Sunday, February 18, 2024

ព្រះ​ជ័យជេដ្ឋាទី២ (១៦១៩-១៦២៧)

ក្រោយ​ពី​លាចាក​សិក្ខាបទ ព្រះរាជា និង​ព្រះ​វររាជ​មាតុច្ឆា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​កសាង​វត្ដ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ខែត្រ​សំរោងទង​ត្រង់​កន្លែង​ដែល​ពេល​កំពុង​រត់គេច​ពី​សត្រូវ​ ស្នំ​ព្រះ​នាង​ឈ្មោះ​នាង​អំ​បាន​ថ្វាយ​ផ្កា​ដល់​ព្រះ​នាង​នៅ​ក្រោម​ម្លប់​ដើម​ជ្រឹង ។ វត្ដ​នោះ​មាន​ឈ្មោះ​ថា វត្ដ​អូជ្រឹង ។

នៅ​ទី​បញ្ចប់ ព្រះរាជា​បាន​ឱ្យ​គេ​សង់​វត្ដ​មួយ​ទៀត​នៅ​គោកចំបក់ ត្រង់​កន្លែង​មួយ​ដែល​អ្វីៗ​ទាំងអស់​នៅ​ជុំវិញ​ព្រះរាជា​កំពុង​តែ​រំជើប​រំជួល អ្នក​ទាំងអស់​គ្នា​កំពុង​តែ​ភ័យ​ខ្លាច ​រាជា​ទត​ឃើញ​មេគោ​មួយ​ក្បាល​បំបៅ​កូន ធ្វើ​វា​ហី ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ។ វត្ដ​នោះ​មាន​ឈ្មោះ​ថា វត្ដ​មេគោ​បំបៅ​កូន ។

បន្ទាប់​មក ព្រះរាជា​បាន​ឱ្យ​គេ​សង់​ដំណាក់​មួយ​នៅ​ក្បែរ​វត្ដ​ចុង​ក្រោយ​នេះ រួច​ហើយ​ទ្រង់​ក៏​ចាប់​រៀបចំ​រចនាសម្ព័ន្ធ​រដ្ឋបាល​របស់​ព្រះរាជា​ណាចក្រ​ឡើង​វិញ ប្រទាន​រង្វាន់​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ធ្លាប់​តាម​ដង្ហែ​ព្រះ​អង្គ​ដោយ​ស្មោះស្ម័គ្រ ។ ទ្រង់​បាន​ចាត់​តាំង​ចតុស្ដម្ភ គឺ​ឧកញ៉ា​យោមរាជ ឧកញ៉ា​វាំង ឧកញ៉ា​ក្រឡាហោម និង​ឧកញ៉ា​ចក្រី​ឡើង​វិញ បន្ទាប់​មក​មាន​រាជ​តេជោ និង​មហាតលិក​ឆ្វេង​ស្ដាំ​គឺ​មហាទេព និង​មហាមន្ដ្រី ។

ព្រះរាជា​ក៏​បាន​ចាត់តាំង​ផង​ដែរ​នូវ​មន្ដ្រី​៥​រូប​សម្រាប់​តាម​បម្រើ​សម្ដេច​ព្រះទាវ​ជា​ព្រះ​មាតុច្ឆា ក្នុង​នោះ​មាន​ឈ្មោះ សួស ជា​អ្នក​បាន​ជួយ​សង្គ្រោះ​ព្រះ​ក្សត្រី ដែល​មាន​ឋានៈ​ជា​ក្រឡាពាស ហើយ​ដំឡើង​ឱ្យ​ទៅ​ជា​ថ្នាក់​សម្ដេច​ចៅពញា ទទួល​បាន​ភូមិ​៩ រួម​ទាំង​ខ្ញុំ និង​អ្នកស្រុក ដែល​រស់នៅ​ក្នុង​ភូមិ​នោះ​ទាំងអស់ (38) ជា​កម្មសិទ្ធិ ។

