ព្រះក្សត្រីអង្គម៉ី (៧៤) ជាបុត្រីរបស់ព្រះរាជាអង្គចន្ទជាមួយព្រះជាយាលំដាប់ទី៣មានឈ្មោះថា អ្នកម្នាងក្រចាន់ ពេលនោះទ្រង់មានព្រះជន្ម២១ព្រះវស្សាហើយ ។ ព្រះអនុជក្សត្រីរបស់ព្រះនាងព្រះនាមថា ព្រះអង្គម្ចាស់ពៅ ត្រូវបានលើកឱ្យឡើងធ្វើជាព្រះឧបរាជ ដែលតាំងតែពីពេលណាមកមិនដែលមាននារីទទួលនូវឋានៈនេះទេ ។ ព្រះក្សត្រីស្ងួន ដែលតូចជាងគេ បានគង់នៅជាមួយព្រះរៀមទាំង២អង្គ ហើយទទួលឋានៈជាព្រះកែវហ្វ៊ា ។
ប្រជាជនហាក់ដូចជាមិនមានការភ្ញាក់ផ្អើលអ្វីទេចំពោះការដែលគេជ្រើសរើសព្រះក្សត្រីមួយអង្គ ឱ្យឡើងគង់លើរាជបល្ល័ង្កដូច្នេះពីព្រោះថាថ្វីបើកន្លងមកគេមិនដែលឃើញមានព្រះមហាក្សត្រីសោយរាជ្យសម្បត្ដិក៏ដោយក៏ប៉ុន្ដែគេធ្លាប់ប្រទះឃើញព្រះរាជាដាក់រាជសម្បត្ដិថ្វាយព្រះអគ្គមហេសី ឬព្រះមាតាជាញឹកញយដែរ ដើម្បីទ្រង់អាចយាងចូលសាងព្រះផ្នួសបាន ។ ម្ល៉ោះហើយប្រជាជនហាក់ដូចជាត្រូវបង្វឹកបង្ហាត់ឱ្យចេះទទួលយកសភាពការណ៍នេះជាបណ្ដើរៗមកហើយ ។ ក៏ប៉ុន្ដែមានអ្នកខ្លះបានអះអាងប្រកបទៅដោយមូលហេតុត្រឹមត្រូវថា ការជ្រើសរើសយកក្សត្រីមួយអង្គឱ្យឡើងសោយរាជ្យដូច្នេះត្រូវចាត់ទុកជាមោឃៈ ពីព្រោះថា បើតាមទំនៀមពីបុរាណដែលកន្លងមកគ្មាននរណាម្នាក់ចាប់អារម្មណ៍ដល់ គឺថាប្រសិនណាបើគ្មានរជ្ជទាយាទជាបុរសដើម្បីបន្ដវេនពីព្រះរាជាទេ រដ្ឋមន្ដ្រី និងអ្នកមុខអ្នកការទាំងអស់ត្រូវជ្រើសរើសព្រះរាជាចេញពីក្នុងចំណោមមេក្រុមបារគូ ។ អ្នកខ្លះទៀតនិយាយថា ទំនៀមពីបុរាណនោះមិនមែននិយាយថា «គ្មានរជ្ជទាយាទបុរស» នោះទេ តែថា «ក្នុងករណីដែលគ្មានរាជវង្សានុវង្សបន្ដវេន» តែម្ដង ។ ឥឡូវនេះគេនៅមានសល់អ្នកអង្គម្ចាស់ក្នុងរាជវង្សានុវង្សនៅឡើយ ដូច្នេះមិនអាចនិយាយថាគ្មានរាជវង្សានុវង្សបន្ដវេនបានទេ ។ ពួកមន្ដ្រីធំៗមួយចំនួនបានប្រជុំគ្នាជាសម្ងាត់នៅលើកំពូលភ្នំព្រះរាជទ្រព្យពិភាក្សារឿងនេះ ហើយមានមន្ដ្រីម្នាក់ហ៊ានរហូតដល់និយាយថា «បើគេរើសក្សត្រាមួយអង្គមិនបានទេ ការជ្រើសតាំងនេះត្រូវចាត់ទុកជាមោឃៈ ។ បើសិនជារើសបានក្សត្រាមួយអង្គក៏ប៉ុន្ដែប្រជារាស្ដ្រ និងព្រះរាជាសៀមមិនទទួលស្គាល់នោះ យើងនឹងមានសង្គ្រាម ។ ប៉ុន្ដែបើសិនណាជាគេរើសបានក្សត្រីមួយអង្គ ហើយបើសិនជាស្ដេចសៀមមិនធ្វើអន្ដរាគមន៍ទេ នោះវាសនាស្រុកខ្មែរនឹងត្រូវចប់ ព្រោះច្បាស់ជាអាណ្ណាមកាត់បញ្ចូលធ្វើជាទឹកដីរបស់គេជាសម្រេចតែម្ដង» ។ ព្រះសង្ឃមួយអង្គបានស្នើឡើងថា យើងគួរនាំគ្នាធ្វើដំណើរទៅស្រុកសៀម ។ ក៏ប៉ុន្ដែអ្នកដែលមានគំនិតទាំងអស់នេះ មិនបានត្រូវគេអញ្ជើញឱ្យចូលរួមក្នុងការជ្រើសរើសព្រះរាជាផងទេ ។ ចំណែកឯប្រជាជនវិញ គេអស់កម្លាំងនឿយណាយនឹងសង្គ្រាម និងចង់បានសន្ដិភាពណាស់ តែមិនបានគិតដល់ថា ព្រះមហាក្សត្រីនឹងគ្មានឥទ្ធិពល ហើយក៏មិនបានដឹងថាមេទ័ពអាណ្ណាម អុងទួនគុន ដែលនៅពីខាងក្រោយព្រះនាងមានអំណាចខ្លាំងណាស់អាចនឹងបញ្ជាលើរាល់រដ្ឋមន្ដ្រីបាន ។ ដោយពិនិត្យឃើញថាព្រះមហាក្សត្រីទន់ខ្សោយ ហើយចំណុះអាណ្ណាមខ្លាំងពេក មានពាក្យចចាមអារ៉ាមលេចឡើងក្នុងចំណោមបក្សពួកអ្នកអង្គម្ចាស់ និងសៀម សាយភាយទៅដល់ក្នុងស្រទាប់ប្រជាជនថា ព្រះនាងបានសហាយជាមួយមេទ័ពអាណ្ណាម ។ រឿងនេះមិនពិតទេ ក៏ប៉ុន្ដែការនិយាយបង្ខូចព្រះកិត្ដិនាមបានរីករាលសាយភាយទប់លែងបាន រហូតទាល់តែព្រះមហាក្សត្រីធ្លាក់ខ្លួនទៅជាមនុស្សឆ្កួត (៧៥) ។
ឥឡូវនេះអ្វីៗបានសម្ដែងចេញឱ្យឃើញច្បាស់ណាស់ថា អាណ្ណាមប្រុងប្រៀបនឹងយកកម្ពុជាធ្វើជាទឹកដីរបស់គេមែនទែនហើយ ហើយការដែលគេរៀបចំព្រះមហាក្សត្រីអង្គម៉ីឱ្យឡើងគ្រងរាជបល្ល័ង្កនេះ គឺគ្រាន់តែដើម្បីទម្លាប់ប្រជាជនឱ្យស៊ាំនឹងភាពគ្មានស្ដេចសោយរាជ្យ ឱ្យបំភ្លេចព្រះរាជវង្សានុវង្សចោលប៉ុណ្ណោះ បើទោះជាថា កន្លងមកប្រជារាស្ដ្រធ្លាប់បានធ្វើពលីកម្មជាច្រើនដើម្បីរាជបល្ល័ង្កក៏ដោយ ។
តាមព្រះរាជក្រឹត្យមួយរបស់ស្ដេចអាណ្ណាម ព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងដោយមន្ដ្រីអាណ្ណាម៣នាក់គឺទ្រឿងមិញយ៉ាង ផាមវ៉ាន់ឌាន និងត្រាន់វ៉ាន់ណាង ដែលមកនៅដឹកនាំប្រទេសដោយមានជំនួយពីរដ្ឋមន្ដ្រី និងចៅហ្វាយខែត្រខ្មែរជាច្រើននាក់ ។
រាជធានីភ្នំពេញពេលនោះគេដូរឱ្យហៅថា ត្រានតាយ ឬត្រានណាំយ៉ាងវិញ (ភ្នំ=ណាំ ពេញ=យ៉ាង) ។
រ៉េស៊ីដង់អាណ្ណាមពេលនោះនឹកគិតថា គេមានអំណាចខ្លាំងណាស់ ហើយបានបង្ខំឱ្យមន្ដ្រីទាំងអស់ស្លៀកសម្លៀកបំពាក់តាមរបៀបអាណ្ណាម (76) ឱ្យបួងសក់ និងផ្ដល់ឋានៈឱ្យតាមរបៀបអាណ្ណាម ហើយបានដាក់មេអាណ្ណាមម្នាក់នៅជាប់នឹងចៅហ្វាយខែត្រកម្ពុជា ដើម្បីត្រួតពិនិត្យលើរាល់សកម្មភាពផង និងដឹកនាំការងាររដ្ឋបាលផង ។
មិនតែប៉ុណ្ណោះ អាណ្ណាមមានបំណងចង់ធ្វើឱ្យព្រះរាជាណាចក្រខ្មែរបាត់បង់អស់នូវធាតុដើមរបស់ខ្លួន ដោយបានប្ដូរឈ្មោះស្រុកទេសទាំងអស់ថែមទៀត ។ យោងតាមសំណើរបស់ពួកអ្នកដែលនៅជាប់នឹងចៅហ្វាយខែត្រខ្មែរ ព្រះរាជាអាណ្ណាមបានសម្រេចប្ដូរឈ្មោះខែត្រ ដោយបន្ថយចំនួនពី៥៦មកនៅត្រឹម៣៣វិញ ហើយបានបង្កើតស្រុក២សម្រាប់ទឹកដីដែលមានពួកអ្នកស្រុកព្រៃរស់នៅ រួចឱ្យហៅតាមឈ្មោះអាណ្ណាមទាំងអស់ ។
