នៅឆ្នាំ១៨០៦ ព្រះអង្គចន្ទជារាជបុត្រាច្បងរបស់ព្រះអង្គអេងមានព្រះជន្ម១៥ព្រះវស្សាហើយ ។ ស្ដេចសៀមបានសម្រេចអភិសេកព្រះអង្គឱ្យឡើងគ្រងរាជ្យដោយថ្វាយព្រះនាមថា «ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះឧទ័យរាជាធិរាជរាមាធិបតីព្រះស្រីសុរិយោពណ៌» ។ នេះគឺជាលើកទី២ហើយដែលស្ដេចសៀមបង្ហាញឱ្យឃើញអំពីអធិរាជភាពរបស់គេមកលើកម្ពុជា ។
ព្រះរាជាណាចក្រកម្ពុជាពេលនោះរងនូវការបាក់បែកប្រេះស្រាំខ្លាំងណាស់ មិនប្រកែកប្រណាំងអ្វីទេ យល់ព្រមទទួលព្រះរាជាតាមតែហេតុការណ៍វិវឌ្ឍ ។ ពេលនោះចៅហ្វ៊ាបែនបានធ្វើកិច្ចការមួយដែលនាំគាត់ឱ្យអាចវិលត្រលប់មកកាន់កម្ពុជាវិញបាន ។ គឺគាត់បាននាំយកបុត្រីរបស់គាត់ម្នាក់មកថ្វាយព្រះរាជាអង្គចន្ទ ។ ព្រះរាជាប្រហែលជាមិនហ៊ានប្រកែកទេ ទើបទ្រង់យល់ព្រមទទួលយកធ្វើជាមហេសីទៅ ។
នៅពេលនោះ ស្ដេចអាណ្ណាមក៏ចាប់ប្រឆាំងជំទាស់ ហើយបានបញ្ជូនទ័ពមួយកងមកកាន់ភ្នំពេញ ។ ស្ដេចអាណ្ណាមទទួលយល់ព្រមថាឱ្យសៀមរៀបចំពិធីអភិសេកព្រះរាជាកម្ពុជានៅឯបាងកកចុះ ក៏ប៉ុន្ដែបើព្រះរាជាកម្ពុជាយល់ព្រមចំណុះស្ដេចសៀម ព្រះអង្គក៏ត្រូវចំណុះស្ដេចអាណ្ណាមដែរ ហើយត្រូវលើកសួយសារអាករទៅថ្វាយជាទៀងទាត់ ក្នុងនោះមានដំរីឈ្មោលកម្ពស់៥ហត្ថ២ក្បាល ចែរមាស២ ភ្លុកដំរី៣គូ ក្រវាញ ក្រមួន ម្រ័ក្សណ៍ ។ល ។
ពេលនោះពួកនាម៉ឺនសព្វមុខមន្ដ្រីរបស់ព្រះរាជាមិនហ៊ានប្រកែកនឹងសំណើដ៏ប្រមាថនេះទេ មិនដឹងថាតើកម្ពុជាគួរចំណុះសៀមផង និងចំណុះអាណ្ណាមផង ឬក៏យ៉ាងណា គឺមានអធិរាជ២ដែលនឹងប្រកាប់ប្រចាក់គ្នាដើម្បីមូលហេតុនគរចំណុះ វាល្អជាជាងមានអធិរាជតែមួយ ដែលនឹងលេបត្របាក់យកទឹកដីអស់តែម្ដង ។ ម្ល៉ោះហើយពួកគេក៏យល់ព្រមតាម ធ្វើឱ្យទ័ពអាណ្ណាមវិលត្រលប់ទៅសាយហ្គនវិញទៅ តែបានទុកមេទ័ព២នាក់ឱ្យនៅការពារភ្នំពេញ ។ តាមរយៈសន្ធិសញ្ញានេះ ពួកសៀម និងអាណ្ណាមបានមកប្រឈមជួបមុខគ្នានៅកម្ពុជា ហើយនេះមិនមែនដោយសារកាលៈទេសៈចៃដន្យអ្វីទេ គឺដោយមានគោលការណ៍ច្បាស់លាស់ប្រឆាំងគ្នាតែទទួលស្គាល់ទាំងអស់គ្នា ។ សង្គ្រាមនឹងកើតមានយូរអង្វែង ប៉ុន្ដែគឺដើម្បីឱ្យព្រះរាជាណាចក្ររស់រានមានជីវិត ។
ការដែលព្រះរាជាអង្គចន្ទទទួលស្គាល់អធិរាជភាពរបស់អាណ្ណាម មិនបានធ្វើឱ្យរាជវាំងបាងកកសប្បាយចិត្ដប៉ុន្មានទេ ហើយចាប់ពីពេលនោះមកទំនាក់ទំនងល្អដែលធ្លាប់តែមានរវាងស្ដេចសៀមជាមួយព្រះរាជាឧត្ដុង្គក៏ចាប់ផ្ដើមប្រេះឆាដែរ ។
និយាយពីស្ដេចយ៉ាឡុងវិញ ដើម្បីបញ្ជាក់ឱ្យរឹតតែឃើញច្បាស់អំពីអធិរាជភាពរបស់ព្រះអង្គ ទ្រង់បានស្រមើស្រមៃឃើញរហូតដល់ឱ្យធ្វើត្រារាងបួនជ្រុងស្មើមួយអំពីមាសយ៉ាងធ្ងន់ ផ្ញើមកថ្វាយព្រះអង្គចន្ទ (តាមធម្មតាត្រាខ្មែរមានរាងមូល) ។ ព្រះរាជាកម្ពុជាបានទទួលយកត្រានោះ ហើយពោលសរសើរថាសព្វព្រះរាជហឫទ័យខ្លាំងណាស់ ក៏ប៉ុន្ដែទ្រង់មិនដែលបានប្រើវាម្ដងណាឡើយ ។
មរណភាពរបស់ចៅហ្វ៊ាបែនស្ដេចត្រាញ់ដែនដីបាត់ដំបង រួចបន្ដមកទៀតមរណភាពរបស់ស្ដេចសៀមនៅក្នុងឆ្នាំ១៨១១ ហើយនិងការលើកបុត្រាព្រះនាមថា ភេនឌិនខ្លាង ឱ្យឡើងសោយរាជ្យបន្ដ មិនបានធ្វើឱ្យស្ថានការណ៍ធូរស្បើយទេ ។ សៀមមិនយល់ព្រមឱ្យកម្ពុជាមានអធិរាជ២ដូច្នេះទេ កម្ពុជាត្រូវចំណុះតែសៀមមួយគត់ ព្រោះថាមានតែសៀមទេដែលបានអភិសេកស្ដេចខ្មែរ ។ ការបញ្ជូនអ្នកអង្គម្ចាស់ស្ងួន និងអ្នកអង្គម្ចាស់ឯម ជាព្រះអនុជរបស់ព្រះរាជាទៅរាជវាំងសៀមជាមួយនឹងក្រឡាហោមមឿងដែលជាជនជាតិសៀមស្រាប់ហើយនិងចក្រីបេនផង ដើម្បីទៅចូលរួមក្នុងព្រះរាជពិធីឈាបនកិច្ចស្ដេចសៀម នៅក្នុងខែមេសា ឆ្នាំ១៨១០ គឺជាការសម្ដែងឱ្យឃើញអំពីការគោរពក្នុងនាមជានគរចំណុះ បានធ្វើឱ្យកំហឹងរបស់សៀមធូរស្បើយបន្ដិច ក៏ប៉ុន្ដែមិនបានធ្វើឱ្យវារលត់បាត់ទេ ។ ដើម្បីបង្ហាញឱ្យឃើញនូវសិទ្ធិអធិរាជរបស់ខ្លួនក្នុងការតែងតាំងព្រះរាជា និងរាជវង្សានុវង្ស ស្ដេចសៀមបានប្រកាសតែងតាំងយ៉ាងឱឡារិកឱ្យអ្នកអង្គម្ចាស់ទាំង២អង្គ ឡើងជាទីឧភយោរាជ និងជាឧបរាជ ដោយមិនបានសាកសួរយោបល់ព្រះរាជាកម្ពុជាផងទេ ។