មន្ដ្រី​២​រូប គឺ​អ្នក​អ៊ីម ដែល​បាន​ចាប់​កាន់​អាវុធ​មុន​គេ និង​ចៅ​ជៃលី ដែល​បាន​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​ព្រះរាជា​ណាចក្រ​ត្រូវ​ដាក់​ទោស​ប្រហារ​ជីវិត​បង់​ ម្នាក់​ដោយ​ជ្រមុជ​ក្នុង​ទឹកស្រះ​ ម្នាក់​ទៀត​ជ្រមុជ​ក្នុង​ទឹក​ព្រែក ។

បន្ទាប់​ពី​ផ្ដល់​យុត្ដិធម៌​រួច ព្រះរាជា​បាន​យាង​ត្រលប់​វិល​មក​គង់នៅ​ឯ​ឧត្ដុង្គ ជា​ព្រះរាជ​ធានី​វិញ ។​

ពេល​នោះ​នៅ​ឯ​ខែត្រ​ស្រីសន្ធរ​មាន​រាជវង្ស​២​អង្គ​គឺ​ ព្រះ​អង្គ​អ្នក​ចន្ទ​ និង​ព្រះ​អង្គ​អ្នក​អុក​ ដែល​ជា​មិត្ដភក្ដិ​របស់​អតីត​ព្រះ​ឧភយោរាជ​ បាន​ដឹកនាំ​អ្នកស្រុក​ឱ្យ​បះបោរ​ឡើង​ ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ខែត្រ​ព្រៃវែង​ជាទី​កន្លែង​ដែល​ពួក​កាន់​សាសនា​កាតូលិក​រស់នៅ ពួក​នេះ​ពី​មុន​ដឹកនាំ​ដោយ​លោក​ឪពុក សឺវ្រឺយ ។ ព្រះរាជា​បាន​បញ្ជា​ឱ្យ​សម្ដេច​ព្រះ​ស្រឡៅ​ដឹកនាំ​ទ័ព​ទៅ​បង្ក្រាប​ពួក​នោះ​ ចាប់​រាជវង្ស​ទាំង​២​បាន​ហើយ​ធ្វើឃាត​ចោល​នៅ​នឹង​ជ្រោយ​បន្លៀ​ រួច​ទ្រង់​បាន​បែងចែក​ភូមិ​ទាំង​៩​ជា​កម្មសិទ្ធិ​របស់​រាជវង្ស​ទាំង​២​ឱ្យ​ទៅ​សម្ដេច​ពញា​ស្រឡៅ និង​រាជវង្ស​ផ្សេងៗ​ទៀត (39) ។

ការ​បះបោរ​ខាងលើ​នេះ​មាន​រយៈពេល​ប្រហែលជា​៣​ខែ ។ ក្រោយ​ព្រឹត្ដិការណ៍​នេះ ព្រះរាជា​បាន​យាង​ចេញ​ពី​រាជធានី​ឧត្ដុង្គ មក​គង់នៅ​ឯ​កំពង់ក្រសាំង ត្រង់​ទួល​ព្រះស្រី​វិញ ។ នៅ​ទួលក្រសាំង​នេះ​ព្រះ​អង្គ​បាន​ចាត់​តាំង​គណៈរដ្ឋមន្ដ្រី ដោយ​រាប់​បញ្ចូល​ទាំង​បុរោហិត​ ចៅក្រម​ជាន់ខ្ពស់​ ចៅហ្វាយ​ឃ្លាំង​ទាំង​៤ និង​ចៅហ្វាយ​ស្រុក​ទាំង​១០​ថ្នាក់ ។ គឺ​នៅ​ក្នុង​ភូមិ​ទួលក្រសាំង​នេះ​ឯង​ដែល​អា​គោ ខ្ញុំ​របស់​ពញា​ភក្ដី​សង្គ្រាម​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង​អំ ភីលៀង​ដែល​បាន​ថ្វាយ​ផ្កា​មួយ​ទង​ដល់​ព្រះ​ទាវ ហើយ​ត្រូវ​បាន​លើក​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​គោកសេះ​ឡើង (40) ។

