Monday, March 4, 2024

ការ​បង្កើត​រាជវង្ស​ដំបូង

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកដើម)
ឥណ្ឌូចិន និង​ប្រជាជន នៅ​ដើម​គ្រិស្ដសករាជ និង​ដើម​មហា​សករាជ​ហិណ្ឌូ


១- អំពី​ទឹកដី
ប្រសិនបើ ​គេ​ពិនិត្យ​មើល​ផែនទី​ទ្វីបអាស៊ី ជាដំបូង​គេ​សង្កេត​ឃើញ​មាន​ទៀប​កោះ​ធំៗ​បី​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ៖ ទៀបកោះ​មួយ​នៅ​ខាងលិច​គឺ​ទៀបកោះ​អារ៉ាប់ ដែល​យើង​នឹង​មិន​យក​ចិត្ដ​ទុកដាក់​ទេ ។ ទៀបកោះ​មួយ​ទៀត​នៅ​កណ្ដាល គឺ​ឧបទ្វីប​ឥណ្ឌា ដែល​មាន​រាង​ត្រីកោណ និង​មាន​កោះ​សិរី​លង្កា​នៅ​ត្រង់​កំពូល តែ​ខិត​មក​ខាង​ឦសាន​បន្ដិច កោះ​នោះ​ប្រៀប​បាន​ទៅ​នឹង​ពេជ្រ​មួយ​គ្រាប់​ដែល​ច្នៃ​ឡើង​ដោយ​ជាង​មក​ពី​ ប្រទេស​ហុល្លង់ ។ ទៀបកោះ​ទី​បី​នៅ​ខាង​កើត​នោះ​គឺ​ឧបទ្វីប​ឥណ្ឌូចិន ។ ទៀបកោះ​នេះ​មាន​រាង​ដូចជា​ថង់​រៃ​អង្គាស​ប្រាក់ ហើយ​មាន​ទៀបកោះ​មួយ​តូច​ព្យួរ​ជាប់​នឹង​ចង្កេះ មាន​រាង​ដូចជា​ខ្សែ​បន្ដោង​ដែល​មាន​ខាង​ចុង​រីក​ធំ​ដូច​ជា​ថ្នក់​អ្វី​ មួយ ៖ នោះ​គឺ ទៀបកោះ​ម៉ាឡាកា រាង​វែង​ហើយ​រៀវ​ដែល​មាន​ឈ្មោះ​ថា «ដែនដី​សុវណ្ណ​ភូមិ» នៅ​ក្នុង​ផែនទី​របស់ ផ្ដូលេមេ ។ តាម​មើល​ទៅ ទៀបកោះ​នេះ​ប្រហែល​ជា​នៅ​ដាច់​ផុត​ពី​ទ្វីប​នៅ​ឡើយ​កាល​ពី​ដើម​គ្រិស្ដសករាជ ដោយ​ដៃ​សមុទ្រ​មួយ​ត្រង់​បួរ​ដី មាន​ឈ្មោះ​ថា «ក្រា» ។


ផែនទី កាលវរិច្ឆេទនៃ អាណាចក្រនានា ជុំវិញ កម្ពុជា


  1. អាណាចក្រ បាកាន Bagan Kingdom
  2. អាណាចក្រ ចម្ប៉ា Champa Kingdom ( មណ្ឌលតាំងសមាធិព្រះពុទ្ធសាសនាចាម គគីរ កៀនស្វាយ)
  3. អាណាចក្រអាយុធ្យា Ayuthia Kingdom
  4. អាណាចក្រ អង្គរ Angkor Kingdom
  5. អាណាចក្រ ស្រីវិជ័យជ្វា Srivirajaya Kingdom
  6. អាណាចក្រ មាតារាម Mataram Kingdom
  7. អាណាចក្រ ម៉ាហ្សាបាហិត Majapahit Empire
  8. អាណាចក្រ ធម្មក្សត្រា Dharmasraya Kingdom
បើ ​គេ​ទុក​ផែនទី​ដែល​បង្ហាញ​ប្រទេស​ជា​ច្រើន​នេះ រួច​យក​ផែនទី​ដែល​បង្ហាញ​ពី​ឥណ្ឌូចិន​ក្នុង​មាត្រដ្ឋាន​ធំ ព្រម​ទាំង​មាន​កោះ​ទាំងឡាយ​នៅ​ក្នុង​សមុទ្រ​ខាងត្បូង ពោល​គឺ អាំស៊ុឡាំង​ផង​មក​មើល​វិញ គេ​ឃើញ​មាន​សមុទ្រ​តូច​មួយ​នៅ​ចន្លោះ​ឧបទ្វីប​ឥណ្ឌូចិន និង​ទៀបកោះ​ម៉ាឡាកា សមុទ្រ​នោះ​មាន​ឈូង​មួយ​នៅ​ពី​ខាងជើង ៖ សមុទ្រ​នោះ​គឺ​សមុទ្រ​សៀម រីឯ​ឈូង​សមុទ្រ​គឺ​ឈូង​សមុទ្រ​បាងកក ។ នៅ​ពី​ខាង​និរតី​នៃ​ទៀបកោះ​ម៉ាឡាកា​ដ៏​វែង មាន​កោះធំ​មួយ គឺ​កោះ​ស៊ូម៉ាត្រា ហើយ​នៅ​ខាង​ចុង​កោះ​នេះ គឺ​កោះ​ជ្វា​ដ៏​ល្អ​ត្រកាល ។ ទៅ​ខាងកើត​នោះ​ទៀត​គឺ កោះ​ប៊័រណេអូ​ដែល​ជា​កោះធំ​ជាង​គេ​នៅ​លើ​លោក​រួច​ហើយ មាន​កោះ​រាប់​ពាន់ មាន​តូច​មាន​ធំ នៅ​ប្រមូលផ្ដុំ​គ្នា​ជា​ប្រជុំ​កោះ ដែល​ត​ភ្ជាប់​ចេញពី​ទៀបកោះ​ម៉ាឡាកា និង​កោះ​ទាំងឡាយ​របស់​ម៉ាឡេស៊ី ទៅ​ទិស​ខាង​កើត​ចម្ងាយ​ប្រហែល​៨០០​គីឡូម៉ែត្រ ។ កោះ​តូច​ធំ​ទាំង​អស់​នេះ អាច​ជា​កំពូល​ភ្នំ​នៃ​ទ្វីប​ធំ​មួយ ដែល​បាន​លិច​កប់​បាត់​ទៅ​នៅ​ក្រោម​ទឹក​សមុទ្រ រីឯ​វាល​ទំនាប និង​ជ្រលង​ភ្នំ ស្ថិត​ក្នុង​ទីជម្រៅ ។

នៅ​ពេល​ដែល​ គេ​ពិនិត្យ​ឃើញ​ថា​ទៀបកោះ​ម៉ាឡាកា​ដ៏​វែង​នេះ​នៅ​ផ្ដុំ​គ្នា​ជាមួយ​នឹង​ ឧបទ្វីប​ឥណ្ឌូចិន​ដ៏​ធំ​ដែល​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ប្រទេស​ចិន​នោះ គេ​អាច​យល់​បាន​អំពី​ភាព​ទាក់ទង​គ្នា​ខាង​ប្រវត្ដិសាស្ដ្រ​នៃ​បណ្ដា​ប្រជាជន ​ដែល​កកើត​បាន​ជា​ជាតិ​សាសន៍​ផ្សេងៗ​ឡើង​នៅ​លើ​ទឹកដី​ដ៏​ធំ​ទូលាយ​ នេះ ។​ហើយ​គេ​ក៏​យល់​បាន​ដែរ​ថា គេ​មិន​អាច​និយាយ​អំពី​ជាតិ​សាសន៍​ណាមួយ ដោយ​មិន​និយាយ​អំពី​ជាតិ​សាសន៍​ផ្សេង​ទៀត​សោះ​នោះ​ទេ ។


ឥឡូវនេះ សូម​បែរ​មក​ពិនិត្យ​មើល​ផែនទី​លម្អិត​របស់​ឧបទ្វីប​ឥណ្ឌូចិន​វិញ​ ម្ដង ។ បើ​លោក​អ្នក​ពិនិត្យ​ជួរ​ភ្នំ​ដ៏​វែង ដែល​លាត​សន្ធឹង​នៅ​លើ​ឧបទ្វីប​នេះ លោក​អ្នក​នឹង​ឃើញ​ថា​មាន​ទន្លេ​ស្ទឹង​ធំៗ ដែល​ហូរ​កាត់​ជួរ​ភ្នំ​នេះ ទន្លេ ស្ទឹង​ទាំងនោះ ហូរ​នាំ​ទឹក​ចេញ​ពី​ជ្រលង​ភ្នំ​ទាំងឡាយ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​ឥណ្ឌូចិន គឺជា​កូនស្រី​នៃ​ទន្លេ​ទាំង​អស់​នោះ នឹង​ថា ជាតិ​សាសន៍​ប្រកប​ដោយ​អារ្យធម៌​ទាំងឡាយ ដែល​គេ​ប្រទះ​ឃើញ​នៅ​ទី​នេះ សុទ្ធតែ​បាន​កកើត​ឡើង​នៅ​លើ​ដី​ល្បប់​ដែល​ទន្លេ​ស្ទឹង​ហូរ​នាំ​យក​មក​ចាក់​ បំពេញ​បន្ដិច​ម្ដងៗ ហើយ​ទឹកទន្លេ​ស្ទឹង​ទាំង​អស់នោះ បាន​ហួត​ស្ងួត​អស់​ទៅ​ដោយ​កម្ដៅ​ព្រះអាទិត្យ ។

យ៉ាងណាមិញ តុងកឹង គឺជា​កូន​របស់​ទន្លេ​ក្រហម និង​ទន្លេ​សុងម៉ា ។ កម្ពុជា គឺជា​កូន​របស់​ទន្លេ​មេគង្គ (ឬ​មេទឹក) ។ ប្រទេស​សៀម គឺជា​កូន​នៃ​ទន្លេ​មេណាម ដែល​មាន​ន័យ​ថា​មេទឹក​ដែរ ។ ប្រទេស​ភូមា ជា​កូន​របស់​ទន្លេ​ឥរាវតី និង​ទន្លេ​សាលូអង់ ។ ទន្លេ​ទាំងអស់​សុទ្ធតែ​មាន​ប្រភព​ចេញពី​ភ្នំ​ដ៏​ធំ គឺ​ភ្នំ​ហិមាល័យ (ខ្មែរ​ហៅ ភ្នំ​ហេមពាន្ដ) នៅ​ទីបេ ។

ក្រោយ ​ពី​បាន​ពិនិត្យ​មើល​ភ្នំ និង​សិក្សា​ទន្លេ​ទាំងឡាយ​រួច នោះ​គេ​នឹង​មិន​លំបាក​នឹង​គិត​ស្រមៃ​ក្នុង​ចិត្ដ​ទេ ដើម្បី​គូស​វាស​ផែនទី​នៃ​ប្រទេស​ទៅ​តាម​ដែល​ព្រះឥន្ទ្រ​លោក​អាច​នឹង​ពិនិត្យ ​មើល​ឃើញ ពេល​លោក​គង់​នៅ​លើ​ទី​ដ៏​ខ្ពស់​ដោយ​ក្រឡេក​តែ​មួយ​ភ្លែត​អាច​មើល​ឃើញ​ ឧបទ្វីប​ទាំងមូល ។​ជាដំបូង​នៅ​ខាងជើង​គឺ​ភ្នំ​ធំ​ក្រាស់​ដែល​លាត​ សន្ធឹង​ពី​កើត​ទៅ​លិច​ព័ទ្ធ​ជុំវិញ​ឈូង​សមុទ្រ​តុងកឹង ។ ចុះ​មក​ខាងត្បូង​ភ្នំ​ធំ​ក្រាស់​នេះ​សណ្ឋាន​ដី​បាន​ត្រូវ​កត់​សម្គាល់​ដោយ​ ជួរ​ភ្នំ​អាណ្ណាម ដែល​ចោត​បន្ដិច​ពី​ខាងកើត ប៉ុន្ដែ រាង​ទេរ​នៅ​ខាង​លិច មាន​ខ្ពង់រាប​ខ្ពស់​ទាប​បន្ដ​បន្ទាប់ បន្លាយ​ត្រង់​កន្លែង​ខ្លះ​រហូត​ជិត​ដល់​ទន្លេ​មេគង្គ ។ នៅ​ខាង​ទិសនិរតី​ជួរ​ភ្នំ​អាណ្ណាម​រីក​ជា​ភ្នំ​ធំ​ក្រាស់​ដែល​លាត​សន្ធឹង​ពី ​សមុទ្រ​រហូត​ដល់​ខាងត្បូង​ដាឡាត់ និង​ទៅ​ដល់​កូសាំងស៊ីន​ទៀត ។ នៅ​ទិស​ខាងលិច​វិញ មាន​ជួរ​ភ្នំ ភ្នំ​តូចៗ និង​ខ្ពង់រាប ដែល​បន្ដ​ភ្ជាប់​ចេញ​ពី​ភ្នំ​ហិមាល័យ​ដែរ ហើយ​ញែក​ប្រទេស​សៀម​ចេញពី​ប្រទេស​លាវ និង​កម្ពុជា និង​ជា​បន្ទាត់​ខណ្ឌ​ចែក​ទឹក​រវាង​អាង​ទន្លេ​មេគង្គ និង​ទន្លេ​មេណាម ។

ទីបំផុត មាន​ជួរ​ភ្នំ​ទី​បី​មួយ​ទៀត ដែល​បែក​ចេញពី​ភ្នំ​ធំ​ក្រាស់​ហិមាល័យ​នៅ​ទីបេ​ដែរ ។ ជួរ​ភ្នំ​ដ៏​វែង​តែ​តូច​ចង្អៀត​នេះ លាត​សន្ធឹង​ចេញពី​ប្រទេស​ភូមា​ខាងលើ បែងចែក​ភូមា​ជា​ពីរ ហើយ​ជា​ទ្រនុង​ឆ្អឹង​របស់​ទៀបកោះ​ម៉ាឡាកា បន្ដ​មក​បញ្ចប់​នៅ​ក្នុង​សមុទ្រ​ខាងត្បូង​ជា​កោះ​ជា​ច្រើន ខណ្ឌ​ដោយ​ដៃសមុទ្រ​តូច​ធំ ឬ​ដោយ​សមុទ្រ​តូចៗ និង​ស្ងប់ស្ងាត់ ។

ដូច្នេះ គេ​ពិនិត្យ​ឃើញ​ថា​មាន​ជួរ​ភ្នំ​បី​នៅ​ឥណ្ឌូចិន ជួរ​ភ្នំ​ទាំង​នោះ​មាន​ប្រភព​ចេញពី​ភ្នំ​ធំ​ក្រាស់​ហិមាល័យ​នៅ​ទីបេ ហើយ​សន្ធឹង​មក​ខាង​ត្បូង​ទាំង​អស់​គ្នា បង្កើត​បាន​ជា​អាង​ធំៗ​បួន ដែល​មាន​ទន្លេ​វែងៗ​បួន ហូរ​កាត់​អាង​ទន្លេ​ទាំង​នោះ​ជា​ជម្រក​រស់នៅ​នៃ​ជាតិ​សាសន៍​ប្រាំ​គឺ ៖ អាង​ទន្លេ​មេគង្គ​ដែល​ជា​ជម្រក​នៃ​ប្រទេស​លាវ​នៅ​ខាង​ជើង រួច​ប្រទេស​កម្ពុជា និង​កូសាំងស៊ីន​នៅ​ខាងត្បូង អាង​ទន្លេ​មេណាម​ជា​ជម្រក​នៃ​ប្រទេស​សៀម អាង​ទន្លេ​ឥរាវតី ជា​ជម្រក​នៃ​ប្រទេស​ភូមា និង​អាង​នៃ​ទន្លេ​ក្រហម ដែល​ជា​ជម្រក​នៃ​ប្រទេស​តុងកឹង ។

នៅ​ មាន​ជួរ​ភ្នំ​មួយ​ទៀត ដែល​ជា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ខេត្ដ​មួយ​ចំនួន​របស់​ប្រទេស​សៀម​នោះ​គឺ ភ្នំ​ដងរែក ។ ភ្នំ​នេះ​មាន​ចង្កេះ​ខាងត្បូង​ចោត​ខ្លាំង ក៏​ប៉ុន្ដែ​តាម​ពិត​ភ្នំ​នេះ​ជា​ខ្ពង់រាប​ដ៏​ធំ​មួយ​ដែល​នៅ​ជាប់​នឹង​ឈូង​ សមុទ្រ​ដ៏​ជ្រៅ​មួយ​កាលពី​សម័យ​ដើម ។ ជួរ​ភ្នំ​នេះ​សន្ធឹង​កាត់​អាង​ទន្លេ​មេគង្គ​ពី​កើត​ទៅ​លិច ក៏​ប៉ុន្ដែ វា​មិន​បាន​បង្វែរ​ទិស​របស់​ទន្លេ​នេះ​ទេ ។ ទឹក​ហូរ​នាំ​យក​ដី​គ្រប់​ទិស​ទី​ចាក់​ទៅ​ក្នុង​ទន្លេ រួច​ហូរ​ពី​ទន្លេ​សំដៅ​ទៅ​សមុទ្រ​ខាងត្បូង ។

តាម ​មើលទៅ កាលពី​សម័យ​មួយ​ដ៏​យូរលង់​ដែល​នៅ​ពេល​នោះ​ប្រទេស​កម្ពុជា និង​កូសាំងស៊ីន​មិន​ទាន់​កកើត​នៅ​ឡើយ ទឹក​សមុទ្រ​បាន​ឡើង​មក​ដល់​ត្រឹម​ជើងភ្នំ​ដងរែក​នេះ​ឯង រីឯ​មាត់​ពាម​របស់​ទន្លេ​មេគង្គ​គឺ​ស្ថិត​នៅ​ត្រង់​ចន្លោះ​បាសាក់ និង​ខោន ។ ពេល​នោះ​ទឹកដី​កូសាំងស៊ីន និង​កម្ពុជា​ស្ថិត​នៅ​ក្នុង​បាត​ឈូង​សមុទ្រ​នៅ​ឡើយ កន្លែង​ឈូង​សមុទ្រ​នោះ សព្វ​ថ្ងៃនេះ​គឺ ​បឹង​ទន្លេសាប


កាលនោះ មាន​បឹង​ធំ​មួយ​នៅ​ខាងជើង​ភ្នំ​ដងរែក ។ ទឹក​បឹង​នេះ​រីង​ខះ​បន្ដិច​ម្ដងៗ​ក្លាយ​ទៅជា​វាល​ទំនាប​មួយ​ប្រកប​ដោយ​ ជីជាតិ ដែល​លោក បារតេ​ឡេមី បាន​បរិយាយ​នៅ​ឆ្នាំ​១៩០៧ ហើយ​ដែល​មាន​ទន្លេ​សេមូន និង​ដៃ​របស់​ទន្លេ​នេះ​គឺ ស្ទឹង​សេស៊ី ហូរ​កាត់​សព្វ​ថ្ងៃនេះ ។ ទាំង​អស់នេះ គឺជា​កាក​សំណល់​ដែល​នៅ​សេស​សល់​ពី​កូន​សមុទ្រ​មេឌីទែរ៉ាណេ​តូច​មួយ​ដែល​ទឹក​ សមុទ្រ​បាន​ស្រក​ថយ​បាត់​អស់​ទៅ​តែ​ឡើង​មក​លិច​ម្ដងៗ​ដែរ​កាលណា​ទឹក​ ជោរ ។ ដី​នៅ​ទី​នេះ​រាបស្មើ តែ​នៅ​រក្សា​ជាតិ​ប្រៃ​នៅ​ឡើយ ។ ក្រោយ​រដូវ​ភ្លៀង​ម្ដងៗ គេ​ឃើញ​មាន​ឡើង​ក្រាម​ជាតិ​ប្រៃ​ក្រាល​នៅ​លើ​ដី ដែល​អ្នកស្រុក​រមែង​ប្រមូល​យក​មក​ស្ល​ជា​អំបិល គ្រប់​គ្រាន់​សម្រាប់​តម្រូវការ​នៅ​ក្នុង​តំបន់ ។ បាតុភាព​នេះ​អាច​នឹង​កើត​មាន​ឡើង​ដូច​គ្នា​នៅ​ក្នុង​អនាគត​ដប់ ឬ​ដប់​ប្រាំ​សតវត្សរ៍​តទៅ​មុខ​ទៀត​ចំពោះ ​បឹង​ទន្លេសាប ដែល​ទឹក​ពី​មុន​ប្រៃ ហើយ​ការ​ដែល​គេ​ដាក់​ឈ្មោះ​ថា «សាប» នេះ អាច​ជា​ការ​បញ្ជាក់​ថា ទឹក​ទន្លេ​នេះ កាល​ពីមុន​នៅ​ប្រៃ​តិចៗ ឬ​មិន​ស្រួល​ទទួល​ទាន​ប៉ុន្មាន​ទេ ទោះបីជា​ឥឡូវ ទឹក​នេះ​បាន​សាប​ទៅ​ហើយ​ក៏​ដោយ ។


នៅ ​ប្រទេស​សៀម​ឯណោះ​វិញ កាលពី​សម័យ​នោះ ទឹកសមុទ្រ​ប្រហែលជា​ឡើង​រហូត​មក​ដល់​ត្រឹម​នគរ​សុវណ្ណ ត្រង់​ខាងលើ​ចំណុច​ដែល​មាន​ស្ទឹង​ពីរ​ហូរ​ចូល​មក​ក្នុង​ទន្លេ​មេណាម​ ឥឡូវ ។ ប្រជាជន​ដែល​រស់នៅ​ទី​នេះ កាលពី​ពេល​នោះ មាន​ដី​ខ្ពស់​តែ​ត្រង់​ផ្នែក​ខាងលើ​នៃ​អាង​ទន្លេ​មេណាម​នៅ​ខាងជើង​ប៉ុណ្ណោះ និង​ចម្រៀក​ដី​ធំ​ទូលាយ​មួយ​នៅ​តាម​ជើងភ្នំ​ប៉ាតាវី​ ប៉េទ្រូ និង​ប៉ាយ៉ង់ នៅ​ខាងកើត និង​នៅ​តាម​ជើងភ្នំ​តេណាសេរីម​នៅ​ខាង​លិច ។ តំបន់​ទាំង​អស់​ជុំវិញ​អយុធ្យា ត្រង់​កោះ​ណងស្នោ ដែល​ជាទី​តាំង​របស់​ទីក្រុង​នេះ ហើយ​និង​តំបន់​ជុំវិញ​បាងកក ដែល​ជា​ទីក្រុង​ទំនើប​របស់​សៀម​សព្វថ្ងៃ កាលនោះ​ស្ថិត​នៅ​ក្រោម​ទឹក​សមុទ្រ​នៅ​ឡើយ ។ ដី​កន្លែង​នេះ ចាប់​លេច​ចេញពី​ទឹក​នៅ​ដើម​គ្រិស្ដសករាជ​យើង​នេះ ប៉ុន្ដែ​បាងកក​នៅ​តែ​ជា​តំបន់​សម្បូរ​ទៅ​ដោយ​បឹងបួ​ដដែល ។

ហេតុការណ៍ ​ដូច​គ្នា​នេះ​ក៏​កើត​មាននៅ​ឯ​រ៉ង់ហ្គូន នៅ​បាសេន និង​ហេងសាដា របស់​ប្រទេស​ភូមា​ផង​ដែរ ។ ទឹកដី​ទាំង​អស់នេះ​ផ្អៀង​ទម្លាក់​ខ្លួន​នៅ​ចន្លោះ​ភ្នំ​អារៈកយ្យម៉ា​នៅ​ ខាងលិច​ចុះ​ទៅ​ត្បូង រហូត​ដល់​ជ្រោយ​នេហ្គ្រេ និង​ភ្នំ​ពេគូ​យ៉ាម៉ា​នៅ​ខាងកើត បង្កើត​បាន​ជា​ឈូង​សមុទ្រ​មួយ ដែល​ទន្លេ​ឥរាវតី​ហូរ​ចូល​មក ។

ឥឡូវ យើង​ត្រលប់​មក​មើល​ប្រទេស​កម្ពុជា និង​ ទន្លេ​មេគង្គ ដែល​ជា​ទន្លេ​មួយ​ក្នុង​បណ្ដា​ទន្លេ​ដែល​វែង​ជាង​គេ​នៅ​លើ​លោក​នេះ​វិញ​ ម្ដង ។

ផែនទី ភូមិសាស្រ្តឥណ្ឌូចិន



សូម​ពិនិត្យ​មើល​ផ្លូវ​ទឹក​ របស់​ទន្លេ​មេគង្គ​នៅ​លើ​ផែនទី ។ ទន្លេ​នេះ​មាន​ប្រវែង​៣០០០​គីឡូម៉ែត្រ និង​មាន​ផ្លូវទឹក​បត់​បែន​យ៉ាង​ខ្លាំង ។ ជល​មាគ៌ា​នេះ ទទួល​យក​បរិមាណ​ទឹកភ្លៀង​ចំនួន​ពាក់​កណ្ដាល​ដែល​ធ្លាក់​មក​លើ​ឥណ្ឌូចិន ហើយ​ដែល​មិន​បាន​ហួត​អស់​ទៅ​ដោយ​កម្ដៅ​ព្រះអាទិត្យ​ទេ ។ ទន្លេ​នេះ​ហូរ​ចេញពី​ភ្នំ​ហិមាល័យ​នៅ​ទីបេ ប្រទេស​ចិន ដោយ​មាន​ជម្រាល​ចោត​យ៉ាង​ខ្លាំង និង​មាន​ដៃទន្លេ​ច្រើន​រាប់រយ ។ នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ខាង​ក្រោម​ព្រំ​ប្រទល់​រវាង​ចិន និង​ឥណ្ឌូចិន ទន្លេ​មេគង្គ​រីក​ធំ​តែ​រាក់ ទឹក​នៅ​តែត្រឹម​ជង្គង់ មនុស្ស​អាច​ដើរ​កាត់​បាន​នៅ​រដូវ​រងា ។ ចាប់ពី​ត្រឹម​នេះ​ទៅ ទន្លេ​មេគង្គ​បាន​ចូល​មក​ដល់​ទឹកដី​ឥណ្ឌូចិន​ហើយ នៅ​ត្រង់​ខាងលើ​ទន្លេ​ក្វេនហុង ដោយ​ហូរ​កាត់​របាំង​ថ្ម​ធម្មជាតិ​ខ្ពស់ៗ ចង្អៀត និង​ជ្រៅ មិន​អាច​ធ្វើ​នាវាចរ​បាន​ទេ ។

មក ​ដល់​ត្រង់​ហ្លួងប្រាបាង ទន្លេ​មេគង្គ​ប្រែជា​ល្អ​ឡើង​វិញ ហើយ​រឹតតែ​ល្អ​ឆើត​ឆាយ​នៅ​ត្រង់​វៀងច័ន្ទ ។ ក៏​ប៉ុន្ដែ នៅ​ចន្លោះ​ពី​ហ្លួងប្រាបាង​មក​ដល់​វៀងច័ន្ទ ការ​ធ្វើ​នាវាចរ​ពេល​ខ្លះ​មាន​ការ​លំបាក គេ​ត្រូវ​ផ្ទេរ​ទំនិញ​យ៉ាង​តិច​ម្ដង បើ​គេ​ចង់​ធ្វើ​ដំណើរ​ចុះឡើង ។

ចាប់ពី ​ក្រោម​វៀងច័ន្ទ​ចុះ​មក​ក្រោម ទន្លេ​មេគង្គ​ល្អ​ត្រកាល​ណាស់ ហើយ​នាវា​សមុទ្រ និង​នាវា​ចម្បាំង អាច​ធ្វើ​នាវាចរ​បាន​នៅ​រដូវ​ប្រាំង រហូត​មក​ដល់​សុវណ្ណ​ខែត្រ ។ ចុះ​ទៅ​ក្រោម​ទៀត ផ្ទៃ​ទន្លេ​រីក​ធំ ក៏​ប៉ុន្ដែ​ទឹក​រាក់ កន្លែង​ខ្លះ​មាន​ដុំ​ថ្ម​រដិប​រដុប ឬ​មាន​ជួរ​ទឹក​ហូរ​ខ្លាំង ប្រកប​ដោយ​គ្រោះថ្នាក់​រហូត​ដល់​ដូនសា (1) ។ បន្ទាប់​មក ទឹក​ចាប់​ជ្រៅ​គ្មាន​ប្រទះ​ដុំ​ថ្ម​ទៀត​ទេ​ កប៉ាល់​ប្រើ​ចំហាយ​អាច​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ចុះ​មក​ដល់​ កេង (ល្បាក់​ទឹក​ធ្លាក់) កាឡាហៃ (2) ។

