Saturday, February 24, 2024

បាត់ដំបងសម័យលោកម្ចាស់ ១៧៩៥~១៩០៧

ព្រះមហាក្សត្រខ្មែរដែលឡើងសោយរាជ្យនិងព្រះរាជ្យវង្សានុវង្សខ្មែរដែលទទួលបានគោរមងារដោយមានការគាំទ្រព្រមទាំងជ្រោមជ្រែងពីសំណាក់សៀមមានព្រះនាមដូចតទៅៈ
ខ្សែរាវង្សអាណាចក្រទិសខាងលិច

ភូមិសាស្រ្តនយោបាយ កម្ពុជា ឆ្នាំ ១៧៩៥ ជាសម័យ អន្តរកាល គ្មានស្តេច ស្ថិតក្រោម ការគ្រប់គ្រង សៀម លាវ ចាម យួន និង ការបះបោរទិសខាងលិច
បាត់ដំបងសម័យលោកម្ចាស់ ១៧៩៥~១៩០៧
  1. ១.ព្រះបាទធម្មរាជា (អង្គចន្ទទី ១ ) ១៤៨៦-១៥០៤
  2. ២.ព្រះពញ្ញាអុង(ញាតិវង្ស)សៀមតែងតាំងជាចៅហ្វាយខេត្តសុវណ្ណខ័តលោក
  3. ៤.ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨
  4. ៥.សម្តេចព្រះកែវហ្វាអង្គអឹម រាជ្ជកាលទី១ ១៦៩៩-១៧០០
  5. (រាជ្ជកាលទី២ ១៦១០-១៧២២ រាជ្ជកាលទី៣ ១៧២៩
  6. ៦.ព្រះរាមាធិបតីព្រះអង្គនន់ អង្គនន់ទី២ [១៧៧៥-១៧៧៩]
  7. ៧.ព្រះនារាយ៍រាមាធិបតីព្រះអង្គអេង [១៧៧៩-១៧៩៦]
  8. ៨.ព្រះឧទ័យរាជាអង្គចន្ទ (អង្គចន្ទទី២) ១៨០៦-១៨៣៤
  9. ៩.ព្រះអង្គស្ងួន(ព្រះញាតិវង្ស)សៀមតែងតាំងជាមហាឧបរាជ
  10. ១០.ព្រះអង្គអឹម(ព្រះញាតិវង្ស) សៀមតែងតាំងជាមហាឧបរាជ
  11. ១១.ព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង ១៨៤០-១៨៥៩


Library Nokorphnom បណ្ណាល័យនគរវ្នំ 5 April 2016 ·
អាណាចក្រខែត្រ បាត់ដំបង សម័យលោកម្ចាស់ ចន្លោះពីឆ្នាំ១៧៩៥~១៩០៧ គ្រប់គ្រង៦ជំនាន់ រយៈពេល ១១២ឆ្នាំ ក្រោមចំនុះឲ្យអាណាចក្រក្រុងទេព នគរសៀម។ ចៅហ្វា បែន ងារជាចៅហ្វាទុលហៈ (នាយករដ្ឋមន្ត្រី) បានកាន់កិច្ចការព្រះនគរជំនួស បន្ទាប់ពីព្រះបាទ អង្គ អេង ដែលជាព្រះបិតាបស់ ព្រះអង្គ ឌួង សុគតទៅ នៅឆ្នាំ១៧៩៦ ដោយព្រះរាជបុត្រព្រះអង្គ អេង ដូចជា ព្រះអង្គ ចន្ទ ព្រះអង្គអ៊ឹម ព្រះអង្គ ឌួង នៅវ័យកុមារតូចៗ ដូចនេះកិច្ចការនគរ ត្រូវដឹកនាំដោយ ចៅហ្វាទុលហៈ បែន ហើយខែត្របាត់ដំបងត្រូវឋិតជាខេត្តស្វ័យត័ត្រួតត្រាដោយខ្សែ ស្រឡាយត្រកូល ចៅហ្វា បែន រឺសម័យលោកម្ចាស់ រយៈពេល៦ជំនាន់ ដោយចំនុះឲ្យ នគរសៀម រហូតដល់ឆ្នាំ១៩០៧ ទើបព្រះបាទ ស៊ីសុវត្តិ និងរាជបារាំង យកពីសៀមមកឲ្យខ្មែរវិញ។

ផែនទី បំព្រួញរាជវង្សខ្មែរ មកពី អាណាចក្រទាំង ៤


ផ្ទះភូមិគ្រឹះ ចៅហ្វា ឈុំ លោកម្ចាស់ សព្វថ្ងៃយកធ្វើជាសាលាខេត្ត បាត់ដំបង ។
  • ១. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
  • ២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
  • ៣. ព្រះអង្គ អេង
  • ៤. ព្រះអង្គ អេង (ចប់)
  • ៥. រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត
  • ៦. History of Battambang
  • ៧. ក្រុងស្យាមចាត់ព្រះរាជពិធីបុណ្យរំលាយព្រះសពអតីតបុត្រីស្ដេចថៃដែលមានឈាមខ្មែរ
  • ៨. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
  • ៩. ពស់ក្បាលពីរ៖ ប៉ុក ផល្គុន ឬ ព្រះពិសេស ពានិជ
  • ១០. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត”
១. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
គួង អភ័យវង្ស
ควง อภัยวงศ์

ឧត្ដមសេនីយ​ត្រី គួង អភ័យវង្ស កើត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩០២ គឺ​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​៤​អណត្តិ និង​ជា​​អ្នក​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​ដំបូង​បំផុត​របស់​ប្រទេស​ស្យាម។
ផែនទី ខេត្ត ស្យាមនគរ ឬ សៀមរដ្ឋ ១៨៦៧ ដល់ ១៩០៧

ផែនទី ខេត្ត ស្យាមនគរ ឬ សៀមរដ្ឋ ១៨៦៧ ដល់ ១៩០៧
ឧត្ដមសេនីយ​ត្រី គួង អភ័យវង្ស គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សមាជិក​ដទៃ​ទៀត​របស់​ក្រុម​គណៈ​រាស្ត្រ ដែល​បាន​ធ្វើ​បដិវត្ត​ផ្លាស់​ប្ដូរ​របប​រាជាធិបតេយ្យ​ផ្ដាច់​ការ​មក​ជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញា នា​ឆ្នាំ​១៩៣២ និង​ធ្លាប់​មាន​បណ្ដា​ស័ក្ដិ​ជា ហ្លួង​កោវិទអភ័យវង្ស។

ឧត្ដមសេនីយ​ត្រី គួង អភ័យវង្ស គឺ​ជា​អ្នក​ដែល​បង្កើត​ក្រសួង​គមនាគម ក្រៅ​ពី​នេះ ក៏​ធ្លាប់​កាន់​តំណែង​ជា​ច្រើន​ដូច​ជា​អធិបតី​ក្រុម​ប្រៃសណីយ៍​ទូរលេខ, រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ, រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ, រដ្ឋមន្ត្រី​ក្រសួង​ក្សេត្រាធិការ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ប្រវត្តិ

នាយ គួង អភ័យវង្ស កើត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩០២ នៅ​ខេត្ត​បាត់ដំបង (កកន៖ ថៃ​បាន​ប្រែ​ឈ្មោះ​ជា​ខេត្ត​ព្រះដំបង សូម​អាន​ប្រកាស រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម) ដែល​ខណៈ​នោះ ស្ថិត​ក្នុង​មណ្ឌល​បូព៌ា របស់​រាជអាណាចក្រ​ស្យាម ជា​បុត្រ​របស់ ចៅ​ពញា​អភ័យភូបេស (ឈុំ អភ័យវង្ស) (កកន៖ លោក​ម្ចាស់​ឈុំ គឺ​ជា​បុត្រ​របស់​ព្រះ​កថា​ថន ញ៉ុញ ដែល​ជា​បុត្រ​របស់​ហ្លួង អង្គ​ដូង ហេតុ​ដូច​នេះ គួង អភ័យវង្ស គឺ​ជា​ចៅ​ទួត​របស់​ព្រះ​បាទ អង្គ​ដួង) ដែល​ជា​អ្នក​សម្រេច​រាជការ​ខេត្ត​បាត់ដំបង។

នាយ គួង អភ័យវង្ស បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩៦៨ ក្នុង​អាយុ​៦៦​ឆ្នាំ ដោយ​រោគា​ពាធ។

ត្រកូល​អភ័យវង្ស

ពី​នាម​ត្រកូល​របស់​នាយ គួង គឺ “អភ័យវង្ស” ជា​ត្រកូល​ដែល​បន្ត​ពូជ​ពង្ស​ពី ចៅ​ពញា​អភ័យ​ភូបេស្ស និង​ចៅ​ពញា​ក​ថាថន​ធរនិន្ទ្រ ដែល​ជា​អ្នក​គ្រប់​គ្រង​ដែន​ដី​មណ្ឌល​បូព៌ា ដែល​ជា​ខេត្ត​ដែន​ក្នុង​ប្រួទេស​កម្ពុជា​នា​បច្ចុប្បន្ន តាំង​ពី​រជ្ជកាល​ទី​១ រហូត​ដល់​រជ្ជកាល​ទី​៥ ដែល​ជា​ការ​ផ្សែ​ផ្សំ​សញ្ជាតិ​ថៃ​និង​ខ្មែរ រហូត​មិន​អាច​ញែក​ចេញ​ពី​គ្នា​បាន។ គ្រា​មួយ​នៅ​ពេល​មាន​ការ​បោះ​ឆ្នោត នាយ ខួង អភ័យវង្ស ត្រូវ​បាន​បក្ស​ម្ខាង​ទៀត​ចោទ​ប្រកាន់​ថា​ខ្លួន​មាន​បុព្វបុរស​មិន​មែន​ជន​ជាតិ​ថៃ តែ​ជា​ជន​ជាតិ​ខ្មែរ ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ នាយ​ ខួង បាន​អះអាង​ក្នុង​ឆ្នាំ​១៩៦៣​ពី​កំណើត​ត្រកូល​នេះ​ឲ្យ​អ្នក​ស្ដាប់​ពិចារណា និង​កាត់​សេចក្ដី​ដោយ​ខ្លួន​ឯង ដោយ​សារ​ខ្លួន​ឯង​មិន​អាច​សម្រេច​បាន។

ការ​សិក្សា
  1. ចាប់​ផ្ដើម​សិក្សា​អក្សរ​ជាមួយ ខុន ឧទ័យរាជភក្ដី អ្នក​មើល​ការ​ខាង​មាតា
  2. សាលា​រៀន​ទេព​គិរិន្ទ្រ ឆ្នាំ​១៩១០ អត្ដលេខ ទ.ឝ.​៦៤៦
  3. សាលា​រៀន ​អាសាំសិន
  4. សិក្សា​វិជ្ជា​វិស្វកម្ម​យោធា នៅ​ប្រទេស​បារាំង
  5. រយៈ​ពេល​តម្រុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ
អណត្តិ​ទី​១៖ ០១ សីហា ១៩៤៤ ដល់ ៣១ សីហា ១៩៤៥ (គណៈរដ្ឋមន្ត្រី​ទី​១១)
អណត្តិ​ទី​២៖ ៣១ មករា ១៩៤៦ ដល់ ២៤ មីនា ១៩៤៦ (គណៈរដ្ឋមន្ត្រី​ទី​១៤)
អណត្តិ​ទី​៣៖ ១០ វិច្ឆិកា ១៩៤៨ ដល់ ២១ កុម្ភៈ ១៩៤៩ (គណៈរដ្ឋមន្ត្រី​ទី​១៩)
អណត្តិ​ទី​៤៖ ២១ កុម្ភៈ ១៩៤៩ ដល់ ០៨ មេសា ១៩៤៩ (គណៈរដ្ឋមន្ត្រី​ទី​២០)
បក​ប្រែ​ផ្នែក​ខ្លះ​​ពី​វីគីភីឌា ភាសា​ថៃ

រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
កកន៖ មិត្រៗជាទីមេត្រី! អាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ និងដឹងឮតាមអ្នកប្រវត្តិសាស្ត្រថាជាចក្រភពដ៏ធំអស្ចារ្យក្នុងជ្រោយសុវណ្ណភូមិនេះ។ សម័យកាលក្រោយៗ មកអាណាចក្រនេះបានធ្លាក់ចុះអានុភាពខ្លួនបន្តិចៗម្ដងៗ គ្មានថ្ងៃរើរួចរហូតដល់ផែនដីនេះត្រូវបានជាតិកុលសម្ព័ន្ធផ្សេងៗ វាយដណ្ដើមយកមកកាន់កាប់រហូតមកដល់សព្វថ្ងៃ។

ប្រទេសសៀម ឬថៃបច្ចុប្បន្ន បានឈ្លានពានខែត្រភាគខាងលិចរបស់ខ្មែរនេះ តាំងពីសតវត្សរ៍​១៥-១៦-១៧-១៨ និងបានកាប់កាប់ខែត្រនេះអស់រយៈពេលយ៉ាងធំ។

តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់ឲ្យកម្ពុជាវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណ និងចុងកាល់ ដោយប្តូរនិងខែត្រត្រាត និងតំបន់ដាចសេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ ប៉ុន្មានខែក្រោយមក ព្រះករុណា ព្រះបាទ សិរីសុវត្ថិ ទ្រង់បានចេញព្រះរាជប្រកាសលេខ៦៦ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩០៧ កំណត់ដែនដីបាត់ដំបង ត្រូវបែងចែកជា៣ខែត្រ គឺ ខែត្របាត់ដំបង ខែត្រសៀមរាប និងខែត្រសិរីសោភ័ណ។ (គេហទំព័រខែត្របាត់ដំបង)។

នៅចុងសតវត្សរ៍ទី១៨ ដល់ដើមសតវត្សរ៍ទី២០ បាត់ដំបង បានធ្លាក់ក្រោមអំណាចត្រួតត្រា ជិះជាន់របស់ពួកសៀម អស់រយៈពេលជាងមួយសតវត្សរ៍ ហើយស្ដេចរាមាទី១ របស់សៀមបានប្រែឈ្មោះខែត្រភាគខាងលិចរបស់ខ្មែរនោះជា “ខែត្រព្រះដំបង”។

តទៅនេះខ្ញុំសូមជូនសេចក្ដីរឿងរ៉ាវខែត្រព្រះដំបង តាមទស្សនៈសៀមដូចតទៅ៖
ខែត្រព្រះដំបង(จังหวัดพระตะบอง)

ខែត្រព្រះដំបង ជាខែត្រមួយក្នុងចំណោមខែត្រ៤ របស់ប្រទេសថៃ ដែលយកបានត្រឡប់ពីបារាំងសែស ក្នុងគ្រា គ.ស១៩៤១ ដោយបង្កើតក្រុងព្រះដំបង ឡើងជាខែត្រព្រះដំបង ដែលផ្ទៃដីដើមរបស់ខែត្រតាំងនៅភូមិភាគបូព៌ា (បើគិតទីតាំងភូមិសាស្ត្រប្រទេសថៃ បាត់ដំបងគឺស្ថិតនៅបូព៌ាប្រទេស) ក្នុងសម័យរជ្ជកាលទី៥ ហើយត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់បារាំងសែសក្នុងឆ្នាំ១៩០៧។ នៅពេលចប់សង្គ្រាមលោកលើកទី២ ថៃបានបាត់បង់ដែនដីខែត្រវិបុលសង្គ្រាម ទៅឲ្យបារាំងសែស ដែលពេលនោះគ្រប់គ្រងប្រទេសកម្ពុជា។ បច្ចុប្បន្នដែនដីទីនោះ គឺខែត្រព្រះដំបង (បាត់ដំបង) និងក្រុងប៉ៃលិន ប្រទេសកម្ពុជា។

ក្រុមសិល្បករបានកំណត់ខែត្រព្រះដំបងប្រើត្រាប្រចាំខែត្រ ដោយមានរូបពញាគោត្រត្របង ឈរកាន់ដំបង តាមតំណាលរឿងនៅទីនោះដែលកើតជាហេតុឈ្មោះខែត្រ។

ត្រាប្រចាំខែត្រព្រះដំបង មានរូបមនុស្សឈរកាន់ដំបង និងមានអក្សរសរសេរពីខាងក្រោមថា จังหวัดพระตะบอง (ប្រែថា៖ ខែត្រព្រះដំបង)

រចនាសម្ព័ន្ធគ្រប់គ្រង

ក្នុងគ្រាដំបូងនៃការតាំងខែត្រនេះ ត្រូវបានបែងការគ្រប់គ្រងចេញជាស្រុកចំនួន៧ តាមព្រះរាជប្រកាសចុះថ្ងៃទី ២៣ ខែកក្កដា គ.ស១៩៤១ ដូចតទៅនេះ៖

១. ស្រុកមឿងព្រះដំបង តាមឈ្មោះដើម
២. ស្រុកព្រហ្មយោធី តាមឈ្មោះដើមស្រុកសង្កែ
៣. ស្រុកអធិកទេវតេជ តាមឈ្មោះដើមស្រុកឫស្សី (មោងឫស្សី?)
៤. ស្រុកមង្គលបុរី តាមឈ្មោះដើម
៥. ស្រុកស៊ីសុផុន តាមឈ្មោះដើមសេរីសោភ័ណ
៦. ស្រុកសិន្ធុសង្គ្រាមជ័យ តាមឈ្មោះដើមស្រុកទឹកជោរ
៧. ស្រុកប៉ៃលិន តាមឈ្មោះដើម

តមករាជការបានផ្លាស់ប្ដូរការគ្រប់គ្រងខែត្រព្រះដំបងជាថ្មី ដោយបំបែកស្រុកស៊ីសុផុន និងស្រុកសិន្ធុសង្គ្រាមជ័យ ទៅជាខែត្រវិបុលសង្គ្រាម នាខែធ្នូ ឆ្នាំដដែរនេះ។

មកដល់ គ.ស១៩៤៦ ខែត្រព្រះដំបងមានស្រុកគ្រប់គ្រងចំនួន៥ គឺ ស្រុកមឿងព្រះដំបង ស្រុកព្រហ្មយោធី ស្រុកអធិកទេវតេជ ស្រុកមង្គលបុរី និងស្រុកប៉ៃលិន។

ក្រោយមកនៅខែមេសា គ.ស១៩៤៣ ស្រុកអធិកទេវតេជ ត្រូវបានប្ដូរឈ្មោះមកជាស្រុករណនភាកាស បន្ទាប់ពីមេបញ្ជាការទ័ពអាកាស (ពលទោ ហ្លួងអធិកទេវតេជ) លាចេញពីតំណែង។

ផែនទីខែត្រព្រះដំបង (ស្ដែងដោយផ្ទៃពណ៌ក្រហម)

ចំណាំ៖

  1. ឈ្មោះស្រុកផ្សេងៗ ក្នុងបណ្ដាខែត្រទាំងបួន ដែលបានពីបារាំងសែសនោះ ភាគច្រើនតាំងឈ្មោះតាមបុគ្គលដែលមានជ័យក្នុងសង្គ្រាមនៅឥណ្ឌូចិន។ នៅខែត្រព្រះដំបង មានឈ្មោះស្រុកដែលមានលក្ខណៈដូចតទៅនេះ៖
  2. ស្រុកព្រហ្មយោធី តាំងឈ្មោះតាម នាយពលឯកហ្លួងព្រហ្មយោធី (មិករ ព្រហ្មយោធី តំណែងចុងក្រោយជា ពលឯក)
  3. ស្រុកអធិកទេវតេជ តាំងឈ្មោះតាម ពលអាកាសទោ ហ្លួងអធិកទេវតេជ (បុណ្យចៀម កោមលមិស្រ) មេទ័ពអាកាស
  4. ស្រុកសិន្ធុសង្គ្រាមជ័យ (ក្រោយមកបំបែកទៅជាខែត្រវិបុលសង្គ្រាម) តាំងឈ្មោះតាម នាយពលត្រី ហ្លួងសិន្ធុសង្គ្រាមជ័យ (សិន្ធុ កមលនាវិន តំណែងចុងក្រោយគឺពលរឿឯក) មេបញ្ជាការទាហានជើងទឹក និងជាមេទ័ពជើងទឹកនៅគ្រានោះ៕
ប្រែពី៖ វីគីភីឌៀភាសាថៃ
  •  ព្រះអង្គ អេង  ព្រះអង្គ អេង (ចប់)
កកន៖ ប្រសិនបើលោកអ្នកមិនស្គាល់ថៃឲ្យបានជ្រៅទេ លោកអ្នកក៏ប្រហែលមិនបានដឹងថាថៃដឹងអ្វីពីយើង (ខ្មែរ) ចេះអ្វីពីយើង ស្គាល់អ្វីពីយើង ។ល។ នោះទេ។ ជនថៃមិនតិចទេ ដែលគេមានជំនាញពីខ្មែរ។ ស្គាល់ខ្មែរច្បាស់ជាងខ្មែរស្គាល់ខ្លួនឯងផងទៀត។ នៅពេលដែលជាតិខ្មែរបានចម្រុងរុងរឿង យើងសង្ឃឹមថានឹងមានអ្នកជំនាញជាជនជាតិខ្មែរយើង អំពីប្រទេសនានានៅលើពិភពលោក ដើម្បីបានជាប្រយោជន៍ដល់ខេមរប្រទេស។

