បក្សចលនាសង្រ្គោះជាតិ សម រង្សី CNRP-E

បក្ស ចលនាសង្រ្គោះជាតិ តាមអ្វីដែលគេហៅសព្វថ្ងៃ គឺជា "ចលនាសង្រ្គោះជាតិ" តែយោងតាមអត្តន័យ និង ចរិកនយោបាយ វាគឺជា "បក្សចលនាសង្រ្គោះជាតិ" ដោយសារតែ បក្សសង្រ្គោះជាតិ ដឹកនាំដោយ កឹម សុខា និងកូនស្រីឈ្មោះ​ កឹម មនោវិទ្យា ចំណែក បក្សចលនាសង្រ្គោះជាតិ ដឹកនាំ ដោយ សម រង្សី និង កូនប្រុស។ បក្សមួយ តែងតាំង កូនស្រីជាមេ បក្សមួយតែងតាំងកូនប្រុសជាមេដឹកនាំ ដូច្នេះ ប្រាកដណាស់ មានបក្សសម្ងាត់ទី ៣ (បាតដៃទី៣) ដែលទាមទារការតែងតាំងមេបក្សប្រឆាំង ការជ្រើសរើសបោះឆ្នោត-- ជាបក្សប្រឆាំងបែប  Moderate Party គឺបណ្តុំគ្រប់បក្សដែលប្រឆាំងរដ្ឋាភិបាល !។ បក្សបាតដៃទី ៣ នេះជា បក្សដែល មានគ្រោះថ្នាក់បំផុត ព្រោះមានមូលដ្ឋាន នៅក្រៅប្រទេស មិនគោរពច្បាប់ក្នុងប្រទេស ប្រឆាំងជាតិឯង ប្រឆាំងឬមានគោលការផ្លាស់ប្តូរ ស្តេច ជាបក្សដែល ហៅថា របបសាធារណរដ្ឋនិយម គឺមិនត្រូវការស្តេច...

លិខិតមិត្តអ្នកអាន៖ នៅក្រោយវាំងននចលនាសង្រ្គោះជាតិ
ថ្ងៃអាទិត្យ ទី ២១ មករា ២០១៨​
ចលនាសង្រ្គោះជាតិត្រូវបានបង្កើតឡើងដោយក្រុម សម រង្ស៊ី នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងវីដេអូដែល បង្ហោះក្នុងគេហទំព័រហ្វេសប៊ុកឈ្មោះ សម រង្ស៊ី និងអេង ឆៃអ៊ាង បានបង្ហាញ អំពីបេសកកម្មសំខាន់ៗ នៃចលនាសង្រ្គោះជាតិ គឺការញុះញង់ឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំង នឹងរដ្ឋអំណាចស្របច្បាប់។ ការបង្កើតចលនាបែបនេះគឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ គោលបំណងពិតប្រាកដនៃចលនានេះ គឺការបង្កើតរណសិរ្សមួយ ដើម្បីដឹកនាំធ្វើបដិវត្តន៍ពណ៌ បន្ទាប់ពីបដិវត្តន៍នេះ បានទទួលបរាជ័យនាពេលកន្លងមក។ បដិវត្តន៍ពណ៌គឺជាទម្រង់មួយនៃការធ្វើរដ្ឋប្រហារអំណាច ដែលជាអំពើខុសច្បាប់ ហើយបដិវត្តន៍ពណ៌នេះដាច់ ខាត មិនស្ថិតនៅលើគន្លងនៃ លទ្ធិប្រជាធិបតេយ្យសេរី ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរ នោះទេ។

គណបក្សសង្រ្គោះជាតិ ដែលជាអង្គការចាត់តាំងនយោបាយដឹកនាំធ្វើបដិវត្តន៍ពណ៌កន្លងមក គឺត្រូវបាន តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ បានដឹកនាំយុទ្ធនាការនៅក្រៅប្រទេស ដើម្បីឱ្យបរទេសដែលជាឪពុកម្តាយ បង្កើតបក្សសង្រ្គោះជាតិនេះជួយសង្រ្គោះ និងប្រស់សាកសព គណបក្សសង្រ្គោះជាតិឱ្យបានរស់ឡើងវិញ ហើយអ្នកនាង កឹម មនោវិទ្យា ដែលមានភាពលេចធ្លោជាងគេក្នុងការដឹកនាំយុទ្ធនាការនេះ បានអះអាងជា ច្រើនលើកច្រើនសាថា បរទេសនៅតែទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយយុទ្ធនាការនេះ បានលេចចេញជាផ្លែផ្កានាពេលខាងមុខ។ ប៉ុន្តែការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិ គឺជាកំហុសដ៏ធ្ងន់ធ្ងរផ្នែកយុទ្ធសាស្រ្តទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។

នៅក្រៅប្រទេស ការបង្កើតចលនាសង្រ្គោះជាតិ ដោយអតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ គឺមានន័យស្មើនឹងការសម្លាប់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសដែលអ្នកនាង កឹម មនោវិទ្យា អះអាងថា បរទេស នៅទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយក៏មានន័យស្មើនឹងការបំផ្លាញចោលនូវយុទ្ធសាស្រ្ត និងកិច្ចខំប្រឹងប្រែងកន្លងមករបស់អ្នកនាង កឹម មនោវិទ្យា នៅក្រៅប្រទេសដែរ។ ដូចនេះ ចាប់ពីពេលនេះតទៅ តើអន្តរជាតិត្រូវធ្វើការជាមួយអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដឹកនាំដោយក្រុម កឹម សុខា ឬធ្វើការ ជាមួយចលនាសង្រ្គោះជាតិដឹកនាំដោយក្រុម សម រង្ស៊ី។ សម្រាប់ផ្ទៃក្នុងប្រទេសវិញ ចលនាសង្រ្គោះជាតិ គឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងជាខ្មាំងនៃសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ អ្នកចូលរួមក្នុងចលនាឧទ្ទាមបែបនេះ គឺជាអ្នកប្រឆាំងនឹងរដ្ឋធម្មនុញ្ញនិងប្រឆាំងនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូចនេះ កម្លាំងផ្ទៃក្នុងរបស់អតីតបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងចលនានេះនឹងត្រូវបំផ្លាញ។

