Monday, September 3, 2018

៧៧១-៧៨១ ព្រះបាទ​ជ័យវរ្ម័ន​ទី​២

ក្បាល​ទី​១
ប្រទេស​កម្ពុជា តាម​រឿងនិទាន និង​សិលាចារឹក
ជំពូក​ទី​៥
ប្រទេស​កម្ពុជា ពី​សតវត្សរ៍​ទី​៧ ដល់​សតវត្សរ៍​ទី​១០
វយធបុរៈ និង​សម្ភុបុរៈ​
នៅ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​សុគត​នៅ​ឆ្នាំ​៦៦៧ រាជាណាចក្រ​កម្ពុជា​ដែល​ចិន​នៅ​តែ​ហៅ​ថា ចេនឡា នៅ ​ឡើយ ត្រូវ​បាន​បំបែក​ជា​ក្សត្រ​ប្រទេស​២ ដូច​ដែល​មាន​កាលពី​សតវត្សរ៍​ទី​៦ មុន​ពេល​ដែល​ព្រះបាទ​ស្រីភវវរ្ម័ន បង្រួប​បង្រួម​មក​ជា​រាជាណាចក្រ​តែ​មួយ ៖ មួយ​គឺ​ក្សត្រ​ប្រទេស​មាន​ឈ្មោះ​ថា វយធបុរៈ ដែល​ចិន​ហៅ​ថា «លូ​ឆេនឡា» មាន​ន័យ​ថា «ចេនឡា​ទឹក» និង​មួយទៀត​គឺ​ក្សត្រ​ប្រទេស​មាន​ឈ្មោះ​ថា សម្ភុបុរៈ ដែល​ចិន​ហៅ​ថា «ជូ​ឆេនឡា» មាន​ន័យ​ថា «ចេនឡា​គោក» (1) ។ ក្សត្រ​ប្រទេស​ទី​មួយ មាន​ទឹកដី​ប្រហាក់​ប្រហែល​ត្រូវ​នឹង​កូសាំងស៊ីន​សព្វថ្ងៃ រីឯ​ក្សត្រ​ប្រទេស​មួយទៀត ត្រូវ​នឹង​កម្ពុជា​សព្វថ្ងៃ ហើយ​លាត​សន្ធឹង​រហូត​ដល់​ជួរ​ភ្នំ​ដងរែក ។

ចិន​ហៅ​ចេនឡា​គោក​ម្យ៉ាង​ទៀត​ថា​ «វេនតាន» (តាម​មើល​ប្រហែលជា​ វេនឆាន ទេ) និង​ហៅ​ថា ប៉ូឡេអ៊ូ ផង​ដែរ ។ ចិន​អះអាង​ទៀត​ថា ព្រះរាជា​ទ្រង់​មាន​ព្រះ​ឋានៈ​ជា ស៊ីគ្យូ តែ​គេ​មិនដឹង​ថា​ពាក្យ​តាម​ភាសា​សាមញ្ញ​ជា​អ្វី​ពិតប្រាកដ​ទេ ។ ឯកសារ​ចិន​បាន​និយាយ​ថា មាន​ព្រះរាជា​ចេនឡា​គោក​មួយ​ព្រះ​អង្គ បាន​បញ្ជូន​រាជទូត​ទៅ​ចូល​គាល់​ស្ដេច​ស្រុក​ចិន​នៅ​ឆ្នាំ​៧១៧ ក៏​ប៉ុន្ដែ ឯកសារ​នោះ​មិន​បាន​បញ្ជាក់​ព្រះ​នាម​ទេ ។ មាន​ព្រះរាជា​មួយ​ព្រះ​អង្គ​ទៀត ដែល​គេ​មិន​បាន​ស្គាល់​ព្រះ​នាម​ដែរ គ្រាន់តែ​ដឹង​ថា ប្រហែលជា​សោយរាជ្យ​នៅ​ចេនឡា​ទឹក ក៏​បាន​បញ្ជូន​រាជទូត​ទៅ​ស្រុក​ចិន​ដែរ​នៅ​ឆ្នាំ​៧៥០ ។

