ចលនា​ CNRM (CNRP-A; CNRP-O)

បើទោះជា បក្ស សម រង្សី និង​ កឹម សុខា រួបរួមគ្នា និងមានការសន្យាផ្តល់ថវិកាចំនួន ៥០ ម៉ឺនដុល្លា ក្នុង មួយឃុំ សង្កាត់ តែលទ្ធផលឆ្នោតឆ្នាំ ២០១៣ មិនអាចឈ្នះគណបក្សប្រជាជន។ នេះជាមួលដ្ឋានធំ ក្នុងការរំលាយ កំទេច បក្សនេះចោលវិញ ដើម្បីរៀបចំសេណារីយោថ្មី។ បក្ស កឹម សុខា មានម្ចាស់ជំនួយធំនៅទ្វីបអាមេរិកាំង បក្ស សម រង្សី មានម្ចាសជំនួយធំ នៅទ្វីបអឺរ៉ុប ម្ចាស់ជំនួយនេះមានទស្សនៈផ្ទុយគ្នា តែគោលដៅដូចគ្នាគឺ កំចាត់រាជរដ្ឋាភិបាលដែលដឹកនាំដោយ នាយករដ្ឋមន្រ្តីហ៊ុន សែន ដូច្នេ ពួកគេបញ្ចុះបញ្ជូលបក្សទាំង ០២ ឲ្យចូលរួមបង្កើតជា បក្សសង្រ្គោះជាតិ (​បក្សសាង គ្រោះជាតិ) តែលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ គឺមិនអាចឈ្នះបក្សប្រជាជន ក្រុម បក្សសម្ងាត់មានមូលដ្ឋាន នៅអូស្រ្តាលី បានបង្ហាញវីដេអូ សម្ងាត់ដែល សម រង្សី និង កឹម សុខា ចុះហត្ថេលខាជាមួយ ក្រុម  យួនកុក ស កាត់ដី ០៤ ខេត្តឲ្យទៅ រដ្ឋាភិបាលម៉ុងតេញ៉ា នៅអណត្តិក្រោយ ជាថ្នូរ យួន រ់សនៅកម្ពុជា ទទួលបានសិទ្ធិស្របច្បាប់ ចូលសញ្ញាតិយួន ដោយរដ្ឋាភិបាលសង្រ្គោះជាតិ-- ដូច្នេះ អ្នកកសាងបក្សសាងគ្រោះជាតិ ក៍ជាបក្សសម្ងាត់ អ្នកបំផ្លាញបក្សសង្រ្គោះជាតិ ក៍ជាបក្សសម្ងាត់នេះដែរ។ គ្រាដែល មេបក្សធំៗទាំង ០២ ឈ្លោះគ្នា ក្រុមបក្សសម្ងាត់ព្យាយាមដណ្តើមសមាជិកបក្ស តែទាមទារកំចាត់មេបក្សចោល ម្តងសម រង្សីជាប្រធានបក្ស ម្តងសម រង្សី ជាប្រធានស្តិទី ក្រុមមួយបង្កើត CNRP Europe, ក្រុមមួយបង្កើត CNRP-America, ក្រុមមួយបង្កើត CNRP-Oversea...រហូតក្រុម វិទ្យុអាស៊ីសេរី វីអូអេ យកលុយពី ជនជាតិចាម ជនជាតិវៀតណាម នៅអាមេរិក មកធ្វើសកម្មភាព គាំទ្រសិទ្ធុិជនជាតិ ចាម ជនជាតិវៀតណាម.....
  • ឆ្នាំ ២០០៩ ធ្លាប់មានការពិគ្រោះយល់ក្នុងការសមាហរណកម្មបក្ស សម រង្សី និង បក្សសិទ្ធិមនុស្ស តែមិនចុះសម្រុងលើការដឹកនាំ ថវិការ និង សមាសភាពថ្នាក់់ដឹកនាំ។
  • ឆ្នាំ ២០១២ មានព្រឹត្តិការណ៍ ២ គឺ ការបង្កើតចលនាប្រជាធិប្បតេយ្យសង្រ្គោះជាតិ និង មានការប្រកាសថា ជោគជ័យក្នុងការធ្វើសមាហរណកម្មបក្ស សម រង្សី និង បក្សសិទ្ធិមនុស្ស របស់ កឹម សុខា។
  • ឆ្នាំ ២០១៣ ជាឆ្នាំ បោះឆ្នោតជាតិ និង បោះឆ្នោត ឃុំសង្កាត់។ លទ្ធផលបោះឆ្នោត ខុសពីការរំពឹងទុក ដោយមានលទ្ធផល បក្សសង្រ្គោះជាតិបាន ៥៥ កៅអី ចំណែក បក្ស ប្រជាជនកម្ពុជា ទទួលបាន កៅអីសរុបដល់ទៅ ៦៨ កៅអី។
  • ឆ្នាំ ២០១៣, ឆ្នាំ ២០១៤, ឆ្នាំ ២០១៥ ឆ្នាំ ២០១៦ និងឆ្នាំ ២០១៧  មានព្រឹត្តិការណ៍ ចលាចលសង្គម ដោយការធ្វើបាតុកម្ម កុប្បកម្ម បដិវត្តន៍ពណ៍ និងមានភស្តុតាងកាន់តែច្រើនឡើងៗទាក់ទងជាមួយ អំពើររំលោភសិទ្ធិស្រ្តីភេទ របស់ បុគ្គល កឹម សុខា និង សម រង្សី តែមហាជនយល់ថា នោះគឺជា រឿង បុគ្គលសុទ្ធសាធ..ក្រោយមាន មានភស្តុតាង ដើរចេញពីសភាជាតិ និង អំពើរក្បត់ជាតិ កាត់ទឹកដី ៤ ខេត្តឲ្យយួន សេរីឈ្មោះ កុក ស រួចឈានដល់ការរំលាយបក្សសង្រ្គោះជាតិតាមផ្លូវ ច្បាប់ និង ហាមឃាត់មនុស្សមួយចំនួនធ្វើនយោបាយ នឹងការបណ្តេញ សម រង្សីចេញ ការចាបឃុំខ្លួនមេបក្ស កឹម សុខាក្នុង គុក និង ក្នុងផ្ទះ ។
  • ឆ្នាំ ២០១៧ មានការបង្កើត រណសិរ្សសង្រ្គោះជាតិ និង ចលនាសង្រ្គោះជាតិនៅ ទ្វីបអឺរ៉ុប CNRP Europe ដឹកនាំដោយ សម រង្សី និង ចលនាសង្រ្គោះជាតិ ដឹកនាំដោយក្រុមផ្សេងនៅអាមេរិក CNRP-America ដោយធ្វើសកម្មភាព មិនចូលរួមបោះឆ្នោត "យុទ្ធនាការ/ចលនាដេកផ្ទះឈ្នះឯង" និង ចលនារបស់ បក្ស កឹមសុខា ដែលមាន កឹម មនោវិទ្យាជាតំណាង ប្រឆាំង ចលនាសង្រ្គោះជាតិទាំង ២ផង និង ប្រឆាំងរាជរដ្ឋាភិបាលផង ដោយសុំផ្តាច់ជំនួយ សុំផ្តាច់ EBA.....
  • ឆ្នាំ ២០១៨ មានការបោះឆ្នោតជាតិ ដែល ខាងបក្សប្រជាជនមាន បក្សជាសម្ព័ន្ធ ២១ បក្សចូលរួមបោះឆ្នោត និង បក្សប្រឆាំង/បក្សសង្រ្គោះជាតិ មានបក្សចំនួន ២២ បក្សធ្វើពហិការមិនចូលរួមការបោះឆ្នោត។ ជាលទ្ធផល គឺគណបក្សប្រជាជន ទទួលបានកៅអីទាំងអស់ ១២៥ កៅអី នៅសភាពជាតិ និង គ្រប់ភូមិ ឃុំ ស្រុក ខេត្ត !!
  • ឆ្នាំ ២០១៩ មានចលនា វិលចូលស្រុកវិញ របស់ សម រង្សី ដោយរៀបចំជា ចលនាហូបនំបញ្ចុក ថ្ងៃទី ៩ មិថុនា និង ចលនាមាតុភូមិនិវត្តន៍សមរង្សី នៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩ សុទ្ធតែត្រូវ បរាជ័យ ដោយរដ្ឋាភិបាលត្រៀមកំលាំង គ្រប់ច្រកល្ហក ក្នុងប្រទេស និងពង្រាយកំលាំងនៅបរទេស ដើម្បីកំទេច រារាំង ពួកដឹកនាំ បដិវត្តន៍ពណ៍ដឹកនាំដោយ ចលនាសង្គ្រោះជាតិ CNRP-Movement . ដោយសារភាពបរាផ្ទូនៗ ក៍មានចលនាបង្រួមបង្រួម គឺ ចលនាសង្រ្គោះជាតិ ទ្វីបអាមេរិក ជាមួយចលនាសង្រ្គោះជាតិទ្វីប អឺរ៉ុប ចេញជា ចលនាថ្មីមួយ គឺចលនាសង្រ្គោះជាតិក្រៅប្រទេស CNRP-O ( CNRP Oversea)។ ចលនា CNRP-O ក៍មិនជោគជ័យ ព្រោះក្រុម កឹម សុខា មិនគាំទ្រ ចំណែកក្រុមនៅអាមេរិគ អូស្រ្តាលី បារាំង កាណាដា គេមិនចង់បាន សម រង្សី ដឹកនាំ។ បច្ចុប្បន្ន ស្ថានការណ៍ គឺ សម រង្សី កំពុងពិចារណាបង្កើតបក្សថ្មីមួយទៀត !
នេះជាលទ្ធផលឆ្នោតតាមបណ្តាឆ្នាំ
  1. ឆ្នាំ ១៩៩៣៖ បក្សប្រជាជន CPP ទទួល ៥១ កៅអី បក្ស FUNCINPEC បាន ៥៨ កៅអី
  2. ឆ្នាំ ១៩៩៨៖ បក្សប្រជាជន CPP ទទួល ៦៤ កៅអី បក្ស FUNCINPEC បាន ៤៣ កៅអី បក្ស សមរង្សី ERP ១៥ កៅអី
  3. ឆ្នាំ២០០៣៖ បក្សប្រជាជន CPP បាន ៧៣ កៅអី បក្ស ​FUNCINPEC បាន ២៦ កៅអី, បក្សសមរង្សី SRP បាន ២៤ កៅអី
  4. ឆ្នាំ ២០០៨៖ បក្សប្រជាជន CPP ទទួល ៩០ កៅអី , បក្ស សម រង្សី SRP បាន ២៦ កៅអី, បក្សសិទ្ធិមនុស្ស Human Rights បាន ០៣ កៅអី
  5. ឆ្នាំ ២០១៣ បក្សប្រជាជន CPP បាន ៦៨ កៅអី ,  បក្សសង្រ្គោះជាតិ CNRP បាន ៥៥ កៅអី
  6. ឆ្នាំ ២០១៨ បក្សប្រជាជន ១២៥ អាសនៈ បក្សសង្រ្គោះជាតិ ០០ អាសនៈ !!!