តើ សម រង្ស៊ី ជានរណា? សម រង្ស៊ី ជាអ្នកនយោបាយប្រឆាំងគ្មានទីតាំងឈរជើង។ សម រង្ស៊ី ពុំមែនជាមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិនោះទេ ហើយគ្មានតំណែងណាមួយក្នុង រចនាសម្ព័ន្ធនៃគណបក្សសង្រ្គោះ ជាតិនោះដែរ។ សម្រាប់ សម រង្ស៊ី គណបក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ ដូចនេះ ចាំបាច់ត្រូវបង្កើត យន្តការថ្មី ដោយប្រើកម្លាំងចាស់ គឺអ្នកគាំទ្រ និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។ ជម្លោះផ្ទៃក្នុងបានផ្ទុះឡើងជាពិសេសក្នុងចំណោមអតីតសមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីត គណបក្សសង្គ្រោះជាតិ និងបានបានបើកកិច្ចប្រជុំសម្ងាត់កាលពីយប់ថ្ងៃទី ១៩ ខែមករា ដើម្បីផ្សះផ្សារគ្នា។ អតីតគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ជាផ្នែក២ដាច់ពីគ្នា។ លើជ្រុងយុទ្ធសាស្រ្តវិញ ការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិគឺជាព្រួញមួយដែល សម រង្ស៊ី បាញ់សត្វបានដល់ទៅ៣៖

ទី១៖ បង្កើតតំណែងមួយឱ្យ សម រង្ស៊ី ដើម្បីធ្វើសកម្មភាពដោយពេញមុខពេញមាត់។ បើប្រើសំបកនៃគណបក្សសង្រ្គោះជាតិ នោះ សម រង្ស៊ី គ្មានតួនាទីអ្វីទេ ហើយ កឹម មនោវិទ្យា នោះទៅវិញទេ ដែលអាចធ្វើការបានដោយពេញមុខ ពេញមាត់ជាមួយបរទេស។ ហេតុដូច្នេះហើយ បានជាកន្លងមក សម រង្ស៊ី ប្រវ៉េប្រវ៉ាកាត់កេរ្តិ៍កាត់ខ្មាសធ្វើជាសុំចូលជាសមាជិកគណបក្សសង្រ្គោះជាតិវិញដើម្បីបានមីក្រូនិយាយ ប៉ុន្តែ រហូតមកដល់ពេលនេះ ដូចមិនដែលឃើញមានសេចក្តីសម្រេចបញ្ចូលជាសមាជិគណបក្ស​សង្រ្គោះជាតិ​នៅឡើយទេ។

ទី២៖ យកឈ្មោះដូចគណបក្សសង្រ្គោះជាតិ ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ ងាយស្រួលលើកទង់សង្រ្គោះជាតិ​ប្រមូលកម្លាំងអ្នកគាំទ្រ សកម្មជន និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។

ទី៣៖ ភ្ជាប់ខ្លួនក្នុងកញ្ចប់នៃការទាមទារឱ្យបរទេសជួយ។ កម្មវត្ថុសំខាន់នៃយុទ្ធនាការរបស់អ្នកនាង កឹម មនោវិទ្យា គឺទាមទារឱ្យបរទេស ជួយប្រស់សពគណបក្សសង្រ្គោះជាតិឱ្យរស់ឡើងវិញ និងទាមទារឱ្យដោះលែង កឹម សុខា។ ប៉ុន្តែការទាមទារឱ្យ សម រង្ស៊ី បានត្រឡប់ចូលស្រុកវិញដោយអត់ទោស គឺពុំមានឡើយក្នុង​កញ្ចប់នៃ​ការទាមទារ។ បើបេសកកម្មនៃចលនាសង្រ្គោះជាតិដូចគ្នានឹងអ្វីដែល កឹម មនោវិទ្យា កំពុងធ្វើក្នុងនាម​គណបក្សសង្រ្គោះជាតិ តើចាំបាច់អ្វីត្រូវបង្កើតចលនានេះ?

ដូចនេះ ក្រៅពីមានតំណែងពេញមុខពេញមាត់ជាថ្នាក់ដឹកនាំនៃចលនាសង្រ្គោះជាតិ អាចគ្រប់គ្រង់ឡើងវិញនូវ​កម្លាំងនៃអតីតបក្សសង្រ្គោះជាតិ គឺ សម រង្ស៊ី អាចភ្ជាប់ខ្លួនក្នុងកញ្ចប់នៃដំណោះស្រាយ វិលចូលស្រុក​មកធ្វើប្រធានបក្សប្រឆាំងឡើងវិញ ប្រសិនបើបរទេសអាចជួយបានមែន។ ម្យ៉ាងទៀត ប្រសិនបើអ្នកនាង កឹម មនោវិទ្យា អតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ ក៏ដូចជាប្រធានសាខាគណបក្សសង្រ្គោះ​ជាតិនៅក្រៅ​ប្រទេសទាំងអស់ចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ សម រង្ស៊ីនោះមានន័យថា សព និងព្រលឹងនៃ​គណបក្សសង្រ្គោះជាតិ ទាំងក្នុង និងក្រៅប្រទេស បានរលាយសូន្យក្លាយជាផ្សែងយ៉ាងពិតប្រាកដ។