គេ ​អាច​ចុះ​ជួរ​ទាំង​អស់នេះ​បាន​តែ​ដោយសារ​ទូក​តូចៗ ដោយ​ប្រើ​ពេល​៤​ម៉ោង​នៅ​ពេល​ទឹក​ស្រក ។ ចុះ​ទៅ​ក្រោម​ទៀត គឺជា​ទន្លេ​មួយ​ដ៏​ល្អ​ដែល​គេ​ត្រូវ​ប្រើ​ពេល​២​ថ្ងៃ ដើម្បី​ចុះ​ពី​កេងយ៉ា​ពើត​មក​ដល់​កោះ​ខុង ។ នៅ​ចន្លោះ​ខុង​ និង​កោះ​ខោន​ ផ្ទៃ​ទន្លេ​មាន​កោះ​ជា​ច្រើន​ ទឹក​រាក់​ និង​មាន​ដុំ​ថ្ម​លិច​ប៉ប្រះៗ​បាត​ទូក​នៅ​រដូវ​សម្រក ។ នាវា​ប្រើ​ចំហាយ​អាច​ធ្វើ​ដំណើរ​បាន​តែ​ពេល​ទឹក​ឡើង ពី​ខែ​កក្កដា​ដល់​ខែ​វិច្ឆិកា ។ បន្ទាប់​មក​ទៀត គឺ​ល្បាក់ខោន ដែល​ប្រៀប​បាន​ទៅ​នឹង​សន្ទះ​រាំង​ទឹក ធ្វើ​ឱ្យ​ទឹក​ហូរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដូច​បាក់​ទំនប់​បញ្ចេញ​សំឡេង​ ទ្រហឹង​អឺងអាប់ បែក​ផ្កាត្រែង​ស​ក្បុស​នៅ​សងខាង​កោះ​ខោន ។ គេ​ឆ្លងកាត់​កោះ​នេះ​តាម​ផ្លូវដែក​តូច​មួយ មាន​ប្រវែង​ប្រហែល​៥​គីឡូម៉ែត្រ ។

ចុះ ​ទៅ​ខាងត្បូង​កោះ​ខោន ទន្លេ​មេគង្គ​រីក​ធំ គ្មាន​កោះ​គ្មាន​ត្រើយ ទូក​តូចៗ​អាច​ឆ្លងកាត់​បាន​តែ​នៅ​រដូវ​សម្រក ។ នៅ​រដូវ​ទឹក​ធំ ផ្ទៃ​ទន្លេ​មាន​ទទឹង​ពី​៥​ទៅ​៦​គីឡូម៉ែត្រ ។ នាវាចរ​ប្រព្រឹត្ដ​ទៅ​កាត់​ព្រៃ​លិច​ទឹក ដែល​គេ​មើល​ឃើញ​តែ​ចុង​លើ​ប៉ុណ្ណោះ ។

នៅ ​ខាងក្រោម​ស្ទឹង​ត្រែង​ និង​ដៃទន្លេ​ខាងឆ្វេង​ មាន​ជួរ​ព្រះត្រពាំង​រួច​កោះ​រ៉ុងហ្សូ​ដ៏​ធំ​ដែល​មាន​ប្រវែង​៤០​គីឡូម៉ែត្រ​ រួច​ហើយ​គឺ​សម្បូរ​ដែល​ជា​រាជធានី​សម្ភុបុរៈ​ពី​មុន​ ហើយ​ដែល​ពួក​ហុល្លង់​ហៅ​ថា​ «សំបា​បឿ»។ បន្ទាប់​មក គឺ​ជួរ​សម្បុក​សម្បូរ រួច​សម្បុក​ដែល​ចាប់ពី​នេះ​ទៅ ទឹក​ទន្លេ​ហូរ​ជា​ធម្មតា មាន​ទទឹង​ពី​១៥០០​ម៉ែត្រ ដល់​២០០០​ម៉ែត្រ​ ហើយ​គេ​អាច​ធ្វើ​នាវាចរ​បាន​គ្រប់​រដូវ ។

មក ​ដល់​ភ្នំពេញ​ចតុម្មុខ ទន្លេ​មេគង្គ​ចែក​ផ្លូវ​ទឹកជា​ពីរ​ធំៗ ដើម្បី​ងាយ​ហូរ​ចូល​ទៅ​សមុទ្រ ។ នៅ​រដូវ​ទឹក​ឡើង ទឹក​ទន្លេ​មេគង្គ​ហូរ​ចាក់​តាម​ទន្លេសាប​បញ្ច្រាស​ទៅ​ជើង ចូល​ទៅ​បឹង​ទន្លេសាប ។ ដោយ​អំណាច​ទឹក​ហូរ​ចូល​ដ៏​ច្រើន​នេះ​ ទឹក​បឹង​ទន្លេសាប​ឡើង​រហូត​ដល់​កម្ពស់​៥​ ៦​ ឬ​៨​ម៉ែត្រ​ជន់​លិច​ផ្ទៃ​ដី​ដែល​នៅ​ជុំវិញ​រហូត​ដល់​ទៅ​ចម្ងាយ​៥០​ គីឡូម៉ែត្រ ។ ទឹក​បឹង​ទន្លេសាប​គ្រប​ដណ្ដប់​វាលទំនាប​ធំធេង​ពោរពេញ​ទៅ​ដោយ​ទូក​ និង​ហ្វូង​ក្អែកទឹក​ ហ្វូង​ទុង​ ចចាត ក្រសា ទោម ពណ៌​ប្រផេះ​ឬ​ពណ៌​កុលាប ដែល​ហិច​ហែល​ចាប់​ត្រី​ដ៏​សម្បូរ ។ អ្នកនេសាទ​ខ្មែរ យួន និង​ចិន រាប់​ពាន់​នាក់​ចាប់​យក​ត្រី​ទាំង​អស់នេះ នៅ​ខែកុម្ភៈ មីនា និង​មេសា ។

ពេល ​ផុត​រដូវ​ភ្លៀង វាលទំនាប​ទាំងឡាយ​រីងស្ងួត​អស់​ដោយ​កាំរស្មី​ព្រះអាទិត្យ មិន​មាន​ទឹក​ហូរ​ចាក់​ចូល​ដៃ​ទន្លេ​ទៀត​ទេ ។ នៅ​ពេល​នោះ ទឹកទន្លេ​សាប​ចាប់​ហូរ​បញ្ច្រាស​ពី​ជើង​មក​ត្បូង​វិញ​ម្ដង​ក្នុង​រយៈពេល​៦​ ខែ ដើម្បី​បញ្ចេញ​ទឹក​ដែល​ហូរ​ចូល​កាលពី​៦​ខែ​មុន ។ ទឹក​ចាប់​ស្រក​ចេញពី​វាលទំនាប​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប បន្ដិច​ម្ដងៗ រួច​កាន់តែ​ឆាប់រហ័ស​ឡើងៗ ។ ទឹក​បឹង​ទន្លេ​សាប​ក៏​ស្រក​ចុះ​ដែរ មក​ត្រឹម​មាត់​ទន្លេ​ខ្លួនឯង រួច​ស្រក​ចុះ​ថែម​ទៀត រហូត​ទាល់តែ​នៅ​សល់​ជម្រៅ​ត្រឹម ១ ឬ​២​ម៉ែត្រ​ប៉ុណ្ណោះ​នៅ​ត្រង់​កន្លែង​ខ្លះ ។ អាង​ទឹក​ដ៏​ធំ​នេះ ក៏​ប្រែក្លាយ​ខ្លួន​មក​ត្រឹម​ជា​សមុទ្រ​តូច​មួយ ដែល​មាន​ប្រវែង​បណ្ដោយ​១៥០​គីឡូម៉ែត្រ និង​ទទឹង​៤៥​គីឡូម៉ែត្រ ។

ទឹក ​ហូរ​ចូល​មក​ក្នុង​បឹង​ទន្លេសាប​ត្រាំត្រែង​អស់​រយៈពេល​៦​ខែ រួច​ទើប​ហូរ​ចេញ​ទៅ​វិញ នាំ​យក​ទាំង​ដីល្បាប់​ទៅ​កាន់​សមុទ្រ​ផង បង្កើត​បានជា​ដីដុះ​ថ្មី​នៅ​ខាងត្បូង​កូសាំងស៊ីន ។ ការ​ចម្រើន​ដី​ល្បប់​ឥត​ឈប់​ឈរ​បាន​ធ្វើ​ឱ្យ​ដីដុះ​កាន់តែ​ច្រើន​ឡើងៗ ឯ​ដើម​កោង​កាង​ប្រកប​ដោយ​ឫស​ស្មូញស្មាញ​ក៏​ចាប់​ដុះ ដូច​ជា​រឹតតែ​ជួញ​ទប់​ល្បប់​ឱ្យ​កក​នៅ រួច​មនុស្ស​ក៏​មក​តាំង​ទីលំនៅ​បង្កើត​បាន​ជា​ភូមិ​ស្រុក​ឡើង ។

ទឹកដី ​កម្ពុជា​ទាំងមូល​ចាប់​កកើត​ឡើង​តាម​របៀប​នេះ ពី​ត្រឹម​សម័យកាល​មួយ​ដែល​មាន​រយៈពេល​មិនជា​យូរ​ប៉ុន្មាន​ពី​យើង​ទេ គឺ​កកើត​ឡើង​ដោយ​ដី​ល្បប់ ដែល​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​ប្រែ​ពណ៌​ទៅ​ជា​លឿង ដី​ល្បប់​នោះ​មិន​មែន​មក​តាំងពី​ភ្នំ​ហិមាល័យ​ឯ​ទីបេ​នោះ​ទេ ព្រោះ​ទឹក​ដែល​ហូរ​ចេញពី​ភ្នំ​ហិមាល័យ​មក​នោះ មាន​តែ​ប្រមាណ​ជា​មួយ​ភាគ​មួយ​រយ​នៃ​ទឹកទន្លេ​មេគង្គ​ទាំងមូល​ ប៉ុណ្ណោះ ។ តាម​ពិត ដី​ល្បប់​ទាំងនោះ​បាន​មក​ពី​ដី​នៃ​អាង​ទន្លេមេគង្គ​ទាំងមូល ដែល​ទឹក​ភ្លៀង​ហូរ​នាំ​ចូល​មក​ក្នុង​ទន្លេ​តាម​រយៈ​ដៃទន្លេ​ទាំងឡាយ រួច​ហូរ​នាំ​រហូត​ទៅ​ដល់​សមុទ្រ ។ ទឹកដី​កូសាំងស៊ីន​សព្វថ្ងៃ ក៏​កកើត​ឡើង​របៀប​នេះ​ដែរ​ក្នុង​សម័យកាល​មុន​នេះ​បន្ដិច ។

សូម ​ពិនិត្យ​មើល​ផែនទី​ឥណ្ឌូចិន នោះ​លោក​នឹង​សង្កេត​ឃើញ​វិសាលភាព​នៃ​អាង​ទន្លេ​គង្គា​ឥណ្ឌូចិន សម្បូរ​ទៅ​ដោយ​ដៃទន្លេ ដែល​គ្រប​ដណ្ដប់​ពាសពេញ​ផ្ទៃដី​ប្រមាណ​ជា​៨០០.០០០​គីឡូម៉ែត្រ​ក្រឡា ដៃទន្លេ​ទាំងអស់​នោះ​ទទួល​ទឹក​ហូរ​មក​ពី​ស្ទឹង​រាប់​ពាន់ ហើយ​លោក​អាច​ប្រមើល​មើល​ឃើញ​ទំហំ​ទឹក​យ៉ាងច្រើន ដែល​ហូរ​សំដៅ​មក​រក​ភ្នំពេញ ។ គឺ​ទឹក​ទាំងនេះ​ហើយ​ដែល​ហូរ​នាំ​យក​ដីល្បាប់​មក​ចាក់​តាំងពី​ច្រើន​សតវត្សរ៍ ​មុន​គ្រិស្ដសករាជ​ទៅ​ទៀត បង្កើត​បាន​ជា​ប្រទេស​កម្ពុជា​ទាំងមូល ហើយ​ដែល​យើង​នឹង​ធ្វើការ​សិក្សា​អំពី​ប្រវត្ដិសាស្ដ្រ​ប្រទេស​នេះ​នៅ​ខាង​ មុខ​ទៀត ។ គឺជា​ដីល្បាប់​ដែល​ផុស​លេច​ចេញពី​ក្នុង​ទឹក​មក ។ អ្នកស្រុក​ដែល​មក​រស់នៅ​ទី​នេះ​ចាំបាច់​ត្រូវ​តែ​សង់ផ្ទះ​បន្ដើត​ឱ្យ​ខ្ពស់​ ផុត​ពី​ទឹក​នៅ​ពេល​ទឹកធំ ហើយ​ផ្ទះ​មួយ​ត្រូវ​មាន​ទូក​មួយ ។ ដី​នេះ​ល្អ​ណាស់​សម្រាប់​ដំណាំ​ស្រូវ ហើយ​ទន្លេ ស្ទឹង បឹងបួ ត្រពាំង សម្បូរ​ទៅ​ដោយ​ត្រី​ច្រើន​ឥត​គណនា ទាំង​អស់នេះ​អាច​ចិញ្ចឹម​ប្រជាជន​បាន​ច្រើន​ជាង​សព្វថ្ងៃ​៦​ដង ។

 គឺជា​ដី​មាន​ជីជាតិ សើម​ហើយ​ក្ដៅ កាលបើ​ទទួល​បាន​នូវ​អារ្យធម៌​ឥណ្ឌា ក៏​រីក​ចម្រើន​លើស​ម្ចាស់​ដើម​ទៅ​ជា​ស្ថាបត្យកម្ម​មួយ​ដ៏​សម្បើម​មហស្ចារ្យ ចម្លែក​ពោរពេញ​ទៅ​ដោយ​អត្ថន័យ ។ នេះ​ជា​អារ្យធម៌​មួយ​គួរ​ឱ្យ​ចង់​ស្គាល់​នៅ​ចុង​បូព៌ា ដែល​បាន​មក​សណ្ឋិត​នៅ​លើ​ប្រជាជន​ប្រមាណ​ជា​សាមសិប​លាន​នាក់ នៅ​ក្នុង​ឥណ្ឌូចិន​អស់​រយៈកាល​៨​សតវត្សរ៍ ។ នោះ​គឺ​អាណាចក្រ​ខ្មែរ ដែល​មាន​ទឹកដី​កកើត​ឡើង​អាស្រ័យ​ដោយ «មេទឹក» ដោយ​ទន្លេ​គង្គា​នៃ​ឥណ្ឌូចិន​សម្បូរ​ភោគផល​មិន​ចាញ់​ទន្លេ​នីល (3) ដែល​វែង​ជាង ធំ​ជាង និង​មាន​គុណ​ប្រយោជន៍​ល្អ​ដូច​ទន្លេ​គង្គា​នៅ​ឥណ្ឌា​ដែរ ។ មុន​នឹង​ប្រគល់​ឱ្យ​នូវ​គុណ​ប្រយោជន៍​ទាំងអស់​ដែល​ខ្លួន​មាន​ ទន្លេ​មេគង្គ​ត្រូវ​រង់ចាំ​នូវ​ការ​កែ​ច្នៃ​ដូចដែល​ពួក​ហិណ្ឌូ​ ពួក​មហាម៉ាត់​ និង​ពួក​អង់គ្លេស​បាន​ធ្វើ​ទៅ​លើ​ទន្លេ​គង្គា​ដែល​ផ្ដល់​ទឹក​ទាំង​អស់​បី​ដង ​បួន​ដង​ ផ្ដល់​នូវ​ជីជាតិ​ទៅ​ឱ្យ​វាល​ទំនាប​ដែល​ស្ងួត​ហែង​ទៅ​ដោយ​កម្ដៅថ្ងៃ ។​ វាលទំនាប​ទាំងនោះ​នឹង​មិន​ផ្ដល់​ផល​ស្រូវ​សូម្បី​តែ​មួយ​គ្រាប់ បើ​គ្មាន​ទន្លេ​ទឹក​មេ​នេះ​ទេ ។ គឺ​ទន្លេ​នេះ​ឯង​ដែល​គ្រប​ដណ្ដប់​ទឹក​ដី​ទាំង​អស់​នោះ ដើម្បី​ផ្ដល់​ទៅ​ឱ្យ​នូវ​ទឹកដោះ ពោល​គឺ ទឹក​សម្រាប់​បាច​ស្រោច​ស្រព ផ្ដល់​ឱ្យ​នូវ​ចំណី​អាហារ ពោល​គឺ ជីជាតិ​ដែល​ធ្វើ​ឱ្យ​ទឹក​ល្អក់​កករ ក៏​ប៉ុន្ដែ​ធ្វើ​ឱ្យ​ទឹក​មាន​ជីជាតិ ។

អាស្រ័យ ​ហេតុនេះ សូម​គោរព​ចំពោះ​ទន្លេ​គង្គា​នៃ​ឥណ្ឌូចិន ចំពោះ​មេទឹក​ដែល​បាន​បង្កបង្កើត​កម្ពុជា និង​កូសាំងស៊ីន​ឡើង ។ ដើម្បី​ធ្វើ​ឱ្យ​ទឹកដី​នេះ​ក្លាយ​ទៅជា​ប្រទេស​មួយ​មាន​ភោគទ្រព្យ​ដូច​ជា​ ប្រទេស​អេហ្ស៊ីប គេ​នៅ​គ្រាន់តែ​ត្រូវការ​ការ​កែ​ច្នៃ​ពី​មនុស្ស​ដែល​មក​រស់នៅ​ទី​នេះ​តែ​ ប៉ុណ្ណោះ ។ មនុស្ស​ដែល​មក​រស់នៅ​ទី​នេះ​នឹង​មាន​សិរី​ដែល​គេ​អាច​សុំ​ពី​ទន្លេ​នេះ​ បាន ។
ទាំង​អស់នេះ គឺជា​ឧបទ្វីប​ឥណ្ឌូចិន​ដែល​យើង​នឹង​ពិនិត្យ​មើល​ប្រជាជន​កកើត​ឡើង រីក​ធំធាត់ លាស់​ផ្លែផ្កា បង្កបង្កើត​ផល រួច​ហើយ​ស្រយុត​ស្រយង់ រលត់​បាត់បង់​ទៅ បន្ទាប់​ពី​បាន​រស់រាន​មាន​ជីវិត បាន​ធ្វើ​សង្គ្រាម​បំផ្លិច​បំផ្លាញ​រវាង​គ្នា​នឹង​គ្នា ដណ្ដើម​ទឹកដី​គ្នា​បំពេញ​មហិច្ឆតា​រៀងៗ​ខ្លួន ។ អ្វី​ទាំងអស់​មាន​លក្ខណៈ​ជា​បណ្ដោះ​អាសន្ន​ និង​កើត​មាន​ឡើង​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ ។

ឥឡូវនេះ យើង​ពិនិត្យ​មើល​បណ្ដា​ប្រជាជន​ផ្សេងៗ​ទៀត​ដែល​រស់នៅ​លើ​ទឹកដី​នេះ​កាលពី​ សតវត្សរ៍​ទី​១ ថា​តើ​គេ​ធ្វើ​យ៉ាងណា​នៅ​លើ​ទឹកដី​ល្បាប់​ដ៏​ធំធេង ស្ទើរ​ទឹក​ស្ទើរ​គោក​នេះ ដែល​ត្រូវ​តែ​សង់ផ្ទះ​បន្ដើត​ឱ្យ​ផុត​ទឹក តើ​ពួក​គេ​ធ្វើ​យ៉ាងណា​ទើប​អាច​បង្កើត​ជា​ក្រុម​ជា​ប្រទេស​មាន​អំណាច​ដែល​ យើង​នឹង​សរសេរ​ជា​ប្រវត្ដិសាស្ដ្រ​នេះ ។

២- អំពី​ប្រជាជន
នៅ​ដើម​គ្រិស្ដសករាជ​របស់​អឺរ៉ុប និង​ដើម​មហាសករាជ (4) របស់​ពួក​ហិណ្ឌូ ប្រជាជន​ដែល​មក​រស់​នៅ​ក្នុង​ឥណ្ឌូចិន​ហាក់​ដូចជា​បញ្ជ្រាប​ខ្លួន​ក្នុង​ ហ្វូង​ប្រជាជន​សព្វ​ថ្ងៃនេះ ក៏​ប៉ុន្ដែ​នៅ​ពេល​នោះ​ពួក​គេ​រស់នៅ​បែក​គ្នា​ជា​កុលសម្ព័ន្ធ ឬ​ជា​រដ្ឋ​អធិបតេយ្យ​តូចៗ ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​ទាន់​ស៊ីវីល័យ​នៅឡើយ​ទេ ។

ពួក​ខ្មែរ ឬ កម្ពុជៈ
ប្រជាជន ​ដែល​កសាង​ប្រជាជាតិ​ខ្មែរ​ឡើង រស់នៅ​លើ​ទឹកដី​ដែល​មានឈ្មោះ​សព្វថ្ងៃ​ថា កូសាំងស៊ីន និង កម្ពុជា បើ​ហោច​ណាស់​ក៏​រហូត​ដល់​ល្បាក់​ខោន និង​ប្រទេស​សៀម (5) ផង​ដែរ ។ ប្រវត្ដិសាស្ដ្រ​ដែល​យើង​នឹង​សរសេរ គឺជា​ប្រវត្ដិសាស្ដ្រ​របស់​ប្រជាជន​ទាំង​នោះ ដោយ​ហេតុ​នេះ យើង​មិន​ទាន់​ចាំបាច់​ត្រូវ​និយាយ​ពី​ពួក​នេះ ច្រើន​ពេក​ទេ​នៅ​ពេល​នេះ ។

ពួក​ចាម ឬ ចម្ប៉ា
នៅ ​ពី​ខាងកើត​ពួក​ខ្មែរ​ ឬ​កម្ពុជៈ មាន​ពួក​ចាម​ដែល​ជា​ពួក​អ្នក​ផ្សងព្រេង​ ឬ​ជា​ចោរ​សមុទ្រ ធ្វើ​ដំណើរ​ចេញ​ពី​កោះ​ធំៗ​ដែល​មាន​ឈ្មោះ​សព្វថ្ងៃ​ថា កោះ​ស៊ូម៉ាត្រា កោះ​ជ្វា និង​ប្រហែលជា​ចេញ​ពី​កោះ​តូចៗ​ក្បែរៗ​នោះ​ផង ដែរ ។ ពួក​នេះ​មក​តាំងទី​នៅ​តាម​មាត់​សមុទ្រ រួច​ហើយ​បាន​ដណ្ដើម​យក​ទឹកដី​មាត់​សមុទ្រ​ត្រង់​កន្លែង​កូសាំងស៊ីន និង​អាណ្ណាម​សព្វ​ថៃ (6) ទាំងស្រុង​ ឬ​ក៏​មួយ​ចំណែក មុន​ពួក​ហិណ្ឌូ​មក​ដល់ ។ បន្ទាប់​មក អាស្រ័យ​ដោយ​ចំណង​មេត្រី​ភាព​ជាមួយ​អ្នកស្រុក​ដែល​រស់នៅ​តាម​មាត់​សមុទ្រ​ នេះ ក៏​សម្រេច​បង្កើត​បាន​ជា​ជាតិ​មួយ​នៅ​រវាង​សតវត្សរ៍​ទី​២​មុន​គ្រិស្ដសករាជ ដែល​ពួក​ចិន​ហៅ​ថា​ «នគរ​លីនយី» ហើយ​ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា «ចាម្ប៉ា» (7) ។ ពួក​នេះ​ចេញ​មក​ពី​ប្រទេស​ដែល​មិន​ទាន់​ស៊ីវីល័យ គេ​ពិតជា​មិន​ទាន់​ទទួល​យក​អារ្យធម៌​ព្រាហ្មណ៍​នៅ​ឡើយ នៅ​ពេល​មក​ដល់​ឥណ្ឌូចិន ក៏​ប៉ុន្ដែ​បន្ទាប់​មក ពួក​នេះ​បាន​ទទួល​យក​ការ​គោរព​បូជា និង​ប្រពៃណី​ព្រហ្មញ្ញ​សាសនា​ខ្លះៗ គឺ​ប្រហែលជា​នៅ​សតវត្សរ៍​ទី​១​នៃ​គ្រិស្ដ​សករាជ​របស់​អឺរ៉ុប ។

ពួក ​នេះ​បាន​បង្កើត​រដ្ឋ​សក្ដិភូមិ​ជា​ច្រើន​នៅ​តាម​មាត់​សមុទ្រ ជា​រដ្ឋ​ពាក់​កណ្ដាល​ឯករាជ មាន​មេកោយ​រៀងៗ​ខ្លួន ក៏​ប៉ុន្ដែ ចំណុះ​ឱ្យ​ស្ដេច​អធិរាជ​ណាមួយ​ជា​ផ្លូវការ តាម​ទំនៀម​ទម្លាប់ ទោះបីជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ក៏​ដោយ ។ ពួក​នេះ​ក៏​មាន​ទីតាំង​មួយ​ចំនួន​នៅ​ខាង​ទិស​ទក្សិណ និង​និរតី​ផង​ដែរ ចាប់ពី​ប៊ិញធន់ ​រហូត​ដល់ ​កំពត ដែល​ក្រោយ​មក​ត្រូវ​ពួក​ កម្ពុជៈ​មក​ពី​ឥណ្ឌា​ដណ្ដើម​យក (8) ។ នេះជាការសរសេរខុស ព្រោះ ខ្មែរ ឬ កម្ពុ រស់នៅទាំង ឧបទ្វីប អូរកែវ ម៉ាឡេ និងសេណាសេរី....សម័យណាក៍មានដែរពួក លើកជើង ទ្រពង បៀបពង ដូច្នេះ បានជាស្តេច ត្រូវមាន មន្រ្តីប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។ ពួកបារាំង ឈ្លានពានខ្មែរយើង បន្ទាប់មក នាំទ័ពដឹកជញ្ជូនថ្មអង្គរវត្តយកទៅ សាងសង់នៅ បារាំង !! តែ បាន អគ្លេស គាត់ជួយខ្មែរ ឈឺឆ្អាល គាត់ថា ខ្មែរមានកំណើតនៅ ហ្នឹង មិនមែន ពួកអារិយាង អារីយួយណាទេ ! អារីយាង គឺពូជឥណ្ឌា បួកបារាំង !! នេះជា រដ្ឋសម័យដើម​..

