បក្ស សឺន សាន BLDP ត្រូវបានបញ្ជូលក្នុង សំណុំឯកសារ សម័យភ្នំពេញ ឆ្នាំ ១៧០០-១៩០០ ដែលទាក់ទងជាមួយ សឺនគុយ , សឺន សាច, និង សឺន សាន....
ឯកសារ អានបន្ថែម
- រយៈកាលចន្លោះរាជ្យ ១០ឆ្នាំ (១៧៩៦-១៨០៦)
- ព្រះឧទ័យរាជាអង្គចន្ទ (១៨០៦-១៨៣៤)
- ព្រះអង្គម៉ី(១៨៣៤-១៨៤១)
- ព្រះអង្គឌួង (១៨៤១-១៨៥៩)
- ព្រះបាទនរោត្ដម (១៨៦០-១៩០៤)
ផែនទីប្រទេសកម្ពុជាឆ្នាំ ១៧៧០
សម្ដេចបវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែលបានប្រសូត្រនៅក្នុងឆ្នាំង១៩១១ និងបាត់បង់ជីវិតនៅឆ្នាំ២០០០ គឺជាឥស្សរជនខ្មែរមួយរូបដែលជាអ្នកបន្តវង្សត្រកូលពីឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសជាតិកម្ពុជាក្រោម។ សម្ដេចបវរសេដ្ឋាធិបតី បានបំពេញបេសកកម្មជាច្រើន ដើម្បីសន្តិភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេចាត់ទុករូបលោកជាមេដឹកនាំប្រកបដោយភាពស្អាតស្អំ។
ប្រវត្តិសង្ខេប
សម្ដេចបវរសេដ្ឋា សឺន សាន ប្រសូត្រនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាត់លេខ ៥ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បិតារបស់លោកនាម សឺន សាច់ (Son Sach) ហើយមានមាតានាម នាង សន (Neang San)។ បិតារបស់លោកគឺជាពូជពង្សវង្សត្រកូលជំនាន់ក្រោយរបស់ឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសខ្មែរកម្ពុជា និងជាអតីតចៅហ្វាយស្រុកព្រះត្រពាំង (បច្ចុប្បន្នខេត្តព្រះត្រពាំង ដែលត្រូវបានកាត់បញ្ជូលទៅក្នុងប្រទេសវៀតណាម)។ លោកបានពលីជីវិតរបស់លោក ដោយឲ្យយួនកាត់ក្បាលជាថ្នូរនឹងការថែរក្សាជំនឿព្រះពុទ្ធសាសនានិកាយថេរវាទសម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោម។
គាត់ត្រូវបានគេកាត់ក្បាលនៅឆ្នាំ 1841 ដោយពួកយួនដើម្បីឱ្យខ្មែរក្រោមអាចអនុវត្តសាសនានិងវប្បធម៌របស់ពួកគេ។ ជាវីរបុរសជាតិខ្មែរនៅដែនដីកម្ពុជាក្រោមក្នុងសតវត្សរ៍ទី ១៩ ។ លោក បានឲ្យយួនកាត់ ក ជាថ្នូរនឹងការរក្សាប្រពៃណី ព្រះពុទ្ធសាសនា ថេរវាទខ្មែរនៅដែនដីកម្ពុជាក្រោម ។ ហើយក៏ជាអ្នកដាំដើមឈើ១ដើមទុកលើទឹកដីកម្ពុជាក្រោម ដោយបញ្ច្រាស់គល់ឡើងលើនៅសព្វថ្ងៃនេះ ។
ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា
នៅពេលសម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ សុផានវង្ស និងសម្ដេចក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះរាជបុត្រា ព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ យាងទៅកម្ពុជាក្រោម បានទទួលដំណឹងអំពីការបូជាជីវិតរបស់ឧកញ៉ា សឺន គុយ ក៏បានលោក សឺន សាច់ ជាបិតារបស់សម្ដេចបវរសេដ្ឋា សឺន សាន និងឪពុកមារបស់លោកម្នាក់ មកនៅភ្នំពេញ ដើម្បីឲ្យបន្តការសិក្សាបន្ថែមទៀត។ លោក សឺន សាច់ ក៏បានរៀនសូត្ររហូតឡើងឋានៈជាឧបការីរបស់ព្រះករុណាព្រះបាទព្រះ ព្រះនរោត្ដម សុរាម្រឹត ដែលកាលណោះ ព្រះអង្គមានព្រះតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
ការសិក្សា
នៅឆ្នាំ១៩១៧ លោក សឺន សាច់ បានបញ្ជូនកុមារា សឺន សាន ឲ្យទៅសិក្សានៅសាលាបឋមសិក្សាមីស្សក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ១៩២៧ យុវជន សឺន សាន បានទៅបន្តការសិក្សានៅក្នុងប្រទេសបារាំង រហូតបានប្រឡងជាប់សញ្ញាបត្របញ្ចប់ការសិក្សាជាន់ខ្ពស់ខាងពាណិជ្ជកម្មទីក្រុងប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅឆ្នាំ១៩៣៣ ហើយបានវិលត្រឡប់ មកកាន់មាតុប្រទេសវិញ។
តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា
ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយខេត្តបាត់ដំបង។ ក្នុងរយៈពេលនៃការបំពេញការងារប្រហែលជាពីរឆ្នាំ កង្វល់របស់លោកភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និងការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ទៅលើប្រជារាស្រ្តខ្មែរក្រីក្រ។ ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបានទទួលតំណែងជាភូឈួយខេត្តព្រៃវែង។ ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។
ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោមកិច្ចដឹកនាំរបស់ព្រះបាទ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និងបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុងភ្នំពេញ នៅឆ្នាំ១៩៤៧ ដល់ ១៩៤៩។ ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បានជាប់ឆ្នោតជាប្រធានរដ្ឋសភានៅឆ្នាំ១៩៥១ ដល់ ១៩៥២។ មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជារូបិយវត្ថុជាតិបារាំងនោះ ឯកឧត្តមត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គមានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេលនោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការនោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺសាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។
ឯកឧត្តម សឺន សាន បានបំពេញមុខតំណែងជាទេសាភិបាលធានាគាជាតិនៃកម្ពុជា ចាប់ពីពេលបានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនាឆ្នាំ១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និងចាប់ផ្តើមកាន់សីលប្រាំរហូតចាប់ពីពេលនោះមក ។នៅឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទវ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។នៅក្នុងឆ្នាំ១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតីសេរីនិយមបែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយរដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។នៅឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់សង្គ្រាមទាំងមូលនៅប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណងរបស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធានសមាគមខ្មែរនៅបរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបានចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និងព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេចបានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយក្រសួងការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ១៩៧៨ បានអំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូនជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុងចលនាតស៊ូរបស់សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕
ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)
នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។
គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល
មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
មេដាយមាសខេមរៈកីឡាឫទ្ធិ ។
មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
មេដាយ Légion d’honneur ថ្នាក់មហាសេនា ។
មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។
លក្ខណសម្បត្តិ
សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេចបានប្រសាសន៍មួយៗទន់ភ្លន់ តែមិនចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយស្តី សម្តេចតែងតែរំលឹកអំពីគុណព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាងលើព្រះ ឬទេវតាជាប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូតគ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់បាត់បង់ជីវិត។សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះត្រង់យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់ប្រជារាស្រខ្មែរ។
អវសានជីវិត
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕
ផែនទីការបះបោរឆ្នាំ ១៦០៥
ឯកសារយោង៖ សារព័ត៌មានព្រៃនគរ
ដោយ ថាច់ ប្រីជា គឿន
ឧកញ្ញា សឺន គុយ នៅដើមសតវត្សរ៍ទី១៩ ប្រទេសកម្ពុជានិងប្រទេសលាវ ត្រូវរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយត្រូវប្រឈមមុខនឹងការរលាយបាត់រូបរាងពីផែនទីពិភពលោក ដូចប្រទេសចម្ប៉ាក្នុងអតីតកាល ពីសំណាក់ប្រទេសយួននិងសៀម។
ក្នុងឆ្នាំ១៨២០ ស្តេចយួនឈ្មោះ មិញ-ម៉ាង បានធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ក្នុងការចែកប្រទេសកម្ពុជាជាពីរ។ ព្រំដែនដែលគេបានបែងចែកនោះ គឺចាប់ផ្តើមពីត្រឹមព្រំដែនខេត្តពោធិសាត់ និងខេត្តបាត់ដំបង នៅត្រង់ម្តុំស្វាយ ដូនកែវ ឆ្លងកាត់ទន្លេសាបទៅម្លូរព្រៃ រួចឆ្ពោះទៅស្ទឹងត្រែង ហើយបង្ហួសទៅទល់ព្រំដែន ខ្មែរ-យួនសព្វថ្ងៃ។
ដីមួយភាគបីដែលនៅខាងលិចនិងខាងជើងខ្សែបន្ទាត់នេះ ត្រូវបានទៅសៀម ចំណែកពីរភាគបីនៅខាងក្រោម គឺនៅខាងកើតនិងខាងត្បូងខ្សែបន្ទាត់ត្រូវបានទៅយួន។ យួនបានដាក់ឈ្មោះទឹកដីថ្មីនេះ ថាខេត្ត ត្រាន-តាយ-ថាញ ដោយដាក់មេទ័ពយួនម្នាក់ ឈ្មោះ ត្រឿង-មិញ-យ៉ាង ជាអភិបាលខេត្ត ថ្មីនេះ។
ក្រោយមកមិនយូរប៉ុន្មាន យួនបានចាប់ផ្តើមអនុវត្តន៍នយោបាយ ធ្វើខ្មែរឲ្យទៅជាយួន ដូចជាបង្ខំឲ្យខ្មែរកាន់ទំនៀមទម្លាប់តាមយួន នឹងផ្លាស់ប្តូរឈ្មោះភូមិស្រុកខ្មែរឲ្យទៅជាយួនជាដើម។ នយោបាយដ៏តឹងរ៉ឹងនិងឆ្កួតលីលានេះ បានធ្វើឲ្យប្រជារាស្ត្រខ្មែរមានការក្តៅក្រហាយយ៉ាងខ្លាំង។ ការបះបោះប្រឆាំងយួន ដែលដឹកនាំដោយព្រះអង្គឌួង ដោយមានជំនួយពីសៀមផងនោះ បានរីករាលដាលគ្រប់ទីកន្លែង នៃព្រះរាជាណាចក្រកម្ពុជា។ ត្រឿង-មិញ-យ៉ាង ដែលជាអភិបាល ខេត្តថ្មី ត្រូវបង្ខំចិត្តដកទ័ពចេញពីប្រទេសខ្មែរ ដោយទៅបោះទីតាំងនៅខេត្ត ឡុង-អាន នៅឆ្នាំ ១៨៤២ រងចាំឱកាសល្អនឹងវិលត្រឡប់មកវិញម្តងទៀត។
ចំណែកឯភូមិភាគខាងជើងនិងខាងលិចខ្សែបន្ទាត់នោះវិញ មានខេត្ត បាត់ដំបង ពោធិសាត់ ម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង ត្រូវសៀម កាន់កាប់រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់មកឲ្យខ្មែរវិញ។ ការដែលសៀមព្រមប្រគល់ខេត្តទាំងឡាយនោះ មកខ្មែរ ដោយសារការគាប់សង្កត់ផ្នែកការទូត និង ផ្នែកយោធាពីប្រទេសបារាំង ដោយដោះដូរដែនដីទាំងនោះទៅនឹងខេត្ត ត្រាត និង ចន្ទតាប៊ុន ដែលក្នុង អតីតកាលក៏ជាទឹកដីរបស់ខ្មែរ ឲ្យទៅសៀមវិញ។ ការ ដាក់អាណានិគមរបស់បារាំង មកលើឥណ្ឌូចិន គឺជាហ្វ្រាំងដ៏សក្តិសិទ្ធិមួយ ទប់មិនឲ្យយួននិងសៀមលេបយកប្រទេសខ្មែរនិងលាវបាននៅក្នុងសតវត្សរ៍ទី១៩។ បើយើងក្រឡេកមើលទៅកម្ពុជាក្រោមវិញ មុនពេលបារាំងចូលមកដល់ ថ្វីត្បិតតែទឹកដីនេះត្រូវយួនចាប់ផ្តើម លុកលុយ តាំងតែពិសតវត្សរ៍ទី១៧ មកក៏ដោយក៏យួនមិនទាន់ត្រួតត្រាទឹកដីនេះបានទាំងស្រុងនៅឡើយ។ មានខេត្តខ្លះ ដូចជាខេត្តព្រះត្រពាំង ខេត្តឃ្លាំងជាដើម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរនៅឡើយ។ ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តទាំងនោះ នៅតែបន្តធ្វើ ការតស៊ូដើម្បីការពារទឹករបស់ខ្លួនជានិច្ច។ នៅទីនេះខ្ញុំសូមលើកយកប្រវត្តតិស៊ូរបស់ប្រជារាស្ត្រខ្មែរខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ឧកញ៉ា សឺន គុយ ដែលវីរបុរសគំរូសំរាប់ខ្មែរក្រោមគ្រប់រូប មកលាតត្រដាងជូនជនរួមជាតិដូចតទៅ៖
លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាល ខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ទៅក្នុងកណ្តាប់ដៃយួន។ គាត់់បានចូលបម្រើទ័ពតាំងតែពីគាត់មានអាយុ២០ឆ្នាំមកម៉េ្លះ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់ឈ្មោះ ភឿន នៅភូមិចាប់ ភ្លើង ខេត្តព្រះត្រពាំង។ លោកឧកញ៉ា មានសហការីជំនិតៗប្រាំរូបគឺ
- លោក ទេសាសោម
- លោកហ្មឺនឯក
- លោកតាម៉ង់
- លោកមនោរស់ និង
- លោកភូឈួយគង់។
ក្រោយពីបានទទួលដំណឹងថា យួននឹងវាយប្រហារទីរួមខេត្តព្រះត្រពាំង ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកឧកញ៉ាបានបញ្ជារឲ្យសហការីរបស់ លោក រៀបចំទ័ពដើម្បីត្រៀមប្រយុទ្ធការពារខេត្ត។ មិនយូរប៉ុន្មាន អុងឡុវបាននាំទ័ពមកដល់ខេត្ត ព្រះត្រពាំង ហើយចាប់ផ្តើមពង្រាយទ័ពដើម្បីវាយលុកចូលទីរួមខេត្ត។ ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ ហុតឈាមបានប្រព្រឹត្តទៅរវាងទ័ពយួននឹងទ័ពរបស់ ឧកញ៉ា។ អុងឡូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់គេជួបប្រទះនឹងការទប់ទល់ខ្លាំងខ្លាពីសំណាក់ទ័ពរបស់ឧកញ៉ា។ ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅអស់រយៈពេល៧យប់៧ថ្ងៃ។ ទីបំផុតអុងឡូវត្រូវបង្ខំ ចិត្តដកទ័ពរបស់ខ្លួនថយ ទៅពួនក្នុងព្រៃជ្រៅ រងចាំជំនួយពីក្រុងហ្វេ។ ក្រោយមកមិនយូរប៉ុន្មាន អុង ឡូវ ក៏បានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងកងទ័ពទាំងសម្ភារៈសឹក ពីក្រុងហ្វេ (ទីក្រុងចាម) ហើយ លើកមកវាយសម្រុក ចូលទីរួមខេត្តព្រះត្រពាំងម្តងទៀត។ ចំណែកឯទ័ព ឧកញ៉ាវិញ គ្មានបានទទួលជំនួយអ្វីពីព្រះចៅ ក្រុងកម្ពុជា ឡើយ។ លើកនេះទ័ពលោកឧកញ៉ា ពិតជាពីបាកទប់ទល់ណាស់ ព្រោះទ័ពយួនមានច្រើន។ នៅចំពោះមុខសភាពការណ៍ដ៏ធ្ងន់ធ្ងរនេះ លោកឧកញ៉ាបានបញ្ជារាឲ្យដកទ័ពចេញពីទីរួមខេត្ត ហើយទៅបង្កើតទីតាំងទ័ពនៅជនបទវិញ។
ចំណែកឯអុង ឡូវវិញ ក្រោយពីទ័ពរបស់ខ្លួនបានទទួលជោគជ័យ លើទ័ពរបស់ឧកញ៉ានៅសមរភូមិទីរួមខេត្តព្រះត្រពាំងហើយ ក៏ បានរៀបចំធ្វើពិធីជប់លៀងយ៉ាងគគ្រឹកគគ្រេង។ មិនតែប៉ុណ្ណោះ បានបញ្ជារឲ្យទ័ពរបស់ខ្លួន ដើរឆក់ប្លន់ទ្រព្យសម្បត្តិ នឹងចាប់កូន ក្រមុំខ្មែរ សម្រាប់ការសប្បាយក្នុងពិធីជប់លៀងរបស់គេទៀតផង។
លោកឧកញ៉ាបានចេញចាកពីទីរួម ខេត្តត្រពាំងទាំងសេចក្តីក្រៀមក្រំ ហើយបានបង្កើតជំរំហ្វឹកហ្វឺនទ័ពសម្ងាត់មួយនៅជនបទ។ មិនយូរប៉ុន្មាន អុង ឡូវបានដឹងថាលោកឧកញ៉ាបានបង្កើតជំរំទ័ពសម្ងាត់ ក៏បញ្ជារឲ្យមេទ័ពយួនម្នាក់ ដែលនៅក្រោមបញ្ជាររបស់ខ្លួនឈ្មោះ អុង បូ ឲ្យដឹកទ័ពទៅវាយកំទេចកងទ័ពរបស់ឧកញ៉ា ដែល នៅសេសសល់នៅជំរំសម្ងាត់។ ដោយគ្មានពេលគ្រប់គ្រាន់ដើម្បី ប្រមូលនិងហ្វឹកហ្វឺនទ័ព លោកឧកញ៉ាគ្មានកម្លាំង គ្រប់គ្រាន់អាច់ទប់នឹងកម្លាំងរបស់ អុង បូ បានឡើយ។ ទីបំផុតត្រូវបោះបង់ចោលជំរំនោះទៀត។ ក្រោយពីបានវាយកំទេចជំរំទ័ពរបស់ ឧកញ៉ាហើយ អុង បូ បាននាំទ័ពទៅបោះទីតាំងនៅវត្តផ្នោដូង។ ចំណែកឯលោកឧកញ៉ា ក៏បាននាំទ័ពទៅស្នាក់នៅជាបណ្តោះអាសន្ន នៅវត្តចេតិយ នាភូមិ ចាប់ភ្លើង ដែលជាស្រុកកំណើតរបស់ភរិយាគាត់។ ហើយបន្តកេណ្ឌប្រមូលទ័ព ដើម្បីតស៊ូតទៅទៀត។ បើយើងក្រឡេកទៅមើលវត្តផ្នោដូងវិញ យើងឃើញទ័ពយួនដែលបោះទីតាំងនៅទីនោះ បានធ្វើការឆក់ប្លន់ និងកាប់សម្លាប់រាស្ត្រខ្មែរឥតត្រាប្រណីឡើយ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើការបំផ្លិចបំផ្លាញដោយវាយបំបាក់ព្រះពុទ្ធ បដិមាករ គាស់រំលើងកុដិសាលា ដុតបំផ្លាញគម្ពីដីកា ព្រមទាំងយកព្រះវិហារ ដែលជាទីសក្ការៈរបស់ខ្មែរមកធ្វើជាកន្លែងស៊ីផឹក នឹងរំលោភនារីខ្មែរដែលពួកវាចាប់មកយ៉ាងព្រៃផ្សៃបំផុត។
