Saturday, August 15, 2020

លោក ម៉ែន ណាត

សង្ខេបៈ កម្ពុជាមានបក្សនយោបាយរាប់រយបក្ស នៅតាមព្រំដែន សម័យសង្រ្គាមស៊ីវិល ១៩៧៩ ដល់ ២០០៨ ពួកគេលើកទឹកចិត្តសិស្សនិស្សិតឲ្យប្រើឈ្មោះបក្សរបស់គេ និងថានឹងមានវាសនាបានឡើងធំ ជារដ្ឋមន្រ្តី ជាមេដឹកនាំ ព្រោះពួកគាត់កាន់តែកាំភ្លើង មិនចេះអក្សរ មិនចេះភាសាបរទេស ដូច្នេះ និស្សីត ទោះជារៀនមុខវវិជ្ជាណាក្តី ក៍ខំប្រឹងអួតថាខ្លួនចេះ រឿងព្រំដែន ចេះប្រវត្តិសាស្រ្តដែរ ។ បើទោះជាលោកអ្នក អានទាំងស្រុងនៅប្រវត្តិរបស់បុគ្គលម៉ែន ណាត ក៍លោកអ្នកមិនប្រាកដជាយល់ ដូចជាអ្វីដែលខ្ញុំចង់ពន្យល់ដែរ ដើម្បីជៀសវាងការយល់ខុសពីអ្វីខ្ញុំចង់សំដៅ ខ្ញុំសូមបកស្រាយជាសង្ខេបថា មែន ណាត ជាអតីតនិស្សិតផ្នែកសង្គមវិទ្យា ជាក្មេងទើបកើតឆ្នាំ១៩៧៦ ដូច្នេះ គាត់ត្រូវបានក្រុម លន់ នល់ ក្រុម សឺនសាន ពង្វក់បាន ជាភស្តុតាងគឺថា ចលនានិស្សិតមែន ណាត នេះ ចូលរូមជាមួយបក្ស ហ្វុនស៊ិនប៉ិច ក៍បញ្ជាគណបក្សធ្វើអ្វីដែលពួកគេចង់បាន គ្រាដែលគ្មានការយល់ស្រប ពួកគេបែកចេញពីបក្ស ទៅចូលបក្ស សម រង្សី ភ្លើងទៀត បន្ទាប់បែកចេញពីភ្លើងទាន...ទៅបង្កើតបក្សថ្មីៗ .ចំណុចពីសេសមួយគឺប្រឆាំងការចូលសភា ប្រឆាំងការចូលរូមរដ្ឋាភិបាល ប្រឆាំងវប្បធម៍សន្ទារវាងរដ្ឋាភិបាល និង បក្សសង្រ្គោះជាតិ....ចំណុចនេះដែលហៅថា ពួកក្រុម មែន ណាត ជាក្រុមបាតុដៃទី ៣។ មែន ណាត មិនដែលរៀនផែនទី ឬ ភូមិសាស្រ្ត សូម្បីជា GR ភូមិសាស្រ្តកោះត្រល់ ក៍មិនចេះផង ! តែ តាំងខ្លួនជំនាញព្រំដែន កោះត្រល់..

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនទទួលស្គាល់​ការបោះឆ្នោត​​​ព្រឹទ្ធសភា
សេចក្តីថ្លែងការណ៍
មិនទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមច្រានចោលទាំងស្រុងនូវ ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ធ្វើឡើងដោយមិនស្របច្បាប់ និងមិនស្របតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត។ បុព្វហេតុគឺ អង្គបោះឆ្នោតចំនួន ៥០៦២ រូប (តំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំសង្កាត់) មកពីគណបក្សសង្គ្រោះជាតិ ដែលបានជ្រើសរើស​ដោយឆន្ទៈពលរដ្ឋពិតប្រាកដនោះ ត្រូវបានរបបប ហ៊ុន សែន រំលាយចោល ទាំង​បំពានរដ្ឋធម្មនុញ្ញ និងឆក់ប្លន់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយរឹបអូស​យកអាសនៈទាំងអស់ពី​ បក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សសផ្សេងៗ តាមតែអំពើចិត្ត។

របបដឹកនាំរបស់លោក ហ៊ុន សែន មិនមែនជារដ្ឋាភិបាល ជារដ្ឋសភា និងព្រឹទ្ធសភា ដែលស្របច្បាប់ទៀតឡើយ បើផ្អែកតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ច្បាប់បទដ្ឋានគតិយុត្តិ និងឯកសារច្បាប់​អន្តរជាតិនានា ក្នុងសង្គមប្រជាធិបតេយ្យ។

ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមរំលឹកដល់ក្រុមប្រទេស ដែលផ្តល់ប្រាក់កម្ចី, ធ្វើកិច្ចសន្យាវិនិយោគ និងធ្វើកិច្ចព្រមព្រៀងនានា ដល់ ឬជាមួយរបប ហ៊ុន សែន ថា យើងជាពលរដ្ឋខ្មែរ មិនទទួលខុសត្រូវ ចំពោះការទូទាត់សង និងការធានាលើកិច្ចសន្យាវិនិយោគ ឬកិច្ចព្រមព្រៀងណាមួយឡើយ នៅពេលកម្ពុជា មានរដ្ឋាភិបាល​ស្របច្បាប់ ដែលស្របតាមសុឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត។ (សូមទាញយកសេចក្តីថ្លែងការណ៍)

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨
ប្រធាន (ហត្ថលេខា)
ម៉ែន ណាត

ភ្នំពេញ៖ លោក ម៉ែន ណាត និងបក្ខ ពួកដែលបានចោទប្រកាន់ទៅលើលោក ហ៊ុន ម៉ាណែត ថាបានលាក់លុយជាង២០០ លានដុល្លារនៅក្នុងធនាគារមួយមានឈ្មោះ BNP នៅប្រទេសបារាំង ព្រមទាំងដេញថ្លៃទិញអគាររបស់គណបក្ស Le Parti Socia- liste តម្លៃជាង៥៨លានអឺរ៉ូនោះកំសាកបំផុត មិនទាន់ហ៊ានឡើងសង្វៀនផងក៏លើកទង់ ជ័យសបោះបង់ការប្រកួតយ៉ាងអាម៉ាស់ បំផុត ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃមុនលោក ម៉ែន ណាត និង ក្រុមរបស់គាត់បានសរសេរចោទប្រកាន់លោកថាគាត់មានព័ត៌មានច្បាស់លាស់ និង ភស្តុតាងដែលបង្ហាញថា លោកមានលាក់ លុយ២០០លានដុល្លារក្នុងធនាគារនៅស្រុកបារាំងមួយមានឈ្មោះ BNP ព្រម ទាំងចោទប្រកាន់ទៀតថា លោកកំពុងមានឈ្មោះដេញថ្លៃទិញអគាររបស់គណបក្ស Le Parti Socialiste ដែលហ៊ានឱ្យថ្លៃជាង ៥៨លានអឺរ៉ូ ហើយគាត់( ម៉ែន ណាត) បានបង្ហាញកាសែតបារាំងដែលចុះផ្សាយទៀតផង ។