បីឆ្នាំ​ក្រោយមក ព្រះរាជបុត្រ​របស់​ស្ដេច​ចេនឡា​គោក​ព្រះ​នាម​ថា​ វេនតាន បាន​ចូល​គាល់​ស្ដេច​ស្រុក​ចិន ជាមួយ​នឹង​សេនា​២៦​នាក់ រួច​បាន​នាំ​ទ័ព​ចិន​ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ចិន​ឈ្មោះ ហូលីក្វាង ទៅ​វាយ ណានឆាវ ឬ​ថៃ នៅ​ឯ​យុនណាន នៅ​ឆ្នាំ​៧៥៤ ។

នៅ​ឆ្នាំ​៧៧១ ឧបរាជ ប៉ូមី (ព្រះ​មី ?) របស់​ចេនឡា​គោក​បាន​ចូល​គាល់​គោរព​ស្ដេច​ស្រុក​ចិន ។ រាជទូត​ចេនឡា​គោក​ម្នាក់​ទៀត​ឈ្មោះ​តាម​ចិន​ហៅ​ថា​ លីទាវគី​ បាន​មក​ដល់​ស្រុក​ចិន​នៅ​ឆ្នាំ​៧៩៩​ តាម​មើលទៅ​ប្រហែល​ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បញ្ជូន​មក នេះ​បើ​តាម​រឿងរ៉ាវ​ដែល​សិលាចារឹក​ល្បើក​ស្រូត​នៅ​ខែត្រ​ក្រចេះ​បាន​ឱ្យ​យើង ​ដឹង​នៅ​ឆ្នាំ​៧៨១​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​មហាសករាជ​៧០៣ (2) ។

ប្រាកដ ​ណាស់​ថា រាជវង្ស​វយធបុរៈ និង​សម្ភុបុរៈ ជា​គ្រួសារ​តែ​មួយ ជាប់​សាច់​តាម​ខ្សែ​ព្រះ​មាតា ហើយ​មាន​ទំនាក់​ទំនង​ល្អ​រវាង​គ្នា​នឹង​គ្នា​តាំង​តែ​ពី​ពេល​ដែល​បែក​គ្នា​ ជា​ពីរ​មក​ម្ល៉េះ ។ ដោយហេតុ​នេះ ខ្ញុំ​សន្និដ្ឋាន​ថា ព្រឹត្ដិការណ៍​ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​២​បែក​គ្នា មិន​មាន​អ្វី​ជា​អាក្រក់​ណាស់​ណា​ទេ ។ ការ​បែក​គ្នា​នេះ អាច​ជា​ការ​បែងចែក​ទឹកដី​គ្នា​គ្រប់គ្រង​ដោយ​មាន​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ ​មក​រវាង​បងប្អូន ហើយ​បើ​ទោះជា​ការ​បែក​គ្នា​នេះ បណ្ដាល​មក​ពី​អំពើ​ហិង្សា​ណា​មួយ​ក្ដី ក៏​អំពើ​ហិង្សា​នោះ​ឆាប់​រលត់​បាត់​ទៅ​វិញ ព្រោះ​មិន​បាន​២៥​ឆ្នាំ​ផង ក្រោយ​ពី​បែក​គ្នា ក្សត្រ​ប្រទេស​ទាំង​២​បាន​រៀបចំ​ភ្ជាប់​ចំណង​អាពាហ៍​ពិពាហ៍​នឹង​គ្នា ។

