ផែនទី ភូមិសាស្រ្តនយោបាយ នៃសង្រ្គាម ឥណ្ឌូចិនទី ១, សង្រ្គាមឥណ្ឌូចិនទី២ និង សង្រ្គាមឥណ្ឌូចិនទី ៣ ការតានតឹងផ្នែកយោធា នៅ តំបន់សមុទ្រចិនខាងត្បូង ជាសញ្ញានៃសង្រ្គាមឥណ្ឌូចិនលើកទី ៤ ដែលជាសង្រ្គាម រំដោះជាតិនៃ ចក្រភពចម្ប៉ាដដែល ត្បិត ចម្ប៉ា ក្លាយជា វៀតណាម គ្រាដែល អាមេរិក បារាំង បាននឹងកំពុង រៀបផែនការធ្វើជា Indochina France and Indochina America
សង្រ្គាម ឌៀនបៀនភូ Điện Biên Phủ
ថ្ងៃទី ៧ ឧសភា ១៩៥៤ ខួបជ័យជំនះ កងទ័ពវៀតណាម លើកងទ័ពបារាំង ឆ្នាំ ១៩៥៤ សមរភូមិ ដៀន បៀនភូ។
វៀតណាម៖ ថ្ងៃទី ៧ ឧសភា ១៩៥៤ ខួបជ័យជំនះ កងទ័ពវៀតណាម លើកងទ័ពបារាំង ឆ្នាំ ១៩៥៤ សមរភូមិ ដៀន បៀនភូ។ ទ័ពបារាំង ប្រើពេល ២៥ ឆ្នាំ ដើម្បី វាយយក ទឹកដី វៀតណាម នៅអំឡុងឆ្នាំ ១៨៣០ រហូតឆ្នាំ ១៨៦៣ ទើបកងទ័ពបារាំង វាយរំដោះ កម្ពុជាបានពីក្នុងដៃ វៀតណាម។ ដោយសារវៀតណាមចាញ់សង្រ្កាមនេះ បានជា វៀតណាម បោះបង់ទឹកដី ណាម យ៉ាង NAM YANG . នៅឆ្នាំ ១៩៥៤ កងទ័ព វៀតណាម មានមោទនភាពណាស់ ធ្លាប់បានវាយឈ្នះ ទ័ពបារាំង ឡើងវិញ ។
ទំព័រនេះ ខ្ញុំបានអានឯកសារច្រើនចម្រុះសម្រាប់ជាប្រយោជន៍ក្នុងកាវវិភាគពត៍មាន។ សង្រ្គាមនៅ ឌៀនបៀនភូ Điện Biên Phủ (Thành phố Điện Biên Phủ) ខ្ញុំធ្លាប់តែឮសូរគេនិទាន គេនិយាយប្រាប់តែមិនដែលច្បាស់ថា វាបែបណា? ក្រោយការអានចម្រុះ ពីភាគខាងកម្ពុជា វៀតណាមខាងជើង វៀតណាមខាងត្បូង និង ភាសាបារាំង ខ្ញូំអាចសង្ខបេបានដូចតទៅ៖
- សង្រ្គាមនៅ ឌៀនបៀនភូ Điện Biên Phủ (Thành phố Điện Biên Phủ) គឺសង្រ្គាម រវាងជនជាតិ យួន ហៅបានបានជាជនជាតិ ចិន ដែលចុះពីទឹកដីចិន ពីសម័យបុរាណ ចូលមកកាន់កាប់ តំបន់ស្តេច តុង ភាសាអគ្លេសហៅថា Tong-King ដែលបារាំង ហៅតាមថា តុង កឹង។ ក្នុងឆ្នាំ ១៩៤៥ បារាំង កាន់កាប់ ត្រួតត្រា (១) តុង កឹង (២) អណ្ណាម និង (៣) កូសាំងស៊ីន។ មានន័យថា វៀតណាមខាងជើងឆ្នាំ ១៩៤៥ គឺកាន់កាប់តែផ្ទៃដីតូចមួយ ប្រមាណជា ១១០ គម២.
- ដោយសារ ពួកវៀតមិញ ដែលជាកងទ័ពវៀតណាមខាងជើង មានការគាំទ្រពី ពីចលនាបក្សកំម្មុយនីស្តិចិន ដែលដឹកនាំដយ ម៉ៅសេទុង ដូច្នេះ បក្សកំម្មុយនីស្តឥណ្ឌូចិន ដឹកនាំដោយ ហូជីមិញ-- បក្សនេះមាន បក្សប្រឆាំងចេញពី កម្ពុជា ឡាវ និង វៀតណាម បានចាប់ដៃគ្នា សហការណ៍ទាំង សម្ភារៈយោធាបរិក្ខាសឹក និងថវិកា ជួយដល់ បក្សនានាក្នុងចលនាប្រឆាំងបារាំង។ គ្រានោះ ខាងបារាំង មិនមែនជា បក្សទេ តែជា រដ្ឋាភិបាល មានដូចជា រដ្ឋាភិបាល បារាំង រដ្ឋាភិបាលសីហនុ របស់កម្ពុជា រដ្ឋាភិបាលវៀតណាមខាងត្បូង(ស្តេច បៅដាយ) និងរដ្ឋាភិបាលឡាវ។
- ដោយសារសង្រ្គាមនេះធំមានរយៈពេល ៩ឆ្នាំ ក្រុមខាងវៀតណាមខាងជើង មាន ចិន ថៃ ឡាវ អាមេរិក គាំទ្រ ចំណែកក្រុមខាង បារាំង មានបារាំង កម្ពុជា វៀតណាមត្បូង ឡាវ ទើបគេហៅថា សង្រ្គាមឥណ្ឌូចិន ហើយសមរភូមិចុងក្រោយគឺ សមរភូមិ ឌៀនបៀនភូ Điện Biên Phủ ដែលខាង សម្ព័មិត្តបារាំងមានទ័ព តែជាង ២០,០០០នាក់ ចំណែកទ័ពសម្ព័ន្ធមិត្តវៀតណាមខាងជើងមានជាង ៨០,០០០នាក់ ឡោមព័ទ្ធ វាយលុយ ច្បាមយកទីតាំង កងទ័ពបារាំង នៅ ឌៀនបៀនភូ Điện Biên Phủ ។ មូលដ្ឋាន ឌៀនបៀនភូ Điện Biên Phủ ធំ សម្ងាត់ រឹងមាំបំផុត មានគ្រប់ប្រព័ន្ធការពារ ទាំងជើងអាកាស ជើងគោក មានព្រលានយន្តហោះយោធា..សង្រ្គាមដណ្តើមទីតាំង ឌៀនបៀនភូ Điện Biên Phủ គឺ បារាំង ធ្វើផែនការការពារទីតាំង ចំណែកខាងវៀតណាម គេធ្វើផែនការ វាយលុកច្បាមយកទីតាំង។ សង្រ្គាមនេះ ប្រើពេល ៥៨ ថ្ងៃ។
- សង្រ្គាមនៅសរមភូមិឌៀនបៀនភូ Điện Biên Phủ ខាងវៀតណាមស្លាប់ជាង ៨,០០០នាក់ ខាង បារាំង ស្លាប់ជាង ៣,០០០នាក់។ បារាំង និង អាមេរិកកាំង រួមគ្នា ប្រើយន្តហោះជាង ៤៥០ គ្រឿង ដែលខូចឋខាតនិងត្រូវកំទេចអស់ជាង ២៥០ គ្រឿង។ សូមបញ្ជាក់ យន្តហោះជាង ៤៥០គ្រឿងនេះ សម្រាប់ប្រើក្នុង ឥណ្ឌូចិន ដូច្នេះគ្រាដែលចំណាយទៅលើសង្រ្គាមនៅ សង្រ្គាមនៅ ឌៀនបៀនភូ Điện Biên Phủ គឺជាការដែលប្រជាជនបារាំង និង កងទ័ពបារាំងថាជាការ ចំណាយអត់ប្រយោជន៍ និងជាការដែល មេបញ្ជាការទ័ពបារាំងថា សង្រ្គាមបែបនេះ មិនអាចយកឈ្នះលើកងទ័ពវៀតមិញឡើយ។
- សង្រ្គាមនៅសរមភូមិឌៀនបៀនភូ Điện Biên Phủ ខាងវៀតណាម ប្រើយុទ្ធសាស្រ្ត ផ្លាស់ប្តូរពីការ វាយរហ័ស/ឈ្នះរហ័ស (ជ័យជំនៈលឿន Fast Strike, Fast Victory) ទៅជា វាយយឺត /ឈ្នះថេ (រុលស្មើ Steady Attack, Steady Advanced) តាមរូបមន្តទ័ពព្រៃដែលមានសម្ភារៈខ្សោយមិនទំនើបគេប្រើ វាយរហ័ស ដករហ័ស, វាយរហ័ស ឈ្នះរហ័ស ចំណែកទ័ពដែលទំនើបខាងសម្ភារៈសឹក និងកំលាំងទ័ព គេប្រើវិធី វាយយឺត ឈ្នះថេរ/វាយដល់ទីណា ឈជើងនៅទីនោះ។ ទាក់ទងនិងការវាយ យឺត វាយរហ៍ស នៅខាង អាមេរិក ធ្វើសង្រ្គាមជាមួយ ទ័ពអាល្លឺម៉ង់ គឺអាមេរិកកំណត់ឃើញមានគោលដៅ ៥០ ត្រូវទំលាក់គ្រាប់់បែកកំទេច ដូច្នេះ ទ័ពអាកាស ធ្វើការវាយប្រហារ ១ថ្ងៃ/៣ គោលដៅផ្សេងគ្នា ដូច្នេះ ១ខែ/ ៣០ គោលដៅ ឬ ជិត ២ខែ ទើបបាន ៥០ គោលដៅ តែជាក់សែ្តង គោលដៅថ្ងៃទី ១ គឺកងទ័ពអាល្លឺម៉ង់ បានស្តាលេដ្ឋានឡើងវិញ ពង្រឹកកំលាំងឡើងវិញ ក្រោយពីការកំទេចបានតែ ៣ថ្ងៃ ប៉ុណ្ណោះ ដូច្នេះបានជាគេថា កុំវាយ យឺត !
- សង្រ្គាមនៅ ឌៀនបៀនភូ Điện Biên Phủ ខាងកងទ័ពវៀតណាម ប្រើយុទ្ធសាស្រ្តវាយផ្តាច់ជាកង់ៗ មិនឲ្យបារាំងទាក់ទងគ្នាបាន ក៍មិនឲ្យ ទ័ពអាកាសជួយបាន ទន្ទឹមនឹងគ្នា កងទ័ពវៀតណាម នៅបានជីក រូងក្រោមដី ចល័តទ័ពចូលវាយផ្ការីក និង បំផ្ទូះគ្រាប់មីន ទម្ងន់ ១ តោន កំទេច រូងភ្នំជា ទីបញ្ជាការរបស់ ទ័ពបារាំង។
- ខាងកងទ៍ពបារាំង ត្រូវបានគេរាយការណ៍ថា វិភាគពត៍មានខុស ដោយបារាំង វិភាគឃើញថា ដើម្បីការពារទីតាំង ឌៀនបៀនភូ Điện Biên Phủ កងទ័ពបារាំង ត្រូវការគ្រាប់ រំសេវ មីន ៣,០៥០ តោន ដូច្នេះបារាំងគេត្រៀមចំនួន ៣,៣០០ តោន តែជាក់ស្តែង អ្នកជំនាញការខាងសឹកងសង្រ្គាមគេថា បារាំងតាមពិតត្រូវការ ដលទៅ ៣៦,០០០ តោន ដើម្បីទប់ទល់កាយវាយលុករយៈពេល ០៥ ខែ។
- សង្រ្គាមនៅ ឌៀនបៀនភូ Điện Biên Phủ ខាងវៀតណាម ដឹងថា បារាំងមានទ័ព ២០,០០០ នាក់ ដូច្នេះខាងវៀតណាម គេប្រើរូបមន្ត ១ ទល់ ៤ គឺ ប្រើទ័ព ៨០,០០០ នាក់ ដោយ ពង្រាយ ១០,០០០ នាក់ កាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ ៣០,០០០ នាក់ ព័ទ្ធមន្ទាយផ្សេងៗកុំឲ្យចូលអន្តរាគមន៍ និង ហៅទ៍ពជំនួយ ៤០,០០០ នាក់បន្ថែមសម្រាប់វាយលុក។
- ក្នុងសង្រ្គាមនៅវៀតណាម កងទ័ពបារាំងស្លាប់អស់ ៩៤,០០០ នាក់ ចំណែក ទ័ពអាមេរិកដែលចូលមកជំនួស ទ័ពបារាំង ក្លាយជាសង្រ្គាម ឥណ្ឌូចិនទី ២ គឺអាមេរិកស្លាប់អស់ ៥៨,០០០ នាក់។ បារាំង ចំណាយប្រហាក់ប្រហែល អាមេរិកកាំងដែរ គឺ ២,៧០០ លានដុល្លា (and the French and the Americans each spent about $2.7 billion on the war, a lot of money in those days ចំណែកកងទ័ពវៀតណាមស្លាប់ប្រមាណជា ៣០០,០០០ នាក់ (សរុបទាំង វៀតណាមជើង និង ត្បូង)
06/05/2014 - 08:35 ជ័យជម្នះឌៀនបៀនភូ ក្រក្រើកផែនដី ជ័យជម្នះនៃយុទ្ធនាការឌៀនបៀនភូ មានអត្ថន័យជាប្រវត្តិសាស្រ្ត ដ៏អស្ចារ្យ នោះគឺការយកជ័យជម្នះក្នុងសង្រ្គាមប្រឆាំងអាណានិគម បារាំង របស់ប្រជាជាតិវៀតណាម។ ជ័យជម្នះ ឌៀនបៀនភូ មិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ តែនៅទាំងជាការលើកទឹកចិត្តដល់ជនជាតិទាំងឡាយ នៅបណ្តាប្រទេស ដែលនៅក្រោមអាណានិគមលើពិភពលោក ក្រោកឈរឡើងដណ្ដើមឯករាជ្យ។
បដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ ទទួលបានជោគជ័យមិនយូរប៉ុន្មាន កង ទ័ពបារាំង ក៏ត្រឡប់មកលុកលុយប្រទេសវៀតណាមសាជាថ្មី ប្រជាជន វៀតណាមក៏បង្ខំចិត្តក្រោកឈរឡើង ដើម្បីប្រយុទ្ធប្រឆាំងសត្រូវក្រោម ការដឹកនាំរបស់បក្ស ពលកម្មវៀតណាម(បច្ចុប្បន្នជាបក្សកុម្មុយនិស្តវៀត ណាម) អាស្រ័យដោយលោកប្រធានហូជីមីញជាស្ថាបនិក។ សង្រ្គាមប្រឆាំងកងទ័ពបារាំងរបស់ប្រជាជាតិវៀតណាម បានឈានចូលឆ្នាំ ទី៨ ។ នៅលើសមរភូមិកងទ័ពបារាំងបានឋិតក្នុងភាពការពារខ្លួន។ផ្តើមពីសេចក្តីសន្និដ្ឋានថា នឹងមិនអាចយកឈ្នះសង្រ្គាមនេះបានដូចទិសដៅដែល បានដាក់ចេញ បញ្ជាការដ្ឋានយោធាសឹកក្រៅប្រទេសរបស់បារាំងនៅ ឥណ្ឌូចិនបានដាក់ចេញផែនការណាវ៉ាសំដៅពង្រាបប្រទេសវៀតណាម ក្នុងរយៈ ពេល១៨ខែ ដើម្បីឈានដល់ដំណោះស្រាយដោយកិច្ចព្រមព្រៀងមួយប្រកបដោយប្រៀបខ្លាំង ដែលជាផលប្រយោជន៍របស់បារាំង ។ ចំណែកខាងវៀតណាម ទូទាំងសមរភូមិ ជាពិសេសនៅតំបន់ពាយ័ព្យ ភូមិភាគកណ្តាល តៃង្វៀង កងទ័ពនៃប្រទេស ឡាវ កងទ័ពវៀតណាម បានវាយតបយ៉ាងប្តូរផ្តាច់បង្ខំឱ្យគូប្រជែង ត្រូវតែរំសាយកងកម្លាំងចល័ត ។
យល់ច្បាស់ពីគំនិតយុទ្ធសាស្រ្តរបស់វៀតណាម បញ្ជាការដ្ឋានយោធា បារាំង បានបញ្ចេញកម្លាំងប្រមូលផ្តុំកងទ័ព កសាង ល្អាងភ្នំឌៀនបៀនភូ ឲ្យក្លាយជាសម្ពន្ធមូលដ្ឋានទ័ពដីខ្លាំងពូកែ ដើម្បីអូសទាញទ័ពស្រួចនៃ កងទ័ពវៀតណាមចូលក្នុងសង្គ្រាម។ ជាទីតាំងឋិតនៅជ្រលងភ្នំដ៏ធំទូ លាយជុំវិញសុទ្ធតែភ្នំថ្មកំបោរ នៅទិសពាយព្យនៃប្រទេសវៀតណាម ដូច្នេះ ឌៀនបៀនភូ មានប្រៀបជាងខាងការពារ។ កងទ័ពបារាំងបាន សាងសង់កំពែងជាច្រើន នៅពាសពេញផ្ទៃដីដ៏ធំទូលាយ មានទាំងព្រលានយន្តហោះ លេនដ្ឋាន រូងសម្ងាត់ និងបង្កើតប្រព័ន្ធផ្លូវអាកាស។ល។ ជាមួយនឹងកងកម្លាំង មានដូចៈ កងវរសេនាតូច ថ្មើរជើង ២១កង កងវរសេនាធំ កាំភ្លើងធំ៣កង (១០៥មីលីម៉ែត្រ២៤ដើម-១២០មីលីម៉ែត្រ ២០ ដើមនិង១៥៥ មីលីម៉ែត្រ៤ដើម) រថក្រោះមួយកង១០គ្រឿង កងទ័ពជើង អាកាសជំនួយកម្លាំងប្រយុទ្ធក្នុងមួយថ្ងៃពី ១៥០-២៥០ជើងហោះហើរ ។ ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពខាងលើ កងទ័ពវៀតណាមបានប្រ មូលផ្តុំជាកម្លាំងយោធា យ៉ាងខ្លាំងក្លា មានដូចៈ កងពលធំថ្មើរជើង៣០៨, ៣១២, ៣១៦, កងវរសេនាធំថ្មើរជើង៥៧ នៃកងពលធំ៣០៤ រួមទាំង អង្គភាពទ័ពកាំភ្លើងធំ៧៥មី លីម៉ែត្រ ចំនួន១៥ដើមនិង៨២មីលីម៉ែត្រ៣៦ដើម កាំភ្លើងការពារអាកាស២៤មីលីម៉ែត្រ ២៤ដើម ១០៥មីលីម៉ែត្រ២៤ ដើម និង១២០មីលីម៉ែត្រ១៦ដើម។
ការិយាល័យនយោបាយ បក្សពលកម្មវៀតណាម សន្និដ្ឋានថាៈ នេះជា ឱកាស ដើម្បីកំចាត់ខ្មាំងនិងសម្រេចចិត្តបើកយុទ្ធនាការវាយលុកសម្ពន្ធ មូលដ្ឋានឌៀនបៀនភូ។ បន្ទាប់ពីការត្រៀមបម្រុងរាល់ការងាររួចស្រេច ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៤ កងទ័ពវៀតណាមបានបាញ់សម្រុកចូល បន្ទាត់ការពារខាងក្រៅ នៅទីតាំងចំណុចខ្ពស់ នានាដូចជា: ហីមឡាម ដុកឡឹបបាងកែវ។ ចាប់ពីថ្ងៃដំបូង បណ្តាកងវរសេនាធំ៤១, ២០៩ (កង ពលធំ៣១២) បានកំចាត់បណ្តុំមូលដ្ឋានហីមឡាម។ ថ្ងៃទី១៤ ខែមីនា បណ្តាកងវរសេនាធំ៨៨ (កងពលធំ៣០៨ ) និង១៦៥ (កងពលធំ៣១២) បានសហការកម្ទេចមូលដ្ឋានដុកឡឹប។ ថ្ងៃទី១៧ ខែមីនា កងវរសេនាធំ ៣៦ (កងពលធំ៣០៨) ធ្វើម្ចាស់ការនៅមូលដ្ឋានបាងកែវ។ ក្រោយពី រយៈកាល៥ថ្ងៃ កងទ័ពវៀតណាមបានបោសសំអាតបន្ទាត់ការពារខាង ក្រៅ បើកទ្វារចូលទៅកាន់មជ្ឈមណ្ឌលការពារកម្ទេចនិងចាប់ខ្លួនកងទ័ពបារាំង ធ្វើសឹកក្រៅប្រទេសជាង ២.០០០នាក់ ។
ចាប់ពីថ្ងៃទី៣០ ខែមីនា និងពេញមួយខែមេសា ឆ្នាំ១៩៥៤ កងទ័ពវៀតណាម និងបារាំងដណ្ដើមគ្នាទៅវិញទៅមកនូវរាល់តំបន់ដែលជាទីតាំង ចំណុចខ្ពស់ ជាតំបន់មានអត្ថន័យដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រ សំដៅ ទប់ស្កាត់សាខាតំបន់នៃមជ្ឈមណ្ឌលភ្នំ A1, C1 ។ នៅនាពាក់កណ្តាល ខែមេសា កងទ័ពវៀតណាមបានវាយលុកយក ព្រលានយន្តហោះម៉ឿង ថាញ់ កាត់ផ្តាច់ផ្លូវផ្គត់ផ្គង់សំខាន់បំផុតរបស់ខ្មាំង បណ្តាលឲ្យកងទ័ពបា រាំងធ្លាក់ក្នុងសភាពដុនដាប កង្វះខាតសម្ភារៈ ថ្នាំសង្កូវ ស្លាប់និងរង របួសពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនធ្វើ ឲ្យទ័ពបារាំងមានការខ្លបខ្លាច ជ្រួលច្របល់យ៉ាងខ្លាំង ។
តាមបញ្ជារបស់បញ្ជាការដ្ឋាននៃយុទ្ធនាការ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ១៩៥៤ មកពីទិសទាំង៣ ទិសខាងកើត ខាងលិច និងទិសឦសាន បណ្តាកងពលធំរបស់កងទ័ពវៀតណាម បានបើកយុទ្ធនាការព្រមៗគ្នា វាយសម្រុកជាលើកចុងក្រោយ ទៅលើមជ្ឈមណ្ឌលមូលដ្ឋានឌៀន បៀនភូ។ ចាប់ពីថ្ងៃទី១ ខែឧសភា កងពលធំ៣១៦ វាយយកភ្នំ C1 ។ ព្រឹកថ្ងៃទី៧ ឧសភាបោសសំអាតបណ្តាមូលដ្ឋានការពារដ៏រឹងមាំចុង ក្រោយរបស់កងទ័ពបារាំង គឺC2 ភ្នំA1 និង៥០៧។ ពេលរសៀលថ្ងៃទី៧ ខែឧសភា កងទ័ពវៀតណាម បានផ្តុំកម្លាំងវាយលុកជាទូទៅនៅទូទាំង សមរភូមិ។ លុះដល់ពេលរសៀល ឌៀនបៀនភូ បានរំដោះទាំងស្រុង។ កងទ័ពវៀតណាមបានចាប់បង្ខាំងទាហានបារាំងនៅនឹងកន្លែង ជាង ដប់ពាន់នាក់ និងចាប់ខ្លួនមេបញ្ជាការនៃសម្ពន្ធមូលដ្ឋានឌៀនបៀនភូទាំង អស់របស់កងទ័ពបារាំង ដែលដឹកនាំដោយមេបញ្ជាការ De Castri ។ ជ័យជម្នះឌៀនបៀនភូ បានបញ្ចប់សង្រ្គាមដែលមានរយៈកាល ៩ឆ្នាំ ក្នុងការប្រឆាំងអាណានិគមបារាំងរបស់ប្រជាជនវៀតណាម ហើយក៏ជា ជ័យជម្នះរួមរបស់ប្រជាជាតិទន់ខ្សោយលើពិភពលោក ក្នុងការតស៊ូ ដើម្បីដណ្ដើមឯករាជ្យនិងសេរីភាព។
អស់រយៈកាលជាង៦០ឆ្នាំកន្លងផុតទៅ ប៉ុន្តែស្លាកស្នាមនៃជ័យជម្នះ ឌៀនបៀនភូ - ជ័យជម្នះមួយដ៏ល្បីរន្ទឺទូទាំងបញ្ចទ្វីបក្រក្រើក រំពើកផែន ដីនៅតែឋិតនៅជានិច្ចក្នុងចិត្តប្រជាជាតិវៀតណាម និងមិត្តភក្តិអន្តរជាតិ ។ ជ័យជម្នះ នេះបានបង្ហាញឱ្យឃើញនូវសច្ចធម៌នៃយុគមួយ "ប្រជាជាតិនីមួយៗ ថ្វីត្បិតតែទន់ខ្សោយ តូចតាច ប៉ុន្តែបើប្តេជ្ញាចិត្ត សាមគ្គី ប្រយុទ្ធប្រឆាំង និងមានម៌ាគា ត្រឹមត្រូវ គឺអាចនឹងយកឈ្នះលើចក្រពត្តិណាមួយជាពុំខាន"៕ ថាញផុង-វ៉ាន់តឹន
08 May 2014 វៀតណាមប្រារព្ធខួបទី៦០ទិវាជ័យជម្នះលើបារាំងនៅឌៀនបៀនភូ ក្រុងឌៀនបៀនភូៈ ក្រុមទាហានជើងចាស់សម័យសង្គ្រាម ក្រុមមេដឹកនាំកុម្មុយនីស្ត និងក្រុមអ្នកការទូត បានប្រមូលផ្ដុំគ្នានៅក្នុងទីប្រជុំជនឌៀនបៀនភូក្នុង ប្រទេសវៀតណាមពីថ្ងៃពុធសម្រាប់ព្រឹត្តិការណ៍មួយដើម្បីប្រារព្ធ ខួបទី៦០នៃជ័យជម្នះដ៏សំខាន់លើកម្លាំងអាណានិគមបារាំង។
ការប្រយុទ្ធ៥៦ថ្ងៃដ៏បង្ហូរឈាមនៅក្នុង ជ្រលងភាគពាយព្យដ៏ដាច់ស្រយាលនេះ បានបញ្ចប់នៅថ្ងៃទី៧ខែឧសភាឆ្នាំ១៩៥៤ ដោយបង្កការដួលរលំនៃអាណានិគមចក្រពត្តិបារាំង និងការងើបឡើងរបស់វៀតណាមក្នុងនាមជាប្រទេសឯករាជ្យមួយ។ នៅឯពិធី ដ៏ចម្រុះពណ៌មួយ ដែលបង្ហាញពីក្រុមដើរក្បួន ក្បួនរថយន្តយោធាដែលតុបតែងដោយផ្កាភ្ញី និងកងទាហានដើរបោះជំហានព្រមគ្នា ប្រធានាធិបតីលោក ទ្រឿង តឹនសាង បាននិយាយថា៖ «ឌៀនបៀនភូ គឺជាជ័យជម្នះរបស់ ពលរដ្ឋវៀតណាម ឡាវ និងកម្ពុជា»ខណៈ ខ្លួនបានបញ្ចប់ការវាតទីរបស់បារាំងនៅតំបន់ឥណ្ឌូចិន»។
ក្នុងពេល សង្រ្គាម កាំភ្លើងធំបានលាន់ឮទូទាំងជ្រលងភ្នំ និងមានការប្រយុទ្ធដៃទល់នឹងដៃ។ ឌៀនបៀនភូ និងភ្នំជាច្រើនដែលនៅជុំវិញ គឺមានពោរពេញដោយសាកសពស្អុយរលួយ របស់ទាហានទាំងពីរភាគី។ អតីតទាហានលោក ហួង រ៉ុងប៊ិញ វ័យ៨៣បានប្រាប់AFPថា រាល់ថ្ងៃ ខ្ញុំបានឡើងទៅលើកំពូលភ្នំដើម្បីពិនិត្យស្ថានការណ៍ ទីតាំងនិងយុទ្ធសាស្រ្តពួកបារាំង៕ MN
សង្រ្គាមឥណ្ឌូចិន ឆ្នាំ១៩៤៦-១៩៥៤ Socheat Heng សង្រ្គាមឥណ្ឌូចិន
ការប្រកាសឯករាជ្យរបស់ឥណ្ឌាពីអាណានិគមអង់គ្លេស នៅក្រោយសង្រ្គាមលោកលើកទី២ ត្រូវបានគេស្គាល់ជាទូទៅថាជាគំរូនៃការរំសាយអាណានិគមដោយសន្តិវិធី តាមរយៈការចរចា។ ក៏ប៉ុន្តែ ការរំសាយអាណានិគមនេះមិនមែនសុទ្ធតែធ្វើឡើងដោយសន្តិវិធីនៅគ្រប់កន្លែងទាំងអស់ ដូចជាករណីឥណ្ឌានោះទេ ហើយសង្រ្គាមដំបូងបំផុតនៅក្នុងចលនារំសាយអាណានិគមក្រោយសង្រ្គាមលោកលើកទី២ គឺសង្រ្គាមនៅឥណ្ឌូចិន រវាងកងទ័ពបារាំង និងក្រុមឧទ្ទាមវៀតមិញ ដឹកនាំដោយហូ ជីមិញ។
