នាម៉ឺនសព្វមុខមន្ដ្រី និងចៅហ្វ៊ាមូបានឯកភាពគ្នាជ្រើសតាំងអ្នកអង្គម្ចាស់អង្គអេង ដែលត្រូវជាបុត្ររបស់ព្រះឧភយោរាជស្រីសុរិយោពណ៌ (ព្រះឧទ័យ) ដែលសុគតនៅឆ្នាំ១៧៧៧ ឱ្យឡើងគ្រងរាជសម្បត្ដិទាំងព្រះអង្គទើបតែមានព្រះជន្មាយុ៦ព្រះវស្សាប៉ុណ្ណោះ ។ ធ្វើយ៉ាងនេះ ចៅហ្វ៊ាមូ គាត់អាចគេចផុតពីការទិតៀនរបស់សាធារណមតិ ក៏ប៉ុន្ដែគាត់នៅរក្សាអំណាចបានដដែល ។
ជនណាធ្វើការរំខាន ចៅហ្វ៊ាមូបណ្ដេញជននោះចេញ ក្នុងនោះរួមមានទាំងឧកញ៉ាបែន ដែលជាឧកញ៉ាយោមរាជ របស់ព្រះបិតាព្រះរាជាផងដែរ ។ ក្រោយមក ចៅហ្វ៊ាមូបានបញ្ជូនឧកញ៉ាបែនទៅឱ្យស្ដេចសៀមភ្យាតាក តាមរយៈការស្នើសុំរបស់អ្នកអង្គម្ចាស់អង្គកែវឌួង ដើម្បីធ្វើទណ្ឌកម្មតបទៅនឹងការដែលបែនបានប្រយុទ្ធតទល់នឹងព្រះអង្គ ពេលព្រះអង្គដឹកនាំទ័ពចូលមកក្នុងកម្ពុជា ។
ភ្យាតាត នៅពេលដែលពិនិត្យឃើញថាការគ្រប់គ្រងប្រទេសកម្ពុជាចុះទន់ខ្សោយបែបនេះ ក៏គិតថា ខ្លួនអាចដណ្ដើមយកស្រុកនេះបាន ហើយក៏រៀបចំទ័ពជា៣កង មួយកងៗមានគ្នា៧ពាន់នាក់ រួចឱ្យចេញដំណើរមកវាយយកបន្ទាយពេជ្រនៅជិតឧត្ដុង្គ នគរវត្ដ និងកំពង់ស្វាយ ។ ចៅហ្វ៊ាមូមិនព្រងើយកន្ដើយទេ គាត់បានចេញបញ្ជាឱ្យកេណ្ឌទ័ពជាច្រើននៅតាមបណ្ដាខែត្រដែលទទួលការគំរាមកំហែងភ្លាម ។ គាត់ដឹងថាការប្រយុទ្ធនឹងបុកសំដៅមករករាជធានី ដែលជាចំណុចសំខាន់នៃសង្គ្រាម ដូច្នេះត្រូវរៀបចំការពារទីតាំងរបស់រដ្ឋាភិបាលឱ្យបានរឹងមាំទើបគាត់ចេញបញ្ជាប្រមូលកម្លាំងទ័ពទាំងអស់ក្នុងព្រះនគរឱ្យមកឈរជើងនៅជុំវិញឧត្ដុង្គនៅត្រង់កំពង់ហ្លួង ពាមជំនីក និងកំពង់រទេះ ហើយចាត់ឱ្យកសាងបន្ទាយការពារយ៉ាងរឹងមាំនៅទីទាំងនោះ ។ គាត់ប្ដេជ្ញាថានឹងតស៊ូប្រយុទ្ធរហូតដង្ហើមចុងក្រោយបង្អស់ ។ គាត់បានចាត់មនុស្សនាំបញ្ជាទៅឱ្យអ្នកស្រុកក្រចេះ សម្បុក និងសម្បូរ នៅលើទន្លេមេគង្គ ឱ្យប្រមូលទូកយកមកទុកនៅកៀនស្វាយ (៥៧) រង់ចាំទទួលបញ្ជា រួចហើយបានបញ្ជូនតំណាងទៅសុំជំនួយពីកូសាំងស៊ីនភាគខាងក្រោម ។ អាណ្ណាមបានបញ្ជូនទ័ពមួយកងតូច ដឹកនាំដោយឧត្ដមសេនីយ៍ឈ្មោះ អុងជរម៉ា មកបោះទ័ពនៅនឹងជ្រោយចង្វា ចំពីមុខភ្នំពេញ ។
ចំណែកយុវក្សត្រព្រះអង្គអេង ត្រូវគេយកមកដាក់នៅជ្រោយចង្វា ឱ្យឆ្ងាយផុតពីការលបវាយឆ្មក់ ដែលអាចនឹងកើតមានឡើង ហើយផ្ទុកផ្ដាក់ឱ្យក្រឡាហោមសួស អតីតវិបុលរាជនៅការពារ ។