ផែនទីប្រវត្តិសាស្រ្តខ្មែរ ខុស ក្នុងការកំណត់ទីតាំងនៃនគរភ្នំ ដោយសារ អ្នកប្រវត្តិសាស្រ្ត មាននិន្នាការឥណ្ឌា យល់ថា ខ្មែរហ្នឹង មក មកពី ឥណ្ឌា ! មានតែ សៀម យួន ចាម ទេ ដែលមានកំណើតលើទឹកដីសព្វថ្ងៃ។ តាមឯកសារ កាលពី ១០០០០ ឆ្នាំ មុន គ.ស រហូតដល់ ឆ្នាំ ទី ៣០០ នៃ គ ស គេឃ់ើញ មាន នគរចិន ឈ្មោះ ប៉ាន់ ប៉ាន់ និង នគរ ឥណ្ឌា ឈ្មោះ កេដាស ដូច្នេះ ឥណ្ឌា និង ចិន គឺនៅត្រង់ ឧបទ្វីប សេណាសេរីម និង ឧបទ្វីបម៉ាឡេ ដែលកាលណោះ ខ្មែរ គ្រប់គ្រងទាំង ឧបទ្វីប អូរកែវ និង សេណាសេរីម ឬ ភូមារ ( មន) ៕


ពួក​លាវ
នៅ ​ពី​ខាងជើង​ទឹកដី​ដែល​ពួក​ខ្មែរ ឬ​កម្ពុជៈ​រស់នៅ មាន​ប្រជាជន​ផ្សេង​ទៀត​ដែល​មិនសូវ​ជា​ស៊ីវីល័យ​រស់នៅ​ដែរ​គឺ​ពួក​លាវ​ដើម​ ចាប់ពី​ខោន​រហូត​ដល់​ព្រំប្រទល់​ខេត្ដ​យុនណាន ប្រទេស​ចិន ។

រឿងព្រេង ​របស់​លាវ​និយាយ​ថា ពួក​វិប្រជា (ក្រុម​មនុស្ស​ដែល​មាន​ការ​រៀបចំ​មិន​ទាន់​គ្រប់សព្វ) នៅ​ប្រទេស​លាវ​មាន​ដើម​កំណើត​ចេញ​មក​ពី​បុព្វបុរស​រួម​តែ​មួយ ។ ពាក្យ​ថា​ «វិប្រជា​លាវ» ​នេះ មិនមែន​សំដៅយក​តែ​ប្រជាជន​លាវ​សព្វថ្ងៃ​ប៉ុណ្ណោះ​ទេ គឺ​រាប់​បញ្ចូល​ទាំង​ប្រជាជន​ដែល​រស់នៅ​ក្នុង​អាង​ទន្លេ​មេណាម​ខាងលើ​ផង​ដែរ មុន​ពេល​ដែល​ពួក​ថៃ​មក​ដល់ ពួក​មួង​នៅ​តុងកឹង ពួក​ម៉ង់ ពួក​ចាវជី ឬ​ពួក​ធុក មុន​ពេល​ជ័យ​ជម្នះ​របស់​ពួក​ង៉ាមណន់ ឬ​អាណ្ណាម ព្រមទាំង​រដ្ឋ​សាន មុន​ពេល​ពួក​សាន​ដែល​មាន​ដើម​កំណើត​ថៃ​មក​ដល់ ។

តាម ​រឿងព្រេង​ទាំងនោះ មេៗ​របស់​ពួក​គេ​មាន​ឋានៈ​ជា​គួន ដែល​មាន​នៅ​បន្ដ​រហូត​មក​ដល់​សព្វថ្ងៃ​នៅ​លាវ ក៏​ដូច​ជា​នៅ​ថៃ និង​កម្ពុជា​ផង​ដែរ គឺជា​ឋានៈ​មន្ដ្រី​ថ្នាក់​ទាប ។

ពួក​មន ឬ ប៉ាកាន

ពួក ​មន​រស់នៅ​លើ​ច្រាំង​ខាងត្បូង​នៃ​ទន្លេ​ឥរាវតី​ និង​ទន្លេ​សាលូអង់ ។​ ក្រោយ​ពី​រៀបចំ​កសាង​រាជធានី​ប៉េហ្គូ​រួច ពួក​នេះ​ដាក់​ឈ្មោះ​ខ្លួនឯង​ថា «ប៉េហ្គូ» ដែរ ហើយ​បាន​ត្រូវ​ពួក​អឺរ៉ុប​កែ​ដាក់​ថា​ «ប៉ាកាន» (9) វិញ ដើម្បី​កុំឱ្យ​ច្រឡំ​នឹង​ឈ្មោះ​រាជធានី និង​ឈ្មោះ​ស្រុក​ផង ។

ពួក ​នេះ​ធ្វើ​ដំណើរ​ចេញ​មក​ពី​រមញ្ញ​ទេស ដែល​ស្ថិត​នៅ​តាម​មាត់​សមុទ្រ​បឹងហ្កាល់ ។ នៅ​ទីនោះ​មាន​ទីក្រុង​ផ្សេង​ទៀត​គឺ​ តាវ៉យ​ តេណាស់សេរីម​ មែរគុយ និង​ម៉ាតាបាន (10) ដែល​កំបាំង​បាត់​នៅ​ពីក្រោយ​កោះ​ជា​ច្រើន​រយ ។ តាម​ពិត​ ពួក​នេះ​មាន​ដើម​កំណើត​នៅ​ឥណ្ឌា​ គឺ​ប្រហែលជា​នៅ​តាម​មាត់​សមុទ្រ​កូរ៉ូម៉ង់​ដែល​ ឬ​អូរីស្សា​ដែល​ពី​មុន​ហៅ​ថា​ «កលិង្គៈ» (11) ។ ពួក​នេះ​បាន​កសាង​រាជធានី​ទី​មួយ​របស់​គេ​មាន​ឈ្មោះ​ថា​ «តាលឹង» ​តាំងពី​មុន​គ្រិស្ដ​សករាជ ហើយ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ «តាលឹងៗ» ​យ៉ាងនេះ​រហូត​ដល់​សតវត្សរ៍​ទី​១៨​ តែ​ពួក​អឺរ៉ុប​ហៅ​ថា​ «តាលៀង» ។ ​គឺ​ចាប់ពី​រាជធានី​នេះ​ហើយ ដែល​ពួក​គេ​ចេញ​ទៅ​លុកលុយ​ទឹកដី​សុវណ្ណ​ភូមិ គឺ​ប្រទេស​ភូមា​ភាគ​ខាង​ត្បូង​សព្វថ្ងៃ ។ នៅ​សុវណ្ណ​ភូមិ​នេះ ពួក​កលិង្គៈ​ដែល​មក​ពី​ខាងត្បូង នឹង​ជួប​ជាមួយ​ពួក​ភូមា​ដែល​ចុះ​មក​ពី​ខាងជើង ។

មាន ​ពួក​តាលឹង​មួយ​ចំនួន​ដើរ​កាត់​ភ្នំ​តេណាស់សេរីម​ទៅ​រស់នៅ​ច្របូក​ច្របល់​ ជាមួយ​ប្រជាជន​ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​នៅ​ត្រង់​ទឹកដី​សៀម​ សព្វថ្ងៃ ។​មួយ​ក្រុម​ទៀត​ចុះ​ទៅ​ក្រោម​ទៅ​កាន់​ទៀបកោះ​ម៉ាឡាកា​ ទៅ​រស់​នៅ​ជាមួយ​អ្នកស្រុក​ដើម​ដែល​មាន​រួច​ទៅ​ហើយ ។

ពួក​សៀម ឬ ថៃ

នៅ ​សតវត្សរ៍​ទី​១​នៃ​គ្រិស្ដសករាជ មិន​ទាន់​មាន​ពួក​សៀម​ ឬ​ថៃ​មក​នៅ​ជាមួយ​ពួក​ខ្មែរ ចាម​ឬ​ចាម្ប៉ា និង អាណ្ណាម​ទេ ។​ មាន​ប្រភព​ដើម​ចេញ​ពី​ឥណ្ឌា​ត្រង់​និរតី​ប្រទេស​ចិន​ពី​សម័យកាល​ដ៏​យូរលង់​ មួយ (12) ពួក​នេះ​បាន​មក​ដណ្ដើម​យក​ទឹកដី​នៅ​ចន្លោះ​យុនណាន​ពី​ខាងកើត ទីបេ​ពី​ខាងលិច និង​ភូមា​ភាគ​ខាងលើ​ពី​ខាងត្បូង ។ ពួក​នេះ​បាន​បង្កើត​ជា​ក្សត្រ​ប្រទេស (Principauté) របស់​ថៃ​បាន​ចំនួន​៦​នៅ​សតវត្សរ៍​ទី​២​នៃ​សករាជ​យើង ដែល​ពួក​ចិន​ដាក់​ឈ្មោះ​ថា «ណានឆាវ» មាន​ន័យ​ថា «ក្សត្រ​ទិស​ខាងត្បូង» ។ ពេល​នោះ​ពួក​ថៃ​មិន​ទាន់​មាន​គំនិត​ចង់​ធ្វើ​ដំណើរ​មក​ត្បូង គឺ​មក​កាន់​ឥណ្ឌូចិន​នៅឡើយ​ទេ ។ ពួក​នេះ ប្រហែលជា​ធ្លាប់​មាន​ធ្វើ​ចម្បាំង​ជាមួយ​នឹង​ពួក​ភូមា​ខ្លះ​ហើយ​នៅ​ពេល​នោះ ក៏​ប៉ុន្ដែ គ្មាន​ឯកសារ​ណា​បញ្ជាក់​ពី​រឿង​នេះ​ទេ​នៅ​សតវត្សរ៍​ដំបូងៗ​នៃ​គ្រិស្ដសករាជ ហើយ​វា​ហាក់​ដូច​ជា​មិន​ទាន់​មាន​សង្គ្រាម​ធំដុំ​ទេ​មុន​សតវត្សរ៍​ទី​ ៥ ។ យើង​មាន​តែ​ព័ត៌មាន​ស្ដី​ពី​រឿង​ណានឆាវ​ចុះ​មក​វាយ​ភូមា​នៅ​សតវត្សរ៍​ទី​៧​ ប៉ុណ្ណោះ ។

ចំណែក​ទឹកដី​ដែល​សព្វថ្ងៃ ​យើង​ហៅ​ថា​សៀម​កាលពី​ពេល​នោះ​មាន​ប្រជារាស្ដ្រ​រួច​ហើយ​គឺ​ពួក​ដែល​រស់នៅ​ តាម​មាត់​ទន្លេ​មេណាម​ខាងក្រោម​ដូច​គ្នា​ទៅ​នឹង​ប្រជាជន​ដែល​រស់នៅ​តាម​មាត់ ​ទន្លេមេគង្គ​ខាងក្រោម​ រីឯ​ពួក​ដែល​រស់នៅ​តាម​មាត់ទន្លេ​មេណាម​ខាងលើ​ដូច​គ្នា​ទៅ​នឹង​ប្រជាជន​ដែល​ រស់​តាម​មាត់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​លាវ​ដែរ ។

នា ​ពេល​នោះ តាម​មើលទៅ​វា​ហាក់​ដូចជា​មាន​ពួក​បរទេស​ចូល​មក​រស់​លាយឡំ​ជាមួយ​ពួក​ខ្មែរ​ នៅ​ត្រង់​មេណាម​ភាគ​ខាងក្រោម និង​កណ្ដាល​ស្រេច​ទៅ​ហើយ គឺ​ពួក​មន​ដែល​យើង​បាន​រៀបរាប់​ពី​ខាងលើ​រួច​ហើយ តែ​ការ​លាយឡំ​នេះ មិន​អំណោយផល​ល្អ​ដល់​ការ​ត្រួតត្រា​របស់​ពួក​កម្ពុជៈ​ទេ ដែល​លាយ​សព្វ​ល្អ​ជាង ។ ចាប់ពី​ដំបូង​ម្ល៉េះ​ ពួក​មន​ខ្មែរ​នេះ​ដូច​ជា​ប្រាកដ​ខ្លួន​ឡើង​ជា​រដ្ឋ​មិន​ចំណុះ​ហើយ​ប្រជែង​ ជាមួយ​នគរ​កម្ពុជា ។​ ដល់​ពេល​ដែល​ពួក​ថៃ ឬ​សៀម ចុះ​មក​ច្បាំង​ដណ្ដើម​យក​ទឹកដី​នេះ​បាន ពួក​ថៃ ឬ​សៀម​នេះ បាន​ទទួល​ជា​មរតក​នូវ​កំហឹង​របស់​ប្រជាជន​ដែល​ត្រូវ​គេ​ត្រួតត្រា​ ហើយ​ចាប់​បន្ដ​ការ​ប្រឆាំង​ទល់​នឹង​ការ​ត្រួតត្រា​របស់​ខ្មែរ​រហូត​ដល់​ពួក​ គេ​ទទួល​បាន​នូវ​ជោគជ័យ​មក​ទល់​នឹង​សព្វថ្ងៃ គឺ​៧​សតវត្សរ៍​ក្រោយ​ពេល​ដណ្ដើម​បាន​ឥន្ទបត្ដ​ជា​លើក​ទី​១ ។

បណ្ដា​ក្រុម​ឧបនិវេសន៍​ហិណ្ឌូ
នៅ ​ដើម​នៃ​គ្រិស្ដសករាជ វា​ហាក់​ដូចជា​មាន​ក្រុម​ឧបនិវេសន៍ (អ្នក​ចេញ​ទៅ​នៅ​ប្រទេស​ក្រៅ) ជ្វា​-ម៉ាឡេ និង​ហិណ្ឌូ ដែល​ចេញ​ផ្ទាល់​មក​ពី​ប្រជុំ​កោះ​អាំងស៊ុយឡាំង និង​កលិង្គៈ មក​តាំងនៅ​តាម​មាត់​សមុទ្រ​ខាងត្បូង និង​ខាងលិច​នៃ​ឥណ្ឌូចិន​រួច​ទៅ​ហើយ ។ ក្រោយមក ពួក​នេះ​បាន​ច្របល់​លាយ​គ្នា​ចូល​ជាមួយ​អ្នកស្រុក​ដើម គឺ​ពួក​ខ្មែរ​នេះឯង ។ គឺ​ក្រុម​ឧបនិវេសន៍​កលិង្គៈ​ទាំង​អស់​នេះ​ហើយ​ដែល​បាន​កសាង​រាជាណាចក្រ​តូចៗ ប្រកប​ដោយ​អារ្យធម៌​ហិណ្ឌូ​នៅ​ផ្នែក​ខាងត្បូង​នៃ​ឥណ្ឌូចិន រាជាណាចក្រ​ទាំងនោះ​ក្រោយមក​ក្លាយជា​ប្រទេស​កម្ពុជា ឬ ស្រុក​ខ្មែរ ។ ចំណែក​នៅ​តាម​មាត់​សមុទ្រ​ខាងលិច​នៃ​ឥណ្ឌូចិន ដែល​បែរមុខ​ទៅ​រក​ឈូង​សមុទ្រ​បឹងហ្កាល់​វិញ មាន​រាជាណាចក្រ​តូចៗ​ដែល​ពួក​ព័រទុយហ្គេ ហៅ​ថា​ មែរតាបាន​ មែរគុយ​ តាវ៉យ​ តេណាស់សេរីម ព្រមទាំង​រាជាណា​ចក្រ​តូចៗ​នៅ​តាម​ឆ្នេរសមុទ្រ​ខាងកើត​នៃ​ទៀបកោះ​ម៉ាឡាកា មាន​លីហ្គ័រ ឬ ស្រីធម្មរាជ​នគរ​ជាដើម ។

អាណ្ណាម ឬ តុងកឹង
កាលពី​២​សតវត្សរ៍​មុន​គ្រិស្ដសករាជ នៅ​ប៉ែក​ពាយ័ព្យ​នៃ​តុងកឹង​សព្វថ្ងៃ មាន​រាជាណាចក្រ​តូច​មួយ​ដែល​ពួក​ចិន​ហៅ​ថា​ «ធុក ឬ​ណាមយែ» ។ អ្នកស្រុក​រដ្ឋ​នេះ​មាន​អម្បូរ​ជា​មន ប៉ុន្ដែ​ពួក​នេះ​ប្រហែលជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​អាណ្ណាម ដែល​មក​ពី​ភាគ​ខាងត្បូង​នៃ​ទន្លេ​យ៉ង់​សេក្យាង ឬ​ទន្លេ​ខៀវ ។ រាជធានី​គឺ ភានងូ ។

ព្រះរាជា​មួយ​អង្គ​នៃ​រាជាណាចក្រ​នេះ ព្រះ​នាម​ មន ឬ យ៉ាវជី បាន​ប្រកាស​សង្គ្រាម​ជាមួយ​ចិន រួច​វាយ​ដណ្ដើម​យក​បាន​ខែត្រ​ក្វាងទុង (កាល​នោះ​មាន​ឈ្មោះ​ថា តៃវៀត) ខែត្រ​ក្វាងសេ និង​ភូគៀន (កាល​នោះ​មាន​ឈ្មោះ​ថា ដុងអូ) ព្រមទាំង​រដ្ឋ​តូចៗ​មួយ​ចំនួន​ទៀត ។ ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​ចៅ​អធិរាជ​ចិន​ទទួល​ស្គាល់​ថា ជា​ព្រះរាជា​នៃ​ង៉ានណាម ឬ​អាណ្ណាម​ដែរ ។ អាណ្ណាម​នា​ពេល​នោះ គឺ​តុងកឹង​សព្វថ្ងៃ​នេះ​ឯង ។

ចាប់ពី​ ពេល​នោះ​មក រាជាណាចក្រ​ធុក ក្រោម​ឈ្មោះ​ថ្មី​ថា អាណ្ណាម ឬ​ង៉ានណាម មាន​ទឹកដី​លាត​សន្ធឹង​ចាប់ពី​ព្រំដែន​ភាគ​ខាងត្បូង​យុនណាន រហូត​ដល់​ឈូង​សមុទ្រ​តុងកឹង និង​រហូត​ដល់​ព្រំដែន​ភាគ​ខាងជើង​នគរ​ចាម្ប៉ា គឺ​អាណ្ណាម​សព្វថ្ងៃ ។

រាជាណាចក្រ​នេះ ដែល​ចិន​ហៅ​ថា​ «ណាមយែ​ ឬ​ ណាមវៀត» ​នៅ​ឆ្នាំ​១១១ (មាន​ន័យ​ថា ទក្សិណ​បែកខ្ញែក) បន្ទាប់​មក​បាន​ត្រូវ​ធ្លាក់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ឧត្ដម​សេនិយ​ មេទ័ព​ចិន​ដែល​ព្រះ​ចៅ​អធិរាជ​ចិន​តែងតាំង​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ ខែត្រ ។ ពួក​នេះ​គ្រប់គ្រង​អំណាច​តៗ​គ្នា​ពី​ឪពុក​ដល់​កូន ហើយ​ពង្រឹង​អំណាច​តែ​ក្នុង​គ្រួសារ​ឯង​យ៉ាង​ដូច្នេះ ។

ពួក​ឧត្ដម​សេនិយ​ចៅហ្វាយ​ខែត្រ​ទាំងនេះ​បាន​បែងចែក​ទឹកដី​ព្រះរាជាណាចក្រ​អាណ្ណាម​ជា​៩​ខែត្រ​ហៅ​ថា​ «ក្វាន់» ក្នុង​នោះ​មាន​៤​ស្ថិត​នៅ​ចិន​ភាគ​ខាង​ត្បូង ៣​នៅ​តុងកឹង​ខាង​ក្រោម និង​២​ទៀត​នៅ​តុងកឹង​ខាងលើ ។ ចំណែកឯ​ផ្នែក​កណ្ដាល​នៃ​រាជាណាចក្រ​អាណ្ណាម ដែល​សោយរាជ្យ​ដោយ​ឧបរាជ​ចិន មាន​ចែក​ចេញ​ជា ៣​ក្វាន់​គឺ ក្វាន់​យ៉ាវជី​ គូជឿន និង​ញុតណាម ។ ក្វាន់​ទាំងនេះ គេ​ហៅ​ថា​ «ទួង​ក្វាង» ក្រោយ​មក​ក្លាយ​ជា «តុងកឹង» ដែល​សព្វថ្ងៃ​នេះ​ជា​ឈ្មោះ​របស់​ប្រទេស​ទាំងមូល និង​ស្ថិត​នៅ​ចន្លោះ យុនណាន លាវ ឈូង​សមុទ្រ​តុងកឹង ជួរ​ភ្នំ​អាណ្ណាម និង​មាត់​ច្រក​អាណ្ណាម ។

គេ​ដំណាល​ថា នៅ​ឆ្នាំ​១៦៦​នៃ​គ្រិស្ដសករាជ មាន​ពួក​ឈ្មួញ​ដែល​អះអាង​ថា ខ្លួន​ជា​រាជទូត​របស់​ព្រះ​អធិរាជ​រ៉ូម៉ាំង​ព្រះ​នាម​ថា​ ម៉ាក់​អូរ៉ែល ហើយ​ដែល​ប្រហែល​មិនមែន​មាន​សញ្ជាតិ​រ៉ូម៉ាំង​ទេ (13) បាន​មក​ចុះ​សំពៅ​នៅ​ខាងត្បូង​នគរ​យ៉ាវជី ឬ​អាណ្ណាម​នេះ ។
តាម ​មើល​ទៅ​នៅ​ក្នុង​ផែនទី​របស់​ផ្ដូលេមេ ហាណូយ គឺ អាកាណាការ៉ា ហើយ​ប្រជាជន​ដែល​រស់នៅ​ត្រង់​ពាម​ទន្លេ​ក្រហម បាន​ហៅ​ខ្លួនឯង​តាម​របៀប​សាមញ្ញ​ថា «អ៊ិនដូយ» ។

ពួក​ម៉ារ៉ាម៉ា ឬ មិយ៉ាម៉ា ឬ ភូមា
នៅ ​ពាយ័ព្យ​ឥណ្ឌូចិន​មាន​ទឹកដី​ដែល​មាន​ឈ្មោះ​សព្វថ្ងៃ​ថា​ ភូមា​ខាងលើ​ដែល​មាន​ពួក​ម៉ារ៉ាម៉ា​រស់នៅ​ ពួក​នេះ​ក្រោយ​មក​បាន​ដូរ​ឈ្មោះ​ជា​ភូមា​វិញ ។​ ពួក​នេះ​ចុះ​មក​ពី​ទីបេ​កាលពី​រវាង​២​ ឬ​៣​សតវត្សរ៍​មុន​គ្រិស្ដសករាជ​ រួច​មក​ដណ្ដើម​យក​ទឹកដី​របស់​ពួក​ការ៉េន​នៅ ។​ពួក​ការ៉េន​នេះ​ជា​ ប្រជាជន​គ្មាន​អារ្យធម៌​ ស្លូត​ ចូល​ចិត្ដ​ធ្វើ​កសិកម្ម ។​អាស្រ័យ​ដោយ​ភាព​អៀន​ប្រៀន និង​ទំនៀម​ទម្លាប់​អន់​ថយ ពួក​គេ​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

វត្ដមាន ​របស់​ពួក​ម៉ារ៉ាម៉ា​នៅ​ត្រង់​ផ្នែក​ខាងលើ​នៃ​ទន្លេ​ឥរាវតី​នេះ បាន​បង្ខំ​ឱ្យ​ពួក​សាន ដែល​មាន​អម្បូរ​ថៃ​ដែរ ហើយ​ដែល​យើង​នឹង​លើក​មក​និយាយ​ខាងក្រោម​នេះ ត្រូវ​គេចខ្លួន​ទៅ​រស់​នៅ​ឯ​ស្រុក​លាវ ហើយ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ឥណ្ឌូចិន ក៏​បង្កើត​បាន​ជា​ក្សត្រ​ប្រទេស​ជា​ច្រើន រស់នៅ​ឆ្ងាយ​ពី​សមុទ្រ ពី​ទន្លេ​ដោយ​មិន​គិត​ពី​ការ​អភិវឌ្ឍន៍​ឡើយ ។

ពួក ​ម៉ារ៉ាម៉ា​បាន​ទុក​ឱ្យ​ពួក​សាន​រស់នៅ​លើ​ទឹកដី​ផ្នែក​ខាងជើង ហើយ​មិន​បាន​រំខាន​ពួក​នេះ​ក្នុង​ការ​វាត​យក​ទឹកដី​ឯខាង​កើត​ទេ​ពីព្រោះ​ពួក ​ម៉ារ៉ាម៉ា​មាន​បំណង​ចង់​តែ​ចុះ​មក​ខាងក្រោម​ទន្លេ​ឥរាវតី​សំដៅ​មក​រក​ សមុទ្រ​ដោយ​គ្មាន​ចង់​វាត​យក​ទឹកដី​ប្រទេស​លាវ​ឡើយ ។
តាម ​មើលទៅ នៅ​ដើម​សតវត្សរ៍​នៃ​គ្រិស្ដសករាជ ពួក​ភូមា ឬ​ម៉ារ៉ាម៉ា​បាន​ដណ្ដើម​យក​បាន​ទឹកដី​ដែល​សព្វ​ថ្ងៃនេះ គឺ​ប្រទេស​ភូមា​ភាគ​ខាងលើ​រួច​ទៅ​ហើយ ។

ពួក​សាន
នៅ ​ខាងលិច​ប្រទេស​លាវ​ភាគ​ខាងលើ បន្ទាប់​ពី​ទឹកដី​មួយ​កន្លែង​នៅ​លើ​ច្រាំង​ខាងស្ដាំ​នៃ​ទន្លេ​មេគង្គ ដែល​ជា​ចំណែក​មួយ​នៃ​ព្រះរាជា​ណាចក្រ​ហ្លួងប្រាបាង​សព្វ​ថ្ងៃនេះ មាន​ប្រជាជន​មួយ​ក្រុម​រស់នៅ​គឺ​ពួក​សាន ។ ដូច​ដែល​បាន​រៀបរាប់​ពី​ខាងលើ​រួច​មក​ហើយ​ ពួក​សាន​នេះ​មាន​អម្បូរ​ជាមួយ​ពួក​ថៃ​ ឬ​សៀម ។​ ប្រជាជន​សាន​នេះ​ចុះ​មក​ពី​កន្លែង​មួយ​ដែល​ក្រោយ​មក​ក្លាយជា​រាជា​ណា​ចក្រ​ តាលី ។ ពួក​នេះ​បាន​មក​រស់នៅ​ពី​ខាងកើត​ពួក​ភូមា នៅ​ពេល​ដែល​ពួក​ភូមា​នេះ​កំពុង​វាយ​ដណ្ដើម​យក​ទឹកដី​ពី​ពួក​មន ឬ​ប៉ាកាន តែ​ត្រូវ​ពួក​មន​វាយ​ដេញ​ឱ្យ​រត់ឡើង​ទៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​ឥរាវតី​វិញ​ ទៅ ជា​កន្លែង​ដែល​ពួក​មន​នេះ​ធ្លាប់​នៅ​កាលពី​ពីរ​-បី​សតវត្សរ៍​មុន ។

នៅ ​ដើម​គ្រិស្ដសករាជ ពួក​សាន​បាន​ត្រួតត្រា​ពេញ​ទឹកដី​ដែល​ពួក​គេ​រស់នៅ​សព្វ​ថ្ងៃនេះ ដោយ​បង្កើត​បាន​ជា​ក្សត្រ​ប្រទេស​មួយ​ចំនួន មាន​ស្វ័យភាព​រៀងៗ​ខ្លួន ក៏​ប៉ុន្ដែ​ទាំងអស់​គ្នា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ព្រះ​ចៅ​អធិរាជ ​មួយ​អង្គ ការ​ត្រួតត្រា​នោះ​អាច​មាន​តែ​នាម និង​អាច​ជា​ការ​ត្រួតត្រា​ពិតប្រាកដ​តែ​នៅ​ក្នុង​កាលៈ​ទេសៈ​ខ្លះ​ ប៉ុណ្ណោះ ។

ក្សត្រ​ប្រទេស​ទាំង​ អស់នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​សមុទ្រ ពី​ទន្លេធំៗ និង​ពី​ពាណិជ្ជកម្ម​ផង​ដែរ ដូចនេះ​ពួក​គេ​មិន​សូវ​ជា​លូត​លាស់​ប៉ុន្មាន​ទេ ។ ដោយហេតុ​នោះ ពួក​គេ​ខិតខំ​បង្កបង្កើន​ផល​តែ​លើ​ដី​ដែល​គេ​ដណ្ដើម​បាន​ពី​ពួក​លាវ​ ប៉ុណ្ណោះ ហើយ​មិន​បាន​យកចិត្ដ​ទុកដាក់​នឹង​ស្ថាបនា​ផ្លូវថ្នល់​ធ្វើ​ដំណើរ​អ្វី​ ឡើយ ។
គេ​គិត​ថា មាន​កុលសម្ព័ន្ធ​សាន​មួយ​នៅ​ផ្នែក​ខាង​លើ​រដ្ឋ​អាសាម​ដែរ ប៉ុន្ដែ​គឺជា​ក្សត្រ​ប្រទេស​មួយ​ដែល​មិន​សូវ​ជា​មាន​សារសំខាន់​ប៉ុន្មាន​ ទេ ។

អំពី​ប្រទេស​ចិន
នៅ ​ដើម​គ្រិស្ដសករាជ ប្រទេស​ចិន​បាន​មាន​អត្ថិភាព​ប្រហែលជា​៣០០០​ឆ្នាំ​រួច​មក​ហើយ ។ ពួក​ចិន​មាន​អារ្យធម៌​រីក​ចម្រើន​ខ្លាំង​ណាស់​ទៅ​ហើយ គឺ​មាន​ទស្សនវិជ្ជា​ប្រកបដោយ​គតិបណ្ឌិត​តាំងពី​៥​សតវត្សរ៍​មុន​មក​ម្ល៉េះ និង​មាន​សាសនា​ច្រើន ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​លើ​សីលធម៌​ប្រកបដោយ​វិចារណញ្ញាណ និង​នៅ​លើ​ការ​គោរព​បូជា​បុព្វបុរស​ព្រមទាំង​ទំនៀម​ទម្លាប់​បុរាណ​ផង ។


ពេល ​នោះ ប្រទេស​ចិន​មិនធំ​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ បណ្ដា​ខែត្រ​ខាងលិច​មិន​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ពួក​គេ​ទេ ។ ប្រទេស​ទីបេ​កាលនោះ​នៅ​ឯករាជ មិន​ទាន់​ជា​ទឹកដី​របស់​ចិន​នៅ​ឡើយ ។ ហើយ​ចិន​ប្រហែល​ជា​ត្រួតត្រា​បណ្ដា​ខែត្រ​ដែល​នៅ​ឆ្ងាយ​ពី​រាជធានី​មិនជា​ ច្រើន​ប៉ុន្មាន​ទេ ។ អំណាច​របស់​ចិន​នៅ​ពេល​នោះ គឺជា​អំណាច​ដែល​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ចំពោះ​ប្រជាជន​ជា​ច្រើន​នៅ​ទិស​ខាងជើង និង​ខាង​និរតី ។ ពួក​អាណ្ណាម​នៅ​ខាងត្បូង និង​ពួក​កូរ៉េ​នៅ​ខាងជើង ដែល​មិន​ត្រឹមតែ​មិន​ទទួល​យក​អនុត្ដរភាព​របស់​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បះបោរ​ប្រឆាំង​ទៀត​ផង ។ទោះជា ​យ៉ាងនេះ​ក្ដី នៅ​កន្លែង​ណា​ដែល​ចិន​វាត​អំណាច​ទៅ​ដល់ ពួក​គេ​ផ្សព្វផ្សាយ​អារ្យធម៌​របស់​គេ ហើយ​ប្រជាពលរដ្ឋ​ទទួល​យក​ទំនៀម​ទម្លាប់ ឧត្ដមគតិ ប្រពៃណី និង​ទស្សនវិជ្ជា​របស់​គេ ។


អ្វី​ដែល​ បាន​រៀបរាប់​មក​ខាងលើ​នេះ​គឺជា​អ្វី​ដែល​មាន​នៅ​លើ​ទឹកដី​ឥណ្ឌូចិន នៅ​ដើម​គ្រិស្ដសករាជ គឺ​មាន​ប្រជាជន​ដែល​រស់នៅ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន ប្រជាជន​ដែល​គំរាម​កំហែង​មក​ពី​ខាងត្បូង និង​ប្រជាជន​ដែល​រស់នៅ​ភាគ​ខាងជើង​ដែល​នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង និង​មាន​ប្រសិទ្ធភាព​មក​លើ​ឥណ្ឌូចិន​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

នៅ ​ពេល​ដែល​និយាយ​អំពី​ប្រវត្ដិសាស្ដ្រ​របស់​ប្រជាជន​កម្ពុជា យើង​ត្រូវ​តែ​និយាយ​អំពី​ប្រទេស​ទាំងអស់​នោះ​ដែរ ពីព្រោះ​ក្រៅ​តែ​ពី​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​ដែល​ច្រើន​តែ​មាន​ទំនាក់​ទំនង​មិត្ដភាព​ជាមួយ​កម្ពុជា ប្រទេស​ជិតខាង​ឯទៀត​ច្រើន​តែ​មាន​ចម្បាំង​ជាមួយ​កម្ពុជា និង​មាន​ប្រទេស​ជា​ច្រើន​ដែល​កម្ពុជា​បាន​វាយ​កាន់កាប់​ដាក់​ជា​ ចំណុះ ។