ខ្ញុំបានឃើញថាជនជាតិថៃនេះបានសរសេរពីប្រវត្តិទាក់ទងនឹងខ្មែរយើងច្រើនគួរសមណាស់ ហើយជាធម្មតាទេ ដែលគេសរសេរទាញយកចំណុចវិជ្ជមានដាក់ខ្លួនគេជាដរាប នេះហើយជាចំណុចលើសទាក់ទងនឹងជាតិគេ សម្រាប់ជនជាតិគេ នេះហើយជាអ្វីដែលខ្មែរគួរពិចារណាឡើងវិញ។

ដូចយើងបានដឹងស្រាប់ហើយ ម្ដងនោះ ជាតិខ្មែរសឹងតែនឹងបាត់រូបរាងដោយសារសង្គ្រាមរវាងពួកយួន និងសៀម វ៉ៃដណ្ដើមគ្នាយកស្រុកខ្មែរ។ ទម្រាំតែខ្មែរដោះដៃចេញបានពីពួកទាំងពីរនេះ ប្រទេសយើងសឹងតែរលាយសាបសូន្យទាំងវប្បធម៌ ទាំងផែនដី។

ចុល្លតា ភ័ក្ដីភូមិន្ទ្រ (จุลลดา ภักดีภูมินทร์) គឺជាអ្នកជំនាញខាងប្រវត្តិសាស្ត្រថៃខ្មែរមួយរូបដែលបានសរសេរអត្ថបទជាច្រើនទាក់ទងនឹងខ្មែរសៀម សម័យដែលស្រុកយើងធ្លាក់ក្រោមការត្រួតត្រារបស់សៀម។ អត្ថបទជាច្រើនត្រូវបានគាត់សរសេរ និងយកទៅចុះក្នុងទស្សនាវដ្ដីនានា ដើម្បីឲ្យជាតិគេបានយល់ បានដឹង។ ឈ្លៀតពេលទំនេរ ខ្ញុំបានបកប្រែអត្ថបទមួយចំនួនមកជាភាសាខ្មែរ យកមកដាក់នៅទីនេះសម្រាប់ជាឯកសារ ឬអ្នកណាមានចំណាប់អារម្មណ៍អានក៏តាមសប្បាយ។

អត្ថបទដែលលោកបានសរសេរនោះមានចំណងជើងថា «นักองเอง» ប្រែជាខ្មែរថា អ្នកអង្គ អេង គឺជាព្រះមហាក្ស័ត្រិយ៍ខ្មែរយើងនេះឯង ក៏ប៉ុន្តែ ផ្ទៃអត្ថបទទាំងមូលនិយាយភាគច្រើនទាក់ទងនឹងព្រះអង្គ ដួង ទៅវិញ។ ដើម្បីកុំឲ្យខាតពេល សូមអញ្ជើញអានអត្ថបទប្រែ ដើម្បីទុកជាគតិដូចតទៅ៖
ព្រះអង្គ អេង
ដោយ៖ ចុល្លតា ភ័ក្ដីភូមិន្ទ្រ
ប្រែ៖ សុភ័ក្ត្រ

ច្បាប់ទី២៦០៥ ឆ្នាំទី៥០ ប្រចាំថ្ងៃអង្គារ ទី២១ ខែកញ្ញា ព.ស.២៥៤៧ (គ.ស.២០០៤)

ចាប់តាំងពីការបង្កើតក្រុងទេពរតនកោសិន្ទ្រ (១) “ព្រះករុណា” (ខ្មែរហៅព្រះមហាក្ស័ត្រិយ៍ខ្លួនថា “ព្រះករុណា” ប្រហាក់ប្រហែលនឹងជនជាតិថៃដែលហៅថា “នៃហ្លួង” ‘ในหลวง’) របស់ខ្មែរ បានមករស់នៅក្រុងរតនកោសិន្ទ្រ តាំងពីក្មេងៗរហូតស្ដេចផែនដីថៃបានលើកឲ្យសោយរាជ្យ ជា “ព្រះករុណា” នោះ មាន៣ព្រះអង្គ គឺ៖

អ្នកអង្គ អេង (ថៃហៅ ព្រះអង្គ អេង) នៅក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក មហារាជ នៅក្រុងទេពមហានគរ តាំងពីព្រះជន្ម៩វស្សា និងសោយរាជ្យក្នុងព្រះជន្ម២១វស្សា អ្នកអង្គ ដួង (ព្រះអង្គ ដួង) ឱរសអ្នកអង្គ អេង នៅក្នុងផែនដីរជ្ជកាលទី៣ នៅក្នុងទេពមហានគរ តាំងពីព្រះជន្ម១៦វស្សា ត្រឡប់ទៅខ្មែរវិញជាមួយពញាបតិន្ទ្រតេជោ (សិង្ហ) នៅពេលមានព្រះជន្ម៤៣ ទម្រាំបង្ក្រាបយួនបាន និងឡើងសោយរាជ្យនៅព្រះជន្ម៥១វស្សា។

អ្នកអង្គ រាជាវតី (២) ឱរសអ្នកអង្គ ដួង នៅក្នុងផែនដីព្រះបាទសម្ដេចព្រះចមក្លៅ រជ្ជកាលទី៤។ ប្រសូតនៅក្នុងទេពមហានគរ ក្នុងផែនដីព្រះបាទសម្ដេចព្រះន័ងក្លៅ។ រហូតដល់ព្រះជន្ម២០វស្សា ព្រះបាទសម្ដេចព្រះចមក្លៅ ព្រះរាជទានព្រះផ្នួសរួចហើយ ព្រះអង្គត្រឡប់ទៅខ្មែរវិញធ្វើជាព្រះមហាឧបរាជនៅក្នុងផែនដីព្រះបិតា គឺអ្នកអង្គ ដួង។ ក្រោយមកបានបន្តរាជពីព្រះបិតា នៅពេលព្រះជន្ម២៣វស្សា។

ព្រះអង្គ ដួង ទ្រង់រស់នៅប្រទេសថៃយូររហូតដល់២៩ឆ្នាំ រហូតដល់ជនជាតិថៃនៅក្រុងទេពមហានគរសម័យនោះ គិតថាទ្រង់ជាស្ដេចថៃទៅហើយ និងនាំគ្នាហៅព្រះអង្គ ដួង យ៉ាងស្និទ្ធស្នំ ដូចហៅស្ដេចថៃយ៉ាងនោះដែរ និងមានសាវឡឹកជាជនថៃ ធិតាខុនណាង និងអ្នកអង្គម្ចាស់ និងអង្គម្ចាស់ជាច្រើនផងដែរ។

ដោយសារតែព្រះករុណាខ្មែរ មួយព្រះអង្គៗមករស់នៅក្នុងក្រុងទេពមហានគរមានរយៈពេលយូរៗ នៅពេលត្រឡប់ទៅគ្រងរាជ្យវិញ ពិធីការផ្សេងៗនៅក្នុងរាជសំណាក់មានតែងតែឆ្លងទំនៀមបែបផែនដូចរាជសំណាក់ថៃដែរ ជាពិសេសព្រះអង្គរាជាវតី ឱរសព្រះអង្គ ដួង ដែលទ្រង់ចេះស្ទាត់ភាសាថៃជាងភាសាខ្មែររបស់ទ្រង់ទៅទៀត ដោយសារទ្រង់ប្រសូតនៅក្នុងក្រុងទេពមហានគរ ក្នុងរជ្ជសម័យទី៣ ព្រះបាទសម្ដេចព្រះចមក្លៅ ទ្រង់ឧបត្ថម្ភថែរក្សារហូតមក រហូតដល់អាយុគ្រប់បួស។

ព្រះអង្គរាជាវតីនេះ នៅពេលព្រះអង្គឡើងគ្រងរាជ្យជួនពេលល្មមដែលបារាំងបានមកកាន់កាប់យួន ទើបគ្របឥទ្ធិពលចូលមកដល់ខ្មែរ និងដោយសារបារាំងគិតថា ខ្មែរក្លាយជារបស់យួន និងរបស់ថៃផង ព្រោះបានបញ្ជូនសួយសាអាករទៅឲ្យទាំងយួន និងថៃ ដូចនេះបារាំងគិតថា នៅពេលដែលយួនបានក្លាយជារបស់បារាំងហើយ ខ្មែរក៏ត្រូវក្លាយជារបស់បារាំងដែរ។

ហេតុដូចនេះហើយ នៅក្នុងពិធីរាជាភិសេកព្រះអង្គរាជាវតីនោះ ទាំងបារាំង និងថៃ ទើបតែងតាំងខ្ញុំរាជការឲ្យទៅចូលរួមពិធីរាជាភិសេកព្រមគ្នា។

នៅខណៈគ្រងរាជ្យនោះ ក៏ត្រូវបារាំងបង្ខិតបង្ខំរហូតមក និងរហូតដល់បង្គាប់ឲ្យចុះព្រះនាម លើសិទ្ធិសញ្ញាប្រគល់អំណាចឲ្យបារាំងគ្រប់គ្រង។

រឿងនេះព្រះអង្គរាជាវតី ឬ សម្ដេចព្រះនរោត្ដមព្រហ្មបរិរក្ស (តាទួតរបស់នរោត្ដម សីហនុ) ទ្រង់បានចេញចុតហ្មាយសម្ងាត់មួយថ្វាយព្រះបាទសម្ដេចព្រះចមក្លៅថា ទ្រង់នៅស្វាមីភ័ក្ដិ និងមិនមានគំនិតចាកចេញពីថៃទេ ដោយសារតែរាជការសៃហ្កនបាននាំទូកប្រយុទ្ធ និងកាំភ្លើងធំមកដាក់ពីមុខក្រុងភ្នំពេញ ហើយបង្ខំឲ្យចុះហត្ថលេខា។

នៅមានមិត្រអ្នកអានសង្ស័យពីរឿងសឹកយួន ដែលចៅពញាបតិន្ទ្រតេជោ ចេញទៅធ្វើសង្គ្រាមយូររហូតដល់ទៅ១៥ឆ្នាំ។ 

 (ត​ពី​លេខ​មុន) នៅ​មាន​មិត្រ​អ្នក​អាន​សង្ស័យ​ពី​រឿង​សឹក​យួន ដែល​ចៅ​​ពញា​បតិន្ទ្រ​តេជោ ចេញ​ទៅ​ធ្វើ​សង្គ្រាម​យូរ​រហូត​ដល់​ទៅ​១៥​ឆ្នាំ។

សូម​សរុប​រឿង​សឹក​យួន​-ខ្មែរ​-ថៃ ដែល​ជា​វីរកម្ម​របស់​ចៅពញា​បតិន្ទ្រតេជោ “ខុនពលកែវ” គូ​ព្រះទ័យ​ព្រះបាទ​សម្ដេច​ព្រះ​ន័ងក្លៅ ដែល​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ចាត់​ការ​ឲ្យ​ស្រុក​ខ្មែរ​ស្ងប់​សុខ នឹង​អភិសេក​ឲ្យ​ព្រះ​អង្គ ដួង ឡើង​គ្រង​រាជ្យ​ជា​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សាធិបតី ជា​ព្រះ​ចៅ​ផែន​ដី​ខ្មែរ (តាំង​ពី​ព.ស.​២៣៧៦-ព.ស.​២៣៩០) សរុប​ដូច​ត​ទៅ​នេះ៖

នៅ​ព.ស.​២៣៧៦ ពួក​យួន​នៅ​ក្រុង​សៃហ្កន​ក្បត់​ចំពោះ​ស្ដេច​វៀតណាម​មិនណាង (ឱរស​របស់​សឿងឡុង) ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ ទ្រង់​ថ្នាក់​ថ្នាំង​នឹង​យួន​មក​ហើយ តាំង​ពី​រជ្ជកាល​ទី​២ រហូត​មក​ដល់​ដើម​រជ្ជកាល​ព្រះ​អង្គ ដោយ​យួន​ព្យាយាម​យាយី រហូត​គាំទ្រ​អ្នក​អង្គ​ ច័ន្ទ (បង​ប្រុស​ច្បង​របស់​ព្រះ​អង្គ ដួង) ឲ្យ​ក្រអឺតក្រទម​ជាមួយ​នឹង​ថៃ រួច​បាន​ចូល​ទៅ​គ្រប់​គ្រង​ជា​ម្ចាស់​របស់​ខ្មែរ។

ហេតុ​នេះ​ហើយ​ទើប​ទ្រង់​មាន​ព្រះរាជ​តម្រិះ​ថា​នឹង​យក​ខ្មែរ​ចេញ​ពី​អំណាច​យួន​មក​វិញ កុំ​ឲ្យ​យួន​បាន​ចិត្ត​ពេក ទើប​ទ្រង់​ឲ្យ​ចៅ​ពញាបតិន្ទ្រតេជោ ​ជា​មេ​ទ័ព​ជើង​គោក ឲ្យ​ចៅ​ពញា​ព្រះ​ឃ្លាំង (តិស) ជា​មេ​ទ័ព​ជើង​ទឹក លើក​ទៅ​វាយ​ក្រុង​ខ្មែរ និង​យួន​តាម​ដែន​សមុទ្ទ និង​ចូល​ទៅ​វាយ​បង្ក្រាប​ជាមួយ​កង​ទ័ព​ជើង​គោក​ចូល​វាយ​សៃហ្កន​ជាមួយ​គ្នា។ កង​ទ័ព​ជើង​គោក​នោះ នៅ​ពេល​ចូល​ដល់​ដែន​ខ្មែរ សម្ដេច​ព្រះ​ឧទ័យរាជា (អ្នក​អង្គ​ ច័ន្ទ, បង​ប្រុស​ព្រះ​អង្គ​ ដួង) ក៏​ភៀស​ទៅ​សៃហ្កន ពួក​ខ្មែរ​ទើប​ចុះ​ចូល ចៅ​ពញា​បតិន្ទ្រ ទើប​វាយ​ក្រុង​ជាយ​ដែន​យួន ចូល​ទៅ​សន្ធប់​ជាមួយ​កង​ទ័ព​ជើង​ទឹក ដែល​កំពុង​រង់​ចាំ​ចូល​វាយ​បន្ទាយ​ធំ​របស់​យួន ដែល​ជា​ផ្នែក​ព្រែក​ជីក តែ​កង​ទ័ព​ជើង​ទឹក​មាន​ភាព​ចុះ​ខ្សោយ ពួក​ខ្មែរ​ដែល​នៅ​ភាគ​ខាង​ក្រោម​ជាប់​នឹង​អាណា​ខេត្ត​យួន ឃើញ​កង​ទ័ព​ថៃ​ធ្វើ​ការ​មិន​សម្រេច ក៏​នាំ​គ្នា​ក្បត់ ទាំង​កង​ទ័ព​ថៃ​ដែល​ខ្វះ​ខាត​ស្បៀង​អាហារ ក៏​ត្រូវ​លើក​ទ័ព​ត្រឡប់​ទៅ​វិញ។

យួន​បាន​ការ​ទើប​តាំង​រាជ​ការ និង​ទាហាន​នាំ សម្ដេច​ព្រះ​ឧទ័យ​រាជា (អ្នក​អង្គ​ ច័ន្ទ) ត្រឡប់​មក​នៅ​ភ្នំពេញ​វិញ។ ខ្មែរ​ទើប​ធ្លាក់​ក្នុង​អំណាច​យួន​កាន់​តែ​ខ្លាំង​ឡើង។ ព្រះបាទ​សម្ដេច​ព្រះ​ន័ងក្លៅ ទើប​រាជានុញ្ញាត​ឲ្យចៅ​ពញា​បតិន្ទ្រ តាំង​ទ័ព​នៅ​ខេត្ត​បាត់ដំបង(៣) ដែល​ជា​សិទ្ធិ​ខាត​របស់​ថៃ ព្រម​ជាមួយ​នឹង​ខេត្ត​សៀមរាប (៤) តាំង​ពី​រជ្ជកាល​ទី​១ ដោយ​សម្ដេច​ព្រះ​នារាយណ៍​រាមាធិបតី (អ្នក​អង្គ អេង) ថ្វាយ​ជា​សិទ្ធិខាត​ដល់​ថៃ (ដែល​ចៅ​ពញា​អភ័យ​ធិបេស្ស ឬ​អភ័យភូបេស្ស (៥) ដើម​ត្រកូល “អភ័យ​វង្ស” ជា​អភិបាល​ខេត្ត​គ្រប់​គ្រង​រហូត​មក)។

រហួត​មក​ដល់​ព.ស.​២៣៧៧ សម្ដេច​ព្រះ​ឧទ័យរាជា (អ្នក​អង្គ ច័ន្ទ) ទ្រង់​ពិរាល័យ មិន​មាន​ព្រះរាជ​បុត្រ ទើប​ត្រូវ​យួន​លើក​ស្រី​ឲ្យ​ឡើង​សោយរាជ្យ និង​ជម្លៀស​យក​រាជ្យ​វង្ស​ខ្មែរ និង​ខុនណាង​ធំ​តូច​ទៅ​ស្រុក​យួន​អស់។ ពួក​យួន​ក៏​បាន​ចូល​មក​គ្រប់​គ្រង​ខ្មែរ​ដូច​ជា​គ្រប់​គ្រង​ស្រុក​យួន​ដែរ​ ដោយ​បាន​ផ្លាស់​ប្ដូរ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ឲ្យ​ទៅ​ជា​យួន, រើ​វត្ត​អារាម សឹក​ព្រះ​សង្ឃ​សាមណេរ​អស់​ជា​ច្រើន​អង្គ។ ពួក​ខ្មែរ​ត្រូវ​បង្គាប់​ធ្វើ​ស្រែ​យ៉ាង​ទារុណ ក្ដៅ​ក្រហាយ នាំ​គ្នា​បះបោរ។ ស្រុក​ខ្មែរ​ក៏​កលោហល​រហូត​ដល់​ព.ស.​២៣៨០ ពួក​ខុនណាង​ក៏​នាំ​គ្នា​មក​រក​ចៅ​ពញាបតិន្ទ្រតេជោ ដែល​តាំង​បន្ទាយ​ទ័ព​នៅ​ក្រុង​បាត់ដំបង សុំ​មក​រស់​នៅ​ជាមួយ​ថៃ​វិញ និង​សុំ​កម្លាំង​ទៅ​ជួយ​បង្ក្រាប​យួន និង​សុំ​ព្រះរាជទាន ព្រះ​អង្គ ដួង ប្អូន​ប្រុស​សម្ដេច​ព្រះ​ឧទ័យ​រាជា ដែល​កំពុង​រស់​នៅ​ក្រុង​ទេព​មហានគរ ឲ្យ​មក​គ្រង​ខ្មែរ​វិញ។

ហេតុ​ដូច​នេះ​ហើយ ទើប​ព្រះបាទ​សម្ដេច​ព្រះ​ន័ងក្លៅ ទ្រង់​ប្រោស​ឲ្យ​ពញាបតិន្ទ្រតេជោ​លើក​កងទ័ព​ចូល​ទៅ​ខ្មែរ និង​ប្រោស​ឲ្យ​ព្រះ​អង្គ ដួង ទៅ​ជាមួយ​កងទ័ព​ចៅ​ពញាបតិន្ទ្រតេជោ​ផង​ដែរ មាន​ព្រះបរមរាជឱង្ការ​ថា បើ​ខ្មែរ​ស្ងប់​រៀបរយ​ពេល​ណា ឲ្យ​អភិសេក​ព្រះ​អង្គ​ ដួង ឡើង​គ្រង​រាជ្យ​ខ្មែរ។

ចៅ​ពញា​បតិន្ទ្រតេជោ ត្រូវ​រស់​នៅ​ខ្មែរ ស៊ូ​សង្គ្រាម​ជាមួយ​យួន​យូរ​រហូត​ដល់​ទៅ ១៤-១៥​ឆ្នាំ តាំង​ពី​ព.ស.​២៣៧៦ រហូត​ដល់​ព.ស.​២៣៩០ ទើប​សឹក​ស្ងប់​បាន។

នៅ​​ពេល​ព្រះ​អង្គ ដួង ឡើង​គ្រង​រាជ្យ ជា​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សាធិបតី ព្រះ​បាទ​សម្ដេច​ព្រះ​ន័ង​ក្លៅ ប្រោស​ព្រះរាជទាន​ចុតហ្មាយ​ព្រះរាជទាន​ព្រះ​បរម​រាជ​ឱវាទ​ទៅ​ព្រះ​អង្គ ដួង ជា​ច្រើន​ខ​ប្រការ ដែល​សំខាន់​នោះ​គឺ៖

