៦. ព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន គ.ស ១១៦៥ - ១១៧៧
ព្រះបាទត្រីភុវន័អាទិត្យវរ្ម័ន ស្ដេចជ្រែករាជ្យ ដែលបានធ្វើគត់ព្រះបាទយសោវរ្ម័នទី២ បានប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនៅមហានគរ។ ក្នុងកាលជាមួយគ្នានោះដែរ នៅនគរចំប៉ា ស្ដេចចាមដែលត្រឹមត្រូវតាមច្បាប់ ក៏ត្រូវគេធ្វើរដ្ឋប្រហារសំលាប់ដែរ។ ស្ដេចចាមថ្មីឈ្មោះ ជ័យឥន្រ្ទវរ្ម័នទី៤ ដើម្បីសុំសុខ ស្ដេចចំប៉ាអង្គនេះ បានសុំសេចក្ដីអនុញ្ញាតពីស្ដេចចិនជាមុនសិន មុននឹងទទួលអភិសេកជាព្រះមហាក្សត្រ។ ព្រះអង្គក៏បាននាំសួយសារអាករ ជាច្រើនយកទៅថ្វាយស្ដេចយួនដែរ។ ស្ដេចចាមព្រះជ័យឥន្រ្ទវរ្ម័នទី៤មានរឹកពារច្រងេងច្រងាង ក្រអើតក្រទមកោងកាចសាហាវដូចក្រុងរាពណ៍ ដែលរៀបចំគ្រឿងអាវុធយុទ្ធភ័ន្ដដាក់ក្នុងរទេះ ចេញមកវាយប្រហារប្រទេសកម្ពុជា នេះជាកំនត់សិលាចារឹកខ្មែរ។ កាលបើរៀបចំបានទទួលការគាំទ្រពីប្រទេសចិន និងយួនហើយ ស្ដេចចាមក៏លើកពលសេនាយ៉ាងសន្ធឹកអឹងកង ចូលមកវាយប្រហារលុកលុយបំផ្លិចបំផ្លាញ ដុតប្រទេសកម្ពុជា។ គ្រានោះកងទ័ពខ្មែរនៅមានថ្វីដៃ អាចទប់ទល់ប្រយុទ្ធតតាំងនឹងសត្រូវ យ៉ាងអង់អាចក្លាហាន នៅតំបន់ដីកម្ពុជាក្រោម។ សង្គ្រាមខ្មែរចាមបានឆាបឆេះ ចាប់ពីគ.ស ១១៦៨ ទៅ គ.ស ១១៧៥។ តែទ័ពចំប៉ាមិនទាន់ដណ្ដើមយកជ័យជំនះបានទេ។
ស្ដេចចាមក៏សំរេចចិត្ដលើកទ័ពតាមផ្លូវទឹក ឡើងតាមទន្លេមេគង្គ ចូលមកដល់បឹងទន្លេសាបដើម្បីចូលវាយប្រហារខ្មែរ អោយដល់មហានគរ ដែលជាបេះដូងនគរខ្មែរតែម្ដង។ កងទ័ពជើងទឹកខ្មែរពុំមានលទ្ធភាពអាចទប់ទល់ នឹងខ្មាំងបានឡើយ ហើយត្រូវកងទ័ពចាមវាយកំទេចបំផ្លាញខូចខាតវិនាសអស់។ ដោយមិនបានប្រុងប្រៀបរៀបចំគ្រោងទុកជាមុន មហានគរត្រូវធ្លាក់ក្នុងកន្ដាប់ដៃស្ដេច និងកងទ័ពចាម។ ធនធានទ្រព្យសម្បត្ដិភោគផលខ្មែរទាំងប៉ុន្មាន ត្រូវចាមលួចប្លន់ដឹកជញ្ជូនយកអស់គ្មានសេសសល់។ ប្រាង្គប្រាសាទខ្មែរ ផ្ទះសំបែងភូមិស្ថាន ត្រូវចាមរុករានទន្រ្ទានទី ដុតបំផ្លាញគ្មានប្រណីដែរ។ ឯប្រជានុរាស្រ្ដ ក៏ត្រូវកងទ័ពចាមកាប់សំលាប់ ធ្វើទុក្ខបុកម្នេញ ចាប់ចង កៀរកេណ្ឌធ្វើជាឈ្លើយដែរ។
មហានគរត្រូវចាមវាយប្រហារបំផ្លិចបំផ្លាញ ដណ្ដើមយកបាននៅថ្ងៃ១៥កើត ខែចែត្រ គ.ស ១១៧៧ ស្ដេចខ្មែរជ្រែករាជ ព្រះបាទត្រីភុវ័នអាទិត្យ បានស្នើសុំចរចាធ្វើសន្ដិភាព នឹងស្ដេចចាមដែរ តែស្ដេចនគរចំប៉ាមិនយល់ព្រម ហើយក៏បានធ្វើគតព្រះអង្គក្នុងគ្រានោះទៅ។ នគរចំប៉ាក៏បានចាប់ផ្ដើមកាន់កាប់ត្រួតត្រាប្រទេសកម្ពុជាពីថ្ងៃនោះមក(3)។
១ = រាជធានឥន្រ្ទបុរៈ ស្ថិតនៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ត្រង់ចំនុចត្រាកីវ ខាងលិចមីសឹង។
២ = ដាន់រាំងបច្ចុប្បន្ននៅទីក្រុងមួយក្នុងប្រទេសវៀតណាម។
3 = ព្រឹត្ដិការណ៍ចាមវាយប្រហារដណ្ដើមយកមហានគរបាន គេពុំដែលឃើញមានការកត់ត្រារៀបរាប់អធិប្បាយក្នុងពង្សាវតារខ្មែរ ឬរបាយក្សត្រណាមួយឡើយ តើនេះមកពីបុព្វហេតុអ្វី?។
No comments:
Post a Comment