ឥឡូវនេះ​យើង​ពិនិត្យ​មើល​ថា​ តើ​អាណាចក្រ​ខ្មែរ​ដ៏​ខ្លាំងក្លា​មួយ​នេះ​ចាប់​ផ្ដើម​ឡើង​យ៉ាង​ដូចម្ដេច​ រីក​ចម្រើន យ៉ាងណា ហើយ​តើ​ក្រោយ​ពី​ដណ្ដើម​បាន​ទឹកដី​ឥណ្ឌូចិន​ភាគ​កណ្ដាល​តាំងពី​ជើង​រហូត​មក​ ដល់​ត្បូង ពោល​គឺ អាង​ទន្លេមេគង្គ​ទាំងមូល​រួច​ហើយ​ ហេតុ​អ្វី​ក៏​ស្រាប់តែ​ត្រូវ​កាត់​ផ្ដាច់​អំពី​នគរ​ចំណុះ​ទាំងឡាយ​អស់​រលីង​ នៅ​សល់​តែ​ទឹកដី​តូច​មួយ​យ៉ាង​ដូច្នេះ ។ យើង​នឹង​ស្រាវជ្រាវ​មើល​បន្ទាប់​មក ថា​តើ​ការ​មក​ដល់​របស់​ពួក​បារាំង​បាន​ជួយ​ស្រោច​ស្រង់​ប្រទេស​នេះ​ពី​ កណ្ដាប់ដៃ​ពួក​សៀម​ដែល​ជា​សត្រូវ​១០០០​ឆ្នាំ និង​ពី​កណ្ដាប់ដៃ​ពួក​អាណ្ណាម ដែល​ឈ្លោះ​ជាមួយ​ខ្មែរ​៣​សតវត្សរ៍​រួច​មក​ហើយ​ដោយ​របៀប​ណា ។ នៅ​ទី​បញ្ចប់ យើង​នឹង​ពិនិត្យ​មើល​ថា ក្រោម​ឥទ្ធិពល​នៃ​អារ្យធម៌​បារាំង ប្រទេស​នេះ​ហាក់ដូច​ប្រែជា​មាន​វាសនា​មួយ​ផ្សេង ដទៃ​ពី​វាសនា​នៃ​ការ​ធ្លាក់​ចុះ​របស់​ខ្លួន​ដែល​ត្រៀម​ទុក​ដោយឡែក​កាលពី​ ថ្មីៗ​នៅ​ឡើយ ។

(1) ពាក្យ​ឡាវ «ដូន» មាន​ន័យ​ថា ភូមិ ។
(2) «កេង» មាន​ន័យ​ថា ល្បាក់ ។ «កាឡាហៃ» ជា​ពាក្យ​ត្រាប់​តាម​សំឡេង​ទឹក​ជួ​ដែល​ហូរ​នៅ​ចន្លោះ​ដុំ​ថ្ម​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ឆាយ កាឆាយ ។
(3) ទន្លេ ​មេគង្គ​មាន​កម្លាំង​ចម្រើន​ដី​ល្បប់​ស្មើនឹង​ទន្លេ​នីល​គឺ ១៥​ភាគ​១០.០០០, ១០​ដង​ខ្លាំង​ជាង​ទន្លេ​រ៉ាំង​ ៨​ដង​ខ្លាំង​ជាង​ទន្លេ​សែន ។
(4) មហាសករាជ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​៧៩ នៃ​គ្រិស្ដសករាជ ។
(5) តាម​មើលទៅ ពួក​លេស្ដៃ​នៅ​ក្នុង​ផែនទី​របស់​ផ្ដូលេមេ គឺជា​ប្រជាជន​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា និង​កូសាំងស៊ីន​បច្ចុប្បន្ន ។ រីឯ​ទឹកដី​របស់​ពួក​សកៈ​នៅ​ក្នុង​រឿង​មហាភារតៈ ក៏​គឺ​ទឹកដី​នេះ​ដែរ ។
(6) សិលាចារឹក​វ៉ូកាញ់​បញ្ជាក់​ថា មាន​ពួក​ចាម​រស់នៅ​ជ្រលង​ភ្នំ​ញ៉ាត្រាង​នៅ​សតវត្សរ៍​ទី​៣​ ឯ​សិលាចារឹក​មីសឺន​ថា មាន​ចាម​នៅ​ឆកសមុទ្រ​ទួរ៉ាន ។ ពួក​ចាម​អាច​នឹង​មាន​វត្ដមាន​នៅ​ផានរ៉ាង និង​ប៊ិញធន់ រួច​ហើយ ។
(7) គេ ​មិន​បាន​ដឹង​អំពី​ឈ្មោះ​ដែល​ប្រទេស​នេះ​ដាក់​ឱ្យ​ខ្លួនឯង​មុន​នឹង​ប្រកាន់​ យក​ឈ្មោះ​ចាម្ប៉ា​នេះ​ទេ ។ ចំពោះ​ឈ្មោះ​ចាម្ប៉ា​នេះ​វិញ ប្រហែលជា​គេ​ដាក់​តាម​រដ្ឋ​ចាម្ប៉ា​របស់​ពួក​ហិណ្ឌូ​មួយ​ដែល​ស្ថិត​នៅ​ជិត​ ភ្នំ​ហិមាល័យ នៅ​ផ្នែក​ខាងជើង​រដ្ឋ​បញ្ចាប ។ អាច​និយាយ​ថា ឈ្មោះ​ចាម្ប៉ា​នេះ​វា​ប្រហាក់​ប្រហែល​នឹង​ឈ្មោះ​ដើម​ថា ជាម ឬ ជែម  ឬ សាន នៅ​រវាង​សតវត្សរ៍​ទី​២ ។ លោក ផ្ដូលេមេ ដូច​ជា​បាន​ស្គាល់​តែ​ឈ្មោះ​រាជធានី​បាលអង់វៃ ដែល​លោក​ហៅ​ថា សាបាន មាន​ន័យ​ថា​រាជធានី​របស់​ចា ឬ​សាន​ប៉ុណ្ណោះ ។ តាម​មើលទៅ​គឺ​ឈ្មោះ សាន នេះឯង​ដែល​ក្លាយ​មក​ជា ចាម្ប៉ា ហើយ​ដែល​ពួក​អ្នកនិពន្ធ​អារ៉ាប់​ហៅ​ថា ហ្សាង នៅ​សតវត្សរ៍​ទី​៨ ។
(8) រឿងព្រេង​កម្ពុជា​និយាយ​ថា មាន​ស្ដេច​ចាម​៦​អង្គ​សោយរាជ្យ ហើយ​មាន​ពួក​ខ្មែរ​ចេញ​មក​ពី​ឥទ្ទ្រប្រាស្ថៈ ក្បែរ​ទីក្រុង​ដែល្លី​សព្វថ្ងៃ មក​សុំ​រស់នៅ​ត្រង់​កន្លែង​ដែល​ពួក​គេ​រៀបចំ​រួច​ស្រេច​ហើយ ក្រោយមក​ពួក​ខ្មែរ​នេះ​ត្រូវរ៉ូវ​ជាមួយ​ពួក​នាគ បះបោរ​ប្រឆាំង ដេញ​ពួក​ចាម​ចេញ​ទៅ ។ តាម​ពួក​បញ្ញវន្ដ​កម្ពុជា​មួយ​ចំនួន​ដែល​ជឿ​ទៅ​លើ​រឿងព្រេង បាន​រៀបរាប់​ទៀត​ថា​ ពួក​ចាម​បាន​គេច​ខ្លួន​ទៅ​ដល់​ប្រទេស​លាវ រួច​បង្កើត​រដ្ឋ​ចំប៉ាសាក់​នៅ​ទីនោះ ។ រឿង​ស្ដេច​ចាម​៦​អង្គ​ពិតជា​មាន​សារសំខាន់​ណាស់ ក៏​ប៉ុន្ដែ​រឿងព្រេង​គ្មាន​អ្វី​ជា​សំអាង​ច្បាស់លាស់​ទេ ។ យើង​នឹង​ត្រលប់​មក​មើល​រឿង​នេះ​ទៀត​នៅ​ពេល​ក្រោយ ។
(9) ពាក្យ ប៉េហ្គូ នេះ ប្រហែលជា​ត្រូវ​នឹង​ពាក្យ​ ខៃសេ ​របស់​ផែនទី​ផ្ដូលេមេ និង​ពាក្យ​បទ​សា​ទ្វីប​របស់​ពួក​ហិណ្ឌូ ។
(10) ភាសា​អ្នកស្រុក​ហៅ​ថា តាវ៉យ​ ទនៈស្រី​ មន្ថ និង​មធមៈ ។
(11) កលិង្គៈ ជា​រដ្ឋ​មួយ​ក្នុង​ឥណ្ឌា​សម័យ​បុរាណ ស្ថិត​នៅ​លើ​ច្រាំង​ខាងកើត​នៃ​ឧបទ្វីប​ឥណ្ឌា បែរមុខ​មក​រក​ឥណ្ឌូចិន​ពី​ម្ខាង​នៃ​ឈូង​សមុទ្រ​បឹងហ្កាល់ ។ រដ្ឋ​នេះ​មាន​ស្រុក​៣ ដែល​គេ​ហៅ​រួម​គ្នា​ថា ត្រៃ​លិង្គៈ ក្រោយមក​ក្លាយ​ជា តិលិង្គៈ ឬ​តាលិង្គៈ ទី​បញ្ចប់​ជា តាលឹង ដែល​ជា​ស្រុក​ដើម​របស់​ពួក​ហិណ្ឌូ​ដែល​មក​រស់នៅ​ឥណ្ឌូចិន ។ តាលឹង ក៏​ជា​ឈ្មោះ​ដំបូង​របស់​ពួក​ប៉ាកាន​នៅ​ភូមា​ផង​ដែរ ។ ទាល់តែ​ច្រើន​សតវត្សរ៍​ក្រោយ​ពេល​ដែល​គេ​មក​ដល់​ឥណ្ឌូចិន ទើប​ពួក​កលិង្គៈ​ដូរ​ឈ្មោះ​ទៅ​ជា មន​ ម៉ង់ ឬ​ម៉ាង វិញ ដែល​ជា​ឈ្មោះ​ស្រុក​ចំណុះ​ឥណ្ឌា​សម័យ​បុរាណ​គឺ រមនញ្ញៈ ក្លាយទៅជា រមញ្ញៈ ជា ម័ញ ។
ពាក្យ ​កលិង្គៈ ឬ​ក្លឹង​នេះ​ សព្វថ្ងៃ​ប្រជាជន​កម្ពុជា​ប្រើ​សម្រាប់​ហៅ​ពួក​ហិណ្ឌូ​ រីឯ​ស្រុក​ក្លឹង​គឺ​សំដៅ​យក​ឥណ្ឌា​ជា​ទូទៅ ។​ទាំង​អស់នេះ​គឺ​ដោយហេតុ​ ថា ពួក​គេ​កន្លង​មក​ធ្លាប់​មាន​ទំនាក់​ទំនង​តែ​ជាមួយ​ពួក​ហិណ្ឌូ​នៅ​កូរ៉ូម៉ង់​ ដែល​គឺ​ពួក​កលិង្គៈ​នេះឯង ។
(12) ប្រហែល​ជា​៨​សតវត្សរ៍​មុន​គ្រិស្ដសករាជ ។
(13) នៅ​ឥណ្ឌា​គេ​ហៅ​ទាំង​ពួក​ក្រិក ពួក​អ្នកស្រុក​ទៀបកោះ​អារ៉ាប់ និង​ពួក​អ្នក​រស់នៅ​ខាងលិច​ស្រុក​ពែរ្ស​ថា​ជា រ៉ូម៉ាំង រហូត​មក​ដល់​ពេល​ថ្មីៗ​
នេះ ពីព្រោះ​ពួក​នោះ​ធ្លាប់​ជា​ចំណុះ​របស់​រ៉ូម ។


ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា (ភាគ​១)
ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា (ជំពូក​ទី​១)

ព្រះរាជាណាចក្រ​ភ្នំ ឬ នគរ​ភ្នំ (សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៦ នៃ​គ.ស.)

១. ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា

ក្នុង​រយៈ​កាល​នៃ​សម័យ​រុងរឿង ព្រះរាជាណាចក្រ​កម្ពុជា បាន​លាត​សន្ធឹង​ពី​សមុទ្រ​ចិន ដល់​ទន្លេ​មេណាម។ កាល​ណោះ ដែន​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម រួម​និង​ខេត្ត​ទាំង​ឡាយ​នៅ​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ហើយ​ស្ទើរ​តែ​ទាំងអស់​នៃ​ដែន​ដី​នៃ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ គឺ​ជា​អតីត​ដែន​ដី​របស់​ខ្មែរ​ទាំងអស់ ហើយ​ក្នុង​រយៈ​កាល​ដ៏​យូរ​លង់​មក​ហើយ​នោះ មាន​ពេល​ខ្លះ​ខ្មែរ​ក៏​បាន​កាន់​កាប់​ជ្រោយ​ម៉ាឡេស៊ី និង​ប្រទេស​ភូមា ផង​ដែរ។


តាំង​ពី​ច្រើន​សតវត្ស​មក​ហើយ ពិសេស​ពី​សតវត្ស​ទី​១៣ រហូត​ដល់​សតវត្ស​ទី​១៨ និង​ទី​១៩ នៃ​គ្រិស្ដសករាជ ទឹក​ដី​ប្រទេស​កម្ពុជា កាន់​តែ​រួញ​តូច​ទៅៗ បន្តិច​ម្តងៗ ដោយសារ​សត្រូវ​ទាំង​ឆ្វេង​ទាំង​ស្តាំ គឺ​ថៃ និង​វៀតណាម ដែល​មាន​បំណង​យក​ទន្លេ​មេគង្គ​ជា​ព្រំដែន​រួម​របស់​គេ។

ដោយ​មាន​អន្តរាគមន៍​របស់​ប្រទេស​បារាំង តាម​ការ​ស្នើសុំ​របស់​ព្រះរាជា​ខ្មែរ ប្រទេស​ជិត​ខាង​របស់​កម្ពុជា បាន​ព្រម​ចុះ​សន្ធិសញ្ញា​ព្រមព្រៀង​បី​ជា​សំខាន់ គឺ​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣ សន្ធិសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ដែល​ជួយ​អោយ​ប្រទេស​ខ្មែរ​នៅ​គង់វង្ស​ស្ថិតស្ថេរ ដោយ​រក្សា​បាន​នូវ​វត្តមាន​នយោបាយ​របស់​ខ្លួន ហើយ​អាច​កាន់​កាប់​ទឹក​ដី​ខ្លះ​របស់​ខ្លួន​ដែល​នៅ​សល់ ហើយ​ដែល​ខ្មែរ​ធ្លាប់​កាន់​កាប់​តាំង​ពី​សតវត្ស​ទី​១៨ មក។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់​បាន​ត្រូវ​កាត់​ផ្តាច់ ឬ​បំបែក​អោយ​ទៅ​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​បរទេស​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន។

ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​អាស៊ី​នៃ​ខ្យល់​រដូវ ព្រះរាជាណាចក្រ​កម្ពុជា ឬ​ស្រុក​ខ្មែរ ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ១៨២.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​មាន​ព្រំប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ឈូង​សមុទ្រ​សៀម។


លក្ខណៈ​ភូមិសាស្ត្រ​របស់​ស្រុក​ខ្មែរ អាច​ចែក​ជា​ពីរ​តំបន់​ដាច់​ពី​គ្នា គឺ​តំបន់​ភ្នំ ខ្ពង់រាប ស្ថិត​នៅ​ភាគ​ខាង​ជើង ភាគ​ឦសាន និង​ភាគ​និរតី​នៃ​ប្រទេស។ ចំណែក​ខាង​តំបន់​វាល​ទំនាប​វិញ គឺ​ស្ថិត​តាម​បាត​ខ្ទះ ភាគ​កណ្ដាល តំបន់​បឹងបួ វាល​ទំនាប​ទន្លេ​មេគង្គ និង​តំបន់​មាត់​សមុទ្រ។ មួយ​ភាគ​ធំ​នៃ​ផ្ទៃ​ប្រទេស ត្រូវ​គ្រប​ដណ្ដប់​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ ព្រៃ​ឈើ ហើយ​តំបន់​ដី​ខ្ពស់ គឺ​ខ្ពង់រាប​ហាក់​មាន​លក្ខណៈ​ជា​ខ្សែ​ក្រវាត់​ធម្មជាតិ ដែល​ហ៊ុមព័ទ្ធ​វាល​ទំនាប​របស់​ប្រទេស​ខ្មែរ​ទាំង​មូល។

នៅ​ភាគ​និរតី​នៃ​ប្រទេស មាន​ភ្នំ​ធំ ហើយ​ខ្ពស់​ចោត ដូច​ជា​ជួរ​ភ្នំ​ក្រវាញ ជាដើម ដែល​លាត​សន្ធឹង​ដល់​មាត់​សមុទ្រ ហើយ​មាន​កម្ពស់​ពី ១.០០០​ម៉ែត្រ រហូត​ដល់ ១.៧៤៤​ម៉ែត្រ នៅ​ភ្នំ​សង្កុស។ នៅ​ភាគ​ខាង​ជើង មាន​ជួរ​ភ្នំ​ដងរែក ដែល​ខណ្ឌ​ដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ហើយ​ជួរ​ភ្នំ​នេះ​ជាប់​ទៅ​នឹង​ភ្នំ​ដែក ដែល​ជា​ភ្នំ​សម្បូរ​ដោយ​រ៉ែ​លោហធាតុ ដែល​បុព្វបុរស​ដូនតា​ខ្មែរ​ធ្លាប់​ដឹក​យក​មក​ប្រើប្រាស់ ហើយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក គឺ​ស្ទឹង​មួយ​ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល ៨​ខែ​ក្នុង​មួយ​ឆ្នាំ។ ស្ទឹង​នេះ​ហូរ​ចាក់​ចូល​មក​ក្នុង​បឹង​ទន្លេសាប ដោយ​ឆ្លង​តំបន់​ភ្នំ​គូលែន ជា​តំបន់​មួយ​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ធ្លាប់​បាន​រៀប​ចំ​កសាង​ជា​រាជធានី​មួយ​រយៈ នៅ​ដើម​សតវត្សរ៍​ទី​៩ នៃ​គ្រិស្ដសករាជ​ផង។

នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស គឺ​នៅ​ក្នុង​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ដែល​សម្បូរ​ដោយ​ខ្ពង់រាប​ដែល​មាន​ធាតុ​កសិណ​សិលា ថ្ម​ក្រានីត និង​ថ្ម​បបុះ ដែល​មាន​ដើម​កំណើត​មក​ពី​កម្អែល​ភ្នំ​ភ្លើង​ក្នុង​សម័យ​អតីត​កាល​ដ៏​យូរ ហើយ​កន្លែង​ខ្លះ​មាន​កម្ពស់​រហូត​ដល់ ១.០០០​ម៉ែត្រ ពិសេស គឺ​តំបន់​ដែល​មាន​ព្រំដែន​ប្រសព្វ​គ្នា​រវាង​ប្រទេស​ទាំង​បី គឺ​កម្ពុជា ឡាវ និង​វៀតណាម។ ហើយ​ទន្លេ​សំខាន់ៗ​បី​ដែល​ហូរ​ពី​ខ្ពង់រាប​ខាង​លើ​នេះ ឆ្ពោះ​ទៅ​ទិស​ខាង​លិច គឺ​ហូរ​ភ្ជាប់​ទៅ​នឹង​ទន្លេ​ទាំង​បី​នោះ គឺ​ទន្លេ​សេកុង សេសាន និង​ទន្លេ​ស្រែពក។

ភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ជា​តំបន់​បាត​ខ្ទះ ដែល​សម្បូរ​ទៅ​ដោយ​ដី​ល្បប់​មាន​ជីជាតិ ហើយ​និង​មាន​ភ្នំ​ខ្លះ​ដែរ តែ​ស្ថិត​នៅ​ដាច់ៗ​ពី​គ្នា គឺ​ជា​តំបន់​ដែល​ដី​សម្បូរ​ទៅ​ដោយ​ជីជាតិ​ជាង​គេ​បំផុត​នៅ​ក្នុង​ជ្រោយ​ឥណ្ឌូ​ចិន នេះ។ នេះ​ជា​ហេតុ​ទាក់ទាញ​ប្រជាពលរដ្ឋ​អោយ​មក​រស់​នៅ​កុះករ​ក្នុង​តំបន់​នោះ ពិសេស គឺ​ប្រជាពលរដ្ឋ​ដែល​រស់​រាន ហើយ​ទាញ​យក​ផល​ពី​មុខ​របរ​កសិកម្ម ទាញ​ផល​ប្រយោជន៍​ពី​វាល​ទំនាប​មាន​ជីជាតិ ផល​ប្រយោជន៍​ពី បឹង ស្ទឹង ទន្លេ ទាំង​ឡាយ​នៃ​ភូមិ​ភាគ​នោះ។

បឹង​ទន្លេសាប គឺ​ជា​បឹង​មួយ​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​រដូវ​វស្សា បឹង​នេះ​មាន​បណ្តោយ​រហូត​ដល់​ទៅ ១៦០​គីឡូម៉ែត្រ និង​ទទឹង ៣៦​គីឡូម៉ែត្រ។ នៅ​រដូវ​ប្រាំង ខែ​មីនា-មេសា បឹង​នេះ​មាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣.០០០​គីឡូម៉ែត្រ​ក្រឡា។ គេ​អាច​ចែក​បឹង​នេះ​ជា​ពីរ​ផ្នែក គឺ​បឹង​ធំ ស្ថិត​នៅ​ភាគ​ខាង​លិច បឹង​តូច វាល​ភក់ តំបន់​ក​ដប ស្ថិត​នៅ​ភាគ​ខាង​កើត។ នៅ​ពេល​ទឹក​ទន្លេ​មេគង្គ​ឡើង​ខ្ពស់ ទឹក​បឹង​ទន្លេសាប​នេះ មាន​ជម្រៅ​រហូត​ដល់​ជាង ១០​ម៉ែត្រ ហើយ​បែក​វាល​លិច​គ្រប​ដណ្ដប់​លើ​ព្រៃ​មាត់​បឹង​ទាំងអស់​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប​នោះ។

ទន្លេ​មេគង្គ​ដែល​មាន​ប្រភព​ចេញ​មក​ពី​តំបន់​ទីបេ ជា​ទន្លេ​ធំ​តែ​មួយ​គត់​ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា ពី​ព្រំដែន​ខាង​ជើង​ទៅ​ព្រំដែន​ខាង​ត្បូង ត្រង់​ល្បាក់ខោន គឺ​ត្រង់​ព្រំប្រទល់​ដែន​រវាង​ប្រទេស​ឡាវ និង​កម្ពុជា ទឹក​ទន្លេ​មេគង្គ​ត្រូវ​ហូរ​មក​ជួប​នឹង​របាំង​ថ្ម​ខ្ពស់ ដូច​ជា​ទំនប់​ចោត​ត្រេង ដែល​ធ្វើ​អោយ​ទន្លេ​មេគង្គ​ត្រង់​ល្បាក់ខោន​នេះ ក្លាយ​ជា​អាង​ទឹក​ដ៏​ធំ​សម្បើម ដែល​មាន​ជម្រៅ​រហូត​ដល់​ជាង ២០​ម៉ែត្រ ហើយ​ហូរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​ក្រោម ដែល​កប៉ាល់​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នោះ​បាន​ឡើយ។

ក្រៅ​ពី​តួ​ទន្លេ​មេគង្គ ក៏​មាន​ដៃ​ទន្លេ​ជាច្រើន ខ្លះ​មាន​ទទឹង​រហូត​ទៅ​ដល់​ជាង ២​គីឡូម៉ែត្រ ហូរ​ប្រសព្វ​គ្នា​ចាក់​ទៅ​ត្រង់​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ ដែល​មាន​ទំហំ​ប្រមាណ ៦០០​គីឡូម៉ែត្រ ពិសេស គឺ​ត្រង់​ដែន​ដី​ដែល​បារាំង ហៅ​ថា កូសាំងស៊ីន ហើយ​ធ្វើ​អោយ​តំបន់​នេះ​ក្លាយ​ជា​តំបន់​មាន​ជីជាតិ​បំផុត​របស់​ជនជាតិ​ខ្មែរ។ បច្ចុប្បន្ន​នេះ ដែន​ដី​កូសាំងស៊ីន គឺ​ដែន​ដី​កម្ពុជា​ក្រោម ដ៏​មាន​ជីជាតិ​របស់​ខ្មែរ ក្លាយ​ទៅ​ជា​របស់​វៀតណាម ទៅ​ហើយ។ ចំណែក​វាល​ទំនាប​ទន្លេ​មេគង្គ​វិញ គឺ​ជា​តំបន់​ដែល​លាត​សន្ធឹង​ពី​ខេត្ត​ក្រចេះ រហូត​ទៅ​ដល់​មាត់​សមុទ្រ​ផ្នែក​ខាង​ត្បូង។ នៅ​ភ្នំពេញ ដែល​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាំង​ពី​អំឡុង​សតវត្ស​ទី​១៥ នៃ​គ្រិស្ដសករាជ​នោះ ទន្លេ​មេគង្គ​ត្រូវ​បែក​ចេញ​ជា​ទន្លេ​បួន ដែល​គេ​និយម​ហៅ​ថា​ចតុមុខ។ នៅ​ត្រង់​ចតុមុខ​នេះ ទន្លេ​មេគង្គ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ទន្លេសាប ដែល​បែក​ទៅ​ទិស​ខាង​ជើង​ទន្លេ​ធំ និង​ទន្លេ​បាសាក់ ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ។

នៅ​រដូវ​ប្រាំង ខែ​ផល្គុណ ចែត្រ គឺ​ខែ​មីនា មេសា ទឹក​ទន្លេ​មេគង្គ​ត្រូវ​នឹង​ថ្កល់ ហើយ​ជោរ​នាច​ទៅ​តាម​ពេល​វេលា។ រហូត​ដល់​ខែ​វស្សា រដូវ​ភ្លៀង​ធ្លាក់ ចាប់​ផ្ដើម​ឡើង​នៅ​ខែ​កក្កដា ទឹក​ទន្លេ​មេគង្គ​ត្រូវ​ឡើង​ផ្ទៃ​ទន្លេ​មេគង្គ​ក៏​រីក​ធំ​ម្តង​បន្តិចៗ។ ឯ​ទន្លេ​ធំ និង​ទន្លេ​បាសាក់​វិញ ទឹក​ក៏​កាន់​តែ​បន្ថែម​ល្បឿន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ហូរ​ត្របាញ់​ចាក់​ទៅ​ក្នុង​សមុទ្រ។ ចំណែក​ខាង​បឹង​ទន្លេសាប​វិញ ពេល​នោះ​បាន​ក្លាយ​ជា​អាង​ស្តុក​ទឹក​យ៉ាង​ធំ រហូត​លិច​អស់​តំបន់​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​ទី​នោះ អស់​រយៈពេល ៥​ខែ​ក្នុង​មួយ​ឆ្នាំ គឺ​មាន​រយៈ​កាល​ស្មើ​នឹង​ទឹក​ទន្លេ​មេគង្គ​ឡើង​ដូច្នោះ​ដែរ។

នៅ​រដូវ​សម្រក ពិសេស គឺ​ពេល​ដែល​ទឹក​ទន្លេសាប​ចាប់​ផ្ដើម​ហូរ​វិល​ត្រឡប់​ចេញ​មក​វិញ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី រួម​ទាំង​ជនជាតិ​ខ្មែរ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​ផង តែង​តែ​ប្រារឰ​ធ្វើ​ពិធី​បុណ្យ​ប្រពៃណី​មួយ គឺ​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះខែ ដើម្បី​សាទរ​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មាន​នៅ​លើ​ពិភពលោក​យើង​នេះ៕

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកទី ១)
Posted: Oct-10-2016
ជំពូក​ទី​១

១- អំពី​ប្រទេស​ហ្វូណន

ពួក​ចិន​ដែល​ស្គាល់​ឥណ្ឌូចិន​តាំង​តែ​ពី​២០០០​ឆ្នាំ​មុន ដោយ​មាន​ពួក​អ្នក​ដើរ​សំពៅ​មក​ចុះ​ចត​ជា​ញឹក​ញយ​ផង​នោះ បាន​ហៅ​ទឹកដី​នៃ​អាង​ទន្លេមេគង្គ​ខាងក្រោម​រហូត​ដល់​មាត់​សមុទ្រ​ខាងត្បូង​ ថា «ហ្វូណន ឬ​ប៉ូណន» ។ តាម​មើល​ទៅ ពួក​វិប្រជា​ ឬ​កុលសម្ព័ន្ធ​ដែល​រស់នៅ​ទីនោះ មិន​បាន​ស្គាល់​ឈ្មោះ​ដែល​ចិន​ដាក់​ឱ្យ​គេ​នេះ​ទេ (1) ។ បើ​តាម​ប្រជាជន​កម្ពុជា និង​តាម​រឿងព្រេង អ្នកស្រុក​បាន​ហៅ​ចំណែក​ដែល​ត្រូវ​នឹង​កម្ពុជា​សព្វថ្ងៃ​ថា «គោកធ្លក ឬ​នគរ​គោកធ្លក» (2)។ គឺ​ពេល​ក្រោយ​យូរ​មក​ទៀត​ទើប អ្នកស្រុក​ប្រែ​ហៅ​ថា ស្រុក​ខ្មែរ​វិញ រួច​ក្រោយៗ​មក​ទៀត​ហៅ «កម្ពុជា» ជា​សំស្ក្រឹត​ថា «កម្វុជា» ជា​ឈ្មោះ​ដែល​ជ្រើស​រើស​ដោយ​ពួក​អ្នក​មក​ច្បាំង​ដណ្ដើម​ស្រុក និង​អ្នក​ដែល​នាំ​អារ្យធម៌​ហិណ្ឌូ​មក​ផ្ដល់​ឱ្យ ។

