នៅសម័យនោះ ពួកហូឡង់បានបើកអគារពាណិជ្ជកម្មរបស់គេនៅកម្ពុជាបាន២-៣ឆ្នាំហើយ។ ពួកនោះ បានជួបជាមួយ ពួកព័រទុយហ្គាល់ ដែលមានវត្ដមានតាំងតែពីឆ្នាំ១៥៥៣មកម្ល៉េះ ហើយថែមទាំងបានបំពេញភារកិច្ចធំៗថ្វាយដល់រាជវង្សថែមទៀតផង ដូចដែលយើងបានឃើញរួចមកហើយនៅចុងសតវត្សរ៍មុន ។ ពួក ព័រទុយហ្គាល់ មានអគារពាណិជ្ជកម្មនៅ កំពង់ហ្លួង ឯពួកហូឡង់មានអគារនៅពញាឮ ។ ពួកជាតិសាសន៍នេះទាំង២មានការប្រកួតប្រជែងខាងពាណិជ្ជកម្មស្រួចស្រាល់ខ្លាំងណាស់ ដូច្នេះហើយការស្អប់គ្នាទៅវិញទៅមកក៏ខ្លាំងណាស់ដែរ ។ គេបានចាប់ផ្ដើមដណ្ដើមទីតាំងគ្នាទៅវិញទៅមករួចមកហើយនៅក្នុងចុងបូព៌ាទាំងមូល ហើយគេក៏តាំងចាប់ផ្ដើមជេរគ្នាទៅវិញទៅមក ដណ្ដើមគាប់គួរជាមួយព្រះរាជាកម្ពុជា សំដៅបំផ្លាញគ្នាទៅវិញទៅមកដែរ ។
នៅក្នុងឆ្នាំ១៦៣៦ ពួកអ្នកស្រុកបានចូលយកទំនិញរបស់កប៉ាល់ឈ្មោះ ន័រវីក ដែលលិចនៅក្បែរមាត់សមុទ្រកម្ពុជា ពួកហូឡង់ ក៏ប្ដឹងរកយុត្ដិធម៌ (29) ។ ពេលនោះព្រះរាជាដែលពិភាល់ថាពួកនេះជាចារកម្មរបស់ពួកសៀមបានឆ្លើយតបទៅវិញថា ព្រះអង្គមានសិទ្ធិ និងទទួលយករាល់របស់របរផ្សេងៗដែលបានមកពីការលិចលង់របស់កប៉ាល់បរទេស ។ ពួកហូឡង់ឆ្លើយថាពួកគេមិនមែនជាជនបរទេសទៀតទេ ព្រោះគេបានមកតាំងទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជារួចទៅហើយ ។ ទឡ្ហីករណ៍នេះមិនត្រឹមត្រូវទេ ពីព្រោះថា នៅឯអឺរ៉ុប គេសន្មត់ថា រាល់កប៉ាល់របស់ប្រទេសមួយដែលលិចនៅលើឆ្នេរសមុទ្ររបស់ប្រទេសមួយទៀត គេតែងតែចាត់ទុកជាកប៉ាល់បរទេសហើយ ។ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៦៣៨ លោកឧត្ដមសេនីយ៍ វ៉ាន់ឌីយ៉ឺម៉ិន ដែលឈរជើងនៅឯ បាតាវីយ៉ា បានបញ្ជូនឈ្មោះ ប៉ូលគ្រុក ឱ្យធ្វើដំណើរមកកាន់រាជវាំងឧត្ដុង្គ ដើម្បីធ្វើការដោះស្រាយ ។ ពេលនោះ ពួកព័រទុយហ្គាល់ ដែលបានសម្លាប់ពួកហូឡង់អស់២នាក់កាលពីមួយឆ្នាំមុន បានសម្រេចចិត្ដថា នឹងធ្វើឱ្យបេសកកម្មនេះបរាជ័យ ។ រឿងរ៉ាវនេះបានអូសបន្លាយពេលជាង៣ឆ្នាំមកហើយ ដោយលោកឧត្ដមសេនីយ៍នៃក្រុមហ៊ុនពាណិជ្ជកម្មហូឡង់នឹកគិតស្មានថា ខ្លួននេះបានត្រូវព្រះរាជា និងព្រះមហាឧបរាជចាត់ទុកដូចជាបងប្អូនរួចទៅហើយ តែស្ដេចទាំង២អង្គនេះ បានប្រកែកមិនយល់ព្រមទទួលលិខិតរបស់គាត់ទេ ហើយទទួលមានព្រឹត្ដិការណ៍ចៅ ពញាចន្ទ និងពួកអ៊ិស្លាម ធ្វើឃាតព្រះរាជា ព្រះឧភយោរាជជាមួយនឹងមន្ដ្រីអ្នកមុខអ្នកការនៅក្នុងព្រះរាជាណាចក្រកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៦៤២ ពួកហូឡង់ក៏ចាប់ផ្ដើមគិតរកដំណោះស្រាយសាជាថ្មី ។
ព្រះរាជាថ្មីបានផ្ញើព្រះរាជសារលិខិតមួយច្បាប់ទៅឱ្យឧត្ដមសេនីយ៍ (30) ក្រុមហ៊ុនហូឡង់ដែលឈរជើងនៅឯ កោះជ្វា បញ្ជាក់ថាព្រះអង្គមានបំណងចង់រក្សាទំនាក់ទំនងល្អជាមួយគ្នា ។ លោកឧត្ដមសេនីយ៍នៅពេលបានដឹងថា បេសកជនរបស់គាត់មិនទាន់បានចូលគាល់ព្រះរាជានៅឡើយទេ ផ្ទុយពីពួកអេស្ប៉ាញ និង ព័រទុយហ្គាល់ បែរជាទទួលបាននូវការប្រោសប្រណីជាច្រើន មិនតែប៉ុណ្ណោះព្រះរាជាបានទាំងបញ្ជូនដំរី ២ក្បាលទៅជូនលោកអភិបាលក្រុងម៉ានីលថែមទៀតផងនោះ ក៏ចាត់តាំងឱ្យលោក គ័រណីក្លែក ជាមេខាងផ្នែកពាណិជ្ជកម្ម ធ្វើដំណើរតាមកប៉ាល់២គ្រឿងមកកម្ពុជានៅក្នុងខែឧសភា ឆ្នាំ១៦៤២ ។ លោក គ័រណីក្លែក មានភារកិច្ចមកទូលសរសើរព្រះរាជាដែលទទួលបានជ័យជម្នះលើពួកខ្មាំងសត្រូវ ដែលកន្លងមកបានធ្វើឱ្យព្រះអង្គបាត់បង់អស់នូវសិទ្ធិស្របច្បាប់ទាំងឡាយ ហើយទ្រង់បានកម្ទេចចោលពួកស្ដេចជ្រែករាជ្យទាំងអស់ ។ គាត់ក៏មានភារកិច្ចត្រូវរាយការណ៍ថ្វាយព្រះរាជា សូមឱ្យព្រះអង្គប្រុងប្រយ័ត្ននឹងល្បិចកលរបស់ពួក ព័រទុយហ្គាល់ ដែលកន្លងមកបាន លួចបំពុលព្រះរាជា ប៊័រណេអូ និងនាម៉ឺនសព្វមុខមន្ដ្រីមួយចំនួន និងសូមឱ្យព្រះអង្គរក្សាទំនាក់ទំនងល្អជាមួយពួកហូឡង់ ដែលជានិច្ចជាកាលជាមិត្ដដ៏ល្អសម្រាប់ព្រះរាជាដែលទទួលរាក់ទាក់ពួកគេ ។
នៅពេលដែលការចរចាខាងលើកំពុងតែប្រព្រឹត្ដទៅ នៅក្នុងឆ្នាំដដែលនោះ ព្រះរាជាដែលបានទទួលយក នារីម៉ាឡេម្នាក់ជាព្រះជាយា ។ ប្រហែលជាដើម្បីបំពេញព្រះទ័យព្រះជាយានេះផង ហើយក៏ប្រហែលដើម្បីលើកទឹកចិត្ដពួក ម៉ាឡេ និងចាម ដែលបានជួយឱ្យព្រះអង្គដណ្ដើមយករាជបល្ល័ង្កមកវិញបានផង ទ្រង់បានប្ដូរចូល សាសនាមហាម៉ាត់ វិញដោយឱ្យគេកាត់ស្បែក ហើយទ្រង់ប្រកាសប្ដូរព្រះនាមថា អ៊ីប្រាហ៊ីម វិញ ។ លោកហ្សេរ៉ាវ៉ាន់វូសូហ្វ បាននិយាយថា ព្រះរាជាទ្រង់បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពួកម៉ាឡេ និងចាម ។ ហេតុការណ៍នេះ បានធ្វើឱ្យប្រជាជនមិនសប្បាយចិត្ដទេ គេបានហៅព្រះរាជាថាជាស្ដេចចេញសាសនា និងជាស្ដេចចូល សាសនាជ្វា ។
ពួកម៉ាឡេ និងចាមដែលកាន់សាសនាមហាម៉ាត់ទាំងអស់នេះច្រើនតែជាពាណិជ្ជករ ម្ល៉ោះហើយគឺជាសត្រូវនឹងពួកអឺរ៉ុប ដែលជាដៃគូប្រកួតប្រជែង ។ ដល់ពេលបានក្លាយជាអ្នកជិតស្និទ្ធនឹងព្រះរាជា ពួកនេះក៏ប្រែក្លាយទៅជាកាចសាហាវ ។ ដោយខ្លាចរអាការវាយប្រហាររបស់ពួកនេះ និងដោយពួកព័រទុយហ្គាល់ចេះតែផ្សព្វផ្សាយពាក្យមិនល្អពីខ្លួនផង ពួកហូឡង់ក៏សម្រេចចិត្ដដកថយចេញពីកម្ពុជាដែលមិនមែនជាទីសុខសាន្ដសម្រាប់ខ្លួនទេ ។ បេសកជនរបស់ឧត្ដមសេនីយ៍បាតាវីយ៉ា បានចាកចេញពីកម្ពុជា ហើយនាយអគារពាណិជ្ជកម្មហូឡង់នៅកម្ពុជា ក៏ត្រូវគេបញ្ជាឱ្យដកចេញទៅវិញដែរ ដរាបណារាជរដ្ឋាភិបាលកម្ពុជាមិនបានបំពេញសេចក្ដីត្រូវការរបស់ខ្លួននោះ ។
តើមានអ្វីកើតឡើងក្រោយពីពួកហូឡង់ចាកចេញផុតទៅ ? យើងបានដឹងអំពីអ្វីៗដែលកើតមានជាបន្ដមកទៀតតែដោយសារឯកសារពួកហូឡង់ប៉ុណ្ណោះ ។ ពួកហូឡង់មិនបានប្រាប់ឱ្យដឹងពិតប្រាកដថាតើអ្នកណាដែលជាមេភ្លើងទេ ក៏ប៉ុន្ដែពួកគេបានសរសេរថា ក្រោមការញុះញង់របស់ពួកព័រទុយហ្គាល់ និងពួកម៉ាឡេ និងដោយមានការថ្វាយយោបល់ពីឧកញ៉ា ពីរេស្នេដុល (?) ព្រះរាជាបានចេញបញ្ជាឱ្យកាប់សម្លាប់ពួកហូឡង់វាយកម្ទេចអគារ និងដណ្ដើមយកកប៉ាល់ហូឡង់ ឈ្មោះន័រវីក និងសំពៅឈ្មោះ រីវីក ផង ។ ព្រះរាជបញ្ជានេះត្រូវបានគេអនុវត្ដតាមនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៦៤៤ លើកលែងតែកប៉ាល់ន័រស្វ៊ីកមួយចេញដែលគេមិនអាចចាប់បាន ។ ក៏ប៉ុន្ដែចៃដន្យអាក្រក់នេះ បានធ្លាក់ទៅលើកប៉ាល់ឈ្មោះ អូរ៉ង់ហ្សេ ដែលទើបតែមកដល់ពីកោះហ្វៃយ៉ូវ៉ាន់ (តៃវ៉ាន់) (31) ទៅវិញ ដោយគ្មានបានដឹងរឿងរ៉ាវដែលកើតមាននៅកំពង់ហ្លួងទេ ។ អ្នកដើរកប៉ាល់នេះ បានត្រូវពួក ជប៉ុន ដែលមានគ្នាប្រហែលជា១០នាក់ បង្ខំឱ្យចុះមកដីហើយសម្លាប់អស់មួយចំនួន មួយចំនួនទៀតត្រូវចាប់ជាឈ្លើយ ។
ពេលទទួលបាននូវដំណឹងនេះ ពួកហូឡង់នៅបាតាវីយ៉ាបានសម្រេចចិត្ដធ្វើការសងសឹកវិញ ដោយបញ្ជូនកប៉ាល់ ៥គ្រឿងមកកម្ពុជា និងទូកសំប៉ានជាច្រើន ដឹកនាំទាហាន ១៦០នាក់ និងនាវិក២៤០នាក់ ។ គេនឹងធ្វើការសងសឹកដោយការបង្ហូរឈាមប្រសិនបើ ព្រះរាជាអ៊ីប្រាហ៊ីម មិនព្រមប្រគល់ចំណាប់ខ្មាំងមកឱ្យវិញ ហើយមិនធ្វើឱ្យមានទំនាក់ទំនងដូចកាលពីមុនឆ្នាំ១៦៤០ទេ ។ ក្រុមហ៊ុនពាណិជ្ជកម្មហូឡង់ទើបតែបានផ្ញើការសរសើរមកថ្វាយព្រះរាជា ស្រាប់តែត្រូវធ្វើសង្គ្រាមមួយទៅវិញ ក៏ប៉ុន្ដែពួកគេចង់បានសន្ដិភាព ។ កប៉ាល់ទាំងអស់បានចេញដំណើរនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៦៤៤ ឡើងមកតាមទន្លេបាសាក់ ហើយបានមកបោះយុថ្កានៅនឹងពាមទន្លេសាប ពីខាងលើភ្នំពេញ-ចតុម្មុខបន្ដិច គឺប្រហែលជាចម្ងាយ១៦គីឡូម៉ែត្រពីអគារពាណិជ្ជកម្មហូឡង់ ។
នៅពេលដែលកិច្ចចរចាចាប់ផ្ដើមឡើងនៅថ្ងៃទី៧ ខែកក្កដា ពួកមន្ដ្រីខាងកម្ពុជាបានសំណូមពរឱ្យពន្យារពេល៧ថ្ងៃ ដោយហេតុថាព្រះមាតារបស់ព្រះរាជាទើបនឹងសុគត ។ ដោយពិនិត្យឃើញថាគ្មានអ្វីប្លែក គួរឱ្យសង្ស័យនៅតាមមាត់ទន្លេ មេបញ្ជាការហូឡង់ក៏យល់ព្រមតាមសំណើ ហើយថែមទាំងបានសម្ដែងការចូលរួមមរណទុក្ខ ដោយការបាញ់កាំភ្លើងធំគោរពទៀតផង ។