តំបន់ឥណ្ឌូចិន ដែលរួមមាន កម្ពុជា វៀតណាម ឡាវ និងដែនដីកូសាំងស៊ីន (កម្ពុជាក្រោម) ត្រូវស្ថិតក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី១៩។ ក៏ប៉ុន្តែ នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ (១៩៣៩-១៩៤៥) បារាំង ដែលចាញ់សង្រ្គាមទល់នឹងអាល្លឺម៉ង់ ក៏ត្រូវបង្ខំចិត្តបើកឲ្យជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់ហ៊ីត្លែរ ចូលមកតាំងមូលដ្ឋានទ័ពនៅក្នុងដែនដីឥណ្ឌូចិន ជាពិសេស នៅវៀតណាមខាងជើង។ នៅដើមឆ្នាំ១៩៤៥ ទាហានជប៉ុនបានវាតទីពង្រីកទីតាំងរបស់ខ្លួន នៅស្ទើរតែពាសពេញតំបន់ឥណ្ឌូចិនទាំងមូល គឺទាំងនៅវៀតណាម កម្ពុជា និងឡាវ។ នៅក្នុងអំឡុងពេលនោះ ចលនាជាតិនិយមមួយបានរីកដុះដាលឡើងនៅវៀតណាម គឺ “បក្សសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម” ដែលគេច្រើនហៅកាត់ជាទូទៅថា “វៀតមិញ” ក្រោមការដឹកនាំរបស់មេចលនាកុម្មុយនិស្ត ហូ ជីមិញ។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចុះចាញ់សង្រ្គាមលោកលើកទី២។ នៅថ្ងៃដដែលនោះ ហូ ជីមិញ ក៏បានឆ្លៀតឱកាសប្រកាសជាឯកតោភាគីបង្កើតឡើងនូវរដ្ឋវៀតណាមឯករាជ្យ ដោយដាក់ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម”។ ក៏ប៉ុន្តែ បារាំង ដែលទើបតែនឹងទទួលជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ មិនសុខចិត្តទុកបណ្តោយឲ្យវៀតណាមប្រកាសឯករាជ្យជាឯកតោភាគីទេ។ បារាំងក៏បានបញ្ជូនទាហានឲ្យចូលមកកាន់កាប់ដែនដីអាណានិគមនៅ ឥណ្ឌូចិនឡើងវិញ។ ក៏ប៉ុន្តែ បារាំងកាន់កាប់បានតែប្រទេសឡាវ កម្ពុជា ដែនដីកូសាំងស៊ីន និងប៉ែកកណ្តាលប្រទេសវៀតណាមតែប៉ុណ្ណោះ។ ចំណែកឯនៅ តំបន់តុងកឹង (ប៉ែកខាងជើងវៀតណាម) កងទ័ពបារាំងត្រូវប្រឈមមុខនឹងកងកម្លាំងរបស់ពួកវៀតមិញ។
ក្រោយពីចរចាអស់រយៈពេលជាច្រើនខែតែមិនមានដំណោះស្រាយ នៅខែធ្នូ ឆ្នាំ១៩៤៦ សង្រ្គាមរវាងកងទ័ពបារាំង និងពួកវៀតមិញក៏បានផ្ទុះឡើង។ សង្រ្គាមដែលនឹងត្រូវអូសបន្លាយពេលរហូតដល់ទៅជិត ១០ឆ្នាំ ហើយដែលគេឲ្យឈ្មោះថា "សង្រ្គាមឥណ្ឌូចិន"។ នៅក្នុងដំណាក់កាលដំបូង កងកម្លាំងរបស់ពួកវៀតមិញ ដែលមានកម្លាំងខ្សោយជាង មិនបានចេញមុខច្បាំងដោយចំហទល់នឹងទាហានបារាំងនោះទេ ក៏ប៉ុន្តែ បានប្រើវិធីវាយឆ្មក់តាមយុទ្ធសាស្រ្តទ័ពព្រៃ។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានពួកឧទ្ទាមទ័ពព្រៃនេះក៏បានពង្រីកការកាន់កាប់តំបន់មួយផ្នែកធំ នៅវៀតណាមខាងជើង និងតំបន់មួយចំនួនផ្សេងទៀត នៅវៀតណាមប៉ែកកណ្តាល និងកូសាំងស៊ីន។
នៅឆ្នាំ១៩៤៩ សង្រ្គាមឥណ្ឌូចិនបានស្គាល់នូវរបត់ដ៏សំខាន់មួយ។ បក្សកុម្មុយនិស្តចិន ដឹកនាំដោយម៉ៅសេទុង បានវាយកាន់កាប់ចិនដីគោក ហើយបណ្តេញរដ្ឋាភិបាលរបស់លោក ចាង កាយចៀក ឲ្យនិរទេសទៅកាន់ កោះតៃវ៉ាន់ ។ សាធារណរដ្ឋប្រជាមានិតចិនក៏បានក្លាយទៅជាខ្នងបង្អែកយ៉ាងធំមួយ ដែលបានផ្តល់ទាំងលុយកាក់ និងគ្រឿងសព្វាវុធទៅឲ្យក្រុម ឧទ្ទាមវៀតមិញ ដើម្បីច្បាំងទល់នឹងកងទ័ព បារាំង។
សហរដ្ឋអាមេរិកវិញ ដែលតាមពិតជាប្រទេសមានគោលនយោបាយប្រឆាំងនឹងអាណានិគម ក៏ប៉ុន្តែ បែរជាចូលមកជួយបារាំង ដើម្បីបង្រ្កាបពួកវៀតមិញ ដែលជាចលនាឧទ្ទាមទាមទារឯករាជ្យ។ នេះក៏ដោយសារតែអាមេរិកបារម្ភខ្លាចតំបន់ឥណ្ឌូចិនត្រូវធ្លាក់ក្រោម ការគ្រប់គ្រងរបស់ប្លុកកុម្មុយនិស្ត ហើយអាចគំរាមកំហែងដល់ប្រទេសផ្សេងៗទៀត នៅអាស៊ីអាគ្នេយ៍។ ចាប់ពីពេលនោះមកសង្រ្គាមឥណ្ឌូចិន ដែលកាលពីដំបូងជាសង្រ្គាមទាមទារឯករាជ្យពីអាណានិគម ក៏ត្រូវបានប្រទេសមហាអំណាចទាញទម្លាក់បន្តិចម្តងៗឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់ ហើយតំបន់ឥណ្ឌូចិនក៏បានក្លាយទៅជាចំណុចក្តៅមួយ នៃការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និងប្លុកកុម្មុយនិស្ត។
ដើម្បីស្វែងរកកម្លាំងនយោបាយទប់ទល់នឹងពួកវៀតមិញ បារាំងបានសម្រេចបង្កើតរដ្ឋវៀតណាមមួយនៅប៉ែកខាងត្បូង នៅឆ្នាំ១៩៤៩ ដោយដាក់ឲ្យស្ថិតក្រោមការដឹកនាំរបស់ អធិរាជបាវដាយ ។ កងទ័ពជាតិវៀតណាមខាងត្បូងក៏ត្រូវបានបង្កើតឡើងផងដែរ ក្រោមការជួយជ្រោមជ្រែងរបស់បារាំង និងដោយមានជំនួយយោធាយ៉ាងច្រើនពីសំណាក់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ បើទោះបីជាមានជំនួយយោធាពីសហរដ្ឋអាមេរិកក៏ដោយ កងទ័ពបារាំង និងកងទ័ពវៀតណាមខាងត្បូង នៅតែពិបាកនឹងយកជ័យជម្នះលើពួកវៀតមិញ ដោយសារចលនាឧទ្ទាមកុម្មុយនិស្តនេះទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជនវៀតណាមជាទូទៅ ដែលទាមទារចង់បានឯករាជ្យពេញលេញពីនឹមអាណានិគមបារាំង។
នៅក្នុងប្រទេសបារាំងវិញ ចលនាប្រឆាំងនឹងសង្រ្គាមនៅឥណ្ឌូចិន បានរីកដុះដាលកាន់តែខ្លាំងឡើងៗ ដោយអ្នកនយោបាយ និងសាធារណមតិបារាំងជាច្រើនយល់ថា អាណានិគមនៅតំបន់ឥណ្ឌូចិននេះមិនមានតម្លៃអ្វីធំដុំ ដែលបារាំងត្រូវចំណាយលុយ និងអាយុជីវិតទាហានយកទៅធ្វើសង្រ្គាមនេះទេ។ រដ្ឋាភិបាលបារាំង ដែលមើលឃើញថា តាមផ្លូវយោធាក៏ពិបាកនឹងយកជ័យជម្នះលើពួកវៀតមិញ ហើយចលនាប្រឆាំងក្នុងស្រុកក៏មានកាន់តែច្រើន ក៏ចាប់ផ្តើមសំឡឹងមើលទៅរកដំណោះស្រាយតាមផ្លូវចរចា។ ក៏ប៉ុន្តែ នៅក្នុងពេលដែលការចរចាបានបើកធ្វើនៅក្នុងទីក្រុងហ្សឺណែវ ការវាយប្រយុទ្ធគ្នាក៏នៅតែបន្តធ្វើដោយភាគីម្ខាងៗព្យាយាមវាយដណ្តើមយកទីតាំងសំខាន់ៗ ដើម្បីយកប្រៀបលើតុចរចា។
សន្និសីទក្រុងហ្សឺណែវ ស្តីពីឥណ្ឌូចិន ថ្ងៃទី២១ កក្កដា ១៩៥៤
នៅខែមេសា ឆ្នាំ១៩៥៤ ទាហានបារាំងជាង ១ ម៉ឺននាក់ ត្រូវបានកងកម្លាំងវៀតមិញប្រមាណជា ៨ម៉ឺន នាក់វាយឡោមព័ទ្ធ នៅឌៀនបៀនភូ ដែលជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់មួយ ស្ថិតនៅក្បែរព្រំដែន រវាងវៀតណាម និងឡាវ។ ក្រោយពីបានវាយប្រយុទ្ធគ្នាអស់រយៈពេលជិត ២ខែ កងទ័ពបារាំងក៏ត្រូវទទួលបរាជ័យ។ ដៀនបៀនភូត្រូវធ្លាក់ក្នុងដៃវៀតមិញ។ ទាហានបារាំងជាង ២ពាន់ នាក់ត្រូវស្លាប់ ជាង៥ពាន់នាក់ត្រូវរងរបួស ហើយជាច្រើនពាន់នាក់ផ្សេងទៀតត្រូវចាប់ជាឈ្លើយសឹក។
បរាជ័យនៅឌៀនបៀនភូបានធ្វើឲ្យកក្រើករញ្ជួយទាំងនៅផ្ទៃក្នុងប្រទេសបារាំង និងនៅលើពិភពលោកទាំងមូល ហើយរដ្ឋាភិបាលបារាំងក៏ត្រូវបង្ខំចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកវៀតមិញ នៅក្នុង សន្និសីទក្រុងហ្សឺណែវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤។ តាមរយៈកិច្ចព្រមព្រៀងហ្សឺណែវនេះ បារាំងបានសុខចិត្តប្រគល់ឯករាជ្យពេញលេញដល់ប្រទេសវៀតណាម។ ឯករាជ្យរបស់កម្ពុជា និងឡាវ ក៏ត្រូវបានបារាំងទទួលស្គាល់យ៉ាងពេញលេញផងដែរ។
សង្រ្គាមឥណ្ឌូចិនត្រូវបញ្ចប់។ តំបន់ឥណ្ឌូចិនទាំងមូលត្រូវរួចផុតពីនឹមអាណានិគមបារាំង។ ក៏ប៉ុន្តែ សង្រ្គាមត្រជាក់ នៅតែបន្តឆាបឆេះនៅក្នុងតំបន់នេះ។នៅក្នុងសន្និសីទក្រុងហ្សឺណែវ ប្រទេសវៀតណាមត្រូវបានគេបន្តទុកឲ្យនៅបែកគ្នាជាពីរ គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង ដោយកំណត់គ្នាថា វៀតណាមទាំងពីរនេះនឹងត្រូវបង្រួបបង្រួមគ្នាមកវិញ នៅក្រោយការបោះឆ្នោតជាតិ ដែលគេគ្រោងធ្វើ នៅឆ្នាំ១៩៥៦។ ក៏ប៉ុន្តែ រដ្ឋាភិបាលវៀតណាមខាងត្បូង ដែលមានការគាំទ្រពីសំណាក់សហរដ្ឋអាមេរិក បានបដិសេធមិនទទួលស្គាល់កិច្ចព្រមព្រៀងក្រុងហ្សឺណែវដោយលើកហេតុផលថា កិច្ចព្រមព្រៀងនេះត្រូវបានចុះតែរវាង បារាំង និងពួកវៀតមិញ តែប៉ុណ្ណោះ ដោយគ្មានការចូលរួមពីវៀតណាមខាងត្បូងនោះទេ។
ទីបំផុត ការបោះឆ្នោតជាតិមិនអាចធ្វើទៅបានតាមការគ្រោងទុក ប្រទេសវៀតណាមក៏នៅបន្តបែកជាពីរ គឺវៀតណាមខាងជើងស្និទ្ធនឹងប្លុកកុម្មុយនិស្ត និងវៀតណាមខាងត្បូងស្និទ្ធនឹងសហរដ្ឋអាមេរិក ហើយមិនយូរប៉ុន្មានក្រោយមក តំបន់ឥណ្ឌូចិនក៏បានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមសាជាថ្មី៕
រំលឹកពីសង្រ្គាម នៅវៀតណាម បានបញ្ចប់! ថ្ងៃច័ន្ទ, 01 ឧសភា ២០១៧ 10:13 ដោយ: ឃួន ថោងស៊ីន ភ្នំពេញ ៖ សង្រ្គាមនៅឥណ្ឌូចិន ដែលគេគ្រប់ៗគ្នាបានដឹងថា ជាសង្រ្គាមនៅវៀតណាម បានបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ បន្ទាប់ពីកម្ពុជា បានរំដោះទាំងស្រុង ដោយពួកខ្មែរក្រហម នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ។ ការប្រយុទ្ធដើម្បីឯកភាព ទឹកដីរវាងប្រទេស វៀតណាមខាងត្បូង និងវៀតណាម ខាងជើង បានអូសបន្លាយ ពេលដ៏វែង ហើយបានបង្កវិនាសកម្ម យ៉ាងសន្ធោសន្ធៅ មកលើប្រជាពលរដ្ឋ ស្លូតត្រង់និងភាព វិនាសហិនហោច ខ្ទេចខ្ទីគ្មានសល់។
