Saturday, March 16, 2024

ព្រះបាទ​នរោត្ដម (១៨៦០-១៩០៤)

ព្រះបាទ​អង្គឌួង​មាន​រាជបុត្រា​៣​ព្រះ​អង្គ​គឺ​ អ្នក​អង្គ​ម្ចាស់​អង្គវតី​ (ច្រឡឹង) ជា​ព្រះរាជ​បុត្រា​ច្បង​ ពេល​នោះ​មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា​ហើយ​ អ្នក​អង្គ​ម្ចាស់​អង្គ​ស (អួ) (90) ជា​ព្រះរាជ​បុត្រា​បន្ទាប់ មាន​ព្រះ​ជន្ម​២០​ព្រះវស្សា និង​អ្នក​អង្គ​ម្ចាស់​វត្ថា (ស៊ីវត្ថា​-​អង្គភឹម) ជា​រាជបុត្រា​ទី​៣ មាន​ព្រះ​ជន្ម​១៩​ព្រះ​វស្សា ទាំង​៣​ព្រះ​អង្គ​នេះ​មាន​ព្រះ​មាតា​ផ្សេងៗ​គ្នា ។

ផែនទីប្រទេសកម្ពុជាឆ្នាំ ១៧៧០


ព្រះ​វររាជ​មាតា​របស់​ព្រះបាទ​អង្គឌួង ដែល​ត្រូវជា​ព្រះ​អយ្យកា​ខាង​ព្រះ​បិតា​របស់​អ្នក​អង្គ​ម្ចាស់​ទាំង​៣​អង្គ បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​មន្ដ្រី​ធំៗ​ ហើយ​បាន​ជ្រើសតាំង​អ្នក​អង្គ​ម្ចាស់​អង្គវតី​ជា​ព្រះ​រៀម​ និង​ជា​ព្រះ​ឧបរាជ​ផង​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ តាម​បណ្ដាំ​របស់​ព្រះបាទ​អង្គឌួង ។

នៅ​ថ្ងៃ​រៀបចំ​ព្រះរាជា​ពិធី​រាជាភិសេក ព្រះរាជា​ថ្មី​បាន​ប្រកាន់​យក​ព្រះ​នាម​ថា «នរោត្ដម» ដែល​ស្ដេច​សៀម​បាន​ដាក់​ថ្វាយ​នៅ​ពេល​ព្រះ​អង្គ​បាន​ឡើង​ជា​ព្រះ​ឧបរាជ​នៅ​ក្នុង​ឆ្នាំ​១៨៥៦ ។ នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ពី​ការ​ជ្រើសតាំង​ព្រះរាជា​ថ្មី​នេះ​ភ្លាម ស្ដេច​សៀម​បាន​បញ្ជូន​នូវ​ការ​យល់​ព្រម​របស់​ព្រះ​អង្គ​មក​ភ្លាម ហើយ​បាន​សន្យា​មិន​ច្បាស់​លាស់​ថា​ ទ្រង់​នឹង​យាង​មក​ចូលរួម​ជា​អធិបតី​ដោយ​ផ្ទាល់​ព្រះ​អង្គ​ឯង ។​ ក៏​ប៉ុន្ដែ​ព្រម​ជាមួយ​គ្នា​នោះ ស្ដេច​សៀម​ដែល​ដឹង​ច្បាស់​អំពី​ការ​ច្រណែន​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​ចំពោះ​ព្រះ​រៀម​ បាន​អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​យាង​ត្រលប់​ចូល​មក​កម្ពុជា​វិញ​ផង​ដែរ ។

នៅ​ពេល​ឡើង​គង់​លើ​រាជបល្ល័ង្ក​ភ្លាម ព្រះបាទ​នរោត្ដម​បាន​បញ្ជា​ឱ្យ​គេ​សង់​ព្រះរាជវាំង​សម្រាប់​ព្រះ​អង្គ​នៅ​ឧត្ដុង្គ នៅ​ពី​ខាងលិច​ស្រះស្រង់ រួម​ទាំង​ដំណាក់​សម្រាប់​មហេសី និង​ស្រីស្នំ​ក្រមការ សាល​របាំ​សម្រាប់​ការ​សម្ដែង​ល្ខោន​ និង​ព្រះរាជ​បណ្ណាល័យ​មួយ​ផង​ដែល​មាន​ជញ្ជាំង​ធ្វើ​ពី​បាយអ​ដំបូល​ប្រក់​ស្បូវ ។​ ព្រះ​អង្គ​បាន​យាង​ចូល​គង់នៅ​ក្នុង​ព្រះរាជវាំង​ថ្មី​នេះ​នៅ​ក្នុង​ខែសីហា ឆ្នាំ​១៨៦០ ។

ព្រះរាជា​ទ្រង់​ស្រលាញ់​អ្នក​អង្គ​ម្ចាស់​វត្ថា​ណាស់ ចាត់​ទុក​ដូចជា​ព្រះ​អនុជ​រួម​ព្រះ​មាតា ។ ព្រះ​អង្គ​បាន​ប្រទាន​ប្រាក់​១០០​ណែន (៨​ពាន់​ហ្វ្រង់) ចិញ្ចៀន​មាស និង​គ្រឿង​អលង្ការ​ផ្សេងៗ​ថែម​ទៀត រួច​បាន​សន្យា​ថា នឹង​រៀប​អាពាហ៍​ពិពាហ៍​ព្រះ​អង្គ​ជាមួយ​ព្រះ​ក្សត្រី​សិរីវង្ស ដែល​ត្រូវជា​ព្រះ​អនុជ​រួម​ព្រះ​បិតា​ទាំងអស់​គ្នា​ទៀត​ផង ។ ក៏​ប៉ុន្ដែ អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​រំពឹង​គិត​ថា​ក្រុមប្រឹក្សា​មហាមន្ដ្រី​ចូល​ចិត្ដ​ព្រះ​អង្គ​ច្រើន​ជាង​ព្រះ​រៀម​ទាំង​២ បែរជា​ចាប់ផ្ដើម​ប្រើ​កលឧបាយ​ប្រឆាំង​នឹង​ព្រះរាជា ប្រឆាំង​នឹង​រដ្ឋមន្ដ្រី​របស់​ព្រះ​អង្គ ប្រឆាំង​នឹង​ចៅហ្វ៊ា​មាស ជា​មន្ដ្រី​មាន​វ័យ​ចំណាស់​ជាងគេ​ហើយ​ក៏​ជា​មេ​គេ​ដែរ ដែល​អ្វីៗ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ដ​របស់​គាត់ ។ អ្នក​អង្គម្ចាស់​វត្ថា​មាន​បំណង​ចង់​ធ្វើឃាត​ចៅហ្វ៊ា​មាស​នេះ​ចោល​ដើម្បី​ជា​ការ​ដាក់ទោស​ ព្រោះ​គឺ​គាត់​នេះ​ហើយ​ដែល​បាន​ជ្រើសរើស​ព្រះ​រៀម​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក ហើយ​បាន​ប្រើ​ឥទ្ធិពល​ការពារ​ព្រះ​រៀម​ទៀត ។ ចៅហ្វ៊ា​មាស​បាន​យាង​អ្នក​អង្គ​ម្ចាស់​វត្ថា​ឱ្យ​ទៅ​ផ្ទះ​គាត់ ដើម្បី​អប់រំ​ណែនាំ​ព្រះ​អង្គ ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​ការ​ភ័យ​ខ្លាច រួច​នៅ​ស្ងៀម​បាន​១​ឆ្នាំ​ដែរ ។ ប៉ុន្ដែ​បន្ទាប់​មក ទ្រង់​ក៏​ចាប់​ផ្ដើម​ប្រើ​កលឧបាយ​ឡើង​វិញ ។

អ្នក​អង្គ​ម្ចាស់​វត្ថា​ពេល​នោះ​ជា​យុវជន​សង្ហា​ម្នាក់ ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​ស្ដី​ទៅ​កាន់​មនុស្សម្នា ហើយ​ត្រូវ​បាន​នារីៗ និង​ប្រជារាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ​ច្រើន ។ ទ្រង់​មាន​ប្រាជ្ញា​ឈ្លាសវៃ មាន​ការ​ចេះ​ដឹង​ខ្ពស់ និយាយ​ខ្មែរ​បាន​ល្អ​ជាង​ព្រះបាទ​នរោត្ដម ដែល​ចូល​ចិត្ដ​ប្រើ​តែ​ភាសា​សៀម ក៏​ប៉ុន្ដែ​ទ្រង់​មាន​ការ​ច្រណែន​ច្រើន ។ ទ្រង់​ប៉ិន​ប្រសប់​ក្នុង​ការ​ថ្លែង​សុន្ទរកថា​បាន​ល្អ​ណាស់ ពូកែ​និយាយ​ថែម​ថយ​បញ្ឆិត​បញ្ឆៀង​លើ​ព្រឹត្ដិការណ៍​ប្រចាំ​ថ្ងៃ ឌឺដង​ឱ្យ​ព្រះរាជា​ជា​ព្រះ​រៀម លើក​អំពី​ទម្លាប់​ធូររលុង​របស់​ព្រះ​អង្គ អំពី​សេចក្ដី​ស្នេហា​របស់​ព្រះ​អង្គ​ជាមួយ​បងប្អូន​ស្រីៗ និង​ជាមួយ​ជាយា​របស់​ព្រះ​បិតា ជាដើម ។ ទ្រង់​មាន​មហិច្ឆតា​ខ្ពស់ ហើយ​មិន​ចេះ​គិត​ខ្លាច​រអែង​អ្វី​ឡើយ អាច​នឹង​បំផ្លិច​បំផ្លាញ​ព្រះរាជា​ណាចក្រ​បាន ដោយ​ហេតុតែ​ចង់​ដណ្ដើម​យក​អំណាច​នេះ ។

ក្នុង​ចំណោម​បក្សពួក​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​មាន​ញាតិ​ខាង​ព្រះ​មាតា​ម្នាក់ គឺ​ស្នង​សូរ ដែល​បាន​ដើរ​បំផុស​បំផុល​ប្រជារាស្ដ្រ​នៅ​ដី​បាភ្នំ ស្វះស្វែង​ជ្រើស​រើស​គ្នីគ្នា ។ ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​ស្នង​សូរ​ចូល​ខ្លួន​មក​ឧត្ដុង្គ ដើម្បី​ប្រគល់​ឱ្យ​ចៅហ្វ៊ា​មាស​កាត់​ទោស ។ ស្នង​សូរ​មិន​ព្រម​ចូល​ខ្លួន​តាម​ព្រះរាជ​បញ្ជា​ទេ ហើយ​បាន​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ដំណាក់​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​ឈប់​ចូល​គាល់​ព្រះរាជា​ដែរ ។ ម្យ៉ាង​ទៀត មាន​លេចឮ​ពាក្យ​ចចាម​អារ៉ាម​និយាយ​ថា ស្ដេច​សៀម​បាន​បញ្ជូន​អ្នក​អង្គ​ម្ចាស់​វត្ថា​មក​កម្ពុជា ដើម្បី​ត្រួតពិនិត្យ​តាមដាន​មើល​រាជវង្ស និង​មន្ដ្រីរាជការ​ទាំងអស់ តើ​មាន​អ្នក​ណា​មិន​ស្មោះត្រង់​នឹង​ពួក​សៀម​ដែរ​ឬ​ទេ ?

គំនូសបំព្រួញខ្សែរាជវង្ស នៃ ព្រះរាជាណាចក្រកម្ពុជា សម័យឧត្តុង្គ

បន្ដិច​ក្រោយ​មក​ដោយ​អ្នក​អង្គ​ម្ចាស់​វត្ថា​ និង​ព្រះ​ជាយា​មិន​បាន​ទៅ​ចូលរួម​ព្រះរាជ​ពិធី​មួយ​ដែល​គេ​រៀប​ចំ​ថ្វាយ​សព​ព្រះបាទ​អង្គឌួង ព្រះបាទ​នរោត្ដម​បាន​បញ្ជា​ឱ្យ​ព្រះ​អនុជ​នេះ​យាង​ចេញ​ពី​ព្រះរាជា​ណាចក្រ ធ្វើ​ដំណើរ​ជាមួយ​មិត្ដភក្ដិ​ទាំងអស់​ទៅ​បាងកក ជាមួយ​ទូត​ដែល​ស្ដេច​សៀម​ឱ្យ​នាំ​យក​កោដ្ឋ​មាស​មួយ​មក​ថ្វាយ​ព្រះរាជា ដើម្បី​ដាក់​ធាតុ​ព្រះ​បិតា ។​ អ្នក​អង្គ​ម្ចាស់​វត្ថា​ និង​ព្រះ​ជាយា​បាន​ប្រកែក​មិន​ព្រម​គោរព​តាម​ទេ​ធ្វើ​ឱ្យ​ព្រះរាជា​ខ្ញាល់​ជា​ខ្លាំង​ អត់ទ្រាំ​មិន​បាន​ក៏​បញ្ជា​ឱ្យ​ពួក​មន្ដ្រី​ចាប់ខ្លួន​ព្រះ​អង្គ ។​ ពួក​មន្ដ្រី​ទាំងនោះ​ទីទើ​មិន​ដឹង​ថា​ត្រូវ​គោរព​តាម​នរណា មួយ​គឺ​ព្រះបាទ​នរោត្ដម​ដែល​ជា​ព្រះរាជា​គង់​លើ​រាជបល្ល័ង្ក មួយ​ទៀត​គឺ​អ្នក​អង្គ​ម្ចាស់​វត្ថា ដែល​ប្រជារាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ ។ ទាល់​តែ​គេ​បង្កើត​កងកម្លាំង​មួយ​ដែល​មាន​សុទ្ធតែ​ពួក​អ្នក​កាន់​សាសនា​កាតូលិក​ជា​បច្ឆាញាតិ​របស់​ពួក​ព័រទុយហ្គាល់ ទើប​ពួក​នេះ​សម្រេចចិត្ដ​ដាច់​ខាត​ចាប់ខ្លួន​ព្រះ​អង្គ ។ អ្នក​អង្គ​ម្ចាស់​វត្ថា​បាន​តតាំង​តប​វិញ ក៏​ប៉ុន្ដែ​ត្រូវ​គេ​ឡោម​ជុំជិត ទ្រង់​ក៏​លោត​ឡើង​លើ​សេះ​បំបោល​កាត់​ខ្សែត្រៀម ហើយ​រត់គេច​ខ្លួន​ព្រះ​អង្គ​ចេញ​ទៅ​ជាមួយ​នឹង​ស្រី​ក្មេង​ម្នាក់ ដែល​ព្រះ​អង្គ​បាន​ចាប់​ពង្រត់​ចេញពី​ព្រះរាជវាំង ជា​ហេតុ​ធ្វើ​ឱ្យ​គេ​កាត់​ស្មានថា នោះ​ហើយ​ជា​មូលហេតុ​អាថ៌​កំបាំង​នៃ​ទំនាស់​រវាង​បងប្អូន​ទាំង​២​ព្រះអង្គ ។ គេ​បាន​ចាប់​ព្រះ​មាតា​របស់​អ្នក​អង្គ​ម្ចាស់​វត្ថា​ឃុំ​ទុក​ក្នុង​ព្រះរាជវាំង ដោយ​ចោទ​ថា ព្រះ​នាង​បាន​ឃុបឃិត​ជាមួយ​ព្រះរាជ​បុត្រា ។

