Chan Born កាំង ហ្កេកអ៊ាវ ហៅឌុច ឡាប់បាត់ មិនបាននៅសែនចិន ២ កញ្ញា ឆ្នាំ ២០២០ ទេ- កាំង ហ្កេកអ៊ាវ គឺជាជនជាតិចិន កើតនៅកំពង់ធំ ចំណែក ឌុច ភាសាចិន ប្រែថា សេដ្ឋីស្រុកស្រែ។ ឌុច ជា រដ្ឋមន្រ្តីក្រសួងចារកម្ម សម័យខ្មែរក្រហម គ្រាដែល សុន សេន ជារដ្ឋមន្រ្តីក្រសួងការពារជាតិ។ ដោយសាររបបខ្មែរក្រហមជារបបយោធា គេចែកភូមិសាស្រ្តជា ភូមិភាគ តំបន់ កងពល គឺគ្មានពាក្យថា ខេត្ត ក្រុង ស្រុកទេ ចំណែកក្រសួង មហាផ្ទៃ ក៍គ្មានដែរ គឺមានតែ ស ២១ គឺក្រសួងស៊ើបការណ៍សំងាត់ នៃការិយាល័យទី ដឺបេ៕ នួន ជា ជនជាតិសៀម កាំងហ្គេចអ៊ាវ ជនជាតិចិន...
ព្រឹត្តិការណ៍សំខាន់ៗ ទាក់ទង កាំងហ្គិចអ៊ាវ ហៅ ឌុច រួមមាន៖
- ២ ធ្នួ ១៩៧៨ មានការបង្កើតរណសិរ្ស ២ ធ្នូ នៅខេត្តក្រចេះ ដើម្បីរំដោះ ភាគខាងកើត ទន្លេមេគង្គ
- ២ មករា ១៩៧៩ មានកងកម្មង់ដូ ពិសេស លោតចុះពី ពញ្ញាឮ អរិយក្សត្រ ជួបជុំគ្នានៅ កោះ ពេជ្ជ និង ជ្រោយចង្វា និង កោះមុខវាំង្គ ដើម្បី ចាប់សម្តេច នរោត្តមសីហនុ ឲ្យទៅដឹកនាំ ចលនាតស៊ូ នៅខេត្តក្រចេះ។ កម្លាំង និង ឧទ្ធាម្ភាចក្រត្រូវបានកំទេចចោល ដោយ កងការពារព្រះបរមរាជវាង្គ។
- ៣ មករា មានការកោះប្រជុំជាសម្ងាត់ បន្ទាន់ ដើម្បីដោះលែង សម្តេច នរោត្តមសីហនុ ពី ការឃុំឃាំងខ្លួនក្នងវាំង្គ
- ៤ មករា មានការប្រជុំ រដ្ឋមន្រ្តីគ្រប់ក្រសួងមន្ទីរ រៀបចំ ចាកចេញពីក្រុងភ្នំពេញ និង ចេញបញ្ជាឲ្យ សម មិត្ត ឌុច កំទេចចោលរាល់ឯកសារសំងាត់នានា និងភស្តុតាងផ្សេង
- ៥ មករា ១៩៧៩ សមមិត្ត ឌុច បានកំទេចតែឯកសារមួយចំនួន និងប្រញាប់ចាកចេញ ពីភ្នំពេញ ដើម្បី គេចចេញពីក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន សុន សេន នួន ជា...
- ៦ មករា ១៩៧៩ កងទ័ព វៀតណាម និង កងទ័ព រំដោះមកពី គណបក្សប្រជាជនកម្ពុជា និង បក្សផ្សេងៗ ចូលដល់ កៀនស្វាយ ខេត្តកណ្តាល
- ៧ មករា ឆ្នាំ ១៩៧៩ កងទ័ព រំដោះ ចូលដល់ក្រុងភ្នំពេញ
សូមបន្តតាមដាន ព្រឹត្តិការណ៍ទាក់ទងជាមួយ កាំង ហ្គេចអ៊ាវ៖
- កាំង ហ្គេចអ៊ាវ ត្រូវគេលួចធ្វើឃាដ ឆ្នាំ ១៩៩២ ដែល គាត់ថា ប៉ុលពត បញ្ជាឲ្យសម្លាប់គាត់
- អៀង សារី ខៀវ សំផន នួន ជា ចុះចួលរដ្ឋាភិបាល ឆ្នាំ ១៩៩៦
- សុន សែន ហៅ សមមិត្ត ខៀវ ត្រូវបានប៉ុលពត បញ្ជាឲ្យបាញ់សម្លាប់ ១០ មិថុនា ឆ្នាំ ១៩៩៧
- តាម៉ុក ដឹកនាំកម្លាំងទ័ព សហការណ៍ជាមួយ ទ័ព FUNCINPEC វាយលុកចូលទីក្រុងភ្នំពេញ ថ្ងៃទី ៧ កក្កដា ១៩៩៧
- ប៉ុល ពត ត្រូវបានឃុំខ្លួនក្នុងផ្ទះ ដោយ តាម៉ុក ដោយចោទថា ប៉ុលពត លាក់លុយ ២០ លានដុល្លា និងបានភៀសខ្លួនចូលទៅក្នុងទឹកដី ថៃ ។ មេកងពល របស់ កងទ័ពប៉ុល ពត ផ្ទាល់សំខាន់ ៥ នាក់ត្រូវបាន ដាក់ក្នុងទ្រុងដែក រួចដុតទាំងរស់ ចំណែកប៉ុលពត ស្លាប់ ថ្ងៃទី ១៥ មេសា ១៩៩៨
- តា ម៉ុក ត្រូវបានចាប់ខ្លួន ខែ មិថុនា ១៩៩៩
- កាំង ហ្គេចអ៊ាវ ត្រូវចាប់ខ្លួនថ្ងៃ ខែ ឧសភា ១៩៩៩
យោងតាមសភាពខាងលើ ប៉ុល ពតសន្ធិដ្ឋានថា រណសិរ្ស ២៥០ ដឹកនាំដោយ អៀងសារី ខៀវសំផន នួន ជា គឺជា ខ្មែរសេរី។ ចំណែក ប្រធានរណសិរ្ស ១៤ គឺ សុន សេន ក៍ជា ខ្មែរសេរី តែទើបចាប់ភស្តុតាងបាន ពេលមានសារឆ្លងឆ្លើយ រវាង សុន សេន និង សម្តេច ហ៊ុនសែន ឆ្នាំ ១៩៩៧ ដែលតាមសំដី ប៉ុលពតថា គាត់បញ្ជាឲ្យគេបាញ់សម្លាប់តែ សុន សេន ទេ តែគេបាញ់សម្លាប់ ១ ពូជ។
VOEA News - សៀមរាប អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ទទួលមរណភាពកាលពីយប់មិញ៖ ភ្នំពេញ ៖ លោក នេត ភាក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រឈានថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូង នៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំនិងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។
អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់។
ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ តែទោះបីមានការព្យាយាមជួយសង្គ្រោះពីក្រុមគ្រូពេទ្យយ៉ាងណាក្តី តែមិនអាចដណ្តើមជីវិតអតីតមេគុកក្នុងរបបពិឃាតរូបនេះបានឡើយ៕ ផ្តល់សិទ្ធិដោយ៖ Freshnews
Source Wikipedia កាំង ហ្គេកអ៊ាវ ហៅ ឌុច កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឪពុករបស់គាត់ស្លាប់នៅក្នុងឆ្នាំ ១៩៩០ និងម្តាយរបស់គាត់នៅរស់រហូតដល់សព្វថ្ងៃ ។ អ្នកទាំងពីមានកំណើតឈាមជ័រកាត់ចិន ។ ឈ្មោះនៅក្នុងបញ្ជីអាត្រានុកូលដ្ឋានរបស់ ឌុច គឺ កាំង ជាវ ។ ក្រោយមក ឪពុករបស់គាត់បានប្តូរទៅជា យឹម គាវ វិញ ព្រោះហោរាទាយថា ឈ្មោះនេះមិនមានសំណាងល្អទេ ។ ឈ្មោះ កាំង ជាវ មានន័យថា “ស្ពឹក ចាស់គំរិល” ។
ឌុច នៅតែមិនពេញចិត្តនឹងឈ្មោះថ្មីនេះដដែល ។ ហេតុដូច្នេះ ពេលដែលគាត់មានអាយុ១៥ ឆ្នាំ គាត់បានស្នើសុំទៅឪពុករបស់គាត់ឱ្យប្តូរជាថ្មីមួយទៀតទៅជា កាំង ហ្កេចអ៊ាវ វិញ ។ ឆ្លៀតឱកាសនោះផងដែរ ឌុចក៏បានកែប្រែថ្ងៃ ខែ ឆ្នាំកំណើតរបស់គាត់ដោយបន្ថយអាយុបីឆ្នាំ ព្រោះអាយុពិតរបស់គាត់ចាស់ពេកមិនអាចចុះឈ្មោះចូលរៀនបាន ។ ដូច្នេះ អត្តសញ្ញាណថ្មីរបស់គាត់គឺ កាំង ហ្កេកអ៊ាវ កើត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៤៥ ។