January 29, 2018 ចលនាសង្រ្គោះជាតិ ត្រូវបានបង្កើតជាផ្លូវការ ទី​បំផុត ចលនា​សង្រ្គោះ​ជាតិ របស់ លោក សម រង្ស៊ី ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៩​ខែ​មករា​នេះ។ ចលនា​ថ្មី​នេះ បាន​ប្រកាស​ចេញ​ពី​ទី​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​ចលនា​នេះ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ទេ ហើយ​ថា​ការ​ទៅ​ចូល​រួម​របស់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​តូច​នៅ​ក្នុង​ចលនា​នេះ គឺ​ជា​សិទ្ធិ​បុគ្គល​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​នៃ​ការ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​នៅ​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ានោះ ក្រៅ​ពី​លោក សម​ រង្ស៊ី គេ​ឃើញ​មាន​វត្ត​មាន ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ រួម​មាន លោក​ស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយា​លោក សម រង្ស៊ី លោក ហូ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក អ៊ុច សេរីយុទ្ធ និង​លោកសៀ ភារម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ​ ​ជា​ដើម។

លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា ចលនា​សង្រ្គោះ​ជាតិ​នេះ មិន​ចាំ​បាច់​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហា​ផ្ទៃ​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំលាយ​បាន​ឡើយ។ លោក សម រង្ស៊ី បាន​អះអាង​ថា​ទៀត អ្នក​ដែល​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិធី​នោះ​គឺ​គ្រាន់​តែ​និមិត្តរូប​ប៉ុណ្ណោះ ដោយ​លោក​ថា​លោក​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ចលនា​នេះ​ជា​ច្រើន​នាក់​ទៀត​ចេញ​មុខ និង​ចេញ​ឈ្មោះ​ឡើយ។

លោក សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា បេសកកម្ម​របស់​ចលនា​សង្រ្គោះ​ជាតិ គឺ​ “បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​ និង​កម្មករ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព អំពាវនាវ​ឲ្យ​កង​ទ័ព​កុំ​ស្តាប់​បញ្ជា​ដែល​លោក សម រង្ស៊ី ថា​ជា​បញ្ជា​របស់​ជន​ផ្តាច់​ដើម្បី​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ស្លូត​ត្រង់ និង​ការ​ទាក់​ទាញ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ​ដែល​លោក សម រង្ស៊ី ថា​ពួក​គេ​កំពុង​តែ​ខឹង​នឹង លោក ហ៊ុន សែន និង​ការ​បញ្ចុះ​បញ្ចូល​ម្ចាស់​កម្ចី និង​អ្នក​ជំនួញ​កុំ​ឲ្យ​រក​ស៊ី​ជាមួយ​រដ្ឋាភិបាល​ដែល​ លោក សម រង្ស៊ី ថា​ខុស​ច្បាប់ ”។

លោក រី គា ជា​ស្ថាបនិក​ម្នាក់​បាន​អះអាង​ថា ចលនា​សង្រ្គោះ​ជាតិ​នេះ​ធ្វើ​ឡើង​ដើម្បី​សង្រ្គោះ​គណបក្ស​សង្រ្គោះជាតិ និង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ ជា​ពិសេស លោក កឹម សុខា ហើយ​ក៏​ជំរុញ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

