Sunday, September 6, 2020

ព្រាប អិន (ព្រៀប អិន)


ភ្នំពេញ: អ៊ិន តាំ ជា​អ្នកនយោបាយ​កម្ពុជា​ដ៏​យូរអង្វែង ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​សង្គម រាស្ត្រនិយម, ជា​ប្រធានរដ្ឋសភា ជា​មនុស្ស​ទី​៣ នៅពីក្រោយ​រដ្ឋប្រហារ​១៨ មីនា ១៩៧០, ជា​គូ​ប្រជែងដ៏​ប្រកៀកប្រកើយ​បំផុត​របស់ លន់ នល់ និង ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ខ្មែរ ។​ អ៊ិន តាំ កើត​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩១៦ នា​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាល​នៅ​កុមារ គាត់​បាន​សិក្សា​ភាសាបាលី នៅ​វត្ត​ស្ទឹងត្រង់ បន្ទាប់មក​បាន​បន្ត​ការសិក្សា​នៅ​សាលា​​​ស៊ីសុវត្ថិ នា​ក្រុងភ្នំពេញ ។ បន្ទាប់ពី​បានធ្វើ​ជា​ប្រធាន​កងជីវពល​ខេត្ត​មក គាត់​បាន​ឡើង​ឋានៈ​យ៉ាង​ឆាប់រហ័ស ហើយ​ក៏បាន​ឡើងជា​អភិបាល​ខេត្តតាកែវ​ ។​

​ ក្នុងអំឡុង​ទសវត្ស៍​ឆ្នាំ​១៩៦០ អ៊ិន តាំ បាន​បម្រើ​មុខងារ​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល​សង្គម​រាស្ត្រ និយម​របស់​សម្តេច​សីហនុ ហើយពី​ឆ្នាំ ១៩៦៤-១៩៦៦​​ គាត់​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ក្មួយ ប្រុស​របស់គាត់ ព្រាប អ៊ិន ត្រូវបាន​ចោទប្រកាន់ថា​ជា​សមាជិក​ខ្មែរ​សេរី ជា​ក្រុមប្រឆាំង​សម្តេច​សីហនុ។ ព្រាប អ៊ិន ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោសប្រហារជីវិតហើយ​ថត​ជា​ខ្សែភាពយន្ត​បញ្ចាំង ​តាម​រោងភាពយន្ត​ទាំងឡាយ​នៅ​ភ្នំពេញ ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ដក់​ជាប់​ក្នុង​ចិត្ត ដិត​ក្នុង​អារម្មណ៍​នូវ​ព្រឹត្តិការណ៍​នោះ​អស់​រយៈពេល​យ៉ាងយូរ ។ អ៊ិន តាំ ត្រូវបាន​គេ​បន្ទោស​ថា មិនបាន​ការពារ ព្រាប អ៊ិន ឱ្យបាន​គ្រប់គ្រាន់។​

​ អ៊ិន តាំ ត្រូវបាន​គេ​ទុក​ថា​ជា​ជន​សំខាន់​ម្នាក់​ក្នុងចំណោម​ជន​សំខាន់ៗ​ទាំង​៣​រូប នៃ​រដ្ឋប្រហារ​១៨​មីនា ១៩៧០ ទម្លាក់​សម្តេច​សីហនុ ។ ឥស្សរជន​២​រូប​ផ្សេងទៀត​គឺ ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ជាម​នុស្ស​ជំនិត​របស់​សម្តេច​សីហនុ , ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ ជា​បងប្អូន​ជីដូនមួយ​របស់​សម្តេច​សីហនុ ។ កាលនោះ អ៊ិន តាំ កំពុង​នៅក្នុង​ឋានៈ​ជា​ប្រធានរដ្ឋសភា ហេតុនេះ​គាត់​មាន​ភារៈ​ជា​អ្នកដឹកនាំ​សមាជិក​រដ្ឋសភា​បោះឆ្នោត​ដកហូត​តំណែង​របស់​សម្តេច​សីហនុ។ ដោយហេតុ នេះ អ៊ិន តាំ ក៏ដូចជា​លន់ នល់ និង សិរិមតៈ ដែរ កាលនោះ​ត្រូវបាន​គេ​ហៅថា “ មនុស្ស​១៨​មីនា​” ។ ក្នុងឋានៈ​ជា​ប្រធានរដ្ឋសភា​នេះដែរ អ៊ិន តាំ ក៏​គឺជា​អ្នក​ប្រកាស​បង្កើត​របប​សាធារណរ​ដ្ឋ​ខ្មែរ នា​ថ្ងៃទី​៩​ខែតុលា ឆ្នាំ​១៩៧០ បន្ទាប់ពី​មនុស្ស​របស់ លន់ ណុន បាន​បំបែក​នូវ​ការ​រាំងខ្ទប់​ដោយ​ជោគជ័យ​នៃ​មនុស្ស​របស់ សិរិមតៈ មក ។

​ ទោះយ៉ាងណា បន្ទាប់ពី​ឆ្នាំ​១៩៧០ មក អ៊ិន តាំ មានទំនាស់​ជាមួយ​លន់ នល់ ខ្លាំង​ឡើងៗ ។ ខែតុលា ឆ្នាំ​១៩៧១ គាត់​បានប្រកាស​បិទ​រដ្ឋសភា ដោយ​សំអាងថា មាន​ភាពអាសន្ន​នៃ​សង្គ្រាម ស៊ីវិល ដែល​ប្រការនេះ​ត្រូវបាន​បង្កឡើង​ដោយ​អ៊ិន តាំ ខ្លួនឯង និង​ព្រះសង្ឃ​ប្រមាណ​ជា​៤០០​អង្គ ។

បន្ទាប់ពី​ព្រឹត្តិការណ៍​វាយប្រហារ​ពី​សំណាក់​កងកម្លាំង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជាក់លាក់ ទៅលើ​ហ្វូង​បាតុករ​នៅមុខ​មហាវិទ្យាល័យ​ច្បាប់ នាទី​ក្រុងភ្នំពេញ ( ​គេ​សន្និដ្ឋានថា​បញ្ជា​ដោយ លន់ ណុន ដើម្បី​បំផ្លាញ​ភាព​សាន្ដត្រាណ​នៃ​រដ្ឋាភិបាល​របស់ សឺ​ង ង៉ុ​ក ថា​ញ់ ​) នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​១៩៧២ មក ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី នៃ​សាធារណរដ្ឋ​ខ្មែរ ត្រូវបាន​អនុម័ត​នៅ​ថ្ងៃទី​ ៣០ ខែ មេសាឆ្នាំ​ដដែល​នោះ ហើយ​ច្បាប់​នេះតម្រូវឱ្យ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​ ៤ ខែ មិថុនា ឆ្នាំ​១៩៧២​នោះ ។

