការពារ ហើយ​ទុកចិត្ដ​ពួក​នោះ​ណាស់ រហូត​ទាល់​តែ​ទ្រង់​ប្រទាន​ប្អូនស្រី​ជីដូនមួយ​មួយ​អង្គ​ឱ្យ​ជន​ ព័រទុយហ្គាល់​ឈ្មោះ ឌីយ៉ឺហ្គោ​បែឡូសូ ធ្វើ​ជា​ភរិយា ។ ពួក​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​មិន​ពេញ​ចិត្ដ​នឹង​ពួក​នេះ​ទេ ព្រោះ​គេ​ខ្លាច​ពួក​នេះ ប្រើ​ឥទ្ធិពល​មក​លើ​ព្រះរាជា ណាមួយ​ពួក​នេះ​ជា​ពួក​ស្បែក​ស​ផង ។

បាន ​ជា​ព្រះរាជា​ស្រឡាញ់ និង​គាំទ្រ​ព្រោះ​ពួក​នេះ​ដឹង​រឿងរ៉ាវ​កិច្ចការ​ព្រះ​នគរ​ច្រើន ជា​ពិសេស​គឺ​ដឹង​ថា ស្ដេច​សៀម​ដែល​បរាជ័យ​ក្នុង​ការ​វាយ​យក​កម្ពុជា​ម្ដង​ហើយ​នៅ​ឆ្នាំ​១៥៨១ ហើយ​នឹង​រៀបចំ​ប្រុង​ធ្វើ​សង្គ្រាម​សា​ជា​ថ្មី ហើយ​ថា​សង្គ្រាម​លើក​នេះ​ធំ​ជាង​លើក​មុន ម្យ៉ាង​ទៀត​ពួក​នេះ​មាន​គំនិត​ចង់​ដាក់​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅ​ក្រោម​ អាណាព្យាបាល​របស់​នគរ​អេស្ប៉ាញ​ដែល​ទើប​តែ​ដណ្ដើម​យក​ព័រទុយហ្កាល់​បាន​នៅ​ ក្នុង​ឆ្នាំ​១៥៧៨ ពួក​ព័រទុយហ្គាល់​ទាំង​អស់​នោះ បាន​ថ្វាយ​យោបល់​ដល់​ព្រះរាជា​ឱ្យ​ព្រះ​អង្គ​ចាត់ ឌីយ៉ឺហ្គោ​បែឡូសូ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ម៉ានីល ជាមួយ​ពួក​អេស្ប៉ាញ​ឈ្មោះ ប្លារ្វី​ដឺ​ហែណន់ ហ្គុងសាឡេស​ អង់តូនីញ៉ូ​ម៉ាសាដូ និង​ប៉ង់តាឡេ អុងការនៃរ៉ូ ដើម្បី ​សុំ​ជំនួយ​ពី​អភិបាល​ប្រទេស​ហ្វីលីពីន​មក​ទប់ទល់​ជាមួយ​នឹង​ពួក​សៀម​ដែល​ ប៉ុនប៉ង​វាយ​ព្រះ​រាជា​ណា​ចក្រ (១៥៩០) ។ ព្រះរាជ​សារលិខិត​ដែល​ព្រះរាជា​កម្ពុជា​បាន​ប្រគល់​ឱ្យ​ពួក​នោះ​កាន់​យក​ទៅ មាន​ខ្លឹមសារ​អួតអាង​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​មហា​អំណាច​មួយ ព្រះរាជា​សព្វព្រះទ័យ​នឹង​សាសនា​កាតូលិក​ណាស់ សូម​ឱ្យ​លោក​អភិបាល ហ្គោម៉េ​ពេរ៉េ​ដាស​ម៉ារីញ៉ា បញ្ជូន​ព្រះសង្ឃ​កាតូលិក​មួយ​ចំនួន ដើម្បី​ផ្សព្វផ្សាយ​សាសនា​ដល់​អ្នកស្រុក​ និង​សុំ​ឱ្យ​ផ្ដល់​ទាហាន​មក​ជាមួយ​ឱ្យ​បាន​ច្រើន​ផង​ដើម្បី​ជួយ​ ការពារ ។​ រាជទូត​របស់​ព្រះ​សត្ថា​បាន​ទៅ​ដល់​ទីក្រុង​ម៉ានីល នៅ​ក្នុង​ឆ្នាំ​១៥៩០ ក៏​ប៉ុន្ដែ មិន​បាន​អ្វី​យក​មក​វិញ​ទេ ពីព្រោះ​អភិបាល​ហ្វីលីពីន​កំពុង​រៀបចំ​ចេញ​ធ្វើ​ប្រតិបត្ដិការ​វាយ​យក​ ប្រជុំ​កោះ​ម៉ូលុក ប្រតិបត្ដិការ​ដែល​ធ្វើ​ឱ្យ​អភិបាល​នោះ និង​ពល​ទាហាន​ស្លាប់​បាត់​បង់​អស់ (79) ។ ពួក​ឌីយ៉ឺហ្គោ​បែឡូសូ កំពុង​តែ​នៅ​ហ្វីលីពីន​នៅ​ឡើយ​ទេ ដល់​មក​ឆ្នាំ​១៥៩៣ នៅ​ពេល​ដែល​ស្ដេច​សៀម​ព្រះ​ណារេត​ ហៅ​ស្ដេច​ខ្មៅ​ បាន​ដឹកនាំ​ទ័ព​១០​ម៉ឺន​នាក់​មាន​ដំរី​៨​រយ​ សេះ​១​ពាន់​៥​រយ​ ចែក​ចេញ​ជា​ច្រើន​កង ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ដ៏​អង់អាច​មក​វាយ​យក​កម្ពុជា ។
តើ ​ព័ត៌មាន​ស្ដី​អំពី​អរិភាព​នេះ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់ទី​ក្រុង​ម៉ានីល ហើយ​ជំរុញ​ឱ្យ​អភិបាលក្រុង​នេះ សម្រេច​ចិត្ដ​ផ្ដល់​ជំនួយ​ឱ្យ​កម្ពុជា​ដែល​មិន​បាន​ផ្ដល់​ភ្លាមៗ​តាម​ការ​ សន្យា ឬ​ដូច​ម្ដេច ? គេ​មិន​បាន​ដឹង​ថា ការ​ពិត​យ៉ាង​ណា​ទេ ក៏​ប៉ុន្ដែ​គេ​ដឹង​ថា ឌីយ៉ឺហ្គោ​បែឡូសូ បាន​ទទួល​លិខិត​របស់​លោក​អភិបាល​ក្រុង​ម៉ានីល​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​១៥៩៣ ទូល​ព្រះរាជា​កម្ពុជា​ថា ខ្លួន​សូម​ធ្វើ​ជា​អាជ្ញា​កណ្ដាល​នៅ​ក្នុង​ជម្លោះ​ជាមួយ​ស្រុក​សៀម ។ នៅ​ពេល​ដែល​ឌីយ៉ឺហ្គោ​បែឡូសូ និង​មិត្ដភក្ដិ​របស់​គេ​ត្រលប់​មក​ដល់​កម្ពុជា​វិញ រាជធានី​លង្វែក​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​សៀម​ជា​ច្រើន​សប្ដាហ៍​រួច​ទៅ ​ហើយ ។

តើ​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ខ្លះ ? តទៅ​នេះ គឺជា​រឿងរ៉ាវ​ដែល​ឯកសារ​កម្ពុជា​ដែល​ខ្ញុំ​មាន​បាន​រៀប​រាប់ ។
មុន ​ដំបូង ទ័ព​សៀម​ដណ្ដើម​យក​ខែត្រ​កូរ៉ាត រួច​ហើយ​នៅ​សម្រាក​នៅ​ទីនោះ​ចំនួន​ពីរ​បី​ថ្ងៃ រើស​ទ័ព​នៅ​ទី​នោះ​បាន​១​ម៉ឺន​នាក់​ថែម​ទៀត ។ បន្ទាប់​មក គេ​ចេញ​ដំណើរ​តាម​ផ្លូវ​ស្ពាន​ទិព្វ មក​ដើរ​លើ​ស្ពាន​ធ្វើ​អំពី​ថ្ម​មួយ ឆ្លង​ស្ទឹង​ឈ្មោះ​ថា ស្ពាន​ត្រែង រួច​ចូល​មក​ដល់​អង្គរវត្ដ (សៀមរាប) ទើប​ចុះ​សំពៅ​ចំនួន​២៥០​ឆ្លង​បឹង​ទន្លេសាប​មក​ដណ្ដើម​យក​ខែត្រ​ កំពង់ស្វាយ ។ មាន​ទ័ពជើងទឹក​២​រយ​សំពៅ​ទៀត​ដែល​គេ​កេណ្ឌ​នៅ​ក្នុង​ខែត្រ​នគរ​ស្រីធម្មរាជ ពាតឆ្លោង​ សាអាងខ្លា​ និង​ឆាយា​ ផ្ទុក​ពល​ទាហាន​២​ម៉ឺន​នាក់​បាន​មក​ឡើង​នៅ​ខែត្រ​បាសាក់​ (សព្វថ្ងៃ​គឺ​មណ្ឌល​សុក​ត្រាំង​នៅ​កូសាំងស៊ីន) ។ ទ័ព​មួយ​កង​ទៀត​មាន​ពួក​ចាម​ប្រហែល (ជា​ពួក​ម៉ាឡេ ទេ​ទើប​សម) ១​ម៉ឺន​នាក់​ក្រោម​បញ្ជា​របស់​ឧត្ដមសេនីយ៍​សៀម​ឈ្មោះ ពញា​រាជវង្សា ចុះ​សំពៅ​១៥០ មក​ដណ្ដើម​យក​ខែត្រ​បន្ទាយមាស ។ ទ័ព​ទាំង​អស់​នេះ​ចាប់​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​នៅ​ក្នុង​ខែធ្នូ ។
ព្រះរាជា ​ដាក់រាជ្យ​បាន​សម្រេច​ចេញ​ទប់ទល់​ជាមួយ​ទ័ព​សៀម​ដែល​ដឹកនាំ​ដោយ​ព្រះ​ណារេត ហើយ​បាន​ចាត់​ឱ្យ​ព្រះ​ឧភយោរាជ​យាង​ទៅ​តាំងទ័ព​នៅ​អមរាទិ​ (បរិបូណ៌) ដែល​មាន​កំពែង​ដី (80) មាំទាំ​គ្រាន់​បើ ។​ ពញា​អន​ និង​ពញា​ជិនចាន់តុក ដឹកនាំ​ទ័ព​ទៅ​កាន់​ខែត្រ​បន្ទាយមាស ឯ​ព្រះរាជា​ជ័យជេដ្ឋា​យាង​ទៅ​បាភ្នំ បំបះ​បំបោរ​ប្រជាជន​ប្រឆាំង​នឹង​សត្រូវ ។ ពញា​បវរ​នាយក​ទៅ​តាំង​ទ័ព​នៅ​ក្នុង​ខែត្រ​បាត់ដំបង ។
មួយ​ចំណែក​ទៀត លោក​ក្រឡាហោម​ដឹកនាំ​ទ័ពជើងទឹក​មួយ​កង​នៅ​រក្សា​ដៃទន្លេ​ធំ​ខាងកើត ហើយ​លោក វិបុល​រាជ នៅ​រក្សា​ដៃទន្លេ​ធំ​ខាងលិច ។ កង​ទី​១​មាន​ទូក​២៥០ កេណ្ឌ​មក​ពី​បណ្ដា​ខែត្រ​ខាងត្បូង ឯ​កង​ទី​២ មាន​ទូក​២០០ កេណ្ឌ​មក​ពី​ខែត្រ​នគរ​ស្រីធម្មរាជ ពាតឆ្លោង សាអាងខ្លា និង​ឆាយា​ ដែរ ។ លើស​ពី​នោះ នៅ​មាន​រទេះ​ដឹក​ស្បៀង​ទ័ព​ចំនួន​២​ពាន់​គ្រឿង​ថែម​ទៀត ។ គេ​និយាយ​ថា​ទ័ពជើងទឹក ពួក​អុំទូក និង​ពួក​បរ​រទេះ មាន​គ្នា​ទាំង​អស់​២​ម៉ឺន​នាក់ ។

