រ៉ុងឈុន ត្រូវបានចាប់ខ្លួនយប់ថ្ងៃទី ៣១ កក្កដា វេលាម៉ៅង ៩យប់ ពីបទល្មើសជាក់ស្តែង (ជាក់ស្តែង គឺបន្ទាប់ពីការផ្សាយតាមវិទ្យុបរទេសឈ្មោះ RFA និងអ្នកកាសែតបរទេសឈ្មោះ ទិន កាហ្សារីយ៉ា អំពីការបាត់បង់ទឹកដីព្រំដែនកម្ពុជា វៀតណាម។ រ៉ុង ឈុន គឺជាមេបក្សស្រម៉ោលប្រឆាំងធំជាងគេបង្អស់នៅកម្ពុជា។ បក្សអាវ ស សម រង្សី គឺជាបក្សប្រឆាំង Opposition បក្សអាវ លឿង កឹម សុខា គឺជាបក្សប្រឆាំងដែរ OPPOSITION តែក្រុមរបស់ រ៉ុង ឈុន គឺជាក្រុម MODERATE ដែលខុសពី បក្សប្រឆាំងធម្មតា។ ក្រុម រ៉ុង ឈុន តែងតែ និយាយវាយប្រហារ បក្សប្រឆាំងផង រដ្ឋាភិបាលផង។ ក្រុម រ៉ុងឈុន ជាក្រុមបាតដៃទី ៣ ដែលតែងតែរិះគន់បក្សប្រឆាំងថា ខ្លាចងាប់ រណបបក្សអាយ៉ង...និងវាយប្រហារបក្សប្រជាជន ឬ រដ្ឋាភិបាលថា ជារបបក្រុងភ្នំពេញ..។ ក្រុមបក្សពួករ៉ុងឈុន ធ្វើកិច្ចការចម្រុះបែបជា រដ្ឋាភិបាលស្រម៉ោល និរទ្ទេស ដែលរ៉ុងឈុនជាតំណាងនៅកម្ពុជា ចំណែកអ្នកផ្សេងជាតំណាងតាមប្រទេសនានា ក្រុមនេះធ្វើការផ្នែក៖ ព្រំដែនទឹក ព្រំដែនគោក ព្រំដែនអាកាស កម្មករកាត់ដេរ សហជីព វាយនភ័ណ្ឌ បរិដ្ឋាន កិច្ចការបរទេស គ្រូបង្រៀន ប្រាក់ខែ...អន្តោរប្រវេសន៍ ទំនាស់ដីធ្លី ជាពិសេស រៀងកម្ពុជាក្រោម រឿងកោះត្រល់..ទំហំការងារ Scope ធំមហិមារ ដោយសារក្រុម បាតុដៃទី ៣ គេអស់ជំនឿ លើបក្សប្រឆាំង អាវ ស និង អាវ លឿង ដូច្នេះក្រុម សហជីព រ៉ុងឈុន កាន់តែល្បីខាងប្រឆាំងនៅកម្ពុជា នេះជាទំលាស់ផ្នែកប្រឆាំង ដែលបក្សនីមួយៗតែងលើកថា កាលណានិយាយបក្សប្រឆាំងធំជងគេ ខ្លាំងជាងគេ សកម្មជាងគេ គឺមានតែបក្សអញ !!!
លោក ត្រាន់ តិចសេង
លោក ត្រាន់ តិចសេង
| ៣១ កក្កដា ២០២០ លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចប្រមាណ៣០នាក់ចាប់ខ្លួននៅយប់នេះ
ម៉ោង ២២:២៨ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាបុគ្គលិកក្រសួងអប់រំម្នាក់ក្នុងចំណោមគ្រូបង្រៀន១១នាក់ ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញកាលពីឆ្នាំមុន។ រូបភាព៖ សូត សុខប្រាថ្នា
ក្មួយប្រុសលោក រ៉ុង ឈុន បានប្រាប់វីអូឌីនៅមុននេះបន្តិចថា ពូរបស់ខ្លួនត្រូវបានសមត្ថកិច្ចមានគ្នាប្រមាណ៣០នាក់ចាប់ខ្លួនទាំងយប់។
លោក រ៉ុង វិជ្ជា ដែលអះអាងថាជាក្មួយប្រុសរបស់លោក រ៉ុង ឈុន បានអះអាងថា សមត្ថកិច្ចបានមកឡោមព័ទ្ធផ្ទះរបស់ខ្លួន ហើយនាំខ្លួនលោក រ៉ុង ឈុន ទៅ ដោយមិនអនុញ្ញាតឱ្យសាច់ញាតិណាម្នាក់ទៅជាមួយនោះទេ។ លោកថា ពេលនេះលោកមិនទាន់ដឹងថា ពូរបស់លោកត្រូវបាននាំខ្លួនទៅណាទេ។
លោក រ៉ុង វិជ្ជា បានបញ្ជាក់ថា នៅពេលនាំខ្លួននោះ សមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួនទេ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ថាលោកមិនទាន់ទទួលបានដំណឹងនេះនៅឡើយទេ។ លោក រ៉ុង ឈុន បច្ចុប្បន្នជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលតែងតែនិយាយពីបញ្ហាព្រំដែនប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង៕
ភ្នំពេញ ៖ គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល ទាំងស្រុងនូវសេចក្តីថ្លែង ការណ៍របស់លោកឈ្រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលបានផ្សាយព័ត៌មានមិនពិត និងបំផ្លើសអំពីបញ្ហាព្រំដែន ជាមួយប្រទេសក្បែរខាង ក្នុងគោលបំណងឲ្យមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ចោទថា «ការ បោះ បង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មាន ភាព មិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផល ទៅខាងភាគីយួនជាច្រើនហិកតា ហើយបើគិតពីបន្ទាប់ព្រំដែន ចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល ៥០០ម៉ែត្រក្នុងដីកម្ពុជា… ។ ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជា ប្រមាណ ៣គីឡូម៉ែត្របច្ចុប្បន្ននេះ “។
លោករ៉ុង ឈុនបន្តថា “អាជ្ញាធរយួនបានមកចូលរួមបណ្តេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង២០០ម៉ែត្រ ក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរ មិនបានទប់ស្កាត់ចំពោះទង្វើអាជ្ញាធរ យួនធ្វើមកលើពលរដ្ឋរងគ្រោះ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ»។
ចំពោះករណីនេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បដិសេធចោលទាំងស្រុង។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបន្តថា ការផ្សាយបែបនេះ របស់លោក រ៉ុង ឈុន និងគូកននៃក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា មានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការ ចោទប្រកាន់ ដោយគ្មានមូលដ្ឋានមកលើការងារព្រំ ដែនរបស់រាជរដ្ឋាភិបាល អំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាបណ្តោយឲ្យមាន ការរំលោភបំពានពីប្រទេសជិតខាង ធ្វើឲ្យពលរដ្ឋបាត់បង់ដីស្រែចំការ នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា ការហាមពលរដ្ឋទៅមើលព្រំដែន ដោយខ្លាចដឹងពីការបោះបង្គោលព្រំដែនចូលទឹកដីខ្មែរសមាជិកក្រុមប្រឹក្សាឃ្លាំមើលព្រំដែនកម្ពុជា និងក្រុមយុវជនបញ្ចេញប្រតិកម្មចំពោះ លោក បណ្ឌិត សុខ ទូច ប្រធានគណៈកម្មការស្រាវស្រាវជ្រាវព្រំដែនកម្ពុជា វៀតណាម ដែលលើកឡើងថា បើសិនជាអាជ្ញាធរខ្មែរអនុញ្ញាតឱ្យពួកគេទៅមើលខ្សែបន្ទាត់ព្រំដែន ខ្លាចវៀតណាមចាប់នោះ គឺជាការអះអាងមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញពួកគេអះអាងថា រដ្ឋាភិបាលរឹតត្បិត ឬមិនអនុញ្ញាតពលរដ្ឋរបស់ខ្លួនទៅមើលខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនេះ ព្រោះមានរឿងអាថ៌កំបាំងទាក់ទងនឹងការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន អះអាងថា អាជ្ញាធរខ្មែរហាមឃាត់ ពលរដ្ឋមិនឱ្យទៅមើលតំបន់ព្រំដែន កម្ពុជា វៀតណាមកន្លងមកនោះ គ្រាន់តែជាលេស ដែលរដ្ឋាភិបាលមិនចង់ឱ្យប្រជាពលរដ្ឋបានឃើញទីតាំងព្រំដែនជាក់ស្ដែងចំពោះការបោះបង្គោលព្រំដែនប្រទេសទាំងពីរតែប៉ុណ្ណោះ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា អាជ្ញាធរវៀតណាមបណ្ដុះឆន្ទៈយុវជនឱ្យឈឺឆ្អាលរឿងប្រទេសជាតិ រឿងព្រំដែន ដូចជាកាលពីពេលថ្មីៗនេះ អាជ្ញាធរវៀតណាមនាំសិស្សានុសិស្សទៅមើលព្រំដែនតែអាជ្ញាធរកម្ពុជាវិញ ពលរដ្ឋមានឆន្ទៈដោយខ្លួនឯងចង់ទៅមើលព្រំដែនបែរជាអាជ្ញាធរហាមឃាត់ទៅវិញ។ លោកបញ្ជាក់ថា ការហាមឃាត់នេះ ប្រហែលជាមានភាពមិនប្រក្រតីចំពោះការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម៖ «រារាំងមិនឱ្យពលរដ្ឋទៅមើលព្រំដែន មានន័យថា ការបោះបង្គោលព្រំដែននេះមានភាពមិនប្រក្រតីច្រើន បានជាមិនឱ្យពលរដ្ឋទៅមើលម្ដងហើយម្ដងទៀត»។
ការលើកឡើងរបស់លោក រ៉ុង ឈុន នេះ នៅបន្ទាប់ពីលោក បណ្ឌិត សុខ ទូច បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី២៧ ឧសភា ថា អាជ្ញាធរកម្ពុជាបានហាមឃាត់ពលរដ្ឋ និងក្រុមយុវជនមិនឱ្យទៅមើលតំបន់ព្រំដែនកម្ពុជាវៀតណាម ដោយសារតែគិតពីសុវត្ថិភាពប្រជាពលរដ្ឋ៖ «យុវជនពេលណាចង់ទៅមើលព្រំដែន ពេលទៅមើលគាត់កាន់ផែនទី ឬកាន់អី? ទៅមើលនឹងថ្ងាសឬអី? ព្រោះថាឥលូវយួនបិទព្រំដែនគេបិទដោយឯកតោភាគី»។
កាលពីពេលថ្មីៗនេះ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមការងារ១០០រាត្រីដែលចុះស្រាវជ្រាវរឿងព្រំដែនបន្តពីលោកបណ្ឌិត កែម ឡី រួមទាំងប្រធានគណបក្សឆន្ទៈខ្មែរ និងជាមន្ត្រីប្រឹក្សាពិគ្រោះយោបល់ ដែលមានលិខិតបេសកកម្មរដ្ឋបាលត្រឹមត្រូវផង បានចុះទៅមើលតំបន់ព្រំដែននៅតំបន់ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ជាទីតាំងដែលអាជ្ញាធរវៀតណាមបានបោះតង់ចូលលើទឹកដីខ្មែរ ប៉ុន្តែអាជ្ញាធរហាមឃាត់។
លោក រ៉ុង ឈុន លើកឡើងថា បើសិនជាអាជ្ញាធរខ្លាច ពួកលោក ឬពលរដ្ឋដើរឆ្លងចូលទឹកដីវៀតណាមនោះ អាជ្ញាធរព្រំដែនគួរតែនាំពលរដ្ឋទៅមើលតំបន់ដែលវៀតណាមបោះបង់ ឬបង្គោលព្រំដែន ដូចដែលវៀតណាមធ្លាប់បានធ្វើលើពលរដ្ឋគេដែរ ដើម្បីបង្ហាញពីតម្លាភាព៖ «យើងនៅតែមានមន្ទិលសង្ស័យ ហើយអាជ្ញាធរត្រូវសហការជាមួយក្រុមប្រឹក្សាកម្ពុជា ដើម្បីទៅមើលព្រំដែន និងបង្ហាញពីតម្លាភាព ហើយរដ្ឋាភិបាលគួរតែសប្បាយចិត្តនៅពេលពលរដ្ឋឈឺឆ្អាលរឿងព្រំដែន»។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ឱ្យដឹងកាលពីថ្ងៃទី២៥ ឧសភាថា យោធាវៀតណាមបានរុះរើតង់ ថយពីតំបន់កៀកព្រំដែន នៅស្រុកកោះធំ និងស្រុកលើកដែក អស់ហើយ។ លោកអះអាងថា កងទ័ពវៀតណាម បានរុះរើនៅចំណុចកៀកព្រំដែនកម្ពុជា តាមការស្នើសុំរបស់អាជ្ញាធរខេត្តកណ្ដាល៖ «វរៈ ៦០១ ហ្នឹង គឺគាត់ថតតាំងពីវៀតណាម គាត់រើ គាត់អ្វីៗហ្នឹង តង់គាត់ហ្នឹង ថតយកមកឱ្យយើងឃើញ ជាក់ស្ដែង។ អ៊ីចឹង មកដល់ម៉ោងនេះ ចំណុចដែលកៀកៗ ហ្នឹង គឺគាត់បានរើហើយ ហើយវានៅដែលឆ្ងាយពីកន្លែងយើងទៅ នៅក្នុងតំបន់របស់គាត់នោះទេ»។