សហរដ្ឋអាមេរិក បានឈានជើង ចូលទៅក្នុងប្រទេសវៀតណាម ខាងត្បូងនៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ១៩៥៥ បន្ទាប់ពីបារាំងបានចាញ់សង្រ្គាម នៅឌៀនបៀនភូ ។
លោក ហារី ទ្រូម៉ាន់ ប្រធានាធិបតីសហរដ្ឋ អាមេរិកបានបញ្ជូនកងកម្លាំង អាមេរិកទៅជួយអន្តរាគមន៍ កងទ័ព បារាំង នៅ ឌៀន បៀនភូ តែសភាពការណ៍ វាហួសពេលនឹងជួយទ័ពបារាំង ក្នុងការដណ្ដើមជ័យជំនះ ពីកងទ័ព ប្រជាជនបដិវត្តន៍វៀតណាមខាងជើង។
ឆ្នាំ ១៩៥៩ សង្រ្គាមប្រជាជាតិ ត្រូវបានប្រកាសនៅទូទាំងប្រទេសវៀតណាម ខាងជើងក្នុងការប្រយុទ្ធប្រឆាំង ជាមួយសត្រូវអាមេរិក បន្ទាប់ពីបារាំងបានបរាជ័យ យ៉ាងអាម៉ាស់ ។
សង្រ្គាមបានឈានពីដំណាក់ កាលមួយ ទៅដំណាក់កាលថ្មី ដែលមានការប្រយុទ្ធ កាន់តែស្រួច ស្រាវ ឡើង ប្រកបដោយកំហឹងជាតិ យ៉ាងពុះកញ្ជ្រោលពីសំណាក់ ប្រជាជាតិវៀតណាម ខាងជើង។សង្រ្គាមបានធ្វើឲ្យបងប្អូនវៀតណាមទាំងពីរ ដែលមានមនោគមន៍វិទ្យាខុសគ្នា រវាងប្លុកសេរី និងប្លុកកុម្មុយនីស្ត ធ្វើសង្រ្គាមស៊ីសាច់ ហុតឈាម គ្នាហើយបានបែងចែកទឹកដីជាពីរផ្នែក និងស្ថិតក្រោមការជួយជ្រោមជ្រែង ពីមហាអំណាចអាមេរិក ចិន និងរុស្ស៊ី ។
រដ្ឋាភិបាលអាមេរិក បានពង្រីកសង្រ្គាម កាន់តែធំនៅប្រទេសវៀតណាម ក្នុងខែ មីនា ឆ្នាំ ១៩៦៥ តាមរយៈនៃការ បញ្ជូន កងទ័ពជំនាញ ឈានមុខប្រមាណជា ៣ពាន់ នាក់ មកធ្វើប្រតិបត្តិការ វាយលុកលើទីតាំងនានា ក្នុងប្រទេសវៀតណាម ខាងត្បូង និងមានការគាំទ្រពីកងទ័ពអាកាសផងដែរ។ កិច្ចប្រតិបត្តិការសឹក ដែលដឹកនាំដោយកងទ័ពអាមេរិក រួមនិងកងទ័ពវៀតណាម ខាងត្បូងបានធ្វើឲ្យសង្រ្គាម រីករាលដាលឡើងនិងធ្វើឲ្យប្រទេសនេះ ក្លាយជាសមរភូមិដែលក្រាលដោយឈាម របស់បងប្អូនវៀតណាមទាំងពីរ។
រដ្ឋាភិបាលអាមេរិកអាណត្តិលោក រីហ្សា និច សុន វិបត្តិសង្រ្គាមនៅវៀតណាម បានបន្តដោយគ្មាន ដំណោះស្រាយ និងពន្លត់ភ្លើងសង្រ្គាមបានឡើយ ហេតុផលតែម្យ៉ាង កងទ័ពកុម្មុយនីស្តយៀកកុង នៅតែបន្តវាយ លុកដណ្ដើម កាន់កាប់យ៉ាងគំហុក ទីតាំងនានារបស់រដ្ឋាភិបាល សាធារណរដ្ឋវៀតណាម ខាងត្បូងនិង ទាហាន អាមេរិក ក្នុងបំណងពង្រីកភូមិសាស្រ្ត ឈរជើងក្នុងទឹកដី វៀតណាមខាងត្បូង។
សរុបមកការប្រយុទ្ធលើសមរភូមិ នៅវៀតណាមខាងត្បូងទាហាន អាមេរិកបានបាត់បង់កងទ័ព របស់ខ្លួនចំនួន ៥៨ ០០០នាក់ ចំនួនជាង ១០០០ នាក់ និង១៥០ ០០០ នាក់ផ្សេងទៀតបានរងរបួសជាទម្ងន់។
បើទោះជាអាមេរិក និងរដ្ឋាភិបាលវៀតណាមខាងត្បូង បានទទួលបរាជ័យយ៉ាងជូរចត់ ពីការវាយប្រហាររបស់កងទ័ពកុម្មុយនីស្តនៅគ្រប់ទីតាំង តែពួកគេបានពង្រីកយុទ្ធសាស្រ្តវាយបកថ្មី មួយតាមរយៈសង្រ្គាម អាកាសទៅលើទី ក្រុងហាណូយនៅអំឡុងឆ្នាំ១៩៧២ដល់១៩៧៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស រវាង លោក គីហ្សីងហ្គ័រ និងលោក ឡេ ដឹកថូ ភាគីប្រទេសវៀតណាមខាងជើង មិនមានលទ្ធផលវិជ្ជមាន ។ សង្រ្គាម អាកាសបានបើកយុទ្ធនាការ យ៉ាងសន្ធោសន្ធៅលើទឹកដីវៀតណាមខាងជើង បន្ទាប់ពីការឈប់បាញ់ មានរយៈ ពេលត្រឹមប្រាំថ្ងៃប៉ុណ្ណោះអាមេរិក បានបញ្ជូនយន្តហោះប្រតិកម្មធំ-តូចគ្រប់ប្រភេទប្រមូលផ្ដុំពីមូលដ្ឋាន ទ័ពអាកាស អាមេរិកគ្រប់កន្លែងនៅក្នុងអាស៊ីប៉ាស៊ីហ្វិក ថៃ និងហ្វីលីពីន ធ្វើការទម្លាក់គ្រាប់បែកយ៉ាង គំហុកលើ គោលដៅកំពង់ផែហៃហ្វុង និងទីក្រុង ហាណូយនេះជាយុទ្ធវិធីថ្មីដែលអាមេរិកសង្ឃឹមថា នឹងទទួលជោគជ័យ លើវៀតណាមខាងជើង ហើយអាមេរិកបានគិតថាយៀកកុង នឹងដកដៃពីការវាយប្រហារ នៅក្នុងទឹកដី វៀតណាម ខាងត្បូងដោយសារការ វាយទម្លាក់គ្រាប់បែករបស់យន្តហោះ អាមេរិកតែយុទ្ធសាស្រ្តនេះវៀតណាម ខាងជើង បានវាយតម្លៃ ជាស្រេចថាអាមេរិកអាចកំទេច កងទ័ពជប៉ុនតាមរយៈការទម្លាក់ គ្រាប់បែកបរមាណូលើ ទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីដើម្បីដាក់គំនាបឲ្យជប៉ុនចាញ់។
វៀតណាមខាងជើង បានលះបង់សព្វបែបយ៉ាងក្នុង តម្លៃណាក៏ដោយតស៊ូការពារដែនអាកាស មិនឲ្យកងទ័ព អាកាសអាមេរិក អាចហោះហើររំលោភឈ្លានពាន ទម្លាក់គ្រាប់បែកលើទីក្រុងហាណូយ និងកំពង់ផែ យុទ្ធសាស្រ្ត ហៃហ្វុងបាន ដោយងាយស្រួលនោះទេ ។ ដោយឡែកកម្ពុជា ដែលជាប្រទេសភូមិផង របងជាមួយគ្នា និងវៀត ណាម បានទទួលឥទ្ធិពលសង្រ្គាម ប្រជាជាតិនៅក្នុង ប្រទេសរបស់ខ្លួនផងដែរ ទាហានខ្មែរក្រហមបាន សំរុកវាយ ប្រហារគ្រប់ទីតាំងនានារៀងរាល់ថ្ងៃអាមេរិក បានបង្កើតកិច្ចប្រតិបត្តិការទម្លាក់គ្រាប់បែក ទ្វេរដងដែលធ្វើឲ្យ ប្រទេសមួយនេះ ដែលធ្លាប់តែមានសេចក្ដីសុខ និងសំឡេងសើចក្អាកក្អាយប្រែក្លាយ ជាសំឡេងទុក្ខសោក សង្រេងគួរឲ្យសង្វេគ។
ការទន្ទ្រានចូលអន្តរាគមន៍ របស់កងទ័ពអាមេរិកក្នុងប្រទេសកម្ពុជា បានធ្វើឲ្យកងទ័ពអាមេរិកបាត់បង់ជីវិត ៣៥០ នាក់ ។ គ្រាប់បែកចំនួន១០ម៉ឺនគ្រាប់ ត្រូវបានទម្លាក់ដោយយន្តហោះ ប្រតិកម្មទម្លាក់គ្រាប់បែកធុនធ្ងន់បេ-៥២ ចំនួន១២១គ្រឿង ហើយក្នុងនោះមានយន្តហោះ ចំនួន១៥គ្រឿង បានធ្លាក់ដោយស្នាដៃ អង្គភាពការពារ ដែនអាកាស កងទ័ពប្រជាជនវៀតណាមបានបាញ់កាំជ្រួចចំនួន១២០០ដើម។
កិច្ចព្រមព្រៀងសន្តិភាពវៀតណាម ត្រូវបានចុះហត្ថលេខាជាថ្មីម្ដងទៀត រវាងអាមេរិក វៀតណាមខាងត្បូង និងវៀតណាមខាងជើងដើម្បីផ្អាកការ ប្រយុទ្ធគ្នារយៈពេល៦០ថ្ងៃ។ អាមេរិក និងវៀតណាមខាងជើង បានសម្រេចចិត្តព្រមគ្នាលើការឈប់បាញ់ រយៈពេល៦០ថ្ងៃ ក្នុងនោះកងទ័ព អាមេរិកត្រូវឈប់ធ្វើសកម្មភាពចល័ត និងព្រមព្រៀងការដោះដូរឈ្លើយសឹកទៅវិញទៅមក។
ហេតុអ្វីត្រូវធ្វើបែបនេះ? វិធីសាស្រ្តយោធាបែបនេះបានធ្វើឲ្យវៀតណាមខាងជើងបានដកដង្ហើម និងពង្រឹងកម្លាំង របស់ខ្លួនឡើងវិញបន្ទាប់ពីត្រូវទ្រុឌទ្រោម ដោយព្យុះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាស អាមេរិកយ៉ាងខ្លាំង ក្លាលើទីក្រុងហាណូយ និងកំពង់ផែហៃហ្វុងម្យ៉ាងទៀត កងទ័ពយៀកកុង១៥ម៉ឺននាក់ កំពុងស្ថិតក្នុងទីតាំងនានា ដែលបានវាយកាន់កាប់ក្នុងទឹកដីវៀតណាមខាងត្បូង ដូចនេះពួកគេមិនចាំបាច់ចល័តទ័ព ទៅណាទេ ប្រការនេះ បានធ្វើឲ្យវៀតណាមខាងជើង មានប្រៀបជាងអាមេរិក និងរដ្ឋាភិបាលវៀតណាមខាងត្បូង នៅក្នុងកិច្ចព្រមព្រៀង និងក្នុងយុទ្ធសាស្រ្តសង្រ្គាម។ ពេលវេលា៦០ថ្ងៃ ជាពេលវេលាគ្រប់គ្រាន់ សម្រាប់ការពង្រឹងកងទ័ព នៅនឹងកន្លែងតែម្ដង គេអាចមើលឃើញ សត្រូវយ៉ាងច្បាស់ពី ព្រោះគេបានស្ថិតនៅកៀកបង្កើយ មូលដ្ឋានកងទ័ពអាមេរិក។
ឆ្លៀតឱកាសនៃការឈប់បាញ់គ្នាអាមេរិក បានធ្វើការឈ្លបយកការណ៍ តាមផ្លូវអាកាសទៅលើមូលដ្ឋាន ទ័ពអាកាស សំខាន់ៗរបស់វៀតណាមខាងជើង.... ឯវៀតណាមខាងជើង ក៏មិនបណ្ដោយឲ្យស្ថានការណ៍ នេះហួសទៅដោយឥតប្រយោជន៍ ដែរពួកគេបានចល័យយុទ្ធបករណ៍ យន្តហោះប្រដេញធុនមីត និងកាំជ្រួច ការពារ អាកាសទៅលាក់ទុកលើកំពូលភ្នំដែលសត្រូវនឹកស្មានមិនដល់។
សង្រ្គាមវៀតណាម មិនបានបញ្ចប់ត្រឹមកិច្ចព្រមព្រៀង ស្ដីពីការឈប់បាញ់គ្នារយៈពេល៦០ថ្ងៃ រវាងអាមេរិក និងវៀតណាមខាងជើង បានឡើយការប្រយុទ្ធបានបន្ត យ៉ាងស្រួចស្រាវស្របគ្នា តាមជើងគោក ជើងទឹក និងជើង អាកាស ។ កងទ័ពអាកាសអាមេរិក គ្មានឱកាសបានចូលទៅទម្លាក់ គ្រាប់បែកលើទី ក្រុងហាណូយ ដូចពេលមុន បានឡើយពួកគេត្រូវបានស្ទាក់វាយ ប្រហារយ៉ាងចាស់ដៃ ពីកងទ័ពអាកាសប្រជាជនបដិវត្តន៍វៀតណាម ដែលមានយន្តហោះប្រដេញ ប្រតិកម្មធុនមីត មីត-១៧ មីត- ១៩ និងកងការពារអាកាសដែលមាន កាំជ្រួច ប្រកបដោយប្រសិទ្ធភាព បានដាក់ពង្រាយនៅពាសពេញទីតាំងសំខាន់ៗ ដែលអាចបាញ់ប្រហារទៅ លើហ្វូង យន្តហោះទម្លាក់គ្រាប់បែកបេ-៥២ និងយន្តហោះទម្លាក់គ្រាប់បែកផ្សេងៗទៀតមានដូចជាអេហ្វ-១០៥ អេហ្វ-៤ អេហ្វ-១០០.........។
គ្មានអ្នកណាម្នាក់អាចទស្សន៍ទាយបានថាតើ ស្ថានការណ៍សឹកនឹងវិវត្តទៅជាយ៉ាងណា?