កប៉ាល់ហូឡង់នៅក្នុងទឹករហូតដល់៦ខែ តែនៅមិនទាន់មានលទ្ធផលអ្វីបន្ដិចសោះ ។ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ១៦៤៥ មេបញ្ជាការហូឡង់ក៏សម្រេចចិត្ដនាំគ្នាចេញកប៉ាល់ធ្វើដំណើរបន្ដទៅកាន់លង្វែក ។ ទៅជិតដល់កំពង់ហ្លួងទៅហើយ ស្រាប់តែមានលេចឮដំណឹងថា គេកំពុងប្រមូលឫស្សីមកគរនៅភ្នំពេញ ជាមួយនឹងអាវុធយុទ្ធភណ្ឌផ្សេងៗទៀត ។ មេបញ្ជាការក៏បញ្ជាឱ្យធ្វើដំណើរចុះមកវិញ តែត្រូវទូកតូចៗជាច្រើនស្កាត់វាយនៅពាក់កណ្ដាលផ្លូវ ។ កប៉ាល់ហូឡង់បានវាយរុញច្រានទូកទាំងអស់នោះចេញបាន តែត្រូវរងការបាញ់ឥតដាច់ពីលើគោកថែមទៀត ។ យប់មកដល់ កប៉ាល់បានបោះយុថ្កាសម្រាកសិន ។ ដល់ពេលព្រឹកស្អែកឡើង គេពិនិត្យឃើញមានស្ពានមួយប្រវែង១២០ម៉ែត្រ ទទឹង៦ម៉ែត្រនៅកាត់ទទឹងទន្លេ និងមានកាំភ្លើងធំ៨ដើមរៀបតម្រៀបគ្នានៅលើច្រាំងទន្លេខាងលិច ឯខាងកើតទន្លេវិញមានប៉មមួយកំពុងសង់ឡើងមិនទាន់រួច ។ មេបញ្ជាការហូឡង់បានសម្រេចថា ត្រូវតែវាយបើកផ្លូវចេញ ហើយការប្រយុទ្ធក៏ចាប់ផ្ដើមឡើង ។ មេបញ្ជាការនោះបានត្រូវគ្រាប់ដាច់ក្បាលបាត់ តាំងតែពីចាប់ផ្ដើមប្រយុទ្ធភ្លាមម្ល៉េះ ហើយខាងហូឡង់បានបាត់បង់កម្លាំងអស់១២០នាក់ ក៏ប៉ុន្ដែកប៉ាល់បានឆ្លងផុតចូលទៅក្នុងទន្លេធំខាងក្រោមភ្នំពេញ នៅវេលាម៉ោង៤រសៀល ហើយបោះយុថ្កាសម្រាកនៅទីនោះទៅ ។ ឯកសារហូឡង់និយាយថា នៅក្នុងការប្រយុទ្ធគ្នានោះ ខាងខ្មែរបានខូចខាតកម្លាំងរហូតដល់ទៅ១ពាន់នាក់ ។
ដោយមិនអាចទប់ទល់នឹងការវាយប្រហារតទៅទៀត កប៉ាល់ហូឡង់ ក៏ធ្វើដំណើរចុះតាមទន្លេបន្ដទៅទៀត ហើយទៅដល់ផានរ៉ាងនៅថ្ងៃទី១២ខែកក្កដា ។ ស្ដេចនគរចាម្ប៉ាដែលសេសសល់ពីការវាតទីរបស់ពួកអាណ្ណាមនៅពេលនោះ បានទទួលស្វាគមន៍ពួកហូឡង់ ហើយអនុញ្ញាតឱ្យពួកនេះធ្វើពាណិជ្ជកម្មនៅតាមកំពង់ផែរបស់គេ ក៏ប៉ុន្ដែ បានហាមប្រាមមិនឱ្យវាយពួកព័រទុយហ្គាល់នៅក្នុងទឹកដីគេទេ ។ ស្ដេចនគរចាម្ប៉ានោះបានប្រកាសថា អាកប្បកិរិយារបស់ស្ដេចចន្ទអ៊ីប្រាហ៊ីម គឺជាអំពើក្បត់ តែព្រះអង្គបានផ្ដាច់ចំណងទាក់ទងជាមួយតាំងតែពីពេលដែលពញាចន្ទបានធ្វើឃាតព្រះឧភយោរាជឧទ័យ និងព្រះអង្គនន់ ដែលជាមិត្ដភក្ដិមកម្ល៉េះ ។ ក្នុងពេលនោះមាននាវាហូឡង់មួយគ្រឿងទៀតឈ្មោះ អេទ័លប៉ូលែរ ចេញមិនទាន់ផុតពីទន្លេបាសាក់នៅឡើយ ហើយកំពុងតែរងការវាយប្រហារពីទ័ពជើងទឹកកម្ពុជា ដែលដឹកនាំដោយព្រះរាជាផ្ទាល់ព្រះអង្គ និងពួកព័រទុយហ្គាល់ ម៉ាឡេ និងជប៉ុន ជាអ្នកបញ្ជាផង ។ នាវានោះអាចទ្រាំទ្រការវាយប្រហារនោះបានយ៉ាងល្អ ហើយចុះផុតចូលទៅក្នុងលំហសមុទ្រ ឯនាវាកម្ពុជាក៏លែងហ៊ានដេញតាមទៀតដែរ ។
បាតាវីយ៉ាបានស្នើសុំជំនួយអន្ដរាគមន៍ពីស្ដេចសៀមៗបានបញ្ជូននាវា១០គ្រឿងមក ក៏ប៉ុន្ដែនៅពេលមកដល់មាត់ពាមទន្លេមេគង្គ មិនឃើញកងនាវាហូឡង់ នាវាសៀមទាំងអស់នោះក៏ត្រលប់ទៅវិញអស់ទៅ នៅក្នុងខែកញ្ញា ឆ្នាំ១៦៤៥ ។ ប៉ុន្មានខែក្រោយមក ព្រះរាជាកម្ពុជាបានយល់ព្រមប្រទានសន្ដិភាព ដោយទ្រង់បានបញ្ជូនរាជទូតទៅកាន់បាតាវីយ៉ា នៅក្នុងខែឧសភា ឆ្នាំ១៦៤៦ ។ មកខែមេសា ឆ្នាំ១៦៤៧ ទ្រង់បានដោះលែងពួកឈ្លើយសឹកដែលទ្រង់បានចាប់ពីកប៉ាល់អូរ៉ង់ហ្សេ ក៏ប៉ុន្ដែបញ្ហាលំបាកនៅតែមានបន្ដតទៅទៀត រហូតដល់ខែកក្កដា ឆ្នាំ១៦៥២ នៅពេលដែលពួកហូឡង់បានសំណូមពរឱ្យព្រះរាជាបញ្ជូនរាជទូតទៅចរចាសម្រេចជាលើកចុងក្រោយ ។
នៅខែកក្កដា ឆ្នាំ១៦៥៣ ឧត្ដមសេនីយ៍បាតាវីយ៉ាបានជូនដំណឹងទៅព្រះរាជាកម្ពុជាវិញថា ពួកហូឡង់មិនអាចមកបោះទីតាំងនៅលើទឹកដីកម្ពុជាជាមួយនឹងសត្រូវរបស់ខ្លួនបានទេ លើកលែងតែព្រះអង្គបណ្ដេញពួកនោះចេញសិន ។ តាមពិតពួកហូឡង់ពេលនោះកំពុងតែមានសង្គ្រាមជាមួយពួកអង់គ្លេស ដែលទើបតែបានធ្វើឃាតស្ដេចរបស់គេ ។ ព្រះរាជាបានច្រានសំណើនោះ ហើយការចរចាបានបន្ដរហូតដល់ខែកក្កដា ឆ្នាំ១៦៥៦ទើបមានចុះសន្ធិសញ្ញាមួយដែលមិនមានចោទប្រកាន់ទោសកំហុសអ្វីដល់ព្រះរាជាអ៊ីប្រាហ៊ីមឡើយ ឯពួកហូឡង់ក៏មិនបានទទួលនូវការសងសឹកអ្វីដែរ តែបានទទួលផលប្រយោជន៍ខាងពាណិជ្ជកម្មខ្លះ ដែលពួកគេមិនអាចថែរក្សាការពារបាន (32) ។