ទ័ពខ្មែរដែលដឹកនាំដោយពញាតេជោទែនបានត្រូវទ័ពសៀមវាយឱ្យបរាជ័យនៅកំពង់ស្វាយ ។ ទ័ពសៀមដែលឈ្នះនោះបានបន្ដធ្វើដំណើរមកកាន់រាជធានីឧត្ដុង្គ ទទួលលេចឮដំណឹងថាស្ដេចសៀមភ្យាតាកធ្លាក់ខ្លួនឆ្កួត ហើយត្រូវពួកអ្នកប្រឆាំងដែលដឹកនាំដោយពញាសានចាប់បាន ក្រោយពីការប្រយុទ្ធអស់៣ម៉ោង ដែលមានការគាំទ្រពីពួកកាន់សាសនាកាតូលិកផង រួចបានត្រូវគេបំបួសជាព្រះសង្ឃតាមសំណូមពរ និងឱ្យគង់នៅក្នុងវត្ដមួយ ដោយមានទាហានយាមការពារយ៉ាងហ្មត់ចត់ ។
មេទ័ពសៀម២នាក់ក្នុងចំណោមមេទ័ពទាំង៣នាក់ដែលជាមេបញ្ជាការប្រយុទ្ធនៅកម្ពុជា ពេលបានទទួលព័ត៌មានខាងលើពីចៅហ្វាយខែត្រកូរ៉ាត ក៏ស្រុះស្រួលគ្នាហើយយល់ព្រមបោះបង់សង្គ្រាម ហើយដឹកនាំទ័ពប្រញិបប្រញាប់វិលត្រលប់ទៅបាងកកវិញភ្លាម ។ ពេលទៅដល់រាជធានីដែលមានប្រជារាស្ដ្រកំពុងតែបះបោរ ធ្វើបដិវត្ដន៍ ពួកមេទ័ពទាំងនោះក៏ដណ្ដើមយកអំណាច ប៉ុន្ដែមិនមែនធ្វើតាមរបៀបចៅហ្វ៊ាមូទេ គឺធ្វើតាមភ្យាតាក និងអាឡោងផ្រា ៖ ពញាមហាក្រសាសែក នាយករដ្ឋមន្ដ្រី ដែលតាំងខ្លួនជាព្រះមហាក្សត្រសៀម (ព្រះចៅវាំងហ្លួង) តែម្ដង ។ សាសី ប្អូនប្រុសរបស់ក្រសាសែក ដែលមានឋានៈត្រឹមតែជាឧត្ដមសេនីយ៍ បានឡើងជាឧបរាជ (ព្រះចៅវាំងណា) ។ ឯក្មួយប្រុសរបស់គាត់ឈ្មោះ ម៉ាឡាក់ ត្រូវបានឱ្យឡើងជាកែវហ្វ៊ា ។ ចំណែកពួកអ្នកធ្វើបដិវត្ដន៍ផ្សេងទៀតរួមទាំងពញាសានផងគេកាប់សម្លាប់ចោលដោយលាក់លៀមនៅខែមីនា ឆ្នាំ១៧៨២ ។ មួយខែក្រោយមក ព្រះរាជាថ្មីបានបញ្ជាឱ្យយកភ្យាតាកចេញពីវត្ដ មកធ្វើឃាតជាមួយនឹងបុត្រទាំងអស់ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៧៨២ ដោយយកលេសថា ភ្យាតាកអាចនឹងបំផុសការបះបោរឡើងវិញបាន ។
នៅពេលដែលហេតុការណ៍ទាំងអស់នេះកើតមានឡើងនៅឯស្រុកសៀម នៅស្រុកអាណ្ណាមឯណោះវិញ ក៏កើតមានព្រឹត្ដិការណ៍ដែលមិនជាស្រាលប៉ុន្មានដែរទេ ។ ពួកតៃសឺនដែលយើងបានឃើញពីខាងលើរួចមកហើយថាបានងើបបះបោរនៅកូសាំងស៊ីន បានលបលួចចូលមកក្នុងទឹកដីកម្ពុជា ដើម្បីរៀបចំកម្លាំងឡើងវិញ ។ ស្ដេចអាណ្ណាមឈ្មោះ យ៉ាឡុង (58) (ង្វៀងភុកអាញ់) ដែលគង់នៅសាយហ្គនតាំងពីឆ្នាំ១៧៧៧មក បានផ្ដល់ដំណឹងនេះឱ្យរដ្ឋាភិបាលខ្មែរ ដោយសុំឱ្យជួយបណ្ដេញពួកនេះចេញទៅវិញ ។ មេដឹកនាំកម្ពុជា គឺចៅហ្វ៊ាមូ និងសួស បានចាត់ឱ្យក្រឡាហោមពោធិដឹកនាំទ័ពមួយកងតូចទៅវាយពួកតៃសឺន នៅវាលពោធិយ៉ងបណ្ដេញចេញពីកម្ពុជា ។ ប៉ុន្ដែ លោកក្រឡាហោមបរាជ័យ ត្រូវពួកបះបោរអាណ្ណាមសម្លាប់បាន ឯកងទ័ពក៏រត់បែកខ្ញែកគ្នាអស់ ។ ពួកតៃសឺន បានវិលត្រលប់ចូលទៅក្នុងកូសាំងស៊ីនវិញ ដណ្ដើមយកសាយហ្គនបាននៅក្នុងខែកុម្ភៈ ឆ្នាំ១៧៨១ ធ្វើឱ្យស្ដេចយ៉ាឡុង រត់ភៀសព្រះកាយទៅជ្រកកោននៅឯស្រុកសៀម សុំការការពារពីព្រះយុវៈចូឡាលោក (59) ។
