លោក ស៊ឹម វ៉ារ កើតថ្ងៃទី០២ កុម្ភៈ ១៩០៦ ក្នុងគ្រួសារកសិករ នៅភូមិត្បូងឃ្មុំ ខេត្តកំពង់ចាម។ លោកជាអ្នកជាតិនិយមម្នាក់ ក្នុងចំណោមអ្នកមានគំនិតជាតិនិយមមុនដំបូង ជាមួយអតីតយុទ្ធជនសង្រ្គាមលោកលើកទី១ លោក ប៉ាច ឈឺន និងលោក សឺង ង៉ុកថាញ់ ដែលជាក្រុមប្រឆាំង នឹង អាណានិគមបារាំង។
នៅឆ្នាំ១៩៣៦ អ្នកទាំងបីបានបង្កើតកាសែត “នគរវត្ត” ដើម្បីផ្សព្វផ្សាយគំនិតកំណែទម្រង់សង្គម ជួយកសិករ អ្នកក្រីក្រ ប្រឆាំងទៅ នឹង ការធ្វើអាជីវកម្មពីសំណាក់ ចិន យួន និងបំផុសបំផុលគំនិតទាមទារឯករាជ្យពីបារាំង។ នៅខែមីនា-មេសា ១៩៤៦ លោក ស៊ឹម វ៉ារ រួមជាមួយលោក អៀវ កើស និងលោក ឈាន វ៉ម បានបង្កើតគណបក្សប្រជាធិបតេយ្យ មុនដំបូងគេនៅប្រទេសកម្ពុជា ដើម្បីទាមទារឯករាជ្យពីអាណានិគមនិយមបារាំង។ នៅថ្ងៃ២៧ កុម្ភៈ ១៩៤៧ លោកត្រូវបានចាប់ខ្លួនជាមួយជន ១៧រូបទៀត ដោយ កងនគរបាលយោធាបារាំង ក្រោមបទចោទថា ជាសមាជិករបស់ក្រុមផ្កាយខ្មៅ (សញ្ញាប៉ូលិសសម្ងាត់របស់លោក សឺង ង៉ុកថាញ់) ដែលជាក្រុមសម្ងាត់ ធ្វើសកម្មភាពប្រឆាំងបារាំង។ លោកត្រូវបានចាប់បញ្ជូនទៅឃុំឃាំងនៅព្រៃនគរ ដោយគ្មានការកាត់ក្តី ចំនួន ៩ខែ (មីនា ដល់វិច្ឆិកា ១៩៤៧) រួចបញ្ជូនមកឃាត់ទុកក្នុងលំនៅឃុំឃាំងនៅខេត្តកំពង់ចាម រហូតដល់ខែមិថុនា ១៩៤៨ ទើបត្រូវបានដោះលែង។
ស្តេចសីហនុ ក្នុងអាយុ១៩ឆ្នាំ ជាស្តេចក្មេង រឺ “ស្តេចពាល” មួយអង្គមិនទាន់ដឹងខ្យល់អ្វី... ដែលស្រាប់តែបានឡើងសោយរាជ្យ ជាម្ចាស់ផែនដីនៃនគរក្រុងកម្ពុជា។ មានអ្នកនយោបាយបីនាក់ គឺលោកសឺង ង៉ុកថាន់, ប៉ាជ-ឈឺន និង ស៊ឹម-វ៉ារ ដែលបានធ្វើសកម្មភាពចូកចែវ ជំរុញអោយខ្សែចរន្តនៃប្រវត្តិសាស្ត្រហូរទៅតាមទិសព្រួញបែបដូចនេះ។ ក៏ប៉ុន្តែ ក្នុងប្រការនេះ, លោកស៊ឺម-វ៉ារ បានថ្លែងប្រាប់ខ្ញុំថា លោក “ទទួលទោសកំហុស” ធ្ងន់ជាងគេទាំងអស់ គឺនៅក្នុងឆ្នាំ១៩៦៧ទៅហើយ ពេលដែលខ្លួនខ្ញុំបានទៅធ្វើជាសហការីនៃឳពុកធំរបស់ខ្ញុំ លោកស៊ឺម-វ៉ារ នៅក្នុងទិន្នានុប្បវត្តិ “ខ្មែរអែករាជ្យ” ដែលខ្ញុំបានដឹងរឿងសំងាត់ខាងលើនេះ។ ឳពុកធំរបស់ខ្ញុំបានប្រាប់ខ្ញុំថា ដែលសម្ដេចសីហនុបានឡើងសោយរាជ្យ ជាព្រះករុណាម្ចាស់ផែនដីនោះ ក៏ដោយសារ “កំហុសរបស់អ៊ុំ” ដែរ។ ពាក្យថា “កំហុស” ក្នុងមាត់អ្នកនយោបាយ, តើមានន័យដូចម្តេចទៅហ្ន៎ ?...