សម រង្ស៊ី គិតតែពីកេងចំណេញនយោបាយ ប៉ុន្តែ សម រង្ស៊ី ភ្លេច និងបានបំភ្លេចនូវព្រលឹងខ្មែរ ដោយយកបរទេសធ្វើជាម៉ែឪ ហើយគិតថាបរទេសស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរទៅទៀត។ ប្រវត្តិសាស្រ្តកម្ពុជា បង្ហាញច្បាស់ហើយថា ការបង្កើតចលនានេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរខាងផ្នែកយុទ្ធសាស្រ្ត។ ចលនាមួយដែលយករាជការខ្មែរ ព្រមទាំង សុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ធ្វើជាសត្រូវ គឺត្រូវតែវិនាស។ ការប្រកួតប្រជែងអំណាច ត្រូវធ្វើក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ក្នុងគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងក្នុងក្របខណ្ឌនៃច្បាប់ ដើម្បីកម្ពុជាមួយ រស់ក្នុងសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕

ដោយ៖ ចៅ ចាក់ស្មុក, រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨

ចលនា​សង្រ្គោះជាតិ ​ត្រូវ​បាន​ប្រកាស​បង្កើតឡើង​នៅ​សហរដ្ឋ​អាម៉េរិក​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មករា​កន្លង​ទៅ​ថ្មីៗនេះ។ មានការ​សង្កេត​ឃើញថា​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ចលនា​នេះ​ភាគច្រើន​គឺ​ជា​អតីត​សមាជិក​មក​ពី​ខាង​គណបក្ស​សម រង្ស៊ី តែ​ហាក់​ដូច​ជា​មិន​មាន​ការ​គាំទ្រ​ពី​សំណាក់​លោក​កឹម សុខា​នឹង​បក្ស​ពួក​ឡើយ។ លោក ហុង លីម ជា​សមាជិក​សភា​រដ្ឋ​វិចថូរៀ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្រ្តាលី និយាយថា៖ «ការ​បង្កើត​ចលនា​នេះ​ធ្វើ​ឲ្យ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង​រវាង​គណបក្ស​សង្រ្គោះ​ជាតិ។ ហើយ​លោកថា ទង្វើ​របស់​លោក​សម រង្ស៊ីនេះ បង្ហាញ​ពី​ភាព​ច្រណែន​ចំពោះ​សកម្មភាព​និង​សមិទ្ធិផល​របស់​កញ្ញា​កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក​កឹម​ សុខា ដែល​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។​
ផ្ទុយទៅវិញ លោកសម រង្ស៊ី តែងតែ​អះអាង​ជានិច្ច​ថា គោល​បំណង​នៃ​ការ​បង្កើត​ចលនាសង្រ្គោះជាតិ​នេះ​ឡើង​គឺ​ដើម្បី​ ដើម្បីទាមទារ​ឲ្យដោះ​លែង​លោក កឹម សុខា ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​កម្ពុជា ដោយ​សេរី​ ត្រឹមត្រូវ និងយុត្តិធម៌។

ហើយ​នេះ​ជា​ប្រសាសន៍​ផ្ទាល់​របស់​លោក សមរង្សី​ នៅ​ក្នុងសុន្ទរកថា​ប្រកាស​ចលនាសង្រ្គោះ​ជាតិ​នៅ​ទីក្រុង​ឡុងប៊ិច សហរដ្ឋ​អាម៉េរិក​កាល​ពី​ថ្ងៃ​ទី​២៨​ មករា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ។

យ៉ាង​ណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អះអាង​ម្តងហើយ​ម្តង​ទៀត​ថា​នឹង​បង្រ្កាប​ចលនា​សង្គ្រោះជាតិ​នេះ​ជា​ដាច់ខាត។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំ លោក​នាយករដ្ឋមន្រ្តីហ៊ុនសែន បានផ្ញើសារ​ព្រមាន​ទៅ​លើ​សម រង្ស៊ីថា "​កុំ​បង្ខំ​ឲ្យ​គេ​វ៉ៃ​ដែកគោល លើ​ក្តារ​ម​ឈូស​របស់​អ្នក​"​៕

ចលនាសង្រ្គោះជាតិ ត្រូវបានតុលាការ បើកការស៊ើបអង្កេត ភ្នំពេញៈ ចលនាសង្រ្គោះជាតិ ដែលប្រកាសបង្កើតឡើងមិនទាន់បានមួយខែស្រួលបួលផងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតទាំងក្នុង និងក្រៅប្រទេស ក្រោយពីមានពាក្យបណ្តឹងពីក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានថ្លែងឲ្យដឹងថា ចលនាសង្គ្រោះជាតិ ដែលតុលាការកំពុងបើកការស៊ើបអង្កេតនោះ រួមមាន លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ លោក រី គា ជាអគ្គលេខាធិការ និងលោក សៀ ភារម្យ ប្រធានអង្គការសិទ្ធិលំនៅដ្ឋាន ដែលបានភៀសខ្លួនទៅនៅក្រៅប្រទេស និងបានចូលរួមជាមួយចលនាសង្គ្រោះជាតិ។

បើតាមលោក លី សុផាន់ណា ក្រៅពីថ្នាក់ដឹកនាំចលនាទាំងនេះ ក៏មានដែរ អតីតសមាជិកគណបក្សសង្រ្គោះជាតិ មួយចំនួនទៀត ដូចជា លោកស្រី ជូឡុង ស៊ូមូរ៉ា ភរិយាលោក សម រង្ស៊ី លោក ហូរ វ៉ាន់ និងលោក នុត រំដួល ជាដើម។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងដែរថា បណ្ដឹងដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ គឺសំដៅទៅលើបុគ្គលមានជាប់ពាក់ព័ន្ធនឹងការកៀងគរឲ្យបរទេសដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមនោះ មានម្នាក់ ដែលទាមទារឲ្យគេព្យួរអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។ នេះបើតាមយោងតាមការផ្សព្វផ្សាយពីវិទ្យុបារាំង។

