តាមការបង្ហាញពីព្រះឧភយោរាជព្រះឧទ័យ អតីតព្រះយោមរាជធំ នាម៉ឺនសព្វមុខមន្ដ្រីបានលើកព្រះរាជបុត្រាច្បងរបស់ព្រះអង្គ ដែលមានព្រះជន្មាយុ២៤ព្រះវស្សាហើយ ឱ្យឡើងសោយរាជ្យបន្ដ ក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបទុមរាជាធិរាជរាមាធិបតី» ។ បើតាមសម្ដីរបស់លោក ហ្សេរ៉ាវ៉ាន់វូសូវ ព្រះរាជាអង្គនេះត្រឹមត្រូវ ស្លូត ហើយមានព្រះរាជអាកប្បកិរិយាល្អ ។ តាមមើលទៅ គឺប្រហែលដោយទ្រង់បានការពារពួកហូឡង់ ដែលបានកសាងអគារពាណិជ្ជកម្មមួយនៅខាងក្រោមពញាឮបន្ដិច (26) ។ ក្រោយពេលទ្រង់ឡើងសោយរាជ្យបានបន្ដិច មានកើតជំងឺមួយធំនៅក្នុងខែកក្កដា ឆ្នាំ១៦៤០ ធ្វើឱ្យស្លាប់ប្រជាជនកម្ពុជាអស់ជាច្រើន ។ ជំងឺនេះបានធ្វើឱ្យមេអគារពាណិជ្ជកម្មហូឡង់នៅកម្ពុជាឈ្មោះ វ៉ាន់ឌែរហាហ្គិន ស្លាប់ក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ ។
ព្រះបទុមរាជាសោយរាជ្យសម្បត្ដិនៅឧត្ដុង្គបានប្រហែល១ឆ្នាំ ស្រាប់តែចៅ ពញាចន្ទ ជាព្រះរាជបុត្រាទី៣របស់ព្រះជ័យជេដ្ឋាជាមួយ ម៉មលាវ ឈ្មោះថា នាងអ្នកបុស្សា ហើយត្រូវជាព្រះអនុជរបស់ព្រះអង្គទងចៅពញានូ មិនសប្បាយព្រះទ័យនឹងព្រះឧភយោរាជព្រះឧទ័យ ដែលដកហូតរាជបល្ល័ង្កពីព្រះអង្គយកទៅឱ្យព្រះអង្គនន់វិញ ក៏បានលើកផែនការក្បត់ ហើយបានលួចធ្វើឃាតព្រះឧទ័យព្រមទាំង រាជវង្សានុវង្សជាច្រើនអង្គទៀត នៅក្នុងពិធីកំសាន្ដមួយ នៅក្នុងថ្ងៃទី៥ ខែមករា ឆ្នាំ១៦៤២ ដោយមានការជួយគាំទ្រពីពួក ម៉ាឡេ និងចាម ដែលទ្រង់បានសន្យាថា នឹងផ្ដល់ផលប្រយោជន៍ឱ្យជាក្រោយ (27) ។ រួចចៅពញាចន្ទ បានបញ្ជូនទ័ព៥កង ឱ្យចេញទៅជួបជាមួយ ព្រះរាជាអង្គនន់ ដែលកំពុងតែប្រពាតការបរបាញ់សត្វនៅចម្ងាយប្រហែល៦០លីយឺពីរាជធានីនៅក្នុងខែត្រមួយនៅមាត់សមុទ្រ ហើយដែលមានមហា តលិក ការពារតែ ៦០នាក់ប៉ុណ្ណោះ ។ ព្រះអង្គត្រូវទ័ពទាំង៥កងព័ទ្ធវាយប្រហារ រួចចាប់នាំខ្លួនមកកាន់រាជធានីឧត្ដុង្គ ។