  1. ប្រសិន​បើ​តែង​តាំង​ពញា​មន្ត្រី​​ខ្មែរ​ត​ទៅ ឲ្យ​តាំង​អំណាច​ក្នុង​ចិត្ត​ថា មនុស្ស​នោះ​ជា​មនុស្ស​ដែល​ចាស់​ទុំ ឲ្យ​ពិនិត្យ​មើល​សតិបញ្ញា ជាតិ​ត្រកូល ភាព​ត្រឹមត្រូវ ការ​សឹក​សង្គ្រាម​ខ្លាំង​ក្លា បើ​គិត​ថា​សម​រម្យ​ហើយ​គួរ​តែង​តាំង​តាម​សម​គួរ។ ឲ្យ​អ្នក​តូច​គួរ​ខ្លាច​អ្នក​ធំ​ជា​លំដាប់​ត​គ្នា កុំ​ឲ្យ​អ្នក​តូច​មាន​អំណាច​ហួស​លើស​អ្នក​ធំ។ កុំ​ឲ្យ​យល់​មុខ​ក្រែង​ចិត្ត​បុគ្គល។ កុំ​ត្រចៀក​ស្រាល​ចិត្ត​ទន់។ មន្ត្រី​ខ្មែរ​ទាំង​អស់​ស្រឡាញ់​ទ្រទ្រង់​ព្រះ​អង្គ ដួង ជា​ម្ចាស់​ហើយ ព្រះ​អង្គ ដួង ក៏​ត្រូវ​គោរព​ស្រឡាញ់​មន្ត្រី​ពញា​ខ្មែរ​ជា​អ្នក​តូច​អ្នក​ធំ​ទាំង​អស់​នោះ​វិញ​ជា​លំដាប់​តាម​សម​គួរ។ រស​វាចា​ក៏​ឲ្យ​សុភាព​ទន់​ភ្លន់ ឲ្យ​ជា​ទី​និយម​គោរព​ស្រឡាញ់​ពី​សំណាក់​ពញា​មន្ត្រី​ខ្មែរ និង​ពល​ព្រៃ​ស្រុក​ផ្សេង​ៗ​ទាំង​ពួង។
  2. ធ្វើ​ខ្លួន​ឲ្យ​ពញា​មន្ត្រី​ខ្មែរ​ទាំង​ឡាយ​ទាំង​ពួង​ខ្លាច​អំណាច កុំ​ឲ្យ​ប្រមាថ​បាន។ ការ​ខ្លាច​នោះ​មាន​៣​ប្រការ​គឺ ខ្លាច​អាជ្ញា​ប្រការ​១ ខ្លាច​បុណ្យ​វាសនា​ប្រការ​១ ខ្លាច​សតិ​បញ្ញា​ប្រការ​១។
  3. តែ​ខ្លាច​បុណ្យ​វាសនា ខ្លាច​សតិ​បញ្ញា​នោះ ទាំង​ស្រឡាញ់ ទាំង​ខ្លាច ជា​ពិសេស​សតិបញ្ញា​នេះ​ឯង។
  4. ឲ្យ​ប្រយ័ត្ន​ចំពោះ​មន្ត្រី​ទាំង​នោះ កុំ​ឲ្យ​ឥច្ឆា​ឫស្យា​បែក​សាមគ្គី​គ្នា និង​ឲ្យ​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិត​ល្អន់​កុំ​ឲ្យ​មន្ត្រី​ទាំង​នោះ​ទៅ​បៀតបៀន​អាណា​ប្រជារាស្ត្រ​ឲ្យ​មាន​ភាព​ក្ដៅ​ក្រហាយ។
  5. ឲ្យ​ត្រចៀក​វាង​វៃ​រក​ស្ដាប់​ដំណឹង​រាជការ គិត​អ្វី​មួយ​ឲ្យ​គ្រប់​ធួន រក្សា​ការពារ​ខ្លួន ទាំង​ផ្នែក​ខាង​ក្រៅ​ទាំង​ផ្នែក​ខាង​ក្នុង កុំ​មាន​ភាព​ប្រមាថ។
នៅ​ក្នុង​ចុង​បញ្ចប់​នៃ​ព្រះ​លិខិត​នោះ ទ្រង់​ថា៖

“ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​ចៅ​យូហួរ មិន​មាន​ព្រះ​រាជ​បំណង​ចង់​បាន​ផល​ប្រយោជន៍​អ្វី​ពី​ស្រុក​ខ្មែរ​ទេ ក្រៅ​ពី​ព្រះ​កិត្តិយស​ដែល​ស្ដារ​សង្គ្រោះ​ស្រុក​ខ្មែរ​ឡើង​វិញ​នោះ មិន​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​នៅ​ស្រុក​ខ្មែរ​រលាយ​បាត់​បង់​ប៉ុណ្ណោះ៕”

កកន.
៣. សៀម​ហៅ​ខេត្ត​​​បាត់ដំបង​​ថា​ព្រះ​ដំបង (พระตะบอง)។ សូម​មើល​ប្រកាស​ដែល​និយាយ​អំពី​ខេត្ត​នេះ (រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម)
៤. ខេត្ត​សៀមរាប នេះ​សៀម​ហៅ​ថា ស្យាម​រាដ្ឋ (เสียมราฐ) ប្រែ​ថា​ទឹក​ដី​របស់​សៀម
៥. ចៅ​ពញា​អភ័យ​ធិបេស្ស ឬ​អភ័យភូបេស្ស នេះ​ជា​មន្ត្រី​ខ្មែរ​ទេ តែ​ក្បត់​នឹង​ផែន​ដី​ខ្លួន​ទៅ​អំណប​ជាមួយ​នឹង​ស្ដេច​ថៃ រហូត​បាន​គ្រប់​គ្រង​បាត់ដំបង របៀប​ជា​អាណាចក្រ​មួយ​ចន្លោះ​ព្រះ​នគរ​កម្ពុជា និង​សៀម រហូត​ឲ្យ​សៀម​ផ្ដាច់​ខេត្ត​នេះ​ពី​ខ្មែរ​បាន
  • ៥. រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត
រាជ​បុត្រី​ថៃ​ឈាម​ខ្មែរ​ចូល​ទិវង្គត ថ្ងៃ​ព្រហស្បតិ៍ 28 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in ภาษาไทย. 

សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី (ថៃ​​​​​​​​​​​​​​៖ พระเจ้าภคินีเธอ เจ้าฟ้าเพชรรัตนราชสุดา สิริโสภาพัณณวดี) បាន​ចូល​ទិវង្គត​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១​ នេះ ក្នុង​ព្រះ​ជន្ម​៨៥​វស្សា។ ព្រះ​អង្គ​គឺ​រាជ​បុត្រី​​ទោល​​ដែល​មាន​តំណ​ពូជ​វង្ស​ជា​ជាតិ និង​ព្រះ​ញាតិ​វង្ស​ខ្មែរ​ (អាន​អត្ថបទ៖ សាវតារ​ត្រកូល «អភ័យវង្ស») នៃ​​​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ថៃ រជ្ជកាល​ទី​៦ ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូ​ហួ។

ព្រះ​រាជ​ប្រវត្តិ

សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី ប្រសូត​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​១៩២៥ ជា​ព្រះ​រាជ​ធិតា​អង្គ​ទោល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ជាមួយ​នឹង​ព្រះ​នាង​ចៅ​សុវទនា ព្រះ​វរ​រាជ​ទេវី នៅ​ឯ​ព្រះ​ទី​ន័ង​ទេព​ស្ថាន​ពិលាស ក្នុង​ក្រុម​ព្រះ​មហា​មន្ទីរ ព្រះ​បរម​មហា​រាជ​វាំង ក្រុង​ទេព​មហា​នគរ តែ​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ព្រះ​បិតា​ទ្រង់​ចូល​សុវណ្ណ​គត។

តំណ​ពូជ​ពង្ស​​រាជ​ត្រកូល​ខ្មែរ
អាច​និយាយ​បាន​ថា សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី គឺ​ជា​ខ្សែ​ព្រះ​ញាតិ​វង្ស​នៃ​នគរ​ចំនួន​ពីរ​គឺ​ក្រុង​ស្យាម (ខាង​ព្រះ​បិតា) និង​ក្រុង​កម្ពុជា​ធិបតី (ខាង​ព្រះ​មាតា)។ ដោយ​រាប់​ខាង​ព្រះ​ញាតិ​មាតា​របស់​ទ្រង់ សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី គឺ​មាន​ឈាម​ញ័រ​ជា​ខេមរ​ជន ដ៏​មាន​បណ្ដា​ស័ក្ដិ​ខ្ពង់​ខ្ពស់​ជា​អ្នក​គ្រប់​គ្រង​ខេត្ត​បាត់ដំបង ឬ​ជា​ពូជ​ពង្ស​ដែល​បាន​ក្បត់​នគរ​ខ្មែរ​ទៅ​ចំណុះ​នគរ​សៀម​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី ក៏​មាន​ជាប់​ខ្សែ​ស្រឡាញ​ជា​មួយ​នឹង​ព្រះ​ញាតិ​វង្ស​ខ្មែរ​ផង​ដែរ។

ព្រះ​មាតា​របស់​សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី គឺ​ព្រះ​នាង​ចៅ​សុវទនា ព្រះ​វរ​រាជ​ទេវី ដែល​ជា​អគ្គ​មហេសី​នៃ​​ព្រះ​មហាក្ស័ត្រិយ៍​ថៃ ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូ​ហួ នោះ​គឺ​ជា​នារី​ខ្មែរ​មួយ​រូប​​តំណ​ពង្ស​លោក​ម្ចាស់​បាត់​ដំបង ដែល​មាន​នាម​ដើម​ជា​ គ្រឿកែវ អភ័យវង្ស។ នាង គ្រឿកែវ អភ័យវង្ស នេះ​គឺ​ជា​ចៅ​ស្រី​របស់​ជំទាវ​ស្រី​សុន្ទ្រនាដ ជា​អ្នក​ដែល​មាន​ជំនាញ​ខាង​នាដ​សិល្បៈ និង​តន្ត្រី​ថៃ ហើយ​ដែល​ជា​ឱកាស​នាំ​ទៅ​ដល់​ជិត​ដិត​នឹង​ព្រះ​ចៅ​ផែន​ដី​សៀម។

ជំទាវ ស្រី​សុទ្ទ្រ​នាដ នេះ​ជា​ចៅ​ទួត​របស់​ចៅ​ចម​មាតា​ អៀម បុស្បា ដែល​​ជា​ព្រះ​មហេសី​នៃ​ព្រះ​ករុណា ​ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្តម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ហើយ​ដែល​ត្រូវ​ជា​ទួត​នៃ​ព្រះ​ករុណា​ព្រះ​​មហាវីរក្ស័ត្រិយ៍ នរោត្ដម សីហនុ។ ហេតុ​ដូច​នេះ សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី និង​សម្ដេច​ព្រះ នរោត្ដម សីហនុ គឺ​ជា​ព្រះ​ញាតិ​នឹង​គ្នា ពី​តំណ​ពង្ស​រាជ​ត្រកូល​ជំទាវ​ស្រី​សុន្ទ្រនាដ និងចៅ​ចម​មាតា​ អៀម បុស្បា នេះ​ឯង។

ការ​ចូល​ទិវង្គត
សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី បាន​ចូល​ទៅ​ប្រថាប់​រក្សា​រោគ​សរសៃ​ឈាម នៅ​ឯ​មន្ទីរ​ពេទ្យ​សិរិរាជ នា​ក្រុង​បាងកក តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១១ តែ​អាការៈ​បាន​ធ្ងន់​ទៅ​រហូត​ទ្រង់​បាន​ចូល​ទិវង្គត​នៅ​វេលា​ម៉ោង​១៦​និង​៣៧​នាទី នា​ថ្ងៃ​ពុធ​ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១ (ម្សិល​មិញ​នេះ) រួម​ព្រះ​ជន្ម​វស្សា​៨៥​ឆ្នាំ។

ការ​កំណត់​ធ្វើ​ពិធី​បុណ្យ​ព្រះ​សព ត្រូវ​បាន​ព្រះ​មហា​ក្ស័ត្រិយ៍​ថៃ​ទ្រង់​រាជា​នុញ្ញាតិ​ឲ្យ​រាជ​វង្ស​ថៃ​កាន់​ទុក្ខ​ចំនួន​១០០​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​អស់​ព្រះ​ជន្ម។ ចំណែក​ឯ​រដ្ឋាភិបាល​ថៃ​វិញ បាន​ប្រកាស​ឲ្យ​គ្រប់​មន្ទីរ​រដ្ឋ បង្ហូត​ទង់​ជាតិ​ថៃ​ពាក់​កណ្ដាល​ដង និង​កាន់​ទុក្ខ​កំណត់​១៥​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១១ ត​ទៅ៕

ខាង​ក្រោម​នេះ​គឺ​ជា​គំនូស​តារាង​ខ្សែ​ស្រឡាញ​ខាង​ព្រះ​មាតា ដែល​មាន​តំណ​វង្ស​ជា​ខ្មែរ​នៃ​សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី៖

  • ៦. History of Battambang
Statues of Ta Dambong Kranhoung, the founder of Battambang. The top one was constructed before 1975 but has now been destroyed. The bottom one is a new version constructed in the 1990s.

Shared by S K MONOHA of Cambodia, France

During the pre-Angkor and Angkor eras, the areas to the north and to the north west of the Tonle Sap Lake were known as the territories of Amogha Boreak and Bhima Boreak. During the Angkor period, the territory of Amogha Boreak was significantly prosperous because the land was so fertile that rice crops, fruit and vegetables produced excellent yields. Many Khmer people settled there as indicated by the existence of so many ancient temples in the area. With the exception of the temples of Wat Banon, Ek Phnom, Baseth, Stung, Banteay Tey, Banteay Chmar, etc,other monuments, which were built by dignitaries and subjects at the time as places of worship to God and other deities of Buddhism and Hinduism, almost completely disappeared.Between the 15th century and the 18th century the area was invaded by the Siamese army, forcing landowners off their land and splitting up their families.From the late 18th century until early in the 20th century, the Siamese ruled Battambang and placed it under the rule of the Lord Chaofa Ben family, which was later known as the Aphaiwong Family. This lasted for 6 generations and ended in 1907. While under Thai rule, the province was a changwat of Thailand called Phra Tabong (a sacred stick).Battambang ferryThe French Siamese Treaty of March 23, 1907, obliged the Siamese to return territories that they had occupied for more than a century. These included Battambang, Siem Reap and Angkor, in exchange for Trat province and the area of Dach Se (Lao territory) in the upper catchment area of the Mekong River. On December 6 1907, His Majesty Preah Bat Sisowath issued a royal declaration splitting Battambang into 3 provinces: Battambang, Siem Reap and Serei Sophorn. In 1925, Battambang was divided again into two provinces: Battambang and Siem Reap, with Battambang having two districts: Battambang and Serei Sophorn. By 1940, Battambang consisted of 7 districts: Battambang, Sangke, Maung Russey, Monkol Borei, Toeuk Cho, Serei Sophorn, and Bei Thbaung.
In May 1953, the Poi Pet administration was founded and ordered under the district of Serei Sophorn which was divided into two districts: Serei Sophorn and Banteay Chmar. In March 1965, the administration of Poi Pet, was elevated to the status of a district named O Chrov. In July 1965, part of the territory of Maung Russey was separated to become the administration of Kors Kralor. In March 1966, another new district Thmar Pouk was founded and the district of Banteay Chmar was cut off from the province of Battambang for incorporation into Oddor Meanchey province, another newly founded province. In the early years of the Khmer Rouge, two new districts were established: Banan and Kors Lor. During the 3 years and 9 months of the Killing Fields, Battambang saw its people evacuated by Pol Pot’s men from the city and towns and relocated to remote and mountainous areas. The province of Battambang, once known as the rice bowl of the country, was turned into a site of torture, killings, and starvation.

The province of Battambang was completely liberated from the genocidal regime on January 13, 1979. At that time, the People’s Committee of commune-Sangkat was founded through the first-ever elections in 1983. Between 1979 and 1986, Battambang had 9 districts and one provincial town.

In 1986, three new districts were created: Banan, Bovel, and Ek Phnom. Until that point, Battambang had 12 districts and 1 provincial town. In 1988, however 5 districts were separated and incorporated into the newly founded province of Banteay Meanchey.

In 1998, following the integration of the remaining territory of the former Democratic Kampuchea, the province of Battambang saw part of its territory separated for the municipality of Pailin, while 4 new districts were established: Samlot, Kamreang, Phnom Proeuk and Sampov Loun. In 2000, part of the district of Maung Russey was split off to become the district of Koas Krolor.

ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧ម៉ោង ១៥:០៣សុវណ្ណ


ខេត្តបាត់ដំបង ៖ នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់​គ្រប់គ្រង​ដោយ​ប្រទេស​សៀម និង​ប្រទេស​បារាំង បើ​ទោះបីជា​មានការ​ត្រួតត្រា​ផ្ទាល់​ដោយ​អង្គ​ស្ដេច​ខ្មែរ​គ្រប់​ជំនាន់ និង​ស្ដេចត្រាញ់ ឬ​វរៈបុរស​ខ្មែរ ល្បី​ៗ​មួយ​ចំនួន​ក្នុង​សម័យ​នោះ​ក្ដី ។

បើ​យោង​តាម​សៀវភៅ​«​បាត់ដំបង សម័យ​លោក​ម្ចាស់​»​ខេត្តបាត់ដំបង ស្ថិត​ក្រោម​អំណាច​សៀម​អស់​រយៈ​ជាង​មួយ​សតវត្ស ចាប់ពី​ឆ្នាំ​១៧៩៥ ដល់​ឆ្នាំ​១៩០៧ ។ សម័យ​នោះ​ត្រួតត្រា​ដោយ​គ្រួសារ​ស្ដេចត្រាញ់​ខ្មែរ​«​ចៅ​ហ្វ៊ា​បែន​» ដែល​ក្រោយមក​គេ​ប្ដូរ​ឈ្មោះ​ថា​«​ត្រកូល​អភ័យ​វង្ស​» ។ គ្រួសារ​នេះ​បាន​ត្រួតត្រា​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​១​សតវត្ស ហើយ​តំណែង​នេះ​បាន​បន្ត​រហូត​ដល់​កូនចៅ​នៃ​គ្រួសារ​នេះ​ទៀត​ផង ។ នៅ​ឆ្នាំ​១៨៦៣ ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​អាណាព្យាបាល​បារាំង​ដែរ ខណៈ​សៀម​កំពុង​គ្រប់គ្រង​ខេត្តបាត់ដំបង​។ ខេត្តបាត់ដំបង កាលនោះ​មានស្រុក​តែ​៤​ទេ គឺ​ស្រុក​បាត់ដំបង ស្រុក​មោងឫស្សី ស្រុក​មង្គលបុរី និង​ស្រុកស្រែ​អន្ទាក់ ។

សៀវភៅ​ដដែល​សរសេរ​ថា បាត់ដំបង​ជា​តំបន់​ទំនាប​ល្បាប់​ប្រកបដោយ​ជីវជាតិ លាតសន្ធឹង​ពី​ទិសអាគ្នេយ៍​ទៅ​ពាយ័ព្យ ។ នៅ​ខាង​នរ​តី​មាន​ជួរ​ភ្នំ ខ្ពស់​ៗ​ដែល​គេ​ហៅ​ថា ជួរ​ភ្នំក្រវាញ​មានឈ្មោះ​ល្បី ដោយសារ​តែ​សំបូរ​ដើម​ក្រវាញ ដែល​គេ​ត្រូវការ​ទិញ​យក​ទៅ​ធ្វើ​ថ្នាំកែរោគ ផ្សេង​ៗ ។ អ្នកស្រុក​នៅ​ទីនោះ​ប្រកប​មុខរប​បេះ​ក្រវាញ​លក់ គេ​ហៅ​ថា​«​ពួក​សួយ​ក្រវាញ​» ។ ស្ទឹង​សង្កែ គឺជា​ស្ទឹង​ដ៏​សំខាន់​ហូរ​កាត់​ទីប្រជុំជន​បាត់ដំបង ។ ស្ទឹង​សង្កែ​មាន​ប្រភព​នៅ​ភ្នំ​ទឹក​ព្រិល ជា​ភ្នំ​ខ្ពស់​មួយ​នៅ​តំបន់​ប៉ៃលិន ដែល​គេ​ហៅ​ថា​«​ស្រុកលើ​» និង​មាន​ប្រភព​ទឹក តូច​ៗ​ជា​ច្រើន​ហូរ​ចូល​ស្ទឹង​នេះ ។

ខេត្តបាត់ដំបង មាន​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន ដែល​ពាក់ព័ន្ធ​ក្នុង​សម័យ​លោក​ម្ចាស់ និង​មុន​សម័យ​លោក​ម្ចាស់ នេះ​បើ​យោង​តាម​ឯកសារ​នានា ។ គ្រួសារ​«​ចៅ​ហ្វា​បែន ឬ​ត្រកូល​អភ័យ​វង្ស​»​បាន​គ្រប់គ្រង​ខេត្តបាត់ដំបង អស់​រយៈពេល​ជាង​១​សតវត្ស គឺ​ចាប់ពី​លោកកថា​ថន ញ៉ុញ បន្ត​ដល់​កូនប្រុស​គឺ​លោកកថា​ថន ឈុំ ។