សូមបញ្ជាក់ថា លោក សម រង្ស៊ី កាលពីថ្ងៃទី ២៩ ខែមករា បានប្រកាសជាផ្លូវការនូវចលនាសង្គ្រោះជាតិ (CNRM) នាទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ហើយចលនាសង្គ្រោះជាតិ រៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ភាគច្រើនមកពីអតីត CNRP ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេចប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា៕

លោក ស ខេង ប្រកាសថា នឹងមិនចុះបញ្ជី ចលនាសង្រ្គោះជាតិ នៅក្រសួងមហាផ្ទៃទេ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសទុកជាមុនថា នឹងមិនចុះបញ្ជីចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅក្រសួងមហាផ្ទៃនោះទេ៕

ភ្នំពេញ៖ ខ្សែរាជវង្ស ម្នាក់ អង្គ ម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល បានសសេរសារបង្ហោះនៅក្នុងបណ្តាញសង្គម ហ្វេកកបុកប្រកាស គាំទ្រ ជំហរមិនចូលរួមជាមួយ «ចលនាសង្រ្គោះជាតិ» ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី។  លោក កឹម សុខា ដែលយល់ច្បាស់គ្រប់រូបភាពនិងរាល់ល្បិច (អញជួយឯង ឯងត្រូវតែជួយអញ)។

ការប្រកាស គាំទ្រ របស់ ខ្សែរាជវង្ស នេះធ្វើឡើងបន្ទាប់ពី លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា ដែលបានជួប លោក កឹម សុខា កាលពីថ្ងៃទី១៩ មករា ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង បានប្រកាសជំហររបស់លោកថា លោកមិនចូលរួមជាមួយចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី នោះទេ។លោក ផែង ហេង បន្តថា «គាត់ (លោក កឹម សុខា) បានបញ្ជាក់ថា គាត់មិនចូលរួមជាមួយចលនាណា ហើយក៏មិនបង្កើតចលនាថ្មីទៀតដែរ គាត់បន្តនៅជាមួយប្រជាពលរដ្ឋ ដែលបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិ»។

អង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល បាន សសេរថា «លោកប្រធាន កឹម សុខា ប្រកាសជំហរមិនចូលរួមជាមួយ «ចលនាសង្រ្គោះជាតិ» ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី។   ខ្ញុំស៊ីសុវត្ថិ ចក្រីនុពល គាំទ្រលោក កឹម សុខា ដែលយល់ច្បាស់គ្រប់រូបភាពនិងរាល់ល្បិច (អញជួយឯង ឯងត្រូវតែជួយអញ)។   មានន័យថា បើយើងវាយសម្រុកក៏មិនអាចនឹងឈ្នះបើពួកយើងសម្រេចដកថយធ្វើអោយគេសើចចំអក ប៉ុន្តែ (អ្នកប្រជាធិបតេយ្យ) + (ពិតប្រាកដ) ក៏មិនចាញ់ប្រៀបនៅក្នុងភូមិសាស្ត្រនៃពួកកុម្មុយនីសនេះដែរ មានតែគោរពគោលដៅនិងឆន្ទះពលរដ្ឋតែមួយប៉ុណ្ណោះទើបជាជម្រើសដ៏ល្អបំផុត។   ឧទាហរណ៍, កិច្ចការដែលខ្ញុំបានគិតទុកនោះ បានត្រៀមរួចរាល់អស់ហើយ រង់ចាំតែខ្យល់បក់មកតែ ប៉ុណ្ណោះ» ។ ចំណែក  មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល លោក រដ្ឋមន្ត្រី បានសសេរសារបន្តថា អតីតៈបក្សសាង្គ្រោះជាតិបានតាំងខ្លួនជាបក្សប្រឆាំងផ្តាច់មុខតាំងពីដើមមក ។ ក៏ប៉ុន្តែដើម្បីមហិច្ឆតាអំណាចនិងតាមការបញ្ជារពីមេក្លោងធំបរទេស បក្សប្រឆាំងមួយនេះហ៊ានប្រព្រឹត្តរំលោភច្បាប់ លទ្ធិប្រជាធិបតេយ្យទាំងកម្រោល ដោយមិនខ្លាចរអែងច្បាប់ អនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយបានបង្ហាញផែនការនេះជាចំហរថែមទៀត ធ្វើឲ្យមានពិរុទ្ធភាពត្រូវប្រឈមមុខនឹងមាត្រា ៤៤៣ នៃក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពីបទសន្និដ្ឋិភាពជាមួយបរទេសបង្ករអំពើប្រទូសរ៉ាយដល់សន្តិសុខជាតិដែលជាទោសក្បត់ជាតិ ត្រូវទទួលខុសត្រូវចពោះមុខច្បាប់ ដោយដាច់ខាត ។ក្រោយការរំលាយអតីតៈបក្សប្រឆាំងដោយតុលាការកំពូល អតីតៈមន្ត្រីបក្សនេះនៅតែបន្តសកម្មភាពប្រឆាំងនឹងប្រទេសជាតិខ្លួនឯង ប្រជាជនខ្លួនឯងដដែល ដែលជាសកម្មភាពខុសច្បាប់ ជាសកម្មភាពឧទ្ទាមនិយម ។