​ ​​ កាលនោះ បេក្ខជន​មានតែ​៣​នាក់​ប៉ុណ្ណោះ គឺ​លន់ នល់ ដែលជា​អ្នកមានអំណាច​ក្នុង​ដៃ​រួច​ជា​ស្រេច , អ៊ិន តាំ ដែល​ទើប​តែមាន ទំនាស់​នឹង​ក្រុម លន់ នល់ បន្ទាប់ពី​រដ្ឋប្រហារ និង កែវ អន ជា​មនុស្ស​ដែល​គេ​មើលឃើញថា ពុំមាន​អ្វី​គួរឱ្យកត់សម្គាល់​ជាសំខាន់ ។ គេ​ចាត់ទុក អ៊ិន តាំ ថា​ជា​មនុស្ស​ម្នាក់ ​ក្នុងចំណោម​ពួក​អ្នកមាន​ភាពចាស់ទុំ​ទាំងឡាយ ​ផ្នែក​នយោបាយ​កម្ពុ​ជានា​សម័យ​នោះ ហើយ​គាត់​មាន កេរ្តិ៍​ឈ្មោះថា​ជា​អ្នក​សុចរិត ស្អាតស្អំ និង​របៀប​រស់នៅ​យ៉ាង​សាមញ្ញ ។

​ នៅក្នុង​ការបោះឆ្នោត​នោះ គាត់​បាន​ក្លាយជា​មនុស្ស​ទី​២​បន្ទាប់ពី​លន់ នល់ ដោយ​គាត់​ទទួល បាន​សំឡេងឆ្នោត​គាំទ្រ​ ២៤ ភាគរយ ។ គេ​បានដឹង​ជាទូទៅ​ថា ប្រសិនបើ​ដំណើរការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​នោះ អ៊ិន តាំ ពិតជា​អ្នកឈ្នះ​លេខ​១​ជាមិនខាន ប៉ុន្តែ​ជា​អកុសល ការបោះឆ្នោត​នោះ​ត្រូវ​បានរៀបចំ​គៃបន្លំ​ដើម្បី​ធានា​នូវ​ជោគជ័យ​សម្រាប់ លន់ នល់ ដូចជា​នៅ​គ្រប់​ទីកន្លែង ទាហាន​ម្នាក់​មាន​ករណីយកិច្ច​ត្រូវ​បោះឆ្នោត​ជាសម្ងាត់​យ៉ាងតិច​៣​ដង​សម្រាប់​លន់ នល់ ។ មេខ្លោង​ចាត់​ឧបាយកល​ទាំងនោះ ពុំមាន​នរណា​ក្រៅពី​លន់ ណុន ជា​ប្អូនប្រុស​របស់​លន់ នល់ ឡើយ ។

​បន្ទាប់មក គេ​បានកំណត់​ឱ្យធ្វើ​ការបោះឆ្នោត​សភា​បញ្ញត្តិ​ភ្លាម ពោលគឺ​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​៣ និងទី​១៧ខែកញ្ញា​ឆ្នាំ​១៩៧២​នោះ។ដោយ​មើលឃើញថាច្បាប់បោះឆ្នោត​ពេលនោះ​មាន​លក្ខណៈ ​ក្លែងបន្លំ និង ធានា​នូវ​ជោគជ័យ​សម្រាប់​គណបក្ស​សង្គម​សាធារណរដ្ឋ​របស់ លន់ នល់ និង​ប្អូន​របស់គាត់ គឺ​លន់ ណុន នោះ គណបក្ស សាធារណរដ្ឋ របស់​ព្រះអង្គម្ចាស់​សិរិមតៈ និង គណបក្ស​ប្រជាធិបតេយ្យ របស់ អ៊ិន តាំ បានស្នើ​ធ្វើការ​កែប្រែ​ច្បាប់​នោះ ប៉ុន្តែ​វា​ជាការ​ឥតប្រយោជន៍ ដោយ​ត្រូវបាន​បដិសេធ ។ ដោយហេតុ​នោះ គណបក្ស​សាធារណរដ្ឋ​របស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងគណបក្ស​ប្រជាធិបតេយ្យ របស់ អ៊ិន តាំ បាន​បដិសេធ​មិន​ចូលរួម​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​សម្រាប់ សភា​ទាំង​២​នោះឡើយ ។

​ របប​សាធារណរដ្ឋ​ខ្មែរ ដែលមាន លន់ នល់ ជា​ប្រធានាធិបតី មាន​អាយុកាល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ គឺ​ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ប៉ុន្តែ​មានការ​ផ្លាស់ប្តូរ​គណៈរ​ដ្ឋ​មន្ត្រី​ជាច្រើនលើក​ច្រើនគ្រា ។ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ព្រះអង្គម្ចាស់ សិរិមតៈ គឺ​ចាប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​១៩៧១-១២ មីនា ១៩៧២ នោះ អ៊ិន តាំ ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ក្រសួងមហាផ្ទៃ ។ ឆ្លងកាត់​រដ្ឋាភិបាល​ចំនួន​២​ទៀត គឺ​រដ្ឋាភិបាល​របស់ សឺ​ង ង៉ុ​ក ថា​ញ់ និង ហង្ស ធុន​ហាក់ មក អ៊ិន តាំ បាន​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៣ ។

​ ថ្ងៃទី​១៤ ខែតុលា​ឆ្នាំ​១៩៧៣ អ៊ិន តាំ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវបាន​ប្រធានាធិបតី លន់ នល់ បដិសេធ ព្រោះ​ប្រធានាធិបតី យល់ឃើញថា ការលាលែង​ពី​តំណែង​របស់​អ៊ិន តាំ អាច​នាំមក​នូវ​ផល​លំបាក​ច្រើន​សម្រាប់​សាធារណរដ្ឋ​ខ្មែរ​នៅក្នុង​សន្និបាត​អង្គការសហប្រជាជាតិ ត្បិត​រដ្ឋាភិបាល​និរទេស​របស់​សម្តេច​នរោត្តម សីហនុ ក៏​ទាមទារ​យក​អាសនៈ ឬ ភាពជា​តំណាង​កម្ពុជា នៅ អង្គការសហប្រជាជាតិ​យ៉ាង​ប្រផិតប្រផើយ​ណាស់ដែរ ។

