Sunday, June 2, 2024

ដាប ឈួន ខ្មែរឥស្សរៈ

ចលនាខ្មែរ ឥស្សរៈ ( ពុត ឆាយ សម  សារី សឺង ង៉ុកថាញ់ ទូសាមុត...។

ប្រវត្តិរបស់លោកតា​ ដាប ឈួន ឬឈួន ម្ចុលពេជ្រ។ +លោក ដាប ឈួន មានទីកន្លែងកំណើតនៅខេត្ត សៀមរាប (ប្រភពខ្លះថានៅខេត្តកណ្តាល) និងធំដឹងក្តីនៅខេត្តព្រៃវែង។ នៅដើមទសវត្សឆ្នាំ១៩៤០ លោក ដាប ឈួន បានចូលរួមបង្កើតចលនាតស៊ូប្រឆាំងជាមួយបារាំង ហៅថាខ្មែរ​ឥស្សរៈ នៅតាមតំបន់ភាគខាងជើងនៃព្រំដែនខ្មែរ-សៀម ក្រោមការជួយគាំទ្រពីសំណាក់សៀម។ បន្ទាប់មក លោក ដាប ឈួន បានក្លាយជាមេខ្មែរឥស្សរៈដ៏ល្បីឈ្មោះប្រចាំតំបន់សៀមរាប។

មេដឹកនាំខ្មែរឥស្សរៈទាំងបីនាក់ដែលជាសមាជិកប្រតិភូកម្ពុជានៅសន្និសិទ្ធិអន្តរជាតិក្រុងហឺ្សណែវ ខែកក្កដា ឆ្នាំ១៩៥៤ ស្តីពីការបញ្ចប់សង្រ្គាមនៅឧបទ្វីបឥណ្ឌូចិន។ វត្តមានឥស្សរជនទាំងបីនាក់ជាសមាសភាពដ៏សំខាន់ ដែលការពារមិនអោយមានការបែងចែកទឹកដីកម្ពុជាជាពីរ ដូចវៀតណាម និងឡាវ ក្រោយសង្រ្គាមឥណ្ឌូចិនលើកទី១។

ពីឆ្វេងទៅស្តាំ: នរោត្តម ចន្ទរង្សី ឈួន ម្ចុលពេជ្យ (ដាប ឈួន) និង ពុត ឆាយ។

+នៅខែតុលា ឆ្នាំ១៩៤៩ លោក ដាប ឈួន បានសុំចុះចូលជាមួយសម្តេចព្រះ នរោត្តម សីហនុ ជាផ្លូវការណ៍។ នៅពេលនោះលោក ដាប ឈួន ត្រូវបាន សម្តេចព្រះ នរោត្តម សីហនុ តែងតាំងឲ្យធ្វើជានាយទាហាន មានឋានន្តរស័ក្តិជាវរៈសេនីយ៍ត្រី ហើយគ្រប់គ្រងទ័ពពិសេសនៅតំបន់សៀមរាបតែម្តង។


ដោយសារមានស្នាដៃល្អ លោក ដាប ឈួន ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ តម្លើងឋានន្តរសក្តិឲ្យជាបន្តបន្ទាប់។ នៅក្នុងឆ្នាំ១៩៥៤ គណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោករដ្ឋមន្ដ្រីការបរទេស ទេព ផន លោក នង គឹមនី លោក សម សារី លោក សឺន សាន លោក ញឹក ជូឡុង រដ្ឋមន្ដ្រីក្រសួ​ងការពារជាតិ លោក ប៉ុក ធឿន លោក ស្រី សាម៉ន និង លោក ស៊ុត សាខន ដែលទាំងពីនាក់ចុងក្រោយជាវរៈសនីយត្រី។ ក្រៅពីសមាជិកប្រតិភូនេះ នៅមានអ្នកតំណាងខ្មែរឥស្សរៈសំខាន់ៗបួននាក់ទៀត គឺ លោក ដាប ឈួន ព្រះអង្គម្ចាស់ ចន្ទរង្សី លោក ពុត ឆាយ និងលោក សាវ៉ាងវង្ស ដែលនាំត្រូវទៅបង្ហាញអន្ដរជាតិក្នុងឋានៈជាអ្នកតស៊ូប្រដាប់អាវុធ ដើម្បីឯករាជ្យពីបារាំង និងដែលបានចុះចូលរូមរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់រួចហើយ។

ក្នុងរយៈពេល១០ឆ្នាំ គឺចាប់តាំងពី លោក ដាប ឈួន បានសុំចុះចូលមក លោក ដាប ឈួន ត្រូវបាន សម្តេចព្រះ នរោត្តម សីហនុ តែងតាំងឲ្យកាន់មុខតំណែងសំខាន់ៗមួយចំនួនមានដូចជា៖ កាន់មុខតំណែងជាទេសរដ្ឋមន្រ្តី តំណែងជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ និងធម្មការ ហើយចុងក្រោយគឺតំណែងជាប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងតំបន់សៀមរាប និងកំពង់ធំ។ នៅពេលនោះអំណាចរបស់គាត់នៅក្នុងដែនដីខេត្តសៀមរាប និងកំពង់ធំ ពិតជាខ្លាំងក្លាណាស់។ លោក ដាប ឈួន ដែលបានគ្រប់គ្រងតំបន់ទាំងនោះល្បីឈ្មោះថាមានភាពព្រៃផ្សៃខ្លាំង ម្យ៉ាងវិញទៀតដោយសារតែគាត់មានអំណាចខ្លាំងខ្លានៅក្នុងតំបន់នោះគេតែងប្រដូច លោក ដាប ឈួន ទៅនឹងស្តេចត្រាញ់យ៉ាងដូច្នោះឯង។


មានការតំណាលតៗថា នៅពេល លោក ដាប ឈួន ក្លាយជាចៅហ្វាយខេត្តសៀមរាប គាត់ក៏ចាប់ផ្ដើមផ្ដាច់ការបន្ដិចម្ដងៗក្នុងនោះល្បីល្បាញថា ចាប់រំលោភកូនក្រមុំគេ និងយកកូនក្រមុំគេធ្វើជាប្រពន្ធ ជាពិសេសបង្ក្រាបយុវជនដែលភ្លើតភ្លើនក្នុងសង្គម ដូចជា យុវជនខ្លះជិះកង់ដៃម្ខាង គឺដៃកង់ម្ខាងត្រូវលោក ដាប ឈួន ចាប់យកទៅកាត់ចោល ជាដើម។

នៅដើមឆ្នាំ១៩៥៩ លោក ដាប ឈួន ត្រូវបានជាប់សង្ស័យទៅនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារយោធាមួយនៅខេត្តសៀមរាប ដើម្បីផ្តួលរំលំ សម្តេចព្រះ នរោត្តម សីហនុ។ ផែនការនោះត្រូវបានគេដឹងថាបានរៀបចំធ្វើដំបូងនៅទីក្រុងបាងកក ដែលក្រោយមកគេហៅថា ផែនការសំងាត់ទីក្រុងបាងកក “Bangkok Plot”។ ដូច្នេះលោក ដាប ឈួន បានជាប់ឈ្មោះជាជនក្បត់ សម្តេចព្រះ នរោត្តម សីហនុ និងប៉ុនប៉ងលួចធ្វើគតព្រះអង្គ។

នៅខែមីនា កងយោធពលខេមរភូមិន្ទ ក្រោមបញ្ជាការលោកឧត្តមសេនីយ លន់ នល់ បានដឹកនាំធ្វើប្រតិបត្តិការហ៊ុំព័ទ្ធចាប់ខ្លួនលោក ដាប ឈួន យកមមកកាត់ទោស។ លោក ដាប ឈួន ដឹងខ្លួនមុនក៏បានរត់គេចខ្លួនយ៉ាងឆាប់រហ័សចូលទៅក្នុងព្រៃ។ ទោះជាយ៉ាងនេះក្តី គាត់មិនអាចគេចរួចបានឡើយ ហើយក៏ត្រូវគ្រាប់កាំភ្លើងស្លាប់បាត់បង់ជីវិតនៅភូមិមួយចម្ងាយប្រមាណ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ រូបថតស្តីពីការស្លាប់របស់លោក ដាប ឈួន ត្រូវបានរាជរដ្ឋាភិបាលបញ្ជាឲ្យបិទផ្សាយនៅតាមមុខប័ណ្ណប្រកាសនៅរាជធានីភ្នំពេញ និងតាមខេត្តនានា។
………………………………………………………………………….