មកដល់ពេលនេះ គឺក្នុងឆ្នាំ១៦៥៨ ព្រះរាជាអ៊ីប្រាហ៊ីមសោយរាជ្យបាន១៨ឆ្នាំហើយ ។ ពេលនោះមានបុត្រា២ អង្គរបស់អតីតព្រះឧភយោរាជព្រះឧទ័យ ដែលពញាចន្ទ-ព្រះអ៊ីប្រាហ៊ីមបានធ្វើឃាត គឺពញាសូរ (ពញាសូរនេះក្រោយមកបានឡើងសោយរាជ្យមានព្រះនាមថា ព្រះបទុមរាជា) មានព្រះជន្ម២៦ព្រះវស្សា និងព្រះអង្គតន់មានព្រះជន្ម១៨ព្រះវស្សាបានចាប់កាន់អាវុធបះបោរប្រឆាំងនឹងព្រះរាជាឡើង ។ ពេលនោះព្រះរៀមរបស់ក្សត្រាទាំង២ គឺព្រះអង្គឯម ដែលបានរួចរស់រានមានជីវិត ដោយត្រូវព្រះវររាជមាតាយកមកចិញ្ចឹមបីបាច់ថែរក្សា ហើយមានឋានៈជាព្រះកែវហ្វ៊ាមិនបានចូលដៃចូលជើងជាមួយទេ តែបែរជាកាន់ជើងខាងព្រះរាជាទៅវិញ ។
ពញាសូរ និងព្រះអង្គតន់បានត្រូវទ័ពព្រះរាជាវាយឱ្យបរាជ័យ ក៏រត់ទៅជ្រកកោននឹងព្រះមហេសីមេម៉ាយមាន សញ្ជាតិអាណ្ណាម របស់ព្រះជ័យជេដ្ឋា ដែលណែនាំឱ្យក្សត្រទាំង២រត់ទៅសុំជំនួយពីស្ដេចអាណ្ណាម ។ ពេលនោះមានប្រជាជនអាណ្ណាមជាច្រើនដែលជាជនអនាថា ជនរត់ចោលជួរ ជនមានទោសដែលត្រូវបណ្ដេញចេញពីស្រុក និងជនផ្សេងៗទៀតចូលមករស់នៅលាយឡំជាមួយអ្នកស្រុកដើមនៅក្នុង ខែត្របារាជ និងដុងណាយ ។ ពេលឃើញក្សត្រខ្មែរទាំង២អង្គរត់មករកជំនួយដូច្នេះ ស្ដេចអាណ្ណាមគិតថាឱកាសល្អមកដល់ហើយក្នុងការដណ្ដើមយកប្រទេសនេះ ។ អ្នកប្រវត្ដិវិទូអាណ្ណាមឈ្មោះ ទ្រឿង វិញ គឺបានសរសេរថា ប្រទេសកម្ពុជាមានទន្លេធំៗ មានដៃច្រើន ដីស្រែក៏មានជីជាតិល្អ គួរឱ្យចង់បានណាស់ ។ ព្រះរាជាអាណ្ណាមក៏យល់ព្រមផ្ដល់ជំនួយដល់ក្សត្រទាំង ២ (33) ហើយបានបញ្ជូនទ័ព ២ពាន់ នាក់ដឹកនាំដោយឧត្ដមសេនីយ៍ ជាងធូ ឱ្យមកជួយ ។ សង្គ្រាមក៏ចាប់ផ្ដើមឡើង ហើយព្រះអង្គឯម បុត្រាទី៣របស់ព្រះឧភយោរាជ ដែលចូលដៃចូលជើងជាមួយនឹងឃាតកសម្លាប់ព្រះបិតា ក៏ត្រូវសុគតទៅនៅក្នុងការប្រយុទ្ធមួយតាមជើងទឹកនៅ បារាជ ។ រីឯ ព្រះរាជាវិញ ត្រូវពួកអាណ្ណាម ចាប់បានជាមួយនឹងសេនាអាមាត្យ ហើយដាក់ក្នុងទ្រុងដែកនាំយកទៅកាន់ ខែត្រក្វាងប៊ិញនៅជាប់នឹងព្រំដែនតុងកឹង ។ ទ្រង់បានសុគតនៅទីនោះនៅក្នុងឆ្នាំ១៦៥៩ ក្នុងព្រះជន្មាយុ៤០ព្រះវស្សា ។ បើគិតទៅ ព្រះអង្គសោយរាជ្យបានប្រហែលជា ១៨ឆ្នាំ ។