លោក ហ៊ុន ម៉ាណែត បន្តទៀតថា ក្នុងនាមជាកូនប្រុសដូចគ្នាមិនចាំបាច់និយាយចុះឡើងច្រើននាំឱ្យវែងឆ្ងាយអីទេលោក សូមបបួលលោក ម៉ែន ណាត ភ្នាល់គ្នាដោយ យុត្តិធម៌គឺយកអនាគតជីវិតនយោបាយ របស់យើងទាំង២ដាក់តែម្តង។ ទោះបីជា គាត់ថា មានព័ត៌មានឬភស្តុតាងក្នុងដៃក៏ ដោយក៏លោកផ្តល់ពេលទៅលោក ម៉ែន ណាត រហូតដល់២សប្តាហ៍ដើម្បីទៅរក ភស្តុតាងមកបង្ហាញថា ការចោទប្រកាន់ របស់គាត់ពិតជាត្រឹមត្រូវ និងមានមូលដ្ឋាន ច្បាស់លាស់មិនចេះតែនិយាយទេ ។

លោក ហ៊ុន ម៉ាណែត បានលើកឡើង បន្តទៀតថា នៅពេលដែលលោក ម៉ែន ណាត យកភស្តុតាងទាំងនោះមកបង្ហាញហើយខ្ញុំនឹងគាត់អាចរួមគ្នាស្នើសុំទៅស្ថានទូតបារាំងនៅភ្នំពេញ ឬស្ថានទូតខ្មែរនៅ បារាំងដើម្បីជួយសុំការបញ្ជាក់ពីធនាគារ BNP និងអ្នករៀបចំពិធីដេញថ្លៃអគារគណបក្ស Le Parti Socialisteថាភស្តុតាងដែល លោក ម៉ែន ណាត និងក្រុមគាត់ផ្តល់មក ឱ្យនេះពិតជាត្រឹមត្រូវឬទេ ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បន្ទាប់ពីលោកប្រកាសចេញមុខភ្នាល់ដាក់អនាគតជីវិតនយោបាយភ្លាមស្រាប់តែលោក ម៉ែន ណាត ឆ្លើយតបមកថា មិនបាច់ ភ្នាល់ទេ។ ចំណែកក្រុមរបស់លោក ម៉ែន ណាត បែរមកចោទលើរូបលោកវិញថា ហ៊ានភ្នាល់ដោយសារដឹងថា លោក ម៉ែន ណាត និងបក្ខពួកមិនអាចរកភស្តុតាងបានទៅវិញ។ លោក ហ៊ុន ម៉ាណែត ឆ្ងល់ថា ចុះ ម៉េចបានទៅជាអ៊ីចឹងវិញទៅ?

លោក ហ៊ុន ម៉ាណែត បានរំលឹកថា លោក ម៉ែន ណាត ដែលបានសរសេរ និង ផ្សព្វផ្សាយព័ត៌មានចោទលោកនិងធ្លាប់បានអះអាងប្រាប់គេឯងថា គាត់មានព័ត៌មាន ច្បាស់ណាស់ ចុះហេតុអ្វីលោកមិនហ៊ានភ្នាល់ជាមួយលោកទៅវិញ? ម៉្យាងទៀត ក្រុមលោក ម៉ែន ណាត ដែលជួយបន្ទរពេល លោកចោទបែរជាទទួលស្គាល់ថាលោក ម៉ែន ណាត មិនអាចរកភស្តុតាងបានទៅ វិញ។ ចុះពេលគាត់សរសេរលើកមុនគឺបាន ន័យថា គាត់សរសេរអត់មានភស្តុតាងត្រឹមត្រូវទេឬ?

បើតាមការសារភាពរបស់ក្រុមគាត់ ដូច្នេះបានន័យថាលោក ម៉ែន ណាត ឆ្លើយ យ៉ាងលឿនថា មិនហ៊ានភ្នាល់នោះដោយសារតែលោកគ្មានភស្តុតាងពិតប្រាកដមែន។ លោក ហ៊ុន ម៉ាណែត ហ៊ានភ្នាល់ព្រោះលោកគ្មានអ្វីដែលត្រូវលាក់បាំងទេ។ ផ្ទុយទៅវិញលោក ម៉ែន ណាត និងក្រុម គាត់បែរជាមិនហ៊ានភ្នាល់ ព្រោះគាត់គ្មានភស្តុតាងដូចដែលគាត់ធ្លាប់អួតពេលគាត់សរសេរចោទប្រកាន់ អ៊ីចឹងលោក ម៉ែន ណាត និងក្រុមរបស់គាត់ហ៊ានស៊ីតែមិនហ៊ានសងទេ ។

លោក ហ៊ុន ម៉ាណែត បានគិតថា បង ប្អូនដែលតាមដានរឿងនេះប្រាកដជាបានមើលឃើញ និងយល់ច្បាស់ហើយអ្នកខ្លះពូកែខាងសរសេរ និងផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត ប៉ុន្តែមិនហ៊ានទទួលខុសត្រូវ ចំពោះអ្វីដែលខ្លួនបានសរសេរ ឬផ្សព្វ ផ្សាយនោះទេ។

ហេតុដូច្នេះសូមលោក ម៉ែន ណាត និងក្រុមរបស់លោកកុំមានការភ្ញាក់ផ្អើលអ្វីក្នុងការដែលខ្ញុំនិងប្រជាពលរដ្ឋទូទៅឈប់រវល់ ព្រមទាំងឈប់ឱ្យតម្លៃទៅលើអ្វីដែលលោក និងក្រុមលោកសរសេរឬផ្សព្វផ្សាយតទៅទៀត ព្រោះវាអត់មានអ្វីជាមូលដ្ឋានពិតប្រាកដហើយដដែលៗដូចក្នុងករណីនេះ អ៊ីចឹង ៕ ហេង សូរិយា

បុគ្គល ម៉ែន ណាត ក្រោយប្រកាសចុះចាញ់លោក ហ៊ុន ម៉ាណែត រឿងចោទមានលុយលាក់ និងដេញថ្លៃអគាររាប់លានដុល្លារនៅបារាំង ពេលនេះមកបង្វែរដានរឿងផ្សេង បិទបាំងភាពបរាជ័យដ៏ធ្ងន់របស់ខ្លួន2017-11-01 01:46pm