លោក ដាប ឈួន ងប់ងុលនឹងព្រះអង្គចេក ព្រះអង្គចម
(ដកស្រង់ពីការសែតភ្នំពេញបុស្តិ៍ ចេញផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២)

លោក ដាប ឈួន គេគ្រប់គ្នាល្បីថា លោកចេះមន្តអាគមកាប់មិនមុតដុតមិនឆេះនោះ ត្រូវបានគេដឹងថា លោក ដាប ឈួន មានជំនឿ និងគោរពបូជាយ៉ាងងប់ងុលនឹងបារមីព្រះអង្គចេកព្រះអង្គចម។ ក្នុងអំឡុងពេល ដែលតំបន់អង្គរត្រូវបានគេបោះបង់ចោល រូបសំណាកព្រះអង្គចេក ព្រះអង្គចម ក៏បានបាត់មួយរយៈ តែរូបសំណាកទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញក្នុងឆ្នាំ១៩៥០ នៅក្នុងព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថា រូបព្រះអង្គចេក ព្រះអង្គចម កាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។

បន្ទាប់ពីបានដឹងថា រូបព្រះអង្គចេក ព្រះអង្គចម ត្រូវបានយកមកតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរមក លោក ដាប ឈួន រួមជាមួយនឹងទាហានរបស់គាត់មួយចំនួនបានវាយឆ្មក់ ចូលលួចយករូបសំណាកទាំងពីរនេះ មកតម្កល់ទុកនៅក្នុងទីចាត់ការរបស់គាត់នៅចិនក្រហម(បច្ចុប្បន្ន សណ្ឋាគារអង្គរសិនជូរី)។ ថ្ងៃមួយគាត់បានយករូបសំណាកទាំងពីរដាក់ក្នុងរថយន្តរបស់គាត់មក តម្កល់ទុកក្នុងផ្ទះ (ទាហាន៥នាក់ ទើបអាចលើករូបមួយរួច)។

ក្រោយមករូបទាំងពីរនេះបានធ្វើឲ្យ លោក ដាប ឈួន មានកម្លាំងលើសអស់មនុស្សលោកធម្មតា ដោយគាត់អាចលីដាក់លើស្មានូវរូបទាំងពីរនោះ ដែលមានទម្ងន់សរុប ១៥០ គីឡូក្រាម បានយ៉ាងងាយ។ គាត់ និងទាហានរបស់គាត់ ពិតជាមានជំនឿយ៉ាងខ្លាំងចំពោះរូបព្រះអង្គចេក ព្រះអង្គចម ដោយពួកគេតែងតែចំណាយពេលយ៉ាងហោចក៏កន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើការគោរព និងបួងសួងឲ្យថែរក្សាពួកគេ។ តំណាលរឿងបន្តថា ជាមួយនឹងការគោរពនោះ ព្រះអង្គចេក ព្រះអង្គចម បានពន្យល់សប្ដិបំភ្លឺឲ្យ លោក ដាប ឈួន ដឹងអំពីគម្រោងការសម្លាប់របស់ សម្ដេច នរោត្ដម សីហនុ ដែលបានចោទប្រកាន់ថា គាត់មានគម្រោងការក្បត់ និងប៉ុនប៉ងលួចធ្វើគុតព្រះអង្គ។ គ្រាន់តែដឹងអំពីផែនការរបស់ព្រះអង្គតាមរយៈបារមីរបស់រូបទាំងពីរអង្គភ្លាម លោក ដាប ឈួន បានរៀបចំរត់ភៀសខ្លួនទៅព្រំដែនថៃ ដោយនាំយករូបសំណាកទាំងពីរនោះ ទៅជាមួយ ប៉ុន្តែជាសំណាងមិនល្អ គាត់មិនអាចលើកលីរូបទាំងនោះ បានដូចមុនៗឡើយ ដោយទម្ងន់របស់រូបសំណាកព្រះអង្គចេក ព្រះអង្គចម កាន់តែធ្ងន់ឡើងៗ មួយរំពេច ដែលមិនអាចឲ្យគាត់នាំយកតាមខ្លួនផងទេ ដែលទីបំផុត ដាប ឈួន សម្រេចចិត្តកាត់ផ្ដាច់កដៃខាងស្ដាំរបស់ព្រះអង្គចេក ហើយនាំយកតាមខ្លួនរួចគេចមកព្រំដែន។

លោក ប៉ាន់ សឿន អ្នកមើលការខុសត្រូវ និងអាចារ្យនៅដំណាក់ព្រះអង្គចេកព្រះអង្គចម បានមានប្រសាសន៍ថា៖«ដាប ឈួន គាត់ជឿណាស់ ព្រោះតែព្រះអង្គជួយលោកឲ្យមានបារមីខ្លាំងពូកែ ហើយនៅពេល ដាប ឈួន គាត់រត់គេចខ្លួនហ្នឹង គាត់ព្យាយាមយករូបសំណាកទាំងពីរទៅជាមួយ តែយកមិនរួចឡើយ មិនដឹងមកពីអ្វី ដូច្នេះលោកក៏គេចខ្លួនឯង តែលោកក៏ត្រូវគេចាប់បាន និងសម្លាប់ចោលតែម្តងទៅ! ព្រះអង្គមិនអាចជួយ ដាប ឈួន បានទេ នោះប្រហែលមកពីគាត់ប្រព្រឹត្តអំពើបាបច្រើនពេក»។

តែលោក នង ហៀង អតីតមេទ័ពខ្មែរឥស្សរៈ បានបញ្ជាក់ថា មុនពេលមានអាសន្នម្តងៗ ព្រះនាងចេក ព្រះនាងចម តែងតែប្រាប់ លោក ដាប ឈួនថា លោកឪៗ មានអាសន្នហើយៗ។ ដូច្នេះ ជានិច្ចកាល ដាប ឈួន រមែងតែងរត់គេចខ្លួនផុតពីគ្រោះថ្នាក់។ ក៏ប៉ុន្តែ ថ្ងៃមួយ នាងចេកនាងចម មិនបានប្រាប់ហេតុការណ៍ជាមុនទាន់ ទើប ដាប ឈួន ខឹងសម្បា។ ដូច្នេះ គាត់ក៏កាត់ម្រាមដៃមួយរបស់ព្រះបដិមាខាងលើ មុននឹងរត់ចូលព្រៃបាត់ទៅ ហើយមិនយូរប៉ុន្មាន ដាប ឈួន ដែលអស់លក្ខណ៍ក៏ចុះចូលនឹងស្តេច។

ស្របគ្នានោះ អ្នកស្រីខឹង ប្រណម្យ ដែលជាកូនប្តីក្រោយរបស់អ្នកឧត្តមស័ក្តិ ប្រពន្ធលោក ដាប ឈួន បានឲ្យដឹងថា ដ្បិតតែអ្នកស្រីមិនបានដឹងច្រើនអំពីលោក ដាប ឈួន តែអ្នកស្រីបានឮពីម្តាយរបស់អ្នកស្រីថា លោក ដាប ឈួន ពិតជាមានជំនឿយ៉ាងងប់ងុលនឹងបារមីព្រះអង្គចេកព្រះអង្គចមមែន ព្រោះព្រះទាំងពីរតែងជួយគាត់ជានិច្ច។
លុះមកដល់សម័យខ្មែរក្រហម គ្រប់គ្រង នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេក ព្រះអង្គចម ក៏ត្រូវក្រុមទាហានខ្មែរក្រហមយកទៅទម្លាក់ចោលក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់បាតស្ទឹងរហូតដល់ខេត្តសៀមរាប ត្រូវបានរំដោះនៅឆ្នាំ១៩៧៩។

គេជឿថា ក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយករូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹងសៀមរាប បានស្លាប់ដោយសារបារមីរបស់ព្រះអង្គចេក ព្រះអង្គចម នៅក្រោយពេលមិនយូរប៉ុន្មាននៃការយករូបទាំងពីរនេះ មកទម្លាក់ចោលក្នុងទឹកស្ទឹង។
ក្រោយមកនៅឆ្នាំ១៩៨២ ព្រះចៅអធិការវត្ដដំណាក់ រួមជាមួយនឹងការចូលរួមពីសំណាក់អភិបាលខេត្តសៀមរាប លោក នៅ សម បាននាំគ្នាកសាងអាស្រមតូចមួយនៅក្បែរព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬសួនដំណាក់ស្ដេច ហើយប្រារព្ធពិធីដង្ហែព្រះពុទ្ធរូបទាំងពីរអង្គពីវត្តដំណាក់មក តម្កល់ទុកនៅទីនោះ។
………………………………………………………..
លោកយាយឧត្ដមស័ក្ដិ ដែលគេស្គាល់ទូទៅថា យាយកណ្ដុំស័ក្ដិ ត្រូវជាប្រពន្ធរបស់លោក ឈួន ម្ជុលពេជ្រ ហៅ លោក ដាប ឈួន
(ដកស្រង់ពីការសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃទី០9 ឧសភា 2012

លោកស្រី ខឹង ប្រណំ អាយុ ៥០ឆ្នាំ ជាកូនស្រីពៅរបស់លោកយាយឧត្ដមស័ក្ដិ បាននិយាយថា លោក ដាប ឈួន កាលពីធ្វើជាចៅហ្វាយខេត្ដសៀមរាប មានប្រពន្ធប្រហែល ៧នាក់។ ប្រពន្ធទី១ ឈ្មោះ តាំង អ៊ឹម និងប្រពន្ធទី២ គឺឧត្ដមស័ក្ដិ។ នៅពេលបានលោកតា ដាប ឈួន ជាស្វាមី លោកយាយឧត្ដមស័ក្ដិ មានកូនប្រុសតែម្នាក់គត់ ដែលបានស្លាប់កាលពីជំនាន់ប៉ុលពត។ រីឯអ្នកស្រី ខឹង ប្រណំ និងលោក ខឹង សុផន អាយុ ៥២ឆ្នាំ គឺជាកូនលោកយាយឧត្ដមស័ក្ដិជាមួយប្ដីក្រោយ បន្ទាប់ពីលោកតា ដាប ឈួន ស្លាប់ទៅ។