ទូទាំងរបបកម្ពុជាប្រជាធិបតេយ្យ កាំង ហ្កេចអ៊ាវ ត្រូចបានស្គាល់ជាទូទៅថា ឌុច ។ ឈ្មោះនេះត្រូវបានប្រើប្រាស់រហូតដល់ពាក់កណ្តាលទសវត្សរ៍៨០ នៅពេលដែលឈ្មោះរបស់គាត់ត្រូវប្តូរទៅជា ហង់ ពិន វិញ ។ ឌុច គឺកូនច្បង និងជាកូនប្រុសទោល ក្នុងចំណោមបងប្អូនប្រាំនាក់ ។ គាត់មានទំនាក់ទំនងល្អជាមួយឪពុក ម្តាយរបស់គាត់ និងជាមួយបងប្អូនរបស់គាត់ ។ គាត់ប្រាប់ថា គាត់ឧស្សាហ៍ឈឺណាស់កាលគាត់នៅពីតូច ។ វាជាជំងឺដែលគាត់ហៅថា ជំងឺបង្កឡើងដោយភាពក្រីក្រ និងជំងឺនៅជនបទ ។ គាត់ចូលរៀនយឺតក្រោយអាយុកំណត់ គឺនៅអាយុ៩ឆ្នាំ ដោយសារគាត់ជាសិស្សល្អពោរពេញទៅដោយការកោតក្រែង និងសេចក្តីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ គាត់បានបញ្ចប់ការសិក្សារបស់គាត់ជាបន្តបន្ទាប់នៅអនុវិទ្យាល័យ កំពង់ធំ នៅវិទ្យាល័យសៀមរាប និងបន្ទាប់មកនៅវិទ្យាល័យស៊ីសុវត្ថិ ក្រុងភ្នំពេញ ដែលជាកន្លែងគាត់ទទួលសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ១៩៦៤ ។
យោងតាម សៀវភៅ “សម្លេងពីមន្ទីរស-២១” របស់សាស្ត្រាចារ្យដេវីដ ឆេនល័រ បានឱ្យដឹងថា ម្តាយរបស់ កាំង ហ្គេកអ៊ាវ កាលពីឆ្នាំ១៩៨០ បានឱ្យដឹងថា ខួរក្បាលរបស់កូនប្រុសរបស់គាត់គឺ “ជាប់នឹងសៀវភៅជានិច្ច” ។ ក្រោយមក ឌុច បានទៅរៀននៅវិទ្យាល័យស៊ីសុវត្ថិក្រោមការជួយជ្រោមជ្រែងពីអ្នកមានឥទ្ធិពលម្នាក់ ។ ក្នុងការប្រលងបាក់ឌុបទូទាំងប្រទេសនៅក្នុងឆ្នាំ១៩៥៦ កាំង ហ្គេកអ៊ាវ បានជាប់លេខពីរក្នុងមុខវិជ្ជាគណិតវិទ្យា ។ មិត្តរួមថ្នាក់របស់ កាំង ហ្គេកអ៊ាវ ម្នាក់បានរំឭកឡើងវិញថា ក្នុងសម័យនោះ កាំង ហ្គេកអ៊ាវ គឺជាយុវជនវ័យក្មេងដែលប្រកាន់ខ្ជាប់នូវភាពឧស្សាហ៍ព្យាយាម ដោយពុំមានអារម្មណ៍ទៅលើការកម្សាន្តអ្វីផ្សេង ឬលើបញ្ហាយោបាយទាល់តែសោះ។
ពីរ-បីឆ្នាំបន្ទាប់មកទៀត កាំង ហ្គេកអ៊ាវ បានចាប់យកអាជីពជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាល័យកំពង់ធំ ។ សិស្សម្នាក់ក្នុងចំណោមអតីតសិស្សរបស់ កាំង ហ្គេកអ៊ាវ ទាំងអស់ ក្រោយមក បានរំឭកថា “កាំង ហ្គេកអ៊ាវ ត្រូវបានគេទទួលស្គាល់ចំពោះភាពច្បាស់លាស់នៅក្នុងការបង្រៀន ហាក់បីដូចជាគាត់ផ្តិតចម្លងនូវអត្ថបទទាំងមូលចេញពីខួរក្បាលរបស់គាត់ ដាក់នៅលើក្តារ ខៀន” ។ សហការីម្នាក់ដែលរួមអាជីពជាគ្រូបង្រៀនផ្នែកជីវវិទ្យានៅឯវិទ្យាល័យនោះដែរ គឺជាមនុស្សម្នាក់ដែលមានរូបរាងខ្ពស់ស្រឡះជាងគេឈ្មោះ ម៉ម ណៃ (ហៅ ចាន់) ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលបុរសទាំងពីរនេះបានក្លាយជាសមាជិកនៃបក្សកម្មុយនិស្តកម្ពុជា កាំង ហ្គេកអ៊ាវ បានហៅ ម៉ម ណៃ មកធ្វើជាប្រធានអង្គភាពសួរចម្លើយនៅឯគុកនៃមន្ទីរស-២១ ។ កាំង ហ្គេកអ៊ាវ និង ម៉ម ណៃ ត្រូវបានដឹងតាមរយៈឯកសារដែលបានបន្សល់ទុកថាជាគ្រូបង្រៀនដែលមានលក្ខណៈសម្បត្តិឈ្លាសវៃ ម៉ឺងម៉ាត់និងបានលះបង់ទាំងស្រុងទៅលើការងារ ។ លក្ខណៈទាំងពីរនេះហើយដែលអ្នកទាំងពីរបានពាំនាំជាមួយនឹងខ្លួនទៅបម្រើគោលដៅផ្សេង នៅពេលដែលអ្នកទាំងពីរធ្វើការជាមួយគ្នានៅក្នុងគុក ។
ក្នុងឆ្នាំ១៩៦៤ កាំង ហ្គេកអ៊ាវ បានទទួលតំណែងនៅវិទ្យាស្ថានគរុកោសល្យបន្ទាប់ពី់ សុន សេន ចាកចេញទៅ ។ យោងតាមសម្តីរបស់លោក នេត ប៊ុនអន ដែលជាមិត្តរួមថ្នាក់របស់ កាំង ហ្គេកអ៊ាវ នៅឯវិទ្យាល័យព្រះស៊ីសុវត្ថិ យុវជនវ័យក្មេងដែលពូកែខាងគណិតវិទ្យារូបនេះត្រូវបានអូសទាញឆ្ពោះទៅរកលទ្ធិកុម្មុយនិស្តដោយនិស្សិតមួយក្រុមដែលបានចូលមកសិក្សាអក្សរសាស្ត្រខ្មែរ នៅឯសាលកវិទ្យាល័យភ្នំពេញ ។ នៅឯសាកលវិទ្យាល័យ កាំង ហ្គេកអ៊ាវ មានការចាប់អារម្មណ៍ និងទទួលការអប់រំនយោបាយដោយបុរសស្ត្រីវ័យក្មេងៗដែលសម្បូរណ៍ទៅដោយទស្សនៈនិងការយកចិត្តទុកដាក់ដ៏ស្រួចស្រាលទៅលើឥទ្ធិកុម្មុយនិស្ត ។ កាំង ហ្គេកអ៊ាវ មើលឃើញថា បុរសស្ត្រីវ័យក្មេងទាំងនោះ នឹងដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-ចិន នៅក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ និងបន្តពីរបបនេះទៅទៀត ។
ឆ្នាំ១៩៦៥ ឌុច ត្រូវបានតែងតាំងជាគ្រូបង្រៀនផ្នែកគណិតវិទ្យាលនៅអនុវិទ្យាល័យស្គន់ បន្ទាប់ពីចាកចេញពីវិទ្យាស្ថានគរុកោសល្យ ។ កូនសិស្សរបស់គាត់ពណ៌នាអំពីគាត់ថា ជាមនុស្សស្មោះត្រង់តស៊ូ និងជានិច្ចជាកាលតែងតែជួយដល់សិស្សទីទ័លក្រ ។ គាត់ណែនាំ យ៉ាងហោចណាស់សិស្សម្នាក់ក្នុងចំណោមសិស្សរបស់គាត់ឈ្មោះ គី សុខហី ឱ្យចូលបដិវត្តន៍ហើយក្រោយមក គាត់ក៏ត្រូវចាប់ខ្លួនដោយកងកម្លាំងប៉ូលិសរបស់សម្តេច សីហនុ ពីបទចោទប្រកាន់ថាជនកុម្មុននិស្ត ។ កាំង ហ្គេកអ៊ាវ បានជាប់ឃុំដោយពុំមានការជំនុំជម្រះទោសអស់រយៈពេលជាច្រើនខែ ដែលជានីតិវិធីធម្មតាមួយសម្រាប់អ្នកទោសនយោបាយក្នុងជំនាន់នោះ ។ ក៏ប៉ុន្តែ គាត់បានរិះរកមធ្យោបាយដោយជោគជ័យក្នុងការដោះខ្លួនចេញពីគុកតាមរយៈការធ្វើអន្តរាគមន៍ពីអ្នកអាណាព្យាបាលរបស់គាត់កាលពីកុមារភាព ។ មិនយូរប៉ុន្មាន បន្ទាប់ពីសម្តេច សីហនុ ត្រូវផ្តួលរលំពីអំណាច កាំង ហ្គេកអ៊ាវ ហៅ ឌុច បានរត់ចូលព្រៃម៉ាគី ។ តាំងតែពីអាយុ១៥ឆ្នាំ មក គាត់ចាប់ផ្តើមមានចំណាប់អារម្មណ៍ចំពោះការតស៊ូផ្នែកនយោបាយ ដោយសារគាត់មានការអាក់អន់ចិត្ត ចំពោះការប្រមាថលើស្ថានភាពក្រីក្ររបស់គ្រួសារគាត់ ។ ជាពិសេស ដោយសារការប្រឈមមុខនឹងការទារសំណងឥតស្រាកស្រាន្តពីសំណាក់ពូរបស់គាត់ ដែលជាអ្នករកស៊ីចងការប្រាក់ក្នុងអត្រាមួយខ្ពស់ ។ ដូចគ្នានេះដែរ គាត់អាចនឹងទទួលឥទ្ធិពលនយោបាយពីសំណាក់គ្រូៗជាច្រើនរបស់គាត់ ដែលបានបរិហារអំពីអំពើពុករលួយ និង ភាពអយុត្តិធម៌នៅក្នុងសង្គម ហើយជា ពិសេសតាមរយៈគ្រូបង្រៀនរបស់គាត់ម្នាក់ឈ្មោះ កែ គឹមហួត ដែលក្រោយមកគាត់ត្រូវបានគេសម្លាប់នៅមន្ទីស-២១ ។
នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ កាំង ហ្គេកអ៊ាវ ដែលត្រូវបានស្គាល់ថាជា ឌុច បានទទួលខុសត្រូវផ្នែកសន្តិសុខនៅតំបន់៣៣ ភាគខាងជើងទីក្រុងភ្នំពេញ ។ លោក ហ្វ្រង់ស្វ័រ ប៊ីហ្សូ ដែលជាអ្នកជំនាញផ្នែកជាតិពន្ធត្រូវបានចាប់ខ្លួនដោយពួកទ័ពព្រៃកុម្មុយនិស្តនៅក្នុងតំបន់៣៣នេះ ក្នុងអំឡុងឆ្នាំ ១៩៧០ ។ ឌុច ធ្លាប់បានសួរចម្លើយលោក ហ្វ្រង់ស្វ័រ ម្តងហើយម្តងទៀតសាចុះសាឡើងអស់រយៈពីរខែ ដោយចោទប្រកាន់លោក ហ្វ្រង់ស្វ័រ ថា ជាភ្នាក់ងារសេ.អ៊ី.អា ហើយបានបង្ខំឱ្យគាត់សរសេរជីវប្រវត្តិលម្អិតជាច្រើនលើកមុនពេលដោះលែង ។ លោក ហ្វ្រង់ស្វ័រ បានរួចចេញមកដោយមានការតក់ស្លុតចំពោះភាពងប់ងល់របស់ ឌុច ។ នៅក្នុងទស្សនៈរបស់លោក ហ្វ្រង់ស្វ័រ “ឌុច ជឿថា ជនទាំងឡាយដែលមានទស្សនៈផ្សេង គឺជាជនក្បត់និងជាកូនភូតភរ ។ ឌុច ខ្លួនឯងហ្នឹងគឺជាអ្នកវាយអ្នកទោស ដែលមិនព្រមប្រាប់នូវការពិត” ។
នៅក្នុងឆ្នាំ១៩៧៣ ឌុច បានផ្លាស់មកតំបន់២៤ ភាគខាងជើងទីក្រុងភ្នំពេញវិញ ។ ថ្នាក់លើ របស់ ឌុច ឈ្មោះ សុក ធួក (ហៅ វ៉ន វេត) គឺជាយុទ្ធិកជនកុម្មុយនិស្ត ចាប់តាំងពីទសវត្សរ៍ឆ្នាំ ៥០មកម្ល៉េះ ។ សុក ធួក ត្រូវបានប្រហារជីវិតនៅមន្ទីរស-២១ ក្នុងឆ្នាំ១៩៧៨ ។ នៅក្នុងឆ្នាំ ១៩៧៣ សុន សេន ជាអនុរបស់ សុក ធួក ទទួលបន្ទុកកិច្ចការយោធា ។ បន្ទាប់ពីការប្រហារជីវិត សុក ធួក, ឌុច ប្រហែលជាបានទទួលការចាប់ អារម្មណ៍ចូលចិត្តយ៉ាងខ្លាំងពីសំណាក់ សុន សេន ។ ក្នុងរយៈកាលបំពេញញការងារកន្លងមក ឌុច បានទទួលបទពិសោធន៍ខាងបញ្ហាសន្តិសុខបានយ៉ាងច្រើន ។ ភ័ស្តុតាងបង្ហាញថា ឌុច ធ្លាប់ធ្វើដំណើរទៅបរទេសឬទទួលការបណ្តុះបណ្តាលណាមួយពីអ្នកជំនាញបរទេសទេ ។ នៅចន្លោះឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ ឌុច ប្រហែលជាជួបង្កើតនូវសញ្ញាណនៃ “ខ្សែក្បត់” ។ នៅចន្លោះពេលនោះកិច្ចប្រតិបត្តិការសម្ងាត់មួយត្រូវបានបង្កើតឡើងដោយពួកខ្មែរក្រហមដើម្បីធ្វើវិសុទ្ធកម្មក្រុមដែលហៅថា ខ្មែរហាណូយ (ខ្មែរដែលមកពីខាងត្បូងនៃប្រទេសកម្ពុជា ឆ្នាំ១៩៧០ បន្ទាប់ពីការនិរទេសខ្លួនឯងទៅប្រទេវៀតណាមខាងជើងអស់រយៈពេលជាច្រើនឆ្នាំ ក្នុងរូបភាពជួយបដិវត្តន៍) ។ សមាជិកខ្មែរក្រុមនេះរាប់រយនាក់ត្រូវបានចាប់ខ្លួនជាសម្ងាត់និងយកទៅសម្លាប់ចោលនៅក្នុងឆ្នាំ១៩៧៣ បន្ទាប់ពីវៀតណាមដកទ័ពរបស់ខ្លួនទាំងស្រុងចេញពីកម្ពុជា ។ សមាជិក សេសសល់ពីរបីនាក់បានសម្រេចជោគជ័យក្នុងការគេចខ្លួនទៅប្រទេសវៀតណាមបន្ទាប់ពីឃុំឃាំង ហើយសមាជិកភាគច្រើននៃក្រុមនេះត្រូវបានចាប់ខ្លួននៅក្នុងភូមិភាគពិសេស ។ ភាពដាច់ខាត និងភាពគ្មានមេត្តានៃយុទ្ធនាការធ្វើវិសុទ្ធកម្មនេះ មានការទាក់ទងគ្នាជាមួយនឹងរបៀបគ្រប់គ្រងរដ្ឋបាលរបស់ ឌុច ដែរ ។ តាមពិត យុទ្ធនាការនេះបង្ហាញអំពីដំណើរដូចគ្នាដែលប្រព្រឹត្តទៅនៅមន្ទីរស -២១ ។ ជីវិតគ្រួសារ និងជីវិតស្នេហារបស់ ឌុច ប្រព្រឹត្តទៅប្រកបដោយស្ថេរភាពធម្មតា លើកលែងតែការខកចិត្តស្នេហា កាលនៅយុវវ័យដែលគាត់បានចាត់ទុកជារឿងសំខាន់សម្រាប់គាត់ ។ ឌុច និទានអំពីនារីម្នាក់ប៉ុណ្ណោះ នៅក្នុងជីវិតរបស់គាត់ គឺប្រពន្ធរបស់គាត់ឈ្មោះ ឈឹម សុផល ហៅ រុំ ដែលជាជាងកាត់ដេរសម្លៀកបំពាក់ ។ គាត់បានពន្យល់ថា ដោយសារតែមានការអនុញ្ញាតពី សុន សេន ទើបគាត់អាចជ្រើសរើសយកប្រពន្ធរបស់គាត់ ដែលគាត់បានស្គាល់នៅក្នុងឆ្នាំ១៩៧៤ ។
ឌុច បានរៀបការជាមួយនាងនៅថ្ងៃទី២០ ធ្នូ ឆ្នាំ១៩៧៥ គឺនៅពេលដែលគាត់ជាប្រធានមន្ទីស-២១ ។ គាត់មានកូនចំនួន៤នាក់ កូនស្រីទីមួយ កើតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៧ ។ កូនប្រុសទីពីរ កើតនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៧៨ ។ កូនស្រីទីបី កើតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨១ និងកូនប្រុសទីបួន កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៨៥ ។ កិច្ចការសន្តិបាលត្រូវបានផ្ទេរនិងផ្លាស់មករដ្ឋធានីភ្លាមៗ បន្ទាប់ពីខ្មែរក្រហមបានជ័យជម្នះក្នុង ខែមេសា ឆ្នាំ១៩៧៥ ប៉ុន្តែអស់រយៈពេលជាច្រើនខែក្រោយមក អង្គភាពនេះបានស្ថិតនៅក្រោម ឈ្មោះ មន្ទីរ១៥ ។ ចំណារ ឌុច ទំនងជាមាននៅលើឯកសារជាច្រើនដែលមានប្រភពចេញមកពីមន្ទីរនេះ ។ ឯកសារដំបូងបំផុតដែលភ្ជាប់ទៅនឹងមន្ទីរស-២១ មានកាលបរិច្ឆេទតាំងពីខែតុលាឆ្នាំ១៩៧៥ តរហូតមក ។ នៅក្នុងរយៈ ពេល៦ខែបន្ទាប់មកទៀត ឌុច បានចែករំលែកពេលវេលារបស់ខ្លួនដើម្បីធ្វើការគ្រប់គ្រងមន្ទីរសន្តិបាលនៅតាខ្មៅត្បូងភ្នំពេញ និងមណ្ឌលសួរចម្លើយជាច្រើនទៀត ដែលនៅរាយពាសពេញទូទាំងទីក្រុងភ្នំពេញ ។ មន្ទីរសន្តិបាលនៅតាខ្មៅថាស-២១ខ មានទីតាំងនៅក្នុងបរិវេណមន្ទីរពេទ្យវិកចកចរិត (ពេទ្យឆ្កួត) តែមួយគត់របស់ប្រទេសកម្ពុជា ។
