៩២៥ -៩២៨ ព្រះបាទឥសានវរ្ម័នទី២ ត្រូវជាអនុជព្រះបាទហស៌វរ្ម័នទី១ និងត្រូវជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ ព្រះអង្គបាសោយរាជ្យនៅគ.ស៩២៥ ហើយចូលទីវង្គតៅមានមរណនាមថា បរមរុទ្រលោក។
អីសានវរ្ម័ន២៖ព្រះបាទ ឥសានវរ្ម័ន (ប្រសូតនៅ គ.ស ៨៥៦-៩០០) រជ្ជកាលគ្រងរាជ (គ.ស ៨៨៩-៩០០) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ក្នងឆ្នាំ ៨៧០ នៃ គ.ស ទ្រង់មានបុត្រ១អង្គព្រះនាម "ឥសានវរ្ម័នទី២" ។ ព្រះបាទ "ឥសានវរ្ម័នទី២" ទ្រង់បានរៀបអភិសេកនិងអ្នកម្នាងរបស់ទ្រង់១អង្គព្រះនាម (អ្នកម្នាងកែវ) ទ្រង់មានបុត្រ១អង្គព្រះនាម "ហ័ស្វរៈវរ្ម័ន" ក្នងឆ្នាំ ៩០១ នៃ គ.ស ។ ចុងឆ្នាំ ៩០០ នៃ គ.ស ពញ្ញាក្រែក ដែលត្រូវជាក្មួយ ព្រះបាទ ឥសានវរ្ម័ន បានជ្រែករាជធ្វើគត់ ព្រះបាទ ឥសានវរ្ម័ន និង បងប្អូនជីដូនមួយ ឥសានវរ្ម័នទី២ ហើយឡើងសោយរាជ ក្នុងឆ្នាំ ៩០១ នៃ គ.ស ដែលមាន ព្រះនាមក្នុងរាជថា ព្រះបាទ (ព្រហ្មកិត) ។ ព្របាទ (ព្រហ្មកិត) បាន បញ្ជាឲប្អូនរបស់ខ្លួនព្រះនាម ពញ្ញាពេជ្រ តាមសម្លាប់ (អ្នកម្នាងកែវ) និង "ព្រះបាទ ហ័ស្វរៈវរ្ម័ន" ក្នុងឆ្នាំ ៩០១ នៃ គ.ស ។ ក្នុងការតាមសម្លាប់ "ព្រះបាទ ហ័ស្វរៈវរ្ម័ន" នោះតមកប្រវត្តិ រឿង ព្រះបាទបក្សីចាំក្រុង ។
ព្រះបាទឥសាណវរ្ម័នទី២ (៩២៥-៩២៨)
ក្រោយពីព្រះបាទហស៌វរ្ម័នទី១ ទ្រង់សោយទិវង្គតទៅ ព្រះអនុជរបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងនៅឆ្នាំ៩២៥ នៃគ្រិស្ដសករាជ ដែលមានព្រះនាមក្នុងរាជ្យថា ព្រះបាទឥសាណវរ្ម័នទី២។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបាទឥសាណវរ្ម័នទី២ ត្រូវប្រឈមមុខនឹងការបះបោរដណ្ដើមរាជ្យរបស់ស្ដេចមាជាស្វាមីព្រះនាងជ័យទេវី ដែលជាប្អូនស្រីរបស់ព្រះបិតាព្រះអង្គ ហើយដែលជាអនាគតព្រះបាទជ័យវរ្ម័នទី៤។ ព្រះបាទឥសាណវរ្ម័នទី២ ទ្រង់សោយទិវង្គតនៅឆ្នាំ៩២៨ ដោយមានព្រះមរណនាមថា បរមរុទ្រលោក។
សិលាចារឹកបុរេអង្គរ Ka 511 នៅតំបន់ស្រែអំពិល