តាមប្រវត្ដិខ្លះៗ លោក ដាប ឈួន ឬ ឈួន ម្ជុលពេជ្រ ជាអតីតទាហានខ្មែរឥស្សរៈ តែក្រោយមកលោកបានរត់មកកាន់តំបន់ព្រៃនាភ្នំគូលែន ដើម្បីធ្វើការតស៊ូ ហើយក៏បានជួបនារីឈ្មោះ ឧត្ដមស័ក្ដិ និងបានយកគ្នាជាប្ដីប្រពន្ធ មុនឆ្នាំ១៩៥៤។ នារីឧត្ដមស័ក្ដិត្រូវបានគេស្គាល់ថា ជាប្រធានស្រីរបស់ក្រុមនារីខ្មែរឥស្សរៈ ប្រចាំតំបន់ភ្នំគូលែន ខេត្ដសៀមរាប។ នៅសម័យនោះ ឧត្ដមស័ក្ដិមានរហស្សនាមជាស្ដ្រីខ្លាំងពូកែស័ក្ដិសិទ្ធិ បាញ់មិនមុតដុតមិនឆេះ ហើយគាត់ពូកែត្រង់ថាគាត់មានកណ្ដាញ់នៅផ្នែកខាងក្រោម។ នារីឧត្ដមស័ក្ដិក៏ល្បីថា មានកន្សែងជូតមុខមួយ នៅពេលយកកន្សែងមួយនោះមកជូតមុខ ៣ថ្ងៃ ជាប់ៗគ្នា គឺបាញ់មិនមុតដុតមិនឆេះរយៈពេល ៣ខែ តែបើយកកន្សែងជូតមុខ ៣ខែ ជាប់ៗគ្នា គឺបាញ់មិនមុតរហូតដល់ ៣ឆ្នាំ ឯណោះ។

នៅពេលបានគ្នាជាប្ដីប្រពន្ធហើយ នារីឧត្ដមស័ក្ដិក៏បានការពារលោក ដាប ឈួន យ៉ាងខ្លាំងក្លា ដែលធ្វើឱ្យល្បីរន្ទឺថា ដាប ឈួន បាញ់មិនមុតដុតមិនឆេះដូចគ្នា។ នៅតំបន់ភ្នំគូលែន ដែលជាព្រៃទាហានឥស្សរៈលាក់ខ្លួនតស៊ូ ដាប ឈួន បានគោរពព្រះអង្គចេក-ព្រះអង្គចម យ៉ាងងុបងុល ព្រោះថា ព្រះអង្គចេក-ព្រះអង្គចម ដែលបច្ចុប្បន្ននៅក្នុងក្រុងសៀមរាប កាលពីសម័យខ្មែរឥស្សរៈ គឺគេយកទៅតម្កល់នៅឯធ្លកវា (ក្រោមដើមធ្លកធំមួយ) នាឃុំត្បែង ស្រុកបន្ទាយស្រី។

ប្រពន្ធ​ ដាប ឈួន និយាយ​ពី​ប្រវត្តិ និង​ការ​សម្លាប់សៀម​រាបៈ នៅ​លើ​ផ្ទះ​ឈើ​បែប​បុរាណ​ខ្ពស់​ពី​ដី ស្រ្តី​វ័យ​៨៣​ឆ្នាំ​ម្នាក់ ដែល​អ្នក​ស្រុក​ស្គាល់​ថា​ជា​អតីត​ភរិយា​លោក ដាប ឈួន ឈ្មោះ ច័ន្ទ ឧត្តម​ស័ក្តិ កំពុង​ដេក​​ស្តូក​ស្តឹង​លើ​កន្ទេល​ថ្ងូរ​រហ៊ឹះ។ ដៃ​ម្ខាង​ជាប់​សៀរ៉ូម ដៃ​ម្ខាង​ហើម​មិន​អាច​កម្រើក​បាន លោក​យាយ ឧត្តម​ស័ក្តិ (ហៅ ដុម​ស័ក្តិ) ដែល​ល្បីខាង​ចេះ​អូម​អាម​ខ្លាំង​ពូកែ កំពុង​មាន​ជំងឺ​លើស​ឈាម​ធ្វើ​ទុក្ខ ​រហូត​​និយាយ​លែង​បាន។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ចុះ​ទៅជួប​ដោយ​ផ្ទាល់​ជាមួយ​លោក​យាយ ឧត្តម ស័ក្តិ ដើម្បី​កត់​ត្រា​ពី​ជីវប្រវត្តិ​របស់​លោក​យាយ ដែល​ជា​អតីត​ភរិយា​លោក​ ដាប ឈួន ឬ ឈួន ម្ជុល​ពេជ្រ អតីត​មេ​ដឹក​នាំ​ក្រុម​ខ្មែរ​ឥស្សរៈ ដែល​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៥៩ ដោយ​សារ​ការ​ចាប់​ខ្លួន និង​បាញ់​សម្លាប់​របស់​ទាហាន សម្តេច​ព្រះ-​បាទ​​នរោត្តម​សីហនុ ពី​បទ​បង្កើត​ចលនា​ក្បត់​ជាតិ ហើយ​នៅ​ពេល​នេះ លោក​យាយ ឧត្តម ស័ក្តិ កំពុង​មាន​ជំងឺ​ជា​ទម្ងន់ និយាយ​ហា​ស្តី​លែង​បាន។

ស្រ្តី​វ័យ​៤៩​ឆ្នាំ​ម្នាក់​តែង​នៅ​ក្បែរ និង​មើល​ថែ​ទាំ​លោក​យាយ​ឧត្តម ស័ក្តិ ​បាន​អះ​អាង​​ថា អ្នក​ស្រី​ឈ្មោះ ខឹង ប្រណម គឺជា​កូន​ស្រី​ទី​២ របស់​លោក​យាយ ឧត្តម​ស័ក្តិ ជាមួយ​នឹង​ស្វាមី​ក្រោយ។

អ្នក​ស្រី ខឹង ប្រណម បាន​និយាយ​ថា៖​«ម៉ែ​ចាប់​ផ្តើម​ឈឺ​ទើប​តែ​ជាង​ពីរ​ខែ​ហ្នឹង កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​នៅ​និយាយ​ធម្មតា​ទេ ទើប​តែ​ធ្លាក់​ខ្លួន​ឈឺ​ហើម ហើយ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ហើយ​និយាយ​លែង​ចេញ​តែ​ម្តង តែ​គាត់​អាច​ស្តាប់​អ្វី​ដែល​យើង​និយាយ​ទាំង​អស់ ហើយ​ជួន​កាល​​អាច​តប​យើង​មួយ​ម៉ាត់ៗ ហើយ​ធ្វើ​កាយ​វិការ​ផង​ដែរ​»។

កំពុង​រស់​នៅ​ក្នុង​ភូមិ​ត្បែង​កើត ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប អ្នក​ស្រី ខឹង ប្រណម បាន​ប្រាប់​ថា លោក​យាយ ឧត្តម​ស័ក្តិ និង​លោក ដាប​ឈួន មាន​កូន​ស្រី​តែ​ម្នាក់​គត់ តែ​បាន​បាត់​ខ្លួន​ តាំង​ពី​ជំនាន់​ខ្មែរ​ក្រហម​មក​ម្ល៉េះ ចំណែក​អ្នក​ស្រី និង​បង​ប្រុស​បង្កើត​ម្នាក់​ទៀត ឈ្មោះ ខឹង សុផន ជា​កូន​ប្តី​ក្រោយ​ប៉ុណ្ណោះ​។

អ្នក​ស្រី​​រំឭក​ថា៖​«​ម៉ែ​មាន​កូន​២​នាក់ និង​​ចៅ​៨​នាក់​ជា​មួយ​​ប្តី​ក្រោយ តែ​កូន​ម៉ែ ជាមួយ​តា​ឈួន (ដាប ឈួន) មាន​តែ​ម្នាក់​គត់ គឺ​កូន​ស្រី​ឈ្មោះ ​ពុធ​សារ ម្ជុល​ពេជ្រ ឬ​ឈួន​ ពុធ​សារ ដែល​បាន​បាត់​ខ្លួន​តាំង​ពី​ជំនាន់​ប៉ុល​ពត​មក»។

អ្នក​ស្រី​បន្ត​ថា៖​«បើ​​គិត​មក​ដល់​ឥឡូវ​ គាត់​(កូន​ដាប​ឈួន) មាន​អាយុ​ជាង​៦០ឆ្នាំ​ហើយ ព្រោះ​កាល​នោះ​ខ្ញុំនៅ​ក្មេង​នៅ​ឡើយ គាត់​មាន​ប្តី ហើយ​មាន​កូន​បាត់​ទៅ​ហើយ ហើយ​ឮ​ថា ប្តី​គាត់​ឈ្មោះ​រ៉ែម វីរៈ សព្វ​ថ្ងៃ​រស់​នៅ​ប៉ោយប៉ែត»។

អ្នក​ស្រី ប្រណម បាន​ឲ្យ​ដឹង​ថា៖​«កាល​ពី​ជំនាន់​ប៉ុល​ពត លោក​យាយ​ឧត្តម​ស័ក្តិ​គឺ​ជា​ប្រធាន​ស្រ្តី​នៅ​តាម​សហករណ៍​នៅ​សៀមរាប​នេះ​ឯង គាត់​មិន​ដែល​ទៅ​ណា​ទេ ហើយ​ចាស់ៗ​ជំនាន់​គាត់ ស្លាប់​អស់​ហើយ សល់​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ»។