អ្នកស្រុក​បាត់ដំបង​នា​សម័យ​នោះ​ហៅ​លោកកថា​ថន ញ៉ុញ និង​លោកកថា​ថន ឈុំ ថា​ជា​«​លោក​ម្ចាស់​» ។ ប៉ុន្តែ​ដើម្បី​កុំឱ្យ​ច្រឡំ​គ្នា អ្នកស្រុក​ហៅ​លោកកថា​ថន ញ៉ុញ​ថា​«​លោក​ម្ចាស់​ព្រះ​កោដ្ឋ​»​ដោយសារ​សព​លោក​ញ៉ុញ ត្រូវ​គេ​តម្កល់​ទុក​ក្នុង​កោ​ដ្ធ​មុន​ពេល​បូជា រីឯ​លោកកថា​ថន ឈុំ គេ​ហៅ​ថា​«​លោក​ម្ចាស់បស្ចិម​»​ដោយសារ​លោក​ធ្លាប់​រស់នៅ​បស្ចិមបុរី នៃ​ប្រទេស​សៀម ។

សៀវភៅ​«​បាត់ដំបង សម័យ​លោក​ម្ចាស់​»​សរសេរ​ទៀត​ថា កាលពី​ជំនាន់​ដើម បាត់ដំបង​មិនសូវ​មាន​មនុស្ស​ប៉ុន្មាន​ទេ ។ ផ្ទៃដី​មួយ​ភាគ​ធំ​ជា​តំបន់​ព្រៃ​។ ក្នុង​សម័យ​នោះ​គេ​ឃើញ​លោក​ម្ចាស់​តែង​ចេញ​ទៅ​បរបាញ់​សត្វ នៅ​តំបន់​អូរ​ស្រឡៅ និង​នៅ​រាំង​កេ​សី ដែល​ជា​វាល​ស្បូវ​ដ៏​ធំធេង​(​ស្រុក​សង្កែ​បច្ចុប្បន្ន​) ។ មនុស្ស​ជំនាន់​ដើម ភាគច្រើន​តែង​ប្រមូលផ្ដុំ​គ្នា​រស់នៅ​តាម​ដងស្ទឹង​សង្កែ តែ​មាន​តិចតួច​រស់នៅ​តាម​ដងស្ទឹង​មោងឫស្សី និង​ស្ទឹង​មង្គលបុរី រីឯ​ភូមិឋាន​ដែល​នៅ​ឆ្ងាយ​ពី​ដងស្ទឹង មាន​តែ​ភូមិ​កំពង់ព្រះ និង​ភូមិ​គាស់​ក្រឡ​ប៉ុណ្ណោះ ។

នៅ​ក្នុង​ឆ្នាំ​១៨៨៤ អ្នកប្រាជ្ញ​ជនជាតិ​បារាំង​ម្នាក់ គឺ​លោក​ប្រ៊ី​យាង ដែល​បាន​មក​ដល់​បាត់ដំបង បាន​សន្និដ្ឋាន​ថា ប្រជាជន​នៅ​ខេត្តបាត់ដំបង​ក្នុង​«​សម័យ​លោក​ម្ចាស់​»​មាន​ប្រហែល​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​នេះ​មិនមែន​ជា​ការ​សន្និដ្ឋាន​តាម​រយៈ​ការ​ធ្វើ​ជំរឿន​ទេ ។ នៅ​ក្នុង​ឯកសារ​សរសេរ​ថា ក្នុង​សម័យ​លោក​ម្ចាស់ ប្រជាជន​នៅ​ក្នុង​បាត់ដំបង បាន​បែងចែក​ជ ា​៣​វណ្ណៈ គឺ​វណ្ណៈ​អភិជន វណ្ណៈ​រាស្ត្រ​សាមញ្ញ និង​វណ្ណៈ​ទាសករ ។ សម័យ​នោះ គេ​បាន​ចាត់​ទុក​ចិន និង​យួន ជា​ជនបរទេស រីឯ​សៀម និង​កូ​ឡា គេ​ចាត់​ទុក​ថា ជា​ជនជាតិ​ជាមួយ​គ្នា ។ ប៉ុន្តែ​សៀម​ដែល​មានគំនិត​ទុច្ចរិត​បាន​បោកប្រាស់​ខ្មែរ​ថា លាវ និង​មន​ជា​បងប្អូន​គ្នា​មាន​សាច់ឈាម​កំណើត​តែ​មួយ ។

សៀវភៅ​«​បាត់ដំបង​សម័យ​លោក​ម្ចាស់​»​រៀបរាប់​ថា ជនជាតិ​ចិន បាន​មក​តាំងនៅ​បាត់ដំបង​យូរហើយ ថែម​ទាំង​បាន​សង់​ព្រះ​វិហារ​នៅ​ផ្លូវ​លេខ​១ និង​នៅ​ចុងស្ពាន​ដែក​ត្រើយ​ខាងកើត តាំងពី​មុន​សម័យ​លោក​ម្ចាស់​ទៀត​ផង ។ តាំងពី​ពេល​នោះ​មក ចិន​បាន​ប្រកប​រប​តែ​ម្យ៉ាង​គត់​គឺ​ធ្វើ​ពាណិជ្ជកម្ម ។ ជំនាន់​នោះ​ចិន តែង​នាំ​គ្រឿង​ឧបភោគ បរិភោគ​ពី​ស្រុក​ក្រៅ មក​លក់​នៅ​បាត់ដំបង ហើយ​ពួក​គេ​រស់នៅ​តែ​ក្នុង​ទីប្រជុំជន​ទេ ដែល​ផ្ទុយ​ពី​យួន​ដែល​ចូល​ចិត្ត​រស់នៅ​តាម​ដងស្ទឹង ប្រកប​របប​នេសាទ និង​សិប្បកម្ម ។ ជនជាតិ​ចិន​មួយ​ចំនួន​រកស៊ី​មានបាន​រហូត​លោក​ម្ចាស់​ផ្ដល់​ឋានៈ​ផ្ដល់​ងារ​ខ្ពង់ខ្ពស់ ហើយ​ត្រូវ​ស្លៀកពាក់​ដូច​ខ្មែរ គឺ​ស្លៀកសំពត់​ក្បិន ពាក់​អាវកត្រង់ ពាក់​សក្តិ​យស​ដូច​នាម៉ឺន​មន្ត្រី​ខ្មែរ​ដែរ ។ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​កាត់​កំប៉ោយ​សក់​ដែល​ជា​ទម្លាប់​ទាល់តែ​សោះ រហូត​អ្នក​ស្រុក​បាត់ដំបង នាំ​គ្នា​និយាយ​ឡកឡាយ​ថា​«​កំប៉ោយ​ចិន​ក្បិន​ខ្មែរ​» ។ ការ​និយាយ​ឡកឡាយ​នេះ បាន​ធ្វើ​ឱ្យ​ពួក​អភិជន​ចិន​ទ្រាំ​មិន​បាន ក៏​នាំ​គ្នា​កាត់​កំប៉ោយ​ចេញ​ទៅ តែ​ខ្មែរ​បែរជា​បង្កើត​ពាក្យ​មួយ​ឃ្លា​ទៀត​បង្អាប់​ចិន​ថា​«​ចិន​ដាច់​កំប៉ោយ​» ។

បើ​និយាយ​អំពី​បញ្ហា​សុខុមាលភាព​វិញ បើ​តាម​ឯកសារ​ដដែល នៅ​ក្នុង​សម័យ​លោក​ម្ចាស់ ប្រជាជន​នៅ​ខេត្តបាត់ដំបង រស់នៅ​ត្រដាបត្រដួស​ពិបាក​ជ​ន្នះ​នឹង​ធម្មជាតិ​បំផុត ។ ជំងឺ​រាតត្បាត​ផ្សេង​ៗ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង មួយ​ឆ្នាំ​ៗ​ភាគច្រើន​ជា​កុមារ ។ លោក​ម្ចាស់​ត្រូវ​គេ​រិះគន់​ថា មិន​មានគំនិត​បង្កើត​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ប្រជារាស្ត្រ​ឡើយ ។ ប្រជារាស្ត្រ​បាន​ពឹង​ផ្នែក​ទាំងស្រុង​លើ​ថ្នាំខ្មែរ និង​មន្តអាគម​ស្ដោះផ្លុំ ។

ប៉ុន្តែ​លោក​ម្ចាស់ ហាក់​បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ដងស្ទឹង​សង្កែ ដែល​ជា​កន្លែង​ទីប្រជុំជន​ដ៏​ធំ​នៅ​ក្នុង​ខេត្តបាត់ដំបង ។

ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​១៩០៧ បាត់ដំបង ជាទី​ប្រជុំជន​តូច​មួយ​មាន​ផ្លូវ​មួយ​ខ្សែស្រប​តាម​ដងស្ទឹង ហើយ​អ្នកស្រុក​បាន​សង់​លំនៅ​ឋាន​រកេតរកូត​តាម​ដងផ្លូវ​នេះ ។ គេ​បាន​បែងចែក​ទីក្រុង​បាត់ដំបង ជា​២​សង្កាត់​ក្នុង​សម័យ​នោះ គឺ​សង្កាត់​មុខ​កំផែង និង​សង្កាត់​ស្វាយប៉ោ ។ ប៉ុន្តែ​នៅ​ក្នុង​សម័យ​លោក​ម្ចាស់ ការ​រៀបចំ​ឱ្យ​មាន​ទីផ្សារ​សម្រាប់​លក់ដូរ និង​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត ហាក់​មាន​ភាព​ទន់ខ្សោយ​នៅឡើយ ។ ប្រជារាស្ត្រ​បាន​ដាក់​តាំង​ផលិតផល​លក់​ផ្ទាល់​ដី តែ​មាន​រាន តូច​ៗ​សម្រាប់​លក់​បបរ និង​នំចំណី ។ នៅ​តាម​ផ្ទះ​ចិន មាន​លក់​គ្រឿង​ឧបភោគ បរិភោគ តែ​គ្មាន​លក់​គុយទាវ កាហ្វេ​ទេ រីឯ​ទឹកកក​ក៏​គ្មាន​ដែរ​ក្នុង​សម័យ​នោះ តែ​មាន​កន្លែង​មួយ​ធ្វើ​ទឹកកក គឺ​ធ្វើ​សម្រាប់​តែ​លោក​ម្ចាស់​ប៉ុណ្ណោះ ។

ដោយសារ​កង្វះ​ផ្លូវ​គមនាគមន៍​ក្នុង​សម័យ​នោះ បាន​ធ្វើ​ឱ្យ​អ្នក​បាត់ដំបង ចេះ​រស់​ដោយ​ការ​ប្រឹងប្រែង​ខ្លួនឯង មិនសូវ​ពឹងពាក់​បរិក្ខារ​មក​ពី​ខាងក្រៅ​ពេក​ទេ ។ អ្នក​បាត់ដំបង អាច​ធ្វើ​ឧបករណ៍​សម្រាប់​កសិកម្ម​បាន​ស្ទើរ​គ្រប់ជំពូក ។ ពួ​កគអាច​ធ្វើ​ផ្ទះ​បាន​ដោយ​ប្រើប្រាស់​តែ​ធនធាន​នៅ​ក្នុងស្រុក ។

ប៉ុន្តែ​ជំនាន់​នោះ លោក​ម្ចាស់​បាន​រៀបចំ​ឱ្យ​មានការ​សាងសង់​ផ្ទះ​មាន​លក្ខណៈ​សម្គាល់​ជា​ផ្ទះ​ខ្មែរ មាន​ម៉ូ​ដ មានឈ្មោះ​ត្រឹមត្រូវ ។ លោក​ម្ចាស់​បាន​ណែនាំ​ឱ្យ​ប្រជារាស្ត្រ​សង់ផ្ទះ​តាម​ក្បួនតម្រា ដែល​មាន​ចែង​ទុក​តាំងពី​បុរាណ​មក ។ គេ​មិន​ដែល​បំភ្លៃ​រាងរៅ​ផ្ទះ​ឱ្យ​ខុស​ពី​ក្បួនខ្នាត​បុរាណ​ទេ ។ សំណង់​ផ្ទះថ្ម ចាំបាច់​ត្រូវការ​ជាង​មាន​បច្ចេកទេស​ខ្ពស់​ដូច​ជា​សង់​វិហារ អគារ​រដ្ឋ សា​សា​រៀន ជាដើម ។ សម័យ​នោះ​គេ​មិនសូវ​ប្រើ​ស៊ីម៉ង់ត៍​ទេ គឺ​គេ​ប្រើ​កំបោរ​លាយ​ក្រដាស​ប៉ុយ ស្ករ​ក្អម និង​ជ័រទឹក បង្កើត​បានជា​សំណង់​សម្រាប់​សាងសង់​លំនៅ​ឋាន​រឹង​ម៉ាំ​(​ថ្ម​បាយអរ​) ។

នៅ​ក្នុង​សម័យ​លោក​ម្ចាស់ គេ​បាន​សាងសង់​ព្រះ​ហារ និង​សំណង់​រឹង​មាំ​ដទៃ​ទៀត ភាគច្រើន​នៅ​ក្នុង​ទីប្រជុំជន​ស្រុក​បាត់ដំបង ជា​ពិសេស​នៅ​ស្រប​តាម​ដងស្ទឹង​សង្កែ​។ សំណង់​ទាំងនោះ​មាន​ដូច​ជា វត្ត​អារាម សំណង់​ផ្ទះថ្ម អគារ​សាលាខេត្ត​ចាស់ និង​ផ្ទះ​ធ្វើ​ពី​ឈើរ​ប្រណីត ។​…​។ សំណង់​ក្នុង​សម័យ​លោក​ម្ចាស់​ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង ស្ទើរ​ទាំងអស់​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ សំណង់​មួយ​ចំនួន​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ​កន្លង​មក​ហើយ ដូច​ជា​វត្ត​សំរោង​ក្នុង នៅ​ស្រុក​ឯក​ភ្នំ​ជាដើម ។ ដោយឡែក​សំណង់​អគារ​សាលាខេត្ត​ចាស់ ស្ពានថ្ម​ចាស់ សំណង់​ផ្ទះថ្ម នៅ​ក្នុង​ក្រុង​បាត់ដំបង​សព្វថ្ងៃ ផ្ទះ​បុរាណ​នៅ​ភូមិ​វត្ត​គរ និង​ព្រះ​វិហារ​ជា​ច្រើន​ទៀត សុទ្ធតែ​មាន​អាយុ​ជាង​១០០​ឆ្នាំ ។ សំណង់​ទាំងនេះ​សុទ្ធតែ​ធ្វើ​ពី​ប្រភេទ​ឈើ​ប្រណីត និង​ថ្ម​បាយអរ ដែល​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​បី​ប្រភេទ​ដូច​ខាងលើ​នេះ ហើយ​សំណង់​ទាំងនេះ នៅ​តែ​បង្ហាញ​ពី​ភាពរឹងមាំ​នៅឡើយ​មក​ដល់​សព្វថ្ងៃ ។

សំណង់​បុរាណ​ជាង​៨០០​កន្លែង​ដែល​ជា​កេរ្តិ៍​ដំណែល​ក្នុង​«​សម័យ​លោក​ម្ចាស់​» ហើយ​កំពុង​ឈរ​ស្កឹមស្កៃ​នៅ​ក្នុង​ទីក្រុង​បុរាណ នា​បច្ចុប្បន្ន​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សំណង់​បេតិកភណ្ឌ ដែល​អាជ្ញាធរ​កំពុង​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ហៅ​ទីក្រុង​វ័យ​ចំណាស់​មួយ​នេះ​ថា ជាទី​ក្រុង​បុរាណ ឬ ទីក្រុង​បេតិកភណ្ឌ ដែល​កំពុង​ទាក់ទាញ ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង ។ មិន​ត្រឹមតែ​ជា​សំបុក​កំណប់ទ្រព្យ​បុរាណ​ទេ ខេត្តបាត់ដំបង ត្រូវ​គេ​ចាត់​ទុក​ថា ជា​ខេត្ត​«​ជង្រុក​ស្រូវ​»​ដ៏​ធំ​បំផុត​នៅ​ក្នុង​ព្រះរាជា​ណា​ច​កម្ពុជា និង​ជា​ខេត្ត​ដែល​មាន​សក្ក​ដា​នុ​ពល​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម ។

វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​គឺជា​គោលដៅ​ដ៏​ធំ​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ដែល​គេ​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ។

បាត់ដំបង​គឺជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​ផ្ទៃដី​ទំហំ​១១.៧៤៨​គីឡូ​ម៉ែត្រការ៉េ មាន​ព្រំប្រទល់​ខាងលិច​ទល់​ខេត្ត​ប៉ៃលិន និង​ប្រទេស​ថៃ ខាងកើត​ទល់​ខេត្​តពោធិ៍​សាត់ និង​បឹង​ទន្លេសាប ខាងជើង​ទល់​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប និង​ខាងត្បូង​ទល់​ខេត្តពោធិ៍សាត់​។ ខេត្ត​នេះ​មានស្រុក​ចំនួន​១៣ និង​ក្រុង​១ ហើយ​មាន​ឃុំ​៩២ សង្កាត់​១០​និង​មាន​ភូមិ​ចំនួន​៧៩៩ ។ ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ចំនួន​២៥៨.៦៨២​គ្រួសារ មាន​ពលរដ្ឋ​ចំនួន​១.០២៥.០៥០​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៦០២.៩៩៤​នាក់ ។

ខេត្តបាត់ដំបង​មាន​តំបន់​ទេសចរណ៍​ជាង​៣៦​កន្លែង ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ។ តំបន់​ទេសចរណ៍​ទាំងនោះ​បាន​បែងចែក​ជា​៤​ប្រភេទ​គឺ​១-​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​មាន​ប្រាសាទបុរាណ២-​រមណីយដ្ឋាន​ធម្មជាតិ​ដែល​មាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ពិត​ៗ ៣-​រមណីយដ្ឋាន​ធម្មជាតិ​កែ​ច្នៃ​(​អាង​កំពីងពួយ​)​និង​៤-​រមណីយដ្ឋាន​វប្បធម៌ ដូច​ជា​ភូមិ​វប្បធម៌​មានផ្ទះ ឬ​សំណង់​បុរាណ​…​។ បច្ចុប្បន្ន ទីតាំង​តំបន់​ទេសចរណ៍​ទាំងនេះ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បំផុត ខណៈ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​កំពុង​មមាញឹក​ខ្លាំង​ណាស់​ដែរ ក្នុង​ការ​រៀបចំ​កែ​លម្អ​និង​អភិ​ឌ្ឍ​ន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។ មិនតែប៉ុណ្ណោះ​ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀប​គម្រោង​ស្នើ​សុំ​អង្គការ​យូ​ណេ​ស្កូ​ដាក់​បញ្ចូល​អគារ​បុរាណ​ជា​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក៕
  • ៧. ក្រុងស្យាមចាត់ព្រះរាជពិធីបុណ្យរំលាយព្រះសពអតីតបុត្រីស្ដេចថៃដែលមានឈាមខ្មែរ
ក្រុង​ស្យាម​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​រំលាយ​ព្រះ​សព​អតីត​បុត្រី​ស្ដេច​ថៃ​ដែល​មាន​ឈាម​ខ្មែរ ថ្ងៃចន្ទ 9 ខែ​មេសា 2012

ថ្ងៃ​នេះ (ច័ន្ទ ០៩ មេសា ២០១២) នៅ​ឯ​ក្រុង​ទេព​មហា​នគរ នៃ​រាជ​អាណាច​ក្រ​ថៃ មាន​ចាត់​ព្រះ​រាជ​ពិធី​ដ៏​ធំ​អស្ចារ្យ​មួយ គឺ​ព្រះ​រាជ​ពិធី​បុណ្យ​រំលាយ​ព្រះ​សព សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី (ថៃ​​​​​​​​​​​​​​៖ พระเจ้าภคินีเธอ เจ้าฟ้าเพชรรัตนราชสุดา สิริโสภาพัณณวดี) នៅ​ឯ​មណ្ឌល​ពិធី​វាល​ព្រះ​មេរុ ស្នាម​ហ្លួង ក្បែរ​ព្រះ​បរម​មហា​រាជ​វាំង ក្រុង​ទេព​មហា​នគរ។