ប៉ុន្ដែ បើ​ទោះជា​ឈ្មោះ​នោះ​ជា​ពាក្យ​ចិន ជា​ពាក្យ​របស់​អ្នកស្រុក ឬ​ក៏​ជា​ពាក្យ​សំស្ក្រឹត​ក្ដី ក៏​នៅ​ឥណ្ឌា​ភាគ​ខាងជើង​គេ​ស្គាល់​ប្រទេស​ខ្មែរ​ក្រោម​ឈ្មោះ​ថា «សក្ក​ទ្វីប» មាន​ន័យ​ថា ទ្វីប ឬ​ទឹកដី​របស់​ដើម​សកៈ គឺ​ដើម​ម៉ៃសាក់ ។ ដើម​ម៉ៃសាក់​ខុស​គ្នា​ពី​ដើម​ធ្លក ក៏​ប៉ុន្ដែ​ដើម​ឈើ​ទាំង​២​មាន​ផ្លែ​ដូច​គ្នា ដែល​ពួក​ក្មេងៗ​តែង​យក​មក​កកេរ ហើយ​គេ​អាច​យក​មក​ចម្រាញ់​យក​ប្រេង​បាន ។ បើ​ដូច្នេះ គេ​អាច​ទទួល​ស្គាល់​ថា ឈ្មោះ​ដែល​គេ​ដាក់​ឱ្យ​កម្ពុជា ទោះជា​ដាក់​ឱ្យ​ដោយ​ប្រជាជន​ខ្លួនឯង ឬ​ក៏​ដាក់​ឱ្យ​ដោយ​ពួក​ហិណ្ឌូ​ក្ដី គឺជា​ពាក្យ​តែ​មួយ ហើយ​ដោយ​ហេតុនេះ ប្រពៃណី​របស់​ប្រជាជន គឺ​ពិតជា​ត្រូវ​នឹង​សញ្ញាណ​របស់​ហិណ្ឌូ​ដែរ ។

គួរ ​កត់​សម្គាល់​ថា​នៅ​សតវត្សរ៍​ទី​២​នៃ​គ្រិស្ដសករាជ​ ពួក​ក្រិក​ និង​រ៉ូម៉ាំង​ស្គាល់​ស្រុក​ខ្មែរ​ដោយ​ផែនទី​របស់ ផ្ដូលេមេ ដែល​គូស​ឡើង​តាម​ការ​និទាន​របស់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ផែនទី​នោះ​ដាក់​ឈ្មោះ​ឱ្យ​ថា ជា​ស្រុក​របស់​ពួក​លេស្ដៃ (3) ដែល​ខុស​គ្នា​ឆ្ងាយ​ណាស់​នឹង​ពាក្យ​កម្ពុជា ។ លោក​វរសេនីយ៍ឯក ហ្សេរីនី បាន​សន្និដ្ឋាន​ថា ឈ្មោះ​នេះ​មិន​មែន​ជា​ឈ្មោះ​ដែល​ថា​តាម​ពាក្យ​អ្នកស្រុក​ដើម​នោះ​ទេ តែ​គឺជា​ពាក្យ​ប្រែ​ទៅ​វិញ ។ បើ​និយាយ​ដូច្នេះ «លេស្ដៃ» ជា​ពាក្យ​ក្រិក​ដែល​មាន​ន័យ​ថា ចោរ ឬ​ចោរ​សមុទ្រ ។ ខ្ញុំ​នៅ​មិន​ទាន់​យល់​នៅ​ឡើយ​អំពី​និរុត្ដិសាស្ដ្រ​ដ៏​ប៉ិន​ប្រសប់​បែប​នេះ តែ​ខ្ញុំ​ហាក់​ដូចជា​ទាល់​ប្រាជ្ញ​ក្នុង​ការ​ដែល​ចង់​ពន្យល់​ពាក្យ​ខ្មែរ បែរ​ជា​លេច​ពាក្យ លេស្ដៃ ទៅ​វិញ ។ តែ​លោក​វរសេនីយ៍ឯក​បាន​រំលឹក​ថា ពាក្យ​កម្ពុ ដែល​មាន​នៅ​ក្នុង​សិលាចារឹក​ជា​ឈ្មោះ​របស់​ទេវៈ​បុព្វបុរស​របស់ កម្ពុស្វ័យម្ភុ ដែល​មាន​ន័យ​ថា​កើត​មាន​ឡើង​ដោយ​ខ្លួនឯង ពោល​គឺ ព្រះព្រហ្ម ។ ហើយ​ពាក្យ​នេះ​ជា​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា​ ចោរ​ ឬ​ចោរ​សមុទ្រ ។​ដោយហេតុ​នេះ​លោក​វរសេនីយ៍​សន្និដ្ឋាន​ថា​ពាក្យ​ក្រិកថា ​លេស្ដៃ​ត្រូវ​គ្នា​នឹង​ពាក្យ កម្ពុ ពាក្យ​ទាំង​ពីរ​ម៉ាត់​នេះ​មាន​ន័យ​ថា ចោរ​ ចោរ​សមុទ្រ ឬ​បើ​ហោច​ណាស់​ក៏​សំដៅ​យក​ពួក​អ្នក​ដែល​រស់នៅ​ជា​ក្រុម​ប្រដាប់​ដោយ​អាវុធ​ ដែរ ។ លោក​សន្និដ្ឋាន​បន្ដ​ទៀត​ថា នៅ​ស្រុក​នេះ អ្នកស្រុក​ប្រកប​មុខរបរ​ជា​ចោរ​សមុទ្រ ឬ​បើ​ពុំនោះ​ទេ ក៏​ត្រូវជា​កូនចៅ​របស់​មេចោរ​សមុទ្រ ឬ​ចោរប្លន់​តាម​សមុទ្រ​ណា​ម្នាក់​ដែល​បុគ្គលិក​លក្ខណៈ​បាន​រលុប​បាត់​តាម​ ពេលវេលា​ទៅ​ហើយ​នៅ​សតវត្សរ៍​ទី​៥ (4)។

ទាំង​រឿងព្រេង ទាំង​ប្រពៃណី​កម្ពុជា​និយាយ​ថា ពួក​អ្នក​រស់នៅ​ក្នុង​នគរ​គោកធ្លក​មាន​ឈ្មោះ​ថា «នាគ» ដែល​ក្រោយ​មក​ដូរ​ជា​ «ខ្មែរ» រួច​ជា​ «កម្ពុជា» ​វិញ (5) ។ តែ​វា​មាន​មូលហេតុ​ដែល​អាច​ឱ្យ​ជឿ​បាន​ថា ពាក្យ «នាគ» នេះ មិនមែន​ជា​ឈ្មោះ​ដើម​ដែល​គេ​ហៅ​ខ្លួន​គេ​នោះ​ទេ ប៉ុន្ដែ គឺជា​ពាក្យ​ដែល​ពួក​និរប្រវេសន៍​ហិណ្ឌូ​ដាក់​ឱ្យ ។ ពាក្យ​ដែល​គេ​ហៅ​ខ្លួន​គេ​នោះ គឺ​ប្រហែលជា​ពាក្យ​ដែល​មាន​នៅ​រហូត​ដល់​សព្វថ្ងៃ គឺ​ខ្មែរ​នេះឯង គ្រាន់តែ​ពាក្យ​នេះ​មាន​សរសេរ​ប្លែកៗ​គ្នា​ទៅ​តាម​ពេលវេលា​ទីកន្លែង​ និង​តាម​គ្រាមភាសា​របស់​អ្នកស្រុក​នីមួយៗ​ គឺ​មាន​ពាក្យ​ ខម​ កៅមេ​ក្មេន​ ក្មី​ គិមី​ គួរ​ ក្មៀរ​ កុមារ ដែល​ជា​ពាក្យ​តាម​ភាសា​អ្នក​វិប្រជា​ដើម (6) ។

នៅ​ចំពោះ​មុខ​ពួក​បរទេស​ ហិណ្ឌូ​ដែល​មាន​អារ្យធម៌​ជឿនលឿន​ជាង​ ពួក​អ្នក​រដ្ឋវាសី (អ្នក​នៅ​ក្នុង​រដ្ឋ) ដែល​មិនសូវ​មាន​អាវុធ​ផង ហើយ​ក៏​អាច​ជា​អ្នក​ចូល​ចិត្ដ​សន្ដិភាព​ជាង​ផង មិន​បាន​វាយ​តបត​ទេ គេ​ដកថយ​ទុក​កន្លែង​ឱ្យ​ពួក​នោះ​តាំងទី​លំនៅ​កសាង​បាន​ជា​ក្រុម​ឧបនិវេសន៍​ ពាណិជ្ជករ ដែល​ធ្វើ​ដំណើរ​ចេញចូល​ស្រុក​ដោយ​ស្ថិត​នៅ​ដាច់​ស្រឡះ​ពី​អ្នកស្រុក​ដើម តែ​ក្រោយ​មក​បាន​ក្លាយ​ទៅជា​មេដឹកនាំ​ស្រុក​វិញ ។
ក្រុម ​ឧបនិវេសន៍​ដំបូងៗ​ជា​ក្រុម​ឧបនិវេសន៍​ពួក​ជ្វា​មក​ពី​កោះ​ជ្វា​ ឬ​ពួក​ម៉ាឡេ​មក​ពី​កោះ​ស៊ូម៉ាត្រា​ដែល​បាន​ទទួល​អារ្យធម៌​ហិណ្ឌូ​រួច​មក​ ហើយ ។ ពួក​ក្រុម​ឧបនិវេសន៍​ដែល​មក​បន្ទាប់​ទៀត គឺ​ពួក​ហិណ្ឌូ​មក​ពី​រដ្ឋ​កលិង្គៈ ។

ឯកសារ ​ចិន​បាន​រក្សា​ទុក​នូវ​រឿងរ៉ាវ​ដ៏​សំខាន់​មួយ​ដែល​អាច​ជា​ការ​ចង​ចាំ​សេស​ សល់​ពី​ការ​ឈ្លាន​ពាន​លើក​ទី​មួយ​របស់​ពួក​ម៉ាឡេ​មក​លើ​កម្ពុជា​នៅ​ត្រង់​ ម្ដុំ​ចូវដុក​ពីព្រោះ​ថា​ មាត់ពាម​របស់​ទន្លេ​មេគង្គ​កាលពី​ពេល​នោះ ប្រហែលជា​នៅ​ខ្ពស់​ជាង​សព្វថ្ងៃ ហើយ​ដី​ដែល​អាច​សង់​លំនៅ​ស្ថាន​បាន​នៅ​កាន់តែ​ឆ្ងាយ​បន្ដិច​ទៅ​ ខាងជើង ។ រឿងរ៉ាវ​ដែល​ពួក​ចិន​បាន​រក្សា​ទុក​នោះ បាន​ត្រូវ​គេ​រៀបរាប់​នៅ​សតវត្សរ៍​ទី​៣​នៃ​គ្រិស្ដសករាជ ក៏​ប៉ុន្ដែ​រឿង​នោះ​ប្រហែលជា​អាច​មាន​ឫសគល់​តាំងពី​១០០ ឬ​២០០​ឆ្នាំ​មុន ។

កាលនោះ ប្រទេស​នេះ​ដឹកនាំ​ដោយ​ក្សត្រី​មួយ​អង្គ ព្រះ​នាម​ថា «លីវយី» (7) ប្រែ​ថា​ស្លឹក​ស្រូល ។ ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ហួនហ៊្វី ឬ ហ៊ុនទៀន ដែល​គោរព​បូជា​ព្រហ្មញ្ញសាសនា​ធ្វើ​ដំណើរ​មក​ពី​ទិសទក្សិណ​ គឺ​ចេញពី​សមុទ្រ​ខាងត្បូង (8) មក​ចត​សំពៅ​នៅ​នឹង​រាជធានី ហើយ​បាន​វាយ​ឈ្នះ​ទ័ព​ដែល​ព្រះ​នាង​លីវយី​បាន​បញ្ជូន​ទៅ​ទប់​ទល់ ។ ក្រោយ​ពី​បាន​រៀបចំ​ស្រុក​ឱ្យ​មាន​សន្ដិភាព​រួច​ហើយ ព្រាហ្មណ៍​នោះ​ក៏​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​នាង​លីវយី រួច​ឡើង​សោយរាជ្យ​នៅ​នគរ​ហ្វូណន ដែល​អ្នកស្រុក​ដើម​ហៅ​ថា គោកធ្លក​តទៅ ។
ដូចនេះ​ព្រះ​នាង​ លីវយី​គឺជា​ស្ដេច​សោយរាជ្យ​ដំបូង​នៅ​នគរ​គោកធ្លក ។ ព្រះរាជា​ទី​២​គឺ​ព្រះបាទ​ហ៊ុនទៀន ដែល​ជា​ជនបរទេស​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​នាង​លីវយី គឺ​អាច​ជា​ម៉ាឡេ ឬ​ជ្វា ព្រោះ​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង ហើយ​នៅ​ពី​ត្បូង​កម្ពុជា​ពេល​នោះ​គឺ​កោះ​ជ្វា ឬ​កោះ​ស៊ូម៉ាត្រា ឬ​បើ​ពុំនោះ​ទេ គឺ​សិង្ហបុរី ។

ព្រះបាទ ​ហ៊ុនទៀន និង​ព្រះ​នាង​លីវយី​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ ។ ពេល​ព្រះរាជ​បុត្រា​នេះ​ចម្រើន​ព្រះ​ជន្ម​ធំ​ឡើង ព្រះបាទ​ហ៊ុនទៀន​បាន​រៀបចំ​ដី​សាមន្ដរាជ​មួយ​មាន​ទីក្រុង​៧​ឱ្យ​គ្រប់គ្រង​ ដី​នេះ​ដែល​ជា​ដី​សាមន្ដរាជ​ទី​មួយ​នៃ​ព្រះរាជាណាចក្រ ។ ក្រោយមក មាន​ស្ដេច​ស្នងរាជ្យ​បន្ដ​ពី​ព្រះបាទ​ហ៊ុនទៀន​មួយ​អង្គ ព្រះ​នាម ហ៊ុន​ប៉ាងហួង​ បាន​ប្រើ​ល្បិច​បំបែក​បំបាក់​ទីក្រុង​ទាំង​៧​រួច​ក៏​វាយ​យក​ដាក់​ជា​ចំណុះ​ ទើប​ទ្រង់​ចាត់​តាំង​ព្រះរាជបុត្រ ព្រះរាជ​នត្ដា​ឱ្យ​ទៅ​សោយរាជ្យ​លើ​ទីក្រុង​នីមួយៗ​នោះ​ទៀត ។​ សរុប​មក​ ដី​សាមន្ដរាជ​មួយ​ដែល​ព្រះបាទ​ហ៊ុនទៀន​បាន​រៀបចំ​ឱ្យ​ព្រះរាជបុត្រ​របស់​ ព្រះ​អង្គ​សោយរាជ្យ តែ​ស្ដេច​ទឹកដី​មួយៗ​ចង់​រើខ្លួន​ឱ្យ​បាន​ឯករាជ្យ បាន​ត្រូវ​ព្រះ​អង្គ​វាយ​ដាក់​ជា​ចំណុះ​ឡើង​វិញ រួច​បែងចែក​ឱ្យ​ស្ដេចត្រាញ់​៧​រូប​សោយរាជ្យ ។

ព្រះរាជា ​អង្គ​នេះ​បាន​គ្រងរាជ្យ​រហូត​ដល់​ព្រះ​ជន្ម​៩០​ព្រះ​វស្សា​ទើប​សោយ​ទិវង្គត ​ទៅ ពេល​នោះ​ព្រះរាជ​បុត្រ​ទី​២​របស់​ព្រះ​អង្គ ព្រះ​នាម​ថា ផាន់ ផាន់ (9) ត្រូវ​បាន​ជ្រើសតាំង​ឱ្យ​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា ។ ប៉ុន្ដែ ស្ដេច​អង្គ​នេះ មិន​បាន​យកចិត្ដ​ទុកដាក់​នឹង​កិច្ចការ​ប្រទេស​ជាតិ​ទេ ទ្រង់​បាន​ប្រគល់​កិច្ចការ​ទាំងអស់​ឱ្យ​មេទ័ព​ព្រះ​អង្គ​ឈ្មោះ ហ្វាន់​ចេម៉ាន់ ឬ ហ្វាន់ម៉ាន់ កាន់កាប់​ជំនួស​វិញ ហើយ​ព្រះ​អង្គ​បាន​សោយ​ទិវង្គត​ទៅ​ក្រោយ​ពី​សោយរាជ្យ​បាន​៣​ឆ្នាំ ។ ពេល​នោះ​សេនាមុខ​មន្ដ្រី​ក៏​បាន​លើក​មេទ័ព​ហ្វាន់ម៉ាន់​ឱ្យ​ឡើង​សោយរាជ្យ​ បន្ដ ។ ការ​លើក ហ្វាន់ម៉ាន់ ឱ្យ​សោយរាជ្យ​នេះ​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​មហាជន​ទេ​ ជា​ពិសេស​ពី​ពួក​ស្ដេចត្រាញ់​ដែល​សោយរាជ្យ​នគរ​ចំណុះ​ទាំងឡាយ ពីព្រោះ​ឯកសារ​ចិន​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ឡើង​សោយរាជ្យ​ព្រះបាទ​ហ្វាន់ម៉ាន់​ដ៏​អង់អាច និង​មាន​សមត្ថភាព បាន​ធ្វើសឹក​សង្គ្រាម​វាយ​បង្ក្រាប​ប្រទេស​ចំណុះ​ទាំងឡាយ​ឱ្យ​រាបទាប​ឡើង​ វិញ ។ មើល​ទៅ​ព្រះរាជា​អង្គ​នេះ ជា​ក្សត្រ​អង់អាច​ក្លាហាន និង​ជា​អ្នក​ចម្បាំង​ផង ។ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​កសាង​នាវា​ធំៗ ដែល​ព្រះ​អង្គ​ជិះ​កាត់​សមុទ្រ​ជ្រៅៗ ធ្វើ​ចម្បាំង​វាយ​ប្រទេស​លើស​ពី​១០ ក្នុង​នោះ មួយ​ចំនួន​ធំ​ស្ថិត​នៅ​ក្នុង​ទៀបកោះ​ដែល​ពួក​អឺរ៉ុប​ហៅ​ថា ម៉ាឡាកា ។

ព្រះ​អង្គ​មាន​រាជធានី​ដែល​ហៅ និង​សរសេរ​តាម​ភាសា​ចិន​ថា «តូមូ» (10) នៅ​ចម្ងាយ​ប្រមាណ​ជា​១៨០​គីឡូម៉ែត្រ​ពី​មាត់​ពាម​ទន្លេ​មេគង្គ​ និង​មាត់​ច្រាំង​នៃ​ទន្លេ​ដ៏​ធំ​មួយ​ដែល​នាវា​សមុទ្រ​អាច​ចូល​ចត​បាន​យ៉ាង​ ស្រួល ។

ព្រះបាទ​ហ្វាន់ម៉ាន់​បាន ​ប្រឈួន​នៅ​ពេល​កំពុង​ធ្វើសង្គ្រាម​មួយ ទ្រង់​បាន​ចាត់​ឱ្យ​ព្រះរាជបុត្រ​ច្បង​ព្រះ​នាម គិនចេង បញ្ជា​ទ័ព​ជំនួស​ព្រះ​អង្គ ហើយ​ទ្រង់​ទុក​ព្រះ​ភាគិនេយ្យ​ព្រះ​អង្គ​ព្រះ​នាម​ ចាន់ ជា​បុត្រ​របស់​ព្រះ​អនុជ​ក្សត្រី​ព្រះ​អង្គ​ឱ្យ​កាន់​ទ័ព​២០០០​នាក់​នៅ​ ការពារ​ព្រះ​អង្គ ។ ព្រះ​ភាគិនេយ្យ​នេះ​បាន​ឆ្លៀត​យក​ឱកាស​ដែល​ព្រះបាទ​ហ្វាន់ម៉ាន់​ប្រឈួន ក៏​ប្រកាស​ខ្លួន​ជា ហ្វាន់ចាន់ គឺជា​ព្រះរាជា​នៃ​នគរ​ហ្វូណន ឬ​ប៉ូណន ។ រួច​ព្រះ​អង្គ​បាន​ចាត់​កម្លាំង​ឱ្យ​ទៅ​ធ្វើឃាត​រជ្ជទាយាទ​គិនចេង​ដើម្បី​ កុំ​ឱ្យ​មក​ដណ្ដើម​រាជ្យ​ពី​ព្រះ​អង្គ​វិញ​ប្រហែលជា​នៅ​ឆ្នាំ​២៣០​នៃ​ គ្រិស្ដ​សករាជ ។
ព្រះបាទ​ ហ្វាន់ម៉ាន់​នៅ​មាន​ព្រះរាជបុត្រ​មួយ​អង្គ​ទៀត​ដែល​នៅ​ជា​ព្រះ​រាជឱរស​នៅ​ ឡើយ​ពេល​ព្រះ​បិតា​សុគត ។ ពេល​ទ្រង់​ចម្រើន​វ័យ​គ្រប់​២០​ព្រះ​វស្សា ព្រះ​អង្គ​ក៏​សម្រេច​ចិត្ដ​ដណ្ដើម​រាជ្យសម្បត្ដិ​ពី​ព្រះ​រៀម​ជីដូនមួយ​ដែល​ បាន​ជ្រែករាជ្យ និង​សម្លាប់​ព្រះ​បិតា​ព្រះ​អង្គ ។ ព្រះ​អង្គ​ក​ទ័ព ជ្រើសរើស​យក​ពល​ទាហាន​សុទ្ធតែ​អ្នក​អង់អាច​ក្លាហាន​រួច​ធ្វើឃាត​ព្រះបាទ​ ហ្វាន់ចាន់​ទៅ ។​ត្រង់នេះ​គេ​មិន​បាន​ដឹង​ថា​តើ​ព្រះ​អង្គ​ធ្វើឃាត​នៅ​ ក្នុង​សង្គ្រាម​តតាំង​ទល់មុខ​គ្នា ឬ​ក៏​នៅ​ក្នុង​ការ​លប​វាយ​ប្រហារ​ស្ងាត់ៗ​ទេ ។ ពេល​នោះ មេទ័ព​របស់​ព្រះបាទ​ហ្វាន់ចាន់ ឈ្មោះ ស៊ីយុន​ ដោយ​យក​លេស​ថា​សងសឹក​ថ្វាយ​ព្រះរាជា​បាន​សម្លាប់​ឃាតករ​រួច​ហើយ​ក៏​ប្រកាស​ ខ្លួន​ជា​ ហ្វាន់​ស៊ីយុន (11) ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន​នៅ​ឆ្នាំ​២៥០​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​ឆ្នាំ​១៧២​នៃ​មហា​សករាជ ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​រៀបរាប់​អំពី​ព្រះបាទ​ហ្វាន់​ស៊ីយុន​នេះ​ថា​ជា​ស្ដេច​ កសាង​ប្រទេស យកចិត្ដ​ទុក​ដាក់​នឹង​រាជកិច្ច​ខ្លាំង​ណាស់ ។ ទ្រង់​បើក​សវនាការ​ឱ្យ​ប្រជារាស្ដ្រ​ចូល​គាល់​រាល់ថ្ងៃ នៅ​ពេល​ព្រឹក និង​ថ្ងៃត្រង់ ។ តាម​មើលទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរ​ហ្វូណន​ទាំងអស់ រួម​ទាំង​ស្ដេច​ជ្រែករាជ្យ​ផង សុទ្ធ​តែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែ​មួយ ព្រោះ​យើង​មក​ដល់​ពាក់​កណ្ដាល​សតវត្សរ៍​ទី​៣​ហើយ ហើយ​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​បាន​និយាយ​ថា បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ព្រះបាទ​ហ៊ុនទៀន បាន​គ្រប់គ្រង​រាជសម្បត្ដិ​នៅ​ហ្វូណន​អស់​រយៈកាល​២​សតវត្សរ៍ (12) ។

បើសិនជា ​ការ​ប្រកាន់​តាម​ប្រពៃណី​ខ្មែរ​ដែល​លើក​ឡើង​ថា មាន​ស្ដេច​ចាម​៦​អង្គ​សោយរាជ្យ​មុនគេ​នៅ​កម្ពុជា ស្ដេច​ទាំង​អស់​នោះ​មាន​ព្រះ​នាម​ថា យូយូវរ្ម័នទិ កវាល​រាជកុមារ​ សុរិយាវរ្ម័ន​ទិ​ ទរនិន្ទ្រា​វរ្ម័នទិ​ អាទិត្យវរ្ម័នទិ និង​អស្សកៃ ជា​ការ​ពិត​នោះ​មាន​ន័យ​ថា​ ព្រះរាជា​ទាំង​អស់នោះ​ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី​ និង​ជ្វា​ហ៊ុនទៀន​ទាំង​អស់​ហើយ​មិនមែន​ជា​ចាម​ទេ​ព្រោះ​នៅ​ពេល​នោះ​មិន​ទាន់ ​មាន​ពួក​ចាម​នៅ​ឡើយ​តែ​ជា​ជ្វា​ ឬ​ម៉ាឡេ គឺជា​អម្បូរ​ជន​ដែល​ក្រោយ​ពី​បាន​ត្រូវ​ដេញ​ចេញពី​កម្ពុជា​ទៅ បាន​គេច​ទៅ​នៅ​ចំប៉ាសាក់​ខាងជើង​កម្ពុជា ឬ​ក៏​ទៅ​នៅ​ខាងកើត​ត្រង់​ដែល​ចិន​ហៅ​ថា លីនយី ដែល​ក្រោយ​មក​ទើប​ក្លាយ​ទៅជា​ចាម្ប៉ា​នោះ​ឯង ។ ឈ្មោះ «ចាម្ប៉ា» នេះ ខ្មែរ​នៅ​ចង​ចាំ​នៅឡើយ​រហូត​មក​ដល់​២​សតវត្សរ៍​មុន​នេះ ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​ក៏​មាន​រៀបរាប់​ជា​ច្រើន​ដែរ​អំពី​ស្រុក​ហ្វូណន ទោះបីជា​ការ​រៀបរាប់​នីមួយៗ​មិន​គ្រប់​ជ្រុង​ជ្រោយ ហើយ​សរសេរ​នៅ​ពេល​ខុសៗ​គ្នា​ក៏​ដោយ តែបើ​យក​មក​ផ្ដុំ​គ្នា អាច​ឱ្យ​យល់​ដឹង​បាន​ខ្លះ​អំពី​ប្រទេស​នោះ​នៅ​សតវត្សរ៍​ទី​៣​ និង​ទី​៤ ។​ដូចនេះ​វា​មាន​សារសំខាន់​នៅ​ពេល​នេះ​ដែល​ត្រូវ​អធិប្បាយ​ សង្ខេប​អំពី​ឯកសារ​ទាំងនោះ ។

ឯកសារ ​នោះ​និយាយ​ថា មុន​ដែល​ស្ដេច​ហ៊ុនទៀន​មក​ដល់​ អ្នកស្រុក​ហ្វូណន​ច្រើន​សាក់​ខ្លួន​ដូច​ដែល​ពួក​ភូមា និង​លាវ​នៅ​អនុវត្ដ​រហូត​ដល់​សព្វថ្ងៃ ។​ ការ​សាក់​ខ្លួន​នេះ​ហាក់​ដូចជា​គ្មាន​ទៀត​ទេ​ពេល​ដែល​ស្ដេច​ហ៊ុនទៀន​មក​ដល់ តែ​អ្នកស្រុក​នៅ​ដើរ​ស្រាត មិន​ទាន់​មាន​ស្លៀកពាក់​នៅ​ឡើយ ។ ស្ដេច​ហ៊ុនទៀន​ដែល​ចេញ​មក​ពី​ប្រទេស​មួយ​មាន​អារ្យធម៌​រួច​ហើយ ម្យ៉ាងទៀត​ជា​ព្រាហ្មណ៍​ផង ទ្រង់​មិន​សប្បាយ​ចិត្ដនឹង​ឃើញ​ព្រះ​ជាយា​នៅ​ស្រាត​ដូច្នេះ​ទេ ទ្រង់​ក៏​យក​ក្រណាត់​មួយ​ផ្ទាំង​មក​ស្លៀក​ឱ្យ ដោយ​ចោះ​ប្រហោង​កណ្ដាល​សម្រាប់​ច្រក​ព្រះ​កេស (13) ។

