Sunday, February 18, 2024

ព្រះ​ជ័យជេដ្ឋា​-​រជ្ជកាល​ទី​៥ (១៧០៤-១៧០៦)

ព្រះ​ជ័យជេដ្ឋា​បាន​ឡើង​គ្រង​រាជបល្ល័ង្ក​ម្ដង​ទៀត ជា​លើក​ទី​៥ ។ ពេល​នេះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤៩​ព្រះ​វស្សា​ហើយ ។ រាជពង្សាវតារ​មិន​ឃើញ​មាន​និយាយ​ថា តើ​ព្រះ​អង្គ​ឱ្យ​គេ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ថ្វាយ​ដែរ ឬ​អត់​ទេ ។

នៅ​ពេល​នោះ​គឺ​ឆ្នាំ​១៧០៥ មាន​ព្រះរាជ​វង្សានុវង្ស​លាវ​ជាមួយ​នឹង​ប្រជាជន​៥​ពាន់​នាក់ ដែល​ត្រូវ​បណ្ដេញ​ចេញពី​រាជធានី​វៀងចន្ទ បាន​នាំ​គ្នា​រត់​មក​សុំ​ជ្រកកោន និង​សុំ​ដី​រស់​នៅ​នៅ​កម្ពុជា ។ រាជវង្ស​នេះ​សោយ​រាជសម្បត្ដិ​នៅ​លើ​រាជបល្ល័ង្ក​លាវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មុន​ដំបូង​សោយរាជ្យ​នៅ​ហ្លួងប្រាបាង រួច​មក​នៅ​ឯ​វៀងចន្ទ ។ ព្រះរាជា​លាវ​ដែល​លោក ហ្សេរ៉ាវ៉ាន់ វូសូវ បាន​ជួប​នៅ​ក្នុង​ឆ្នាំ​១៦៤១​ក្រោយ​ពី​ទ្រង់​សោយរាជ្យ​បាន​៣​ឆ្នាំ​ហើយ ប៉ុន្ដែ​មិន​បាន​ឱ្យ​ដឹង​ព្រះ​នាម​ទេ គឺ​ព្រះ​អង្គ​ម្ចាស់​សុរិយា ព្រះ​នាម​ពេញ​គឺ​ ថាវ​សុរិយា​វង្ស​ធម្មិកៈរាជា​បរមបពិត្រ​ធិរាជ ។​ ព្រះរាជា​អង្គ​នេះ​បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៥៩៥​ដោយ​បន្សល់​ទុក​នូវ​ព្រះរាជ​នត្ដា​ដែល​នៅ​តូចៗ​នៅ​ឡើយ ។

មាន​មន្ដ្រី​ម្នាក់​ក្នុង​ចំណោម​មន្ដ្រី​របស់​ព្រះ​អង្គ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​គា​ម៉ង់ ជា​បុត្រី​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា បំបែក​ព្រះរាជ​នត្ដា​តូចៗ​ទាំងនោះ​ចេញពី​រាជបល្ល័ង្ក ហើយ​ក៏​ឡើង​សោយរាជ្យ​ខ្លួនឯង ។ ពេល​នោះ​មាន​មន្ដ្រី​ម្នាក់​ទៀត អាច​ជា​ព្រះ​ឧភយោរាជ ឬ​ក៏​ជា​ពញា​សែន បាន​ងើប​ប្រឆាំង ឡើង​វាយ​ដណ្ដើម​បាន​ជ័យជម្នះ ហើយ​បង្ខំ​ឱ្យ​មន្ដ្រី​ក្បត់​នោះ​ធ្វើ​អត្ដឃាត រួច​ក៏​ឡើង​សោយរាជ្យ​បន្ដ​មក​ទៀត ដោយ​មាន​ព្រះ​នាម​ថា ភ្យា​នន់​អធិរាជ ។

មាន​ព្រះ​ភាគិនេយ្យ​របស់​ព្រះរាជា​សុរិយា​មួយ​អង្គ ជា​បុត្រា​របស់​ព្រះ​រៀម​មួយ​អង្គ​ទៀត ដែល​ភៀស​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ក្រុង​វ៉េ បាន​វិល​ត្រលប់​មក​វិញ​ជាមួយ​នឹង​ទ័ព​មួយ​កង ហើយ​ប្រកាស​សង្គ្រាម​ជា​មួយ ភ្យា​នន់ ។ ព្រះរាជា​ភ្យា​នន់​អធិរាជ ដែល​ប្រហែល​ជា​រាជវង្ស​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា​ដែរ បាន​ត្រូវ​សុគត​នៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ ហើយ​ប្រាជ័យ​អុង​វ៉េ ដែល​ទទួល​បាន​ជ័យជម្នះ ក៏​ឡើង​សោយរាជ្យ​នៅ​វៀងចន្ទ រីឯ​ថាវ (ឬ​ចៅ) នង ដែល​ជា​អនុជ​មួយ​អង្គ ក៏​យាង​ទៅ​សោយរាជ្យ​នៅ​ហ្លួងប្រាបាង ។ ដល់​មក​ឆ្នាំ​១៦០៥ មាន​បុត្រា​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា បាន​មក​ដេញ​ថាវនង​ចេញ ហើយ​ឡើង​សោយរាជ្យ​នៅ​ហ្លួងប្រាបាង​នោះ​ទៅ ។ ចាប់ពី​ពេល​នោះ​មក ប្រទេស​លាវ​ដែល​មាន​ឯកភាព​អស់​កាល​ជា​យូរណាស់​មក​ហើយ ក៏​ត្រូវ​បែងចែក​ជា​រាជាណា​ចក្រ​ពីរ ដែល​មាន​ព្រះរាជា​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា គឺជា​ព្រះ​ភាគិនេយ្យ និង​ជា​បុត្រា​របស់​ព្រះ​សុរិយា​ទាំង​អស់​គ្នា ហើយ​ត្រូវជា​បច្ឆាញាតិ​របស់​ព្រះរាជា​ហ្វា​ងោម ។ តាម​មើល​ទៅ គឺ​រាជវង្ស​របស់​ព្រះ​ឧបរាជ​ភ្យា​ណាកន ដែល​បាន​រត់គេច​មក​សុំ​ជ្រកកោន​នៅ​កម្ពុជា ។​

នៅ​ក្នុង​ឆ្នាំ​១៧០៦ ព្រះរាជា​ជ័យជេដ្ឋា ដែល​នឿយណាយ​នឹង​អំណាច​ក្រោយ​ពី​សោយរាជ្យ​បាន​២​ឆ្នាំ ក៏​ដាក់​រាជសម្បត្ដិ​ម្ដង​ទៀត​ជា​លើក​ទី​៥ ថ្វាយ​ដល់​ព្រះ​ស្រី​ធម្មោរាជា​ជា​ព្រះរាជ​បុត្រា ដែល​ទ្រង់​បាន​លើក​ឱ្យ​សោយរាជ្យ​ម្ដង​រួច​មក​ហើយ នៅ​ក្នុង​ឆ្នាំ​១៧០២ តែ​បាន​ដាក់រាជ្យ​ថ្វាយ​ព្រះ​បិតា​វិញ​នៅ​ក្នុង​ឆ្នាំ​១៧០៤ ។

No comments:

Post a Comment