នេះ ​គឺ​គ្រាន់តែ​ជា​មតិ​ផ្ទាល់​របស់​ខ្ញុំ​ប៉ុណ្ណោះ ដែល​ខ្ញុំ​មិន​អះអាង​ថា ប្រាកដជា​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ទេ ។ ក៏​ប៉ុន្ដែ សិលាចារឹក​ព្រះបាទ​ដែល​គេ​បាន​រក​ឃើញ​នៅ​លើ​ភ្នំ​ជើងព្រៃ​បាន​ឱ្យ​គេ​ដឹង​ថា ព្រះបាទ​ស្រីបុស្ការក្សៈ ដែល​ជាប់​ខ្សែ​ស្រឡាយ​ជាមួយ​ស្ដេច​នៃ​អនិន្ទត្តបរុៈ បាន​ក្លាយជា​ព្រះរាជា​នៃ​សម្ភុបុរៈ ដោយ​បាន​បញ្ជាក់​ថា ទ្រង់​ម៉ឺងម៉ាត់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ប្រយុទ្ធ ហើយ​ទ្រង់​ត្រូវជា​ព្រះ​បិតុលា​នៃ​ព្រះ​មាតា​របស់​ព្រះរាជា​ដែល​បាន​កសាង​ ព្រះរាជវាំង​នៅ​លើ​ភ្នំ​មហេន្ទ្រៈ (3)។ ទ្រង់​ជា​បច្ឆាញាតិ​តាម​ព្រះ​មាតា​នៃ «ព្រះមហាក្សត្រ​របស់​វយធបុរៈ» ហើយ​ទ្រង់​ត្រូវជា​ព្រះ​បិតា​របស់​ព្រះបាទ​រាជេន្ទ្រវរ្ម័ន ដែល​ជា «ឃ្លាំង​នៃ​កុសល​ទាំងឡាយ» និង​ដែល​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​នៅ​គ្រង​រាជបល្ល័ង្ក​សម្ភុបុរៈ ។ ព្រះបាទ​រាជេន្ទ្រវរ្ម័ន នេះ ប្រៀប​បាន​ទៅ​នឹង «ពន្លឺ​ត្រចះ​នៃ​ព្រះ​ច័ន្ទ​ថ្លាយង់» ។ ទ្រង់​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះ​នាង នរិបតិន្ទ្រ​ទេវី ជា​ព្រះ​រជ្ជទាយាទ​របស់​ព្រះអធិរាជា​នៃ​វយធបុរៈ ដែល​ប្រសូត​បាន​ព្រះ​រាជឱរស​មួយ​ព្រះ​អង្គ​ព្រះ​នាម​ថា មហិបតិវរ្ម័ន មាន​ន័យ​ថា ទ្រង់​ជា «យុទ្ធ​ជន​ឈាន​មុខ​គេ​នៅ​ក្នុង​រាល់​ការ​ប្រយុទ្ធ» ។ ព្រះ​មហិបតិវរ្ម័ន ទ្រង់​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះ​នាង​រាជេន្ទ្រទេវី និង​ត្រូវជា​ព្រះ​បិតា​ព្រះ​នាង​ឥន្ទ្រទេវី ដែល​ជា​ព្រះ​មាតា​របស់​ព្រះបាទ​យសោវរ្ម័ន ។