ថ្ងៃមួយលោកឧកញ៉ាបានទទួល ដំណឹងពីចារបុរសរបស់គាត់ថាទ័ពយួន អុង បូ ដែលបោះនៅវត្តផ្នោដូង មានការធ្វេសប្រហែស ដោយយល់ថាទ័ពរបស់លោកឧកញ៉ា គ្មានលទ្ធភាពនឹងវាយប្រហារមកលើខ្លួនឡើយ ដោយមួយថ្ងៃៗ ពួកគេជាប់រវល់នឹងការស៊ីផឹក និងឆក់ប្លន់ប្រជារាស្ត្រ។ ឆ្លៀតឱកាសដ៏ប្រពៃនេះ លោកឧកញ៉ាបានបញ្ជាឲ្យលើកទ័ពទៅវាយទ័ពយួននៅវត្តផ្នោដូងជាបន្ទាន់។ ដោយការធ្វេសប្រហែស មិនបានត្រៀមប្រយុទ្ធជាមុនទ័ពយួននៅទីនោះរត់ឆ្លេឆ្លាបាត់សា្មរតីប្រយុទ្ធ។ ទីបំផុតត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ឯមេទ័ពយួន អុង បូ ក៏បាត់បង់ជីវិតក្នុងទីលានប្រយុទ្ធដែរ។ ដំណឹងពីការបាត់បង់មេដ៏ចំណាន អុង បូ និងការបរាជ័យនៅសមរភូមិផ្នោដូង បានធ្វើឲ្យចៅហ្វាយយួន អុង ឡុវ មានការឈឺចាប់ និងមានការអាម៉ាសយ៉ាងខ្លាំង។ ការបរាជ័យនេះ ញ៉ាំងឲ្យ អុង ឡូវ ត្រូវតែរិះរកយុទ្ធវីធីថ្មី។ យុទ្ធវីធីថ្មីនោះគឺការស៊ីរូង និងបំបែកបំបាក់ផ្ទៃ់ក្នុងឲ្យចុះទន់ខ្សោយ អុង ឡូវ បានបញ្ជាឲ្យកេណ្ឌខ្មែរ ចូលបម្រើក្នុងជួរទ័ពយួន ហើយពេលយប់បញ្ជាឲ្យពួកនេះដើរឆក់ប្លន់ប្រជារាស្ត្រខ្មែរ។ លុះ ព្រឹកឡើងពួកវាប្រកាសថាទាហានរបស់ឧកញ៉ាជាអ្នកប្រព្រឹត្ត។ ល្បិចកលដ៏ថោកទាបនេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនភាន់ច្រឡំថា អ្នកដែលប្រព្រិត្តអំពើឆក់ប្លន់នោះ គឺពិតជាក្រុមរបស់លោកឧកញ៉ាមែន។
នៅលើទីលានសមរភូមិ យួនបានឲ្យរនុកក្នុងរបស់វាលួចសម្លាប់ទាហានខ្មែរដោយស្ងាត់ៗ និងញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុង។ ថ្ងៃមួយទាហានម្នាក់ បានជួបប្រទះសាកសពរបស់ លោកតាម៉ង់ ដែលជាមេទ័ពដ៏ខ្លាំងម្នាក់ ដេកស្លាប់ចម្ងាយ ៣០០មែត្រ ពីវត្តផ្នោដូងយ៉ាងអាថ៌កំបាំង។ ចំណែកឯ លោកហ្មឺន ឯក បានគេចខ្លួនបាត់ ដោយគ្មានអ្នកណាមួយដឹងថាគាត់ទៅណា គ្រាន់បានឃើញសារមួយដែលគាត់ទុកឲ្យ ដែលចារថាគាត់នឹងទៅធ្វើការតស៊ូតែម្នាក់ឯង។ មិនតែប៉ុណ្ណោះ លោកទេសា សោម ត្រូវយួនចាប់បាននៅសមរភូមិ ហើយយកទៅធ្វើទារុណកម្ម រហូតដល់បាត់បង់ជីវិត។ ព្រឹត្តិការណ៍ទាំងឡាយខាងលើនេះ បានធ្វើឲ្យលោកឧកញ៉ាមានការសោកស្តាយជាទីបំផុត។ ផ្ទុយទៅវិញ ភូឈួយគង់ បែរជាញញឹមបិទមាត់មិនជិត ព្រោះគោលបំណងរបស់គេជិតបានសម្រេចហើយ។ ការបាត់បង់នូវមេទ័ពដ៏ចំណាន់ៗទាំងបីរូប បានធ្វើកងទ័ពក្នុងចលនាតស៊ូ បាត់បង់ស្មារតីប្រយុទ្ធ ព្រមទាំងមានភាពអនាធិបតេយ្យទៀតផង។ អុងឡូវ បានដឹងច្បាស់ពីការរង្គោះរង្គើនៃចលនា ក៏មិនបណ្តោលឲ្យឱកាសដ៏ល្អនេះកន្លងទៅបានឡើយ ដោយបានបញ្ជាឲ្យទ័ពរបស់វាយប្រហារទីតាំងទ័ពខ្មែរនៅផ្នោដូងជាបន្ទាន់។ ថ្វីត្បិតតែយួនទទួលបានជោគជ័យនៅលើ សមរភូមិប្រយុទ្ធក៏ដោយ តែគេមិនអាច់ចាប់ខ្លួនឧកញ៉ាបានឡើយ។ ចលនាតស៊ូរបស់ឧកញ៉ា នៅតែបន្តការវាយប្រលើទ័ពយួន តាមរបៀបសង្គ្រាមទ័ពព្រៃ ឬសង្គ្រាមឈ្លប់។
ការធ្វើសង្គ្រាមឈ្លប់ បានធ្វើឲ្យយួនស៊ីមិនឆ្ងាញ់ ដេកមិនលក់ ជាហេតុធ្វើឲ្យ អុង ឡូវ មានការម៉ួរម៉ៅកាន់តែខ្លាំង។ អុង ឡូវបានបញ្ជាឲ្យទ័ពរបស់ខ្លួនតាមប្រមាញ់លោកឧកញ៉ា គ្រប់ទិសទី។ ទោះជាធ្វើយ៉ាងណាក៏ដោយ ក៏យួននៅតែមិនអាច់រំលាយចលនាតស៊ូនេះដែរ។ សង្គ្រាមឈ្លប់របស់ឧកញ៉ា បានធ្វើទាហានយួនងាប់ជារៀងរាល់ថ្ងៃ។