ព្រោះតាំងពីខ្ញុំដឹងក្តីកាលណាមក ខ្ញុំមិនទាន់ជឿថា មានអ្នកនយោបាយណាម្នាក់ ទោះនៅក្នុងអតីតកាលក្តី ទោះនៅក្នុងបច្ចុប្បន្នកាលក្តី ទទួលខ្លួនអែងថា ខ្លួនអែងធ្វើខុសឡើយ រឺ យល់ព្រមសារភាពដោយសុទ្ធចិត្តអែងៗ ដោយស្មោះបរិសុទ្ធអស់ពីពោះពីពុង ចំពោះអ្នកដទៃ ថាខ្លួនធ្វើខុសក្រៅពីការគេរុញច្រានអោយទាល់ច្រកប៉ុណ្ណោះ។ ពីព្រោះការទទួលកំហុសក្នុងនយោបាយ គឺជា “សេចក្តីស្លាប់របស់ខ្លួនអែង” មិនមែនជាអវត្តមាននៃរូបកាយទេ ប៉ុន្តែជា “ការស្លាប់នៃអុត្តមគតិរបស់ខ្លួនអែង”។ អ្នកនយោបាយដែលទទួលខ្លួនខុស គឺត្រូវឈប់ធ្វើនយោបាយ។ គឺប្រហែលគ្នានឹងបង្ខំអោយមនុស្សសាមញ្ញធម្មតាឈប់ដកដង្ហើម។
សម្ដេចសីហនុក្តី, លោកខៀវ-សំផនក្តី ក៏សូម្បីអែកអុត្តនអ៊ិន-តាំក្តី ក៏មិនដែលទទួលខ្លួនខុសដែរ មកទល់សព្វថ្ងៃនេះ។ ហើយបើកាលណាគេម្នាក់ៗទទួលខ្លួនថា “ខុស” គឺគ្រាន់តែបានសេចក្តីថា គេមិនខុសតែប៉ុណ្ណោះអែង, ធ្ងន់ជាងនេះទៅទៀត “ខុសដែរ...ក៏ប៉ុន្តែ” អុទាហរណ៍ដូចមកទល់បច្ចុប្បន្ននេះ គ្មានដែលបានទទួលខ្លួនលោកថាខុសម្តងណាសោះ គឺលោកភ្លឺស្វាងតែមួយចប់... ស្វាងតាំងតែពីឆ្នាំ១៩៤១ រហូតដល់ឆ្នាំ២០០៤ ក៏នៅតែទ្រង់ឈ្វេងយល់ត្រូវរហូត ស្វាងមិនព្រមស្វាង។ លោកផ្លាស់ប្តូរនយោបាយវិលក្បុង ដូចសត្វថ្លែនដូរពណ៌ពេលដែលសម្ដេចធ្វើជាប្រធានសង្គមរាស្ត្រនិយម លោកបានពិឃាត “ពួកខ្មែរសេរី” និង “ពួកខ្មែរក្រហម” ១៩៥៥-១៩៧០, ពេលដែលលោកឡើងធ្វើជាប្រធានខ្មែរក្រហមនៅទីក្រុងប៉េកាំង លោកបានដឹកនាំពួកយួនហាណូយ ហើយនិងពួកខ្មែរកុម្មុយនិស្ត អោយមកពិឃាតពួកខ្មែរលន់-នល់ និងពួកសង្គមចាស់ ដែលសុទ្ធសឹងជាកូនចៅព្រះអង្គ កាលពីសម័យសង្គមរាស្ត្រនិយម ១៩៧០-១៩៧៩។ នៅក្នុងទសវត្ស១៩៨០ លោកបានធ្វើនយោបាយរួបរួមជាមួយពួកខ្មែរក្រហម ហើយនិងពួកសាធារណរដ្ឋ ដើម្បីច្បាំងជាមួយពួកយួនឈ្លានពាន ហើយនិងពួកហ៊ុន-សែន។ លុះដល់ទសវត្ស១៩៩០ លោកបានទៅចុះចូលជាមួយពួកហ៊ុន-សែន ដើម្បីច្បាំងជាមួយពួកខ្មែរក្រហមវិញម្តង។ ឃើញថាអ្នកដែលខុស គឺសុទ្ធសឹងជាពួកអ្នកដទៃទៀតទាំងអស់ គឺពួកលន់-នល់ ពួកកូនចៅផ្ទាល់របស់សម្ដេច ចំនែកអ្នកដទៃទៀតសុទ្ធសឹងជាពួកកូនចៅមិនផ្ទាល់ ហើយបើនិយាយថា កូនចៅលោកផ្ទាល់មិនស្មោះនឹងលោកទៅហើយ តើទៅសង្ឃឹមលើអ្នកណា ថាគេស្មោះនឹងលោកទៅកើត? ។ អ្នកខុសគឺ “ពួកខ្មែរសេរី”, “ពួកខ្មែរក្រហម”, “ពួកចក្រពត្តិអាមេរិក”, “ពួកយួនហាណូយ”, ពួកសូវៀត, ពួកចិនប៉េកាំង