មាន​បញ្ហា​មួយ​ធំ​ជាង​បញ្ហា​អាពាហ៍ពិពាហ៍​នោះ​ទៅ​ទៀត ដែល​ធ្វើ​ឱ្យ​គណៈរដ្ឋមន្ដ្រី​ឈឺក្បាល គឺ​បញ្ហា​ផ្លាស់​ប្ដូរ​រាជធានី ។ ក្រោយ​ពី​បាន​សាកសួរ​ទីប្រឹក្សា ហោរា និង​ព្រះ​សង្ឃរាជ​រួច​មក គេ​សម្រេច​ថា​រាជធានី​ទួលក្រសាំង​នេះ មាន​ប្រជាជន​ច្រើន ចង្អៀត​ណាស់ គួរ​ដូរ​រាជធានី​ទៅ​ដាក់​នៅ​ឯ​បឹងក្បិន​វិញ ។ ការ​ផ្លាស់​ប្ដូរ​រាជធានី​នេះ​ប្រព្រឹត្ដ​ទៅ​នៅ​ឆ្នាំ​បន្ទាប់ ហើយ​រាជធានី​ថ្មី​មាន​ឈ្មោះ​ថា ដំណាក់ ។

មាន​ការ​បះបោរ​មួយ​ទៀត​កើត​ឡើង​ធ្វើ​ឱ្យ​សភាពការណ៍​ក្នុង​ព្រះរាជាណាចក្រ​ភាគ​ខាងត្បូង​ល្អក់​កករ​បន្ដិច ។ នោះ​គឺ​ការ​បះបោរ​របស់​ពួក​ចិន​នៅ​មីថ ក្រោម​ការ​អុជអាល​របស់​ឈ្មោះ ហ៊ិញ​តាំ ជា​ជំនួយការ​ម្នាក់​របស់​ឧត្ដមសេនីយ៍​ឌួង​ង៉ាន់ឌីច ។ ពួក​បះបោរ​បាន​សម្លាប់​ឌួង​ង៉ាន់ឌីច រួច​ហើយ​លើក​ហ៊ិញ​តាំ​ឱ្យ​ធ្វើ​មេ និង​ប្រកាស​ទឹកដី​ម្ដុំ​នោះ​ជា​ក្សត្រ​ប្រទេស​មួយ​ឯករាជ្យ ។ ពួក​បះបោរ​បាន​ស្លដែក​ចាក់​ធ្វើ​កាំភ្លើង​ធំ និង​កេណ្ឌ​បាន​ទូក​ក្ដារ​បាន​ជា​ច្រើន ។ គេ​បិទ​ផ្លូវ​ចរាចរ បង្កើត​គយ​យាម​ល្បាត ហើយ​ឃាត់​ពួក​ខ្មែរ​ឱ្យ​បង់ប្រាក់​លោះ ។

ព្រះរាជា​កម្ពុជា​ឈ្វេង​យល់​ថា ពួក​ចិន​នេះ​នឹង​មក​វាយប្រហារ​ព្រះរាជាណាចក្រ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ទើប​ទ្រង់​បញ្ជា​ឱ្យ​គេ​សង់​កំពែង​ការពារ​នៅ​ភ្នំពេញ​នៅ​បាក់ណាម​ និង​នៅ​គោប៊ីច រួច​ហើយ​បាន​ឱ្យ​គេ​ធ្វើ​ធ្នស់​បិទ​ទន្លេ នៅ​ត្រង់​បាណាម ដោយ​ចង​ក្បូន​នឹង​ច្រវាក់​មាំៗ ។