ក្រោយមក នៅ​ដើម​សតវត្សរ៍​ទី​៣ ស្រីៗ​អ្នកស្រុក​ក៏​ប្រកាន់​យក​សម្លៀក​បំពាក់​នេះ​រហូត ហើយ​ស្ដេច ហ្វាន់​ស៊ីយុន​ ក៏​បាន​ហាម​មិន​ឱ្យ​ប្រុសៗ​ស្រាត​ទៀត​ដែរ​ដោយ​ឱ្យ​បិទ​បាំង​កេរ្ដិ៍ខ្មាស​ នឹង​ក្រណាត់​ប៉ឹង​ដែល​ចិន​ហៅ​ថា កេនម៉ាន ហើយ​ពួក​ម៉ាឡេ​ហៅ​ថា​ កំបាន (14) ។ ពួក​អ្នកមាន​គេ​ប្រើ​ក្រណាត់​ប៉ាក់ រីឯ​អ្នកក្រ​ប្រើ​ក្រណាត់​ផាឌិប ។

ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​ដដែល​និយាយ​ថា អ្នកស្រុក​ហ្វូណន គគ្រិច សម្បុរ​ខ្មៅ ហើយ​មាន​សក់​ក្រញាញ់ (15) ។ ពួក​នេះ​ចូល​ចិត្ដ​ការ​ចារ​ និង​ចម្លាក់ ។​ឧបករណ៍​របស់​គេ​ជា​ច្រើន​ធ្វើ​អំពី​ប្រាក់​ គេ​បង់ពន្ធ​ជា​មាស​ប្រាក់ ឬ​ជា​គ្រាប់​គជ់ និង​ទឹកអប់ ។ គេ​មាន​សៀវភៅ និង​កន្លែង​សម្រាប់​ទុកដាក់​ឯកសារ និង​សម្ភារ​ផ្សេងៗ ។ គេ​មាន​អក្សរ ហើយ​គេ​ចូល​ចិត្ដ​ប្រជល់​មាន់ និង​ប្រជល់​ជ្រូក ។ អ្នកស្រុក​នេះ​ចូល​ចិត្ដ​អនុវត្ដ​ការ​ស្បថស្បែ និង​ការ​សាកល្បង​ផ្សេងៗ ដូច​ជា​ឱ្យ​អ្នក​ជាប់ចោទ​កាន់​ផ្លែ​ពូថៅ​ដែល​ដុត​ឡើង​ក្រហម ហើយ​ដើរ​ឱ្យ​បាន​៧​ជំហាន ឬ​ដាក់​ចិញ្ចៀន​ ឬ​ពងមាន់​នៅ​ក្នុង​ទឹក​ពុះ ហើយ​ឱ្យ​យកដៃ​លូក​ចាប់​យក​ចេញ​ជាដើម ។ ការ​អនុវត្ដន៍​បែប​នេះ នៅ​មាន​គេ​ប្រតិបត្ដិ​នៅឡើយ​ក្នុង​ចំណោម​ជនជាតិ​ដើម ។ នៅ​កម្ពុជា​ពេល​មុន​នេះ​បន្ដិច ក៏​នៅ​មាន​អនុវត្ដ​បែប​នេះ​ដែរ ។
ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​រៀបរាប់​ទៀត​ថា​ នៅ​មាន​វិញ្ញាសា​មួយទៀត​ដែល​គេ​អនុវត្ដ​ចំពោះតែ​ម្ចាស់​ និង​ខ្ញុំបម្រើ​ប៉ុណ្ណោះ​ក្នុង​ករណី​សង្ស័យ​ថា​ខ្ញុំ​នោះ​លួច​របស់ៈ គឺ​ឱ្យ​ខ្ញុំ​នោះ​ស៊ី​ស្រូវ ។​បើ​ខ្ញុំ​នោះ​បាន​លួច​មែន​ស្រូវ​នឹង​មុត ​មាត់​ចេញ​ឈាម ប៉ុន្ដែ​បើ​មិន​បាន​លួច​ទេ គឺ​អាច​ទំពា​ស្រូវ​លេប​ចូល​ពោះ​ដោយ​ស្រួល ។ ពេល ​នោះ​មិន​ទាន់​មាន​គុក​ដាក់​អ្នកទោស​ទេ ។ ជនឧក្រិដ្ឋ​ត្រូវ​បោះ​ឱ្យ​ក្រពើ​ស៊ី ដែល​គេ​ចិញ្ចឹម​នៅ​ក្នុង​ប្រឡាយ​ជុំវិញ​ទីក្រុង ឬ​សត្វ​សាហាវ ដែល​គេ​ចិញ្ចឹម​ដាក់​ក្នុង​ទ្រុង​ពិសេស ។

អ្នកស្រុក ​មិន​ជីក​អណ្ដូង​យក​ទឹក​ទេ ក៏​ប៉ុន្ដែ​គេ​មាន​ស្រះ​ទឹក​តាម​ក្រុម​គ្រួសារ ហើយ​ប្រើ​ធុង​សម្រាប់​ដងទឹក​យក​មក​ប្រើ​កាលណា​គេ​ត្រូវការ ។
គេ ​គោរព​បូជា​អាទិទេព​ដែល​រស់នៅ​លើ​មេឃ​ ហើយ​សាង​រូបសំណាក​តំណាង​អំពី​សំរឹទ្ធ​ដែល​ជួនកាល​មាន​មុខ​ពីរ​ និង​ដៃ​បួន​ ជួនកាល​ទៀត​មាន​មុខ​បួន​ និង​ដៃ​ប្រាំបី ។​តាម​ពិត​ទាំង​អស់នេះ​គឺជា​បដិមា​តំណាង​ឱ្យ​អាទិទេព​ នៃ​ព្រហ្មញ្ញ​សាសនា​ដែល​មាន​ដូច្នេះ​រហូត​ដល់​សព្វថ្ងៃ​នៅ​ឥណ្ឌា និង​មាន​ក្បាល​មិន​តិច​ជាង​ដៃ​ប៉ុន្មាន​ទេ ។ នៅ​កម្ពុជា គេ​បាន​រក​ឃើញ​បដិមា​បែប​នេះ​ជា​ច្រើន​ដែល​គេ​យក​មក​ទុក​នៅ​សារមន្ទីរ​ សព្វថ្ងៃ ។

ព្រះរាជា​ជិះ​ដំរី កាលណា​ត្រូវ​យាង​ចេញពី​វាំង ។ មហេសី និង​ស្រីស្នំ​ទាំងឡាយ​ក៏​ដូច្នោះ​ដែរ ។ កាលណា​ព្រះ​អង្គ​ទ្រង់​គង់​ ទម្រេត​ព្រះ​កាយ​បន្ដិច បញ្ឈរ​ជង្គង់​ស្ដាំ ឯ​ជង្គង់​ឆ្វេង​ទម្លាក់​ដល់​ដី (16)។ នៅ​ពីមុខ​ព្រះ​ភ័ក្ដ្រ​ព្រះ​អង្គ គេ​លាត​ក្រណាត់​ស រួច​ដាក់​ព្រះរាជ​សង្ហារ ភាជន៍​មាស និង​ផើង​ដុត​ឈើ​ក្រអូប ។

ការ ​បូជា​ខ្មោច និង​អាពាហ៍ពិពាហ៍​របស់​អ្នកស្រុក​ហ្វូណន​ប្រព្រឹត្ដ​ទៅ​ដូច​នៅ​លីនយី ឬ​ចាម្ប៉ា​ដែរ ។ គេ​កាន់​ទុក្ខ​ដោយ​កោរសក់ និង​កោរ​ពុកមាត់ ។ មាន​វិធី​យ៉ាង​សម្រាប់​ទុកដាក់​សព ៖ បោះ​សព​ចូល​ក្នុង​ទឹកទន្លេ​ បូជា ដោយ​ភ្លើង​ កប់​ និង​ទុក​ចោល​កណ្ដាល​វាល​ឱ្យ​សត្វ​ស៊ី ។ នេះ​គឺជា​អ្វី​ដែល​ជន​កម្ពុជា​ហៅ​រហូត​មក​ដល់​សព្វថ្ងៃ​ថា «ការ​បំបែក​ធាតុ​ទាំង​បួន» ។

ចុង ​ក្រោយបង្អស់ ឯកសារ​ចិន​បាន​កត់​សម្គាល់​ថា​អ្នកស្រុក​ហ្វូណន​លោភលន់​ណាស់ ។​គេ​មិន​ គោរព​ពិធី​ ឬ ចរិយា​ធម៌​អ្វី​ទេ ។ ទំនៀម​ទម្លាប់​គ្មាន ហើយ​កុមារី​ក៏​ដូច​កុមារា ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ដ ។
ឯកសារ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នគរ​ហ្វូណន​ពេល​នោះ​ធំ​ណាស់ លាតសន្ធឹង​ពី​នគរ​ចាម្ប៉ា​នៅ​ខាងកើត រហូត​ដល់​ទ្វារវតី (17) នៅ​ខាងលិច (ប្រទេស​នេះ​គឺ​អយុធ្យា​ឬ​សៀម​សព្វថ្ងៃ ពេល​នោះ​ប្រហែលជា​គ្រប់គ្រង​ដោយ​ក្រុម​ឧបនិវេសន៍​ហិណ្ឌូ​មួយ​រួច​ទៅ​ហើយ) និង​លាតសន្ធឹង​រហូត​ដល់​ព្រំប្រទល់​ខែត្រ​យេណនាន​របស់​ចិន​ គឺ​ខែត្រ​ក្វាងប៊ិញ​របស់​តុងកឹង​សព្វថ្ងៃ (18) ។ ក៏​ប៉ុន្ដែ​វា​ហាក់​ដូចជា​ពិបាក​នឹង​ជឿ​ណាស់​ដែល​និយាយ​ថា​ ស្ដេច​នៃ​នគរ​ហ្វូណន​ដែល​មាន​ទី​តាំង​នៅ​តំបន់​ចូវដុក ឬ​ក្នុង​ខែត្រ​ព្រៃកប្បាស អាច​វាត​អំណាច​ទៅ​បាន​ឆ្ងាយ​ពី​រាជធានី​បែប​នេះ ។


២- រឿងព្រេង

រឿងព្រេង ​ខ្មែរ​ចាប់កំណើត​អស់​កាល​ជា​យូរលង់​ណាស់​មក​ហើយ ហើយ​បាន​ក្លាយទៅជា​ប្រពៃណី​របស់​ជាតិខ្មែរ​ផង​ដែរ ។ រឿងព្រេង​ទាំងនោះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់ ហើយ​បាន​ត្រូវ​ប្រជាជន​ខ្មែរ​ជឿជាក់ និង​ចាត់​ទុក​ដូចជា​ព្រះ​ឱង្ការ​របស់​ព្រះ​ដែល​ពួក​គេ​ការពារ​យ៉ាង​ខ្លាំង​ ថ្វី​បើ​នៅ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ខ្លះ​ក៏​ដោយ ។

តើ ​រឿងព្រេង​ទាំង​អស់នោះ​គ្រាន់តែ​ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង​តាមតែ​ការ​ស្រមើ​ ស្រមៃ​គ្មាន​ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​ប្រវត្ដិសាស្ដ្រ​អ្វី​សោះ​ឬ​ យ៉ាងណា ? មិនមែន​ទេ ។ តាម​មើល​ទៅ រឿង​ព្រេង​ទាំង​អស់នោះ​ហាក់​ដូចជា​មាន​ចំណែក​ខ្លះ​ជា​រឿង​ពិត​តាម​ ប្រវត្ដិសាស្ដ្រ​ដែល​គេ​យក​មក​ប្រឌិត​បំផ្លើស​ផ្សំ​ធ្វើ​ឱ្យ​មាន​ភាព​ អច្ឆរិយៈ​ខ្លះ ទោះជា​រឿង​ទាំងនោះ​ចាប់​កំណើត​ចេញ​ពី​ការ​និទាន​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​ មាត់​មួយ រួច​បាន​ត្រូវ​គេ​ត្រងត្រាប់​ទុក​តែ​រចនាបថ ឬ​ក៏​ជា​ប្រវត្ដិ​ពិត​ពី​បុរាណកាល​ដែល​បាន​រលុប​ស្ទើរ​បាត់​អស់​ទៅ​ហើយ​ក្ដី (19) ។

ទោះជា​យ៉ាងណា​ក្ដី ថ្វីបើ​គេ​មិន​ឃើញ​មាន​ចំណារ​នៅ​លើ​សិលាចារឹក ឬ​ក៏​មិន​មាន​រៀបរាប់​នៅ​ក្នុង​កំណត់​ត្រា​របស់​ប្រវត្ដិវិទូ​ចិន​ក៏​ដោយ ក៏​គេ​មិន​អាច​បដិសេធ​មិន​ទទួល​ស្គាល់​រឿងរ៉ាវ​ដែល​គេ​និទាន​ផ្ទាល់​មាត់​តៗ ​គ្នា និង​រឿងព្រេង​ដែល​គេ​បាន​សរសេរ​កត់ត្រា​ទុក​មក​ថា ពួក​ចាម​មាន​វត្ដមាន​នៅ​កម្ពុជា​មុន​ពួក​ឥណ្ឌា ។ គឺ​រឿង​ទាំងអស់​នោះ ហើយ​ដែល​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​ហ៊ាន​កំណត់​នៅ​ពេល​ដែល​គេ​ជួប ​សិលាចារឹក​មួយ​ថា សិលាចារឹក​នេះ​ជា​របស់​ចាម សិលាចារឹក​នោះ​ជា​របស់​ខ្មែរ ។ គេ​អាច​នឹង​ទទួល​ស្គាល់​បាន​ដូច​ដែល​គេ​បាន​ឃើញ​ពី​ខាង​លើ​រួច​មក​ហើយ​ថា ពួក​ចាម​បាន​មក​ដល់​កម្ពុជា​មុន​ពួក​កម្ពុជៈ ដោយ​គ្មាន​ប៉ះពាល់​អ្វី​ដល់​ប្រវត្ដិសាស្ដ្រ​ដែល​ផ្អែក​ទៅ​លើ​កំណត់​ត្រា​ របស់​ពួក​ចិន ពីព្រោះ​ថា កំណត់​ត្រា​ទាំងនោះ​មិនមែន​សុទ្ធតែ​រៀបរាប់​ប្រាប់​យើង​ទាំងអស់​អំពី​អ្វី​ ដែល​ចិន​បានដឹង​ពី​ប្រជាជន​ដែល​គេ​លើក​ឡើង​នោះ​ទេ ។

ប៉ុន្ដែ ​ខ្ញុំ​ជឿ​ថា​ការ​ដែល​ចង់​អះអាង​ថា​ប្រវត្ដិសាស្ដ្រ​ដែល​ទាក់ទង​ទៅ​នឹង​ រឿងព្រេង​ពីរ​ដែល​យើង​បានដឹង​គឺ​រឿង​ជ្វា​ព្រាហ្មណ៍ និង​រឿង​ព្រះថោង​នាងនាគ​ដែល​ខ្ញុំ​នឹង​រៀបរាប់​ខាងក្រោម គឺជា​រឿង​ដែល​កើត​ឡើង​បន្ដ​បន្ទាប់​គ្នា​នៅ​ក្នុង​ក្សត្រ​ប្រទេស​តែ​មួយ គឺ​ព្រះរាជាណាចក្រ​ខ្មែរ ពីព្រោះ​ថា នៅ​ពេល​នោះ​មាន​ក្សត្រ​ប្រទេស​ជា​ច្រើន​ទៀត​ក្រៅពី​ហ្វូណន ។ ខ្ញុំ​គិត​ថា រឿង​ដែល​កើត​មាន​ក្នុង​ក្សត្រ​ប្រទេស​នីមួយៗ ដល់​ពេល​យូរ​ក្រោយមក​ក៏​បាន​ក្លាយ​ទៅ​ប្រវត្ដិ​រួម​របស់​ប្រទេស​ ទាំងមូល ។​ដោយហេតុ​នេះ​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​ដែល​កើត​មាន​ឡើង ​ហើយ​ដែល​កប់​បាត់​ទៅ​តាម​ពេលវេលា មិន​ចាំបាច់​ត្រូវ​តែ​ឆ្លើយ​តប​គ្នា និង​កើត​មាន​បន្ដ​បន្ទាប់​គ្នា​ដើម្បី​បញ្ជាក់​ថា ជា​ការ​ពិត​នោះ​ទេ ។

រហូត ​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ការ​បញ្ជាក់​ច្បាស់​ហើយ​ថា ហ្វូណន (20) គឺជា​អាណាចក្រ​មួយ​ដែល​រួម​ផ្សំ​ឡើង​ដោយ​ក្សត្រ​ប្រទេស​ជា​ច្រើន ដែល​មាន​ព្រះរាជា​នៃ​ក្សត្រ​ប្រទេស​តូមូ​ជា​អធិរាជ ហើយ​បើ​មិនមែន​ដូច្នេះ តាំងពី​ដើម​ដំបូង​មក​ទេ​នោះ ក៏​ចាប់​តាំងពី​ពេល​ដែល​ព្រះបាទ​ហ្វាន់ម៉ាន់​បាន​ធ្វើ​សង្គ្រាម​ដណ្ដើម​ ទឹកដី​មក​ដែរ ។

ហើយ​ខ្ញុំ​ក៏​ដូច ​ជា​មាន​ជំនឿ​ច្រើន​ថា គឺ​ពួក​ម៉ាឡេ​ដែល​ជា​បុព្វបុរស​របស់​ពួក​ចាម​នៅ​ពេល​ក្រោយ​មក​ដែល​ជា​ ស្ថាបនិក​នៃ​បណ្ដា​ក្សត្រ​ប្រទេស​ទាំង​អស់នោះ ។ រាជាណាចក្រ​ចាម ឬ​ចាម្ប៉ា​នេះ ស្ថិត​នៅ​ពី​ខាងកើត ហើយ​បាន​កកើត​ឡើង​យ៉ាងតិច​ណាស់​ក៏​២​សតវត្សរ៍​មុន​កម្ពុជា​ដែរ ពីព្រោះ​គេ​បាន​រក​ឃើញ​សិលាចារឹក​សំស្ក្រឹត​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ ក្នុង​ឥណ្ឌូចិន​នៅ​ចាម្ប៉ា​នេះឯង ។ បើ​តាម​សិលាចារឹក​ទាំងនោះ ប្រទេស​ចាម្ប៉ា​មាន​អរិយធម៌​ជឿនលឿន​ជាង​ហ្វូណន​នៅ​សតវត្សរ៍​ទី​៤ ។

អំពី​ជ្វា​ព្រាហ្មណ៍
ប្រសិនបើ ​គេ​ទទួលស្គាល់​ថា​ការ​លុកលុយ​របស់​ពួក​ម៉ាឡេ ឬ​ជ្វា ជា​ការ​លុកលុយ​ពី​ខាងក្រៅ​ដែល​កើត​មាន​មុន​គេ​មក​លើ​កម្ពុជា​នោះ រឿងរ៉ាវ​ដែល​និទាន​អំពី​ការ​លុកលុយ​របស់​ពួក​ជ្វា​ព្រាហ្មណ៍​គឺជា​រឿង​មួយ​ ក្នុង​បណ្ដា​រឿង​ទាំងនោះ ។ រឿង​នេះ​រៀបរាប់​អំពី​ការ​លុកលុយ​របស់​ស្ដេច​ហ៊ុនទៀន​ដែល​យាង​មក​ពី​ទិស​ ខាងត្បូង​ដូច​ដែល​បាន​លើក​នៅ​ខាងលើ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​ជ្វា​ព្រាហ្មណ៍ ឬ​ព្រាហ្មណ៍ នៅ​កោះ​ជ្វា​ទាំងនោះ ធ្វើ​ដំណើរ​ចេញ​មក​ពី​ប្រជុំ​កោះ​អាំងស៊ូឡាំង ។ ពួក​នោះ​ប្រហែលជា​បច្ឆាញាតិ​របស់​ពួក​ព្រាហ្មណ៍​ប្រមាណ​ជា​២​ម៉ឺន​គ្រួសារ​ ដែល​បាន​ធ្វើ​និរ​ប្រវេសន៍​ចេញពី​ប្រទេស​ឥណ្ឌា​នៅ​ដើម​មហាសករាជ​មក​តាំង​ ទីលំនៅ​លើ​កោះ​ជ្វា ហើយ​ផ្សព្វ​ផ្សាយ​ព្រហ្មញ្ញ​សាសនា​ដល់​ប្រជាជន​ដើម​នៅ​ទីនោះ ។ រឿងនិទាន​រៀបរាប់​ថា ក្រៅពី​ប្រជាជន ឬ​ពួក​ពល​ទាហាន និង​ពួក​សំពៅ ពួក​ព្រាហ្មណ៍​ដែល​ជា​មេ​គេ​ទាំងនោះ មាន​សក់​វែង មាន​សម្បុរ​ខ្មៅ ហើយ​បាន​អះអាង​ថា ពួក​គេ​មក​ពី​នគរ​ពារាណសី ។ រឿងនិទាន​ក៏​បាន​រៀបរាប់​ផង​ដែរ​ថា នគរ​ដែល​ពួក​ជ្វា​ព្រាហ្មណ៍​ទាំងនោះ​បាន​បង្កើត​ឡើង​គឺ​នគរ​គោកធ្លក គឺ​ស្រុក​ខ្មែរ​នេះឯង និង​ថា មាន​ព្រះមហាក្សត្រ​ចាម​៦​ព្រះ​អង្គ​សោយរាជ្យ​បន្ដ​បន្ទាប់​គ្នា ព្រះមហាក្សត្រ​ទាំងនោះ​ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ព្រះបាទ​ហ៊ុនទៀន ដែល​ជា​ជ្វា ។

ស្ដេច​ ជ័យវរ្ម័ន​សោយរាជ្យ​៥០​ឆ្នាំ ។ តាម​រឿងនិទាន ព្រះ​អង្គ​គោរព​បូជា​ព្រះ​វិស្ណុ ហើយ​ទ្រង់​សោយ​ទិវង្គត​ទៅ​ក្នុង​ព្រះ​ជន្មាយុ​៧០​ឆ្នាំ ។

រាជបុត្រ ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ព្រះ​នាម កវលៈ​រាជកុមារ បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា ហើយ​គោរព​បូជា​ថ្ម​ស្វ័យម្ភុ (21) ដែល​មាន​ន័យ​ថា កើត​មាន​ឡើង​ដោយ​ឯងៗ ។ ព្រះរាជា​អង្គ​នេះ​សោយរាជ្យ​បាន​២០​ឆ្នាំ ។
ព្រះរាជា​ចាម​ទី​៣ ទ្រង់​ព្រះ​នាម​ថា សុរិយាវរ្ម័ន ទ្រង់​គ្រងរាជ្យ​បាន​២០​ឆ្នាំ​ដែរ និង​គោរព​បូជា​ថ្ម​ស្វ័យម្ភុ​ដូច​គ្នា ។
ព្រះរាជា​ទី​៤ ទ្រង់​ព្រះ​នាម​ថា ធរណិន្ទ្រៈវរ្ម័ន ។ ទ្រង់​សោយរាជ្យ​បាន​២០​ឆ្នាំ ។
ព្រះរាជា​ទី​៥ គឺ​ព្រះបាទ​អាទិត្យវរ្ម័ន សោយរាជ្យ​បាន​២០​ឆ្នាំ ។
ព្រះរាជា​ចាម​ទី​៦ និង​ចុង​ក្រោយ​គេ គឺ​ព្រះបាទ​អសជ្ជ័យ ដែល​សោយរាជ្យ​បាន​តែ​១១​ឆ្នាំ​ប៉ុណ្ណោះ ។
រឿង​ព្រះថោង

តាមមើលទៅ រឿង​របស់​ពួក​ហិណ្ឌូ​ស្ដី​អំពី​ព្រះថោង ក៏​ដូច​ជា​រឿង​ជ្វា​ព្រាហ្មណ៍​ដែរ គឺ​មិនមែន​ជា​ការ​ប្រឌិត​សុទ្ធសាធ​នោះ​ទេ ។ បើ​កុំ​គិត​អំពី​ភាព​អស្ចារ្យ​ដែល​គេ​បន្ថែម​ឱ្យ​រឿង​នេះ​ហាក់​ដូចជា​រំលឹក​ នូវ​ហេតុការណ៍​ប្រវត្ដិ​សាស្ដ្រ​មួយ​នោះ​គឺ​ការ​ឈ្លានពាន​របស់​ពួក​ហិណ្ឌូ​ ដែល​បាន​មក​វាយ​យក​ជ័យ​ជម្នះ រួច​បណ្ដេញ​ពួក​ចាម​ចេញពី​នគរ​គោកធ្លក ។

ដំណើរ​រឿង​ត្រួសៗ​មាន​ដូច​តទៅ ៖ «មាន ​ស្ដេច​មួយ​ព្រះ​អង្គ​សោយរាជ្យ​នៅ​នគរ​ឥន្ទ្រ​ប្រទេស (22) មាន​ព្រះរាជ​បុត្រា​៥​ព្រះ​អង្គ ។ ព្រះ​អង្គ​បាន​បែង​ចែក​ខែត្រ​ខណ្ឌ​៤​ចំណែក​ឱ្យ​ព្រះរាជ​បុត្រា​ច្បង​ទាំង​ បួន​គ្រប់គ្រង ឯ​ព្រះរាជ​បុត្រា​ពៅ​នៅ​ជាមួយ​នឹង​ព្រះ​អង្គ ។ ដល់​ពេល​ព្រះរាជ​បុត្រា​ពៅ​នេះ​ចម្រើន​វ័យ​ធំ​ឡើង ព្រះរាជា​ក៏​ដាក់​រាជ្យ​ថ្វាយ​ព្រះរាជ​បុត្រា​ពៅ​នេះ​ឱ្យ​សោយរាជ្យ​បន្ដ​ពី​ ព្រះ​អង្គ ។ ធ្វើ​យ៉ាងនេះ​បាន​សេចក្ដី​ថា ព្រះ​អនុជ​ពៅ​នេះ​ជា​អធិរាជ​លើ​ព្រះ​រៀម​ទាំង​៤​ព្រះ​អង្គ ។ ព្រះ​រៀម​៣​ព្រះ​អង្គ​យល់ព្រម​ទទួល​យក​ស្ថានភាព​បែប​នេះ ប៉ុន្ដែ​ព្រះ​រៀម​ទី​៤​ព្រះ​នាម​ថា ព្រះថោង មិន​យល់ព្រម​ទេ ហើយ​ទ្រង់​មិន​ព្រម​យាង​មក​កាន់​ឥន្ទ្រ​ប្រទេស​ចូលរួម​ក្នុង​ពិធី​អភិសេក​ ព្រះ​អនុជ​ឡើយ ។ ដំបូង​ឡើយ ព្រះ​វររាជបិតា​ប្រុង​នឹង​បញ្ជូន​ព្រះរាជ​បុត្រា​ទាំង​បួន​អង្គ​ទៀត ឱ្យ​លើកទ័ព​មក​ច្បាំង​នឹង​ព្រះថោង​ដែល​ទ្រង់​ចាត់​ទុក​ថា​បាន​បះបោរ​ ប្រឆាំង ។ ក៏​ប៉ុន្ដែ​ដោយ​ព្រះថោង​មាន​ការ​គាំពារ​ច្រើន​ពី​ប្រជាជន ព្រះ​អង្គ​ក៏​ប្រែ​ព្រះ​ទ័យ គ្រាន់តែ​សម្រេច​បណ្ដេញ​ព្រះថោង ព្រមទាំង​បរិវារ​ទាំងអស់​ចេញពី​ព្រះ​នគរ ប៉ុណ្ណោះ​ហើយ​ទ្រង់​ឱ្យ​នាំ​យក​ប្រជាជន​ពី​ខែត្រ​ខណ្ឌ​៤​ទៀត​មក​រស់នៅ​បំពេញ ​វិញ ។

 ព្រះថោង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា កាត់​សាសនា ក៏​ដឹកនាំ​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​ចាក​ចេញពី​ប្រទេស​មក​តាំងនៅ​លើ​ ទឹកដី​នគរ​គោកធ្លក ដែល​មាន​ពួក​ចាម​រស់នៅ​មុន​រួច​ទៅ​ហើយ ។ ការ​រស់នៅ​លើ​ទឹកដី​គោកធ្លក​នេះ​មិន​បាន​ស្រួល​ទេ ដោយ​ចេះ​តែ​មាន​ទំនាស់​រវាង​ពួក​ចាម​ម្ចាស់​ស្រុក​ជាមួយ​ប្រជារាស្ដ្រ​របស់​ ព្រះថោង ក៏​ក្លាយ​ទៅជា​ជម្លោះ​ប្រយុទ្ធ​គ្នា​ស្លាប់​រស់ ។ ពេល​នោះ ប្រហែលជា​ដោយសារ​មាន​ជំនួយ​ពី​ជនជាតិ​ដើម​ផង ព្រះថោង​ក៏​វាយ​បណ្ដេញ​ពួក​ចាម​បង្ខំ​ឱ្យ​ពួក​នេះ​ចាក​ចេញពី​ចំប៉ាសាក់​ ទៅ ។ ព្រះ​អង្គ​ក៏​ឡើង​គ្រងរាជ្យ​ជា​ព្រះរាជា រួច​បាន​អភិសេក​បុត្រី​របស់​ស្ដេច​នាគ​ជា​អគ្គ​មហេសី ។ ពាក្យ​ថា «នាគ» នេះ ប្រហែល​សំដៅយក​អ្នកស្រុក​ដើម គឺ​ពួក​ខ្មែរ​នេះឯង ។ ព្រះថោង មិន​គ្រាន់តែ​គ្រប់គ្រង​លើ​ទឹកដី​ក្រុម​ឧបនិវេសន៍​ជ្វា​ហិណ្ឌូ​ដែល​ព្រះ​ អង្គ​ដណ្ដើម​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​គ្រប់គ្រង​លើ​ទឹកដី​ដែល​ស្ថិត​ក្រោម​អំណាច​របស់​ព្រះ​បិតាក្មេក​ ព្រះ​អង្គ​ផង​ដែរ ។ ហេតុការណ៍​នេះ​ជា​ភស្ដុ​តាង​បញ្ជាក់​អំពី​ឃ្លា​នៃ​រឿង​និទាន​ដំបូងៗ​ដែល​ និយាយ​ថា ព្រះថោង​ជា​ព្រះរាជា​ទី​មួយ​របស់​ពួក​ខ្មែរ​ បាន​សេចក្ដី​ថា​ពួក​ជនជាតិ​ដើម​ដែល​បាន​រួបរួម​ជាមួយ​ពួក​ហិណ្ឌូ ។»