នៅសម័យនោះ តេជោមឿង ចៅហ្វាយខែត្រដីកំពង់ស្វាយ មានបំណងចង់បំផុសអ្នកស្រុកក្នុងខែត្រឱ្យបះបោរប្រឆាំងនឹងព្រះរាជាឡើង ។ នៅបាត់ដំបងឯណោះវិញ ចៅហ្វាយខែត្រថ្មីដែលបានយកឈ្មោះថា បែន ដូចជាឪពុកខ្លួនដែរបានចាប់ផ្ដើមកសាងកំពែងការពារទីក្រុង ។ និយាយពីក្រឡាហោមមឿង និងឧកញ៉ាចក្រីបែន នៅពេលវិលត្រលប់មកដល់រាជធានីឧត្ដុង្គវិញក៏ត្រូវថ្កោលទោសថាជាភ្នាក់ងាររបស់សៀម និងបានឃុបឃិតឱ្យសៀមតែងតាំងអ្នកអង្គម្ចាស់ទាំង២អង្គ ។ សភាពការណ៍ពេលនោះបានបង្ហាញថាពិតជាមានការរួមគំនិតក្បត់មែន ហើយគំរាមកំហែងមកលើព្រះរាជា ។ ប៉ុន្ដែព្រះបាទអង្គចន្ទមិនបានប្រហែសបន្ដិចណាទេ ទ្រង់បានចេញព្រះរាជបញ្ជាឱ្យឃាត់ខ្លួនលោកក្រឡាហោម និងលោកចក្រី ដែលស្ថិតនៅក្នុងដៃព្រះអង្គស្រាប់ រួចឱ្យគេសម្លាប់ចោល ។ បន្ទាប់មក ទ្រង់បានតែងតាំងឧកញ៉ាវង្សាអគ្គរាជឱ្យឡើងធ្វើជាចៅហ្វាយខែត្រកំពង់ស្វាយ រួចបញ្ជូនទៅកាន់ទីនោះ ហើយឱ្យចាប់តេជោមឿង ។ ប៉ុន្ដែមន្ដ្រីម្នាក់នេះឆ្លាតនៅពេលបានដឹងថា បក្សពួករបស់ខ្លួនទាំង២នាក់ បានត្រូវគេធ្វើឃាតទៅហើយ និងបំផុសបំផុលប្រជាជនក្នុងខែត្រឱ្យបះបោរមិនបានសម្រេច គាត់ក៏គេចខ្លួនរត់ទៅជ្រកកោននៅឯស្រុកសៀមទៅ ។ នៅបាត់ដំបងឯណោះវិញ ចៅហ្វាយខែត្រថ្មីរឹតតែខិតខំពង្រឹងការការពារបន្ទាយថែមទៀត ។
ស្ដេចសៀមកាន់ជើងពួកបះបោរ ហើយបានបញ្ជូនទ័ពមួយកងមកបាត់ដំបង ។ ការដែលសៀមធ្វើដូច្នេះ នាំឱ្យគេមានជំនឿថា ការរួមគំនិតក្បត់បានចាប់ផ្ដើមឡើងនៅឯបាងកកមែន ដោយមានការគាំទ្រពីស្ដេចសៀមផង ។ ព្រះរាជាកម្ពុជាបានកេណ្ឌទ័ពជាប្រញាប់ រួចបានចាត់ឱ្យយកមួយកងទៅបោះទីតាំងនៅនឹងពាមសែន ត្រង់មាត់ពាមស្ទឹងកំពង់ធំ និងកំពង់ស្វាយ ។ ទ័ពមួយកងទៀត ទ្រង់ឱ្យទៅនៅកំពង់ឆ្នាំង ឯកងទី៣ ទ្រង់ឱ្យទៅបោះទីតាំងនៅស្ទឹងពាក់កន្ដិល ។ ក្នុងពេលជាមួយគ្នានោះ ព្រះអង្គចន្ទទ្រង់បានចាត់មន្ដ្រី២នាក់ ឱ្យទៅសុំជំនួយពីស្ដេចអាណ្ណាម ។
ស្ដេចយ៉ាឡុង ត្រេកអរណាស់នឹងបានចូលមកធ្វើអន្ដរាគមន៍ម្ដងទៀតនៅកម្ពុជា ហើយបានចាត់បញ្ជូនទ័ពអាណ្ណាមមួយកងពីសាយហ្គនមក ដែលដឹកនាំដោយឧត្ដមសេនីយ៍៥នាក់ ។ ទ័ពអាណ្ណាមនេះធ្វើដំណើរតាមទន្លេ ឡើងមកយ៉ាងរួសរាន់ មកដល់ភ្នំពេញមិនបានឈប់ទេ ក៏បន្ដដំណើរទៅបោះទីតាំងចាប់ពីត្រឹមព្រែកមានលាភ (ពីមុនហៅថា ព្រែកពាក់ព្រ័ត្រ) នៅលើកោះជ្រោយចង្វា រហូតដល់កោះចិន ចំពីមុខកំពង់ហ្លួង រួចហើយក៏នាំគ្នាសម្រាកដោយស្ងៀមស្ងាត់ រង់ចាំតែបញ្ជានឹងអាលចេញប្រយុទ្ធ តែមិនសូវជាចង់ប៉ុន្មានទេ ។ គ្មានទ័ពណាបានមកវាយទៅលើទ័ពអាណ្ណាមនេះទេ រហូតដល់ពេលដែលទ័ពសៀមត្រូវបានគេវាយឱ្យបរាជ័យ ហើយរត់ទៅកាន់ស្រុកសៀមវិញអស់ទៅ ទ័ពជំនួយរបស់អាណ្ណាមនេះក៏ដកថយចេញទៅវិញដែរ ដោយគ្មានបានបាញ់កាំភ្លើងមួយគ្រាប់ណាសោះទេ ។
ដោយសព្វព្រះទ័យខ្លាំងណាស់នឹងជ័យជម្នះលើកនេះ ព្រះអង្គចន្ទ និងព្រះអនុជទាំង៣អង្គ បានយាងចូលសាងព្រះផ្នួសនៅវត្ដភ្នំព្រះរាជទ្រព្យ នៅជិតឧត្ដុង្គ បានប៉ុន្មានសប្ដាហ៍ ទ្រង់ក៏លាព្រះផ្នួសចាកសិក្ខាបទមកវិញ ។
រាជពង្សាវតារបានរៀបរាប់ថានៅសម័យនោះនាវាព័រទុយហ្គាល់មានបង្គោលក្ដោង៣បានមកចូលចតនៅនឹងកំពង់ពោធិតូច (កំពង់ហ្លួង) ហើយមន្ដ្រីម្នាក់ដែលកាន់សាសនាកាតូលិកបានទិញរបស់របរមកពីអឺរ៉ុប ពីនាយកប៉ាល់យកទៅថ្វាយព្រះរាជា ដោយដោះដូរជាមួយផលិតផលរបស់កម្ពុជា (ខែមេសា ឆ្នាំ១៨១១) ។
រាជពង្សាវតារក៏បានកត់សម្គាល់អំពីព្រឹត្ដិការណ៍មួយចំនួនទៀតផងដែរ មានការបះបោររបស់មនុស្សម្នាក់មានឈ្មោះថា សីលជ័យ ដែលត្រូវគេដាក់ទោសសម្លាប់បង់ ការបកប្រែសៀវភៅដកស្រង់អត្ថបទគម្ពីរព្រះត្រៃបិដកមកជាភាសាសាមញ្ញដោយគណៈកម្មការចៅអធិការវត្ដ ដែលប្រមូលផ្ដុំគ្នាធ្វើការនៅវត្ដភ្នំព្រះរាជទ្រព្យ ការចូលទិវង្គតរបស់អ្នកអង្គម្ចាស់ព្រះអង្គកែវឌួង ដែលមានព្រះជន្ម៨២ព្រះវស្សា ហើយនិងការឃើញមានផ្កាយដុះកន្ទុយលេចចេញនៅទិសខាងលិច (66) ។
ខ្យល់ព្យុះដែលប្រមូលផ្ដុំគ្នាបន្ដិចម្ដងៗមកនៅពីលើស្រុកខ្មែរ បានផ្ទុះខ្លាំងឡើងនៅពេលដែលព្រះរាជាអង្គចន្ទប្រព្រឹត្ដកំហុសឆ្គងមួយ ។ បញ្ហាបានកើតឡើងរវាងព្រះអង្គជាមួយនឹងព្រះអង្គស្ងួន ដែលស្ដេចសៀមថ្មីបានតែងតាំងជាទីឧភយោរាជ ។ ដោយមានការភ័យខ្លាច ព្រះអង្គស្ងួនបានរត់ភៀសព្រះកាយទៅគង់នៅពោធិ៍សាត់ ជាមួយព្រះរាជវង្សានុវង្ស និងភីលៀងសេនាទាំងអស់ដែលនៅចម្ងាយតែ៥០គីឡូម៉ែត្រប៉ុណ្ណោះពីដីបាត់ដំបង ។ ព្រះរាជាបានបញ្ជូនព្រះសង្ឃ២អង្គ រួចមន្ដ្រី៤នាក់ទៀត ឱ្យទៅយាងព្រះអង្គត្រលប់មកបន្ទាយពេជ្រវិញ ប៉ុន្ដែព្រះអង្គស្ងួនមិនយល់ព្រមត្រលប់ទៅវិញទេ ។ មិនតែប៉ុណ្ណោះ ទ្រង់បានចាប់មន្ដ្រីទាំង៤នាក់នោះទុកធ្វើជាចំណាប់ខ្មាំងថែមទៀត រួចចាប់ប្រមែប្រមូលទ័ព និងអាវុធយុទ្ធភណ្ឌ ទាមទារឱ្យព្រះរាជាប្រគល់បណ្ដាខេត្ដក្រង ក្រគរ និងខ្លុងថ្វាយ ។