ព្រះ​ឧភយោរាជ​អង្គ​នន់ ពេល​នោះ​ទ្រង់​គង់នៅ​ឯ​ព្រៃនគរ ។ ទ្រង់​មាន​ពិភាល់​ខ្លាំង​ណាស់​នឹង​ការ​បះបោរ​របស់​ពួក​ចិន​នេះ ដែល​គ្មាន​សម្ព័ន្ធភាព​អ្វី​ជាមួយ​ព្រះ​អង្គ​ទេ ក៏​សំណូមពរ​សុំ​ជំនួយ​ពី​ពួក​អាណ្ណាម ។ ពេល​នោះ​ពួក​អាណ្ណាម​ប្រុងប្រៀប​តែ​នឹង​ប្រកាស​សង្គ្រាម​ជាមួយ​កម្ពុជា​ទៅ​ហើយ បាន​ហៅ​ហ៊ិញ​តាំ​ឱ្យ​មក​ចុះចូល​នឹង​ខ្លួន ​រួច​ឱ្យ​ដឹក​ទ័ព​ដើរ​មុខ ។ ហ៊ិញ​តាំ​ពេល​នោះ​រីករាយ​ណាស់​នឹង​បាន​ត្រូវ​គេ​ទទួល​ស្គាល់ ចាត់​ទុក​ដូចជា​ស្ដេច ក៏​ចាប់​ចេញ​ដំណើរ ហើយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ពួក​អាណ្ណាម ដែល​មាន​ទូក​សំពៅ​ច្រើន​លើស​លុប​ព័ទ្ធ​ជិតជុំ ។ ហ៊ិញ​តាំ ក៏​ត្រូវ​ពួក​អាណ្ណាម​ចាប់​បាន រួច​សម្លាប់​ចោល​ទៅ ឯ​បន្ទាយ​ទាំងឡាយ​ក៏​ត្រូវ​គេ​បំផ្លាញ​ចោល​គ្មាន​សល់ ។ អាណានិគម​ចិន​នៅ​មីថ​ក៏​ត្រូវ​បាន​គេ​ប្រគល់​ឱ្យ​អុងប៉ាង​ចិន​នៅ​បារាជ​ឈ្មោះ ត្រាន់ កាន់​កាប់​គ្រប់​គ្រង​វិញ ។

ទ័ព​អាណ្ណាម​ក្រោយ​ពី​បាន​កម្ទេច​ទ័ព​ពួក​បះបោរ​ចិន​នៅ មីថ រួច​ហើយ មិន​បាន​ឈប់​នៅ​ស្ងៀម​ទេ ។ បាន​បន្ដ​ដំណើរ​មក​វាយ​ដណ្ដើម​យក​ភ្នំពេញ​ទៀត រហូត​ទាល់តែ​បាន ។

ព្រះរាជា​កម្ពុជា​បាន​ភៀស​ព្រះ​កាយ​មក​គង់នៅ​ឯ​កំពង់ហ្លួង លើ​ច្រាំង​ខាងស្ដាំ​ទន្លេសាប ត្រឹម​ឧត្ដុង្គ រួច​ទ្រង់​បាន​ផ្ញើ​ទូត​មក​សុំ​ចរចា​សន្ដិភាព ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ សន្ធិសញ្ញា​សន្ដិភាព​រវាង​កម្ពុជា និង​អាណ្ណាម ក៏​បាន​ត្រូវ​ចុះ​ហត្ថលេខា​ជា​ថ្មី ដោយ​កំណត់​ឱ្យ​កម្ពុជា​លើក​សួយសារ​អាករ​ថ្វាយ​ព្រះរាជា​អាណ្ណាម​ជា​រៀង​រាល់​ឆ្នាំ ។