ជាអ្នកគ្រប់គ្រងមន្ទីរស-២១ ឌុច បានខំប្រឹងប្រែងធ្វើការយ៉ាងសកម្មដើម្បីគ្រប់គ្រងរាល់កិច្ចការទាំងអស់របស់មន្ទីរនេះ ។ បទពិសោធន៍និសភាវគតិឈ្លាសវៃដែលបានបណ្តុះតាមរយៈការបង្រៀនបានជួយ សម្រួលកិច្ចការរបស់ ឌុច យ៉ាងខ្លាំង ។ ឌុច ធ្លាប់ធ្វើកិច្ចការចុះបញ្ជីកត់ត្រាផ្សេងៗ ដាក់ចេញនូវចម្លើយដោះ បញ្ហាទាំងឡាយ ទទួលការគោរព និងដាក់វិន័យអប់រំមនុស្សជាច្រើនក្រុម ។ ឌុច បានកំណត់ខ្លួនឯង និងអ្នកនៅក្រោមបង្គាប់ឱ្យប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ។ ហ៊ឺម ហ៊ុយ ដែលជាអតីតយាមយកនៅមន្ទីរស-២១ បានរំឭកឡើងវិញថា “ឌុច ជាមនុស្សខ្លាំង ច្បាស់លាស់ និយាយអីធ្វើហ្នឹង ។ ជារឿយៗ ឌុច ធ្វើឱ្យបុគ្គលិកនៅក្នុងមន្ទីរស-២១ ភ័យខ្លាចញ័រខ្លួន” ។ នៅពេលដែលសួរថា ឌុច ជាមនុស្សមានចរិតយ៉ាងដូចម្តេចកងការពារម្នាក់បានឆ្លើយថា “មនុស្សយ៉ាងម៉េច អ្ហ៊ែះ ? ឌុច គឺជ្រួលហួសហេតុតែម្តង” នៅក្នុងគំនិតរបស់កងការពាររូបនេះភាពសាហាវឃោឃៅបំផុតនៃឧក្រិដ្ឋកម្មរបស់ ឌុច គឺមិនមែនដោយសារ ឌុច ជាអ្នកនៅពីលើលើបញ្ជាឱ្យយកអ្នកទោសចំនួនប្រមាណដប់បួនពាន់នាក់ទៅសម្លាប់នោះទេ ប៉ុន្តែភាពបំផុតគឺពេលដែល ឌុច អនុញ្ញាតឱ្យអ្នកនៅក្រោមបង្គាប់យកប្អូនថ្លៃរបស់ខ្លួនពីរនាក់ទៅដាក់នៅមន្ទីរស-២១ និងយកទៅសម្លាប់ចោល ។ អតីតកងការពារនេះបានរំឭកឡើងវិញថា “ឌុច មិនដែលសម្លាប់អ្នកណាដោយផ្ទាល់ទេ” ប៉ុន្តែជួនពេលខ្លះ ឌុច បើកឡានទៅវាលពិឃាតនៅជើងឯក ដើម្បីពិនិត្យមើលការប្រហារជីវិតនៅទីនោះដោយផ្ទាល់ខ្លួនឯងតែម្តង ។
សំណួរ និងចំណារជាច្រើនដែលសរសេរយ៉ាងស្អាតដោយ ឌុច ដោយប៊ិចពណ៌ក្រហម ត្រូវបានឃើញនៅលើចម្លើយសារភាពជារឿយៗ ។ ជាញឹកញយ ចំណារ និងការចោទសំនួរដែល ឌុច ធ្វើឡើង ច្រើនតែកែតម្រូវ ឬបញ្ជាក់ការសង្ស័យទៅលើអ្វីដែលអ្នកទោសបានសារភាព ជូនយោគបល់ឱ្យវាយដំ ធ្វើទារុណកម្ម និងជំរុញឱ្យអ្នកសួរចម្លើយជីកឫសជីកគល់រក “ការពិត” ដែលអ្នកបានលាក់ ។ មិនតែ ប៉ុណ្ណោះ ឌុច បានធ្វើសេចក្តីសង្ខេបលើឯកសារចម្លើយសារភាពមួយចំនួនដោយបានចង្អុលបង្ហាញពីខ្សែ បណ្តាញដែល ឌុច ក្តាប់ពីចម្លើយសារភាពមុនៗ ហើយជូនយោគបល់ធ្វើឱ្យការតាមដានខ្សែបណ្តាញនោះ ។ សេចក្តីរៀបរាប់សង្ខេបដែលត្រូវបានសរសេរឡើងនៅក្នុងឆ្នាំ១៩៧៨ មានចំណងជើងថា “ផែនការចុងក្រោយ” មានបំណងចងក្រងនូវចម្លើយសារភាពក្នុងរយៈពេលកាលពីប្រាំឆ្នាំកន្លងមក ដើម្បីបង្ហាញអំពីការសមគំនិតក្នុងទ្រង់ទ្រាយធំ និងយូរអង្វែងដែលពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិក សហភាពសូវៀត តៃវ៉ាន់ និងវៀតណាម ។ ដូចក្នុងករណីលោក ជេម ជេស៊ីស អាន់គ្លេថុន នៃក្រុម សេ.អ៊ី.អា ឌុច បានព្យាយាមតាំងខ្លួនប្រើប្រាស់គំនិតនេះក្នុងការស្រាវជ្រាវរកជនបង្គប់ក្នុងអង្គការ ។ ជាអ្នកគណិតវិទ្យា ឌុច ចូលចិត្តមកធ្វើជាគំរូនូវអ្វីដែលខ្លួនគិតថាសមហេតុផល ។ “ផែនការចុងក្រោយ” គឺសៀវភៅគំរូមួយរបស់ ឌុច ។
ឌុច រស់នៅក្បែរមន្ទីរស-២១ជាមួយប្រពន្ធ និងកូនតូចៗពីរនាក់ ។ ឌុច ស្ថិតនៅមន្ទីរស-២១ រហូតដល់ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលដែល ឌុច ដើរចេញពីក្រុងភ្នំពេញហើយក៏បាត់ស្រមោលរហូតពេលថ្មីៗនេះ ។ ក្នុងឆ្នាំ១៩៩៦ ឌុច លែងនៅក្នុងចលនាខ្មែរក្រហមទៀតហើយ ។ ឌុច បានជួបជាមួយនឹងក្រុមផ្សព្វផ្សាយសាសនាគ្រិស្តជនជាតិអាមេរិកនៅភាគពាយ័ព្យប្រទេសកម្ពុជា ហើយក៏ក្លាយខ្លួនជាប្រតិបត្តិសាសនាគ្រិស្តម្នាក់ ។ ឌុច ធ្វើការជារៀបចំសណ្តាប់ធ្នាប់នៅមន្ទីរពេទ្យមួយ កាលពីខែមេសា ឆ្នាំ១៩៩៩ នៅពេលដែលអ្នកកាសែតម្នាក់បានរកឃើញអត្តសញ្ញាណពីអតីតកាលរបស់គាត់ ។ ក្រោយមក ឌុច ត្រូវបានសម្ភាសន៍ដោយកាសែតអាមេរិកាំង ណេត ថាយ័រ ហើយក៏បាននិយាយចំហអំពីអតីតកាលរបស់ខ្លួនមុនពេលដែលត្រូវចាប់ខ្លួនដោយកងកម្លាំងនរគបាលជាតិកម្ពុជា និងយកមកដាក់ពន្ធនាគារនៅទីក្រុងភ្នំពេញ ។ បន្ទាប់ពីមានការដួលរលំនៅក្នុងឆ្នាំ១៩៧៩ ឌុច បន្តរស់នៅ និងធ្វើការជាមួយខ្មែរក្រហមអស់រយៈពេល ជាងដប់ឆ្នាំ ។ គាត់បានបង្ហាញថា គាត់ធ្លាប់មានបំណងចាកចេញពីចលនានេះដែរ ប៉ុន្តែគាត់ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនអាចធ្វើទៅបានឡើយ ។ ដោយសារតែតាំងពីពេលមកដល់សំឡូតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៩ គាត់ហាក់ដូចជាត្រូវបានគេចាត់ទុកជាអ្នកទោសនៃរបបអ៊ីចឹងនៅទីនោះ គាត់មានមុខងារសំខាន់ជាគ្រូបង្រៀន ។
នៅខែតុលា ឆ្នាំ១៩៨៦ ប្រធានរបស់គាត់ឈ្មោះ សុន សេន ប្រធានមន្ទីរក១៨ ជាកន្លែងដែល ឌុច ធ្វើការបានបញ្ជូនគាត់ឱ្យទៅប្រទេសចិនដើម្បីបង្រៀនភាសាខ្មែរដល់និស្សិតចិន ។ គាត់រស់នៅ និងធ្វើការក្រោម បញ្ជារបស់ប្រពន្ធ សុន សេន ឈ្មោះ យុន យ៉ាត នៅក្នុងប្រទេសនោះរយៈពេលជាងពីរឆ្នាំ ។
