Tuesday, February 27, 2024

សហភាពឥណ្ឌូចិន ១៨៨៧–១៩៤៥

ឥណ្ឌូចិននៃបារាំង (បារាំង៖ Indochine française, អង់គ្លេស៖ French Indochina, វៀតណាម៖ Liên bang Đông Dương) មានឈ្មោះជាផ្លូវការថា សហភាពឥណ្ឌូចិន (បារាំង៖ Union indochinoise, វៀតណាម៖ Liên bang Đông Dương) ពីឆ្នាំ១៨៨៧ និងមានឈ្មោះថា សហព័ន្ធឥណ្ឌូចិន (បារាំង៖ Fédération indochinoise, វៀតណាម៖ Liên đoàn Đông Dương) ពីឆ្នាំ ១៩៤៧, គឺជាទឹកដីអាណានិគមរបស់ចក្រភពអាណានិគមបារាំងនៅភូមិភាគអាស៊ីអាគ្នេយ៍

 ទឹកដីរបស់សហព័ន្ធនេះរួមមាន៖ តំបន់ក្នុងប្រទេសវៀតណាមទាំងបីភូមិភាគគឺ តំបន់តុងកឹង (ជើង) អណ្ណាម (កណ្តាល) និងកូសាំងស៊ីន (ត្បូង), ប្រទេសកម្ពុជា លាវ និងទឹកដីចិនមួយភាគតូចហៅថាក្វាងចូវៀន។ រដ្ឋធានីរបស់សហព័ន្ធនេះគឺទីក្រុងហាណូយ (ជារដ្ឋធានីពីឆ្នាំ១៩០២ ដល់ឆ្នាំ១៩៤៥) និងទីក្រុងសៃហ្គន (ពីឆ្នាំ១៨៨៧ ដល់ឆ្នាំ១៩០២ និងម្តងទៀតពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៤)។

បារាំងបានកាត់យកទឹកដីកូសាំងស៊ីននៅឆ្នាំ១៨៦២ និងបង្កើតអាណាព្យាបាលភាពនៅកម្ពុជាក្នុងឆ្នាំ១៨៦៣។ បន្ទាប់ពីបារាំងបានកាន់កាប់តំបន់ភាគខាងជើងវៀតណាមតាមរយៈយុទ្ធនាការតុងកឹង ពួកគេក៏សម្រេចចិត្ដដាក់បញ្ចូលទឹកដីអាណានិគមខ្លួនទាំងប៉ុន្មាននៅអាស៊ីអាគ្នេយ៍ជាសហភាពតែមួយនៅឆ្នាំ១៨៨៧។ ក្រោមការគ្រប់គ្រងរបស់បារាំង ធនធានជាច្រើននៅឥណ្ឌូចិនត្រូវបានពួកគេរឹបអូសយកទុកជាផលប្រយោជន៍ខ្លួនប៉ុន្តែគេឃើញថាវិស័យអប់រំនិងសុខភាពមានការរីកចម្រើនខ្លាំងជាមុន។ ដោយសារការគ្រប់គ្រងបែបកេងប្រវ័ញ្ចរបស់បារាំងនេះហើយដែលជាហេតុធ្វើឱ្យកើតមានការបះបោរជាបន្តបន្ទាប់គ្នានៅទូទាំងឥណ្ឌូចិន។ បន្ទាប់ពីបារាំងត្រូវបានផ្តួលរលំនៅក្នុងសង្គ្រាមលោកលើកទី២ អាណានិគមឥណ្ឌូចិនក៏ធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវីចឈីហើយក្រោយបន្តិចមកក៏ស្ថិតនៅក្រោមការត្រួតត្រារបស់ចក្រភពជប៉ុនរហូតដល់ខែមីនា ឆ្នាំ១៩៤៥។ ក្រោយពីជប៉ុនបានទទួលចុះចាញ់ បក្សពួកកុម្មុយនិស្តមួយក្រុមដែលគេស្គាល់ថាវៀតមិញដែលមានការដឹកដោយលោកហូ ជីមិញបានប្រកាសឯករាជ្យឱ្យវៀតណាមតែមិនយូរប៉ុន្មាន ពួកបារាំងក៏បានត្រឡប់មកគ្រប់គ្រងជ្រោយឥណ្ឌូចិនវិញ។ ដោយការប៉ះទង្គិចគ្នាបែបនេះ សង្គ្រាមឯករាជ្យមួយដែលគេស្គាល់ថាសង្គ្រាមឥណ្ឌូចិនលើកទី១ បានផ្ទុះឡើងនៅចុងឆ្នាំ១៩៤៦ រវាងពួកបារាំងនិងកងកម្លាំងវៀតមិញ។


