ព្រះឧភយោរាជដែលធ្លាប់សោយរាជ្យបានមួយឆ្នាំម្ដងរួចមកហើយកាលពីឆ្នាំ១៧៤៨-១៧៤៩ បានត្រូវពួកបារគូ និងនាម៉ឺនសព្វមុខមន្ដ្រីលើកឱ្យឡើងសោយរាជ្យម្ដងទៀតនៅដើមឆ្នាំ១៧៥៦ នៅពេលដែលទ្រង់មានព្រះជន្មាយុ៥៧ព្រះវស្សា ។ ព្រះអង្គមានព្រះឋានៈជាអ្នកគ្រងរាជ្យ ឬរាជានុសិទ្ធិ ។
នៅក្នុងឆ្នាំនោះដែរ ក្រោយពីមានជម្លោះតូចតាចមួយ ព្រះឧបរាជសុរិយោពណ៌បានមានបំណងធ្វើឃាតព្រះឧទ័យ (អង្គតន់) ក៏ប៉ុន្ដែព្រះអង្គតន់បានភៀសព្រះកាយទៅដល់ពាម-ហាទៀង ដែលកូនម្នាក់របស់អតីតមេចោរសមុទ្រម៉ាក់គូ គឺ ម៉ាក់តុង (48) កំពុងត្រួតត្រាកន្លែងនោះបម្រើឱ្យផលប្រយោជន៍ស្ដេចអាណ្ណាម ។ ម៉ាក់គូបានព្រួតដៃជាមួយទ័ពខ្មែរមួយកង វាយប្រហារទៅលើទ័ពជើងទឹកសៀមមួយកង ដែលមានបំណងឡើងគោកនៅពាមនេះឱ្យបរាជ័យនៅក្នុងឆ្នាំ១៧២២ ហើយគាត់បានស្លាប់នៅក្នុងឆ្នាំ១៧៣៧ ។ ព្រះអង្គតន់បានព្រមព្រៀងគ្នានឹងម៉ាក់តុង ដើម្បីទម្លាក់ព្រះអង្គទងចេញពីរាជបល្ល័ង្ក ។ នៅពេលដែលម៉ាក់តុង បញ្ជូនបេសកជនទៅបញ្ចុះបញ្ចូលអ្នកស្រុកនៅក្នុងខែត្រទ្រាំង បន្ទាយមាស បាទី និងព្រៃកប្បាស ព្រះអង្គតន់បានយាងទៅកាន់ខែត្រត្រាវិញ ក្នុងចំណោមប្រជាជនដែលស្ថិតនៅក្រោមអំណាចអាជ្ញាធរអាណ្ណាមតាំងពីប៉ុន្មានឆ្នាំមកហើយ ។ ទ្រង់កេណ្ឌទ័ពបានយ៉ាងឆាប់រហ័ស ហើយរៀបចំចេញជា៣កង ដោយដាក់នៅក្រោមបញ្ជាការមន្ដ្រីខ្មែរដែលស្មោះនឹងព្រះអង្គ៣នាក់ រួចឱ្យចេញដំណើរមកកាន់ឧត្ដុង្គតាមផ្លូវផ្សេងៗគ្នា ។ ម៉ាក់តុងដឹកនាំទ័ពជាពួកចោរប្លន់មួយកង ធ្វើដំណើរពីខាងក្រោយទ័ពខ្មែរទាំង៣កង ។ ទ័ពព្រះឧទ័យរាជាទទួលបានទ័ពជំនួយមួយនៅក្រសាំង នៅខាងជើងជិតមាត់ជ្រូក (ចូវដុក) ។ មកដល់ភ្នំពេញ មេទ័ពទាំង៣បានវាយទ័ពព្រះឧបរាជស្រីសុរិយោពណ៌ឱ្យបរាជ័យនៅក្នុងសមរភូមិមួយ ព្រះស្រីសុរិយោពណ៌បានរត់ភៀសព្រះកាយបាត់ទៅ ។ ព្រះឧទ័យបានចាត់កម្លាំងឱ្យដេញតាមចាប់ព្រះស្រីសុរិយោពណ៌បាននៅខែត្រព្រៃក្ដី ក្នុងដីកំពង់ស្វាយ ហើយធ្វើឃាតចោលទៅ ។ ព្រះអនុជរបស់ព្រះឧបរាជ គឺព្រះកែវហ្វ៊ាអង្គដួងដែលយាងចូលសាងព្រះផ្នួសព្រោះមិនចង់មានបញ្ហាជាមួយព្រះឧទ័យបានត្រូវគេបង្ខំឱ្យលាចាកសិក្ខាបទ (49) រួចហើយត្រូវគេធ្វើឃាតដែរ នៅពេលយាងចេញផុតពីបរិវេណវត្ដស្បឹង ។
ក្រោយពីធ្វើឃាតស្ដេចទាំង២អង្គរួច ព្រះឧទ័យបានយាងចូលគាល់ព្រះរាជាអង្គទងជាព្រះអយ្យកោ ដោយឥតអៀនខ្មាស ហើយសុំការអនុញ្ញាតនាំយកព្រះរាជវង្សានុវង្ស និងបរិពារមករស់នៅខាងជើងវត្ដព្រះចេតិយថ្មី ។ ព្រះរាជាទ្រង់បានអនុញ្ញាតតាមសំណើ ដោយមិនអាចធ្វើអ្វីបាន ព្រោះព្រះឧទ័យមានទ័ពរឹងមាំ ។