(ភ្នំពេញ)៖ ក្រោយការប្រកាសភ្នាល់ដាក់ជីវិតនយោបាយពីសំណាក់ លោក ហ៊ុន ម៉ាណែត ជាមួយបុគ្គល ម៉ែន ណាត ដែលបានចោទ​លោកលាក់លុយ ២០០លានដុល្លារ និងកំពុងចូលរួមដេញថ្លៃអគារតម្លៃរាប់លានដុល្លារ នៅប្រទេសបារាំងនោះ ស្រាប់តែបុគ្គលរូបនេះបានចេញមកប្រកាសចុះចាញ់ ហើយក្រុមរបស់ខ្លួនបែរជាលើកហេតុផលយ៉ាងរាក់កំផែលដោយចោទ លោក ហ៊ុន ម៉ាណែត ហ៊ានភ្នាល់ដោយសារដឹងថា ម៉ែន ណាត មិនអាចរកភ័ស្ដុតាងបានទៅវិញ។

អ្វីដែលធ្វើឲ្យហួសចិត្ត និងដឹងកាន់តែខ្លាំងពីពីភាពទុច្ចរិតបំភ្លៃការពិតទៅទៀតនោះ គឺបុគ្គលរូបនេះដើម្បីបិទបាំងនូវភាពបរាជ័យដ៏ធ្ងន់ និងអាម៉ាស់របស់ខ្លួន នៃការភ្នាល់ដាក់ជីវិតនយោបាយពី លោក ហ៊ុន ម៉ាណែត នោះ ស្រាប់តែរូបគេចេញមកប្រកាសដាក់លក្ខខណ្ឌនៃការភ្នាល់គ្នា តែបែរជាបង្វែរទៅរឿងផ្សេងទៅវិញ មិនចំប្រធានបទដើម ដូចដែល លោក ហ៊ុន ម៉ាណែត បានប្រកាសភ្នាល់ជាសាធារណៈនោះឡើយ។

បុគ្គល ម៉ែន ណាត ក្រោយពីមិនហ៊ានភ្នាល់ឲ្យចំប្រធានបទដើមជាមួយ លោក ហ៊ុន ម៉ាណែត បែរជាបង្ហោះខ្លឹមសារបង្វែរប្រធានបទផ្សេង ដោយពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងឯណាឆ្កុយទៅវិញ ពោលគឺវាចាកពីប្រធានបទដើម​១៨០អង្សា ក្នុងគោលបំណងបំបាំងភាពបរាជ័យដ៏ធ្ងន់ធ្ងរនៃបញ្ហាមួយនេះ។

រឿងដំបូងដែលនាំឲ្យកើតបញ្ហានេះ គឺបុគ្គល ម៉ែន ណាត បានចោទលោក​ ហ៊ុន ម៉ាណែត លាក់លុយចំនួន២០០លានដុល្លារ នៅធនាគារមួយឈ្មោះថា BNP ព្រមទាំងកំពុងចូលរួមដេញថ្លៃ អគារទីស្នាក់ការបក្ស Le Parti Socialiste តម្លៃរាប់លានដុល្លារនៅប្រទេសបារាំង ដោយបុគ្គលរូបនេះសុទ្ធតែអួតក្ដែងៗថា ខ្លួនមានភ័ស្ដុតាងច្បាស់លាស់ និងឯកសារទាំងនេះ នៅក្នុងដៃរបស់ខ្លួនទៀតផង។

បន្ទាប់ពីការបង្ហោះព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ លោក ហ៊ុន ម៉ាណែត ដែលនៅស្ងៀមមិនចង់តបតរយៈពេលប៉ុន្មានថ្ងៃទៅហើយនោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ ក៏បានចេញមកប្រកាសភ្នាល់ជាសាធារណៈជាមួយបុគ្គល ម៉ែន ណាត ដែលចោទប្រកាន់រឿងលុយរាប់លានដុល្លារទាំងនេះ ដោយហ៊ានភ្នាល់យកជីវិតនយោបាយមកដាក់ទៀតផង ពោលបើសិនលោកចាញ់ ឬបុគ្គល ម៉ែន ណាត ចាញ់ត្រូវឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត។

នៅបណ្ដាញសង្គម Facebook របស់ខ្លួន លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីលក្ខខណ្ឌយ៉ាងដូច្នេះថា៖ «បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថា ខ្ញុំពិតជាមានប្រាក់ និងកំពុងដេញថ្លៃអគារដូចដែលលោកចោទប្រកាន់មែន ខ្ញុំហ៊ាន៖
១៖ ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថា មាននោះឲ្យទៅលោក
២៖ ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថា ខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត

ប៉ុន្តែបើលោក ម៉ែន ណាត មិនហ៊ានភ្នាល់ ឬមិនអាចផ្តល់ភ័ស្តុតាងពិតប្រាកដ ដើម្បីបញ្ជាក់តាមការចោទរបស់លោកទេ ខ្ញុំសុំឲ្យលោក ម៉ែន ណាត៖
១៖ ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ
២៖ ធ្វើកិច្ចសន្យាជាសាធារណៈថា លោកនឹងឈប់ប្រឡូកក្នុងនយោបាយតាមគ្រប់រូបភាពអស់មួយជីវិត។ ខ្ញុំមិនខ្លាចនឹងភ្នាល់ទេ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំងចំពោះការចោទប្រកាន់របស់លោក ម៉ែន ណាត ទេ»។

ប៉ុន្ដែសម្រាប់បុគ្គល ម៉ែន ណាត វិញបែរជាមិនហ៊ានតតាំងឲ្យចំប្រធានបទ បែរជាមកប្រកាសចង់ភ្នាល់ឡើងវិញ តែដាក់លក្ខខណ្ឌផ្ទុយពីប្រធានបទដើម គោលបំណងបង្វែរស្ថានការណ៍ និងការចាប់អារម្មណ៍ទៅរូបភាពផ្សេង ទាំងនេះបង្ហាញយ៉ាងច្បាស់ក្រឡែតថា អ្វីៗដែលបុគ្គលរូបបង្ហោះចោទប្រកាន់លោក ហ៊ុន ម៉ាណែត តាមបណ្តាញសង្គម Facebook នោះគឺជារឿងគ្មានមូលដ្ឋាន បំភ្លៃការពិត និងបោកប្រាស់សាធារណៈជនទាំងស្រុង៕
បទសម្ភាសន៍​លោក ម៉ែន ណាត អ្នក​ឃ្លាំមើលកម្ពុជាអំពី​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា និង​វៀតណាម​លោក ម៉ែន ណាត ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែឡ​ធ្វើ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​បញ្ហា​ព្រំដែន​កម្ពុជា បាន​ស្នើដល់​ភាគីកម្ពុជា​ថា គួរ​រក​យន្តការ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ ជា​ជាង​​ការ​សម្រេច​​តែ​លើ​​ភាគី​វិវាទ ដោយ​គ្មាន​អាជ្ញាកណ្តាលឯករាជ្យ។ លោក ម៉ែន ណាត ថ្លែង​ថា ​គ្មាន​សង្ឃឹម​ថា របបសព្វថ្ងៃ​ខ្វល់រឿង​នេះ​ឡើយ គឺ​​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឈឺ​ឆ្អាល​រឿង​នេះ បន្ត​​តស៊ូ​មតិ​ឲ្យ​​ខ្លាំង​ក្លា​ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ។