ដើម្បីប្រឆាំងនឹងក្រុងកុម្មុយនិស្តវៀតមិញ បារាំងក៏បានប្រកាសបង្កើតរដ្ឋមួយនៅឆ្នាំ១៩៤៩ ដែលគេស្គាល់ថារដ្ឋវៀតណាមដោយមានការដឹកនាំពីអតីតអធិរាជព្រះចៅបាវ ដាយ។ កិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមវៀតណាមដោយបារាំងត្រូវបានទទួលបរាជ័យ។ ព្រះរាជាណាចក្រលាវនិងព្រះរាជាណាចក្រកម្ពុជាបានប្រកាសឯករាជ្យរៀងៗខ្លួននៅថ្ងៃទី២២ ខែតុលា និងថ្ងៃទី៩ ខែវិច្ឆិកានៃឆ្នាំ១៩៥៣។ បន្ទាប់ពីសន្ធិសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤បានចុះ ប្រទេសវៀតណាមក៏ត្រូវបានបែងចែកជាពីរចំណែកឯបារាំងក៏បានដកខ្លួនចេញពីឥណ្ឌូចិន, របបអាណានិគមបារាំងនៅឥណ្ឌូចិនត្រូវបានបញ្ចប់នៅឆ្នាំនោះ។

ទំនាក់ទំនង បារាំង–វៀតណាមបានចាប់ផ្តើមនៅដើមសតវត្សទី១៧ នៅពេលដែលសាសនទូតគ្រិស្តសាសនាម្នាក់ឈ្មោះអាឡិចសាន់ដឺ ដឺរ៉ូតស៍ជាមួយនឹងគ្នីគ្នារបស់គាត់បានធ្វើដំណើរមកដល់ដែនដីប្រទេសវៀតណាម។ នៅពេលនោះរដ្ឋវៀតណាមបានកំពុងតែពង្រីកទឹកដីរបស់ខ្លួនទៅភាគខាងត្បូងដោយបានកាន់កាប់ដែនដីសណ្តរទន្លេមេគង្គដែលត្រូវជាផ្នែកមួយនៃអាណាចក្រខ្មែរ

ទំនាក់ទំនងរបស់ពួកអឺរ៉ុបជាមួយវៀតណាមនៅសតវត្សទី១៨ គឺភាគច្រើនផ្តោតទៅលើការធ្វើជំនួញពាណិជ្ជកម្មខណៈពេលដែលកិច្ចផ្សព្វផ្សាយសាសនារបស់ខ្លួនកំពុងតែមានការរីកចម្រើនខ្លាំង។ នៅឆ្នាំ១៧៨៧ បព្វជិតកាតូលិកជនជាតិបារាំងម្នាក់ឈ្មោះ Pierre Pigneau de Behaine បានដាក់ញត្តិទៅរដ្ឋាភិបាលបារាំងឱ្យរៀបចំកងស្ម័គ្រចិត្តយោធាមួយក្រុមទុកបញ្ជូនទៅជួយង្វៀន អាញ់ក្នុងការវាយដណ្តើមទឹកដីរបស់រាជវង្សព្រះអង្គឡើងវិញពីក្រុមតៃសឺន។ លោក Pigneau បានទទួលមរណភាពនៅវៀតណាមមែនប៉ុន្តែកងទ័ពបារាំងរបស់គាត់នូវតែបន្តប្រយុទ្ធរហូតដល់ឆ្នាំ១៨០២។