មិនយូរប៉ុន្មានក្រោយមក មេទ័ពអាណ្ណាមឈ្មោះ អុងជូរម៉ា បានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរឆ្លងកាត់ទៅស្រុកសៀមជាមួយមន្ដ្រីមួយចំនួន ដើម្បីនាំយកស្ដេចយ៉ាឡុងមកវិញ ។ ចៅហ្វ៊ាមូ និងសួស បានឯកភាពផ្ដល់ការអនុញ្ញាតឱ្យ ហើយថែមទាំងបានផ្ដល់កម្លាំងការពារជូនទៅទៀតផង ។ ក៏ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ខែត្របាត់ដំបង ពួកកម្លាំងការពារបានសម្លាប់អុងជូរម៉ា និងបក្សពួកចោល រួចចែករបស់របរគ្នា វិលត្រលប់មកស្រុកវិញអស់ទៅ ។ ឧក្រិដ្ឋកម្មនេះមិនត្រូវបានគេរកខុសរកត្រូវដាក់ទណ្ឌកម្មទេ ។ នៅកូសាំងស៊ីន គេគិតថា គឺរដ្ឋាភិបាលកម្ពុជាដែលបញ្ជាឱ្យពួកកងការពារប្រព្រឹត្ដបទល្មើសនេះ បើពុំនោះទេ គឺពួកនេះត្រូវរ៉ូវជាមួយពួកតៃសឺន ។ តែរឿងនេះបានបញ្ចប់បែបនោះទៅ ។
ទ័ពសៀមបានវិលត្រលប់ទៅបាងកកវិញហើយ ឯទ័ពអាណ្ណាមក៏បានឆ្លងព្រំដែនទៅវិញដែរ ព្រះរាជាក្មេងក៏យាងត្រលប់ចូលមកក្នុងរាជធានីឧត្ដុង្គវិញនៅក្នុងឆ្នាំដដែលនោះ ។ ទ័ពដែលគេបានកេណ្ឌបានយ៉ាងច្រើនក៏ត្រូវរំសាយឱ្យវិលត្រលប់ទៅស្រុកវិញ មិនទាន់បានប៉ុន្មានផង ស្រាប់តែចៅហ្វ៊ាមូ និងឧកញ៉ាសួស កើតមានទំនាស់នឹងគ្នា គឺនៅក្នុងខែមិថុនា ឆ្នាំ១៧៨២ ។ មុនដំបូង សួស មិនសប្បាយចិត្ដទាល់តែសោះ បានចាប់នឹកគិតសោកស្ដាយចំពោះអំពើចូលដៃចូលជើងជាមួយនឹងចៅហ្វ៊ាមូក៏សរសេរលិខិតមួយផ្ញើទៅឱ្យបែនដែលនៅជាប់ជាឈ្លើយរបស់សៀមដោយបបួលឱ្យវិលត្រលប់មកកម្ពុជាវិញ ។ គេមិនដឹងថាបែនធ្វើយ៉ាងណាទេទើបបានជាសៀមយល់ព្រមដោះលែងឱ្យវិលមកវិញ ពេលធ្វើដំណើរមកដល់បាត់ដំបងបានជួបជាមួយសួសដែលរង់ចាំនៅទីនោះ ។ អ្នកទាំងពីរបានបំផុសអ្នកស្រុកខែត្របាត់ដំបងឱ្យបះបោរឡើង ជ្រើសរើសបានទ័ពមួយកងធំ រួចនាំគ្នាមកវាយយករាជធានីឧត្ដុង្គបាន ។ ចៅហ្វ៊ាមូត្រូវគេបាញ់ព្រួញចំត្រង់ចំហៀងខ្លួនខាងស្ដាំហើយបានត្រូវខ្មែរមកពីសុកត្រាំងដែលមានតៃសឺនជាមេកោយវាយបន្ថែមសម្លាប់ចោលតែម្ដង ។ ចក្រីពាងប្អូនរបស់ចៅហ្វ៊ាមូក៏ត្រូវគេសម្លាប់ដែរ ។