ប៉ុន្តែ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​ជា​ផ្លូវ​ការ​នេះ លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ទេ ហើយ​ថា​ការ​ទៅ​ចូល​រួម​របស់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​តូច​នៅ​ក្នុង​ចលនា​នេះ គឺ​ជា​សិទ្ធិ​បុគ្គល​តែ​ប៉ុណ្ណោះ។

ដូច​គ្នា​នេះ​ដែរ កាល​ពី​ចុង​សប្តាហ៍​មុន លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​បាន​ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​នេះ​ទេ។ ប៉ុន្តែ​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​ចលនា​នេះ​ថា នោះ​ដោយ​សារ​តែ​លោក​កឹម សុខា បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន។

ចំណែក លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ជា​មុន​ថា ​បើ​មិន​ចង់​មាន​បញ្ហា​ដល់​ខ្លួន នោះ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​ដែល​ត្រូវ​ហាម​ធ្វើ​នយោបាយ កុំ​ឲ្យ​ចូល​ពាក់​ព័ន្ធ​នឹង​ចលនា​នេះ​ឲ្យ​សោះ ខណៈ​លោក ទៀ បាញ់​ រដ្ឋ​មន្រ្តី​ការពារ​បាន​ព្រមាន​កម្ទេច​ចលនា​នេះ​ចោល បើ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា៕

ចលនាសង្រ្គោះជាតិកើតឡើងពេលណា នឹងកម្ទេចពេលនោះ
ភ្នំពេញ៖ ការព្រមានជាថ្មីម្តងទៀត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសថា ប្រសិនបើចលនាសង្គ្រោះជាតិកើតមានឡើងនៅកម្ពុជាពេលណា នោះកងយោធពលខេមរភូមិន្ទ នឹងកម្ទេចចោល នៅពេលនោះភ្លាមៗតែម្តង។

សម្តេចពិជ័យសេនា បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមបិទសិក្ខាសាលាការងារបច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសជាថ្មីយ៉ាងដូច្នេះថា «ចលនាសង្រ្គោះជាតិ កើតចេញនៅប្រទេសកម្ពុជាពេលណា ដូចតាមការអួតរបស់ខ្លួន គឺនឹងកម្ទេចចោលភ្លាម ហើយកងទ័ពមិនបណ្តោយឲ្យពួកទាំងនោះមកបំផ្លិចបំផ្លាញជាតិនោះឡើយ»។

សម្តេចបានបន្តថា «រឿងហ្នឹងដូចជាខ្ញុំបាននិយាយរួមហើយថា អាចលនាស្អីគេ វាហាក់ដូចជាមិនមានស្អីខុសពីអ្វីកន្លងមក ដែលវាបានធ្វើនោះទេ អាចលនាស្អីគេ ​បើសិនជាវាធ្វើសកម្មភាពមែនទែន ដូចអ្វីដែលវាអួត និងគឺថាវាច្បាស់លាស់ហ្មង គឺវាត្រូវតែត្រូវហ្មង ប៉ុន្តែវាត្រូវស្អី គឺចាំដល់ពេលដែលវាមានមែនទែន ដឹងហើយ !»។

ការព្រមានជាបន្តបន្ទាប់របស់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងមានសមត្ថកិច្ចផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួនទៀតរបស់អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដោយអះអាងថា បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោក កឹម សុខា និង ចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ចលនានេះ ត្រូវបាន លោក សម រង្ស៉ី ប្រកាសថា នឹងបង្កើតជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តរួចជាស្រេចក្នុងបុព្វហេតុការថែរក្សាសន្តិភាព ស្ថិរភាព ពង្រឹងសន្តិភាព ហើយមិនអនុញ្ញាតជាដាច់ខាត​ឲ្យអ្វីដែលជាចលនានេះកើតឡើង នាំឲ្យប៉ះពាល់ដល់សន្តិភាពជាដដាច់ខាត។ កងយោធពលខេមរភូមិន្ទ នឹងដើរមុខសហការជាមួយកម្លាំង មានសមត្ថកិច្ចទប់ស្កាត់ រារាំង និងបង្រ្កាបតែម្តង គឺបង្រ្កាបមិនឲ្យមានរឿង អ្វីមួយដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាឡើយ៕

ព័ត៌មាន  ២១ មីនា ២០១៨  ចលនាសង្រ្គោះជាតិ ចំណាយលុយ ២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនអាមេរិកាំង ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា (បរទេស)៖ សារព័ត៌មានបរទេសមួយបានចុះផ្សាយថា ក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក របស់លោក សម រង្ស៊ី បានជួល សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា។

សារព័ត៌មាន Asia Times បានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ ថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen បានផ្ដល់ជូនដល់ក្រុមចលនាសង្រ្គោះជាតិរបស់សម រង្ស៊ី នៅក្រៅស្រុក ធ្វើយ៉ាងណា ទាក់ទាញឲ្យអន្តរជាតិឲ្យដាក់សម្ពាធធ្ងន់ធ្ងរ មកលើរដ្ឋាភិបាលកម្ពុជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយត្រូវចំណាយលុយរហូតដល់ទៅ ២៥០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល០៦ខែ។

ចលនាសង្រ្គោះជាតិនៅក្រៅប្រទេសរបស់សម រង្ស៊ី មានគោលដៅចំនួនពីរ៖ ទី១ គឺចង់ឲ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ទៅកាន់ប្រទេសកម្ពុជាវិញ មុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការប្រកួតប្រជែងការបោះឆ្នោត ជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទី២ គឺចលនា CNRM កំពុងតែអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិចេញពីពន្ធនាគារ។

កិច្ចព្រមព្រៀងរវាងចលនាសង្រ្គោះជាតិ និងក្រុមហ៊ុន BerlinRosen នោះ ចុះហត្ថលេខាដោយលោកស្រី ជូឡុង សូមួរ៉ា ចែង ថា ក្រុមហ៊ុននេះនឹងមិនធ្វើសកម្មភាព «បញ្ចុះបញ្ចូល» នោះទេ ប៉ុន្តែគ្រាន់តែដើរតួនាទីក្នុងនាមជា «ទីភ្នាក់ងារសាធារណៈ» និង «អ្នកពិគ្រោះនយោបាយ» សម្រាប់ចលនាសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក។

សារព័ត៌មាន Asia Times បានបន្តថា ក្រុមហ៊ុន BerlinRosen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានតួនាទីជាអ្នកបញ្ជូនសារទាំងអស់របស់ចលនាសង្រ្គោះជាតិ ទៅកាន់បណ្តាសារព័ត៌មានធំៗ និងល្បីៗរបស់អន្តរជាតិ។ នៅក្នុងកិច្ចសន្យានោះ ហ៊ុនអាមេរិកមួយនេះ នឹងត្រូវបញ្ចេញនូវអត្ថបទចំនួនពីរ ផ្ញើជូនទៅ «សារព័ត៌មានអន្តរជាតិ ដែលមានប្រសិទ្ធភាពខ្ពស់» ខណៈដែលពួកគេក៏កំពុងជួយចលនាសង្គ្រោះជាតិ ក្នុងការចេញផ្សាយអត្ថបទបន្ថែមទៀត ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើន។