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការ សម្រេចចិត្តផ្ដល់ជំនួយយោធា មកឲ្យប្រទេសវៀតណាម ខាងត្បូង ដើម្បីបន្តសង្រ្គាម ដែលអូសបន្លាយជាង៣០ឆ្នាំកន្លងទៅនេះ។ សង្រ្គាមអាកាសរបស់អាមេរិក បានទទួលការ ខាតបង់យ៉ាងច្រើនក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែកចំនួន៣០៣២គ្រឿង ត្រូវបានខូចខាតយ៉ាង ដំណំក្នុង នោះមានយន្តហោះកងទ័ពអាកាសអាមេរិកចំនួន១៧៣៧គ្រឿង យន្តហោះកងទ័ពជើងទឹកចំនួន៩៩៣គ្រឿង និងយន្តហោះកងទ័ពជើងគោកចំនួន៣០២គ្រឿង។ ដោយឡែកអាកាសយានិកកង ទ័ពអាកាសអាមេរិក ជាច្រើន ពាន់នាក់ត្រូវបានចាប់ខ្លួន ជាឈ្លើយសឹកនៅវៀតណាមខាងជើង រហូតមកដល់ពេលនេះបញ្ហា ដោះដូរទាហាន បាត់ខ្លួន និងឈ្លើយសឹកអាមេរិកនៅវៀតណាមខាងជើងនៅបន្តដោះស្រាយរហូតបច្ចុប្បន្ននេះ។
រដ្ឋាភិបាលវៀតណាមខាងជើង បានដើរតួនាទីប្រកបដោយភាពឈ្លាសវៃ ក្នុងការដោះដូរឈ្លើយសឹកអាមេរិក រួមទាំងទាហានបាត់ខ្លួននៅវៀតណាម .....គេ មិននឹកឃើញថា ដំណោះស្រាយដោះដូរឈ្លើយសឹក និងកញ្ចប់ ថវិកា កសាងប្រទេសឡើងវិញរវាងអាមេរិក និងវៀតណាមខាងជើង បានដំណើរការយ៉ាងរលូន និងផ្ដល់ផល ប្រយោជន៍ឲ្យប្រទេសមួយដែលខ្ទេចខ្ទាំ ដោយសង្រ្គាមត្រូវបានកសាងឡើងវិញ យ៉ាងឆាប់រហ័ស។
ឈ្លើយសឹកជាអាកាសយានិកម្នាក់ របស់កងទ័ពអាកាស អាមេរិកបន្ទាប់ពីបានទម្លាក់ គ្រាប់បែក លើគោលដៅរួចមកហើយត្រូវបាញ់ធ្លាក់ និងចាប់ខ្លួននៅនឹងកន្លែងត្រូវបានកងទ័ពវៀតណាម ខាងជើង នាំទៅមើល គោលដៅដែលខ្លួន បានទម្លាក់គ្រាប់បែកថា តើគោលដៅនេះ វាហិនហោចខ្ទេចខ្ទីកម្រិតណា?
ដូចនេះអាកាសយានិកនោះ ត្រូវទទួលស្គាល់ការ ពិតប្រការនេះហើយ ទើបតម្លៃនៃការដោះដូរ ឈ្លើយសឹក មានភាពខុសគ្នាទៅតាមទំហំ រចនាសម្ព័ន្ធដែលត្រូវបំផ្លាញ ដោយយន្តហោះ ។ ប្រទេសវៀតណាមខាងជើង បានរក្សាទុកភស្តុតាង ឯកសារជាច្រើនស្ដីពីសង្រ្គាមប្រជាជាតិ ក្នុងបំណងបង្ហាញសក្ខីកម្ម នៃបទឧក្រិដ្ឋ សង្រ្គាមដែលបង្កដោយអាមេរិក ។ វៀតណាមខាងជើងមានហេតុផលច្រើន ដែលឈានទៅឲ្យពិភពលោក បានដឹងនិងអាចឈានទៅដល់ការទារសំណងសង្រ្គាមនេះផងដែរ។
បច្ចុប្បន្ននេះកងទ័ពអាកាសប្រជាជនវៀតណាមបានពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងធនធានមនុស្សគ្រប់ផ្នែក ដើម្បីគ្រប់គ្រង បញ្ជាយុទ្ធោបករណ៍ទំនើបៗ មានដូចជាយន្តហោះប្រដេញប្រតិកម្មលឿន ជាងសំឡេងធុនស៊ូ-៣០ ដែលជាយន្តហោះប្រដេញ ទំនើបជំនាន់ថ្មី កាំជ្រួចអេស-៣០០ .......ល ហើយកងទ័ព អាកាសប្រជាជន វៀតណាមក៏កំពុងសិក្សាពីការប្រើប្រាស់យន្តហោះ និងយុទ្ធោបករណ៍ទំនើបពីបស្ចឹម ប្រទេសនាពេលអនាគត ផងដែរ។
សមិទ្ធផលទាំងអស់បានមកពីការរំដោះប្រទេស និងការឯកភាពទឹកដី ឯកភាពប្រជាជាតិតែមួយ នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ ១៩៧៥ ។
បទពិសោធន៍សង្រ្គាមដ៏រ៉ាំរ៉ៃបានធ្វើឲ្យប្រជាជាតិ មួយនេះបានបោះជំហានយ៉ាងរឹងមាំ កសាងពីប្រទេសក្រីក្រ ប្រែក្លាយជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ ពីកងទ័ពព្រៃប្រែក្លាយជាកងទ័ពរៀប រយបំពាក់ដោយ យុទ្ធោបករណ៍ ទំនើប មានភាពខ្លាំងនៅក្នុងតំបន់អាស៊ាន និងធានាបាននូវសុខសន្តិភាព យ៉ាងរឹងមាំនៅក្នុងប្រទេស ៕
រាជធានីភ្នំពេញ - ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) បានផ្សាយឲ្យដឹងថា ឧត្ដមសេនីយ វ៉ូ ង្វៀនហ្គាប់ (Vo Nguyen Giap) ដែលល្បីឈ្មោះខាងបានវាយប្រយុទ្ធបណ្ដេញទ័ពបារាំង នៅក្នុងទស្សវត្តន៍ឆ្នាំ៥០ និងអាមេរិក ចេញពីប្រទេសខ្លួន នៅក្នុងទស្សវត្តន៍ ឆ្នាំ៧០ បានស្លាប់ហើយ នៅក្នុងអាយុ១០២ឆ្នាំ ដោយសារតែមានជំងឺរ៉ាំរ៉ៃ គ្រប់ជំពូក។ លោកបានចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យ នៃទីក្រុងហាណូយ តាំងពីជាង៤ឆ្នាំមកហើយ។ សម្រាប់ប្រទេសវៀតណាម ឧត្ដមសេនីយ៍ ហ្គាប ជាវីរះបុរសជាតិ ដែលត្រូវបានតែងតាំងក្រោយតែបន្តិច ពីលោកប្រធាន ហូ ជីម៉ិញ ដែលជាអគ្គមគ្គុទេសដ៏មហិមា នាំប្រទេសកុំម្មុយនីសមួយនេះ ដណ្ដើមបានឯករាជ្យភាពពីបារាំង។
ឧត្ដមសេនីយ៍ ហ្គាប បានបញ្ជាទ័ពវាយប្រយុទ្ធដណ្ដើមយក ឌៀន បៀនភូ (Dien Bien Phu) ទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានចារក្នុងប្រវត្តិសាស្ត្រ ពីអាណនិគមនិយមបារាំង នៅឆ្នាំ១៩៥៤។ ជ័យជំនះនេះ ដែលត្រូវបានលើកមកសិក្សានៅក្នុង បណ្ឌិតសភាយោធានៃប្រទេសវៀតណាមនោះ ជាជំហានដ៏ធំមួយនាំប្រទេសនេះឆ្ពោះទៅរកឯករាជ្យភាព និងបិទបញ្ចប់នូវរបបអាណានិគមនិយមមួយ ដែលមានអាយុច្រើនជាងមួយសតវត្សន៍មកហើយ នៅឥណ្ឌូចិន ក៏ដូចជានៅលើពិភពលោកទាំងមូលផង។
ឧត្ដមសេនីយ៍ ហ្គាប រូបនេះ ក៏ធ្វើបានសម្រេចដែរ នូវការដាក់រួមបញ្ចូលគ្នាវិញ រវាងវៀតណាមខាងជើង និងខាងត្បូង នៅឆ្នាំ១៩៧៥ ដោយបានវាយបណ្ដេញឲ្យ«រត់ខ្ចាត់ខ្ចាយ» នូវក្រុម«ចក្រពត្តិ»និយមអាមេរិកាំង។ បើរំលឹកឡើងវិញបន្ដិចពីប្រវត្តិសាស្ត្រ លោក វ៉ូ ង្វៀនហ្គាប់ បានជួបជាដំបូងជាមួយលោកប្រធាន ហូ ជីម៉ិញ នាឆ្នាំ១៩៤០ នៅក្នុងតំបន់មួយផ្នែកអាគ្នេយ៍នៃប្រទេសចិន។ បន្ទាប់មក នៅឆ្នាំ១៩៤៤ អគ្គមគ្គុទេស ហូ បានស្នើសុំឲ្យលោក វ៉ូ ជ្រើសរើស និងដឹកនាំទ័ពព្រៃមួយ ដែលបានធ្វើការប្រយុទ្ធប្រឆាំងទៅនឹងកងទ័ពជប៉ុន ដែលចូលមកលុកលុយកាន់កាប់ប្រទេសវៀតណាម នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ៕
ចំលើយ សង្គ្រាម សន្តិភាព កម្ពុជា (សាកលវិទ្យាល័យកម្ពុជា ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា (HIS 101)
ឈ្មោះ៖ សៀម ពេជ្រណូរៈ អត្តលេខ៖ 60-49-06)
១. ការតស៊ូដើម្បីឯករាជ្យ និង សន្និសីទក្រុង ហ្ស៊ឺណែវ ឆ្នាំ១៩៥៤
ចាប់តាំងពីឆ្នាំ១៨៦៣មក ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអណានិគមរបស់ប្រទេសបារាំង។ នៅក្រោយសង្គ្រាមលោកលើកទី២ ចលនាបោះបោរទាមទារឯករាជ្យនៅលើពិភពលោកមានសភាពកាន់តែខ្លាំងក្លាឡើងៗជាលំដាប់។ ដូចគ្នានេះដែរ ចលនាតស៊ូដើម្បីឯករាជ្យជាតិនៅក្នុងប្រទេសកម្ពុជា ក៏បានលេចឡើងផងដែរ។ នៅក្នុងចលនាតស៊ូដើម្បីឯករាជ្យជាតិនេះដែរ គេឃើញមានការលេចឡើងនូវនិន្នាការពីរផ្ទុយគ្នា ពោលគឺ ក្រុមចលនាតស៊ូដោយប្រដាប់អាវុធ ដឹកនាំដោយក្រុមខ្មែរ ឥស្សរៈ និងសកម្មភាពនយោបាយតស៊ូដោយសន្តិវិធីដឹកនាំដោយសម្តេចព្រះ នរោត្តមសីហនុ។
ក្រុមខ្មែរឥស្សរៈ
នៅក្នុងក្រុមខ្មែរឥស្សរៈ ចលនាតស៊ូត្រូវបានបែងចែកជាពីរក្រុមដែលមានប្រកាន់យកមនោគមវិជ្ជាពីរផ្សេងគ្នា ក្រុមខ្មែរសឥស្សរៈដែលប្រកាន់និន្នាការសេរីនិយម និង ក្រុមខ្មែរសឥស្សរៈដែលប្រកាន់និន្នាការកុម្មុយនិស្តនិយម។ ក្រុមខ្មែរសឥស្សរៈដែលប្រកាន់និន្នាការសេរីមានកំណើតចាប់តាំងពីកំឡុងឆ្នាំ ១៩៣០ មកម្លេះ ដែលដំបូងឡើយក្រុមនេះគ្រាន់តែធ្វើការតស៊ូប្រឆាំងនឹងបារាំងតាមរយៈសារពត៌មានប៉ុណ្ណោះ។ កាសែតនគរវត្តដែលមានលោក ប៉ាច ឈឺន និង សឺង ងុកថាញ់ ជាស្ថាបនិកគឺជាកាសែតដំបូងគេនៅស្រុកខ្មែរដែលបំផុសស្មារតីប្រជាជនឲ្យងើកឡើងប៉ះបោរប្រឆាំងនឹងអណានិគមនិយមបារាំង និងមាននិន្នាការផ្លាស់ប្តូរសង្គមខ្មែរឲ្យទៅជាសង្គមប្រជាធិបតេយ្យសេរី។ នៅឆ្នាំ១៩៤០ មានចលនាជាតិនិយមមិនមែនកុម្មុយនីស្តមួយបានកើតឡើងនៅតាមបណ្តាយព្រំដែនខ្មែរ–ថៃ ដែលចលនានេះមានឈ្មោះថា ចលនាតស៊ូខ្មែរឥស្សរៈ ដែលដឹកនាំដោយ លោក ប៉ុក ឃុន នៅទីក្រុងបាងកក។ នៅទីក្រុងភ្នំពេញ ចលនាបែបនេះក៏បានចាប់កំណើតផងដែរ ហើយចលនានេះដឹកនាំដោយ លោក សឺង ងុកថាញ់ ដោយមានការគាំទ្រពីសំណាក់ជប៉ុន។ ប៉ូលីសបារាំងបានចាប់ខ្លួន អាចារ្យ ហែម ចៀវ និង នួន ឌួង យកទៅដាក់គុកនៅកោះត្រឡាច នៅថ្ងៃទី ១៨ ខែ កក្កដាឆ្នាំ ១៩៤២ ដែលធ្វើឲ្យលោកសុគតនាឆ្នាំក្រោយមក។ ទង្វើរបស់របស់បារាំងបានបញ្ឆះកំហឹងរបស់ប្រជាជនខ្មែរឲ្យងើបឡើងបះបោរនឹងបារាំងកាន់តែខ្លាំងឡើងៗ។ នៅថ្ងៃទី ២០ កក្កដា មហាបាតុកម្មមួយបានផ្ទុះឡើងកណ្តាលក្រុងភ្នំពេញនៅមុខគេហដ្ឋានរបស់លោក រ៉េស៊ីដងស៊ុបពែរីយ័របារាំង ដោយមានមនុស្សចូលរួមចំនួន ២០ ពាន់នាក់ ដែលក្នុងនោះមានព្រះសង្ឃ៥០០ អង្គ។ ទោះបីជាមានការគាំទ្រពីជប៉ុនក៏ដោយ ក៏ក្រុម បាតុករនៅតែទទួលរងនូវការបង្ក្រាមយ៉ាងឃោរឃៅពីសំណាក់កងទ័ពបារាំងដែរ ហើយមនុស្ស ២០០ នាក់ត្រូវបានចាប់ខ្លូន។ សឺង ងុកថាញ់ បានរត់ទៅបាងកកដើម្បីសុំការអន្តគមន៍របស់កងទ័ពជប៉ុន និងដែលក្រោយមកបានរត់ទៅជប៉ុននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤២។ កាសែតនគរវត្តក៏បានត្រូវបានគេបិទការផ្សាយផងដែរ។