នៅពេលទទួលដំណឹងថាកូនទាំង២ចុងក្រោយរបស់គាត់គឺចៅហ្វ៊ាមូ និងចក្រីពាងត្រូវគេសម្លាប់អស់ហើយ លោកជំទាវឡាង ជាម្ដាយ បានប្រកូកប្រកាសហៅរកមិត្ដភក្ដិទាំងអស់របស់កូនគាត់ រួមទាំងអ្នកដែលធ្លាប់បានទទួលផលពីខ្លួនគាត់ផង ឱ្យចូលរួមជួយគាត់ធ្វើការឃោសនាប្រឆាំងឡើង ។ គាត់ជិះដំរីដឹកនាំទ័ពប្រយុទ្ធយ៉ាងអង់អាចក្លាហាន លើសពីមនុស្សប្រុសទៅទៀត ។ ក៏ប៉ុន្ដែជំទាវឡាងត្រូវគេចាប់ខ្លួនបានជាមួយនឹងមេទ័ពមួយចំនួន នៅក្នុងការប្រយុទ្ធស៊ីសាច់ហុតឈាមមួយនៅឧត្ដុង្គ ។ ពេលនោះបែនបានឡើងជាអ្នកដឹកនាំប្រទេស ហើយគាត់គ្មានការសន្ដោសប្រណីទាល់តែសោះចំពោះពួកអ្នកប្រឆាំងនឹងគាត់ ។ បែនបានឱ្យគេខ្លុះច្រមុះជំទាវឡាង និងបក្សពួករួចធ្វើទារុណកម្មពួកនេះចាត់ទុកដូចជាសត្វក្របី គឺឱ្យវារនឹងជង្គង់រាល់ថ្ងៃទៅកាន់ទីវាលណាដែលនៅជិតហើយ ធ្វើហាក់ដូចជាស៊ីស្មៅអីចឹង ។ គេឱ្យចំណីជាបាយតែមួយពំនូតប៉ុណ្ណោះ ហើយនៅពេលណាដែលពួកនេះស្គម វារលែងរួច ទើបគេកាត់ក្បាលសម្លាប់ចោល ។
ក្រោយពេលដណ្ដើមយកអំណាចបានហើយ បែនបានប្រកាសខ្លួនជាចៅហ្វ៊ា គឺនាយករដ្ឋមន្ដ្រី រួចហើយក៏បែរមកប្រឆាំងនឹងសួសជាដៃគូក្បត់របស់គាត់វិញ ហើយឱ្យគេសម្លាប់ចោលទៅនៅពេលដែលសួសត្រូវរ៉ូវគ្នាជាមួយលោកអរជូន (60) ចៅហ្វាយខែត្រត្បូងឃ្មុំ ប្រុងកេណ្ឌទ័ពប្រឆាំងនឹងគាត់ នៅក្នុងឆ្នាំ១៧៩០ ។ អ្នកដែលសម្លាប់សួស គឺកូនប្រសារបស់គាត់ មាសកៃសឺន (៦១) ដែលគាត់បានសម្លាប់ឪពុកកាលពីមុន រួចហើយបានលើកកូនស្រីឱ្យដើម្បីកុំឱ្យចងចិត្ដខឹងនឹងគាត់ ។ សម្លាប់ឪពុកក្មេករួចហើយ មាសសម្លាប់ប្រពន្ធដែលបានស្ដីបន្ទោសឱ្យខ្លួនចោលទៀត ដោយនិយាយថា ដើម្បីសងសឹកជួសឪពុក ។
ពេលដឹងថាសួសត្រូវគេសម្លាប់ហើយ លោកអរជូនក៏ដឹកនាំទ័ពដែលមានចាមមួយចំនួនធំ ធ្វើដំណើរមកកាន់ភ្នំពេញ ហើយចាត់ឱ្យជនម៉ាឡេឈ្មោះ ទួនសេត ដែលកាន់ទ័ពស្រួច ចេញវាយប្រហារទៅលើចៅហ្វ៊ាបែន ។ ចៅហ្វ៊ាបែន និងឧកញ៉ាក្រឡាហោមប៉ុកបានរត់គេចខ្លួនទៅកាន់ខែត្របាត់ដំបង រួចទៅស្រុកសៀម ដោយនាំយកយុវក្សត្រព្រះអង្គអេង ព្រះមាតុច្ឆា២អង្គ និងព្រះរៀមក្សត្រី៣អង្គទៅជាមួយផង ។ ស្ដេចសៀមទទួលសាទរក្រុមអ្នកភៀសខ្លួនខ្មែរ ហើយព្រះឧបរាជ ឬចៅវាំងណាក៏ទទួលយកព្រះក្សត្រីទាំង៣អង្គ ជាព្រះជាយាតែម្ដង ។ ស្ដេចសៀមបានលើកចៅហ្វ៊ាបែនជាហួមឿង (ចៅហ្វាយខែត្រ) បាត់ដំបង នៅក្នុងឆ្នាំ១៧៩១ មានងារជាចៅពញាអភ័យធីបែសវិសេសសង្គ្រាមរាម ។ល ។ ដែលជាងាររបស់ស្ដេចត្រាញ់ខែត្របាត់ដំបង កាលនៅជាទឹកដីកម្ពុជានៅឡើយ ។