ដូច្នេះ ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​យ៍​ឥន្ទ្រទេវី​ជា​បច្ឆាញាតិ​របស់​រាជវង្ស​ វយធបុរៈ​ផង​ និង​សម្ភុបុរៈ​ផង​ហើយ​ទ្រង់​ក៏​ជា​បច្ឆាញាតិ​របស់​ស្ដេច​អនិន្ទត្តបរុៈ​ថែម​ ទៀត ។ ព្រះ​នាង​ជាប់​ខ្សែ​ខាង​ព្រះ​មាតា​ជាមួយ​នឹង «ព្រាហ្មណ៍​អគស្សត្យៈ​ដែល​ចេះ​ចាំ​គម្ពីរ​វេទ​ និង​វេទង្គៈ​ច្បាស់​លាស់​ ព្រាហ្មណ៍​នោះ​មាន​ដើម​កំណើត​ចេញ​មក​ពី​អារ្យទេសៈ» នៅ​ឥណ្ឌា​ភាគ​ខាងជើង ជាមួយនឹង​ព្រះ​នាង «យសោមទិ ជា​ព្រះរាជ​អគ្គមហេសី​នៃ​ត្រកូល​ខ្ពង់ខ្ពស់» ដែល​មាន «ព្រះរាជបុត្រ ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ថា ស្រីនរេន្ទ្រវរ្ម័ន មាន​ន័យ​ថា ជា​ព្រះរាជា​ឆ្នើម​លើស​ព្រះរាជា​ទាំងឡាយ ហើយ​ទ្រង់​អស្ចារ្យ​ណាស់​នៅ​ក្នុង​ការ​ប្រយុទ្ធ» ។ ព្រះរាជា​ដែល​ជា​ម្ចាស់​នៃ​ពិភពលោក​នេះ មាន​បុត្រី​មួយ​ព្រះ​អង្គ​ល្អ​ដូច​ព្រះ​នាង​លក្សី្ម ព្រះ​នាម​ថា ហ្វារេន្ទ្រ​លក្ស្មី ។ ព្រះរាជ​បុត្រី​នេះ បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះបាទ​រាជបតិវរ្ម័ន ជា «សត្វ​សិង្ហ​កំពុង​ប្រយុទ្ធ» ហើយ​ទ្រង់​ប្រសូត​បាន​ព្រះ​នាង​រាជេន្ទ្រទេវី «ដែល ​ប្រៀប​បាន​ទៅ​នឹង​ក្សត្រី​នៃ​វង្ស​អមតៈ មាន​ព្រះ​កិត្ដិនាម​ល្អ​ឥត​ខ្ចោះ ផ្សព្វផ្សាយ​ទៅ​គ្រប់​ទិស​ទាំង​៤ ។ គឺ​នៅ​ក្នុង​គភ៌​របស់​ព្រះ​នាង​រាជេន្ទ្រទេវី ជា​គភ៌​ដែល​ផ្ដល់​កំណើត​ដល់​វង្ស​ស្ដេច​សិង្ហ​ទាំងឡាយ​នេះ​ហើយ​ដែល​ព្រះបាទ​ មហិបតិវរ្ម័ន (ដែល​បាន​បង្រួប​បង្រួម​ទឹកដី​កម្ពុជា​ទាំង​២​មក​ក្នុង​អំណាច​របស់​ព្រះ​ អង្គ) បាន​ផ្ដល់​កំណើត​ដល់​ព្រះ​នាង​ឥន្ទ្រទេវី ដែល​ល្អ​ឥត​ផ្ទឹម និង​មាន​កិត្ដិនាម​មូល​បីដូច​សមុទ្រ​ទឹកដោះ (4)» ។

ពង្សាវលី ​ទាំង​២​ខ្សែ ដែល​កំណត់​ភាព​ស្របច្បាប់​នៃ​រាជសម្បត្ដិ​របស់​ព្រះបាទ​យសោវរ្ម័ន នៅ​សតវត្សរ៍​ទី​៩​បើ​ទោះជា​ថា​មិន​គ្រប់គ្រាន់​ច្បាស់លាស់​យ៉ាងណា​ក្ដី​ក៏​ ជា​ភស្ដុ​តាង​បង្ហាញ​ថា​ អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ខាងលើ​ថា ការ​បែក​បាក់​នៃ​រាជវង្ស​កម្ពុជា​នៅ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​១​សុគត​ ទៅ មិន​មាន​អ្វី​ធ្ងន់ធ្ងរ និង​ស្ថិតស្ថេរ​នោះ​ទេ ។ រាជវង្ស​ទាំង​២ ដែល​រំលែក​កេរ្ដិ៍​ដំណែល​ដ៏​ធំធេង​ចែក​គ្នា តែង​តែ​មាន​រៀប​អាពាហ៍​ពិពាហ៍​បុត្រាបុត្រី​ទៅ​វិញ​ទៅ​មក​ជា​រឿយៗ ។