ព្រះរាជាអង្គចន្ទមានព្រះតម្រិះថា ព្រះឧភយោរាជបានត្រូវស្ដេចសៀមតែងតាំងឡើង ស្ដេចសៀមនឹងគាំទ្រព្រះឧភយោរាជ រួមទាំងប្រជារាស្ដ្រខែត្រពោធិ៍សាត់ ដែលធ្លាប់អបអរស្វាគមន៍ព្រះអង្គផង ។ ឆ្លើយតបទៅនឹងសភាពការណ៍នេះ ព្រះអង្គចន្ទបានស្នើសុំជំនួយពីស្ដេចយ៉ាឡុង ។ ឧត្ដមសេនីយ៍អាណា្ណមឈ្មោះ អុងជរអ៊ឹង ឌិញលឿង ដែលបញ្ជានៅសាយហ្គន ហើយជាតំណាងស្ដេចយ៉ាឡុងប្រចាំនៅកូសាំងស៊ីនបានបញ្ជូនទ័ព៥រយនាក់ ឱ្យមកឈរជើងនៅនឹងកោះចិន នៅក្នុងទន្លេសាប ទល់មុខនឹងកំពង់ហ្លួង ។ កម្លាំងទ័ពប៉ុននេះមិនគ្រប់គ្រាន់ទេ អាចប្រៀបបានត្រឹមកងនគរបាលដែលគេប្រើសម្រាប់តែទប់ទល់កុំឱ្យមានការលួចពង្រត់ព្រះរាជាប៉ុណ្ណោះ ។ ក៏ប៉ុន្ដែ បើទោះជាយ៉ាងនេះក្ដី ក៏ព្រះរាជាកម្ពុជាបានរៀបចំទទួលស្វាគមន៍ទ័ពនេះយ៉ាងសមរម្យ បង្ហាញឱ្យឃើញថា នៅពេលដែលមានការគំរាមកំហែងពីពួកបះបោរ ព្រះអង្គសព្វព្រះទ័យនឹងហៅរកព្រះរាជាអាណ្ណាមឱ្យមកជួយ ជាជាងរត់ទៅរកស្ដេចសៀម ហើយទ្រង់ទុកចិត្ដអាណ្ណាមជាងទុកចិត្ដសៀម ។
ស្ដេចសៀមបានសម្រេចចិត្ដធ្វើអន្ដរាគមន៍ម្ដង ។ ទ្រង់បានបញ្ជូនទ័ព២កង មួយកងៗមានគ្នា៥ពាន់នាក់ ដែលមួយកងដឹកនាំដោយលោកយមរាជ មួយកងទៀតដឹកនាំដោយពុហុល្លាទេព ។ ព្រះរាជាកម្ពុជាបានបញ្ចេញទ័ព២កងតូចទប់ទល់ មួយកងៗមានគ្នា១ពាន់នាក់ ហើយនិងទ័ពជើងទឹកមួយកងដែលដឹកនាំដោយស្ដេចត្រាញ់ខែត្របាភ្នំ ។ ក៏ប៉ុន្ដែទ័ពតូចៗទាំងអស់នេះមិនអាចទប់ទល់ជាមួយនឹងទ័ពសត្រូវដែលច្រើនជាង៥ដងបានឡើយ ម្ល៉ោះហើយក៏នាំគ្នាដកថយមិនហ៊ានប្រយុទ្ធទេ ។ នៅពេលដែលព្រះរាជាទទួលបានដំណឹងថាព្រះឧភយោរាជកំពុងដឹកនាំទ័ពខ្មែរ៣ពាន់នាក់ និងទ័ពសៀម២ពាន់នាក់ ធ្វើដំណើរមកកាន់រាជធានីឧត្ដុង្គ ទ្រង់ក៏ភៀសព្រះកាយចេញពីរាជធានីទៅជាមួយនឹងព្រះរាជវង្សានុវង្ស ក្រោមកិច្ចការពាររបស់ទ័ពអាណ្ណាម ទៅគង់នៅឯកោះដីនៅក្នុងទន្លេមេគង្គ នៅខាងក្រោមភ្នំពេញបន្ដិច ។
នៅពេលដែលព្រះរាជាកំពុងតែយាងចុះតាមទន្លេ ទ័ពរបស់ព្រះអង្គបានបើកការវាយប្រហារទៅលើទ័ពសៀមនៅកំពង់ឆ្នាំង តែត្រូវបរាជ័យ ក៏រត់ចុះទៅទិសខាងត្បូង ដោយនាំប្រជាជនយកទៅផង ដើម្បីកុំឱ្យសៀមកៀរ ។ ពេលទទួលបាននូវព័ត៌មានស្ដីអំពីបរាជ័យនេះ ព្រះឧបរាជអង្គឯម និងអ្នកអង្គម្ចាស់អង្គឌួងបាននាំគ្នាបោះបង់ព្រះរាជាជាព្រះរៀម ហើយរត់ត្រលប់ក្រោយមកកាន់ឧត្ដុង្គវិញដែលទ័ពសៀមកំពុងតែកាន់កាប់ ។ ការបោះបង់ចោលដោយព្រះអនុជទាំង២ បានធ្វើឱ្យព្រះរាជាអង្គចន្ទអស់សង្ឃឹមជាខ្លាំង ទើបបណ្ដោយខ្លួនព្រះអង្គតាមតែពួកអាណ្ណាម ដែលបន្ទាប់មកបាននាំព្រះអង្គទៅកាន់សាយហ្គន ។
ពេលនេះ ព្រះរាជាណាចក្រត្រូវគ្មានអ្នកដឹកនាំម្ដងទៀតហើយ ព្រោះព្រះរាជាគង់នៅឯស្រុកអាណ្ណាម ចំណែកឯអ្នកអង្គម្ចាស់បះបោរមួយអង្គគឺព្រះឧភយោរាជ ក៏មិនទាន់ហ៊ានចាប់កាន់អំណាចនៅឡើយដែរ ហើយគង់នៅឯពោធិ៍សាត់ឯណោះ ។ ព្រះឧបរាជអង្គឯម និងព្រះអង្គឌួងក៏រៀបចំរដ្ឋាភិបាលបណ្ដោះអាសន្នមួយឡើង ដែលមានពាក់កណ្ដាលជាខ្មែរ និងពាក់កណ្ដាលទៀតជាសៀម រួចហើយបាននាំគ្នាយាងទៅបាងកកនៅក្នុងខែកក្កដា ឆ្នាំ១៨១១ ដើម្បីសុំយោបល់ឯកភាពពីស្ដេចសៀម ។
បន្ដិចក្រោយមកព្រះរាជាអង្គចន្ទមានសេចក្ដីក្លាហានឡើងវិញ បានដឹកនាំទ័ព២ម៉ឺននាក់ចូលមកក្នុងរាជធានីឧត្ដុង្គ ក្នុងនោះមានទ័ពអាណ្ណាម៥ពាន់នាក់ និងទ័ពខ្មែរដែលគាំទ្រតាមដង្ហែព្រះអង្គ ។ ប្រជារាស្ដ្រទាំងអស់ ស្វាគមន៍អបអរទទួលព្រះអង្គហើយព្រះរាជាបានយាងចូលក្នុងព្រះរាជវាំងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៨១៣ ។ ទ័ពសៀមមានការភ្ញាក់ផ្អើលជាខ្លាំងនឹងការយាងត្រលប់មកវិញយ៉ាងរហ័សរបស់ព្រះរាជាបែបនេះ ណាមួយបានឮសំឡេងប្រជាជនទះដៃអបអរសាទរអឺងកងផង អ្នកស្រុកស្រែចម្ការក៏ដកដៃចេញពីខ្លួនអស់ទៅផង ឯនាម៉ឺនសព្វមុខមន្ដ្រីក៏បាននាំគ្នាធ្វើដំណើរទៅកាន់រាជធានីឧត្ដុង្គ ដើម្បីចូលគាល់ព្រះរាជាផង ទ័ពសៀមទាំងនោះគិតថា នគរទាំងមូលនឹងបះបោរប្រឆាំងនឹងខ្លួនជាមិនខាន ម្ល៉ោះហើយក៏ប្រញិបប្រញាប់ឆាប់នាំគ្នាធ្វើដំណើរទៅកាន់ព្រំដែនជាបន្ទាន់ ។ ប៉ុន្មានខែក្រោយមក ព្រះឧភយោរាជអង្គស្ងួនសុគតនៅបាងកកនោះ ។ សៀមបានបញ្ជូនព្រះអដ្ឋិធាតុរបស់ព្រះអង្គមកថ្វាយព្រះអង្គចន្ទនៅក្នុងឆ្នាំ១៨២៤ ។