ប៉ុន្ដែ បើ​ទោះជា​ខិតខំ​ប្រឹង​ពង្រាយ​ទ័ព​យ៉ាងនេះ​ក្ដី ក៏​ទ័ព​ខ្មែរ​ត្រូវ​ទទួល​បរាជ័យ​នៅ​គ្រប់​សមរភូមិ ។ ឧត្ដមសេនីយ៍ ជិនចាន់តុក បាន​ត្រូវ​ខ្មាំង​សម្លាប់​បាន​នៅ​បន្ទាយមាស ហើយ​ជំនួស​ដោយ​អ្នក​អង្គ​ម្ចាស់​អន ។ តែ​ត្រង់​ចំណុច​នេះ ទ័ព​សត្រូវ​បាន​ត្រូវ​រុញច្រាន​ឱ្យ​ថយ​ក្រោយ​រហូត​ដល់​ខែត្រ​ស្រីសន្ធរ​នៅ​ លើ​ទន្លេធំ នៅ​ពី​ខាង​ឦសាន​ភ្នំពេញ ។ ឯ​ខែត្រ​ទ្រាំង បាសាក់​ បន្ទាយមាស និង​គយ​កំពង់ក្របី​ សៀម​ដណ្ដើម​យក​បាន ។ នៅ​ខាងជើង​ឯណោះ​វិញ សៀម​ដណ្ដើម​យក​បាន​ខែត្រ​បាត់ដំបង និង​អង្គរវត្ដ ហើយ​ឡោម​ព័ទ្ធ​អមរាទិ (បរិបូណ៌) ដែល​មាន​ព្រះ​ឧភយោរាជ​គង់​នៅ ។ ព្រះ​ឧភយោរាជ មិន​ចង់​បោះបង់​ទីតាំង​នេះ​ឱ្យ​សត្រូវ​ទេ ប៉ុន្ដែ​ដល់​បាន​ទទួល​ដំណឹង​ថា ព្រះរាជា និង​ព្រះរាជ​បរិពារ បាន​គេច​ខ្លួន​ចេញពី​រាជធានី​ហើយ ទ្រង់​ក៏​វាយ​បើក​ផ្លូវ​ឆ្លង​កាត់​ទ័ព​សៀម​ចេញ​ទៅ​ជួយ​លង្វែក ។ ទ្រង់​មាន​ព្រះ​តម្រិះ​ថា បើ​ចង់​ឈ្នះ គឺ​ត្រូវ​ឈ្នះ​នៅ​ក្នុង​រាជធានី ព្រោះ​រាជធានី​ជា​ស្នូល​នៃ​ការ​ទប់ទល់​ទូទាំង​ប្រទេស ។ ទ្រង់​បាន​យាង​ចូល​មក​គង់​នៅ​ក្នុង​រាជធានី រៀបចំ​ពង្រឹង​កិច្ច​ការពារ​យ៉ាង​ម៉ឺងម៉ាត់ និង​ប៉ិន​ប្រសប់ ។ ទ័ព​សៀម​ដេញ​តាម​ព្រះ​អង្គ​ប្រកិតៗ រួច​បោះទ័ព​នៅ​ពីមុខ​រាជធានី​លង្វែក ។ ប៉ុន្ដែ​ដោយ​ព្រះរាជា និង​រាជបរិពារ​គេច​ចេញ​បាត់​ទៅ ហើយ​អ្នកស្រុក​ក៏​ទៅ​ជា​អស់​សង្ឃឹម គិតតែ​ព្រួយ​នឹង​ការ​វាយ​លុក​របស់​សត្រូវ បាន​ធ្វើ​ឱ្យ​កិច្ច​ការពារ​ជាប់​គាំង ហើយ​នៅ​ទី​បញ្ចប់ ក៏​ព្រលែង​រាជធានី​ឱ្យ​សត្រូវ​តែ​ម្ដង​នៅ​ចុង​ឆ្នាំ​១៥៩៣ ។ ព្រះ​ឧភយោរាជ និង​គ្រួសារ​ត្រូវ​សៀម​ចាប់​បាន នាំ​យក​ទៅ​ស្រុក​គេ​ជាមួយ​ប្រជាជន​រាជធានី និង​ទី​ជិតខាង​ចំនួន​៩​ម៉ឺន​នាក់ (81) ។

ប្រហែល​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ ឌីយ៉ឺហ្គោ​បែឡូសូ និង ​មិត្ដភក្ដិ​របស់​គេ​ធ្វើ​ដំណើរ​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ទទួល​ដំណឹង​ថា​ សៀម​ដណ្ដើម​យក​រាជធានី​លង្វែក​បាន​ហើយ​ ហើយ​ព្រះ​សត្ថា​ និង​ព្រះរាជា​ជា​ព្រះរាជ​បុត្រ​បាន​ភៀស​ព្រះ​កាយ​ទៅ​គង់​នៅ​ឯ​ស្រីសន្ធរ ឬ​ក៏​បាន​យាង​ទៅ​ដល់​ស្ទឹងត្រែង​ផង​ក៏​មិន​ដឹង ដែល​ជា​ទឹកដី​កម្ពុជា​ដែរ​នៅ​ជំនាន់​នោះ ។
ប្រទេស ​កម្ពុជា​ពេល​នោះ បាន​ធ្លាក់​ចូល​ក្នុង​ភាព​វិនាស​ហិន​ហោច​ជា​ខ្លាំង​បន្ទាប់​ពី​សៀម​ដណ្ដើម​ យក​បាន​រាជធានី​លង្វែក​ ព្រះរាជា​ភៀស​ព្រះ​កាយ​បាត់​ហើយ​ពួក​សៀម​គ្រប់គ្រង​ដឹកនាំ​ប្រទេស​យ៉ាង​ តឹងរ៉ឹង​បំផុត ។​ គេ​រុក​រើ​កកាយ​រាជធានី រួច​ដុត​ខ្ទេចខ្ទី ។ ប្រជាជន​ត្រូវ​គេ​កៀរ​ទាំង​ហ្វូងៗ​យក​ទៅ​ដាក់​នៅ​ទីកន្លែង​ផ្សេងៗ​ក្នុង​ ទឹកដី​សៀម ហើយ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​តាម​ផ្លូវ​ពេល​ធ្វើ​ដំណើរ​ទៅ ។ ទ្រព្យ​សម្បត្ដិ​ផ្សេងៗ សាស្ដ្រា​រាជ​ពង្សាវតារ និង​គម្ពីរ​ច្បាប់​បាន​ត្រូវ​គេ​បំផ្លាញ​ចោល ឬ​ត្រូវ​ព្រះ​ណារេត​នាំ​យក​ទៅ​កាន់​រាជធានី​អយុធ្យា ។ មហា​ណាចក្រ​កម្ពុជា​ដែល​ធ្លាប់តែ​រុងរឿង បាន​ធ្លាក់​ចុះ​អាប់ឱន​ដោយ​សារ​តែ​ខ្សោះ​អស់​ប្រជាជន ។ ភាព​ខ្សោះ​អស់​ប្រជាជន​នេះ បេសកជន​ចិន​លោក ជីវ តាក្វាន់ បាន​សង្កេត​ឃើញ​តាំង​តែ​ពី​សតវត្សរ៍​ទី​១៣​មក​ម្ល៉េះ ក្នុង​ឆ្នាំ​១២៩៦ ហើយ​លោក​បាន​និយាយ​ទៀត​ថា គឺជា​ផលវិបាក​នៃ​សង្គ្រាម​ដែល​សៀម​បង្ក​ឡើង​ធ្វើ​ឱ្យ​កម្ពុជា​ចុះ​ខ្សោយ ដោយ​កាត់​បន្ថយ​នូវ​មធ្យោបាយ​ដែល​ព្រះរាជា​ខ្មែរ​ប្រើប្រាស់​ដើម្បី​ការពា​ ខ្លួន ថ្វីបើ​ប្រទេស​នេះ​នៅ​តែ​មាន​អត្ថិភាព​ប្រកប​ដោយ​វិសាលភាព និង​គោល​ជំហរ​រឹង​មាំ​ក៏​ដោយ ។ គឺជា​មហានគរ​ដែល​នៅ​មាន​កិត្ដិនាម​ល្បីល្បាញ​រន្ទឺ ពាសពេញ​បូព៌ា​ប្រទេស តែ​បាត់បង់​ការ​គាំទ្រ​ដល់​អនុត្ដរភាព និង​មាន​តែ​ការ​ទទួល​ស្គាល់​ពី​បណ្ដា​ក្សត្រ​ប្រទេស​តូចៗ​នៅ​ស្រុក​លាវ​ ប៉ុណ្ណោះ ។
ភាព​វឹកវរ​ដែល​ធ្វើ​ឱ្យ ​កម្ពុជា​នៅ​ឯកោ​ ការ​ប្រកួតប្រជែង​ដណ្ដើម​អំណាច​គ្នា​ សង្គ្រាម​ដែល​កម្ពុជា​ត្រូវ​តែ​ធ្វើ​ជាមួយ​សៀម និង​នគរ​សាមន្ដរាជ​ ការ​ធ្លាក់​ចុះ​នៃ​សន្ដតិវង្ស​វរ្ម័ន​កាន់​ព្រហ្មញ្ញ​សាសនា​នៅ​ដើម​សតវត្សរ៍ ​ទី​១៤ ហើយ​ជំនួស​វិញ​ដោយ​សន្ដតិវង្ស​កាន់​ព្រះពុទ្ធ​សាសនា​ដែល​នាំ​ឱ្យ​មាន​ បដិវត្ដន៍​សាសនា​នយោបាយ និង​ប្រជាធិបតេយ្យ ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​ណាចក្រ​ចុះ​ខ្សោយ ដោយ​ព្រះរាជា​ត្រូវ​បាត់បង់​អំណាច​បន្ដិច​ម្ដងៗ ។​ ព្រឹត្ដិការណ៍​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ​ពួក​លាវ​រើ​បម្រះ​ទាមទារ​សេរីភាព​ ហើយ​ចុះ​មក​នៅ​កាន់តែ​ជិត​ឡើងៗ រហូត​មក​ដល់​ល្បាក់ខោន តាំង​តែ​ពី​សតវត្សរ៍​ទី​១៤ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អនុត្ដរភាព​ខ្មែរ​កាន់តែ​ចុះ​ខ្សោយ​ជា​បន្ដ​ បន្ទាប់ ។ ភាព​អាប់ឱន​កាន់​តែ​ធ្ងន់​ឡើង​ថែម​ទៀត នៅ​ពេល​ដែល​ពួក​សៀម​កៀរ​ប្រជាជន​ទាំង​ហ្វូងៗ​ជា​ឈ្លើយ​យក​ទៅ​ស្រុក​ គេ ។

ការ​បោះបង់​ចោល​រាជធានី​នគរធំ ​នៅ​សតវត្សរ៍​ទី​១៤ ហើយ​ព្រះរាជា​មក​គង់នៅ​បាសាន រួច​មក​នៅ​ចតុម្មុខ ​(ភ្នំពេញ) គង់​ក្នុង​វាំង​ឈើ​ប្រក់​ស្លឹក​មិន​មែន​ប្រក់​ក្បឿង​នេះ​ជា​ភស្ដុតាង​ បញ្ជាក់​ច្បាស់​អំពី​ភាព​ចុះ​អាប់ឱន​ដែល​មិន​អាច​កំបាំង​ពី​ភ្នែក​ពួក​អ្នក​ ដែល​បាន​ឃើញ​បាន​ដឹង ដែល​យើង​ត្រូវ​តែ​លើក​យក​មក​និយាយ​នៅ​ពេល​នេះ ។ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ប្រជាជន​កម្ពុជា​ពេល​នោះ ជឿ​ថា​មាន​លេច​សញ្ញា​មិន​ល្អ​រួច​ទៅ​ហើយ​នៅ​ក្នុង​សកម្មភាព​ផ្សេងៗ​របស់​ ជនឧក្រិដ្ឋ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ភិតភ័យ​ហើយ​ព្រួយបារម្ភ​ថា​ពួក​គេ​ នឹង​ទទួល​រង​នូវ​មហន្ដរាយ​ដ៏​ធ្ងន់ធ្ងរ​ជា​មិន​ខាន ។ តើ​មហន្ដរាយ​ដ៏​ធំ​ដែល​មក​គំរាម​កំហែង​ពួក​គេ​នោះ​ជា​អ្វី ? ហើយ​តើ​អ្វី​ទៅ​ជា​មូលហេតុ​នៃ​ទុក្ខ​ព្រួយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​វង្វេង​ វង្វាន់ ក្លាយ​ទៅ​ជា​ប្រជាជន​មួយ​លែង​ទុកចិត្ដ​លើ​ខ្លួនឯង ហើយ​ចោទ​ប្រកាន់​ទៅ​លើ​សាសនា​ទាំង​២​ថា បាន​ទម្លាក់​វាសនា​មិន​ល្អ​ឱ្យ​ព្រះរាជា ដាក់​បណ្ដាសា​ឱ្យ​កើត​ជំងឺ​អាសន្ន​រោគ ជំងឺ​ឃ្លង់ នៅ​ទូទាំង​ព្រះ​នគរ មិន​តែ​ប៉ុណ្ណោះ​បាន​ទាំង​ឱ្យ​ពួក​សៀម​ដណ្ដើម​យក​រាជធានី​បាន ក្រោយ​ពី​ឡោម​ព័ទ្ធ​ជាប់​ជា​ច្រើន​ឆ្នាំ ។ ទុក្ខ​ព្រួយ​ក្រហល់​ក្រហាយ​របស់​ប្រជាជន​នេះ គឺជា​សញ្ញា​មួយ​ទៀត​បញ្ជាក់​អំពី​ការ​អាប់ឱន ការ​ភ័យ​ខ្លាច និង​ការ​ចុះ​ខ្សោយ ។