ទន្ទឹម​គ្នា​នេះ លោក អ៊ំ សំអាន ដែល​​ជា​តំណាងរាស្រ្តគណបក្ស​សង្គ្រោះ​ជាតិ​វិញ ប្រកាស​កាន់​ទុក្ខ ៧ថ្ងៃ ចាប់​ពី​ថ្ងៃទី៥ ខែ​តុលា ដោយ​សារ​តែ​លោក​​ចាត់​ទុក​ការ​ព្រមព្រៀងគ្នា​រវាង​លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​វៀតណាម​ រឿង​ព្រំដែន គឺ​ធ្វើ​ឲ្យ​ខ្មែរបាត់​បង់​ទឹក​ដី​ជា​រៀង​រហូត។ ​លោក​ប្រដូច​ការ​បាត់បង់​នេះ ទៅ​នឹង​ការ​ស្លាប់​របស់​មនុស្ស ដែល​គ្មាន​ថ្ងៃ​វិល​ត្រឡប់​វិញ។

លោក អ៊ំ សំអាន ​ត្រូវ​បាន​របប​លោក ហ៊ុន សែន ដក​ហូត​អសនៈ​ និង​ធ្លាប់​ជាប់​ពន្ធនាគារ​​​ជាង​ពីរ​ឆ្នាំ (៨៦៦ថ្ងៃ) ដោយសារ​តែ​ការ​តវ៉ា​របស់​លោក និង​ហ៊ាន​រិះគន់​ឥត​សំចៃ​មាត់​រឿង​ព្រំដែន​នេះ។

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត និង​ជាអ្នកជាតិនិយម
លោក ម៉ែន ណាត ជាកូនកសិករ ក្នុងជីវភាពគ្រួសារមធ្យម មានស្រុកកំណើត​ នៅភូមិ/ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ លោក កើតនៅក្នុងសម័យសង្គ្រាម ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៧៥ (បញ្ជីជាតិ ០៥ មករា ១៩៧៦)។ ក្នុងបណ្តាញសង្គម លោក​ ម៉ែន ណាត ប្រើទំព័រហ្វេសប៊ុក ជាអក្សរឡាតាំងឈ្មោះ «Nokor Koktlork ម៉ែន ណាត» ឬជាឈ្មោះ «នគរគោកធ្លក ដែលជារាជធានីដំបូងរបស់ប្រទេសកម្ពុជា តាំងពីសតវត្សរ៍ទី១ សព្វថ្ងៃមានទីតាំងនៅ ស្រុកអង្គរបុរី ខេត្តតាកែវ។

បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រៃសណ្តែក ស្រុកទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បានបន្តការសិក្សា នៅទីក្រុងភ្នំពេញ ផ្នែកសង្គមវិជ្ជា ជំនាន់​ទី៣ (១៩៩៦-២០០០) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបញ្ចប់បរិញ្ញាប័ត្របូក១ នៅមហាវិទ្យាល័យគរុកោសល្យ ឆ្នាំ ២០០១។

ប្រវត្តិការសិក្សា លោក ម៉ែន ណាត ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សា ហើយលោក បានប្រឡងជាប់ចូលមហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា និង មន្ទីរពិសោធន៍ នៅវិទ្យាស្ថានស្រាវជ្រាវសុខាភិបាល ឬសាលាពេទ្យរ៉ុស្ស៊ី។ ប៉ុន្តែលោក មិនបានជ្រើសរើសមុខវិជ្ជាផ្នែកមន្ទីរពិសោធន៍ នៅសាលាពេទ្យទេ។ ក្រៅពីនេះ លោកបានសិក្សាវគ្គបណ្តុះបណ្តាលជំនាញមួយចំនួនទៀត ផែ្នករដ្ឋបាលទូទៅ ច្បាប់ និង វិទ្យាសាស្រ្តនយោបាយផង។

លោក ម៉ែន ណាត ក៏បានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្តអប់រំ នៅ​​សាកល​វិទ្យាល័យ​​អាហ្គ័រឌើរ៍ (University Of Agder or UiA) ប្រទេសន័រវេស៍ (Norway) ឆ្នំា ២០១៣ ក្នុងឋានៈជាជនភៀសខ្លួន និងបានទទួលសញ្ជាតិ នៅឆ្នាំ២០១៣។ លោក បាបានមកដល់ប្រទេសន័រវេស៍ នៅ​ថ្ងៃទី ២៦ មករា ២០០៦។

លោក ម៉ែន ណាត ធ្លាប់ជា​មន្រ្តីរាជការ នៃការិយាល័យកំណត់ហេតុ នាយកដ្ឋាន​នីតិ​វិធី រដ្ឋសភាជាតិ ពីឆ្នាំ ​១៩៩៩ ដល់ឆ្នាំ ​​​២០០៦។ ទន្ទឹមនឹងនេះ លោកក៏បានរៀបចំសមាគមមន្រ្តីរាជការកម្ពុជា នៅឆ្នាំ២០០៤ ដែលមានឈ្មោះពេញថា «សមាគម​មន្រ្តីរាជការឯករាជ្យកម្ពុជា /Cambodia Independent Civil-servants Association (CICA)» ក្នុងគោល​បំណង​​លើកស្ទួយ លក្ខខណ្ឌមន្រ្តីរាជការ ជីវភាពមន្រ្តីរាជការ និងសិទ្ធិមនុស្ស។ លោក ជាដឹកនាំសមាគមនេះ រហូតដល់ឆ្នាំ ២០០៦ គឺក្រោយពេលភៀសខ្លួន ទៅកាន់ប្រទេស ន័រវេស៍ ក្នុងរឿងប្រឆាំងជំទាស់ «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម» ថ្ងៃទី ១១ តុលា ២០០៥ ដែលចុះហត្ថលេខានៅទីក្រុហាណូយ រវាងងលោក ហ៊ុន សែន ជាមួយនាយករដ្ឋមន្រ្តីវៀតណាម គឺប្រឆាំងជំទាស់សន្ធិសញ្ញានេះ ក្នុងនាមជាសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ឯកសារភាសាអង់គ្លេស និងខ្មែរ – Rong Chhun, Men Nath, Ir Channa, …) /(មានអត្ថបទបន្ថែម ជាភាសាអង់គ្លេស – Licadho: Men Nath, CICA President, Mr Rong Chhun, …)។