​ ទោះយ៉ាងណា អ៊ិន តាំ បាន​រើរុះ​គណៈរដ្ឋមន្ត្រី​របស់គាត់​ឡើងវិញ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​១៩៧៣ ។ ដោយហេតុនេះ រដ្ឋាភិបាល​ទី​១​ របស់គាត់​បាន​ត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី​២២ តុលា នា​ឆ្នាំ​នោះឯង ហើយ​រដ្ឋាភិបាល​ទី​២​ របស់គាត់​ក៏បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ ១៩៧៣​នោះដែរ ។

​ ថ្ងៃទី​៦ ខែធ្នូ​ឆ្នាំ ១៩៧៣ បន្ទាប់ពី​ការជជែក​ដ៏​តានតឹង​មក មហាសន្និបាត អ​.​ស​.​ប បានផ្តល់​អាសនៈ​ឱ្យ​សាធារណរដ្ឋ​ខ្មែរ​ធ្វើជា​តំណាង​កម្ពុជា​ម្តងទៀត​យ៉ាង​ប្រផិតប្រផើយ​នាំមុខ​ក្រុម​របស់​សម្តេច​សីហនុ ។ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៧៣ បន្ទាប់ពី​ទទួលបាន​អាសនៈ​នៅ​អង្គការសហប្រជាជាតិ​មក អ៊ិន តាំ បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​ម្តងទៀត ។ ម្តងនេះ​សំណើ​របស់គាត់​ត្រូវបាន​ប្រធានាធិបតី លន់ នល់ ព្រម​ទទួល​ភ្លាម ។ ហេតុនេះ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​របស់ អ៊ិន តាំ នា​របប​សាធារណរដ្ឋ​ខ្មែរ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​៧​ខែធ្នូ ឆ្នាំ​១៩៧៣​នោះឯង ហើយ​អ្នក​ដែល​ត្រូវ​ឡើងមក​ជំនួស​គាត់ គឺ ឡុង បូ​រ៉េត ។ គិត​ទៅ អ៊ិន តាំ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​យៈ​ពេល​៧​ខែ ។

​ លុះ​ក្រោយមក គាត់​ត្រូវបាន​ដាក់ឱ្យ​នៅតាម​កម្ម​វិធី​ដែល​រៀបចំ ដើម្បី​ទាក់ទាញ​កម្មាភិបាល​កុ​ម្មុយ​និ​ស្ត បន្ទាប់ពី​បាន​ចូលនិវត្តន៍​ពី​នយោបាយ និង​រស់នៅ​ជាមួយ​គ្រួសារ និង​ពួក​អ្នកគាំទ្រ​គាត់ នៅ​ខេត្តបាត់ដំបង ។ នៅពេលដែល​ពួក​ខ្មែរក្រហម​បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​នា​ខែមេសា ឆ្នាំ​១៩៧៥ អ៊ិន តាំ បាន​កំពុង​រស់​នៅឯ​កសិដ្ឋាន​របស់គាត់ ឯ​ប៉ោយប៉ែត ។ គាត់​ស្ទើរតែ​ត្រូវបាន​ពួក​ខ្មែរក្រហម​សម្លាប់ ប៉ុន្តែ​គាត់​បាន​ភៀសខ្លួន​ចូល​ប្រទេស​ថៃ ហើយ​មានបំណង​រៀបចំ​ទ័ពព្រៃ​ប្រឆាំង​ពួក​ខ្មែរក្រហម​នៅតាម​តំបន់​ព្រំដែន ។ ទោះយ៉ាងណា សកម្មភាព​នេះ​មិន​សិ្ថ​ត​បានយូរ​ឡើយ ដោយសារ​គាត់​ត្រូវបាន​អាជ្ញាធរ​ថៃ​និរទេស ។ គាត់​បាន​ទៅ​ប្រទេស​បារាំង បន្ទាប់មក​នៅ​ឆ្នាំ​១៩៧៦ គាត់​បាន​ផ្លាស់ ទៅ ស​.​រ​.​អា ជាទី​ដែល​គាត់​ទទួលបាន​សិទ្ធិ​ជ្រកកោន ។

​ ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​របស់​ប៉ុល ពត ត្រូវបាន​ផ្តួលរំលំ ប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​លើក​បន្តុប​ដោយ​វៀតណាម ។ សម្តេច​សីហនុ បាន​បង្កើត​ចលនា​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ប្រឆាំងនឹង​រដ្ឋាភិបាល​មួយ​នេះ ។ លោក អ៊ិន តាំ គឺជា​មេ បញ្ជាការ​នៃ​កងទ័ព​ម៉ូលីណាកា (MOULINAKA) របស់​សម្តេច​សីហនុ រហូតដល់​ឆ្នាំ​១៩៨៥ ទើប​តំណែង​នេះ​ត្រូវបាន​ជំនួស​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណ​ប្ញ​ទ្ធិ ។

​បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​មក ប្រទេស​កម្ពុជា​ត្រូវ​បោះឆ្នោត​រៀបចំ​ដោយ អ​.​ស​.​ប (UNTAC) ។ អ៊ិន តាំ បាន​ស្ថាបនា​គណបក្ស​ប្រជាធិបតេយ្យ​របស់គាត់​ឡើងវិញ សម្រាប់​បោះឆ្នោត​ឆ្នាំ​១៩៩៣​នោះ ប៉ុន្តែ​គណបក្ស​របស់គាត់​ពុំបាន​ជោគជ័យ ។ ឆ្នាំ​១៩៩៧ គណបក្ស​គាត់​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ។​អ៊ិន តាំ បាន​អនិច្ចកម្ម​នៅ​ទីក្រុង ឆេន​ដ៍​ល័​រ រដ្ឋ​អា​រី​ហ្សូ​ណា ភាគ​និរតី នៃ​សហរដ្ឋ អាមេរិក នា​ឆ្នាំ​២០០៦ ៕

អត្ថបទដកស្រង់អំពីវិរបុរសខ្មែរលោកតាព្រាបអ៊ិន ដែលត្រូវសម្ដេចសីហនុ យកទៅប្រហាជីវិត។
ព្រាបអ៊ិន ត្រូវគេយកទៅកាត់ទោសប្ហាជីវិតដោយបញ្ជាសម្ដេចសីហនុ, ព្រាបអ៊ិន ជាបញ្ញវ័ន្តខ្មែរវ័យក្មេងមួយរូបដែលមានអាយុប្រមាណជា៣០ឆ្នាំ។ មាឌស្គម រាងចំអឹង ប្រកបដោយថ្ងាសវែង​សក់រួញ មុខមាត់ធ្វើឪ្យខ្ញុំនឹករលឹកដល់លោកអ៊ីវកើស។ ប្រសិនបើ លោកព្រាបអ៊ិន ត្រូវសម្ដេចសីហនុ ចាប់ខ្លួនបាន ក៍មតិមហាជនមិនបានសូវប្រកាន់ប្រកួតអ្វីដែ ប៉ុន្តែសម្ដេចសីហនុ ជាអ្នកល្បងបោក ព្រាបអ៊ិន យកទៅសម្លាប់ ដែលជាការក្បត់សីលធម៍នៃនយោបាយទូត។

