៧. ព្រះបាទសុរិយាវរ្ម័នទី១ (១០០២-១០៤៩)
ព្រះបាទ សុរិយាវរ្ម័នមានព្រះនាមដើមហៅថា វីរជ័យវរ្ម័ន ទ្រង់ជាបច្ឆាញាតិឆ្ងាយរបស់ព្រះបាទឥន្ទ្រវរ្ម័ន ដែលសោយរាជ្យពីឆ្នាំ៨៧៧ដល់៨៩៩ ហើយទ្រង់មានព្រះអគ្គមហេសីគឺ ព្រះនាងស្រិវីរៈលក្ស្មី ដែលជាប់សាច់ជាមួយព្រះបាទយសោវរ្ម័ន ។ ព្រះអង្គបានឡើងសោយរាជ្យបន្ដពីព្រះបាទជ័យវរ្ម័នទី៦ តាំងតែពីឆ្នាំ១០០២ ក៏ប៉ុន្ដែ លុះត្រាតែបីឆ្នាំក្រោយមក ទើបបានទទួលការអភិសេក ។ តាមមើលទៅ ព្រះអង្គមិនមែនជារជ្ជទាយាទដែលគេបានគ្រោងទុកនោះទេ ប្រហែលជាព្រះអង្គបានបណ្ដេញព្រះរាជាមុនពីរាជ្យសម្បត្ដិផងក៏មិនដឹង ពីព្រោះសិលាចារឹកព្រះខ័នបាននិយាយថា «ព្រះអង្គបានដណ្ដើមយកព្រះនគរពីព្រះរាជាមួយអង្គក្នុងចំណោមយុទ្ធជនជាច្រើន» ។ ព្រះអង្គបានទទួលព្រះនាមថា សុរិយាវរ្ម័ន (ព្រះអាទិត្យជាអ្នកការពារ) ហើយសិលាចារឹកព្រះកែវបានលើកអំពីព្រះអង្គថា «ទ្រង់មានរស្មីភ្លឺចិញ្ចាច ប្រៀបបានទៅនឹងព្រះអាទិត្យនៅលើវេហាស៍ ជាវង្សត្រកូលរបស់ព្រះបាទឥន្ទ្រវរ្ម័ន» ។ ព្រះអង្គសោយរាជ្យបានចំនួន៤៧ឆ្នាំ ។
ព្រះបាទ សុរិយាវរ្ម័នកាន់ព្រហ្មញ្ញសាសនា តាមទម្លាប់ដែលមានជាហូរហែរហូតមក ក៏ប៉ុន្ដែព្រះអង្គដូចជាបានចាប់ចិត្ដនឹងទ្រឹស្ដីរបស់ព្រះពុទ្ធ ខ្លាំងណាស់ដែរ ថ្វីបើព្រះអង្គមិនបានបង្ហាញខ្លួនព្រះអង្គថា ជាពុទ្ធសាសនិកជនមួយអង្គក៏ដោយ ។ ទ្រង់បានកសាងបដិមាព្រះសិវៈ និងព្រះវិស្ណុ ក៏ប៉ុន្ដែព្រះមរណនាមថា និព្វានបទ ដែលគេថ្វាយដល់ព្រះអង្គពេលក្រោយមក និងការសាងសង់វត្ដមួយឧទ្ទិសថ្វាយដល់ព្រះពុទ្ធ បញ្ជាក់ថា ព្រះអង្គបានយកចិត្ដទុកដាក់ចំពោះព្រះពុទ្ធសាសនាជាខ្លាំង ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានទាំងដាក់រាជបញ្ជាអំពី «សិក្ខាបទពិសិដ្ឋ ដែលជនទាំងអស់ត្រូវប្រតិបត្ដិ» ដើម្បីឱ្យទាំងតាបសឫសី ទាំងស្ថាវីរៈ និងព្រះសង្ឃ ដែលគង់នៅតាមទីសក្ការៈ វិហារ វត្ដអារាម និងអាស្រមផ្សេងៗ «អនុវត្ដនូវតបកម្មដើម្បីផ្សព្វផ្សាយកុសលដល់ព្រះរាជាជាម្ចាស់» ទៀតផង (8) ។