ឈ្មោះខែត្រទាំង៣៣នោះមាន ណាមយ៉ាង ឬត្រានតាយ សម្រាប់ភ្នំពេញ ក្រៅពីនេះជាឈ្មោះខែត្រថ្មីដែលគេបានបង្រួមឱ្យតិច ដែលខ្ញុំមិនដឹងថាឈ្មោះណាត្រូវនឹងខែត្រចាស់ណាមួយទេ ៖ ថានធូ តាំដន ទុយឡាប់ បាណាម (បាក់ណាម) បាឡាយ (បារាយណ៍) ប៊ិញធាន (កោះអញ្ចៀន) ខាបាត ឡាវេន (ព្រៃវែង) ហៃដុង គិមទ្រឿង ចាវជុង កាអាវ វ៉ាងវ៉ាន ហាប៊ិញ ជុងឡយ សានភូ (ប្រហែលគឺសម្បូរ) សានបុក (សម្បុក) តាំវូ ខាយបៀន ហៃតាយ ខាស៊ុម (កោះសូទិន) ថេឡាប់ តាំកាយ ឡូវៀត (លង្វែក) ឡុងទន (សំរោងទង) ក្វាងបៀន ហួយី ចានតាយ អ៊ីយី ចានថាញ់ ម៉ាត់លួត អ៊មអាន ។ ឯស្រុកសម្រាប់អ្នកស្រុកព្រៃ២នោះគឺ កាញ់ចេ (ក្រចេះ) និងកាន់យ៉ើ (កញ្ជរ) ។
មានមន្ដ្រីទាំងអស់១០៧រូបដែលទទួលបន្ទុកការងាររដ្ឋបាលស៊ីវិល និងខាងកងទ័ព ។ គឺមាន ៖ ទួងក្វាន ឬ សេនាប្រមុខ១រូប ថាមតាន់ ឬអ្នកមានភារៈចាត់ចែង និងថែរក្សាទ្រព្យកងទ័ព១រូប ដេដុក ឬអគ្គមេបញ្ជាការ១រូប ហ៊ាបតាន់ ឬវរសេនីយ៍ឯក១រូប ឡាញ់ប៊ិញ ឬវរសេនីយ៍ត្រី២រូប ផឡាញ់ប៊ិញ ឬជំនួយការវរសេនីយ៍ត្រី២រូប ប៊ិញប៊ីដាវ ឬឆ្មាំកងទ័ព១រូប លឿងប៊ីដាវ ឬឆ្មាំខាងភស្ដុភារ១រូប វៀនង៉យឡាង ឬនាយការិយាល័យក្រសួង២រូប ជូស៊ូ ឬនាយរងការិយាល័យក្រសួង៣រូប បាតវូ ឬផ្នែកខាងរបៀប៤រូប បាតផាម ឬលេខាធិការ ថ្នាក់ទី៨ចំនួន៨រូប គួនផាម ឬលេខាថ្នាក់ទី៩ចំនួន៨រូប ថឡាយ ឬនាយទោផ្គត់ផ្គង់ស្បៀង៦០រូប ហួនដាវ ឬ សាស្ដ្រាចារ្យ១២រូប ហើយនិងយ៉ាវថ ឬគ្រូបង្រៀន ។
ទ្រឿងមិនយ៉ាងបានទទួលការចាត់តាំងឱ្យធ្វើជាទួងក្វាននៅភ្នំពេញ ឯឡេដៃគឿង គឺជាថាមតាន់ ។ មាន ជានភូស៊ូ ម្នាក់ស្ថិតនៅក្រោមការត្រួតត្រារបស់អ្នកទាំង២ មានភារកិច្ចត្រួតពិនិត្យសេវាស៊ីវិល និងយោធានៅក្នុងភូ (ខែត្រ) ៣ គឺហាយតាយ ហាយដុង និងសានទិញ ។
ទ័ពអាណ្ណាមនៅកម្ពុជាក៏បានត្រូវគេរៀបចំឡើងវិញដែរ ដោយបែងចែកជា២៥កងពល និងមានកងពលពិសេសមួយ ទទួលបន្ទុកថែរក្សាពង្រាប និងបង្ហាត់ដំរីចម្បាំង ។
យើងនឹងវិលត្រលប់មកមើលការរៀបចំនេះនៅពេលក្រោយ ។ កម្ពុជាទាំងមូលបានត្រូវអាណ្ណាមបែងចែកចេញជា៨ភូ (ខែត្រ) មានទាំងអស់១៨ហ្វៀន (មណ្ឌលរដ្ឋបាល) គឺ ៖ភូត្រាន់តាយ ភ្នំពេញ មានហ្វៀន២គឺ ថៃអាន និងលូអាន
ភូញាហ្វា មានហ្វៀន២ដែរគឺ ធឿងផុង និងផុងញួង
ភូណាមនិញ មានហ្វៀន៣គឺ ណាមធិញ ណាមថៃ និងភូណាម
ភូវ៉ូកុង មានហ្វៀន៣ដែរគឺ ប៊ិញជុង គីតូ និងជុងធុយ
ភូទាំង៤នេះ ត្រួតត្រាដោយ ទួងក្វាន និង ថាមតាន់ ។ភូហាយតាយ មានហ្វៀន២គឺ ហាយប៊ិញ និងថានជុង
ភូហាប៊ិញ មានហ្វៀន២ដែរគឺ ជុងហា និងភូឡាយ
ភូទាំង២នេះ ត្រួតត្រាដោយ ជានភូស៊ូ ។ភូសានទិញ មានហ្វៀន២គឺ ក្វេឡាំ និងសានដុង
ភូមីឡាម មានហ្វៀន២ដែរគឺ មីឡាម និងដាវឡាម
ភូទាំង២នេះ ត្រួតត្រាដោយ ជានភូស៊ូ នៅសានទិញ ។