ព្រមទាំងរាស្ត្រខ្មែរទូទៅក៏ខុសដែរ, ទេតែសម្ដេចសីហនុមួយអង្គគត់ ។ ចំនែកលោកខៀវ-សំផនមកដល់សព្វថ្ងៃវិញ គេថា ខ្លួនគេខុសមែនពិត ក៏ប៉ុន្តែគេពុំបានសំលាប់មនុស្សណាដែលគ្មានទោសកំហុសនោះទេ។ ចំនែកប៉ុល-ពតវិញ សាហាវជាងគេមែនទេ... រហូតទៅដល់ថ្ងៃស្លាប់ ១៩៩៨ ប៉ុល-ពតមិនបានទទួលខ្លួនខុស ក៏មិនថាខ្លួនគាត់ខុសក៏មិនថាខ្លួនគាត់ត្រូវ។ ប៉ុល-ពតមិនសូវជាខ្វល់ខ្វាយនឹងយោបល់ពិភពលោកនោះទេ។ មនុស្សតែម្នាក់គត់ រស់នៅក្នុងអាថ៌កំបាំងនៃ អង្គការលើ តទល់នឹងការខ្ពើមរអើមមួយភពផែនដីបាន។ គួរសរសើរដែរ, ព្រោះខ្លួនមាឌតូច អិទ្ធិពលតិច ចំនេះស្តើង អ្នកនយោបាយកំទេចកំទីម្នាក់ ក្នុងប្រទេសតូចមួយដែលគេមិនដែលស្គាល់, អតីតគ្រូបង្រៀនសាលាឈ្នួលម្នាក់ ដែលមានសំដីទន់ភ្លន់, ស្រាប់តែមានកំលាំងទឹកចិត្តប្រហែលមិនស្ទើរ រឺក៏មិនស្មើទេ ប៉ុន្តែដូចជាលើស អ៊ីត្លែរ, ស្តាលីន, ម៉ៅ-សេទុងទៅទៀត។ រីអែជនផ្តាច់ការអន្តរជាតិមាឌយក្សទាំងប៉ុន្មាន ប្រសិនបើគេទៅគាស់ខ្មោចពួកគាត់មកវិញ អោយមកថ្លែងការណ៍ដល់សារពត៌មានអន្តរជាតិ ក៏ច្បាស់ជាពួកគាត់គ្មានផ្លូវទទួលខ្លួន ថាពួកគាត់ខុសនោះដែរ។ ហើយប្រសិនបើពួកគាត់ត្រូវកសាងអុក្រឹដ្ឋកម្មឡើងវិញ ដែលគាត់បានប្រព្រឹត្តក្នុងអតីតកាល គឺច្បាស់ជាគាត់នឹងកសាងឡើងវិញម្តងទៀតជាមិនខានឡើយ។
នៅទីបំផុត បើនិយាយពីអែកអុត្តម អ៊ិន-តាំវិញ ដែលសព្វថ្ងៃកំពុងកសាងសីលធម៌ស្រង់ដើម ជា “តាអីសីកំបាក់កំពុក” ម្នាក់នៅអារីសូណា លោកធ្លាប់បានរំលឹកពេលវេលាធំៗទាំងអស់នៅក្នុងអតីតកាល ដែលអែកអុត្តមបានគាំទ្រសម្ដេចឳជាអម្ចាស់។ ពេល សម័យទាមទារអែករាជ្យពីបារាំង! ពេលឆ្នាំ១៩៦០, ដែលលោកបានកេណ្ឌប្រជានុរាស្ត្រ (ខេត្តតាកែវ) ជាមួយនឹងលោកទឹម-ដុង (ប្រតិភូក្រុងកែប) មកថ្វាយព្រះពរសម្ដេចឳ អោយក្លាយទៅជាព្រះប្រមុខរដ្ឋ ព្រមទាំងបានដង្ហែសម្ដេចឳ “រហូតដល់ទីអវសាន”, ជួយព្រះអង្គធ្វើប្រជាមតិប្រកបដោយជោគជ័យត្រចះត្រចង់ចំពោះ “សង្គមរាស្ត្រនិយម” ។
នៅឆ្នាំ១៩៧២... នៅចំកណ្ដាលទន្លេនៃសាធារណរដ្ឋខ្មែរ អែកអុត្តម អ៊ិន-តាំ ក្នុងនាមជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ជាមួយនឹងលោកឌុក-រ៉ាស៊ី ហើយនិងលោក ចៅ-សៅ ក្នុងយុទ្ធនាការបោះឆ្នោតតតាំងនឹងអែកអុត្តម លន់-នល់ លោកបានប្រកាសធ្វើជាមេធាវីអោយសម្ដេចសីហនុ ត្រលប់ចូលទីក្រុងភ្នំពេញវិញ ក្នុងប្រការអោយស្តេចក្រហមមកអារកពួកលន់-នល់ និង ពួកសិរិមតៈ។ រហូតដល់ឆ្នាំ១៩៨០ ដែលអែកអុត្តមបានសុខចិត្តដង្ហែរសម្ដេចឳ អោយរហូតដល់ទីចប់នោះទៀត, លោកអ៊ិន-តាំ ភ្លេចនឹកឃើញតែព្រឹត្តិការណ៍មួយគត់ ថ្វីបើជាព្រឹត្តិការណ៍មួយដ៏សំខាន់គួរសមដែរ គឺលោកភ្លេចថា លោកបានដង្ហែរព្រះកូណាសីហនុវរ្ម័ន អោយធ្លាក់ដាំដូង ក្នុងព្រឹត្តិការណ៍៍ ១៨ មិនា១៩៧០.ដែលក្នុងឋានៈជាប្រធានរដ្ឋសភាស្តីទី លោកបានក្លាយទៅជា កូនសោរមួយដ៏សំខាន់ ក្នុងរដ្ឋប្រហារ តាមច្បាប់ ទំលាក់ប្រមុខរដ្ឋខ្មែរ។
គិតសព្វៗទៅ. ពេលដែលលោកអ៊ិន-តាំបានចោទសម្ដេចសីហនុ ក្នុងថ្ងៃ១៨មិនាថា ជាស្តេចសក្តិភូមិជាមួយអែកអុត្តមទ្រិញ-វ៉ាញ ព្រមទាំងបាន លួចសរសើររៀមច្បងអែកអុត្ត អុត្តមសេនិយអែកលន់-នល់ ពីយូយារណាស់មកហើយ ក៏នៅតែលោកមិនខុស។ ប៉ុន្តែពេលដែលអែកអុត្តមអ៊ិន-តាំបានបោកបញ្ឆោតមេដឹកនាំខ្មែរសេរីម្នាក់ គឺលោកព្រៀប-អ៊ិន អោយមកចូលស៊ង “សង្គមរាស្ត្រនិយម” បណ្ដាលអោយសម្ដេចសីហនុចាប់ដាក់ក្នុងទ្រុង បណ្ដើរដូចស្វា នៅមុខមនុស្សកំសាករាប់ម៉ឺនសែននាក់នៃហ្វូងសមាជនៅវាលព្រះមេរុ រួចហើយត្រូវស្តេចបញ្ជាអោយយកទៅបាញ់ចោលយ៉ាងសាហាវយង់ឃ្នងនៅត្រពាំងក្រលឹងនោះក៏ជាអំពើត្រឹមត្រូវមួយដែររបស់អែកអុត្តមអ៊ិន តាំ ខ្ញុំហាក់ដូចជាមានអារម្មណ៍ម្តងម្កាលថា ស្តេចសីហនុប្រហែល ជាមិនធ្លាក់ដល់ថ្នាក់ឆ្គួតលីលាម្លឹងពេកទេ ប្រសិនបើគ្មានព្រះរាជបំរើបញ្ចើចបញ្ចើរអោយឡប់អាច់ខ្សៀរ តួយ៉ាងដូចអែកអុត្តមអិន-តាំ !!។
សុភាសិតរបស់ ឌីយោសនែ DIOGÈNE ទស្សនវិទូក្រិក ជនម្នាក់បានសួរគាត់ថា តើសត្វណាមួយដែលខាំបណ្ដាលអោយ ឈឺចាប់ជាងគេបំផុត? នៅក្នុងចំនោមពួកកាចសាហាវ ពួកជនពាល, គាត់ឆ្លើយ, គឺពួកនិយាយអាក្រក់ពីគេ។ នៅក្នុងចំនោមពួកអ្នកចេះដឹង, គឺពួកនិយាយបញ្ចើចបញ្ចើរ...។
វិលត្រលប់មកលោកស៊ឺម-វ៉ារ វិញ, ក្នុងឆ្នាំ១៩៦៧ ពេលនោះសម្ដេចសីហនុទើបតែបានបញ្ជាអោយលោក ចៅ-សេង “អុបរាជឆ្វេង” របស់ទ្រង់ប្លន់ដណ្ដើមយកកាសែត «Le Dépêche du Cambodge» ចេញពីផ្ទះគាត់ ដែលគាត់មានឋានៈជាចាងហ្វាងនយោបាយ។ លោកស៊ឹម-វ៉ារក៏បានទៅបង្កើតទិន្នានុប្បវត្តិមួយទៀតជាភាសាខ្មែរ គឺកាសែត ខ្មែរអែករាជ្យ ចាងហ្វាងនយោបាយ ស៊ឹម-វ៉ារ, ចាងហ្វាងការផ្សាយថោងលឹមហួង, និពន្ធនាយក ជូ-ថានី។ ថ្វីបើមានការជំទាស់ពីមិត្តភក្តិតស៊ូជាច្រើនក្នុងជំនាន់ អាណានិគមបារាំងក៏ដោយ ថាកុំអោយគាត់ធ្វើនយោបាយធ្វើអ្វី ក្នុងឆ្នាំ១៩៦៦-៦៧.