មាន​ការ​និទាន​តៗ​គ្នា​ថា ក្បួនច្បាប់​ផ្សេងៗ​របស់​ព្រះរាជាណាចក្រ​បាន​ត្រូវ​ខ្ចាត់ខ្ចាយ​រប៉ាត់រប៉ាយ​បាត់​អស់​ជាមួយ​នឹង​ការ​បាក់បែក​លង្វែក​កាលពី​ឆ្នាំ​១៥៩៣ ធ្វើ​ឱ្យ​ពួក​ចៅក្រម​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​កាត់​សេចក្ដី ព្រោះ​គ្មាន​អ្វី​ជា​សំអាង កាត់​សេចក្ដី​ទៅ​តាមតែ​ការ​ចង​ចាំ​ប៉ុណ្ណោះ ។ ព្រះរាជា​មុនៗ​បាន​បញ្ជា​ឱ្យ​ខិតខំ​ប្រមែ​ប្រមូល​ក្បួនច្បាប់​ទាំងអស់​ពី​តាម​បណ្ដា​ខែត្រ និង​វត្ដ​អារាម​ឡើង​វិញ​ដែរ ហើយ​គេ​ប្រមូល​បាន​មក​វិញ​ជា​ច្រើន ក៏​ប៉ុន្ដែ​ក្បួនច្បាប់​ទាំង​អស់​នោះ​មិន​ត្រូវ​គ្នា​ទេ មួយ​ចំនួន​ប្រែ​ខុស​ច្បាប់​ដើម​ដោយ​ការ​ចម្លង​តៗ​គ្នា​មក ។ ដោយ​ពិនិត្យ​ឃើញ​ដូច្នេះ ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​ប្រមូល​ក្បួនច្បាប់​ទាំងអស់​យក​មក​សិក្សា​ប្រៀប​ធៀប​គ្នា​មើល ហើយ​បើ​ចាំបាច់​ទ្រង់​ឱ្យ​ធ្វើ​វិសោធនកម្ម ។ ទ្រង់​បាន​បន្ទុក​បណ្ដាក់​ឱ្យ​អ្នកប្រាជ្ញ​បណ្ឌិត​៦​រូប​ធ្វើការ​សើរើ ពិនិត្យ​ច្បាប់​ទាំង​១២​ក្បាល​ឡើង​វិញ ។ ពួក​អ្នកប្រាជ្ញ​បណ្ឌិត​បាន​ធ្វើ​ការងារ​នេះ​សម្រេច​ក្នុង​រយៈពេល​៥​ឆ្នាំ រួច​ហើយ​ព្រះ​ជ័យជេដ្ឋា​ក៏​ប្រកាស​ឱ្យ​ប្រើ ។

មាន​សេសសល់​ច្បាប់​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​ចំនួន​២​ច្បាប់​ដែល​មាន​ភស្ដុតាង​បញ្ជាក់​អំពី​ការ​សើរើ​ពិនិត្យ​ឡើង​វិញ​នេះ​គឺ​ ក្រម​ចោរ​ រៀបរៀង​តាំងពី​ឆ្នាំ​៩៨៣​នៃ​ចុល្លសករាជ​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១៦២១​ និង​ក្រម​សុភាធិបតី​ រៀបរៀង​ពី​ឆ្នាំ​៩៨០​នៃ​ចុល្លសករាជ​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១៦១៨ ។​ ច្បាប់​ផ្សេងៗ​ទៀត​ដែល​មើល​ទៅ​ប្រហែល​ជា​រៀបរៀង​ឡើង​ក្នុង​សម័យ​កាលនោះ​ដែរ ប៉ុន្ដែ​មិន​មាន​បញ្ជាក់​ឈ្មោះ​ព្រះរាជា ឬ​កាល​បរិច្ឆេទ​ច្បាស់​លាស់ គឺ​ប្រហែលជា​ត្រូវ​បាន​គេ​សើរើ​ពិនិត្យ​ឡើង​វិញ​ជា​ច្រើន​ដង (41) ។

