Sunday, February 18, 2024

ព្រះ​ឧភយោរាជ​អង្គ​នន់ (១៦៧៤-១៦៧៥)

  រយៈកាល​ចន្លោះ​រាជ្យ​-​ព្រះ​ឧភយោរាជ​អង្គ​នន់ (១៦៧៤-១៦៧៥) 

ស្ដេច​នេះ​ជា​បុត្រា​របស់​ព្រះ​អង្គ​ឯម ដែល​បាន​គាំទ្រ​ព្រះរាជា​ចោល​សាសនា​ប្រឆាំង​នឹង​ព្រះ​អនុជ​ទាំង​២ ដែល​បាន​រត់​ទៅ​សុំ​ជំនួយ​ពី​ស្ដេច​កូសាំងស៊ីន ។ ទ្រង់​បាន​នាំ​ព្រះរាជ​វង្ស​មក​គង់នៅ​ឯ​រាជធានី​ឧត្ដុង្គ​វិញ ហើយ​ក៏​ចាប់​កាន់​កាប់​អំណាច​ក្នុង​ព្រះ​នាម​ថា «សម្ដេច​បទុមរាជា​ឧភយោរាជ» គឺ​ទ្រង់​មិន​គ្រងរាជ្យ​ទេ ។ មាន​ឯកសារ​ខ្លះ​និយាយ​ថា ទ្រង់​មាន​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះកែវហ្វ៊ា ។ ការ​ដែល​ទ្រង់​ប្រកាន់​យក​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ​នេះ គឺ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ព្រះរាជ​បន្ទូល​ដែល​ទ្រង់​បាន​ប្រកាស​ពី​មុន​មក​ថា ទ្រង់​មិន​មែន​មក​ប្រយុទ្ធ​ដើម្បី​រាជបល្ល័ង្ក​នោះ​ទេ គឺ​ដើម្បី​តែ​ការ​សងសឹក​ប៉ុណ្ណោះ ។  ព្រះ​អង្គ​នន់​កាន់​អំណាច​មិន​បាន​ទាំង​៥​ខែ​ផង ព្រះ​អង្គ​សូរ​ដែល​ត្រូវជា​រាជបុត្រ​របស់​ព្រះ​បទុមរាជា ដែល​សុគត​ទៅ ហើយ​ត្រូវជា​ព្រះ​អនុជ​របស់​សព​អ្នក​អង្គ​ជ័យ ដែល​ពេល​នោះ​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​ហើយ បាន​ប្រមែ​ប្រមូល​កង ទ័ព​ប្រឆាំង​នឹង​ព្រះ​ឧភយោរាជ​អង្គ​នន់ ។ ព្រះ​អង្គ​សូរ​បាន​ទទួល​ជោគជ័យ​ល្អ​បង្គួរ ធ្វើ​ឱ្យ​ព្រះ​ឧភយោរាជ​ទ្រាំ​មិន​បាន​ក៏​រត់​គេច​ខ្លួន​ទៅ​នៅ​ឯ​កូសាំងស៊ីន​ក្បែរ​ភ្នំ​ដឺកា​ (ត្រង់​ព្រំប្រទល់​ដែន​កម្ពុជា​-​ អាណ្ណាម​បច្ចុប្បន្ន) នៅ​  ប្រាំតម្លឹង ។ បន្ដិច​ក្រោយ​មក​ រាជវង្សានុវង្ស​របស់​ព្រះ​អង្គ ក្នុង​នោះ​មាន​ស្រីស្នំ​ម្នាក់​ដែល​មាន​ដើម​កំណើត​ជា​ចិន បាន​នាំ​គ្នា​រត់​មក​រស់នៅ​ជាមួយ​ព្រះ​អង្គ​ដែរ ។


ផែនទី រដ្ឋអណ្ណាម គឺ ខេត្ត អាន និង ខេត្ត ណាម ជាទឹកដី របស់ ចិន ឯទឹកដី ក្បែរចិន គេហៅថា កូសាំងស៊ីន

No comments:

Post a Comment