ក្រៅពីក្រុមខ្មែរឥស្សរៈដែលមាននិន្នាការសេរីនិយម ក្រុមនេះខ្មែរឥស្សរៈដែលមាននិន្នាការកុម្មុយនិស្តក៏បានចាប់កំនើតផងដែរ។ ក្រុមខ្មែរឥស្សរៈដែលមាននិន្នាការកុម្មុយនីស្តគឺជាក្រុមដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមកុម្មុយនីស្ត វៀតណាម។ នៅពេលដែល ហូជីមីញ បង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ ១៩៣០ ចលនាកុម្មុយនីស្តនៅ កម្ពុជាពុំទាន់មាននៅឡើយទេ។ ក្រោយមកនៅទសវត្សទី៤០ ទើបមានជនជាតិខ្មែរចូលរួមក្នុងបក្សកុម្មុយនិស្តឥណ្ឌូចិន ជាពិសេសនៅក្រោយមហាបាតុកម្មឆ្នាំ១៩៤២។ នៅថ្ងៃទី៧ ខែកុម្ភៈ យន្តហោះអាមេរិចបានទំលាក់គ្រាប់បែកលើក្រុងភ្នំពេញចំលើវត្ត ឧណ្ណាលោម។ ទូ សាមុត ដែលជាសាស្រ្តាចារ្យបាលីនៅវត្តឧណ្ណាលោម បានភៀសខ្លួនទៅវៀតណាម និងបានចូលរួមក្នុងបក្សកុម្មុយនីស្តឥណ្ឌូចិន។ នៅពេលដែលសភាពការណ៍នៅក្នុងប្រទេសមានសភាពស្ងប់ស្ងាត់ ពូកខ្មែរឥស្សរៈក៏ត្រលប់មកក្រុងភ្នំពេញវិញ។ ពួកគេមួយចំនួនបានចុះចូលជាមួយរដ្ឋាភិបាល ឯមួយចំនួនទៀតដែលមានលោក ស៊ឺង ងុកមីញ ទូ សាមុត សុន ស៊ីចាន់ ម៉ី ផូ និង ចាន់ សម័យបានភ្ជាប់ខ្លួនជាមួយពួកវៀតមីញ។ នៅក្នុ្ងងខែមេសា ឆ្នាំ១៩៥០ សន្និសីទនៃអ្នកតំណាងប្រជាជនក្នុងប្រទេសកម្ពុជាបានបើកឡើង ដោយមានការចូលពីប្រតិភូតំណាងចំនួន២០០នាក់ មកពីទូទាំងប្រទេស និងគ្រប់ស្រទាប់ប្រជាជន ក្នុងនោះចំនួនសង្ឃមានពាក់កណ្តាល។ សន្និសីទបានសំរេចបង្កើត រណសិរ្សឯកភាពឥស្សរៈ និងគណៈ កម្មាធិការមជ្ឈិមរំដោះជាតិ ដែលមានទូ សាមុតជាប្រធាន ហើយដែលករោយមកបានក្លាយជារដ្ឋាភិ បាលបណ្តោះអាសន្ននៃអ្នកតស៊ូ ដឹកនាំដោយ ស៊ឺង ង៉ុកមីញ។ ក្រោយមក “ក្រុមប្រជាជន” បានត្រូវបង្កើតឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៥០។ នៅថ្ងៃទី១១–១៩ ខែកុម្ភៈ ឆ្នាំ១៩៥១ សន្និសីទលើកទី២នៃបក្សកុម្មុយ នីស្តឥណ្ឌូចិន បានបើកសម័យប្រជុំដើម្បីរិះរកវិធីពង្រឹងកំលាំងចលនាតស៊ូរបស់ខ្លួន និងបានសំរេចរំលាយបក្សកុម្មុយនីស្តឥណ្ឌូចិន ដោយបង្កើតឲ្យមានសាខាបក្សតាមប្រទេសទាំងបីជំនួសវិញ។ យោងតាមសេចក្តី សំរេចនេះ ជនកុម្មុយនីស្តខ្មែរបានរួមគ្នាបកសមាជទូទាំងប្រទេសមួយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយសំរេចបង្កើតឡើងនូវបក្សប្រជាជនបដិវត្តន៍ខ្មែរ។ ថ្វីត្បិតតែកុម្មុយនីស្តឥណ្ឌូចិនត្រូវបានរំលាយក៏ពិតមែន តែសម្ព័ន្ធភាពកំលាំងប្រដាប់អាវុធនៃប្រទេសទាំងបីនៅតែបន្ត ហើយសម្ព័ន្ធនេះបានត្រូវប្រកាសឡើងនៅកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥១ ដោយ ស៊ីវ ហេង ដែលជាតំណាងរណសិរ្សឯកភាពឥស្សរៈ។ នៅថ្ងៃទី១៩ ខែមិថុនាក្រុមខ្មែរឥស្សរៈបានបង្កើតជាផ្លូវការនូវកងទ័ពរបស់ខ្លួននៅតំបន់ស្រែអំបិល។
ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទនរោត្តមសីហនុ
នៅថ្ងៃទី៩ មីនា ឆ្នាំ១៩៤៥ ជប៉ុនបានមកជំនួសរដ្ឋការបារាំងនូវកម្ពុជា។ បីថ្ងៃក្រោយមក សម្តេចព្រះ នរោត្តម សីហនុ បានចេញក្រឹត្យពីរដោយច្រានចេញរាល់កិច្ចព្រមព្រាងរវាងបារាំងនិងកម្ពុជា ដោយប្រកាសឯករាជ្យនៅកម្ពុជា។ ដោយមានការជួយជ្រុំជ្រែងពីជប៉ុន រដ្ឋាភិបាលមួយដឹកនាំដោយ សឺង ងុកថាញ់ ត្រូវបានបង្កើតឡើងនោថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥។ ក្រោយសង្គ្រាមលោកលើកទី២ បារាំងក៏វិលត្រលប់មកឥណ្ឌូចិនវិញ តែការវិលត្រលប់របស់បារាំងលើកនោះមិនខ្លាំងដូចមុននេះទេ ព្រោះប្រទេសបារាំងត្រូវបានបំផ្លេចបំផ្លាញយ៉ាងតំណំក្រោយសង្រ្គាម។ កត្តានេះបានធ្វើឲ្យការគ្រប់គ្រងរបស់បារំាងមាន លក្ខណៈធូរស្រាលជាងមុន និងដែលសម្រួលដល់នយោបាយទាមទារឯករាជ្យដោយសន្តិវិធីរបស់ព្រះបាទនរោត្តមសីហនុ។ ចលនាប្រដាប់អាវុធរបស់ក្រុមខ្មែរឥស្សរៈកាន់តែមានភាពសកម្មជាលំដាប់ដោយមានការគំាទ្រពីពួកវៀតមីញ។ ដោយសង្កេតឃើញថា ស្ថានភាពកាន់តែមានសភាពគ្រោះថ្នាក់ដែលមិនអាចពន្យាពេលយូរតទៅទៀត និងដើម្បីបញ្ជៀសសង្គ្រាមបង្ហូរឈាមនៅក្នុងប្រទេសកម្ពុជានោះ សម្តេចព្រះ នរោត្តម សីហនុក៏បានសំរេចចាប់ផ្តើមធ្វើព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិកម្ពុជានៅឆ្នាំ១៩៥៣ ក្នុងទិសដៅទាមទារពីបារាំងនូវអធិបតេយ្យពេញលេញ និងការទទួលស្គាល់តាមច្បាប់នូវរដ្ឋាភិបាលរបស់ព្រះអង្គនៅលើឆាកអន្តរជាតិ។ ក្នុងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យនេះ ជាដំបូងព្រះអង្គបានយាងទៅប្រទេសបារាំង។ ក្នុងពេលគង់នៅប្រទេសបារាំងព្រះអង្គបានផ្ញើរព្រះរាជសារពីរច្បាប់ទៅកាន់លោកប្រធានាធិបតីបារាំង ហ្វាំងសង់ អូរ្យូល ជាការលទ្ធផលព្រះអង្គបានជួបប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់បារាំងបីលើក តែកិច្ចពិភាក្សាទាំងបីលើកនេះពុំបានផ្តល់លទ្ធផលអ្វីឲ្យព្រះអង្គនោះឡើយ។ ដោយពុំបានទទួលជោគជ័យក្នុងកិច្ចពិភាក្សាជាមួយបារាំង សម្តេចព្រះ នរោត្តមសីហនុបានសម្រេច ព្រះទ័យលើកយកបញ្ហាកម្ពុជាដាក់លើឆាក់អន្តរជាតិ។ បន្ទាប់ពីប្រទេសបារាំង ព្រះអង្គបានយាងទៅប្រទេសកាណាដា ដែលនៅទីនោះព្រះអង្គបានធ្វើបទសំភាសន៍មួយជាមួយវិទ្យុកាណាដាអំពីបញ្ហាកុម្មុយនីស្តនៅប្រទេសកម្ពុជានិងប្រទេសឥណ្ឌូចិន។ បន្ទាប់មកព្រះអង្គបានយាងទៅសហរដ្ឋអាមេរិច និងបានជួបចរចារជាមួយរដ្ឋម្រ្តីក្រសួងការបរទេសអាមេរិច លោក ច. ហ្វូស្ទ័រ ដាស្លេស។ ក្រោយកិច្ចពិភាក្សាជាមួយលោកដាស្លេស ព្រះអង្គបានផ្តល់កិច្ចសំភាសន៍ដល់កាសែតអាមេរិចមួយដ៏ល្បីឈ្មោះ The New York Times ដែលកិច្ចសំភាសន៍នេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់សាធារណៈមតិក្នុងសហរដ្ឋអាមេរិច និងនៅក្នុងពិភពលោក។ ដំណើរទស្សនៈកិច្ចរបស់ព្រះអង្គនៅក្នុងប្រទេសមហាអំណាចនេះហើយ ដែលបានដាក់សម្ពាធដល់បារាំងចាប់កិច្ចចរចារប្រគល់ឯករាជ្យជា មួយភាគីកម្ពុជា។ ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យរបស់សម្តេចព្រះ នរោត្តម សីហនុ បានទទួលជោគជ័យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ដំណើរឆ្ពោះទៅកាន់សន្ធិសញ្ញាក្រុងហ្ស៊ឺណែវ
ក្រោយទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ចលនាប្រដាប់អាវុធខ្មែរឥស្សរៈនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល។ កងទ័ពខ្មែរឥស្សរៈគាំទ្រដោយកងទ័ពវៀតមីញបានធ្វើការវាយលុកមកលើកងទ័ពរដ្ឋាភិបាល និងបានធ្វើសកម្មភាពពាសពេញផ្ទៃប្រទេស។ ជ័យជំនះសកម្មភាពសឹករបស់ខ្មែរឥស្សរៈ និងការរីករាលដាលឥទ្ធិពលរបស់ក្រុមនេះ បានជំរុញឲ្យសម្តេចព្រះ នរោត្តម សីហនុ ចាត់វិធានទប់ទលដោយមិនបង្អង់យូរ។ ប្រតិបត្តិការប្រឆាំងនឹងពូកខ្មែរឥស្សរៈ ដែលមានឈ្មោះថា “សាមគ្គី” ត្រូវបានបង្កើតឡើង ដោយចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៣ ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ និងជំនួយការរបស់ព្រះអង្គ វរសេនីយឯក លន់ នល់។ ការប៉ះទង្គិចដោយអាវុធរវាងក្រុមទាំងពីរចេះតែបន្តទៅមុខទៀត។ រាជារដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់សកម្មភាពរបស់កងទ័ពវៀតមិញថាជាការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ សហរដ្ឋអាមេរិចក៏បានព្យាយាមពន្យាពេលនៃការចាប់ផ្តើមសន្និសីទក្រុងហ្ស៊ឺណែវ និងចង់យកបញ្ហានេះមក ដោះស្រាយនៅអង្គការសហប្រជាជាតិ ដើម្បីឲ្យមានអន្តរាគមន៍ពីកងទ័ពអង្គការសហប្រជាជាតិដែរ តែបរាជ័យរបស់កងទ័ពបារាំងនៅសមរភូមិ ឌៀនបៀនភូ បានពន្លឿនដល់ដំណើរការសន្និសីទក្រុងហ្ស៊ឺណែវ។ ប្រទេសមហាអំណាចបានខិតខំ បញ្ជៀសការប្រឈមមុខគ្នាដោយផ្ទសល់នៅក្នុងបញ្ហាឥណ្ឌូចិននេះ។ មុនកិច្ចពិភកាក្សានៅក្នុងហ្ស៊ឺណែវ វៀតណាម ចិន និងសូវៀត បានបើកកិច្ចពិភាក្សាសំងាត់មួយនៅក្រុងម៊ូស្កូ ដោយសូវៀតបានឲ្យដំបូន្មានដល់វៀតណាម និងចិនថាមិនត្រូវធ្វើឲ្យមានការប្រឈមមុខដោយផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិច ដើម្បីចៀសវាងជំលោះ។ ឥរិយាបទរបស់អាមេរិចនៅពេលនើក៏មិនខុសពីសហភាពសូវៀតប៉ុន្មានដែរ ដោយអាមេរិចសុខចិត្តទទួលយកសំណើររបស់សូវៀត និងចិនដែលចង់ទុកឲ្យកម្ពុជាជាប្រទេសអព្យាក្រឹត្រ។ មហាអំណាចទាំងអស់គិតថាបើកម្ពុជានៅជាអព្យាក្រឹត្រគេនឹងអាចទាញកម្ពុជាឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់គេនៅពេលក្រោយជាមិនខាន។ ជុំវិញបញ្ហាសន្និសញ្ញាក្រុងហ្ស៊ឺណែវនេះដែរគេឃើញថាកិច្ចពិភាក្សានេះត្រូវបានសំរេច និងគូសវាសដោយប្រទេសមហាអំណាចរួចទៅហើយ ហើយប្រទេសតូចតាចគឺជាអ្នកធ្វើតាមតែប៉ុណ្ណោះ។ នៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ១៩៥៤ សន្និសីទក្រុងហ្ស៊ឺណែវបានចាប់ផ្តើមការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ដោយមានតំណាងចូលរួមពី១៩ប្រទេសដូចជា ចក្រភពអង់គ្លេស សហភាពសូវៀត សហរដ្ឋអាមេរិច បារាំង សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម រាជាណាចក្រលាវ រាជាណាចក្រកម្ពុជា និងប្រទេសមួយចំនួនទៀត។ តំណាងចលនាតស៊ូខ្មែរឥស្សរៈត្រូវបានគេបដិសេធ ទោះបីជាមានការទាមទារពីសំណាក់ សហភាពសូវៀត និង សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមយ៉ាងណាក៏ដោយ។ សន្និសីទក្រុងហ្ស៊ឺណែវបាន សំរេចលើឯកសារមួយចំនួនដែលទាក់ទងនឹងកម្ពុជាដូចតទៅ៖