ផែនទី ឆ្នាំ ១៨០៥
ពេលនេះមេទ័ព អស់មធ្យោបាយក្នុងការពន្លត់ចលនាតស៊ូ និងតាមចាប់ខ្លួនឧកញ៉ាដោយកម្លាំងទ័ព ដែលជាហេតុបណ្តាល ឲ្យយួនត្រូវតែបង្ហាញពីសារជាតិពិតរបស់គេ គឺសារជាតិកាចសាហាវ សារជាតិក្រឡិចក្រឡុច និងសារជាតិបោកប្រាស។ អុង ឡូវ បានបញ្ជារទាហានរបស់ខ្លួន ដើរឆក់ប្លន់ និងកាប់សម្លាប់ខ្មែរដោយឥតរើសមុខ។ ជាមួយគ្នានេះ យួនបានធ្វើសេចក្តីប្រកាសគ្រប់កន្លែង ថាគេនឹងបន្តការកាប់សម្លាប់រាស្ត្រខ្មែរឥតរើសមុខតទៅទៀត ដរាបណាឧកញ៉ាមិនព្រមប្រគល់ខ្លួនឲ្យយួនទេ។ ដោយគ្មានលទ្ធភាពក្នុងការពារប្រជារាស្ត្រខ្មែរឲ្យផុតពីការកាប់សម្លាប់របស់យួនបាន លោកឧកញ៉ាក៏សម្រេចចិត្តរបាះ បង់ចោលការតស៊ូ ព្រមប្រគល់ខ្លួនឲ្យយួនចាប់ ដើម្បីជាថ្នូរឲ្យយួនឈប់កាប់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរតទៅទៀត។ យួនសប្បាយចិត្តណាស់ ដោយឃើញលោកឧកញ៉ាព្រមចុះចាញ់។ ដូច្នេះដែលជាសញ្ញាមួយប្រាប់ថា នយោបាយឈ្លានពានលេបទឹកដីរបស់គេបានឈានដល់គោលដៅហើយ។ ដំបូងឡើយ យួនបម្រុងយកឧកញ៉ានិងទាហានខ្មែរទាំងអស់ទៅសម្លាប់ តែក្រោយមកបែរជាមិនសម្លាប់ ព្រោះគេយល់ឃើញថា លោកឧកញ៉ាមានប្រជាប្រិយភាពណាស់ក្នុងសង្គមខ្មែរ បើសម្លាប់ឧកញ៉ាពេលនេះ ពិតជាមានការបះប្រឆាំងពីសំណាក់ប្រជារាស្ត្រខ្មែរជាមិនខាន។ អាស្រ័យហេតុនេះហើយបាន ជាយួនទុកជីវិតលោកឧកញ៉ា។ មិនតែប៉ុណ្ណោះ អុង ឡូវ បានប្រគល់តំណែង ទីប្រឹក្សាដល់ឧកញ៉ាទៀតផង។
នៅឆ្នាំ ១៨២១ ស្តេចយ៉ា ឡុង បាន អស់រាជ្យ។ ស្តេចថ្មីឈ្មោះ មិញ-ម៉ាង ឡើងជំនួស។ គ្រាន់តែឡើងសោយរាជ្យភ្លាម ស្តេច មិញ-ម៉ាង បានចេញបញ្ជាយ៉ាងដាច់ណាត់ បង្ខំឲ្យប្រជារាស្ត្រខ្មែរកម្ពុជាក្រោមទាំងមូលត្រូវតែវផ្លាស់ប្តូរទំនៀមទម្លាប់ និងច្បាប់សាសនា ដោយគោរពតាមប្រពៃណី និងច្បាប់សាសនារបស់យួនវិញ។
ផែនទី ស្ថានការណ៍នយោបាយ នៅ កម្ពុជាក្រោម
សេចក្តីប្រកាសរបស់ មិញ-ម៉ាង មានដូច តទៅ៖
១. លោកសង្ឃខ្មែរ ត្រូវគោរពប្រតិបត្តិដូចលោកសង្ឃយួនដោយត្រូវ៖
– កោរសក់ទុកចិញ្ចើម
– ឆាន់ចង្ហាន់ពេលល្ងាច និងឆាន់អាហារសាប
– ស្លៀកខោជើងពីរ ពាក់អាវ កត្រង់ ពត៌ ឈាមជ្រូក
– ពេលសូត្រធម៌ ត្រូវគោះត្រដោក
២. រាស្ត្រខ្មែរប្រុសស្រី ត្រូវគោរពតាមប្រពៃណីយួនដោយត្រូវ៖
– ទុកសក់វែង ហើយបួង
– យកនាមត្រកូលយួន និងដាក់ឈ្មោះជាយួន
– បោះបង់អក្សរខ្មែរ រៀនអក្សរយួន និងនិយាយភាសាយួនគ្រប់ទីកន្លែង
– ប្រើសម្លៀកបំពាក់ដូចយួន
នៅក្នុងសេចក្តីប្រកាសនោះបានចែងថា បើជនណាមិនគោរពតាមបញ្ជារនេះ នឹងត្រូវកាត់ទោសប្រហារជីវិត។ ក្រោយពីឃើញសេចក្តីប្រកាសនេះកាលណាមកប្រជារាស្ត្រខ្មែរ មានការក្តៅក្រហាយជាពន់ពេក តែមិនហា៊នប្រឆាំង ព្រោះបញ្ជានេះដាច់ណាស់ពេក។ ដោយយល់ថា មានតែលោកឧកញ៉ាទេ ដែលជាពឹងព្រះសង្ឃ និងប្រជារាស្ត្រខ្មែរជាច្រើន បានធ្វើញត្តិជូនឧកញ៉ា សូមជួយធ្វើអន្តរាគមន៍។ លោកឧកញ៉ាបានយកសំណើរនេះ ជូន អុង ឡូវ សូមកុំអនុវត្តតាមបទបញ្ជារនេះ ជាច្រើន លើកច្រើនសា។ តែរាល់ពេលដែលឧកញ៉ា លើកយកបញ្ហានេះមកពីភាក្សា អុង ឡូវ តែងតែតប់ថា នេះជាបញ្ជា របស់ព្រះអធិរាជក្រុងហ្វេ គ្មានអ្នកម្នាក់អាច់ជំទាស់បានឡើយ។ បើសិនជាអ្នកណាមួយហា៊នតវ៉ានឹងបញ្ជានេះ ទាល់តែហានស្លាប់សិន។
ដោយអស់មធ្យោបាយក្នុងការអង្វរក អុង ឡូវ កុំឲ្យអនុវត្តន៍តាមបទបញ្ជានេះ លោក ឧកញ៉ាបាននិយាយទៅកាន់ អុង ឡូវ ថា “សូមលោកមេត្តាផ្ញើសារមួយជូនព្រះចៅក្រុងហ្វេឲ្យទ្រង់បានជ្រាប់ថា ខ្ញុំឧកញ៉ា សឺន គុយ អតីតអភិបាលខេត្តព្រះត្រពាំង បច្ចុប្បន្នទីប្រឹក្សារបស់លោក សូមយកជីវិតមកប្តូរ បើសិនជាព្រះអធិរាជព្រមលុបចោលបទបញ្ជានេះ”។ អុង ឡូវ យល់ព្រម ហើយបានផ្ញើសារជូនព្រះចៅក្រុងហ្វេ។