ការដែលពួកអាណ្ណាមបានជួយលើកព្រះអង្គចន្ទ ឱ្យយាងមកគង់លើរាជសម្បត្ដិវិញនៅពេលនេះហាក់ដូចជាបានប្រព្រឹត្ដទៅដោយគ្មានការបង្ហូរឈាមសោះឡើយ អ្វីៗហាក់ដូចជាវិលត្រលប់មករកភាពស្ងប់ស្ងាត់វិញ ហើយស្រាប់តែចៅហ្វាយខែត្រកំពង់ស្វាយឈ្មោះ ម៉េង ដែលជាអ្នកចូលរួមសមគំនិតជាមួយនឹងព្រះអង្គឯម និងព្រះអង្គឌួង បានចាប់ផ្ដើមបំផុសបំផុលអ្នកស្រុកឱ្យបះបោរឡើង ដើម្បីទាក់ទាញឱ្យមានអន្ដរាគមន៍ពីសៀមសាជាថ្មី និងឱ្យគាត់ទទួលបានសិទ្ធិអំណាចដូចមិត្ដចាស់របស់គាត់នៅឯបាត់ដំបង គឺបែនកាលពីមុនអីចឹង ។ ម៉េងបានបញ្ចុះបញ្ចូលប្អូនគាត់ដែលជាចៅហ្វាយខែត្របារាយណ៍ឱ្យដើរតាមគាត់ រួចចាប់ផ្ដើមជ្រើសរើសទ័ព ស្រាប់តែព្រះរាជាបានចាត់ទ័ពមួយកងតូចឱ្យទៅកំពង់ស្វាយ ដើម្បីទប់កុំឱ្យការបះបោររីករាលដាល ។ ម៉េង និងប្អូនប្រុស មិនអាចទប់ទល់នឹងទ័ពព្រះរាជា ព្រោះមិនទាន់រើសទ័ពបាន ក៏នាំគ្នារត់ទៅជ្រកកោននៅក្នុងខែត្រទន្លេរពៅ (67) ។ បន្ដិចក្រោយមក ដោយភ័យខ្លាចអ្នកស្រុកចាប់យកមកប្រគល់ឱ្យព្រះរាជា អ្នកទាំង២បាននាំគ្នារត់ឆ្លងទៅនៅឯខោនវិញ ។ ទឹកដីខោននេះ ខ្មែរមិនដែលប្រគល់ឱ្យទៅលាវម្ដងណាទេ ក៏ប៉ុន្ដែបានគោរពស្ដាប់បញ្ជារបស់ចៅនៅបាសាក់ (៦៨) តាំងតែពី៧៥ឆ្នាំមុនមកម្ល៉េះ ។
ម៉េងបានចេញដំណើរបន្ដពីនោះទៅកាន់បាងកក ហើយបានញុះញង់ឱ្យស្ដេចសៀមដណ្ដើមយកដីកំពង់ស្វាយ ។ សៀមបានរៀបចំប្រតិបត្ដិការមួយ វាយដណ្ដើមយកកំពង់ស្វាយ និងបន្ទាយការពារ ដែលចៅហ្វាយខែត្របានបោះបង់ដោយកំសាក ក៏ប៉ុន្ដែពួកសៀមត្រូវបង្ខំចិត្ដបោះបង់ចោលទៅវិញ ក្រោយពីមានការខូចខាតច្រើនពេក ។
នៅក្នុងឆ្នាំ១៨១៤ ទ័ពសៀមបានលេចមុខនៅកូរ៉ាត រួចហើយបានដណ្ដើមយកទឹកដីទាំងអស់ ដែលស្ថិតនៅចន្លោះខែត្រព្រហ្មទេព និងភ្នំដងរែក ហើយក៏បានយកខែត្រម្លូព្រៃ និងទន្លេរពៅផងដែរ ដែលស្ថិតនៅក្នុងដីកំពង់ស្វាយ ក៏ប៉ុន្ដែនៅឆ្ងាយពីរាជធានីឧត្ដុង្គខ្លាំងពេក ជាហេតុធ្វើឱ្យព្រះរាជាមិនសូវបានយកព្រះទ័យទុកដាក់ ។ ដណ្ដើមយកទឹកដីទាំងអស់នោះបានដោយស្រួលរួចហើយ ទ័ពសៀមបានឆ្លងទន្លេទៅដណ្ដើមយកស្ទឹងត្រែង ដាក់បញ្ចូលទៅក្នុងព្រះរាជាណាចក្រសៀមថែមទៀត (៦៩) ។ គឺនៅស្ទឹងត្រែងនេះឯងដែលព្រះរាជាលង្វែកមួយអង្គបានរត់មកជ្រកកោននៅចុងសតវត្សរ៍ទី១៦ ក្រោយពីសៀមចូលលុកលុយ ។
ព្រះរាជាកម្ពុជាពេលនោះមិនបានប្រកែកតវ៉ាប្រឆាំងអ្វីទេ បណ្ដោយឱ្យសៀមធ្វើតាមតែចិត្ដចង់ ម្ល៉ោះហើយ កម្ពុជាក៏ត្រូវកាត់ផ្ដាច់លែងមានព្រំប្រទល់ដែនជាប់ជាមួយប្រទេសលាវទៀតហើយ ព្រោះមានទឹកដីដែលក្លាយទៅជារបស់សៀមនៅចន្លោះកណ្ដាល ។ នៅក្នុងឆ្នាំ១៨១៥ កម្ពុជា និងសៀមបានចុះសន្ធិសញ្ញាសន្ដិភាពមួយ ក៏ប៉ុន្ដែគេមិនបាននិយាយអំពីទឹកដីដែលសៀមទើបតែយកទៅនេះទេ ។ ទឹកដីនេះបានក្លាយទៅជារបស់សៀម ក៏ប៉ុន្ដែបើគេគិតតាមផ្លូវទូតវិញ គ្មានលក្ខណៈអ្វីឱ្យច្បាស់លាស់ទេ ដូចតែដីបាត់ដំបង និងអង្គរ ដែលយើងបានឃើញពីខាងលើរួចមកហើយ ។
គឺនៅសម័យនោះឯង ដែលគេបានជីកព្រែកជីកវិញតេ រាជពង្សាវតារកម្ពុជានិយាយថានៅក្នុងឆ្នាំ១៨១៥ រាជពង្សាវតារអាណ្ណាមនិយាយថាក្នុងឆ្នាំ១៨១៦ តែសៀវភៅមួយមានឈ្មោះថា «យ៉ាឌិញអុងជី»=ប្រវត្ដិដីកូសាំងស៊ីនថា នៅក្នុងឆ្នាំ១៨២០ (70) ។ ព្រែកនេះគេជីកចេញពីស្ទឹងវិញតេ តម្រង់ទៅរកដៃសមុទ្រហាទៀង ។ កម្លាំងចូលរួមមានទាំងអស់១ម៉ឺននាក់ គឺអាណ្ណាម៥ពាន់នាក់ និងខ្មែរ៥ពាន់នាក់ ជីកព្រែកប្រវែងទាំងអស់៥៣គីឡូម៉ែត្រ ទទឹង៣៣ម៉ែត្រ ជម្រៅ២ម៉ែត្រ៦០ ។ ពលករម្នាក់ៗទទួលបានប្រាក់៧ហ្វ្រង់ និងអង្ករ៣០គីឡូក្រាម ក្នុង១ខែៗ ។ មានវិស្វករអាណ្ណាម៣នាក់ដឹកនាំការងារនេះ ក៏ប៉ុន្ដែពួកពលករមានមេកោយផ្ទាល់ ជាជាតិសាសន៍រៀងៗខ្លួន ។ ស្ដេចនគរទាំង២ គឺស្ដេចយ៉ាឡុង និងព្រះបាទអង្គចន្ទ បានឯកភាពគ្នាឱ្យគេជីកព្រែកនេះឡើង ដែលតភ្ជាប់ទន្លេមេគង្គទៅនឹងឈូងសមុទ្រសៀម ក៏ប៉ុន្ដែប្រជាជនខ្មែរបានចាត់ទុកកំណែននេះថា ជាការជិះជាន់មួយ ហើយនិងជាការអន់ខ្សោយរបស់ព្រះរាជាកម្ពុជានៅចំពោះមុខស្ដេចអាណ្ណាម ព្រោះជីកព្រែកនៅក្នុងទឹកដីខ្មែរ ។ អ្នកស្រុកនៅក្នុងខែត្រពាមបន្ទាយមាស ទ្រាំង និងព្រៃកប្បាស នៅចងចាំអំពីកំណែននេះនៅឡើយបើទោះបីថា កម្រៃដែលគេបានទទួលនៅពេលនោះសមរម្យហើយក៏ដោយ ០,២៣ហ្វ្រង់ (សម្រាប់អង្ករ១ថ្ងៃ) ។ នៅពេលដែលអាជ្ញាធរបារាំងស្នើសុំពលករឱ្យចូលរួមជួយលើកផ្លូវជាតិ ដោយបើកកម្រៃឱ្យច្រើនជាង៤ដង គេតែងតែឮអ្នកស្រុកត្អូញត្អែរពីសម័យជីកព្រែកនោះ ដែលត្រូវគេបង្ខំឱ្យធ្វើការពេញមួយរដូវ «ជីកព្រែកឱ្យយួន» ។