ក៏​ប៉ុន្ដែ​ ដោយ​ប្រជាជន​កម្ពុជា​នា​សម័យ​នោះ ក៏​ដូច​ជា​សម័យ​ព្រះរាជា​វង្ស​វរ្ម័ន​ដែរ ជា​ជាតិ​សាសន៍​មួយ​ក្លាហាន ជា​ពូជ​អ្នក​ចម្បាំង ត្រៀម​ខ្លួន​ជា​និច្ច​នឹង​ធ្វើ​សង្គ្រាម​ ដោយ​គេ​មាន​មេបញ្ជាការ​ជា​ឧត្ដមសេនីយ៍​ដ៏​ប៉ិន​ប្រសប់​ ដោយ​គេ​ធ្លាប់​បាន​រុញ​ច្រាន​ពួក​ចាម​ឱ្យ​ដក​ថយ​ចេញ​ទៅ​វិញ​មិន​តិច​ជាង​២០​ ដង ធ្លាប់​វាយ​ក្សត្រ​នគរ​ចំណុះ​ឱ្យ​បរាជ័យ​លើស​ពី​១០០​ដង ធ្លាប់​បាន​ចេញ​ធ្វើ​សង្គ្រាម​ទៅ​ក្រៅ​ទឹក​ដី​ជាង​១០​ដង ធ្លាប់​វាយ​ពួក​សៀម​ឱ្យ​បរាជ័យ​២០​ដង​ក្នុង​ពេល​ជាង​៤​សតវត្សរ៍​ ដោយ​អ្នកស្រុក​ទៅ​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ជា​និច្ច ព្រោះតែ​ការ​ចូល​លុក​លុយ​មក​ពី​ទិស​ពាយ័ព្យ និង​ឧត្ដរ​របស់​ទ័ព​សៀម និង​លាវ​ ដោយ​អ្នកស្រុក​មាន​ស្មារតី​ជា​អ្នក​ចម្បាំង ទាំង​ព្រះរាជា​ដាក់​រាជ្យ​ទាំង​ព្រះរាជា​តែង​តាំង​ថ្មី​ដែល​នៅ​ក្មេង​មិន​ ទាន់​សម​ល្មម​ក្នុង​ការ​ដឹកនាំ ទាំង​ពួក​ឧត្ដមសេនីយ៍ រដ្ឋមន្ដ្រី​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​ទាំង​អស់​ មាន​ទំនុក​ចិត្ដ​ហើយ​បាន​លះបង់​អស់ពី​កម្លាំងកាយ​ និង​កម្លាំង​ចិត្ដ​ដើម្បី​បម្រើ​ជាតិ ។ គេ​សម្រេច​ជ្រើស​រើស​ទ័ព​បាន​យ៉ាង​រហ័ស​ប្រឆាំង​នឹង​ទ័ព​សៀម បាន​៤​កង​នៅ​ក្នុង​ឆ្នាំ​១៥៨២ វាយ​បំបែក​ការ​ឡោម​ព័ទ្ធ​រាជធានី​លង្វែក​ក្នុង​ឆ្នាំ​១៥៨៣ ថែម​ទាំង​បាន​រុញ​ច្រាន​ពួក​សៀម​រហូត​ដល់​ទល់​ដែន​ទៀត​ផង ជា​ហេតុ​ធ្វើ​ឱ្យ​គេ​មាន​សង្ឃឹម​ថា អាស្រ័យ​ដោយ​វិធានការ​ដ៏​ប៉ិន​ប្រសប់ ទប់ទល់​ប្រឆាំង​នឹង​ផែនការ​វាយ​ប្រហារ​ហ្មត់ចត់​របស់​សត្រូវ កម្ពុជា​នឹង​អាច​បណ្ដេញ​សត្រូវ​ឈ្លានពាន​សួ​ពូជ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ទៀត ​ដែរ នៅ​ក្នុង​ឆ្នាំ​១៥៩៣ ។

ក៏​ ប៉ុន្ដែ​ការ​ពិត​បែរ​ជា​ផ្ទុយ​ស្រឡះ គឺ​ទ័ព​ខ្មែរ​បាន​ត្រូវ​វាយ​ឱ្យ​បរាជ័យ​នៅ​លើ​គ្រប់​សមរភូមិ ហើយ​សៀម​ដណ្ដើម​យក​រាជធានី​លង្វែក​បាន ។ ព្រះ​ឧភយោរាជ និង​គ្រួសារ​ត្រូវ​សៀម​ចាប់​បាន​ជា​ឈ្លើយ ចំណែក​ឯ​ព្រះរាជា​ដាក់រាជ្យ និង​ព្រះរាជា​ក្មេង​វិញ ត្រូវ​គេច​ព្រះ​កាយ​ទៅ​គង់​នៅ​ឯ​ខាង​ជើង​បំផុត​នៃ​ព្រះរាជា​ណាចក្រ ដើម្បី​កុំឱ្យ​សៀម​ចាប់​បាន​ហើយ​នាំ​យក​ទៅ​ស្រុក​សៀម​ដូច​ជា​ព្រះរាជា​មុន​ មួយ​អង្គ គឺ​ព្រះបាទ​ស្រីរាជា នៅ​ក្នុង​ឆ្នាំ​១៤៧៣ ។ ដល់​ពេល​នេះ មិន​គ្រាន់តែ​ជា​ការ​អាប់​ឱន​ចុះ​ប៉ុណ្ណោះ​ទេ គឺជា​មរណភាព​ជា​ចុងបញ្ចប់​នៃ​ព្រះរាជា​ណាចក្រ​មួយ​តែ​ម្ដង ។ ប្រជាជន​បាត់​ម្ចាស់​ការ​ភ្លេច​អស់​អ្វីៗ មិន​ដឹង​ថា​ខ្លួន​ជា​នរណា ។ គេ​ត្រូវ​បាត់បង់​អស់​នូវ​តម្លៃ​របស់​ខ្លួន បាត់បង់​ទាំង​អានុភាព និង​ថាមពល ហើយ​គ្មាន​សល់​អ្វី​បន្ដិច​ឡើយ ។

ក្រោយ​ពី​វិបត្ដិ​ដ៏​ធំធេង​នេះ នៅ​ពេល​ដែល​មាន​រាជវង្ស​ឆ្ងាយ​មួយ​អង្គ គឺ​ព្រះ​រាមាជើងព្រៃ ដែល​ជា​សត្រូវ​របស់​ព្រះរាជា​ដាក់រាជ្យ​ព្រោះ​ទំនាស់​ដណ្ដើម​ព្រះ​ជាយា​គ្នា ហើយ​ក៏​ជា​សត្រូវ​របស់​ព្រះរាជា​ថ្មី​ផង​ដែរ ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​អ្វីៗ​រលំ​រលាយ​ដល់​ដី​អស់​ហើយ ទាំង​រាជវង្ស​ទាំង​រាជបរិពារ និង​មន្ដ្រី​ធំៗ​ក៏​បាត់បង់​អស់​ពី​ព្រះរាជា​ណាចក្រ​រាជធានី​ត្រូវ​ ត្រួតត្រា​ដោយ​ឧត្ដមសេនីយ៍​សៀម​ម្នាក់​ ក្រោយ​ពី​ព្រះ​អង្គ​បាន​បណ្ដេញ​ទ័ព​សៀម និង​ឧត្ដមសេនីយ៍​ជា​តំណាង​ស្ដេច​សៀម​ចេញពី​លង្វែក​នៅ​ក្នុង​ឆ្នាំ​១៥៩៤​ផុត​ ទៅ គ្មាន​សល់​អ្វី​ទៀត​ទេ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ៖ «ចិត្ដ​គំនិត​ចាស់​ត្រូវ​រលុប​បាត់​អស់ មនុស្ស​ម្នា​ក្លាយ​ទៅជា​ទន់ជ្រាយ កំសាក នរណា​ក៏​ដូច​ជា​នរណា មាន​តែ​ក្ដី​អស់​សង្ឃឹម» ។
បន្ទាប់ ​មក ក្រោយ​ពី​ព្រះរាជា​ដាក់រាជ្យ​សោយ​ទិវង្គត​ទៅ ព្រះរាជា​ថ្មី​ក៏​សុគត​បាត់​ទៅ​ដែរ ក្រោយ​ពី​ពួក​អេស្ប៉ាញ និង​ព័រទុយហ្គាល់​ធ្វើ​គុត​ព្រះ​រាមាជើងព្រៃ​នៅ​ស្រីសន្ធរ​ក្នុង​ឆ្នាំ​១៥៩៥ រួច​ហើយ​ពួក​ចាម និង​ម៉ាឡេ ធ្វើ​គុត​ពញា​តន់​ក្នុង​ឆ្នាំ​១៥៩៦ ប្រទេស​កម្ពុជា​មាន​ព្រះរាជា​១៣​ព្រះ​អង្គ​សោយរាជ្យ​ក្នុង​ពេល​តែ​១​ សតវត្សរ៍ ហើយ​នៅ​ចង​ចាំ​ឥត​ភ្លេច​អនុស្សាវរីយ៍​នៃ​មហា​វិនាសកម្ម​កន្លង​មក ក៏​ប៉ុន្ដែ​គេ​គ្មាន​សេចក្ដី​ក្លាហាន​នឹង​ធ្វើការ​សង​សឹក​តប​ត​នឹង​ពួក​សៀម​ វិញ​ទេ ។ សៀវភៅ​ក្បួនខ្នាត​ច្បាប់ គម្ពីរ​សាស្ដ្រា បាន​ត្រូវ​គេ​លួច​យក​ទៅ​បាត់ ឬ​ដុត​បំផ្លាញ​ខ្ទេចខ្ទី ។
នៅ ​ក្នុង​គ្រិស្ដសករាជ​១៦៩២ ដើម្បី​បាន​ចេះ​ដឹង​អំពី​ទំនៀម​ទម្លាប់​ពី​បុរាណ​ដែល​គេ​ភ្លេច​បាត់​អស់​ទៅ ហើយ​តាម​ការ​ណែនាំ​របស់​ព្រះ​មាតុច្ឆា​មួយ​ព្រះ​អង្គ ព្រះបាទ​ជ័យជេដ្ឋា​ត្រូវ​ធ្វើ​សំណើ​សុំ​គម្ពីរ​សាស្ដ្រា ក្រាំង ច្បាប់​រដ្ឋប្បវេណី និង​ច្បាប់​សាសនា​សរសេរ​ដោយ​ដៃ​ទៅ​ប្រទេស​សៀម​ដែល​បាន​លួច​យក​ទៅ​ពី​ មុន ។

នៅ​ក្នុង​ការ​ចង​ចាំ​របស់​ប្រជាជន​ខ្មែរ ការ​បាត់បង់​រាជធានី​លង្វែក​គឺជា​ដំណាក់​កាល​អាក្រក់​មួយ ដែល​ពី​មុន​នោះ ព្រះរាជា​ណាចក្រ​មាន​ទឹកដី​ធំ ហើយ​សម្បូរ​សប្បាយ ប្រជារាស្ដ្រ​បាន​សុខ​ក្សេមក្សាន្ដ ប្រទេស​ខ្លាំងពូកែ ។ តាម​ពិត កម្ពុជា​បាន​ធ្លាក់​ចុះ​ឱន​ថយ​តាំងពី​មុន​នោះ​យូរយារ​មក​ហើយ បើ​ពុំនោះ​ទេ ការ​គ្រាន់តែ​បាត់បង់​កម្ទេច​កម្ទី និង​ត្រួតត្រា​លង្វែក​ក្នុង​ពេល​២​-​៣​ឆ្នាំ​ប៉ុណ្ណោះ នឹង​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​ត្រូវ​រលាយ​បាត់​បង់ ខ្សោះ​កម្លាំង ហើយ​ប្រជាជន​ធ្លាក់​ចូល​ក្នុង​ដំណើរ​ថយ​ក្រោយ​ដូច្នេះ​ទេ ។​ ចាប់ពី​ពេល​បាត់​បង់​លង្វែក​មក​កម្ពុជា​ត្រូវ​បាត់​ឈ្មោះ​ពី​ចុង​បូព៌ា ហាក់​បី​ដូចជា​រលត់​រលាយ​បាត់​ពី​លើ​ពិភពលោក​នេះ​ទៅ លែង​មាន​នរណា​ស្គាល់​ទៀត​ហើយ ។ នៅ​ពេល​ដែល​ពួក​អឺរ៉ុប​បាន​មក​ដល់​កាល​ពី​១​សតវត្សរ៍​មុន​នេះ ដោយ​ចុះ​ចត​នៅ​នឹង​ឆ្នេរសមុទ្រ​ប្រទេស​ឥណ្ឌា ត្រង់​អវា អារ៉ាកាន់ មែរគុយ តេណាស់សេរីម ម៉ាតាបាន មក​ដល់​ភូមា ប៉េហ្គូ ជ្វា ម៉ាឡាកា រហូត​មក​ដល់​ស្រុក​សៀម ហើយ​ធ្លាយ​រហូត​ដល់​តុងកឹង អាណ្ណាម កូសាំងស៊ីន ពួក​នោះ​មិន​បាន​ដឹង​អំពី​អត្ថិភាព​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ទេ ។ រាជទូត​របស់​ស្ដេច​ល្វី​ទី​១៤ គឺ​ពួក​លោក​ឪពុក​ សេស្វីត​ ទាំង​៦​នាក់ បាន​ដឹង​អំពី​ប្រទេស​កម្ពុជា​នៅ​ឯ​រាជវាំង​អយុធ្យា នៅ​ឆ្នាំ​១៦៩៥ ពេល​ដែល​ពួក​គាត់​បាន​ជួប​អ្នក​អង្គ​ម្ចាស់​ខ្មែរ​មួយ​អង្គ​ដែល​ហាក់​បី​ ដូចជា​យាង​មក​ពី​ប្រទេស​ឆ្ងាយ​ដាច់​សង្វែង​មួយ គ្មាន​អារ្យធម៌ ហើយ​ចំណុះ​ស្រុក​សៀម ។