នៅក្នុងឆ្នាំ១៩៩២ នៅពេលដែល ប៉ុល ពត ចាត់តាំងឱ្យគាត់ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនៅភូមិផ្គាំ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឌុច ចាប់ផ្តើមបាត់បង់ទំនាក់ទំនងជាមួយថ្នាក់លើរបស់គាត់ ។ គាត់បានពន្យល់ ថា ការបែកបាក់គ្នាចេះតែរីកធំឡើងៗទាហានខ្មែរក្រហមចាប់ផ្តើមបែកខ្ញែកគ្នាបន្តិចម្តងៗ ក្នុងខណៈពេលដែលសង្គ្រាមចេះតែបន្ត ។ គាត់បានប្រកបការងារជាគ្រូបង្រៀនរួមផ្សំជាមួយនឹងការរកស៊ីលក់អង្ករ និងចិញ្ចឹមជ្រូក ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៥ នៅភូមិផ្គាំ គាត់ទទួលរងគ្រោះនៅអំពើប្លន់ក្នុងផ្ទះដ៏អាថ៌កំបាំងមួយ ដែលក្នុងពេលនោះ ប្រពន្ធរបស់គាត់ត្រូវបានចោរចាក់មួយកាំបិតចំដើមទ្រូងបណ្តាលឱ្យ ស្លាប់ តែគាត់វិញគ្រាន់តែមានរបួសបន្តិចបន្តួចប៉ុណ្ណោះ
ចំពោះព្រឹត្តិការណ៍នេះ ឌុច គិតថា វាជាការប៉ុងប៉ងធ្វើឃាតកម្មគិតទុកជាមុន ដែលរៀបចំឡើងដោយ ប៉ុល ពត ។ បន្ទាប់ពីការស្លាប់របស់ប្រពន្ធគាត់ ឌុច បានចាប់ផ្តើមចូលរួមក្នុងការជួបជុំរបស់ព្រះវិហារផ្សព្វផ្សាយសាសនាគ្រឹស្តនៅខេត្តបាត់ដំបង ។ គាត់ប្តូរមកកាន់ សាសនាគ្រឹស្ត នៅក្នុងឆ្នាំ១៩៩៦ ហើយគាត់ក៏បាននាំកូនប្រុសស្រីរបស់គាត់ចូលសាសនានេះផងដែរ ។ ក្រោយមកគាត់បានត្រលប់ចូល សំឡូត វិញ ។ ដោយសារមានការចាប់ផ្តើមឡើងវិញនៃការប្រយុទ្ធគ្នា រវាងខ្មែរក្រហមជាមួយនឹងកម្លាំងខាងរដ្ឋាភិបាល គេបានជម្លៀសប្រជាជនចេញពីក្នុងឃុំនោះ ហើយគាត់ក៏បានឆ្លងទៅរស់នៅក្នុងប្រទេសថៃជាមួយនឹងប្រជាជនទាំងអស់នោះ ។ នៅខែកក្កដា ឆ្នាំ ១៩៩៧ គាត់បានចាប់ផ្តើមធ្វើការឱ្យសមាគមមួយដែលមានឈ្មោះថា គណៈកម្មាធិការអាមេរិកទទួលបន្ទុកជនភៀសខ្លួន American Refugee Committee និងបានបន្តការងារនេះរហូតដល់ក្រុមអ្នកសារព័ត៌មានស្គាល់ អត្តសញ្ញាណរបស់គាត់ ។ នៅក្នុងខែ ឧសភា ឆ្នាំ១៩៩៩ ដែលនាំឱ្យគាត់មានការចាប់ខ្លួនគាត់នាប៉ុន្មានថ្ងៃ ក្រោយមក៕
លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះបន្ទាន់2020-09-01 07:31am (ភ្នំពេញ)៖ ទណ្ឌិតឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម ត្រូវបានគ្រូពេទ្យមន្ទីរពេទ្យបង្អែកជ័យជំនៈ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលទទួលបានព័ត៌មានពីព្រះរាជអាជ្ញាខេត្តកណ្តាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
ប្រភពដដែល បានបន្តថា មុនពេលបញ្ជូនទៅសង្គ្រោះនេះ ទណ្ឌិតឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច មានអាការៈហត់ខ្លាំង អស់កម្លាំង ខណៈវ័យកាន់តែចាស់ផងដែរ។
កាំង ហ្កេកអ៊ាវ ហៅឌុច អាយុ ៧៨ឆ្នាំ មានស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកត្រូវបានចាប់ខ្លួន កាលពីឆ្នាំ១៩៩៩ និងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង តុលាការយោធា រហូតដល់ថ្ងៃបញ្ជូនខ្លួន មកកាន់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧។ ឌុចមាន តួនាទីជាអនុលេខា បន្ទាប់មកជា លេខាគណៈ កម្មាធិ ការមន្ទីរ ស-២១ (មន្ទីរសន្តិបាល ដែលគេស្គាល់ ជាទូទៅថា គុកទួលស្លែង) នៅក្នុងរបប ខ្មែរក្រហម។
កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ ហើយអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុច ដាក់ពន្ធនាគារអស់មួយជីវិត៕
ជីវប្រវត្តិ នៅក្នុងឆ្នាំ១៩៦៥ ឌុច បានក្លាយទៅជាគ្រូបង្រៀនផ្នែកគណិតវិទ្យា ហើយមួយរយៈក្រោយមក គាត់ត្រូវបានចោទថាបានចូលរួមជាមួយបក្សកុម្មុយនីស្ត។ គាត់ត្រូវប៉ូលីសរបស់សម្តេច សីហនុ ចាប់ខ្លួនក្នុងឆ្នាំ១៩៦៨ ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅពេលរដ្ឋប្រហារទម្លាក់សម្តេចសីហនុនៅឆ្នាំ១៩៧០។ ពីខែកក្កដា ឆ្នាំ១៩៧១ ដល់ខែមករា ឆ្នាំ១៩៧៥ ឌុច ត្រូវ បានចោទថាមានតួនាទីជា ប្រធានការិយាល័យទី១៣ ឬ ម-១៣ (គឺជាមន្ទីរសន្តិសុខមួយទៀតរបស់បក្សកុម្មុយនីស្តកម្ពុជា មានទីតាំងនៅភាគខាងជើងទីក្រុងភ្នំពេញ)។ ឌុច បន្តរស់នៅជាមួយខ្មែរក្រហមរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទើបគាត់ត្រឡប់មកធ្វើជាគ្រូបង្រៀនវិញ។ បន្ទាប់ពីមរណភាពរបស់ប្រពន្ធគាត់ដោយសារអំពើប្លន់នៅឆ្នាំ១៩៩៥ ឌុច បានប្តូរមកកាន់សាសនាគ្រិស្ត និងបានផ្លាស់ទៅរស់នៅស្រុកសំឡូត រហូតដល់ពេលដែលគាត់ត្រូវបានប្រទះឃើញដោយអ្នកសារព័ត៌មានមួយរូបក្នុងឆ្នាំ១៩៩៩។ បន្ទាប់មក ឌុច ត្រូវបានចាប់ខ្លួនដោយកងទ័ពកម្ពុជា។