ក្រោយមក អុង ឡូវ បានប្រាប់ទៅ លោកឧកញ៉ាថា ព្រះចៅក្រុងហ្វេបានយល់ទៅនឹងសំណើររបស់ឧកញ៉ាហើយ ដូច្នេះតាមលក្ខន្តិកៈគេគ្មានជម្រើសអ្វីផ្សេងក្រៅពីយកឧកញ៉ាទៅប្រហារជីវិតឡើយ។ លោកឧកញ៉ាបានតប់ទៅវិញថា លោកមានសេច ក្តីរីករាយណាស់ ដោយសំណើររបស់លោកត្រូវបានមព្រះអធិរាជក្រុង សព្វព្រះរាជហឫទ័យ។ ដូច្នេះលោកគ្មានការរារែក ក្នុងការប្រគល់ខ្លួនឲ្យ អុង ឡូវ យកទៅប្រហារជីវិតឡើយ។ ប្រជារាស្ត្រខ្មែរមានសេចក្តីរីករាយណាស់ ក្រោយពីបានដំណឹងថា ព្រះចៅក្រុងហ្វេបានសព្វព្រះរាជហឫទ័យ ទុកឲ្យប្រជារាស្ត្រខ្មែរគោពតាមទំនៀមទម្លាប់ និងព្រះពុទ្ធសាសនាខ្មែរ។ តែក្នុងពេលជាមួយគ្នានេះដែរ ខ្មែរគ្រប់រូបក៏មានមានការសោកស្តាយយ៉ាងខ្លាំង ដោយគេត្រូវបាត់បង់នូវកុលបុត្រដ៏ឆ្នើមម្នាក់ ដែលក្នុងមួយជីវិតរបស់លោក លោកតែងតែធ្វើអ្វីៗទាំងអស់ រហូតដល់ហ៊ានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនា។ យួនបានយកលោកឧកញ៉ាទៅប្រហារជីវិត នៅមុខសាលាឃុំ បិន-ឌឹក ត្រង់កន្លែងដែលមានដើមម្នាស់ កាលដាំទន្ទឹមគ្នាពីរដើមនៅជិតផ្លូវជាតិ។ សាកសពរបស់គាត់ ត្រូវបានព្រះសង្ឃនិងប្រជារាស្ត្រខ្មែរ យកទៅធ្វើបុណ្យហើយបញ្ចុះ នៅក្នុងព្រះចេតិយវត្តពោធិសាលរាជ ទីរួមខេត្តព្រះត្រពាំង ហើយខឿនចេតិយនោះនោះ នៅសល់រហូតដល់បច្ចុប្បន្នននេះ។ ចំណែកឯភូឈួយគង់ ដែលជារនុកក្នុងរបស់យួននោះ ក៏ត្រូវយួនយកទៅប្រហារជីវិតដែរ។
លោកឧកញ៉ា សឺន គុយ ជាកុលបុត្រដ៏ឆ្នើមម្នាក់របស់ខ្មែរកម្ពុជាក្រោម។ គាត់បានធ្វើអ្វីៗ ទាំងអស់រហូតដល់ហ៊ានពលីកម្ម ជីវិត ដើម្បីភាពគង់វង្សនៃជាតិខ្មែរ និងសាសនា។ លោកបានបន្សល់ទុកនូវគំរូវិរភាពមួយដ៏ត្រចះត្រចង់ សម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរកម្ពុជា ក្រោមគ្រប់រូបគោរពស្ញប់ស្ញែងនិងយកតម្រាប់តាម។
ថ្វីត្បិតតែលោកឧកញ៉ា ត្រូវយួនឈ្លានពានផ្តាច់ផ្តិលជីវិតឲ្យលាចាកលោកនេះ អស់រយៈពេលជិតពីរសតវត្សរ៍ហើយក៏ដោយ ក៏កិត្តិនាមរបស់លោកនៅតែល្បីរន្ទឺក្រអូបសុះសាយក្នុងសង្គមខ្មែរកម្ពុជាក្រោមយើងដដែល។ យើងទាំងគ្នាជាបច្ឆាជនដែល មានវាសនា បានស្គាល់នូវវប្បធម៌ អក្សរសាស្ត្រ ភាសា និងសាសនារបស់ខ្មែរនាពេលនេះ ក៏ដោយសារការបូជាសាច់ស្រស់ឈាមស្រស់របស់ឧកញ៉ា និងវិរកុលបុត្រខ្មែរកម្ពុជាក្រោមដទៃទៀត ក្នុងចលនាតស៊ូរបស់លោកក្នុងអតីតកាលដែរ។
ផែនទី ស្ថានការណ៍នយោបាយនៅ វាំង្គឧត្តង និង នយោបាយជប៉ុន ប្រឆាំង កិច្ចការក្រុង ឧត្តុង្គ
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានឲ្យដឹងថា ទស្សននយោបាយដែលលោកបានអនុវត្តក្នុងនយោបាយសព្វថ្ងៃនេះ គឺជាប្រភពដែលលោកបានរៀនសូត្រទ្រឹស្ដី និងការអនុវត្តរបស់សម្ដេច សឺន សាន ដែលជាវីរៈជនខ្មែរកម្ពុជា។
ថ្លែងចំពោះយុវជនខ្មែរកម្ពុជាក្រោមនៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានរំឮកពីគោលនយោបាយសំខាន់ៗចំនួន៣ចំណុច ដែលលោកបានរៀនសូត្រ និងយកមកអនុវត្តសព្វថ្ងៃនេះ ដោយក្នុងនោះរួមមាន៖ ១.អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាចៅហ្វាយរបស់អ្នកដឹកនាំ។ ២.មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ។ សត្រូវរបស់ខ្មែរ គឺជា អំពើឈ្លានពាន អំពើផ្ដាច់ការ និងអំពើពុករលួយ។ ៣.បើចង់បំបាត់អំពើពុករលួយត្រូវបំបាត់ពីលើចុះក្រោម ត្រូវលុបបំបាត់ពីអ្នកធំជាមុន។ ហើយបើចង់អភិវឌ្ឍប្រទេសឲ្យចាកផុតពីភាពក្រីក្រ ត្រូវអភិវឌ្ឍពីក្រោមទៅលើ គឺជួយអ្នកទន់ខ្សោយ អ្នកក្រីក្រ អ្នកតូចតាចមុន។