ឥទ្ធិពលរបស់ចក្រភពអាណានិគមបារាំងនៅវៀតណាមបានកើនឡើងយ៉ាងខ្លាំងសម្បើមនៅអំឡុងសតវត្សទី១៩, ឧទាហរណ៍៖ អន្តរាគមន៍របស់បារាំងត្រូវបានធ្វើឡើងជាញឹកញាប់ដើម្បីការពារកិច្ចការងាររបស់សមាគមបេសកកម្មបរទេសប៉ារីសនៅក្នុងប្រទេសវៀតណាម។ មិនយូរប៉ុន្មាន រាជវង្សង្វៀនបានចាប់ផ្តើមមើលឃើញថាអ្នកផ្សព្វផ្សាយសាសនាកាតូលិកទាំងនោះអាចក្លាយទៅជាឧបសគ្គផ្នែកនយោបាយរបស់ប្រជាជាតិខ្លួននាពេលអនាគត។ ឧទាហរណ៍៖ ស្រីពេស្យាដែលជាក្រុមដ៏មានឥទ្ធិពលមួយនៅក្នុងប្រព័ន្ធរាជវង្សបានកើតមានការព្រួយបារម្ភចំពោះឋានៈរបស់ពួកគេនៅក្នុងសង្គមថ្មីមួយដែលតម្រូវឱ្យមានភាពជាឯកពន្ធន៍។

នៅឆ្នាំ១៨៥៨ បន្ទាប់ពីរយៈពេលខ្លីបន្តិចក្រោយពីរាជវង្សង្វៀនបានបង្រួបបង្រួមប្រទេសវៀតណាមទាំងមូលហើយ មានការវាយប្រហារមួយបានប្រព្រឹត្តិធ្វើឡើងមកលើបុរីដាណាងដោយក្រុមនាវិករបស់ឧត្តមនាវីបារាំងម្នាក់ឈ្មោះសាល រីហ្គាល់ដឺជេនូលីក្រោមព្រះរាជបញ្ជាពីព្រះចៅអធិរាជណាប៉ូលេអុងទី៣។ មុនពេលការវាយប្រហារនេះ មានអ្នកការទូតបារាំងម្នាក់ឈ្មោះសាល ដឺមនទីនីបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយដោយសន្តិវិធីប៉ុន្តែត្រូវទទួលបរាជ័យ។ ដោយមើលឃើញថា គ្មានមធ្យោបាយផ្សេងទៀត បារាំងក៏បានបញ្ជូនលោកជេនូលីក្នុងកិច្ចប្រឹងប្រែងខាងយោធាដើម្បីបញ្ចប់ការធ្វើទុក្ខបុកម្នេញនិងការបណ្តេញអ្នកផ្សព្វផ្សាយសាសនាកាតូលិកពីវៀតណាមដោយរាជវង្សង្វៀន។

សំពៅបារាំងចំនួនដប់បួនគ្រឿងជាមួយនឹងកម្លាំងទ័ពចំនួន ៣,៣០០ នាក់អមជាមួយទ័ពហ្វីលីពីនចំនួន ៣០០ នាក់ដែលឧបត្ថមដោយពួកអេស្ប៉ាញ បានបើកការវាយប្រហារលើកំពង់ផែក្រុងដាណាងដែលបណ្តាលឱ្យទីក្រុងនោះទទួលរងការខូចខាតយ៉ាងច្រើនហើយទីបំផុតក៏ធ្លាក់ក្រោមការត្រួតត្រារបស់បារាំង។ បន្ទាប់ពីប្រយុទ្ធចម្បាំងជាមួយយួនអស់រយៈពេលជាងបីខែហើយដោយមិនឃើញកងកម្លាំងខ្លួនរុលទៅមុខបាន លោកជេនូលីបានស្នើរដ្ឋាភិបាលបារាំងសុំវាយប្រហារលើទីក្រុងសៃហ្គន (ព្រៃនគរ) ហើយសំណើរបស់គាត់ក៏ត្រូវបានអនុម័តទទួលយល់ព្រមពីរដ្ឋាភិបាល។