(1) តាម​មើលទៅ​ព្រះ​នាម​នេះ សមតែ​ជា​ព្រះ​មរណនាម​ទៅ​វិញ​ទេ ។
(2) មាន​ន័យ​ថា ព្រះរាជ​ធានី​របស់​ព្រះឥន្ទ្រ ។​
(3) ឯកសារ​មួយ​នោះ​និយាយ​ថា​ទ្រង់​សោយរាជ្យ​បាន​តែ​៤​ខែ​ទេ ។
(4) សៀងរ៉ៃ គឺ សៀងហៃ សព្វថ្ងៃ​ស្ថិត​នៅ​លើ​ខ្សែរយៈ​ទទឹង​១៩ អង្សា​៥០ ក្នុង​អឌ្ឍគោល​ខាងជើង និង​ខ្សែ​រយៈប​ណ្ដោយ​៩៧​អង្សា ១០ ខាងកើត នៅ​លើ​ដៃ​មួយ​នៃ​ទន្លេ​មេគង្គ ពី​ខាងជើង​រដ្ឋ​សាន ។
(5) នៅ​លើ​មាត់​ទន្លេ​មេណាម​ខាងស្ដាំ ត្រង់​ខ្សែរយៈទទឹង​១៧​អង្សា​ខាងជើង និង​ខ្សែរយៈបណ្ដោយ​៩៧​អង្សា ៣០​ខាងកើត ។
(6) ស្ថិត​នៅ​លើ​មាត់ទន្លេ​មេពីងខាងេ​ឆ្វេង ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ខាង​ពាយ័ព្យ​សុខោទ័យ ។
(7) មាន​ន័យ​ថា​រាជធានី​របស់​ទេវតា តាម​មើលទៅ​ប្រហែល​គឺ​មឿង​ទេព​សព្វថ្ងៃ នៅ​លើ​មាត់​ទន្លេ​មេងួន​ខាងឆ្វេង ។​
(8) ពាក្យ​ខ្មែរ​ថា​ «ចៅ» សៀម និង​លាវ​ថា​ «ឆាវ» ចិន​ថា​ «ចូបូ» សាន​ថា​ «សូបូ» អាណ្ណាម​ថា​ «ជាវ» ប៊ីរម៉ាន​ថា​ «សាបូ» មាន​ន័យ​ថា​ ស្ដេច ឬ​អង្គ​ម្ចាស់ ក្រោយមក​គេ​ប្រើ​សម្រាប់​ហៅ​មន្ដ្រី​ដែល​មិន​មាន​ជាប់​សាច់​រាជវង្ស​ផង​ ដែរ ។ គឺ​ចេញពី​ពាក្យ​នេះ​ហើយៗ​រួម​ផ្សំ ជាមួយ​ពាក្យ​ដែល​ប៊ីរម៉ង់​ថា​ «អួ» មាន​ន័យ​ថា​ ក្បាល មេ​ឬ​ប្រធាន សៀម​ថា​ «ហួ» ខ្មែរ​ថា​ «ហ្វា» ដែល​កើត​បាន​ជា​ពាក្យ​ថា​ «ចៅហ្វ៊ា» គឺ​នាយក​រដ្ឋមន្ដ្រី ចៅហ្វាយ​ស្រុក ។ ពាក្យ​ភូមា​ថា «ចាបួ» មាន​ន័យ​ថា ស្ដេច​បរទេស​ដែល​ចំណុះ ។ ពាក្យ សាន ថា «ចូបូ» ឬ​ «សូបូ» ក្លាយ​ចេញ​មក​ពី​ពាក្យ​ដើម​នេះ​ដែរ ។
ពាក្យ​សៀម​ថា​ «ហួ» ប៊ីរម៉ាន​ថា​ «បួ» ខ្មែរ​ថា​ «ហ្វា» លាវ​ថា​ «វ៉ា» ប្រើ​ភ្ជាប់​ជាមួយ​ពាក្យ​ «កែវ» មាន​ន័យ​ថា​មាន​តម្លៃ បាន​ជា​ពាក្យ​ «កែវហ្វ៊ា» ជា​ឋានៈ​មួយ​របស់​រាជវង្ស​បន្ទាប់​ពី​ឋានៈ​ឧបរាជ ។
(9) បើ​តាម​ការ​រៀបរាប់​នេះ​អយុធ្យា​ដែល​ជា​រាជធានី​របស់​សៀម​ពី​ឆ្នាំ​១៣៥០ ដល់ ១៧៦៨ មិន​មែន​កសាង​ឡើង​ដោយ​ស្ដេច​មក​ពី​សុខោទ័យ​ដែល​ជា​បច្ឆាញាតិ​របស់​ព្រះ​រោង​ ទេ គឺ​កសាង​ដោយ​ស្ដេច​សៀង​សែន​មួយ​អង្គ​មាន​ដើម​កំណើត​ជា​រាស្ដ្រ​សាមញ្ញ ដែល​បាន​សោយរាជ្យ​នៅ​ក្សត្រ​ប្រទេស​មួយ​នៅ​ក្នុង​អាង​ទន្លេ​មេណាម​ ខាងលើ ។ ក្សត្រ​ប្រទេស​នោះ​មាន​រាជធានី​ដំបូង​នៅ​កំផែង​ពេជ្រ កសាង​ឡើង​ដោយ​ស្ដេច​លាវ​មួយ​អង្គ​ដែល​ស្ដេច​នគរ​ជិតខាង​បាន​បង្ខំ​ឱ្យ​ដក​ថយ គេច​ព្រះ​អង្គ​មក​ខាងត្បូង ។ ខ្ញុំ​គិត​ថា​វា​គ្មាន​អ្វី​ជា​ប្លែក​ទេ បើសិន​ជា​ថ្ងៃ​ណា​មួយ​គេ​រក​ឃើញ​ថា ស្ដេច​ដែល​មាន​ជ័យ​ជម្នះ​នោះ​គឺជា​ស្ដេច​ថៃ​មួយ​អង្គ​មក​ពី​ប្រទេស​ភូមា​ ជាមួយ​នឹង​ប្រជារាស្ដ្រ​ថៃ ។
(10) រាជពង្សាវតារ​សៀម​និយាយ​ថា ស្ដេច​សៀម​បាន​ប្រកាស​សង្គ្រាម​ឡើង​ដោយ​មក​ពី​ពួក​ខម គឺ​ខ្មែរ ព្រហើន​បែរ​ខ្នង​ដាក់​មិន​ព្រម​គោរព ។
(11) មាន​ន័យ​ថា​ «ស្ថានសួគ៌​របស់​ព្រះ​រាមា» ឬ​ «ច្បារ​ដំណាំ​របស់​ព្រះ​រាមា» ក្នុង​ន័យ​ថា​ស្ថានសួគ៌​ដែរ ។
(12) កាំភ្លើង = កាំ (គ្រាប់) ភ្លើង ។ ត្រូវ​ដឹង​ថា​អ្នក​ចុង​បូព៌ា​ប្រទេស​បាន​ស្គាល់ និង​ប្រើប្រាស់​រំសេវ​ជា​ច្រើន​សតវត្សរ៍​ណាស់​មក​ហើយ មុន​ពួក​អឺរ៉ុប​មាន​កាំភ្លើង​ធំ​តាំងពី​សតវត្សរ៍​ទី​១៤ ហើយ​ខ្មែរ​បាន​ស្គាល់​អាវុធ​នេះ​យូរហើយ ។ នៅ​ក្នុង​ឆ្នាំ​១៣៩៨ ពួក​តាមែរឡង់ បាន​ប្រើ​កាំភ្លើង​ធំ​នៅ​ក្នុង​សង្គ្រាម​ដណ្ដើម​ទឹកដី​របស់​ពួក​ហិណ្ឌូ ហើយ​នៅ​អង្គរធំ​មាន​កន្លែង​មួយ​មាន​ឈ្មោះ​ថា «ឃ្លាំង​គ្រាប់​កាំភ្លើង» ។
លោក វ៉ូស៊ីយុស បាន​អះអាង​ថា ចិន​មាន​កាំភ្លើង​ធំ​ធ្វើ​អំពី​សំរឹទ្ធ និង​ដែក​តាំងពី​ឆ្នាំ​១០៥៥ ហើយ​ចេះ​ធ្វើ​គ្រាប់បែក​តាំងពី​ឆ្នាំ​១២៣២ ដែល​អាច​សម្លាប់​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​១០​ម៉ែត្រ​បាន ។
ជីវ តាក្វាន់ បាន​និយាយ​ថា នៅ​ក្នុង​ឆ្នាំ​១២៩៥ នៅ​អង្គរធំ​មាន​គេ​ចេះ​ធ្វើ​កាំជ្រួច និង​ផាវ កាំជ្រួច​ខ្លះ​ហោះ​ខ្ពស់​អាច​ឱ្យ​គេ​មើល​ឃើញ​បាន​ពី​ចម្ងាយ​៤០​គីឡូម៉ែត្រ កាំជ្រួច​ខ្លះ​ទៀត​ធំ​ដូច​ដុំ​ថ្ម​ហើយ​ផ្ទុះ​លាន់​រំពង ធ្វើ​ឱ្យ​រញ្ជួយ​ទូទាំង​រាជធានី ។
អ្នកនិពន្ធ ​ខ្លះ​បាន​និយាយ​អំពី​ការ​ប្រើប្រាស់​កាំភ្លើង​ធំ​ដោយ​សូលីម៉ាន ក្នុង​ការ​វាយ​យក​ទីក្រុង​បែលក្រាដ​នៅ​ឆ្នាំ​១០៧៣ និង​ដើម្បី​ការពារ​ទីក្រុង​សេវីល​នៅ​ឆ្នាំ​១២៤៧ ។ ហើយ​វា​ប្រាកដ​ណាស់​ថា មេ​របស់​ពួក​ម័រ​ឈ្មោះ​ថា អ៊ីស្មាអែល បាន​វាយ​យក​ទីក្រុង បេហ្សា របស់​អេស្ប៉ាញ នៅ​ក្នុង​ឆ្នាំ​១៣២៥ ដោយ​សារ​ប្រើ​កាំភ្លើង​ដែរ ។
(13) ឯកសារ​ខ្លះ​ទៀត​និយាយ​ថា គឺ​ព្រះ​សុរិយោទ័យ​ទេ​ដែល​កេណ្ឌ​ទ័ព​នេះ ក្រោយ​មក​ទ្រង់​បាន​ត្រូវ​លើក​ឱ្យ​សោយរាជ្យ​សម្បត្ដិ ។​
(14) ជួនកាល​គេ​ប្រទះ​ឃើញ​ថា​គេ​ហៅ​ថា ស៊ីសត្ដ​ណាកាហ៊ុត​ ស៊ីសត្ដ​ណាហ្គាហ៊ុត និង​ស៊ីសត្ដ​ណា​ឧត្ដលា​ម៉ាចរាត់​សាតានី ផង​ដែរ ។ ឈ្មោះ​ជា​ភាសា​សំស្ក្រឹត​គឺ ស្រីសុទ្ធម្មន គិរី សុទ្ធម្មៈ​ នេះ​គឺ​ជា​សាល​កាត់​ក្ដី​របស់​ព្រះឥន្ទ្រ ។
(15) រាជធានី ​មាន​គូ​ទឹក​ធំ និង​ជ្រៅ​ព័ទ្ធ​ជុំវិញ ពីក្រោម​ជញ្ជាំង​កម្ពស់​ជាង​១០​ម៉ែត្រ ។ មាន​ច្រក​ចេញ​ចូល​ជា​ផ្លូវលំ​ចាក់​ដី មាន​បង្កាន់ដៃ​ជា​រូប​យក្ស​ទ្រ​នាគរាជ​មួយ ។ គេ​ការពារ​ច្រក​ចេញ​ចូល​នេះ​ដោយ​ដាក់​ទ័ព​នៅ​លើ​ប្រាង្គ​ខ្ពស់​នៅ​ពី​លើ​ ផ្លូវ និង​នៅ​លើ​ជញ្ជាំង​ពី​ខាងឆ្វេង និង​ខាងស្ដាំ ។ ក៏​ប៉ុន្ដែ​គេ​មិន​បាន​ដឹង​អំពី​ការ​ធ្វើ​ស្ពាន​លើក​ដាក់​បាន​នោះ​ទេ ម្ល៉ោះ​ហើយ​សត្រូវ​អាច​ចូល​មក​ដល់​ទ្វារ ហើយ​បុក​ទម្លុះ​ចូល​មក​ក្នុង​បាន ។
(16) យើង ​បាន​ឃើញ​ពី​ខាងលើ​ថា​រាជពង្សាវតារ​បាន​និយាយ​ថា ព្រះ​អង្គ​ម្ចាស់​ទាំង​៣​ព្រះ​អង្គ​ត្រូវជា​ចៅ​របស់​ព្រះ​រាមាសួន មិនចមែន​ជា​បុត្រ​ទេ ។ តែ​ខ្ញុំ​គិត​ថា​ប្រហែលចជា​មានចការ​ភ័ន្ដ​ច្រឡំ​នៅ​ទំព័រ​មុន ដែល​ត្រូវ​និយាយ​ថា «ទ័ព​ទាំង​៣​កង​បាន​ត្រូវ​ប្រគល់​ឱ្យ​បងប្អូន​ទាំង​៣​របស់​ព្រះ​រាមាសួន» មិន​មែន​ឱ្យ​ចៅ​របស់​ព្រះ​អង្គ​ទេ ។
(17) តាម​រាជពង្សាវតារ ចំនួន​ប្រជាជន​ពេល​នោះ​មាន​ប្រហែលជា​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ ។