ក៏ ​ប៉ុន្ដែ វា​ក៏​អាច​នឹង​មាន​ករណី​ដែល​កេរ្ដិ៍​ដំណែល​នេះ មិន​បាន​ត្រូវ​គេ​ចែក​ឱ្យទៅ​អ្នក​ត្រូវ​ទទួល​ស្របច្បាប់ ហើយ​បែរជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នក​ដែល​បាន​បំបែក​រជ្ជទាយាទ​នោះ​ចេញ​ ក៏​មាន ។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ​គឺ​មក​ពី​មាន​អង្គ​ម្ចាស់​ ខ្មែរ​មួយ​អង្គ​ដែល​គេ​មិន​សូវ​ស្គាល់​បាន​វិល​ត្រលប់​មក​ពី​កោះ​ជ្វា​វិញ​ ហើយ​សោយរាជ្យ​នៅ​លើ​បល្ល័ង្ក​រាជ្យ​វយធបុរៈ រួច​បាន​បង្រួប​បង្រួម​ប្រទេស​មក​ជា​រាជាណាចក្រ​តែ​មួយ​ឡើង​វិញ ។

នៅ ​ពេល​នោះ វា​ហាក់​ដូចជា​ច្បាស់​ណាស់​ថា ព្រះបាទ​រាជេន្ទ្រវរ្ម័ន ដែល​ជា​បុត្រា​របស់​ព្រះបាទ​ស្រីបុស្ការក្សៈ (ជា​ព្រះរាជា​ទី​១​នៃ​សម្ភុបុរៈ) ជាមួយនឹង​ព្រះ​ក្សត្រីយ៍​រជ្ជទាយាទ​នៃ​ព្រះរាជា​វយធបុរៈ ដែល​មិន​បាន​បង្រួប​បង្រួម​ប្រទេស​មក​ជា​តែ​មួយ កំពុង​តែ​សោយរាជ្យ​នៅ​ឯ​សម្ភុបុរៈ​នៅ​ឡើយ ។

គឺ ​ដោយហេតុ​នោះ​ហើយ​ទើប​ខ្ញុំ​គិត​ថា បណ្ដា​អ្នកនិពន្ធ​ទាំងឡាយ​ដែល​រាប់​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​បញ្ចូល​ក្នុង​ ចំណោម​ស្ដេច​ដែល​សោយរាជ្យ​ពេល​នគរ​បាន​ត្រូវ​បង្រួប​បង្រួម​ហើយ ហើយ​ថា​ព្រះរាជបុត្រ​មហិបតិវរ្ម័ន មិន​បាន​សោយរាជ្យ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ។ គ្មាន​ស្ដេច​ណាមួយ​ក្នុង​ចំណោម​ស្ដេច​ទាំង​២​អង្គ​នេះ បាន​សោយរាជ្យ​លើ​នគរ​កម្ពុជា ដែល​ត្រូវ​បាន​បង្រួប​បង្រួម​ហើយ​នោះ​ឡើយ ក៏​ប៉ុន្ដែ ស្ដេច​ទាំង​២​បាន​សោយរាជ្យ​នៅ​លើ​រាជាណាចក្រ​កម្ពុជា​ដីគោក (5) ។

បើ​តាម​ខ្ញុំ​យល់ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ដែល​ត្រលប់​មក​ពី​កោះ​ជ្វា​វិញ​នោះ​ទេ ដែល​ជា​ព្រះរាជា​ទី​១ សោយរាជ្យ​លើ​ព្រះ​នគរ​ដែល​បង្រួប​បង្រួម​តែ​មួយ ។