នៅក្នុងឆ្នាំ១៧៩៤ ចៅហ្វ៊ាបែន បានរៀបចំពិធីអភិសេកព្រះរាជាអង្គអេង ដែលមានព្រះជន្ម២០ព្រះវស្សាហើយនៅបាងកក ដោយថ្វាយព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះនរាយណ៍រាជាធិរាជ» ។ ការដែលរៀបចំអភិសេកព្រះរាជាកម្ពុជានៅឯរាជធានីបាងកករបស់សៀម ដោយស្ដេចសៀមដូច្នេះ ជាការបញ្ជាក់ថា កម្ពុជាទទួលស្គាល់ថាខ្លួនជានគរចំណុះ ហើយទទួលការគ្រប់គ្រងរបស់សៀម ។ គឺក្នុងនាមជាអ្នកការពារនេះឯង ដែលពេលក្រោយមកស្ដេចសៀមបានរៀបចំឱ្យទ័ពសៀមមួយកងមានចៅហ្វ៊ាបែនជាមេបញ្ជាការ ជូនដំណើរព្រះរាជាមកកាន់ឧត្ដុង្គ ។
ពេលទទួលបានដំណឹងថាចៅហ្វ៊ាបែនធ្វើដំណើរមកដល់ខែត្របាត់ដំបងហើយ លោកយមរាជកុយ បានដឹកនាំទ័ពមួយកងតូចទៅទប់ទល់ តែត្រូវបរាជ័យហើយស្លាប់នៅក្នុងការប្រយុទ្ធនោះទៅ ។ ឃើញផ្លូវចូលទៅឧត្ដុង្គស្រឡះហើយ ចៅហ្វ៊ាបែនក៏ប្រញាប់រួសរាន់ដឹកនាំទ័ពចូលទៅជួបជាមួយទ័ពអាណ្ណាមពួកតៃសឺន ដែលឡើងមកជួយពួកខ្មែរតាមការស្នើសុំ មានអុងជូរម៉ា និងអុងធុងប៊ិញជាមេបញ្ជាការ ។ ចៅហ្វ៊ាបែនបានវាយទ័ពអាណ្ណាមនោះ បង្ខំឱ្យដកថយចេញទៅកូសាំងស៊ីនវិញ ។ ពេលនោះមាននៅសល់តែមេទ័ពអាណ្ណាមម្នាក់ប៉ុណ្ណោះនៅកម្ពុជា ចំណែកនៅបាសាក់-សុកត្រាំង គឺអុងចុកស៊ីម ។
ក្រោយពីដណ្ដើមបានជ័យជម្នះលើពួកខ្មែរដែលជាសត្រូវ និងសម្ព័ន្ធមិត្រអាណ្ណាមរួចហើយ ចៅហ្វ៊ាបែនបានចាត់ឱ្យលោកចក្រីកែប និងលោកយមរាជកាន ដែលតែងតាំងថ្មី ដឹកនាំទ័ពជើងទឹកទៅមាត់ជ្រូក (ចូវដុក) វាយដណ្ដើមយកទឹកដីមួយចំនួនមកវិញ ។ ចក្រីកែបបានជួបប្រយុទ្ធជាមួយទ័ពរបស់ អុងចុកស៊ីម នៅព្រែកធ្លាង ហើយវាយបង្ខំឱ្យអុងចុកស៊ីមរត់ចូលទៅសាយហ្គន តាមមេទ័ព២នាក់មុនទៅ ។
ពេលនោះពួកតៃសឺននៅកូសាំងស៊ីនមិនទាន់មានលទ្ធភាពធ្វើការសងសឹកមកលើកម្ពុជាបាននៅឡើយទេ ព្រោះពួកគេទើបតែប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយស្ដេចយ៉ាឡុង ដណ្ដើមយកបានរាជធានីវ៉េ ស្រុកនៅរំជើបរំជួលនៅឡើយ គេនៅត្រូវប្រយុទ្ធជាមួយទ័ពព្រះរាជាដែលនៅសេសសល់ ហើយត្រូវបន្ដបង្ក្រាបភូមិស្រុកដែលមិនព្រមចំណុះថែមទៀត ។ ចំណែកស្ដេចយ៉ាឡុងវិញ បានរត់ទៅស្រុកសៀមសុំជំនួយ ហើយត្រូវភៀសព្រះកាយពីក្រុងបាងកកមកគង់នៅឯកោះត្រល់ (កោះភូកុក) នៅក្នុងឈូងសមុទ្រសៀមនៅទន្ទឹមនឹងហាទៀង និងកំពត ។ ពេលជ្រើសរើសបានទ័ពថ្មី និងប្រមូលបានបក្សពួកជាច្រើន ទ្រង់ចាប់ផ្ដើមលុកលុយយកខែត្រទឹកខ្មៅ (កាម៉ៅ) និងត្រានយ៉ាង (រ៉ាចយ៉ា) ដាក់មកក្នុងអំណាចព្រះអង្គ ។ ប្រតិបត្ដិការនេះបានធ្វើឱ្យព្រះអង្គស្ដារបាននូវព្រះកិត្ដិនាមឡើងវិញ ទ្រង់ក៏យាងមកកាន់រាជធានីឧត្ដុង្គសុំជំនួយពីចៅហ្វ៊ាបែន ដើម្បីបណ្ដេញពួកតៃសឺនចេញពីសាយហ្គន ធ្វើឱ្យព្រះអង្គបានត្រួតត្រាលើកូសាំងស៊ីនភាគខាងត្បូងទាំងមូល ។