(18) រាជបុត្រ ​ច្បង​របស់​ស្ដេច​សៀម​គឺ​ព្រះ​ឧទង​រាមា ឬ​រាមាសួន ដែល​យើង​បាន​ឃើញ​ដឹកនាំ​ទ័ព​សៀម​មក​វាយ​ខ្មែរ ហើយ​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា​នៅ​ក្នុង​ឆ្នាំ​១៣៦៩ ។ តាម​មើល​ទៅ​ព្រះ​ចៅ​បាសាធ ដែល​ព្រះ​ឧទង លើក​ឱ្យ​សោយរាជ្យ​នៅ​កម្ពុជា​ជា​បុត្រ​ព្រះរាជា​ទី​៤​ ចៅបាអាត​ជា​រាជបុត្រ​ទី​៣ ហើយ​ចៅ​កំបង់ពិសី​ជា​រាជបុត្រ​ទី​២ ។
(19) ខែត្រ​បស្ចិម​សព្វថ្ងៃ គឺ​ប្រាជីម​ ស្ថិត​នៅ​លើ​ផ្លូវ​ពី​អង្គរធំ​ទៅ​អយុធ្យា​ត្រង់​ខ្សែ​រយៈ​ទទឹង ១៤​អង្សា​ខាង​ជើង និង​ខ្សែ​រយៈ​បណ្ដោយ ៩៩​អង្សា​ខាង​កើត ។
(20) ទ្រង់ ​ជា​រាជបុត្រ​របស់​ព្រះបាទ​ស្រីសុរិយោទ័យ​ជាមួយ​ព្រះរាជ​អគ្គមហេសី​ពេល​ឡើង​ សោយ​រាជ្យ ទ្រង់​មាន​ព្រះ​ជន្ម​៤៣​ព្រះ​វស្សា​ហើយ ។ អត្ថបទ​ខាង​ដើម​និយាយ​ថា ទ្រង់​ជា​រាជបុត្រ​របស់​ព្រះ​សុគន្ធបទ និង​ត្រូវជា​ចៅ​របស់​ព្រះ​និព្វានបទ​ បើសិន​ជា​ដូច្នោះ​មែន ទ្រង់​ត្រូវជា​ចៅ​ក្មួយ​របស់​ព្រះ​ស្រីសុរិយោទ័យ ពីព្រោះ​ថា ព្រះ​សុគន្ធបទ​ជា​បុត្រ​របស់​ព្រះ​និព្វានបទ ហើយ​ព្រះ​សុរិយោទ័យ ជា​បុត្រ​របស់​ព្រះ​សិទ្ធានបទ ។ ប៉ុន្ដែ​បើសិនជា​ព្រះ​ស្រីសុរិយោវង្ស​មាន​ព្រះ​ជន្ម​៤៣​ព្រះវស្សា​នៅ​ពេល​ ឡើង​សោយ​រាជសម្បត្ដិ គេ​ពិបាក​នឹង​ទទួល​ស្គាល់​ថា​ទ្រង់​ត្រូវជា​បុត្រ​មហា​ឧបរាជ​ស្រីសុរិយោទ័យ​ ណាស់ ព្រោះ​ទ្រង់​ត្រូវជា​ព្រះ​អនុជ​របស់​ព្រះ​សិទ្ធាន​ដែល​សុគត​នៅ​ឆ្នាំ​១៣៤៦ ហើយ​ខ្លួន​ព្រះ​អង្គ​ឯង​សុគត​នៅ​ក្នុង​ឆ្នាំ​១៣៥២ ។ តែ​រឿង​នេះ​អាច​ថា​ពិត​បាន​បើសិន​ណា​ជា​ទទួល​ស្គាល់​ថា ព្រះ​សិទ្ធាន និង​ព្រះ​លំពង្សរាជា ឡើង​សោយរាជ្យ​មាន​វ័យ​ចំណាស់ៗ​ទៅ​ហើយ ។
(21) រាជពង្សាវតារ​សៀម​ចែង​ថា​ ស្ដេច​នេះ​មិន​មែន​ជា​ប្អូនថ្លៃ​របស់​ព្រះ​ឧទង​ទេ​តែ​គឺជា​បុត្រា​ទី​២ ។
(22) បាសាក់​សព្វថ្ងៃ​គឺ​ឡុងសៀង​ អូរម៉ូល​ជា​ចំណែក​មួយ​នៃ​ស្រុក​សុកត្រាំង​ ក្រមួនស​ជា​ចំណែក​មួយ​នៃ​ស្រុក​ឡុងសៀង​ ទឹកខ្មៅ​ជា​ចំណែក​មួយ​នៃ​ស្រុក​រ៉ាជយ៉ា​ ឯ​ពាម កំពត និង​កំពង់សោម​ស្ថិត​នៅ​មាត់​ឈូង​សមុទ្រ​សៀម ។
(23) ខែត្រ​ទាំង​៣​នេះ​ស្ថិត​នៅ​លើ​ទឹកដី​ដែល​លាត​សន្ធឹង​ពី​មាត់​ឈូង​សមុទ្រ​ បាងកក​រហូត​មក​ដល់​ខែត្រ​បាត់ដំបង និង​ពី​ភ្នំ​ដងរែក​រហូត​ដល់​ឈូង​សមុទ្រ​សៀម ។ តាម​មើល​ទៅ ខែត្រ​ទាំង​៣​នេះ​ពេល​នោះ​លែង​ជា​ទឹកដី​កម្ពុជា​ទៀត​ហើយ ប្រហែល​ជា​បាន​ផ្ដាច់​ចូល​ទៅ​សៀម​ក្នុង​សម័យ​សង្គ្រាម​មុន និង​នៅ​ពេល​ដែល​ស្ដេច​សៀម​សោយរាជ្យ​នៅ​ឥន្ទបត្ដ ។
(24) យើង​ឃើញ​ថា​មាន​និយាយ​អំពី​រំសេវ​ម្ដង​ទៀត​ហើយ​លើក​នេះ​ប្រហែលជា​នៅ​រវាង​ឆ្នាំ​១៣៦០ ។
(25) ទាល់តែ​ដល់​ឆ្នាំ​១៣៨៤​ទើប​ឈៀងម៉ៃ​ធ្លាក់​ចូល​ក្នុង​អំណាច​របស់​សៀម ហើយ​រហូត​ទាល់តែ​ដល់​ឆ្នាំ​១៤៣០ ទើប​សៀម​រៀបចំ​រាជធានី​បាន​ល្អ ក្រោយ​ពី​បាន​ជម្លៀស​ប្រជាជន​ចេញ​អស់​២​ម៉ឺន​គ្រួសារ ។
(26) នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​ប្រទះ​ឃើញ​គេ​ប្រើ​ពាក្យ ខេមរា នេះ ។
និយាយ ​ថា​ព្រឹត្ដិការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៣៨៤ ដូច​ជា​ត្រឹមត្រូវ​ល្អ​ណាស់ បើសិន​ជា​គេ​ជឿ​តាម​រាជ​ពង្សាវតារ​សៀម ពីព្រោះ​ថា​រាជធានី​កម្ពុជា​ត្រូវ​សៀម​វាយ​យក​បាន​ក្នុង​ឆ្នាំ​១៣៨៥ ។ ប៉ុន្ដែ​បើ​ដូច្នេះ​មែន ព្រឹត្ដិការណ៍​នេះ​ត្រូវ​កើត​ឡើង​ក្រោម​រជ្ជកាល​ព្រះ​រាមាសួន មិន​មែន​ក្នុង​រជ្ជកាល​ព្រះ​ចៅចន្ទ ជា​ព្រះរាជបុត្រ​នោះ​ទេ ។
(27) នេះ ​គឺជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​ជួប​ជាមួយ​ឋានៈ​នេះ ដែល​យើង​នឹង​ប្រទះ​ឃើញ​ទៀត​នៅ​ពេល​ក្រោយៗ ។ ពាក្យ​នេះ​ដូច​ជា​មាន​ប្រភព​ចេញពី​ភាសា​ប៉េហ្កាន ។
(28) ការ​អធិប្បាយ​លម្អិត​បែប​នេះ​ពេក​ដូច​ជា​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា​ រាជពង្សាវតារ​រៀបរាប់​បំភ្លៃ ពីព្រោះ​ថា បើសិន​ជា​សៀម​៦​នាក់​នោះ​ត្រូវ​ស្ដេច​សៀម​ដាក់​ទណ្ឌកម្ម​ដើម្បី​គ្រាន់តែ​ បន្លំ​ភ្នែក​ខ្មែរ​ទេ វា​មិន​សម​នឹង​ធ្ងន់ធ្ងរ​រហូត​ដល់​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​ ឡើយ ។
(29) ពាក្យ​ខ្មែរ​ថា «ពញា» នេះ​ប្រហែលជា​ក្លាយ​មក​ពី​ពាក្យ​ប៉េហ្កាន​ថា​ «ប៊ីញ៉ា» ជា​ឋានៈ​របស់​ស្ដេច​ពី​បុរាណ ឯ​ពាក្យ​ថា «ចៅ» ក៏​សំដៅ​យក​ស្ដេច​ដែរ ។ ពាក្យ​ «ចៅពញា» ​នេះ​ជា​ឋានៈ​របស់​ពួក​អ្នក​អង្គ​ម្ចាស់ និង​ព្រះរាជា​ខ្មែរ​នៅ​សតវត្សរ៍​ទី​១៤ និង​១៥ តែ​បន្ទាប់​មក​បាន​ប្រើ​ពាក្យ​នេះ​សម្រាប់​ហៅ​តែ​ពួក​អ្នក​អង្គ​ម្ចាស់​ ប៉ុណ្ណោះ រួច​ហើយ​សម្រាប់​តែ​នាម៉ឺន​ធំៗ ។ ក្នុង​ភាសា​លាវ គេ​ថា «ប៉ាញ៉ា» ឬ​ «ផាញ៉ា» ។
គេ ​មិន​ត្រូវ​ច្រឡំ​ពញា​ព្រែក​នេះ ដែល​ត្រូវជា​រាជបុត្រ​របស់​ស្ដេច​សៀម ហើយ​ត្រូវ​គេ​លើក​ឱ្យ​សោយរាជ្យ​នៅ​កម្ពុជា​ក្រោម​ព្រះ​នាម​ថា ព្រះ​ឥន្ទ្ររាជា ជាមួយ​នឹង​បុត្រ​ស្ដេច​សៀម​មួយ​អង្គ​ទៀត​ដែល​មាន​ឋានៈ​ដូច​គ្នា​ដែរ​តែ​ធ្វើ ​ជា​មេទ័ព​សៀម​ទេ ។ ហើយ​ក៏​មិន​ត្រូវ​ច្រឡំ​ជាមួយ​ព្រះ​ឥន្ទ្ររាជា​មួយ​ទៀត​ដែល​ត្រូវជា​ព្រះ​ ញាតិ​របស់​ស្ដេច​សៀម​ព្រះ​ភ្យារាម ដែល​ដណ្ដើម​រាជសម្បត្ដិ​ក្នុង​ឆ្នាំ​១៤០១ ដែរ ។
(30) មាន​ឯកសារ​មួយ​និយាយ​ថា ស្ដេច​ពញាយ៉ាត ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ​១៤៣២ ។ តាម​មើល​ទៅ​ប្រហែល​ជា​ឆ្នាំ​ដែល​ទ្រង់​ទទួល​ព្រះ​រាជាភិសេក​ទេ គឺ​ឆ្នាំ​១៤២៣ ឬ ១៤៣៣ ។
(31) នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ខាង​ឦសាន​រាជធានី​ភ្នំពេញ លើ​ច្រាំង​ទន្លេ​មេគង្គ​ខាងឆ្វេង ។
(32) រឿង ​ព្រះបាទ​បក្សីចាំក្រុង​នេះ​ជា​រឿងនិទាន​សុទ្ធសាធ​តែ​ឈ្មោះ​ទីកន្លែង​ត្រូវ​ ទៅ​នឹង​ឈ្មោះ​ស្រុក​ទេស​ពិត​ប្រាកដ​មែន ។ នៅ​ស្រុក​សៀម​ក៏​មាន​រឿង​និទាន​ដូច​គ្នា​នេះ​ដែរ គ្រាន់​តែ​ឈ្មោះ​ទីកន្លែង​ប្ដូរ​ទៅ​ជា​ឈ្មោះ​ស្រុក​ទេស​ក្នុង​ប្រទេស​សៀម​ទៅ ​វិញ ។
(33) ស្ដេច ​នេះ​មិន​មែន​ជា​ព្រះ​ពញា​ព្រែក​ដែល​ឡើង​សោយរាជ្យ​នៅ​កម្ពុជា​ក្រោម​ព្រះ​ នាម​ថា ព្រះ​ឥន្ទ្ររាជា​ទេ ពីព្រោះ​ព្រះ​អង្គ​សោយរាជ្យ​នៅ​សៀម​តាំងពី​ឆ្នាំ​១៤០១ ។ បើ​ដូច្នេះ តើ​ព្រះ​អង្គ​ជា​ស្ដេច​មួយ​ណា ។ ព្រះ​សង្ឃរាជ​ខ្មែរ​ប្រាប់​ខ្ញុំ​ថា ស្ដេច​នេះ​អាច​ជា​ស្ដេច​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​ឥន្ទ្ររាជា ក៏​ប៉ុន្ដែ​បើសិន​ជា​ដូច្នោះ​មែន តើ​ព្រះ​ស្រីសុរិយោវង្ស និង​ព្រះ​បរមសោកៈ​សោយរាជ្យ​នៅ​ពេល​ណា ហើយ​នៅ​ឯណា ?