តាមរយៈវីដេអូឃ្លីបដែលលោក កឹម សុខា បានបង្ហោះលើហ្វេសប៊ុកខ្លួនដូច្នេះថា៖« អ្វីដែលខ្ញុំចង់ចាំគឺបណ្ដាំលោកតា សឺន សាន ប្រភពនយោបាយរបស់ខ្ញុំ កើតចេញពីលោកតា សឺន សាន។ ខ្ញុំបានបញ្ជាក់អំពីទស្សននយោបាយរបស់ខ្ញុំ គឺខ្ញុំរៀនសូត្រពីលោកតា សឺន សាន ដែលជាវីរៈជនខ្មែរកម្ពុជាក្រោម នូវចំណុចធំ៣[..] ទាំងនេះជាគោលនយោបាយ ដែលខ្ញុំគោរពចងចាំ ហើយខ្ញុំបានយកមកអនុវត្ត កំពុងអនុវត្ត និងបន្ដអនុវត្តតទៅទៀត»។
គួររំឮកថា សម្តេច សឺនសាន គឺជាអតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ដោយលោកតែងតែប្រកាន់យកមាគ៌ា នយោបាយប្រជាធិបតី សេរីនិយម បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប ។ នៅឆ្នាំ ១៩៩៣ សម្ដេចទទួលដំណែងជាប្រធានសភាធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ដោយកាលនោះសម្តេចជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ សម្ដច សឺន សាន គឺជាអ្នកស្នេហាជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារឯករាជ្យពីបារាំង ក្រោមកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋព្រះបាទ សម្តេច នរោត្តម សីហនុ ផងដែរ។ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលមរណភាព នៅឆ្នាំ ២០០០ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ៕
ថ្លែងចំពោះយុវជនខ្មែរកម្ពុជាក្រោមនៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានរំឮកពីគោលនយោបាយសំខាន់ៗចំនួន៣ចំណុច ដែលលោកបានរៀនសូត្រ និងយកមកអនុវត្តសព្វថ្ងៃនេះ ដោយក្នុងនោះរួមមាន៖ ១.អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាចៅហ្វាយរបស់អ្នកដឹកនាំ។ ២.មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ។ សត្រូវរបស់ខ្មែរ គឺជា អំពើឈ្លានពាន អំពើផ្ដាច់ការ និងអំពើពុករលួយ។ ៣.បើចង់បំបាត់អំពើពុករលួយត្រូវបំបាត់ពីលើចុះក្រោម ត្រូវលុបបំបាត់ពីអ្នកធំជាមុន។ ហើយបើចង់អភិវឌ្ឍប្រទេសឲ្យចាកផុតពីភាពក្រីក្រ ត្រូវអភិវឌ្ឍពីក្រោមទៅលើ គឺជួយអ្នកទន់ខ្សោយ អ្នកក្រីក្រ អ្នកតូចតាចមុន។
តាមរយៈវីដេអូឃ្លីបដែលលោក កឹម សុខា បានបង្ហោះលើហ្វេសប៊ុកខ្លួនដូច្នេះថា៖« អ្វីដែលខ្ញុំចង់ចាំគឺបណ្ដាំលោកតា សឺន សាន ប្រភពនយោបាយរបស់ខ្ញុំ កើតចេញពីលោកតា សឺន សាន។ ខ្ញុំបានបញ្ជាក់អំពីទស្សននយោបាយរបស់ខ្ញុំ គឺខ្ញុំរៀនសូត្រពីលោកតា សឺន សាន ដែលជាវីរៈជនខ្មែរកម្ពុជាក្រោម នូវចំណុចធំ៣[..] ទាំងនេះជាគោលនយោបាយ ដែលខ្ញុំគោរពចងចាំ ហើយខ្ញុំបានយកមកអនុវត្ត កំពុងអនុវត្ត និងបន្ដអនុវត្តតទៅទៀត»។
គួររំឮកថា សម្តេច សឺនសាន គឺជាអតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ដោយលោកតែងតែប្រកាន់យកមាគ៌ា នយោបាយប្រជាធិបតី សេរីនិយម បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប ។ នៅឆ្នាំ ១៩៩៣ សម្ដេចទទួលដំណែងជាប្រធានសភាធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ដោយកាលនោះសម្តេចជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ សម្ដច សឺន សាន គឺជាអ្នកស្នេហាជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារឯករាជ្យពីបារាំង ក្រោមកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋព្រះបាទ សម្តេច នរោត្តម សីហនុ ផងដែរ។ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលមរណភាព នៅឆ្នាំ ២០០០ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ៕
No comments:
Post a Comment