លោកព្រាបអ៊ិន មិនបានមកធ្វើវិច្ឆេតកម្មដុតបំផ្លាញស្ពាន ដុតផ្ទះអ្នកស្រុក ឬប្រយុទ្ធជាមួយកងទ័ពជាតិ ឬចូលមកធ្វើវិទ្ធង្សនា បំផ្លាញរបបសង្គមរាស្ត្រនិយម នៅកម្ពុជានោះទេ។ ក្រៅពីវត្តមានវិទ្យុរខ្មែរសេរីនៅព្រៃនគរ (ខ្លួនខ្ញុំផ្ទាល់មិនទាំងបានស្ដាប់សម្លេងវិទ្យុរនោះម្ដងផង ធ្លាប់តែស្ដាប់វិទ្យុរបស់សម្ដេចសីហនុ) ចលនាខ្មែរសេរីរបស់ លោកស៊ឺនង៉ុកថាញ់ មិនដែលទៅប៉ះពាល់ផលប្រយោជន៍ភូមិដ្ឋានខ្មែរ ដែលស្ថិតក្រោមរបបសម្ដេចសីហនុ បន្តិចបន្តួចសោះ, ផ្ទុយពីចលនាខ្មែរក្រហម។ មិនត្រឹមតែប៉ុណ្ណោះ,ថ្ងៃក្រោយមក នៅខែមករា ឆ្នាំ១៩៦៩ មានពួកខ្មែរសេរីចំនួន ២០៥នាក់បានមកចុះចូលជាមួយនឹងរបបសម្ដេចសីហនុ។ ទំនងមើលទៅ លោកស៊ឺនង៉ុកថាញ់ បានអនុញ្ញាត្តិឪ្យពួកខ្មែរសេរីទាំងនេះមកពួតកម្លាំងគ្នាជាមួយសម្ដេចសីហនុ #ដើម្បីទប់ទល់នឹងការរាតត្បាតរបស់ពួកវៀតកុង​(លោកស៊ឺនង៉ុកថាញ់ បានគិតប្រយោជន៍ជាតិខ្មែរជាមុន, មិនបានគិតផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ).... តើអ្នកណាអាចគិតដឹងជាមុនថា សម្ដេចសីហនុ រត់ទៅចូលជាមួយពួកយៀកកុងមកវ៉ៃប្រហាជាតិឯងអញ្ចឹងនោះ?។ នៅក្នុងរឿងក្បត់ជាតិរបស់ សមសេរី និងដាបឈួនទៀតសោត មានស្នាមប្រឡាក់ប្រឡូសរបស់រដ្ឋការយៀកណាមខាងត្បូង ង៉ោឌិនយាមនិងង៉ោឌិនញូ តែពុំបានត្រាសញ្ញារបស់ ស៊ឺនង៉ុកថាញ់ ទាល់តែសោះ សម្រេចសម្រួលទៅ លោកស៊ឺនង៉ុកថាញ ក៍ដូចជា លន់នល់ ដែលប្រវត្តសាស្ត្រនៅតែចងចាំថា ជាអ្នកនយោបាយរេរា ស្ទាក់ស្ទើ រហូតដល់ទីបំផុត ជាអ្នកដែលសម្រេចឪ្យសម្ដេចសីហនុ នៅមានជីវិតរស់ ដោយស្របតាមពាក្យស្លោកថា ( ចិត្តមិនដាច់ ធ្វើស្ដេចមិនកើត )។ ចំណែកប៉ុលពតនិងខ្មែរក្រហម ជារឿងផ្សេង ប៉ុលពត បានទាញយកមេរៀនពីសេចក្ដីទន់ខ្សោយរបស់ ស៊ឺនង៉ុកថាញ់ និងរបស់ លន់នល់ ជាមួយស្ដេច។