កាលនៅជានិស្សិត លោក ម៉ែន ណាត បានក្លាយជាយុវជនឆ្នើម និងជា​មេដឹកនាំ ក្នុងចំណោម​មេដឹកនាំនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ /Students’ Movement for Democracy (SMD) ពីខែកញ្ញា ឆ្នាំ ​១៩៩៨ ដែលជាក្រុមយុវជនជាតិនិយម ប្រឆាំងនយោបាយ​ដឹកនាំ​របស់រដ្ឋាភិបាល លោក ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា (ជាគណបក្ស​កុម្មុយនីស្ត) ដែលគាំទ្រដោយប្រទេស​វៀតណាម។

រៀននៅទីក្រុងភ្នំពេញ លោក ម៉ែន ណាត ជានិស្សិត​ម្នាក់ ក្នុងចំណោមនិសិ្សត​ក្រីក្រ មាន​ការតស៊ូព្យាយាមខ្ពស់ បានស្នាក់នៅ កុដិលេខ២ វត្តនាគវ័ន ខណ្ឌបឹងកក់ទី​២ ក្រុងភ្នំពេញ។ 

ជាមួយគ្នានេះ លោកក៏ជាអ្នកសម្របសម្រួល នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើតឡើង នៅថ្ងៃទី ១៦ កញ្ញា ​​២០០២ ដែលជា​បណ្តុំអង្គការ សមាគម និងសហជីព។ ក្រុមប្រឹក្សានេះ គឺបានធ្វើសកម្មភាពខ្លាំងក្លា ទៅ​លើការ​លើកកម្ពស់​សិទ្ធិកម្មករ សិទ្ធិមន្ត្រីរាជការ សិទ្ធិពលរដ្ឋ យុត្តិធម៌សង្គម និង កិច្ចការព្រំដែន។

ពីឆ្នាំ ២០០០ ដល់ ២០០២ លោក ម៉ែន ណាត ជាអនុប្រធាន រណសិរ្សប្រជាធិបតេយ្យនិស្សិតបញ្ញវន្តខ្មែរ។ រណសិរ្សនិស្សិតនេះ មានលោក ស៊ុត ឌីណា (ម៉ៅ មឿងយ៉ាត) ជាប្រធាន និងអ្នកស្រី ស៊ុន សុគន្ធមាលា ជាអគ្គលេខាធិការ។ ពីពាក់កណ្តាលឆ្នាំ ២០០២ ដល់ ២០០៤ លោក ម៉ែន ណាត ជាប្រធានរណសិរ្សនិស្សិតបញ្ញវន្តខ្មែរ /the Front of Khmer Students and Intellectuals (FKSI) ក្នុងចំណោម​មេដឹកនាំនិស្សិត​សំខាន់ៗខ្លះទៀត។ លោក និង លោក អ៊ុំ សំអាន មេដឹកនាំចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ ២០០២ បានផ្តួចផ្តើមគំនិត និងសម្របសម្រួល​រៀបចំឲ្យមាន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។

បញ្ជាក់៖ សមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រួមមាន៖
១. លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក ត្រូវបានធ្វើឃាតដោយ ចារកិច្ចរដ្ឋាភិបាល ហ៊ុន សែន ថ្ងៃទី ២២ មករា ឆ្នាំ ២០០៤ ខណៈពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នាំជាតិ ឆ្នាំ ២០០៣។ (អត្ថបទកាសែត ថ្ងៃបូជាសពលោក ជា វិជ្ជា ២៦ មករា ២០០៤ ជាភាសាអង់គ្លេស៖ Men Nath, Prince Norodon Sirivuth, Sam Rainsy, Heng Pov, …)។
២. លោក រ៉ុង ឈុន ប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា និង ជា​សមាជិក​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៏(គ.ជ.ប) ឆ្នាំ២០១៥ -២០១៧។ លោក ក៏ជាមេដឹកនាំនៃ សហភាពសហជីពម្ពុជា ផងដែរ។
៣. លោក អ៊ុំ សំអាន ប្រធានចលនានិស្សិតដើម្បីលទិ្ធប្រជាធិបតេយ្យ ដែល​សព្វថ្ងៃ​ជា​តំណាងរាស្រ្ត នៃ​គណបក្សសង្គ្រោះជាតិ​ អាណត្កិទី៥ (២០១៣ -២០១៨)។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ (ជាង ២ ឆ្នាំ) ពី​ខែ​មេសា ឆ្នាំ ២០១៦ ដល់សីហា ឆ្នាំ ២០០៨ ក្នុងរឿងរិះគន់ ផែនទីព្រំដែន និងប្រឆាំងជំទាស់ ការបង្គោលព្រំដែនថ្មី ជាមួយវៀតណាម ហៅថា «បោះបង្គោល​ ​រំលោភចូល​ក្នុង​ទឹកដី​ខ្មែរ»។
៣. លោក ម៉ែន ណាត ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែល​​សព្វថ្ងៃ​ជា​​​ប្រធាន​​​នៃ ​ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និងជាប្រធាន​សហគមន៍ខ្មែរ នៅប្រទេស​ ន័វេស៍ (Norway)។
៤. លោក ឆាំ ឆានី ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជា​អនុ​ប្រធាន នៃ ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាននៅប្រទេស ន័រវេស៍ (Norway)។
៥. លោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ស្ថាបនិក សហជីពសេរីកម្មករកម្ពុជា ហើយ គឺ ជា​ប្រធាន​សហជីពនេះ តាំងពីឆ្នាំ ២០០៤ ដល់សព្វថ្ងៃ។
៦. អ្នកស្រី ឆន សុខា ប្រធានសម្ព័ន្ធសហជីព​កម្មករកាត់ដេរ​កម្ពុជា ដែល​សព្វថ្ងៃ ជា​​មន្រ្តិ​សម្រប​​សម្រួស​សិទ្ធិកម្មករ នៃអង្គការសិទ្ធិមនុស្សមួយ។

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​តាំង​ពី​កាល​នៅរៀន ហើយលោក ជាមនុស្ស​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម, មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ, មានការអធ្យាស្រ័យខ្ពស់ជាមួយជនទូទៅ និង ក្នុងសហគមន៍ផង។ ក្រៅពីនេះលោក ម៉ែន ណាត ជាមនុស្ស ដែលមានសមត្ថភាពខ្ពស់ លើកិច្ចការរដ្ឋបាល និង ជាមនុស្សយកចិត្តទុកដាក់ ចំពោះការងារ និងក្នុងក្រុមការងារ ដើម្បីបម្រើប្រយោជន៍រួម និងសហគមន៍ ក៏ដូចជា​ប្រទេសជាតិ​ផងដែរ។ លោក ជាមនុស្សរស់នៅជាមួយឧត្តមគតិ មិនក្បត់មនសិការ ក៏ដូចជា​មិត្តភ័ក្រ្តក្នុងកិច្ច​ការងារ។