សង្គ្រាម​បាន​ផ្ទុះ​ឡើង​រវាង​បងប្អូន​ទាំង​២​ព្រះ​អង្គ ហើយ​ជា​ថ្មី​ម្ដង​ទៀត ការ​បែកបាក់​គ្នា​ដើម្បី​ដណ្ដើម​អំណាច​រវាង​សមាជិក​២​អង្គ​របស់​ព្រះរាជ​វង្សានុវង្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើត​មាន​សា​ជា​ថ្មី ដោយ​គ្មាន​គិត​ថា ព្រះរាជា​ណាចក្រ​កំពុង​តែ​ជួប​ប្រទះ​គ្រោះ​វិនាស​ហិន​ហោច​អ្វី​ទេ ។ មុន​ដំបូង​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​បាភ្នំ​ខាង​ព្រះរាជា​ត្រូវ​ទ័ព​របស់​ស្នង​សូរ​ និង​រាមា​យោធា (91) វាយ​ឱ្យ​បរាជ័យ​តែ​បន្ទាប់​មក​ក៏​ទទួល​ជ័យជម្នះ​តិចតួច​មក​វិញ ដែល​មិន​សូវ​ជា​ធំដុំ​ប៉ុន្មាន​ទេ ធ្វើ​ឱ្យ​ព្រះបាទ​នរោត្ដម​អស់​សង្ឃឹម​ជា​ខ្លាំង ណា​មួយ​ប្រជារាស្ដ្រ​ក៏​ឈរ​មើល​ការ​ធ្វើ​សង្គ្រាម​នេះ​ដោយ​មិន​កាន់ជើង​ខាង​ណា​ជាង​ខាង​ណា​ដែរ ទ្រង់​ក៏​ចុះទូក​ចេញ​ដំណើរ​តាម​ទន្លេ និង​បឹង​ទន្លេសាប ទៅ​កាន់​ខែត្រ​បាត់ដំបង​បាត់​ទៅ​ដោយ​បាន​នាំ​យក​កេតនភណ្ឌ​ព្រះរាជា​ណាចក្រ​ទៅ​ជាមួយ​ផង​ (ខែសីហា​ ឆ្នាំ​១៨៦១) ។

ដំណើរ​យាង​ចាក​ចោល​រាជធានី​នេះ​បាន​ធ្វើ​ឱ្យ​សត្រូវ​របស់​ព្រះរាជា​ទទួល​បាន​ជ័យជម្នះ ។ រាមា​យោធា ដែល​ជា​វីរបុរស​តែ​ម្នាក់​គត់​នៅ​ក្នុង​សង្គ្រាម​បង្ហូរ​តែ​ឈាម​គ្នា​ឯង​នេះ ហើយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ថាមពល និង​ល្បិច​ខ្លះៗ បាន​វាយ​ដណ្ដើម​យក​ឧត្ដុង្គ​បាន ក៏​ប៉ុន្ដែ​បន្ទាប់​មក​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​តទៅ​ទៀត​ដើម្បី​បន្ដ​វាត​អំណាច​ទៅ​លើ​ព្រះ​នគរ​ទាំងមូល ចាប់​បង្ខំ​ឱ្យ​ចៅហ្វាយ​ខែត្រ​ទាំងអស់​ទទួល​ស្គាល់​គោរព​ខ្លួន​ផង​ទេ ។ គាត់​ជា​អ្នក​ពូកែ​ខាង​ធ្វើ​ចម្បាំង ក៏​ប៉ុន្ដែ​មិន​ដឹង​មិន​យល់​អំពី​ការ​គ្រប់គ្រង​ប្រទេស និង​អំពី​នយោបាយ​បន្ដិច​ទាល់តែ​សោះ ។ ពេល​នោះ​ស្រាប់តែ​ពួក​ចាម និង​ម៉ាឡេ​នៅ​ត្បូងឃ្មុំ​ដែល​ធ្លាប់​បាន​បះបោរ​រួច​មក​ហើយ​កាល​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង ដល់​ច្បាំង​ចាញ់​បាន​រត់គេច​ទៅ​នៅ​ឯ​ចូវដុក​នោះ បាន​ស្រុះស្រួល​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពួក​អ្នក​កាន់​សាសនា​នៅ​លង្វែក និង​កំពង់ហ្លួង ដែល​ទើបតែ​ប្រកែក​មិន​ព្រម​ផ្ដល់​ការ​គាំទ្រ​ដល់​ព្រះរាជា បាន​សំណូមពរ​ឱ្យ​ព្រះ​មហា​ក្សត្រិយានី​ជា​ព្រះ​អយ្យកា ដែល​គង់នៅ​ឧត្ដុង្គ​ជាមួយ​នឹង​រាជវង្សានុវង្ស​មួយ​ចំនួន និង​ស្រីស្នំ​ក្រមការ​ទាំងអស់​ជួយ​គាំទ្រ​ព្រះរាជា ។ គេ​បាន​បង្វិល​ទ្រព្យ​របស់​ដែល​គេ​បាន​រឹបអូស​យក​ឋានៈ​តួនាទី មុខ​តំណែង​ពី​មុន​ទៅ​ឱ្យ​ពួក​នោះ​វិញ រួច​ហើយ​ពួក​គេ​ក៏​ចាប់​ចេញ​ធ្វើ​សកម្មភាព ។ ព្រះ​មហាក្សត្រិយានី​បាន​កោះហៅ​រាមា​យោធា​ឱ្យ​ចូល​គាល់ រួច​បាន​ស្ដីបន្ទោស​ចំពោះ​អំពើ​ក្បត់​របស់​ខ្លួន ហើយ​បាន​បញ្ជា​ឱ្យ​ដកថយ​ចេញពី​ឧត្ដុង្គ​ជា​បន្ទាន់ ។ រាមា​យោធា​ក៏​នាំ​ទ័ព​របស់​ខ្លួន​ចេញ​មក​កាន់​ភ្នំពេញ​វិញ ។

មក​ដល់​ភ្នំពេញ រាមា​យោធា​បាន​ជួប​ជាមួយ​នាវា​ចម្បាំង​តូច​មួយ​ដែល​ទើបតែ​ឡើង​មក​ពី​កូសាំងស៊ីន ដើម្បី​ផ្ដល់​កិច្ច​ការពារ​ដល់​បេសកកម្ម​កាតូលិក​របស់​បារាំង ហើយ​ដោយ​ភ័យ​ខ្លាំង​ណាស់ គាត់​បាន​សន្យា​សុខចិត្ដ​ជួសជុល​ការ​ខូចខាត​ទាំងអស់ ដែល​បណ្ដាល​មក​អំពី​ការ​ដុត​ពញាឮ​ក្នុង​ពេល​វាយ​គ្នា​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ។ រាមា​យោធា​បាន​ប្រគល់​សំណង​ជា​ប្រាក់​៤​ពាន់​ហ្វ្រង់​ជូន​ទៅ អេវ៉ែក​មីស្ហ ភ្លាម ហើយ​បាន​សន្យា​ថា​នឹង​ជូន​១​ម៉ឺន​២​ពាន់​ទៀត​នៅ​ខែ​ក្រោយ ។ តាម​ពិត​ទៅ​នាវា​ចម្បាំង​តូច​នេះ​ត្រូវ​បាន​បញ្ជូន​ឱ្យ​មក​ភ្នំពេញ​ដើម្បី​គ្រាន់​តែ​ការពារ​ពួក​សាសនទូត​កាតូលិក​ជាតិ​បារាំង​ប៉ុណ្ណោះ ក៏​ប៉ុន្ដែ​ពួក​បះបោរ​មើល​ឃើញ​ថា ជា​អន្ដរាគមន៍​ជួយ​ព្រះបាទ​នរោត្ដម​ទៅ​វិញ ។ ក៏​ប៉ុន្ដែ​នោះ​ហើយ​ជា​អ្វី​ដែល​គេ​ចង់​បាន ណា​មួយ​ពួក​កាតូលិក​ក៏​ទទួល​បញ្ជា​ពី​អេវ៉ែក​របស់​គេ ឱ្យ​ធ្វើ​ការ​ប្រយុទ្ធ​ជួយ​ព្រះរាជា​ផង​ដែរ នៅ​ពេល​ដែល​ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ចាប់ខ្លួន​អ្នក​អង្គ​ម្ចាស់​វត្ថា និង​ព្រះ​ជាយា​សិរីវង្ស ។

នៅ​ពេល​នោះ​សង្គ្រាម​បាន​ចាប់ផ្ដើម​ឡើង​នៅ​ភាគ​ខាងត្បូង​តាម​បណ្ដោយ​ព្រំដែន​ ហើយ​បាន​បន្ដ​ទៅ​យ៉ាង​យូរ ដោយ​គ្មាន​បាន​ផល​អ្វី​ប៉ុន្មាន​ទេ ។ ចៅហ្វាយ​ខែត្រ​ដី​បាភ្នំ​បាន​ចេញ​ធ្វើការ​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន ជួន​ក៏​ត្រូវ​រាមា​យោធា​វាយ​ឱ្យ​បរាជ័យ​ជួន​ក៏​ទទួល​បាន​នូវ​ជ័យជម្នះ​ខ្លះ​វិញ ។​ ពេល​នោះ​មាន​ទាហាន​បារាំង​៥​នាក់​បាន​ទទួល​ច្បាប់​ឱ្យ​ឈប់​សម្រាក​នៅ​កូសាំងស៊ីន មុន​ដំបូង​អ្នក​ទាំង​៥​បាន​ចូល​បម្រើ​ពួក​បះបោរ ។ ក៏​ប៉ុន្ដែ​លុះដល់​បាន​ទទួល​ព័ត៌មាន​ច្បាស់​លាស់​ពី​សភាពការណ៍​ពិត​ពី​អេវ៉ែក​មីស្ហ ក៏​ត្រលប់​មក​ជួយ​ខាង​ឧត្ដុង្គ​វិញ ។ ពេល​នោះ​ប្រជាជន​ខ្មែរ​រីករាយ​ត្រេកអរ​ខ្លាំង​ណាស់ វា​ហាក់​ដូចជា​ថា​គេ​នឹង​អាច​គាស់​រំលើង​អ្វីៗ​ទាំងអស់​បាន នៅ​ពេល​ដែល​មាន​ពួក​ទាហាន​បារាំង​៥​នាក់​នោះ​បញ្ជា ។ ព្រះ​អង្គ​ស ជា​ព្រះ​អនុជ​បន្ទាប់​របស់​ព្រះរាជា​សព្វថ្ងៃ​នេះ ដែល​ពេល​នោះ​ទ្រង់​ជា​ព្រះកែវ​ហ្វ៊ា ហើយ​ក៏​ជា​ព្រះរាជា​នុសិទ្ធិ​ផង​ដែរ​ពេល​អវត្ដមាន​ព្រះរាជា​ដែល​កំពុង​តែ​គង់នៅ​ឯ​បាងកក បាន​ប្រគល់​នាវា​មួយ​កង​ឱ្យ​ពួក​នោះ​ទៅ​វាយ​ដណ្ដើម​យក​បន្ទាយ​របស់​រាមា​យោធា​នៅ​មាត់​ក្រសារ ។ នៅ​ពេល​ទទួល​បាន​ដំណឹង​ថា​ពួក​បារាំង​ជា​អ្នកបញ្ជា​ដឹកនាំ​ទ័ព​នាវា​នោះ រាមា​យោធា​មិន​បាន​នៅ​តទល់​ទេ តែ​បាន​នាំ​ទ័ព​រត់​គេច​អស់​ទៅ ។

ពេល​នោះ ព្រះបាទ​នរោត្ដម​បាន​ចាប់​គិត​ឃើញ​ថា ព្រះ​អង្គ​មិន​គួរ​នឹង​យាង​ចេញពី​ព្រះ​នគរ​សោះ ដល់​ឃើញ​ព្រះ​អនុជ​ព្រះកែវ​ហ្វ៊ា​ចាត់ចែង​កិច្ចការ​ព្រះរាជា​ណាចក្រ​ ហើយ​ដឹកនាំ​សង្គ្រាម​ប្រឆាំង​នឹង​អ្នក​អង្គ​ម្ចាស់​វត្ថា​ផង ព្រះ​អង្គ​ពិភាល់​ថា​ព្រះ​អនុជ​មាន​បំណង​ប្រឆាំង​នឹង​ព្រះ​អង្គ ហើយ​ឱ្យ​គេ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​ជំនួស​ព្រះ​អង្គ​វិញ ។ ការ​ដែល​ព្រះរាជា​ទ្រង់​គិត​ដូច្នេះ​ខុស​ស្រឡះ ក៏​ប៉ុន្ដែ​បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ បាន​ត្រូវ​រង​គ្រោះ​ដោយសារ​ព្រះរាជា​ជា​ព្រះ​រៀម​រហូត ។

ពេល​នោះ​ពួក​មន្ដ្រីៗ​នៅ​ឧត្ដុង្គ​បាន​ជំរុញ​ឱ្យ​អេវ៉ែក​មីស្ហ សរសេរ​លិខិត​មួយ​ទៅ​កុងស៊ុល​បារាំង​ប្រចាំ​រាជធានី​បាងកក​ឱ្យ​ទៅ​ជួប​ស្ដេច​សៀម សំណូមពរ​សុំ​ព្រះ​អង្គ​ចាត់​ឱ្យ​កប៉ាល់​មួយ​ដឹក​ព្រះបាទ​នរោត្ដម​មក​ចុះ​ចត​នៅ​កំពត ហើយ​និង​សុំ​ឱ្យ​បញ្ជូន​ទ័ព​មួយ​កង​មក​តាម​បាត់ដំបង សម្រាប់​ជួយ​ការពារ​ព្រះរាជា​នៅ​ឧត្ដុង្គ​ផង ។ ស្ដេច​សៀម​រីករាយ​ណាស់​នឹង​បាន​លូកដៃ​ចូល​មក​ក្នុង​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត ហើយ​សង្ឃឹម​ថា​នឹង​អាច​ស្ដារ​ឥទ្ធិពល​ចាស់​របស់​សៀម​មក​លើ​កម្ពុជា​ឡើង​វិញ​បាន ។ ទ្រង់​បាន​ចាត់​ឱ្យ​គេ​ជូន​ដំណើរ​ព្រះបាទ​នរោត្ដម​មក​កំពត ។ ព្រះរាជា​យាង​ចូល​មក​ឧត្ដុង្គ​វិញ​នៅ​ក្នុង​ខែមីនា ឆ្នាំ​១៨៦២ ហើយ​ក៏​ចាប់​ទទួល​អំណាច​ទាំង​អស់ពី​មុន​មក​ភ្លាម​ដែរ ។ ការ​ដែល​អេវ៉ែក​មីស្ហ ធ្វើ​ដូច្នេះ​គឺ​ផ្ទុយ​នឹង​នយោបាយ​របស់​បារាំង ថ្វីបើ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​យាង​ត្រលប់​មក​កាន់​ព្រះ​នគរ​វិញ​ក៏​ដោយ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​មាន​អន្ដរាគមន៍​របស់​សៀម​ឡើង​វិញ ដែល​នៅ​ពេល​នោះ បារាំង​មាន​វត្ដមាន​នៅ​កូសាំងស៊ីន​រួច​ទៅ​ហើយ ហើយ​ជិត​ជាង​បាងកក​ផង ។ ម្ល៉ោះ​ហើយ​គេ​បាន​ស្ដីបន្ទោស​អេវ៉ែក​មីស្ហ​បន្ដិច​បន្ដួច ហើយ​ស្ដេច​សៀម​ក៏​មិន​បាន​បញ្ជូន​ទ័ព​មក​ដែរ ។

ក្រោយមក គេ​សម្លាប់​រាមា​យោធា​បាន (92) ហើយ​ស្នង​សូរ​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ក្នុង​ទ្រុង​ដែរ ប៉ុន្ដែ​បាន​រត់​រួច​ទៅ​វិញ ហើយ​គេចខ្លួន​ទៅ​កូសាំងស៊ីន​បាត់​ទៅ ។ អ្នក​អង្គ​ម្ចាស់​វត្ថា​ក៏​គេច​ព្រះ​អង្គ​បាត់ បក្សពួក​មួយ​ចំនួន​បាន​ត្រូវ​គេ​ដឹក​យក​ទៅ​ដាក់​នៅ​ឯ​កោះ​ត្រឡាច (ពូឡូកុងឌ័រ) ការ​បះបោរ​ក៏​ស្ងាត់​បាត់​ទៅ ។ ក៏​ប៉ុន្ដែ ចាប់​ពី​ទ្រង់​បាន​យាង​ត្រលប់​មក​វិញ​នេះ ព្រះរាជា​កម្ពុជា​ហាក់​ដូចជា​កាន់តែ​ចំណុះ​ស្ដេច​សៀម​ខ្លាំង​ឡើងៗ រហូត​ដល់​មើល​ទៅ​ឃើញ​ថា រ៉េស៊ីដង់​សៀម​ទេ​ដែល​មាន​សិទ្ធិ​អំណាច​មែន​ទែន ។

នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​មាន​ជន​កំបុត​ជើង​ត្រឹម​ភ្លៅ​ម្នាក់​ឈ្មោះ​ថា​ បា​ បាន​បំបះ​បំបោរ​យុវជន​ក្មេងៗ​នៅ​ក្នុង​ខែត្រ​សំរោងទង ឱ្យ​សែង​ខ្លួន​ទៅ​រាជធានី​ឧត្ដុង្គ ហើយ​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះរាជវាំង ។ ក៏​ប៉ុន្ដែ​ទ័ព​របស់ បា ត្រូវ​បរាជ័យ បែកខ្ញែក​គ្នា​អស់ ឯ​បា​បាន​រត់គេច​ខ្លួន​រួច​រហូត​ទៅ​ដល់​ខែត្រ​ពោធិ៍សាត់ ។ គេ​តាម​ចាប់​មេ​បះបោរ​នេះ​បាន រួច​ដឹក​តាម​រទេះ​មក​រាជធានី​វិញ ប៉ុន្ដែ បា បាន​ស្លាប់​តាម​ផ្លូវ​ទៅ​ហើយ ។ គេ​បាន​យក​ខ្មោច​ជន​ក្បត់​នេះ​ដាក់​តាំង​ជា​សាធារណៈ​អស់​ពេល​៣​ថ្ងៃ រួច​យក​មក​ព្យួរ​នៅ​ខាងកើត​ផ្សារ​ដែក ដាក់​ក្បាល​សំយុង​ចុះ​ក្រោម ទ្រូង​ត្រូវ​គេ​វះ​ចំហ​ធ្លុង ។

នៅ​សម័យ​នោះ​គេ​បាន​រៀបចំ​ពិធី​បូជា​ព្រះសព​របស់​ព្រះបាទ​អង្គឌួង ហើយ​រើស​អដ្ឋិធាតុ​ដាក់​ក្នុង​កោដិ​មាស​មួយ​ដែល​ស្ដេច​សៀម​បាន​ផ្ញើ​មក​ឱ្យ​កាលពី​ឆ្នាំ​មុន ។

កាលពីមុន គឺ​ក្នុង​ខែមីនា ឆ្នាំ​១៨៦១ លោក​ឧត្ដមនាវី ស្ហាកនេ ដែល​ជា​មេបញ្ជាការ​នៅ​សាយហ្គន បាន​បញ្ជូន​នាយ​ទាហាន​ជើងទឹក​ម្នាក់​ឱ្យ​មក​ថ្វាយ​ដំណឹង​ដល់​ព្រះបាទ​នរោត្ដម​ថា រដ្ឋាភិបាល​បារាំង​បាន​សម្រេច​មក​តាំង​នៅ​កូសាំងស៊ីន​យូរ​អង្វែង ហើយ​មាន​ចេតនា​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា ។ នៅ​ក្នុង​ការ​សន្ទនា​ពេល​ចូល​គាល់​ព្រះរាជា នាយ​ទា​ហា​ជើង​ទឹក​នោះ​បាន​ទូល​ព្រះ​អង្គ​ថា​លោក​ឧត្ដមនាវី​ចង់​ឱ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា​មាន​ចំណង​មេត្រីភាព​សេរី​ជាមួយ​បរទេស មិន​ចំណុះ​អ្នក​ណា​មួយ​ទេ ហើយ​នៅ​ពេល​នោះ បារាំង​នឹង​ទៅ​ជា​មិត្ដ​របស់​ប្រជាជន​កម្ពុជា​វិញ ។ ព្រះរាជា​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា កម្ពុជា​មាន​សេរីភាព​ពេញ​លេញ​ជាមួយ​សៀម ហើយ​គ្មាន​បាន​ចុះ​សន្ធិសញ្ញា​អ្វី​ដែល​ចង​កម្ពុជា​ដែរ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ដោយ​ឥត​លាក់​លៀម​ប្រាប់​ទៅ​នាយ​ទាហាន​ជើងទឹក​នោះ​ដែរ​ថា សៀម​នៅ​មាន​គុណ​លើ​កម្ពុជា​ច្រើន​ក្នុង​ការ​ដែល​គេ​បាន​ជួយ​ដណ្ដើម​យក​យើង​ចេញ​ពី​ដៃ​ពួក​អាណ្ណាម​មក​វិញ នៅ​ពេល​ដែល​ពួក​អាណ្ណាម​នេះ​បាន​គ្រប់គ្រង​កម្ពុជា​តាម​របៀប​របប​ស្រុក​គេ​ទៅ​ហើយ ដោយ​ប្រើប្រាស់​មន្ដ្រី​របស់​គេ​ទៀត ។ តាម​ពិត​ទៅ គេ​សង្កេត​ឃើញ​ថា ព្រះបាទ​នរោត្ដម​ហាក់​ដូចជា​ចំណុះ​បញ្ជា​របស់​ស្ដេច​សៀម​កាន់តែ​ខ្លាំង​ឡើងៗ ចាប់​តាំង​តែ​ពី​ពេល​ដែល​ព្រះ​អង្គ​បាន​យាង​ត្រលប់​ចូល​មក​ក្នុង​រាជធានី​ឧត្ដុង្គ​វិញ អាច​ប្រហែល​ជា​ស្ដេច​សៀម​បាន​ចាត់​មន្ដ្រី​របស់​គេ​ណា​ម្នាក់​ឱ្យ​មក​នៅ​អែប​នឹង​ព្រះ​អង្គ​ជាប់ ដែល​យើង​មិន​ទាំង​ស្គាល់​ផង​ក៏​មិន​ដឹង ។

ប្រទេស​បារាំង​មិន​អាច​គាំទ្រ​ឱ្យ​ប្រជាជន​មួយ​ដែល​នៅ​ជិត​បង្កើយ​នឹង​កូសាំងស៊ីន ក្លាយ​ទៅជា​ចំណុះ​អធិរាជ​មួយ​ដែល​នៅ​ឆ្ងាយ​ជាង​ហើយ​ដែល​តែងតែ និង​កំពុង​មាន​បំណង​ចង់​ដណ្ដើម​យក​នគរ​ទៅ​ដាក់​បញ្ចូល​ជា​ទឹកដី​របស់​គេ​បាន​ទេ ។​ ដោយ​ស្ដេច​សៀម​បញ្ជូន​រ៉េស៊ីដង់​សៀម​ម្នាក់​គឺ​ពញា​រាជ​ជា​សម្ងាត់​ឱ្យ​មក​នៅ​ឧត្ដុង្គ​អែប​នឹង​ព្រះរាជា លោក​ឧត្ដមនាវី​ក៏​សម្រេច​បញ្ជូន​រ៉េស៊ីដង់​បារាំង​ម្នាក់​មក​ដែរ ដោយ​ចេញ​មុខតែ​ម្ដង ។ នៅ​ក្នុង​ខែមេសា ឆ្នាំ​១៨៦២ លោក​អនុនាវីឯក ឌូដា​ដឺឡាគ្រេ បាន​ចេញ​កប៉ាល់​ពី​យ៉ាឌិញ​មក​ចុះ​នៅ​កំពង់ហ្លួង ជាមួយ​បេសកកម្ម​ត្រូវ​បង្ហាញ​ខ្លួន​នៅ​គ្រប់​ទីកន្លែង ធ្វើ​ដំណើរ​ទៅ​សព្វ​ទិសទី​ក្នុង​ប្រទេស ធ្វើ​ដំណើរ​ឡើង​ចុះ​តាម​ទន្លេ និង​ចូល​គាល់​ព្រះរាជា​ឱ្យ​បាន​ញឹក​ញាប់ ដោយ​មិន​ចាំបាច់​មាន​អន្ដរការី​នៅ​ចន្លោះ​កណ្ដាល​រវាង​ព្រះរាជា​ និង​គាត់​ទេ ។

មិន​យូរ​ប៉ុន្មាន​លោក​អនុនាវីឯក​ក៏​ក្ដាប់​បាន​រឿងរ៉ាវ​ទាំងអស់​ដែល​គេ​ខិតខំ​លាក់​នឹង​គាត់ ហើយ​ពិនិត្យ​ឃើញ​ថា នៅ​ឧត្ដុង្គ​ស្ដេច​សៀម​មាន​អំណាច​ខ្លាំង​ជាង​ព្រះបាទ​នរោត្ដម​ទៅ​ទៀត ។ គាត់​បាន​រាយការណ៍​អំពី​ស្ថានភាព​នេះ​ទៅ​ទេសាភិបាល​កូសាំងស៊ីន ។ លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ ដែល​ជំនួស​លោក​ឧត្ដមនាវី បូណា បាន​សម្រេច​ថា​ត្រូវ​បញ្ចប់​ស្ថានភាព​នេះ ព្រោះ​ថា​បើ​បណ្ដោយ​ទុក​យូរៗ​ទៅ ឥទ្ធិពល​របស់​សៀម​នឹង​កាន់​តែ​រឹង​មាំ​ឡើងៗ ហើយ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចំពោះ​កម្ពុជា ក៏​ដូច​ជា​ចំពោះ​បារាំង ។

នៅ​ក្នុង​ខែកក្កដា ឆ្នាំ​១៨៦៣ លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ បាន​មក​ឡើងគោក​នៅ​កំពង់ហ្លួង រួច​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឧត្ដុង្គ​មួយ​ម៉ោង​ក្រោយ​មក ។ គាត់​បាន​ចូល​គាល់​ព្រះរាជា ទូល​ប្រាប់​ព្រះ​អង្គ​អំពី​ស្ថានភាព​ស្រុក​ទេស ហើយ​ក្រោយ​ពី​បាន​ស្ដាប់​ការ​ប្រកាស​របស់​ព្រះរាជា​ថា​ព្រះ​អង្គ​នៅ​ឯករាជ្យ​ពី​ប្រទេស​សៀម គាត់​បាន​ស្នើ​ព្រះ​អង្គ​ឱ្យ​ដាក់​កម្ពុជា​នៅ​ក្នុង​អាណាព្យាបាល​បារាំង​ដែល​នៅ​ជិត​ខាង​ជាង ហើយ​ដែល​នឹង​ការពារ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​សត្រូវ​គឺ​អាណ្ណាម និង​សៀម ធានា​ឱ្យ​ព្រះរាជា​ណាចក្រ​ស្ថិតស្ថេរ​តទៅ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ ព្រះរាជា​បាន​យល់​ព្រម​ទទួល​យក​អាណាព្យាបាល​របស់​បារាំង ក៏​ប៉ុន្ដែ​ទ្រង់​នៅ​មាន​ការ​ញញើត​ញញើម​ខ្លះ ដោយ​ទ្រង់​បារម្ភ​ខ្លាច​ដល់​ពេល​មួយ​បារាំង​បោះបង់​កូសាំងស៊ីន​ចោល ហើយ​ទុក​ឱ្យ​កម្ពុជា​នៅ​ទទួល​រង​កំហឹង​របស់​អាណ្ណាម និង​សៀម​សា​ជា​ថ្មី​ទៀត ។ អ្វី​ដែល​បណ្ដា​រដ្ឋ​នៅ​ឥណ្ឌូចិន​បាន​ដឹង គឺ​បារាំង​មិន​ដែល​រក្សា​ទឹកដី​ដែល​ខ្លួន​ដណ្ដើម​យក​បាន​ទេ ហើយ​រឿង​នេះ រ៉េស៊ីដង់​សៀម​បាន​លើក​យក​មក​ទូល​ប្រាប់​ព្រះរាជា​ម្ដង​ហើយ​ម្ដង​ទៀត ក្រោម​គ្រប់​រូបភាព ។

មក​ដល់​ពេល​នោះ ដើម្បី​ធ្វើ​សៀម​សប្បាយ​ចិត្ដ ឈប់​គិត​ពី​កម្ពុជា ហើយ​ផ្ដល់​សេរីភាព​ឱ្យ​ព្រះ​អង្គ​ធ្វើ​ការ​ចរចា​ជាមួយ​បារាំង ព្រះបាទ​នរោត្ដម​បាន​សម្រេច​ប្រគល់​ខែត្រ​ពោធិ៍សាត់ និង​កំពង់ស្វាយ​ទៅ​ឱ្យ​សៀម នៅ​ក្នុង​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​១៨៦៣ ។ សៀម​បាន​យល់ព្រម​ទទួល​យក​ខែត្រ​ទាំង​២ តែ​បាន​ប្រកាស​ថា​ទុក​ឱ្យ​កម្ពុជា​ប្រើប្រាស់​ជា​ប្រយោជន៍​តទៅ​ទៀត​សិន ។ តាម​ពិត​ស្ដេច​សៀម​ចង់​បាន​ខែត្រ​ទាំង​២​ណាស់​ទៅ​ហើយ ក៏​ប៉ុន្ដែ​មិន​ហ៊ាន​ទទួល​យក​ដោយ​ខ្លាច​អន្ដរាគមន៍​របស់​បារាំង ណា​មួយ​ធ្វើ​យ៉ាងនេះ​ដើម្បី​អាច​រក្សា​ឥទ្ធិពល​របស់​ខ្លួន​លើ​រាជវាំង​ឧត្ដុង្គ​តទៅ​ទៀត​ផង ។

ពេល​នោះ​ព្រះបាទ​នរោត្ដម ដែល​មាន​ការ​ច្រណែន​នឹង​ព្រះ​អនុជ​អ្នក​អង្គ​ម្ចាស់​ស​ដែល​បាន​ចាត់ចែង​កិច្ចការ​ព្រះ​នគរ​បាន​យ៉ាង​ល្អ​នៅ​ពេល​អវត្ដមាន​របស់​ព្រះ​អង្គ ហើយ​បារម្ភ​ខ្លាច​ព្រះ​អនុជ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ បាន​ស្នើ​សុំ​ឱ្យ​ស្ដេច​សៀម​កោះហៅ​ព្រះ​អនុជ​យក​ទៅ​បាងកក ។​ ស្ដេច​សៀម​បាន​ចាត់​ឱ្យ​មន្ដ្រី​សៀម​ម្នាក់​មក​រាជធានី​ឧត្ដុង្គ​នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​១៨៦៣​ ដើម្បី​នាំ​អ្នក​អង្គ​ម្ចាស់​ស​ទៅ​បើ​ទោះជា​ព្រះ​អង្គ​ប្រកែក​មិន​ចង់​យាង​ទៅ​ក៏​ដោយ ។ ស្ដេច​សៀម​គិត​ថា​ខ្លួន​អាច​ប្រើ​ប្រាស់​អ្នក​អង្គ​ម្ចាស់​ស​នេះ​ដើម្បី​ធ្វើ​ជា​ឧបករណ៍​សម្រាប់​កកូរ​កកាយ​កម្ពុជា​បាន​នៅ​ពេល​ក្រោយៗ​ទៀត ។