អង្គជំនុំជម្រះតុលាការកំពូលបានផ្តន្ទាទោស ឌុច កាលថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ សេចក្តីសម្រេចចិត្តនេះគឺជាសេចក្តីសម្រេចចុងក្រោយនិងបិទផ្លូវតវ៉ា។ អង្គជំនុំជម្រះតុលាការកំពូលបានបដិសេធសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដែលប្រកាសកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១០ និងដោយមតិភាគច្រើនលើសលុប ក៏បានបដិសេធចោលសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលកាត់បន្ថយរយៈពេល៥ឆ្នាំ ជាសំណងចំពោះការជាប់ឃុំឃាំងដោយខុសច្បាប់នៅមន្ទីរឃុំឃាំងរបស់តុលាការយោធា ចន្លោះពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០០៧។ បន្ទាប់ពីបានធ្វើសវនាការបឋមនៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០០៩ ការជំនុំជម្រះលើអង្គសេចក្តីត្រូវបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩។ ការជំនុំជម្រះ ឌុច បានបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្នុងរយៈពេលជំនុំជម្រះចំនួន៧៧ថ្ងៃ មានសាក្សីជាអ្នកជំនាញចំនួន៩នាក់ សាក្សីផ្តល់សក្ខីកម្មទាក់ទង នឹងអង្គហេតុចំនួន១៧នាក់ សាក្សីផ្តល់សក្ខីកម្មទាក់ទងនឹងអត្តចរិតចំនួន៧នាក់ និងដើមបណ្តឹង រដ្ឋប្បវេណីចំនួន២២នាក់ បានឡើងបង្ហាញខ្លួននៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង។ សាធារណជនចំនួនជាង ៣១.០០០នាក់ បានតាមដានដំណើរការនីតិវិធីនេះដោយផ្ទាល់នៅសាលសវនាការ។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ អង្គជំនុំជម្រះសាលាដំបូងបានដាក់ទោស កាំង ហ្កេកអ៊ាវ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។ ទោសនេះត្រូវបានកាត់បន្ថយរយៈពេល៥ឆ្នាំ ជាសំណងចំពោះការឃុំខ្លួនគាត់ខុសនីតិវិធីច្បាប់ដោយតុលាការយោធាកម្ពុជា ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧។ ជនត្រូវចោទក៏ទទួលបាននូវការទទួលស្គាល់នូវរយៈពេលឃុំខ្លួននៅក្រោមសមត្ថកិច្ចរបស់តុលាការយោធាកម្ពុជា និងរយៈពេលឃុំខ្លួនបណ្តោះអាសន្ននៅក្រោមសមត្ថកិច្ចរបស់ អ.វ.ត.ក។ ជនត្រូវចោទ និងសហព្រះរាជអាជ្ញា បានប្តឹងសាទុក្ខទៅអង្គជំនុំជម្រះតុលាការកំពូល ជំទាស់ទៅនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង។ ដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនក៏បានប្តឹងសាទុក្ខប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងពាក់ព័ន្ធទៅនឹងសំណងផ្លូវចិត្តនិងការបដិសេធភាពអាចទទួលយកបាននៃពាក្យសុំធ្វើជាដើមបណ្តឹងរដ្ឋប្បវេណី។ អង្គជំនុំជម្រះតុលាការកំពូលបានបើកសវនាការសាធារណៈទៅលើបណ្តឹងសាទុក្ខ ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង០០១ នៅសប្តាហ៍ចុងក្រោយនៃខែមីនា ឆ្នាំ២០១១។ អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសសាលដីកាសង្ខេបនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។
ប្រវត្តិសង្ខេបរបស់ កាំង ហ្កេចអ៊ាវ ហៅ ឌុច
ដោយ សេង ឌីណា
ថ្ងៃ ព្រហស្បតិ៍ 27 តុលា 2011
នៅក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហម ដែល ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញធ្វើការចោទប្រកាន់ និងឃុំខ្លួន ឌុច គឺជាមនុស្សទីមួយ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ពីបទឧក្រិដ្ឋក្នុងសម័យខ្មែរក្រហម។ ថ្វីដ្បិតតែ ឌុច មិនមែនជាមេដឹកនាំជាន់ខ្ពស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែ ឌុច ជាមេគុកទួលស្លែង ជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងសម្លាប់មនុស្សជាង ១ម៉ឺន ២ពាន់នាក់។ តើ ឌុច ជានរណា?
កាំង ហ្កេចអ៊ាវ ហៅ ឌុច កាលនៅ ពីក្មេង (រូបថតឯកសារ)
ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាំង ហ្កេចអ៊ាវ ជាកូនកាត់ចិន មានបងប្អូនបង្កើត ៥នាក់ នៅក្នុងត្រកូលជាកសិករក្រីក្រ។
ការសិក្សា និងអាជីពជាគ្រូបង្រៀន
ក្រោយពីប្រឡងជាប់បាក់អង នៅកំពង់ធំ កាំង ហ្កេចអ៊ាវ បានមករៀននៅវិទ្យាល័យដ៏ល្បីល្បាញមួយ ក្នុងក្រុងភ្នំពេញ គឺវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយបានស្នាក់នៅវត្តឧណ្ណាឡោម។
នៅឆ្នាំ១៩៦៤ កាំង ហ្កេចអ៊ាវ បានប្រឡងជាប់បាក់ឌុប ដោយជាប់ជាសិស្សឆ្នើមទូទាំងប្រទេសផ្នែកគណិតវិទ្យា។ បន្ទាប់មក កាំង ហ្កេចអ៊ាវ បានទៅចូលរៀននៅវិទ្យាស្ថានគរុកោសល្យ នៅជិតវិមានឯករាជ្យ។
នៅឆ្នាំ១៩៦៥ កាំង ហ្កេចអ៊ាវ បានចេញទៅធ្វើគ្រូបង្រៀនផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា នៅវិទ្យាល័យស្គន់ ខេត្តកំពង់ធំ។ អ្នកដែលធ្លាប់រៀនជាមួយ កាំង ហ្កេចអ៊ាវ បានឲ្យដឹងថា កាំង ហ្កេចអ៊ាវ គឺជាគ្រូម្នាក់ដែលមានចរិតស្លូតបូត រាក់ទាក់ មិនចេះវាយឫក និងស្និទ្ធស្នាលជាមួយសិស្ស ដែលជាហេតុធ្វើឲ្យសិស្សស្រលាញ់ ចូលចិត្តគ្រប់ៗគ្នា។
ការចូលបក្សកុម្មុយនិស្ត
ពេលស្នាក់នៅរៀនក្នុងក្រុងភ្នំពេញ កាំង ហ្កេចអ៊ាវ ដែលជាកូនចៅកសិករក្រីក្រ បានមើលឃើញពីគម្លាតយ៉ាងឆ្ងាយរវាងអ្នកក្រ និងអ្នកមាន។ ពេលនោះហើយ ដែល កាំង ហ្កេចអ៊ាវ ចាប់ផ្តើមមានគំនិតស្អប់ខ្ពើមវណ្ណៈសក្តិភូមិ ហើយស្រឡាញ់ចូលចិត្តគំនិតកុម្មុយនិស្ត។
ម្យ៉ាងទៀត កាលពីពេលកំពុងរៀននៅវិទ្យាស្ថានគរុកោសល្យ កាំង ហ្កេចអ៊ាវ បានស្គាល់ជនកុម្មុយនិស្តដ៏សំខាន់ម្នាក់ គឺ សុន សេន ដែលពេលនោះជានាយកវិទ្យាស្ថាន ហើយដែលក្រោយមកបានក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃរបបខ្មែរក្រហម។
នៅឆ្នាំ១៩៦៧ នៅពេលធ្វើជាគ្រូបង្រៀននៅកំពង់ធំ កាំង ហ្កេចអ៊ាវ ក៏បានចូលជាសមាជិកបក្សកុម្មុយនិស្តកម្ពុជា ហើយបានស្គាល់ ទង់ សេងហឿន ដែលក្រោយមកបានក្លាយទៅជាជំនួយការរបស់ ឌុច នៅគុកទួលស្លែង។