លោក ម៉ែន ណាត បានភៀសខ្លួន ទៅ​រស់នៅប្រទេស​ន័រវ៉េស៍ (Norway) ដើមឆ្នាំ ​២០០៦ ដោយសារតែ​រដ្ឋាភិបាល ហ៊ុន សែន គំរាមកំហែង និងតាមចាប់ខ្លួន បន្ទាប់ពីរូប​លោក ជាមួយសមាជិកឯទៀត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម នា​ខែ​តុលា ឆ្នាំ ២០០៥ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន និងវៀតណាម បាន​ផ្តល់ច្ចាប័ន​ទទួលស្គាល់ឡើងវិញនូវ សន្ធិសញ្ញាកំណត់​ដែន​រដ្ឋ ឆ្នាំ​១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់ ដែល​វាផ្ទុយពី​មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ និងផ្ទុយពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១។ (ចុចត្រង់នេះ វីដេអូឯកសារ ២០០៥៖ លោក ហ៊ុន សែន បញ្ជាចាប់ខ្លួន រ៉ុង ឈុន, ជា មុន្នី, ម៉ែន ណាត, អៀ ចាន់ណា /Khmer border activists)។ ភ្ជាប់ឯកសារតវ៉ារឿងជម្លោះ ប្រាសាទព្រះវិហារ ឆ្នាំ ២០០៩ ជាមួយថៃ (ភាសាអង់គ្លេស – CWCI Cambodia Mr Men Nath)។​ ភ្ជាប់បន្ថែមជាមួយលិខិតលោក ម៉ែន ណាត ផ្ញើទៅ អង្គការ UNESCO រឿងប្រាសាទព្រះវិហារ

ជាមួយគ្នានេះ លោក ម៉ែន ណាត ក៏ជាប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ក្នុង​រឿង​ជនអន្តោ​ប្រវេសន៍​​ខុសច្បាប់ ជាពិសេសជនជាតិវៀតណាមខុសច្បាប់ នៅកម្ពុជា។

ជាលក្ខណៈផ្ទាល់ខ្លួនជាមួយខ្ញុំ ប៉ាង សុខឿន (ហ្វេសប៊ុក÷ ខ្មែរ សុវណ្ណភូមិ) ពោលគឺលោក ម៉ែន ណាត ក៏​មិន​ខុស​ពីលោក ទូច វិបុល (អតីតអនុប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃ​ជា​ប្រធាន សម្ព័នអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង នៅសហរដ្ឋអាមេរិក) ក៏ដូចជា​​លោក អ៊ុំ សំអាន ដែរ ពួកយើងជាមិត្ត និងជាក្រុមការងារដ៏ល្អ។ ហើយអ្វីដែលពិសេសជាងគេ គឺលោក ម៉ែន ណាត និង ខ្មែរ សុវណ្ណភូមិ ប្រៀបបាននឹង​គ្រួសារ​តែមួយ។ ពួកយើង មកពីខេត្តតាកែវ ដូចគ្នា។ ពួកយើង នឹងបន្តដំណើរ​របស់យើង​រួមគ្នាទៅមុខ ជួយកសាង {កែទម្រង់} មាតុភូមិរបស់យើង ឲ្យខ្លាំងក្លាឡើងវិញ។

(អត្ថបទដោយលោក ប៉ាង សុខឿន, ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ /ខែសីហា ២០១៧។ /អត្ថបទបន្ថែមដោយ នគរ)

លិខិតមួយច្បាប់របស់ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (ហៅកាត់ជា​អង់គ្លេស​ថា SMD) បាន​ផ្ញើ​​​ជូន​​​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​សហរដ្ឋ​អាមេរិក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២០ បញ្ជាក់អំពីកោះត្រល់ និង​​ចង្កោម​កោះ​ក្រចកសេះ ដូចដែល​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​ ១៩៨៧ បាន​ប្រឆាំង​ជំទាស់​​នឹង​ «កិច្ច​ព្រមព្រៀង​​ដែន​​ទឹក​ប្រវត្តិសាស្ត្រ រវាង​សាធារណរដ្ឋ​​ប្រជាមានិត​​កម្ពុជា ជាមួយ​វៀតណាម ឆ្នាំ​១៩៨២»។ លិខិតទៅ​​កាន់​រដ្ឋមន្រ្តីការបរទេស​នេះ ​ចុះហត្ថ​លេខា​ដោយ​លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ នៃ​ចលនា​និស្សិត​ខ្មែរ SMD មាន​ពីរ​ភាសា៖ ជាខ្មែរ (Downlaod) និង អង់គ្លេស (Downlaod) ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ៣១ កក្កដា ដដែល​នេះ។ សូមអាន​ខ្លឹមសារ​លំអិត ជាភាសាខ្មែរ​ដូច​ខាង​ក្រោម។
សូមគោរពជូន
លោក ម៉ៃឃើល ផុមភេអូ (Michael R. Pompeo)
រដ្ឋមន្ត្រី​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក

លោករដ្ឋមន្រ្តីជាទីគោរពរាប់អាន

យើងខ្ញុំ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​​សេចក្តីថ្លែង​ការណ៍​របស់​លោក​រដ្ឋមន្ត្រី ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​​ចិន​​ខាង​​ត្បូង។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជំហរ​យ៉ាង​​ម៉ឹង​​ម៉ាត់​ថា «សហរដ្ឋ​អាមេរិក ប្រកាន់​​ជំហរ​​ច្បាស់​លាស់​ថា ការអះអាង​នានា​​របស់​ក្រុងប៉េកាំង ក្នុងការ​ក្តោប​យក​ធនធាន​នានា នៅ​ក្នុង​ឈូង​សមុទ្រ​ស្ទើរ​​តែ​​ទាំង​​អស់ នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ខុស​ច្បាប់​ទាំង​ស្រុង»។ លោករដ្ឋមន្រ្តី ​ក៏បាន​​សង្កត់​​ធ្ងន់​ថា «សហរដ្ឋ​អាមេរិក ​មាន​ផលប្រយោជន៍​រួមយ៉ាង​ជ្រៅ និង​ជាចីរកាល ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត ដែល​បាន​គាំទ្រ​ឲ្យ​មាន​បទបញ្ជា​អន្តរជាតិ​ជា​ធរមាន»។