(34) ឯកសារ​មួយ​នោះ​និយាយ​ច្រើន​ដង​ថា​នៅ​ក្នុង​ឆ្នាំ​១៣១០ នៃ​មហាសករាជ ត្រូវ​នឹង​ចុល្លសករាជ​៧៥១ ដែល​ត្រូវ​នឹង​គ្រិស្ដ​សករាជ ១៣៧៤ ឬ ១៣៨៨ ឬ ១៣៨៩ ។ យើង​នឹង​បាន​ឃើញ​នៅ​ខាង​ក្រោម​ថា ការ​ចាក​ចេញពី​អង្គរ​គឺ​នៅ​ក្នុង​ចុល្លសករាជ​៧៣៥ ជា​ឆ្នាំ​រោង​ទោស័ក ។ ក៏​ប៉ុន្ដែ​ឆ្នាំ​៧៣៥ នៃ​ចុល្លសករាជ​ដែល​ត្រូវ​នឹង​គ្រិស្ដសករាជ​១៣៧៣ មិន​មែន​ជា​ឆ្នាំរោង​ទេ ហើយ​ក៏​មិន​មែន​ជា​ឆ្នាំ​ទោស័ក​ដែរ គឺជា​ឆ្នាំម្សាញ់​បញ្ច​ស័ក​ទៅ​វិញ​ទេ ។ ឯ​មហាសករាជ​១៣១០ ដែល​ត្រូវ​នឹង​គ្រិស្ដសករាជ​១៣៨៨ ទើប​ជា​ឆ្នាំ​រោង ទោស័ក ។ គឺ​ដោយ​មូលហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា កាលបរិច្ឆេទ​នេះ​សម​ជាង ហើយ​ម្យ៉ាង​ទៀត​មាន​ការ​រៀបរាប់​នៅ​ខាង​ក្រោម​ពី​ឆ្នាំ​ចុល្លសករាជ​៧៥១ និង​៧៥២ (ត្រូវ​នឹង​គ្រិស្ដ​សករាជ​១៣៨៩ និង​១៣៩០) ។ ចំណុច​មួយ​ទៀត គឺ​គេ​និយាយ​ខាងក្រោម​ថា ព្រះ​អង្គ​សោយរាជ្យ​បាន​៤៧​ព្រះវស្សា ក្នុង​នោះ ១៧​ព្រះវស្សា​នៅ​មហានគរ ហើយ​បើ​យក ១៧​ឆ្នាំ​ទៅ​បូក​ជាមួយ​ឆ្នាំ​ដែល​ព្រះធម្មសោកៈ សុគត​១៣៧៣ យើង​បាន​១៣៩០ គឺ​ខុស​គ្នា​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ។ ខ្ញុំ​ពិនិត្យ​ឃើញ​ថា​មាន​ការ​មិន​សូវ​សម​ជា​ច្រើន​នៅ​ក្នុង​កាលបរិច្ឆេទ តែ​ខ្ញុំ​អាច​បាន​ត្រឹម​តែ​ផ្គូផ្គង​ដូច​ខាង​លើ ហើយ​សុំ​ឱ្យ​អ្នក​ណា​ដែល​មាន​ឯកសារ​ច្រើន​ជាង​ជួយ​កែសម្រួល​ផង​ចុះ ។
(35) យើង​បាន​ឃើញ​ពី​ខាងលើ​រួច​ហើយ​ថា ព្រះរាជា​បាន​ស្គាល់ និង​ធ្លាប់​បាន​រស់នៅ​ក្នុង​ខែត្រ​នេះ​មួយ​រយៈ​រួច​មក​ហើយ ។​
(36) ព្រះសង្ឃ​ព្រះ​នាម​ចាន់ ជា​បាឡាត់​វត្ដ​ឧណ្ណាលោម បាន​អះអាង​ថា​គឺ តេជោ​ក្រហម​ក ដែល​បាន​ពូន​កូន​ភ្នំ​នេះ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៦០៥ រួច​ហើយ​បាន​សង់​ចេតិយ​ធំ​មាន​រាង​ជា​ពីរ៉ាមីដ ។ ក៏​ប៉ុន្ដែ​រាជពង្សាវតារ​និយាយ​ថា ចេតិយ​ដែល​ស្ថិត​នៅ​ជ្រុង​ខាង​ពាយ័ព្យ​នោះ គឺជា​ចេតិយ​ដែល​ដាក់​ធាតុ​ស្ដេច​ចៅ​ពញាយ៉ាត ដែល​បាន​យក​ចតុម្មុខ​ជា​រាជធានី ។
(37) តាម ​មើលទៅ​រាជធានី​ចតុម្មុខ​ពេល​នោះ​លាតសន្ធឹង​នៅ​លើ​មាត់​ទន្លេសាប​ខាងលិច​ ចាប់ពី​ស្ពាន​តាកែវ​ ឬ​សត្ដឃាតដ្ឋាន រហូត​ដល់​ស្ពាន​ឡឺវីស ឬ​ស្ពាន​ភូមិ​កាតូលិក និង​ទៅ​ទិស​ខាងលិច​រហូត​ដល់​ស្ពាន​បាក់ទូក​នៅ​លើ​ផ្លូវ​ទៅ​កំពត ស្ពាន​នេះ​នៅ​មាន​ឃើញ​នៅ​ឡើយ​រហូត​ដល់​ឆ្នាំ​១៩០៨ ។
(38) ជា​ភាសា​បាលីៈ​ ឧវយុវរាជ ។​ ឋានៈ​នេះ​មាន​នៅ​ស្រុក​លាវ​ សៀម​ និង​ភូមា​ដែរ​តែ​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​គេ​ប្រទះ​ឃើញ​ក្នុង​រាជពង្សាវតារ​ខ្មែរ ។
(39) ព្រះរាជបុត្រ​របស់​ព្រះ​ពញាយ៉ាត ជាមួយ​អ្នក​ម្នាង​សៀម ។
(40) ខែត្រ​ទាំង​៣​នេះ​ស្ថិត​នៅ​លើ​ច្រាំង​ទន្លេមេគង្គ​ខាងស្ដាំ​ ខែត្រ​ទី​១​នៅ​លើ​ច្រាំង​ទន្លេ​ ខែត្រ​២​ទៀត​នៅ​បន្ដ​ពី​ខាង​ក្រោយ​តាម​លំដាប់​លំដោយ ។
(41) ខែត្រ​ខាងត្បូង​នេះ​សព្វថ្ងៃ​គឺ​សាយហ្គន គេ​ហៅ​ដំបូង​បង្អស់​ថា ព្រៃគរ មិន​មែន​ព្រៃនគរ​ទេ ។
(42) តាម​មើលទៅ​ប្រហែល​គឺ​ចង្ហូរ​ថ្ម​នៅ​លើ​ស្ទឹង​មង្គលបុរី​ចម្ងាយ​៤២​គីឡូម៉ែត្រ​ខាងលិច​បាត់ដំបង ។
(43) អម្រឹត​បុរៈ ជា​ឈ្មោះ​ទីប្រជុំជន​មួយ​នៅ​លើ​មាត់​ទន្លេសាប​ខាងស្ដាំ ។ រាជធានី​ចុង​ក្រោយ​របស់​ភូមា មួយ​ដែល​សង់​ឡើង​ដោយ​ស្ដេច​អាឡំផ្រា​ក៏​មាន​ឈ្មោះ​ដូច​គ្នា​នេះ​ដែរ​ថា​ អម្របុរៈ ។
(44) មាន​ព្រះ​នាម​មួយ​ទៀត​ថា បង់គី ។
(45) រាជពង្សាវតារ​បាន​និយាយ​ថា នៅ​ឆ្នាំ​នោះ​មាន​រញ្ជួយ​ព្រះធរណី​អស់​រយៈពេល​៥​ម៉ោង តាម​មើល​ទៅ​ប្រហែលជា​ការ​រញ្ជួយ​បន្ដ​បន្ទាប់​ក្នុង​រយៈពេល​៥​ម៉ោង ។
(46) នេះ​គឺជា​ផ្លូវ​ពី​បាត់ដំបង​ទៅ​អយុធ្យា​ពី​មុន ។
(47) រាជពង្សាវតារ​និយាយ​ថា គេ​បាន​យក​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ​អង្គ​មក​តម្កល់​នៅ​ក្នុង​ចេតិយ​ នេះ ដោយ​ដាក់​ក្នុង​កោដ្ឋ​មាស​មួយ​នៅ​ក្នុង​ប្រាសាទ​ធ្វើ​អំពី​ស្ពាន់​ក្រហម ប្រាសាទ​នោះ​ឯង​នៅ​ពីលើ​ទម្រ​ធ្វើ​អំពី​ឈើ​ខ្លឹមចន្ទន៍ ។ នៅ​ពីលើ​ប្រាសាទ​មាន​ស្វេតច្ឆ័ត្រ​មាស​មួយ ដែល​ព្រះរាជា​ទ្រង់​បាន​ប្រគល់​ម្កុដ និង​គ្រឿង​អលង្ការ​ផ្សេងៗ​ឱ្យ​យក​មក​ធ្វើ ។ នៅ​ជុំវិញ​ប្រាសាទ​នេះ គេ​ដាក់​រូប​បដិមា​ធ្វើ​អំពី​មាស និង​ប្រាក់​ដែល​តំណាង​ព្រះអរហន្ដ​ផ្សេងៗ​លុត​ជង្គង់​ប្រណម្យ​បែរ​ទៅ​រក​ព្រះ ​សារីរិកធាតុ និង​មាន​រូប​បដិមា​ខ្លះ​ទៀត​ធ្វើ​អំពី​មាស​ដែរ កាន់​ថាស​ដាក់​សម្លៀក​បំពាក់​ទាំង​បី​តាម​ជំនឿ ចំណី​អាហារ​ឈ្ងុយ​ឆ្ងាញ់ និង​ធូប​ក្រអូប ។ ព្រះ​មហាក្សត្រិយ៍​បាន​ប្រទាន​គ្រឿង​អលង្ការ ឯ​នាម៉ឺន​សព្វ​មុខ​មន្ដ្រី ស្រីស្នំ និង​រាជវង្សានុវង្ស​សុទ្ធតែ​បាន​បរិច្ចាគ​ទ្រព្យធន​ទៅ​តាម​សមត្ថភាព ។
ព្រះរាជា ​មាន​ព្រះ​បន្ទូល​ថា ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ​នេះ​បាន​មក​ពី​ព្រះថោង ដែល​ទ្រង់​នាំ​យក​ពី​ប្រទេស​ឥណ្ឌា មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ។
(48) ចំនួន​២១​នេះ​គឺជា​ព្រះ​ជន្ម​របស់​ព្រះរាជា​នៅ​ពេល​ដែល​ព្រះ​អង្គ​ទទួល​ការ​ អភិសេក​ជា​ព្រះរាជា​នៅ​រាជធានី​ចតុម្មុខ ។ ជា​ធម្មតា នៅ​ពេល​ដែល​ព្រះរាជា​មួយ​អង្គ​សុគត​ទៅ​គេ​ឆ្លាក់​រូប​សត្វ​នៅ​លើ​កោដ្ឋ​ដែល​ ដាក់​ព្រះ​សព​តាម​ចំនួន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ ។
(49) រាជពង្សាវតារ​បាន​លើក​អំពី​ការ​ទាក់​បាន​ដំរី​ស​មួយ​នៅ​ក្នុង​ខែត្រ​ ពោធិ៍សាត់​នៅ​ឆ្នាំ​១៤៩៤ ។ ដំរី​ស​នោះ​គេ​បាន​អភិសេក​ដាក់​ឈ្មោះ​ថា ព្រះ​ស្វេត​មង្គល​រាជហឫទ័យ​ពិជ័យ​ចត្រត្ដៈ ។
(50) ព្រះ​ចន្ទរាជា​ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៤៨៦ ជា​រាជបុត្រ​មហេសី​ទី​២​មាន​ព្រះ​នាម​ថា ព្រះ​មយោ​ទេពបុប្ផា ។ ទ្រង់​បាន​ត្រូវ​គ្រួសារ​លោក​យមរាជ​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា តាម​មើលទៅ​ប្រហែល​ដោយ​សារ​ព្រះ​មាតា​នោះ ជា​បុត្រី​លោក​យមរាជ ។ ចំណែក​ព្រះ​រៀម​ជា​ព្រះរាជា​វិញ​ទ្រង់​មាន​ព្រះ​ជន្ម​ច្រើន​ជាង​១៣​ព្រះ​ វស្សា​ហើយ​ជា​រាជបុត្រ​ព្រះ​មហេសី​ទី​១ ដែល​ជា​ព្រះរាជ​វង្ស​ដែរ​ព្រះ​នាម​ថា​ព្រះ​ព្រាកវតី​ស្រីធីតា​ ដែល​បាន​រៀប​អភិសេក​ជាមួយ​ព្រះ​ធម្មោរាជា ។​ ដោយ​ហេតុ​នេះ​ព្រះ​រៀម​នេះ​មាន​សិទ្ធិ​ពេញ​លេញ​នឹង​បន្ដ​រាជ្យ​ពី​ព្រះ​ បិតា ។ យើង​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​ចន្ទរាជា​បះ​ប្រឆាំង​ទៅ​វិញ ។