ដោយឡែក ទណ្ឌិត សម រង្សី ឆ្លៀតឱកាសកឹម សុខាជាប់ឃុំខ្លួន ក៏បង្កើតរបស់ហៅថា ចលនាសាង្គ្រោះជាតិមួយ ក្រៅច្បាប់និងមានសកម្មភាពជាឧទ្ទាម ដូចគ្នានឹងអតីតៈសាង្គ្រោះជាតិ ។ដូច្នេះទោះបីកឹម សុខា ប្រកាសមិនចូលរួមជាមួយរបស់ហៅថាចលនាសាង្គ្រោះជាតិ ក៏កឹម សុខា នៅតែជាកឹម សុខា ជាតួអង្គប្រឆាំងដដែល មិនមានអ្វីប្លែកទេ ។ហេតុនេះ សម រង្សី និង កឹម សុខា ដៀតែខ្នូច ដូចតែគ្នា មិនខុសគ្នាឡើយ៕

ទី​បំផុត ចលនា​សង្រ្គោះ​ជាតិ របស់ លោក សម រង្ស៊ី ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៩​ខែ​មករា​នេះ។ ចលនា​ថ្មី​នេះ បាន​ប្រកាស​ចេញ​ពី​ទី​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​ចលនា​នេះ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ទេ ហើយ​ថា​ការ​ទៅ​ចូល​រួម​របស់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​តូច​នៅ​ក្នុង​ចលនា​នេះ គឺ​ជា​សិទ្ធិ​បុគ្គល​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​នៃ​ការ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​នៅ​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ានោះ ក្រៅ​ពី​លោក សម​ រង្ស៊ី គេ​ឃើញ​មាន​វត្ត​មាន ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ រួម​មាន លោក​ស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយា​លោក សម រង្ស៊ី លោក ហូ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក អ៊ុច សេរីយុទ្ធ និង​លោកសៀ ភារម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ​ ​ជា​ដើម។

លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា ចលនា​សង្រ្គោះ​ជាតិ​នេះ មិន​ចាំ​បាច់​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហា​ផ្ទៃ​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំលាយ​បាន​ឡើយ។ លោក សម រង្ស៊ី បាន​អះអាង​ថា​ទៀត អ្នក​ដែល​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិធី​នោះ​គឺ​គ្រាន់​តែ​និមិត្តរូប​ប៉ុណ្ណោះ ដោយ​លោក​ថា​លោក​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ចលនា​នេះ​ជា​ច្រើន​នាក់​ទៀត​ចេញ​មុខ និង​ចេញ​ឈ្មោះ​ឡើយ។

លោក សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា បេសកកម្ម​របស់​ចលនា​សង្រ្គោះ​ជាតិ គឺ​ “បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​ និង​កម្មករ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព អំពាវនាវ​ឲ្យ​កង​ទ័ព​កុំ​ស្តាប់​បញ្ជា​ដែល​លោក សម រង្ស៊ី ថា​ជា​បញ្ជា​របស់​ជន​ផ្តាច់​ដើម្បី​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ស្លូត​ត្រង់ និង​ការ​ទាក់​ទាញ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ​ដែល​លោក សម រង្ស៊ី ថា​ពួក​គេ​កំពុង​តែ​ខឹង​នឹង លោក ហ៊ុន សែន និង​ការ​បញ្ចុះ​បញ្ចូល​ម្ចាស់​កម្ចី និង​អ្នក​ជំនួញ​កុំ​ឲ្យ​រក​ស៊ី​ជាមួយ​រដ្ឋាភិបាល​ដែល​ លោក សម រង្ស៊ី ថា​ខុស​ច្បាប់ ”។

លោក រី គា ជា​ស្ថាបនិក​ម្នាក់​បាន​អះអាង​ថា ចលនា​សង្រ្គោះ​ជាតិ​នេះ​ធ្វើ​ឡើង​ដើម្បី​សង្រ្គោះ​គណបក្ស​សង្រ្គោះជាតិ និង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិការ ជា​ពិសេស លោក កឹម សុខា ហើយ​ក៏​ជំរុញ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

ប៉ុន្តែ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​ជា​ផ្លូវ​ការ​នេះ លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ទេ ហើយ​ថា​ការ​ទៅ​ចូល​រួម​របស់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​តូច​នៅ​ក្នុង​ចលនា​នេះ គឺ​ជា​សិទ្ធិ​បុគ្គល​តែ​ប៉ុណ្ណោះ។

ដូច​គ្នា​នេះ​ដែរ កាល​ពី​ចុង​សប្តាហ៍​មុន លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​បាន​ប្រកាស​មិន​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​នេះ​ទេ។ ប៉ុន្តែ​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​ចលនា​នេះ​ថា នោះ​ដោយ​សារ​តែ​លោក​កឹម សុខា បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន។

ចំណែក លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ជា​មុន​ថា ​បើ​មិន​ចង់​មាន​បញ្ហា​ដល់​ខ្លួន នោះ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​ដែល​ត្រូវ​ហាម​ធ្វើ​នយោបាយ កុំ​ឲ្យ​ចូល​ពាក់​ព័ន្ធ​នឹង​ចលនា​នេះ​ឲ្យ​សោះ ខណៈ​លោក ទៀ បាញ់​ រដ្ឋ​មន្រ្តី​ការពារ​បាន​ព្រមាន​កម្ទេច​ចលនា​នេះ​ចោល បើ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា៕ ប្រភព៖ RFI

ភ្នំពេញ៖ ការព្រមានជាថ្មីម្តងទៀត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសថា ប្រសិនបើចលនាសង្គ្រោះជាតិកើតមានឡើងនៅកម្ពុជាពេលណា នោះកងយោធពលខេមរភូមិន្ទ នឹងកម្ទេចចោល នៅពេលនោះភ្លាមៗតែម្តង។