អ្វីដែលសំខាន់បន្ថែមទៀតនោះ ក្រុមហ៊ុន BerlinRosen គឺតម្រូវឲ្យចូលរួមក្នុងការជម្រុញប្រព័ន្ធផ្សព្វផ្សាយសកម្ម ដែលរួមមានទាំងការសរសេរព័ត៌មានជាទៀងទាត់។ អត្ថបទមួយត្រូវបានចេញផ្សាយរួចមកហើយ កាលពីថ្ងៃទី០៩ ខែមីនាដែលបានធ្វើការអត្ថាធិប្បាយអំពីការប៉ះទង្គិចគ្នា រវាងអ្នកភូមិ និងសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ ដោយមានការសរសេរថា កម្លាំងប្រដាប់អាវុធ បានបាញ់ប្រហារសម្លាប់លើក្រុមបាតុករ ហើយលោក សម រង្ស៊ី ក៍ខិតខំធ្វើព័ត៌មានបំប៉ោងនិងបំផ្លើសនេះដែរ, ដែលនេះក៏ជាផ្នែកមួយនៃការជួលក្រុមហ៊ុន Berlin Rosen នោះផងដែរ។ តែយ៉ាងណា លោកសម រង្ស៊ី មិនទាន់មានប្រតិកម្ម ពីការចុះផ្សាយរបស់ សារព័ត៌មាន Asia Times នេះនៅឡើយទេ៕

១ ខែកុម្ភៈ ឆ្នាំ២០១៨ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានព្រមានជាសាធារណៈថា សម្តេចមិនអនុញ្ញាតឲ្យ មានការបង្កើតតំបន់អប្បគមន៍ សារជាថ្មីនៅក្នុងទឹកដីកម្ពុជា ហើយសម្តេចតេជោ ក៏មានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ជាកងទ័ពបង្ក្រាប ទៅលើចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិផងដែរ។

ក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីកម្ពុជា បានទាញភ្ជាប់ចលនាសង្រ្គោះជាតិ ទៅជាប់នឹងចលនាសង្រ្គោះជាតិ ដែលបានបង្កើតកាលពីថ្ងៃទី២៨ មករា កន្លង ដោយអតីតមេបក្សប្រឆាំង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កាលពីអតីតកាលមានក្រុមមួយក្តាប់តូច បានលបលួចបង្កើតតំបន់អប្បគមន៍ នៅក្នុងទឹកដីខេត្តក្រចេះ ដើម្បីបំបែកចេញ ជារដ្ឋមួយផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារសិក្សា និងតាមដានដឹងក៏បានបង្ក្រាប ទាន់ពេលវេលាផងដែរ ។

សម្តេចបន្តថា ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមមួយដែលបានកាត់សិទ្ធិ ក្នុងការធ្វើនយោបាយ ក៏បានទៅបង្កើតចលនាសង្រ្គោះជាតិ នៅក្រៅទេ ដែលចលនានេះវាខុសច្បាប់ ។ 

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “អារឿងការស្រែកឡូឡាប៉ុន្មានថ្ងៃមកនេះ សូមកុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងគួរតែកុំបង្ខំឲ្យគេវៃដែកគោល ទៅលើក្តារមឈូស របស់អ្នកឯថែមទៀត កុំសង្ឃឹមឲ្យសោះ បើនៅក្នុងដៃតុលាការវាជារឿងមួយ ប៉ុន្តែបើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវៃចូលទៅកន្លែងនុងដែរ គេមិនអាចឲ្យប្រទេសនេះ មានអប្បគមន៍សារជាថ្មីទេ សូមទោស ប្រាប់ឲ្យហើយ ខ្ញុំមិននិយាយទេ ប៉ុន្មានថ្ងៃនេះ ខ្ញុំអត់និយាយទេ” ។

សម្តេចបន្តថា ចលនាសង្រ្គោះជាតិដែលបង្កើតឡើង ដោយអតីតមេបក្សប្រឆាំងនោះ សូមបង្កើតទៅ ហើយបើចង់ខ្លាំងអញ្ជើញមកកម្ពុជាមក។ សម្តេចថា ទោះបីជាសម្តេច មិនកាន់កាប់ កងទ័ពដោយផ្ទាល់ក៏ដោយ ប៉ុន្តែសម្តេចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ជាកងកម្លាំង ប្រដាប់អាវុធទាំងអស់ ក្នុងក្របខណ្ឌជាអនុប្រធាន ឧត្តមក្រុមប្រឹក្សាការពារជាតិ ដូច្នេះត្រូវយល់ថា មេទ័ពមួយនេះ (សម្តេចតេជោ) មិនមែនជាមេទ័ពទន់ជ្រាយទេ ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា “ខ្ញុំគ្រាន់តែបង្ហាញផ្លូវអ្នកថា អ្នកមិនគួរយកដែកគោលទៅវៃលើក្តារមឈូស ដែលវាងាប់ទៅហើយ គេយកទៅកប់ទៅហើយថែមព្រនង់ទៅហើយ ហើយធ្វើឲ្យអ្នកសែងក្តារមឈូស ងាប់ទៅទៀតដោយសារតែខ្លួន។ខ្ញុំមិននិយាយទៅចំអ្នកណាទេ នៅចាំទេនៅក្នុងសតវត្សទី២០ មានមួយនោះគេហៅអាឆ្កែឥឡូវ ដល់សតវត្សទី២១ កូនអាមនុស្សដដែលគេហៅអាឆ្កែទៀត” ។

សូមបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ដែលកាលនោះជា ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំ អេហ្វអ៊ឹម១០៥ មេហ្គាហឺត ត្រូវចាប់ខ្លួនដោយចោទប្រកាន់ថា ពាក់ព័ន្ធរឿងធ្វើអប្បគមន៍ នៅស្រុកឆ្លូងខេត្ត ក្រចេះ។ ក្នុងនោះមានក្រុមសកម្មជនដីធ្លី យ៉ាងតិច៥នាក់ ត្រូវតុលាការចេញដីការ ចោទប្រកាន់ពីបទធ្វើ អប្បគមន៍ ដោយភ្ជាប់ការពាក់ព័ន្ធនេះ ជាមួយលោក ម៉ម សូណង់ដូ ៕

១២ ឧសភា ២០១៨?ប្រធាន​គណបក្ស​ សម រង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ក្នុង​សន្និសីទ​កាសែត​​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២។ ការ​ព្រមព្រៀង​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នឹង​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​នៅ​ពេល​ខាង​មុខ ដោយ​រំលាយ​ឈ្មោះ​គណបក្ស​ទាំង​ពីរ​វិញ​នោះ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ជាប់​គាំង​ក្នុង​ការ​បង្រួបបង្រួម​គ្នា​អស់​រយៈពេល​ជាង ៣​ឆ្នាំ​កន្លង​មក។

មេដឹកនាំ​គណបក្ស​ទាំង​ពីរ លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​មាន​គម្រោង​បង្កើត​គណបក្ស​ថ្មី​មួយ​នៅ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៧ កក្កដា

ការ​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណបក្ស សម រង្ស៊ី តាម​រយៈ​វីដេអូ ខនហ្វឺរិន (Video Conf​erence) ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ជា​ទី​កន្លែង​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ទៅ​ជួប​គ្នា​ដើម្បី​ចរចា​គ្នា។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​បាន​រួបរួម​គ្នា និង​ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​បាន​រួបរួម​គ្នា និង​កំពុង​រៀបចំ​បង្កើត​គណបក្ស​ថ្មី​នៅ​ពេល​ខាង​មុខ​នោះ គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​សម្រេច​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ការ​បង្កើត​គណបក្ស​ថ្មី​នោះ ស្ថាប័ន​ទាំង​ពីរ​នេះ គឺ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុ​ប្រធាន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី មិន​ទាន់​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ​ថា តើ​គណបក្ស​បង្កើត​ថ្មី​នោះ​មាន​ឈ្មោះ​អ្វី និង​បង្កើត​នៅ​ក្នុង​ខែ​ណា​នោះ​ទេ?

ប៉ុន្តែ​លោក កឹម សុខា បាន​បញ្ជាក់​ថា គណបក្ស​ថ្មី​គឺ​នឹង​បង្កើត​ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នេះ មាន​យន្តការ​ច្បាស់លាស់ គឺ​ខុស​ពី​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​មុន។

គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ជាប់​គាំង​អំពី​ការ​បង្រួបបង្រួម​គ្នា​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​កាល​ពី​ឆ្នាំ​២០០៩ មក។ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ស្វាគមន៍​ចំពោះ​ការ​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស។ លោក ផៃ ស៊ីផាន អះអាង​ថា ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ហើយ​គ្រោង​នឹង​បង្កើត​គណបក្ស​មួយ​ថ្មី​ទៀត​ក៏ដោយ ប៉ុន្តែ​មិន​អាច​ប្រកួត​ប្រជែង​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នៅ​អាណត្តិ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ពន្យល់​ថា នេះ​ជា​ជំហាន​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​គណបក្ស​ទាំង​ពីរ​បាន​បង្រួបបង្រួម​គ្នា។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ការ​បង្រួបបង្រួម​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នេះ សំឡេង​ឆ្នោត​នឹង​កើន​ឡើង។ ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​នឹង​ទទួល​ស្គាល់​គណបក្ស​ថ្មី ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បញ្ចូល​គ្នា​គ្រោង​បង្កើត​នោះ ឬ​យ៉ាង​ណា​ទេ? ពីព្រោះ​ថា គ.ជ.ប. កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើត​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត គឺ​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី មិន​ឲ្យ​មាន​សិទ្ធិ​ក្នុង​ការ​ដឹកនាំ​គណបក្ស​របស់​លោក​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី អះអាង​ថា លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ទេ ពីព្រោះ​ថា ស្ថានភាព​ប្រទេស​កម្ពុជា នឹង​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​ខាង​មុខ។

មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​គម្រោង​បង្កើត​គណបក្ស​ថ្មី ពីព្រោះ​ថា នៅ​ពេល​គណបក្ស​ទាំង​ពីរ​រំលាយ​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​តែមួយ ដោយ​បង្កើត​គណបក្ស​ថ្មី​នោះ អាសនៈ​សភា​ដែល​គណបក្ស​ទាំង​ពីរ​មាន​នា​ពេល​បច្ចុប្បន្ន​ក៏​នឹង​រលាយ​ដែរ៕

2012-07-30 ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ផ្សព្វផ្សាយ​គោលដៅ​រួម​ថ្នាក់​ជាតិ​លើក​ដំបូង
ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ​០៣ កក្កដា ២០១២-- បក្សសង្រ្គោះជាតិបង្កើតថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០១២ ដែល​ទើប​បង្កើត​ដោយ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​រួម​គ្នា បាន​ផ្សព្វផ្សាយ​ពី​គោលដៅ​រួម​របស់​ចលនា​នេះ​ទៅ​ដល់​សកម្មជន​គណបក្ស​របស់​ខ្លួន​នៅ​ថ្នាក់​ជាតិ​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។ ការ​បង្ហាញ​ពី​គោល​ដៅ​រួម​ថ្នាក់​ជាតិ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រួម​គ្នា​រវាង​សកម្មជន​គណបក្ស​ទាំង​ពីរ​ប្រមាណ​ជាង ៣០០​នាក់ មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​នានា នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ពិធី​ជួបជុំ​នោះ តំណាង​គណបក្ស សម រង្ស៊ី មាន​លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​ខេត្ត​កំពត អ្នកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការ​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធ​សភា។

លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស ក៏​បាន​បង្ហាញ​វត្តមាន​តាម​រយៈ Video Conference មក​កាន់​កិច្ច​ប្រជុំ​ផង​ដែរ។ចំណែក​ខាង​គណបក្ស​សិទ្ធិ​មនុស្ស មាន​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និង​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ព្រៃវែង និង​លោក ប៉ែន សុវណ្ណ ប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សិទ្ធិ​មនុស្ស។លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ពន្យល់​ដល់​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស និង​សកម្មជន​គណបក្ស សម រង្ស៊ី ពី​មូលហេតុ​នៃ​ការ​រួប​រួម​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។ លោក​បាន​លើក​ឡើង​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ទាំង​ពីរ​នៅ​មូលដ្ឋាន​កំពុង​ដើរ​ផ្លូវ​រួម​គ្នា​ក្នុង​ការ​សង្គ្រោះ​ជាតិ ដើម្បី​ទាញ​យក​សំឡេង​ឆ្នោត ឬ​អ្នក​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

លោក​ថ្លែង​បន្ត​ថា ការ​រួម​គ្នា​រវាង​គណបក្ស​ទាំង​ពីរ នឹង​មិន​ប៉ះពាល់​អ្វី​ដល់​អាសនៈ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ថ្មី និង​បញ្ហា​ផ្នែក​ច្បាប់​ដែល​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​មិន​អាច​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ទេ។

អ្វី​ដែល​លោក កឹម សុខា សង្កត់​ធ្ងន់​នោះ គឺ​គណបក្ស​ទាំង​ពីរ​នឹង​បង្កើត​គោលការណ៍​រួម កម្មវិធី​គោលការណ៍​រួម និង​សារ​រួម​ទៅ​សកម្មជន​នៅ​តាម​មូលដ្ឋាន ដើម្បី​ឲ្យ​អនុវត្ត និង​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ មុន​នឹង​ដំណើរ​ការ​នីតិ​វិធី​ច្បាប់ ស្នើ​សុំ​បង្កើត​គណបក្ស​ថ្មី នឹង​លេច​ជា​រូបរាង​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។

លោក កឹម សុខា៖ «គឺ​យើង​នឹង​រៀបចំ​ជា​បន្ទាន់​នូវ​លក្ខន្តិកៈ​នៃ​គណបក្ស​ថ្មី បទបញ្ជា​នៃ​គណបក្ស​ថ្មី ដើម្បី​ចុះ​ឈ្មោះ។ យើង​មិន​ល្ងង់​ទេ យើង​ស្គាល់​ច្បាប់​យើង​ដឹង​ច្បាប់ យើង​អត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»។