អ្នក​ស្រី​ប្រាប់​ថា៖​«កាល​នោះ​ម្តាយ​របស់​​អ្នក​ស្រី ល្បី​ខាង​អូម​អាម​ខ្លាំង​ពូកែ ដោយ​សារ​តែ​គាត់​មាន​យ័ន្ត​គាថា ពូកែ​ស័ក្តិ​សិទ្ធិ បាញ់​មិន​ត្រូវ រីឯ​តា​ឈួន មិន​ពូកែ​អី​ទេ តែ​របស់​គាថា​ទាំង​នោះ​សព្វ​ថ្ងៃ​នេះ​ក៏​ជ្រុះ​បាត់​អស់​ទៅ​ហើយ​ដែរ​»។

អ្នក​ស្រី​បាន​រំឭក​នូវ​អ្វី​ដែល​ម្តាយ​គាត់​ធ្លាប់​បាន​និយាយ​ថា៖​«កាល​នោះ នៅ​ពេល​​ដែល​ដឹង​ថា ខ្លួន​ត្រូវ​មាន​ទោស​ជាប់​គុក ជាប់​អីនោះ​ តា​ឈួន​បាន​ប្រាប់​ថា កុំ​ទៅ​ភ័យ​នៅ​ជាមួយ​អញ​​ទៅ ហើយ​គ្មាន​នរណា​ចាប់​ស័ក្តិ​ឯង​ដាក់​គុក​ទេ​»។

អ្នក​ស្រី​​បន្ត​ថា៖​ «នៅ​ថ្ងៃ​ដែល​គេ​ចាប់​គាត់​បាន​នោះ គាត់​ពាក់​អាវ​ស៊ីវិល ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អាទិត្យ ហើយ​គាត់​រត់​មិន​ទៅ​ណា​ឆ្ងាយ​ទេ នៅ​ក្បែរ​ៗ​ស្រែ​ណូយ​ហ្នឹង ពេល​នោះ​ម៉ែ​រត់​ផ្លោះ​ទៅ​មុខ ក៏​ឮ​សំឡេង​តា​ឈួន​ត្រូវ​គ្រាប់ តា​ឈួន​ក៏​ស្រែក​​ប្រាប់​ថា អញ​ត្រូវ​របស់​គេ​ហើយ ពេល​នោះ​តា​ក៏​ដក​កំា​ភ្លើង​ខ្លី​ឲ្យ​យាយ​បាញ់​សម្លាប់​គាត់ តែ​យាយ​ស្រែក​យំ​មិន​ដាច់​ចិត្ត ម៉ែ​ក៏​ស្រែក​ប្រាប់​​អ្នក​តាម​បាញ់​គាត់​ថា ឈប់​បាញ់​ទៅ​ចាំ​ខ្ញុំ​ចាប់​​គាត់​ឲ្យ តែ​ទាហាន​ទាំង​នោះ​នៅ​តែ​បាញ់ ហើយ​បាញ់​ទៀត តែ​បាញ់​មិន​ត្រូវ​ទេ ព្រោះ​ម៉ែ​គ្រាហ៍​គាត់​»។

អ្នក​ស្រី​​បន្ថែម​ថា៖​«គាត់​បែក​គ្នា​នៅ​ឯ​ស្រែ​ណូយ​ហ្នឹង​ ដោយ​​គេ​ដឹក​ដាក់​ឡាន​ផ្សេង​គ្នា ហើយ​គេ​ឃុំ​ម៉ែ​ប៉ុន្មាន​ថ្ងៃ​ក៏​ដោះ​លែង​វិញ​ទៅ​ តែ​តាឈួន​ក៏​បាត់​ខ្លួន​»។

លោក យាយ​ឧត្តម​ស័ក្តិ មិន​ធ្លាប់​បាន​បង្រៀន ឬ​ផ្ទេរ​ចំណេះ​ដឹង​ខាង​មន្ត​អាគម​អូម​អាម​របស់​លោក​យាយឲ្យ​នរណា​ម្នាក់​​ ឡើយ។ អ្នក​ស្រី ប្រណម​បាន​ប្រាប់​ថា៖​«គាត់​ធ្លាប់​បង្រៀន​ខ្លះៗ​ដល់​ចៅ​ម្នាក់​ដែល​ធ្វើ​ ទាហាន ប៉ុន្តែ​មិន​ដឹង​ថា ​គេ​រៀន​ចាប់​បាន​ប៉ុន្មាន​នោះ​ទេ​»។

កញ្ញា ឈិត ស្រី​នាថ ដែល​ត្រូវ​ជា​ចៅ​ស្រី របស់​លោក​យាយ ឧត្តម​ស័ក្តិ បាន​ប្រាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មក​ដល់​ពេល​នេះ​ស្ថាន​ភាព​ជំងឺ​របស់​លោក​យាយ​មាន​សភាព​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​លោក​យាយ នៅ​តែ​មិន​អាច​និយាយ​ស្តី និង​ពិបាក​ក្នុង​ការ​ហូប​ចុក​នៅ​ឡើយ។

ទោះ​បី​យ៉ាង​ណា កន្លង​មក​ក្រុម​គ្រួសារ​របស់​លោក​យាយ ឧត្តមស័ក្តិ ដែល​ជា​ភរិយា​របស់​សព​លោក​ដាប ឈួន ដែល​ធ្លាប់​មាន​ភរិយា​ច្រើន​រាប់​មិន​អស់​រូប​នេះ ក៏​ធ្លាប់​បាន​ទទួល​អំណោយ និង​ថវិកា​ពី​សប្បុរសជន​មួយ​ចំនួន​ដែល​បាន​ស្គាល់​លោក​យាយ​ផង​ដែរ។

សម្រាប់​ការ​ទំនាក់​ទំនង​សប្បុរស​ធម៌ ឬ​ស្វែង​រក​សាច់​ញាតិ​របស់​លោក​យាយ​ឧត្តម​ស័ក្តិ សូម​ទាក់​ទង​ទៅ​កាន់​ទូរស័ព្ទ​លេខ ០៩៧​៧៩២​១៩៦១៕

ទំនាក់​ទំនង CIA និង ​​ដាប ឈួន ក្នុង​ការ​ប្រឆាំង​​សម្ដេច ​នរោត្ដម សីហនុនៅ​ថ្ងៃ​ទី​ ២១ ខែ​កុម្ភៈ ឆ្នាំ ១៩៥៩ ​ដាប ឈួន មេដឹកនាំ​ប្រឆាំង​កុម្មុយនីស្ត​​ដែល​កាន់កាប់​ខេត្ត​សៀមរាប​កំពុង​ហាត់​ប្រាណ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​នៅ​ពេល​​ដែល​ទាហាន​​មកពី​កងទ័ព​ជើងគោក​កម្ពុជា​បង្ហាញ​ខ្លួន​។ ​ដោយ​ដឹង​ថា​នឹង​មាន​គ្រោះថ្នាក់​ ដាប ឈួន ដែល​ជា​បុរស​ស្គម​ខ្លាំង​ម្នាក់​ និង​ដែល​​ចេះ​រឿង​អបិយ​ជំនឿ​បាន​ចេះ​វិធីសាស្រ្ត​គេច​ផុត​ពី​គ្រាប់​កំាភ្លើង​​ និង​បាន​រត់​គេច​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ដោយ​គ្រាន់​តែ​ស្លៀក​សារុង​។

ព្រះបាទ នរោត្តម សីហនុ ដែល​ជា​នាយក​រដ្ឋមន្រ្តី​កាល​នោះ​ដែល​បាន​​បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ​រឿង​នេះ​​​ក្រោយ​មក​បាន​ចាត់​ទុក ដាប ឈួន ​ដែល​​ធ្លាប់​ជា​វរសេនីយ៍ឯក ថា​ជា​ជន​ក្បត់​ជាតិ។ ប៉ុន្មាន​សប្តាហ៍​​មុន​នោះ ឈួន ដែល​ជា​ជន​បះបោរ​ឥស្សរៈ​ប្រឆាំង​បារាំង​មាន​​អាវុធ​​ជាច្រើន​ និង​ទ័ព​ប្រមាណ ៣០០០ ​នាក់​។

បុរស​ខ្លាំង​នេះ​​ក៏​​មាន​ការ​គាំទ្រ​​ពី​ក្រុម​​ប្រយុទ្ធ​របស់ ​ខ្មែរ​សេរី​ចំនួន​ ១២០០ ​នាក់​​ នៅ​ព្រំដែន​​ថៃ​ផង​ដែរ​​។​ នេះ​បើ​តាម​កំណត់​ត្រា​របស់​ក្រសួង​​ការបរទេស​អាមេរិក​។ នៅក្នុង​​សេចក្តី​សង្ខេប​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​ជាតិ​​ CIA ​ដែល​បាន​ព្រាង​​ឡើង​នៅ​​ខែ​បន្ទាប់​ពី​​រដ្ឋប្រហារ​បាន​សង្ខេប​អំពី​ផែនការ​របស់​គាត់។

សេចក្តី​សង្ខេប​​នេះ​បាន​និយាយ​ថា​៖ «​ឈួន ​សង្ឃឹម​ថា សីហនុ ​ដែល​ដឹង​ថា​ប្រជាជន​កម្ពុជា​​​មិន​​រង​​ការ​ប៉ះពាល់ និង​ខ្វះ​ការ​គាំទ្រ​ពី​កង​ប្រដាប់អាវុធ​ផ្ទាល់​​របស់​គាត់​នឹង​ចាប់​ផ្តើម​ទទួល​យក​​ និង​យល់​ព្រម​ចំពោះ​​ការ​បង្កើត​​ របប​គាំទ្រ​លោក​ខាង​លិច​។​ ប្រសិន​បើ​ សីហនុ ​​​ថា​មិន​សម​ហេតុផល​ ដាប ​ឈួន ​គ្រោង​​ធ្វើ​សង្គ្រាម​ទ័ព​ព្រៃ​»។ ​កិច្ចការ​នេះ​​ជា​ល្បិច​បរទេស​។ ​នៅ​វីឡា​របស់ ឈួន ​បន្ទាប់​​ពី​ការ​វាយប្រហារ​ទាហាន​បាន​រកឃើញ​មាស​ ឧបករណ៍​វិទ្យុ​ និង​​​អ្នក​បច្ចេកទេស​វៀតណាម​ពីរ​នាក់

កងទ័ព​ក៏​បាន​ចាប់​ខ្លួន​បងប្អូន​ប្រុស​របស់​​ ឈួន ​ឈ្មោះ ស្លាត ប៉ូ ផង​ដែរ ដែល​​ក្រោយ​មក​បាន​ផ្តល់​សក្ខីកម្ម​ថា​មាស​​​ទាំង​នោះ​គឺ​បាន​មកពី​ភ្នាក់ងារ​វៀតណាម​ខាង​ត្បូង​ម្នាក់​​។ ​គាត់​បាន​ថ្លែង​ថា​ឧបករណ៍​វិទ្យុ​គឺ​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​​​ជនជាតិ​ជប៉ុន‑អាមេរិក​ដែល​​​ក្រសួង​ការបរទេស​អាមេរិក​បង្ហាញ​ថា​ជនជាតិ​ជប៉ុន​នេះ​មាន​ឈ្មោះ Victor Matsui។ ​សេនានុព័ន្ធ​ក្រោយ​មក​​​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ប្រទេស​​យ៉ាង​លឿន។

(ក្នុង​ឆ្នាំ​ ១៩៦៦​ Matsui ត្រូវ​​បណ្តេញ​ពី​ប្រទេស​ប៉ាគីស្ថាន​​ចំពោះ​សកម្មភាព​របស់​គាត់​​ដែល​មិន​ស័ក្តិសម​ជា​មន្រ្តី​ទូត​។ គាត់​​បាន​ស្លាប់​នៅ​ឆ្នាំ​ ២០១២)។

ទីក្រុង​វ៉ាស៊ីនតោន​​មិន​ដែល​ទទួល​ស្គាល់​ថា​ពាក់ព័ន្ធ​នឹង​​​ការ​រៀបចំ​រដ្ឋប្រហារ​នេះ​ទេ​ហើយ​ក៏​មិន​ពន្យល់​​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​​ Matsui ទៅ​នឹង​ ដាប ឈួន ដែរ​។ ​ខណៈ​​​មាន​ការ​ចោទ​​ប្រកាន់​​ថា​មាន​សង្គ្រាម​ត្រជាក់​ស្រដៀង​គ្នា​ជំហរ​ផ្លូវការ​​​របស់​ពួកគេ​តែងតែ​ជា​ជំហរ​នៃ​ការ​បដិសេធ​។

ខ្សែ​វិទ្យុ​របស់​​ទីក្រុង​វ៉ាស៊ីនតោន​ដំណើរការ​​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​​លោក Matsui ​​ដើម្បី​​ឃ្លាំ​មើល​​​គម្រោង​របស់​ ដាប ឈួន ដោយ​ប្រុង​ប្រយ័ត្ន​។ ​ប៉ុន្តែ​ប្រសិន​​បើ​​នោះ​គឺ​​ពិតជា​អ៊ីចឹង​មែន​ហេតុអ្វី​បាន​ជា​អាមេរិក​មិន​ព្រមាន​ សីហនុ​ ខណៈ​​ទីភ្នាក់ងារ​​ចារកម្ម​របស់​​បារាំង ចិន និង​សូវៀត​បាន​ព្រមាន​អំពី​ផែនការ​ផ្តួលរំលំ​នេះ​ទៅ​ សីហនុ ​?

ឥឡូវ​នេះ​អ្នក​ប្រវត្តិសាស្រ្ត​អាមេរិក​​ម្នាក់​​​ដែល​ប្រើប្រាស់​​ឯកសារ​សម្ងាត់​មួយ​ចំនួន​បាន​អះអាង​ថា​អាមេរិក​​​បាន​​ឃុបឃិត​គ្នា​នៅក្នុង​ផែនការ​កាលពី​ឆ្នាំ​ ១៩៥៩​។ លោក William J Rust អ្នក​និពន្ធ​សៀវភៅ​ Eisenhower and Cambodia ដែល​បាន​បោះពុម្ព​ផ្សាយ​​​នា​ខែ​នេះ​តាមរយៈ​រោងពុម្ព​របស់​​សាកលវិទ្យាល័យ​ Kentucky ​បាន​ថ្លែង​ថា​៖ «​​ខ្ញុំ​សូម​និយាយ​ថា​គ្មាន​អ្នក​និពន្ធ​​ដទៃ​ណា​ដាក់​បញ្ចូល​គ្នា​ឲ្យ​ខ្លាំង​​​ចំពោះ​ករណី​​ឃុបឃិត​របស់​រដ្ឋាភិបាល​អាមេរិក​​ក្នុង​ផែនការ​​​របស់​ ដាប ឈួន ទេ»​។

លោក Rust ដែល​បាន​សរសេរ​សៀវភៅ​បី​​ដទៃ​​ទៀត​​ស្តីពី​គោលនយោបាយ​អាមេរិក​​​នៅ​អាស៊ី​អាគ្នេយ៍​បាន​សរសេរ​សៀវភៅ​ថ្មី​របស់​លោក​ដែល​មាន​ចំនួន​ ១០០ ​ទំព័រ​​​ពាក់ព័ន្ធ​សង្គ្រាម​ត្រជាក់​ «​ផែនការ​ប្រឆាំង​ សីហនុ »​។ គាត់​បាន​ចងក្រង​ឯកសារ​ប័ណ្ណ​សារ​ដូច​​​ជា​ឯកសារ​សម្ងាត់​ការទូត សេចក្តី​សង្ខេប​ផ្ទៃក្នុង​ CIA ​ឯកសារ​គោល​នយោបាយ ​លិខិត​ផ្ទាល់​ខ្លួន លិខិត​ផ្សេងៗ​​​ និង​បទសម្ភាស​ដែល​ទាំង​នេះ​ជា​ភ័ស្តុតាង​ដែល​គាត់​និយាយ​ថា​ «​បាន​និង​កំពុង​លាក់​បាំង​នៅ​ក្នុង​​ការ​មើល​ឃើញ​ច្បាស់​»​។

ក្នុង​បទសម្ភាស​ប្រវត្តិសាស្រ្ត​ផ្ទាល់​មាត់​​មួយ​នៅ​ឆ្នាំ​ ១៩៩០ ​​ជាមួយ​លោក William Trimble ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំ​កម្ពុជា​​​បង្ហាញ​ថា​បន្ទាប់ពី​ផែនការ​​រដ្ឋប្រហារ​បរាជ័យ​នោះ​​ (​អតីត​​ឯកអគ្គរដ្ឋទូត​ Carl Strom បាន​ចាកចេញ​​មិន​ដល់​មួយ​សប្តាហ៍​បន្ទាប់ពី​គ្រោះ​មហន្តរាយ​នោះ​) លោក Trimble ​បាន​ប្រាប់​អ្នក​សម្ភាស​លោក​ថា៖ «​​​ប្រធាន​ CIA ប្រចាំ​រាជធានី​ភ្នំពេញ​​ត្រូវ​បាន​ណែនាំ​ឲ្យ​បង្កើត​​​ទំនាក់​ទំនង​ជាមួយ​ ដាប ឈួន និង​ផ្តល់​ឲ្យ​គាត់​​តាមរយៈ​​អន្តរការី​វៀតណាម​​ជាមួយ​​នឹង​មាស​មួយ​ចំនួន ប្រតិបត្តិការ​របស់ ដាប ឈួន គឺ​ឆ្កួត ឆ្កួត​ណាស់​»។

លោក Rust បាន​កត់សម្គាល់​ថា​ការ​និយាយ​​របស់​លោក Trimble ​គឺ​ស៊ី​គ្នា​ទៅ​នឹង​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​​​ទទួល​បន្ទុក​​កិច្ចការ​ចុង​បូព៌ា​លោក Roger Hilsman ​នៅក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​ត្រូវ​បាន​កត់ត្រា​​ក្នុង​ឆ្នាំ​ ១៩៦៣​​ ជាមួយ​ប្រធានាធិបតី​ John F Kennedy។

លោក Kennedy បាន​សួរ​ថា៖ «​​តើ​នោះ​ជា​រឿង​ពិត​អំពី​ ៥៩ ឬ​អ្វី​​មួយ​?»​ លោក Hilsman បាន​ឆ្លើយតប​ថា​៖ «​បាទ​វា​ពិតជា​ការពិត​»។​ លោក​ប្រធានាធិបតី​បាន​ថ្លែង​ជា​ដដែល​ថា​៖ «CIA ពិត​ជា​បាន​ធ្វើ​វា​ឬ?»