នៅឆ្នាំ ១៩៨៤ លោក យ៉ន ស៊ុំ នៅភូមិស្តៅកន្លែង ក្នុងឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល បានរកឃើញផ្ទាំងសិលាចារឹកមួយនៅលើទួលប្រាសាទឥដ្ឋបុរាណមួយឈ្មោះថា ទួលលោកយាយ ដែលស្ថិតនៅខាងត្បូងនៃទួលម្កាក់ ដែលសព្វថ្ងៃមិនឆ្ងាយពីពុទ្ធមណ្ឌលកម្ពុជា។ មានរាងជាចតុកោណ កម្ពស់ ០,៧ម៉ែត្រ ទទឹង ០,៣៤ម៉ែត្រ និងកម្រាស់ ០,១៣ម៉ែត្រ ផ្ទាំងសិលាចារឹកខាងលើមានអក្សរចារលើផ្ទៃមុខទាំងសងខាង (មុខ និងក្រោយ)។ តទៅនេះ យើងសូមយកអត្ថបទសិលាចារឹកប្រែសម្រួលសេចក្តី ដោយលោក វង់ សុធារ៉ា ដើម្បីជូនជាព័ត៌មានដែលមានខ្លឹមសារដូចខាងក្រោមនេះ :
ផ្ទាំង “ក”
“១-៩)- ឆ្នាំ ៨៤៧ សកៈ (=៩២៥ គ.ស) ថ្ងៃទី១០ រោជ ខែអស្សុជ ពេលនោះមានព្រះរាជបញ្ជារបស់ព្រះករុណា ព្រះបាទព្រះគម្តែងអញ ចំពោះកំស្តេងអញស្រីលក្ម្សីបតិវម៌ កំស្តែងអញស្រីជយេន្ទ្រាធិបតីវម៌ កំស្តែងអញស្រីជយសិង្ហវម៌ កំស្តេងអញស្រីមហីធរវម៌ និងម្រតាញស្រីរាជេន្ទ្រសិង្ហ និងម្រតាញស្រីនឫបតិន្ទ្រវមិ និងឆ្លោញគោត្របាលខ្លោញគាបតំតេន ឲ្យបន្ទូលនាំព្រះរាជបញ្ជាមកឲ្យដល់វាបហើយ ជាអ្នកជំនិត (ត្រួតមើល) ក្មេងបម្រើ និងវាបសិវវ្រាហ្មណជាអ្នកជំនិត (ប្រត្យ័យ) និងវាបពលទេព ជាប្រធាននៃមន្ត្រី ១០រូប (ទសាធិក្រឹត្យ) ខាងត្រួតមើលរាជវាំង។ ៩-១៣)- ហើយទ្រង់ប្រើឲ្យមកចារសិលាចារឹកទុក និងសង់ (គោល) ព្រះយមរាជ នៅក្នុងកំឡុងប្រមាណប្រាសាទបុរៈ នាកន្លែងបេះផ្កាឈូកថ្វាយព្រះ និងម្លូ (ឬទឹកឃ្មុំ) ជាព្រះស្ងោយ។ ពុំឲ្យទីនោះនៅចំណុះខ្លោញវ្រីហិ (អង្ករ) និងខ្លោញកនទ្វារជា បម្រើជំនិតឡើយ (អញ្ចឹងហើយ) មិនត្រូវបង់អង្ករ, ប្រេងជ័រឈើ ប្រេងពីគ្រាប់ធញ្ញជាតិ និងអ្នកបម្រើសម្រាប់ថែរក្សាព្រះឲ្យ (ពួកគេ) ធ្វើព្រះស្ងោយឡើយ។ ១៣-១៥)- ដូចគ្នានោះដែរ អ្នកណារស់នៅក្នុងប្រមាណ ប្រាសាទបុរៈនេះ ពុំត្រូវដើរចូលឲ្យហួសព្រំប្រទល់កំណត់នេះទេ។ ពួកគេទាំងអស់ជាអ្នកថ្វាយព្រះស្ងោយ។ ពួកគេពុំត្រូវធ្វើជាអ្នកចូលចាប់ឃ្មុំនៅក្នុងព្រៃនេះ នៃប្រមាណប្រាសាទបុរៈ ចាប់ពីប្រាសាទព្រះកម្រតេងអញយុជថ្កូល ត្រើយថ្កូវបុធ្យាត, (ទៅ) ថ្កួលស្វាយសូ (ស្រី) កន្តៃ, (ទៅ) មាត់ស្ទឹងតំពន់, (ទៅ) មាត់ស្ទឹង មាត់ (ចំលង) ជៃមែង, (ទៅ) មាត់ ស្ទឹងបត់ចំរេង កំពង់កព្រះ (ល្ហ), ថ្កូលលន្លង់ប្រលោង, (ទៅ) មាត់ស្ទឹងបាក់ញ្លាយ, (ទៅ) មាត់ឆ្លិព្រះ (?) ព្រះលីខាងលិចថ្កូល, (ទៅ) ឆ្លិព្រៃព្រលែងសិរី ស្រីព្រហ្មរ័ក្ស, (ទៅ) មាត់ស្ទឹងវ្យា រោយកោសុម្ក (ល័ក្តពណ៌), (ទីកន្លែង) ទាំងនេះគឺនៅក្នុងអំឡុងប្រមាណ ដែលជាកន្លែងចាប់ឃ្មុំធ្វើព្រះស្ងោយ។ ពុំត្រូវធ្វើជាអ្នកចូលឲ្យហួសគោលកំណត់ទុកនេះឡើយ។ ២៣-២៦)- ប្រសិនបើមានអ្នកណាចូលហួសគោលព្រំប្រទល់កំណត់ទុកទាំងអស់នេះ នៅព្រៃដូចបានរៀបរាប់ទាំងអស់នេះ នឹងត្រូវដាក់ទោសពិន័យដោយវាយខ្នង ៤០០រំពាត់ ម្យ៉ាងទៀតតទៅថ្ងៃក្រោយនេះ បើមានអ្នកណាម្នាក់ចូលមក (ទីនេះ) ហើយបើមានអ្នកចាប់ឃ្មុំ បេះផ្កាឈូកសម្រាប់បូជាព្រះ (ព្រះបុស្ករ) និងយកទឹកឃ្មុំ (នឹងត្រូវ) ចោះត្រចៀកមួយដោយត្រូវកាត់ដៃមួយ ដោយត្រូវកាត់ប្រអប់ជើងមួយ ដោយហេតុតែពុំបានធ្វើតាមព្រះរាជបញ្ជានេះ។
” ផ្ទាំង “ខ” “ឆ្នាំ ៨៤៧ សកៈ មានព្រះរាជបញ្ជាព្រះករុណាព្រះបាទព្រះគម្តែងអញ ចំពោះកំស្តេងអញស្រីលក្ម្សីបតិវម៌ កំស្តែងញស្រីជ័យេន្ទ្រាធិបតិវម៌ កំស្តេងអញស្រីជយសិង្ឃវម៌ កំស្តេងអញស្រីមហិធរវម៌ និងម្រតាញស្រីរាជេន្ទ្រសិង្ឃ និងម្រតាញស្រីជយេន្ទ្របណ្ឌិត ឲ្យបន្ទូលព្រះរាជបញ្ជាទៅឲ្យវាប ហើយជាប្រត្យ័យក្មេងបម្រើ វាបសិវវ្រាហ្មណ ជាអ្នកជំនិត និងវាបពលទេព ជាប្រធានមន្ត្រី១០ ខាងត្រួតមើលទ្វាររាជវាំង” (Cf. វង់ សុធារ៉ា, “សិលាចារឹកថ្មីមួយ ពីទួលលោកយាយ Ka 551 នៅតំបន់ស្រែអំពិល”, ទស្សនាវដ្តី សង្គមសាស្ត្រ-មនុស្សសាស្ត្រ, ខែតុលា-វិច្ឆិកា-ធ្នូ ឆ្នាំ ២០០៩) ។
តាមរយៈវត្តមានរបស់សិលាចារឹកនេះ ក៏ដូចភស្តុតាងផ្សេងៗឯទៀតនៅខាងលើ យើងឃើញថា តំបន់ស្រែអំពិល ស្រុកកៀនស្វាយ ក្នុងអតីតកាលគឺ ជាមជ្ឍមណ្ឌលវប្បធម៌យ៉ាងសំខាន់។ ឧត្តមភាព និងវឌ្ឍនភាពនៃតំបន់នេះត្រូវបានគូសបញ្ជាក់ដោយបណ្តុំប្រាសាទឥដ្ឋដ៏ច្រើន ដែលសព្វថ្ងៃនៅសល់តែខឿន និងសមាសធាតុតុបតែងលំអមួយចំនួនតូចប៉ុណ្ណោះ ដូចជា ថ្មព្រះច័ន្ទ, ស៊ុមទ្វារ, បំណែកកុលាលភាជន៍, បំណែកសិវលិង្គ, ស្នានទ្រោណិ, និងទម្រទេវរូបជាដើម។ យើងឯកភាពទាំងស្រុងជាមួយនឹងលោក វង់ សុធារ៉ា ដែលគិតថា សិលាចារឹកនេះ គឺជាព្រះរាជបញ្ជា ឬព្រះរាជបញ្ញាត្តិរបស់ព្រះបាទឥសានវរ្ម័នទី២ ចារឡើងនៅឆ្នាំ ៩២៥នៃគ.