ទោះជាមានការអះអាងរបស់អភិបាលខែត្រកណ្ដាលបែបនេះក្ដី ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសប្រាប់ថា វៀតណាមមិនទាន់រើតង់ចំនួន២៨កន្លែង ចេញពីតំបន់ព្រំដែន នៅស្រុកកោះធំ និងស្រុកលើកដែក ក្នុងខេត្តកណ្ដាល តាមកំណត់ទូតរបស់ភាគីកម្ពុជានៅឡើយទេ។ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២២ ឧសភា ថា កម្ពុជា មិនទាន់មានវិធានការផ្សេងនៅឡើយទេ ដោយនៅរង់ចាំការឆ្លើយតប កំណត់ទូតរបស់វៀតណាមសិន។ លោកបញ្ជាក់ថា ក្រសួងបានផ្ញើកំណត់ទូត ទៅវៀតណាម កាលពីថ្ងៃទី១៣ ឧសភា គឺតំណាលគ្នានឹងខេត្តអានយ៉ាង (An Giang) របស់វៀតណាម បានផ្ញើលិខិតមកអាជ្ញាធរខេត្តកណ្ដាល ពន្យល់ថា ការបោះតង់ ដើម្បីទប់ស្កាត់កូវីដ១៩ (Covid-19) ខ្លាចពលរដ្ឋទាំង២ប្រទេសឆ្លងកាត់ច្រករបៀង ខណៈច្រកអន្តរជាតិបិទជាផ្លូវការ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា ដោយសារតែការអះអាងរបស់អាជ្ញាធរខែត្រកណ្ដាល និង ក្រសួងការបរទេសបញ្ច្រាសគ្នានេះហើយ ទើបក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមយុវជនចង់ទោមើលតំបន់ទាំងនោះជាក់ស្ដែង។
ក្រៅពីករណីវៀតណាមបោះតង់ចូលទឹកដីខ្មែរនេះ ពលរដ្ឋខ្មែរក៏សំដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដី ដោយសារតែរដ្ឋាភិបាលបានជួលដីឱ្យក្រុមហ៊ុនវៀតណាមនៅតំបន់ព្រំដែនក្នុងរយៈពេល៩០ឆ្នាំដែរ។ លោក សុខ ទូច អះអាងថា សព្វថ្ងៃនេះ ឈប់មានករណីជួលដីនៅតំបន់ព្រំដែនទៀតហើយ។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅតែមានករណីជួលដីនៅតំបន់ព្រំដែនឱ្យវៀតណាមដដែល ក៏ប៉ុន្តែការជួលនេះ គេផ្លាស់ប្ដូរទម្រង់ ដោយប្ដូរឈ្មោះពីការជួល មកការបង្វាស់ដីឱ្យជនជាតិវៀតណាមវិញ៖ «ខ្មែរយើងអត់សូវធ្វើចម្ការទេ អត់ចំណេញ ដោយសារគ្មានទឹកហើយតាមព្រំដែនមានព្រែកហ្នឹងគេអាចប្រើប្រាស់បាន ជីថ្លៃ ទី២ ស្រូវគេលក់បានថ្លៃ ហើយជីថោក ខ្មែរយើងស្រូវលក់ថោក ទឹកទិញពីវៀតណាម ជីទិញពីវៀតណាមក្នុងតម្លៃថ្លៃ»។
របាយការណ៍របស់អង្គការលីកាដូចេញផ្សាយកាលពីខែមីនា ឱ្យដឹងថា រដ្ឋាភិបាលបានជួលដីឬផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនវៀតណាមសរុបផ្ទៃដីទាំងអស់មានចំនួនជាង ៣សែន ៦ម៉ឺនហិកតារ ដែលមាននៅក្នុងខែត្រមួយចំនួនដូចជា ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខែត្ររតនគិរីជាដើម៕
សកម្មជនដែលធ្លាប់ឃ្លាំមើលបញ្ហាព្រំដែន ប្រទេសកម្ពុជា និងវៀតណាម លោក រ៉ុង ឈុន បានលើកឡើងថា «អាជ្ញាធរវៀតណាម មិនដែលមានបំណងល្អ ឬទំនាក់ទំនងដោយស្មោះត្រង់ ជាមួយប្រទេសកម្ពុជា ទាក់ទងនឹងផលប្រយោជន៍ព្រំដែននោះទេ»។
ការលើកឡើងបែបនេះ បន្ទាប់ពីរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា អាជ្ញាធរខេត្តកន្ទូម ប្រទេសវៀតណាម បានជីកដីកាត់ផ្ដាច់ និងបិទផ្លូវចេញ-ចូល ចំនួន ៤ កន្លែង នៅក្នុងទឹកដី ប្រទេសវៀតណាម ជាប់នឹងព្រំដែនខេត្តរតនគិរី នៃប្រទេសកម្ពុជា ដោយសារខឹងភាគីកម្ពុជា មិនព្រមធ្វើតាមសំណើខ្លួន ដែលសុំឲ្យបើកច្រកជាផ្លូវការ។
លោក រ៉ុង ឈុន ដែលធ្លាប់តាមដានមើលសភាពការណ៍ ព្រំដែនប្រទេសកម្ពុជា និងវៀតណាម ហើយធ្លាប់ដឹកនាំសកម្មជន និងសិស្ស និស្សិតចុះមើលបន្ទាត់ព្រំដែននោះ បានថ្លែងឲ្យដឹងថា ការជីកនៅលើទឹកដីរបស់ខ្លួននោះ គឺជាសិទ្ធិរបស់ប្រទេសសាមី ប៉ុន្តែកន្លែងខ្លះ វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង និងការឆ្លងកាត់ចេញចូល របស់ប្រជាពលរដ្ឋ។
លោក ថ្លែងទៀតថា ជារឿយៗអាជ្ញាធរវៀតណាម តែងតែបំពានលើបូរណភាពទឹកដី នៃប្រទេសកម្ពុជា «អានេះ យើងមិនទាន់និយាយដល់ផែនទីនោះទេ គឺយើងនិយាយពីផែនដីជាក់ស្ដែង ដែលមានសាក្សីរស់ គឺប្រជាពលរដ្ឋ ហើយសាក្សីទី២ គឺភូមិសាស្ត្រ ហើយយើងឃើញថា តំបន់ដូនតា មានកប់ផ្នូរខ្មោច ហើយភូមិ របស់ប្រជាពលរដ្ឋ ដែលរស់នៅតាំងពីដូនតាមក ដែលខ្ញុំធ្វើកិច្ចការហ្នឹងតាំងពីកន្លងមក យើងកត់សម្គាល់ឃើញ (វៀតណាម) មិនដែលមានបំណងល្អ ជាមួយយើងទេ រឿងបូរណភាពទឹកដីហ្នឹង»។
តាមរបាយការណ៍របស់ ស្នងការនគរបាលខេត្តរតនគិរី លោក ងួន គឿន រាយការណ៍មក អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនវៀតណាម ប៉ុស្តិ៍លេខ ៧០៣ របស់ខេត្តកន្ទូម បានធ្វើរបងបិទផ្លូវ ៤ កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញ-ចូល រវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នា ត្រង់ចំណុចបង្គោលព្រំដែនលេខ ១៧, ១៨, ១៩ និង១៩/៥។
របាយការណ៍បញ្ជាក់ថា ការបិទ ៤ ចំណុចខាងលើ បានធ្វើឲ្យប៉ះពាល់ដល់ការចេញ-ចូលទំនាក់ទំនង រវាងប៉ុស្តិ៍ការពារព្រំដែនលេខ ៥០៥ នៃវរៈការពារព្រំដែនលេខ ២០៣ កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម ប្រទេសវៀតណាម។