អ្វីដែលធ្វើឱ្យខ្មែររឹតតែខឹងខ្លាំងឡើងថែមទៀតនោះ គឺនៅក្រោយពេលជីកព្រែកនេះរួច ពួកអាណ្ណាមបានកាត់យកដីទាំងអស់ដែលស្ថិតនៅខាងត្បូងព្រែក ចាត់ទុកព្រែកនោះថាជាព្រំដែននគរទាំង២ ។ មិនតែប៉ុណ្ណោះ អាណ្ណាមបានបង្កើតប៉ុស្ដិ៍គយនៅលើត្រើយខាងស្ដាំទន្លេមេគង្គ ត្រង់កន្លែងច្រកចូលទៅក្នុងព្រែក នៅកោះក្ដាក និងនៅពាមជរថែមទៀត ។
នៅពេលដែលខ្មែរ និងអាណ្ណាមកំពុងតែព្រួតដៃគ្នាជីកព្រែកវិញតេ ខាងនិរតីប្រទេស នៅខាងជើងប្រទេសឯណោះវិញ មានពួកបះបោរ១ក្រុមបានលេចមុខឡើងនៅក្នុងខែត្រកំពង់ស្វាយ ។
ឧកញ៉ាតេជោចៅហ្វាយខែត្រកំពង់ស្វាយបានរួសរាន់កេណ្ឌទ័ពបានមួយកងតូច ដើម្បីទប់ទល់នឹងពួកបះបោរ ក៏ប៉ុន្ដែមិនអាចទប់បាន ក៏វាយដកថយមកវិញ ក្រោយពីជំនួយការរបស់ចៅហ្វាយខែត្រត្រូវសត្រូវសម្លាប់បាន ។ ឧកញ៉ាតេជោបានដឹកនាំទ័ពគេចទៅកំពង់លែង នៅក្នុងខែមីនា ឆ្នាំ១៨១៦ ជាមួយនឹងចៅហ្វាយខែត្រព្រៃក្ដី ជាខែត្រតូចមួយនៅលើស្ទឹងសែន ។ ព្រះរាជាខ្ញាល់ជាខ្លាំងនឹងឧកញ៉ាតេជោ ដែលមិនបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ទ្រង់ក៏ដាក់ឧកញ៉ានរិន្ទសេនាម៉ាជំនួសវិញ ។ ឧកញ៉ានរិន្ទសេនាបានកេណ្ឌទ័ពមួយកងភ្លាម ហើយបានវាយទៅលើពួកបះបោរ ធ្វើឱ្យពួកនោះបរាជ័យនៅក្នុងខែឧសភា ឆ្នាំ១៨១៦ ។
ព្រះរាជាកម្ពុជាពេលនោះទ្រង់ហាក់ដូចជាបានខិតខំថ្លឹងថ្លែង ធ្វើយ៉ាងណាឱ្យមានភាពស្មើគ្នារវាងប្រទេសជាអ្នកការពារទាំង២ ។ យ៉ាងណាមិញ ទ្រង់បានចាត់បញ្ជូនឱ្យទៅតាមកំពត និងតាមសំពៅ នូវសាច់ប្រាក់ចំនួន២០០ឆ្នាំង ទៅថ្វាយស្ដេចសៀម ហើយក៏បានចាត់មន្ដ្រី២រូបឱ្យនាំក្រមួន២ហាប ក្រវាញ១ហាប ម្រ័ក្សណ៍១ហាប ស្ពាន់ធ័រ១ហាប ដង្កោ១ហាប ភ្លុកដំរី២ហាប និងស្នែងខ្ចី២គូ ទៅថ្វាយស្ដេចអាណ្ណាមដែរ ។
នៅក្នុងអំឡុងឆ្នាំ១៨១៦នោះដែរ មានរឿងធំមួយកើតឡើង គឺកូនចៅម្នាក់របស់ពួកព័រទុយហ្គាល់ ដែលមករស់នៅកម្ពុជាកាលពីប៉ុន្មានសតវត្សរ៍មុនបានទទួលការប្រោសប្រណីពីព្រះរាជាដែលតែងតាំងឱ្យឡើងជាឧកញ៉ាក្រឡាហោម គឺរដ្ឋមន្ដ្រីទ័ពជើងទឹក ។ ជននោះមាននាមត្រកូលថា ម៉ុងតេរ៉ូ ហើយមានឈ្មោះផ្ទាល់ខ្លួនថា បែន និងមានឋានៈជាព្រះរាជពិភេក គឺគ្រូពេទ្យសម្រាប់ព្រះរាជា ។ ជននេះជាកូនកាត់ទេ ក៏ប៉ុន្ដែគេចាត់ទុកគាត់ថា ជាជនអឺរ៉ុប ។ ព្រះរាជាបានចាត់ទុកគាត់ថាជាអ្នកបម្រើស្មោះត្រង់ម្នាក់ ក៏ប៉ុន្ដែពួកសហសេវិកទាំងឡាយស្អប់គាត់ដោយព្រោះតែគាត់ជាប់ខ្សែស្រឡាយអឺរ៉ុប ហើយគាត់ឆ្លាតវាងវៃជាងគេ ម្ល៉ោះហើយក៏រករឿងចោទប្រកាន់គាត់ថា គៃបន្លំ សាហាវ មានបទឧក្រិដ្ឋ១០យ៉ាង ។ ព្រះរាជាបានសម្រេចឱ្យគេនាំយកគាត់ទៅតុលាការ ។ តុលាការបានរកទៅឃើញថា គាត់មានកំហុសដោយសារគាត់បានយកប្រាក់ពីអ្នកដែលគាត់បានរកបុណ្យសក្ដិឱ្យ បានលាក់ខ្ញុំរបស់គេដែលរត់មកជ្រកកោននឹងគាត់ ផ្ទុយទៅនឹងច្បាប់ព្រះនគរដែលកំណត់ថា ត្រូវតែប្រគល់ទៅឱ្យម្ចាស់ដើមវិញបើពុំនោះទេម្ចាស់ថ្មីត្រូវទិញខ្ញុំនោះពីម្ចាស់ដើម បានប្រព្រឹត្ដកាមគុណជាមួយប្រពន្ធ ឬសហាយរបស់អ្នកដទៃ ដែលគាត់បានទាក់ទាញឱ្យមកផ្ទះគាត់ ជួនកាលគាត់យករហូតតែម្ដង និងកាត់សេចក្ដីទៅតាមតែលាភសក្ការៈដែលបានទទួល ។ បែនម៉ុងតេរ៉ូ បានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន ក៏ប៉ុន្ដែដល់ស្អែកឡើង គាត់គេចខ្លួនបាត់ ។ គេបានតាមចាប់គាត់មកវិញ ហើយព្រះរាជាបានសម្រេចកាត់ទោសគាត់ឱ្យគេសម្លាប់ដោយកាត់ក្បាល ។ ចំណែកកូនប្រុសរបស់គាត់ដែលបានរៀបចំការរត់គេចរបស់គាត់ ព្រះរាជាបានលើកលែងទោសកំហុសឱ្យ ដោយទ្រង់គិតថាគ្នាប្រព្រឹត្ដដូច្នេះក៏ដោយសារតែដើម្បីតបស្នងសងគុណឪពុកប៉ុណ្ណោះ ។