ចៅហ្វ៊ាបែនបានរៀបចំទ័ពមួយកងតូច ដាក់ភ្ជាប់ជាមួយទ័ពអាណ្ណាមរបស់ស្ដេចយ៉ាឡុង ហើយចេញដំណើរទៅសាយហ្គន ជាមួយលោកចក្រី និងលោកយមរាជ ។ ទ័ពសម្ព័ន្ធមិត្របានវាយពួកតៃសឺនឱ្យបរាជ័យ ហើយមេរបស់គេគឺអុងចុកស៊ីមក៏ត្រូវសម្លាប់បាន ។ ស្ដេចយ៉ាឡុង បានយាងត្រលប់ទៅរាជធានីវ៉េវិញ ឯទ័ពកម្ពុជាក៏ត្រលប់មកកាន់រាជធានីឧត្ដុង្គឮជ័យវិញដែរ នៅក្នុងឆ្នាំ១៧៩២ ។
នៅពេលទ័ពខ្មែរត្រលប់មកពីសង្គ្រាមនៅកូសាំងស៊ីនបានបន្ដិច ស្ដេចសៀម ក្នុងនាមជាស្ដេចមានអធិរាជភាពលើកម្ពុជា បានសុំឱ្យចៅហ្វ៊ាបែនប្រគល់កម្លាំង១ម៉ឺននាក់ទៅជួយជីកព្រែកស្រះកេតនៅឯបាងកក នៅក្នុងសង្កាត់សមសែន មានន័យថា គ្រួសារ១សែន ។ ចៅហ្វ៊ាបែនគោរពតាមបញ្ជានេះ ហើយបានធ្វើឱ្យគាត់មានសត្រូវជាច្រើននៅកម្ពុជា ។
គឺនៅពេលនោះឯងដែលស្ដេចសៀមបញ្ជូនព្រះអង្គអេង ដែលគេបានរៀបចំពិធីអភិសេកថ្វាយនៅឯបាងកក ឱ្យមកឧត្ដុង្គវិញ គឺរង់ចាំរហូតដល់ពេលនេះទើបគេឱ្យទ្រង់មានសិទ្ធិគ្រប់គ្រងព្រះរាជាណាចក្រ ។ ព្រះរាជកាយវិការដំបូងរបស់ព្រះអង្គគឺការលើកលោកក្រឡាហោមឱ្យឡើងជាចៅហ៊្វាទឡ្ហៈ និងការប្រគល់ត្រាទៅឱ្យមន្ដ្រីដែលចៅហ្វ៊ាបែនបានតែងតាំង ស្របទៅតាមទំនៀមទម្លាប់ពីបុរាណ ។ រួចហើយទ្រង់បានជម្រាបទៅចៅហ្វ៊ាបែនថា ព្រះរាជាសៀមចង់ឱ្យគាត់ទៅនៅចាត់ចែងគ្រប់គ្រងខែត្របាត់ដំបងរបស់គាត់វិញ ។ ការលើកព្រះអង្គអេង ដែលមានព្រះជន្ម២១ព្រះវស្សា ឱ្យឡើងគ្រងរាជសម្បត្ដិវិញដូច្នេះ វាសមស្របទៅនឹងបំណងរបស់ប្រជារាស្ដ្រឧត្ដុង្គដែលនឿយណាយនឹងការខ្វះស្ដេចសោយរាជ្យយូរមកហើយ ព្រោះលោកអរជូន ស្ដេចត្រាញ់ដីត្បូងឃ្មុំ មិនអាចធ្វើឱ្យគេគោរពបាន មិនចេះដឹកនាំចាត់ចែងការងារ ។ ចៅហ្វ៊ាបែន ក្រោយពីបានទទួលការអនុញ្ញាតពីព្រះរាជារួចហើយ ក៏ដឹកនាំទ័ពសៀមត្រលប់ទៅបាត់ដំបងវិញ ជាទីដែលយើងបានឃើញរួចមកហើយថា គាត់បានទទួលការតែងតាំងពីស្ដេចសៀមជាចៅហ្វាយខែត្រ ។ ចាប់តាំងពីពេលនោះរហូតមកដល់ឆ្នាំ១៩០៧ ដីនោះ រួមទាំងខែត្រអង្គរផង ដែលគេបានភ្ជាប់ទៅនឹងបាត់ដំបង នៅក្រោមការត្រួតត្រារបស់ចៅហ្វ៊ាបែន ដែលចំណុះហើយទទួលបញ្ជាពីស្ដេចសៀម បានក្លាយទៅជាទឹកដីរបស់លោកម្ចាស់ គឺចៅហ្វ៊ាបែននេះឯង គ្មានទំនាក់ទំនងរដ្ឋបាលអ្វីជាមួយនឹងព្រះរាជាកម្ពុជាទេ ។ ចំណែកឯបណ្ដាខែត្រដែលស្ថិតនៅពីខាងជើងបាត់ដំបងវិញ មានមង្គលបុរី សិរីសោភ័ណ និងកូរ៉ាត គេមិនចាំបាច់សង្ស័យអ្វីឡើយ ពួកសៀមបានយកដាក់ធ្វើជាទឹកដីរបស់គេយ៉ាងស្ងៀមស្ងាត់ នៅក្នុងឆ្នាំ១៧៩៥ ។