ចំណែកឯកងពលទាហានទាំង៥ មួយៗមាន៥កងវរសេនាធំ ដោយមិនមានគិតដល់កងអនុសេនាធំកម្ពុជាផងទេ មាន ៖ កងពលកណ្ដាល មាន២៦៩៦នាក់ កងពលបើកផ្លូវ មាន២១១៦នាក់ កងពលស្លាបខាងឆ្វេង មាន២៥៣០នាក់ កងពលស្លាបខាងស្ដាំ មាន២២០០នាក់ និងកងពលបិទគូទមាន២២៥៥នាក់ សរុបទាំងអស់ត្រូវជា១១.៧៩៦នាក់ ។
រៀបចំដូច្នេះរួចហើយ ស្ដេចអាណ្ណាមបានចាត់តាំង ឡេវ៉ាន់ឌុក ឱ្យធ្វើជាធិញលុករាជអធិការរបស់ព្រះរាជាប្រចាំកម្ពុជា ។
ពួកអាណ្ណាមបានហៅព្រះក្សត្រីអង្គម៉ី ថា ង៉ុកវ៉ាន ហើយថ្វាយព្រះឋានៈជាភាសាអាណ្ណាមថា មីឡាមក្វានជួ (ព្រះមហាក្សត្រីនៃភូមីឡាម) ។ ព្រះរៀមរបស់ព្រះនាងព្រះក្សត្រីបែន ទទួលឋានៈថា លូអានក្វាន (ក្សត្រីទី២នៃលូអាន) ព្រះអនុជក្សត្រីមួយអង្គទទួលឋានៈជា ថាវជុងក្វានក្វាន និងមួយអង្គទៀតជា តាប់និញក្វានក្វាន ។
មានការងារមួយដែលមានប្រយោជន៍ ក៏ប៉ុន្ដែបានធ្វើឱ្យអ្នកស្រុកខឹងសម្បាជាខ្លាំង គឺកំណែនឱ្យធ្វើផ្លូវយុទ្ធសាស្ដ្រមួយដោយគ្មានផ្ដល់កម្រៃ តភ្ជាប់ពីភ្នំពេញទៅស្ពានយមរាជ បច្ចុប្បន្ននៅលើផ្លូវទៅកំពត (ប្រហែលជា៤គីឡូម៉ែត្រពីភ្នំពេញ) រួចបន្ដទៅទ្រាំង និងបន្ទាយមាស និងការបង្កើតឱ្យមានក្រុមរត់សំបុត្របន្ដគ្នាប្រចាំតាមសាលានីមួយៗ ដែលមានគ្នា៣០នាក់ផ្លាស់ប្ដូរវេនគ្នា ជ្រើសរើសចេញពីអ្នកស្រុករស់នៅក្នុងភូមិជិតៗ ។ ផ្លូវនេះដែលក្រោយមកគឺផ្លូវពីភ្នំពេញទៅកំពត ខ្មែរហៅថា ផ្លូវអាណ្ណាម (77) ។
នៅសម័យនោះ គឺក្នុងឆ្នាំ១៨៣៥ នៅឯកំពង់សោម មានបងប្អូន២នាក់ដែលមានឋានៈជាឧកញ៉ាគឺ ឧកញ៉ាជ័យ និងឧកញ៉ាជូ បានប្រកែកមិនព្រមគោរពតាមបញ្ជារបស់អាណ្ណាមទេ ហើយចាប់ផ្ដើមកាន់អាវុធប្រឆាំងឡើង ។ ទាំង២នាក់បងប្អូនធ្វើការប្រយុទ្ធអស់កាលយ៉ាងយូរ តែមិនអាចបង្ក្រាបទ័ពចម្រុះអាណ្ណាម-ខ្មែរបាន ហៀបតែនឹងត្រូវគេចាប់បានទៅហើយ ក៏នាំគ្នារត់គេចឆ្លងព្រំដែនទៅជ្រកកោននៅឯបាងកកបាត់ទៅ ។
នៅឆ្នាំ១៨៣៦ នៅខែត្រកំពង់ស្វាយឯណោះវិញ តេជោរាមដែលបះបោរប្រឆាំងនឹងរបបថ្មីបានត្រូវគេចាប់យកមកភ្នំពេញ ហើយអុងទួងគុនចេញបញ្ជាឱ្យគេសម្លាប់ចោលទៅ ។ គេបានលើកស្នងអីជំនួយការរបស់តេជោរាម ឱ្យឡើងកាន់អំណាចបន្ដពីគាត់ ។ មុនដំបូងស្នងអីបានបំពេញការងារល្អណាស់ ក៏ប៉ុន្ដែដល់មកឆ្នាំ១៨៣៧ ស្រាប់តែឈ្មោះនេះបានចាប់រ៉េស៊ីដង់អាណ្ណាមសម្លាប់ចោល ហើយចាប់កេណ្ឌទ័ព ។ ស្នងអីធ្វើសកម្មភាពបានប៉ុន្មានសប្ដាហ៍ ក៏រត់គេចខ្លួនដោយនាំយកអ្នកស្រុកស្ទោង និងជីក្រែងមួយចំនួនធំផង ទៅនៅឯទន្លេរពៅ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់សៀមនៅឡើយ ។ ពួកអាណ្ណាមបានសម្លាប់ប្រជាជនខែត្រកំពង់ស្វាយអស់ជាច្រើន ដែលគេចោទថាបានគាំទ្រស្នងអី ។ អ្នកស្រុកមួយចំនួនទៀត គេនាំយកទៅអាណ្ណាម ។
ព្រឹត្ដិការណ៍ទាំងអស់នេះ រួមទាំងការបះបោរ និងការប្រឆាំងអាណ្ណាមផង បានធ្វើឱ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភជាខ្លាំង ។ គេក៏ចាប់តាំងនាំគ្នាងាកបែរទៅរកខែត្របាត់ដំបង ដីខ្មែរពីមុន តែឥឡូវបានក្លាយទៅជារបស់សៀមហើយ ដែលមានរាជវង្ស២អង្គកំពុងរស់នៅ គឺព្រះអង្គឯម និងព្រះអង្គឌួង (78) ។ ស្ដេចសៀមបានអនុញ្ញាតឱ្យព្រះអង្គឯមគង់នៅនឹងបាត់ដំបង ឯព្រះអង្គឌួងឱ្យគង់នៅមង្គលបុរី ។ ក្សត្រទាំង២អង្គបានឃ្លាតឆ្ងាយពីរាជបល្ល័ង្កហើយ ដោយត្រូវអាណ្ណាមបំបែក បណ្ដេញកាត់កាលចោល និងនៅជាមួយសៀម ក៏ស្ដេចសៀមមិនបានផ្គត់ផ្គង់ឱ្យល្អណាស់ណាដែរ ព្រោះមានគេច្រណែននិន្ទា ។ ក៏ប៉ុន្ដែព្រះអង្គនៅតែជាសេចក្ដីសង្ឃឹមចុងក្រោយរបស់ប្រទេសជាតិដដែល ។ ទម្លាប់ជាប្រពៃណីមួយបាននិទានតៗគ្នាថា «កាលណាទឹកហូរចុះពីខាងជើងមកខាងត្បូង កាត់ពីមុខកំពង់ហ្លួង ទឹកនោះបានប្រាប់អ្នកស្រុកថា ព្រះអង្គម្ចាស់ទាំងឡាយមានព្រះកាយពលល្អទេ ព្រះមហេសីទាំងអស់របស់ព្រះអង្គបានប្រសូតព្រះរាជបុត្រាថ្វាយព្រះអង្គ ហើយអ្នកស្រុកនិយាយថា ព្រះអាទិត្យនៅតែរះឯជើងមេឃរៀងរាល់ថ្ងៃ មិនទាន់រលត់បាត់នៅឡើយ» ។
នៅពេលដែលហៀបនឹងរលត់ទៅហើយ ប្រជាជនខ្មែរដ៏កម្សត់នៅតែនឹកដល់ព្រះរាជវង្សានុវង្សនៅឡើយ បើទោះបីថារាជវង្សានុវង្សនោះបានដឹកនាំគេអស់កាលជាច្រើនសតវត្ស ឱ្យធ្វើសង្គ្រាមកាប់សម្លាប់តែគ្នាឯង ឬប្រឆាំងនឹងបរទេសឱ្យគាំទ្រសមាជិករាជវង្សដណ្ដើមអំណាច ដណ្ដើមរាជបល្ល័ង្កគ្នា កាត់យកខែត្រផ្សេងៗទៅកាន់កាប់ ក៏ប៉ុន្ដែមិនចេះគ្រប់គ្រង ហើយមិនដែលបាននឹកគិតដល់សុខទុក្ខរបស់ប្រជាជនដ៏កម្សត់បន្ដិចណាក៏ដោយ ។ ទោះជាយ៉ាងណាក្ដី ប្រជាជននៅមានសេចក្ដីសង្ឃឹមតែលើរាជវង្សមួយនេះប៉ុណ្ណោះ ព្រោះថាគ្មានអ្នកមានបុណ្យណាម្នាក់ចេញមុខមកជួយ ដូចជានៅស្រុកចិន អាណ្ណាម ភូមា សៀម ដើម្បីបំផុសអ្នកស្រុកឱ្យនាំគ្នាបះបោរឡើងវាយប្រហារទៅលើពួកសត្រូវរបស់ព្រះរាជាណាចក្រ ហើយបណ្ដេញចេញ ដណ្ដើមយករាជបល្ល័ង្កមកវិញ រួចឡើងអង្គុយលើរាជបល្ល័ង្កនោះ ក្រោមស្នូរទះដៃអបអរសាទរពីប្រជាជនទាល់តែសោះ ។ ចៅហ្វ៊ាបែន និងចៅហ្វ៊ាមូប្រហែលជាអាចបំពេញនូវតួនាទីជាវីរជននេះបាន ក៏ប៉ុន្ដែ អ្នកទាំង២នាក់នេះមិនមែនជាអ្នកមានបុណ្យទេ ហើយក៏គ្មានឆន្ទៈខ្ពស់នឹងបំពេញភារកិច្ចនេះដែរ មិនតែប៉ុណ្ណោះ ថែមទាំងបានក្បត់ជាតិជាបន្ដបន្ទាប់ទៅទៀត កាត់ផ្ដាច់យកទឹកដីមាតុភូមិទៅឱ្យសៀមទៅវិញ ។ ម្ល៉ោះហើយ ប្រជាជនដែលហាក់បីដូចជាត្រូវសណ្ដំទៅហើយ បានភ្លេចអ្នកទាំងអស់នោះសូន្យឈឹង ទើបបានជានាំគ្នាបែរមករករាជវង្សស្ដេចដែលសោយរាជ្យលើពួកគេ ហើយសម្លឹងមើលទៅបាត់ដំបង ដែលមានក្សត្រាទាំង២អង្គគង់នៅ ។