សម្តេចពិជ័យសេនា បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមបិទសិក្ខាសាលាការងារបច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសជាថ្មីយ៉ាងដូច្នេះថា «ចលនាសង្រ្គោះជាតិ កើតចេញនៅប្រទេសកម្ពុជាពេលណា ដូចតាមការអួតរបស់ខ្លួន គឺនឹងកម្ទេចចោលភ្លាម ហើយកងទ័ពមិនបណ្តោយឲ្យពួកទាំងនោះមកបំផ្លិចបំផ្លាញជាតិនោះឡើយ»។

សម្តេចបានបន្តថា «រឿងហ្នឹងដូចជាខ្ញុំបាននិយាយរួមហើយថា អាចលនាស្អីគេ វាហាក់ដូចជាមិនមានស្អីខុសពីអ្វីកន្លងមក ដែលវាបានធ្វើនោះទេ អាចលនាស្អីគេ ​បើសិនជាវាធ្វើសកម្មភាពមែនទែន ដូចអ្វីដែលវាអួត និងគឺថាវាច្បាស់លាស់ហ្មង គឺវាត្រូវតែត្រូវហ្មង ប៉ុន្តែវាត្រូវស្អី គឺចាំដល់ពេលដែលវាមានមែនទែន ដឹងហើយ !»។

ការព្រមានជាបន្តបន្ទាប់របស់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងមានសមត្ថកិច្ចផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួនទៀតរបស់អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដោយអះអាងថា បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោក កឹម សុខា និង ចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ចលនានេះ ត្រូវបាន លោក សម រង្ស៉ី ប្រកាសថា នឹងបង្កើតជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តរួចជាស្រេចក្នុងបុព្វហេតុការថែរក្សាសន្តិភាព ស្ថិរភាព ពង្រឹងសន្តិភាព ហើយមិនអនុញ្ញាតជាដាច់ខាត​ឲ្យអ្វីដែលជាចលនានេះកើតឡើង នាំឲ្យប៉ះពាល់ដល់សន្តិភាពជាដដាច់ខាត។ កងយោធពលខេមរភូមិន្ទ នឹងដើរមុខសហការជាមួយកម្លាំង មានសមត្ថកិច្ចទប់ស្កាត់ រារាំង និងបង្រ្កាបតែម្តង គឺបង្រ្កាបមិនឲ្យមានរឿង អ្វីមួយដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាឡើយ៕

ព័ត៌មាន  ២១ មីនា ២០១៨  ចលនាសង្រ្គោះជាតិ ចំណាយលុយ ២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនអាមេរិកាំង ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា
(បរទេស)៖ សារព័ត៌មានបរទេសមួយបានចុះផ្សាយថា ក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក របស់លោក សម រង្ស៊ី បានជួល សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា។

សារព័ត៌មាន Asia Times បានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ ថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen បានផ្ដល់ជូនដល់ក្រុមចលនាសង្រ្គោះជាតិរបស់សម រង្ស៊ី នៅក្រៅស្រុក ធ្វើយ៉ាងណា ទាក់ទាញឲ្យអន្តរជាតិឲ្យដាក់សម្ពាធធ្ងន់ធ្ងរមកលើរដ្ឋាភិបាលកម្ពុជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយត្រូវចំណាយលុយរហូតដល់ទៅ ២៥០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល០៦ខែ។

ចលនាសង្រ្គោះជាតិនៅក្រៅប្រទេសរបស់សម រង្ស៊ី មានគោលដៅចំនួនពីរ៖ ទី១ គឺចង់ឲ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ទៅកាន់ប្រទេសកម្ពុជាវិញ មុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការប្រកួតប្រជែងការបោះឆ្នោត ជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទី២ គឺចលនា CNRM កំពុងតែអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិចេញពីពន្ធនាគារ។

កិច្ចព្រមព្រៀងរវាងចលនាសង្រ្គោះជាតិ និងក្រុមហ៊ុន BerlinRosen នោះ ចុះហត្ថលេខាដោយលោកស្រី ជូឡុង សូមួរ៉ា ចែង ថា ក្រុមហ៊ុននេះនឹងមិនធ្វើសកម្មភាព «បញ្ចុះបញ្ចូល» នោះទេ ប៉ុន្តែគ្រាន់តែដើរតួនាទីក្នុងនាមជា «ទីភ្នាក់ងារសាធារណៈ» និង «អ្នកពិគ្រោះនយោបាយ» សម្រាប់ចលនាសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក។

សារព័ត៌មាន Asia Times បានបន្តថា ក្រុមហ៊ុន BerlinRosen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានតួនាទីជាអ្នកបញ្ជូនសារទាំងអស់របស់ចលនាសង្រ្គោះជាតិ ទៅកាន់បណ្តាសារព័ត៌មានធំៗ និងល្បីៗរបស់អន្តរជាតិ។ នៅក្នុងកិច្ចសន្យានោះ ហ៊ុនអាមេរិកមួយនេះ នឹងត្រូវបញ្ចេញនូវអត្ថបទចំនួនពីរ ផ្ញើជូនទៅ «សារព័ត៌មានអន្តរជាតិ ដែលមានប្រសិទ្ធភាពខ្ពស់» ខណៈដែលពួកគេក៏កំពុងជួយចលនាសង្គ្រោះជាតិ ក្នុងការចេញផ្សាយអត្ថបទបន្ថែមទៀត ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើន។