ស្ដេច​សៀម​មិន​សូវ​ជា​សប្បាយចិត្ដ​ប៉ុន្មាន​ទេ ព្រោះ​ព្រះ​អង្គ​ចង់​ឱ្យ​បារាំង​ចរចា​ជាមួយ​នឹង​ព្រះ​អង្គ​ផ្ទាល់​អំពី​រឿងរ៉ាវ​ដែល​ទាក់ទិន​ជាមួយ​កម្ពុជា និង​ព្រះរាជា​ឧត្ដុង្គ ដែល​ព្រះ​អង្គ​បាន​ចាត់​ទុក​ថា​គ្រាន់​តែ​ជា​ព្រះរាជា​រង​បន្ទាប់​ពី​ព្រះ​អង្គ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​បាន​ជ្រាប​ពី​ហេតុការណ៍​នេះ ព្រះបាទ​នរោត្ដម​បាន​ប្រកែក​ដោយ​ព្រះ​ទ័យ​ក្រេវក្រោធ ហើយ​មិន​ចង់​ឱ្យ​មាន​ដូច្នេះ​តទៅ​ទៀត​ទេ ទើប​ព្រះ​អង្គ​ទាមទារ​ឱ្យ​សៀម​បញ្ជូន​កេតនភណ្ឌ​របស់​ព្រះរាជា​កម្ពុជា​មក​ឱ្យ​វិញ ក្នុង​នោះ​មាន​ទាំង​ព្រះខ័នរាជ្យ​ផង ដែល​ព្រះ​អង្គ​បាន​នាំ​យក​ទៅ​កាលពី​ខែសីហា ឆ្នាំ​១៨៦១ ហើយ​ទុក​ចោល​នៅ​ក្នុង​រាជវាំង​បាងកក មិន​បាន​យក​មក​វិញ​ទេ ។ ស្ដេច​សៀម​បាន​ឆ្លើយ​តប​មក​ថា ទ្រង់​នឹង​យាង​មក​ផ្ទាល់​ព្រះ​អង្គ​ដើម្បី​រៀបចំ​អភិសេក​ព្រះរាជា​កម្ពុជា ។ និយាយ​យ៉ាង​នេះ ជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​សា​ជា​ថ្មី​នូវ​សិទ្ធិ​អធិរាជ​ភាព​របស់​សៀម​មក​លើ​កម្ពុជា និង​ថា​ស្ដេច​សៀម​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មក​លើ​ព្រះរាជា​នៅ​ឧត្ដុង្គ ។ លោក​ឧត្ដមនាវី​បាន​ប្រកែក​មិន​យល់​ស្រប​តាម ហើយ​ស្ដេច​សៀម​ក៏​រក្សា​កេតនភណ្ឌ​ទាំង​អស់​ទុក​ទៅ (ខែវិច្ឆិកា ឆ្នាំ​១៨៦៣) តែ​ក៏​មិន​បាន​បដិសេធ​ថា មិន​ឱ្យ​មក​វិញ​នោះ​ទេ ធ្វើ​ឱ្យ​ព្រះរាជា​ចេះ​តែ​រង់ចាំ​ដូច្នេះ​រហូត​ទៅ ។ ស្ដេច​សៀម​បាន​គិត​ថា មើល​ទៅ​ប្រហែល​ជា​រដ្ឋាភិបាល​ទី​ក្រុងប៉ារីស​នឹង​មិន​ឱ្យ​សច្ចាប័ន​លើ​សន្ធិសញ្ញា​ដែល​បារាំង​បាន​ចុះហត្ថលេខា​ជាមួយ​ស្ដេច​នរោត្ដម​ទេ សម​នឹង​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​សំបុត្រ​ទៅ​ស្រុក​បារាំង​ផង ការ​ឱ្យ​សច្ចាប័ន​នេះ​ហាក់​ដូចជា​ត្រូវ​នឹង​គំនិត​គិត​ឃើញ​របស់​ខ្លួន ។

រហូត​មក​ដល់​ខែមករា ឆ្នាំ​១៨៦៤ សៀម​នៅ​តែ​មិន​ទាន់​បញ្ជូន​កេតនភណ្ឌ​របស់​ព្រះរាជា​កម្ពុជា​មក​ឱ្យ​វិញ​ទេ ព្រះបាទ​នរោត្ដម​ក៏​សម្រេច​ឱ្យ​ធ្វើ​ការ​ប្រកាស​ព្រះ​អង្គជា​ព្រះរាជា ដោយ​ឱ្យ​រៀបចំ​ស្វេតច្ឆត្រ​៧​ជាន់ ដាក់​នៅ​ពីលើ​ព្រះរាជ​បល្ល័ង្ក ។ ដោយ​គ្មាន​ព្រះខ័នរាជ្យ ការ​ប្រកាស​នេះ​ហាក់បី​ដូចជា​មិន​គ្រប់គ្រាន់​ទេ ក៏​ប៉ុន្ដែ​មាន​ប្រសិទ្ធភាព​សម​ល្មម​ដែរ ដោយ​ប្រជារាស្ដ្រ​ទាំងអស់​បាន​ស្វាគមន៍​អបអរ ។

នៅ​ពេល​នោះ​រាជវាំង​បាងកក​ក៏​មិន​ដឹង​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដែរ ស្រាប់តែ​បាន​ទទួល​ដំណឹង​នៅ​ក្នុង​ខែមីនា​ថា រដ្ឋាភិបាល​បារាំង​បាន​ឱ្យ​សច្ចាប័ន​លើ​សន្ធិ​សញា្ញ​ដែល​បាន​ចុះ​កាលពី​ខែកក្កដា ឆ្នាំ​១៨៦៣​ហើយ ។ ដោយ​មិន​អាច​ត្រលប់​ក្រោយ​បាន បាងកក​ក៏​ស្នើ​ទៅ​ឧត្ដមនាវី​បារាំង​នៅ​កូសាំងស៊ីន​ថា​ឱ្យ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ព្រះរាជា​កម្ពុជា​ក្រោម​អធិបតីភាព​របស់​តំណាង​ពី​រដ្ឋាភិបាល​បារាំង​ និង​សៀម​រួម​គ្នា ។​ លោក​ឧត្ដមនាវី​ឡាហ្គ្រង់​ឌីយែរ​បា​ន​យល់ព្រម​តាម​សំណើ​នេះ​ដែល​ធ្វើ​ឱ្យ​គេ​នឹក​ដល់​ការ​អភិសេក​ព្រះបាទ​អង្គឌួង​ដោយ​តំណាង​របស់​សៀម និង​អាណ្ណាម​ដែរ ពេល​នេះ​បារាំង​បាន​មក​ជំនួស​អាណ្ណាម ម្ល៉ោះ​ហើយ​ត្រូវ​បន្ដ​សិទ្ធិ​គ្រប់គ្រង​លើ​កម្ពុជា​ជំនួស​អាណ្ណាម​វិញ ។​ ដោយ​ហេតុ​នេះ​ព្រះបាទ​នរោត្ដម​ត្រូវ​បាន​គេ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ថ្វាយ​យ៉ាង​ឱឡារិក​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​១៨៦៤ ដោយ​មាន​កេតនភណ្ឌ​គ្រប់គ្រាន់​ដែល​បញ្ជូន​មក​ពី​បាងកក ។

នៅ​ពេល​នោះ​មាន​ជន​ម្នាក់​ឈ្មោះ អា​ស្វា បាន​ប្រកាស​ខ្លួន​ថា ជា​អ្នក​អង្គ​ម្ចាស់​ភឹម ដែល​ត្រូវជា​បុត្រា​របស់​អតីត​ព្រះ​ឧបរាជ​អង្គ​ឯម បាន​ចាប់​បះបោរ​ឡើង អង្គភឹម​នេះ​បាន​សុគត​ទៅ​ហើយ​នៅ​បាងកក​កាលពី​ឆ្នាំ​១៨៥៥ ក្នុង​ព្រះ​ជន្ម​៣១​ព្រះ​វស្សា​ដោយសារ​រោគ​ឆ្កួត ។ តាម​ពិត​អា​ស្វា​នោះ​ជា​ខ្ញុំ​ម្នាក់​ដែល​ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា​ជា​អ្នក​មាន​បុណ្យ ហើយ​ត្រូវ​បាន​គេ​ចាប់ខ្លួន​បញ្ជូន​យក​មក​ថ្វាយ​ព្រះបាទ​អង្គឌួង​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​១៨៥៩ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​បាន​លស់លា​ត្រា​ប្រណី​ទោស​បញ្ជូន​ទៅ​ឱ្យ​ម្ចាស់​វិញ​ទៅ ។​ ចាប់ពី​ពេល​នោះ​មក​ជន​នេះ​បាន​ដើរ​គ្មាន​ទិស​ដៅ​ទៅ​សព្វ​ទីកន្លែង ដោយ​ប្រកាន់​ថា​ខ្លួន​ជា​អ្នកមាន​បុណ្យ ។ ឥឡូវនេះ​ជន​នោះ​ប្រកាស​ខ្លួន​ថា ជា​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ទ្រង់​បាន​សុគត​ទៅ​ហើយ ។ ជន​នោះ​បាន​សរសេរ​លិខិត​១​ច្បាប់​ទៅ​ឱ្យ​លោក​ឧត្ដមនាវី (93) ទាមទារ​នូវ​សិទ្ធិ​ទាំងឡាយ​ដែល​ខ្លួន​ត្រូវ​ទទួល​បាន ។ លោក​ឧត្ដមនាវី​មិន​បាន​ឆ្លើយ​តប​ទៅ​វិញ​ទេ ជន​នោះ​ក៏​ចាប់​ផ្ដើម​ប្រមែ​ប្រមូល​បក្សពួក​នៅ​ក្នុង​ខែត្រ​ទ្រាំង​ បាទី​ ពាម​ និង​ព្រៃកប្បាស​ អ្នកខ្លះ​ចូលរួម​ដោយ​ជឿ​តាម​ការ​ឃោសនា ខ្លះ​ទៀត​មាន​បំណង​ចង់​ធ្វើ​ចោរកម្ម ធ្វើ​ឱ្យ​ច្របូក​ច្របល់​ពេញ​ប្រទេស ។ មនុស្ស​មួយ​ចំនួន​ដែល​អា​ស្វា ទទួល​យក​មក​បញ្ចូល​ក្នុង​ជួរ​កង​កម្លាំង​របស់​ខ្លួន គឺជា​អតីត​ទាហាន​របស់​រាមា​យោធា និង​ស្នង​សូរ ។ ពួក​បះបោរ​បាន​សម្លាប់​ឧកញ៉ា​ចក្រី​កែប​ចៅហ្វាយ​ខែត្រ​ទ្រាំង​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​ រួច​ហើយ​បាន​ដុត​បំផ្លាញ​ខែត្រ​កំពត​ខ្ទេចខ្ទី ។ បន្ទាប់​មក ដោយ​កង​កម្លាំង​របស់​ខ្លួន​កើន​កាន់តែ​ច្រើន​ឡើង អា​ស្វា​ក៏​ធ្វើ​ដំណើរ​មក​កាន់​ភ្នំពេញ ក៏​ប៉ុន្ដែ​បាន​ត្រូវ​ទ័ព​ព្រះរាជា​កាត់​វាយ​តាម​ផ្លូវ ធ្វើ​ឱ្យ​បរាជ័យ រួច​ដកថយ​ទៅ​កាន់​កូសាំងស៊ីន​វិញ​ទៅ ។ អា​ស្វា​បាន​ទទួល​ការ​ការពារ​ពី​ពួក​អាណ្ណាម​នៅ​ក្នុង​ខែត្រ​វិញឡុង ចូវដុក និង​ហាទៀង និង​ពី​ស្ដេចត្រាញ់​របស់​ខែត្រ​ទាំង​នោះ​ផង​ដែរ ព្រោះ​អាណ្ណាម​គិត​ថា​សង្គ្រាម​ស៊ីវិល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចេះ​តែ​រេចរឹល​ទៅៗ ។ ប៉ុន្ដែ​នៅ​ទីបំផុត​ពួក​អាណ្ណាម​ក៏​ចាប់​អា​ស្វា​ប្រគល់​ឱ្យ​លោក ដឺឡាគ្រេ នៅ​ចូវដុក នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​១៨៦៦ ។

នៅ​ពេល​ដែល​ព្រឹត្ដិការណ៍​នេះ​បញ្ចប់​ទៅ​នៅ​ភាគ​និរតី​ព្រះរាជាណាចក្រ មាន​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​បាន​កើត​ឡើង​នៅ​ឧត្ដុង្គ ។ ថ្ងៃមួយ​ព្រះរាជា​បាន​ទទួល​ភ្នាក់ងារ​ម្នាក់​មក​ពី​បាងកក សុំ​យាង​ព្រះ​អង្គ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កំពត ដើម្បី​ទៅ​ទទួល​ស្ដេច​សៀម​ដែល​រង់ចាំ​ជួប​ជាមួយ​ព្រះ​អង្គ ។ ព្រះរាជា​បាន​ប្រាប់​លោក​ឌូដា​ដឺឡាគ្រេ អំពី​ការ​អញ្ជើញ​នេះ ហើយ​បាន​មាន​ព្រះ​បន្ទូល​ថា​នេះ​គឺជា​កិត្ដិយស​មួយ​ចំពោះ​ព្រះ​អង្គ​ហើយ​ទ្រង់​នឹង​យាង​ទៅ​តាម​ការ​អញ្ជើញ ។ លោក ឌូដា​ដឺឡាគ្រេ មិន​ចង់​ឱ្យ​ព្រះរាជា​យាង​ទៅ​ទេ ហើយ​បាន​ទូល​តប​ទៅ​វិញ​ថា​ ស្ដេច​សៀម​មិន​បាន​យាង​មក​ទេ ។​ ព្រះរាជា​មិន​ព្រម​ស្ដាប់​ឡើយ​ហើយ​បាន​យាង​ទៅ​កំពត​ដោយ​មាន​លោក​ឌូដា​ដឺឡាគ្រេ​ជូន​ដំណើរ​ទៅ​ផង ។ ទៅ​ដល់​កំពត ព្រះ​អង្គ​ទទួល​បាន​សារលិខិត​របស់​ស្ដេច​សៀម​មួយ​ច្បាប់​ទូល​ព្រះ​អង្គ​ថា ស្ដេច​សៀម​មិន​បាន​យាង​មក​តាម​ការ​ណាត់​ទេ ហើយ​សូម​ឱ្យ​ព្រះ​អង្គ​យាង​ត្រលប់​ទៅ​រាជធានី​វិញ​ចុះ ។ ព្រះបាទ​នរោត្ដម​ទ្រង់​ខ្ញាល់​ជា​ខ្លាំង ក៏​យាង​ត្រលប់​ទៅ​ឧត្ដុង្គ​វិញ​ទាំង​ខ្មាស់​អៀន ដែល​ត្រូវ​រំខាន​អត់​ប្រយោជន៍​ដូច្នេះ ។

នៅ​សម័យ​នោះ គឺ​នៅ​ចុងឆ្នាំ​១៨៦៥ មាន​ខ្មែរ​ម្នាក់​ទៀត​បាន​ប្រកាស​ខ្លួន​ថា​ជា​ ពោធិ​កំបោរ (94) ត្រូវជា​បុត្រា​របស់​ព្រះ​អង្គ​ចន្ទ បង្ហាញ​ខ្លួន​នៅ​ក្រចេះ រួច​នៅ​តាម​បណ្ដា​ខែត្រ​ខាងកើត ចុះ​រហូត​ទៅ​ដល់​ទឹកដី​កូសាំងស៊ីន នៅ​ត្រាវិញ​(បាសាក់) ។ ប្រជាជន​ជាច្រើន​នាក់​បាន​ជឿ​តាម​សម្ដី​របស់​ជន​នេះ ហើយ​នាំ​គ្នា​ដើរ​តាម​ជា​ហូរហែ ។