សម្តេច​ព្រះ​ចៅ​ភគិនីធើចៅហ្វា​ពេជ្ររ័ត្ន​រាជ​សុតា​សិរិសោភា​ពណ្ណវតី ព្រះ​អង្គ​គឺ​រាជ​បុត្រី​​ទោល​​ដែល​មាន​តំណ​ពូជ​វង្ស​ជា​ជាតិ និង​ព្រះ​ញាតិ​វង្ស​ខ្មែរ​ (អាន​អត្ថបទ៖ សាវតារ​ត្រកូល «អភ័យវង្ស», អាន​ព្រះ​រាជ​ប្រវត្តិ​របស់​ទ្រង់​នៅ​ទី​នេះ) នៃ​​​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ថៃ រជ្ជកាល​ទី​៦ ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូ​ហួ។ ប្រសូត​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​១៩២៥ ព្រះ​អង្គ​​បាន​ចូល​ទិវង្គត កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១​ ក្នុង​ព្រះ​ជន្ម​៨៥​វស្សា។

ដើម្បី​ជា​ព្រះ​កិត្តិយស​ដល់​ព្រះ​អង្គ រាជការ​ក្រុង​ស្យាម​បាន​ចាត់​ពិធី​បុណ្យ​តាំង​ពី​ពេល​ទ្រង់​ចូល​ទិវង្គត​រហូត​ដល់​ពិធី​បុណ្យ​រំលាយ​ព្រះ​សព​កាល​ពី​ព្រឹក​មិញ​នេះ ដោយ​មាន​ពិធី​ចាត់​ក្បួន​ដង្ហែរ​ព្រះកោដ្ឋពី​ព្រះ​បរម​រាជ​វាំង​ចូល​មក​សណ្ឋិត​​ឯ​មណ្ឌល​ពិធី​ព្រះ​មេរុ ស្នាម​ហ្លួង ដើម្បី​ប្រារព្ធ​ពិធី​។ ព្រះ​រាជ​ពិធី​ដង្ហែរ​ព្រះ​សព​ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​អស្ចារ្យ ក្រោម​ការ​យាង​ចូល​រួម​ពី​សំណាក់​ក្រុម​ព្រះ​ញាតិ​វង្ស​ថៃ មន្ត្រី ជំទាវ ខុនណាង ខ្ញុំ​រាជការ ទាហាន ស៊ីវិល ព្រម​អាណា​ប្រជានុរាស្ត្រ​ថៃ ច្រើន​កុះ​ករ៕
  • ៨. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ ថ្ងៃអាទិត្យ 23 ខែ​មីនា 2014

លោកអ្នកនាងជាទីមេត្រី ស្ថានីយទូរទស្សន៍ជាតិថៃ NBT បានផលិតកម្មវិធីមួយឈ្មោះថា អាស៊ានស្តរីយ៍ (ASEAN Story) ដំណើរការដោយលោក អតិស័ក្ដិ សិរីសម (อดิศักดิ์ ศรีสม) ដែលនិយាយរឿងល្អៗជាច្រើនទាក់ទងនឹងប្រទេសអាស៊ាន ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។

មានវគ្គមួយដែលនិយាយអំពី «ស្រមោលទំនាក់ទំនងថៃ-ខ្មែរ» ដែលលោកឲ្យឈ្មោះ និយាយដល់ប្រវត្តិខេត្តភាគខាងលិចកម្ពុជា ដែលម្ដងនោះធ្លាប់ត្រូវបានគ្រប់គ្រងដោយថៃ (សៀមកាលណោះ) អស់ជាច្រើនឆ្នាំ តាមរយៈត្រកូលមួយដែលខ្មែរកំណត់ថាជនក្បត់ជាតិ ខណៈថៃឲ្យឈ្មោះថាអ្នកស្វាមីភ័ក្ដិ, ត្រកូលអភ័យវង្ស។ ខ្ញុំបានធ្លាប់ដាក់ប្រកាសជាច្រើនស្ដីអំពីរឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម និងសាវតារត្រកូល «អភ័យវង្ស» នេះផងដែរ។

ដោយគិតថាកម្មវិធីនេះមានសារប្រយោជន៍ជាប្រវត្តិសាស្ត្រដល់ជនជាតិខ្មែរនានា ខ្ញុំបានចំណាយពេលបកប្រែមកជាខេមរភាសា និងធ្វើវីដេអូឡើងវិញ ព្រមជាមួយភាសាដែលបានបកប្រែនៅពីក្រោមវីដេអូ។ សូមអញ្ជើញលោកអ្នកនាងទស្សនាយកជាចំណេះដឹងដូចតទៅ៖

៩. ពស់ក្បាលពីរ៖ ប៉ុក ផល្គុន ឬ ព្រះពិសេស ពានិជ
ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ពិសេស ពានិជ ថ្ងៃចន្ទ 31 ខែ​មីនា 2014

កកន​៖ ខ្ញុំ​បាន​ដាក់​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​ខេត្ត​បាត់ដំបង ដូច​ជា​ប្រកាស​, ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ, សាវតារ​ត្រកូល «អភ័យវង្ស», រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម… ជា​ដើម​។ល។ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​ជូន​បុគ្គល​ម្នាក់​ទៀត ក្នុង​ត្រកូល​អភ័យ​វង្ស អ្នក​ក​តាំង​ចលនា​ខ្មែរ​ឥស្សរៈ និង​ក្រោយ​មក​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ថៃ ខេត្ត​ព្រះ​ដំបង ឬ​បាត់ដំបង​។

នាយ ប៉ុក ផល្គុន ឬ​ ប៉ុក គុណ ឬ​ឈ្មោះ​ជា​ភាសា​ថៃ​ថា ព្រះ​ពិសេស ពានិជ (ថៃ​៖ พระพิเศษพานิช) ឬ​ វិបូល ប៉ុកមន្ត្រី (ថៃ​៖ วิบูล ปกมนตรี) ជា​ជន​ជាតិ​ខ្មែរ​ពី​កំណើត ដែល​មាន​តួនាទី​ឆ្នើម​ក្នុង​ការ​ចាត់​តាំង​ចលនា​ខ្មែរ​ឥស្សរៈ ដើម្បី​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ពី​សំណាក់​ប្រទេស​បារាំង និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ថៃ​ រហូត​បាន​ក្លាយ​ជា​សមាជិក​សភា​ ខេត្ត​ព្រះ​ដំបង (បាត់ដំបង) របស់​រាជការ​ថៃ​ផង​ទៀត​*។

ប៉ុក ផល្គុន (ឈ្មោះ​ដើម) ជា​កូន​របស់​ឧកញ៉ា​មហា​មន្ត្រី អតីត​សេនា​បតី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ខ្មែរ និង​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង ឆ្អន អភ័យវង្ស ប្អូន​ស្រី​របស់​នាយករដ្ឋមន្ត្រី​ថៃ គួង អភ័យវង្ស និង​ជា​អ្នក​ក​តាំង​ចលនា​ខ្មែរ​ឥស្សរៈ​ឡើង នៅ​ឯ​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​១៩៤០​។

បន្ទាប់​ពី​ចលនា​ខ្មែរ​ឥស្សរៈ​បែក​បាក់ ដោយ​សារ​ទំនាស់​ផ្ទៃ​ក្នុង​នោះ នាយ ផល្គុន ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាង​រាស្ត្រ​ថៃ ប្រចាំ​ខេត្ត​ព្រះ​ដំបង (បាត់ដំបង) នៅ​ក្នុង​រដ្ឋការ​របស់​នាយ គួង អភ័យវង្ស​។ នៅ​ពេល​ដែល​នាយ គួង អភ័យវង្ស លា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ថៃ ហើយ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ប្រគល់​មក​ឲ្យ​បារាំង​កាន់​កាប់​វិញ​នោះ​, នាយ​ ផល្គុន រួម​ជាមួយ​អតីត​សមាជិក​ខ្មែរ​ឥស្សរៈ​មួយ​ចំនួន​ទៀត បាន​បង្កើត​គណៈ​កម្មាធិកា​​រំដោះ​ជាតិ​ខ្មែរ (KNLC) នា​ឆ្នាំ​១៩៤៨ និង​បន្ត​ប្រឆាំង​នឹង​វត្តមាន​របស់​បារាំង​នៅ​កម្ពុជា​ដដែល​ និង​នៅ​ឆ្នាំ​១៩៤៩ នាយ​ ផល្គុន ក៏​បាន​ឡើង​ធ្វើ​ជា​ប្រធាន​គណៈ​កម្មាធិការ​នេះ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មិន​ដល់​មួយ​ឆ្នាំ​ផង នាយ ក៏​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ក្នុង​បទ​ចោទ​ប្រកាន់​ប្រើ​ប្រាស់​ថវិកា​​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ទិញ​ដូវ​អាវុធ​។

* នាយ ព្រះ​ពិសេស ពានិជ (ឈ្មោះ​ថៃ) ឬ នាម​ដើម ប៉ុក ផល្គុន បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ខេត្ត​ព្រះ​ដំបង (បាត់ដំបង​) ឈុត​ទី​៤ មណ្ឌល​២ ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ របស់​សភា​តំណាង​រាស្ត្រ​ថៃ​ កាល​ពី​ខែ​មករា ឆ្នាំ​១៩៤៦​ ខណៈ​ដែល​ពេល​នោះ​បាត់ដំបង​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​ប្រទេស​ថៃ​។
  • ១០. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត”
អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញុំ​សូម​ប្រាប់​លោក​​ដោយ​ក្ដី​ឈឺ​ចាប់​បំផុត” ព្រះបរមឆាយាលក្ខណ៍ រាមាទី៤ ដែលផ្ញើទៅព្រះរាជទានចក្រពត្តិណាប៉ូលី​អ៊ុង​ទី៣ នាក្រុងប៉ារីស

ព្រឹកព្រលឹមដ៏ស្រស់ថ្លានារដូវរងានៃថ្ងៃទី១៩ ខែមករា ឆ្នាំ១៨៦៧ ព្រះចមក្លៅ (រាមាទី៤) ទ្រង់បានធ្វើពង្រាងព្រះរាជហត្ថលេខា (ចុតហ្មាយ) ដ៏តក់ស្លុតមួយច្បាប់ទៅក្រុងបារីស ដោយបានរៀបរាប់ពីទោមនស្សព្រះទ័យរបស់ព្រះអង្គឯងដោយមិនមាននរណាបានដឹងសូម្បីតែបុគ្គលជំនិតបំផុត ដ្បិតជាការសម្ងាត់។ ព្រះរាជហត្ថលេខានោះត្រូវបានធ្វើឡើងយ៉ាងខ្លីតែមានន័យចំចិន្ដាអ្នកទទួល ដូច្នេះថា…

“ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត ដោយបណ្ដាលមកពីហេតុការណ៍ដែលមិនគួរឲ្យកើតមានឡើងជាច្រើនគ្រា ដែលបានធ្វើឡើងម្ដងហើយម្ដងទៀតដោយពួកអ្នកតំណាងរដ្ឋាភិបាលបារាំងសែស។ ហេតុការណ៍ដែលមិនគួរឲ្យកើតមានឡើងទាំងនោះដោយមិនចាំបាច់សង្ស័យទេដែរថារដ្ឋាភិបាលរបស់សម្ដេចចក្រពត្តិមិនបានដឹង…។ យើងសូមឲ្យលោកមេត្តាផ្ដល់ភាពយុត្តិធម៌ចំពោះការតវ៉ារបស់ពួកយើង និងធ្វើការសម្រេចចិត្តដើម្បីអនុញ្ញាតឲ្យយើងបានរក្សា និងគ្រប់គ្រងតទៅដោយសន្តិ នូវបណ្ដាខេត្តក្រុងផ្សេងៗដែលស្ថិតនៅក្រោមអំណាចរបស់យើងអស់ពេលជាយូរណាស់មកហើយនោះ យ៉ាងហោចណាស់ក៏ជាងបួនរជ្ជកាលតគ្នាមកជារយៈវេលា៨៤ឆ្នាំ។ ទាំងនេះយើងក៏សុំឲ្យបញ្ឈប់ការប្រព្រឹត្តដោយមិនត្រឹមត្រូវមួយចំនួនដែលជាការរុកកួនដល់សន្តិសុខនៃរដ្ឋរបស់យើង”១

រាមាទី៤ ឆ្លងព្រះអង្គប្រដាប់គ្រឿងរាជឥស្សរិយាភរណ៍ “លេ ចង ដននើរ៍” ដែលចក្រពត្តិណាប៉ូលីអ៊ុងទី៣ ព្រះរាជទានមកថ្វាយនាឆ្នាំ១៨៦៣ ។ សុភអក្សរនេះមិនបានធ្វើឲ្យព្រះចក្រពត្តិបារាំងណាប៉ូលីអ៊ុងទី៣ ផ្លាស់ប្ដូរព្រះទ័យឡើយសូម្បីបន្តិច។ មិនតែប៉ុណ្ណោះថែមទាំងបន្ថែមល្បឿនផែនការដាក់បញ្ចូលខ្មែរទៅក្នុងចក្រភពបារាំងសែសកាន់តែលឿនផងទៀត។

ឆ្នាំ១៩៩៧ ឬ ១៣០ឆ្នាំ ក្រោយអំពីព្រះរាជហត្ថលេខាសំខាន់ច្បាប់នេះ អ្នកនិពន្ធបានទៅឃើញ “ឧត្ដុង្គមានជ័យ” ចំណុចបញ្ចប់នៃមោទនភាពមួយរបស់ប្រវត្តិសាស្ត្រសៀម នេះគឺជារាជធានីបណ្ដោះអាសន្នមួយដែលសម្ដេចព្រះន័ងក្លៅ (រាមាទី៣) ប្រោសឲ្យចម្លងតាមក្រុងទេពមហានគរ (បាងកក) ទៅសាងទុកជាព្រះកិត្តិយស។ ការទៅដល់ទីនោះគឺប្រកបដោយភាពរំភើបបំផុត តែអ្វីដែលបានឃើញនោះគឺជារឿងដែលព្រះចមក្លៅទ្រង់ខ្លាចព្រះទ័យបំផុត ត្រូវមានអ្វីមួយដែលលាក់កំបាំងក្នុងព្រះសុភអក្សរនោះ។

ឧត្ដុង្គមានជ័យ ថ្ងៃនេះត្រូវបានបោះបង់ចោលសល់តែសំណង់បែកបាក់យ៉ាប់យ៉ឺន។ មានស្លាកអក្សរតូចៗ មាត់ផ្លូវជាអក្សរឡាតាំងថា “UDONG”។ ភាពអស្ចារ្យដែលជាឫសដ្ឋាននៃស្ថាបត្យកម្មខ្មែរត្រកូលរតនកោសិន្ទ្របានបាត់បង់ទៅអស់រលីង ដោយមិនមានសំណល់អង្គបតិន្ទ្រដែលស្ដេចខ្មែរធ្លាប់គោរពបូជា សូម្បីតែឈ្មោះរបស់វីរបុរសពីសៀមក៏មិនមាននរណាបានឮ។ គ្រប់យ៉ាងជាអតីតដែលគ្មានស្លាកស្នាម។ តំណាលដែលធំធេងអស្ចារ្យបានក្លាយជាបំណែកតូចៗដែលលាក់កំបាំងក្នុងរវាងបន្ទាត់ល្អិតៗក្នុងពង្សាវតារថៃ តែក៏បានធ្វើឲ្យបេះដូងអ្នកមកទស្សនារីកធំឡើងបានក្នុងខណៈនោះដែរ។

ខ្មែរធ្លាប់បានធ្លាក់ជាប្រទេសរាជរបស់ថៃមកតាំងពីសម័យក្រុងស្រីអយុធ្យា។ នៅពេលដែលថៃបាត់បង់ក្រុងទៅឲ្យភូមានោះ ក្រុងនានាដែលធ្លាប់ជាចំណុះឆ្លៀតឱកាសតាំងខ្លួនឯករាជ្យ។ នៅឆ្នាំ១៧៨២ ខណៈដែលរាជវង្សខ្មែរកើតការដណ្ដើមអំណាចគ្នា ពញាយមរាជ (បែន) ខុនណាងសៀមបានលួចនាំអ្នកអង្គអេង រជ្ជទាយាទខ្មែរដែលនៅសល់តែមួយព្រះអង្គគត់ភៀសចូលមកក្រុងទេព។ ព្រះពុទ្ធយ៉តហ្វាយ (រាមាទី១) ទ្រង់ព្រះករុណាទទួលឧបការៈព្រះអង្គម្ចាស់តូច ដែលមានព្រះជន្មត្រឹម១០វស្សាធ្វើជាព្រះរាជបុត្រធម៌។ ចំណែកឯសម្ដេចព្រះអនុជាធិរាជម្ចាស់ក៏ក្រាបទូលសុំព្រះប្រយូរញាតិខាងស្រីដែលមកជាមួយ គឺអ្នកអង្គអ៊ី និងអ្នកអង្គភា ជាបាទបរិចារិកាក្នុងព្រះរាជវាំងបវរ២។ សម្ព័ន្ធភាពដ៏ជិតស្និទ្ធរវាងព្រះរាជវង្សថៃនិងខ្មែរបានកើតឡើងចាប់តាំងពីពេលនោះមក។

ព្រះពុទ្ធយ៉តហ្វា ប្រោសឲ្យសាងវាំងឡើងមាត់ស្ទឹងគូព្រះនគរឆៀងមាត់ស្ទឹងហ្លត ហៅថាវាំងស្ដេចខ្មែរឲ្យពំនាក់នៅរហូតអ្នកអង្គអេងព្រះជន្ម២២វស្សា ទើបប្រោសឲ្យត្រឡប់ទៅគ្រប់គ្រងខ្មែរ។ ទ្រង់ព្រះនាមថាព្រះនារាយណ៍រាមាធិបតី និងទ្រង់បានផ្ដល់បំណាច់ឲ្យលោកម្ចាស់បែនជាពញាអភ័យភូបេស្រ (ដើមកំណើតត្រកូលអភ័យវង្ស) (អានប្រកាស៖ សាវតារត្រកូល «អភ័យវង្ស») គ្រប់គ្រងខេត្តបាត់ដំបង (កកន៖ សៀមហៅព្រះដំបង, សូមអានប្រកាស៖ រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម) សៀមរាប ដែលព្រះនារាយណ៍រាមាធិបតី ទូលថ្វាយឲ្យកាត់ចេញផ្នែកក្រៅពីខ្មែរនេះជាកម្មសិទ្ធិរបស់ថៃ។ ឱរសព្រះចៅផែនដីខ្មែរគ្រប់ព្រះអង្គត្រូវចូលមកទទួលការបណ្ដុះបណ្ដាលសិក្សាក្នុងព្រះរាជសំណាក់ថៃឯក្រុងទេព។ ចៅហ្វាខ្មែរជំនាន់ក្រោយមកបានទទួលការឧបការៈដូចព្រះរាជបុត្រធម៌នៃព្រះចៅផែនដីថៃគ្រប់ព្រះអង្គ។ សម្ព័ន្ធភាពយ៉ាងជិតស្និទ្ធបានបណ្ដាលឲ្យមានភ័ក្ដីភាព។

នៅដើមរជ្ជកាលទី៤ (រាមាទី៤) ពាក្យបដិញាគ្រាបព្វជនកំពុងត្រូវបានលុបចោលយ៉ាងអប្បយស។ បារាំងសែនបានបញ្ជូនឆារល្ស ដេ មុនទិញេ (Charles de Montigny) ជាទូតចូលមកគាល់ឯក្រុងទេព និងបានសូមអនុញ្ញាតដើម្បីបានចូលទៅទស្សនាព្រះរាជសំណាក់ខ្មែរ ឯក្រុងឧដុង្គមានជ័យ។ នាឆ្នាំ១៨៦០ ព្រះចមក្លៅ ទ្រង់ស្ថាបនាអ្នកអង្គរាជាវតី (ព្រះនរោត្ដម) ទៅគ្រប់គ្រងក្រុងកម្ពុជា។ ក្រុងបារីសឃើញចង្វាក់ល្អទើបបញ្ជូន ម. ក្រងឌិយែរ៍ ចូលមកគាល់ក្សត្រិយ៍ខ្មែរអង្គថ្មី ហើយក៏ឆ្លៀតឱកាសបង្ហាញឲ្យឃើញផលប្រយោជន៍ដែលខ្មែរនឹងទទួលបាន បើធ្វើកិច្ចសន្យាជាមួយបារាំងសែស។

ចំណែកខ្មែរមិនបានសង្ស័យទេដែរថា បារាំងសែសត្រូវការប្រើជ័យភូមិរបស់ខ្លួនជាមូលដ្ឋានក្នុងការពង្រីកឥទ្ធិពលទៅកាន់ប្រទេសចិន និងកម្ចាត់តួនាទីរបស់សៀមមិនឲ្យមានតទៅទៀត។

រដ្ឋាភិបាលថៃបានរារាំងការធ្វើបែបនេះ។ រាមាទី៤ ទ្រង់មានព្រះរាជហត្ថលេខាសម្ដែងភាពឈឺចាប់ព្រះទ័យដែលមិនធ្លាប់បើកបង្ហាញពីមុនមកមកដល់មុនទិញេ (សូមអានសុភអក្សរខាងលើ) មកក្រុងបារីស។