យើងខ្ញុំសូមយកឱកាសនេះ ជម្រាបជូនលោករដ្ឋមន្រ្តី នូវការរំលោភ​ច្បាប់​សមុទ្រ ពី​សំណាក់​​ប្រទេស​វៀត​ណាម មក​លើ​កម្ពុជា ក្នុង​ការ​កាន់​កាប់ ​កោះត្រល់ និង ប្រជុំកោះក្រចកសេះ ដែល​ជាកម្មសិទ្ធិ​របស់​កម្ពុជា ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ច្បាប់អន្តរជាតិ។ វៀតណាម បាន​រំលោភ​លើខ្លឹមសារ​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ស្តីពី​កម្ពុជា ឆ្នាំ​១៩៩១ និង​ធម្មនុញ្ញអាស៊ាន។

– អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS 1982)

អនុសញ្ញា​ស្តីអំ​ពី​ច្បាប់សមុទ្រ​ឆ្នាំ១៩៨២ ផ្នែក២ ជំពូក២ មាត្រា៣ ចែងថា «រដ្ឋទាំងអស់​ មាន​សិទ្ធិ​បង្កើត​ប្រវែង នៃ​ដែនសមុទ្រ​របស់​ខ្លូន​​រហូតដល់​ដែន​កំណត់​មិន​លើស​ពីចម្ងាយ ១២ ម៉ាយល៍ ឬស្មេី ២២,២២៤ គីឡូ​ម៉ែត្រ (1 nautical miles = 1,852 meters) ដែល​វាស់​ពីខ្សែ​បន្ទាត់​មូលដ្ឋាន​ដែន​កំណត់​ អនុលោម​តាមអនុសញ្ញានេះ»។

យោងតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ នេះ និង​តាម​លក្ខខណ្ឌភូមិសាស្ត្រ កោះត្រល់ (វៀតណាមហៅថា Phú Quốc) គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ពីព្រោះ​ដី​ដុះបន្ត​ពី​ជួរ​ភ្នំក្រវាញ នៃ​ខេត្ត​កំពត តភ្ជាប់​ទៅ​ដល់​កោះត្រល់ ហើយ​និង​មានរយៈ​ចម្ងាយ​ត្រឹម​តែ ១៥ គីឡូ​ម៉ែត្រ ​ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត កំពត ប្រទេស​កម្ពុជា គឺស្ថិត​ក្នុងរង្វង់​ដែន ២២,២២៤ គីឡូម៉ែត្រ ដែល​កំណត់​ដោយ​ច្បាប់​សមុទ្រ​នេះ។ ប៉ុន្តែ កោះត្រល់ មានរយៈ​ចម្ងាយ​រហូតដល់ ៤៥ គីឡូម៉ែត្រ ពីតំ​បន់​ហាទៀង នៃខេត្ត​កៀនយ៉ាង ប្រទេស​វៀតណាម ដែលស្ថិត​នៅ​ផ្ទៃខាង​ក្រៅ​រង្វង់ដែន ២២,២២៤ គីឡូម៉ែត្រ កំណត់ដោយ​ច្បាប់​សមុទ្រ​នេះ។

– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ (PPA 1991)

ឯកសារទី២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មាត្រា១ ចំណុច២-ឃ ចែងថា «បញ្ចប់សន្ធិសញ្ញា និង​កិច្ច​ព្រម ​ព្រៀង​ទាំង​ឡាយ ដែលមិនស្រប​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន នៃដែនដី អព្យាក្រឹតភាព និង ឯកភាពជាតិ​របស់​ខ្លួន»។

សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ធ្វើឡើង​នៅឆ្នាំ​១៩៧៩ ១៩៨២ ១៩៨៣ និងឆ្នាំ​១៩៨៥ រវាង​វៀតណាម- ​កម្ពុជា ក្រោម​ស្ថានភាព​ដែលកម្ពុជា​ ត្រួតត្រា​ដោយ​កងទ័ព​វៀតណាម បានក្លាយ​ជាមោឃភាព​អស់​ហើយ ដោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ឆ្នាំ​១៩៩១ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​យក​មក​ធ្វើជាមូលដ្ឋាន​ដោះស្រាយ​ជម្លោះ​ព្រំដែន​ វៀតណាម-កម្ពុជា។ រីឯ​សន្ធិសញ្ញា​បំពេញ​បន្ថែមឆ្នាំ​ ២០០៥ និង​ឆ្នាំ ២០១៩ ដែល​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ ប្រើ​ជា​បង្អែក​ដែរ​នោះ ក៏មាន​ខ្លឹមសារ​បំពានទាំង​ស្រុង លើកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះដែរ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ឆ្នាំ​១៩៩១ គឺជាលិខិតូបរណ៍​អន្តរជាតិ ឬមាន​តម្លៃ​ជា​ច្បាប់​អន្តរជាតិ ដែល​ប្រទេស​ហត្ថលេខី​ទាំងអស់ ត្រូវអនុវត្ត​ឲ្យត្រូវ​ខ្លឹមសារ ​ដោយ​ការគោរព​គ្នា​ជាចាំ​បាច់។ វៀតណាម និង​សមាជិក​នៃ​សមាគម​អាស៊ាន​ភាគច្រើន គឺ​ជាប្រទេ​សហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុងប៉ារីស​ ស្តីពីកម្ពុជានេះ។

– គោលការណ៍អាស៊ាន (ASEAN Principles)

ធម្មនុញ្ញអាស៊ាន មាត្រា២ ចំណុច២ ចែងថា «អាស៊ាន និងរដ្ឋសមាជិក ត្រូវអនុវត្ត​ឲ្យ​សម​ស្រប​ តាម​គោល​ការណ៍៖ ក). គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាព​ទឹកដី និង​អត្ត​សញ្ញាណ​ជាតិ នៃ​រដ្ឋ ​សមាជិក​អាស៊ាន​ទាំងអស់។ ខ). ចូលរួម​ការប្ដេជ្ញាចិត្ត និង​ការទទួលខុសត្រូវ​រួមគ្នា​ ក្នុង​ការលើក​កម្ពស់​សន្តិភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់។ គ). បដិសេធ​នូវអំពើ​ឈ្លានពាន និង​ការគំរាម​គំហែង ឬការ​ប្រើ​ប្រាស់​កម្លាំង ឬសកម្មភាព​ទាំងឡាយ​ណា ក្នុង​លក្ខណៈ​ដែល​មិនសមស្រប​តាម​ច្បាប់​អន្តរជាតិ។»។

