ព្រះបាទជ័យជេដ្ឋាក្រោយពីបានសាងព្រះផ្នួសជាលើកទី៣អស់រយៈកាល៥ថ្ងៃរួចហើយ ក៏លាចាកសិក្ខាបទ ហើយមកទទួលយកព្រះអគ្គមហេសី រៀបចំព្រះរាជពិធីអភិសេកឡើងគង់លើរាជសម្បត្ដិជាលើកទី២ ដោយមានព្រះនាមខុសពីមុនបន្ដិចបន្ដួច ។
នៅឆ្នាំ១៦៩៩ មានមន្ដ្រីម្នាក់ឈ្មោះថា ឧកញ៉ានរិន្ទឯម ត្រូវជាកូនលោកពញាសេនា ម៉េង បានលើកគម្រោងផែនការក្បត់ មិនមែនគ្រាន់តែដើម្បីទម្លាក់ព្រះរាជាពីរាជបល្ល័ង្កប៉ុណ្ណោះទេគឺប៉ុនប៉ងគាស់រំលើងរាជវង្សទាំងមូលតែម្ដង ។ ជនក្បត់នេះបានធ្វើដំណើរទៅកាន់កូសាំងស៊ីន សុំបានទ័ពអាណ្ណាម២ម៉ឺននាក់ ក៏រៀបចំជា២កង ធ្វើដំណើរឡើងមកតាមដៃទន្លេទាំង២ ។ ព្រះរាជាជ័យជេដ្ឋា ត្រូវបង្ខំព្រះទ័យរត់គេចព្រះអង្គទៅគង់នៅឯខែត្រពោធិ៍សាត់ ដើម្បីកេណ្ឌទ័ព ។ ទ័ពអាណ្ណាមរបស់ឧកញ៉ានរិន្ទឯមបានរៀបចំដេញតាមព្រះរាជា ដែលធ្វើដំណើរយឺតៗមកដល់កំពង់ឆ្នាំង ក៏តាំងដុតបំផ្លាញខ្ទេចខ្ទី ។
ពេលនោះព្រះស្រីធម្មោរាជាជាព្រះរាជបុត្រារបស់ព្រះរាជា និងអ្នកអង្គម្ចាស់ឯមត្រូវជារាជបុត្រារបស់អតីតព្រះឧភយោរាជក្បត់ ដែលទើបតែត្រលប់មកពីអាណ្ណាមពីឆ្នាំមុន បានដឹកនាំទ័ពមួយកងម្នាក់ចេញពីខែត្រពោធិ៍សាត់មកមួយកងមកតាមផ្លូវគោក មួយកងទៀតចុះតាមទន្លេសាបមកចោមវាយទៅលើទ័ពអាណ្ណាមធ្វើឱ្យពួកនោះរត់ចោលឧកញ៉ានរិន្ទឯមដកថយទៅខាងត្បូងសាយហ្គនដល់ខែត្របៀនវ៉ា និងបារាជដែលស្ដេចកូសាំងស៊ីនទើបតែប្រគល់ថ្វាយមកឱ្យព្រះរាជាកម្ពុជាវិញ ។ មុននេះខែត្រទាំង២ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ពួកអាណ្ណាម ។
គេអាចនឹងចោទសំណួរបានថាតើព្រះឧភយោរាជអង្គនន់ឬដែលសុគតទៅនៅក្នុងឆ្នាំ១៦៩១ ជាអ្នកបានប្រគល់ខែត្រទាំង២នេះទៅថ្វាយស្ដេចអាណ្ណាម ឬមួយក៏ឧកញ៉ានរិន្ទឯមទេដែលជាអ្នកប្រគល់ខែត្រទាំង២នេះជាថ្នូរនឹងកងទ័ពដែលខ្លួនបានសុំ ។ មានឯកសារខ្លះបាននិយាយថែមទៀតថា ដើម្បីទប់ទល់កុំឱ្យទាហានរត់ចោលកងទ័ព ស្ដេចអាណ្ណាមបានអនុញ្ញាតឱ្យឧត្ដមសេនីយ៍របស់ព្រះអង្គនៅគ្រប់គ្រងខែត្រទាំង២ឱ្យបាន ។ ក៏ប៉ុន្ដែអ្វីដែលប្រាកដនោះ គឺថាកងទ័ពអាណ្ណាមបានសម្លាប់ឧកញ៉ានរិន្ទឯមចោលមុនពេលដែលកងទ័ពនេះចាប់បន្ដដំណើរមកភាគខាងត្បូងបន្ដិច ។
នៅឆ្នាំបន្ទាប់ ទឹកដីខែត្រទាំង២នោះក៏ត្រូវគេបែងចែកជាស្រុកខណ្ឌតូចៗ គ្រប់គ្រងដោយនាម៉ឺនអាណ្ណាមចំណុះឱ្យឧត្ដមសេនីយ៍ដែលដឹកនាំទ័ពមកជួយឧកញ៉ានរិន្ទឯមនោះឯង ។ ពួកឧត្ដមសេនីយ៍ទាំងនោះនៅនឹងបន្ទាយសាយហ្គន ហើយមានអំណាចទាំងខាងស៊ីវិល ទាំងខាងកងទ័ព ។ ទឹកដីខែត្រទាំង២នេះបានក្លាយទៅជារបស់អាណ្ណាមចាប់តាំងតែពីពេលនោះរហូតមក ។
នៅដំណាច់ឆ្នាំ ក្រោយពីទ្រង់សោយរាជ្យជាលើកទី៣បាន៤ឆ្នាំ ព្រះរាជាជ័យជេដ្ឋាបានដាក់រាជសម្បត្ដិថ្វាយអ្នកអង្គម្ចាស់ឯម ដែលព្រះអង្គបានលើកឱ្យឡើងជាព្រះកែវហ្វ៊ាតាំងតែពីពេលត្រលប់ពីអាណ្ណាមមកវិញ ហើយដែលព្រះអង្គបានរៀបអភិសេកបុត្រីរបស់ព្រះអង្គមួយអង្គថ្វាយ ពីព្រោះថាព្រះកែវហ្វ៊ា បានបង្ហាញឱ្យឃើញថ្វីដៃរួចមកហើយក្នុងការប្រយុទ្ធជាមួយទ័ពអាណ្ណាមរបស់ឧកញ៉ានរិន្ទឯម ។
No comments:
Post a Comment