លោក​ឧត្ដមនាវី​ជា​ចៅហ្វាយ​ក្រុង​សាយហ្គន​បាន​កោះហៅ​ឈ្មោះ​នេះ​ឱ្យ​ទៅ​ជួប ហើយ​បាន​ឃាត់ខ្លួន​ទុក ។ តាម​ពិត​ជន​នោះ​មាន​ឈ្មោះ​ថា ពោធិ អ្នកខ្លះ​និយាយ​ថា​កើត​នៅ​ត្បូង​ព្រះ​ឃ្លាំង​ក្នុង​ខែត្រ​កំពង់ស្វាយ តែ​អ្នកខ្លះ​ថា​ជន​នេះ​មាន​កំណើត​ជា​ជនជាតិ​ភាគតិច​រដែ ។​ ទោះជា​យ៉ាងណា​ក្ដី​ជន​នេះ​បាន​ធ្វើ​ដំណើរ​ចេញពី​ភូមិ​ពួក​រដែ​មក​មុន​នឹង​មក​ដល់​ក្រចេះ ។​ ជន​នោះ​មាន​ប្រពន្ធ​៤​នាក់​ នារី​ព្នង​ម្នាក់​ នារី​អាណ្ណាម​ម្នាក់​ និង​នារី​ខ្មែរ​២​នាក់ ។​ មក​ដល់​ក្រចេះ គាត់​បាន​យក​ប្រពន្ធ​ខ្មែរ​ម្នាក់​ទៀត ។ ពោធិ​បាន​សម្លាប់​ចៅហ្វាយ​ខែត្រ​ក្រចេះ និង​សម្បុក​ដែល​ប្រកែក​មិន​ព្រម​គោរព​បញ្ជា​របស់​ខ្លួន រួច​បាន​ទៅ​សង់​បន្ទាយ​មួយ​នៅ​ក្នុង​ភូមិ​ឈើទាល​ភ្លោះ នៅ​ក្នុង​ខែត្រ​កញ្ជរ ។ ពេល​នោះ​អាណា​ខែត្រ​ទាំងឡាយ​នៅ​ខាងកើត​ទន្លេមេគង្គ​បាន​ចុះចូល​ជាមួយ​នឹង​ជន​ក្បត់​នេះ ។ ព្រះរាជា​បាន​បញ្ជា​ឱ្យ​លោក​ក្រឡាហោម​ចេញ​តាម​វាយ​ទៅ​លើ​ពោធិ​កំបោរ​ដល់​បាភ្នំ​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​១៨៦៦ ។​ មុន​ដំបូង​ទ័ព​ពោធិ​កំបោរ​ទទួល​បាន​ជ័យជម្នះ​ ប៉ុន្ដែ​បន្ទាប់​មក​ក៏​បរាជ័យ​វិញ​ ហើយ​បាន​គេចខ្លួន​បាត់​ទៅ ។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ពោធិ​កំបោរ​បាន​បង្ហាញ​ខ្លួន​ឡើង​វិញ ក៏​ត្រូវ​ទ័ព​បារាំង​វាយ​លើក​ទី​១​នៅ​ថ្ងៃ​ទី​២៥​-​២៦ ខែវិច្ឆិកា ឆ្នាំ​១៨៦៦ លើក​ទី​២​នៅ​ក្នុង​ខែមករា ឆ្នាំ​១៨៦៧ ។ ពោធិ​កំបោរ​បាន​បាត់​ខ្លួន​ម្ដង​ទៀត បន្ដិច​ក្រោយ​មក​លេច​ឃើញ​នៅ​ក្នុង​ខែត្រ​បារាយណ៍ និង​កំពង់លែង ហើយ​ធ្វើការ​គំរាម​កំហែង​មក​លើ​រាជធានី​ឧត្ដុង្គ ។ ពោធិ​កំបោរ​បាន​ត្រូវ​វាយ​ឱ្យ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សា ក៏​បាត់​ខ្លួន​ម្ដង​ទៀត​រួច​មក​ដល់​កំពង់ធំ ។ នៅ​កំពង់ធំ​នោះ អ្នកស្រុក​ស្រីៗ​បាន​ជំរុញ​ឱ្យ​ប្ដី​ខ្លួន​ដេញ​តាម​ចាប់​ពោធិ​កំបោរ​បាន​នៅ​ក្នុង​ត្រពាំង​ទឹក រួច​សម្លាប់​ចោល​ទៅ ។ គេ​បាន​កាត់​ក្បាលពោធិ​កំបោរ​ប្រឡាក់​អំបិល​ផ្ញើ​ថ្វាយ​ព្រះរាជា ដែល​ទ្រង់​បាន​ចេញ​បញ្ជា​ឱ្យ​យក​ទៅ​ដោត​នៅ​ចុង​ដើម​ឫស្សី​មួយ​នៅ​ភ្នំពេញ (ខែធ្នូ ឆ្នាំ​១៨៦៧) ។

កន្លង​មក នៅ​ពេល​ដែល​មាន​ព្រឹត្ដិការណ៍​អស់នេះ​កើតឡើង ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​ពួក​អាជ្ញាធរ​អាណ្ណាម​តែងតែ​ជួយ​ពួក​បះបោរ ដោយ​ផ្ដល់​ឱ្យ​ជ្រកកោន​លើ​ទឹកដី​ ឬ​ជួនកាល​ជួយ​ទាំង​កម្លាំង​ថែម​ទៀត បញ្ជាក់​ឱ្យ​ឃើញ​ថា ពួក​នេះ​មាន​បំណង​ចង់​បង្ក​ការ​រំខាន​ដល់​សកម្មភាព​របស់​បារាំង​នៅ​កម្ពុជា លោក​ឧត្ដមនាវី ឡាហ្គ្រង់​ឌីយែរ បាន​សម្រេច​ប្រកាស​ថា ត្រូវ​បញ្ចប់​ការ​ដណ្ដើម​យក​កូសាំងស៊ីន​ភាគ​ខាងក្រោម​ទាំងមូល​តែ​ម្ដង ដោយ​កាត់​យក​ខែត្រ​៣​ថែម​ទៀត​ដែល​ខ្មែរ​បាន​បោះបង់​ចោល​ឱ្យ​អាណ្ណាម​គឺ​ចូវដុក​ វិញឡុង​ និង​ហាទៀង​ដាក់​បញ្ចូល​ជាមួយ​ខែត្រ​៣​មុន គឺ​បៀនវ៉ា យ៉ាឌិញ និង​ឌិញទឿង ។ ការ​កាត់​យក​ទឹកដី​នេះ​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​១៨៦៧ ៖ វិញ​ឡុង​បាន​ធ្លាក់​ចូល​មក​ក្នុង​ដៃ​បារាំង​នៅ​ថ្ងៃ​ទី​២០​ ចូវដុក​ក្នុង​ថ្ងៃ​ទី​២២​ ហើយ​ហាទៀង​នៅ​ក្នុង​ថ្ងៃ​ទី​២៤​ ដោយ​គ្មាន​អស់​គ្រាប់​កាំភ្លើង​១​គ្រាប់ ។ ចៅហ្វាយ​លើ​ទឹកដី​ទាំងនោះ គឺ​ផាន​ថានយ៉ាង ដោយ​ពិនិត្យ​ឃើញ​ថា​មិន​អាច​តទល់​នឹង​ពួក​បារាំង​បាន​ប្រកែក​មិន​ព្រម​ចូល​បម្រើ​បារាំង​តាម​សំណើ​របស់​លោក​ឧត្ដមនាវី​ឡាហ្គ្រង់​ឌីយែរ​ទេ​តែ​បាន​ចេញ​បញ្ជា​ឱ្យ​ប្រគល់​ទីក្រុង​ទាំង​អស់នោះ​ឱ្យ​បារាំង​វិញ រួច​ហើយ​បាន​ផឹកថ្នាំ​សម្លាប់​ខ្លួន​បាត់​ទៅ ដើម្បី​ជា​ការ​ដាក់ទោស​ចំពោះ​អសមត្ថភាព​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ។

ដោយហេតុ​នេះ បារាំង​មាន​ព្រំប្រទល់​ជាប់​ពី​ខាងត្បូង​កម្ពុជា​ហើយ ហើយ​ក៏​មិន​អាច​មាន​រឿង​អ្វី​កើត​ឡើង​ដែល​បារាំង​មិន​បាន​ដឹង​នោះ​ទេ ។ ស្ថានភាព​នេះ​អាច​ឱ្យ​យើង​ផ្ដល់​ជំនួយ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ដល់​ព្រះរាជា​កម្ពុជា ជា​អាវុធ​យុទ្ធភណ្ឌ​ដែល​ព្រះ​អង្គ​ត្រូវការ​ក្នុង​ការ​ប្រយុទ្ធ​តទល់​នឹង​ពួក​បះបោរ ជួនកាល​ជា​ទ័ព​ដឹកនាំ​ដោយ​នាយទាហាន​បារាំង​តែ​ម្ដង​ក៏​មាន ។

ដោយ​មាន​ការ​ចាក់ចុច​ពី​តំណាង​ស្ដេច​សៀម​នៅ​ឧត្ដុង្គ ព្រះបាទ​នរោត្ដម​បាន​លួច​ចុះ​សន្ធិសញ្ញា​មួយ​ជា​សម្ងាត់​ជាមួយ​សៀម ប្រហាក់​ប្រហែល​នឹង​សន្ធិសញ្ញា​ដែល​ព្រះ​អង្គ​បាន​ចុះ​ជាមួយ​បារាំង​ដែរ ។ នៅ​ខែមីនា ឆ្នាំ​១៨៦៧ ពេល​ពិនិត្យ​ឃើញ​ថា​បារាំង​មាន​ការ​សង្ស័យ​អំពី​សន្ធិសញ្ញា​នេះ អភិបាល​រាជធានី​បាងកក​បាន​ប្រកាស​យ៉ាង​ប្រញាប់​ថា​គេ​បាន​ចុះ​សន្ធិសញ្ញា​មួយ​នេះ​ជាមួយ​ព្រះបាទ​នរោត្ដម​នៅ​ក្នុង​សម័យ​មួយ​ដែល​ពួក​គេ​មិន​បាន​ដឹង​ថា​កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​បារាំង​រួច​ទៅ​ហើយ​ទេ ។ នៅ​ពេល​បាន​ដឹង​ពី​សន្ធិសញ្ញា​ជាមួយ​បារាំង​នេះ គេ​បាន​ប្រកាស​បដិសេធ​សន្ធិសញ្ញា​របស់​គេ​ជា​អសារ​បង់​ហើយ​ដើម្បី​កុំ​ឱ្យ​រំខាន​ដល់​ការ​អនុវត្ដ​សន្ធិសញ្ញា​ជាមួយ​បារាំង​ផង ។ ក៏​ប៉ុន្ដែ​នៅ​ពេល​នោះ​ដែរ ស្ដេច​សៀម​ដែល​ទើបតែ​បាន​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​កុងស៊ុល​បារាំង​ប្រចាំ​រាជធានី​បាងកក បាន​ទទួល​ស្គាល់​ថា​ទឹកដី​អង្គរ និង​បាត់ដំបង​ជា​របស់​សៀម ទាំង​ដែល​កុងស៊ុល​នោះ​មិន​បាន​ដឹង​អំពី​ស្ថានភាព​ពិតប្រាកដ ហើយ​ក៏​មិន​បាន​ជូនដំណឹង​ដល់​លោក​ឧត្ដមនាវី​ជា​អភិបាលក្រុង​សាយហ្គន​ឱ្យ​ដឹងផង​ទេ ។

គេ​បាន​ដឹង​អំពី​ការ​មាន​សន្ធិសញ្ញា​នេះ​នៅ​ឯ​សាយហ្គន នៅ​ក្នុង​ខែកក្កដា ឆ្នាំ​១៨៦៧ ។ រដ្ឋាភិបាល​បារាំង​នា​សម័យ​នោះ​ដែល​មិន​បាន​យកចិត្ដ​ទុកដាក់​ដល់​រឿង​នេះ​បាន​ឱ្យ​សច្ចាប័ន​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​ជា​ហេតុ​ធ្វើ​ឱ្យ​ខែត្រ​ដ៏​មាន​សារសំខាន់​ទាំង​២​នេះ​ដែល​លោក​ឧត្ដមនាវី​ និង​លោក​ដឺឡាហ្គ្រង់​ឌីយែរ​មាន​បំណង​ទាមទារ​យក​មក​ប្រគល់​ឱ្យ​កម្ពុជា​វិញ​តាំង​តែ​ពី​ពេល​នោះ​ម្ល៉េះ ត្រូវ​បាត់បង់​ទៅ​អស់​កាល​៤០​ឆ្នាំ​ថែម​ទៀត ។ លោក​ឧត្ដមនាវី​មិន​សប្បាយចិត្ដ​ទេ រីឯ​លោក​ដឺឡាគ្រេ ដែល​ជា​តំណាង​អាណាព្យាបាល​បារាំង​ប្រចាំ​នៅ​រាជធានី​ឧត្ដុង្គ​វិញ បាន​ខឹង​សម្បា​ជា​ខ្លាំង ។​ ដើម្បី​កុំ​ឱ្យ​លោក​ដឺឡាគ្រេ​ខឹង​ខ្លាំង​ពេក​ព្រះរាជា​កម្ពុជា​បាន​ប្រកែក​ថា​ទ្រង់​មិន​បាន​ដឹង​អ្វី​ទេ​ ហើយ​ថា​ព្រះរាជា​កម្ពុជា​មុនៗ​មិន​ដែល​បាន​ទទួល​ស្គាល់​ការ​ដែល​ស្ដេច​សៀម​យក​ខែត្រ​បាត់ដំបង និង​អង្គរ​នេះ​ម្ដង​ណា​ទេ ដូចនេះ ប្រទេស​បារាំង​ដែល​ជា​អ្នក​ការពារ​កម្ពុជា​ក៏​គ្មាន​សិទ្ធិ​អ្វី​យក​ទឹកដី​កម្ពុជា​ទៅ​ប្រគល់​ឱ្យ​គេ​ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះ​អង្គ​ដែរ ។ ព្រះរាជ​បន្ទូល​របស់​ព្រះរាជា​នេះ​ត្រឹមត្រូវ​ណាស់ គឺ​ដោយ​សារ​ព្រះ​អង្គ​បាន​ទទួល​ឥទ្ធិពល​ខ្លះៗ​ពី​លោក​តំណាង ក៏​ប៉ុន្ដែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ បារាំង​មាន​ចំណង​ការទូត​ជាមួយ​សៀម ម្ល៉ោះ​ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ។​ មក​ដល់​សព្វ​ថ្ងៃនេះ​យើង​បាន​ដោះស្រាយ​កំហុសឆ្គង​ខាងលើ​នេះ​រួច​វិញ​ហើយៈ​ បាត់ដំបង អង្គរ​ ស៊ីសូផុន​ ម្លូព្រៃ​ ទន្លេរពៅ​ ស្ទឹងត្រែង​ និង​ទឹកដី​ទាំងអស់​នៅ​ខាងត្បូង​ភ្នំ​ដងរែក ​ព្រមទាំង​ខែត្រ​កោះកុង​នៅ​លើ​ឈូង​សមុទ្រ​សៀម​ផង បាន​វិល​ត្រលប់​មក​ជា​ដី​កម្ពុជា​វិញ​ហើយ ក្រោយ​រយៈពេល​កន្លះ​សតវត្សរ៍ ។ ព្រះបាទ​នរោត្ដម និង​ព្រះ​វររាជ​មាតា ដែល​មាន​បំណង​ឱ្យ​បារាំង​ទាមទារ​យក​ទឹកដី​ទាំងនោះ​មក​ឱ្យ​កម្ពុជា​វិញ​យ៉ាង​ខ្លាំង​នោះ បាន​សុគត​អស់​ទៅ​ហើយ ដោយ​មិន​បាន​ឃើញ​ទឹកដី​ទាំងនោះ​វិល​ត្រលប់​មក​វិញ​ផង​ទេ ។

