គណបក្សមាតុភូមិយើង (ប្រភពទី១, ប្រភពទី២)
គណបក្សឆន្ទៈខ្មែរ និង គណបក្សមាតុភូមិយើង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស លោក សម រង្ស៊ី ដែលអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត (ភ្នំពេញ)៖ គណបក្សឆន្ទៈខ្មែររបស់កូនលោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី និងគណបក្សមាតុភូមិយើង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលអំពាវនាវកុំឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោត។
សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់គណបក្សទាំងពីរនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានអំពាវនាវឱ្យចែកចាយខិត្តបណ្ណ ដោយអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សមាតុភូមិយើង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សយើងខ្ញុំ ថ្កោលទោសអំពើខ្វះការទទួលខុសត្រូវ មូលបង្កាច់ បន្ទាបបន្ថោកសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដែលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាពលរដ្ឋ គ្រប់កាលទេសៈ»។
គណបក្សទាំងពីរនេះ ក៏បានបដិសេធទាំងស្រុងចំពោះការប្រមាថ និងផែនការខ្មៅងងឹតរបស់លោក សម រង្ស៊ី និងក្រុមស្រេកឃ្លានអំណាចតាមអំពើហិង្សា ស្រេកឃ្លានសោកនាកម្ម និងវិនាសកម្មចំពោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដើម្បីតែខ្លួនឯង និងក្រុមខ្លួន។
ទន្ទឹមនឹងនេះគណបក្សទាំងពីរ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ទាំងនៅក្នុង និងក្រៅប្រទេស ក៏ដូចជាសាធារណជនជាតិ-អន្តរជាតិ ស្ថិតនៅឱ្យឆ្ងាយពីគំនិត និងគម្រោងញុះញង់របស់ លោក សម រង្ស៊ី និងបក្ខពួក ហើយសូមចូលរួមចៀសវាង និងរារាំងភាពឧទ្ទបាទចង្រៃនេះកុំឱ្យកើតមានឱ្យសោះ៕
លោក ហ៊ុន សែន ប្រាប់ឱ្យគណបក្សតូចៗពីរដាក់លិខិត បើចង់ចូលរួម«ឧត្តមក្រុមប្រឹក្សាផ្តល់និងពិគ្រោះយោបល់» ខណៈរដ្ឋាភិបាលថ្មីកំពុងត្រៀមខ្លួនបង្កើតជាផ្លូវការនាដើមខែកញ្ញាខាងមុខ រួមជាមួយនឹងការបើកឲ្យគណបក្សនយោបាយចំនួន១៥ផ្សេងទៀតអាចចូលរួមជាមួយរដ្ឋាភិបាលនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសស្វាគមន៍គណបក្សតូចៗពីរផ្សេងទៀត ដែលត្រូវបានសារព័ត៌មានមួយចំនួនស្រង់សម្តីថា ចង់ចូលរួមជាមួយរដ្ឋាភិបាលដែលនឹងដឹកនាំប្រទេសដោយឯកបក្សដែរនោះ។
ភ្នំពេញ —
នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសស្វាគមន៍គណបក្សនយោបាយចំនួន២ទៀត ដែលចង់ចូលរួមជាមួយ«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដែលលោកគ្រោងនឹងបង្កើតនាពេលខាងមុខ ក៏ប៉ុន្តែលោកតម្រូវឲ្យគណបក្សនយោបាយទាំងពីរ សរសេរលិខិតស្នើសុំមករដ្ឋាភិបាល មិនមែនប្រកាសតាមសារព័ត៌មាននោះទេ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តីថ្លែងថា លោកបានអានព័ត៌មាន ឃើញមានគណបក្សនយោបាយចំនួនពីរទៀតបានបង្ហាញបំណងចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់។ លោកបន្ថែមថា លោកស្វាគមន៍គណបក្សទាំងពីរនោះ និងថា ពួកគេត្រូវសរសេរលិខិតត្រឹមត្រូវ មិនមែនបង្ហាញបំណងតាមសារព័ត៌មាននោះទេ។
លោកបញ្ជាក់ថា៖
«ប្រសិនបើបក្សនយោបាយ២ផ្សេងទៀតចង់ចូលរួមការប្រជុំ ផ្តល់មតិ ត្រូវធ្វើលិខិតឲ្យបានត្រឹមត្រូវ មិនអាចនិយាយត្រឹមតែជាមួយសារព័ត៌មានគ្រប់គ្រាន់ទេ។ នេះមិនមែនជាវិធីដំណើរការរដ្ឋបាលរបស់រាជរដ្ឋាភិបាលទេ។ ហើយនៅក្នុងព្រះរាជក្រឹត្យ ថ្ងៃនោះខ្ញុំបាននិយាយថា ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត តែត្រូវមានការយល់ព្រមពីនាយករដ្ឋមន្រ្តី មិនអាចប្រកាសចង់ចូល ចូល ដោយគ្មានការអនុញ្ញាតពីនាយករដ្ឋមន្រ្តីទេ។ ខ្ញុំត្រូវពិនិត្យលក្ខណៈសម្បត្តិគណបក្សហ្នឹង មានលទ្ធភាព និងមានគុណសម្បត្តិគ្រប់គ្រាន់ចូលរួម ឬទេ?»