នៅឆ្នាំដដែលនោះ កាំង ហ្កេចអ៊ាវ ត្រូវបានប៉ូលិសនៃរដ្ឋាភិបាលសង្គមរាស្រ្តនិយមចាប់ខ្លួន យកទៅដាក់គុកព្រៃស នៅភ្នំពេញ។ នៅក្នុងគុក កាំង ហ្កេចអ៊ាវ បានជួបជាមួយ ម៉ម ណៃ ហៅ ចាន់ ដែលក្រោយមកបានក្លាយទៅជាអនុប្រធានរបស់ ឌុច នៅគុកទួលស្លែង។
ក្រោយរដ្ឋប្រហារ ខែមីនា ឆ្នាំ១៩៧០ កាំង ហ្កេចអ៊ាវ ត្រូវបានរដ្ឋាភិបាលថ្មីលើកលែងទោស។ ចេញពីគុក កាំង ហ្កេចអ៊ាវ មិនបានវិលត្រឡប់ទៅកំពង់ធំវិញទេ ប៉ុន្តែ ត្រឡប់ទៅស្នាក់នៅក្នុងវត្តឧណ្ណាឡោម ដែលជាកន្លែងធ្លាប់ស្នាក់នៅ កាលនៅជាសិស្ស។
អតីតព្រះសង្ឃនៅវត្តឧណ្ណាឡោម ដែលជាមិត្តជិតស្និទ្ធិរបស់ កាំង ហ្កេចអ៊ាវ បានឲ្យដឹងថា អ្នកនៅវត្តឧណ្ណាឡោម អ្នកណាក៏ដឹងដែរថា កាំង ហ្កេចអ៊ាវ គឺជាខ្មែរក្រហម។ កាំង ហ្កេចអ៊ាវ ដែលមានឈ្មោះក្រៅមួយទៀតថា គៀវ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយ ខៀវ សំផន ជាមួយ ជួន ជឿន និងជាពិសេស ជាមួយ សុក ធួក ហៅ វ៉ន វ៉េត ដែលសុទ្ធសឹងតែបានក្លាយជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម (ខៀវ សំផន ក្លាយជាប្រមុខរដ្ឋ ជួន ជឿន ក្លាយជារដ្ឋមន្រ្តីក្រសួងសុខាភិបាល និងវ៉ន វ៉េត ក្លាយជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច)។
ការរត់ចូលព្រៃធ្វើបដិវត្តន៍
នៅឆ្នាំ១៩៧៣ កាំង ហ្កេចអ៊ាវ បានរត់ចេញពីភ្នំពេញ ទៅចូលរួមតស៊ូជាមួយខ្មែរក្រហម នៅក្នុងព្រៃ ស្ថិតនៅតាមបណ្តោយជួរភ្នំក្រវ៉ាញ។ កាំង ហ្កេចអ៊ាវ បានចាប់ផ្តើមប្រើឈ្មោះបដិវត្តន៍ថា ឌុច ហើយត្រូវបាន វ៉ន វ៉េត តែងតាំងឲ្យធ្វើជាមេគុក ដែលមានលេខសម្ងាត់ថា ម១៣ ស្ថិតនៅឃុំអមលាំង ខេត្តកំពង់ស្ពឺ។ ក្រោយមក ឌុច បានបង្កើតគុកមួយទៀត ដែលមានលេខសម្ងាត់ថា ម៩៩ ស្ថិតនៅជើងភ្នំឱរ៉ាល់។
បើទោះជាពេលនោះ ពួកខ្មែរក្រហមនៅមិនទាន់ឡើងកាន់អំណាចក៏ដោយ តែគុកដែល ឌុច កាន់កាប់ មានទីតាំងស្ថិតនៅក្នុងតំបន់រំដោះ ដូចនេះស្ថិតនៅក្រោមអំណាចខ្មែរក្រហមពេញទី។ មានអ្នកទោសរាប់ម៉ឺននាក់បានជាប់នៅគុកទាំងពីរខាងលើនេះ។ គឺចាប់ពេលនោះហើយដែល ឌុច បានចាប់ផ្តើមដកពិសោធន៍របៀបធ្វើទារុណកម្មសួរចម្លើយអ្នកទោស។
ក្នុងពេលនៅតស៊ូក្នុងព្រៃ ឌុច បានរៀបការជាមួយនឹង ឈឹម សុផល ហៅ រ៉ុម ដែលរស់នៅក្នុងភូមិមួយ ក្បែរកន្លែង ឌុច ធ្វើការ។
នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ
ក្រោយពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឌុច ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានមន្ទីរសន្តិសុខ ស២១ ហៅ គុកទួលស្លែង នៅក្រុងភ្នំពេញ។
យោងតាមឯកសារនៅគុកទួលស្លែង ដែលបច្ចុប្បន្នរក្សាទុកដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្នាក់លើរបស់ ឌុច គឺ សុន សេន ហៅ ខៀវ អតីតគ្រូបង្រៀនរបស់ ឌុច នៅវិទ្យាស្ថានគរុកោសល្យ និង នួន ជា ហៅ បងនួន អនុលេខាបក្សកុម្មុយនិស្តកម្ពុជា។ នៅក្នុងឯកសារទាំងនេះ គេឃើញមានហត្ថលេខារបស់ ឌុច លើកំណត់ហេតុបញ្ជូនទៅថ្នាក់លើ និងចំណាររបស់ ឌុច បញ្ជាឲ្យអ្នកនៅក្រោមបង្គាប់ ធ្វើទារុណកម្ម និងសម្លាប់អ្នកទោសជាដើម។
នៅចន្លោះឆ្នាំ១៩៧៨ ដល់ដើមឆ្នាំ១៩៧៩ គឺជារយៈពេលដែលខ្មែរក្រហមបង្កើនប្រតិបត្តិការបោសសំអាតផ្ទៃក្នុង បក្សខ្លាំងក្លាជាងគេ។ ក្នុងពេលនោះ មន្រ្តីកម្មាភិបាលខ្មែរក្រហមយ៉ាងច្រើនត្រូវបានចាប់បញ្ជូនទៅឲ្យ ឌុច ធ្វើទារុណកម្មសួរចម្លើយនៅគុកទួលស្លែង។ ឌុច បានរៀបចំចងក្រងឯកសារជាច្រើនស្តីពីប្រវត្តិរូប និងចម្លើយសារភាពរបស់អ្នកទោស។ គឺឯកសារទាំងនេះហើយ ដែលបានក្លាយទៅជាភស្តុតាងយ៉ាងសំខាន់ ក្នុងការស៊ើបអង្កេតរបស់តុលាការ ខ្មែរក្រហម។
ក្រោយការដួលរលំនៃរបបខ្មែរក្រហម
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឌុច ស្ថិតក្នុងចំណោមមន្រ្តីកម្មាភិបាលខ្មែរក្រហមចុងក្រោយគេបង្អស់ ដែលបានរត់ចេញពីភ្នំពេញ។ ឌុច បានទៅដល់ប្រទេសថៃនៅអំឡុងខែឧសភា ឆ្នាំ១៩៧៩។ នៅក្នុងអំឡុងពេលនោះ មិនសូវមានព័ត៌មានច្បាស់លាស់សរសេរពីជីវិតរបស់ ឌុច នោះទេ។ នៅក្នុងឯកសារខ្លះ ដូចជា សៀវភៅរបស់លោក Nic Danlop ដែលមានចំណងជើងថា “The Lost Executioner” ឬ ពេជ្ឈឃាតបាត់ខ្លួន បានសរសេរថា ឌុច បានទៅនៅជួបជុំគ្រួសាររបស់គាត់នៅក្នុងព្រៃ ស្ថិតក្នុងស្រុកសំឡូត។ ឌុច ត្រូវបាន បងទីពីរ នួន ជា ដកតំណែងក្នុងហេតុផលថា ឌុច មិនបានកម្ទេចឯកសារនៅគុកទួលស្លែងឲ្យអស់មុននឹងរត់ចេញពីភ្នំពេញ។ ក្រោយមក ឌុច បានទៅធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងគណិតវិទ្យា នៅសាលារៀនមួយ ក្នុងជំរំជនភៀសខ្លួនស្ថិតក្នុងទឹកដីថៃ។
នៅឆ្នាំ១៩៨៦ ឌុច ត្រូវបានមេដឹកនាំខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើជាគ្រូបង្រៀនភាសាខ្មែរ នៅវិទ្យាស្ថានភាសាបរទេសក្រុងប៉េកាំង ប្រទេសចិន។ មួយឆ្នាំក្រោយមក ឌុច បានវិលត្រឡប់មកប្រទេសថៃវិញ ហើយបានដូរឈ្មោះទៅជា ហង្ស ពិន វិញ។ ឌុច បានទៅបម្រើការនៅការិយាល័យរបស់ ប៉ុល ពត ដែលស្ថិតនៅក្នុងជំរំ៥០៥។