ស។ ចំពោះចម្ងល់ដែលថា តើការប្រមូលផល ដើម្បីធ្វើព្រះស្ងោយ ដែលមកពី “ដីព្រៃបម្រុងសម្រាប់យកផ្កាថ្វាយព្រះ (វ្រះបុស្ករៈ) និងឲ្យឃ្មុំទំនៅ (សម្រាប់យកទឹកឃ្មុំ)” នោះយើងសូមបញ្ជាក់ថា ដើម្បីរួមចំណែកបំពេញបន្ថែមទិន្នន័យខ្លះៗស្តីពីវប្បធម៌បុរាណ យើងសូមបញ្ជាក់ថា ព្រះស្ងោយនៅទីនេះ គឺសំដៅលើប្រាសាទ ឬ ព្រះអាទិទេពនៅប្រាសាទ ដោយឥត សង្សយ។ ពោលគឺ មិនមែនសម្រាប់ព្រះស្ងោយរបស់ព្រះបាទឥសានវរ្ម័នទី២នោះទេ។ ចំណុចជាវិជ្ជមានមួយទៀត គឺថា ការយកទឹកឃ្មុំ ដើម្បីជាដង្វាយថ្វាយអាទិទេព នៅតាមប្រាង្គប្រាសាទ ឬក៏ដើម្បីបរិភោគ ដោយលើសពីនេះទៀត ដើម្បីយកក្រមួន ដើម្បីផលិតគ្រឿងបំភ្លឺនៅពេលយប់ ក៏បង្ហាញអំពីលក្ខណៈជាតិខ្មែរនាសម័យចេនឡា និងអង្គរដែរ ។ នៅក្នុងសម័យបុរាណកាល ចាប់តាំងពីឆ្នាំ ៦៣៩ ប្រទេសកម្ពុជាត្រូវជនជាតិចិនហៅថា ចេនឡាដែលមានន័យថា ស្រុក ឬប្រទេសមានក្រមួនសុទ្ធ ។ កុំភ្លេចថា ចិននាសម័យនោះ ក៏ត្រូវការនូវក្រមួនខ្មែរ ដើម្បីធ្វើទៀនប្រើប្រាស់ក្នុងពិធីសាសនាផងដែរ៕ (ម.ត្រាណេ។
ក្រុមប្រាសាទកោះកេរ្តិ៍ (កោះកេរ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចំងាយ ៧២គ.ម ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ២១១ និងផ្លូវលំចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរតាមដងផ្លូវលេខ៦៤ ដែលបែកចេញពីផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ឆ្ពោះទៅទិសខាងជើងសំដៅទៅរកស្រុកស្វាយលើ ខេត្តសៀមរាប រួចបន្តទៅស្រុកគូលេន ខេត្តព្រះវិហារ គឺមានចំងាយប្រមាណ ១២០គ.ម។ បើគិតពីការគ្រប់គ្រងរដ្ឋបាលសព្វថ្ងៃ មណ្ឌលនៃអតីតរាជធានីនេះ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។
កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍ ។ មូលហេតុនៃការដោះដូររាជធានីនេះ ប្រហែលជាមានច្រើន ប៉ុន្តែគេអាចដឹងត្រឹមថាទ្រង់ជាស្តេចជ្រែករាជ្យក្មួយប្រុសរបស់ខ្លួន គឺបុត្ររបស់ព្រះបាទយសោវរ្ម័ន។
នៅកន្លែងថ្មីនេះ ព្រះអង្គបានខិតខំកសាងនូវសមិទ្ធិផលធំៗ ជាច្រើនដូចជាប្រាសាទកោះកេរ្តិ៍ ឬហៅថាប្រាសាទធំ សម្រាប់តម្កល់សិវលិង្គ ឈ្មោះត្រីភូវនេស្វរៈ ជាដើម។ បច្ចុប្បន្នសេវលិង្គបានបាត់បង់ទៅហើយ។
នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ៣៥ម ចែកចេញជា៧ថ្នាក់ និងមានកាំជណ្តើរប្រមាណ ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយមានកំពស់៥ម មានផ្ទៃរាបប្រមាណ ២ម តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។