ព្រះអង្គចន្ទមានព្រះរាជបំណងចង់ឱ្យការផ្ដល់យុត្ដិធម៌របស់ព្រះអង្គត្រូវបានអនុវត្ដពេញលេញ ម្ល៉ោះហើយទ្រង់បានដាក់ទណ្ឌកម្មលើអ្នកដែលបានចូលដៃចូលជើងជាមួយបែនម៉ុងតេរ៉ូ ទាំងអស់ ទោះបីជាអ្នកទាំងអស់នោះជាអ្នកនៅក្រោមបញ្ជារបស់បែនក៏ដោយ ។ ក្រឡាបញ្ជីរ័ត្ន និងក្រឡាបញ្ជីនូត្រូវវាយ៥០រំពាត់ រួចហើយត្រូវចាត់ទុកជាខ្ញុំរាជការដូចជាពួកអ្នកថែទាំសេះអីចឹង ។ អ្នករួមគំនិតឯទៀតៗត្រូវដាក់ទណ្ឌកម្មផ្សេងៗ រួមទាំងមន្ដ្រីអ្នកយាមគុកផងដែលបានធ្វើឱ្យអ្នកទោសរត់រួច ។ ពួករាជការណាដែលបានទិញបុណ្យសក្ដិត្រូវបញ្ចុះឋានៈ ទម្លាក់ឱ្យមកជារាស្ដ្រសាមញ្ញ ហើយទ្រព្យសម្បត្ដិទាំងអស់ត្រូវរឹបអូស (71) ។
នៅក្នុងឆ្នាំ១៨១៧ រាជការបានកំណត់យកពន្ធស្រូវ៥ថាំងលើស្រូវ៥០ថាំងដំបូង រួចបានសម្រេចថា តទៅអនាគតពន្ធនេះនឹងត្រូវគិតរហូតដល់ចំនួនកូនចៅ និងខ្ញុំកំដរដែលស្ថិតនៅក្នុងបន្ទុកគ្រួសារថែមទៀត ។ ម្ល៉ោះហើយ ព្រះរាជាបានចេញព្រះរាជបញ្ជាឱ្យគេធ្វើសម្រង់ចំនួនប្រជាជន មានរៀបរាប់អំពីឈ្មោះមេគ្រួសារ ប្រពន្ធ កូន ចៅ និងខ្ញុំកំដរ ដោយបញ្ជាក់ច្បាស់អំពីភេទ និងអាយុផងដែរ ។
នៅក្នុងឆ្នាំនោះ ក្រោយពីមានភាពរាំងស្ងួតខ្លាំងរួចមក មានទឹកជំនន់មួយយ៉ាងធំប្លែកពីសព្វដង ធ្វើឱ្យផលស្រូវថយចុះម្យ៉ាងដោយសារប្រជាជនមិនអាចភ្ជួររាស់ដីបានទាន់ពេល ម្យ៉ាងទៀតដោយសារសំណាបសន្ទូងត្រូវទឹកលិចបាត់អស់ ។ ផ្ទះជាច្រើនត្រូវទឹកជំនន់ហូរនាំយកទៅបាត់ សត្វពាហណៈក៏លង់ទឹកស្លាប់ច្រើន សត្វធាតុរត់ទៅជ្រកនៅឯដីខ្ពង់រាបខ្ពស់ៗអស់ ។ អ្នកស្រុកត្រូវនាំគ្រួសារ និងគោក្របីទៅរកទីខ្ពស់ដែរ ។ ពេលនោះមានការចាប់ជំរត់មនុស្ស និងលួចគោក្របីជាច្រើន ។ បន្ទាយល្វាឯម ដែលពួកអាណ្ណាមបានសាងសង់ឡើង ត្រូវបំផ្លាញខ្ទេចអស់ ហើយទឹកលិចព្រះរាជវាំងកម្ពស់២ហត្ថកន្លះ ។ ទុរ្ភិក្សរាលដាលពាសពេញនគរ ព្រោះស្រូវលិចទឹកខូចគ្មានសល់ ស្រូវ១ថាំងតម្លៃ៥បាត គឺប្រហែលជា៤៧ក្រាមប្រាក់សុទ្ធ ស្មើនឹង១០ហ្វ្រង់ ។ មានកើតចោរដើរកាប់សម្លាប់លួចប្លន់ជាច្រើន ណាមួយមានអាសន្នរោគ ជំងឺសត្វ និងអុត ពាសពេញប្រទេសទៀតផង ។
នៅដំណាច់ឆ្នាំ មេទ័ពអាណ្ណាមត្រូវផ្លាស់ចេញ ព្រះរាជាបានជូនដំណើររហូតទៅដល់សាយហ្គន ដើម្បីបានចូលសម្ដែងការគួរសមចំពោះលោកសេនាប្រមុខដែលឈរជើងនៅទីនោះផង ។ ប៉ុន្មានខែក្រោយមកបន្ទាប់ពីបានសម្ដែងការគោរពក្នុងឋានៈជានគរចំណុះដល់អាណ្ណាមរួចហើយព្រះរាជាបានចាត់មន្ដ្រីជាន់ខ្ពស់២នាក់ឱ្យចុះសំពៅតាមកំពតទៅចូលរួមព្រះរាជពិធីបូជាសពព្រះឧបរាជសៀម ។ នេះជាការសម្ដែងឱ្យឃើញនូវការទទួលស្គាល់ភាព ជាចំណុះស្ដេចបាងកក ។
នៅឆ្នាំ១៨១៨អ្នកកាន់សីលម្នាក់នៅបាភ្នំឈ្មោះថា កែ កើតជំងឺឡប់សតិហើយប្រកាសថាខ្លួនជាអ្នកមានបុណ្យ បានកេណ្ឌទ័ពសម្លាប់ឧកញ៉ាតេជោម៉ុនជាចៅហ្វាយខែត្រចោល ហើយទាក់ទាញមន្ដ្រី៣នាក់ ដែលមិនសប្បាយចិត្ដឱ្យចូលដៃជាមួយ ចាប់ផ្ដើមកាប់សម្លាប់ពួកអាណ្ណាមយ៉ាងរង្គាល ។ ដើម្បីការពារជនរួមជាតិរបស់គេ មេទ័ពអាណ្ណាម២នាក់គឺ អុងតាក្វាន (ឡេវ៉ាន់យៀត) និងអុងចាន់ដូវ បានដឹកនាំទ័ព៥ពាន់នាក់ មកបោះទីតាំងនៅកោះសូទិន ក្នុងខែត្រកំពង់ចាម ។ ពេលនោះព្រះរាជាកម្ពុជាបានបញ្ជូនចៅហ្វ៊ាទួនផា ឱ្យដឹកនាំទ័ព២ពាន់នាក់ទៅវាយពួកបះបោរដែរ ។ ទ័ពទាំង២កងបានបើកការវាយប្រហារទៅលើទ័ពបះបោរដែលមានចំនួនតិចជាង មិនអាចទប់ទល់បាន ហើយឡោមព័ទ្ធចាប់ កែ សម្លាប់ចោលទៅ ។ ពួកមន្ដ្រី៣រូបដែលមិនសប្បាយចិត្ដ ហើយចូលដៃចូលជើងជាមួយពួកក្បត់ ត្រូវចាប់បានជាឈ្លើយ ហើយបញ្ជូនទៅឱ្យមេទ័ពអាណ្ណាមនៅឯបេនញែ (សាយហ្គន) ។ ក្រោយពីសាកសួរចម្លើយរួច មេទ័ពអាណ្ណាមក៏បញ្ជូនអ្នកទាំង៣នាក់មកថ្វាយព្រះរាជាកម្ពុជាវិញ ។ ព្រះអង្គបានចេញព្រះរាជបញ្ជាឱ្យសម្លាប់ចោលទៅ ។
ដប់ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៨២៩ ស្ដេចសៀមបានបញ្ជូនចៅឃុនបឌិន (៧២) ឱ្យទៅធ្វើសង្គ្រាមជាមួយស្ដេចលាវ ដណ្ដើមយករាជធានីវៀងចន្ទបាន ។ ចៅឃុនបឌិនចាប់ស្ដេចលាវបានជាឈ្លើយ ហើយនាំយកមកបាងកកដាក់ឱ្យប្រជាជនស្ដីជេររួចធ្វើឃាតចោលទៅ ។ សៀមដុតបំផ្លាញរាជធានីវៀងចន្ទខ្ទេចខ្ទី ហើយបានកៀរអ្នកស្រុកយកមកដាក់នៅលើត្រើយទន្លេមេគង្គខាងស្ដាំ រួចបែងចែកឱ្យទៅរស់នៅតាមខែត្រផ្សេងៗ ។ គេត្រូវរង់ចាំរហូតដល់ពេលដែលពួកបារាំងបានមកត្រួតត្រាលើប្រទេសលាវ ទើបរាជធានីនេះត្រូវបានគេកែលម្អ កាប់ព្រៃឈើចេញ យកធ្វើជារាជធានីរបស់លាវឡើងវិញ ។ សព្វថ្ងៃនេះមានរ៉េស៊ីដង់ធំបារាំងម្នាក់រស់នៅទីនោះ ។