ការបិទផ្លូវនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តរតនគិរី របស់កម្ពុជា និងអាជ្ញាធរខេត្តកន្ទូម នៃប្រទេសវៀតណាម បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន ៤ កន្លែង ស្ថិតនៅម្ដុំបង្គោលលេខ ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរបានឯកភាពព្រមព្រៀងគ្នា តែ ១ ចំណុច គឺត្រង់បង្គោលលេខ ១៩ ប៉ុណ្ណោះ នៅសល់ ៣ ចណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាព ដោយសារតែចំណុចទាំង ៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅ ពុំមានពលរដ្ឋខ្មែររស់នៅ និងឆ្លងកាត់ចេញ-ចូលឡើយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងប្រាប់អ្នកកាសែត កាលពីពីថ្ងៃទី ៨ ខែមករា ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០១៨ នៅឯក្រសួងមហាផ្ទៃ ថា បញ្ហានេះគឺមិនមែនជាបញ្ហាធំដុំឡើយ ដោយសារតែមិនប៉ះពាល់ ដល់ការធ្វើដំណើររបស់កម្ពុជានោះទេ។
លោកថា អាជ្ញាធរខេត្តរតនគិរី កំពុងតែសម្រួលដោះស្រាយហើយ គឺមិនមានបញ្ហាប្រឈមមុខអ្វីធំដំនោះទេ ហើយករណីនេះ គឺដោយសារតែការយល់គ្នាមិនបាន។
លោក ងួន គឿន បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា នេះជាលើកទី២ហើយ ដែលកងទ័ពការពារព្រំដែនខេត្តកន្ទូម ប្រទេសវៀតណាម បានបិទផ្លូវធ្វើដំណើរចេញ-ចូល ព្រំដែន បន្ទាប់ពីសកម្មភាពលើកទី១ បានជីកផ្ដាច់ផ្លូវត្រង់បង្គោលព្រំដែនលេខ ៤/២ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៥ អាជ្ញាធរវៀតណាម បានជីកស្រះទឹកចំនួន ៣ នៅចន្លោះបង្គោលព្រំដែនលេខ ៣០ និងលេខ ៤០ ស្ថិតនៅក្នុងក្នុងភូមិឡំ ស្រុកប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ។ គ្រានោះ ក្រសួងការបរទេសកម្ពុជា បានប្រតិកម្មប្រឆាំងវៀតណាម ដែលជាមហាមិត្ត របស់ខ្លួនភ្លាមៗដែរ បន្ទាប់ពីរកឃើញថា វៀតណាម បានជីកស្រះទឹកចូលក្នុងអធិបតេយ្យភាពដែនដី របស់កម្ពុជា។
ព្រំដែនគោក ប្រទេសកម្ពុជា ជាប់នឹង ប្រទេសវៀតណាម មានបណ្ដោយ ១.២៧០ គីឡូម៉ែត្រ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នា កាលពីឆ្នាំ២០០៥ ថា នឹងបើកច្រកទ្វាអន្តរជាតិចំនួន ៧ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ។
តាមរបាយការណ៍បូកសរុបការងារ ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារ ខែមករា ឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កងកម្លាំងនគរបាលព្រំដែន បានយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួន បានយ៉ាងប្រសើរ ក្នុងនោះបានចូលរួមប្រជុំ ជាមួយភាគីមិត្តកម្ពុជា-វៀតណាម បាន ៨ លើក ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងការរក្សាសន្តិសុខ និងទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន ហើយបានការពារក្រុមគណៈកម្មការចម្រុះវាស់វែងខណ្ឌសីមាព្រំដែនកម្ពុជា វៀតណាម ក្នុងការសាងសង់បង្គោលបំពេញបន្ថែម ប្រភេទបេតុង ចំនួន ៣១ បង្គោល និងតម្រុយចំនួន ៨៣ បង្គោល៕
ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយ រាល់ការបង្ហោះសេចក្តីថ្លែងការណ៍ បោកប្រាស់របស់ឈ្មោះ រ៉ុង ឈុន និងជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះ អាចប្រឈមមុខនឹងផ្លូវច្បាប់។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែង ការណ៍របស់ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ផ្សាយព័ត៌មានមិនពិត និងបំផ្លើស ដោយបានចោទថា ” …ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីយួនជាច្រើនរយហិកតា ហើយបើគិតពីបន្ទាត់ព្រំដែន ចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល៥០០ ម៉ែត្រក្នុងដីកម្ពុជា…. ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនសេចក្តីថ្លែងការណ៍ នៅថ្ងៃ សុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ សូមប្រកាសទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែង ការណ៍របស់ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ផ្សាយព័ត៌មានមិនពិត និងបំផ្លើស នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយបានចោទថា ” …ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីយួនជាច្រើនរយហិកតា ហើយបើគិតពីបន្ទាត់ព្រំដែន ចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល៥០០ ម៉ែត្រក្នុងដីកម្ពុជា…. ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ ៣ គីឡូម៉ែត្របច្ចុប្បន្ននេះ និងថា អាជ្ញាធរយួនបានមកចូលរួមបណ្ដេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង ២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ ចំពោះទង្វើអាជ្ញាធរយួនធ្វើមកលើពលរដ្ឋរង គ្រោះ… នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ” ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសបដិសេធចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន និងគូកននៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល អំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឲ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចំការនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ បំផ្លើសពីការពិត និងមានការឃុបឃិតដោយ ចេតនាជាមួយជនខិលខូចដែលបានអះអាងថា ជាដីកេរដូនតារបស់ខ្លួនជាយូរមកហើយនោះ និងថា គណៈ កម្មាធិការព្រំដែនកម្ពុជា និងយួន បានស្នើសុំឲ្យពលរដ្ឋផ្អាកការបង្កបង្កើនផលលើដីនោះ ជាបណ្តោះអាសន្នសិន រង់ចាំការបោះបង្គោលរួចរាល់សិនទើបឲ្យពួកគាត់ធ្វើស្រែចំការលើដីនោះវិញ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមធ្វើការបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងបន្លំ និងបំភ្លៃការពិត ទាំងនេះ ដោយហេតុថា៖
១-ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ពុំបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ និងពុំមានអាជ្ញាធរវៀតណាម ចូលមករុញច្រានពលរដ្ឋខ្មែរមិនឲ្យដាំដុះក្នុងដីខ្មែរប្រមាណ ២០០ម៉ែត្រ នោះទេ។ ពាក់ព័ន្ធនឹង ករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
២-ការអះអាងថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា បានស្នើសុំឲ្យពលរដ្ឋខ្មែរផ្អាកការបង្ក បង្កើនផលលើដីនោះជាបណ្តោះអាសន្ន រង់ចាំការបោះបង្គោលរួចរាល់សិន ទើបឲ្យពួកគាត់ធ្វើ ស្រែចំការលើដីនោះវិញ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមធ្វើការបដិសេធ ចោលទាំងស្រុងនូវការប្រឌិតព័ត៌មានក្លែងក្លាយនេះ។ ជាគោលការណ៍ក្នុងការធ្វើព្រំដែន រាជ រដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងរក្សាទុកដីឲ្យពលរដ្ឋខ្មែរដែលបាន និងកំពុងគ្រប់គ្រងអាស្រ័យផលទាំងនោះ ឲ្យបន្តការគ្រប់គ្រងនិងកាន់កាប់បង្កបង្កើនផលដដែល។ រាជរដ្ឋាភិបាលគ្មានគោលការណ៍ សងដីឲ្យពលរដ្ឋវិញ ក្រោយការបោះបង្គោលព្រំដែន ដូចការលើកឡើងរបស់ជនខិលខូចនោះឡើយ។
បច្ចុប្បន្ននេះ ទោះបីការបោះបង្គោល និងខណ្ឌសីមាព្រំដែនបានរួចរាល់ហើយនៅតំបន់នោះក្តី ទោះជាដីនៅតំបន់នោះស្ថិតនៅក្នុងអធិបតេយ្យភាពកម្ពុជាហើយ ក្ដី ភាគីទាំងពីរត្រូវរង់ចាំ និងគោរពតាម ស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្តីពីការរក្សាស្ថានភាពដដែល រហូត ដល់ភាគីទាំងពីរធ្វើការផ្លាស់ប្តូរលិខិតុបករណ៍សថ្លាបន្លើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ និងពិធី សារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខា នា ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ រួចរាល់សិន ទើបមានសិទ្ធិអនុវត្តកាន់កាប់ស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ហើយដែលការងារនេះនឹងធ្វើនាពេលខ្លីខាងមុខ។
យោងសារាចរណែនាំលេខ១១ សរណន ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០០ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់មិនឲ្យធ្វើអ្វីដែលអាចធ្វើឲ្យមានការប្រែប្រួលបរិស្ថានតំបន់ព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ និងយោងតាម សជណ លេខ ៩០១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៨ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីផ្ទៃដីដែលភាគីកម្ពុជាទទួលបាន បន្ទាប់ពីការចរចាខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោកកម្ពុជា ជាមួយនឹងប្រទេសជិតខាងទាំងបី វៀតណាម ថៃ និងឡាវ និងសេចក្តីណែនាំលេខ០៦ ដនស-សដ-សណ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ស្តីពីការ ចុះបញ្ជីដីដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា ថៃ ដីនៅតំបន់ខាងលើ និងនៅតំបន់ឯទៀតដែលវៀតណាមត្រូវប្រគល់មកឲ្យកម្ពុជាវិញ ជាដីរបស់រដ្ឋ ដែល
ប្រគល់សិទ្ធិឲ្យលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកគ្រប់គ្រងបន្តដូចមានចែងក្នុងបទដ្ឋានខាងលើ ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅ ប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសេចក្តីថ្លែងការណ៍បោកប្រាស់របស់ឈ្មោះ រ៉ុង ឈុន និងជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ច ការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចូល រួមរក្សាទុកចំណែកដីទាំងនោះ និងទប់ស្កាត់ ចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណា ដែល មានចេតនាចង់បំពានយកដីរដ្ឋទាំងនោះ ដោយបង្កើតព័ត៌មានក្លែងក្លាយ បន្លំធ្វើឯកសារដោយខុសច្បាប់ក្នុង គោលបំណងនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណៈមតិជាតិ និងអន្តរជាតិ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឲ្យជាតិ និងប្រជាជនខាតបង់ឡើយ ដោយ៖កូឡាប