លោក កឹម សុខា និង​លោក សម រង្ស៊ី រួម​គ្នា​បង្កើត ​សម្ពន្ធភាព​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដោយ​សង្ឃឹម​ថា នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​រំដោះ​ជាតិ ក្នុង​ការ​ទាញ​យក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ប្រទេស​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​របប​កុម្មុយនិស្ត និង​ជា​អាយ៉ង​យួន។

លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ក៏​បាន​ថ្លែង​តាម Video Conference នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​រវាង​សកម្មជន​គណបក្ស​ទាំង​ពីរ​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដើម្បី​ប្រមែប្រមូល​អ្នក​ប្រជាធិបតេយ្យ​ឲ្យ​រួម​គ្នា។
នៅ​​ក្នុង​​ការ​ជួប​ប្រជុំ​គ្នា​នោះ លោក កឹម សុខា ប្រកាស​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

លោក សម រង្ស៊ី បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក កឹម សុខា នោះ គឺ​ដើម្បី​រួម​គ្នា​ជាមួយ​លោក​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​នៅ​បរទេស​ឲ្យ​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​ការ ​ផ្លាស់ប្ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា មិន​មាន​អព្យាក្រឹត និង​ជួយ​ឲ្យ​លោក សម រង្ស៊ី មាន​សិទ្ធិ​ត្រឡប់​មក​កម្ពុជា​វិញ ឲ្យ​ទាន់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣

លោក សម រង្ស៊ី៖ «បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​យក​ជា​ការ​បាន គឺ​មាន​តែ ២​ទេ គឺ ហ៊ុន សែន និង សម រង្ស៊ី ដូច្នេះ​មិន​អាច​បោះ​ឆ្នោត​គ្មាន​វត្តមាន​ខ្ញុំ​ទេ។ ដូច​គូ​ប្រដាល់​ឡើង​លើ​សង្វៀន ហើយ​មាន ២​ឡើង​ប្រដាល់​គ្នា ហ៊ុន សែន គាត់​អត់​ហ៊ាន​ទេ គាត់​អត់​ហ៊ាន​ប្រដាល់​ជាមួយ សម រង្ស៊ី ដាល់​ជាមួយ សម រង្ស៊ី សម រង្ស៊ី ដាល់​សន្លប់​ឥឡូវ»។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ គណបក្ស​សិទ្ធិ​មនុស្ស​ក៏​បាន​ចែក​កុំព្យូទ័រ ម៉ាស៊ីន​បោះ​ពុម្ភ (Printer) ទៅ​ដល់​មេ​ឃុំ ដែល​ជាប់​ឆ្នោត​ថ្មី​ចំនួន ១៨​រូប សម្រាប់​ផ្ទុក​ឯកសារ។ ដោយ​ឡែក​រថយន្ត ៤​គ្រឿង​ទៀត ក៏​ត្រូវ​បាន​ចែក​ដល់​មេ​ឃុំ​ថ្មី​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​ផង​ដែរ ហើយ​គណបក្ស​នេះ​កំពុង​ស្វែង​រក​ជំនួយ​ពី​បរទេស​បន្ត​ទៀត ដើម្បី​ទិញ​រថយន្ត​ចំនួន ១៤​គ្រឿង​បន្ថែម ចែក​ជូន​មេឃុំ​ថ្មី​របស់​ខ្លួន​ទៅ​តាម​ការ​សន្យា​ពេល​ឃោសនា​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ។

ការ​ផ្តល់​នេះ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​ការ​ទទួល​ខុស​ត្រូវ​នូវ​ការ​សន្យា​របស់​គណបក្ស​នយោបាយ​ដែល​កន្លង​មក​គេ​មើល​ឃើញ​ថា អ្នក​នយោបាយ​មួយ​ចំនួន​តែង​សន្យា​ចោល ដើម្បី​រក​សំឡេង​ឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត៕

វិភាគសង្គម៖ អ្វីខ្លះអ្នកបានយល់លើលទ្ធផលបោះឆ្នោតឃុំ-សង្កាត់២០១៧ ?
(ភ្នំពេញ)៖ ស្របពេលដែលការបោះឆ្នោតបានបញ្ចប់ដោយភាពរលូន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ លទ្ធផលបឋមមិនទាន់ផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅបន្តឈ្នះនាំមុខលើគណបក្សសង្រ្គោះជាតិយ៉ាងច្រើន បើប្រៀបធៀបសម្លេងឆ្នោតកាលពីឆ្នាំ២០១៣។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ បែរជាប្រកាសថា ទទួលជោគជ័យលើការបោះឆ្នោតឆ្នាំ២០១៧នេះ។

ដើម្បីពន្យល់អំពីការប្រៀបធៀបដល់បងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែយល់ច្បាស់អំពីការកើនសម្លេង និងថយសម្លេងឆ្នោត រវាងគណបក្សធំៗទាំងពីរនេះ, លោក ឃុន ប៊ុននី ជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាអតីតមន្រ្តីរបស់អង្គការសហប្រជាប្រជាជាតិ បច្ចុប្បន្នជាអ្នកផ្តល់ការប្រឹក្សាយោបល់ដល់អង្គការសង្គមស៊ីវិល មួយចំនួនធំនៅកម្ពុជា បានចេញមកពន្យល់អំពីលទ្ធផលនេះ។

មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាទីប្រឹក្សាអង្គការសង្គមស៊ីវិលរូបនោះ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា៖

ជាដំបូងខ្ញុំសូមអបអរសាទរជាមួយគណបក្សធំទាំងពីរ, ខ្ញុំយល់ថា ការសម្រេចចិត្តធំរបស់ប្រជាជនពិតជាត្រឹមត្រូវល្អ ហើយតាមការគិតទុករបស់ខ្ញុំ គណបក្សប្រជាជនកម្ពុជា នៅរក្សាលើស១,១០០ឃុំ-សង្កាត់ ហើយគណបក្សសង្រ្គោះជាតិ អាចក្រោម៥៥០ ឥឡូវមិនគ្រប់ត្រឹម៥០០ផង...មានការលើកឡើងថា ហេតុអ្វីយកមកប្រៀបធៀបឆ្នាំ២០១៣ ចម្លើយខ្លីកាលពីឆ្នាំ២០១២ សង្គ្រោះជាតិ គឺនៅមិនទាន់ចាប់កំណើតនៅឡើយ។

A) សូមមើលទិន្ន័យប្រៀបធៀបឆ្នាំ២០១៣ ជាឆ្នាំសង្គ្រោះជាតិ (មានភាពខុសគ្នារវាងបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិ ប៉ុន្តែយើងអាចសាកល្បង យកមកប្រៀបធៀបរបៀបនេះបាន)៖

* ឆ្នាំ២០១៣ CPP មានអសនៈក្នុងរដ្ឋសភា ៦៨/១២៣ ស្មើ៥៥%
* ឆ្នាំ២០១៣ CNRP មានអសនៈសភា ៥៥/១២៣ ស្មើ៤៥%