ព្រះបាទ​នរោត្ដម​បាន​សម្រេច​លើក​រាជធានី​មក​តាំង​នៅ​ភ្នំពេញ​វិញ​តាំងពី​ឆ្នាំ​១៨៦៣​មក​ម្ល៉េះ ។​ ព្រះ​អង្គ​បាន​យាង​មក​ពិនិត្យ​ទីតាំង​ថ្មី​នៅ​ត្រង់​កណ្ដាល​ភូមិ​តាកែវ ចំ​ពី​ខាង​មុខ​ទន្លេចតុម្មុខ​នៅ​ដំណាច់​ឆ្នាំ​មុន បន្ទាប់​មក​ទ្រង់​ក៏​ចាត់​ឱ្យ​រៀបចំ​ពង្រាបដី​ភ្លាម ។ ដើម្បី​មាន​ថវិកា​ចំណាយ​ក្នុង​ការ​រៀបចំ​រាជធានី​ថ្មី​នេះ ព្រះរាជា​បាន​រៀបចំ​ឱ្យ​មាន​ការ​យកពន្ធ​លើ​បុគ្គល យកពន្ធ​បន​អាភៀន​ឡើង​វិញ ដែល​ព្រះ​បិតា​ព្រះ​អង្គ​បាន​ការពារ​មិន​ឱ្យ​យក ហើយ​ក៏​បាន​រៀបចំ​ប៉ុស្ដិ​គយ​មួយ​ចំនួន​ដែល​គេ​បិទ​ក្នុង​មួយ​រយៈ​ពេល​ប្រទេស​មាន​អសន្ដិសុខ​កន្លង​មក​ឡើង​វិញ​ផង​ដែរ ។ វិធានការ​ទី​៣​នេះ​គ្មាន​ការ​តវ៉ា​អ្វី​ទេ ។ មន្ដ្រី​ចាស់ៗ​ដែល​ធ្លាប់តែ​ឃើញ​គ្រឿង​ញៀន​នេះ​ធ្វើ​ចរាចរ​ដោយ​សេរី​ក្នុង​ព្រះរាជា​ណាចក្រ បាន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​វិធានការ​ទី​២ ។ ក៏​ប៉ុន្ដែ​វិធានការ​ទី​១ គឺ​ការ​បង្កើត​ពន្ធដារ​ប្រភេទ​ថ្មី​មួយ​ដែល​មិន​ដែល​មាន​ពី​មុន​មក​មាន​ផលវិបាក​អាក្រក់​ជាងគេ​ គឺ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ទូ​ទាំង​ប្រទេស​មិន​ពេញ​ចិត្ដ ។ ពេល​នោះ បើសិនជា​គ្មាន​វត្ដមាន​របស់​បារាំង​នៅ​ជួយ​ទេ ប្រហែលជា​ព្រះបាទ​នរោត្ដម​ត្រូវ​បាន​ព្រះ​អនុជ​វត្ថា ឬ​ស៊ីសុវត្ថិ បើ​ពុំនោះ​ទេ​គឺ​ពួក​បះបោរ​អា​ស្វា និង​ពោធិ​កំបោរ ទម្លាក់​ពីលើ​រាជបល្ល័ង្ក​បាត់​ទៅ​ហើយ (95) ។ គឺ​អំណាច និង​ការ​គាំទ្រ​របស់​បារាំង​ដែល​ជួយ​ព្រះ​អង្គ​ឱ្យ​គង់នៅ​លើ​រាជបល្ល័ង្ក​ជាប់ និង​បាន​ជួយ​ឱ្យ​ស្រុក​នេះ​មាន​សន្ដិភាព​ឡើង​វិញ ឱ្យ​ពាណិជ្ជកម្ម​ចាប់​កំណើត​ជា​ថ្មី ហើយ​អភិវឌ្ឍន៍​រីក​លូតលាស់ គ្មាន​អ្នក​ណា​គិត​ស្មាន​ដល់ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ឆ្ងាយ​ណាស់ ។ ព្រះរាជា​ណាចក្រ​មាន​សុភមង្គល អ្នក​តូចតាច​ក៏​មាន​ប្រាក់​កាស​ចាយ អ្នកស្រុក​ក៏​លែង​រអ៊ូរទាំ ហើយ​ចាប់​គោរព​ព្រះរាជា​ឡើង​វិញ និង​ទម្លាប់ខ្លួន​ជាមួយ​នឹង​អាណាព្យាបាល​របស់​បារាំង ។

សន្ដិភាព​បាន​កើត​មាន​ឡើង​រវាង​ស្ដេច​នរោត្ដម​ជាមួយ​នឹង​អនុជ​របស់​ព្រះ​អង្គ គឺ​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ដែល​មាន​ឋានៈ​ជា​ព្រះកែវ​ហ្វ៊ា​នៅ​ក្រោម​រជ្ជកាល​របស់​ព្រះ​បិតា​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះ​អង្គជា​ព្រះ​ឧបរាជ ។ អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​បាន​គង់នៅ​ឯ​សាយហ្គន​ចាប់​តាំងពី​ខែឧសភា ឆ្នាំ​១៨៦៦​មក ហើយ​ព្រះរាជា​ទ្រង់​ប្រទាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១៤០​ណែន (ប្រហែល​ជា​១​ម៉ឺន​ហ្វ្រង់) ក្នុង​១​ឆ្នាំៗ ដែល​អាច​ឱ្យ​ព្រះ​អង្គ​រស់​ជាមួយ​មហេសី និង​សេនា​អាមាត្យ​បាន​យ៉ាង​ស្រួល ។ ដល់​មក​ខែឧសភា ឆ្នាំ​១៨៧០ ព្រះរាជា​បាន​តែងតាំង​ព្រះ​អនុជ​ជា​ព្រះ​ឧបរាជ​ទាំង​បង្ខំ​ព្រះ​ទ័យ តាម​សំណើ​របស់​លោក​ទេសាភិបាល​ទឹកដី​កូសាំងស៊ីន ។

និយាយ​អំពី​ព្រះ​អនុជ​មួយ​ព្រះ​អង្គ​ទៀត គឺ​អ្នក​អង្គ​ម្ចាស់​វត្ថា ក្រោយ​ពី​ទទួល​បរាជ័យ​ដណ្ដើម​យក​រាជសម្បត្ដិ​ពី​ព្រះបាទ​នរោត្ដម​មិន​បាន​រួច​មក បាន​គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ដី​កំពង់ធំ ខែត្រ​កំពង់ស្វាយ រួច​ទៅ​នៅ​ខែត្រ​ស្ទោង បន្ទាប់​មក​ទៀត​ទ្រង់​បាន​នាំ​បក្សពួក​ប្រហែលជា​១០០​នាក់ ទៅ​គង់នៅ​ខែត្រ​សម្បូរ​តាម​មាត់​ទន្លេ​មេគង្គ​ត្រើយ​ខាងស្ដាំ ។ នៅ​ទីនោះ​មិនសូវ​មាន​ប្រជាជន​រស់នៅ​ទេ តែ​អ្នកស្រុក​បាន​បង់ពន្ធ​ជា​ស្រូវ​ថ្វាយ ។ គ្មាន​នរណា​គិត​ពី​ព្រះ​អង្គ​ទៀត​ទេ តែ​ព្រះ​អង្គ​ចេះ​តែ​ទន្ទឹង​រង់ចាំ​ក្រែង​មាន​ឱកាស​បាន​យាង​មក​សោយរាជ្យ​សម្បត្ដិ​វិញ រហូត​ទាល់តែ​ទ្រង់​សុគត​ទៅ​នៅ​ក្នុង​ភូមិ​ក្រាក់ នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​១៨៩១ ក្នុង​ព្រះ​ជន្មាយុ​៥០​ព្រះ​វស្សា ។

នៅ​ក្នុង​ឆ្នាំ​១៨៧២ មាន​អតីត​ជំនួយការ​របស់​ពោធិ​កំបោរ​ម្នាក់ បាន​ចេញ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ ជាមួយ​ទ័ព​៤​រយ​នាក់ ។ ពួក​នេះ​ចេញពី​ស្រុក​ពួក​ស្ទៀង​ដែល​មិន​ចេះ​ចំណុះ​គេ តែ​ត្រូវ​បង្ខំ​ចិត្ដ​វិល​ត្រលប់​ទៅ​ទីនោះ​វិញ ដោយ​មាន​ទ័ព​លោក​ទេសាភិបាល​កូសាំងស៊ីន​ដេញ​ប្រកិត​ពីក្រោយ ។

នៅ​ខែកក្កដា និង​ខែសីហា ឆ្នាំ​ដដែល ព្រះរាជា​ទ្រង់​បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​យ៉ាង​យូរ​នៅ​ហុងកុង ម៉ាកាវ​ កង់តុង​ និង​ម៉ានីល​ ដោយ​ជិះ​នាវា​ចម្បាំង​ឈ្មោះ​ ឡឺ​ប៊ួរីយ៉ាន ​ដែល​លោក​ទេសាភិបាល​ដី​កូសាំងស៊ីន​ប្រគល់​ថ្វាយ​សម្រាប់​ជូន​ដំណើរ (96) ។

ពេល​យាង​ត្រលប់​មក​ពី​ទស្សនកិច្ច​វិញ ព្រះរាជា​កម្ពុជា​ហាក់​ដូចជា​រំភើប​នឹង​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​ទត​ឃើញ​ណាស់ ហើយ​យល់​ឃើញ​ថា​ព្រះ​អង្គ​ត្រូវ​រៀបចំ​ប្រទេស​របស់​ព្រះ​អង្គ​ឱ្យ​មាន​ការ​វិវត្ដន៍​ដូច​គេ ។ ក៏​ប៉ុន្ដែ ព្រះរាជ​បំណង​នេះ​មាន​តែ​ក្នុង​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ មិន​បាន​ប៉ុន្មាន​ផង​ទ្រង់​ក៏​ត្រលប់​មក​ប្រកាន់​តាម​ទម្លាប់​ចាស់​វិញ ហើយ​មិន​បាន​ធ្វើ​អ្វី គិត​អ្វី​ជា​ប្រយោជន៍​ដល់​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​បន្ដិច​ណា​ទេ ទោះបីជា​ស្ដេច​សៀម​បាន​បង្ហាញ​ឱ្យ​ឃើញ​ឧទាហរណ៍​ខ្លះៗ​ក៏​ដោយ ។ នោះ​ហើយ​ជា​គ្រោះថ្នាក់ ។ តើ​ប្រទេស​បារាំង​សុខចិត្ដ​បណ្ដោយ​ឱ្យ​ជាតិ​សាសន៍​មួយ​ដែល​គេ​បាន​ស្រោច​ស្រង់​ចេញ​ពី​ការ​ប្រញី​ដណ្ដើម​ហែកហួរ​គ្នា ហើយ​សព្វថ្ងៃ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​គេ​ឱ្យ​រលត់​រលាយ​ទៅ​បាន​ដែរ​ឬ​ទេ ? ប្រាកដ​ណាស់​ថា​បារាំង​នឹង​ជំរុញ​ព្រះរាជា​ឱ្យ​ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​ខ្លះៗ​ជា​បន្ទាន់ ដោយ​មិន​មាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះរាជ​បុព្វសិទ្ធិ​របស់​ព្រះ​អង្គ​ទេ ដូច​ជា​នាំ​ព្រះ​អង្គ​ឱ្យ​រៀបចំ​ខ្លួន​ធ្វើការ​កែប្រែ​ខ្លះ​ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បន្ដិច​ម្ដងៗ ដើម្បី​ប្រែក្លាយ​ប្រជាជន​កម្ពុជា​ទៅ​ជា​ប្រជាជន​មួយ​ប្រកប​ទៅ​ដោយ​មធ្យោបាយ​អាច​រស់រាន​មាន​ជីវិត​រហូត​ទៅ ។

ប្រទេស​បារាំង​មិន​មាន​ញញើត​ទេ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​អន្ដរាគមន៍​របស់​ខ្លួន​មក​លើ​កម្ពុជា​ថា ពិតជា​ត្រឹម​ត្រូវ ។ គេ​បាន​សម្រេច​ចិត្ដ​ធ្វើ​សកម្មភាព​ទៅ​លើ​ប្រជារាស្ដ្រ តាម​រយៈ​ព្រះរាជា ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះបាទ​នរោត្ដម​បាន​ចុះ​ព្រះ​ហស្ដ​លេខា​លើ​ព្រះរាជក្រឹត្យ​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​១៨៧៧ លុប​បំបាត់​ឋានៈ​ឧបរាជ​ចេញ ដូច​ដែល​គេ​បាន​អនុវត្ដ​រួច​មក​ហើយ​នៅ​ស្រុក​សៀម លុប​ឋានៈ​ឧភយោរាជ​ដែល​អស់​ន័យ​ទៅ​ហើយ លុប​ឋានៈ​ព្រះ​វររាជ​ជននី​ដែល​នៅ​ឯ​បាងកក​ឯណោះ​គឺជា​ឋានៈ​របស់​ព្រះ​វររាជ​មាតា តែ​គ្មាន​អំណាច​អ្វី​ទេ ព្រមទាំង​លុប​បំបាត់​ឋានៈ និង​មុខងារ​មន្ដ្រី​មួយ​ចំនួន​ធំ​ដែល​គ្មាន​ការងារ​អ្វី​ជា​សំខាន់ ។

ចំនួន​ខែត្រ​ក៏​ត្រូវ​កែប្រែ​ និង​កាត់​បន្ថយ ។​ ការ​យកពន្ធ​ដារ​ឈប់​ប្រគល់​ឱ្យ​ពួក​ចិន​ប្រមូល​ទៀត​ហើយ​ព្រោះ​ពួក​នេះ​តែងតែ​កាត់​យក​មួយ​ចំណែក​ធំ​សម្រាប់​ខ្លួនឯង ។ ល្បែង​ស៊ីសង​មួយ​ចំនួន​ត្រូវ​ហាម​ឃាត់ ដូចជា ល្បែង សត្វ​៣៦​បែប​ ល្បែង​ឯទៀតៗ​ត្រូវ​រៀបចំ​ត្រួតពិនិត្យ ។​ កំណែន​ធ្វើការ​ចំនួន​៩០​ថ្ងៃ​អាច​គេច​ផុត​បាន​ដោយ​បង់​ប្រាក់​ចំនួន​២០​ហ្វ្រង់ ស្មើនឹង​៤​ពីយ៉ាស (97) ។ កំណែ​ទម្រង់​តុលាការ ដោយ​ចាត់តាំង​តែ​ចៅក្រម​ដែល​បាន​សិក្សា ចេះ​ចាំច្បាប់​ច្បាស់​លាស់ ។ លុប​បំបាត់​មិន​ឱ្យ​មាន​ខ្ញុំបម្រើ​ដែល​មិន​ឱ្យ​រំដោះខ្លួន​ចេញ និង​រៀបចំ​លុប​បំបាត់​ចោល​ទាំងស្រុង រង់​ចាំតែ​ព្រះរាជា​ចេញ​ច្បាប់​កំណត់​ឱ្យ​ផ្ដល់​ប្រាក់​បៀវត្ស​ឱ្យ ដែល​ពួក​ខ្ញុំ​ទាំងនោះ​អាច​កាត់​សងបំណុល​របស់​គេ​បាន ។

កំណែទម្រង់​ទាំង​អស់នេះ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង​ប្រសិនបើ​គេ​អនុវត្ដ​បាន​ត្រឹមត្រូវ ព្រោះថា​វា​មាន​អត្ថប្រយោជន៍​ផ្ទាល់​ភ្លាម​តែ​ម្ដង ហើយ​នឹង​ទាក់ទាញ​ឱ្យ​មាន​កំណែ​ទម្រង់​ផ្សេងៗ​ជា​បន្ដ​ទៀត ដែល​នឹង​នាំ​មក​នូវ​ការ​រីក​ចម្រើន ហើយ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ឈាន​ឡើង​មាន​ឋានៈ​ស្មើ​នឹង​បណ្ដា​ប្រទេស​ស៊ីវីល័យ​ឯទៀតៗ និង​មាន​ជីវិត​រស់រាន​ជា​អង្វែង​តទៅ ។ ក៏​ប៉ុន្ដែ​ឥទ្ធិពល​របស់​បារាំង​ទៅ​លើ​ព្រះរាជា​ពេល​នោះ ដែល​ធ្លាប់តែ​គ្មាន​កម្រៃ​ជា​យូរណាស់​មក​ហើយ​ដែល​មាន​ឆន្ទៈ​តែ​មិន​ច្បាស់​លាស់​មិន​ទៀងទាត់​ ខ្វះ​ការ​ប៉ិន​ប្រសប់​ហើយ​អកម្ម​ គ្មាន​គំនិត​ជាប់​បន្ដ ដោយ​ហេតុ​នេះ​ព្រះ​អង្គ​នៅ​ខ្សោយ​ខ្លាំង​ណាស់ ។ បារាំង​គ្មាន​ឥទ្ធិពល​បន្ដិច​បន្ដួច​ទៅ​លើ​ពួក​មន្ដ្រី​ដែល​កំពុង​តែ​ព្រឺ​ខ្លាច​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ដែល​គ្រោង​ទុកជា​មុន ពីព្រោះ​នោះ​គឺ​កា​រប​ញ្ជូ​ល​របៀប​ថ្មី ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងឿង​ឆ្ងល់​ ប៉ះពាល់​ដល់​ទម្លាប់​ ភ័យ​ព្រួយ​ខ្លាច​បាត់បង​ផលប្រយោជន៍​របស់​គេ ។​ ពួក​ស្រីៗ​នៅ​ក្នុង​ព្រះរាជវាំង​មាន​ពួក​អ្នក​អង្គ​ម្ចាស់​ក្សត្រី ពួក​ស្រីស្នំ ពួក​ភីលៀង បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​ទាំងឡាយ បាន​ព្រួត​គ្នា​ធ្វើ​ប្រតិកម្ម​តប​មួយ ដែល​បារាំង​មិន​ដឹង​តទល់​យ៉ាង​ណា ឬ​ក៏​មិន​បាន​ឱ្យ​តម្លៃ​ដល់ ដោយ​ធ្វេស​ប្រហែស ។

