១០. ព្រះបាទជ័យវរ្ម័នទី៧ (១០៩០-១១០៩)
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទហស៌វរ្ម័នទី៣ គឺព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលសោយរាជ្យបាន១៩ឆ្នាំ ចាប់ពីឆ្នាំ១០៩០មក ។ ព្រះអង្គគោរពបូជាព្រះវិស្ណុខ្លាំងណាស់ ហើយទ្រង់ក៏ជាបូជនីយេសក៍ដ៏ស្មោះស្ម័គ្រម្នាក់ផងដែរ ។
សិលាចារឹកវត្តភូ បានរៀបរាប់ថា នៅក្នុងរជ្ជកាលព្រះរាជាមុនៗ មាននារីម្នាក់ឈ្មោះថា ទិលកៈ និង អ្នកប្រាជ្ញគម្ពីរវេទម្នាក់ឈ្មោះថា សុភទ្រៈ ដែលគេហៅក្រៅថា នាមៈសិវយៈ ។ នាងទិលកៈ ជាបុត្រីរបស់អ្នកប្រាជ្ញម្នាក់នៅក្នុងព្រះរាជវាំង ហើយជីតារបស់នាងជាទស្សនវិទូដ៏ល្បីល្បាញម្នាក់ ។ មាតារបស់នាងជាបុត្រីរបស់កវីម្នាក់ ។ នាងមានសម្ពស្សល្អស្អាត មានចរិយារម្យទម និងមានទេពកោសល្យខ្ពស់ សមនឹងត្រកូលខ្ពង់ខ្ពស់របស់នាង ។ បណ្ដាអ្នកប្រាជ្ញល្បីល្បាញទាំងឡាយកោតសរសើរល្បិចដ៏ឈ្លាសវៃរបស់នាង ក្នុងការជជែកពិភាក្សា ហើយបានដាក់ឈ្មោះឱ្យនាងថា ភគវតីវាគិស្វរី មានន័យថា ទេពកញ្ញាខាងវោហារ ។ នាង ទិលកៈនេះ បានត្រូវមាតាបិតារៀបចំទុកដាក់ជាភរិយារបស់អ្នកប្រាជ្ញ សុភទ្រៈ ហើយនាងមានបុត្រម្នាក់ជាមួយស្វាមីនេះ ដែលនាងដាក់ឈ្មោះថា បូជសិវៈ តែអ្នកផងហៅថា សុភទ្រៈ ដូចឪពុកដែរ ។
សុភទ្រៈនេះ ខិតខំរៀនសូត្រទ្រឹស្ដីនៃសាសនាព្រះសិវៈខ្លាំងណាស់ ហើយដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់ខ្លួន ពូកែដាច់គេក្នុងការប្រមូលអត្ថបទអក្សរសាស្ដ្រចាស់ៗយកមកចងក្រងឡើង វិញ ដែលគ្មានបណ្ឌិតណាម្នាក់មានសមត្ថភាពនឹងធ្វើដូចបាន ។ កវីបណ្ឌិតធំៗកោតសរសើរស្នាដៃដ៏គ្មានផ្ទឹមនេះ ។ ថ្ងៃមួយ មានការជជែកពិភាក្សាមួយធំនៅចំពោះព្រះភ័ក្ដ្រព្រះបាទជ័យវរ្ម័នទី ៧ សុភទ្រៈបានទទួលជោគជ័យក្នុងការឆ្លើយដោះស្រាយនូវសំណួរដ៏លំបាកៗ ទាំងឡាយ ដែលគូបដិបក្ខរបស់ខ្លួនបើកសៀវភៅចោទសួរឡើង «ដោយសារប្រាជ្ញាដ៏ខ្លាំងក្លា ប្រៀបបានទៅនឹងកាំរន្ទះ» ។
ចាប់ តាំងពីពេលនោះមក សុភទ្រៈ ត្រូវបានប្រជានុរាស្ដ្រទូទាំងព្រះនគរគោរពកោតខ្លាច ហើយត្រូវព្រះរាជាចាត់តាំងឱ្យធ្វើជាអធិការលើអាស្រមភាវនា បូជនីយស្ថានទាំងអស់ និងជាអាជ្ញាកណ្ដាលលើរាល់ការពិភាក្សាអំពីផ្លូវធម៌ និងផ្លូវលោក ។ ព្រះរាជាក៏បានប្រទានរយ៉ាមាសខ្សែមាស និងក្រណាត់ល្អៗ ។ល ។ ឱ្យផងដែរ (11) ។
សិលាចារឹក សំរោងបានរៀបរាប់ថា នៅក្រោមរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានការផ្ដួលរំលំបដិមាព្រះនរាយណ៍ ព្រះភគវតី និងសិវលិង្គមួយរួចមានបញ្ជាឱ្យកសាងបដិមាទាំងអស់នោះឡើងវិញ ។ ដូចយើងបានឃើញពីខាងលើរួចមកហើយថា កាលពីរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ ក៏មានហេតុការណ៍បែបនេះកើតឡើងដែរ គឺមានការផ្ដួលរំលំព្រះពុទ្ធបដិមា ហើយព្រះរាជាមានការលំបាកជាខ្លាំងនឹងការពារកុំឱ្យ «មនុស្សកាចឃោរឃៅ» បៀតបៀនព្រះសង្ឃសូត្រធម៌ ។ ទាំងអស់នេះជាការបញ្ជាក់ថា ប្រទេសមានភាពវឹកវរខាងសាសនា ជាពិសេស ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។ ខ្ញុំគិតថានោះហើយជាមូលហេតុដែលនាំឱ្យមានការជ្រែករាជ្យ និងសង្គ្រាមផ្ទៃក្នុង ។
ព្រះបាទជ័យវរ្ម័នទី៧ សុគតនៅឆ្នាំ១១០៩ ហើយទ្រង់មានព្រះមរណនាមថា បរមកវ័ល្យៈ មានន័យថា ទ្រង់ជាភ្ញៀវរបស់លោកនៃបរមសុភមង្គល ។
No comments:
Post a Comment