ត្រឡប់មកព្រាបអ៊ិនវិញ លោកជាខ្មែរសេរីទី១ដែលសម្ដេចសីហនុ យកមកបាញ់សម្លាប់ចោលជាសាធារណរ។ #លោកតាព្រាបអ៊ិនបានចូលមកស្រុកខ្មែរដើម្បីល្បួងសម្ដេចសីហនុឪ្យដើចេញពីមាគា៍នយោបាយគុម្មុយនិស្ដ ចំណែកសម្ដេចសីហនុវិញ មានគោលបំណងល្បួងគេឪ្យចុះចូលនឹងខ្លួនឯង។នេះសុទ្ធសឹងជាការយល់ច្រឡំនៃភាគីទាំងសងខាង ហើយអ្នកដែលធ្វើអាជ្ញាកណ្ដាលទាក់ទាញលោកព្រាបអ៊ិន ឪ្យចូលមកក្នុងសំណាញ់របស់សម្ដេចសីហនុ គឺ #លោកអ៊ិនតាំ ចៅហ្វាយខេត្តតាកែវ ថ្ងៃក្រោយមកទើបខ្ញុំដឹងថា លោកព្រាបអ៊ិន ត្រូវជាក្មួយរបស់លោក អ៊ិនតាំ ហើយនៅពេលដែលលោកព្រាបអ៊ិនត្រូវបានគេបាញ់ប្រហារួចហើយ។ ក្រុមគ្រួសាររបស់លោក អ៊ិនតាំ បានស្ដីបន្ទោសគាត់ជាច្រើននាក់។ បើយោងតាមប្រភពខ្លះ អ៊ិនតាំ បានបញ្ជេញវាចារយ៉ាងខ្លាំងថា វាសមតែស្លាប់ ព្រោះវាមាត់រឹង ប្រហើនមិនព្រមលន់តួរជាស្ដេចសីហនុ។ តាមពិត ព្រាបអ៊ិន បានពោលប្រាប់សម្ដេចសីហនុថា ខ្លួនលោកពុំមែនមកចុះចូលជាមួយស្ដេចទេ លោកមកក្នុងឋានជាអ្នកចចារ។
ខ្ញុំនៅនឹកឃើញដូចកាលម្សិលមិញ អំពីថ្ងៃដំបូងដែលខ្ញុំជួបប្រទះនឹងព្រិត្តការណ៍ ព្រាបអ៊ិន។ គឺជាឪកាសពិធីប្រារព្ធសមាជជាតិដែលចូលដល់ថ្ងៃទី២ទៅហើយ ខ្ញុំបានជិះម៉ូតូ មូប៊ីឡែត ពណ៍ខៀវ ទៅវាលមេរុ វេលាម៉ោង១១ព្រឹក ទៅកន្លែងដែលមនុស្សតូចធំទាំងឡាយមកពីគ្រប់ខេត្តខ័ណ្ឌមករួមធ្វើសមាជ។ ខ្ញុំបញ្ឈប់មូតូនៅក្បែកំផែងវាំង ហើយកំពុងតែទិញម្កាក់ត្រាំមួយពីចិន ស្រាប់តែខ្ញុំឃើញមនុស្សជាប់ទ្រុងម្នាក់ពីមាត់ទន្លេ គឺជាទ្រង់ខ្ពស់ដាក់នៅលើឡាន ប្រកបដោយចំរឹងដែក មានដំពូលរាងមូល ពណ៍ខៀវប្រហែលគ្នានឹងខ្លោះរបស់ស្ដេច។ មនុស្សនៅក្នុងទ្រុងអាវស ឈឆ្មឹង នឹងថ្កល់ ចំណែកមនុស្សនៅក្រៅទ្រង់រាបរយនាក់ យកដុំថ្ម ដុំគ្រួសរត់តាមគប់ដាកជនដែលជាប់ទ្រុងនោះ ដូចគេគប់ទៅលើស្វាគីងកុង ដោយគេជេប្រទេចផ្ដាសាថា #ជាជនក្បត់ជាតិ។ បុរសក្បត់ជាតិនោះហើយគឺជាលោកព្រាបអ៊ិន ចំណែកសម្ដេចសីហនុ បង្វិលមេក្រូ ដូចគេបង្វិលកាំភ្លើងមេត្រើយើ ដើម្បី​ឪ្យមាហាជនខឹងក្រោធនឹងជនជាប់ទោស។ ខ្ញុំមើលទៅសម្ដេចសីហនុ ដូចជាស្ដេចអធិរាជរ៉ូមាំ ដែលពន្យុះឪ្យរាស្ត្រស្រែកហោកញ្ជ្រាវ ក្នុងពេលដែលចាប់មនុស្សបោះឪ្យខ្លាស៊ី។ នៅពេលនោះសម្ដេចហាក់ដូចជាពោលមកខ្ញុំថា អញជាស្ដេច! ចំណែកពួកឯងជាសត្វ! អញធ្វើអញ្ចឹង តើអ្នកណាហ៊ានធ្វើអីអញ! ទ្រុងរបស់ព្រាបអ៊ិន ក៍ខិតមកជិតខ្ញុំបន្តិចម្ដងៗ ខ្ញុំទ្រាំមិនបាននឹងទិដ្ឋភាពនេះ ក៍ប្រញ៉ាប់បត់ក្បាលម៉ូតូចេញបាត់ទៅ។

គ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងមាតុភូមិអ្នកនិពន្ធបារាំងម្នាក់ បានទុកឧត្តមគតិជាតិនិយមថា “គេមិនអាចនឹងសំអាងលើវិចារណញ្ញាណអ្វី ដើម្បីធ្វើការប្រឆាំង នឹងប្រទេសជាតិ មាតុភូមិរបស់ខ្លួនបានឡើយ” (On ne peut avoir raison contre son pays) មានខ្លឹមសារអប់រំល្អណាស់ សម្រាប់មនុស្សគ្រប់ជាតិសាសន៍ ជាពិសេស អ្នកនយោបាយ មានកាតព្វកិច្ចចំពោះជាតិមាតុភូមិ។ ខណៈដែលអ្នកនយោបាយនៅកម្ពុជា ចោទឆ្លើយគ្នាពីរឿង “ក្បត់ជាតិ” នោះ គ្រាន់តែជាការលាបពណ៌គ្នាតែប៉ុណ្ណោះ ព្រោះ “គ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងមាតុភូមិ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សារ និងពាក្យសម្តីឆ្លើយឆ្លងគ្នារវាងមេដឹកនាំបក្សកាន់អំណាច និងអតីតមេបក្សប្រឆាំង ចោទប្រកាន់គ្នាពីរឿង “កូនអាក្បត់ជាតិ” និង “ជនក្បត់ជាតិ” នោះ ធ្វើឱ្យអ្នកតាមដាននយោបាយមើលឃើញថា កំពុងដើរជាន់ដានប្រវត្តិសាស្ត្រទៀត ហើយ។ ពាក្យថា “ក្បត់ជាតិ” សំដៅដល់មនុស្សលក់ក្បាលឱ្យប្រទេសជិតខាង ដោយចូលបម្រើគេ ស្រេចតែគេប្រើឱ្យបំផ្លាញជាតិរបស់ខ្លួន ដូចជាលើកទ័ពមកច្បាំងកាប់សម្លាប់ជនជាតិឯងជាដើម។ កាលពីសម័យលង្វែក យើងដឹងថា មានពាក្យក្បត់ជាតិកើតឡើង ខណៈដែល “ពញាអុង” ដែលជារាជវង្សខ្មែរ ត្រូវស្តេចសៀម លើកបន្តុបជាចៅហ្វាយខេត្ត ភ្លេចជាតិមាតុភូមិកម្ពុជា ហ៊ានលើកទ័ពសៀម ចំនួន១០ម៉ឺននាក់ វាយលុកចូលទឹកដីកម្ពុជា ប៉ុន្តែ ព្រះអង្គត្រូវក្ស័យព្រះជន្ម ធ្លាក់ពីលើខ្នងដំរី ចុះចាញ់កងទ័ពព្រះចន្ទរាជា។ កាលនោះមានការចោទប្រកាន់ពញាអុង ជាស្តេចក្បត់ជាតិ ប៉ុន្តែ ក៏មានអ្នកប្រវត្តិសាស្ត្រមួយចំនួន លើកឡើងថា ពញាអុង ត្រូវស្តេចសៀមចិញ្ចឹមតាំងពីតូច ចូលសញ្ជាតិសៀមទៅហើយ ក៏ភ្លេចធាតុកំណើត មិនចាត់ទុកថាក្បត់ជាតិបានទេ គ្រាន់តែ “ភ្លេចជាតិ” តែប៉ុណ្ណោះ។ នៅសម័យសង្គមរាស្ត្រនិយម ក៏មានការចោទប្រកាន់លោកសឺង ង៉ុកថាញ់ លោកសម សារី ថា ក្បត់ជាតិដែរ ដោយសារឥស្សរជនទាំងពីរនេះ បង្កើត “ចលនាខ្មែរសេរី” ប្រឆាំងរាជរដ្ឋាភិបាល។ ក្រោយមក លោកសេនាប្រមុខលន់ នល់ បានអញ្ជើញលោកសឺង ង៉ុកថាញ់ ឱ្យមកធ្វើនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ ពោលគឺបើលោកសឺង ង៉ុកថាញ់ ក្បត់ជាតិ តើអ្នកណាហៅឱ្យធ្វើនាយករដ្ឋមន្ត្រី? ដែលតាមពិត គាត់គ្រាន់តែ “ក្បត់រដ្ឋាភិបាល” និងចង់អូសទាញសង្គមទៅរករបបប្រជាធិបតេយ្យ សេរីពហុបក្ស តែប៉ុណ្ណោះ។ សម័យនោះ គេបានបង្កើតបទចម្រៀងមួយ ថា “ឱ! ស្វាយចន្ទី អាសម សារី អាសឺង ង៉ុកថាញ់ កុំជេរសម្តេចឪអញ ប្រយ័ត្នអញបាញ់ដូចអាព្រាប អ៊ិន” ចម្រៀងនេះ សិស្សានុសិស្សគ្រប់សាលារៀនទូទាំងប្រទេស ចេះច្រៀងគ្រប់គ្នា សូម្បីអាចារ្យថាំ ក៏ចេះច្រៀងបទនេះដែរ តែមិនទាន់យល់ពីខ្លឹមសាររបស់ទំនុកច្រៀង មិនខុសពីសារិកាកែវវង គេបង្ហាត់ឱ្យនិយាយ ក៏ចេះនិយាយ ដោយមិនយល់ពីអត្ថន័យ។ សម័យនោះ ក៏មានពាក្យចចាមអារ៉ាមថា លោកសម សារី (ឪពុកលោកសម រង្ស៊ី) ជាភ្នាក់ងារសម្ងាត់របស់សម្តេចឪ ប្លមខ្លួនចូល ក្នុងចលនាខ្មែរសេរី ហើយត្រូវពួកសេអ៊ីអា ស៊ើបដឹង ក៏បញ្ឆោតនាំលោកទៅសម្លាប់នៅចំណុចព្រំដែនកម្ពុជា-លាវ ប៉ុន្តែ លោក សម សារី ត្រូវជាប់ឈ្មោះថា ក្បត់ជាតិរហូតមក។

