គណបក្សខ្មែរសាធារណរដ្ឋ

គោល​នយោបាយ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (គ.ស.រ.ប)
គោល​នយោបាយ​សំខាន់ៗ ១២​ចំណុច​រួម​មាន៖
១. បញ្ហា​សុខមាលភាព
២. បញ្ហា​ប្រាក់​បៀវត្ស​ទាំង​មន្ត្រី​រាជការ​និង​ឯកជន
៣. បញ្ហា​សិក្សាធិការ​ជាតិ
៤. បញ្ហា​សេដ្ឋកិច្ច​អតិផរណា​ទំនិញ
៥. បញ្ហា​គ្រប់គ្រង​ដីធ្លី
៦. បញ្ហា​សិទ្ធិ និង​សុវត្ថិភាព
៧. បញ្ហា​ស្ត្រី និង​កុមារ
៨. បញ្ហា​យុត្តិធម៌
៩. បញ្ហា​គ្រឿងញៀន
១០. បញ្ហា​ជនអន្តោប្រវេសន៍
១១. បញ្ហា​ការងារ
១២. បញ្ហា​អំពើពុករលួយ
ការ​គ្រប់គ្រង​ដីធ្លី
គ.ស.រ.ប ទាមទារ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​កែ​តម្រូវ និង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​បាន​រឹបអូស ឬ​រំលោភ​បំពាន​ដីធ្លី ផ្ទះ​សំបែង​របស់​គាត់ ពី​សំណាក់​ជន​ខិលខូច​មួយ​ចំនួន ដោយ​តម្រូវ​ឲ្យ​មាន​ការ​សង​ទូទាត់​ក្នុង​តម្លៃ។

ការ​អភិវឌ្ឍន៍​តាម​មូលដ្ឋាន
កសិកម្ម​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា និង​ទៅ​តាម​មូលដ្ឋាន ដោយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​៧៣% ជា​កសិករ កសិកម្ម​ទាំងអស់​ត្រូវ​តែ​មាន​ការ​ដាំ​ដុះ​ឲ្យ​មាន​គ្រប់​រដូវ​លើ​ដី​ដែល​ទំនេរ ត្រូវ​ដក​ហូត​ប្រគល់​ជូន​ប្រជាពលរដ្ឋ​គ្មាន​ដី​ដាំ​ដុះ និង​សង់​លំនៅឋាន បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​លឿន​បំផុត​ជូន​ប្រជាពលរដ្ឋ ទំនប់ ប្រឡាយ អាងទឹក លូ​ទឹក​ចែកចាយ​ចូល​ដល់​ប្រព័ន្ធ​ជនបទ ស្រុក​ស្រែ​ចម្ការ និង​តំបន់​ដែល​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់។

ទីផ្សារការងារ
គ.ស.រ.ប លុប​បំបាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយ​បង្កើត​សហគ្រាស រោងចក្រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ពង្រឹង​វិស័យ​អប់រំ ដែល​ជា​គ្រឹះ​និង​ផ្ដល់​ប្រាក់​បៀវត្ស​គ្រប់គ្រាន់​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ និង​គ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស។

ទីផ្សារ​សម្រាប់​ផលិត​កសិកម្ម
បង្កើត​វិនិយោគ​ទុន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ការពារ​មិន​ឲ្យ​មាន​ករ​គាប​សង្កត់​យក​លុយ​ពី​អ្នក​វិនិយោគ​ដោយ​នីតិវិធី​ច្បាប់។ រដ្ឋាភិបាល​ត្រូវ​បន្ថយ​ពន្ធដារ និង​តម្លៃ​ក្នុង​ការ​បើក​ក្រុមប្រឹក្សា និង​មុខ​របរ​ទាំង​អស់ ដើម្បី​បង្កើត​ការងារ​តាម​រោងចក្រ​ឲ្យ​បាន ៥០​ភាគរយ​នៃ​ការងារ​ទាំងអស់ រដ្ឋាភិបាល​នឹង​ជួយ​រក​ទីផ្សារ និង​ផ្ដល់​មធ្យោបាយ​មួយ​សម្រួល​រាល់​បញ្ហា​ទាំងអស់​របស់​អ្នក​វិនិយោគទុន។

លទ្ធិប្រជាធិបតេយ្យ​នៅ​តាម​មូលដ្ឋាន
ប្រគល់​សិទ្ធិ​អំណាច​បរិបូរណ៍ បញ្ចេញ​មតិ​សេរី​តាម​បែប​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​និង​សេចក្ដី​ថ្លែងការណ៍ ជា​សកល​ពី​សិទ្ធិមនុស្ស។ សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បើក​សិទ្ធិ​សេរីភាព​ក្នុង​ការ​សរសេរ ផ្សាយ​ព័ត៌មាន​តាម​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌មាន​ដោយ​សេរី និង​បើក​ឲ្យ​មាន​សិទ្ធិ​កាន់​កាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍។

បញ្ឈប់​ពលកម្ម​កុមារ​បម្រើ​តាម​ផ្ទះ
ប្រទេស​កម្ពុជា​ទើប​បាន​ឆ្លង​ផុត​ពី​សង្គ្រាម​ដែល​កើត​ឡើង​ផ្ទួន​ៗ​គ្នា ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មាន​ជីវភាព​ក្រក្រី ខ្វះ​ចំណេះ​ដឹង​មាន​កំណើន​កុមារ និង​បាន​ចេញ​ទៅ​ធ្វើ​ការ​តាម​ផ្ទះ គ្រប់​រូបភាព​រួម​ទាំង​ទម្រង់​ធ្ងន់ធ្ងរ​ក៏​កើន​ឡើង​ជា​លំដាប់​ផង​ដែរ។ ដោយ​យល់​ពី​មូលហេតុ​ផ្សេងៗ ដែល​នាំ​ឲ្យ​ឈាន​ដល់​ស្ថានភាព​អាក្រក់​បែប​នេះ និង​ដើម្បី​ទប់ស្កាត់​ឈាន​ដល់​ការ​លុប​បំបាត់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​បាន​បង្កើត​យន្តការ​ពិសេសៗ និង​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ជា​ច្រើន មាន​ទាំង​អនុសញ្ញា ស្ដីពី​សិទ្ធិ​កុមារ ពិធី​សា​បន្ថែម ស្ដីពី​ការ​ចូលរួម​របស់​កុមារ។ ជា​ពិសេស​អនុសញ្ញា​លេខ ១៨២ ស្ដីពី​ការ​ហាម​ប្រាម និង​ការ​លុប​បំបាត់ ពលកម្ម​កុមារ​នៅ​តាម​ផ្ទះ។

អំពី​បន្ទាត់​នយោបាយ
១. អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពិត​ប្រាកដ
២. ប្រឆាំង​ភេរវកម្ម​គ្រប់​ប្រទេស
៣. គោរព​សិទ្ធិមនុស្ស សម​ស្រប​តាម​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ
៤. សហការ​លើ​គ្រប់​វិស័យ​ចំពោះ​បុព្វ​ហេតុ​ជាតិ និង​អន្តរជាតិ និង​អន្តរជាតិ ដើម្បី​រក្សា​សន្តិសុខ​ពិភពលោក។ ឯកភាព​ជាតិ ស្ថាបនា​ជាតិ បម្រើ ទាមទារ ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។
គោល​នយោបាយ​អន្តោប្រវេសន៍
ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អ្នក​ច្បាប់ បង្កើត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ដែល​ប្រទេស​នានា​នៅ​លើ​ពិភពលោក​មាន​ច្បាប់​នេះ។

No comments:

Post a Comment