Sunday, February 18, 2024

ព្រះកែវហ្វ៊ា​បរមបពិត្រ​អង្គ​ឯម (១៧០០-១៧០១)

អ្នក​អង្គ​ម្ចាស់​ឯម​ពេល​នោះ​ទ្រង់មាន​ព្រះ​ជន្ម​២៥​-​២៦​ព្រះវស្សា​ហើយ។ ព្រះ​អង្គ​ត្រូវជា​បុត្រា​របស់​ព្រះ​ឧភយោរាជ​អង្គ​នន់​ជាមួយ​ស្រី​ចិន​ម្នាក់ ។ ព្រះ​អង្គ​ត្រូវ​បាន​លើក​ឱ្យ​ឡើងជា​ព្រះបាទ​សម្ដេច​ព្រះកែវហ្វ៊ា​បរមបពិត្រ​នៅ​ក្នុង​គ្រិស្ដសករាជ​១៧០០ ត្រូវ​នឹង​មហាសករាជ​១៦២២ ចុល្លសករាជ​១០៦២ ។ ព្រះ​អង្គ​បាន​យាង​ទៅ​គង់នៅ​ឯ​ខែត្រ​ពោធិ៍សាត់ ។

ចំណែកឯ​ព្រះរាជា​ដាក់រាជ្យ​វិញ បាន​ចំណាយ​ពេល​វេលា​របស់​ព្រះ​អង្គ​ត្រួតពិនិត្យ​ការ​ជួសជុល​វត្ដ​ព្រះ​ពោធិមានបុណ្យ​ដែល​ព្រះ​ចន្ទរាជា​បាន​ឱ្យ​កសាង​ឡើង​កាលពី​ឆ្នាំ​១៥៣៤​ក្រោយ​ពី​ទ្រង់​មាន​ជ័យជម្នះ​លើ​ពួក​សៀម ។ ទ្រង់​បាន​ចំណាយ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​នៅ​ក្នុង​ការ​ជួសជុល​នេះ ។ នៅ​ពេល​ដែល​ការ​ជួសជុល​នេះ​ចប់​សព្វ​គ្រប់​រួច​ហើយ ព្រះ​អង្គ​ទ្រង់​បាន​យាង​ចូល​សាង​ព្រះ​ផ្នួស​ម្ដង​ទៀត ក៏​ប៉ុន្ដែ​បាន​តែ​៣​ថ្ងៃ ព្រះ​អង្គ​ក៏​លះបង់​សិក្ខាបទ មក​ទទួល​យក​រាជសម្បត្ដិ​វិញ​ជា​លើក​ទី​៤ រាជពង្សាវតារ​និយាយ​ថា​ តាម​សំណូមពរ​របស់​ព្រះកែវហ្វ៊ា ជា​ហេតុ​បង្ហាញ​ឱ្យ​ឃើញ​ថា ទ្រង់​ជា​ស្ដេច​ដ៏​មាន​អំណាច​ពិតប្រាកដ​មែន ។

No comments:

Post a Comment