ដូច្នេះយើងឃើញថា ទោះជាស្តេចពញាអុង បម្រើសៀម ក៏ដូចលោកសឺង ង៉ុកថាញ់ លោកសម សារី ដែលបម្រើចលនាខ្មែរសេរី មានអាមេរិកនៅពីក្រោយក៏ឥស្សរជនទាំងនោះ “គ្មានវិចារណញ្ញាណអ្វី ដើម្បីធ្វើការប្រឆាំងនឹងជាតិមាតុភូមិរបស់ខ្លួនបានឡើយ” ពោលគឺពាក្យ “ក្បត់ជាតិ” ត្រូវភាគីរដ្ឋាភិបាលដាក់ឱ្យតែប៉ុណ្ណោះ។ សាមីខ្លួននោះ មិនអាចអួតអាងប្រាប់គេថា ខ្លួនក្បត់ជាតិ លក់ក្បាលឱ្យបរទេសនោះឡើយ ប៉ុន្តែ “យុទ្ធសាស្ត្រនយោបាយប្រឆាំង” ចាំបាច់ត្រូវតែមានឈ្មោះថា “ក្បត់ជាតិ”។

ក្រឡេកមើលស្ថានការណ៍បច្ចុប្បន្នវិញ យើងឃើញលោកសម រង្ស៊ី ត្រូវបានអ្នកមាននិន្នាការផ្ទុយហៅថា “កូនអាក្បត់ ជាតិ” ឬ “កូនជនក្បត់ជាតិ” និងរងការចោទប្រកាន់ពីបក្សកាន់អំណាចថា លោកសម រង្ស៊ី បំផ្លាញជាតិឯង តាមរយៈ “ការប្រឆាំងផ្កាប់មុខ” ញុះញង់អន្តរជាតិឱ្យផ្តាច់ជំនួយជាដើម។ ការដៀលពូជដល់ឪពុកបែបនេះ ធ្វើឱ្យអតីតមេបក្សប្រឆាំងរូបនេះ នៅមិនសុខ ក៏ចោទប្រកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាវិញ ថា “ក្បត់ជាតិ” ដោយលើក៤ចំណុចសំខាន់ៗបង្ហោះតាមទំព័រហ្វេសប៊ុកមានជាអាទិ៍ បម្រើផលប្រយោជន៍បរទេស កាត់ទឹកដីប្រទេសខ្លួនឱ្យទៅប្រទេសជិតខាង សម្លាប់ប្រជារាស្ត្រខ្លួនឯង ដូចផែនការក៥ បំផ្លាញទ្រព្យសម្បត្តិជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ការចោទប្រកាន់គ្នាទៅវិញទៅមកថា “ក្បត់ជាតិ” នេះ បានត្រឹមដុតកំហឹងឱ្យឆាបឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ។

តាមពិតទៅ អ្នកនយោបាយខ្មែរ “គ្មានជនក្បត់ជាតិទេ” ប៉ុន្តែ អ្វីៗទាំងអស់ កើតឡើងដោយការចោទប្រកាន់តែប៉ុណ្ណោះ ស្របនឹងសំណេរអ្នកនិពន្ធបារាំងខាងលើនេះឯង។ សូម្បីព្រាប អ៊ិន, ចៅ បូរី, មធុរ៉ា ដែលត្រូវតុលាការសឹកកាត់ទោសប្រហារជីវិត ដោយយកទៅបាញ់ចោលនៅភ្នំត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ កាលពីទសវត្សឆ្នាំ១៩៦០នោះ ក៏ពួកគាត់មិនសារភាពថា ក្បត់ជាតិនោះដែរ តែតុលាការបានចោទប្រកាន់ ព្រោះតែពួកគាត់ចូលចលនាខ្មែរសេរី ប្រឆាំងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការប្រឆាំងរហូតទៅពឹងបរទេសនោះ គឺដើម្បី “ដណ្តើមអំណាច” មានន័យថា “ក្បត់រដ្ឋាភិបាល” មិនមែន “ក្បត់ជាតិ” នោះទេ។

យ៉ាងណាមិញ ករណីលោកសម រង្ស៊ី ចោទប្រកាន់សម្តេចហ៊ុន សែន ថាក្បត់ជាតិ ក្រោមលេស៤ចំណុចនោះ មិនត្រឹមត្រូវទេ ព្រោះសម្តេចបានដឹកនាំប្រទេសជាង៣០ឆ្នាំហើយ ដោយឈានពីបាតដៃទទេ រហូតមានអ្វីៗទាំងអស់។ ដូចគ្នានេះដែរ ករណីចោទប្រកាន់ដៀលលោកសម រង្ស៊ី ជាកូនជនក្បត់ជាតិនោះ ក៏មិនត្រឹមត្រូវដែរ ព្រោះបើពិចារណាទៅ ហេតុអ្វីបានជាសម្តេចចក្រីញឹក ជូឡុង ជាសហការីជំនិតរបស់សម្តេចឪ សុខចិត្តយកលោកសម រង្ស៊ី ជាកូនប្រសា? ហេតុអ្វីបានជាលោក សម រង្ស៊ី ជាកូនជនក្បត់ជាតិ បានឡើងជាមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិច កាលចាប់ផ្តើមតស៊ូទៅក្រៅប្រទេស?