ព្រោះកាលៈទេសៈមិនអនុញ្ញាតអោយទេ ពីព្រោះគ្មានច្រកចេញទេ, ដោយសេរីភាពនយោបាយនៅប្រទេសកម្ពុជា ក្នុងសម័យ១៩៦៦-៦៧នោះ មានមិនស្មើ នឹង សេរីភាពនយោបាយកាលពីសម័យអាណានិគមនោះផង ក៏ប៉ុន្តែលោកស៊ឹម-វ៉ារ នៅតែចចេសធ្វើតាមចរិតរបស់គាត់ ដែលហ៊ាននិយាយការពិតខ្លាំងៗ ចំពោះព្រឹត្តិការណ៍ប្រកបដោយគ្រោះថ្នាក់.. នៅពេលដែលអ្នកផងទូទៅគ្រាន់តែហ៊ានគិតនៅក្នុងពោះ (Dire tout haut ce que tant le monde pense tout bas)។ ជាហេតុបណ្ដាលអោយសម្ដេចឳជាអម្ចាស់ ស្រែកបង្អើលតាមវិទ្យុ អោយរាស្ត្រមកធ្វើឃាតលោកស៊ឹម-វ៉ារ ព្រមទាំងបញ្ជាអោយលោកចៅ-សេង ព្រមទាំងលោកស័ក្តិប្រាំ ហ៊ូវ-ហាំងស៊ីន (កុមីស្សែរសង់ត្រាល់ភ្នំពេញ) កេណ្ឌបាតុករខ្នាន់ខ្នាប់ មកឡោមព័ទ្ធបំផ្លិចបំផ្លាញគេហស្ថានលោកស៊ឺម-វ៉ារផង (ឋិតនៅវិថីបូទុមសូរិយាវង្ស ក្បែរស្តាតចាស់ នៅចំពីមុខផ្ទះលោកម៉ី-ស៊ីចន ក្នុងសង្កាត់បារាំង ព្រមទាំងអោយមកកំទេចរោងពុម្ពកាសែតខ្មែរអែករាជ្យផង ឋិតនៅតាមផ្លូវកម្ពុជាក្រោម មិនឆ្ងាយប៉ុន្មានពីផ្សារថ្មី។ ពួកបាតុករបានវាយដំម៉ាស៊ីនកាសែតអោយខូចយ៉ាងដំណំ ព្រមទាំងប្រមូលក្រដាសរាប់តោន មកហែកបាចសាចពេញថ្នល់ ចំនួនខូចខាតប្រហែលខ្ទង់ជិតពីរលានរៀល ហើយសុទ្ធសឹងជាប្រាក់ខ្ចីគេ និងជាប្រាក់ចូលហ៊ុនគ្នាយកមកធ្វើសារពត៌មាននេះ។
ក្រោយពីកើតអុប្បត្តិហេតុ លោកអ៊ុំស៊ឹម-វ៉ារ ព្រមទាំងគ្រួសាររបស់គាត់ ដោយការណែនាំបញ្ចុះបញ្ចូលពីក្រុមញាតិ និង មិត្ត ឆ្ងាយទាំងអស់ក៏បានដាច់ចិត្តទៅសំណាក់នៅផ្ទះក្មួយគាត់ម្នាក់ឈ្មោះលោក ហង-គុនថាប់ ប្អូនបង្កើតរបស់លោក ហង-គន្ធន់ នៅទួលគោក។ ក្នុងការខកចិត្តរឺស្រុតចិត្តយ៉ាងខ្លាំងដែលខ្ញុំកម្រជួបប្រទះនៅក្នុងរូបអ្នកនយោបាយស៊ឹម-វ៉ារ ខ្ញុំលឺគាត់មានប្រសាសន៍ មកកាន់ខ្ញុំដោយមិនទាំងសំលឹងមុខខ្ញុំផងថា “អ៊ុំគ្មានជំនឿទៅលើអនាគតរបស់ស្រុកយើងទៀតទេ ហើយអ៊ុំក៏គ្មានជំនឿថា នរណាអាចធ្វើអ្វីទៀតកើតដែរ។
ដូច្នេះឆ្នាំ១៩៦៦-១៩៦៧នេះ គឺជាឆ្នាំកំណើតនៃការមិនសប្បាយចិត្តទូទៅនៃប្រជាពលរដ្ឋខ្មែរ ចំពោះសម្ដេចសីហនុព្រះប្រមុខរដ្ឋ ចំនែកកាសែត “ខ្មែរអែករាជ្យ” របស់លោកស៊ឹម-វ៉ារ គឺជានិមិត្តរូប នៃការមិនសប្បាយចិត្តនោះអែង (Le Malaise)... ដូច្នេះហើយបានជាសម្ដេចអោយគេរំលាយចោលដោយច្បាប់ព្រៃ រឺ ច្បាប់តាមផ្លូវថ្នាក់ Loi de la rue។ ប៉ុន្តែរឿងធំបំផុតដែលគ្មាននរណាដឹង ប្រហែលមានតែលោកស៊ឹមវ៉ារ និងមនុស្ស៤-១០នាក់ទេដែលដឹង ដែលជាកត្តាសំខាន់បំផុត បណ្ដាលអោយផ្ទុះព្រឹត្តិការណ៍៍១៨ មិនា ១៩៧០។