CPP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៦៨/១២៣) យក១៦៤៦ x ៥៥% ស្មើ ៩១០ ឃុំសង្កាត់។ លទ្ធផលជាក់ស្តែង២០១៧ CPP បានទទួល១១៦៣ឃុំ មានន័យថា ទទួលបានលើសពីអាណត្តិមុន។

CNRP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៥៥/១២៣) ស្មើ១៦៤៦ x ៤៥% ស្មើ ៧៣៦ ឃុំសង្គាត់។ លទ្ធផលឆ្នាំ២០១៧ ទទួលបានត្រឹម៤៨២ឃុំ មានន័យថា បាត់បង់ច្រើនជាងមុនជិតពាក់កណ្តាល។

B) សាកល្បងវិភាគរួមគ្នាពីលទ្ធផលនៃការយល់ឃើញវិញ៖

១៖ សម្រាប់ខ្ញុំ CPP នៅតែបន្តឈ្នះលើសលប់ នេះមានន័យថា អ្នកដែលប្រជាជនបោះឆ្នោតជូន មិនមែនបោះឲ្យបក្សទេ គឺបោះឲ្យបុគ្គលដែលគាត់ស្រឡាញ់ ដូច្នេះCPP នៅមានមនុស្សជាទីស្រឡាញ់របស់ប្រជាជនច្រើន និងច្បាស់ណាស់ថា ពួកគាត់ពិតជាបានធ្វើកិច្ចការច្រើនជូនប្រជាជនគាត់ហើយ ទើបប្រជាជន នៅមានការគាំទ្រច្រើនលើសលប់បែបនេះ។

២៖ CNRP ទោះចាញ់សម្លេងគាំទ្រឆ្នាំ២០១៣ ប៉ុន្តែគាត់ទទួលបានកៅអីក្នុងឃុំជិត៥០០ដែរ ដែលពីមុនមានតិចបំផុតនោះ នេះវាបង្ហាញពីការជ្រើសរើសថ្មី សម្រាប់ប្រជាជន។ ការជ្រើសរើសនៅពេលនេះ ជារឿងមួយប៉ុន្តែនៅពេលធ្វើកិច្ចការអាចជា រឿងផ្សេងមួយទៀតពិបាកនឹងអនុវត្តតម្រូវចិត្តប្រជាជនបន្តិច ព្រោះថាមេឃុំចៅសង្កាត់CNRPនៅថ្មី អាចខ្វះបទពិសោធន៍។

C) អ្វីដែលជាទ្ធផលនឹងឆ្លុះបញ្ចាំងការបោះឆ្នោតឆ្នាំ២០១៨?

១៖ ចូរចាំថាមេឃុំ CPP គឺជាមេឃុំចាស់ មានបទពិសោធន៍ល្អ និងមានទំនាក់ទំនងល្អរួចជាស្រេចជាមួយ ប្រជាជននិងរដ្ឋ។

២៖ ត្រូវយល់ដែរថា មេឃុំថ្មី CNRP ជាមេឃុំទើបតែជ្រើសរើសនៅថ្មី ខ្វះបទពិសោធន៍ ប៉ុន្តប្រជាជនបានផ្តល់ទំនុកចិត្តហើយ ប៉ុន្តែត្រូវចងចាំដែរថា គាត់ត្រូវទទួល រ៉ាប់រងឆ្លើយតបតម្រូវការប្រជាជនបោះឆ្នោតឲ្យគាត់ក្នុងរយះពេល១ឆ្នាំដំបូង មុននិងដល់ការបោះឆ្នោតជាតិ។ ពិតជាមិនមែនរឿងងាយស្រួលទេ.. ព្រោះជាបន្ទុកដ៏ ធ្ងន់ហើយបទពិសោធន៍នៅតិច និងណាមួយគាត់ស្ថិតក្រោមអំណាចចៅហ្វាយស្រុក, ខេត្ត និងរដ្ឋាភិបាលដែលដឹកនាំដោយ CPP ។ មិនចោទលើការប្រកាន់ បក្សណាទេតែចំណុចនេះអ្នករាល់គ្នាអាចយល់ ព្រោះចង់មិនចង់ការងារមិនមែនរលូនដូចការគិតនោះទេ។

៣៖ ការដោះស្រាយលើបញ្ហានៅមូលដ្ឋាន និងសេវាកម្មនានាដែលជាតម្រូវការប្រជាជន នឹងធ្វើឲ្យមេឃុំ CNRP ថ្មីនឹងជួបបញ្ហាដោយជៀសមិនរួច! រឿងសំរាម លូស្ទះ ប្រឡាយអត់ហូរទឹកលិចផ្លូវ ស្ទះចរាចរចរ និងភូមិឃុំមានសុវត្តិភាព ហើយ និងការបង់ថ្លៃសេវាកម្មរដ្ឋបាលសារធារណៈតាមឃុំសង្កាត់។ល។

និយាយជារួម អ្វីដែលគាត់ធ្លាប់បន្ទោសមេឃុំ CPP ធ្វើមិនកើតបានមកដល់ដំណាក់កាគាត់ធ្វើម្តង ហើយប្រជាជន និង CPP ពួកគេនឹងដើរតួនាទីជាអ្នកថា និងបន្តោសម្តង សម្រាប់មេឃុំថ្មី CNRP ៤៨២នេះ។ ពេលនោះអ្នកធ្វើនិងអ្នកថា បានដូរតួនាទីគ្នាវិញម្តង ហើយពួកគេនឹងដូរតួនាទីគ្នាឆ្លងកាត់កិច្ចការដ៏ច្រើន​ ហើយអ្នករាល់គ្នាប្រហែលជាច្បាស់ លើលទ្ធផលមិនខាន..។

ពិតណាស់ហើយ ឃុំសង្កាត់ដែលCPPបានបាត់បង់ គឺជាអ្វី១ សំខាន់បំផុតដែលគណៈបក្សនេះ ត្រូវចេះវះកាត់ជៀរចោលនូវសាច់ផុតស្អុយមួយចំនួនជាជាង អោបក្រសោប ​និងលាក់បាំងនូវចំណុចខ្វះខាតរបស់ពួកគេ។ តាមការមើលលភូមិសាស្ត្រ ភូមិឃុំដែលចាញ់ ស្ទើរតែទាំងអស់ពាក់ព័ន្ធនិងតំបន់កសាងថ្មី និងចាស់ដែរ ដែលសេវាសាធារណៈរដ្ឋមិនត្រូវបានឆ្លើយទាន់ពេលវេលា និងការមិនយកចិត្តទុកដាក់របស់អជ្ញាធរ។ ដូច្នេះវាជាមេរៀនដ៏ឈឺចាប់មួយ ដែលដាច់ខាតគេត្រូវពង្រឹងឡើងវិញ បើសិនសំលឹងទៅរកជោគជ័យលើសលប់នាឆ្នាំ២០១៨នោះ។