មេទ័ពអាណ្ណាមអុងទួងគុន បានយល់ច្បាស់ណាស់ថាកម្ពុជានៅមានថាមពលដែលកំពុងតែក្រាបសម្ងំ ហើយអាចនឹងងើបក្រោកឡើងបះបោរប្រឆាំងនឹងការត្រួតត្រារបស់យួន លើរាជវង្សានុវង្សនេះឯង ។ គាត់បានប្ដេជ្ញាថានឹងកម្ចាត់កម្ចាយក្សត្រទាំង២អង្គនេះចេញ ដោយធ្វើយ៉ាងណាបំបែកបំបាក់ពីគ្នាសិន ព្រោះកន្លងមក ក្សត្រទាំង២អង្គសាមគ្គីគ្នាស្អិតល្មួតណាស់ រួចសឹមឆ្លៀតយកឱកាសដែលលេចចេញពីព្រឹត្ដិការណ៍នេះដើម្បីបំផ្លិចបំផ្លាញចោលតែម្ដង ។
អុងទួងគុនបានចាត់ឱ្យជនអាណ្ណាមម្នាក់ក្លែងខ្លួនធ្វើជាខ្មែរ ដោយដាក់ឈ្មោះថា ភគវា នាំលិខិតមួយទៅថ្វាយព្រះឧបរាជអង្គឯមទូលថាអាណ្ណាមមកកម្ពុជានេះក្នុងគោលបំណងដើម្បីជួយធ្វើឱ្យមានសន្ដិភាព ។ ការដែលលើកព្រះមហាក្សត្រីអង្គម៉ីឱ្យឡើងសោយរាជ្យនេះ ក៏ព្រោះតែថាព្រះនាងគ្រាន់តែជាព្រះមហាក្សត្រីបណ្ដោះអាសន្នប៉ុណ្ណោះ រង់ចាំតែពេលដែលមានក្សត្រាខ្មែរមួយអង្គចង់វិលត្រលប់មកសោយរាជ្យវិញ អាណ្ណាមនឹងជួយជ្រោមជ្រែង ។ ក៏ប៉ុន្ដែព្រះឧបរាជមានគូប្រជែងមួយ គឺព្រះអង្គឌួង ជាអនុជរបស់ព្រះអង្គ ដែលរៀបចំផែនការក្បត់នឹងព្រះអង្គរួចទៅហើយ ។
ព្រះឧបរាជគិតថាភ័ព្វសំណាងព្រះអង្គបានមកដល់ហើយៗ ជឿសម្ដីអាណ្ណាមថា ព្រះអនុជជាគូប្រជែងរបស់ព្រះអង្គ ទ្រង់ក៏បានចារព្រះសារលិខិតមួយច្បាប់ទៅថ្វាយស្ដេចសៀមថា ព្រះអនុជកំពុងតែធ្វើចលនាប្រឆាំងនឹងផលប្រយោជន៍សៀមនៅស្រុកខ្មែរ ។ ស្ដេចសៀមបានចាត់មន្ដ្រី២នាក់ឱ្យមកយាងព្រះអង្គឌួងទៅបាងកកភ្លាម ហើយហាមផ្ដាច់មិនឱ្យយាងមកមង្គលបុរីវិញទេ ។
ដោយកម្ចាត់ព្រះអនុជឱ្យបាត់ពីមុខពីមាត់រួចហើយ ព្រះឧបរាជបានយាងទៅគង់នៅពោធិ៍សាត់ជាមួយព្រះរាជវង្ស ព្រះរាជបុត្រាបុត្រីរបស់ព្រះអង្គឌួង ដែលទ្រង់រក្សាទុកជាចំណាប់ខ្មាំង និងមន្ដ្រីខ្មែរជាច្រើនទៀតនៅបាត់ដំបងដែលទ្រង់មិនអាចទុកចោលបាន ។ មេទ័ពអាណ្ណាមដែលបញ្ជានៅទីនោះបានចាប់ខ្លួនអ្នកទាំងអស់នោះ ហើយបញ្ជូនមកភ្នំពេញ ។ ព្រះឧបរាជអង្គឯមមិនយល់ថាហេតុអ្វីក៏មានរឿងដូច្នេះទេ តែចំពោះខ្លួនព្រះអង្គ មេទ័ពអាណ្ណាមទទួលរាក់ទាក់បំផុត ម្ល៉ោះហើយទ្រង់ក៏យាងមកភ្នំពេញជាមួយនឹងគេឯង មានកងការពារជូនដំណើរហាក់បីដូចជាមានកិត្ដិយសណាស់ ។ ពេលយាងមកដល់ភ្នំពេញ អុងទួងគុនបានទទួលស្វាគមន៍ព្រះអង្គគគ្រឹកគគ្រេងទាំងប្រជាជនក៏ទះដៃអបអរសាទរព្រោះមើលឃើញថាព្រះអង្គនេះហើយជាអ្នកមករំដោះគេ ។ ការដែលប្រជាជនអបអរសាទរទទួលព្រះឧបរាជខ្លាំងហួសហេតុពេកបានធ្វើឱ្យអុងទួងគុនអន់ចិត្ដ ដល់យប់ឡើងក៏ចាប់ព្រះអង្គដាក់ក្នុងទ្រុងដែក ហើយបញ្ជូនទៅកាន់រាជធានីវ៉េនៅថ្ងៃស្អែកឡើង (១៨៤០) ។
