ព្រះសត្ថា បានត្រូវអភិសេកជាលើកទី២នៅដើមឆ្នាំ១៧៣០ ក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបរម្មោរាជាធិរាជរាមាធិបតី» ។ ពេលនោះទ្រង់មានព្រះជន្ម២៧ព្រះវស្សាហើយ ។ ព្រះបិតារបស់ព្រះអង្គដែលបានដាក់រាជសម្បត្ដិថ្វាយព្រះអង្គ បានទទួលព្រះឋានៈជាព្រះឧភយោរាជ ។
នៅក្នុងឆ្នាំបន្ទាប់ មានជនភៀសខ្លួនលាវម្នាក់ រស់នៅភូមិព្រះសូត្រក្នុងខែត្របាភ្នំ ដែលឡប់សតិ បានប្រកាសខ្លួនថា ជាអ្នកមានបុណ្យ ហើយទទួលភារកិច្ចឱ្យចុះមកសម្លាប់ផ្ដាច់ពូជពួកអាណ្ណាមចេញពីកម្ពុជា ។ មានប្រជាជនជាច្រើនជឿជាក់លើជននេះហើយដើរតាមនៅភាគខាងត្បូងនៃព្រះរាជាណាចក្ររហូតទៅដល់ភាគខាងម្ខាងទៀតនៃទល់ដែន ។ ពួកនេះបាននាំគ្នាឆ្លងចូលទៅក្នុងកូសាំងស៊ីន ហើយចាប់កាប់សម្លាប់រាល់ជនអាណ្ណាមណាដែលគេជួបប្រទះ ។ ពេលនោះឧត្ដមសេនីយ៍ដែលគ្រប់គ្រងនៅសាយហ្គនបានបញ្ជូនទ័ពមួយកងតូចឱ្យមកបង្ក្រាប ពួកនេះហើយដេញតាមរហូតដល់ឆ្លងផុតទល់ដែន ។ ពេលមកដល់ស្រុក ដោយមានជំនឿងប់ងុលលើជនលាវ ពួកនេះក៏ចាប់តាំងធ្វើការកាប់សម្លាប់ជាបន្ដទៀត ។ ព្រះរាជាបានចាត់ស្នងការព្រះរាជាណាចក្រឱ្យទៅបង្ក្រាប ហើយពួកនេះក៏បែកខ្ញែកគ្នាអស់ទៅ ។ ស្ដេចអាណ្ណាមនៅពេលដែលបានជ្រាបអំពីហេតុការណ៍កាប់សម្លាប់រង្គាលនេះ ក៏បញ្ជូនកងទ័ពមកវាយកម្ពុជា ដោយមិនបានគិតថា ព្រះរាជាកម្ពុជាបានធ្វើអន្ដរាគមន៍រួចទៅហើយទេ ។ ដោយមិនអាចទប់ទល់នឹងទ័ពអាណ្ណាមបាន ព្រះសត្ថាក៏ភៀសព្រះកាយទៅគង់នៅឯពាមត្រែង ក្នុងខែត្រសន្ទុក ។ ទ្រង់បានកេណ្ឌទ័ពប្រញិបប្រញាប់រួចដឹកនាំមកកាន់ភ្នំពេញជាទីកន្លែងដែលពួកអាណ្ណាមទើបធ្វើដំណើរមកដល់ ។ ព្រះអង្គបានវាយទ័ពអាណ្ណាមឱ្យបរាជ័យ រត់បែកខ្ញែកគ្នាត្រឡប់ទៅកូសាំងស៊ីនវិញ តាមដៃទន្លេទាំង២ ។
ទទួលបានព័ត៌មានស្ដីពីបរាជ័យនេះ ស្ដេចអាណ្ណាមបានចេញបញ្ជាឱ្យកេណ្ឌទ័ពមួយកងធំជាងមុន ចេញដំណើរមកវាយកម្ពុជាទៀត ។