ពួកអាណ្ណាមបានអះអាងថា អ្នកទោសដែលគេចាប់បានក្នុងសង្គ្រាមនោះបានត្រូវគេដោះលែងមកកម្ពុជាវិញ តែនៅក្រោយពេលដែលគេបានចុះសន្ធិសញ្ញាសន្ដិភាពមួយ ដែលបញ្ជាក់ច្បាស់ថាប្រទេសកម្ពុជានឹងនាំយកសួយសារអាករទៅថ្វាយស្ដេចអាណ្ណាមជាទៀតទាត់ ហើយពួកប្រជាជនអាណ្ណាមដែលចូលមករស់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នឹងទទួលបាននូវសិទ្ធិកម្មសិទ្ធិលើដីដែលខ្លួនកាន់កាប់ ហើយនឹងត្រូវចាត់ទុកដូចជាអ្នករដ្ឋវាសីប៉ុណ្ណោះ ។
ការជ្រៀតជ្រែករបស់ពួកអាណ្ណាមចូលមកក្នុងរឿងរ៉ាវរបស់កម្ពុជាតាមរយៈមហាក្សត្រីមានដើមកំណើតជាអាណ្ណាមនេះ គឺជាសេចក្ដីផ្ដើមនៃការខុសឆ្គងដ៏វែងអន្លាយ ដែលនឹងនាំមកនូវការបាត់បង់ទឹកដីបន្ដិចម្ដងៗ មិនខុសពីការលុកលុយរាតត្បាតពីសំណាក់ពួកសៀមប៉ុន្មានទេ ។ ហេតុការណ៍នេះបានបញ្ចេញឱ្យឃើញនូវអ្វីដែលអាចនឹងកើតមានភ្លាមៗតែម្ដង ៖ ក្រោយពីទទួលជ័យជម្នះ ហើយម្ចាស់ការលើសភាពការណ៍បានហើយ ឧត្ដមសេនីយ៍អាណ្ណាម ក៏ចាប់សាកល្បងកម្ទេច ក្សត្រាខ្មែរទាំង ២អង្គ ជាបក្សពួកភ្លាមដែរ ។ ក៏ប៉ុន្ដែ ដោយមិនអាចធ្វើអ្វីបាននៅចំពោះមុខប្រទេសទាំងមូល ណាមួយត្រូវបរាជ័យនៅក្នុងការប្រយុទ្ធជាមួយទ័ពរបស់ព្រះអង្គខ្លះផង ឧត្ដមសេនីយ៍អាណ្ណាមនោះត្រូវបង្ខំចិត្ដវាយដកថយ រត់ចេញពីកម្ពុជាទៅវិញ នៅក្នុងឆ្នាំ១៦៥៩ ដោយនាំយកទៅជាមួយនូវជ័យភណ្ឌជាច្រើនទៅផង ។
នៅក្នុងឆ្នាំបន្ទាប់មក ពួកសៀមដែលតែងតែគិតថាកម្ពុជាជាចំណីដ៏ឆ្ងាញ់ពិសារបស់ខ្លួនទៅអនាគត បានបញ្ជូនរាជទូតមួយទៅកាន់ រាជវាំងកែចូនៅហាណូយ សុំចងសម្ព័ន្ធមេត្រីភាពប្រឆាំងនឹងពួកង្វៀងនៅខាងត្បូង (ក្រុងវ៉េ) ដែលទីបតែរើបម្រះរួចពីនឹមត្រួតត្រារបស់ពួក អាណ្ណាមខាងជើង ហើយបានបង្ហាញឱ្យឃើញតាមរយៈអន្ដរាគមន៍លើកទី១ខាងលើថា ចង់ងាកមករកដណ្ដើមយកកម្ពុជាដែរ ។
No comments:
Post a Comment