ដូច្នេះអ្វីៗទាំងអស់ គឺជាការចោទប្រកាន់របស់ភាគីម្ខាងតាម “យុទ្ធសាស្ត្រនយោបាយ” ឬដោយសារនិន្នាការនយោបាយ ផ្ទុយគ្នាតែប៉ុណ្ណោះ។

ការលើកឡើងខាងលើនេះ ស្តែងឱ្យឃើញថា “គ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងជាតិមាតុភូមិរបស់ខ្លួនបានឡើយ” ពោលគឺទោះក្នុងកាលៈទេសៈណា ក៏ប្រជាជាតិខ្មែរ សុទ្ធតែស្នេហាជាតិមាតុភូមិដូចគ្នា។ សូម្បីអាណិកជនខ្មែររស់នៅអាមេរិក បារាំង អូស្ត្រាលី ក៏គ្មានជនណាម្នាក់ភ្លេចធាតុកំណើតនោះឡើយ សូម្បីកុមារកើតនៅស្រុកគេ មិនចេះភាសាខ្មែរ ក៏បានម៉ែឪ ប្រៀនប្រដៅមិនឱ្យភ្លេចមាតុភូមិកម្ពុជា។ ដូចគ្នានេះដែរ អាណិកជនចិន មករស់នៅកម្ពុជា មិនដែលភ្លេចប្រទេសចិននោះឡើយ តែក្នុងករណីខ្លះមានការចោទប្រកាន់ថា ក្បត់ជាតិ ក៏ដោយសារជនជាប់ចោទនោះ ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល តែប៉ុណ្ណោះ។ យ៉ាងណាមិញ “អ្នកនយោបាយណាក៏ស្នេហាជាតិដែរ” ឯរឿងចោទប្រកាន់ថា “ក្បត់ជាតិ” គ្រាន់តែជាការលាបពណ៌តាមយុទ្ធសាស្ត្រនយោបាយដណ្តើមសន្លឹកឆ្នោតតែប៉ុណ្ណោះ។

សរុបទៅ “គ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងមាតុភូមិ” មានន័យយ៉ាងនេះឯង ពោលគឺអ្នកនយោបាយគ្រប់និន្នាការ គ្រប់គណបក្ស គ្មានអ្នកណាម្នាក់ទូលផែនដីទៅលក់ឱ្យបរទេសនោះឡើយ។ ហេតុនេះការចោទប្រកាន់គ្នាពីរឿងក្បត់ជាតិ នោះ កំពុងដើរជាន់ប្រវត្តិសាស្ត្រទៀតហើយ គួរទុកឱ្យប្រជាពលរដ្ឋពិចារណាវាយតម្លៃវិញ ព្រោះរាស្ត្រសម័យនេះចេះវិភាគ រឿងនយោបាយច្បាស់ណាស់៕

ដោយ អាចារ្យថាំ

លោកអ៊ិន តាំ, វីរជនខ្មែរមួយរូប ក្នុងសម័យសាធារណរដ្ឋកម្ពុជា ដែលកូនខ្មែរសម័យថ្មីពុំស្គាល់លោក អ៊ិន តាំ ជាវីរជនខ្មែរមួយរូប ក្នុងចំណោមវីរជនខ្មែរជាច្រើនរូបទៀត ដែលពុំសូវមានអ្នកស្គាល់។ លោក អ៊ិន តាំ ត្រូវមហាជនជាច្រើន ចាត់ទុកលោកថា ជាមនុស្សម្នាក់ ​ក្នុងចំណោម​ពួក​អ្នកមាន​ភាពចាស់ទុំ​ទាំងឡាយ ​ខាងផ្នែក​នយោបាយ​កម្ពុ​ជា នាសម័យមុន ហើយ​លោកមានកេរ្តិ៍​ឈ្មោះថា​ ជាអ្នកសុចរិត ស្អាតស្អំ និងមានរបៀបរស់នៅយ៉ាងសាមញ្ញបំផុត។ លោកអ៊ិន តាំ ត្រូវជាពូ របស់លោក ព្រាប អ៊ិន ជាបញ្ញវន្តខ្មែរប្រជាធិបតេយ្យមួយរូប ដែលសម្ដេចសីហនុ បានចោទប្រកាន់លោកថា ជាជនក្បត់ជាតិ ហើយចាប់យកលោកទៅបាញ់សម្លាប់ ចង់ផ្អោបនឹងសសរ នៅត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ យ៉ាងសាហាវព្រៃផ្សៃ។

អ៊ិន តាំ កើត​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩១៦ នា​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាល​នៅ​កុមារ គាត់​បាន​សិក្សា​ភាសាបាលី នៅ​វត្ត​ស្ទឹងត្រង់ បន្ទាប់មក​បាន​បន្ត​ការសិក្សា​នៅ​សាលា​​​ស៊ីសុវត្ថិ នា​ក្រុងភ្នំពេញ ។ បន្ទាប់ពី​បានធ្វើ​ជា​ប្រធាន​កងជីវពល​ខេត្ត​មក គាត់​បាន​ឡើង​ឋានៈ​យ៉ាង​ឆាប់រហ័ស ហើយ​ក៏បាន​ឡើងជា​អភិបាល​ខេត្តតាកែវ​។​ ក្នុងអំឡុង​ទសវត្ស៍​ឆ្នាំ​១៩៦០ លោក អ៊ិន តាំ បាន​បម្រើ​មុខងារ​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​ របស់សម្តេចសីហនុ ហើយពី​ឆ្នាំ ១៩៦៤-១៩៦៦​​ គាត់​បានឡើងជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ លោក អ៊ិន តាំ ជាជនសំខាន់ម្នាក់ក្នុងចំណោមជនសំខាន់ៗ ២រូបទៀត នៃការបោះឆ្នោតដកសេចក្ដីទុកចិត្តសម្ដេចសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដើម្បីដេញកងទ័ពយួនចេញពីស្រុកខ្មែរ ។ ឥស្សរជន​សំខាន់ពីររូប ផ្សេងទៀត គឺលោកសេនាប្រមុខ លន់ នល់ ជាម​នុស្ស​ជំនិត​របស់​សម្តេច​សីហនុ. ព្រះអង្គម្ចាស់ស៊ីសុវត្ថិិ សិរិមតៈ ជា​បងប្អូន​ជីដូនមួយ​របស់​សម្តេច​សីហនុ ។