គេអាចនឹងងាយយល់អំពីសកម្មភាពរបស់សៀម ហើយទទួលស្គាល់វិធីសាស្ដ្រដែលគេបានប្រើណាស់ ដើម្បីធ្វើឱ្យទឹកដីដ៏ធំ និងមានសារសំខាន់ជាយុទ្ធសាស្ដ្រខាងផ្នែកយោធានេះ បានត្រូវផ្ដាច់ចេញពីកម្ពុជា ដោយមិនដឹងខ្លួន ។ ចៅហ្វ៊ាបែនជាមនុស្សក្បត់ប្រាកដណាស់ព្រោះបានដឹងហើយថាខ្លួនមានតួនាទីខ្ពង់ខ្ពស់មួយតែបែរជាកាត់យកទឹកដីមួយចំណែកធំចេញពីព្រះរាជាណាចក្រយកមកគ្រប់គ្រង ក្រោមគោរមងារសៀមជា ហួមឿង ប្រៀបបានទៅនឹងព្រះរាជាណាចក្រតូចមួយស្ថិតនៅចន្លោះកម្ពុជានឹងសៀមទៅវិញ ។ ក្រោយពីបានរៀបចំឱ្យមានព្រះរាជាគង់លើរាជបល្ល័ង្កវិញរួចហើយ គាត់បានរក្សាទ័ពដែលបានជួយគាំទ្រដល់ការងារនេះទុកនៅក្នុងខែត្ររបស់គាត់សិន ដោយគាត់ថាដើម្បីបង្ការសម្រាប់ជួយព្រះរាជាបើសិនណាជាព្រះអង្គទទួលការគំរាមកំហែង ។ ដោយទ័ពនោះជាទ័ពបរទេស តែមានគាត់ជាមេបញ្ជាការ ត្រង់នេះមានន័យច្បាស់ណាស់ថាគាត់គឺជាចៅហ្វាយខែត្រខ្មែរ ប៉ុន្ដែគាត់ស្ថិតនៅក្រោមបញ្ជាការរបស់ស្ដេចសៀម ឯទឹកដីដែលគាត់រស់នៅជាទឹកដីខ្មែរ ។ ប៉ុន្ដែអ្វីៗនៅស្ងៀមស្ងាត់ គ្មាននរណាបានគិតដល់ទេ ។ នៅពេលក្រោយៗមក ចៅហ្វ៊ាបែនគោរពតាមតែបញ្ជាមកពីបាងកក មិនទទួលបញ្ជាពីឧត្ដុង្គទេ និងឡើងចុះចេញចូលរាជវាំងទាំង២ ក៏ប៉ុន្ដែលើកតង្វាយទៅថ្វាយតែស្ដេចសៀម មិនមែនក្នុងនាមជាចៅហ្វាយខែត្រទេ គឺក្នុងនាមជាមេទ័ពសៀម ។ ចំណែកចំណូលផ្សេងៗនៅក្នុងខែត្រ គាត់រក្សាទុកដើម្បីចិញ្ចឹមទាហានដែលនៅជាមួយគាត់ ក៏ប៉ុន្ដែបានថ្វាយជំនូនទៅស្ដេចសៀមដដែល ដែលរឹតតែបញ្ជាក់ឱ្យឃើញអំពីភាពចំណុះរបស់គាត់ ។ កូនៗរបស់គាត់បានបន្ដដំណែងពីគាត់ ហើយក៏បានបន្ដនយោបាយនេះរហូតមក ។ ការកាត់យកទឹកដីកម្ពុជាដាក់ជាចំណុះសៀម បានប្រព្រឹត្ដទៅបែបនេះបន្ដិចម្ដងៗទៅតាមកាលៈទេសៈ ដោយគ្មានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ ដំបូងឡើយដឹកនាំដោយអ្នកដែលមានបំណងច្បាស់លាស់រួចបន្ដដោយកូនចៅរបស់គាត់ ។ ហេតុការណ៍នេះបានស្ថិតស្ថេរគង់វង្សនៅរហូតមកដល់សព្វថ្ងៃនេះដោយគ្មានការចុះអនុសញ្ញាអ្វីមួយជាលាយលក្ខណ៍អក្សរ ឬជាពាក្យសម្ដីសោះទេ មានតែការចងចាំតៗគ្នាមកប៉ុណ្ណោះ ។ តាមពិតទៅ កម្ពុជានៅក្នុងសតវត្សរ៍ទី១៩គ្មានកម្លាំងអ្វីនឹងធ្វើការទាមទារយកទឹកដីមកវិញឡើយ តែការកាត់យកទឹកដីទៅដោយពួកសៀមនេះបានត្រូវគេទទួលស្គាល់ក្នុងចិត្ដគំនិតទៅហើយ តាំងតែពីមុនពេលដែលមានសន្ធិសញ្ញាបារាំងសៀមនៅក្នុងឆ្នាំ១៨៦៧ ទៅទៀត ។ សន្ធិសញ្ញានេះគ្មានតម្លៃអ្វីសោះ ព្រោះគេនាំគ្នាចុះហត្ថលេខាដោយមិនបានសួរយោបល់ព្រះរាជាកម្ពុជាផងទេ ព្រះអង្គក៏បានប្រកែកមិនទទួលស្គាល់ថែមទៀត ។ ក៏ប៉ុន្ដែវានៅតែមានតម្លៃរហូត ដោយមកពីប្រទេសបារាំងដែលគ្មានព័ត៌មានច្បាស់លាស់ បានចុះហត្ថលេខា ។
នៅឆ្នាំបន្ទាប់មកទៀត ក្នុងពេលដែលគេកំពុងតែរវល់កសាងរាជវាំងដើម្បីព្រះរាជាថ្មីនៅពីខាងកើតវត្ដវាំងក្ដារ ព្រះបាទអង្គអេងបានបញ្ជូនសំណើទៅស្នើសុំស្ដេចសៀម សូមឱ្យបញ្ជូនព្រះមាតុច្ឆាមួយអង្គក្នុងចំណោមព្រះមាតុច្ឆាទាំង២អង្គ គឺសម្ដេចព្រះភគវតី មហេសីទាំង៣អង្គ និងរាជបុត្រទាំង៤អង្គ ព្រមទាំងសេនាភីលៀងផង មកកម្ពុជាវិញ ។ ព្រះរាជាសៀមបានបញ្ជូនអ្នកទាំងអស់នោះមក នៅក្នុងរវាងខែឧសភា ឆ្នាំ១៧៩៥ ។
ព្រះបាទអង្គអេង បានចេញព្រះរាជបញ្ជាជាច្រើន ដែលគួរតែលើកយកមករៀបរាប់ ។ ព្រះរាជបញ្ជាមួយនោះទាក់ទងទៅនឹងពួកមហាតលិក មហាទេព និងមហាមន្ដ្រី ដែលមានត្រារំលេចទៅដោយភ្ញីផ្កាមួយរង្វង់ ត្រូវបាំងក្លស់២ជាន់ធ្វើអំពីសូត្រពណ៌ក្រហមពាក់អាវផាយពណ៌ផ្កាកូលាប និងមានកាន់ថង់រងផង (62) ពេលចូលមកក្នុងព្រះរាជវាំង ។ មន្ដ្រីដែលមានសក្ដិ ៨-៩ហ៊ូពាន់ (63) អាចពាក់អាវផាយពណ៌បៃតង ហើយបាំងក្លស់សូត្រមួយជាន់ពណ៌បៃតងដែរ ។ អ្នកដែលមានសក្ដិ៦-៧ហ៊ូពាន់មានអាវផាយ និងក្លស់ពណ៌ស្វាយ ។ ឯអ្នកមានសក្ដិ៤-៥ហ៊ូពាន់វិញ អាចមានត្រឹមតែអាវផាយពណ៌ខៀវប៉ុណ្ណោះ ។ ព្រះរាជបញ្ជានោះក៏បានបញ្ជាក់ផងដែរថា ភរិយារបស់មន្ដ្រីមានសក្ដិ ៩-១០ហ៊ូពាន់ ត្រូវមានឋានៈជា ឃុនណាង (64) ។
នៅឆ្នាំបន្ទាប់មក ព្រះរាជាអង្គអេងទ្រង់ប្រឈួនរួចសុគតទៅនៅក្នុងព្រះជន្ម២៦ព្រះវស្សា ។ ទ្រង់សោយរាជ្យសរុបទាំងអស់បាន២០ឆ្នាំចែកចេញជា២រជ្ជកាល ដែលចន្លោះពីគ្នា៣ឆ្នាំ ។ រាជពង្សាវតារក៏ដូចជាការនិទានតៗគ្នា មិនបានកត់សម្គាល់ឃើញមានអ្វីដែលជាស្នាដៃពិសេសរបស់ព្រះរាជាអង្គនេះទេ និងគ្មានការសាងសង់អ្វីជាផលប្រយោជន៍ដល់សាសនាដែរ ។ ទ្រង់មិនបានធ្វើអ្វីជាដុំកំភួនទេ ព្រោះពេញមួយជីវិតរបស់ព្រះអង្គត្រូវដឹកនាំដោយជនបរទេស ឬក៏មន្ដ្រីដែលព្រះអង្គមិនបានតែងតាំងឡើង តែគេបានដាក់មកឱ្យព្រះអង្គទទួលយក ។ គេអាចនិយាយបានថា ព្រះអង្គក្បត់ជាតិ ព្រោះវាហាក់ដូចជាទ្រង់បានដោះដូររាជសម្បត្ដិជាមួយនឹងទឹកដីបាត់ដំបង និងអង្គរ ។
No comments:
Post a Comment