ចំណែក​ប្រជាជន​វិញ មិន​មាន​ព្រួយបារម្ភ​អ្វី​ទេ ដោយ​គិត​ថា​បារាំង​មក​ជួយ​រៀបចំ​សណ្ដាប់​ធ្នាប់​ឱ្យ ជួយ​ធ្វើ​ឱ្យ​មាន​សន្ដិសុខ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ខុស​ពី​អាណ្ណាម និង​សៀម ។ ប្រជាជន​ធ្លាប់​បាន​ឃើញ​បារាំង​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក​ហើយ​គាត់​រីករាយ​នឹង​ឃើញ​អ្នកតំណាង​អាណាព្យាបាល​រស់នៅ​ភ្នំពេញ​ក្បែរ​ព្រះរាជា តែ​គ្មាន​រវីរវល់​លូកដៃ​ចូល​ក្នុង​កិច្ចការ​អ្វីៗ​ទេ ។ ការ​បើក​ឱ្យ​ធ្វើ​នាវាចរ​តាម​ទន្លេ​ពី​កូសាំងស៊ីន​ឡើង​វិញ ដែល​ពី​មុន​អាណ្ណាម​បិទ​ជិត ធ្វើ​ឱ្យ​មាន​នាវា​ប្រើ​ចំហាយ​ជា​ច្រើន​ឡើង​មក​ដល់​ទឹកដី​ព្រះរាជា​ណាចក្រ ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​រីក​ចម្រើន និង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​រីករាយ​សប្បាយ​ចិត្ដ​ជា​ខ្លាំង ហើយ​គេ​បាន​និយាយ​ថា នេះ​គឺ​ដោយសារ​បារាំង ម្ល៉ោះ​ហើយ​អ្នកស្រុក​ស្រលាញ់​បារាំង​ណាស់ ។

ក៏​ប៉ុន្ដែ ដើម្បី​បញ្ជាក់​ពី​អាណាព្យាបាល និង​វត្ដមាន​របស់​បារាំង​នៅ​កម្ពុជា និយាយ​ឱ្យ​ខ្លី​ថា​ដើម្បី​អាច​ធ្វើការ​កែប្រែ​ស្រុក​នេះ​ស្រប​ទៅ​តាម​កម្មវិធី​មួយ ដោយ​ផ្លាស់​ប្ដូរ​ស្ថាប័ន​ចាស់​គំរឹល​ចេញ បារាំង​ត្រូវការ​ឱ្យ​មាន​ភ្នាក់ងារ​ដែល​មាន​ការ​គិតគូរ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន មាន​ស្ថាប័ន​ថ្មី​បំពេញ​កាតព្វកិច្ច​ច្បាស់​លាស់ ជា​ពិសេស​គឺ​ត្រូវ​ឱ្យ​ព្រះរាជា​ស្ដាប់​ការ​ផ្ដល់​យោបល់ មាន​មន្ដ្រី​ដែល​ស្ដាប់​ព្រះរាជ​បញ្ជា ហើយ​បារាំង​ខ្លួនឯង​ក៏​ឈប់​លែង​ជា​ទីប្រឹក្សា​គ្មាន​ឥទ្ធិពល តែ​ជា​អ្នក​គ្រប់គ្រង​រដ្ឋបាល​មាន​សិទ្ធិ​ចាត់ចែង​ការងារ​ក្នុង​នាម​ព្រះរាជា ហើយ​ក៏​អាច​បញ្ជា​ពួក​មន្ដ្រី​ឱ្យ​អនុវត្ដ​ភារកិច្ច​បាន​ផង​ដែរ ។

នៅ​ស្រុក​សៀម​ឯណោះ​វិញ នៅ​ពេល​ដែល​ព្រះរាជា​បាងកក​សម្រេច​ថា​នឹង​ធ្វើការ​កែទម្រង់​ដូច​ដែល​បារាំង​មាន​គម្រោង​ចង់​ធ្វើ និង​មាន​កាតព្វកិច្ច​ត្រូវធ្វើ​នៅ​កម្ពុជា ដោយ​សៀម​គ្មាន​ប្រទេស​អាណា​ព្យាបាល​ដូច​កម្ពុជា ព្រះរាជា​បាន​អំពាវនាវ​រក​ប្រទេស​នៅ​អឺរ៉ុប​ឱ្យ​មក​ជួយ ហើយ​បាន​ប្រគល់​ការ​ដឹកនាំ​បច្ចេកទេស​លើ​គ្រប់​សេវា​ទៅ​ឱ្យ​គេ​កាន់កាប់​ទាំងអស់ ។ ចំពោះ​កម្ពុជា​ដែល​មាន​បារាំង​ជា​អាណា​ព្យាបាល គេ​ក៏​ត្រូវការ​ជា​ចាំបាច់​ណាស់​នូវ​អ្នកបច្ចេកទេស​អឺរ៉ុប​មក​ធ្វើការ​បម្រើ​ផល​ប្រយោជន៍​ត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេស​ដែល​គេ​កំពុង​តែ​ប្រើ​នៅ​អឺរ៉ុប​ដែរ ហើយ​អ្នក​បច្ចេកទេស​នោះ​សម​ណាស់​តែ​មាន​សញ្ជាតិ​ជា​ប្រទេស​អាណាព្យាបាល​គឺ​បារាំង ។

ព្រះបាទ​នរោត្ដម​បាន​យល់​ច្បាស់​ណាស់​អំពី​សារសំខាន់​ទាំង​អស់​នេះ ក៏​ប៉ុន្ដែ​ទ្រង់​អាច​មិន​ទាន់​បាន​យល់​ច្បាស់​ទាំងអស់​នៅ​ឡើយ ព្រោះ​គ្មាន​អ្នក​ណា​ផ្ដល់​គំនិត​ថ្វាយ គ្មាន​អ្នក​ណា​ផ្ដល់​ទីប្រឹក្សា​ល្អិត​ល្អន់ ជា​ពិសេស​គឺ​មក​ពី​បារាំង​មិន​ហ៊ាន​បង្ខិតបង្ខំ​ព្រះ​អង្គ​ខ្លាំង​ពេក ។ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​មាន​ការ​ញញើត​ញញើម មិន​ហ៊ាន​សម្រេច​យ៉ាង​ណា​ជា​យ៉ាង​ណា​ទេ ណា​មួយ​ទ្រង់​ចង់​ស្ថិត​នៅ​ជា​ព្រះរាជា​ផ្ដាច់​ការ​ផង ចង់​ក្ដាប់​ក្នុង​ព្រះ​ហស្ដ​នូវ​ជីវិត​ សេចក្ដី​ស្លាប់ និង​ទ្រព្យធន​ទាំងអស់​របស់​ប្រជារាស្ដ្រ​ព្រះ​អង្គ​ផង ហើយ​គ្មាន​សេចក្ដី​ក្លាហាន​នឹង​អនុវត្ដ​កំណែ​ទម្រង់​ទាំងនោះ​ទេ ។ ​ព្រះ​អង្គ​ចង់​ក្ដាប់​ផល​នៃ​ពន្ធដារ​ទាំងអស់​ហើយ​ចាត់​ចែង​ទៅ​តាម​តែ​ព្រះ​ទ័យ​ដោយ​មិន​បាន​គិត​ធ្វើ​អ្វី​ជា​ផលប្រយោជន៍​ដល់​ប្រជារាស្ដ្រ ឬ​ធ្វើ​អ្វី​ជា​ប្រយោជន៍​សាធារណៈ​សោះ​ឡើយ ។ ធ្វើ​យ៉ាង​នេះ មិន​សម​នឹង​ការ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​បារាំង​ទេ (98) ។

ដោយ​អត់ទ្រាំ​នឹង​ពិនិត្យ​មើល​របាយការណ៍​ស្ដី​ពី​ការ​យឺតយ៉ាវ​នេះ​តទៅ​ទៀត​មិន​បាន លោក ហ្ស៊ុល​ហ្វ៊េរី ដែល​កាលនោះ​ជា​នាយក​រដ្ឋមន្ដ្រី​បារាំង​បាន​ចាត់​ឱ្យ​លោក​ ស្ហាល​ ថុមសុន​ ជា​ទេសាភិបាល​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ប្រទេស​បារាំង​នៅ​កូសាំងស៊ីន សហការ​ជាមួយ​អ្នកតំណាង​អាណាព្យាបាល​បារាំង​នៅ​ភ្នំពេញ ចូល​គាល់​ព្រះបាទ​នរោត្ដម ហើយ​យាង​ព្រះ​អង្គ​ឱ្យ​ឡាយ​ព្រះហស្ដលេខា​លើ​អនុសញ្ញា​មួយ​ដើម្បី​ប្រគល់​កិច្ច​ដឹកនាំ​ព្រះរាជា​ណាចក្រ​ដែល​កន្លង​មក​ព្រះ​អង្គ​ក្ដោប​ក្ដាប់​តែ​មួយ​ព្រះ​អង្គ​ឯង ឱ្យ​អាណាព្យាបាល​បារាំង​ចាត់ចែង​ជំនួស​វិញ​ម្ដង ។ ដោយ​មិន​បាន​គិត​អ្វី​វែង​ឆ្ងាយ លោក​ទេសាភិបាល​កូសាំងស៊ីន​បាន​ឡើង​ជិះ​កប៉ាល់​ជាមួយ​ទាហាន​១០០​នាក់ មក​ឡើង​គោក​នៅ​ខាង​អាគ្នេយ៍​ព្រះរាជវាំង ។ គាត់​បាន​ចុះ​ពី​កប៉ាល់ ហើយ​ចូល​គាល់​ព្រះបាទ​នរោត្ដម​ សម្ដែង​ការ​គួរសម​តាម​របៀប​ពិធីការ រួច​បាន​ដកខ្លួន​ចេញ​ទៅ​វិញ ។ បន្ដិច​ក្រោយ​មក ព្រះរាជា​បាន​យាង​ទៅ​ជួប​ជាមួយ​លោក​ទេសាភិបាល​នៅ​ក្នុង​វិមាន​អាណាព្យាបាល ។

លោក ថុមសុន ជា​មនុស្ស​ខ្វះ​ការ​ប៉ិន​ប្រសប់ គ្មាន​បទ​ពិសោធន៍​ជា​អ្នកការទូត​ម្នាក់​ដែល​ឆ្លាត​វាងវៃ មាន​អំណត់ យល់​ដឹង​ពី​កាលៈទេសៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ល្អ​ជាមួយ​ព្រះរាជា​កម្ពុជា ដែល​ទ្រង់​ក៏​មិន​យល់​ដឹង​ច្បាស់​អំពី​របៀប​ធ្វើការ​របស់​បារាំង​ដែរ ។ គាត់​មិន​ចេះ​ប្រើ​វិធីសាស្ដ្រ​ពន្យារ​ពេល​ដែល​នឹង​នាំ​មក​នូវ​លទ្ធផល​ល្អ​នៅ​ពេល​ក្រោយ​ទេ ។ គាត់​បាន​សម្រេច​ចិត្ដ​ថា​ត្រូវ​បង្ខំ​សភាពការណ៍ ចាប់​បង្ខំ​ឱ្យ​ព្រះរាជា​ឡាយ​ព្រះហស្ដលេខា ដោយ​ធ្វើ​ឱ្យ​ព្រះ​អង្គ​ភ័យ​ខ្លាច​តាម​ការ​បង្ហាញ​កម្លាំង​ទ័ព ។ គាត់​បាន​ចាត់​មន្ដ្រី​ម្នាក់​នាំ​យក​អនុសញ្ញា​ដែល​លោក​រដ្ឋមន្ដ្រី​មហាផ្ទៃ ក្លូប៊ូ​កូវស្គី បាន​រៀបចំ​ប្រញិប​ប្រញាប់​ជាមួយ​គាត់​មុន​នឹង​ចេញ​ពី​សាយហ្គន​មក​ដើម្បី​ឱ្យ​ព្រះរាជា​ឡាយ​ព្រះហស្ដលេខា ។

មុន​ដំបូង​ព្រះរាជា​មិន​យល់​ថា​តើ​គេ​ចង់​ឱ្យ​ព្រះ​អង្គ​ធ្វើ​អ្វី​ទេ ។​ ពួក​មន្ដ្រី​ទាំងឡាយ​គិត​ថា​បារាំង​ចង់​លុប​បំបាត់​ព្រះរាជា​ណាចក្រ​ចោល ហើយ​ដឹកនាំ​ប្រទេស​ដោយ​គ្មាន​ពួក​គេ គឺ​ទុក​កម្ពុជា​ជា​អាណានិគម​របស់​បារាំង ម្ល៉ោះ​ហើយ​ពួក​គេ​បាន​ថ្វាយ​យោបល់​ដល់​ព្រះរាជា​សូម​កុំ​ឱ្យ​ព្រះ​អង្គ​យល់​ព្រម​តាម ។ មាន​ការ​តឹងតែង​អស់​ពេល​ប៉ុន្មាន​ថ្ងៃ រហូត​ដល់​មាន​ឱសានវាទ ៖ ព្រះរាជា​បាន​ប្រកែក​មិន​ព្រម​ទទួល​លោក​ទេសាភិបាល​ដោយ​យក​លេស​ថា ព្រះ​អង្គ​ប្រឈួន ។​ បារាំង​កំញើញ​ថា​បើ​ព្រះ​អង្គ​មិន​យល់​ព្រម​ទេ​គេ​នឹង​យក​ព្រះ​អង្គ​ទៅ​ដាក់​នៅ​ប្រទេស​អាល់ហ្សេរី ។ ព្រះ​អង្គ​បាន​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​នាយ​ទាហាន និង​មន្ដ្រី​បារាំង​ជា​ច្រើន​រូប​ក្នុង​នោះ​មាន​លោក ហ៊្វូរ៉ែស អ្នកតំណាង​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា​លោក​លូស​ដែល​ក្រោយ​មក​ជា​រ៉េស៊ីដង់​ជាន់ខ្ពស់​នៅ​កម្ពុជា​(១៨៩៨) ហើយ​គេ​ធ្វើ​ឱ្យ​ព្រះ​អង្គ​អាច​ទត​ពី​ព្រះ​បរមរាជវាំង​ទៅ​ឃើញ​កប៉ាល់​ដែល​ចាំតែ​ដឹក​យក​ព្រះ​អង្គ​ទៅ​ ធ្វើ​ឱ្យ​ព្រះរាជា​ភ័យ​ញ័រ រន្ធត់ អត់​មិន​បាន​ក៏​ឡាយ​ព្រះហស្ដលេខា​លើ​អនុសញ្ញា​ដែល​បារាំង​យក​មក​បង្ខំ​ព្រះ​អង្គ​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៨៨៤ ។​ តាម​ពិត​ទៅ​មាន​ព្រឹត្ដិការណ៍​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​មួយ​បាន​កើត​ឡើង​ដែល​ធ្វើ​ឱ្យ​ព្រះរាជា​ទ្រង់​ភិតភ័យ ​​ខ្លាំងៈ​ លោក​ កុល​ដឺ​ម៉ុងតេរ៉ូ​ ដែល​ជា​អ្នកបកប្រែ​របស់​ព្រះ​អង្គ​បាន​ប្រែពាក្យ​មួយ​ម៉ាត់​ខុស​មក​ពី​ពាក្យ​នោះ​មាន​ន័យ​២​យ៉ាង ។ លោក ប៉ាវី អ្នករុករក​បារាំង​សម្រាប់​ប្រទេស​លាវ​បាន​កែតម្រូវ​លើ​ការ​បកប្រែ​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ឃាត់ខ្លួន​លោក​កុល​ដឺ​ម៉ុងតេរ៉ូ​ ហើយ​ឱ្យ​ទាហាន​២​នាក់​ដែល​ឈរ​សងខាង​បាន​វាយ​ធ្វើបាប​គាត់​បន្ដិច​បន្ដួច ។