រឿងរិសគល់នៃសោកនាដកម្មខ្មែរតែម្តង គឺរឿង “ទំនាស់វាំង” គឺរឿងចំបាំងរវាងស្តេចម៉ែ វាំងហ្លួង) និង ស្តេចកូនវិមានរដ្ឋចំការមន គឺការប៉ះទង្គិចគ្នាអិតផ្លូវកែបាន រវាងព្រះមហាក្សត្រីយានីកុសុមៈនារីរ័ត្ន នឹង សម្ដេចប្រមុខរដ្ឋនរោត្តម-សីហនុ។ សម្ដេចសីហនុ ដោយដឹងថា អំណាចរបស់លោកកាន់តែរង្គោះរង្គើរហើយ ដូចជាចង់របូតផុតពីដៃលោកហើយ ក៏មានគោលបំណងចង់សោយរាជ្យលើរាជបល្លង្កឡើងវិញ ដោយពិធីរាជាភិសេកជាមួយអ្នកម្នាងម៉ូនិក។ ដែលជាការបណ្ដាលអោយមានការប្រឆាំងដាច់អហង្កាពីព្រះមហាក្សត្រីយានី។ បើសម្ដេចសីហនុចង់សោយរាជ្យសម្បត្តិឡើងវិញ វាទាល់តែសោយលើ ខ្មោចរបស់ទ្រង់ ពីព្រោះថា ពេលព្រះកូណានរោត្តម-សីហនុបានដាក់រាជ្យក្នុងឆ្នាំ១៩៥៥ ព្រះអង្គបានសន្យាជាឱឡារិក ចំពោះមុខប្រជានុរាស្ត្រ និង ទេព្តារក្សាស្វេតឆ័ត្រថា ទ្រង់មិនវិលត្រលប់មកកាន់រាជសម្បត្តិវិញទេ។ ពីឆ្នាំ១៩៦៦ ទៅដល់ឆ្នាំ១៩៧០ ម៉ែហើយ និង កូន អស់មើលមុខគ្នាត្រង់ជាម៉ែ ហើយនិងជាកូនទៀតហើយ។ ព្រះរាជាណាចក្រខ្មែរក៏ក្លាយទៅជាមានវាំងពីរ។
ពេលដែលលោកស៊ឹម-វ៉ារត្រូវទៅសំណាក់នៅផ្ទះលោក ហង-គុនថាប់ ចាងហ្វាងក្រុមហ៊ុនសែល នៅទួលគោក គឺជាពេលដែលគាត់បាន និទាន រឿងសំងាត់របស់វាំងអោយខ្ញុំស្តាប់ខ្លះៗ ដែលបណ្ដាលអោយខ្ញុំព្រឺក្បាលខ្ញាកៗ។ ជាបថម លោកស៊ឹម-វ៉ារ មានប្រសាសន៍ថា ដែលគេមិនធ្វើឃាតគាត់ រឺមិនធ្វើឃាតដល់ក្រុមនិពន្ធ “ខ្មែរអែករាជ្យ” គឺដោយ សារបានគុណបុណ្យព្រះមហាក្សត្រីយានីជាអ្នកគាំពារ។
ទី២ -លោកបញ្ជាក់ថា ដែលសម្ដេចសីហនុបានឡើងសាយរាជ្យ ក៏ជាកំហុសរបស់គាត់ដែរ ដូចខ្ញុំបានពោលនៅលើរួចមកហើយ ប៉ុន្តែជាកំហុសដែលគាត់បានស្តាយក្រោយ រឺមិនបានស្តាយក្រោយនោះខ្ញុំមិនដឹងទេពីព្រោះខ្ញុំមិនសួរគាត់។
ទី៣ -លោកស៊ឺម-វ៉ារពោលថា ព្រះមហាក្សត្រីយានី ថ្វីត្បិតតែជាស្រីភេទ ប៉ុន្តែមានប្រាជ្ញាខ្ពង់ខ្ពស់ណាស់ ហើយមានចិត្តរឹងប៉ឹងដូចប្រុស តាំងពីសម័យអាណានិគមបារាំងមកម៉្លេះ។ ចំនែកស្តេចសីហនុវិញ មានជាតិជាស្តេចតែសំបកក្រៅ តែមានក្រយៅជាខ្ញុំគេ ពេលនោះខ្ញុំចេះតែឆ្ងល់ថា លោកស៊ឹម-វ៉ារម្តេចក៏ស្រលាញ់ហើយគោរពម្តាយ ហើយម្តេចក៏ស្អប់ កូនម៉េ្លះ?