ក្រោយពីបានធ្វើសង្គ្រាមបំផ្លិចបំផ្លាញលាវ គម្ពីរក្បួនច្បាប់ និងអារ្យធម៌របស់ប្រជាជនលាវ ឱ្យវិលធ្លាក់ចូលទៅក្នុងសភាពព្រៃផ្សៃដូចកាលពី៦-៧សតវត្សមុនរួចមក ព្រះរាជាបាងកកបានចូលមកលុកលុយកម្ពុជា តាមសំណើរបស់ចៅហ្វាយខែត្រពោធិ៍សាត់ ដែលទើបតែនាំអ្នកស្រុករបស់ខ្លួនចំនួន២ភាគ៣ ទៅរស់នៅឯស្រុកសៀម ដោយមិនទាំងបានប្រកាសសង្គ្រាមផងទេ ។ សៀមធ្វើយ៉ាងនេះ គឺដើម្បីកុំឱ្យអាណ្ណាមមានអធិរាជភាពមកលើកម្ពុជាខ្លាំងពេក ។
ការពើបប្រយុទ្ធដំបូងបានផ្ទុះឡើងនៅកំពង់ឆ្នាំង ពេលដែលពួកសៀមបានទៅដល់ក្រោយពីឆ្លងកាត់បាត់ដំបង និងពោធិ៍សាត់រួច ។ ពេលនោះព្រះរាជាកម្ពុជាមិនទាន់កេណ្ឌទ័ពបាននៅឡើយ ។ ទ័ពខ្មែរត្រូវបរាជ័យ ហើយមេទ័ពលោកឧកញ៉ាចក្រីភិតភ័យជាខ្លាំង រត់រហូតទៅដល់ខែត្រព្រៃកប្បាស នៅខាងត្បូងឯណោះ ។
ព្រះរាជាដែលគង់នៅភ្នំពេញ បាននាំព្រះរាជវង្សានុវង្សរត់គេចព្រះអង្គទៅនៅឯលង់ហោ (វិញឡុង) ។ មួយថ្ងៃបន្ទាប់ពីព្រះរាជាយាងចេញដំណើរផុត ទ័ពសៀម៤កងចូលមកដល់ឧត្ដុង្គ រួចបន្ដដំណើរមកដល់ភ្នំពេញ ប៉ុន្មានថ្ងៃក្រោយមកជាមួយនឹងព្រះអនុជរបស់ព្រះរាជាទាំង២អង្គគឺព្រះឧបរាជអង្គឯម និងព្រះអង្គឌួង ។ ទ័ពទាំង៤កងនេះបញ្ជាដោយអគ្គបញ្ជាការចៅឃុនបឌិន ជាវីរបុរសដែលទើបតែបានវាយកម្ទេចរាជធានីវៀងចន្ទ និងអតីតចៅហ្វាយខែត្រពោធិ៍សាត់ឈ្មោះ កា ។ មកដល់ភ្នំពេញបានប៉ុន្មានថ្ងៃ ពួកនេះបានបន្ដដំណើរទៅវាយយកចូវដុក នៅនឹងមាត់ពាមព្រែកវិញតេ ដើម្បីធានារក្សាឱ្យបានទំនាក់ទំនងជាមួយឈូងសមុទ្រសៀម ដែលមានទ័ពមួយកងត្រូវចេញដំណើរមក ។ ទ័ពជើងទឹកនេះបានមកចុះចតនៅហាទៀង វាយដណ្ដើមយកទីក្រុងនេះបានដោយគ្មានការប្រយុទ្ធ ហើយទុកទ័ពមួយកងឱ្យនៅថែរក្សា រួចក៏បន្ដដំណើរទៅជួបជាមួយបឌិននៅឯចូវដុក ។ ចៅឃុនបឌិនក៏សម្រេចធ្វើដំណើរចុះទៅវិញឡុងដែលព្រះរាជាគង់នៅ ហើយវាយយកបាននៅក្នុងខែធ្នូ ឆ្នាំ១៨៣១ ។
នៅពេលនោះនៅតាមបណ្ដាខែត្រភាគខាងកើតវិញ លោកចក្រីឡុង និងលោកយមរាជហ៊ូបានរៀបចំទ័ព បំពាក់អាវុធយ៉ាងរហ័ស រួចវាយកងទ័ពសៀមមួយកងឱ្យបរាជ័យនៅក្នុងខែត្រព្រៃវែង ។ ក្រុមអ្នកក្លាហានខ្មែរផ្សេងៗទៀត បានប្រមែប្រមូលគ្នីគ្នា រៀបចំជាកងទ័ពដែរ ហើយវាយឆ្មក់មកលើទ័ពសៀមដែលដើរពាសពេញប្រទេសរាល់ថ្ងៃ ។ មេទ័ពសៀមទទួលបានដំណឹងនេះជាហូរហែ ក៏សម្រេចចិត្ដធ្វើការប្រយុទ្ធដោយគ្មានអែអង់ ។ ការដណ្ដើមយកវិញឡុងបានជាជ័យជម្នះដ៏អស្ចារ្យមួយ ធ្វើឱ្យអ្នកស្រុកខ្លាចរអាលែងហ៊ានបះបោរប្រឆាំង និងទទួលស្គាល់សៀមថា ជាអ្នកមករំដោះទៅវិញ ។ ក៏ប៉ុន្ដែជាគ្រោះចង្រៃ ទ័ពជើងទឹករបស់បឌិនបានត្រូវវាយឱ្យបរាជ័យ ហើយបំផ្លិចអស់ទាំងស្រុង រហូតដល់មេទ័ពសៀមនេះគ្មានសល់កម្លាំងនឹងបន្ដការប្រយុទ្ធទប់ទល់ពួកអាណ្ណាមដែលមកដល់តាមជើងគោកផង និងជើងទឹកផង ហើយខ្លាំងក្លាព្រោះមានវិន័យ និងរៀបចំដោយនាយទាហានបារាំងដែលទើបតែចូលបម្រើស្ដេចយ៉ាឡុង មានជាអាទិលោកវរសេនីយ៍ទោ ឡូរ៉ង់បារីស៊ី ។ ចៅឃុនបឌិនបានវិលត្រលប់ចូលទៅស្រុកសៀមវិញ ក្រោយពីបានដុតកម្ទេចភ្នំពេញចោល ព្រោះអ្នកស្រុកមិនព្រមទៅតាម ។ ចំណែកទ័ពដែលសេសសល់បាននាំគ្នាទៅចុះសំពៅនៅហាទៀង កំពត រួចត្រលប់ទៅបាងកកតាមសមុទ្រអស់ទៅ ។
ព្រះឧបរាជអង្គឯម និងអ្នកអង្គម្ចាស់អង្គឌួង ដែលគង់នៅឯភ្នំពេញ ក៏យាងចុះទូកចេញដំណើរទៅតាមទ័ពសៀមដែរ ហើយមិនបានឈប់សម្រាកនៅនឹងឧត្ដុង្គទេ ព្រោះអ្នកស្រុកមិនអបអរស្វាគមន៍ ដូច្នេះទ្រង់ក៏ធ្វើដំណើររហូតមកដល់បាត់ដំបង ។ តាមផ្លូវទ្រង់បានចាប់បង្ខំទូកទាំងអស់ដែលបានជួប និងអ្នកស្រុកដែលរស់នៅតាមមាត់ច្រាំងទន្លេ ឱ្យចូលរួមដំណើរទៅជាមួយ ។ ក៏ប៉ុន្ដែនៅពេលពួកអ្នកស្រុកមានចំនួនកាន់តែច្រើនឡើងៗ ពួកនោះក៏នាំគ្នាបះបោរឡើង រើបម្រះវិលត្រលប់មកភូមិស្រុកវិញអស់ ។