បើទោះបីជាលោកនាយករដ្ឋមន្រ្តីថ្លែងដោយមិនចំឈ្មោះគណបក្សទាំងពីរនោះ ប៉ុន្តែគេឃើញថា កាលពីថ្ងៃទី២៨ខែសីហា កាសែតក្នុងស្រុកជាភាសាខ្មែរ និងអង់គ្លេសមួយបានផ្សាយថា ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សមាតុភូមិយើងបានបង្ហាញជំហរគាំទ្រ និងចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលទើបផ្តើមគំនិតបង្កើតដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តីដែលកំពុងឈានទៅកាន់អំណាចបន្តរយៈពេល៥ឆ្នាំទៀត ក្រោយគណបក្សរបស់លោកឈ្នះការបោះឆ្នោត និងប្រមូលយកកៅអីរដ្ឋសភាទាំង១២៥នោះ បន្ថែមដោយចំអកឲ្យគណបក្សទាំងពីរនោះថា៖
«នៅពេលមុន អ្នកក៏បានថា ទុកពេលពិចារណា ឯខ្ញុំក៏ត្រូវការសិក្សា និងពិចារណាដែរ។ នេះវាជារឿងធម្មតាខ្លាំងណាស់ មិនអាចធ្វើជាភាពរបៀបក្រអឺតក្រទមបានទេ។ សង្ឃឹមថា គណបក្សពីរផ្សេងទៀតដែលចង់ចូលរួម បន្ថែមលើគណបក្ស១៦ហើយនោះ នឹងយល់អំពីកិច្ចការរដ្ឋបាល»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីសប្តាហ៍មុន បានសម្រេចបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» ដោយអនុញ្ញាតឲ្យគណបក្សនយោបាយចំនួន១៥ក្នុងចំណោម១៩ ដែលមិនទទួលបានអាសនៈសភា ចូលរួមប្រជុំជាមួយលោករៀងរាល់៦ខែម្តង ដើម្បីផ្តល់យោបល់ពីភាពអសកម្មរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។
នៅពេលនោះ គណបក្សនយោបាយចំនួន៤ផ្សេងទៀត រួមមានគណបក្សមាតុភូមិយើង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្របានប្រកាសមិនចូលរួមជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះទេ។
VOA បានព្យាយាមទាក់ទងលោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោកយ៉ង សាំងកុមារ ព្រមទាំងលោកសាម អ៊ីន សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តែរហូតមកដល់ល្ងាចថ្ងៃពុធនេះ មិនមានការឆ្លើយតប។
អ្នកស្រីហ៊ឹម សុគន្ធី អនុប្រធានគណបក្សមាតុភូមិយើង បានប្រាប់ VOA នារសៀលថ្ងៃពុធនេះថា គណបក្សរបស់អ្នកស្រីមិនបានប្រកាសថា សុំចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះទេ។ អ្នកស្រីបន្ថែមថា គណបក្សអ្នកស្រីពិភាក្សាគ្នាដើម្បីចូលរួម ប្រសិនបើមានលិខិតអញ្ជើញពីលោកនាយករដ្ឋមន្រ្តី។
អ្នកស្រីបញ្ជាក់ថា៖
«បើមានការអញ្ជើញអាហ្នឹងយើងនឹងពិភាក្សាគ្នាដើម្បីចូលរួម ដើម្បីប្រទេសជាតិរបស់យើង។ ក៏ប៉ុន្តែបើឲ្យពួកខ្ញុំសរសេរលិខិតទៅសុំគាត់ដើម្បីចូលរួម ប្រហែលជាមិនអាចទៅរួចទេ។ ទី១ខ្ញុំចង់បញ្ជាក់ថា យើងគណបក្សតូចមួយ ទើបតែបង្កើត ហើយមានតែ៦មណ្ឌលទេ ហើយសំឡេងសន្លឹកឆ្នោតសរុបទៅមិនបានគ្រប់មួយម៉ឺនសន្លឹកផង ហើយទៅសុំគាត់ចូលរួមយ៉ាងម៉េច?»
សមាសភាពឧត្តមក្រុមប្រឹក្សាដែលមកពីតំណាងគណបក្សនយោបាយទាំងនោះ នឹងត្រូវធ្វើជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។ ឧត្តមក្រុមប្រឹក្សានោះនឹងត្រូវបង្កើត ក្រោយរដ្ឋាភិបាលថ្មីបង្កើតនាដើមខែកញ្ញា ឆ្នាំ២០១៨នេះ ហើយរដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិកាជាតិដើម្បីផ្តល់ប្រាក់បំណាច់ឲ្យពួកគេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាច្រើនដងថា រដ្ឋសភាអាណត្តិទី៦នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ ចំណែករាជរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបង្កើតឡើងមួយថ្ងៃបន្ទាប់ពីនោះ។ លោកក៏បានអះអាងថា រាជរដ្ឋាភិបាលថ្មី និងក្បាលម៉ាស៊ីនរដ្ឋសភា ព្រមទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីបានធ្វើរួចរាល់អស់ហើយ៕
No comments:
Post a Comment