កម្ពុ
ក្រៅពី ​រឿងនិទាន​ទាំង​ពីរ​ខាងលើ​នេះ​ដែល​គេ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​ មួយ​រហូត​មក​ដល់​យើង​សព្វថ្ងៃ ប្លែកៗ​ពី​គ្នា​ខ្លះ ក៏​ប៉ុន្ដែ​រក្សា​បាន​នូវ​រចនាបថ​ដើម ហើយ​ដែល​គ្មាន​សិលាចារឹក​ណាមួយ​បាន​លើក​ឡើង​សោះ ។

នៅ ​មាន​រឿង​ព្រេង​មួយ​ទៀត​ស្ដី​អំពី​ទេវ​បុព្វបុរស​របស់​ប្រជាជន​កម្ពុជា ហើយ​ដែល​សិលាចារឹក​មួយ​បាន​លើក​ឡើង​ដែរ ។ បុព្វបុរស​នោះ​អាច​ចាត់​ទុក​បាន​ថា​ជា​មនុស្ស​របស់​ឥណ្ឌូចិន​ទ្រង់​មាន​ព្រះ ​នាម​ថា​ «កម្ពុ» ហើយ​ជា​ជីទួត ជីលួត​របស់​រាល់​ព្រះរាជា​វរ្ម័ន​ក្រោយៗ​មក ។ ព្រះ​អង្គ​បង្ហាញ​រូបរាង​ឡើង​ក្នុង​ឋានៈ​ជា​ទេវ​កថា​មួយ​របស់​ជាតិ ។

តាម ​កំណត់​សម្គាល់​មួយ​នៅ​ទំព័រ​ខាងលើ គេ​បាន​ឃើញ​ថា​ពាក្យ​សំស្ក្រឹត «កម្ពុ» មាន​ន័យ​ថា «ចោរ​ ចោរ​សមុទ្រ» ដែល​លោក ហ្សេរីនី បាន​បក​តម្រូវ​នឹង​ពាក្យ​ក្រិក «លេស្ដៃ» ដែល​ផែនទី​របស់ ផ្ដូលេមេ ប្រើ​សម្រាប់​សម្គាល់​ប្រជាជន​ដែល​រស់នៅ​កូសាំងស៊ីន និង​កម្ពុជា ។ ក្នុង​ករណី​នេះ ពាក្យ «លេស្ដៃ» គ្រាន់តែ​ជា​ពាក្យ​បកប្រែ​ប៉ុណ្ណោះ មិន​មែន​ជា​ពាក្យ​សរសេរ​តាម​ឈ្មោះ​ដើម​របស់​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ ទេ ។ ខ្ញុំ​គ្មាន​ជំនឿ​ថា ការ​ដែល​មាន​រឿង​ប្រហាក់​ប្រហែល​គ្នា​នេះ វា​មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ ក៏​ប៉ុន្ដែ​ការ​ដែល​ទេវ​បុព្វបុរស​របស់​ប្រជាជន​កម្ពុជា​មាន​ឈ្មោះ​ដូច​ ពាក្យ​ដែល​មាន​ប្រើ​នៅ​លើ​ផែនទី​ក្រិក ជា​កត្ដា​គ្រប់គ្រាន់​សម្រាប់​គាំទ្រ​មតិ​របស់​លោក ហ្សេរីនី ស្ដី​អំពី​បុព្វបុរស​របស់​ប្រជាជន​ដែល​យើង​កំពុង​ធ្វើការ​សិក្សា​នេះ ។

៣- កោណ្ឌញ្ញ​ជ័យវរ្ម័ន

ថ្វីបើ ​មាន​រឿង​ព្រេង​ដែល​បាន​ក្លាយ​ទៅជា​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា​ទៅ​ហើយ ហើយ​បើ​ទោះជា​រឿងព្រេង​ទាំងនោះ​មាន​មូលដ្ឋាន​ផ្អែក​ទៅ​លើ​ប្រវត្ដិសាស្ដ្រ​ ខ្លះ​ក៏​ដោយ ក៏​គេ​មិន​អាច​យក​រឿង​ទាំង​អស់នោះ​ជា​គោល​ដើម្បី​សរសេរ​ប្រវត្ដិសាស្ដ្រ​នៃ​ សម័យ​កាលនោះ​បាន​ទាំងស្រុង​ដែរ ។

ក៏ ​ប៉ុន្ដែ ជា​សំណាងល្អ​សម្រាប់​សតវត្សរ៍​ទី​៥​ដែល​យើង​នៅ​មាន​ប្រភព​ព័ត៌មាន​ ច្បាស់លាស់​ផ្សេង​ទៀត​គឺ​ដំបូង​មាន​សិលាចារឹក និង​បន្ទាប់​មក​ទៀត​មាន​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ដែល​យើង​បាន​ប្រើប្រាស់​ ជា​ច្រើន​ណាស់​មក​ហើយ​សម្រាប់​សតវត្សរ៍​មុនៗ ។

មក ​ដល់​ត្រឹម​នេះ រឿងរ៉ាវ​ដែល​យើង​បាន​ដឹង​អំពី​ព្រាហ្មណ៍​ឈ្មោះ កោណ្ឌញ្ញៈ ឬ​ក៏​ព្រាហ្មណ៍​ត្រកូល​កោណ្ឌញ្ញៈ ដែល​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ឥណ្ឌា​មក​សោយរាជ្យ​នៅ​ប្រទេស​កម្ពុជា មាន​ព្រះ​នាម​ថា​ ជ័យវរ្ម័ន មិន​ប្រាកដ​ថា សុទ្ធតែ​ជា​រឿងព្រេង​ទាំង​អស់នោះ​ទេ ។

តាម ​មើលទៅ វា​ហាក់​ដូចជា​មាន​ការ​លុកលុយ​របស់​ពួក​ហិណ្ឌូ ប្រហែលជា​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​៥​នៃ​គ្រិស្ដសករាជ ។ ពួក​នោះ​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា​ភាគ​ខាងត្បូង គឺ​ចេញពី​តំបន់​ដេកង់ ធ្វើ​ដំណើរ​កាត់​រាជា​ណា​ចក្រ​ប៉ាន​ប៉ាន នៅ​ខាងជើង​ទៀបកោះ​ម៉ាឡាកា មក​កាន់​កម្ពុជា ។ មេកោយ​របស់​ពួក​នោះ​ឈ្មោះ កោណ្ឌញ្ញៈ បាន​ត្រូវ​ប្រកាស​លើក​ជា​ស្ដេច​តាំង​តែ​ពី​ពេល​មក​ដល់​ភ្លាម រួច​ហើយ​បាន​ប្រកាន់​យក​ឋានៈ​ជា​ «វរ្ម័ន» មាន​ន័យ​ថា «អ្នកការពារ» ដូចដែល​ស្ដេច​នៃ​នគរ​បល្លវៈ​ នៅ​ឥណ្ឌា​ និង​ស្ដេច​ចាម​នៅ​តាម​មាត់​សមុទ្រ​ខាងកើត​នៃ​ឥណ្ឌូចិន​តែង​តែ​ប្រកាន់​យក​ រួច​មក​ហើយ ។ ស្ដេច​ចាម​ដែល​សោយរាជ្យ​នៅ​ហ្វូណន ដូច​ដែល​រៀបរាប់​ពី​ខាងលើ​សុទ្ធតែ​បាន​ប្រកាន់​យក​ឋានៈ​នេះ​ដូច​គ្នា ទោះជា​សោយរាជ្យ​នៅ​វយធបុរៈ ឬ​នៅ​សម្ភុបុរៈ ឬ​នៅ​ទូ​ទាំង​ព្រះរាជា​ណាចក្រ​ទាំងមូល​ផង​ក៏​មិនដឹង បើ​រដ្ឋ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ព្រះរាជា​តែ​មួយ​ ព្រះ​អង្គ ។

រាជធានី​របស់​ព្រះបាទ​កោណ្ឌញ្ញៈ​នៅ​ហ្វូណន​នា​ពេល​នោះ មាន​ឈ្មោះ​ថា «អនិន្ទត្តបរុៈ» ដែល​គេ​មិន​ទាន់​កំណត់​រក​ឃើញ​ទីតាំង​ពិតប្រាកដ​បាន​នៅឡើយ ។ កំណត់​ត្រា​របស់​ពួក​ចិន​ហៅ​រាជធានី​នេះ​ថា «តូមូ» ដែល​ក្រោយ​មក គឺជា​រាជធានី​វយធបុរៈ គឺ​ស្រុក​ព្រៃកប្បាស​សព្វថ្ងៃ ។

ព្រះរាជា ​អង្គ​នេះ បាន​ក្លាយ​ទៅជា​អធិរាជ​ដ៏​មាន​អំណាច មាន​ស្ដេច​ចំណុះ​ជា​ច្រើន ព្រោះ​សិលាចារឹក​ព្រះ​ឥន្ទកោសីយ៍ ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ ហើយ​ដែល​គេ​ចារ​៤​សតវត្សរ៍​ក្រោយមក បាន​រៀបរាប់​ថា «ក្រចក ​ព្រះបាទ​របស់​ព្រះ​អង្គ​ទៅ​ជា​រលោង​ភ្លឺ​ចិញ្ចាច អាស្រ័យ​ដោយ​ប៉ះ​នឹង​មកុដ​ដាំ​ពេជ្រ​របស់​ស្ដេច​ចំណុះ​ទាំងឡាយ​នៅ​លើ​លោក​ នេះ ដែល​ចូល​មក​ក្រាបថ្វាយបង្គំ​គាល់​ព្រះ​អង្គ ។ ព្រះ​អង្គ​ប្រៀប​បាន​ទៅ​នឹង​ព្រះអាទិត្យ​ទើបនឹង​រះ ឬ​ព្រះ​ច័ន្ទ​ពេញវង់ ដែល​ល្អ​លើស​ផ្កាឈូក​នៃ​ពូជ​ជួរ​ទាំងឡាយ ។ ព្រះ​អង្គជា​ព្រះ​ចន្ទ​នៃ​ត្រកូល​កោណ្ឌញ្ញៈ ជាទី​ប្រជុំ​នៃ​គុណធម៌ ។ ជោគ​ជ័យ​របស់​ព្រះ​អង្គ​មាន​ពន្លឺ​ចាំង​ដូច​ជា​ស្វេតច្ឆត្រ ហើយ​រាជធានី​មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​ដោយ​ស្នា​ព្រះ​ហស្ដ​ដ៏​ខ្លាំងក្លា​របស់ ​ព្រះ​អង្គ ។ មហារាជ​ទាំងឡាយ​ដែល​ចំណុះ​ព្រះ​អង្គ គោរព​បូជា​ព្រះ​អង្គ​ប្រៀប​បាន​ទៅ​នឹង​ទេវតា ស្រី​របាំ និង​តន្ដ្រីករ​នៅ​ស្ថានសួគ៌​គោរព​បូជា​ព្រះអាទិត្យ» ។

ព្រះបាទ ​កោណ្ឌញ្ញៈ​គោរព​បូជា​ព្រះ​សិវៈ ។​សិលាចារឹក​បានឱ្យ​យើង​ដឹង​ថា​ព្រះ​ អង្គ​បាន​កសាង​ និង​សម្ពោធ​លិង្គ​ប្រមាណ​ជា​១០០​នៅ​ពាសពេញ​ផែនដី​នេះ ពោល​គឺ​នៅ​ក្នុង​ព្រះរាជាណាចក្រ​របស់​ព្រះ​អង្គ ។

ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​ហៅ​ព្រះ​អង្គ​ថា​ «កាវឆេនយូ» គឺ​កោណ្ឌញ្ញៈ តាម​ត្រកូល​របស់​ព្រះ​អង្គ ឬ​ក៏​ហៅ​ថា «ចូយេប៉ាម៉ូ» គឺ «ជ័យវរ្ម័ន» (23) តាម​ព្រះ​នាម​របស់​ព្រះ​អង្គ​ពេល​គ្រងរាជ្យ ហើយ​បាន​កំណត់​រជ្ជកាល​របស់​ព្រះ​អង្គ​ចាប់ពី​ចុង​សតវត្សរ៍​ទី​៥ ដល់​ដើម​សតវត្សរ៍​ទី​៦ ពីព្រោះ​ព្រះ​អង្គ​បាន​បញ្ជូន​សួយសារអាករ​ថ្វាយ​ស្ដេច​ក្រុង​ចិន​២​ដង គឺ​ម្ដង​នៅ​ឆ្នាំ​៤៨៣ និង​ម្ដងទៀត​នៅ​ឆ្នាំ​៥០៣ ។ ប្រទេស​ចិន​តែងតែ​ចាត់​ទុក​ប្រទេស​ជិតខាង ទោះជា​នៅ​ឆ្ងាយ​បន្ដិច​ក៏​ដោយ​ថា​ជា​នគរ​ចំណុះ​ ហើយ​បាន​ដាក់​ឋានៈ​ថ្វាយ​ព្រះបាទ​កោណ្ឌញ្ញៈ​ថា​ជា «ឧត្ដមសេនីយ៍​នៃ​ទក្សិណ សន្ដិភាព ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន» ។

ព្រះបាទ ​កោណ្ឌញ្ញ​ជ័យវរ្ម័ន បាន​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ចាម​នៅ​រវាង​ឆ្នាំ​៤៨៤ ។ អគ្គរាជទូត​ដែល​ព្រះ​អង្គ​បាន​បញ្ជូន​ទៅ​គាល់​ស្ដេច​ក្រុង​ចិន​នា​ពេល​នោះ​ គឺ​ដើម្បី​សុំ​ជំនួយ​ពី​ស្ដេច​ស្រុក​ចិន​ធ្វើសង្គ្រាម ។
អគ្គរាជទូត ​ដែល​ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន​បញ្ជូន​ទៅ​ប្រទេស​ចិន​ជា​ពុទ្ធសាសនិកជន​ ម្នាក់​មានឈ្មោះ​ថា សក្យនាគសេន រីឯ​រាជ​សារ​ដែល​ផ្ញើ​ទៅ​នោះ​ជា​លិខិត​សាមញ្ញ បង្ហាញ​អំពី​ជីវិត​មនុស្ស​ម្នាក់​ដែល​ត្រូវការ​នូវ​ជំនួយ​ជា​ចាំបាច់ ។ ព្រះរាជ​សារ​នោះ​បាន​បង្ហាញ​ឱ្យ​យើង​ដឹង​អំពី​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ ប្រទេស​ចាម្ប៉ា គឺថា​ព្រះរាជា​ចាម​ពេល​នោះ ជា​ស្ដេច​ជ្រែករាជ្យ​ដែល​មាន​កំណើត​ជា​ខ្មែរ គឺ​ពី​ដើម​ជា​ទាសករ ឬ​បើ​ហោច​ណាស់​ក៏​ជា​អ្នកបម្រើ​ដែរ (ខ្ញុំ) ។ 

មាន​ឯកសារ​ខ្លះ​និយាយ​ថា ស្ដេច​ចាម​នោះ​ជា​រាជបុត្រ​របស់​ព្រះបាទ​កោណ្ឌញ្ញៈ មាន​ព្រះ​នាម​ថា​ គាវឈាវឡូ ។ ក្រោយ​ពី​បាន​ភៀសខ្លួន​ចេញពី​ហ្វូណន​ ខ្ញុំបម្រើ​នេះ​បាន​បញ្ចុះ​បញ្ចូល​ពួក​បះបោរ​ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​លីនយី ឬ​ចាម ដែល​ធ្លាប់​ច្បាំង​ចាញ់​ម្ដង​រួច​ទៅ​ហើយ​នៅ​ឆ្នាំ​៤៤៦ ដោយ តាន់​ហូ​ឆេ រួច​ក៏​ឡើង​គ្រងរាជ្យ​ខ្លួនឯង​ទៅ ។ ពួក​ចាម​ក្រោម​រជ្ជកាល​នៃ​ស្ដេច​ជ្រែករាជ្យ​នេះ ធ្លាប់​បាន​វាយ​ប្រហារ​ទៅ​លើ​ក្បួន​ដង្ហែ​រាជទូត សក្យនាគសេន ពេល​ត្រលប់​មក​ពី​ប្រទេស​ចិន​វិញ​លើក​ទី​១ ប្លន់​យក​ទ្រព្យសម្បត្ដិ​ទាំងអស់​ដែល​ស្ដេច​ចិន​ផ្ញើ​ថ្វាយ​ស្ដេច​នគរ​ ហ្វូណន ។ ព្រះបាទ​កោណ្ឌញ្ញៈ​បាន​បញ្ជូន​រាជទូត​ទៅ​រាយការណ៍​ថ្វាយ​ស្ដេច​ស្រុក​ចិន ដោយ​ទូល​ថា ទ្រព្យសម្បត្ដិ​ទាំងឡាយ​ជា​ទ្រព្យ​របស់​ស្ដេច​ស្រុក​ចិន និង​ទូល​ថា ក្នុង​នាម​ខ្ញុំ​ជា​ស្ដេច​ចាម​នេះ​ព្រងើយ​កន្ដើយ មិន​បាន​បញ្ជូន​សួយសារអាករ​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ចិន​ទេ ។ ព្រះរាជ​សារ​ស្ដេច​ហ្វូណន​ចែង​ថា «បើ​ព្រះ​ អង្គជា​ ម្ចាស់​ទ្រង់​ចង់​ចាត់​តាំង​ព្រះរាជា​ថ្មី​ឱ្យ​សោយរាជ្យ​នៅ​នគរ​ចាម្ប៉ា​នោះ ទូលព្រះបង្គំ​ជាខ្ញុំ​ទទួល​ព្រះរាជ​បញ្ជា​ដោយ​គោរព» ។ រាជសារ​បាន​បញ្ចប់​ដោយ​ស្នើ​សុំ​ឱ្យ​មាន​ការ​ចាត់​បញ្ជូន​ទ័ព​មួយ​កង​តាម​ ហែហម​ស្ដេច​ហ្វូណន​គ្រប់​ទិសទី ដើម្បី​ដាក់​ទោស​ពួក​ក្បត់ និង​ជួយ​សង្គ្រោះ​អ្នក​ស្លូតត្រង់ ។

តាម ​មើលទៅ ស្ដេច​ចិន​ប្រហែលជា​បាន​បញ្ជូន​ទ័ព​តាម​ការ​ស្នើ​សុំ​មែន ហើយ​នៅ​ពេល​ដែល​នគរ​ចាម្ប៉ា​បាន​ត្រូវ​បង្ក្រាប​ធ្វើ​ឱ្យ​មាន​សន្ដិភាព​រួច​ មក ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន​ក៏​ត្រូវ​បាន​ស្ដេច​ស្រុក​ចិន​ដាក់​ព្រះ​ឋានៈ​ ឱ្យ​ជា «ឧត្ដមសេនីយ៍​នៃ​ទក្សិណ​សន្ដិភាព ជា​ព្រះរាជា​នគរ​ហ្វូណន» ។ ព្រះរាជា​អង្គ​នេះ បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​៥១៤​នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​ឆ្នាំ​៤៣៦​នៃ​មហាសករាជ ។

៤- រុទ្រវរ្ម័ន

ព្រះរាជ ​បុត្រា​ច្បង​របស់​ព្រះបាទ​កោណ្ឌញ្ញ​ជ័យវរ្ម័ន​ព្រះ​នាម រុទ្រវរ្ម័ន ពួក​ចិន​ហៅ​ថា លាវតូប៉ាម៉ូ ជា​ព្រះរាជបុត្រ​ជាមួយ​នឹង​ស្រីស្នំ​ម្នាក់ បាន​ធ្វើ​គុត​ព្រះ​អនុជ​ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​កោណ្ឌញ្ញ​ ជ័យវរ្ម័ន​ជាមួយ​ព្រះរាជ​អគ្គមហេសី រួច​ហើយ​ដណ្ដើម​យក​រាជ្យសម្បត្ដិ (24) ។

ឯកសារ​ចិន​នា​ពេល​នោះ លែង​រៀបរាប់​អំពី​ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​កោណ្ឌញ្ញ​ ជ័យវរ្ម័ន​ទៀត​ហើយ ។ បើ​មាន​និយាយ​ពី​នគរ​ហ្វូណន គឺ​មាន​រៀបរាប់​តែ​អំពី​ទំនៀមទម្លាប់ និង​ការ​ប្រកប​កិច្ចការ​ផ្សេងៗ​ដូច​ដែល​ខ្ញុំ​បាន​រៀបរាប់​ពី​ខាងលើ​រួច​មក​ ហើយ ។ គ្មាន​និយាយ​អ្វី​ដែល​ទាក់ទង​ដល់​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ ឬ​រឿងរ៉ាវ​អ្វី​សំខាន់​ទេ ។
រហូត ​ទាល់តែ​ដល់​គ្រិស្ដ​សតវត្សរ៍​ទី​៦ ទើប​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចិន​មាន​រៀបរាប់​អំពី​ស្ថានភាព​នយោបាយ​ឡើង​ វិញ ។ នេះ​គឺ​មក​ពី​មាន​ព្រឹត្ដិការណ៍​ធ្ងន់ធ្ងរ​មួយ​បាន​កើត​ឡើង​នៅ​ហ្វូណន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​ពួក​ចិន ។



ខ្មែរ​សម័យ​បុរេប្រវត្តិ និង​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា (ភាគ​២)
តើ​លោក​អ្នក​នាង​ជ្រាប​ទេ​ថា ជនជាតិ​ខ្មែរ​ជា​ជនជាតិ​មួយ​បាន​រស់​មុន​គេ​បង្អស់​នៅ​លើ​ជ្រោយ​ឥណ្ឌូចិន នេះ ហើយ​ថែម​ទាំង​មាន​វប្បធម៌ និង​ជំនឿ​របស់​ខ្លួន​ស្រាប់​ទៅ​ហើយ មុន​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​បុរេប្រវត្តិ និង​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា លើក​ទី​មួយ។
២. សម័យ​បុរេប្រវត្តិ
ប្រជាពលរដ្ឋ​កម្ពុជា ដែល​សម្គាល់ ឬ​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​ខ្មែរ​នោះ គឺ​ជា​មនុស្ស​មួយ​ក្រុម ក្នុង​ចំណោម​ពូជសាសន៍​អូស្ត្រូអាស៊ី ហើយ​ដែល​បាន​មក​តាំង​ទី​រស់​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ​តាំង​ពី​សម័យ​យុគថ្ម​រំលីង គឺ​ប្រមាណ ១៥​សតវត្ស​មុន​គ្រិស្តសករាជ។ ឯកសារ​ខ្លះ​បញ្ជាក់​ថា មាន​ស្លាក​ស្នាម​តាំង​លំនៅ​នៅ​តំបន់​នេះ​ប្រមាណ ៥​ពាន់​ឆ្នាំ​មុន​គ្រិស្តសករាជ​ឯណោះ។ ក្រុម​មនុស្ស​ទាំង​ឡាយ​ក្នុង​អំបូរ​អូស្ត្រូអាស៊ី នេះ​នៅ​មាន​រស់​រាន​រហូត​ដល់​សព្វថ្ងៃ​នៅ​ប្រទេស​ភូមា​ភាគ​ខាង​ក្រោម ហើយ​និង​នៅ​តាម​ជួរ​ភ្នំ​អណ្ណាម។ ឯ​លក្ខណៈ​កាត់​ជាមួយ​ធាតុ​ម៉ុងហ្គោល គឺ​ជា​ការ​កើត​ឡើង​ថ្មីៗ​ខាង​ក្រោយ។

ក្នុង​ចំណោម​ជនជាតិ​ឥណ្ឌូចិន គឺ​ពួក​មនុស្ស​រស់​នៅ​ត្រង់​ចន្លោះ​ប្រទេស​ចិន និង​ឥណ្ឌា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ជនជាតិ​ចាស់​ជាង​គេ ដែល​បាន​តាំង​ទី​លំនៅ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​សព្វថ្ងៃ​នេះ គឺ​រហូត​មក​ដល់​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ ទាក់ទាញ​ដោយ​ដែន​ដីសណ្ដ​មាន​ជីជាតិ វាល​ទំនាប និង​សមុទ្រ​ផង ព្រម​ដោយ​ការ​រុញ​ច្រាន​របស់​ពួក​ម៉ុងហ្គោល​ពី​ប្រទេស​ចិន មក​ផង ទើប​ជនជាតិ​វៀតណាម ជនជាតិ​ថៃ និង​ភូមា បាន​លេច​មុខ​មក​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ ដោយ​ពួក​នេះ​បាន​វាយ​រុញ​ច្រាន​ជនជាតិ​ខ្មែរ និង​បង​ប្អូន​របស់​ខ្លួន គឺ​ជនជាតិ​មន អោយ​ខ្ទាត​ពី​តំបន់​វាល​ទំនាប​មេណាម និង​ពី​តំបន់​វាល​ទំនាប​ទន្លេ​ឥរ៉ាវតី។

នៅ​តាម​ស្ថានីយ​បុរេប្រវត្តិ​នានា​របស់​ជនជាតិ​ខ្មែរ​ពី​សម័យ​ថ្ម​រំលីង​នោះ គេ​បាន​រក​ឃើញ ដូច​ជា​នៅ​ស្ថានីយ​ម្លូព្រៃ អន្លង់​ផ្ដៅ សំរោងសែន និង​នៅ​លើ​ខ្នង​ទួល ឬ​ខ្នង​ភ្នំ​តំបន់​ដី​ក្រហម គឺ​មេមត់​ស្នួល នូវ​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ដែល​ធ្វើ​អំពី​ថ្ម​រំលីង។ ប្រជាជន​ក្នុង​សម័យ​នោះ​ចេះ​ធ្វើ​ពូថៅ កន្ត្រៃ និង​កងដៃ​អំពី​ថ្ម​រំលីង។ គេ​ចេះ​សូន​ដី​ឥដ្ឋ​ធ្វើ​ក្អម​ឆ្នាំង តុបតែង​លំអ​ដោយ​ក្បាច់​រចនា​ជា​រង្វង់​ក្បាច់​ហៀន​គូទ​ខ្យង និង​ចេះ​ធ្វើ​ក្រវិល សម្រាប់​ពាក់​ត្រចៀក​ថែម​ទៀត​ផង។ គេ​ចេះ​នេសាទ​ត្រី​ដោយ​ស្ន ដែល​មាន​ងៀង និង​ស្ទូច​ត្រី​ដោយ​សន្ទូច ដែល​មាន​ផ្លែ​ធ្វើ​អំពី​ឆ្អឹង​សត្វ។ គេ​ចេះ​ផ្សាំង ឬ​ចិញ្ចឹម​សត្វ​គោ​ក្របី ចិញ្ចឹម​ជ្រូក និង​ដាំ​ស្រូវ។ ផ្ទះ​របស់​គេ​សង់​បន្តើត​លើ​សសរ​ខ្ពស់​ពី​ដី ដែល​អាច​ការពារ​សត្វ​កណ្ដៀរ ឬ​សត្វ​សាហាវ​ផ្សេងៗ ហើយ​និង​ការពារ​ទឹក​លិច​នៅ​រដូវ​វស្សា។ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​ស្បាត រាន​ដី​ធ្វើ​ចម្ការ ដើម្បី​ពង្រីក​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា គេ​បាន​រក​ឃើញ​ភូមិ​មូល ជា​ភូមិ​សម័យ​បុរេប្រវត្តិ ដែល​មាន​គ្រឹះ​នៅ​សល់​ដែល​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់។ ក្នុង​ចំណោម​ភូមិ​ទាំង​នោះ ភូមិ​មួយ​ត្រូវ​គេ​បាន​រក​ឃើញ​នៅ​មេមត់ ដែល​យើង​អាច​ឃើញ​ច្បាស់​នូវ​កំពែង ឬ​ជញ្ជាំង​ក្រាស់ ហើយ​ខ្ពស់ ធ្វើ​អំពី​ដី​មាន​រាង​ជា​រង្វង់​មូល ដែល​មាន​វិជ្ឈមាត្រ​ខាង​ក្រៅ​រហូត​ដល់ ២០០​ម៉ែត្រ ហើយ​មាន​ផ្លូវ​ចូល​ពីរ។ ភូមិ​មូល​ពី​សម័យ​បុរេប្រវត្តិ​នេះ ការពារ​ដោយ​គូ​ទឹក​សង​ខាង ហើយ​គូ​ទឹក ឬ​រណ្ដៅ​នោះ មាន​ជម្រៅ​រហូត​ដល់ ៦​ម៉ែត្រ​នៅ​ឡើយ​សព្វថ្ងៃ​នេះ។