ក្រោយមក ជេនូលីជាមួយនឹងទ័ពរបស់លោកបានចេញដំណើរទៅកាន់ទីក្រុងសៃហ្គនហើយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៥៨៩ ទ័ពរបស់លោកក៏បានកាន់កាប់ទីក្រុងនោះបានសម្រេច។ ដូចមុនអញ្ចឹងដែរ ទ័ពរបស់លោកជូនេលីមិនអាចរុលទៅមុខចេញពីទីក្រុងបាននោះទេ។ ដោយហេតុនេះ សេចក្តីរិះគុនក៏កើតមានឡើងចំពោះភាពដឹកនាំរបស់លោកហើយនៅខែវិច្ឆិកា ឆ្នាំ១៩៨៩ លោកជូនេលីក៏ត្រូវបានជំនួសដោយឧត្តមនាវីឯកថ្មីម្នាក់ឈ្មោះផែកដោយលោកមានគោលដៅបង្កើតសន្ធិសញ្ញាការពារជំនឿសាសនាកាតូលិកនៅវៀតណាមខណៈពេលដែលមិនចង់បន្តឈ្លានពានទឹកដីវៀតណាមតទៅមុខទៀត។

ការចរចាដោយសន្តិវិធីបានប្រព្រឹត្តិទៅតែមិនបានផលអ្វីនោះទេដូច្នេះការប្រយុទ្ធគ្នានៅទីក្រុងសៃហ្គនត្រូវបានបន្ត។ ទីបំផុតនៅឆ្នាំ១៨៦១ បារាំងបាននាំកម្លាំងបន្ថែមទៀតដើម្បីទ្រទ្រង់យុទ្ធនាការសៃហ្គនហើយលើកនេះកម្លាំងពួកគេក៏រុលទៅមុខចេញពីទីក្រុងនិងទៅកាន់កាប់ទីប្រជុំជនផ្សេងៗទៀតនៅតំបន់ដីសណ្តរទន្លេមេគង្គបានសម្រេច។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២ ភាគីវៀតណាមបានយល់ព្រមនិងចុះហត្ថលេខាលើសន្ធិសញ្ញាសៃហ្គនដោយក្នុងនោះវៀតណាមបានចាត់ទុកថាការអនុវត្តតាមសាសនាកាតូលិក គឺជាសកម្មភាពស្របនឹងច្បាប់វិញ បើកការធ្វើពាណិជ្ជកម្មនៅតំបន់ដីសណ្តរទន្លេមេគង្គ កាត់ខេត្តចំនួនបីនិងកោះមួយនៅភាគខាងត្បូងទៅឱ្យបារាំង និងបង់សំណងខូចខាតឱ្យបារាំងដែលស្មើនឹង មួយលានដុល្លារ

នៅឆ្នាំ១៨៦៤ ខេត្តចំនួនបីដែលបានលើកឡើងទៅឱ្យបារាំងត្រូវបានបង្កើតជាអាណានិគមបារាំងនៃតំបន់កូសាំងស៊ីនជាផ្លូវការ។ ក្រោយមកនៅឆ្នាំ១៨៦៧ ឧត្តមនាវីបារាំងម្នាក់ឈ្មោះព្យែរ ដឺឡាក្រង់ឌែរបានបង្ខំឱ្យវៀតណាមប្រគល់ខេត្តចំនួនបីរបស់ខ្លួនបន្ថែមទៀតមកឱ្យបារាំង។ ខេត្តទាំងប្រាំមួយខាងលើរួមទាំងកោះចំនួនមួយក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់បារាំងចាប់ពីពេលនោះមក។