ទី៤- អំពីសម្ដេចក្រុមព្រះស៊ីសុវត្ថិ-មុនីរេត លោកស៊ឹម-វ៉ារបានពោលថា ជាមនុស្សម្នាក់ត្រង់ (Un homme sincère) ចិត្តលោកយ៉ាងម៉េច សំដីលោកយ៉ាងដូច្នោះអែង មិនចេះមានពុតត្បុតម្ញែរម្ញរ ម្អែម្អួយ របៀបជា “ញី” រឺ លាក់មុខទុកគូថកណ្ដាលវាលដូចសម្ដេចសីហនុនោះទេ។ អំពីស្តាតអូឡាំពិកនៅភ្នំពេញជាដើម ដែលស្រូបថវិកាជាតិអស់រាប់លានដុល្លារនោះ សម្ដេចក្រុមព្រះមុនីរេតបាននិយាយជាភាសាបារាំងថា «C'est le tombeau du Sangkum) “គឺផ្នូរនៃរបបសង្គមរាស្ត្រនិយម”។
ទី៥- គឺចំនុចនេះហើយដែលលោកស៊ឹម-វ៉ារបានហាមប្រាមខ្ញុំដាច់ខាត មិនអោយផ្សាយ រឺ មិនអោយប្រាប់នរណាម្នាក់ទៀតសោះ ក៏ប៉ុន្តែក្នុងពេលអីលូវនេះ ខ្ញុំមិនអាចលាក់ទុកការសំងាត់នេះបានទៀតឡើយ។ លោកស៊ឹម-វ៉ារបានពោលថា ថ្ងៃមួយលោកបានបង្កើតសមាគមនិស្សិតខ្មែរមួយ ក្នុងប្រការស្វែងរកអាហារូបករណ៍៍ ដើម្បីទៅធ្វើការសិក្សានៅបរទេស។ លោកក៏បានទៅស្នើសុំសម្ដេចក្រុមព្រះស៊ីសុវត្ថិ-មុនីរេត កាលនោះហៅថា “ព្រះអង្គម្ចាស់អធិបតី” (កូនស្តេចបំរុងសោយរាជ្យ) ដើម្បីអោយលោកធ្វើជាប្រធាន។ ជាអកុសល សម្ដេចក្រុមព្រះមុនីរេតបានឆ្លើយមកលោកស៊ឹម-វ៉ារវិញថា កុំអោយកូនខ្មែររៀនសូត្រច្រើនពេក នាំតែពិបាកត្រួត។ លឺដូចនេះ លោកស៊ឹម-វ៉ារកើតសេចក្តីទោមនស្ស ហើយ ក៏បានទៅបំផុសបំផុលចលនាប្រជាប្រិយមួយ ប្រឆាំងនឹងសម្ដេចមុនីរេត ដែលជាហេតុបណ្ដាលអោយ “ព្រះអង្គម្ចាស់អធិបតី” ត្រូវរបូតរាជសម្បត្តិ។
អីលូវនេះ, ខ្សែចរន្តប្រវត្តិសាស្ត្របានហូររសាត់បាត់ទៅឆ្ងាយពន់ពេកទៅហើយ ដូចតែទឹកស្ទឹងហូរអិតមានវិលត្រលប់។ ក៏ប៉ុន្តែតើយើងគួរស្តាយកំហុសរបស់លោកស៊ឹម-វ៉ារ រឺទេ ដែលបានធ្វើចលនាសំងាត់កំចាត់សម្ដេចក្រុមព្រះស៊ីសុវត្ថិ -មុនីរេតពីរាជបល្ល័ង្កហើយបែរជាជ្រើសរើស ស្តេចពាល មិនទាន់ជ្រុះបង្ហើយពីក្បាលឈ្មោះនរោត្តម-សីហនុ មកសោយរាជ្យជំនួសវិញ? ធម្មតាការប្រព្រឹត្តខុស គឺជាកំហុសទី១... ចំនែកការស្តាយកំហុស វាជាកំហុសទី២... ពីព្រោះថា អ្វីដែលយើងបានប្រព្រឹត្តហួសទៅហើយ យើងមិនអាចកែប្រែវាអោយមានលក្ខណៈទ្រង់ទ្រាយ បានដូចដើមវិញទេ។ អង្ករដាំជាបាយទៅហើយ... មិនអាចក្លាយ ទៅជាអង្ករវិញបានទេ...