ចំពោះមន្ដ្រីមកពីខែត្របាត់ដំបង មានមួយចំនួនធំត្រូវគេសម្លាប់ចោលភ្លាមដោយមិនចាំបាច់កាត់ទោស នៅសល់ខ្លះគេបញ្ជូនទៅវ៉េដែរហើយឃុំទុកនៅទីនោះ ។
ចំណែកនៅបាងកកឯណោះវិញ ព្រះអង្គឌួងដែលព្រះរៀមចោទប្រកាន់ថាក្បត់ បានត្រូវសៀមឃាត់ខ្លួន ដាក់ច្រវាក់ទុកនៅក្នុងព្រះបរមរាជវាំងដែរ ។
នៅពេលដែលស្ថានការណ៍នៅកម្ពុជាកំពុងតែអាក្រក់ទៅៗ រ៉េស៊ីដង់អាណ្ណាមក៏មិនចេះស្កប់ស្កល់នឹងចំណង់របស់គេដែរ ។ គេចង់ឱ្យខ្មែរប្ដូរសាសនាកាន់តាមគេវិញ ម្ល៉ោះហើយគេបណ្ដេញលោកសង្ឃចេញពីវត្ដអារាម បញ្ជាឱ្យកាប់ដើមពោធិគាស់រំលើងព្រះពុទ្ធបដិមា និងឱ្យវាយកម្ទេចចេតិយចោល ។ លើសពីនោះទៅទៀត គេចង់ឱ្យស្រុកនេះគ្មានអ្វីជាតំណាង ដោយបានឱ្យរដ្ឋមន្ដ្រីរបស់ព្រះមហាក្សត្រីធ្វើដំណើរទៅសាយហ្គន តែបានភរថាឱ្យទៅវ៉េ ក្នុងនោះមានលោកចៅហ្វ៊ាឡុងសម្ដេចចៅពញាហ៊ូ និងលោកក្រឡាហោមគិញដោយយកលេសថាស្ដេចអាណ្ណាមចង់ជួបរួមគ្នាជាមួយនឹងព្រះឧបរាជដែលទើបតែយាងទៅដល់ ។ ប៉ុន្មានថ្ងៃបន្ទាប់មក គេបានបញ្ជូនព្រះមហាក្សត្រី ព្រះអនុជអង្គពៅជាព្រះឧបរាជ និងព្រះអនុជអង្គស្ងួន ទៅសាយហ្គនទៀត ។ ព្រះរៀមក្សត្រីអង្គបែន ជាចៅរបស់ចៅហ្វ៊ាបែន ដែលបានប្រគល់ខែត្របាត់ដំបងទៅឱ្យសៀមកាលពីមុន ពេលនេះទ្រង់មានព្រះជន្ម៣២ព្រះវស្សាហើយ (១៨៤១) បានត្រូវគេនាំយកទៅលង់ហោ (វិញឡុង) ។ គេបាននិយាយថាព្រះក្សត្រីអង្គនេះនឹងត្រូវដោះស្រាយខុសពីព្រះអនុជទាំងអស់ ព្រោះទ្រង់មានព្រះមាតាជាបុត្រីរបស់ចៅហ្វ៊ាបែន ដែលបានគេចព្រះអង្គទៅនៅឯបាត់ដំបង ហើយទ្រង់មានព្រះបិតុលាម្នាក់ជាសត្រូវស្លាប់រស់របស់អាណ្ណាម ។ ទៅដល់វិញឡុង គេឃុំព្រះនាងទុកសិន បន្ទាប់មក គេយកព្រះនាងចេញពីទីឃុំឃាំងទៅជ្រមុជទឹកទន្លេសម្លាប់ចោលដោយមិនដឹងជាមានរឿងអ្វី (១៨៤២) ។
ការដែលអាណ្ណាមធ្វើទាំងប៉ុន្មាននេះ ប្រជាជនបានឃើញ និងដឹងឮទាំងអស់ ធ្វើឱ្យគាត់អាចកាត់ស្មានបានថា បើព្រះរាជវាំងអាណ្ណាមបន្ដធ្វើអ្វីតទៅទៀតនោះគឺមិនយូរមិនឆាប់គេនឹងយកព្រះរាជាណាចក្រកម្ពុជាដាក់បញ្ចូលទៅក្នុងទឹកដីកូសាំងស៊ីនជាមិនខាន ។ អាណ្ណាមបានរៀបចំអនុវត្ដវិធានការ២ ដែលមានសារសំខាន់គ្រាន់បើដែរ ហើយដែលរាល់ប្រជាជនស៊ីវីល័យតែងតែធ្វើគឺការធ្វើសម្រង់ស្ថិតិប្រជាជន និងការចុះបញ្ជីសុរិយោដីអចលនទ្រព្យ ដូចដែលគេបានធ្វើរួចហើយនៅអាណ្ណាម ។ ក៏ប៉ុន្ដែប្រជាជនយល់ថា នេះគឺជាសកម្មភាពដំបូងនៃការកាត់យកទឹកដីហើយៗមានកំហឹងកាន់តែខ្លាំងឡើងៗ ។ ពេលនោះពួកអ្នកដែលស្រលាញ់សៀម គឺបក្សពួករបស់ព្រះឧបរាជអង្គឯម