នៅពេលដែលទ័ពអាណ្ណាមមកដល់ភ្នំពេញ ព្រះរាជាដែលទើបតែយាងត្រលប់ជាមួយរាជវង្សានុវង្សមកគង់នៅឧត្ដុង្គ បានភៀសព្រះអង្គម្ដងទៀត ទៅគង់នៅឯពាមក្របៅ ក្នុងខែត្រសន្ទុក ។ ទ្រង់ជ្រើសរើសទ័ពនៅទីនោះ រួចដឹកនាំមកវាយពួកអាណ្ណាម ធ្វើឱ្យពួកនេះបរាជ័យម្ដងទៀត ហើយបង្ខំឱ្យដកថយទៅខែត្រមីថ និងវិញឡុងអស់ទៅ ។ ខែត្រទាំង២នេះជាទឹកដីរបស់កម្ពុជាទេ ក៏ប៉ុន្ដែពួកអាណ្ណាមកាន់កាប់ ហើយដាក់បញ្ចូលជាផ្លូវការជាមួយខែត្រ៣ទៀតដែលគេវាយយកបានពីមុន ។
នៅពេលនោះ ដោយពិនិត្យឃើញថាឧត្ដុង្គស្ថិតនៅជិតភ្នំពេញពេក ព្រះរាជាក៏សម្រេចព្រះទ័យចាកចោលរាជធានីនេះ ដោយនាំរាជបរិពារទៅគង់នៅឯលង្វែកវិញ ឆ្ងាយទៅខាងជើងបន្ដិច ដែលព្រះរាជាមុនៗបានបោះបង់ចោលកាលពីសតវត្សរ៍មុន ។ ដោយហេតុនេះហើយបានជារាជធានីខ្មែររំកិលខិតទៅខាងជើងទៀត ព្រោះខ្លាចអាណ្ណាម ផ្ទុយខុសពីពេលមុនដែលរំកិលខិតមកខាងត្បូង ដោយខ្លាចសៀម ។
នៅក្នុងឆ្នាំ១៧៣៦ ព្រះរាជាព្រះសត្ថា បានដាក់រាជសម្បត្ដិដើម្បីសាងផ្នួស៣ថ្ងៃ រួចទើបលាចាកសិក្ខាបទមកគង់លើរាជបល្ល័ង្ក កាន់អំណាចឡើងវិញ ។
នៅក្នុងឆ្នាំដដែលនោះ ព្រះរាជាមានមន្ទិលសង្ស័យថាព្រះអគ្គមហេសីស្រីសុជាតា ជាបុត្រីរបស់ព្រះជ័យជេដ្ឋា ក្បត់នឹងព្រះអង្គ ឃុបឃិតជាមួយអ្នកអង្គសូរ ឬសម្ដេចព្រះឧទ័យ អ្នកអង្គស្ងួន ហៅ ព្រះស្រីជ័យជេដ្ឋា និងចៅពញាចន្ទ ហៅបទុមរាជា ជាបុត្រាមួយអង្គរបស់ព្រះអង្គទង និងបុត្រារបស់អតីតព្រះរាជាស្រីបទុមរាជា ដែលសុទ្ធតែត្រូវជាបងប្អូនជីទួតមួយរបស់ព្រះអង្គ ចង់ទម្លាក់ព្រះអង្គពីអំណាច ឬក៏ចង់ធ្វើឃាតព្រះអង្គ ។ នៅឆ្នាំបន្ទាប់មកទៀត ដោយសន្សំព្រះទ័យចង់សងសឹកនឹងពួកនេះ ព្រះរាជាបានយាងមកគង់នៅឯភ្នំពេញ រួចហើយក៏រៀបចំវិធានការចាប់ខ្លួន និងកាប់សម្លាប់ព្រះមហេសី និងបក្សពួកទាំងអស់ ។
ក្សត្រាទាំង៣ព្រះអង្គ ពេលដឹងខ្លួនថាព្រះរាជាប្រុងនឹងធ្វើបាបហើយ ក៏គេចខ្លួនចេញពីរាជធានី ហើយប្រមែប្រមូលកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងព្រះរាជាវិញ ។ ការប្រយុទ្ធស៊ីសាច់ហុតឈាមសាហាវខ្លាំងណាស់ អស់រយៈពេលជាច្រើនខែ ។ នៅទីបញ្ចប់ ព្រះរាជាសត្ថា និងព្រះអនុជអ្នកអង្គឯមត្រូវរត់ភៀសព្រះកាយទៅកូសាំងស៊ីន នៅក្នុងឆ្នាំ១៧៣៧ ។ បងប្អូនព្រះស្រីជ័យជេដ្ឋា និងបទុមរាជាបានដេញតាមប្រកិតពីក្រោយ រួចហើយព្រះស្រីជ័យជេដ្ឋាក៏បោះទ័ពនៅនឹងបាភ្នំលើត្រើយខាងកើតទន្លេ ព្រះបទុមរាជាបោះទ័ពនៅលើត្រើយខាងលិច ហើយរៀបចំវិធានការទប់ទល់កុំឱ្យព្រះរាជាព្រះសត្ថាវិលត្រលប់មកវាយយកកម្ពុជាវិញ បើទោះជាព្រះអង្គមានទ័ពអាណ្ណាមជួយក្ដី ។ នៅពេលនោះ អ្នកអង្គម្ចាស់ឯម ដែលព្រះធម្មោរាជាជាបិតាបានប្រទានព្រះនាមរបស់ព្រះអង្គថ្វាយ -នៅសម័យនោះ ការប្រទានព្រះនាមផ្ទាល់ថ្វាយមានន័យថាទ្រង់បានផ្ទេររាល់សិទ្ធិទាំងឡាយថ្វាយ បានវាយចូលលុកលុយខែត្រអង្គរ ជាមួយនឹងកងទ័ពដែលកេណ្ឌបាននៅកូរ៉ាត អស់ពេលច្រើនឆ្នាំមកហើយ ។ ជាមួយគ្នានោះ ស្ដេចសៀមបានប្រគល់ទ័ព២ពាន់នាក់ឱ្យអ្នកអង្គទងជាព្រះបិតុលា ចេញតាមពីក្រោយ ដើម្បីជួយ និងបានឱ្យព្រះធម្មោរាជដឹកនាំទ័ព៣ពាន់នាក់ឡើងទូកមកចុះនៅឯកំពត ។
នៅពេលដែលទ័ពអ្នកអង្គម្ចាស់ឯម និងទ័ពព្រះអង្គទងចុះមកជិតដល់លង្វែកនៅសល់ប្រហែលជា៥០គីឡូម៉ែត្រ ព្រះមហាក្សត្រីស្រីសុជាតាបានកោះប្រជុំរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ដ្រីពិគ្រោះយោបល់ រួចហើយព្រះនាងក៏សម្រេចនាំគ្នាមកជួបក្សត្រទាំង២អង្គនៅឧត្ដុង្គ ។ ក្រោយពីជួបគ្នាបន្ដិចនៅលើទន្លេសាប គេបានសម្រេចថាត្រូវមកជួបជុំគ្នាដោះស្រាយបញ្ហានៅឯភ្នំពេញ ។ ក្សត្រាទាំង២យាងចូលមកក្នុងរាជធានីជាមួយនឹងកងទ័ពទាំងអស់ ហើយគេបានស្រុះស្រួលឯកភាពគ្នាថាលើកព្រះធម្មោរាជាឱ្យគ្រងរាជបល្ល័ង្កឡើងវិញ ។ ប៉ុន្ដែ ព្រះធម្មោរាជាទើបតែបានថ្វាយព្រះនាមរបស់ព្រះអង្គថ្វាយដល់ព្រះរាជបុត្រា ព្រះធម្មោរាជាអង្គឯម ម្ល៉ោះហើយទ្រង់ប្រកែកមិនព្រមទទួលយករាជសម្បត្ដិទេ សូមឱ្យថ្វាយទៅព្រះរាជបុត្រាទៅចុះ ។ ក៏ប៉ុន្ដែរាជវង្សានុវង្សមិនព្រម ពីព្រោះថា មានតែព្រះអង្គទេដែលការចរចាគ្នាអាចទទួលយកបាន ដូច្នេះព្រះអង្គត្រូវតែលះបង់ការផ្ទេរព្រះនាមថ្វាយព្រះរាជបុត្រសិន ។
ដោយមិនសូវសព្វព្រះរាជហឫទ័យប៉ុន្មាន ព្រះធម្មោរាជាបានសម្រេចព្រះទ័យគង់នៅខែត្រទ្រាំង រហូតដល់ឆ្នាំ១៧៣៨ ទាល់តែដល់ពេលដែលមានការចាំបាច់នៅភ្នំពេញ ដែលបានក្លាយជាមជ្ឈមណ្ឌលរបស់ព្រះរាជាណាចក្រ ទើបព្រះរាជវង្សានុវង្សទៅយាងព្រះអង្គឱ្យវិលត្រលប់មកកាន់រាជធានីលង្វែកវិញ (46) ។
No comments:
Post a Comment