អ្វីដែលសំខាន់បន្ថែមទៀតនោះ ក្រុមហ៊ុន BerlinRosen គឺតម្រូវឲ្យចូលរួមក្នុងការជម្រុញប្រព័ន្ធផ្សព្វផ្សាយសកម្ម ដែលរួមមានទាំងការសរសេរព័ត៌មានជាទៀងទាត់។ អត្ថបទមួយត្រូវបានចេញផ្សាយរួចមកហើយ កាលពីថ្ងៃទី០៩ ខែមីនាដែលបានធ្វើការអត្ថាធិប្បាយអំពីការប៉ះទង្គិចគ្នា រវាងអ្នកភូមិ និងសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ ដោយមានការសរសេរថា កម្លាំងប្រដាប់អាវុធ បានបាញ់ប្រហារសម្លាប់លើក្រុមបាតុករ ហើយលោក សម រង្ស៊ី ក៍ខិតខំធ្វើព័ត៌មានបំប៉ោងនិងបំផ្លើសនេះដែរ, ដែលនេះក៏ជាផ្នែកមួយនៃការជួលក្រុមហ៊ុន Berlin Rosen នោះផងដែរ។ តែយ៉ាងណា លោកសម រង្ស៊ី មិនទាន់មានប្រតិកម្ម ពីការចុះផ្សាយរបស់ សារព័ត៌មាន Asia Times នេះនៅឡើយទេ៕

កាលពីថ្ងៃទី ១៣ មករា កន្លងទៅ បានមានការផ្តួចផ្តើមគំនិតបង្កើតចលនាសង្រ្គោះជាតិមួយ  លោក សម រង្ស៊ី ពន្យល់ថា ហេតុអ្វីយើងត្រូវបង្កើតចលនាសង្គ្រោះជាតិ។ (សុន្ទរកថា នៅវត្តខ្មែរ Brooklyn ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ថ្ងៃ ១៣ មករា ២០១៨) គោលដៅរបស់ចលនាសង្គ្រោះជាតិ Objectives of the Cambodia National Rescue Movement (CNRM)  នៅពេលដែលសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងតែរងា តែលតោល និងស្រពិចស្រពិលពីអនាគតគណបក្សយើង ក្រោយពីលោកប្រធាន កឹម សុខា ត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ និងត្រូវបានគេដកតំណែងទាំងអស់ ដែលបានមកពី​ការបោះឆ្នោត ទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋាន យើងត្រូវតែផ្តួចផ្តើមគំនិតថ្មីមួយ និងរកដំណោះស្រាយមួយ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូរបស់យើង ក្នុងដំណាក់កាល ដ៏លំបាកនេះ។ ចលនាសង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិ ដូចតទៅ ៖

  1. ១- ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឲ្យឈរខាងជនផ្តាច់ការ។
  2. ២- ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរូបភាពថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រសើរជាងមុនទៅទៀត។
  3. ៣- ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនា អាចទទួលសមាជិក ពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិល ដែលមិនអាចធ្វើជាសមាជិកគណបក្សនយោបាយណាមួយបានទេ។
  4. ៤- ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។
  5. ៥- ចលនាសង្គ្រោះជាតិ នឹងជម្រុញ ឲ្យមានការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។ ពេលយើងបានសម្រេចគោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ហើយសង្គ្រោះជាតិយើង ឲ្យទាល់តែបាន។សម រង្សុី 

មន្រ្ដីបក្សកាន់អំណច ចាត់ទុកការបង្កើតចលនាសង្រ្គោះជាតិរបស់ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស ជាចលនាឧទ្ទាម (ភ្នំពេញ) ៖ ខណៈដែលអតីតមន្រ្ដីរបស់អតីតគណៈបក្សសង្រ្គោះជាតិ ប្រកាសបង្កើតចលនាមួយឈ្មោះ «ចលនាសង្គ្រោះជាតិ»នៅក្រៅប្រទេស ដើម្បីបន្តសង្គ្រោះប្រទេសកម្ពុជា ដែលគេយល់ថាកំពុងវិលទៅរករបបផ្ដាច់ការនោះ, មន្រ្ដីគណបក្សកាន់អំណាចបានចាត់ទុកសកម្មភាពនេះ ជាសកម្មភាពឧទ្ទាម ដែលប្រព្រឹត្តបទល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។

លោក សុខ ឥសាន មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា “…សកម្មភាពនយោបាយណាដែលចេញពីអតីតគណបក្សប្រឆាំង សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់…អង្គការចាត់តាំង ដែលបង្កើតនាពេលនេះគឺគ្រាន់តែមានលក្ខណៈជាក្រុមឧទ្ទាមទេ មិនត្រូវច្បាប់ទេ…”។
លោក សុខ ឥសាន ជឿជាក់ថា ចលនានោះមានតែនៅក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមិនជះឥទ្ធិពលអ្វីដល់កម្ពុជាទេ។ លោកថ្លែងថា“…អត់មាន ជះឥទ្ធិពល អ្វីអាក្រក់ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងក្របខណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគ្រាន់តែវាមានចិត្តសាស្រ្តបន្តិចបន្តួច តាមរយៈការឃោសនា មកលើប្រជាពលរដ្ឋ…”។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍បង្កើតចលនាមួយឈ្មោះ «ចលនាសង្គ្រោះជាតិ» ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ ទាមទារឲ្យមានការដោះលែង លោ កកឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ ចលនានេះដឹកនាំដោយ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម៕

អតីត​សមាជិកគណបក្ស​សង្គ្រោះជាតិ​ នឹង​បង្កើត​ "ចលនា​សង្គ្រោះ​ជាតិ"លោក អេង ឆៃអ៊ាង អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៨ នេះ​ថា អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ (CNRM)​។ ចលានា​នេះ នឹង​ធានា​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ទោស​មនសិការ​ទាំងអស់ ព្រមទាំង​ឲ្យ​មាន​ការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទូលំទូលាយ។ គួរ​បញ្ជាក់​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ កាលពី​ថ្ងៃ​៣ ខែ​កញ្ញា​កន្លង​ទៅ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ ចំណែក​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ចំនួន១១៨​រូប រយៈ​ពេល ៥​ឆ្នាំ។ ការសម្រេច​នេះ គឺបន្ទាប់​ពីតុលាការ​កំពូល បើក​សវនការ កាលពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ៕