បន្ទាប់ពីឃាតកម្មមកលើព្រះឧទ័យ មានរាជកុមារ៣អង្គបានភៀសខ្លួនរួចពីការកាប់សម្លាប់រង្គាល ។ គឺរាជបុត្ររបស់ព្រះរាជា និងត្រូវជាព្រះរាជនត្ដារបស់ព្រះឧទ័យ ។ រាជកុមារទាំង៣អង្គបានគេចចូលទៅជ្រកកោននៅក្នុងវត្ដមួយ ម្ល៉ោះហើយក៏ទទួលបាននូវសិទ្ធិជ្រកកោន ដែលនៅសម័យនោះ គ្មាននរណារំលោភបានទេនៅក្នុងឥណ្ឌូចិនទាំងមូល ។ ចៅពញាចន្ទ ធ្វើហាក់ដូចជាបានបំភ្លេចកុមារទាំងនោះហើយ ប៉ុន្ដែបានតាមដានរហូត ។ រហូតដល់ពេលដែលមានប្រជាជន១ម៉ឺន២ពាន់នាក់ខឹងសម្បា ហើយកាន់អាវុធឡើងធ្វើឱ្យកុមារទាំង៣រត់ចេញពីវត្ដរួចចាប់កុមារបងទាំង២មកប្រគល់ឱ្យពញាចន្ទ ។ រាជកុមារពៅបានត្រូវព្រះវររាជមាតាជួយសង្គ្រោះយកទៅចិញ្ចឹមបីបាច់ថែរក្សា មិនព្រមប្រគល់ឱ្យពញាចន្ទទេ ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះរាជាបានលើកព្រះរាជកុមារនេះ ឱ្យឡើងធ្វើជាមហាឧបរាជ ។ ឯកសាររបស់ពួកហូឡង់បានរៀបរាប់ថា រាជកុមារទាំង ២ បានរងនូវការធ្វើទារុណកម្មអាក្រក់ខ្លាំងណាស់ មុននឹងត្រូវគេសម្លាប់ ។
គេយកព្រះអង្គទៅដាក់គុក ហើយឱ្យសោយតែសាច់ដែលគេកាត់ចេញពីខ្លួនព្រះអង្គ ។ តែរាជកុមារទាំង២មានសេចក្ដីក្លាហាន ខុសប្លែកពីកុមារទាំងឡាយ ។ នៅពេលដែលទ្រង់ត្រូវគេសម្លាប់ដោយចងភ្ជាប់ទៅនឹងដើមចេក ទ្រង់បានសំណូមពរហើយពិនិត្យបញ្ជាក់ថា គេបានសំលៀងកាំបិតដែលត្រូវយកមកកាប់ខ្លួនព្រះអង្គជា២កំណាត់នោះមុតល្អហើយ ។ ការធ្វើឃាតរាជកុមារទាំង២បានធ្វើឱ្យប្រជារាស្ដ្រមានការភិតភ័យជាខ្លាំង ហើយគ្មាននរណាម្នាក់ហ៊ានចេញមុខមកជួយឡើយ ។ តាមពិតទៅ អ្នកអង្គម្ចាស់ចន្ទ ទ្រង់ដឹកនាំប្រទេសក្នុងព្រះនាមព្រះរៀមរបស់ព្រះអង្គ ហើយអ្វីៗសុទ្ធតែធ្វើទៅតាមបញ្ជារបស់ព្រះរៀមទាំងអស់ ។ ប៉ុន្ដែដោយប្រជារាស្ដ្រស្អប់ព្រះអង្គ តែស្រលាញ់ព្រះរៀមម្ល៉ោះហើយទ្រង់ក៏សម្រេចចិត្ដកម្ចាត់ព្រះរៀមចេញ ។
ពួកហូឡង់និយាយថា ទ្រង់បានរៀបចំធ្វើឱ្យព្រះអនុជថ្លៃរបស់ព្រះរាជាចោទប្រកាន់ព្រះរាជាថា បានចែចង់ព្រះជាយារបស់ព្រះអង្គ រួចហើយទ្រង់បានចេញបញ្ជាឱ្យគេកាត់កព្រះរាជាទៅ ។ បន្ទាប់មក អ្នកអង្គម្ចាស់ចន្ទ បានបញ្ជាឱ្យគេសម្លាប់ព្រះអនុជថ្លៃនោះចោលទៀត ដោយចោទថា បានធ្វើការចោទប្រកាន់មិនត្រឹមត្រូវទៅលើព្រះរាជា ។ រឿងកំប្លែងទាំងអស់នោះ មានគោលបំណងជាពិសេស គឺដើម្បីរក្សារាជសម្បត្ដិទុកខ្លួនឯង ។
No comments:
Post a Comment