និងអ្នកអង្គម្ចាស់អង្គឌួង បានលួចចុះទៅបំផុសប្រជាជនតាមស្រុកស្រែចម្ការឱ្យបះបោរឡើង ហើយចាប់ផ្ដើមកាប់សម្លាប់ជនអាណ្ណាមឥតរើសមុខ ។ ការកាប់សម្លាប់នេះ បានរីករាលដាលរហូតមកដល់ភ្នំពេញ ដែលទ័ពអាណ្ណាមបាននាំគ្នារត់មកជ្រកនៅទាំងកងៗ តែក៏ត្រូវគេលួចសម្លាប់នៅពេលយប់ដែរ ។ ក្នុងរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ កម្ពុជាទាំងមូលសឹងតែគ្មានវត្ដមានអាណ្ណាមតទៅទៀត លើកលែងតែនៅតាមទីប្រជុំជនធំៗ ដែលគេមិននឹកស្មានថាប្រជាជនខ្មែរពេលនោះអាចធ្វើដូច្នេះបានសោះ ។
ប្រជាជនបានបះបោរជាទូទៅ ហើយពួកមន្ដ្រីធំៗបានលួចប្រជុំគ្នាជាសម្ងាត់ និងបានសម្រេចថា ត្រូវហៅរកសៀមឱ្យមកជួយកម្ពុជាម្ដងទៀត ។ គេនាំគ្នាបង្កើតគណៈកម្មការរដ្ឋាភិបាលបណ្ដោះអាសន្នមួយ រួចបានចាត់តាំងមន្ដ្រីធំ២រូបគឺឧកញ៉ាវិបុលឡុង ជាអនុរដ្ឋមន្ដ្រីខាងទ័ពជើងទឹក និងឧកញ៉ាសួគ៌ាលោក មួក ចៅហ្វាយខែត្រពោធិ៍សាត់ ឱ្យនាំយកញត្ដិមួយទៅបាងកក សុំអន្ដរាគមន៍របស់សៀម និងការលើកព្រះអង្គឌួងឱ្យឡើងសោយរាជ្យលើរាជបល្ល័ង្កកម្ពុជា តាមចំណង់ចំណូលចិត្ដរបស់ប្រជារាស្ដ្រ ។
ស្ដេចសៀមបានឯកភាពតាមការស្នើសុំទាំង២ រួចបានចាត់តាំងចៅឃុនបឌិនឱ្យកេណ្ឌទ័ពមករៀបចំ លើករាជវង្សកម្ពុជាឱ្យសោយរាជ្យឡើងវិញ ។
ប៉ុន្មានសប្ដាហ៍ក្រោយមក មេទ័ពអាណ្ណាមទាំង៣នាក់ដែលឈរជើងនៅពោធិ៍សាត់បានត្រូវវាយឱ្យបរាជ័យ ហើយបាននាំគ្នារើសម្ភារដកថយចេញ ដោយបោះបង់បន្ទាយពោធិ៍សាត់ទុកឱ្យទ័ពសៀម ។ ចៅឃុនបឌិនបានដឹកនាំទ័ពបន្ដដំណើរចូលមកក្នុងផ្ទៃប្រទេស ក្រោមស្នូរទះដៃអបអរសាទរពីប្រជាជនដែលបាននាំគ្នាងើបក្រោកឈរឡើងជួយគាំទ្រវាយប្រហារទៅលើកងទ័ពសត្រូវដែលរត់គេចពាសពេញប្រទេស ។
ពេលនោះព្រះចៅអធិរាជអាណ្ណាមបានបញ្ជូនទ័ពជំនួយមួយកងមកជាមួយព្រះឧបរាជអង្គឯម រាជបុត្រារបស់ព្រះអង្គព្រះនាមថា អង្គភឹម និងព្រះក្សត្រីទាំង៣អង្គដែលជាបុត្រីរបស់ស្ដេចអង្គចន្ទដោយសង្ឃឹមថា នឹងធ្វើឱ្យមានការបែកបាក់គ្នារវាងខ្មែរ និងខ្មែរ ។ ក៏ប៉ុន្ដែក្រោយពីមានអាវុធកាន់នៅក្នុងដៃ ក្រុមនេះបានបែរទៅប្រឆាំងនឹងពួកអាណ្ណាមដែលជិះជាន់ពួកគេអស់ពេល៧ឆ្នាំមកហើយ រួចក៏នាំគ្នារត់ទៅចុះចូលជាមួយទ័ពសៀមវិញ ភ្លេចអស់អំពើឃោរឃៅរបស់សៀមកាលពីពេលមុន ។
ទ័ពសៀមវាយរុញច្រានទ័ពអាណ្ណាម ដែលដកថយទៅជាក្រុមតូចៗ ដោយដេញតាមរហូតទៅជិតដល់ចូវដុក ។ នៅទីនោះ មានមេទ័ពអាណ្ណាមជាច្រើន ក្នុងនោះរួមមានទាំងមេទ័ពប្រចាំខែត្រពោធិ៍សាត់ទាំង៣នាក់ផង បាននាំគ្នាផឹកថ្នាំសម្លាប់ខ្លួន ដើម្បីជៀសវាងការទទួលទណ្ឌកម្មពីព្រះចៅអធិរាជ ។
No comments:
Post a Comment