ពេលអស់ទ័ពសៀម អាណ្ណាមបានក្លាយជាម្ចាស់កម្ពុជាម្ដងទៀត ។ ស្ដេចអាណ្ណាមបានបញ្ជូនទ័ព១ម៉ឺន៥ពាន់នាក់មកកម្ពុជា ហើយដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈយុត្ដិធម៌របស់ព្រះអង្គ ព្រះអង្គបានយកប្រាក់ចំនួន១៤១ណែនមកថ្វាយព្រះរាជាកម្ពុជា ជាសំណងថ្លៃដំរីចំនួន៨៨ក្បាលដែលមេទ័ពអាណ្ណាមម្នាក់បានចាប់យកទៅ ដោយមិនមានព្រះរាជបញ្ជាផងទេ ។ តាមពិតទៅតម្លៃសំណងនេះមិនជាច្រើនប៉ុន្មានទេគឺតែ១៣០ហ្វ្រង់សម្រាប់ដំរីមួយក្បាលប៉ុណ្ណោះ ។ ក៏ប៉ុន្ដែស្ដេចអាណ្ណាមធ្វើយ៉ាងនេះគឺចង់បង្ហាញឱ្យឃើញថា ទ្រង់មិនរំលោភបំពានទេ ហើយជានយោបាយផងដែរ ។ បន្ទាប់មកស្ដេចអាណ្ណាមបានធ្វើត្រាប់តាមព្រះចៅអធិរាជចិន និងពួកម៉ុងហ្គោល ដោយទ្រង់បានផ្ញើសម្លៀកបំពាក់បែបអាណ្ណាម មានរួមទាំងមួកផង មកថ្វាយព្រះរាជាកម្ពុជាជាជំនូន ។ ថ្ងៃស្អែកឡើង ព្រះរាជាកម្ពុជាបានគ្រងព្រះពស្ដ្រានេះយាងចូលមកភ្នំពេញ ធ្វើឱ្យនាម៉ឺនសព្វមុខមន្ដ្រីមួយចំនួនមានការអាម៉ាសជាខ្លាំង ។ ក៏ប៉ុន្ដែក៏នៅមាននាម៉ឺនខ្លះដែលស្លៀកពាក់តាមព្រះអង្គដែរដើម្បីអែបអបផង និងដោយភ័យខ្លាចផង ព្រោះពួកគេក៏បានទទួលសម្លៀកបំពាក់នេះពីស្ដេចអាណ្ណាមដូចគ្នា ។ ម្ដងនេះ គេឃើញច្បាស់ថាពួកអាណ្ណាមមានប្រៀបខ្លាំងជាងពួកសៀមប្រាកដណាស់ ។
ក្រោយពីបានលើកព្រះរាជាកម្ពុជាឱ្យឡើងគ្រងរាជបល្ល័ង្កវិញរួចហើយ ពួកអាណ្ណាមក៏នាំគ្នាដកថយចេញទៅកូសាំងស៊ីនវិញអស់ទៅ ដោយមានជំនឿជឿជាក់ថា ម្ដងនេះពួកសៀមលែងហ៊ានមកតវ៉ាដណ្ដើមសិទ្ធិត្រួតត្រាលើស្រុកខ្មែរទៀតហើយ ព្រោះថាពួកគេបានវាយសៀមឱ្យបរាជ័យ និងបានលើកព្រះរាជាដែលសៀមទម្លាក់ពីរាជសម្បត្ដិឱ្យឡើងសោយរាជ្យវិញ ។
ក៏ប៉ុន្ដែមានមូលហេតុមួយផ្សេងទៀតដែលបង្ខំស្ដេចអាណ្ណាមមិញម៉ាងឱ្យហៅទ័ពត្រលប់ទៅកូសាំងស៊ីនវិញ គឺដើម្បីវាយបង្ក្រាបពួកបះបោរដែលចង់បំបែកកូសាំងស៊ីនចេញពីអាណ្ណាម ។ ពួកនោះបានគ្រប់គ្រងលើសាយហ្គន ហើយថែមទាំងបានស្រែកហៅរកជំនួយពីសៀមទៀតផង ។ ទ័ពសៀមបានចូលលុកលុយកម្ពុជា ហើយបង្ខំឱ្យព្រះរាជាគេចព្រះអង្គទៅគង់នៅឯវិញឡុងម្ដងទៀត ។
ពេលនោះស្ដេចអាណ្ណាមបានកោះហៅមេទ័ពដែលនៅប្រចាំការនៅភ្នំពេញឈ្មោះ អុងបាវហូ ដែលទ្រង់សង្ស័យថាបានចូលដៃចូលជើងជាមួយមេរបស់ពួកបះបោរឈ្មោះ អុងគាម៉ា ឱ្យវិលត្រលប់ទៅរាជធានីវ៉េវិញ ។ ក៏ប៉ុន្ដែអុងបាវហូមិនបានគោរពតាមព្រះរាជបញ្ជានេះទេ បែរជារត់គេចខ្លួនទៅស្រុកសៀមទៅវិញ ។ ស្ដេចអាណ្ណាមបានផ្លាស់ អុងថួយ ឱ្យមកជំនួស អុងបាវហូ ។
ទ័ពស្ដេចអាណ្ណាមបានវាយដណ្ដើមយកសាយហ្គនបានមកវិញ ក្រោយពីបានឡោមព័ទ្ធអស់ពេល៤ខែ និងធ្វើការប្រយុទ្ធជាច្រើនលើកច្រើនសា ។ ចៅហ្វាយក្រុងឈ្មោះ អុងផូវេខូយ ត្រូវគេសម្លាប់បាន ធ្វើឱ្យគ្នាគាត់ឈ្មោះ អុងដុងជុក (ចៅហ្វាយស្រុកមាត់ជ្រូកចូវដុក) រត់គេចចូលមកក្នុងកម្ពុជា ។ ព្រះរាជាបានឱ្យគាត់ទៅពួននៅឯពាមជីកង នៅត្រើយទន្លេធំខាងឆ្វេង ក្រោមកំពង់ចាមបន្ដិច ។
នៅឆ្នាំបន្ទាប់ ពេលដែលព្រះរាជាអង្គចន្ទសុគតដោយរោគរាកមួលនៅលើព្រះទីនាំងនាវា ដែលចតនៅកោះពោធិព្រះបាទ ពួកអាណ្ណាមគិតឃើញថា ព្រះរាជាណាចក្រកម្ពុជាពេលនេះច្បាស់ជាត្រូវធ្លាក់ក្នុងដៃស្ដេចមិញម៉ាង (៧៣) ដែលបានឡើងសោយរាជ្យបន្ដពីស្ដេចយ៉ាឡុងតាំងតែពីឆ្នាំ១៨១១មកមែនទែនហើយ ។ គោរពតាមបញ្ជារបស់ស្ដេចមិញម៉ាង អុងខាំម៉ាងបានកោះប្រជុំនាម៉ឺនសព្វមុខមន្ដ្រី រដ្ឋមន្ដ្រី ព្រះសង្ឃរាជ និងពួកបារគូផង ដើម្បីធ្វើការជ្រើសរើសព្រះរាជាថ្មីមួយព្រះអង្គ ។ ការជ្រើសរើសព្រះរាជាថ្មីនេះ គេមិនបានឱ្យដំណឹងទៅស្ដេចសៀមជ្រាបផងទេ ។
ព្រះបាទអង្គចន្ទ គ្មានព្រះរាជបុត្រាទេ បុត្រាមួយព្រះអង្គដែលប្រសូតនៅឯឧត្ដុង្គបានសុគតទៅតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីប្រសូតរួច ។ និយាយអំពីព្រះអនុជរបស់ព្រះអង្គ មានព្រះឧបរាជអង្គឯម អ្នកអង្គម្ចាស់អង្គឌួង និងអង្គស្ងួនវិញ ពួកអាណ្ណាមមិនយល់ព្រមឱ្យឡើងសោយរាជ្យទេ ព្រោះអ្នកទាំង២ខាងដើម បានប្រយុទ្ធប្រឆាំងនឹងព្រះរាជា ចូលដៃជាមួយសៀម និងទៅរស់នៅស្រុកសៀម ។ ដូច្នេះគ្មានអ្នកស្នងរាជ្យជាបុរសទេ ។ ក្រុមប្រឹក្សាមិនយល់ព្រមប្រគល់ព្រះរាជបល្ល័ង្កទៅឱ្យព្រះរាជបុត្រីច្បងរបស់ព្រះអង្គចន្ទព្រះនាម បែន ឡើយ ព្រោះព្រះនាងត្រូវជាចៅរបស់ចៅហ្វ៊ាបែន ដែលបានលើកកូនស្រីថ្វាយព្រះរាជា ក្រោយពីបានប្រគល់ដីបាត់ដំបងឱ្យទៅសៀមរួច ណាមួយព្រះនាងប្រឆាំងនឹងអាណ្ណាមខ្លាំងណាស់ទៀត ។ គេបានឯកភាពគ្នាលើកព្រះអង្គម្ចាស់ក្សត្រីអង្គ ម៉ី ឱ្យឡើងសោយរាជ្យវិញ ។
No comments:
Post a Comment