(1) កំណត់​បង្ហាញ​មួយ​ផ្ញើ​មក​ពី​ទីក្រុង​វ៉េ សរសេរ​ក្នុង​ឆ្នាំ​១៩០៨ ដោយ​រដ្ឋមន្ដ្រី​សិក្សាធិការ​លោក លូស ដែល​ជា​តំណាង​ជាន់ខ្ពស់​របស់​អាជ្ញាធរ​បារាំង (Résident Supérieur) និយាយ​ថា «ពី​មុន​កម្ពុជា​មាន​ឈ្មោះ​ថា​រាជាណាចក្រ​ ចានឡាប់​ ឬ​រាជាណាចក្រ​ពួក​កាវមេន ហើយ​និង​មាន​ឈ្មោះ​កម្ពុជា​ផង​ដែរ ។ គឺជា​ស្រុក​តូច​មួយ​ចំណុះ​ឱ្យ​រាជាណាចក្រ​មួយ​ទៀត​មាន​ឈ្មោះ​ថា​ ភូណាម ។ ស្ដេច​ចិន ព្រះ​នាម ថៃតុន នៃ​រាជវង្ស​យ៉ាង បាន​ដាក់​ភូណាម​ជា​អាណានិគម​មួយ​របស់​ចិន ហើយ​បាន​បែងចែក​នគរ​នេះ​ជា​២ មួយ​គឺ ធុយ​ចានឡាប នៅ​ខាងត្បូង មាន​រាជធានី​នៅ បាឡាដេបាត​ និង​មួយទៀត​គឺ​ លុក​ចានឡាប​ នៅ​ខាងជើង ដែល​មាន​រាជធានី​នៅ ធុយក្វាត ។ ដល់​មក​រាជ ង្ស​តុង ប្រទេស​ទាំង​២​នេះ​រួម​គ្នា​មក​ជា​ប្រទេស​តែ​មួយ ហើយ​មាន​ឈ្មោះ​ថា ចានឡាប» ។

លើកលែងតែ ​ចំណុច​ដែល​និយាយ​ថា​ ភូណាម​ ជា​អាណានិគម​មួយ​របស់​ចិន​ហើយ​ និង​ការ​បែងចែក​ស្រុក​ជា​២​ចេញ​គេ​ឃើញ​ថា កំណត់​បង្ហាញ​នេះ​ត្រូវ​គ្នា​ល្អ​ណាស់​ជាមួយ​អ្វី​ដែល​យើង​បាន​ឃើញ​ ខាងលើ ។

(2) សូម​អាន «កំណត់​ចំណាំ​លើ​សិលាចារឹក​មួយ​ដែល​គេ​ទើប​រក​ឃើញ​នៅ​កម្ពុជា» ដោយ​លោក ហ្ស៊ក សឺដេស ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​សាលា​បារាំង​ចុង​បូព៌ា ខែ​កក្កដា​-​ធ្នូ ឆ្នាំ​១៩០៥ ទំព័រ​៤១៩ ។

(3) ព្រះបាទ​យសោវរ្ម័ន​បាន​កសាង​ព្រះរាជវាំង​មួយ​នៅ​លើ​ភ្នំ​គូលែន ដែល​មាន​ឈ្មោះ​ថា មហេន្ទ្រៈ ។

(4) សិលាចារឹក​ព្រះបាទ​សរសេរ​ដោយ​លោក បាថ ចុះ​ក្នុង​កម្រង​ក្បាល​ទី​២ ទំព័រ​៣៥៦​-​៣៥៧ និង ៣៦៩​-​៣៧០ ។

(5) ស្លោក​ទី​៣​នៃ​សិលាចារឹក​ព្រះបាទ​បាន​និយាយ​ថា «ព្រះបាទ​រាជេន្ទ្រវរ្ម័ន … ជា​ស្ដេច​សម្ភុបុរៈ» ហើយ​ស្លោក​ទី​៤​ប្រាប់​ថា មហិបតិវរ្ម័ន ជា​អ្នក​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ ។

No comments:

Post a Comment