ទទក ស្រង់សម្តីរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថា លោក រ៉ុង ឈុន ប្រព្រឹត្តបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោកព្រះរាជអាជ្ញារង អះអាងថា បទល្មើសរបស់លោក រ៉ុង ឈុន គឺជាបទល្មើសជាក់ស្តែង។ បើតាមលោកព្រះរាជអាជ្ញារងដដែល លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។
ទទក ស្រង់សម្តីរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថា លោក រ៉ុង ឈុន ប្រព្រឹត្តបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោកព្រះរាជអាជ្ញារង អះអាងថា បទល្មើសរបស់លោក រ៉ុង ឈុន គឺជាបទល្មើសជាក់ស្តែង។ បើតាមលោកព្រះរាជអាជ្ញារងដដែល លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។
សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក គុជ គឹមឡុង បានឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ។
លោក រ៉ុង ឈុន តែងធ្វើសកម្មភាពនានាតវ៉ានឹងរដ្ឋាភិបាល ហើយមួយរយៈចុងក្រោយនេះ គេ ឃើញលោក សកម្មខ្លាំង ដូចជា ចូលរួមទាមទារឲ្យរដ្ឋាភិបាល ការពារតំបន់កោះកុងក្រៅ ចូលរួមក្នុងសកម្មភាពការពារបរិស្ថាននិងព្រៃឈើ និង ចូលរួមស្នើឲ្យរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-កម្មការិនី ជាដើម។ លោក ក៏ជាមនុស្សម្នាក់ ដែលតែងតែនិយាយនិងឈឺឆ្អាលនឹងរឿងព្រំដែនដែរ។
លោក ត្រូវចាប់ខ្លួន បន្ទាប់ពីលោក អះអាងថា តំបន់ខ្លះ តាមបណ្តោយព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ត្រូវរងការបំពានពីអាជ្ញាធរវៀតណាម ហើយប្រជាពលរដ្ឋខ្មែរមួយចំនួន រស់នៅក្នុងតំបន់នោះ ក៏មានបញ្ហាដីធ្លីដែរ ដោយសារតែការបំពាន់ពីអាជ្ញាធរវៀតណាម ឯអាជ្ញាធរកម្ពុជា មិនបានជួយ។ មុននឹងត្រូវចាប់ខ្លួន លោក ត្រូវគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ព្រមានថា ការធ្វើសកម្មភាពណាមួយ ក្នុងចេតនាបំផ្លើសការពិតអំពីរឿងព្រំដែន ហើយនាំឲ្យសាធារណជនភាន់ច្រឡំ គឺ «អាចប្រឈមមុខនឹងផ្លូវច្បាប់»។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ធ្វើជាតំណាងរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដឹកនាំក្រុមការងារ ចុះទៅពិនិត្យផ្ទាល់ នៅតំបន់ដីមានទំនាស់របស់ប្រជាពលរដ្ឋ និង បានពិនិត្យមើលបង្គោលព្រំដែនពីលេខ១១៤ ដល់ លេខ១១៩ ផងដែរ ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រពាងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានសមាជិកភាគច្រើនរស់នៅឯក្រៅប្រទេស ហើយគេដឹងថា មិនសូវពេញចិត្តនឹងរដ្ឋាភិបាលកម្ពុជាឡើយ។
ក្រោយមកមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែកក្កដា លោក រ៉ុង ឈុន ក៏ចេញសេចក្តីថ្លែងការណ៍ ក្នុងនាមជាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្តីពីបេសកកម្មរបស់លោក ដែលចុះទៅជួបប្រជាពលរដ្ឋនិងដើរមើលតាមព្រំដែន។ លោក សរសេរក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងការចុះបំពេញបេសកកម្ម នៅតាមបណ្តោយព្រំដែន នៅខេត្តត្បូងឃ្មុំ ក្រុមការងាររបស់លោក បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋរងគ្រោះជាង១០០គ្រួសារ។
បើតាមលោក រ៉ុង ឈុន តំណាងប្រជាពលរដ្ឋទាំងនោះ បានប្រាប់លោកនិងក្រុមការងារថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពួកគេ បាត់បង់ដីអាស្រ័យផលជាច្រើនហិកតា ទៅខាងវៀតណាម ហើយពីបន្ទាត់ព្រំដែនចាស់ ដល់បង្គោលឡាក់ និង បង្គោលរណបថ្មី គឺបានចូលមកប្រហែល៥០០ម៉ែត្រ ក្នុងទឹកដីកម្ពុជា។
លោក ទទួលបានព័ត៌មានពីតំណាងប្រជាពលរដ្ឋទៀតថា ខ្សែបន្ទាប់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗ ចូលមកទឹកដីកម្ពុជា ដែលបច្ចុប្បន្ន រំកិលចូលមកបានប្រហែល៣គីឡូម៉ែត្រហើយ។ លោក រ៉ុង ឈុន បានដឹងតាមរយៈការរៀបរាប់របស់តំណាងប្រជាពលរដ្ឋទៀតថា ពេលពួកគាត់ ទៅបង្កបង្កើតផលលើដីរបស់ពួកគាត់ ដែលមានទំហំប្រមាណ៦០ហិកតា ពួកគាត់ ក៏ត្រូវអាជ្ញាធរស្រុកពញាក្រែក រារាំងនិងបណ្តេញចេញ។
លោក បន្តថា លើសពីនេះ អាជ្ញាធរវៀតណាម ថែមទាំងបានចូលរួមបណ្តេញនិងរុញច្រានប្រជាពលរដ្ឋខ្មែរទាំងនោះ ចេញពីដីធ្លីដែរ រហូតដល់អាជ្ញាធរវៀតណាម បានចូលមកដីខ្មែរប្រមាណ២០០ម៉ែត្រ ដោយអាជ្ញាធរកម្ពុជា មិនបានទប់ស្កាត់។
