ប្រធានគណបក្សរស្មីខេមរា ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត គណបក្សរស្មីខេមរា បានចូលរួមប្រកួតក្នុងការបោះឆ្នោតថ្ងៃទី២៩ កក្កដា ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិរិះគន់ថា ជាការបោះឆ្នោតក្លែងក្លាយនោះ ប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ ក្នុងលិខិតជូនដំណឹងចុះថ្ងៃទី៣១ កក្កដា ផ្ញើទៅកាន់ស្ថានទូតចំនួន៨ ប្រធានគណបក្សរស្មីខេមរា លោក ស៊ិន សុភាព បញ្ជាក់ថា គណបក្សលោកមិនទទួលស្គាល់ជាដាច់ខាតនូវលទ្ធផលបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ដោយសារការបោះឆ្នោតមិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អនុប្រធានគណបក្សរស្មីខេមរា លោក ហែម ប្រសើរ បញ្ជាក់ប្រាប់អាស៊ីសេរីតាមទូរសព្ទថា គណបក្សលោកបានសង្កេតឃើញភាពមិនប្រក្រតីជាច្រើននៅតាមភូមិឃុំនៃមណ្ឌលបោះឆ្នោតចំនួន ៧ ដែលគណបក្សលោកបានឈរឈ្មោះដូចជាការបំភិតបំភ័យសកម្មជនគណបក្សលោកពីសំណាក់អាជ្ញាធរមូលដ្ឋាន និងការទិញសំឡេងឆ្នោតពីមន្ត្រីគណបក្សប្រជាជនកម្ពុជា យ៉ាងបើកចំហហួសពីការស្មាន៖ «ដូចថា មានការទៅបំភ័យ ដល់សកម្មជនរបស់ខ្ញុំដល់ផ្ទះ អ៊ីចឹងបានថា ខ្ញុំថា អត់មានសេរីភាព។ និយាមរួមទៅ មានគណបក្សខ្លះ គេមានការសូកប៉ាន់ប្រជាពលរដ្ឋ និយាយរួមគណបក្សកាន់អំណាច និយាយរួម ដូចជាអោយលុយទៅប្រជាពលរដ្ឋ ដើរតាមគ្រប់កន្លែងទីកន្លែងទាំងអស់។ ឃើញហើយនិយាយរួមទៅ មិនចាំបាច់ខ្ញុំនិយាយទេ។»
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត ច្រានចោលការចោទប្រកាន់ទាំងនេះទេ។ លោកមានប្រសាសន៍ថា បើគណបក្សរស្មីខេមរាមានភស្ដុតាងអ្វីមួយ សូមបង្ហាញទៅគ.ជ.បតាមនីតិវិធី។
អនុប្រធានគណបក្សរស្មីខេមរា លោក ហែម ប្រសើរ អះអាងថា គណបក្សលោកនឹងប្ដឹងតវ៉ាទៅ គ.ជ.ប ក្រោយថ្ងៃប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅថ្ងៃទី១១សីហាខាងមុខ។
គណបក្សរស្មីខេមរាជាគណបក្សថ្មីសន្លាងមួយដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ។ លទ្ធផលបឋមនៃការបោះឆ្នោតឆ្នោតចេញផ្សាយដោយ គ.ជ.ប នៅថ្ងៃទី៣០ កក្កដាបង្ហាញថា គណបក្សនេះទទួលបានសំឡេងឆ្នោតសរុបជាង ៤ពាន់សំឡេង (៤៣៣៦សំឡេង) ស្មើនឹង ០.០៧% នៃចំនួនសន្លឹកឆ្នោតសរុបនៅទូទាំងប្រទេស ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានជាង៧៦ភាគរយ។
ទោះយ៉ាងណា តួលេខចេញផ្សាយដោយ គ.ជ.បត្រូវបានអ្នកតាមដានការបោះឆ្នោតនៅកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបលោក ហ៊ុន សែន រំលាយចោលនៅមុនការបោះឆ្នោតនោះ ចាត់ទុកថា ជាតួលេខមិនអាចយកជាការបានឡើយ ដោយសារស្ថាប័នរៀបចំការបោះឆ្នោតចំណុះអោយគណបក្សកាន់អំណាច៕
លោក ទេព ទ្រូ៖ គណបក្សរស្មីខេមរា ចង់លុបបំបាត់វប្បធម៌ «អាង» ចេញពីសង្គមខ្មែរ នៅក្នុងថ្ងៃទី១៥នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ វិទ្យុបារាំងអន្ដរជាតិសូមអញ្ជើញលោកអ្នកនាង ស្ដាប់បទសម្ភាសជាមួយ លោក ទេព ទ្រូ ដែលជាអនុប្រធានទី១នៃគណៈកម្មការនាយករបស់គណបក្សរស្មីខេមរា។ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៦នេះ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ដាក់បេក្ខភាពចូលរួមប្រកួតប្រជែងនៅមណ្ឌលចំនួន៧។ តាមរយៈបទសម្ភាសជាមួយ RFI លោក ទេព ទ្រូ បានលើកឡើងថា នៅក្នុងការដឹកនាំប្រទេស គណបក្សរស្មីខេមរា ចង់លុបបំបាត់ឲ្យអស់វប្បធម៌អាង ហើយពង្រឹងនីតិរដ្ឋ។ សម្រាប់លោក ទេព ទ្រូ គឺមានការពង្រឹងនីតិរដ្ឋទេ ដែលអាចធ្វើឲ្យប្រទេសជាតិរីកចម្រើនពិតប្រាកដ។
No comments:
Post a Comment