(51) នៅ​ក្នុង​សៀវភៅ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​ដែល​ខ្ញុំ​សូម​ធ្វើការ​បកប្រែ​ជូន​ ដូច​តទៅ​នេះ មាន​ចំណុច​មួយ​ដែល​លើក​ឡើង​ដូច្នេះ​ថា ៖ «ឥឡូវនេះ​យើង​សូម​និយាយ​អំពី​ប្រវត្ដិ​របស់​ពិជ័យនាគ ។ រឿង​នេះ​គ្មាន​នៅ​ក្នុង​រាជពង្សាវតារ​ទេ តែ​មាន​នៅ​ក្នុង​សាវតារ​របស់​ខែត្រ» ប៉ុណ្ណោះ ។
តាម ​មើល​ទៅ​គេ​បាន​លុប​រឿង​នេះ​ចេញពី​រាជពង្សាវតារ​តាំងពី​យូរ​ណាស់​មក​ហើយ​ពី​ ព្រោះ​គ្មាន​ឯកសារ​ណាមួយ​និយាយ​អំពី​រឿង​នេះ​ទេ ។ នេះ​ប្រហែល​ដោយសារ​ព្រះរាជា​កម្ពុជា​យល់​ថា រឿង​នេះ​មិន​ល្អ ។ តែ​សម្ដេច​សង្ឃរាជ​លោក​មិន​បាន​គិត​អំពី​ភាព​អាក្រក់​ល្អ​អ្វី​ទេ លោក​បាន​ស្រង់​យក​មក​ចុះ​ក្នុង​ប្រវត្ដិសាស្ដ្រ ដោយ​មាន​ការ​ឯកភាព​ពី​សមាជិក​គណៈកម្មការ​រៀបចំ ព្រោះថា រឿង​នេះ​នៅ​មាន​គេ​និទាន​តៗ​គ្នា​តែ​ដូច្នេះ​រួច​មក​ហើយ ។ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក ហើយ​ថា ស្ដេច​នរោត្ដម ដែល​រៀបចំ​បង្កើត​គណៈកម្មការ​នេះ​ឡើង​បាន​យក​ឯកសារ​នេះ​ទៅ​ចាក់សោ​ទុក​ ពីព្រោះ​តែ​រឿង​ត្រង់​នេះ​ឯង​ដែល​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា​ធ្វើ​ឱ្យ​ ល្អក់​កករ​ដល់​ប្រវត្ដិ​របស់​ព្រះរាជ​វង្សានុវង្ស​កម្ពុជា ។
(52) ពលព្រះរតនត្រ័យ ។
(53) ទម្លាប់​យក​កូនស្រី​ទៅ​ថ្វាយ​ស្ដេច​នេះ ពី​មុន​មាន​នៅ​ក្នុង​ប្រទេស​ចាម្ប៉ា ឥឡូវនេះ​យើង​ឃើញ​ថា​មាន​អនុវត្ដ​ដែរ​នៅ​កម្ពុជា ។​
(54) នៅ​សម័យ​នោះ​មាន​ការ​សាងសង់​ឬ​ជួសជុល​ជា​ថ្មី​ឡើង​វិញ​នូវ​វត្ដ​ជា​ ច្រើន ។ វត្ដ​នាគ​ម៉ែបាន​ត្រូវ​សាង​សង់​ឡើង​ដែរ​ដោយ​ទ្រព្យ​របស់​ម៉ែបាន ។
(55) ឋានៈ​នេះ​ពី​មុន​មក​គ្មាន​ទេ ស្ដេច​បង្កើត​ឡើង​សម្រាប់​តែ​ប្អូនថ្លៃ​ប៉ុណ្ណោះ ។ សព្វថ្ងៃ​ឋានៈ​នេះ​នៅ​មាន​នៅ​ឡើយ តែ​បាន​ដូរ​ទៅ​ជា ឧកញ៉ា​ព្រះស្ដេច​អធិបតី ជា​ចាងហ្វាង​លើ​កិច្ចការ​ព្រះ​សង្ឃរាជ ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ទំនៀម​ទម្លាប់​សាធារណៈ និង​កិច្ចការ​សាសនា​ជា​ពិសេស ។ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា មាន​ព្រះរាជា​កម្ពុជា​បុរាណ ក៏​បាន​បង្កើត​ឋានៈ​មួយ​ប្រហាក់​ប្រហែល​នេះ​ដែរ ។
(56) ភូមិ​ថ្នល់​នេះ​ស្ថិត​នៅ​ពី​ខាង​ទិសពាយ័ព្យ​ភ្នំពេញ ចម្ងាយ​ប្រហែល​៨​គីឡូម៉ែត្រ ។ គេ​មាន​សង់​វិហារ​កាតូលិក​មួយ​នៅ​កន្លែង​នេះ នៅ​សតវ​ត្យ​ទី​១៧ ។
(57) គេ​ថា​ព្រះសង្ឃ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា កែវ ក៏​ប៉ុន្ដែ​ឪពុក​ម្ដាយ​ហៅ​ថា កន ។​
(58) គឺ​បណ្ដា​ខែត្រ​ទាំង​អស់​នៅ​ចន្លោះ​ទន្លេសាប​ពី​ខាងលិច និង​ទន្លេមេគង្គ​ពី​ខាងកើត ត្រឹម​ខែត្រ​លង្វែក ដែល​ស្ថិត​នៅ​លើ​ត្រើយ​ខាងស្ដាំ​ទន្លេសាប ។ គោកសេះ​មិន​មែន​ជា​ខែត្រ​ទេ ជា​ចំណែក​មួយ​នៃ​ខែត្រ​ជើងព្រៃ ។
(59) យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​មាន​ព្រះរាជា​មួយ​អង្គ​ព្រះ​នាម​ថា និព្វានបទ មាន​ន័យ​ថា​ទ្រង់​ជា​ភ្ញៀវ​ស្ថាន​និព្វាន​ មាន​ព្រះរាជា​មួយ​ព្រះ​អង្គ​ទៀត​ព្រះ​នាម​ថា សុគន្ធបទ មាន​ន័យ​ថា​ទ្រង់​ជា​ភ្ញៀវ​របស់​ស្ថានសួគ៌ ។ ឥឡូវ​នេះ យើង​ឃើញ​មាន​ចៅហ្វាយ​ខែត្រ​ម្នាក់​មាន​ឈ្មោះ​ថា សួគ៌ាលោក ដែល​មាន​ន័យ​ដូច​គ្នា​ដែរ ហើយ​យើង​នឹង​ឃើញ​នៅ​ខាងក្រោយ​ទៀត​ថា មាន​ចៅហ្វាយ​ខែត្រ​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា ពិស្ណុលោក មាន​ន័យ​ថា ជា​ភ្ញៀវ​របស់​ព្រះ​វិស្ណុ ។ ឈ្មោះ​ទាំង​អស់​នេះ ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះ​មរណនាម​នៅ​កម្ពុជា​សម័យ​បុរាណ គឺ​ឈ្មោះ​ដែល​គេ​ថ្វាយ​ដល់​ព្រះរាជា ក្រោយ​ពី​ទ្រង់​សុគត​ទៅ ។ ជា​រឿង​មួយ​គួរ​ឱ្យ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ដល់​មក​កម្ពុជា​សម័យ​ថ្មី គេ​យក​ឈ្មោះ​បែប​នេះ​មក​ដាក់​ឱ្យ​មនុស្ស​រស់​ទៅ​វិញ ។
(60) តាម​ឈ្មោះ​ដែល​រៀបរាប់​នេះ យើង​ឃើញ​ថា នៅ​ដើម​សតវត្សរ៍​ទី​១៦ ទឹកដី​នៅ​ខាងជើង​ភ្នំ​ដងរែក ចន្លោះ​ខែត្រ​ឧប៊ុន និង​កូរ៉ាត នៅ​ជា​របស់​ខ្មែរ​នៅ​ឡើយ ។
(61) បណ្ដា​ខែត្រ​ទាំង​អស់នេះ​ស្ថិត​នៅ​ខាងជើង និង​ខាងកើត​បឹង​ធំ និង​ទន្លេសាប រួម​មាន​ខែត្រ​បាត់ដំបង​ទាំង​មូល និង​ទឹកដី​ដ៏​ធំ​មួយ​នៅ​ខាងជើង​ភ្នំ​ដងរែក ។ បរិបូណ៌​ពេល​នោះ​មាន​ឈ្មោះ​ថា អម្រឹត​បុរៈ ។
(62) រាជធានី ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែលជា​២២​គីឡូម៉ែត្រ ពី​ខាងកើត​ទីតាំង​ខែត្រ​ព្រៃវែង​សព្វថ្ងៃ នៅ​ចំ​កណ្ដាល​ខ្ពង់រាប​ខ្ពស់​មួយ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ទំនប់ មាន​ប្រវែង​ជ្រុង​មួយៗ​ប្រហែល​២​ពាន់​ម៉ែត្រ លើ​ជ្រុង​នីមួយៗ​មាន​ច្រក​ចេញចូល​៣ ៖ ច្រក​មាស ត្រាច និង​ត្នោត កល់​ពី​ខាងជើង​ ចង្អែក លាង​ជីលែង និង​អន្ទាក​ពី​ខាងកើត​ រាម ចចាតខាំ និង​ទំនប់​តាដី​ពី​ខាងត្បូង​ ចិនកែ ពោធិធំ និង​ធ្លក ពី​ខាងលិច ។ បន្ទាយ​ព្រៃនគរ​នេះ លោក អៃម៉ូនីញេ បាន​ហៅ​ថា​ជា «រាជធានី​របស់​កម្ពុជា​ពី​បុរាណ» តែ​តាម​ពិត​នេះ​គឺជា​បន្ទាយ​របស់​ស្ដេច​កន​ទេ ។
(63) ខែត្រ​នេះ​ស្ថិត​នៅ​លើ​ទន្លេ​មេណាម ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ ពី​ខាងជើង​សុខោទ័យ ។​
(64) នេះ ​គឺជា​លើក​ទី​១​ហើយ​ដែល​យើង​ប្រទះ​ឃើញ​ពាក្យ​សៀមរាប​ប្រើ​ភ្ជាប់​ជាមួយ​ ពាក្យ​នគរ​ដើម្បី​ហៅ​ខែត្រ​អង្គរ ។ តើ​ពាក្យ​នេះ មាន​កំណើត​មុន​រាជ្យ​ស្ដេច​កន ឬ​ក៏​ក្រោយ ? ខ្ញុំ​គិត​ថា​ពាក្យ​នេះ​កើត​មាន​នៅ​ពេល​ក្រោយ​មក​ទេ ក៏​ប៉ុន្ដែ​ពួក​អ្នក​សរសេរ​ប្រវត្ដិសាស្ដ្រ​នៅ​សតវត្សរ៍​ទី​១៩​មិន​បាន​គិត​ ល្អិត​ល្អន់ ប្រើ​ពាក្យ​នេះ​ដូច​ដែល​ខ្លួន​ហៅ​នៅ​សម័យ​ក្រោយ​នោះ​អ៊ីចឹង​ដែរ ។
(65) ជា​ស្ទឹង​មួយ​នៅ​លើ​ច្រាំង​ខាងស្ដាំ​ទន្លេសាប ហូរ​ចាក់​មក​ក្នុង​ទន្លេ​នេះ​នៅ​ត្រង់​ខាងលើ​កំពង់ហ្លួង​បន្ដិច ។
(66) យើង ​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា បណ្ដា​ខែត្រ​ទាំង​អស់​នេះ​ស្ថិត​នៅ​ចន្លោះ​ទន្លេសាប និង​ទន្លេមេគង្គ មាន​រយៈទទឹង​ជាមួយ​នឹង​លង្វែក​ដែរ ។ នេះ​គឺជា​ចំណុច​ខាងត្បូង​បំផុត​នៃ​ទឹកដី​ដែល​យើង​ហៅ​ពី​មុន​ថា​ មធ្យទេសៈ​ មាន​ន័យ​ថា ស្រុក​កណ្ដាល​ប្រទេស ។
(67) គេ​ហៅ​ដូច្នេះ​មក​ពី​ទីនោះ​ដីស្រែ​មាន​ជីជាតិ​ខ្លាំង​ណាស់ ក្រោយ​ពី​ព្រះរាជា​បាន​បញ្ជា​ឱ្យ​ទាហាន​បង្វែរ​ផ្លូវទឹក​ស្ទឹង​ឱ្យ​ហូរ​កាត់ ​ដោយ​លើក​ទំនប់​មួយ ។
(68) វត្ដ​នេះ​មាន​នៅ​រហូត​ដល់​សព្វថ្ងៃ ហើយ​មាន​ទាំង​ចម្លាក់​រាក់ និង​ព្រះ​បដិមា​ល្អៗ​ថែម​ទៀត​ផង ។
(69) ខ្ញុំ​ជឿ​ថា គឺ​នៅ​ក្នុង​ឱកាស​នោះ​ឯង​ដែល​ភូមិ​នៅ​លើ​ស្ទឹង​អង្គរ​ទទួល​ឈ្មោះ​ថា សៀមរាប ។