នៅក្នុងឆ្នាំ១៨៦៣ ព្រះរាជាខ្មែរព្រះបាទនរោត្តមបានស្នើសុំឱ្យបារាំងដាក់អាណានិគមលើប្រជាជាតិរបស់ទ្រង់។ នៅឆ្នាំ១៨៦៧ សៀមបានលះបង់ការគ្រប់គ្រងរបស់ខ្លួននៅកម្ពុជាហើយទទួលស្គាល់ជាផ្លូវការនូវអាណានិគមកិច្ចបារាំងនៅកម្ពុជានៃឆ្នាំ១៨៦៣ ជាថ្នូរនឹងការត្រួតត្រាខេត្តបាត់ដំបងនិងខេត្តសៀមរាប (ខេត្តទាំងពីរបានប្រគល់មកប្រទេសកម្ពុជាវិញតាមរយៈសន្ធិសញ្ញាព្រំដែនរវាងបារាំងនិងសៀមនៅក្នុងឆ្នាំ១៩០៦)។

បារាំងបានចូលកាន់កាប់លើតំបន់វៀតណាមខាងជើងបន្ទាប់ពីបានទទួលជ័យជម្នះលើចិននៅក្នុងសង្គ្រាមចិន-បារាំង (១៨៨៤-១៨៨៥)។ ឥណ្ឌូចិននៃបារាំងត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៧ ដោយមានតំបន់អណ្ណាម តុងកឹង កូសាំងស៊ីន (បូកចូលគ្នាក្លាយជាប្រទេសវៀតណាមសព្វថ្ងៃ) ព្រះរាជាណាចក្រកម្ពុជា ហើយទីបំផុតគឺលាវ (បានមកពីឈ្នះសង្គ្រាមបារាំង‐សៀមក្នុងឆ្នាំ១៨៩៣) ជាទឹកដីរបស់ខ្លួន។

សហព័ន្ធមួយនេះមានអត្ថិភាពរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤។ នៅក្នុងអាណានិគមរបស់ខ្លួនទាំងបួនគឺបារាំងបានចាត់ឱ្យមេដឹកនាំក្នុងស្រុកជាអ្នកគ្រប់គ្រងដោយក្នុងនោះមានអធិរាជវៀតណាម ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រហ្លួងព្រះបាងប៉ុន្តែតាមការពិត រាល់អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃពួកបារាំងទាំងស្រុង។

ការបះបោរនៅវៀតណាម

ខណៈពេលបារាំងកំពុងព្យាយាមបង្កើតការគ្រប់គ្រងរបស់ខ្លួននៅ កម្ពុជា មានការបះបោរដ៏ធំមួយបានកើតឡើងនៅវៀតណាមដែលបង្កឡើងដោយ ចលនាកាន់វឿង ដោយចលនានេះមានគោលដៅបណ្តេញបារាំងចេញ និងតម្លើងព្រះចៅអធិរាជវ័យ ក្មេងម្នាក់ព្រះនាម ហាំមង្គី ជាមេដឹកនាំនៃរដ្ឋឯករាជ្យវៀតណាម។ ចលនាមួយនេះគឺច្រើនផ្តោតប្រឆាំងទៅលើ គ្រិស្តសាសនិកយួន ដែលជាហេតុបណ្តាលឱ្យគ្រិស្តសាសនិកចំនួន ៤០,០០០ នាក់ បានស្លាប់។ ដោយខ្វះការសហការគ្នា មិនយូរប៉ុន្មាន ចលនានេះក៏ត្រូវបារាំងបង្ក្រាបបានតាមរយៈការចូលធ្វើអន្តរាគមន៍ពីក្រុមយោធា។

គំនិតជាតិនិយមនៅវៀតណាមបានរីកធំឡើងជាលំដាប់នៅក្នុងនិងក្រោយសង្គ្រាមលោកលើកទី១ ប៉ុន្តែទោះជាយ៉ាងណា ការបះបោរនិងកិច្ចខិតខំប្រឹងប្រែងទាំងប៉ុន្មាន គឺមិនបានផ្តល់ផលអ្វីនោះសោះដល់ប្រជាជាតិវៀតណាម។

No comments:

Post a Comment