«​ប្រាកដ​ណាស់​ពួកគេ​បាន​ផ្គត់ផ្គង់​លុយ​ហើយ​ពួកគេ​បាន​ចូលរួម​នៅក្នុង​ផែនការ​ប្រឆាំង​ សីហនុ ​ពី​មុន​រដ្ឋប្រហារ​នេះ​»។

លោក Rust ​បាន​កត់សម្គាល់​ថា James Lilley មន្រ្តី CIA ប្រចាំ​កម្ពុជា​ដែល​បាន​ទៅ​ដល់​ភ្លាមៗ​បន្ទាប់​ពី​រដ្ឋប្រហារ​បាន​និយាយ​ដោយ​ត្រង់ៗ​​អំពី​ការ​ឃុបឃិត​របស់​អាមេរិក​​​នៅក្នុង​​បទសម្ភាស​ប្រវត្តិសាស្រ្ត​ផ្ទាល់​មាត់​​ឆ្នាំ​ ១៩៩៨ ​​។

James Lilley បាន​ថ្លែង​ថា​៖ «​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​​​បុរស​ជនជាតិ​ជប៉ុន‑អាមេរិក​​ដែល​ជា​សេនានុព័ន្ធ​អម​ប្រចាំ​ការិយាល័យ​​របស់​យើង​។ ​នេះ​គឺជា​ផែនការ​​របស់​ ដាប ឈួន ​​ដែល​នៅ​ខេត្ត​សៀមរាប​។ ​អាជ្ញាធរ​​កម្ពុជា​បាន​បង្ហាញ​អំពី​​ប្រតិបត្តិការ​នេះ​។ នៅក្នុង​ប្រតិបត្តិការ​​នេះ​យើង​កំពុង​ធ្វើការ​ជាមួយ​វៀតណាម​ខាង​ត្បូង​»។

លោក Rust ​បាន​ថ្លែង​ថា​នៅ​ឆ្នាំ​ ១៩៥៦ «រដ្ឋាភិបាល​អាមេរិក​កំពុង​ពិចារណា​លើ​ការ​កម្ចាត់​​ព្រះអង្គ សីហនុ»។

​ក្នុង​លិខិត​របស់​លោក Robert McClintock ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ខែ​សីហា​​ផ្ញើ​ទៅ​លោក Daniel Anderson ទីប្រឹក្សា​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​សាយហ្កន (ព្រៃនគរ) លោក McClintock បាន​សរសេរ​ថា​គាត់​បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក Edward Lansdale​ធ្វើ​ប្រតិបតិ្ត​យក​​ការណ៍​សម្ងាត់ «​គឺ​ការ​វាយតម្លៃ​បណ្តោះអាសន្ន​របស់​យើង​លើ​សក្តានុពល​របស់ ដាប​ ឈួន ជា​មេដឹកនាំ​ក្នុង​ករណី​កម្ចាត់​ព្រះអង្គ​ សីហនុ ចោល​»។

លោក Rust ​បាន​ថ្លែង​ថា​ជា​រួម​ឯកសារ​ទាំង​នេះ និង​ឯកសារ​ដទៃ​ទៀត​ចង្អុល​បង្ហាញ​ពី​ការ​ប៉ុនប៉ង​របស់​​អាមេរិក​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​កន្លះ​សតវត្សរ៍​មុន។ លោក​ថ្លែង​ថា៖​ «​ក្នុង​ការងារ​​របស់​ខ្ញុំ​មាន​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​​អាច​សន្មត​បាន និង​អ្វី​ដែល​អាច​បញ្ជាក់​ភ័ស្តុតាង​បាន​។ ​ការ​អះអាង​ខ្លាំង​ត្រូវ​ការ​ភ័ស្តុតាង​រឹងមាំ​ហើយ​ទី​នេះ​គឺ​វាស​ និង​ខ្មៅ»។

លោកស្រី Elizabeth Becker អ្នក​និពន្ធ​សៀវភៅ​ចំណង​ជើង​ថា When the War ​Was Over: Cambodia and the Khmer Rouge បាន​ថ្លែង​ថា​ខណៈ​ដែល​ «លោក Rust ​មិន​បាន​ផ្លាស់ប្តូរ​ពី​ការ​និទាន​នៃ​​ប្រវតិ្តសាស្រ្ត​​ជា​ទូទៅ​គាត់​ច្បាស់​​ជា​​យក​ចេញ​នូវ​ចំណុច​សង្ស័យ​ណា​មួយ​ដែល​ជា​ញឹកញាប់​សហរដ្ឋ​អាមេរិក​ចាត់​​​ព្រះអង្គ សីហនុ ជា​ល្បែង​យុតិ្តធម៌​ក្នុង​ការ​យក​ឈ្នះ​​នៅ​ប្រទេស​វៀតណាម​»។

យោង​តាម Kenton Clymer ប្រវត្តិ​វិទូ​​​​ប្រវត្តិសាស្រ្ត​កម្ពុជា​នៅឯ​សាកល​វិទ្យាល័យ​ Illinois ខាង​ជើង​បាន​ឲ្យ​ដឹង​ថា៖ «​លោក [Rust]​ បាន​ស្រាវជ្រាវ​​យ៉ាង​ហ្មត់ចត់​បំផុត​អំពី​​ប្រធានបទ​នេះ​រហូត​មក​ដល់​ពេល​នេះ»។

លោក Julio Jeldres អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Monash ដែល​ជា​មិត្ត​ល្អ​ និង​អ្នក​សរសេរ​ជីវប្រវត្តិ​ផ្លូវការ​របស់​សម្តេច សីហនុ បាន​និយាយ​ថា​ភ័ស្តុតាង​នេះ​គឺ​ជាក់​ច្បាស់។ «អស់​ជាច្រើន​ឆ្នាំ​​មក​ហើយ​អ្នក​ស្រាវជ្រាវ​​ជាច្រើន​នាក់​បាន​សរសេរ​ថា​គ្មាន​ CIA ​គ្រោង​ប្រឆាំង​នឹង​ព្រះអង្គ សីហនុ ទេ​ហើយ​ថា ដាប ឈួន មិនមែន​ជា​រនុក​ក្នុង​​របស់​ CIA ​ទេ​ប៉ុន្តែ​សៀវភៅ​​នេះ​ប្រាប់​អំពី​រឿង​​ដែល​ពិត​»។

ក្នុង​សៀវភៅ​ចំណង​ជើង​ថា The Tragedy of Cambodian History: Politics, War and Revolution Since 1945 ប្រវត្តិវិទូ​លោក David Chandler បាន​សរសេរ​ថា​បន្ទាប់ពី​បញ្ហា ដាប ​ឈួន «​ព្រះអង្គ សីហនុ មិន​ជឿ​​ជាក់​លើ​ចេតនា​របស់​អាមេរិក​ឡើយ​»។ ទោះ​យ៉ាង​ណា​លោក​បាន​និយាយ​នា​ពេល​ថ្មីៗ​នេះ​ថា​ទំនាក់​ទំនង​មិន​រង​​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទេ។

លោក​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​​ថា៖ «​​ទំនាក់​ទំនង​ស្ងប់ស្ងាត់​នៅ​ឆ្នាំ ១៩៦០ ហើយ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ ១៩៦៣។ ឯកអគ្គរដ្ឋទូត Trimble ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ព្រះអង្គ សីហនុ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត Sprouse មិន​មាន​ទំនាក់​ទំនង​ល្អ​នោះ​ទេ​»។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​លោក Jay Raman ​នា​បច្ចុប្បន្ន​បាន​ថ្លែង​អំពី​ការ​រកឃើញ​របស់​លោក Rust ​ថា​៖ «យើង​រីករាយ​ដោយ​បាន​ឮ​ថា​មាន​ព័ត៌មាន​បន្ថែម​ទៀត​អំពី​សម័យ​នោះ​សម្រាប់​​ប្រើប្រាស់​ដោយ​អ្នក​ប្រាជ្ញ និង​អ្នក​ស្រាវជ្រាវ​ប៉ុន្តែ​យើង​មិន​មាន​ការ​អត្ថាធិប្បាយ​​អំពី​​ការ​ចោទ​ប្រកាន់​ជាក់លាក់​ដែល​មាន​ក្នុង​សៀវភៅ​នេះ​ទេ​»។

ខណៈ​ដែល​សហរដ្ឋ​អាមេរិក​រួច​ផុត​​ពី​បញ្ហា​​​នេះ​តែ​ ដាប ឈួន មិន​អាច​ទេ។ ពីរ​បី​ថ្ងៃ​បន្ទាប់ពី​ការ​វាយប្រហារ​​កងទ័ព​លើ​ផ្ទះ​វីឡា​របស់​គាត់​ គាត់​ត្រូវ​បាន​គេ​រកឃើញ​​ក្នុង​ព្រៃ​ហើយ​ត្រូវ​គ្រាប់​ត្រង់​ជើង​បន្ទាប់​មក​គេ​យក​គាត់​មក​ផ្លូវ​ធំ​ដើម្បី​ប្រហារជីវិត៕ ​PS/ TK