តាម មើលទៅ ប្រហែលជាមានការធ្វើទុក្ខបុកម្នេញដល់ព្រះពុទ្ធសាសនានៅក្នុងរាជ្យ មុនៗ រួចសាសនានេះនៅរងការគំរាមកំហែងនៅឡើយ ហើយពុទ្ធសាសនិកក៏នៅរងអំពើហិង្សានៅឡើយដែរ ព្រោះសិលាចារឹកលពបុរីបានបញ្ជាក់ថែមទៀតថា មានការកាត់ទោសដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់ «ជនទាំងឡាយណាដែលចូលទៅក្នុងសមាធិស្ថាន ហើយធ្វើការរំខានដល់តាបស ឬសាសនិក ក្នុងការអនុវត្ដន៍កាតព្វកិច្ចរបស់ខ្លួន» ។ គេអាចលើកសំណួរបានថា តើព្រះរាជាអង្គនេះ មានពុទ្ធសាសនិកជននៅជាមួយទេពេលទ្រង់ធ្វើការប្រយុទ្ធដណ្ដើម រាជបល្ល័ង្ក ឬក៏ព្រះអង្គធ្វើការតបស្នងសងគុណចំពោះការគាំទ្ររបស់ពួក ពុទ្ធសាសនិកជនទាំងនោះ ?
ទោះជា យ៉ាងណាក្ដី ក៏វាច្បាស់ណាស់ថា មានចេតនាធ្វើឱ្យសាសនាទាំងពីររលាយចូលគ្នាខ្លាំងជាងមុននៅក្រោម រជ្ជកាលនេះ ។ សិលាចារឹកព្រះកែវបានឱ្យដឹងថា ព្រះបាទសុរិយាវរ្ម័នបានរៀបចំឱ្យមានការបែងចែកប្រជាជនជាវណ្ណៈឡើង វិញ ហើយទ្រង់ដាក់ព្រះមុនីសិវៈចរិយាឱ្យដឹកនាំវណ្ណៈព្រាហ្មណ៍ ព្រះមុនីនេះ «វោហារបានប្រតិបត្ដិវិន័យ តឹងរ៉ឹង និងស្មោះត្រង់នឹងការប្ដេជ្ញា និងគុណធម៌ ហើយធ្លាប់បានត្រូវព្រះរាជាមុនៗ ចាត់ឱ្យគ្រប់គ្រងលើហិមៈស្រិង្គគិរី ពិនិត្យលើគុណសម្បត្ដិ និងគុណវិបត្ដិ» ។
សិលាចារឹក ព្រះកែវបានលើកអំពីគោរមងារមួយនៅក្បែរព្រះរាជា ដែលយើងមិនដែលដឹងពីមុនមកគឺ មុខងារជាជំនួយការមួយបែបហៅថា ស្រីក្សិទ្ទិទ្រកល្បៈ ។ ឋានៈនេះមានរួចទៅហើយមុនស្ដេចសុរិយាវរ្ម័នទី១ ព្រោះថា ព្រាហ្មណ៍សិវវិន្ធុ ដែលជា «អ្នកប្រាជ្ញ ចេះដឹង ជ្រៅជ្រះសមនឹងទទួលការគោរពពីបណ្ដាអ្នកមានអំណាចទាំងឡាយ និងជាបព្វជិតនៃស្រីកបាលេស្វរៈ ជាចាងហ្វាងនៃតបកម្ម ដែលគ្មានការខុសឆ្គង» បានទទួលឋានៈនេះ តែនៅពេលដែលឪពុកមាខាងម្ដាយដែលមានឋានៈនេះ បានទទួលមរណភាពទៅ ។ សិលាចារឹកព្រះឥន្ទកោសិយបាននិយាយថា នៅឆ្នាំ៨៩០នៃគ្រិស្ដសករាជ ស្រីធរណិន្ទ្រប្បកល្បៈ បានទទួលនូវឋានៈនេះ គឺជាង១០០ឆ្នាំមុនរាជ្យព្រះបាទសុរិយាវរ្ម័ន ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបាននិយាយថា នៅឆ្នាំ១០៣០នៃគ្រិស្ដសករាជ ស្ដេចអង្គនេះបានចងសម្ព័ន្ធមេត្រីជាមួយនគរចាម្ប៉ា ក្នុងរជ្ជកាលស្ដេចចាមមួយអង្គដែលយើងមិនបានស្គាល់ព្រះនាម តែសោយរាជ្យក្នុងចន្លោះស្ដេចជ័យវរ្ម័ន និងជ័យបរមេស្វរវរ្ម័ន ហើយនិងប្រទេសចិនផងដែរ ។ សម្ព័ន្ធមេត្រីនេះមានរយៈពេល៦០ឆ្នាំ និងមានគោលបំណងចង់ធ្វើឱ្យមានសន្ដិភាពជាមួយនគរចាម្ប៉ា ហើយធានាសន្ដិភាពនេះ ដោយមហាអំណាចទី៣មួយទៀត ដើម្បីទុកពេលឱ្យព្រះអង្គធ្វើការបង្ក្រាបស្ដេចចំណុះទាំងឡាយដែល បះបោរ ជាពិសេស គឺពួកក្សត្រប្រទេសនៅខាងជើងភ្នំដងរែក និងនៅអាងទន្លេមេណាមខាងលើ ដែលមានរាជធានីនៅ លពបុរី គឺទ្វារវតី នោះឯង (9) ។ តើនោះមិនមែនជាពួកថៃនៃអាងទន្លេមេណាមខាងលើ ដែលចុះមកពីប្រទេសចិនភាគខាងត្បូង ឬមកពីភូមាដែលពួកនេះបានមករស់នៅជាយូរណាស់មកហើយ ហើយបានមកបង្ហាញខ្លួននៅនឹងព្រំប្រទល់នៃអាណាចក្រកម្ពុជាទេ ឬអ្វី ?
សិលាចារឹកលង្វែកបានហៅព្រះបាទសុរិយាវរ្ម័នថាជា «ព្រះចៅអធិរាជ និងជាអ្នកទ្រទ្រង់ផែនដី» ដែល «ព្រះអ្នកបង្កើតលោកបានសាងមកឱ្យដូចខ្លួនព្រះអង្គ» ។ «នៅ ពេលទ្រង់យាងចេញច្បាំងយកជ័យជម្នះលើអស់ស្ដេចដែលខ្លាំងៗទាំងឡាយ សូម្បីតែព្រះអាទិត្យក៏លាក់ខ្លួនបំបាំងកាយដែរ ដោយខ្លាចបារមីរបស់ព្រះអង្គ ។ ភ្លើងផ្សែងដែលហុយចេញពីការបូជារបស់ព្រះអង្គមិនគ្រាន់តែធ្វើឱ្យ ផ្ទៃមេឃងងឹតប៉ុណ្ណោះទេគឺបានបាំងបិទអស់នូវកិត្ដិគុណរបស់ព្រះរាជា ទាំងឡាយ ដែលធ្លាប់មានឈ្មោះល្បីល្បាញទៀតផង ។ ព្រះអង្គគួរតែទទួលបាននូវកិត្ដិគុណរបស់អារុណៈ … ទ្រង់បានរៀនចេះចាំអំពីទ្រឹស្ដីបនីនិ ទាំងទ្រង់ល្អឥតខ្ចោះ ហើយប្រកបដោយប្រាជ្ញាបារមី ដូចជាបណ្ឌិត … គឺជាព្រះរាជាសាកលដែលប្រៀបបាននឹងអធិរាជនៃអាទិទេពទាំងឡាយ» ។
ព្រះបាទ សុរិយាវរ្ម័នទី១ បានកសាងប្រាសាទភ្នំជីសូរនៅក្នុងខែត្របាទី ហើយក៏បានជួសជុលឡើងវិញនូវប្រាសាទមួយចំនួនទៀតផងដែរ ។
ព្រះអង្គសុគតនៅឆ្នាំ១០៤៩ ហើយមានព្រះមរណនាមថា បរមនិព្វានបទ មានន័យថា ទ្រង់យាងចូលព្រះនិព្វានទាំងស្រុងហើយ ។
No comments:
Post a Comment