ស្ថានការណ៍ដ៏អាក្រក់នេះ រាប់ជាវិបត្តិដែលព្រះព្រះចមក្លៅ (រាមាទី៤) ទ្រង់ទោមនស្សសោកសៅព្រះរាជហឫទ័យយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ព្រះអង្គ ដោយសារមិនធ្លាប់មានប្រទេសមហាអំណាចណាហ៊ានប្រឆាំងនឹងព្រះរាជអំណាចរហូតដល់ថ្នាក់នេះ។ ព្រះអង្គទ្រង់ចាត់ថាការកាត់បន្ថយសិទ្ធិជាម្ចាស់អធិរាជរបស់ព្រះអង្គនោះ គឺជាការអាប់ឱនដល់ព្រះបរមតេជានុភាពរបស់បុព្វមហាក្សត្រិយាធិរាជម្ចាស់នៃបឋមវង្សចក្រី ក៏ដូចជារបស់ព្រះបរមរាជបុព្វបុរសគ្រប់រជ្ជកាល។ នៅខណៈដែលព្រះអង្គទ្រង់ឈ្វេងយល់ពីភាពមិនអាចជំទាស់នឹងព្រះរាជវិនិច្ឆ័យរបស់ព្រះចៅណាប៉ូលីអ៊ុងទី៣ បាននោះ ព្រះអង្គបានមើលឃើញពីការបាត់បង់ព្រះរាជអាណាចខេត្តនានាជាទីស្រឡាញ់បំផុតដែលនឹងមិនមានថ្ងៃវិលវិញបាន។

នៅគ.ស.១៨៦០ នេះ ទ្រង់មានព្រះរាជតម្រិះឲ្យរើប្រាសាទខ្មែរចំនួនពីរយកមកទុកនៅក្នុងក្រុងទេព ដើម្បីទុកជាអនុស្សាវរីយ៍។ ទ្រង់កំណត់ឲ្យរើយកមកទុកឯភ្នំមហាសួគ៌មួយប្រាសាទ និងឯវត្តបទុមវ័នមួយប្រាសាទទៀត។ ព្រះអង្គបានជ្រើសយកប្រាសាទតាព្រហ្មដ៏ស្រស់ស្អាតជាប្រាសាទទី១ (ឯកលក្ខណៈរបស់ប្រាសាទមានដើមស្ពង់ធំមួយដុះចាក់ឫសទៅតាមកំពែងនានា-កំណត់អ្នកនិពន្ធ) តែបែរជាមិនបានសម្រេច ដោយមានអាភេទជាកងទ័ពខ្មែរបូរាណចេញមកពីព្រៃសម្លាប់ខុនណាងដែលទទួលខុសត្រូវការងារបាត់បង់ជីវិតទៅ ទើបព្រះអង្គបញ្ជាឲ្យបញ្ឈប់ផែនការទាំងអស់ ទើបទ្រង់បញ្ជាឲ្យចម្លងប្រាសាទនគរវត្តខ្នាតតូចមួយជំនួសវិញ ដោយយកមកដាក់ក្នុងបរិវេណវត្តព្រះស្រីរតនសាស្ដារាម ដូចដែលឃើញមកដល់សព្វថ្ងៃនេះ។

(ឆ្វេង) រូបព័ត៌មានស្ដីអំពីព្រះចៅសិរីសុវត្ថិទ្រង់ទទួលបានការស្វាគមន៍យ៉ាងអធិកអធមនៅឯប៉ារីស (គ.ស.១៩០៦), (ស្ដាំ) រូបព័ត៌មានស្ដីអំពីព្រះចៅសិរីសុវត្ថិនាំក្រុមនាដកខ្មែរសម្ដែងឯក្រុងម៉ារសីល៍

នៅគ.ស.២០០០ អ្នកនិពន្ធមានឱកាសទៅទស្សនកិច្ចពិព័រណ៍សារព័ត៌មានបូរាណឯក្រុងប៉ារីស និងបានរកឃើញភ័ស្តុតាងបន្ថែមចំនួន៤-៥ ទាក់ទងនឹងការបាត់បង់ប្រទេសខ្មែរផ្នែកខាងក្នុង នារជ្ជកាលរាមាទី៥ និងរឿងរ៉ាវទាក់ទងនឹងព្រះរាជទស្សនកិច្ចរបស់ព្រះចៅសិរីសុវត្ថិស្ដេចយាងមកក្រុងប៉ារីសដើម្បីចរចាទទួលយកដែនដីពីស្យាមវិញ ដែលរាប់ថាជាការបាត់បង់ជាផ្លូវការរៀងរហូត ទើបបាននាំមកចុះផ្សាយនៅទីនេះបន្ថែមដើម្បីឲ្យសាច់រឿងពេញបរិបូរណ៍។

(ឆ្វេង) រូបព័ត៌មានស្ដីអំពីព្រះចៅសិរីសុវត្ថិស្ដេចបំពេញព្រះរាជទស្សនកិច្ចប្រទេសបារាំងសែសដើម្បីចរចាទទួលយកដែនដីខ្មែរត្រឡប់មកវិញ (គ.ស.១៩០៦), (ស្ដាំ) រូបព័ត៌មានស្ដីអំពីការប្រគល់ដែនដីខ្មែរផ្នែកខាងក្នុង សម័យរាមាទី៥ (គ.ស.១៩០៧)

ព្រះចុលចមក្លៅ ទ្រង់មានព្រះរាជវិនិច្ឆ័យក្នុងការគ្រប់គ្រងអធិបតេយ្យលើខេត្តខណ្ឌសីមាយ៉ាងខ្លាំងក្លាក្នុងរជ្ជកាលបន្តមក។ នៅពេលកើតវិបត្តិ រ.ស.១១២ នោះ ចាំបាច់ត្រូវលះបង់ដែនដីផ្នែកខាងស្ដាំរបស់ទន្លេមេគង្គជាថ្មីទៀត ដោយបារាំងសែសបានវាយយកចន្ទបុរីជាថ្នូរ តែក្រោយពីចាកចេញទៅបែរជាទៅវាយយកស្រុកត្រាតជំនួសវិញ។

ស្រុកត្រាតនេះ បារាំងសែសយល់ថាពលរដ្ឋជាប្រជាជនខ្មែរ តែក្រោយមកពេលដឹងថាសុទ្ធជាថៃនោះ ក៏ព្យាយាមរកវិធីផ្លាស់ប្ដូរដែនដីជំនួសវិញ។

គង់ចាំបានថាតាំងតែពីរជ្ជកាលទី១ ក្សត្រិយ៍ខ្មែរបានថ្វាយស្រុកបាត់ដំបង (កកន៖ ថៃហៅព្រះដំបង) សៀមរាប (កកន៖ ថៃហៅសៀមរាដ្ឋ ប្រែថាដែនដីរបស់សៀម) ជាកម្មសិទ្ធិដាច់ខាតរបស់ថៃ និងរាប់ថាជាអភិសិទ្ធិពេញច្បាប់ដែលគ្រប់គ្នាទទួលស្គាល់។ នៅចន្លោះពេលនោះបារាំងសេសកំពុងធ្វើផែនការសាងផ្លូវរថភ្លើងព្រៃនគរ-ហាណូយ វិធីដែលអាចកាត់បន្ថយថវិកាបានច្រើនបំផុតនោះគឺការកសាងដោយឆ្លងកាត់បាត់ដំបង និងផ្នែកខាងស្ដាំនៃទន្លេមេគង្គ ហេតុដូចនេះហើយទើបសំឡឹងមើលឃើញដែនដីខ្មែរផ្នែកខាងក្នុងរបស់សៀមយ៉ាងល្អិតល្អន់បំផុត។

បញ្ហា “សិទ្ធិសភាពក្រៅអាណាខេត្ត” ជាប្រធានបទនយោបាយដែលនាំមកនូវភាពលំបាកក្នុងការគ្រប់គ្រង និងការកាត់ក្ដីតាមច្បាប់របស់ថៃ សោយសិទ្ធិសញ្ញាច្បាប់គ.ស.១៨៥៦ កំណត់ថា ជនបារាំងសេសស្ថិតនៅក្រោមការគ្រប់គ្រងរបស់កុងស៊ុលបារាំងសែសប្រចាំក្រុងបាងកក ដែលជាអំណាចមិនស្របច្បាប់ជ្រៀតជ្រែងការងារផ្ទៃក្នុងរបស់សៀម។ សិទ្ធិនេះឈានទៅដល់ការគ្រប់គ្រងប្រជាជនប្រភេទឯទៀតៗ ដែលអះអាងខ្លួនថាស្ថិតក្នុងការគ្រប់គ្រងរបស់បារាំងសែសដែរ ជាហេតុបង្កឲ្យមានការមិនអនុវត្តតាមច្បាប់ទម្លាប់នានារបស់ថៃ។ មនុស្សអស់ទាំងនោះមានតាំងពីពួកចិនមិនពីកូសាំងស៊ីន, ពួកក្បត់ជនជាតិខ្មែរ រហូតដល់ទៅជនជាតិយួនកាន់សាសនាគ្រឹស្ត ដែលគេចពីក្ដៅមកពឹងត្រជាក់ ។ល។ និង។ល។ សាងជម្លោះនានាប្រការរវាងរដ្ឋការថៃ និងបារាំងសែស។

នៅគ.ស.១៩០៦ ប្រធានគណៈកម្មការព្រំដែនសញ្ជាតិបារាំងសែសឃើញឱកាសល្អ ទើបស្នើឲ្យមានការផ្លាស់ប្ដូរខេត្តត្រាត និងផ្នែកខាងឆ្វេងជាមួយខេត្តបាត់ដំបង, សៀមរាប និងសេរីសោភ័ណ ហើយនឹងលុបចោលសិទ្ធិសភាពក្រៅអាណាខេត្តឲ្យថៃ។ ដើម្បីដោះស្រាយបញ្ហាផ្នែកនយោបាយ, សេដ្ឋកិច្ច នានាដែលសៀមបានជួបប្រទះមកនោះ និងដើម្បីកុំឲ្យមានបញ្ហាកង្វល់ផ្សេងទៀតនោះ ព្រះចុលចមក្លៅ ទ្រង់កាត់ព្រះទ័យលើកដែនដីខ្មែរចំណែកចុងក្រោយ ដែលជាខេត្តប្រទេសរាជដែលសៀមស្រឡាញ់ជាទីបំផុត ឲ្យទៅខ្មែរក្នុងអាណាព្យាបាលរបស់ថៃបន្តទៅ។

ប្រវត្តិការណ៍ដ៏ធំអស្ចារ្យរបស់ខ្មែរនៅក្នុងយុគចក្រពត្តិនិយម គឺការដែលប្រមុខសំខាន់ “អង្គទី២” ពីបូព៌ាឆ្ងាយស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចបារាំងសែស នាគ.ស.១៩០៦ មុនការដែលព្រះចុលចមក្លៅ ស្ដេចនឹងបំពេញព្រះរាជទស្សនកិច្ចទ្វីបអឺរ៉ុបនៅឆ្នាំ១៩០៧។ រដ្ឋការបារាំងសែសបានទូលអញ្ជើញព្រះចៅសិរីសុវត្ថិប្រមុខខ្មែរឲ្យស្ដេចយាងទៅបារាំងសែសជាផ្លូវការ ដើម្បីពិភាក្សាបញ្ហារាជការ និងត្រៀមទទួលត្រឡប់មកវិញទឹកដីខ្មែរប៉ែកខាងក្នុងពីសៀមវិញ ដែលបារាំងសែសចង់ឲ្យកើតឡើងមុនពេលដែលរជ្ជកាលទី៥ ស្ដេចយាងចេញពីប្រទេសសៀម។

ព្រះចៅសិរីសុវត្ថិទ្រង់ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងឋានៈ “ព្រះចៅផែនដីធំរបស់ព្រះរាជអាណាចក្រសំខាន់នៃបូព៌ាទិស”។ ប្រជាជនប៉ារីសមានការអបអរជាមួយនឹងការផ្សព្ធផ្សាយវប្បធម៌ខ្មែរដ៏អស្ចារ្យដែលជាអច្ឆរិយវត្ថុមួយក្នុងចំណោម៧យ៉ាងមោទន។

ខ្មែរបានឆ្លងកាត់វិបត្តិនានាយ៉ាងច្រើនពីការគ្រប់គ្រងរបស់មហាអំណាចដទៃទៀត ដូចជាសហរដ្ឋអាមេរិក និងពីខ្មែរគ្នាឯងក្នុងយុគខ្មែរក្រហម។ អធិរាជរបស់ព្រះចៅផែនដីសៀមលើប្រទេសរាជក្នុងភូមិភាគនេះប្រដូច “ឪពុកគ្រប់គ្រងកូន” រាប់ជាភ័ស្ដុតាងសំខាន់នៃស្ថានការណ៍នៅពីក្រោយនយោបាយក្នុងរបបសម្បូរណាញាសិទ្ធិរាជ្យ ក្នុងសម័យរាមាទី៤ និងទី៥ ដែលគួរជាទីស្វែងយល់៕

ឯកសារយោង៖

១. ពេញស្រី ដុក (เพ็ญศรี ดุ๊ก.) ការបរទេសជាមួយនឹងឯករាជ្យ និងអធិបតេយ្យរបស់ថៃ, បាងកក រាជបណ្ឌិត្យស្ថាន ព.ស.២៥៤២
២. រួមរឿងទាក់ទងជាមួយយួន និងខ្មែរក្នុងសម័យរតនកោសិន្ទ្រ, សៀវភៅរំឭកបុណ្យឈាបនកិច្ចសពលោកឃោសិត វេជ្ជាជីរៈ ខែមេសា ព.ស.២៥០៧
៣. សៀរភៅ A Travers Le Monde គ.ស.១៩០៧ រឿងសិទ្ធិសញ្ញាបារាំង-សៀម៖ ចុឡាលង្ករណ៍ និងសិរីសុវត្ថិ និងសារព័ត៌មាន Le Petit Journal ចុះថ្ងៃទី២៤ ខែមិថុនា និង ១ កក្កដា គ.ស.១៩០៦


កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​ ខ្ញុំ​បាន​បញ្ចប់​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «បាត់ដំបងសម័យលោកម្ចាស់» ដែល​និពន្ធ​ដោយ​លោក តូច ឈួន បោះពុម្ព​គ្រា​ទី ២ (១៩៩៤) ។

ដំបូង​ឡើយ ​ឃើញ​សៀវភៅ​នោះ​កម្រាស់​ក្រាស់​ ស្មាន​ថា​ត្រូវ​ប្រើ​ពេល​យូរ​ក្រែល តែ​ចៃដន្យ​សៀវភៅ​​នោះ​អក្សរ​ធំ​ៗ ដូច្នេះ​ខ្ញុំ​ចំណាយ​ពេល​តែ​មួយ​យប់​ក៏​ចប់​សព្វ​គ្រប់​ល្មម​នឹង​យល់​ការណ៍​យល់​សេចក្ដី​រឿងរ៉ាវ​អាច​សរសេរ​ អត្ថបទ​នេះ​បាន ។

សៀវភៅ​នេះ​ជា​រួម​សំដៅ​ទៅ​លើ​ត្រកូល​មួយ​នាម អភ័យវង្ស ដែល​បាន​គ្រប់​គ្រង​ ខែត្របាត់ដំបង​ដល់​ទៅ​ ៦​ជំនាន់ រៀង​ពី​ឆ្នាំ ១៧៩៥ ដល់ ១៩០៧ គឺ​រយៈ​ពេល ១១២​ឆ្នាំ យូរ​ជាង​អាណានិគម​បារាំង​ដែល​ដាក់​គ្រប់គ្រង​នគរខ្មែរ​ដែល​មាន​រយៈកាល​ត្រឹម ៩០​ឆ្នាំ។

ជន​ទី​មួយ​ដែល​គ្រប់​គ្រង​ខែត្រ​នេះ​ឈ្មោះ បែន ងារ​ជា ឧកញ៉ា​យមរាជ​(១)​ មាន​កំណើត​នៅ​ខែត្រទ្រាំង (ខែត្រតាកែវ​សព្វថ្ងៃ) ។ បែន នេះ​ក្រោយ​មក​​ត្រូវ​បាន​ ស្ដេច​សៀម ​ហៅ​ទៅ ​ស្រុកសៀម​ហើយ​បញ្ជា​ឲ្យ​គេ​ចៀរ​ស្លឹក​ត្រចៀក​ចោល តែ​ក្រោយ​មក​ក៏​ជញ្ជួន​មក​ស្រុក​ខ្មែរ​វិញ​ដោយ​សា​ជន​នេះ​ជា​នាយ​ទាហាន​មាន​ថ្វៃដី​ល្អ ។ ចម្បាំង​រាំង​ជល់​បន្ត​មាន​ត​ទៅ ដរាប​ដល់​ពេល​ដែល ស្ដេច​អង្គអេង​(២)​ ឡើង​សោយរាជ្យ ហើយ បែន នេះ​ទៅ​គ្រប់គ្រង​ ខែត្រ​បាត់ដំបង វិញ (បាត់ដំបង  សៀមរាប  សិរីសោភ័ណ) ។ បែន នេះ​ក្រោយ​មក​ក៏​ឡើង​ទៅ​ ស្ដេច​សៀម​ វិញ លែង​ឡើង​មក​ ស្ដេច​ខ្មែរ​ ដូច​មុន ដូច្នេះ​ខែត្រ​ខណ្ឌ​នោះ​ក៏​ក្លាយ​ជា​របស់​ សៀម​ ចាប់​ពី​ឆ្នាំ​នោះ​មក​ដរាប​រៀង​ដល់​ បារាំង​ យក​ពី​ សៀម​ វិញ​តាម​សិទ្ធិ​សញ្ញា ២៣​ មិនា ​១៩០៧ ។

បែន ដែល​មាន​ងារ​ពេញ​ថា «ចៅពញាអភ័យធិបេស វិសេសសង្គ្រាម រាមនរិន្ទ ឥន្ទជ័យ អភ័យភេរី បរាពាហុ» កាន់​អំណាច​ជា​ស្ដេច​ក្រាញ់ ។ បែន ស្លាប់​នៅ​ឆ្នាំ ១៨០៩ ឈ្មោះ ប៉ែន ជា​កូន​ក៏​ឡើង​បន្ត​ងារ អភ័យធិបេស នេះ​ទៀត​បាន​កាល ៧​ឆ្នាំ​ក៏​ស្លាប់​បាត់​ទៅ ។ រស់ ជា​កូន​របស់ ប៉ែន ក៏​ឡើង​បន្ត​ទៀត​រហូត​ដល់​ឆ្នាំ ១៨៣៥ ។

លុះ​អស់​ពី​ឈ្មោះ រស់ ទៅ កូន​របស់ រស់ ឈ្មោះ នង ក៏​ឡើង​បន្ត ។ គេ​មិន​ដឹង​ថា នង​ ស្លាប់​នៅ​ឆ្នាំ​ណា​នោះ​ទេ តែ​ក្រោយ​មក​កូន​របស់ នង ឈ្មោះ យារ ហៅ ញ៉ុញ មាន​ងារ​ត្រឹម​តែ​ជា «ចៅពញាគទាធរ ធរណិន្ទ្រ រាមនរិន្ទឥន្ទ្រាធិបតី អភ័យភេរី ពាហុ» ។ យារ នេះ​គ្រប់គ្រង​តែ ខែត្របាត់ដំបង​ ប៉ុណ្ណោះ​រហូត​ដល់​ឆ្នាំ ១៨៩៤ ។ គួរ​បញ្ជាក់​ថា​ពេល​នោះ ​ខែត្របាត់ដំបង​ នៅ​សល់​តែ​ស្រុក​ចំណុះ​ចំនួន ៤​ទេ​គឺ មង្គលបុរី, បាត់ដំបង, មោងឬស្សី និង ​ស្រែអន្ទាក់​(៣)​ ។ ឯ​ ខែត្រសៀមរាប និង​សិរីសោភ័ណ ​ត្រូវ​បាន​បំបែក​ជា​ខែត្រ​ដាច់​ដោយ​ឡែក​តាំង​ពី​ឆ្នាំ ១៨៤៥ មក​ម៉្លេះ ដែល​ដូរ​ឈ្មោះ​ទៅ​ជា ខែត្រ​វិបុលសង្គ្រាម(៤) និង ស៊ីសុផុន​ ​(៥)​ តាម​លំដាប់ ។

កូន​របស់ យារ ឈ្មោះ ឈុំ ក៏​បាន​ឡើង​បន្ត​ដំណែង​ពី​ឪពុក​ខ្លួន​ដោយ​សម្លាប់​បង​ថ្លៃ​របស់​ខ្លួន​ជា​សាសន៍​សៀម​ព្រោះ​ឮ​ថា​ ព្រះចៅ​សៀម​ ចង់​លើក​នាយ​បង​ថ្លៃ​នោះ​ឲ្យ​ឡើង​គ្រង​ខែត្រ​បន្ត​ពី​ឪពុក​របស់​ខ្លួន ។ ឈុំ នេះ​ជា​មនុស្ស​សាហាវ​ឃោរឃៅ ប្រហាក់ប្រហែល​ទៅ​នឹង​ជីតា​ជំនាន់​ទី ១ បែន របស់​ខ្លួន​ដែរ ។