នៅថ្ងៃទី៣១ ខែកក្កដានេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ដែលមាន លោក វ៉ា គឹមហុង ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍មួយវិញ ដោយច្រានចោលទាំងអស់ ចំពោះអ្វីដែលលោក រ៉ុង ឈុន លើកឡើងខាងលើ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសប្រាប់ប្រជាជនកម្ពុជាជាថ្មីថា៖«ការធ្វើខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ជាមួយវៀតណាម ពុំបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ»។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលចេញដោយលោក រ៉ុង ឈុន ថា គ្មានមូលដ្ឋានអំពីការងារព្រំដែន ហើយមានចេតនាប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់សាធារណមតិជាតិ-អន្តរជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អំពាវនាវឲ្យសាធារណជន កុំជឿសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន មើលឃើញថា លោក រ៉ុង ឈុន និង ក្រុមមនុស្សមួយចំនួនទៀត តែងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា ហើយសកម្មភាពទាំងអស់នោះ អាចប្រឈមមុខនឹងច្បាប់។
យ៉ាងណាក៏ដោយ លោក រ៉ុន ឈុន តាមរយៈសេចក្តីថ្លែងការណ៍ បានបង្ហាញការយល់របស់លោកថា ប្រជាពលរដ្ឋទាំងនោះ ក្នុងខេត្តត្បូងឃ្មុំ បានបាត់បង់ដីធ្លីជាច្រើន ទៅវៀតណាម បន្ទាប់ពីបោះបង្គោលព្រំដែនរួច ដូច្នេះ នៅសល់ដីតិចតួច រដ្ឋាភិបាល គួរតែផ្តល់ឲ្យពួកគាត់។ លោក និយាយក្នុងសេចក្តីថ្លែងការណ៍ទៀតថា ចំពោះទង្វើរបស់អាជ្ញាធរវៀតណាម ដែលរុញច្រានប្រជាពលរដ្ឋខ្មែរ រហូតអាជ្ញាធរវៀតណាមចូលមកដល់ដីខ្មែរប្រមាណ២០០ម៉ែត្រ គឺជាការរំលោភបំពានអធិបតេយ្យកម្ពុជា។
លោក ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងកងកម្លាំងការពារតាមខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឲ្យកម្លាំងអាជ្ញាធរប្រទេសជិតខាង ចូលមកក្នុងដែនអធិបតេយ្យកម្ពុជា។ បន្ថែមពីនេះ លោក ស្នើឲ្យរដ្ឋាភិបាល ផ្តល់ដីទំហំ៦០ហិកតា ដែលកំពុងស្ថិតក្នុងជម្លោះ ជូនទៅប្រជាពលរដ្ឋវិញ។
ក្រៅពីរឿងប្រជាពលរដ្ឋនិងរឿងព្រំដែននៅខេត្តត្បូងឃ្មុំ ការបោះតង់របស់យោធាវៀតណាម ចូលមកក្នុងទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ជាពិសេសក្នុងខេត្តកណ្តាល ក៏ជាបញ្ហាមួយ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងជជែកគ្នាដែរ ហើយនៅមានចម្ងល់ថា ហេតុអ្វី វៀតណាម មិនទាន់រុះរើតង់ទាំងនោះចេញវិញ?
តំបន់ ដែលយោធាវៀតណាម បោះតង់ គឺជាតំបន់មិនទាន់ឯកភាព (តំបន់ស)។ រដ្ឋាភិបាលកម្ពុជា ទទូចម្តងជាពីរដង ឲ្យវៀតណាម រុះរើតង់ទាំងនោះចេញវិញ។ តែវៀតណាម ឆ្លើយតបថា ចាំជំងឺកូវីដ-១៩ ត្រូវបានកម្ចាត់ទាំងស្រុងសិន ទើបរុះរើ៕
អ្នកវិភាគចៅចាក់ស្មុក៖ រ៉ុង ឈុន គ្មានជំនាញខាងព្រំដែនឡើយ ប៉ុន្តែតាំងខ្លួនជាអ្នកជំនាញព្រំដែនទៅវិញ
(ភ្នំពេញ)៖ រ៉ុង ឈុន ដែលគេស្គាល់ថា ជាអ្នកញុះញង់បង្ក ចលាចលសង្គមបែបអាជីពនៅកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញ ដីកាឃុំខ្លួនជាបណ្តោះអាសន្នពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម » តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណា ចក្រកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ ស្តែងដោយញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ ហេតុអ្វីបានជា រ៉ុង ឈុន បើកសមរភូមិ ញុះញង់លើបញ្ហាព្រំដែនខណៈជាតិនិងប្រជាជន ទាំងមូលបាន និងកំពុងរួមកម្លាំងគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងការដោះស្រាយបញ្ហាជីវភាពពលរដ្ឋដែលងាយរងគ្រោះ និងរៀបចំផែនការយុទ្ធសាស្ត្រនានាដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ ១៩? នេះមិនមែនជាភាពចៃដន្យឡើយ តែជាការរៀបចំផែនការទុករបស់ក្រុមជនក្រុមប្រឆាំងដើម្បីបង្កើតភាពវឹកវរក្នុងសង្គម និងឆ្លៀត ឱកាសដុតកំហឹងពលរដ្ឋខ្មែរលើបញ្ហាព្រំដែន បន្ថែមលើបញ្ហាសង្គមមួយចំនួនដូចជាការបំពុលសង្គមលើបញ្ហាបំណុល បញ្ហាធនធានធម្មជាតិ ការប្រឆាំងនឹងការអភិវឌ្ឍទីក្រុងរណបនានាជុំវិញរាជធានីភ្នំពេញ ការប្រឆាំងនឹងវិនិយោគទុននុងបញ្ហាផ្សេងទៀត ក្នុងទិសដៅញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើអំណាចប្រជាជន ស្របតាមទិសដៅ និងផែនការដែលបានដាក់ចុះដោយទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដែលបានបំភ្លៃញុះញង់ពីក្រៅស្រុក។ មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម បានចូលមកដីកម្ពុជាប្រហែល៥០០ម៉ែត្រ ។ការចោទប្រកាន់នេះដែលត្រូវបានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។
តើ រ៉ុង ឈុន ពិតជាអ្នកស្នេហា ជាតិ ដូចក្រុមជនវង្វេងជាតិមួយក្តាប់តូចស្រែឡូឡាតាមដងផ្លូវមែនឬ?