នៅក្នុងរបបសាធារណរដ្ឋខ្មែរ លោក អ៊ិន តាំ មានតំណែងជានាយករដ្ឋមន្ត្រី ហើយនៅក្នុងឆ្នាំ១៩៧៣ ក៏មានរឿងយល់ច្រឡំខ្លះ (ដោយសារ លន់ ណុន ត្រូវជាប្អូនរបស់លោកសេនាប្រមុខលន់ នល់) ជាមួយនិងលោកសេនាប្រមុខលន់នល់ ផងដែរ រហូតដល់មានការសុំលាលែងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីថែមទៀត។ តែលើកទីមួយ ត្រូវបានលោកសេនាប្រមុខលន់ នល់ បដិសេធ រហូតដល់ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៧៣ លោកបានសុំលាលែងម្ដងទៀត ទើបសេនាប្រមុខលន់ នល់ យល់ព្រម ។ លោក អ៊ិន តាំ ក៏មិនខុសពីលោកសឺង ង៉ុកថាញ់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែរ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ត្រូវបាន លន់ ណុន វាចាក់រុកបំភ្លៃ បង្កើតបាតុកម្មប្រឆាំងជានិច្ច។ មុនពេលកងទ័ពខ្មែរក្រហម វាយបែកទីក្រុងភ្នំពេញ បានប្រកាសថា មានមនុស្ស៧រូប ដែលត្រូវកម្ទេចចោល មានដូចជា លោកសេនាប្រមុខលន់ នល់. ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ. លោក អ៊ិន តាំ. លោក ចេង ហេង. លោកសុស្តែន ហ្វែណង់ដេស្ត. លោក លន់ ណុន. និង លោក ឡុង បូរ៉េត។

នៅពេលពួកខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញ លោក​អ៊ិន តាំ កំពុងស្ថិតនៅឯចម្ការ របស់លោកនៅឯប៉ោយប៉ែត លោកបាននាំគ្រួសាររត់ភៀសខ្លួនទៅកាន់ប្រទេសថៃ ហើយ​បានចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​មិនសប្បាយនិងសកម្មភាពលោក ក៏ចាប់បញ្ជូនលោកចេញពីប្រទេសថៃ ទៅប្រទេសបារាំង និង​នៅ​ឆ្នាំ​១៩៧៦ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អាមេរិក។ នៅក្នុងឆ្នាំ១៩៩៣ ក្រោយប្រទេសខ្មែរទទួលបានសន្ធិសញ្ញា ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រទេសខ្មែរបានរៀបចំការបោះឆ្នោតដោយអ៊ុនតាក់ លោក អ៊ិន តាំ បានវិលត្រឡប់មកស្រុកខ្មែរម្ដងទៀត ហើយបង្កើតគណបក្សមួយ ឈ្មោះគណបក្ស សម្ព័ន្ធសាធារណរដ្ឋ ដើម្បីចូលប្រកួតប្រជែងយកអាសនៈនៅសភាធម្មនុញ្ញ ក៏ប៉ុន្តែត្រូវទទួលបរាជ័យ ដោយគ្មានបានជាប់ឆ្នោតមួយអាសនៈឡើយ។ លោក អ៊ិន តាំ បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០០៦ នៅ​ឯ​​ក្រុង Chandler រដ្ឋ Arizona ប្រទេសសហរដ្ឋ​អាមេរិក ក្នុងជន្មាយុ៩០ ដោយជរាពាធ ៕

ហេតុអ្វីខ្មែរចូលចិត្តចោទគ្នាថាក្បត់ជាតិ? កាល​នៅ​ពី​ក្មេង ឱពុក​ខ្ញុំ​ធ្លាប់​បរិយាយ​ប្រាប់​អំពី​រឿង​លោក ព្រាប អ៊ិន ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ត្រពាំង​ក្រឡឹង​ក្នុង​ឆ្នាំ​១៩៦៤ ដោយ​រាជ​រដ្ឋាភិបាល​សម័យ​សម្តេច​ឪ​ចោទ​គាត់​ថា ក្បត់​ជាតិ ពីព្រោះ​ធ្វើ​នយោបាយ​ប្រឆាំង​នឹងសង្គម​រាស្រ្ត​និយម។

ក្រោយថ្ងៃ១៨ មិនា ឆ្នាំ១៩៧០ សម្តេច នរោត្តម សីហនុ ត្រូវ​បាន​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចោទ​ព្រះ​អង្គ​ថា ក្បត់​ជាតិ ពីព្រោះ​បាន​ឃុប​ឃិត​ឱ្យ​យៀកកុង​ចូល​ប្រើ​ប្រាស់​ទឹក​ដី​ខ្មែរ។ កាលនៅសម័យសាធារណរដ្ឋកម្ពុជា ខ្ញុំបានស្តាប់បទចម្រៀង និងប្រព័ន្ធឃោសនាអប់រំថា សម្តេច នរោត្តម សីហនុ ក្បត់ជាតិ ពីព្រោះ​បាន​ឃុប​ឃិត​ជាមួយ​បន​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។

កាលពីឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានរាជរដ្ឋាភិបាលចាប់ខ្លួន និងចោទថា ក្បត់ជាតិ ពីព្រោះបានចូលដៃជាមួយបរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ កាលពីពាក់កណ្តាលឆ្នាំ២០១៨ ថ្នាក់ដឹកនាំ GDP រួមទាំងខ្ញុំផង ត្រូវបាន​មនុស្ស​មួយ​ចំនួន​ចោទ​ថា ជា​អាយ៉ង និង​ក្បត់​ជាតិ ពីព្រោះ​បាន​ចូល​រួម​បោះ​ឆ្នោត​លម្អ​សួន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ តើដល់ពេលណាទើបខ្មែរឈប់ចោទគ្នាថា ក្បត់ជាតិ ដោយសារគ្រាន់តែមានគំនិត និងទស្សនៈនយោបាយផ្សេងគ្នា?

(អត្ថបទនេះ គឺជាសំណេរទាំងស្រុងរបស់លោក សាម អ៊ីន អគ្គ​លេខា​ធិការ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៩)

No comments:

Post a Comment