នៅក្នុងសេចក្តីថ្លែងការណ៍​ទៅ​កាន់​អង្គការសហប្រជាជាតិ ថ្ងៃទី ១៧ ខែ​មិថុនា ឆ្នាំ​១៩៨៧ សហរដ្ឋ​អាមេរិក បាន​តវ៉ា​ជំទាស់​នឹង​កិច្ចព្រមព្រៀង​តំបន់ទឹក​ប្រវត្តិសាស្ត្រ ដែល​មេដឹកនាំ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​វៀតណាម បាន​ចុះហត្ថលេខា​រួមគ្នា ថ្ងៃទី ៧ ខែ​កក្កដា ឆ្នាំ​ ១៩៨២ ដែល​បាន​កាត់ឆ្វៀល​យក ​កោះត្រល់ និង ចង្កោមកោះក្រចកសេះ របស់​​​កម្ពុជា ដោយ​​​រំលោភ​​បំពាន​​លើ​​អនុសញ្ញា​​អង្គការ​​សហ​ប្រជាជាតិ ស្ដីពី​​ច្បាប់​​សមុទ្រ ឆ្នាំ​​១៩៨២។ ប្រទេសថៃ សិង្ហបូរី និង​​ប្រទេស​​អាល្លឺម៉ង់ ក៏​បាន​​តវ៉ា​​ជំទាស់​​នឹងកិច្ចព្រម​ព្រៀង​​តំបន់​ទឹក​​ប្រវត្តិ​សាស្រ្ត​នេះ ដូច​​ជំហរ​​សហរដ្ឋ​អាមេរិក​​ដែរ។

លោក វ៉លទ័រ ទ្បម៉ែន (Walter Lohman) និងអ្នកស្រី អូលីវា អុីនូស (Olivia Enos) អ្នក​​សិក្សា​​ស្រាវ​​ជ្រាវ ​​នៅ​​តំបន់​​អាសុី នៃ​​មូលនិធិ​បេតិកភណ្ឌ (The Heritage Foundation) ជា​អង្គការ​ធនាគារ​គំនិត ដែល​មាន​មូលដ្ឋាន​នៅ​​សហរ​ដ្ឋ​​អាមេរិក បាន​​បញ្ជាក់​​ក្នុង​​សារណា​​របស់​​ខ្លួន ចុះ​​ផ្សាយ​​ថ្ងៃទី​​៣១ ខែ​​មីនា ឆ្នាំ​​២០១៤ ថា «អ្វីដែល​​កើត​​ទ្បើង​​នៅ​កម្ពុជា គឺ​មាន​សារ:សំខាន់​​ចំពោះ​​សហរដ្ឋ​​អាមេរិក។ ពីសង្គ្រាម​​វៀតណាម ដល់សង្គ្រាម​​ត្រជាក់ និង​​​តួនាទី​​​ក្នុង​​​អាស៊ាន កម្ពុជា​​​បាន​​​ក្លាយ​​​ជាផ្នែក​​​មួយ​​​ដ៏មាន​​សារ:​សំខាន់ នៅ​​ក្នុង​​គោល​នយោ​បាយ​​ការបរទេស​ស​ហរដ្ឋ​អាមេរិក»។ សហរដ្ឋអាមេរិក ជាប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ១៩៩១ ដែលត្រូវ​មាន​កាតព្វកិច្ច​ តាមឃ្លាំមើលដំណើរការ នៃការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ធានា​សន្តិសុខ ស្ថិរភាព និងសន្តិភាព នៅក្នុង​តំបន់។

ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ សូមបញ្ជាក់បន្ថែម ជូន​លោក​រដ្ឋមន្រ្តី ម៉ៃឃើល ផុមភេអូ (Michael R. Pompeo) ថា វៀតណាម​មាន​ប្រវត្តិជាប់​មិន​ដាច់​គ្រប់​ដំណាក់​កាល ក្នុង​ការ​ឈ្លានពានប្រទេស​កម្ពុជា ចូល​កាន់​កាប់​ដែន​ដីគោក​ តាម​បណ្តោយ​ព្រំដែន ដែន​សមុទ្រ និង​កោះនានា​របស់​កម្ពុជា ​ព្រម​ទាំង​បង្ហូរជន​ជាតិ​វៀតណាម ខុស​ច្បាប់​រាប់​លាន​នាក់ ទៅ​រស់នៅ​លើទឹកដី​កម្ពុជា ដោយ​ការគប់​គិត​គ្នា​ រវាង​អាជ្ញាធរ​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ទាំង​រំលោភ​បំពាន​លើ​ច្បាប់​ជាតិ-អន្តរជាតិ ដែល​មាន​ជា​ធរមាន។ ស្រប​ពេលកុម្មុយ​និស្ដ​ចិន កំពុង​ចាក់​គ្រឹះ​អំណាច​ផ្តាច់ការ លប់លើ​តំបន់​អាស៊ី​នោះ ប្រទេស​វៀតណាម​ ក៏​នៅ​តែសាប​ព្រោះ​មនោគមវិជ្ជា​កម្មុយនីស្ត​របស់ខ្លួន​ រាល​ដាល​គ្រប​ដណ្ដប់​លើ ​អំណាច​ដឹកនាំនៅ​កម្ពុជា និងឡាវ ដែលគំរាម​កំហែង​យ៉ាងខ្លាំង​ ដល់​អនាគត​អាយុជីវិត​ទឹកដី​ នៃ​ប្រទេស​ទាំង​ពីរ។ គ្រឹះឥទ្ធិពល​កុម្មុយនិស្ដ​ចិន និង​វៀតណាមនេះ បង្ក​ការគំរាម​កំហែង​ ដល់ស្ថិរភាព​ក្នុងតំបន់ ដែល​ផ្ទុយ​ពី​ជំហររបស់​សហរដ្ឋ​អាមេរិក ក្នុង​ការពង្រីក​វិសាលភាព​នៃ​សេរីភាព សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

អាស្រ័យ​ដូចអំណះ​អំណាង​រៀបរាប់​សង្ខេប​ខាង​លើ យើង​ខ្ញុំសូម​ស្នើ​លោក​រដ្ឋមន្រ្តី មេត្តា​បញ្ជាក់​ឡើង​វិញ នូវជំហរ របស់​សហរដ្ឋ​អាមេរិក ដូច​ក្នុង​ឆ្នាំ​១៩៨៧ ក្នុង​ការជំទាស់​នឹង​កិច្ចព្រមព្រៀង​តំបន់ទឹក​ប្រវត្តិសាស្ត្រ ​ឆ្នាំ​១៩៨២ និង​សូម​ប្រកាស​ជំហរ​ទទួលស្គាល់​ជាផ្លូវការថា កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ជាកម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា។

សូមលោករដ្ឋមន្រ្តី ម៉ៃឃើល ផុមភេអូ (Michael R. Pompeo) ទទួល​នូវការគោរព​រាប់អាន​​អំពី​យើង​ខ្ញុំ។

រដ្ឋធានីវ៉ាសុីតុន ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

ប្រធានប្រតិបត្តិ

(ហត្ថលេខា)
ទូច វិបុល

No comments:

Post a Comment