ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអតីតមេចលនាក្បាលខ្លាបង្កើតគណបក្សប្រយោជន៍ខ្មែរ
ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យលោក សុខ គឹមរស្មី បង្កើតគណបក្សប្រយោជន៍ខ្មែរ។ ដើម្បីទទួល បានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សប្រយោជន៍ខ្មែរ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមវាក្យខណ្ឌទី២ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនលោកសុខ គឹមរស្មី តំណាងស្ថាបនិកគណបក្សប្រយោជន៍ខ្មែរ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
ការអនុញ្ញាតឲ្យបង្កើតគណបក្សប្រយោជន៍ខ្មែរ គឺបន្ទាប់ពីលោក សុខ គឹមរស្មី តំណាងស្ថាបនិកគណបក្សប្រយោជន៍ខ្មែរ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ។
ការស្នើសុំរបស់សមាជិកអតីត រណសិរ្សប្រឆាំងពីរ ដើម្បីបើកគណបក្សនយោបាយថ្មី «គណបក្សប្រយោជន៍ខ្មែរ” ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្តល់ការយល់ព្រមហើយ ។
លោក ឈិន សារុន ដែលត្រូវបានសមាជ គណបក្ស ជ្រើសរើសជាប្រធានគណបក្ស ប្រយោជន៍ខ្មែរ» ហើយកំពុងរស់នៅ សហរដ្ឋអាមេរិក បាននិយាយថា «យើងទទួលបានលិខិត ជូនដំណឹងយល់ព្រមឥ្យបង្កើតគណបក្សថ្មីឈ្មោះ «គណបក្សប្រយោជន៍ខ្មែរ» ពីក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ នេះ។
លោកបានបន្តដោយអំណរថា «សមាជិក សមាជិកាទាំងអស់របស់គណបក្សប្រយោជន៍ខ្មែរ បានសំដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះដំណឹងជាវិជ្ជមាននេះ។
សូមរំលឹកជូនថា កាលពីថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២០ កន្លងទៅនេះ សមាជិក សមាជិកា សំខាន់ៗភាគច្រើនរបស់ចលនានយោបាយប្រឆាំងពីរ «រណសិរ្សរួបរួមជាតិខ្មែរ » ហៅ ឈ្មោះ «ចលនាក្បាលខ្លា » និង « រណសិរ្សរំដោះជាតិខ្មែរ » បានធ្វើសមាជ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បី រំលាយចោលជាស្ថាពរ នូវចលនានយោបាយប្រឆាំងទាំងពីរខាងលើនេះ ហើយប្រកាសបង្កើត គណបក្សនយោបាយឈ្មោះ គណបក្ស ប្រជាជាតិខ្មែរ វិញ។ ក្រោយពេលដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្ស នៅក្រសួងមហាផ្ទៃ នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ មក ក្រសួងមហាផ្ទៃ បានសុំ ឲ្យប្តូរឈ្មោះ គណបក្ស ប្រជាជាតិខ្មែរ និងរូបសញ្ញាចេញ ហើយសុំឲ្យជ្រើសរើសឈ្មោះ និងរូបសញ្ញាថ្មី ជំនួសវិញ និងរូបសញ្ញាគណបក្សដ៏ទៃទៀត ។ ក្រោយពេលធ្វើការជ្រើសរើស ផ្លាស់ប្តូរ និងបានដាក់ជូនក្រសួងធ្វើការសម្រេចជាបន្តបន្ទាប់មក ទើបក្រសួងមហាផ្ទៃបានចេញលិខិតអនុញ្ញាតឲ្យប្រើឈ្មោះ គណបក្សប្រយោជន៍ខ្មែរ និងរូបសញ្ញាថ្មី ជាផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះ។
លោក សុខ គឹមរស្មី ប្រធានស្តីទីរបស់គណបក្ស ប្រយោជន៍ខ្មែរ និងជាតំណាងប្រធានស្ថាបនិក ក្នុងការចុះបញ្ជី គណបក្សបាននិយាយថា « ក្រោយពេលយើងទទួលបានការ យល់ព្រមប្រើ ប្រាស់ឈ្មោះ និងរូបសញ្ញាថ្មីជាផ្លូវការហើយយើង និងខិតខំធ្វើការចុះបញ្ជីគណបក្សឲ្យបានចប់សព្វគ្រប់ ត្រឹមត្រូវតាម ច្បាប់ក្នុងពេលឆាប់ៗខាងមុខនេះ។
No comments:
Post a Comment