(70) សព្វថ្ងៃ ​គេ​ហៅ​ថា វត្ដ​ត្រឡែងកែង ស្ថិត​នៅ​ត្រង់​ពាក់​កណ្ដាល​ជ្រុង​ខាងកើត​រាជធានី នៅ​មាត់​បឹង​ធំ​មួយ ។ ព្រះ​ពុទ្ធរូប​ព្រះ​ភ័ក្ដ្រ​៤​បាត់​ទៅ​ហើយ នៅ​សល់​តែ​ទម្រ​ថ្ម មាន​ស្នាម​ព្រះបាទ​៨​ប៉ុណ្ណោះ ព្រះបាទ​នីមួយៗ​ប្រវែង​ប្រហែល​១​ម៉ែត្រ ៤០​សង់ទីម៉ែត្រ ។
(71) មុន​ពេល​ដែល​រាជធានី​ត្រូវ​ផ្លាស់​មក​នៅ​ភ្នំពេញ​ពួក​កួយ​តែង​យក​ដែក​ដែល​ ពួក​គេ​ចំរាញ់​ចេញពី​រ៉ែ​ភ្នំ​ដែក​មក​លក់​នៅ​កន្លែង​នេះ ។
(72) គួរ​រំលឹក​ថា​ព្រះ​ឥសី​ផាត​មាន​ខ្ញុំបម្រើ​ម្នាក់​ឈ្មោះ​ថា​ សួស ​ក៏​ប៉ុន្ដែ​រាជពង្សាវតារ​និយាយ​ថា​សួស​នេះ​មិនមែន​ជា​សួស​ដែល​តាម​បម្រើ​ ព្រះ​ឥសី​ពី​មុន​នោះ​ទេ ។
(73) មាន ​រឿង​ដំណាល​ថា ព្រះ​អង្គ​មាន​ព្រះរាជ​បុត្រី​មួយ​អង្គ​ដែល​បាន​ក្លាយ​ទៅជា​ព្រះ​មហាក្សត្រី ​របស់​ព្រះរាជាណាចក្រ​លាវ ក្រោយ​ពី​ទ្រង់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ដេច​លាវ​នៅ​វៀងចន្ទ ។
(74) ឈ្មោះ​ខែត្រ​ទាំង​អស់នេះ​ជា​ភាសា​សៀម​គឺ​ ភេតសាបុរី​ ភេតចប៊ុន​ ភេតចបុរី​ និង​ចន្ទតាប៊ុន ។
(75) ព្រះ​អង្គ​ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៤៣ ជា​បុត្រ​របស់​អ្នក​ម្នាង​មាលី ។
(76) លោក កាបាតុង បាន​និយាយ​ថា កាលបរិច្ឆេទ​នេះ​មិន​ត្រឹមត្រូវ ។ តែ​ខ្ញុំ​គិត​ថា​មិន​ខុស​ទេ ពីព្រោះ​ព្រះ​ជ័យជេដ្ឋា​ទ្រង់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៦៤ ហើយ​ពញា​តន់​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៥៦៨ ។ បើសិន​ជា​ព្រះ​សត្ថា​លើក​រាជបុត្រ​ទាំង​២ មួយ​ឱ្យ​ឡើង​សោយរាជ្យ​ក្នុង​ព្រះ​ជន្ម​១០​ឆ្នាំ មួយ​ឱ្យ​ធ្វើ​ជា​ឧបរាជ​ក្នុង​ព្រះ​ជន្ម​៦​ឆ្នាំ ពេល​នោះ​វា​ត្រូវ​នឹង​ឆ្នាំ​១៥៧៥ នេះ​ឯង លើក​លែងតែ​ឆ្នាំ​កំណើត​នោះ វា​ខុស ។
(77) ខែត្រ​នេះ​ជួនកាល​គេ​ហៅ​ថា​ អង្គរ ជួនកាល​ថា​ នគរ​សៀមរាប​ ថា អង្គវត្ដ និង​ជួនកាល​ទៀត​ហៅ​ថា សៀមរាប ។
(78) ពួក​អឺរ៉ុប​ដែល​មក​កាន់​កម្ពុជា​មុន​គេ គឺ​ពួក​សាសនទូត​ល្វីការដូសូ និង​ចាវម៉ាដេរ៉ូ មក​ដល់​ក្នុង​ឆ្នាំ​១៥៥៣ ។ បន្ទាប់​មក គឺ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ដូមីនីកាំង​សញ្ជាតិ​អេស្ប៉ាញ​ឈ្មោះ ហ្គាស្ប៉ា​ដាគ្រូស បាន​មក​ដល់​ក្នុង​ឆ្នាំ​១៥៦០ ។ លោកឪពុក ជន​ហ្គុងសាឡេស ដឺ​ម៉ង់ដូហ្សូ បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ដែល​គេ​បោះពុម្ព​នៅ​ទីក្រុង​រ៉ូម​ក្នុង​ឆ្នាំ ​១៥៨៥ ថា មាន​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ដូមីនីកាំង សញ្ជាតិ​ព័រទុយហ្គាល់​មួយ​រូប​ឈ្មោះ​បងប្រុស​ស៊ីលវ៉េស មាន​ឥទ្ធិពល​មក​លើ​រាជវាំង​ស្ដេច​កម្ពុជា​សម័យ​នោះ​ខ្លាំង​ណាស់ ។ តាម​ពិត បេសកកម្ម​ផ្សព្វផសាយ​សាសនា​កាតូលិក​មក​ក្នុង​កម្ពុជា​មាន​នៅ​ឆ្នាំ​១៥៨១​ទេ ក៏​ប៉ុន្ដែ​អាច​នឹង​មាន​ពួក​អឺរ៉ុប​ខ្លះ​បាន​មក​ដល់​មុន ដូច​ដែល​លោក​កាបាតុង​បាន​និយាយ​ថា​មក​ពី​ម៉ាឡាកា ឬ​មក​ពី​ស្រុក​សៀម​មុន​ពេល​ដែល​ពួក​ «អ្នករុករក​ដែល​គោរព​បូជា​សាសនា» មក​ដល់ ។
(79) លោក ​អភិបាលស្រុក​ហ្វីលីពីន ហ្គោម៉េ​ពេរ៉េ​ដាស​ម៉ារីញ៉ា បាន​ដឹកនាំ​ប្រតិបត្ដិការ​នោះ​ដោយ​ផ្ទាល់ ក៏​ប៉ុន្ដែ​ត្រូវ​ពួក​ចិន​ដែល​គេ​ចាប់​បង្ខំ​ឱ្យ​មក​ចែវ​ទូក​ឱ្យ​បះបោរ​ ប្រឆាំង​ឡើង​នៅ​កណ្ដាល​សមុទ្រ ដោយ​កាប់​សម្លាប់​ទាំង​លោក​អភិបាល នាយទាហាន និង​ពួក​អេស្ប៉ាញ​ចោល​អស់ រួច​ហើយ​នាំ​យក​សំពៅ​មក​ចូល​ចត​នៅ​អាណ្ណាម​វិញ ។
(80) នោះ​គឺជា​កំពែង​របស់​រាជធានី​ចាស់​ដែល​គេ​បាន​បោះបង់​ចោល​នៅ​ក្នុង​ឆ្នាំ​១៥២៦ ។
(81) រាជពង្សាវតារ​ខ្មែរ រាជពង្សាវតារ​សៀម និង​ការ​ដំណាល​តៗ​គ្នា​ព្រមទាំង​រឿងនិទាន​ទាំងឡាយ​ស្ដី​អំពី​ការ​បាត់បង់​ បន្ទាយលង្វែក បាន​ឯកភាព​គ្នា​កំណត់​កាលបរិច្ឆេទ​នៃ​ព្រឹត្ដិការណ៍​នេះ​ក្នុង​ឆ្នាំ​ ១៥៨៣ ។ ក៏​ប៉ុន្ដែ​លោក​អៃម៉ូនីញេ បាន​រក​ឃើញ​អក្សរ​ចារឹក​លើ​ឈើ​មួយ​នៅ​អន្លក់ ក្នុង​ខែត្រ​ព្រៃកប្បាស ដែល​និយាយ​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំកុរ ចុល្លសករាជ​៩៤៩ ពុទ្ធសករាជ​២១២៩ ដែល​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១៥៨៧​ទៅ​វិញ ។ យើង​ពិបាក​នឹង​បដិសេធ​កាលបរិច្ឆេទ​ដែល​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​បែប​នេះ ​ណាស់​ក៏​ប៉ុន្ដែ​យើង​ក៏​ពិបាក​នឹង​បដិសេធ​កាលបរិច្ឆេទ​ដែល​រាជពង្សាវតារ​ សៀម និង​រាជពង្សាវតារ​ខ្មែរ​បាន​កំណត់​ឱ្យ​ដែរ ។ ចំណែកឯ​លោក​ហ្វ្រង់​ស៊ីហ្គានីញេ​វិញ គាត់​កំណត់​យក​ឆ្នាំ​១៥៨៥ ដោយ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ទេ ក៏​ប៉ុន្ដែ​បាន​និយាយ​ដែរ​ថា ឯកសារ​អឺរ៉ុប​កំណត់​យក​ឆ្នាំ​១៥៩៣ ។ នៅ​ឆ្នាំ​១៩០៩​ លោក​កាបាតុង បាន​លើក​អំពី​ឯកសារ​អេស្ប៉ាញ​មួយ​ដែល​គេ​បោះពុម្ព​ផ្សាយ​តាំងពី​ឆ្នាំ​១៦០៤ នៅ​វ៉ាឡាដូលីដ ហើយ​ដែល​មាន​រៀបរាប់​អំពី​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​នៅ​កម្ពុជា ក៏​បាន​ទទួល​ស្គាល់​ថា បន្ទាយលង្វែក​ធ្លាក់​ទៅ​ក្នុង​ដៃ​សៀម​នៅ​ក្នុង​ឆ្នាំ​១៥៩៣​នេះ​ដែរ ។
ដូច្នេះ យើង​ឃើញ​ថា​មាន​កាលបរិច្ឆេទ​បី គឺ​ឆ្នាំ​១៥៨៣​ ១៥៨៧ និង​១៥៩៣ ដែល​សុទ្ធ​តែ​សំអាង​ទៅ​លើ​ឯកសារ​ពិសេសៗ កាលបរិច្ឆេទ​ទី​១​សំអាង​ទៅ​លើ​រាជពង្សាវតារ​ខ្មែរ និង​សៀម កាលបរិច្ឆេទ​ទី​២​សំអាង​ទៅ​លើ​ចារឹក​លើ​ឈើ​មួយ និង​កាលបរិច្ឆេទ​ទី​៣ សំអាង​ទៅ​លើ​ឯកសារ​អឺរ៉ុប ។ បើ​ពិនិត្យ​ឱ្យ​ដិត​ដល់​ទៅ រាជពង្សាវតារ​ខ្មែរ និង​រាជពង្សាវតារ​សៀម អាច​នឹង​មាន​ការ​ខុសឆ្គង ដោយ​មក​ពី​ឯកសារ​នេះ គេ​ចម្លង​តៗ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា ។ ទី​១ ការ​ខុស​ឆ្គង​នោះ​អាច​នឹង​បណ្ដាល​មក​ពី​ឯកសារ​ដើម​មិន​ត្រឹម​ត្រូវ​ខ្លួន​ឯង តែ​ក៏​អាច​មក​ពី​អ្នកចម្លង​ដែល​មិន​ប៉ិន​ប្រសប់ មិន​បាន​យល់​ច្បាស់​អំពី​សករាជ​ទាំង​បី​ដែល​គេ​និយម​ប្រើ​ព្រមៗ​គ្នា ឬ​ក៏​គិត​តែ​ប្រទាញ​ឱ្យ​សករាជ​ទាំង​បី​ត្រូវ​គ្នា​ភ្លេច​គិត​ដល់​ ព្រឹត្ដិការណ៍​ពិត ។​ ទី​២​ឈ្មោះ​ និង​ស័ក​ឆ្នាំ​នីមួយៗ​ជា​កត្ដា​សម្រាប់​បញ្ជាក់​ដើម្បី​កុំ​ឱ្យ​គេ​ច្រឡំ​ ឆ្នាំ​ណា​ជា​ឆ្នាំ​ណា ក៏​ប៉ុន្ដែ​ជួនកាល​វា​ទៅ​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ការ​ច្រឡំ​ទៅ​វិញ​ក៏​ មាន ។ ចំណែកឯ​ចារឹក​នៅ​លើ​ឈើ​នៅ​អន្លក់ គ្មាន​ចំណុច​ត្រង់​ណា​ដែល​បញ្ជាក់​ថា ឯកសារ​នេះ​គេ​សរសេរ​នៅ​ក្នុង​ឆ្នាំ​ណា តើ​ឯកសារ​នេះ​កើត​ឡើង​ក្នុង​ពេល​បែក​លង្វែក ឬ​យ៉ាង​ណា​ដែរ​ទេ ។ តែ​ខ្ញុំ​គិត​ថា គេ​គ្មាន​មូល​ហេតុ​អ្វី​ម៉ឺង​ម៉ាត់​ដើម្បី​បដិសេធ​កាលបរិច្ឆេទ​ដែល​លោក កាបាតុង ដកស្រង់​ចេញពី​ឯកសារ​អេស្ប៉ាញ​ណាស់ ។ ដូច្នេះ​គេ​ត្រូវ​កំណត់​យក​ការ​បែក​បន្ទាយលង្វែក​ត្រឹម​ឆ្នាំ​១៥៩៣ ។


No comments:

Post a Comment