ព្រះរាជា​មិន​បាន​ដឹង​ថា បើសិនជា​ព្រះ​អង្គ​រក្សា​បាន​នូវ​ពាក្យ​ដែល​ព្រះ​អង្គ​បាន​សន្យា​កាលពី​ឆ្នាំ​១៨៧៧ ព្រះ​អង្គ​មិន​ចាំបាច់​ត្រូវ​គេ​បង្ខំ​ឱ្យ​ចុះ​អនុសញ្ញា​ឆ្នាំ​១៨៨៤​នេះ​ទេ ។ ក៏​ប៉ុន្ដែ​គ្មាន​នរណា​ម្នាក់​បាន​ជួយ​រំលឹក​ព្រះ​អង្គ​អំពី​រឿង​នេះ​សោះ តាំង​តែ​ពី​ពេល​នោះ​មក ។ ហើយ​ព្រះ​អង្គ​រឹតតែ​មិន​បាន​ដឹង​សោះ​ថា ទ្រង់​នឹង​មិន​មាន​ខាតបង់​អ្វី​ទាំងអស់​ជាមួយ​អនុសញ្ញា​ថ្មី​នេះ ។ បើ​និយាយ​អំពី​អ្នកតំណាង​របស់​ប្រទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា​វិញ អស់​លោក​មិន​បាន​គិត​ថា​អស់​លោក​គ្មាន​បាន​ធ្វើ​អ្វី​សោះ​ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ធ្វើ​ឱ្យ​ការ​កែទម្រង់​ដែល​មាន​កត់ត្រា​នៅ​លើ​ក្រដាស​រួច​ហើយ​ប្រែ​ក្លាយ​ទៅជា​ការ​ពិត ។ អស់​លោក​មិន​ដែល​បាន​រំលឹក​ព្រះរាជា​អំពី​អ្វី​ដែល​ព្រះ​អង្គ​បាន​សន្យា​រួច​មក​ហើយ​ទេ ។​ ជា​ពិសេស​អស់លោក​មិន​ដែល​ពន្យល់​ព្រះរាជា​ឱ្យ​ទ្រង់​ជ្រាប​អំពី​គោល​បំណង​ល្អ​ដែល​បារាំង​ចង់​ធ្វើ ហើយ​ក៏​មិន​បាន​ចង្អុល​បង្ហាញ​ឱ្យ​ព្រះ​អង្គ​ជ្រាប​ថា តើ​ត្រូវ​ចាត់​វិធានការ​ដូច​ម្ដេច​ទេ ។ អស់​លោក​អ្នកតំណាង​អាណាព្យាបាល​បាន​មក​រស់នៅ​ក្បែរ​ព្រះរាជា​របៀប​ដូច​ជា​កុលស៊ុល​អីចឹង​មិន​មែន​របៀប​ជា​រ៉េស៊ីដង់​ដែល​ប្រទេស​បារាំង​ផ្ទុកផ្ដាក់​ឱ្យ​មក​ជំរុញ​ការ​កសាង​ទេ ។

ពេល​ត្រលប់​មក​កាន់​វិមាន​អាណាព្យាបាល​វិញ លោក​ទេសាភិបាល​កូសាំងស៊ីន​បាន​ចេញ​បញ្ជា​ឱ្យ​គេ​រៀបចំ​សេចក្ដី​សម្រេច​ផ្សេងៗ​ដែល​គាត់​យល់​ថា​ចាំបាច់ ហើយ​បាន​បង្ខាំង​លោក ឌៀប ជា​អ្នក​បកប្រែ​របស់​ព្រះរាជា ដែល​សព្វ​ថ្ងៃនេះ​ជា​រដ្ឋមន្ដ្រី​ខាង​ទ័ពជើងទឹក ឱ្យ​ធ្វើ​ការ​តែ​មិន​ឱ្យ​មាន​ទំនាក់​ទំនង​ទៅ​ខាងក្រៅ​ទេ ។ ដោយ​មិន​បាន​ប្រុងប្រៀប​រៀបចំ​ទុកជា​មុន មិន​បាន​គិត​ឱ្យ​ល្អិត​ល្អន់ កិច្ចការ​ដែល​គេ​បាន​ធ្វើ​ពេល​នោះ​ក៏​ខ្វះ​នូវ​ប្រសិទ្ធភាព ហើយ​ក៏​គ្មាន​អនាគត​វែង​ឆ្ងាយ​ប៉ុន្មាន​ដែរ ។ គេ​អាច​ពិនិត្យ​មើល​ឃើញ​នូវ​ការ​ប្រញិប​ប្រញាប់​ដែល​គួរ​ឱ្យ​អស់​សំណើច​ហើយ​ប៉ាន់ស្មាន​បាន​នូវ​អ្វី​ដែល​គេ​បាន​ស្រមើ​ស្រមៃ ។

ពេលវេលា​បាន​កន្លង​ផុត​ទៅ​ប៉ុន្មាន​ខែ​ហើយ បារាំង​ហៀប​តែ​នឹង​ចាប់ផ្ដើម​ធ្វើការ​សើរើ​រៀបចំ​ព្រះរាជា​ណាចក្រ​ឡើង​វិញ​ទៅ​ហើយ ស្រាប់តែ​លោក​តំណាង​អាណាព្យាបាល​ទទួល​ដំណឹង​ថា​មាន​ការ​បង្កបង្កើត​ជា​ទ័ពទីង​នៅ​កន្លែង​ជា​ច្រើន​ក្នុង​ប្រទេស​ ហើយ​គំរាម​កំហែង​មក​លើ​ទីតាំង​រ៉េស៊ីដង់​ថ្មីៗ​របស់​បារាំង ។

ដូច្នេះ សង្គ្រាម​បាន​ផ្ទុះ​ឡើង ហើយ​គេ​បាន​ចេញ​បញ្ជា​ពី​កូសាំងស៊ីន​មក​ឱ្យ​កាន់កាប់​ទីប្រជុំជន​ឱ្យ​បាន​ ហើយ​ឱ្យ​ចាត់​បញ្ចេញ​ទ័ព​ចល័ត​តាម​វាយ​ទៅ​លើ​ពួក​បះបោរ ។ ពួក​នេះ​ត្រូវ​បរាជ័យ​ជានិច្ច ហើយ​បាន​រត់គេច​ខ្លួន​រាល់​ពេល​ដែល​បាន​ជួប​ទាហាន​បារាំង ។

ការ​បះបោរ​នេះ​បាន​កើត​ឡើង​ក្រោម​ការ​ញុះញង់​ពី​ពួក​មន្ដ្រី និង​តាម​បញ្ជា​ពី​ព្រះរាជា ហើយ​ស៊ី​ពេល​អស់​១៨​ខែ ។ មិន​មាន​ការ​ប្រយុទ្ធ​អ្វី​ធំ​ដំ​ប៉ុន្មាន​ទេ ក៏​ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​ប្រទេស​ហិនហោច​យ៉ាង​ឆាប់​រហ័ស ។ តាម​ពិត បារាំង​ជា​អ្នក​ខ្លាំង​ជាង ហើយ​ព្រះរាជា​ដែល​គង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ទ្រង់​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​បារាំង ។ បារាំង​អាច​ចាប់ខ្លួន​ព្រះរាជា​ប្រកាស​លើក​ព្រះ​ឧបរាជ​ឱ្យ​ឡើង​កាន់​ការ​ជំនួស​ និង​អាច​បញ្ចប់​សង្គ្រាម​បាន​ដោយ​នាំ​យក​ព្រះរាជា​ទៅ​ប្រទេស​បារាំង ឬ​ទៅ​កាន់​ទឹកដី​នៅ​អាហ្វ្រិក ។ ក៏​ប៉ុន្ដែ​បារាំង​មិន​ធ្វើ​ដូច្នេះ​ទេ គឺ​ពេញចិត្ដ​នឹង​ចាត់ការ​ទៅ​លើ​ព្រះរាជា ពួក​នាម៉ឺន​មន្ដ្រី​នៅ​ក្នុង​ប្រទេស​តែ​ម្ដង ធ្វើ​ឱ្យ​ទាំងអស់​គ្នា​យល់​ស្រប​តាម ហើយ​ចាប់​ធ្វើការ​កែ​ទម្រង់​ដែល​ចាំបាច់​វិញ ។

ការ​បះបោរ​បាន​រីក​រាលដាល​ទៅ​ពេញ​ទូទាំង​កម្ពុជា​នៅ​ចុងឆ្នាំ​១៨៨៥ បារាំង​មាន​ប៉ុសិ៍្ដ​យោធា​ទាំង​អស់​៥២ នៅ​ក្នុង​ព្រះរាជា​ណាចក្រ ។ សង្គ្រាម​នោះ​គឺ​ព្រះរាជា​បាន​បង្ក​ឡើង ក៏​ប៉ុន្ដែ​ពួក​អ្នកស្រុក​ស្រលាញ់​ចូល​ចិត្ដ​បារាំង សប្បាយ​រីករាយ​ទទួល​បារាំង​ថា​ជា​អ្នក​ការពារ ។ សង្គ្រាម​នោះ​បាន​ធ្វើ​ឱ្យ​បារាំង​បាត់បង់​កម្លាំង​អស់​ប្រហែល​ជា​១​ពាន់​នាក់ ដែល​ភាគ​ច្រើន​ត្រូវ​ស្លាប់​ដោយ​ជំងឺ​គ្រុន និង​កម្ដៅ​ព្រះអាទិត្យ មិន​មែន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​សត្រូវ​ទេ ។ ក៏​ប៉ុន្ដែ​សង្គ្រាម​នោះ​បាន​ធ្វើ​ឱ្យ​ខ្មែរ​ប្រហែល​១​ម៉ឺន​នាក់​ស្លាប់​ដោយ​អត់ឃ្លាន​ដោយ​ទុរ្ភិក្ស និង​ការ​ខ្វះខាត ដោយ​ជំងឺ​គ្រុន និង​ជំងឺ​ផ្សេងៗ​ទៀត​នៅ​ពេល​រត់គេច​ទៅ​រស់នៅ​ក្នុង​ព្រៃរបោះ និង​ព្រៃរនាម ។

គេ​បាន​បញ្ជូន​ទ័ព​ពី​សាយហ្គន​មក ដែល​ធ្វើបាប​អ្នកស្រុក​ហើយ​ដុត​រោល​ឱ្យ​អ្នកស្រុក​អត់ទ្រាំ​មិន​ចូលរួម​ធ្វើ​សង្គ្រាម​មិន​បាន ។ ក៏​ប៉ុន្ដែ​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​ក្រោម​ការ​ញុះញង់​របស់​ពួក​មន្ដ្រី តាម​បញ្ជា​របស់​ព្រះរាជា ដែល​ផ្ទុយ​នឹង​ឆន្ទៈ​របស់​អ្នកស្រុក​ស្រែ​ចម្ការ​ដែល​ចង់​បាន​សន្ដិភាព បាន​ចាប់​ផ្ដើម​ស្ងប់ស្ងាត់​នៅ​ចុង​ឆ្នាំ​បន្ទាប់ ។ គេ​ចាប់​បិទ​ប៉ុស្ដិ៍​យោធា​ជា​បន្ដបន្ទាប់ ហើយ​ព្រះរាជា​ណាចក្រ​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់​ឡើង​វិញ​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៨៨៧ ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​ច្រើន​ពេក​ទេ តែ​ក៏​បាន​ធ្វើ​ឱ្យ​ខូចខាត​ជីវិត​អ្នកស្រុក និង​ទាហាន​បារាំង​អស់​ចំនួន​ច្រើន​គួរសម​ដែរ បណ្ដាល​មក​ពី​ចលាចល ការ​ផ្លាស់​ប្ដូរ​ទីកន្លែង ការ​រត់​ចូល​ព្រៃ និង​ជំងឺ ។

ពួក​បះបោរ​ចាប់​វិល​ត្រលប់​ចូល​ក្នុង​ស្រុក​វិញ មក​ចុះចូល​សារភាព​នៅ​តាម​ទីកន្លែង​ដែល​មាន​រ៉េស៊ីដង់​បារាំង​នៅ ហើយ​ដោយ​បារាំង​បាន​ស្រុះស្រួល​មូលមតិ​ជាមួយ​ព្រះរាជា និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ដ្រី បង្អង់​មិន​ទាន់​អនុវត្ដ​ការ​កែទម្រង់ ដើម្បី​ធ្វើការ​សិក្សា​ឱ្យ​ល្អិតល្អន់​សិន សន្ដិភាព​ក៏​បាន​វិល​ត្រលប់​មក​ក្នុង​ស្មារតី​ប្រជាជន​ម្នាក់ៗ​ឡើង​វិញ​ដែរ ។ មាន​តែ​រ៉េស៊ីដង់​បារាំង​នៅ​កំពត ក្រចេះ កំពង់ធំ និង​ពោធិ៍សាត់​ប៉ុណ្ណោះ ដែល​លោក ពីកេ (99) ជា​រ៉េស៊ីដង់​ធំ​នៅ​កម្ពុជា បាន​បញ្ជា​ឱ្យ​បន្ដ​ធ្វើការ​សិក្សា​អំពី​ទឹកដី ទំនៀម​ទម្លាប់​របស់​អ្នកស្រុក​ដោយ​មិន​ឱ្យ​លូកដៃ​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ក្នុង​ស្រុក​ទេ ហើយ​ត្រូវ​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​អភិបាល​ខែត្រ ត្រួត​ពិនិត្យ​សកម្មភាព​អភិបាល​ខែត្រ​ទាំងនោះ ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​ឱ្យ​ប្រជាជន​ស្រលាញ់​ផង ។

នៅ​ឆ្នាំ​១៨៨៨ ព្រះរាជា​ដែល​យល់​កាន់តែ​ច្បាស់​ជាង​មុន បាន​ប្រគល់​ការ​គ្រប់គ្រង​ព្រះរាជាណាចក្រ​ដែល​នៅ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ​អង្គ ទៅ​ឱ្យ​បារាំង​ចាត់ចែង​ជំនួស​វិញ ។ ព្រះ​អង្គ​បាន​ឱ្យ​លោក​តំណាង​អាណាព្យាបាល​ធ្វើ​ជា​អធិបតី​លើ​ក្រុមប្រឹក្សា​រដ្ឋមន្ដ្រី តែ​បាន​ស្នើ​សុំ​ឱ្យ​គេ​ថ្វាយ​ជូន​នូវ​ប្រាក់​៤​សែន​ពីយ៉ាស (ប្រហែល​១​លាន​៧​សែន​ហ្វ្រង់) ។ ការ​កែទម្រង់​ទាំងឡាយ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ព្រះ​អង្គ សេចក្ដី​សម្រេច​ផ្សេងៗ​ត្រូវ​មាន​ព្រះ​ហស្ដ​លេខា និង​ត្រា​របស់​ព្រះ​អង្គ​ផង ។

ចាប់ពី​ពេល​នោះ​មក អាណាព្យាបាល​បាន​ដំណើរការ​ទៅ មិន​ជា​ល្អ​មិន​ជា​អាក្រក់​ណាស់​ណា​ទេ គឺ​សម​ស្រប​ទៅ​នឹង​ផល​ប្រយោជន៍​របស់​ព្រះរាជាណាចក្រ​ដែរ ។ បារាំង​កាន់កាប់​ការងារ​រដ្ឋបាល​មាន​មធ្យោបាយ​គ្រប់គ្រាន់​នឹង​ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​ដែល​ចាំបាច់ ហើយ​ការ​រៀបចំ​ស្រុក​ទេស​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​យឺតៗ ។ មក​ដល់​សព្វ​ថ្ងៃនេះ ព្រះរាជាណាចក្រ​មាន​ផ្លូវ មាន​ស្ពាន​ខ្លះៗ​ហើយ ។ គេ​ចាប់​ធ្វើការ​សិក្សា​លើ​កិច្ចការ​ធំៗ ចាប់​សាងសង់​សាលារៀន ហើយ​រដ្ឋាភិបាល​បារាំង​បាន​ចាប់ផ្ដើម​តាំងពី​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ក្នុង​ការ​គិតគូរ​ពី​គម្រោង​សាងសង់​ផ្លូវដែក​មួយ ។ គេ​ក៏​បាន​សើរើ​ពិនិត្យ​ច្បាប់​ឡើង​វិញ​ដែរ ។

ព្រះបាទ​នរោត្ដម បាន​សុគត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​១៩០៤ ក្នុង​ព្រះ​ជន្មាយុ​៧០​ព្រះវស្សា ។

No comments:

Post a Comment