ក្រម​ចោរ​មាន​សេចក្ដី​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​អំពី​ព្រះរាជ​បញ្ជា​ឱ្យ​សើរើ​ពិនិត្យ​ឡើង​វិញ «ព្រះរាជា​ជ័យជេដ្ឋា ដែល​សោយរាជ្យ​នៅ​រាជធានី​ឧត្ដុង្គ មាន​ព្រះ​ទ័យ​សន្ដោស​ត្រាប្រណី​ដល់​រាស្ដ្រ​របស់​ព្រះ​អង្គ ។ ព្រះ​អង្គ​ឈ្វេង​យល់​ថា​ទណ្ឌកម្ម​ដែល​ដាក់​ទៅ​លើ​ពួក​ឧក្រិដ្ឋ​ថ្នាក់​លេខ​១​នោះ​មាន​សភាព​ធ្ងន់ធ្ងរ​ព្រៃផ្សៃ​ខ្លាំង​ពេក​ណាស់​ ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឱ្យ​លុប​ចេញ​វិញ ។ ដោយ​ហេតុ​នេះ ទ្រង់​បាន​បញ្ជា​ឱ្យ​យក​ទណ្ឌកម្ម​ដែល​បាន​កំណត់​ឱ្យ​ដាក់​លើ​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​២ មក​ដាក់​លើ​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​១ ហើយ​យក​ទណ្ឌកម្ម​សម្រាប់​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​៣ មក​ដាក់​លើ​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​២​វិញ ។ល ។» សេចក្ដី​ត្រង់​នេះ​មាន​ន័យ​ថា លុប​បំបាត់​ទណ្ឌកម្ម​ប្រហារ​ជីវិត​បង់ ។ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ មាន​ស្ដេច​លាវ​មួយ​អង្គ​គឺ ហ្វា​ងោម ក៏​បាន​បញ្ជា​ឱ្យ​លុប​ទណ្ឌកម្ម​នេះ​ចោល​ដែរ ដោយ​ទ្រង់​ពន្យល់​ថា​ គេ​មិន​ត្រូវ​សម្លាប់​មនុស្ស​ដែល​បាន​សម្លាប់​គេ​នោះ​ទេ​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​មរណភាព​មួយ​ថែម​ទៀត ។

ក្រោយមក មាន​ច្បាប់​មួយ​ទៀត​បាន​កែ​ច្បាប់​ព្រះ​ជ័យជេដ្ឋា ដោយ​ប្រែ​ដាក់​ឱ្យ​មាន​ទោស​ប្រហារជីវិត​ឡើង​វិញ ។ ច្បាប់​នោះ​រៀបរៀង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៦៦០ ។ ខ្ញុំ​ជឿ​ថា​ច្បាប់​ឆ្នាំ​១៦២១​មិន​ត្រូវ​បាន​គេ​គោរព​តាម​ប៉ុន្មាន​ទេ បើ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ការ​អនុវត្ដ​ដែរ ។ ជាក់ស្ដែង​គឺ​មាន​រឿង​រ៉ាវ​ទាក់​ទង​ទៅ​នឹង​សម្ដេច​ព្រះទាវ​ក្សត្រី ដែល​មាន​លើក​ឡើង​នៅ​ក្នុង​ច្បាប់​ទំនៀម​ពី​បុរាណ ក្នុង​នោះ​មាន​និយាយ​អំពី​ករណី​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល (42) ។

ទោះជា​យ៉ាងណា​ក្ដី ប្រហែលជា​៧០​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ឆ្នាំ​១៦៩០ ព្រះ​ជ័យជេដ្ឋា​ដែល​យើង​កំពុង​តែ​សិក្សា​នេះ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​ពិនិត្យ​ច្បាប់​ឆ្នាំ​១៦២១​ទាំង​១២​ច្បាប់​ឡើង​វិញ រួច​បាន​ប្រទាន​នាម​ឱ្យ​ថា «ច្បាប់​ព្រះ​ជ័យជេដ្ឋា» ប៉ុន្ដែ​ឱ្យ​ដាក់​កាលបរិច្ឆេទ​ត្រឹម​ឆ្នាំ​១៦៧៥ ជា​ឆ្នាំ​ដែល​ព្រះ​អង្គ​ឡើង​សោយរាជ្យ ។

នៅ​ក្នុង​ឆ្នាំ​១៦៨១​គឺ​១​ឆ្នាំ​បន្ទាប់​ពី​ច្បាប់​ទាំងឡាយ​បាន​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​រួច​ហើយ​ ព្រះ​ឧភយោរាជ​អង្គ​នន់ បាន​យាង​ត្រលប់​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​វិញ ហើយ​ក៏​សុគត​ទៅ​នៅ​ស្រីសន្ធរ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៣៧​ព្រះ​វស្សា និង​កាន់​អំណាច​បាន​១​ឆ្នាំ ហើយ​ការ​បះបោរ​របស់​ព្រះ​អង្គ​មាន​រយៈពេល​ពី​១៥​ទៅ​១៦​ឆ្នាំ ។ ពេល​នោះ ព្រះរាជា​ទ្រង់​គង់នៅ​ឯ​បឹងក្បិន ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ទ្រង់​បាន​យាង​ត្រលប់​មក​គង់នៅ​ឯ​ឧត្ដុង្គ​វិញ ។