គេ​បាន​រក​ឃើញ​រោង​ជាង ឬ​កន្លែង​កាត់​បំបែក​ថ្ម និង​ដុស​រំលីង ឬ​ខាត់​ថ្ម ដែល​មាន​សំណល់​វត្ថុ​ផ្សេងៗ​យ៉ាង​ច្រើន​សន្ធឹក​ធ្វើ​អំពី​ថ្ម​រំលីង ព្រម​ទាំង​មាន​បំណែក​ចាន ឬ​ក្រឡ ឬ​ហៅ​ម៉្យាង​ទៀត​ថា កុលាលភាជន៍​យ៉ាង​ច្រើន​នៅ​ទី​នោះ។ តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ទៀត ដោយ​ប្រើ​ប្រព័ន្ធ​ផ្កាយ​រណប​ថត​ពី​ទី​អវកាស​មក មន្ទីរ​ពិសោធន៍ ណាសា (NASA) នៃ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា បាន​រក​ឃើញ​ភូមិ​មូល​សម័យ​បុរេប្រវត្តិ​យ៉ាង​ច្រើន​នៅ​តំបន់​សៀមរាប​អង្គរ ផង​ដែរ។

ជនជាតិ​ខ្មែរ​នៅ​សម័យ​បុរេប្រវត្តិ អនុវត្ត​ជំនឿ​គោរព​បុព្វបុរស​ដូនតា ហើយ​ធ្វើ​សក្ការបូជា​អ្នក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ទង្វើ​ដែល​អាច​អោយ​យល់​បាន​ថា នៅ​ក្នុង​ប្រទេស​មួយ​ដែល​ទឹក និង​ដី មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន ហើយ​ហាក់​ដូច​ជា​ច្រឡូក​លាយ​ឡំ​ភ្ជាប់​គ្នា​ទៅ​នឹង​មេឃ ក្នុង​គំនិត​ចក្រវាឡ​ដ៏​អស្ចារ្យ​មួយ។

សត្វ​នាគ គឺ​ជា​និមិត្តរូប​នៃ​កម្លាំង​អាទិទេព ឬ​វត្ថុ​ស័ក្ដិសិទ្ធិ វត្ថុ​ទិព្វ​របស់​ជនជាតិ​ខ្មែរ។ ជំនឿ​នេះ គេ​បាន​ឃើញ​កើត​មាន​មក​ពី​យូរយារ​ណាស់​មក​ហើយ ជាពិសេស​មាន​រឿងរ៉ាវ​នាង​នាគ ដែល​ទាក់ទង​ទៅ​នឹង​រយៈ​កាល​ចាប់​ផ្ដើម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ថែម​ទៀត​ផង។ ថ្វីត្បិត​តែ​រឿងរ៉ាវ​ព្រះនាង​នាគ​មាន​លក្ខណៈ​ដូច​ជា​រឿង​ព្រេង​និទាន​បន្តិច​ក្តី ក៏​សព្វថ្ងៃ​ជំនឿ​នេះ​នៅ​មាន​ជីវិត​រស់​រវើក​ក្នុង​ជីវភាព​នៃ​ជនជាតិ​ខ្មែរ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​បូជា​យ៉ាង​សកម្ម ហើយ​តម្កល់​ទុក​ថា គឺ​អ្នក​តា​ម្ចាស់​ស្រុក​ម្ចាស់​ទឹក​ម្ចាស់​ដី ដ៏​មាន​គុណ​នេះ​ហើយ​ជា​អ្នក​ថែ​រក្សា​ការពារ​ជនជាតិ​ខ្មែរ និង​មាតុភូមិ​ខ្មែរ​នេះ​ឯង។

៣. ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា​លើក​ទី​១
ក្នុង​រង្វង់​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ជនជាតិ​ខ្មែរ​ដែល​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដើរ​សមុទ្រ​ជាតិ​ឥណ្ឌា ដែល​ភាគ​ច្រើន​ជា​អ្នក​ជំនួញ និង​ពួក​ព្រាហ្មណ៍ ក៏​បាន​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​ពី​ពួក​ឥណ្ឌា ទាំង​នោះ។ គ្មាន​អ្វី​គួរ​អោយ​សង្ស័យ​ឡើយ វប្បធម៌ និង​សាសនា​នៃ​ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​វប្បធម៌ និង​សាសនា​របស់​វណ្ណៈ​អ្នក​ដឹក​នាំ​ខ្មែរ។ ចំណែក​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​វិញ រហូត​ដល់​សព្វថ្ងៃ​នេះ​ហើយ នៅ​តែ​មាន​ជំនឿ​ទៅ​លើ​ព្រលឹង​ដូនតា គោរព​បូជា​អារុក្ខអារក្ខ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​ជា​ជំនឿ​ដើម​របស់​ខ្មែរ​ដដែល ទោះ​បី​ស្ថិត​នៅ​ក្រោម​ទង់ ឬ​រូបភាព​ព្រះពុទ្ធ​សាសនា ដែល​នាំ​ចូល​ពី​ឥណ្ឌា ក៏ដោយ។ ម៉្យាង​ទៀត គឺ​ដោយសារ​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា ដែល​មាន​ភាសា​សំស្ក្រឹត​ជា​យាន​នេះ​ហើយ ដែល​បាន​ជំរុញ​ជនជាតិ​ខ្មែរ​អោយ​ចាប់​ផ្ដើម​សម័យ​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ខ្លួន នា​ដើម​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ​នេះ។

ការ​ធ្វើ​ដំណើរ​ដែល​កាន់​តែ​រីក​ចម្រើន​ឡើង​ជា​លំដាប់​របស់​ជនជាតិ​ឥណ្ឌា មក​កាន់​តំបន់​សុវណ្ណភូមិ​នេះ ដើម​ហេតុ​សំខាន់ គឺ​ការ​មក​ធ្វើ​ជំនួញ​ជួញ​ដូរ​ខាង​សេដ្ឋកិច្ច។ ពី​ដើម​ឡើយ ពួក​ឈ្មួញ​ឥណ្ឌា ទិញ​មាស​ពី​តំបន់​ស៊ីបេរី ដែល​ពួក​ទូរចរ​ធ្វើ​ដំណើរ​ដោយ​រទេះ​ឆ្ងាយៗ​មក​លក់​អោយ ដោយ​ឆ្លង​កាត់​តំបន់​បាក់ទ្រីយ៉ាន។ ប៉ុន្តែ ប្រហែល​ជា​ពីរ​សតវត្ស​មុន​គ្រិស្ដសករាជ ដោយ​មាន​ការ​រំជើបរំជួល​ក្នុង​ចំណោម​ជនជាតិ​ផ្សេងៗ​នៅ​ភូមិ​ភាគ​អាស៊ី​កណ្ដាល បាន​ធ្វើ​អោយ​ផ្លូវ​នេះ​កាត់​ផ្តាច់ ធ្វើ​គមនាគមន៍​ត​ទៅ​ទៀត​លែង​កើត។

ក្រោយ​មក គឺ​ក្នុង​អំឡុង​សតវត្ស​ទី​១​នៃ​គ្រិស្តសករាជ ពួក​ឥណ្ឌា ក៏​ធ្វើ​ដំណើរ​បែរ​ទៅ​ទិស​ខាង​លិច ហើយ​បាន​ទិញ និង​ដឹក​ជញ្ជូន​មាស​ពី​ពិភព​រ៉ូម៉ាំង ក្នុង​នោះ​មាន​ទាំង​កាក់​មាស​ដែល​គេ​បាន​រំលាយ ហើយ​បោះ​ពុម្ព​ជា​រូបិយវត្ថុ​ជា​ប្រាក់ ដាក់​អោយ​ប្រើប្រាស់​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង ថែម​ទៀត​ផង។ ក៏ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ព្រះចៅ​វ៉េស្ប៉ាស្យាង ដែល​គ្រង​រាជ​នៅ​ចន្លោះ​ឆ្នាំ​៦៩-៧៩ នៃ​គ្រិស្ដសករាជ នៃ​ចក្រភព​រ៉ូម៉ាំង បាន​ចេញ​បញ្ញត្តិ​ហាម​ឃាត់​មិន​អោយ​នាំ​មាស​ចេញ ដែល​ជា​ប្រការ​បង្ខំ​អោយ​ឈ្មួញ​ឥណ្ឌា ស្វែង​រក​ប្រភព​ទិញ​មាស​ពី​កន្លែង​ផ្សេង​ទៀត។ ទី​បំផុត ពួក​នេះ​ក៏​បាន​ធ្វើ​ដំណើរ​បែរ​មក​រក​តំបន់​សុវណ្ណភូមិ​នេះ។ ការ​ធ្វើ​ដំណើរ​ស្វែង​មក​រក​មាស​នៅ​ជ្រោយ​សុវណ្ណភូមិ​នេះ បាន​ត្រូវ​សម្រួល​ដោយ​កត្តា​ជាច្រើន​ដូច​ជា ការ​រីក​ចម្រើន​ខាង​ផ្នែក​នាវាចរ​សមុទ្រ ដោយ​ពេល​នោះ​គេ​អាច​រក​ឃើញ​បច្ចេកទេស​ធ្វើ​សំពៅ​ធំៗ មាំៗ​ដែល​អាច​ផ្ទុក​ទំនិញ និង​មនុស្ស​ចំនួន​រហូត​ដល់ ៧០០​នាក់ ការ​រក​ឃើញ​ភាព​ឆ្លាស់​គ្នា​នៃ​ខ្យល់​រដូវ ដោយ​អ្នក​បើក​សំពៅ​ជនជាតិ​ក្រិក បាន​ជំរុញ​អោយ​មាន​ភាព​ទៀងទាត់​ក្នុង​ការ​ធ្វើ​ដំណើរ និង​ញ៉ាំង​ការ​ស្វែង​រក​មាស​នៅ​តំបន់​សុវណ្ណភូមិ​នេះ កាន់​តែ​មាន​សន្ទុះ​កើន​ឡើង។

ម៉្យាង​ទៀត ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ព្រះពុទ្ធ​សាសនា​ក៏​កាន់​តែ​រីក​ចម្រើន​ឡើង ហើយ​សាសនា​នេះ​បាន​លុប​បំបាត់​ចោល​ប្រព័ន្ធ​វណ្ណៈ​ក្នុង​សង្គម ដែល​ជា​ហេតុ​នាំ​អោយ​ពួក​ឥណ្ឌា ឈប់​ខ្លាច​បាត់​ភាព​បរិសុទ្ធ​ក្នុង​ឈាម ក្នុង​ពូជសាសន៍​របស់​ខ្លួន ហើយ​ធ្វើ​ការ​ទាក់ទង​ដោយ​ទូលាយ​ជាមួយ​ជន​បរទេស។

ក្រោយ​មក ពួក​ឈ្មួញ​ឥណ្ឌា ទាំង​នោះ បាន​មក​បោះ​ទីតាំង​ដោយ​បាន​បង្កើត​ជា​ហាង​លក់​ទំនិញ ឬ​សាខា​គ្រឹះស្ថាន​ជំនួញ​របស់​ខ្លួន​ក្នុង​ដែន​ដី​សុវណ្ណភូមិ ហើយ​ជា​បន្តបន្ទាប់ បាន​ប្រើប្រាស់​គ្រឹះស្ថាន​ទាំង​នោះ​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​នយោបាយ និង​សាសនា​របស់​ខ្លួន ហើយ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ពួក​រដ្ឋវាសី គឺ​ជា​ជនជាតិ​ម្ចាស់​ស្រុក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ដើម្បី​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ពួក​នេះ​បាន​រឹត​ចំណង​ចង​ស្ពាន​មេត្រី រៀប​ចំ​អាពាហ៍ពិពាហ៍​ចម្រុះ​ជាមួយ​ពួក​រដ្ឋវាសី​ម្ចាស់​ស្រុក ដើម្បី​បង្កើត​ចំណង​ទាក់ទង​ជា​គ្រួសារ​យ៉ាង​ជិតស្និទ្ធ​ថែម​ទៀត​ផង។

ជាក់ស្តែង គឺ​អាពាហ៍ពិពាហ៍​បែប​នេះ​ហើយ​ដែល​បាន​បង្កើត​ឡើង​នូវ​សន្តតិវង្ស​ដំបូង​បង្អស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា យើង​នេះ៕

ប្រវត្តិសាស្ត្រ​ខ្មែរ​នា​សម័យ​អាណាចក្រ​ភ្នំ (ភាគ​៣)

ប្រវត្តិសាស្ត្រ​ស្តី​អំពី​ការ​កកើត​សន្តតិវង្ស​ខ្មែរ​ដំបូង មាន​ប្រភព​មក​ពី​អ្នក​ដំណើរ​ជា​ជនជាតិ​ចិន ដែល​បាន​មក​ដល់​ដែន​ដី​នេះ​នា​សម័យ​កាល​នោះ ហើយ​បាន​កត់ត្រា​ទុក។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ឈ្មោះ​មនុស្ស ឬ​ទីតាំង​មាន​សូរសៀង​ស្រដៀង​ចិន ដូច​ជា​ព្រះរាជា​ខ្មែរ​ទី​មួយ និង​ព្រះជាយា​របស់​ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះបាទ ហ៊ុន ទៀន និង​ព្រះនាង​លីវយី ហើយ​ឈ្មោះ​នគរ​ជា​នគរ​ហ្វូណន ឬ​ចេនឡា ជាដើម។

៤.អាណាចក្រ​នគរភ្នំ

ទឹក​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ហើយ​និង​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ បាន​ត្រូវ​ពួក​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ ឬ​ដែល​ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អម្បូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​មក​ហើយ។ ឯកសារ​ចិន របស់ លោក កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរភ្នំ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ បាន​រៀប​រាប់​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ​៥០​នៃ​គ្រិស្ដសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​កោះ​ខាង​ត្បូង​មក​អាណាចក្រ​ភ្នំ។ ហេតុ​ដែល​បណ្ដាល​អោយ​ព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើ​ដំណើរ​មក​កាន់​នគរភ្នំ នេះ ព្រោះ​យប់​មួយ​ព្រះបាទ ហ៊ុន ទៀន បាន​យល់​សប្ដិ​ឃើញ​ថា ទេវតា​ដែល​បី​បាច់​ថែ​រក្សា​ព្រះអង្គ បាន​ធ្វើ​អំណោយ​ធ្នូ​ទិព្វ​មួយ​ដល់​ព្រះអង្គ ហើយ​បញ្ជា​អោយ​ព្រះអង្គ​ឡើង​ជិះ​សំពៅ​ដ៏​ធំ​មួយ។ លោក កាំង ថៃ បន្ត​ថា លុះ​ព្រឹក​ឡើង ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទេវស្ថាន ដើម្បី​ធ្វើ​សក្ការបូជា ស្រាប់​តែ​បាន​ឃើញ​ធ្នូ​ទិព្វ​នោះ​ដូច​សុបិន្ដ​មែន។ ដោយ​សុបិន្ដ​ឆុត​ដូច្នេះ ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​តាម​សមុទ្រ ទៅ​កាន់​អាណាចក្រ​ភ្នំ​តាម​ការ​ណែនាំ​របស់​ទេវតា​ក្នុង​ការ​យល់​សប្ដិ​នោះ។

មក​ដល់​នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បាន​ពើប​ប្រយុទ្ធ​ជាមួយ​រាជធានី​នៃ​រដ្ឋ​នេះ ដែល លោក កាំង ថៃ ថា​មាន​ព្រះនាម​ថា ព្រះនាង លីវយី។ ព្រះនាង លីវយី ដែល​បាន​នាំ​កម្លាំង​ទ័ព​មក​វាយ​លុក​លើ​សំពៅ​ព្រះបាទ ហ៊ុន ទៀន មុន។ ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះអង្គ​ក៏​ទទួល​បាន​ជ័យ​ជម្នះ​លើ​ព្រះនាង លីវយី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​របស់​ព្រះនាង​អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។ ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ដូច្នោះ ព្រះនាង លីវយី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង​ជា​អគ្គមហេសី តាំង​ពី​ពេល​នោះ​មក។

ប្រភព​មួយ​ទៀត​ដែល​រៀប​រាប់​ពី​ព្រឹត្តិការណ៍​នេះ​ដែរ គឺ​សិលា​ចារិក​ចាម នៅ​មីសឺន (គ្រិស្ដសករាជ ៦៥៨) បាន​អោយ​យើង​ដឹង​ថា ព្រះបាទ ហ៊ុន ទៀន ដែល​ចិន ហៅ​នោះ​ឈ្មោះ កៅណ្ឌិន្យ ឯ​ព្រះនាង លីវយី វិញ គឺ​ព្រះនាង សោមាកូនព្រះច័ន្ទ។ ឯ​ខាង​ព្រះរាជពង្សាវតារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិញ បាន​ហៅ​ព្រះនាម​ស្ដេច​នោះ​ថា ព្រះថោង និង​នាង​នាគ ដែល​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ទំនៀមទម្លាប់​ប្រពៃណី​ជាច្រើន អោយ​ជីវភាព​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ដូច្នេះ រួម​សេចក្តី​មក គឺ​ព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬ ព្រះថោង និង​ព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាង​នាគ នេះ​ហើយ ដែល​ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ​ជា​ដំបូង​គេ​បង្អស់​នោះ។ ម៉្យាង​ទៀត គឺ​ពេល​នោះ​ហើយ​ដែល​ព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែល​ជា​ជាតិ​ឥណ្ឌា បាន​នាំ​យក​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ផ្សេងៗ​ពី​ប្រទេស​ឥណ្ឌា មាន​សាសនា ភាសា អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ ច្បាប់​ទម្លាប់​ផ្សេងៗ ពិសេស គឺ​របៀប​រៀប​ចំ ឬ​គំនិត​ដឹក​នាំ​ប្រទេស​តាម​បែប​រាជាធិបតេយ្យ​មក​បន្ថែម​អោយ ឬ​បញ្ចូល​គ្នា​នឹង​អ្វីៗ​ដែល​សង្គម​ខ្មែរ​មាន​រួច​ទៅ​ហើយ ដូច​ជា​ជំនឿ​លើ​ព្រលឹង​ដូនតា គោរព​មេបា អារក្ខ​អ្នកតា និង​លទ្ធិមាតាធិបតេយ្យ​យក​មេ​ជា​ធំ ដែល​ជា​ហេតុ​ធ្វើ​អោយ​សង្គម​ខ្មែរ​ក្នុង​សម័យ​នោះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត។

ចំពោះ​ឈ្មោះ​នគរ វិញ គឺ​ប្រហែល​ពី​ពេល​នោះ​មក​ហើយ​ដែល​មាន​ឈ្មោះ​ថា នគរភ្នំ ព្រោះ​តាម​ឯកសារ​ចិន បាន​និយាយ​ច្បាស់​ថា អធិរាជ​អាណាចក្រ​ភ្នំ​មាន​ឋានន្តរនាម​ថា គូឡុង គឺ​ក្រុង​ដែល​សព្វថ្ងៃ​មាន​ន័យ​ថា ស្ដេច​សោយរាជ្យ។ ម៉្យាង​ទៀត តាម​ការ​និយម​របស់​ជនជាតិ​ចិន គេ​ច្រើន​ប្រើ​ឈ្មោះ ឬ​ពាក្យ​តែ​មួយ​សម្រាប់​សម្គាល់​ប្រទេស​ផង ប្រជារាស្ត្រ​ផង រាជធានី​ផង ឬ​ក៏​ឋានន្តរនាម​របស់​អ្នក​ដឹក​នាំ​ផង។ ដូច្នេះ ពាក្យ ហ្វូណន ចិន ប្រហែល​ជា​ហៅ​តាម​ឋានន្តរនាម​ព្រះចៅ​អធិរាជ គឺ​កុរុងវ្នំ ហើយ ហ្វូណន គឺ​ជា​សំនៀង​ចិន នៃ​ពាក្យ​វ្នំ ឬ​ភ្នំ​របស់​ខ្មែរ​នេះ​ឯង។ ឯ​ការ​ដែល​អធិរាជ​អាណាចក្រ​ភ្នំ​មាន​ឋានន្តរនាម​ក្រុង​វ្នំ​ដូច្នេះ គឺ​ប្រហែល​ជា​មក​ពី​ភ្នំ​ជា​ទី​កន្លែង​ដែល​អធិរាជ​ឡើង​ទៅ​ជួប​និង​ព្រះឥសូរ។ ឯកសារ​ចិន បាន​រៀប​រាប់​ថា ព្រះអាទិទេព​យាង​ចុះ​ពី​លើ​ភ្នំ​ម៉តាន់ ជា​ញឹកញាប់ ព្រះអង្គ​បាន​យក​ទី​នោះ​ដើម្បី​បញ្ចេញ​មហិទ្ធិឫទ្ធិ​របស់​ព្រះអង្គ។ ព្រះចៅ​អធិរាជ​ទាំង​ឡាយ​បាន​ទទួល​នូវ​ពរ​ជ័យ​ពី​ព្រះអង្គ ហើយ​ប្រជារាស្ត្រ​ក៏​បាន​សុខ​ចម្រើន ដោយសារ​សកម្មភាព​នោះ​ផង​ដែរ។

ចំណែក​ខាង​រាជធានី​នៃ​អាណាចក្រ​នគរភ្នំ​វិញ មាន​ឈ្មោះ​ថា វ្យាធៈបុរៈ ប្រហែល​ស្ថិត​នៅ​ម្តុំ​បាភ្នំ មាន​ចម្ងាយ​ប្រមាណ ២០០​គីឡូម៉ែត្រ​ពី​សមុទ្រ។

៥- ការ​បង្កើត​រាជវង្ស​ដំបូង

អ្នក​ស្នងរាជ្យ​ត​ពី​ព្រះបាទ កៅណ្ឌិន្យ គឺ​ជា​កូន​ចៅ​របស់​ព្រះអង្គ ក្នុង​នោះ​មាន​ព្រះបាទ ហ៊ុន ផានហួង ដែល​ជា​ព្រះរាជា​មួយ​អង្គ​ខ្លាំង​ពូកែ មាន​កលល្បិច​ក្នុង​ការ​ធ្វើ​សង្គ្រាម​ពង្រឹង​អំណាច​កណ្ដាល ហើយ​វាយ​ពង្រីក​អាណាចក្រ​អោយ​ធំ​ទូលាយ។ ស្ដេច​អង្គ​នេះ​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា នៅ​ដើម​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ។ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​អ្នក​និពន្ធ​ចិន ថា​មាន​ព្រះនាម ប៉ាន-ប៉ាន (Phan-Phan) ត្រូវ​ជ្រើស​តាំង​អោយ​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះអង្គ។ ប៉ុន្តែ ព្រះរាជា​អង្គ​ថ្មី​នេះ បាន​ប្រគល់​កិច្ចការ​រដ្ឋ​ទាំងអស់​ទៅ​អោយ​មេ​ទ័ព​ម្នាក់​ឈ្មោះ ស្រីមារៈ មើល​កិច្ចការ​ជំនួស។ ព្រះអង្គ​សោយរាជ្យ​បាន​តែ​បី​ឆ្នាំ​ក៏​សុគត​ទៅ។ ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ជ្រើស​មេ​ទ័ព ស្រីមារៈ អោយ​ឡើង​សោយរាជ្យ។

ជា​ទូទៅ ព្រះរាជា​ខ្មែរ​តែង​តែ​មាន​ព្រះនាម​បី គឺ៖
១. ព្រះនាម​កំណើត
២. ព្រះនាម​គ្រងរាជ្យ
៣. ព្រះមរណនាម គឺ​ជា​ព្រះនាម​ពេល​ដែល​ព្រះអង្គ​សុគត​ទៅ។

ព្រះអង្គ ស្រីមារៈ គឺ​ជា​ព្រះរាជា​ខ្មែរ​ដំបូង​បំផុត​ដែល​ទ្រង់​យក​ព្រះនាម "វរ្ម័ន" ដែល​មាន​ន័យ​ថា អ្នក​ការពារ មក​ប្រើ​ដំបូង​គេ​បង្អស់ ហើយ​ព្រះនាម​វរ្ម័ន​នេះ បាន​ត្រូវ​ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​ប្រើប្រាស់​ជា​រៀង​រហូត លុះត្រា​ដល់​ពេល​ដែល​បដិវត្តន៍​នយោបាយ និង​សាសនា​របស់​នាយ​ត្រសក់​ផ្អែម កើត​មាន​ឡើង។

ព្រះបាទ ស្រីមារៈ ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​តាម​ផ្លូវ​គោក​ផង តាម​ផ្លូវ​ទឹក​ផង ហើយ​ពង្រឹង​អំណាច​របស់​ព្រះអង្គ លើ​ដែន​ដី​ភាគ​ខាង​ក្រោម "កម្ពុជា​ក្រោម​សព្វថ្ងៃ" លើ​ភាគ​កណ្ដាល​នៃ​ទន្លេ​មេគង្គ ហើយ​រឹប​ដាក់​ជា​ចំណុះ​នូវ​រដ្ឋ​តូចៗ​នៅ​ភាគ​ខាង​ជើង ជ្រោយ​ម៉ាឡាយូ ដើម្បី​ត្រួត​ពិនិត្យ​លើ​ផ្លូវ​គោក និង​ទី​សំចត​ទាំង​ឡាយ​ចន្លោះ​ឈូង​សមុទ្រ​បឹងហ្គាល និង​ឈូង​សមុទ្រ​សៀម។ ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ពេល​ដែល​ទ្រង់​បំពេញ​បេសកកម្ម​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្មួយ​របស់​ព្រះអង្គ​ព្រះនាម ហ្វានឆាន ដែល​ប្រហែល​ជា​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ធរណិន្ទ្រវរ្ម័ន បាន​ជ្រែក​រាជ្យ​ដោយ​បាន​ធ្វើ​គត់​រាជ​ទាយាទ គឺ​ព្រះរាជបុត្រ​ច្បង​របស់​ព្រះបាទ ស្រីមារៈ ហើយ​ឡើង​សោយរាជ្យ។ ព្រះអង្គ​សោយរាជ្យ​បាន​រយៈពេល ២០​ឆ្នាំ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រឹត​ចំណង​ការទូត​ជាមួយ​នឹង​រាជវង្ស​ឥណ្ឌា មុរុណ្ឌ។ នៅ​ឆ្នាំ​២៤៣ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន ដើម្បី​នាំ​ដង្វាយ​ជា​អ្នក​ភ្លេង និង​ផលិតផល​ផ្សេងៗ ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន។ គឺ​នៅ​ក្នុង​រាជ្យ​ព្រះអង្គ ហ្វានឆាន នេះ​ហើយ ដែល​គេ​បាន​សាង​សិលា​ចារិក​ខ្មែរ ដែល​ចាស់​ជាង​គេ​ជា​ភាសា​សំស្ក្រឹត ក្នុង​ដែន​សាមន្ត​រដ្ឋ​មួយ​របស់​អាណាចក្រ​នគរភ្នំ។ សិលា​ចារិក​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​រមណីយដ្ឋាន "វ៉ូកាញ់" ក្នុង​តំបន់​ញ៉ាត្រាង ប្រទេស​វៀតណាម សព្វថ្ងៃ​នេះ។

ប្រហែល​នៅ​ក្នុង​ឆ្នាំ​២៥០ ព្រះអង្គ ហ្វានឆាន ត្រូវ​ធ្វើ​គត់​ដោយ​ព្រះរាជបុត្រ​ពៅ​របស់​ព្រះបាទ ស្រីមារៈ ដោយ​យក​លេស​ថា​សង​សឹក។ មេ​ទ័ព​ម្នាក់​របស់​ព្រះអង្គ ហ្វានឆាន មាន​ឈ្មោះ​ថា អាសុចៃ ដែល​តាម​ឯកសារ​ចិន ថា​ឈ្មោះ ស៊ីយុនហ្វាន់ស៊ីយុន បាន​ធ្វើ​គត់​រាជ​ទាយាទ គឺ​ព្រះរាជបុត្រ​ពៅ​របស់​ព្រះបាទ ស្រីមារៈ ហើយ​ប្រកាស​ខ្លួន​ឡើង​សោយរាជ្យ​ជា "កុរុងវ្នំ"។

ព្រះបាទ ហ្វាន់ស៊ីយុន ជា​ព្រះរាជា​ដែល​ស្រឡាញ់​សន្តិភាព ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ព្រះរាជ​ភារកិច្ច​របស់​ព្រះអង្គ​យ៉ាង​ខ្លាំង។ ដើម្បី​រក្សា​កិត្យានុភាព ព្រះអង្គ​បាន​ប្រើប្រាស់​ការទូត​ច្រើន​ជាង​កម្លាំង​ទ័ព។ ព្រះអង្គ​ទ្រង់​រក្សា​ចំណង​ទាក់ទង​ជា​ប្រក្រតី​ជាមួយ​ព្រះរាជវាំង មុរុណ្ឌ នៃ​ប្រទេស​ឥណ្ឌា។ ពី​ឆ្នាំ​២៦៨ ដល់​ឆ្នាំ​២៨៧ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចិន។ ក្រៅ​ពី​នោះ ជាមួយ​នឹង​អាណាចក្រ​ចំប៉ា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នគរភ្នំ ព្រះអង្គ​បាន​រឹត​ចំណង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​បំផុត រហូត​ដល់​គេ​អាច​ជឿ​បាន​ថា ប្រហែល​ជា​ព្រះអង្គ​បាន​ពង្រីក​អធិរាជ​ភាព​របស់​ព្រះអង្គ​លើ​ប្រទេស​ចំប៉ា នោះ ថែម​ទៀត​ផង៕


No comments:

Post a Comment