កិច្ចព្រមព្រៀង ស្តីអំពីបទឈប់បាញ់គ្នានៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីសិទ្ធរបស់ពលរដ្ឋ និងការបោះឆ្នោត។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធា ទាក់ទងនឹងមូលដ្ឋានកងទ័ពបរទេស និងការជួយឧមត្ថម្ភកំលំាងយោធាពីបរទេស។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំង ស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិន និងការគោរពដល់ឯករាជ្យនៃប្រទេសក្នុងឥណ្ឌូចិន។
សេចក្តីថ្លែងការណ៍របស់តំណាងសហរដ្ឋអាមេរិច ស្តីអំពីឥរិយាបទរបស់ខ្លួនទាក់ទងនឹងកិច្ចព្រមព្រៀងក្រុងហ្ស៊ឺ ណែវ។
សេចក្តីថ្លែងការណ៍បិទសន្និសីទ។
យោងតាមសេចក្តីសំរេចខាងលើ កងទ័ពបារាំង និងកងទ័ពវៀតមិញត្រូវដកចេញពីកម្ពុជាក្នុងកំឡុងពេល៩០ថ្ងៃ រីឯ កងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងកំឡុងពេល៣០ថ្ងៃ ក្រោយសុពលភាពកិច្ចព្រមព្រៀងក្រុងហ្ស៊ឺណែវ។ ការដក និងរំសាយកងទ័ពត្រូវគ្រប់គ្រង និងត្រួតពិនិត្យដោយគណៈកម្មាការគ្រប់គ្រងអន្តរជាតិ “ICC-The International Commission for Control”
២. កត្តាដែលជំរុញឲ្យមានសន្ធិសញ្ញាសន្តិភាពកម្ពុជា បារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំ អសនៈរបស់ខ្មែរក្រហមមិន បានបាត់បង់នៅក្នុងអង្គការសហប្រជាជាតិនោះទេ។ ស្របពេលជាមួយនឹងសង្រ្គាម ដែលកំពុងផ្ទុះសន្ធោសន្ធៅនៅឡើយ គូភាគីទាំងសងខាងរបស់កម្ពុជា បានជួបជុំ គ្នានៅលើឆាកអន្តរជាតិ ដើម្បីដណ្តើមភាពស្របច្បាប់របស់រដ្ឋាភិបាលរៀងៗខ្លួន។ ស្ថានភាពជំលោះនេះបានបន្តរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីសដើម្បីបង្រួបបង្រួមជាតិកម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ មានកត្តាបីដែលជំរុញឲ្យមានព្រមព្រៀងសន្តិភាពក្រុងបារីសនេះ ក្នុងនោះរួមមាន កត្តាតំបន់ កត្តាសកល និងកត្តាផ្ទៃក្នុង។
កត្តាតំបន់
ប្រទេសវៀតណាម
ក្រោយការផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ កងទ័ពវៀតណាមបានមានវត្តមាននៅក្នុងទឹកដីកម្ពុជា។ ការវាយលុកចូលមកទឹកដីកម្ពុជាដើម្បីផ្លួលរំលំរបបខ្មែរក្រហមនេះមិនមែនជាការគាប់ជួននោះទេ ការវាយលុកនេះគឺជាការវាយតបតនឹងការឈ្លានពានរបស់កងពួកខ្មែរក្រហមដែលបានអនុវត្តនយោបាយប្រឆាំងនឹងប្រទេសវៀតណាម ដែលវាយលុកចូលក្នុងទឹកដីវៀតណាម។ ជាងនេះទៅទៀត ចាប់តាំងពីនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីក្រសួងការមរទេសនៃប្រទេស កម្ពុជា វៀតណាម ឡាវ លើកទី១មក គេបានសំដែងនូវឆន្ទៈចង់ចរចារវាងប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាលើរាល់ទំនាស់។ វៀតណាមបានខំប្រឹងសំដែងនូវជំហរសន្តិភាព និងភាពជាអ្នកជិតខាងល្អជាមួយនឹងបណ្តាប្រទេសអាស៊ាន។ វៀតណាមបានដកកងទ័ពរបស់ខ្លួនអស់ពីទឹកដីកម្ពុជាមុនការកំនត់គឺក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដែលនេះជាកាយវិការរបស់វៀតណាមនេះបានក្លាយជាកតាលីករមួយដ៏សំខាន់ ដែលជំរុញឲ្យមានកិច្ចចរចារស្វែងរកដំណោះស្រាយបញ្ហាកម្ពុជា។ ការដកកងទ័ពវៀតណាមនេះក៏មិនមែនជាភាពចៃដន្យដែរ។ ការដកកងទ័ពនេះគឺជាលទ្ធផលនៃបំរែបំរួលនយោបាយការបរទេស និងស្ថានភាពសេដ្ឋកិច្ចរបស់សភាពសូវៀត។ វិបត្តសេដ្ឋកិច្ចរបស់សភាពសូវៀត និងកិច្ចព្រមព្រៀងចិន–សូវៀតឆ្នាំ១៩៨៩ បានជំរុញឲ្យសហភាព សូវៀតបន្ថយជំនួយរបស់ខ្លួនទៅឲ្យវៀតណាម និងដែលជំរុញឲ្យវៀតណាមសំរេចដកកងទ័បចេញពីកម្ពុជាមុនការកំណត់។
ប្រទេសថៃ
ថៃជារដ្ឋមួយដែលតែងចាប់អារម្មណ៍ និងតាមដានយ៉ាងម៉ត់ចត់នូវទំនាក់ទំនងរវាងសាធារណរដ្ឋសង្គមនិយម វៀតណាម សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ហើយជានិច្ចជាកាលប្រកាន់យកនយោបាយតឹងរឹងចំពោះបញ្ហាកម្ពុជា។ មេដឹកនាំថៃបានមើលឃើញវៀតណាមជាគូប្រជែងរបស់ខ្លួនក្នុងការគ្រប់គ្រងតំបន់ឥណ្ឌូចិន ដូចនេះថៃបានចាត់ទុកថាវត្តមានរបស់កងទ័ពវៀតណាមនៅក្នុងទឹកដីកម្ពុជាជាការគំរាបគំហែងដល់ សន្តិសុខរបស់ប្រទេសថៃ។ ថៃបានផ្តល់លទ្ធភាពឲ្យពួកខ្មែរក្រហមប្រើទឹកដីរបស់ខ្លួនសំរាប់កសាងមូលដ្ឋានកងទ័ពសំរាប់ធ្វើការវាយលុកមកលើកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ថៃបានខំប្រឹងប្រែងគាំទ្របង្កើតឲ្យមាន រដ្ឋាភិបាលចំរុះត្រីភាគីដើម្បីប្រឆាំងនឹងវត្តមានវៀតណាមនៅកម្ពុជា។ នៅខែមករា ឆ្នាំ១៩៨៩ ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានទៅធ្វើ ទស្សនៈកិច្ចនៅប្រទេសថៃតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ។ សកម្មភាពជាវិជ្ជមាន ដែលចង់ដោះស្រាយបញ្ហាកម្ពុជាដោយសន្តិវីធីរបស់នាយករដ្ឋមន្ត្រីថៃ ឈុនហាវ៉ាន់ បានរួមចំណែកក្នុងការបន្ថយភាពតានតឹងនៃបញ្ហាកម្ពុជា។ ថៃក៏បានយល់ព្រមដែរថា បញ្ហាកម្ពុជាត្រូវតែដោះស្រាយដោយកម្ពុជាខ្លួនឯង។ ជំហររបស់ថៃបានសំរួលឲ្យមានការជួបគ្នារវាងតំណាងសម្ព័ន្ធត្រីភាគី និង តំណាងសាធារណរដ្ឋប្រជាមានិតកម្ពុជាដើម្បីដោះស្រាយបញ្ហាកម្ពុជា។
ប្រទេសសិង្ហបុរី
គោលជំហររបស់សឹង្ហបុរីចំពោះបញ្ហាកម្ពុជាក៏មានលក្ខណៈប្រហាក់ប្រហែលទៅនឹងជំហរររបស់ប្រទេសថៃដែរ។ សឹង្ហបុរីបានដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងវៀតណាម និងសាធារ ណរដ្ឋប្រជាមានិតកម្ពុជានិងបានជួលសព្វាវុធទៅដល់រដ្ឋាភិបាលចំរុះ។ ឥរិយាបទរបស់សឹង្ហបុរីមានទិសដៅគាំទ្រដល់វត្តមាន សហរដ្ឋអាមេរិច ជប៉ុន និងប្រទេសឧស្សាហកម្មជឿនលឿនដទៃទៀត ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី។ សិង្ហបុរីចាត់ទុកថាការពង្រឹងឥទ្ធិពលរបស់សូវៀតនៅក្នុងតំបន់ជាការរំខានដល់វឌ្ឍភាពសេដ្ឋកិច្ច និងស្ថេរភាពនយោបាយក្នុងតំបន់។
ប្រទេសម៉ាឡេស៊ី
ខុសពីប្រទេសថៃ និងសិង្ហបុរីដែលបានប្រកាន់យកជំហរតឹងរឹងចំពោះបញ្ហាកម្ពុជា ប្រទេសម៉ាឡេស៊ីបានប្រឹងប្រែងឲ្យមានកិច្ចពិភាក្សាដោះស្រាយបញ្ហាកម្ពុជា។ ប្រទេសម៉ាឡេស៊ីជាប្រទេសស្ថាបនិកទស្សនៈអព្យាក្រឹត្យភាពនៅតំបន់អាស៊ីអាគ្នេយ៍ ហើយម៉ាឡេស៊ីមានជំហរដោះស្រាយបញ្ហាក្នុងតំបន់ ដោយជៀសវៀងការលូកដៃកកូរកកាយពីសំណាក់ប្រទេសមហាអំណាច។ ប្រទេសម៉ាឡេស៊ីជាប្រទេសទី១ក្នុងអាស៊ានដែលបានចាប់ផ្តើមទំនាក់ទំនងជាមួយប្រទេសឥណ្ឌូចិនក្រោយពេល សង្គ្រាមត្រូវបានបញ្ចប់ហើយរហូតមកដល់ឆ្នាំ១៩៧៩។ ឥរិយាបទរបស់ប្រទេសម៉ាឡេស៊ីគឺជាសម្បទានមួយយ៉ាងសំខាន់ដើម្បីបន្តការពិភាក្សាដោះស្រាយទំលុះទំលាយវិបត្តនៅកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ី
ឥរិយាបទរបស់ប្រទេសឥណ្ឌូនេស៊ីចំពោះបញ្ហាកម្ពុជា ក៏មិនខុសប៉ុន្នានពីឥរិយាបថរបស់ម៉ាឡេស៊ីដែរ ពោលគឺ ឥណ្ឌូនេស៊ីមានទិសដៅដោះស្រាយបញ្ហាកម្ពុជាដោយសន្តិវិធីតាមផ្លូវនយោបាយ និង ដោយជៀសវៀងការលូកដៃពីសំណាក់កំពូលមហាអំណាចមកក្នុងបញ្ហាតំបន់។ ឥណ្ឌូនេស៊ីពុំបានសំដែងកាយវិការជាសត្រូវចំពោះវៀតណាមនោះទេ ហើយឥណ្ឌូនេស៊ីជាប្រទេសដែលដឹកនាំនយោបាយ ដែលមានទិសដៅដោះស្រាយទំនាស់របស់កម្ពុជាដោយឈរលើការពិភាក្សាជាមួយនឹងវៀតណាម។ ឥណ្ឌុនេស៊ីបានទាមទារឲ្យអាស៊ានធ្វើការចរចារនឹងវៀតណាមដោយចាត់ទុកវៀតណាម គឺជាតំណាងនៃប្រទេសឥណ្ឌូចិន។ មួយវិញទៀតឥណ្ឌូនេស៊ីបានខិតខំសំរបសំរួលឲ្យមានជំនួបជាមួយនឹងវៀតណាមដើម្បីសំរួលភាពតានតឹងក្នុងតំបន់ ក៏ដូចជាបញ្ហាកម្ពុជាដែរ។ ជាក់ស្តែង ទស្សនកិច្ចខែកញ្ញា ឆ្នាំ១៩៨២ របស់ឧត្តមសេនីយ បេនី មូរដាវី នៅក្រុងហាណូយ និងនៅក្រោយមកនៅខែកុម្ភៈ–មីនា ឆ្នាំ១៩៨៦ គណៈប្រតិភូឥណ្ឌូនេស៊ីមួយក្រុមបានទៅដល់វៀតណាមដើម្បីធ្វើការពិភាក្សាអំពីវិបត្តកម្ពុជា។ នៅខែកុម្ភៈ–មិនាឆ្នាំ១៩៨៦ គណៈប្រតិភូឥណ្ឌូនេស៊ីដឹកនាំដោយលោក ណាន ស៊ូត្រេស្ណា រដ្ឋមន្ត្រីក្រសួងការបរទេស និងឧត្តមសេនីយ រូឌីន នាយកអគ្គសេនាធិការកងទ័ពបានធ្វើការពិភាក្សា “វិបត្តិកម្ពុជា” ជាមួយ វៀតណាម។ ជំហរកណ្តាលនិយមរបស់ឥណ្ឌូនេស៊ីជុំវិញបញ្ហាកម្ពុជាបែបនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការទំលុះ ទំលាយបញ្ហាកម្ពុជា។