រាជពង្សាវតារ​បាន​រៀបរាប់​ថា នៅ​ក្នុង​ឆ្នាំ​១៦៩២ ព្រះរាជ​វង្សានុវង្ស​របស់​ព្រះរាជា​នគរ​ចាម្ប៉ា​បាន​នាំ​គ្នា​យាង​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ទាំង​សេនា​ហែហម​៥​ពាន់​នាក់​មក​ជាមួយ​ផង ដើម្បី​សុំ​ជ្រក​កោន​ជាមួយ​ព្រះរាជា​កម្ពុជា ។ ព្រះ​ជ័យជេដ្ឋា បាន​ប្រទាន​ដីធ្លី និង​អនុញ្ញាត​ឱ្យ​ពួក​នោះ​រស់នៅ​ជិត​លង្វែក ។

មួយ​ឆ្នាំ​បន្ទាប់​មក​ទៀត ច្បាប់​អយ្យកោ​ទាក់ទិន​ទៅ​នឹង​ស្ថាន​សម្រាល​ទោស​បាន​ត្រូវ​ប្រកាស​ឱ្យ​ប្រើ ។ ហើយ​ច្បាប់​មន្ទីរ​រដ្ឋបាល គឺ​ច្បាប់​ទាក់ទង​នឹង «កងរក្សា​ព្រះអង្គ» ដែល​មិន​មែន​ជា​ច្បាប់​យើង​មាន​សព្វថ្ងៃ តែ​ជា​ច្បាប់​មួយ​ចាស់​ជាង ដែល​គេ​បាន​ធ្វើ​វិសោធនកម្ម​ជា​ច្បាប់​ថ្មី​នេះ ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ផង​ដែរ ។ តាម​ច្បាប់​នេះ អ្នកស្រុក​មិន​ត្រូវ​ចង​ត្រដោក​គោ​ទេ​នៅ​ពេល​បររទេះ​កាត់​រាជធានី មិន​ត្រូវ​បាំង​ឆត្រ​ពេល​ជិះរទេះ មិន​ត្រូវ​ក្រៀវ​គោ​ មិន​ត្រូវ​កាប់​សម្លាប់​គោ​យក​សាច់​បរិភោគ​ទេ​ រទេះ​ក៏​មិន​ឱ្យ​លាប​ពណ៌​ឆើតៗ​ចន្ទោល​ រទេះ​មិន​ឱ្យ​ដាក់​ចង្កំ​ពណ៌​មាស​ដែរ ។

បី​ឆ្នាំ​ម្ដង​អ្នកស្រុក​ត្រូវ​បង់ពន្ធ​រទេះ​ និង​គោ​ចំនួន​ស្មើនឹង​១​ភាគ​១០​ ហើយ​ព្រះរាជា​បាន​សម្រេច​ថា​គោ​ណា​ដែល​មាន​សម្បុរ​ពព្រុស​ដូច​រោម​លលក​ត្រូវ​ដកហូត​ទុកជា​ព្រះរាជ​ទ្រព្យ ។

នៅ​ក្នុង​ឆ្នាំ​១៦៩៥ ព្រះរាជា​ដែល​មាន​ព្រះ​ជន្ម​៣០​ព្រះ​វស្សា ហើយ​សោយរាជ្យ​សម្បត្ដិ​តាំងពី​ទ្រង់​មាន​ព្រះជន្ម​២០​ព្រះ​វស្សា​ម្ល៉េះ បាន​ដាក់​រាជ​ថ្វាយ​ដល់​ព្រះ​ភាគិនេយ្យ ព្រះ​ឧទ័យ ដែល​មាន​ព្រះ​ជន្ម​២២​ព្រះ​វស្សា (43) ។


No comments:

Post a Comment