ក្រោយកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ឌុច បាននាំគ្រួសារទៅរស់នៅភូមិផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឌុច បានវិលត្រឡប់ទៅប្រកបរបរជាគ្រូបង្រៀនវិញ។ នៅឆ្នាំ១៩៩៥ ក្រោយពី រ៉ុម ជាប្រពន្ធបានស្លាប់ដោយសង្រ្គាម ឌុច បានសុំផ្លាស់ទៅបង្រៀននៅអនុវិទ្យាល័យស្វាយចេកវិញ។ គឺនៅពេលនោះហើយ ដែល ឌុច បានថ្វាយខ្លួនជឿព្រះយេស៊ូវ ហើយទទួលពិធីជ្រមុជទឹក។ បន្ទាប់មក ឌុច បានក្លាយទៅជាគ្រូគង្វាលជំនួយ នៅក្នុងព្រះវិហារមួយឈ្មោះ Golden Western Cambodian Christian Church។
នៅឆ្នាំ១៩៩៧ ក្រោយពីមានការបែកបាក់នៅក្នុងចំណោមជួរថ្នាក់ដឹកនាំខ្មែរក្រហម ឌុច បានរត់ចេញពីស្វាយចេក ទៅកាន់ប្រទេសថៃ។ ឌុច បានបម្រើការក្នុងអង្គការមនុស្សធម៌ផ្នែកសុខាភិបាលមួយ នៅក្នុងជំរំ Ban Ma Muang។ រហូតដល់ឆ្នាំ១៩៩៨ ទើប ឌុច ត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែ ដោយខ្លាចគេស្គាល់អត្តសញ្ញាណរបស់ខ្លួនថាជាអតីតមេគុកទួលស្លែង ឌុច មិនបានត្រឡប់ទៅស្រុកស្វាយចេកវិញទេ។ ឌុច បានទៅធ្វើការឲ្យអង្គការគ្រីស្ទានមួយ ឈ្មោះ World Vision នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ការចាប់ខ្លួន
នៅឆ្នាំ១៩៩៩ អ្នកកាសែតបរទេសពីររូប គឺ Nate Thayer និង Nic Dunlop បានទៅជួបសម្ភាសជាមួយ ឌុច។ ក្រោយពីបទសម្ភាសន៍នេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី សេដ្ឋកិច្ចចុងបូព៌ា (ឬតាមភាសាអង់គ្លេសថា Far Eastern Economic Review) ឌុច ក៏បានចូលសារភាព ប្រគល់ខ្លួនឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ ចាប់ពីពេលនោះមក ឌុច ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំខ្លួននៃតុលាការយោធា ក្នុងក្រុងភ្នំពេញ។
នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងនៃតុលាការយោធា ទៅឲ្យអង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមវិញ។ ឌុច ត្រូវបានតុលាការពិសេសធ្វើការចោទប្រកាន់ជាផ្លូវការពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ថ្វីដ្បិតតែ ឌុច មិនមែនជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែ ក្នុងឋានៈជាប្រធានគុកទួលស្លែង ដែលជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ឌុច ត្រូវបានចាត់បញ្ជូលក្នុងចំណោម “អ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហម” ដូចដែលមានចែងនៅក្នុងមាត្រា១ នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ។
ឌុច សារភាពកំហុស តុលាការសម្រាលទោសត្រឹមជាប់គុក ៣៥ឆ្នាំ
នៅថ្ងៃទី២៦ កក្កដា ២០១០ អង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះមេដឹកនាំខ្មែរក្រហមបានប្រកាសសាលក្រម សម្រេចឲ្យ កាំង ហ្កេចអាវ ហៅ ឌុច ជាប់ពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ ដោយ ឌុច បានសារភាពកំហុស និងបានសហការជាមួយតុលាការ ចៅក្រមបានសម្រេចផ្តន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារតែ ៣៥ឆ្នាំប៉ុណ្ណោះ។
ពីរយៈពេល ៣៥ឆ្នាំនេះ ត្រូវកាត់បន្ថយ ៥ឆ្នាំ បន្ថែមទៀត ដោយតុលាការយល់ឃើញថា ការឃុំខ្លួនឌុច នៅក្នុងតុលាការយោធាកម្ពុជា ពីឆ្នាំ១៩៩៩ គឺជាការឃុំខ្លួនខុសនីតិវិធី។ ទីបញ្ចប់ ទោសរបស់ ឌុច នៅសល់តែ ៣០ឆ្នាំប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃចាប់ខ្លួន ពោលគឺពីឆ្នាំ១៩៩៩មក។
បើរាប់ពីថ្ងៃប្រកាសសាលក្រម ឌុច នឹងត្រូវជាប់ពន្ធនាគាររយៈពេលតែជាង ១៨ឆ្នាំទៀតប៉ុណ្ណោះ។ ដល់ពេលផុតទោស ឌុច នឹងមានអាយុ ៨៦ឆ្នាំ។ ប្រសិនបើ ឌុច អាចនៅរស់លើសពី ៨៦ឆ្នាំ ឌុច នឹងអាចដើរចេញពីគុក ហើយអាចរស់នៅដោយមានសេរីភាពវិញបាន។
ហេតុនេះហើយបានជាជនរងគ្រោះបាននាំគ្នាសម្តែងការមិនពេញចិត្តចំពោះការសម្រេចទោសនេះ។ នៅក្រោយពេលប្រកាសសាលក្រម ឌុច ភ្លាម លោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងបានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការសម្រេចទោសលើ ឌុច។ លោក ជុំ ម៉ី ទាមទារឲ្យតុលាការកាត់ទោសឲ្យ ឌុច ជាប់គុកអស់មួយជីវិតគាត់សុខចិត្ត។
ដើម្បីជំទាស់នឹងការសម្រេចទោសលើ ឌុច ដោយសាលាដំបូង សហព្រះរាជអាជ្ញា ព្រមទាំងដើមបណ្តឹងរដ្ឋប្បវេណី ក៏បានដាក់ពាក្យបណ្តឹងសាទុក្ខទៅកាន់តុលាការកំពូលជាបន្តទៀត។ ក្រោយពីបានបើកសវនាការជំនុំជម្រះ កាលពីចុងខែមីនា ឆ្នាំ២០១១ តុលាការកំពូលគ្រោងនឹងប្រកាសសាលក្រមលើបណ្តឹងសាទុក្ខលើសំណុំរឿង ឌុច នៅមុនដំណាច់ឆ្នាំ។ សេចក្តីសម្រេចរបស់តុលាការកំពូលនេះ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
ក៏ប៉ុន្តែ លោក វ៉ាន់ ណាត អតីតអ្នកទោសមួយរូប ដែលធ្លាប់ជាប់ឃុំក្នុងគុកទួលស្លែង ប្រាកដជាមិនបានស្តាប់ការសម្រេចចុងក្រោយនេះទេ ដោយលោកបានទទួលមរណភាពដោយជំងឺ កាលពីថ្ងៃ៥ កញ្ញា ២០១១។ ទោះជាយ៉ាងណា លោក វ៉ាន់ ណាត ធ្លាប់បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ចំនួនឆ្នាំដែល ឌុច ជាប់គុកមិនសំខាន់ទេ សម្រាប់រូបលោក។ អ្វីដែលសំខាន់ គឺនៅត្រង់ថា តើ ឌុច ខ្លួនឯងដឹងខ្លួនខុស ឬអត់?
No comments:
Post a Comment