កត្តាសកល
សហរដ្ឋអាមេរិច
ស្របពេលនឹងការចូលកាន់តំណែងជាប្រធានាធិបតេយ្យរបស់ លោក រីគ្ហែន ឥរិយាបទរបស់សហរដ្ឋអាមេរិចជុំវិញបញ្ហាកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង។ ចាប់ពីឆ្នាំ១៩៨២ ដល់ ឆ្នាំ១៩៨៨ រដ្ឋាការទីក្រុងវ៉ាស៊ីនតោន បានជួយពង្រឹងដល់ស្ថានភាពរបស់ក្រុម សម្តេចព្រះ នរោត្តម សីហនុ និង លោក សឺន សាន។ ក្រុមតស៊ូខ្មែរទាំងពីរក្រុម បានទទួលជំនួយសព្វាវុធពីសហរដ្ឋអាមេរិច ដោយឆ្លង់កាត់តាមប្រទេសសិង្ហបុរី។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិចបានផ្គត់ផ្គង់គ្រឿងសព្វាវុធយ៉ាងច្រើនដល់បណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសថៃ។ នយោបាយបែបនេះបានជំរុញឲ្យប្រទេសអាស៊ានប្រឈមមុខកាន់តែខ្លាំងនឹង បណ្តាប្រទេសឥណ្ឌូចិន។ ជុំវិញបញ្ហាកម្ពុជាក្រុងតំណាក់កាលទសវត្សឆ្នាំ៨០ ឥរិយាបទរបស់សហរដ្ឋអាមេរិចមានភាពមិននឹងនរ ដែលធ្វើឲ្យបញ្ហាកម្ពុជាប្រែក្លាយពីបញ្ហាតំបន់ទៅជាបញ្ហាសាកល ជាពិសេសជាមួយនឹងស្ថានភាពនយោបាយថ្មីរវាងសហរដ្ឋអាមេរិច–ចិន នៅក្នុងទំនាស់សហភាពសូវៀត–ចិន។ នៅក្នុងទស្សនៈកិច្ចខែ ឧសភា ឆ្នាំ១៩៨៦ របស់លោក រ៉ូណល រីគ្ហែន នៅអាស៊ីអាគ្នេយ៍ និងជំនួបរវាងលោក រ៉ូណល រីគ្ហែន និងរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកោះបាលី សហរដ្ឋអាមេរិចបានកំណត់យកឥរិយាបទថ្មីជុំវិញបញ្ហាកម្ពុជា ដោយពុំសូវចាប់អារម្មណ៍ទៅនឹងទំនាក់ទំនងជាមួយនឹងពួក ប៉ុល ពត ទេ។ នៅចុងទសវត្សទី៨០ ការសំរួលទំនាក់ទំនងការទូតរវាងសហភាពសូវៀត និងចិន និង ការដកកងទ័ពវៀតណាមចេញពីកម្ពុជាបានបង្កឪកាសដ៏ល្អក្នុងការរកដំណោះស្រាយកម្ពុជាតាមផ្លូវនយោបាយ។ ទោះជាស្ថានភាពមានការប្រែប្រួលយ៉ាងណាក្តី ក៏សហរដ្ឋអាមេរិចនៅតែគាំទ្រឲ្យមានការបង្កើតរដ្ឋាភិបាលចំរុះថ្មីមួយដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ដដែល។ រដ្ឋការថ្មីរបស់ប្រធានាធិបតេយ្យ ចស ប៊ូស បានថែរក្សាទិសដៅដដែលជុំវិញបញ្ហាកម្ពុជា។
សាធារណរដ្ឋប្រជាមានិតចិន
ចិនបានចាត់ទុកការដួលរលំនៃរបបខ្មែរក្រហមថា ជាការធ្វើឲ្យខូចដល់នយោបាយរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ ជាលទ្ធផលចិនបានប្រឹងប្រែងបង្កើតឲ្យមានរដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ ដោយមានការចូលរួមពីសំណាក់តំណាងពួកខ្មែរក្រហម ក្រុមរបស់សម្តេច នរោត្តម សីហនុ និងក្រុមលោក សឺន សាន ដើម្បីផ្លួលរំលំរបប ហេង សំរិន ដោយកំលាំង យោធា។ ចំពោះវិស័យការទូត ចិនបានខំប្រឹងថែរក្សាអាសនៈ រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ នៅអង្គការសហប្រជាជាតិ និងទាមទារឲ្យវៀតណាមដកទ័ពទាំងស្រុងចេញពីកម្ពុជាដោយឥតលក្ខខ័ណ្ឌ។ ទោះបីជាការសំរបសំរួលទំនាក់ទំនងការទូតរវាងសហភាពសូវៀត និងចិននៅពាក់កណ្តាលទសវត្សទី៨០ បានបន្ថយភាពតានតឹងរវាងកំពូលមហាអំណាចក្តី ក៏ចិននៅតែប្រកាន់យកនយោបាយដដែលជុំវិញបញ្ហាកម្ពុជា។ រហូតមកដល់ដើមសតវត្សទី៩០ ទើបគេឃើញនយោបាយចិនចំពោះបញ្ហាកម្ពុជាមានការប្រែប្រួលជាវិជ្ជមាន ដោយចិនបានសំរេចជាគោលថានឹងបញ្ហា កម្ពុជាមិនត្រូវដោះស្រាយដោយកំលាំងយោធានោះឡើយ ជាពិសេសចិនបានសំរេចលែងឧបត្ថម្ភសព្វាវុធដល់ក្រុមខ្មែរតស៊ូ។
សហភាពសូវៀត
នៅមុនឆ្នាំ១៩៨៥ សហភាពសូវៀតបានចាត់ទុកថាទំនាស់នៅកម្ពុជាជាទំនាស់ដែលបង្កឡើងដោយការប្រកាន់យកនយោបាយពីរប្រឈមគ្នា។ សូវៀតបានគាំទ្រវៀតណាមដែលជាសម្ព័ន្ធមិត្តរបស់គេយ៉ាងសកម្ម ដើម្បីព្រឹងអំណាចរបស់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅពាក់កណ្តាលទសវត្សទី៨០ ដោយសារមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ នយោបាយថ្មីរបស់សូវៀតជុំវិញបញ្ហាកម្ពុជាបានលេចឡើង ពោលគឺការគាំទ្រឲ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធី។ នៅក្នុងជំនួបខែវិច្ឆិកា ឆ្នាំ១៩៨៧ រវាងលោក កូរបាឆូវ និងលោក ហេង សំរិន សូវៀតបានគាំទ្រគោលជំហររបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ស្តីពីនយោបាយបង្រួបបង្រួមជាតិកម្ពុជា ដោយស្របតាមឆន្ទៈរបស់ ប្រជាជនកម្ពុជាផ្ទាល់។ ទំនាក់ទំនងវិជ្ជមានថ្មីរវាងសូវៀត និងសហរដ្ឋអាមេរិចបានសំរួលការដោះស្រាយបញ្ហាកម្ពុជា។ ដូចគ្នានេះដែរ នៅក្នុងឳកាសកិច្ចព្រមព្រៀងសូវៀត–ចិន ចុះហត្ថលេខានៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨៩ បានសំរេចបន្ថយការជំនួយសព្វាវុធដល់គូបដិបក្ខ ដើម្បីឲ្យមានការដកទ័ពវៀតណាមចេញពីកម្ពុជា។ ការលេចឡើងនូវនយោបាយថ្មី និងការសំរួលទំនាកទំនងការទូតរបស់ សូវៀតបានជំរុញយ៉ាងលឿននូវដំណោះស្រាយបញ្ហាទំនាស់កម្ពុជា។
កត្តាផ្ទៃក្នុង
គោលនយោបាយការបរទេសសំខាន់របស់សាធារណរដ្ឋប្រជាមានិតកម្ពុជាគឺកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជិតខាង និងធ្វើសកម្មភាពដើម្បិសន្តិភាព និងស្ថេរភាពក្នុងតំបន់។ សាធារណរដ្ឋប្រជាមានិតកម្ពុជាចង់មានទំនាក់ទំនងល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសអាស៊ានដដៃទៀត។ ជាក់ស្តែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៩ លោកប្រធាន ហេង សំរិន បានផ្ញើរសារលិខិតដើម្បីសំដែងពីឥរិយាបថសន្តិភាព មិត្តភាព និងមិនចូលបក្សសម្ព័ន្ធណារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាទៅកាន់នាយករដ្ឋមន្ត្រីថៃ។ នៅថ្ងៃទី២៧ សីហា និងថ្ងៃទី៨ ខែតុលាឆ្នាំ១៩៨៧ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍ ដោយបង្ហាញពីឆន្ទៈមោះមុតចង់បញ្ចប់ការបង្ហូរឈាមគ្នា និងអស្ថេរភាពនៅក្នុងប្រទេស ជាមួយនឹងគោលនយោបាយកម្ពុជាដោយឈរលើគោលការណ៍បង្រួបបង្រួមជាតិ។ ក្រៅពីគោលជំហរនយោបាយដ៏ជាក់លក់ជុំវិញបញ្ហាជំលោះ អ្វីដែលជំរុញឲ្យមានកិច្ចព្រមព្រៀងក្រុងបារីសមួយទៀតនោះ គឺលទ្ធភាពនៃការការពារខ្លួនទប់ទល់នឹងការវាយប្រហារពីគូភាគីជំលោះ។ ពីឆ្នាំ១៩៧៩ ដល់១៩៨៩ ក្រោយការដកកងទ័ពវៀតណាមចេញពីទឹកដីកម្ពុជា កងទ័ព រដ្ឋាភិបាលចំរុះត្រីភាគី និងខ្មែរក្រហមបានខិតខំវាយប្រហារមកលើកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា តែការប៉ុនប៉ងនេះមិនបានទទួលជោគជ័យនោះទេ ដោយសារកំលាំងទប់ទល់ការពាររបស់រដ្ឋកម្ពុជាមានសភាពរឹងមាំ។ ដោយសារតែមិនអាចផ្តួលរំលំរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបាន ទើបរដ្ឋាភិបាលចំរុះត្រីភាគីវិលមករកតុចរចារស្វែងរកសន្តិភាពតាមផ្លូវនយោបាយវិញ និងដែលជំរុញឲ្យមានសន្ធិសញ្ញាក្រុងប៉ារីស។
ចំនុចខ្លាំង និងខ្សោយនៃសន្ធិសញ្ញាក្រុងបារីស
ជុំវិញបញ្ហាសន្ធិសញ្ញាក្រុងបារិសឆ្នាំ១៩៩១ គេសង្កេតឃើញមានចំនុចខ្លាំង និងចំនុចខ្សោយមួយចំនួន។ ចំនុចខ្លាំងរបស់សន្ធិសញ្ញាក្រុងបារីសគឺ ការធ្វើឲ្យមានការផ្សះផ្សាបង្រួមជាតិរវាងក្រុមភាគីជំលោះដែលមាន ភាគីរដ្ឋកម្ពុជា និង ភាគីរដ្ឋាចំរុះត្រីភាគី ដែលបង្កើតឲ្យមានការរៀបចំបោះឆ្នោតជាសកលមួយដោយមានការគ្រប់គ្រងដោយអង្គការសហប្រជាជាតិ UNTAC នៅឆ្នាំ១៩៩៣។ ក្រោយការបោះឆ្នោត និងការរៀបចាំរដ្ឋាភិបាលចំរុះកម្ពុជាអាចទទួលបាននូវការទទួលស្គាល់ដោយស្របច្បាប់ និងជំនួយអភិវឌ្ឍន៍ពីបណ្តាប្រទេសដែលជាហត្ថលេខី និងអង្គការសហប្រជាជាតិ។ សន្ធិសញ្ញាក្រុងបារីសក៏បានការពារផងដែរនូវបូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះគឺ ការសំរួលឲ្យមានមាតុភូមិនិវត្តន៍របស់ជនផៀសខ្លួនរាប់ម៉ឺននាក់ដែលរស់នៅតាមព្រំប្រទល់កម្ពុជា–ថៃ។
ទន្ទឹមនឹងនេះដែរគេក៏បានសង្កេតឃើញពីចំនុចខ្សោយរបស់សន្ធិសញ្ញានេះផងដែរ នៅក្នុងកិច្ចព្រមព្រៀងនេះពុំមានការចូលរួមពីពួកខ្មែរក្រហមនោះឡើង ដែលកត្តានេះបានធ្វើឲ្យសង្រ្គាមស៊ីវិលនៅតែបន្តនៅក្នុងប្រទេសកម្ពុជា ដែលបានរារាំងដល់ការអភិវឌ្ឍប្រទេស។ ក្រុមខ្មែរក្រហមនៅមធ្វើការវាយលុកចូលមកក្នុងប្រទេស និង បង្កអស្ថេរភាពរហូតដល់មានសមាហរណកម្មនៅឆ្នាំ១៩៩៨។ ជាពិសេសសន្ធិសញ្ញានេះពុំបានបង្កើតឲ្យមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍មកលើប្រជាជនកម្ពុជានោះទេ។ មួយវិញទៀត គេឃើញថាមានការរំលោភបំពានមកលើសន្ធិសញ្ញក្រុងបារីសពីសំណាក់ភាគី និងប្រទេសដែលជាហត្ថលេខី៕
No comments:
Post a Comment