ឈុំ នេះ​គ្រប់​គ្រង ខែត្របាត់ដំបង​ រហូត​ដល់​ឆ្នាំ ១៩០៧ ។ នៅ​ពេល​ដែល​បារាំង​ប្រគល់​ខែត្រ​នេះ​មក​ជា​សម្បត្តិ​នគរ​ខ្មែរ​វិញ ឈុំ​ ក៏​លក់​ផ្ទះ​សម្បែង​ទាំង​ប៉ុន្មាន​នៅ​បាត់ដំបង​ហើយ​ដឹក​ទ្រព្យសម្បត្តិ, ប្រពន្ធ និង​កូនចៅ​ប្រហែល​ជា​ ១០០ ​រទេះ​គោ​ទៅ​នៅ​ឯ​ បស្ចឹមបុរី ។ ក្រោយ​មក ឈុំ នេះ​ក៏​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រហែល​កំឡុង​​ឆ្នាំ ១៩២០ ទៅ ។

កូន​របស់ ឈុំ ម្នាក់​ឈ្មោះ ខួង​(៦)​ បាន​ឡើង​បុណ្យ​សក្តិ​ខ្ពង់ខ្ពស់​រហូត​បាន​ក្លាយ​ជា ​នាយករដ្ឋមន្ត្រី​សៀម​ ជា​ច្រើន​គ្រា​ទៀត​ផង ។ ក្រោយ​ពី​ដឹង​ត្រួស​ពី​ប្រវត្តិ​គ្រួសារ​នេះ​ដែល​គេ​ហៅ​ថា «អភ័យវង្ស» ហើយ យើង​ចូល​ដល់​ការ​វិភាគ​ខ្លះ​ៗ ។

តាម​សៀវភៅ​បាន​បញ្ជាក់​ថា បាត់ដំបង​ សម័យ​នោះ​មិន​រីក​ចម្រើន​នោះ​ទេ ។ គ្រួសារ​ អភ័យវង្ស​រស់​ក្នុង​កំផែង​ដ៏​ស្កឹម​ស្កៃ ឯ​ប្រជាជន​វិញ​ទោះ​ជា​អ្នកងារ​ក៏​មិន​ខុស​ពី​ទាសករ​ប៉ុន្មាន​ដែរ ។ កំផែង​កែវ​នេះ​ហាក់​ដូច​ជា​ស្ថាន​សួគ៌​សម្រាប់​គ្រួសារ​ស្ដេច​ត្រាញ់​មួយ​នេះ ខណៈ​ដែល​ប្រជាជន​ដែល​រស់​នៅ​ក្រៅ​កំផែង​នេះ​ហាក់​ដូច​ជា​រស់​នៅ​ក្នុង​ស្ថាន​មួយ​ខុស​គ្នា​សែន​ឆ្ងាយ​ហៅ​មិន​ឮ ។

គេ​ឃើញ​មាន​ជនជាតិ​ផ្សេងៗ រស់​នៅ​ដែរ​ដូច​ជា សៀម​ ដែល​ក្លាយ​ជា​ប្រជាជន​ម្ចាស់​ស្រុក កូឡា​ដែល​រក​ស៊ី​ជីក​ត្បូង​នៅ​ ប៉ៃលិន ចិន​ ដែល​ប្រសព្វ​ខាង​រក​ស៊ី​ជំនួញ​ក្រោយ​មក​មាន​ច្រើន​បាន​ឡើង​បុណ្យ​មាន​សក្ដិ យួន​ ដែល​រក​ស៊ី​នេសាទ​និង​កាន់​សាសនា​កាតូលិក និង ចាម ​ដែល​កាន់​សាសនា​អ៊ីស្លាម​ ហើយ​មក​រស់​នៅ​ច្រឡូក​ឡំ​ជា​មួយ​ ខ្មែរ​ យូរ​ហើយ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​សាសន៍​ទាំង​នោះ​មាន​សំណាង​ជាង​ ខ្មែរ​ ដែល​ជា​ម្ចាស់​ដើម​ស្រុក ដោយ​មិន​ជាប់​កំណែន និង​បង់​ពន្ធ​ឡើយ ។

ឯ​ការ​ដឹក​ជញ្ជូន​វិញ​ក៏​មិន​រីក​ចម្រើន​អ្វី​ដែរ គេ​នៅ​ប្រើ​រទេះ​គោ សេះ ដំរី ឯ​កំពង់ផែ​មាន​តែ​មួយ​នៅ​ឯ បាក់ព្រា ។ ពី បាត់ដំបង ទៅ ប៉ៃលិន គេ​ត្រូវ​ប្រើ​គោ (មិន​ប្រើ​រទេះ) ព្រោះ​ជា​ផ្លូវ​ភ្នំ ។ គេ​ឃើញ​មាន​ប៉ុស្តិ៍​ប្រៃសណីយ៍​មួយ​ដែរ ។ ភាគ​ច្រើន​គេ​និយម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ជាង​ផ្លូវ​គោក​ដោយ​សារ​មិន​សូវ​នឿយ​ហត់ និង​ម៉្យាង​ផ្លូវ​គោក​មិន​មាន​លក្ខណៈ​សម​ប្រកប​នៅ​ឡើយ ។

ឯ​ខាង​សេដ្ឋកិច្ច​វិញ គេ​ឃើញ​គ្មាន​អ្វី​ជា​រីក​ចម្រើន​ទេ ដោយ​សារ​អ្នក​ស្រុក​ធ្វើ​ស្រែ​បែប​ប្រពលវប្បកម្ម​ ហើយ​ត្រូវ​បាន​ពន្ធ​ស្រូវ និង​ពន្ធ​ខ្លួន​ទៀត ។ គេ​ឃើញ​មាន ​ជាង​សង់​ផ្ទះ ជាង​ដែក ជាង​ទង អ្នក​ធ្វើ​កន្ទេល​ផ្ដៅ មាន​ហាង​បិត​ស្រា​លក់​ផ្ដាច់​មុខ​មួយ​របស់​សាសន៍​ចិន ឯ​ហាង​កាត់​ខោអាវ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ។ ឯ​ពួក​កូឡា​ដែល​ជីក​ត្បូង​នៅ​ប៉ៃលិន​នៅ​មិន​ឡើង​មក​ស្រុក​បាត់ដំបង​ទេ គឺ​ឡើង​ទៅ ស្រុក​ចន្ទបុរី​ វិញ ។

ផ្នែក​សុខភាព​វិញ គេ​នៅ​តែ​ជឿ​លើ​គ្រូ​ស្ដោះ​ផ្លុំ ដែល​មើល​ទៅ​ជួយ​បាន​តែ​អ្នក​មាន​និស្ស័យ ។ មាន​តែ​គ្រួសារ​អ្នក​ធំ​ប៉ុណ្ណោះ​ដែល​ប្រើ​ថ្នាំ​បារាំង​ទិញ​មក​ពី បាងកក ឬ ភ្នំពេញ ។ ក៏​មាន​ បារាំង មក​បើក​ពេទ្យ​ដែរ តែ​ស្ដេច​ត្រាញ់​នេះ​ហាម​ដាច់​ខាត​មិន​ឲ្យ​ប្រជាជន​ទាក់ទង​ជា​មួយ​បារាំង បើ​មិន​ដូច្នោះ​ទេ​កំបុត​ក្បាល​មិន​ខាន ។

ខាង​ផ្នែក​សិល្បៈ​វិញ គេ​ឃើញ​មាន​ក្រុម​ល្ខោន​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ប្រពន្ធ​របស់​ស្ដេច​ត្រាញ់​នេះ ​សម្ដែង​ជូន​ប្រជាជន​ទស្សនា​តាម​ពេល​វេលា​បុណ្យ​ប្រពៃណី ឬ​បុណ្យ​ផ្សេងៗ ។ នៅ​សម័យ​នោះ នរណា​ៗ ក៏​ស្គាល់ ហ្លួង​វិចិត្រ​វោហារ ឥន្ទ ដែរ ។ គាត់​ក្រោយ​មក​បាន​ឡើង​ងារ​ជា ឧកញ៉ាសុត្តន្តប្រីជា ដែល​យើង​គ្រប់​គ្នា​ស្គាល់​ដឹង​សព្វ​ថ្ងៃ ។

បើ​យើង​ក្រឡេក​មើល​ទៅ​លើ​វិញ (ដឹក​ទ្រព្យសម្បត្តិ, ប្រពន្ធ និង​កូនចៅ​ប្រហែល​ជា​ ១០០ ​រទេះ​គោ​ទៅ​នៅ​ឯ​ បស្ចឹមបុរី) ក៏​ដឹង​ថា គ្រួសារ​ អភ័យវង្ស នេះ​មាន​ដល់​កម្រិត​ណា​ដែរ នៅ​ពេល​ដែល​ប្រជាជន​សាមញ្ញ​រស់​នៅ​យ៉ាង​តោកយ៉ាក (ពុករលួយ​ស្រប​ច្បាប់) ។

លោកអ្នកជ្រាបទេ ព្រះអង្គម្ចាស់ នរោត្ដម សុទ្ធារស ព្រះបិតានៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត និងជាព្រះរាជអយ្យកោនៃព្រះករុណា សម្ដេចព្រះ នរោត្ដម សីហនុ ជាអម្ចាស់នៃពួងជនជាតិខ្មែរ ទ្រង់បានបំពេញព្រះករណីកិច្ចជាប្រវត្តិសាស្ត្រមួយនៃការដាក់បញ្ចូលអាណាខេត្តក្រាត* មកក្នុងការគ្រប់គ្រងរបស់ព្រះរាជអាណាចក្រកម្ពុជា ដោយមានបារាំងជាអាណាព្យាបាល។

នៅគ.ស.១៩០៤ បន្ទាប់ពីសទ្ធិសញ្ញាបារាំងសៀម បានព្រមព្រៀងបារាំងដកថយពីខេត្តច័ន្ទបុរី (អានថា៖ ចាន់.ទៈ.បុ.រ៉ី) ប៉ុន្តែដោយដោះដូរយកតំបន់ក្រាតមកគ្រប់គ្រងវិញ។

នៅថ្ងៃទី២៤ ខែធ្នូ គ.ស.១៩០៤ រដ្ឋការបារាំង និងសៀម បានធ្វើពិធីផ្លាស់ប្ដូរទង់ជាតិគ្រប់គ្រងតំបន់ក្រាត ដោយមានវត្តមាននៃព្រះអង្គម្ចាស់ នរោត្ដម សុទ្ធារស ដែលជាព្រះរាជតំណាងនៃព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ នៃក្រុងកម្ពុជាផងដែរ។

នៅពេលទ្រង់ត្រឡប់មកព្រះរាជធានីវិញ ព្រះករុណា សិរីសុវត្ថិ ទ្រង់ព្រះករុណាប្រោស ព្រះរាជទានគ្រឿងឥស្សរិយយស ឈ្មោះក្រង់អូហ្វីស៊ីយេរ របស់ក្រុងកម្ពុជា ដល់ព្រះអង្គម្ចាស់ផងទៀត។

ព្រះអង្គម្ចាស់ នរោត្ដម សុទ្ធារស ទ្រង់ប្រសូតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៨៧២ នៅក្នុងទីព្រះបរមរាជវាំងចតុម្មុខ ព្រះរាជធានីភ្នំពេញ។ ព្រះអង្គជាព្រះរាជបុត្រានៃព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមាទេវាវតារ ព្រះចៅក្រុងកម្ពុជាធិបតី នឹងចៅចមមាតា អៀម បុស្បា។ ព្រះអង្គមានព្រះយសខ្ពស់បំផុតជា «សម្ដេចព្រះរាជអយ្យកោ វរចក្ររណឫទ្ធិ»។ ទ្រង់រៀបអភិសេកជាមួយសម្ដេចព្រះរាជអយ្យិកា ខត្តិយកល្យាណ៍រាជសុតាភគវតី ផង៉ា និងមានព្រះឱរស ព្រះធិតារួមព្រះអង្គ សរុប៦ព្រះអង្គ ក្នុងនោះ គឺ ព្រះករុណា ព្រះបាទ នរោត្ដម សុរាម្រឹត និង ព្រះអង្គម្ចាស់ក្សត្រីរស្មីសោភ័ណ ផងដែរ។ ព្រះអង្គម្ចាស់ នរោត្ដម សុទ្ធារស ទ្រង់សោយទិវង្គតនៅថ្ងៃទី២៧ ខែមករា គ.ស.១៩៤៥ ក្នុងព្រះជន្ម៧៣វស្សា។ សូមអានជីវប្រវត្តិលម្អិតរបស់ទ្រង់ «ចុចទីនេះ»។

* បច្ចុប្បន្ននេះប្ដូរឈ្មោះមកជាខេត្ត «ត្រាត» ជាដែនដីមួយរបស់រាជអាណាចក្រថៃ
បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម
បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម
ខេត្តបច្ចន្តគិរីខែត្រ អតីតកាលនៃក្រុងកោះកុង ឬខេមរភូមិន្ទ

បច្ចន្តគិរីខែត្រ (ថៃ៖ ปัจจันตคิรีเขตร) គឺជាអតីតក្រុងមួយនៃអាណាចក្រខម (ថៃប្រើពាក្យខម ជំនួសពាក្យ ខ្មែរ) ថៃសៀមបានរឹបអូសមកធ្វើជារបស់ខ្លួនក្នុងសម័យរជ្ជកាលទី៥ ហើយដែលជាខែត្រជាប់ប្រទល់ដែនសមុទ្ទ មានភាពសំខាន់ដូចគ្នានឹងខេត្តចន្ទបុរី (ថៃ៖ จันทบุรี) និងខេត្តត្រាត (ថៃ៖ ตราด) ពីអតីតផងដែរ។ បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងក្រុងកោះកុង នៃខេត្តកោះកុងរបស់ប្រទេសកម្ពុជា។ ដែនដីខេត្តនេះត្រូវបានធ្លាក់មកជារបស់បារាំង ព្រមជាមួយនឹងផ្នែកខាងស្ដាំទន្លេមេគង្គ គឺខេត្តជយបុរី (លាវ អានថា សៃយៈប៊ុរី) និងខេត្តចម្ប៉ាស័ក កាលគ.ស.១៩០៤។

ប្រវត្តិ

តាំងពីដើមមក កោះកុងគឺជាខេត្តមួយរបស់រាជអាណាចក្រខ្មែរ តែរហូតមកដល់សម័យដែលខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម ព្រះចៅក្រុងសៀមក៏ព្រះបរមរាជឱង្ការឲ្យតាំងកោះកុងជាផ្នែកមួយរបស់ក្រុងត្រាត។

នៅគ.ស.១៨៥៥ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ បានមានព្រះបរមរាជឱង្ការឲ្យតាំងកោះកុង ដោយព្រះរាជទាននាមក្រុងនេះថា ក្រុងបច្ចន្តគិរីខែត្រ ដើម្បីឲ្យក្លាយជាក្រុងជាប់សមុទ្ទផ្នែកខាងកើតរបស់ថៃ ដោយសារជាក្រុងដែលមានផ្ទៃដីជាប់នឹងប្រទេសខ្មែរ និងប្រទេសយួន។

ហេតុដែលរជ្ជកាលទី៤ (ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ) ព្រះរាជទានកោះកុងថា បច្ចន្តគិរីខែត្រ ក៏គឺដើម្បីឲ្យជួននឹងក្រុង ប្រចួបគីរីខ័ន្ធ (ថៃ៖ ประจวบคีรีขันธ์) ដែលស្ថិតនៅភាគខាងលិចរបស់ថៃ ហើយដែលក្រុងទាំងពីរនេះស្ថិតនៅក្នុងរយៈទទឹងដូចគ្នា។


ទីតាំងក្រុងទាំងពីរនៅលើកូអឌីនេភូមិសាស្ត្រ

មកដល់គ.ស.១៨៧៩ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ទ្រង់ព្រះករុណាព្រះរាជានុញ្ញាតឲ្យព្រះអង្គចៅ សាយសនិទវង្ស ចាត់តាំងស្ថានីយទាហានជាយដែនសមុទ្ទភាគខាងកើត ឯក្រុងជលបុរី បាងព្រះ ស្រុកបាងលៈមុង ក្រុងរៈយ៉ង ក្រុងក្លែង ក្រុងចន្ទបុរី ស្រុកខ្លុង ក្រុងត្រាត ក្រុងបច្ចន្តគិរីខែត្រ និងកោះសមេតក្រៅ ដើម្បីតទល់នឹងបារាំងតាមដែនសមុទ្ទ។

តមកនៅ គ.ស.១៨៩២ បារាំងចាប់ផ្ដើមប្រើទាហាន បង្ខំថៃ ដោយលើកកងទ័ពមកដេញទាហានថៃឲ្យចេញពីដែនដីផ្នែកខាងឆ្វេងនៃទន្លេមេគង្គ ដែលជាហេតុបណ្ដាលឲ្យជាយដែនថៃមានបញ្ហាទ្វេឡើង ហេតុដូចនេះព្រះអង្គក៏ព្រះរាជានុញ្ញាត តែងតាំងកម្មការប្រឹក្សាការពារព្រះរាជអាណាខែត្រឡើង និងចាត់កងបញ្ជាការទ័ពតាមក្រុងដែនសមុទ្ទឡើង។

នៅគ.ស.១៨៩៣ រាជការសៀមបានតែងតាំងឲ្យនាយពលនាវាចត្វា ពញាជលយុទ្ធយោធិន្ទ្រ (André du Plésis de Richelieu) ជាអ្នកចាត់ការការពារព្រះរាជអាណាខែត្រភាគខាងកើត។ ខាងក្រសួងការបរទេសក៏មានបញ្ជាមកចៅហ្វាយខែត្រនៅតំបន់នេះ ដោយរួមទាំងក្រុងបច្ចន្តគិរីខែត្រផង ឲ្យជួយពញាជលយុទ្ធយោធិន្ទ្រ ចាត់ការគ្រប់យ៉ាងដែលទាក់ទងនឹងការការពារព្រះរាជអាណាខែត្រ។
ការ​បាត់​ដែន​ដី​ខេត្ត​បច្ចន្ត​គិរី​ខែត្រ​

នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៨៩៣ មាន​កើត​វិបត្ត​នៅ​ឯ​មាត់​ទន្លេ​ចៅ​ពញា ទូក​ចម្បាំង​របស់​បារាំង​បាន​ចូល​មក​ដល់​តំបន់​ការពារ​របស់​សៀម និង​រហូត​ដល់​ក្រុង​ទេព​មហា​នគរ (បាងកក)។ បារាំង​បាន​ដាក់​ឱសានវាទឲ្យ​ថៃ​បដិបត្ត​តាម​នា​ថ្ងៃ​ទី​២០ កក្កដា ដោយ​ទុក​ពេល​ឲ្យ​៤៨​ម៉ោង ចំណែក​ឯ​ខាង​ថៃ​វិញ​បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា តែ​មិន​បាន​បំពេញ​បំណង​របស់​បារាំង​ទេ ហេតុ​ដូច​នេះ​នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ផ្នែក​ការ​ទូត​ជាមួយ​ថៃ។ ពីរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា បារាំង​ក៏​បាន​បញ្ជូន​មេ​បញ្ជាការ​ជើង​ទឹក​តំបន់​ខាង​កើត​ឲ្យ​ព័ទ្ទ​ឡោម​ឈូង​សមុទ្ទ​ថៃ ចាប់​តាំង​ពី​ហ្លេម​ចៅលាយ (ថៃ៖ แหลมเจ้าลาย) រហូត​ដល់​បរិវេណ​ហ្លេម​ក្របាំង (ថៃ៖ แหลมกระบัง) និង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​បិទ​ឡោម​ឈូង​សមុទ្ទ​ថៃ​ជា​លើក​ទី​២ ដោយ​ពង្រីក​បន្ថែម​បរិវេណ​កោះ​សាម៉េត រហូត​ដល់​ហ្លេមលិង (ថៃ៖ แหลมลิง) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ទទួល​យក​ឱសានវាទ​របស់​បារាំង។

តែ​នៅ​ថ្ងៃ​ព្រឹក​ឡើង​បារាំង​ឆក់​ឱកាស​កំណត់​បញ្ជា​បន្ថែម​ទៀត ដោយ​ប្រកាស​រឹប​អូស​យក​ប៉ាកណាំ (មាត់​ទឹក) និង​ក្រុង​ច័ន្ទ​បុរី ជា​ឈ្លើយ និង​បង្គាប់​ឲ្យ​ថៃ​ដក​ចេញ​ពី​ផ្នែក​ខាង​ឆ្វេង​ទន្លេ​មេគង្គ​ថែម​ទៀត។ ថៃ​ចាំ​បាច់​ត្រូវ​យល់​ព្រម​ដោយ​គ្មាន​វិធី​ជ្រើស​រើស។ នៅ​ពេល​ដែល​ថៃ​បដិបត្តិ​តាម​ពាក្យ​បញ្ជា​នេះ​ហើយ បារាំង​ក៏​បាន​ដក​ការ​ព័ទ្ធ​ឈូង​សមុទ្ទ​ថៃ​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ តែ​ការ​រឹប​អូស​យក​ប៉ាកណាំ និង​ក្រុង​ច័ន្ទ​បុរី នៅ​បន្ត​ដដែល។