ពីរខែក្រោយមក នៅពេលដែលពួកទាហានមួយចំនួនធំវិលត្រលប់ទៅស្រុកកំណើតវិញហើយ ព្រះឧទ័យទទួលដំណឹងថា មហេសីមេម៉ាយរបស់ព្រះឧបរាជស្រីសុរិយោពណ៌ បានរៀបចំផែនការប្រឆាំងនឹងព្រះអង្គ ដោយមានមន្ដ្រីធំៗជាច្រើនចូលរួមផង ហើយពួកគេកំពុងប្រុងប្រៀបបើកការវាយប្រហារមកលើព្រះអង្គហើយ ។ ដោយភ័យខ្លាចចំពោះការវាយប្រហារនេះព្រះអង្គបាននាំព្រះរាជវង្ស និងសេនាអាមាត្យយាងចេញពីឧត្ដុង្គ មកគង់នៅឯជ្រោយចង្វា ចំពីមុខភ្នំពេញវិញ រួចហើយបានចាត់តាំងមន្ដ្រី និងមេទ័ពមួយចំនួនឱ្យចេញកេណ្ឌទ័ពសាជាថ្មី ។
ពេលពិនិត្យឃើញថាព្រះឧទ័យធ្វើខ្លួនជាស្ដេច ហើយប្រុងប្រៀបវាយប្រហារទៅលើព្រះមហេសីមេម៉ាយរបស់ព្រះឧបរាជដូច្នេះ ព្រះរាជាអង្គទងក៏មានសេចក្ដីក្លាហានឡើងវិញ ហើយកេណ្ឌទ័ពមួយកងវាយទៅលើពួកបះបោរ ។ ប៉ុន្ដែទ័ពនេះបរាជ័យ ព្រះរាជាក៏គេចខ្លួនចេញពីរាជធានីឧត្ដុង្គ ទៅគង់នៅឯខែត្រពោធិ៍សាត់ ដោយនាំយកក្សត្រាក្សត្រី មានអ្នកអង្គម្ចាស់អង្គទង អង្គនន់ ព្រះរាមា និងសេនាអាមាត្យទាំងអស់ទៅជាមួយ ផង ។ ព្រះអង្គបានសុគតនៅទីនោះ ក្រោយពីយាងទៅដល់បានបន្ដិច ក្នុងព្រះជន្មាយុ៦៥ព្រះវស្សា ។ សរុបទៅ ព្រះអង្គបានសោយរាជ្យសម្បត្ដិ៣ឆ្នាំ ក្នុងចន្លោះពេលមួយដែលមានរយៈ៧០ឆ្នាំ។
មិនយូរប៉ុន្មានក្រោយមក ព្រះឧទ័យបានឱ្យគេធ្វើឃាតព្រះមហេសីមេម៉ាយរបស់ព្រះឧបរាជ និងព្រះបុត្រាច្បងរបស់អង្គទង ដែលព្រះនាងមានជាមួយព្រះធម្មោរាជាជាព្រះស្វាមីមុន ក្រោយពីបាននាំយកពីបវេល ជាភូមិមួយនៅខាងកើតព្រៃឫស្សីសាញ់មកវិញ ។ ទ្រង់បានដកចៅហ្វាយខែត្រកំពង់ស្វាយចេញពីតំណែងដែលទទួលអ្នកអង្គម្ចាស់អង្គនន់រាមា និងអង្គជ័យឱ្យស្នាក់នៅ ហើយដាក់អ្នកជំនិតរបស់ព្រះអង្គដែលចាប់អ្នកអង្គម្ចាស់ទាំង២ ដាក់ក្នុងទ្រុងថ្វាយព្រះអង្គជំនួសវិញ ។ នៅក្នុងពេលកំពុងធ្វើដំណើរ មន្ដ្រីម្នាក់របស់ព្រះឧទ័យ គឺពញាចន្ទ បានកាប់បំបាក់ទ្រុងរំដោះយកព្រះអង្គនន់រាមារត់គេចទៅស្រុកសៀម ។ នៅសល់តែព្រះអង្គជ័យប៉ុណ្ណោះដែលព្រះអង្គទងបានឱ្យគេសម្លាប់ចោលនៅឧត្ដុង្គ ។
ដើម្បីរំងាប់ការតវ៉ារបស់ពួកអាណ្ណាម ដែលចោទថាព្រះអង្គបានចូលទៅក្នុងទឹកដីកូសាំងស៊ីន រហូតដល់ខែត្រវិញឡុង ជ្រើសរើសទ័ពធ្វើសង្គ្រាមប្រឆាំងនឹងព្រះរាជាមុន ព្រះឧទ័យបានប្រគល់ទៅឱ្យអាណ្ណាមនូវទឹកដី២កន្លែង គឺដីតាំផុងឡុងដែលក្រោយមកគឺខែត្រអាងយ៉ាង និងមួយកន្លែងទៀតដែលក្រោយមក គេបង្កើតបានជាស្រុក២ គឺចាន់ដន និងស៊ុយឡាប់ ហើយភ្ជាប់ទៅក្នុងខែត្រវិញឡុង (១៧៥៧) ។
No comments:
Post a Comment