ក៏ប៉ុន្តែតាមយោបល់ខ្ញុំ យ៉ាងហោចណាស់ ក៏សូមអោយកំហុសរបស់លោកស៊ឹម-វ៉ារ បានក្លាយទៅជាមេរៀនប្រវត្តិសាស្ត្រ សំរាប់កូនចៅជំនាន់ក្រោយផងដែរ។ ជាពិសេសនៅក្នុងបច្ចុប្បន្ននេះតែម្តង ប្រជាពលរដ្ឋ ខ្មែរកំពុងតែត្រូវការជ្រើសរើសយកស្តេចសោយរាជ្យ នៅក្នុងចំនោមព្រះអង្គម្ចាស់ពីរអង្គ ដើម្បីកាន់កាប់ព្រះរាជបល្ល័ង្កនៃប្រទេសកម្ពុជា!...។
ទី១ -តើយើងត្រូវជ្រើសរើសយកព្រះអង្គម្ចាស់នរោត្តម-សីហមុនីរឺ?? បើដូច្នេះ យើងច្បាស់ជាដើរតាមគន្លងនៃកំហុសរបស់ លោកស៊ឹម វ៉ារទៀតហើយ... គឺយើងនឹងបានជ្រើសរើសយកស្តេចភ្លីភ្លើម្នាក់ ចេះតែរាំច្រៀង ហើយដែលជាប់ “ឃុំព្រលឹង” ដោយមហាអំណាចបារាំង និង វៀតណាម។ គឺដូចដែលលោកស៊ឹម-វ៉ារបានជ្រើសរើសយក “ស្តេចពាល” សីហនុអោយឡើងសោយរាជ្យ កាលពីសម័យមុនដូច្នោះដែរ...។ទី២ -តើយើងត្រូវជ្រើសរើសយកសម្ដេចក្រុមព្រះនរោត្តម-រណរិទ្ធិ? ថ្វីបើសម្ដេចក្រុមព្រះអង្គនេះមានអំពើឆ្គាំឆ្គងខ្លះ អប្រជាប្រិយដូចតែ “សម្ដេចក្រុមព្រះមុនីរេត”សម័យមុន ក៏ប៉ុន្តែទ្រង់ក៏មានលក្ខណៈល្អខ្លះៗដែរ ដែលគួរយកជាបានការ៖ក -ស្តេចក្រុមវាំងស្ទើរតែទាំងអស់ បុប្ផាទេវី, ចក្រពង្ស, សិរីវុឌ្ឍ, វិជ្ជរ៉ា... គឺសុទ្ធសឹងជាបរិវារដាច់ថ្លៃរបស់អ្នកម្នាងម៉ូនិក។ មានតែទ្រង់រណរិទ្ធិទេ ដែលហ៊ានជំទាស់ជាមួយឳពុកខ្លួនអែង ពីព្រោះទ្រង់មានអែករាជ្យខាងផ្លូវគំនិត” (Indépendence d'esprit)។ មនុស្សដូច្នេះ មិនងាយជាប់ ឃុំគ្រងរបស់ជនណាម្នាក់ទេ។ មនុស្សដូច្នេះ គឺជាមនុស្សដែលមានជំនឿលើខ្លួនអែង ។!ខ -ទ្រង់រណរិទ្ធិ ជាសាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យបារាំង។ លក្ខណៈនេះមិនធម្មតាទេ។ ការដែលលោក សម-រង្ស៊ីបន្តុះបង្អាប់ថា ទ្រង់មិនចេះភាសាបារាំង គឺជាការតិទៀនដោយឈ្នានិសព្យាបាទ ពីព្រោះលោកសម- រង្ស៊ីជាខ្ញុំកញ្ជះដាច់ថ្លៃរបស់អ្នកម្នាងម៉ូនិក ចុះសម្ដេចសីហនុរៀនសូត្របានតែត្រឹមថ្នាក់ទី៤នៃអនុវិទ្យាល័យ ម្តេចក៏គេមិនរំលឹកផង។គ -ទ្រង់រណរិទ្ធិធ្លាប់បានធ្វើការតស៊ូប្រឆាំងយួនជាមួយលោកខៀវ សំផន។ រឿងនេះមិនធម្មតាទេបើគេថាទ្រង់រណរិទិ្ធ “ឃុំព្រលឹង” របស់លោកហ៊ុន-សែន ដែលមានយួនពីក្រោយខ្នង ហ៊ុន-សែន ក៏ត្រូវជាប់ “ឃុំព្រលឹង” របស់រណរិទ្ធិ ដែលមានអ្នកតស៊ូនៅពីក្រោយខ្នង តួយ៉ាងដូចជាញ៉ឹក-ប៊ុនឆៃ និង សេរី-កុសល។ឃ -ទ្រង់រណរិទ្ធិធ្លាប់ធ្វើយុទ្ធនាការបោះឆ្នោត... ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី... កំពុងតែកាន់កាប់តំណែងជា ប្រធានសភា។ រឿងនេះមិនធម្មតាទេ...។ង -លក្ខណៈធម្មតារបស់ទ្រង់... គឺទ្រង់រណរិទ្ធិមានប្រពន្ធកូនដូចគេអែងធម្មតា។ ចំនែកព្រះអង្គម្ចាស់សីហមុនី... ជាជនខ្ទើយ រឿងនេះមិនធម្មតាទេ, តើនរណាទៅជ្រើសរើសយកកូនស្តេចដែលគ្មានប្រពន្ធ មកមកធ្វើជាព្រះមហាក្សត្រ? គឺមានតែអោយទ្រង់តំណាងអោយជនខ្ទើយ? ក៏ប៉ុន្តែខ្លួនខ្ញុំ គ្រាន់តែជាអ្នកសារពត៌មានប៉ុណ្ណោះទេ... ភារកិច្ចនៃការជ្រើសរើសស្តេចខាងលើនេះ...ខ្ញុំសូមទុកអោយមិត្តអ្នកអានធ្វើការពិចារណានិងសំរេចផងចុះ។
No comments:
Post a Comment