ត​មក​មាន​ការ​ធ្វើ​សិទ្ធិ​សញ្ញា​បញ្ឈប់​សង្គ្រាម ដោយ​មាន​សិទ្ធិ​សញ្ញា​ចុះ​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​១៨៩៣។ នៅ​ក្នុង​សិទ្ធិសញ្ញា​នេះ​មាន​កំណត់​ថា “រដ្ឋបាល​បារាំង​និង​បាន​នៅ​តាំង​បន្ត​នៅ​ក្រុង​ច័ន្ទ​បុរី រហូត​ការងារ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​សិទ្ធិ​សញ្ញា​នេះ​ត្រូវ​បាន​សម្រេច​រួច​រាល់…”។


ការ​ប្រគល់​ខេត្ត​ត្រាត​ឲ្យ​ដល់​បារាំង

បើ​ទោះ​បី​ភាគី​ថៃ​បដិបត្ត​តាម​ចំណុច​នានា​ដែល​បារាំង​បង្គាប់​បញ្ជា​គ្រប់​យ៉ាង​យ៉ាង​ណា​ក្ដី បារាំង​ក៏​នៅ​មិន​ព្រម​ដក​ទាហាន និង​នៅ​គ្រប់​គ្រង​ក្រុង​ច័ន្ទ​បុរី អស់​រយៈ​ពេល​១០​ឆ្នាំ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​មាន​ធ្វើ​សិទ្ធិសញ្ញា​ថ្មី​មួយ​ច្បាប់​ទៀត គឺ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៣ ពេល​នេះ​ទើប​បារាំង​ដក​កម្លាំង​ចេញ​ពី​ច័ន្ទ​បុរី តែ​បាន​ចូល​ទៅ​កាន់​កាប់​ក្រុង​ត្រាត (កកន៖ បារាំង​ហៅ​ថា ក្រាត) និង​បណ្ដា​កោះ​ទាំង​ហ្លាយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ហ្លេម​លិង និង​រហូត​ទៅ​ដល់​កោះ​កុង។ ភាគី​ថៃ​ចាំ​បាច់​ត្រូវ​ប្រគល់​ក្រុង​ត្រាត និង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ឲ្យ​ដល់​បារាំង នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩០៤។

តំបន់​ទាំង​នេះ​ត្រូវ​ធ្លាក់​លើ​ការ​គ្រប់​គ្រង​របស់​បារាំង រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​១៩០៦ ទើប​មាន​ការ​ឯកភាព​ធ្វើ​សិទ្ធិសញ្ញា​មួយ​ច្បាប់​ទៀត​ដែល​ឲ្យ​ឈ្មោះ​ថា “សិទ្ធិ​សញ្ញា​រវាង​សម្ដេច​ព្រះ​ចៅ​ផែន​ដី​សៀម ជាមួយ​ប្រស៊ីដេនត៍ហេងរីភីលីព​បារាំង” បារាំង​ទើប​ប្រគល់​ក្រុង​ត្រាត​មក​ថៃ​វិញ តែ​ភាគី​ថៃ​ត្រូវ​បាត់បង់​ដែន​ដី​ខ្មែរ​ផ្នែក​ខាង​ក្នុង (កកន៖ ថៃ​ហៅ​ថា​មណ្ឌល​បូព៌ា) គឺ​ក្រុង​បាត់ដំបង (កកន៖ ថៃ​ហៅ​ព្រះ​ដំបង សូម​អាន​ប្រកាស រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម) សៀមរាប និង​សិរីសោភណ្ឌ (កកន៖ ថៃ​ហៅ​ស៊ីសុផុន) ជា​ការ​ដោះ​ដូរ តែ​ប្រាកដ​ថា​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) នេះ បារាំង​មិន​បាន​ប្រគល់​ឲ្យ​មក​ថៃ​វិញ​ទេ។ បច្ចុប្បន្ន​នេះ​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា។

ការ​បាត់​បង់​ផែន​ដី​កោះ​កុង​នា​សម័យ​នោះ ប្រវត្តិសាស្ត្រ​ថៃ​មិន​មាន​ចុះ​អំពី​ការ​បាត់​បង់​ដែន​ដី​កោះ​កុង​ទេ ដោយ​ចុះ​ដោយ​រួម​ក្នុង​ករណី​ដែន​ដី​ខេត្ត​ត្រាត​ប៉ុណ្ណោះ ព្រោះ​នៅ​ខណៈ​នោះ​ថៃ​ត្រូវ​ការ​ដែន​ដី​ខ្មែរ​ភាគ​ខាង​លើ​ខ្លាំង​ណាស់ គឺ​ដែន​ដី​ឦសាន​ខាង​ត្បូង​បច្ចុប្បន្ន (កកន៖ រួម​មាន​អតីត​ខេត្ត​ខ្មែរ​មួយ​ចំនួន​ដូច​ជា ស្រី​ស្លាកែត, សុរិន្ទ្រ, បុរីរម្យ ជា​ដើម) ដោយ​មាន​កំណត់​យក​ភ្នំ​ដង​រែក​ជា​ខ្សែ​កំណត់​ខេត្ត​ដែន ដែល​បារាំង​ក៏​បាន​យល់​ព្រម។

កកន៖ បាត់ដំបង គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតដែលខ្មែរយើងបានបាត់បង់ទៅឲ្យប្រទេសសៀម ឬថៃបច្ចុប្បន្ន។ តាំងពីសតវត្សរ៍ទី១៨ មក រហូតដល់ឆ្នាំ១៩០៧ ក្រោមព្រះរាជកិច្ចដ៏វិសេសវិសាលនៃព្រះករុណា ព្រះរាជានុកោដ្ឋ និងក្រោមកិច្ចគាំពារពីអាណាព្យាបាលបារាំងសែស បាត់ដំបងបានវិលមករួមជាអាណាខេត្តនៃនគរខ្មែរវិញ។ តែជាអកុសល បន្ទាប់ពីជប៉ុនបានវាយលុកលុយនគរយើង ប្រទេសសៀមកាលណុះក៏បានឃុបឃិតជាមួយជប៉ុនដាក់បញ្ចូលខេត្តបាត់ដំបងទៅក្នុងអាណាខេត្តរបស់ខ្លួនជាថ្មីនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៤១ គឺកាលពី៧៥ឆ្នាំមុននេះ ដោយសៀមហៅខេត្តនេះជាខេត្តព្រះដំបង (ស. พระตะบอง) [ពរៈតៈបអង អានថា ផ្រៈតៈបង]។

ភ្លាមៗនេះ គឺមួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៤២ ឬព.ស.២៤៨៥ ក្នុងព្រះបរមនាមនៃព្រះមហាក្សត្រិយ៍ថៃ រាជការថៃក៏បានចាត់របៀប បង្កើតក្រុងបាត់ដំបងឡើង និងដោយមានព្រះរាជក្រឹត្យផ្លូវការដូចខាងក្រោម (ព្រះរាជក្រឹត្យនេះត្រូវបានចុះក្នុងព្រះរាជកិច្ច នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤២ សៀវភៅទី៥៩ ចំណុចទី៧៣)។ ស្រែខ្មុកសូមធ្វើការបកប្រែក្រៅផ្លូវការ ដើម្បីទុកជាចំណេះដឹង និងសិក្សាស្វែងយល់ ដូចតទៅនេះ៖



ព្រះរាជក្រឹត្យ
ចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២

ក្នុងព្រះបរមនាមនៃសម្ដេចព្រះចៅយូហួអានន្ទមហិតល
គណៈភូសម្រេចរាជការជំនួសព្រះអង្គ
(តាមប្រកាសប្រធានសភាតំណាងរាស្ត្រ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៣៧ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤១)
អាទិត្យទិពអាភា
ប្រីតី ភ្នំយង្គ

ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៤២ ជាឆ្នាំទី៩ នៃរជ្ជកាលបច្ចុប្បន្ន

ដោយមានការយល់ស្របឲ្យមានការចាត់តាំងទីប្រជុំជនមួយផ្នែកនៃសង្កាត់ក្រុង ជាទីតាំងរបស់សាលាខេត្ត ស្រុកព្រះដំបង ខេត្តព្រះដំបង ឲ្យក្លាយជាក្រុង (កកន៖ សៀមហៅថាទេសបាល) នោះ គណៈភូសម្រេចរាជការជំនួសព្រះអង្គ ក្នុងព្រះបរមនាមនៃសម្ដេចព្រះចៅយូហួ អាស្រ័យអំណាចតាមមាត្រាទី៩ នៃព្រះរាជបញ្ញត្តិក្រុង គ.ស.១៩៣៨ ទើបចាត់ឲ្យមានកំណត់ព្រះរាជក្រឹត្យនេះឡើង ដូចតទៅនេះ
  1. មាត្រា១ ព្រះរាជក្រឹត្យនេះឲ្យឈ្មោះថា «ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២»
  2. មាត្រា២ ឲ្យប្រើព្រះរាជក្រឹត្យនេះតាំងតែពីថ្ងៃប្រកាសក្នុងព្រះរាជកិច្ចតទៅ
  3. មាត្រា៣ ឲ្យដំឡើងឋានៈតំបន់មួយចំនួននៃទីប្រជុំជន សង្កាត់ព្រះដំបង ខេត្តព្រះដំបង តាមដែនដែលបានកំណត់ក្នុងមាត្រា៤ ឡើងជាក្រុង មានឈ្មោះថា «ទេសបាលមឿងព្រះដំបង ខេត្តព្រះដំបង»
  4. មាត្រា៤ ឲ្យកំណត់ដែនក្រុងព្រះដំបង ខេត្តព្រះដំបង ដូចតទៅនេះ ផ្នែកខាងជើង ចាប់ពី​បង្គោលទី១ ដែលមានទីតាំងនៅចំណុចបែងចែកដែនស្រុកខ្លងឯក ដែលត្រង់ទៅពីផ្លូវព្រះតំបងទៅស្រីសោភណ្ឌ មកទល់នឹងចំណុចដែនស្រុកខ្លងឯកឆ្ពោះត្រង់ទៅស្ទឹងព្រះដំបង ជាខ្សែត្រង់ទៅតាមទិសខាងកើតតាមដែនស្រុកខ្លងឯក ឆ្លងស្ទឹងព្រះដំបង រហូតដល់វត្តបាឡាត់ រួចអែបឆ្វេងនៃស្ទឹងវត្តបាឡាត់ រហូតដល់បង្គោលទី២ ដែលមានទីតាំងនៅខាងលើផ្នែកខាងឆ្វេងនៃ ស្ទឹងវត្តបាឡាត់ និងមានចម្ងាយពីផ្នែកខាងស្ដាំនៃស្ទឹងព្រះដំបង១៦៥ម៉ែត្រ ផ្នែកខាងកើត ចាប់ពីបង្គោលទី២ ជាខ្សែត្រង់ទៅទិសខាងកើតឆៀងខាងត្បូង រហូតដល់ប្រសព្វនឹងខ្សែស្រុកហ្ល័កហ្វាយ ដែលជាទីតាំងរបស់បង្គោលទី៣
  5. ពីបង្គោលទី៣ ជាខ្សែត្រង់ទៅទិសខាងត្បូង ស្របទៅតាមដែនស្រុកហួយហ្វាយ រហូតដល់បង្គោលទី៤ ដែលមានទីតាំងទីប្រសព្វដែនស្រុកហួយហ្វាយដែលឆ្ពោះត្រង់ពីផ្លូវព្រះដំបងទៅអធឹកទេវតេជ កាត់នឹងខ្សែដែនស្រុកហួយហ្វាយ ដែលត្រង់មកពីស្ទឹងព្រះដំបង ផ្នែកខាងត្បូង ពីបង្គោលទី៤ បែកជាមុំស្ដាំជាខ្សែត្រង់ទៅទិសខាងលិច តាមខ្សែដែនស្រុកហួយហ្វាយ ឆ្លងស្ទឹងព្រះដំបងទៅតាមខ្សែដែនស្រុកសួននុន ចំណុចបង្គោលទី៥ ដែលមានទីតាំងនៅប្រសព្វដែនស្រុកសួននុន ដែលត្រង់ទៅពីស្ទឹងព្រះដំបងកាត់គ្នានឹងខ្សែដែនស្រុកសួននុនដែលត្រង់ទៅពីមាត់ដំណាក់ព្រះចៅមុនីវង្ស ផ្នែកខាងកើត
  6. ផ្នែកខាងលិច ពីបង្គោលទី៥ បែកជាមុំស្ដាំជាខ្សែត្រង់ទៅទិសខាងជើងតាមខ្សែដែនស្រុកសួននុន និងខ្សែដែនស្រុកផឹងហ្លួង ចំណុចបង្គោលទី៦ ដែលមានទីតាំងនៅចំណុចដើមនៃខ្សែដែនស្រុកសួននុន បែកទៅជួបនឹងខ្សែដែនស្រុកខ្លងឯក ពីបង្គោលទី៦ ជាខ្សែត្រង់ទៅទិសខាងជើងតាមខ្សែដែនស្រុកសួននុន និងខ្សែដែនស្រុកខ្លងឯក បញ្ចប់នឹងបង្គោលទី១ ដូចដែលបានបង្ហាញនៅក្នុងផែនទីដែលភ្ជាប់មកជាមួយព្រះរាជក្រឹត្យនេះ
តាមខ្សែដែនដែលបានកំណត់នៅក្នុងវគ្គមុន ឲ្យមានខ្សែដែនតូចៗភ្ជាប់ដើម្បីបង្ហាញពីខ្សែដែនទាំង​មូលតាមសមគួរ មាត្រា៥ ដី ឬផ្ទះសម្បែងរបស់ប្រជាជនណាដែលឆ្លងចូលក្នុងខ្សែដែនដែលបានកំណត់ក្នុងមាត្រា៤ ឲ្យកំណត់ជាដី ឬផ្ទះសម្បែងដែលជាប់តជាមួយគ្នា ហេតុដូចនេះឲ្យភ្ជាប់ចូលមកតំបន់របស់ក្រុងទាំងអស់

មាត្រា៦ ឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុវត្តតាមព្រះរាជក្រឹត្យនេះ

អ្នកទទួលស្នងព្រះរាជឱង្ការ
ចមពល ប៉. ពិបូលសង្គ្រាម

នាយករដ្ឋមន្ត្រី
បាត់ដំបងសម័យលោកម្ចាស់ ឈុំ អភ័យវង្ស
July 19, 2015  ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា
  1. បើនិយាយអំពីសាវតានៃខេត្តបាត់ដំបង (សៀមបានប្រែឈ្មោះជាខេត្តព្រះដំបង ) ដែលធ្លាប់ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់សៀមអស់ជាច្រើនឆ្នាំ គឺត្រូវនិយាយទាក់ទងនឹងសាវតាដែលខេត្តនេះស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូល «អភ័យវង្ស»។
  2. ត្រកូលអភ័យវង្សនេះ ជាត្រកូលមួយធ្លាប់គ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។ ខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម។
  3. បើតាមសៀវភៅដែលមានចំណងជើងថា «បាត់ដំបងសម័យលោកម្ចាស់» និពន្ធដោយលោក តូច ឈួន បោះពុម្ពលើកទី២ ឆ្នាំ១៩៩៤ បានរៀបរាប់ថា ៖
  4. ត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺឧកញ៉ាយមរាជ (បែន) ជាពូជពង្សត្រកូលខ្មែរមួយដែលបានចុះចូលជាមួយសៀម។
  5. ត្រកូល អភ័យវង្ស បានគ្រប់គ្រង ខេត្តបាត់ដំបងដល់ទៅ៦ជំនាន់ រៀងតគ្នាជាលំដាប់រហូតមកចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ គឺរយៈពេលយូរជាងអាណានិគមនិយមបារាំង គ្រប់គ្រងប្រទេសកម្ពុជាដែលមានរយៈកាលត្រឹម ៩០ឆ្នាំ។
  6. ជនទីមួយដែលគ្រប់គ្រងខេត្តនេះឈ្មោះ បែន ងារជាឧកញ៉ាយមរាជ។ ខេត្តខណ្ឌនោះក៏ក្លាយខេត្តមួយស្ថិតក្នុងមណ្ឌលបូព៌ា របស់សៀមចាប់ពីពេលនោះជាដរាបរៀងមក រហូតដល់បារាំងទាមទារ​យកពីសៀម វិញតាមរយៈសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។
  7. គ្រួសារអភ័យវង្សរស់នៅក្នុងបរិវេណកំផែងដ៏ស្កឹមស្កៃ។ កំផែងនេះហាក់ដូចជាស្ថានសួគ៌សម្រាប់គ្រួសារស្ដេចត្រាញ់មួយនេះអញ្ចឹង។
  8. បែន ដែលបានកាន់អំណាចជាស្ដេចត្រាញ់ដំបូង បានស្លាប់នៅឆ្នាំ១៨០៩ ឈ្មោះ ប៉ែន ជាកូនក៏ឡើងបន្តការងារនេះទៀតបានកាល ៧ ឆ្នាំក៏ស្លាប់បាត់ទៅ។ បន្ទាប់មក រស់ ជាកូនរបស់ ប៉ែន ក៏ឡើងបន្តទៀតរហូតដល់ឆ្នាំ១៨៣៥។ លុះអស់ពីឈ្មោះ រស់ ទៅ កូនរបស់ រស់ ឈ្មោះ នង ក៏ឡើងបន្តទៀត។ គេមិនដឹងថា នង ស្លាប់នៅឆ្នាំណានោះទេ តែក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ ១៨៩៤។ កូនរបស់ យារ ឈ្មោះ ឈុំ ក៏បានឡើងបន្តដំណែងពីឪពុកខ្លួនដោយសម្លាប់បងថ្លៃរបស់ខ្លួនជាសាសន៍សៀមព្រោះឮថា ព្រះចៅសៀម ចង់លើកនាយបងថ្លៃនោះឲ្យឡើងគ្រងខេត្តបន្តពីឪពុករបស់ខ្លួន ។
  9. ឈុំ អភ័យវង្ស នេះគេចាត់ទុកជាមនុស្សសាហាវឃោរឃៅ ប្រហាក់ប្រហែលទៅនឹងជីតាជំនាន់ទី១ បែន របស់ខ្លួនដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។ នៅពេលដែលបារាំងយកខេត្តនេះមកវិញ ឈុំ ក៏រើផ្ទះសម្បែងទាំងប៉ុន្មាននៅបាត់ដំបងហើយដឹកទ្រព្យសម្បត្តិ ប្រពន្ធ និងកូនចៅប្រហែលជា ១០០ រទេះគោទៅរស់នៅឯបស្ចឹមបុរី ។ ក្រោយមក ឈុំ ក៏ស្លាប់កំឡុងឆ្នាំ១៩២២។ ឯកសារខ្លះទៀតថា បារាំងបានយល់ព្រមផ្តល់លុយអោយ ឈុំ អភ័យវង្សចាប់ពីឆ្នាំ១៩០៧ រហូតដល់គាត់ស្លាប់ ក្នុង១ឆ្នាំ ១សែនបាត ដែលជាថ្នូរនឹងការចាកចេញរបស់គាត់។
  10. បុត្ររបស់ ឈុំ អភ័យវង្ស ម្នាក់ឈ្មោះ ខួង (គួង/ខួង អភ័យវង្ស) ដែលជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសសៀម ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់​ទៅ៣ដង។ ខួង អភ័យវង្ស កើតឆ្នាំ១៩០២ នៅខេត្តបាត់ដំបង។
  11. តាំងពីការតវង្សត្រកូលមកពីរជ្ជកាលទី១ រហូតដល់ចុងរជ្ជកាលទី៥ ដែលការផ្សំផ្គុំរវាងត្រកូល​សៀម ជាមួយខ្មែររបស់អ្នករួមត្រកូលអភ័យវង្សនេះ រហូតដល់ថ្នាក់មិនអាចបែងចែកឲ្យបានច្បាស់លាស់។ គ្រាមួយនៅពេលមានការបោះឆ្នោត ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀតចោទប្រកាន់ថាខ្លួនមានបុព្វបុរសមិនមែនជនជាតិសៀម តែជាជនជាតិខ្មែរ ឆ្លើយតបចំពោះការចោទប្រកាន់នេះ ខួង អភ័យវង្ស បានអះអាងក្នុងឆ្នាំ១៩៦៣ ពីកំណើតត្រកូលនេះឲ្យអ្នកស្ដាប់ពិចារណា និងកាត់សេចក្ដីដោយខ្លួនឯង ដោយសារខ្លួនឯងមិនអាចសម្រេចបាន។
នៅមានវគ្គបន្តទៀត
សូមអរគុណ!


No comments:

Post a Comment