សំណង់ប្រាសាទកោះកេរ្តិ៍ ឬប្រាសាទធំនេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ នៅទិសខាងលិច សំណង់ប្រាសាទកោះកេរ្តិ៍ គឺជារាជធានីយសោធបុរៈ (អង្គរ)។
ក្រោយពីការសោយទិវង្គត់ របស់ព្រះបាទជ័យវរ្ម័នទី៤ និងព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមហស៌វរ្ម័នទី២ ប្រហែលនៅក្នុងឆ្នាំ ៩៤៤គ.ស រាជធានីកោះកេរ្តិ៍ ឬឆោកគគ៌្យរ ក៏ត្រូវបាន ព្រះបាទរាជេន្រ្ទវរ្ម័នទី២ ផ្លាស់ចូលមកក្នុងរាជធានីយសោធបុរៈ (អង្គរ) វិញ។ ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានយាងត្រឡប់មកសោយរាជ្យនៅរាជធានីអង្គរវិញ ប៉ុន្តែគ្មាននរណាម្នាក់អាចពន្យល់ពីមូលហេតុអោយបានច្បាស់លាស់ នៃការវិលត្រឡប់ របស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានឡើយ។
ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។
បើគិតពីរយៈពេលនៃការតាំងរាជធានីនៅកោះកេរ្តិ៍ មានតែជាង២០ឆ្នាំប៉ុណ្ណោះ តែការតាំងទីរស់នៅរបស់ប្រជាជនគឺច្បាស់ជាមានមុននោះ ហើយការសាងសង់សំណង់ប្រាសាទនានាច្បាស់ជាមានយូរក្រោយមកទៀត ថ្វីត្បិតសំណង់មានច្រើនសន្ធឹកសន្ធាប់។
បើសិនជាយើងពិនិត្យមើលលើសំណង់ប្រាសាទ ដែលមានច្រើនស្អេកស្កះនៅតំបន់កោះកេរ្តិ៍ យើងឃើញថា សំណង់ កោះកេរ្តិ៍ ភាគច្រើនត្រូវបានកសាង ក្នុងរយៈពេលខ្លី នៃរជ្ជកាលរបស់ព្រះបាទ ជ័យវរ្ម័នទី៤ តែប៉ុណ្ណោះ។ ក្រៅពីតំបន់កោះកេរ្តិ៍ យើងឃើញមានប្រាសាទ មួយចំនួន ដែលសាងសង់ក្នុងរចនាថ ដូចគ្នានៅតំបន់ផ្សេងៗទៀតដូចជា ប្រាសាទក្រវ៉ាន់នៅអង្គរ ប្រាសាទនាងខ្មៅតាកែវ ប្រាសាទមួយចំនួន នៅជើងភ្នំដងរែក និងនៅក្នុងប្រទេសថៃ បច្ចុប្បន្ន។
ទោះជាយ៉ាងនេះក្តី ក្រុមប្រាសាទនៅតំបន់កោះកេរ្តិ៍ ជាអច្ឆរិយៈដ៏អស្ចារ្យរបស់ខ្មែរ។ ក្រុមប្រាសាទកោះកេរ្តិ៍ សង់លើផ្ទៃដីខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ឬឆោកគគ៌្យរ។ ប៉ុន្ដែឈ្មោះជាផ្លូវការតាមភាសាសំស្ក្រិត ដែលបានកត់ត្រានៅតាមសិលាចារឹក គឺ«លិង្គបុរៈ»។ អ្វីដែលគួរឲ្យអ្នកសិក្សាស្រាវជ្រាវ និងអ្នកប្រវត្តិសាស្ត្រយកចិត្តទុកដាក់ពីតំបន់កោះកេរ្តិ៍ គឺការសាងសង់ប្រាសាទរាងជាសាជី។ ភាគច្រើននៃសំណង់ប្រាសាទទាំងនោះ គឺស្ថាបនាឡើងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់។ លក្ខណៈសំណង់ប្រាសាទនេះ គឺល្អប្លែកពីគេដូច្នេះហើយ បានជានៅក្នុងស្ថាបត្យកម្មសិល្បៈខ្មែរ គេឱ្យឈ្មោះក្រុមប្រាសាទកោះកេរ្តិ៍ ជាឈ្មោះរចនាបទមួយហៅថា «រចនាបទកោះកេរ្ដិ៍» ។ នៅពេលដែលមនុស្សម្នាទូទៅនឹកគិតស្រមើស្រមៃ និងអាចទៅទស្សនាឃើញដោយផ្ទាល់ភ្នែកអំពីប្រាសាទកោះកេរ្ដិ៍នេះ នោះអ្នកគ្រប់គ្នាអាចគិតពិចារណាថា វាគឺជាប្រាសាទពីរ៉ាមីត របស់ប្រទេសកម្ពុជា។
តំបន់កោះកេរ្តិ៍ជាតំបន់ ដែលបន្សល់ទុកនូវរបកគំហើញថ្មីៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ប្រាង្គប្រាសាទ និងរូបចម្លាក់នានាសុទ្ធតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិ។ អ្នកស្រាវជ្រាវបានរកឃើញសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទនៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ៤ជ្រុង មានប្រាសាទមួយចំនួនដូចជាៈ ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះ ពុំបានសាងសង់ ជាប់គ្នាទេ គឺនៅដាច់ៗពីគ្នាពី១គ.ម ទៅ៣គ.ម ឬ ៤គ.ម បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាតបាត់រូបរាង ខ្លះកប់ក្នុងដី...។
ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញទាំងពីធម្មជាតិ និងពីមនុស្ស។ ប្រាសាទកោះកេរ្តិ៍ ត្រូវរងនូវការបាក់បែក និងខូចខាតជាច្រើន។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិល ជាង៣០ឆ្នាំ (១៩៧០-១៩៩៨) ការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើង យ៉ាងអនាធិបតេយ្យ និងសភាពធ្ងន់ធរបំផុត ដែលប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។
នៅក្នុងឆ្នាំ ១៩៧០នៅតំបន់កោះកេរ្តិ៍ ព្រមទាំងខេត្តព្រះវិហារទាំងមូល ត្រូវបានដាក់នៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរ ក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មខ្មែរក្រហម មកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ។
សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនឹងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
មរតកកម្ពុជា
No comments:
Post a Comment