ផ្ទះ ដាប ឈួន ក្លាយជា​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា​សៀមរាប​៖ ជាទី​តាំង​ប្រវត្តិសាស្ត្រ​មួយ ផ្ទះ​លោក ដាប ឈួន ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់ បាន​ក្លាយជា​កន្លែង​បណ្តុះបណ្តាល​យុវជន តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ និង​គោលនយោបាយ​ជាតិ​ស្តីពី​ការ​អភិ​វ​ឌ្ឈ​យុវជន​កម្ពុជា ពិសេស​ទីនេះ​មាន​បណ្ណាល័យ​សាធារណ ថ្នាក់​ព័ត៌មានវិទ្យា ការអប់រំ​លើកកម្ពស់​ការយល់ដឹង​ពី​បេតិកភណ្ឌ​វប្បធម៌ របាំ​បូរាណ​ប្រពៃណី ការ​ហ្វឹក​ការងារ​និង​កិច្ចការ​យុវជន​ស្ម័គ្រចិត្ត ជំនាញ​ទន់ ការតម្រង់ទិស​សិក្សា​និង​ស​គ្រិន​ភាព ជាដើម ដែល​បាននិងកំពុង​បម្រើ​ដល់​យុវជន​ក្នុង​ខេត្តសៀមរាប និង​ទូទាំងប្រទេស​។ បច្ចុប្បន្ន ផ្ទះ​នេះ ជា​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ធ្លាប់​ស្គាល់​ផ្ទះ​លោក ដាប ឈួន ជា​អតីត​ស្តេចត្រាញ់ និង​ជា អតីត​ចៅហ្វាយ​ខេត្តសៀមរាប ដ៏​មាន​ឥទ្ធិពល​? ទំនងជា​ភាគរយ​ខ្ពស់​ដែល​ស្គាល់ មានតែ​អ្នក សៀមរាប ហើយក៏​ជា​មនុស្ស​ចាស់ៗ​ទៅទៀត ដែល​ធ្លាប់​បានដឹង និង​ស្តាប់ឮ​ខ្លះៗ​ពី ប្រវត្តិ​លោក ដាប ឈួន​។​

​សំណង់​អាគារ​ផ្ទះ​លោក ដាប ឈួន មាន​ទម្រង់​ស្ថាបត្យកម្ម​ប្លែក រាង​តូច តែមាន​រចនាបថ ពិសេស ដែល​ពិបាក​រក​ក្នុង​សិល្បៈ​ស្ថាបត្យកម្ម​ទំនើប ព្រោះថា គេ​កម្រ​ធ្វើ​ផ្ទះ​ដែលមាន​ភាពស្មុគស្មាញ​បែបនេះ​ណាស់​។ ផ្ទះ​នេះ​ទំនង​សង់​ឡើង​អំឡុងពេល​លោក ដាប ឈួន ចូលរួម​ជាមួយ​រាជការ សម្តេច នរោត្តម សីហនុ ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ​១៩៥៩ ក្រោយ​លោក​ផ្តាច់ខ្លួន ចេញពី​ខ្មែរ​ឥស្សរ ឬ​ខ្មែរ​សេរី​។ បច្ចុប្បន្ន​ផ្ទះ​នេះ​មាន​បន្ទប់​សរុប​ទាំងអស់​ចំនួន ១២ ដែល​ធ្វើ​ឲ្យ គេ​នឹកស្មាន​មិន​ដល់​។​


​លោកនាយក​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា បាន​លើកឡើងថា កន្លងមក​ធ្លាប់​គេ​គិតថា ផ្ទះ ដាប ឈួន​នេះ មាន​បំពាក់​ជណ្តើរយន្ត តែ​ធាតុពិត ផ្ទះ​នេះ​គ្មាន​នោះទេ តាំងពី​លោក​ចូលមក​ធ្វើការ​នៅទីនេះ​នា​ឆ្នាំ​១៩៩៤​កន្លងទៅ​។ ប៉ុន្តែ​លោកនាយក​មិន​បានដឹង​ច្បាស់​ថា​អាចមាន​ឬ​អត់​ក្នុងអំឡុង​ពេលដែល​កង​ទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បោះទីតាំង​នៅទីនេះ ពី​ឆ្នាំ​៧៩​ដល់​៨៩ អាច​វៀតណាម​ដកចេញ​ក៏​មិនដឹង​។​

​តាម​ឯកសារ​ដែល​លោកនាយក អ៊ុក សុធា បាន​ស្រាវជ្រាវ​កន្លងមក ផ្ទះ​លោក ដាប ឈួន ដែល​សព្វថ្ងៃ ក្លាយជា​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា ធ្លាប់ជា​ទីតាំង​កងទ័ព​ជា​ហូរហែរ ក្រោយ​លោក ដាប ឈួន អស់អំណាច​។ នៅ​សម័យ លន់ ណ​ល់ ផ្ទះ​នេះ​ជា​បន្ទាយ​ទាហាន​ជួរមុខ សម្រាប់​ទប់ទល់​នឹង​ក​ង​ទ័ព​ខ្មែរក្រហម​។ នៅ​សម័យ​ខ្មែរក្រហម ផ្ទះ​នេះ​ត្រូវគេ​ប្រើ​ជា​គុក សម្រាប់​ដាក់​កម្មាភិបាល​នាពេលនោះ​។ ក្រោយ​ឆ្នាំ ៧៩​ដល់ ៨៩ ផ្ទះ​ស្តេចត្រាញ់ ដាប ឈួន ជាទី​បញ្ជាការ​កងទ័ព​វៀតណាម​។


​មុន​ការ​ដកទ័ព​ចេញពី​ប្រទេស​កម្ពុជា កងទ័ព​វៀតណាម​បានធ្វើការ​ជួសជុលផ្ទះ ដាប ឈួន នៅ​ឆ្នាំ​១៩៨៨ ដោយ​កែលម្អ​ទៅជា​អាគារ​ថ្មី និង​បាន​ក្លាយជា​អាគារ «​វប្បធម៌​កុមារ ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​» ដោយមាន​ការចូលរួម និង​ចាត់ចែង​ដោយ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ខេត្ត និង​អតីត​ថ្នាក់ដឹកនាំ​យុវជន​នាកាល​នោះ ដែលមាន​លោក សោម សារ៉ូ អតីត​អនុប្រធាន​មន្ទីរអប់រំ​ខេត្តសៀមរាប ជា​អ្នកសម្របសម្រួល​មើល​ការខុសត្រូវ​។​

​លោក អ៊ុក សុធា បាន​រៀបរាប់​បន្តថា ការបង្កើត​អាគារ​វប្បធម៌​កុមារ​នេះ​ឡើង គឺ​ដោយសារ​ថ្នាក់​គ្រប់គ្រង​នៅពេលនោះ​មាន​គោលបំណង​ចង់​ផ្លាស់ប្តូរ​ទីតាំង​ដែល​ធ្លាប់ធ្វើ​កិច្ចការ​ទាក់ទង​នឹង​សង្គ្រាម មកជា​ទីតាំង​សម្រាប់​អប់រំ​មនុស្ស​ម្តង​។ អាគារ​នេះ បានរៀបចំ​សកម្មភាព​យកចិត្តទុកដាក់​លើ​ការអប់រំ​ជំនាញ​ខ្លីៗ សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ឲ្យ​ស្គាល់​ពី​បច្ចេកវិទ្យា​ទំនើប​។ ការអប់រំ​នៅ​ទីនោះ រួមមាន​ផ្នែក​តន្ត្រី ភ្លេង របាំ ។​ល​។ និង​សម្រាប់​ទាក់ទង​ការងារ​យុវជន ក្នុងសម័យ​រដ្ឋ​កម្ពុជា​។ ជាងនេះទៅទៀត អាគារ​នេះ​ដើរតួ​សំខាន់​សម្រាប់​ពង្រឹងសមត្ថភាព យុវជន​ឲ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម និង​រៀន​កសាង​សមត្ថភាព​ដើរ​ដោយ​ខ្លួនឯងបាន​។​ឆ្នាំ​១៩៩៣ អាគារ​វប្បធម៌​កុមារ បាន​ផ្ទេរ​ការគ្រប់គ្រង​ពី​សមាគមយុវជន​កម្ពុជា ទៅជា​មជ្ឈមណ្ឌល​យុវជន​កម្ពុជា​ខេត្ត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្នុងនាម​ជា មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៦ ទីតាំង​នេះ​មិនសូវមាន​សកម្មភាព​ច្រើន​ទេ​។ ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​២០១៣ មជ្ឈមណ្ឌល​នេះ​មាន​ដៃគូ​បរទេស​ជាច្រើន ដោយបាន​ធ្វើ​កិច្ចសហការ ជួយ​លើ​ការងារ​អប់រំ និង​សិល្បៈ​ជាដើម ព្រោះថា សិល្បៈ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​វប្បធម៌ ដែល​នៅក្បែរ​តំបន់​ប្រាសាទបុរាណ​។​