៤៖ ការសន្យានៃបក្សសង្គ្រោះជាតិ លើថវិការជួយដល់ឃុំសង្កាត់ នឹងក្លាយជារបៀបវារៈដ៏ពេញនិយមចាប់ពីថ្ងៃនេះតទៅហើយ។ ប្រាក់៥០ម៉ឺនដុល្លារ ដែល CNRP សន្យាជូនមេឃុំ គឺជារឿងបោកប្រាសសុទ្ធសាធ ហើយម្នាក់ៗនឹងបានក្លាយជាសាក្សីគ្រប់ៗគ្នា។ ហេតុអ្វីបោកប្រាស់ព្រោះថា ការទម្លាក់ថវិកាទៅឃុំសង្កាត់ ធ្វើឡើងដោយរដ្ឋាភិបាលដឹកនាំដោយ CPP មិនមែនដោយ CNRP នោះទេ។ ដូច្នេះបើរដ្ឋាភិបាលមិនអនុម័តថវិការនេះ វាមិនមែនជាកំហុសរបស់រដ្ឋាភិបាលដែរ តែជាកំហុស CNRP ដែលខំប្រឹងប្រែងនិយាយឲ្យតែរួចខ្លួន មិនទទួលខុសត្រូវ ហើយភ្លេចគិត ពីបរិបទជាក់ស្តែងបែបវិទ្យសាស្ត្រថា គ្មានថ្ងៃធ្វើទៅបាននោះ។

មានការពន្យល់ថា ៥០ម៉ឺនគឺនៅពេលឈ្នះការបោះឆ្នោតជាតិ នាឆ្នាំ២០១៨តែប៉ុណ្ណោះ។ កាន់តែខុសហើយ !!..បើពិតដូច្នេះមែន ហេតុអ្វីយកមកឃោសនាពេល បោះឆ្នោតឃុំសង្កាត់? សូមឆ្លើយបញ្ជាក់ថា បើទោះជាគាត់ឈ្នះការបោះឆ្នោតជាតិ ទាល់តែ CNRP អាចទទួលបានជ័យជំនះ១០០% ទើបការអនុម័ត៥០ម៉ឺន ជូនឃុំសង្កាត់ គ្មានជួបញ្ហានៅក្នុងសភាជាតិក្នុងរឿងអនុម័តថវិការជាតិពិតណាស់រឿងអាចឈ្នះ១០០% វាមិនអាចទៅរួចសោះឡើយ។

៥៖ ត្រង់ចំណុចវិភាគពី១ដល់៤ វាជាសេណារីអូ ដែលនឹងបញ្ជាក់ជាថ្មីថា CPP នឹងបន្តកាន់តែមានប្រៀបខ្លាំងបន្ថែមលើកិច្ចការខ្លួន ជាពិសេសទាក់ទាញ អ្នកគាំទ្រខ្លួន កាន់តែលើសលប់នាឆ្នាំ២០១៨ ហេតុអ្វី? ដូចជម្រាបជូនខាងលើ មេឃុំចៅសង្កាត់ CPP គាត់មានបទពិសោធន៍ និងស្នារដៃស្រាប់ ដូច្នេះគ្មានការ ប្រឈមនឹងការត្រូវឆ្លើយតបតម្រូវការប្រជាជន និងសេវាសាធារណៈច្រើនទេ ព្រោះគាត់បានធ្វើពីមុនរួចហើយ និងគ្រាន់តែបន្តរក្សាកិច្ចការ កុំឲ្យតែមានការធ្លាក់ចុះវិញ! ១ចំណុចទៀត ការបោះឆ្នោតជាតិឆ្នាំ២០១៨ មិនមែនជាការជ្រើសរើសបុគ្គលដូចបោះឆ្នោតឃុំសង្កាត់ដែរ ប៉ុន្តែជាការជ្រើសបក្ស ជារឿងរបស់សន្តិភាព ការអភិវឌ្ឍ និងអនាគតប្រទេសជាតិ ប្រជាជនអាចមានការពិចារណាខុសគ្នាពីលើកនេះ។

បើត្រូវជ្រើសរើសបុគ្គលនិងបុគ្គលវិញ ពិតណាស់ លោក កឹម សុខា មិនអាចប្រៀបធៀបសម្តេចតេជោបានដែរ ព្រោះតែបទពិសោធន៍
និងស្នារដៃខុសគ្នាមេឃនិងដី។
អត្តបទវិភាគសង្គមគ្រាន់ពិចារណា, ដោយ៖ ឃុន ប៊ុននី

ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃសៅរ៍ ទី១១ ខែ​មករា បាន​ធ្វើ​បាតុកម្ម ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ កឹម សុខា។ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលនឹង​ត្រូវ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ពី​បទសន្ទិដ្ឋិភាព​ជា​មួយ​បរទេស​។កាល​ពី​ថ្ងៃ​សៅរ៍ ទី១១ ខែ​មករា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ខ្មែរ​កាណាដា ប្រមាណ​៤០០​នាក់ ទៅ​៥០០​នាក់ ដែល​ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចូលរួម​ធ្វើ​បាតុកម្ម​អហិង្សា នៅ​មុខ​វិមាន​រដ្ឋសភា​អាមេរិក​ ដោយ​បាន​លើក​បដា ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​មក​លើ លោក​កឹម សុខា និង​មិន​ទទួល​ស្គាល់​ការ​កាត់​ទោស​លោក​កឹម សុខា​។

លោក ជា គឹមលី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ទាម​ទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​។ ក្រៅពី​នេះ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ក្រោម​ហេតុផល​នយោបាយ​។

សូម​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើកទី​១​ទេ ដែល​ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដើម្បី​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើសកម្មជន និង​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ជា គឹមលី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក អះអាង​ថា លោក​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទចោទ​លើ​លោក កឹម សុខា ទោះបី​ជា​មាន​ការ​កាត់ទោស​យ៉ាង​ណា​ក៏​ដោយ​ពី​តុលាការ​កម្ពុជា ដោយ​សារ​លោក​​យល់​ឃើញ​ថា លោក កឹម សុខា មិនមាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា​ទេ​។


លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​​យុត្តិធម៌​​​​​កម្ពុជាបាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​១២ ខែ​មករា​នេះ​ ថា ការ​តវ៉ា​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គោះ​ជាតិ គឺ​ជា​ទម្លាប់ ដែល​មិន​បាន​គិត​ពី​ផ្លូវ​ច្បាប់​ និង​នីតិវិធី​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ជិន ម៉ាលីន បញ្ជាក់​ថា ជា​គោល​ការណ៍​ច្បាប់ មាន​តែ​តុលាការ​ប៉ុណ្ណោះ​ជា​អ្នក​សម្រេច​ថា តើ​គួរ​ទម្លាក់​ចោល​បទ​ចោទ ឬ​មិន​ទម្លាក់ ដូច្នេះ​មាន​តែ​ការ​រង់​ចាំ​មើល​នីតិវិធី​ និង​សវនាការ​របស់​តុលាការ​ប៉ុណ្ណោះ ព្រោះ​គ្មាន​បុគ្គល​ណា​អាច​សម្រេច​ជំនួស​តុលាការ ឬ​បញ្ជា​តុលាការ​ឲ្យ​សម្រេច​បែប​នេះ ឬ​បែប​នោះ​បាន​ឡើយ​៕

No comments:

Post a Comment