ក្រសួងនឹងចាត់ការលើអ្នកចូលរួមយុទ្ធនាការម្រាមដៃ៩ និង ចលនាដែលគាំទ្រលោកសម រង្ស៊ី
កញ្ញា ខាន់ លក្ខិណា
២៥ កញ្ញា ២០១៩
លោក សម រង្ស៊ី និង លោក ហូ វ៉ាន់ លើកម្រាមដៃ៩ ជាមួយសកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក អតីតសកម្មជនគណបក្សសង្រ្គោះជាតិ) ក្រសួងយុតិ្តធម៌ ព្រមានចាត់វិធានការច្បាប់លើអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងដែលចូលរួមធ្វើយុទ្ធនាការលើកម្រាមដៃ៩ ជាសញ្ញាគាំទ្រគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ខែ វិច្ឆិកា។ អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩  បានប្រកាសឱ្យអតីតមន្ត្រីនិងសកម្មជនបក្សសង្គ្រោះជាតិទាំងអស់ធ្វើយុទ្ធនាការលើកម្រាមដៃ៩ ជាសញ្ញាគាំទ្រការវិលចូលមកកម្ពុជារបស់លោក​នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការធ្វើយុទ្ធនាការនោះថា ​ជាផែនការ​ប៉ុងប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ លោក បាន​ប្រាប់​វីអូឌីនៅថ្ងៃ​នេះ អ្នកដែល​ចូល​រួម​យុទ្ធនាការម្រាមដៃ៩និងសកម្មភាព​ផ្សេងៗទៀតដែលបង្ហាញ​ការគាំទ្រដល់លោក សម រង្ស៊ីជាអំពើខុសច្បាប់។

លោក មានប្រសាសន៍ថា៖«អ្នកផ្ដើមគំនិត មេគំនិត រៀបចំផែនការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល គឺចូលបទឧបឃាត។ ក៏ប៉ុន្តែសម្រាប់អ្នកគាំទ្រតាមគ្រប់រូបភាពទាំងអស់ម្រាមដៃ មិនម្រាមដៃទេ មិនថាប្រមូលជួបជុំឬក៏សម្ដែងមតិអី​​​​ ក្នុងន័យគាំទ្រដល់សកម្មភាព​​ដែលជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល អានេះជាបទល្មើសរួមគំនិតក្បត់ដែលមានចែងក្នុងមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ»។ តាមមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌបុគ្គលិក​ដែល​ត្រូវបាន​ចោទប្រកាន់ពី«បទឧបឃាត» ត្រូវដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈទោស ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។ បុគ្គលដែលត្រូវជាប់ចោទ​ពី «បទរួមគំនិតក្បត់» តាមត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ​ត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាមន្រ្តីសាធារណៈ ត្រូវជាប់ទោសពី១០ឆ្នាំ ទៅ ២០ឆ្នាំ។

អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ចាត់ទុកវិធានការរបស់ក្រសួងយុត្តិធម៌នេះ ថាជាការគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសន្តិវិធី។ លោកស្រី​ លើកឡើង​ថា៖«យើងនៅតែធ្វើការអំពាវនាវជូន​ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ជាមួយនឹងយើងខ្ញុំនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ពីព្រោះជាប្រជាពលរដ្ឋខ្មែរ ​យើងមានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញ នៅក្នុងជ្រើសរើសអ្នកដឹកនាំ។

យើងពុំអាចរស់ដោយខ្វះសិទ្ធិសេរីភាព រស់ក្នុងភាពភ័យខ្លាច ប្រជាធិបតេយ្យកើតបានឡើង លុះត្រាតែគ្រប់ៗរូបមានសិទ្ធិស្មើរគ្នា មិនរស់ក្នុងភាពអយុត្តិធម៌ ភាពភ័យខ្លាចក៏សាងលទ្ធិប្រជាធិបតេយ្យគឺកសាងជាមួយគ្នា។ យើងខ្ញុំមិនមែនជាជនក្បត់ជាតិទេ។ យើងខ្ញុំពុំដែលលក់ដីជាតិទេ។ យើងខ្ញុំពុំដែលកាប់ព្រៃឈើទេ យើងខ្ញុំពុំដែលប្រព្រឹត្តអំពើអយុត្តិធម៌ទៅលើបុគ្គលណាទេ»។នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា វិធានការរបស់ក្រសួងមិនបានឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ ប៉ុន្តែវាជារឿងនយោបាយទៅវិញទេ។ លោកថា​៖«យើងឃើញថា ការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញមួយចំនួន នាំឱ្យសាធារណៈមតិក៏ដូចជា ជាតិ និងអន្តរជាតិ​យល់ថាវាពាក់ព័ន្ធនឹងស្ថានភាពនយោបាយជាងការអនុវត្តច្បាប់»។

រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជានៅជំពូក​ទី​៣ នៃមាត្រា ៣១ ស្តី​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ សេរីភាព​ខាង​ជំនឿ​សាសនា និង​សេរីភាព​ខាង​ការ​ដើរហើរ។

ពលរដ្ឋ​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ សិទ្ធិ​ទទួល​ការ​រ៉ាប់រង​ដោយ​សង្គម សិទ្ធិ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី។

បើតួលេខដែលសរុបដោយអតីតគណបក្សសង្គ្រោះជាតិ បង្ហាញថាសកម្មជនគណបក្សប្រឆាំង២៨ នាក់ហើយត្រូវបានចាប់ខ្លួននឹងបញ្ជូនដាក់ពន្ធនាគារ ខណៈដែលជាង១៥០ ផ្សេងទៀតត្រូវបានកោះហៅសួរចម្លើយពីសំណាក់សមត្ថកិច្ច៕

No comments:

Post a Comment