ទី១៖ រ៉ុង ឈុន តែងតែទាមទារឱ្យរាជរដ្ឋាភិបាលគោរពច្បាប់ ប៉ុន្តែខ្លួនឯងគឺជាគីង្គក់លក់ថ្នាំស្រែង។ តាមការស្រាវជ្រាវសហព័ន្ធសហជីពកម្មករកម្ពុជា ដែល រ៉ុង ឈុន ជ្រកដើម្បីទទួលបានជំនួយហិរញ្ញវត្ថុពីបរទេសត្រូវបានរកឃើញថា មិនមានច្បាប់នោះទេ មានន័យថាមិនបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃឡើយ។ រ៉ុង ឈុន តែងតែប្រើឈ្មោះអង្គការនេះដើម្បីធ្វើសកម្មភាពបម្រើនយោបាយរបស់បក្សប្រឆាំង បង្កើតភាពអនាធិបតេយ្យ ជាពិសេសបង្កើតភាពអាធិបតេយ្យលើការងារកំណត់ព្រំដែន ដើម្បីពួកគេងាយស្រួលញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋ។ បញ្ហាព្រំដែនកម្ពុជា-វៀតណាមដែលក្រុមប្រឆាំងតែងតែប្រើប្រាស់ដើម្បីឃោសនានយោបាយ យកឈ្នះលើគូប្រកួតនយោបាយខ្លួន ឬទាញទម្លាក់សេចក្តីទុកចិត្តប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល។ ចុះបើសហព័ន្ធសហជីពកម្មករកម្ពុជាដែល រ៉ុង ឈុន ជ្រកធ្វើសកម្មភាពនយោបាយគ្មានភាពស្របច្បាប់ផង តើកិច្ចការដែល រ៉ុង ឈុន មានភាពស្របច្បាប់ទេ? គឺប្រាកដជាគ្មាន ហើយគ្រាន់តែជាសកម្មភាពដើម្បីគេងចំណេញនយោបាយ និងបង្កភាពចលាចល និងវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។
ទី២៖ រ៉ុង ឈុន គ្មានជំនាញខាងព្រំដែនឡើយ ប៉ុន្តែបានតាំងខ្លួនជាអ្នកជំនាញព្រំដែន។ មន្ត្រីជំនាញព្រំដែនបានប្រើប្រាស់ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានទំនើប រួមនឹងរូបភាពពីលើអាកាសផងដែរដើម្បីកំណត់ព្រំប្រទល់ដែន តែសម្រាប់អ្នកជំនាញ រ៉ុង ឈុន ជិះម៉ូតូវាស់ដី ហើយសន្និដ្ឋានភ្លាមតែម្តង។ នេះគឺជាកំហុសធ្ងន់ធ្ងររបស់ រ៉ុង ឈុន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន ហើយប្រសិនបើមិនចេះ មិនយល់ មិនបានសាកសួរអ្នកជំនាញនោះទេ។ គេនៅចាំថានៅឆ្នាំ២០០៥ រ៉ុង ឈុន ក៏ធ្លាប់ជាប់គុកម្តងរួចមកហើយដោយសារតែបញ្ហាចោទប្រកាន់ មួលបង្កាច់គ្មានមូលដ្ឋានលើបញ្ហាព្រំដែននេះមកលើរដ្ឋាភិបាល។
តាមពិត រ៉ុង ឈុន ក៏ដូចជាអតីតទណ្ឌិត អ៊ុំ សំអាន ដែរ បានតាំងខ្លួនជាអ្នកជំនាញផែនទីជំនាញព្រំដែនត្បាញអាយ ហើយ រ៉ុង ឈុន មិនមែនជាអ្នកស្នេហាជាតិឡើយ តែជាអ្នកបំពុលសង្គម បង្កចលាចលក្រោមលេសស្រឡាញ់ជាតិនិងប្រជាជន។ បើ រ៉ុង ឈុន ជាអ្នកមានជំនាញពិតប្រាកដ រ៉ុង ឈុន មិនទៅរករឿងញុះញង់រឿងបង្គោលព្រំដែនដែលបានបោះរួចហើយនោះទេ។ តាមពិត រ៉ុង ឈុន អន់ជាងសត្វក្របីទៅទៀត! ទាល់តែក្របីដើរចេញបាន រ៉ុង ឈុន ហ៊ានទៅដេញ!
ទី៣៖ ចេតនាពិតប្រាកដរបស់ រ៉ុង ឈុន លើបញ្ហាជីកកាយលើបញ្ហាព្រំដែនគឺមានចេតនាទុច្ចរិត បង្ហោះព័ត៌មានក្លែងដើម្បីបង្កអសន្តិសុខសង្គមជាតិ។ អ្វីដែល រ៉ុង ឈុន បានប្រព្រឹត្ត គឺបង្ហាញយ៉ាងច្បាស់ថា រ៉ុង ឈុន បាននិងកំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌តាមរយៈការញុះញង់ពលរដ្ឋលើរឿងព្រំដែន។ រ៉ុង ឈុន ជាជនបម្រើផលប្រយោជន៍បរទេស ហើយតែងតែខិតខំបង្កចលាចលសង្គមកម្ពុជារហូតមក។ ក្រុមប្រឆាំងដូច រ៉ុង ឈុន ដើរតែបង្កើតរឿងឱ្យជាតិនិងប្រជាជន មិនដែលជួយកសាងជាតិម្តងណាឡើយ។
ហើយមានតែក្រុមជនប្រឆាំងកម្ពុជាប៉ុណ្ណោះដែលគិតថា រ៉ុង ឈុន ស្នេហាជាតិជាតិនោះ។ រ៉ុង ឈុន បានអនុវត្តផែនការបដិវត្តន៍ពណ៌ដែលរៀបចំក្រោមខ្សែញាក់បរទេស។
ចំពោះមុខនៃការគំរាមកំហែងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនេះ វាពិតជាមានភាពចាំបាច់សម្រាប់អាជ្ញាធររាជរដ្ឋាភិបាល ចាត់វិធានការច្បាប់ប្រឆាំងនឹងការប៉ុនប៉ងផ្តួលរលំ របបតាមបែបមិនប្រជាធិបតេយ្យ។ រាជរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋកម្ពុជាការពារដាច់ខាតនូវសុខសន្តិភាព មិនអនុញ្ញាតឱ្យក្រុមប្រឆាំងក្បត់ជាតិបំផ្លិចបំផ្លាញបានឡើយ។ សកម្មភាពទាមទារទាំងឡាយដែលទាមទារដោះលែង រ៉ុង ឈុន ដោយមិនបានជូនដំណឹងមកអាជ្ញាធរ ត្រូវបានព្រមានចាត់ទុកថា ជាទង្វើខុសច្បាប់ ដែលត្រូវមានវិធានការតាមផ្លូវច្បាប់។
រ៉ុង ឈុន ក្បត់ជាតិមានចរិតញុះញង់បង្កចលាចលសង្គម មិនឱ្យពលរដ្ឋមានសេចក្តីសុខ។ រ៉ុង ឈុន ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះទង្វើញុះញង់ដ៏ធ្ងន់ធ្ងរ បំផ្លាញសន្តិសុខសង្គម។ ក្រុមជនក្បត់ជាតិព្យាយាមបង្កចលាចល និងបង្កអសន្តិសុខសង្គមតាមរយៈការដុតកំហឹងលើបញ្ហាព្រំដែន! ពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០
No comments:
Post a Comment