​លោក សុធា រម្លឹកថា លោក​ពិត​ជាមាន​មោទនភាព​ណាស់ ពេល​លោក​ក្លាយជា​នាយក​គម្រោង​រប​ស់​សាលា​សិល្បៈ​បូរាណ​ខ្មែរ​ខេត្តសៀមរាប​របស់​អង្គការ​អ៊ីតាលី​សង្គ្រោះ​កុមារ CIAI នៅក្នុង​មជ្ឈមណ្ឌល​ពី​ឆ្នាំ ២០០៦ ដល់​២០១៣ ដោយបាន​កសាង​ធនធានមនុស្ស​សិល្បៈករ​ជាច្រើន​នៅពេលនោះ​។ ទីនេះ​ផងដែរ គឺ​បាន​ស្វាគមន៍​ការបោះ​ជំរំ និង​ទស្សនកិច្ច​សិក្សា​របស់​ប្រតិភូ​យុវជន​ទូទាំងប្រទេស និង​មកពី​បណ្តា​ខេត្ត​នានា និង​យុវជន​អន្តរជាតិ​ផង ដែល​ក្នុង​មួយឆ្នាំ គម្រោង​នេះ​ធ្វើការ​ជាមួយ​យុវជន​មិន​ក្រោម ១៥០០ ទៅ​២០០០ នាក់​នោះទេ​។​នៅ​ឆ្នាំ​២០០៩ អាគារ​ផ្ទះ ដាប ឈួន ត្រូវបាន​ជួសជុល និង​កែលម្អ​សាជាថ្មី​ដោយ​គណៈកម្មការ សមាគមជាតិ​យូណេស្កូ​កូរ៉េ រួម​និង​ក្រុមហ៊ុន​មួយ​ឈ្មោះ High One Resort ដែល​សម្របសម្រួល​ដោយ​ជនជាតិ​កូរ៉េ​មួយរូប បានរៀបចំ​ទីនេះ​ឲ្យ​ក្លាយជា​បណ្ណាល័យ​សាធារណ​មួយ​ដែលមាន​ទ្រង់ទ្រាយ​ធំ​។ បំណង​នៃ​ការរៀប​ចំនេះ គឺ​ដើម្បី​ឲ្យ​យុវជន​មានឱកាស​ចូលរួម​ស្រាវជ្រាវ​ឯកសារ ដោយ​បណ្ណាល័យ​ទាំងមូល ចែកជា​២ មួយ​សម្រាប់​មនុស្សពេញវ័យ និង​មួយ​សម្រាប់​កុមារ​។ ក្នុង​បណ្ណាល័យ​នេះ មាន​សៀវភៅ​ទាំងអស់ សរុប​ជាង​កន្លះ​ម៉ឺន​ក្បាល និង​មាន​បំពាក់​សេវា​អ៊ិន​ធឺ​ណិ​ត ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោកស្តាយ អាគារ​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា ត្រូវបាន​បិទទ្វារ អំឡុង​ខែមេសា ឆ្នាំ​២០១៤ ទាក់ទង​នឹង​ការដោះដូរ​អាគារ ដែល​គម្រោង​មិន​ក្រោម​៩ ដែល​ធ្លាប់មាន ត្រូវបាន​បិទ​ស្ទើរតែ​ទាំងស្រុង​។ លោក សុធា និយាយ​ក្នុង​ទឹកមុខ​មិន​អស់សង្ឃឹម​យ៉ាង​ដូច្នេះ​ថា​៖« ថ្ងៃនេះ យើង​ត្រឡប់មកវិញ ខំ​ស្ដារឡើងវិញ តែ​ស្ថិតក្នុង​ល្បឿន​មិនលឿន​ទេ​»​។​​នៅ​ចុងឆ្នាំ​២០១៥ ក្រោយ​បិទ​ជាង​មួយឆ្នាំ អាគារ​មជ្ឈមណ្ឌល ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ ដោយមាន​កិច្ច​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល អាគារ​ផ្ទះ ដាប ឈួន ត្រូវបាន​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា​សាជាថ្មី​។ ក្នុង​សេចក្តីប្រកាស របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ទីនេះ​មាន​ភារកិច្ច​សំខាន់​ជាច្រើន រួមមាន រៀបចំ​អភិវឌ្ឍន៍​សកម្មភាព​ពី​មុនៗ សម្រាប់​បំ​និ​ន​ជីវិត និង​វិជ្ជាជីវៈ ជំនាញ​ទន់ ការផ្លាស់ប្តូរ​វប្បធម៌ តម្រង់ទិស​សិក្សា សហ​គ្រិ​ភាព​និង​ទីផ្សា​ការងារ និង​សុខភាព​ជាដើម​។​ល​។ ។ លោក សុធា ពន្យល់ថា សកម្មភាព​នេះ​គឺ​មានន័យ​ទូលំទូលាយ ប៉ុន្តែ​លោក​អះអាងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​នាយកដ្ឋាន​ជំនាញ អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ យុវជន​និង​កីឡា នឹង​ខិតខំ​ធ្វើយ៉ាងណា ស្ដារ​រាល់​សកម្មភាព​ពីមុន​ឲ្យ​បានមក​វិញ​តាម​អនុសាសន៍​ថ្នាក់ដឹកនាំ និង​ការអភិវឌ្ឍ​បន្ត​។សព្វថ្ងៃ មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា បាន​សហការ​ទំនាក់ទំនង​ជាមួយ​ដៃគូ​ជាមួយ​អភិ​វ​ឌ្ឈ ពី​ប្រទេស​នានា​មួយចំនួន​ឡើងវិញ បន្ថែម​លើ​សកម្មភាព​ដែល​ក្រសួង​ប្រគល់​ឲ្យ ដោយ​បង្កើត​ជំរំ​វិទ្យាសាស្ត្រ​ក្នុង​មួយឆ្នាំ​៣​សប្តាហ៍ ផ្តោតលើ​ការសិក្សា​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ទៅនឹង​ជីវភាព​រស់នៅ និង​ជា​ល្បែង​សិក្សា ដូចជា​ការបង្កើត​ការរៀន​តម្លើង និង​ប្រកួត​រ៉ូ​ប៊ូ​ត​ជាដើម ដោយ​ក្នុង​មួយឆ្នាំ​មាន​សិស្ស ដែល​អាច​ដឹង​ពី​កិច្ចការ​នេះ​ជាង​១០០​នាក់​។ ក្រៅពី​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ មជ្ឈមណ្ឌល​នេះ កំពុង​ជោគជ័យ​លើ​ជំនាញ​បណ្តុះបណ្តាល​កុំព្យូទ័រ ដែលមាន​សិស្ស និង​យុវជន​ជាច្រើន ចូលរួម​ក្នុង​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​។​ជ្ឈមណ្ឌល​ជាតិ​យុវជន​ក៏​កំពុង​បន្ត​អនុវត្ត​គម្រោង​លើកកម្ពស់​ការយល់ដឹង​ផ្នែក​វប្បធម៌​ផងដែរ​។ គម្រោង​នេះ​ជា​គម្រោង​ធ្លាប់​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា គាំទ្រ​ពី​អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន NFUAJ ជា​កម្មវិធី​ដ៏​ពេញនិយម និង​មានការ​ចូលរួម​ពី​សិស្សានុសិស្ស​នៅ​ថ្នាក់​វិទ្យាល័យ និង​យុវជន​ក្រៅ​សាលា​។​

​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា កំពុង​វិវត្តន៍​ខ្លួន​ទៅមុខ​ជា​បន្តបន្ទាប់​។ សព្វថ្ងៃ មជ្ឈមណ្ឌល​នេះ កំពុង​ជួសជុល​របង និង​រៀបចំ​កែលម្អ​សួន​ផ្នែក​ខាងមុខ​ឲ្យ​បាន​ស្អាត​ឡើងវិញ​ជា​សោភ័ណភាព​ក្រុង​សៀមរាប​។ តាម​គម្រោង​របស់​ក្រសួង គ្រោង​នឹង​ជួសជុលផ្ទះ ដាប ឈួន ម្តងទៀត ហើយនឹង​ប្រែក្លាយ​ទីនេះ​ទៅជា​កន្លែង​សាកល្បង បណ្តុះបណ្តាល​សហគ្រិនភាព​យុវជន ដែលមាន​គំនិត​ចង់​រកស៊ី​របស់​យុវជន ដោយ​ក្រសួង​មាន​គម្រោង​សាងសង់​អាគារ​បន្ថែម​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​។ក្នុងនោះ តាម​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​យុវជន​មួយចំនួន និង​លោកនាយក លោក​ក៏​ចង់​ឲ្យ​ផ្ទះ​អតីត​អភិបាលខេត្ត​សៀមរាប​ដ៏​មាន​ឥទ្ធិពល ក្លាយជា​សារមន្ទីរ​សកម្មភាព​យុវជន ផងដែរ​។ លោក អ៊ុក សុធា ពន្យល់ថា នៅទីនេះ នឹង​រៀបរាប់​ពី​ដំណើរ​វិវត្តន៍​ខាង​ប្រវត្តិសាស្ត្រ ទៅនឹង​សកម្មភាព​យុវជន​ដែលមាន​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ទីនេះ​ក៏​ជាទី​ដែល​យុវជន​លើ​ពិភពលោក អាច​ជួបជុំគ្នា​ដូច​មាននៅ​បណ្តា​ប្រទេស​នានា​៕

រូបភាព បាតុករខ្មែរនៅ ប្រទេសជប៉ុន ឆ្នាំ ២០២៤ ដែលប្រឆាំង រដ្ឋាភិបាលខ្មែរ ដោយស្នើរជប៉ុនផ្តាច់ជំនួយ និង គាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមការបោះឆ្នោត

រូបភាព បាតុករខ្មែរនៅ ប្រទេសជប៉ុន ឆ្នាំ ២០២៤ ដែលប្រឆាំង រដ្ឋាភិបាលខ្មែរ ដោយស្នើរជប៉ុនផ្តាច់ជំនួយ និង គាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមការបោះឆ្នោត

រូបភាព បាតុករខ្មែរនៅ ប្រទេសជប៉ុន ឆ្នាំ ២០២៤ ដែលប្រឆាំង រដ្ឋាភិបាលខ្មែរ ដោយស្នើរជប៉ុនផ្តាច់ជំនួយ និង គាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមការបោះឆ្នោត


No comments:

Post a Comment